ផ្លូវជាតិលេខ៧ពីស្គន់ដល់ក្រុងកំពង់ចាមតម្លៃជិត១១៥លានដុល្លារនឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ

ដោយ៖ សុផារី

កំពង់ចាម៖ គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៧ ពីស្គន់ដល់ក្រុងកំពង់ចាម ដែលគ្រោងប្រើថវិកាជិត១១៥លានដុល្លារក្រោមកម្ចីរបស់ចិន នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ ដោយមានការចូលរួមបើកការដ្ឋានក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

នេះបើយោងតាមការបញ្ជាក់របស់លោក ស៊ុន ចាន់ថុល​ ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ​ និង​ដឹក​ជញ្ជូន​ នៅក្នុងពិធី​សម្ពោធ​មណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេសយានយន្តផ្សារដីហុយ នៅថ្ងៃទី២០ ខែធ្នូនេះ។

លោកបាន​បញ្ជាក់ថា​ ពេលវេលាពិតប្រាកដ នៃការ​បើក​ការដ្ឋាន​សាងសង់​ និង​ពង្រីក​ផ្លូវ​ជាតិ​​លេខ៧ ពី​ស្គន់​ទៅ​ក្រុង​កំពង់ចាម នឹង​ចាប់ផ្តើមធ្វើឡើង​នៅ​ថ្ងៃ០៩ ខែ​មករា ​ឆ្នាំ២០២៣ខាង​មុខ​នេះ។

ផ្លូវជាតិលេខ៧ ពីស្គន់ដល់ក្រុងកំពង់ចាម ដែល​មានប្រវែងជាង៤៥គីឡូម៉ែត្រ ត្រូវ​ពង្រីក​ជា​ផ្លូវ​៤​គន្លង គឺពីរ​គន្លង​ទៅ​ពីរ​គន្លងមក។ ផ្លូវនេះ​​ប្រើប្រាស់​ថវិកា​ជិត១១៥លាន​ដុល្លារ​ គ្រោង​ចំណាយពេលសាងសង់ប្រមាណ៣៦ខែ និងអនុវត្តការងារ​សាងសង់ដោយក្រុមហ៊ុនសាជីវកម្ម​ស្ពាននិងថ្នល់​ចិន​ (CRBC)​៕

តម្លៃដីនៅទីក្រុងបាងកកកើនឡើងដល់ជាង២៨,៥០០ដុល្លារ ខណៈស្ថានភាពសេដ្ឋកិច្ចប្រសើរឡើង

ដោយ: លាងហួរ

បាងកក: លោក Chamroen Phothiyod អគ្គនាយកដ្ឋានរតនាគារបានមានប្រសាសន៍ថា តម្លៃដីនៅតំបន់ Huai Khwang កណ្តាលទីក្រុងបាងកក បានកើនឡើងខ្ពស់បំផុតបើយោងតាមការវាយតម្លៃថ្មីមួយ។

តម្លៃដី ដែលបានវាយតម្លៃថ្មីទូទាំងប្រទេស នឹងត្រូវប្រើប្រាស់ចាប់ពីថ្ងៃទី០១ខែមករា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦។

តម្លៃដីនៅទូទាំងប្រទេសថៃ កើនឡើង៨,៩៣ភាគរយ ធៀបនឹងតម្លៃដែលបានប្រើប្រាស់ ក្នុងអំឡុងឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩។

លោក Chamroen បានមានប្រសាសន៍ថា នៅក្នុងទីក្រុងបាងកក តម្លៃដីនៅតំបន់Huai Khwang បានកើនឡើង២១,៥ភាគរយ ធៀបនឹងតម្លៃពីមុន ខណៈតម្លៃដីនៅលើផ្លូវ Wireless ពី Phloenchit ទៅ Khlong Saen Saep កើនឡើងទ្វេរដងដល់១លានបាត (ប្រហែល២៨.៥៨៧ដុល្លារអាមេរិក)ក្នុង៤ម៉ែត្រការ៉េ។

ដីឡូតិ៍ ដែលមានតម្លៃ១លានបាតក្នុង៤ម៉ែត្រការ៉េ នៅទីក្រុងបាងកក រួមមានដីនៅផ្លូវ Silom និងតំបន់ចាប់ពីផ្លូវ Rama IV ទៅ Narathiwat Rajanagarindra Road ដែលនៅតែមិនផ្លាស់ប្តូរ ពីការវាយតម្លៃកាលពីលើកមុន។

ដីឡូតិ៍នៅផ្លូវ Phloenchit ចាប់ពីផ្លូវ Ratchadamri ទៅ Chalerm Maha Nakhon Expressway បានកើនឡើង១១,១ភាគរយដល់១លានបាតក្នុង៤ម៉ែត្រការ៉េ។

តម្លៃដីនៅផ្លូវ Rama I ពីផ្លូវ Ratchadamri ទៅផ្លូវ Phaythai ក៏កើនឡើង១១,១ភាគរយដល់១លានបាតពី៩០០.០០០បាត ខណៈតម្លៃដីនៅលើផ្លូវ Wireless ពីផ្លូវ Rama IV ទៅ Phloenchit Road បានកើនឡើង៣៣,៣ភាគរយដល់១លានបាត កើនឡើងពី៧៥០.០០០បាត។

នៅក្នុងអំឡុងពេលនៃជំងឺរាតត្បាតនេះ នាយកដ្ឋានរតនាគារមិនបានធ្វើការវាយតម្លៃដីថ្មី ដែលត្រូវចាប់ផ្តើមពីឆ្នាំ២០២០នោះទេ  ដោយប្រើប្រាស់តម្លៃដីចាប់ពីឆ្នាំ២០១៦-១៩ ដើម្បីសម្រាលបន្ទុករបស់ម្ចាស់ដី ដែលត្រូវបង់ពន្ធពាក់ព័ន្ធដោយផ្អែកលើតម្លៃដី។

លោកបានមានប្រសាសន៍បន្ថែមថា ចំនួនដីឡូត៍នៅទូទាំងប្រទេសបានកើនឡើងដល់៣៣,៤លានឡូតិ៍ ពីចំនួន៣១លានឡូតិ៍កាលពីមុននេះ ដោយសារម្ចាស់ដី បានបែងចែកដីរបស់ពួកគេទៅជាឡូត៍ជាច្រើន៕

ក្រុមហ៊ុន​កាត់ដេរ​ធំៗរបស់ប្រទេសជប៉ុន​កំពុងផ្លាស់ទីតាំងផលិតកម្ម ចេញ​ពី​ប្រទេស​ចិន​មកកម្ពុជា

ដោយ: លាងហួរ

ភ្នំពេញ: វិស័យកាត់ដេរនៅកម្ពុជាត្រូវបានជំរុញ ខណៈក្រុមហ៊ុនកាត់ដេរធំៗរបស់ជប៉ុនមួយ ចំនួនកំពុងផ្លាស់ប្តូរទីតាំងផលិតកម្ម និងលទ្ធកម្មពីប្រទេសចិនមកកម្ពុជា និងវៀតណាម ដោយសារការកើនឡើងថ្លៃដើម និងគោលនយោបាយសូន្យកូវីដរបស់រដ្ឋាភិបាលចិន។

ដំណឹងនេះ ត្រូវបានបង្ហាញកាលពីពេលថ្មីៗនេះ ដោយលោក ជា វុទ្ធី អគ្គលេខាធិការរងនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ខណៈពេលលោកចូលរួមព្រឹត្តិការណ៍មួយ ដើម្បីសម្ពោធផលិតផលកាត់ដេរ ស្បែកជើង និងការធ្វើដំណើរ (GFT) ‘Sector Brief’ នៅក្នុងរាជធានីភ្នំពេញ។

ក្រុមហ៊ុនសម្លៀកបំពាក់ធំៗដូចជា ក្រុមហ៊ុនAdastria ក្រុមហ៊ុនAoyama Trading និងក្រុមហ៊ុនផ្គត់ផ្គង់Uniqlo នឹងផ្លាស់ប្តូរមូលដ្ឋានផលិតកម្មរបស់ពួកគេមួយចំនួន ពីប្រទេសចិនទៅកាន់បណ្តាប្រទេសជាសមាជិក ដូចជា កម្ពុជា និងវៀតណាម ដើម្បីទាញយកអត្ថប្រយោជន៍ពីការលើកលែងពន្ធនាំចូលវាយនភណ្ឌ។

លោក ជា វុទ្ធី បានមានប្រសាសន៍ថា “ការកើនឡើងថ្លៃពលកម្ម និងគោលនយោបាយសូន្យកូវីដរបស់រដ្ឋាភិបាលចិន បានបង្ខំឱ្យក្រុមហ៊ុនផលិតរបស់ជប៉ុនផ្លាស់ប្តូរផលិតកម្ម មកកាន់ប្រទេសអាស៊ីអាគ្នេយ៍ ដូចជា កម្ពុជា និងវៀតណាម”។

យោងតាមអង្គការពាណិជ្ជកម្ម ខាងក្រៅរបស់ប្រទេសជប៉ុនបានឱ្យដឹងថា ប្រាក់ខែជាមធ្យមប្រចាំខែរបស់កម្មកររោងចក្រ នៅទីក្រុងក្វាងចូវនៃប្រទេសចិន ថ្មីៗនេះបានកើនឡើងដល់ប្រហែល៦៧០ដុល្លារ ពោលគឺកើនស្ទើរតែទ្វេដង នៃប្រាក់ខែកម្មករជាមធ្យមនៅក្នុងប្រទេសកម្ពុជា។

ចំណែកកត្តាផ្សេងទៀត ដូចជា ការធ្លាក់ថ្លៃនៃប្រាក់យ៉េន និងការកើនឡើងថ្លៃដើមនៃវត្ថុធាតុដើមនៅក្នុងប្រទេសចិន ក៏ត្រូវបានគេលើកឡើងថាជាហេតុផលនៅពីក្រោយ ការសម្រេចចិត្តរបស់ក្រុមហ៊ុន ផលិតសម្លៀកបំពាក់ជប៉ុនក្នុងការចាកចេញផងដែរ។

ជាក់ស្តែងក្រុមហ៊ុនAdastria ដែលកំពុងប្រតិបត្តិការហាងលក់រាយក្រោមម៉ាកយីហោចំនួន២៦ បានបង្កើនផលិតកម្មរួចទៅហើយ នៅក្នុងប្រទេសកម្ពុជា និងវៀតណាមក្នុងឆ្នាំ២០២២នេះ។

ជាងនេះទៅទៀត ក្រុមហ៊ុននេះក៏មានគម្រោង ពង្រីកតំបន់ផលិតកម្ម រួមទាំងនៅប្រទេសឥណ្ឌូណេស៊ី បង់ក្លាដែស និងបណ្តាប្រទេសផ្សេងៗទៀត និងបង្កើនផលិតកម្ម នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ រហូតដល់៥០ភាគរយនៅឆ្នាំ២០២៦៕

សេដ្ឋកិច្ចប្រទេសកូរ៉េ​ខាង​ត្បូង​ប្រឈមនឹងការ​ដាំក្បាលចុះនៅឆ្នាំ២០២៣

ដោយ: លាងហួរ

សេអ៊ូល: ប្រទេសកូរ៉េខាងត្បូងបានព្រមាន ពីការធ្លាក់ចុះនៃសេដ្ឋកិច្ចកាន់តែជ្រៅ ជាងការរំពឹងទុកនៅឆ្នាំ២០២៣ ដោយប្រទេសនេះកំពុងពន្យារការផ្អាកយកពន្ធ លើការលក់ផលិតផលប្រេងឥន្ធនៈមួយចំនួន និងរថយន្តដឹកអ្នកដំណើរក្នុងរយៈពេលពី២ទៅ៣ខែ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Choo Kyung-ho បានមានប្រសា​សន៍ក្នុងកិច្ចប្រជុំ ជាមួយថ្នាក់ដឹកនាំគណបក្សកាន់អំណាចថា “កំណើនសេដ្ឋកិច្ចរបស់យើងត្រូវបានគេរំពឹងថា នឹងថមថយចុះនៅឆ្នាំក្រោយ ដោយសាររងឥទ្ធិពលពីការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក”។ លោកបានបន្ថែមថា សេដ្ឋកិច្ចរបស់កូរ៉េខាងត្បូង បានធ្លាក់ចុះក្នុងល្បឿនលឿនជាងការរំពឹងទុករួចទៅហើយ”។

រដ្ឋាភិបាលកូរ៉េខាងត្បូង គ្រោងប្រកាសពីយុទ្ធសាស្ត្រគោលនយោ​បាយសេដ្ឋកិច្ចរបស់ខ្លួន សម្រាប់ឆ្នាំ២០២៣ ដែលនេះនឹងក្លាយជាសេចក្តីថ្លែងការណ៍សម្រាប់ពេញមួយឆ្នាំ ជាលើកដំបូងសម្រាប់រដ្ឋបាលរបស់លោកប្រធានាធិបតី Yoon Suk-yeol។

សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូង ដែលជាសេដ្ឋកិច្ចធំជាងគេទី៤នៅអាស៊ី ពឹងផ្អែកយ៉ាងខ្លាំងលើការនាំចេញ ចាប់ពីរថយន្ត និងនាវា រហូតដល់បន្ទះឈីប និងស្មាតហ្វូន។

កាលពីខែវិច្ឆិកាកន្លងទៅ ធនាគារកណ្តាលកូរ៉េបានបន្ទាបការព្យា​ករណ៍កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ​ មកត្រឹម១,៧ភាគរយ ធ្លាក់ចុះពី២,១ភាគរយសម្រាប់ឆ្នាំ២០២៣ ដោយលើកឡើងពីការធ្លាក់នៃការនាំចេញ និងការថយចុះនៅក្នុងការវិនិយោគសាជីវកម្ម។

សេដ្ឋកិច្ចរបស់កូរ៉េខាងត្បូង ត្រូវពឹងផ្អែកលើការប្រើប្រាស់ ក្នុងស្រុកកាន់តែច្រើន ដើម្បីទូទាត់តម្រូវការនាំចេញដែលធ្លាក់ចុះ។

ចំណែកក្រសួងហិរញ្ញវត្ថុ ក៏បានបន្តការបន្ធូរបន្ថយពន្ធរហូតដល់៦ខែលើផលិតផលប្រេងឥន្ធនៈ និងការលក់រថយន្តដឹកអ្នកដំណើរផងដែរ៕

តម្លៃផ្សារហ៊ុនរបស់Teslaហក់ឡើងស្រឺតៗដោយសារក្ដីរំពឹងថាលោក Elon Musk នឹងដកខ្លួនចេញពីក្រុមហ៊ុន Twitter

ដោយៈ សុខុម

ញូវយ៉ក: ភាគហ៊ុនរបស់ Tesla Inc បានហក់ឡើងដោយសារក្ដីរំពឹងថា កំពូលមហាសេដ្ឋី Elon Musk នឹងដកខ្លួនចេញពីក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គមខ្នាតយក្ស Twitter Inc ដែលបានធ្វើឱ្យលោករយាលដៃពីការងារគ្រប់គ្រង ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខាងលើនេះ ច្រើនខែមកហើយ។

ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានហក់ឡើងរហូតដល់៥,៣% មុនពេលចាប់ផ្តើមការជួញដូរធម្មតា​ កាលពីថ្ងៃច័ន្ទ ទី១៩ ខែធ្នូ។ ភាគហ៊ុន Tesla បានដាំក្បាលចុះរហូតដល់ទៅ៥៨% ចាប់តាំងពីលោក Elon Musk បានទម្លាយដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលថា លោកមានភាគហ៊ុននៅក្នុងក្រុមហ៊ុនTwitter ដោយធ្លាក់ចុះ១៥% ក្នុងសន្ទស្សន៍ផ្សារហ៊ុនអាមេរិក S&P 500។

លោក Elon Musk ដែលមានវ័យ៥១ឆ្នាំ បានសរសេរបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមTwitter កាលពីថ្ងៃអាទិត្យ ទី១៨ ខែធ្នូ ថា លោកបានរៀបចំការស្ទង់មតិមួយ​ លើបណ្ដាញទំនាក់ទំនងសង្គម Twitter ដើម្បីចង់ដឹងថា តើលោកគួរចុះចេញពីតំណែងនាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុន Twitter ដែរឬទេ ហើយថា លោកនឹងគោរពតាមលទ្ធផលនៃការស្ទង់មតិនេះ។

អ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម Twitter ជាង១៧,៥លាននាក់​ បានចូលរួមធ្វើការបោះឆ្នោត ហើយ៥៧,៥% ក្នុងចំណោមនោះបានគាំទ្រឱ្យលោកបោះបង់តួនាទីជានាយកប្រតិបត្តិ។

ដោយហេតុថា ការសម្រេចចិត្តរបស់លោក Elon Musk បន្ទាប់ពីការស្ទង់មតិទាំងនេះភ្លាមៗពេក គេមិនច្បាស់ថា តើលោកនឹងធ្វើអ្វីបន្ទាប់ចំពោះក្រុមហ៊ុនTwitter នោះឡើយ។

លោក Elon Musk បានសរសេរបង្ហោះលើ Twitter ថា រកមនុស្សម្នាក់ទៀតមកធ្វើជា CEO ពិតជាពិបាកណាស់ ហើយថាក្រុមហ៊ុន Twitter “បានដាំក្បាលចុះយ៉ាងលឿន ឆ្ពោះទៅរកការក្ស័យធន ចាប់តាំងពីខែឧសភា”។

លោកបានសរសេរបង្ហោះក្នុងផុសមួយផ្សេងទៀតថា “គ្មាននរណាម្នាក់ចង់បានមុខតំណែងនេះទេ ព្រោះវាជាការទទួលបន្ទុកធំ ធ្វើយ៉ាងណា  ឱ្យក្រុមហ៊ុន Twitter បន្តរស់រាន គឺរកមិនបានមនុស្សមកជំនួសតំណែងនេះតែម្ដង”៕ The Edge Markets៕

ក្រុមហ៊ុនកូរ៉េខាងត្បូងស្វែងរកការគាំទ្រពីសម្តេចតេជោដើម្បីវិនិយោគ កែច្នៃសំរាម

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ក្រុមហ៊ុនECOCAM របស់កូរ៉េខាងត្បូង បាននិងកំពុងស្វះស្វែងរកការគាំទ្រ ដើម្បីវិនិយោគកែច្នៃសំរាម ទៅជាថាមពលប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា។

ក្នុងឱកាសអញ្ជើញចូលជម្រាបលា បញ្ចប់បេសកកម្មការងារជាឯកអគ្គរដ្ឋទូតកូរ៉េនៅកម្ពុជា លោក ប៉ាក ហឹងឃ្យូង ក៏បានឆ្លៀតស្វែងរកការគាំទ្រពីសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លើគម្រោងខាងលើនេះផងដែរ។

ក្នុងជំនួបជម្រាបលានារសៀលថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោហ៊ុន សែន បានបង្ហាញនូវការគាំទ្រពេញទំហឹង ចំពោះគម្រោងវិនិយោគ កែច្នៃសំរាម ទៅជាថាមពលប្រើប្រាស់នេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រុមហ៊ុនធ្វើការជាមួយ លោកសុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខា​ធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលពល ព្រមទាំងរដ្ឋបាលរាជធានីភ្នំពេញ។

យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថានធ្លាប់បានឱ្យដឹងថា ក្នុងមួយឆ្នាំកម្ពុជា បានបង្កើតសំរាមជិត៤លានតោន ពោលគឺនៅទូទាំងប្រទេសមានសំរាមមានជាង១ម៉ឺននតោនក្នុងមួយថ្ងៃ។

ដោយឡែកនៅរាជធានីភ្នំពេញ សំរាមដែលបង្កើតឡើងមានចន្លោះពី ២,៧០០ ទៅ៣,០០០តោនក្នុងមួយថ្ងៃ។ ក្នុងនោះសំណល់ម្ហូបអាហារមានចំនួន៥៧.៤០% សំណល់ថង់ប្លាសស្ទិកមានប្រមាណ១៨.១០% សំណ​ល់ក្រដាស ៦% កៅស៊ូ និងស្បែក០.២% សំណល់ស្មៅ ឈើ ក្រណាត់ ថ្ម និងផ្សេងៗមានចំនួន ១៨.៣០%។

គម្រោងកែច្នៃសំរាម ទៅជាថាមពលប្រើប្រាស់ ត្រូវបានគេមើលឃើញថា នឹងរួមចំណែកយ៉ាងសំខាន់ដល់បរិស្ថានកម្ពុជា ជាពិសេសគឺបំលែងសំរាម និងកាកសំណល់ទៅជាប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងការប្រើប្រាស់របស់មនុស្ស៕

ក្រសួងទេសចរណ៍និងស្ថានកុងស៊ុលចិនពង្រឹងគុណភាពសេវាកម្មដើម្បីត្រៀមទទួលភ្ញៀវទេសចរណ៍ចិន

ដោយៈ គង់ សូរិយា

       សៀមរាបៈ ក្រសួងទេសចរណ៍ បានរៀបចំសិក្ខាសាលាស្តីពីការលើកកម្ពស់គុណភាព ការផ្តល់សេវាកម្មទេសចរណ៍ សម្រាប់ភ្ញៀវទេសចរចិន តាមរយៈកិច្ចសហការជាមួយស្ថានកុងស៊ុលចិន ប្រចាំខេត្តសៀមរាប។

ពិធីនេះធ្វើឡើង ក្រោមអធិបតីភាពរបស់ លោកជា សែ អនុរដ្ឋលេ​ខាធិការក្រសួងទេសចរណ៍ និងលោក Liu Zhijie ប្រធានការិយាល័យកុងស៊ុលចិនប្រចាំខេត្តសៀមរាប។

សិក្ខាសាលាស្តីពីការលើកកម្ពស់ គុណភាពការផ្តល់សេវាកម្មទេសច​រណ៍សម្រាប់ភ្ញៀវទេសចរចិន ក្រោមមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡាងឆាងនេះ បានរៀបចំឡើងស្របពេលវេលា នឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងទេសចរណ៍ នៅក្នុងការជំរុញអភិវឌ្ឍសមត្ថភាពអ្នកជំនាញទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ ដើម្បីត្រៀមលក្ខណៈទទួលភ្ញៀវទេសចរ ជាពិសេសភ្ញៀវទេសចរចិនមកកាន់កម្ពុជា។

ក្នុងអង្គសិក្ខាសលាក៏បានគួរកត់សម្គាល់ផងដែរថា ប្រទេសកម្ពុជា ក្រោមនយោបាយវ៉ាក់សាំង របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំដ៏ឆ្នើម បានឈានដល់ការបើកសកម្មភាពសេដ្ឋកិច្ច សង្គម និងទេសចរណ៍ នៅក្នុងគន្លងប្រក្រតីភាពថ្មីឡើងវិញ រហូតឈានដល់ការទទួលចំណាត់ថ្នាក់ជាប្រទេស ដែលអាចបើកសកម្មភាពសេដ្ឋកិច្ច សង្គមលឿន ជាងគេ និងជាប្រទេសដែលមានសុវត្ថិភាព សម្រាប់ការទស្សនាទេសចរណ៍ផងដែរ។

ការបើកដំណើរការសេដ្ឋកិច្ច សង្គមឡើងវិញនេះ បានជំរុញឱ្យមានការកម្សាន្តទេសចរណ៍ នៅតាមគោលដៅទេសចរណ៍។ ជាមួយនឹងការងើបឡើង​​វិញនៃវិស័យទេសចរណ៍នេះ ក្រសួងទេសចរណ៍បានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ លើការពង្រឹងគុណភាពសេវាកម្ម ប្រកបដោយគុណភាព និងសុវត្ថិភាព ជូនភ្ញៀវទេសចរតាមគន្លងថ្មី និងបន្តជំរុញផ្សព្វផ្សាយទាក់ទាញទេសចរណ៍ទាំងទេសចរណ៍អន្តរជាតិ និងទេសចរណ៍ក្នុងស្រុក ដែលជាទិសដៅយុទ្ធសាស្រ្តក្នុងដំណាក់កាលទី២ នៃផែនការស្តារ និងអភិវឌ្ឍវិស័យទេសចរណ៍ក្នុង និងក្រោយដំណាក់កាលកូវីដ-១៩ ឆ្នាំ២០២០-២០២៥។

ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ចាំបាច់ទាមទារឱ្យមានការគិតគូរដល់ការបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពអ្នកជំនាញ ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ និងវិជ្ជាជីវៈខ្ពស់នៅ ក្នុងការផ្តល់សេវាកម្មដល់ទេសចរកាន់តែប្រសើរ និងប្រកបដោយភាពពេញចិត្តដល់ភ្ញៀវ ដែលធ្វើដំណើរកំសាន្តនៅតាមគោលដៅទេសចរណ៍។

ជាក់ស្តែង គិតចាប់ពីខែមិថុនា ឆ្នាំ២០២០ រហូតមកដល់ ខែធ្នូ ឆ្នាំ២០២២ នេះ សិក្ខាកាមសរុបដែលសិក្សា តាមថ្នាក់នៅក្នុងប្រព័ន្ធនេះ មានប្រមាណ៦៩,៥៩៥នាក់៕

 

អន្តរស្ថាប័នផ្តោតការលើកតម្លៃមរតកស្ថាបត្យកម្មនិងការរៀបចំ នៅក្រុងបាត់ដំបង

ដោយៈ ច្រាយ ចំណាន

       ភ្នំពេញៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង លោកសុខ លូអញ្ជើញចូលរួមបើកកម្មវិធីសិក្ខាសាលាស្តីពី “ការយល់ដឹង ការលើកតម្លៃមរតកស្ថាបត្យកម្ម និងការរៀបចំកុ្រងនៅខេត្តបាត់ដំបង”។

សិក្ខាសាលានេះ បានសហការរៀបចំដោយ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាលាស្ថាបត្យកម្មជាតិជាន់ខ្ពស់ទូលូស៍ និងសាកល វិទ្យាល័យទូលូស៍ហ្សង់ហ្សូរ៉េស សាកលវិទ្យាល័យជាតិបាត់ដំបង ក្រោមការឧបត្ថម្ភដោយស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជា តំបន់អុកស៊ីតានីសាធារណរដ្ឋបារាំង និងដៃគូរពាក់ព័ន្ធ ក្រោមការគាំទ្រដោយក្រសួង វប្បធម៌និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តបាត់ដំបង។

អង្គសិក្ខាសាលានេះ ក៏ជាការសិក្សាស្វែងយល់បន្ថែម ពីប្រភេទសំ​ណង់បុរាណ នៅក្នុងខេត្តបាត់ដំបងដ៏ ល្បីល្បាញរបស់យើង។

ខេត្តបាត់ដំបង មិនត្រឹមតែជាខេត្តជង្រុកស្រូវ និងសំបូរដោយសម្បត្តិធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែបន្ថែមលើសម្បត្តិធម្មជាតិដ៏សំបូរបែប ខេត្តបាត់ដំបង នៅមានសម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រ ដ៏មានតម្លៃមហាសាលជាច្រើនថែមទៀតមានដូចជា សំណង់ប្រាសាទបុរាណ សំណង់ផ្ទះខ្មែរបុរាណ ផ្ទះ ល្វែងប្រមាណជាង៨០០ខ្នង ដែលបានបន្សល់ទុកតាំង ពីសម័យអាណានិគមបារាំង សំណង់អគាររដ្ឋបាលនានា ផ្សារណាត់ ស្ពានបុរាណ វត្តអារាម និងសំណង់ព្រះវិហារបុរាណជាច្រើនកន្លែងផងដែរ។

លោកសុខ លូ បានមានប្រសាសន៍ថា រដ្ឋបាលខេត្តបាត់ដំបង និងតំបន់អុកស៊ីតានីនៃសាធារណរដ្ឋបារាំង បានគ្រោងរៀបចំសិក្ខាសាលានេះ តាំងពីឆ្នាំ២០១៩មកម្ល៉េះ តែដោយសារតែវិបត្តិនៃជំងឺកូវីដ-១៩ បានធ្វើឱ្យមានការផ្អាកអស់រយៈពេល២ឆ្នាំ។

លោកបន្តទៀតថា ការអភិរក្សសំណង់បេតិកភណ្ឌ ក្រុងបាត់ដំបង គឺជាការលើកស្ទួយវិស័យទេសចរណ៍ និងកំណើនសេដ្ឋកិច្ចជាតិ ក្នុងតំបន់ និងភូមិភាគពាយ័ព្យនៃប្រទេសកម្ពុជា ខណៈដែលក្រុងបាត់ដំបង មានសំណង់អគារបេតិកភណ្ឌក្នុងក្រុងជាច្រើន ជាពិសេសសំណង់ផ្ទះផ្វែង ដែលមានរចនាបថ សម័យអាណានិគមបារាំង ដែលភ្ញៀវទេសចរអន្តរជាតិត្រូវការទស្សនា និងសិក្សាស្វែងយល់លើសំណង់ទាំងនោះ។

ទាក់ទងនឹងសិក្ខាសាលានាពេលនេះ ត្រូវបានលោក សុខ លូ បានចាត់ទុកថា នេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ខេត្តបាត់ដំបង ជាការបង្ហាញឲ្យឃើញ ពីលទ្ធផលនៃការសិក្សាស្រាវជ្រាវ របស់សាស្ត្រាចា   រ្យ និងនិស្សិត ផ្នែកស្ថាបត្យកម្ម និងបុរាណវិទ្យា ដើម្បីលើកតម្លៃ និងផ្សព្វ​ផ្សាយបេតិកភណ្ឌស្ថាបត្យកម្ម និងក្រុង នៅក្នុងខេត្តបាត់ដំបង ៕

 

សមិទ្ឋផលធំមួយនៅខេត្តកោះកុងនឹងបញ្ចប់នៅដើមត្រីមាស ទី៣ឆ្នាំក្រោយ

  ដោយៈ ច្រាយ ចំណាន

       កោះកុងៈ ស្ពានប្រវែងមធ្យមមួយ ដែលសម្រួលដល់ការធ្វើដំណើរ​របស់ប្រជាពលរដ្ឋនៅខេត្តកោះកុង នឹងបញ្ចប់ការសាងសង់នៅដើមខែកក្ក​ដា ឆ្នាំ២០២៣ខាងមុខនេះ។

ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកោះកុងលោកអន ដាវុធ បានមានប្រសាសន៍ឱ្យដឹងថា ក្រុមការងារ​ជំនាញ​របស់លោក ​នឹង​ព​ន្លឿ​ន​ការសាងសង់​ស្ពាន​កោះ​យ៉​ថ្មី ​ឱ្យ​ចប់​នៅ​ពាក់កណ្តាល​ខែកក្កដា ឆ្នាំ​២០២៣ មុននឹង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ។

លោកបន្តថា គិត​ចាប់ពី​ដើមខែ​សីហា ​មកទល់​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២៣ ការដ្ឋាន​សាងសង់​ស្ពាន​កោះ​យ៉ បានសម្រេច​ការងារ​ប្រមាណ​ជា​៦០​ភាគរយ​ហើយ ដោយ​ការងារ​នៅ​សេសសល់​៤០​ភាគរយ​នោះ​ គឺ​ការ​ខួង​រណ្ដៅ​សសរ​ស្ពាន​ចុង​ក្បាលស្ពាន និង​លើក​ទម្រ​ទួល​ស្ពាន​ត​ភ្ជាប់​គ្នា​។

លោក អន ដា​វុ​ធបានបញ្ជាក់ថា លោក​នឹង​ជំរុញ​ដល់​ក្រុមការងារ ដើម្បី​ព​ន្លឿ​ន​ការអនុវត្ត​ស្ថាបនា ​ឱ្យ​ចប់​ជា​ស្ថាពរ​នៅ​ពាក់កណ្តាល​ខែកក្កដា ឆ្នាំ​២០២៣​ខាងមុខ មុននឹង​យុទ្ធ​ការបោះឆ្នោត​ជ្រើស តាំង​តំណាងរាស្ត្រ​មកដល់​។

ស្ពាន​កោះ​យ៉​ថ្មី​ប្រវែង​១២៦ ម៉ែត្រ និង​ទទឹង​១១​ម៉ែត្រ ស្ថិត​នៅ​ក្នុង​ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ប្រើប្រាស់​ថវិកា​ចំណាយ​សរុប​១​,​៤​លាន​ដុល្លារ​អាមេរិក។

ស្ពានបេតុង​ថ្មីស្រឡាង​មួយ​នេះ​ដែរ ធ្វើឡើង​តប​តាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា​កាល​ពីថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២២ ដោយ​អ្នកឧកញ៉ាលី យ៉ុង​ផាត់ ជា​អ្នកទទួលបន្ទុក​សម្រប​សម្រួ​ល​ដោះស្រាយ​ ខណៈស្ពានដែក​បា​ឡេ​កោះ​យ៉បច្ចុប្បន្ននេះ មាន​សភាព​ចាស់​ទ្រុឌទ្រោម និង​តែង​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ជា​ញឹកញាប់​។៕

វិភាគៈតើសក្តានុពលសេដ្ឋកិច្ចអ្វីខ្លះ ដែលជម្រុញឲ្យកម្ពុជាក្លាយជាខ្លាសេដ្ឋកិច្ច នៅក្នុងតំបន់?

  ដោយៈ សហសេវិក

ភ្នំពេញៈ ប្រទេសកម្ពុជាបានក្លាយជាប្រទេស ដែលមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតមួយរបស់ពិភពលោក ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយ មុនពេលវិបត្តិកូវីដ១៩មកដល់ ប៉ុន្តែនៅឆ្នាំនេះសេដ្ឋកិច្ចប្រទេសនេះបានងើបឡើងយ៉ាងលឿន និងស្ថិតក្នុងសភាពកំណើនធន់ទ្រាំ។

អ្នកជំនាញនានាបានលើកឡើងថា ប្រទេសកម្ពុជាអាចក្លាយជាប្រទេសសេដ្ឋកិច្ចខ្លាមួយ នៅក្នុងតំបន់នាពេលអនាកត ដោយសារកត្តាចម្បងៗមួយចំនួន។

លោក Anthony Galliano ប្រធាន AmCham Cambodia មានប្រសាសន៍បង្ហាញពីជំនឿជាក់ លើកំណើនសេដ្ឋកិច្ចរបស់កម្ពុជាថា ប្រទេសកម្ពុជា ស័ក្តិសមនឹងទទួលបានការទទួលស្គាល់ថាជា “គោលដៅវិនិយោគដ៏ទាក់ទាញបំផុតមួយរបស់ពិភពលោក” ដែលតាមរយៈសមិទ្ធិផលសេដ្ឋកិច្ចជាប្រវត្តិសាស្ត្ររបស់ខ្លួន និងដោយក្លាយជាការរំពឹង ទុកដ៏មានសក្តានុពលបំផុតមួយនៅក្នុងតំបន់។

លោកបានគូសបញ្ជាក់ថា “ក្រោយរបបខ្មែរក្រហម ទោះបីហាក់ដូចជាមិនអាចធ្វើទៅរួច ប៉ុន្តែប្រទេសកម្ពុជាបានកសាងបាន នូវមូលដ្ឋានគ្រឹះរបស់ខ្លួន រហូតដល់ក្លាយជាប្រទេសមួយ ដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតរបស់ពិភពលោក ចាប់តាំងពីឆ្នាំ១៩៩៨មក”។

ប្រធាន AmChamរូបនេះបានកត់សម្គាល់ថា ជាលទ្ធផលនៃការគ្រប់គ្រងជំងឺកូវីដ១៩ របស់រដ្ឋាភិបាលកម្ពុជា ការថែរក្សាតុល្យភាពនៃសុខភាព និងសុវត្ថិភាពសង្គម និងសន្តិសុខ និងស្ថិរភាពសេដ្ឋកិច្ច ប្រទេសកម្ពុជា បានងើបមុខមាត់ជាជាប្រទេស ដែលមានសេដ្ឋកិច្ចប៉ះពាល់ពីវិបត្តិជំងឺទាបបំផុតមួយ ដោយមានអត្រាមរណៈទាបបំផុតពីជំងឺកូវីដ១៩។

លោកមានប្រសាសន៍ថា “កំណើនផលិតផលក្នុងស្រុកសរុប (GDP) ជាប្រវត្តិសាស្ត្រ គឺជាផ្នែកល្អមួយក្នុងសតវត្សទី២១ ហើយទស្សនវិស័យនាពេលអនាគតចង្អុលបង្ហាញថា នឹងបន្តល្អបែបនេះ”។

លោកAnthony Galliano បានលើកជាសុចនាករថា “មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កំពុងព្យាករថា កម្ពុជានឹងក្លាយជាប្រទេស ដែលមានសេដ្ឋកិច្ចលូតលាស់លឿនបំផុត ក្នុងតំបន់នៅឆ្នាំ២០២៥​។ គួរឱ្យកត់សម្គា​ល់ កម្ពុជាមានអត្រាអ្នកអត់ការងារធ្វើស្ទើស្មើសូន្យ ជាមួយនឹងប្រាក់ចំណូលកើនឡើង”។

លោកបានបន្តថា ការប្រើប្រាស់រូបិយប័ណ្ណដុល្លារ បានការពារប្រាក់រៀលខ្មែរ និងកម្រិតសម្ពាធអតិផរណា ខណៈដែលរូបិយប័ណ្ណក្នុងតំបន់ផ្សេងទៀតបានធ្លាក់ចុះ ដោយសារប្រាក់ដុល្លារអាមេរិក បានឡើងថ្លៃខ្លាំងបំផុត ក្នុងរយៈពេលពីរទសវត្សរ៍។

ដោយអះអាងថា ប្រទេសកម្ពុជា អាចនឹងក្លាយជាប្រទេសសេដ្ឋកិច្ចខ្លានៅក្នុងតំបន់ នាពេលអនាគត លោកAnthonyបានពន្យល់ថា “ប្រទេសកម្ពុជាមានសេដ្ឋកិច្ចបើកចំហ ហើយរដ្ឋាភិបាលមានស្ថិរភាព”។ លោកបន្ថែមថា “កម្ពុជាបានបន្តផ្តល់ការលើកទឹកចិត្ត ក្នុងការវិនិយោគ ហើយបាន និងបន្តចូលជាសមាជិក នៃសន្ធិសញ្ញាពាណិជ្ជកម្មសំខាន់ៗ ហើយកំពុងបន្តធ្វើឱ្យប្រសើរឡើង នូវហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ជាពិសេសផ្លូវថ្នល់ និងកំពង់ផែជាដើម”។

លោកក៏បានលើកឡើងពីគុណសម្បត្តិ នៃការវិនិយោគនៅក្នុងប្រទេសកម្ពុជា រួមមាន ភាពជាម្ចាស់១០០ភាគរយ នៃក្រុមហ៊ុនរបស់អ្នកវិនិយោគបរទេស លើកលែងតែប្រភេទមួយចំនួនដូចជា ការផលិតបារី ការផលិតភាពយន្ត ការកិនស្រូវ ការជីកយករ៉ែត្បូង និងកែច្នៃ។ល។ អត្ថប្រយោជន៍ផ្សេងទៀត រួមមាន ពន្ធសាជីវកម្មទាប តម្រូវការដើមទុនអប្បបរមាត្រឹមតែ១.០០០ពាន់ដុល្លារ ដើម្បីបង្កើតក្រុមហ៊ុន។ ប្រជាជនវ័យក្មេងប្រហែលប្រាំបីលាននាក់មានអាយុក្រោម២៥ឆ្នាំ។

ជាមួយគ្នានេះ លោកឡោ វិចិត្រ ប្រធានសមាគមអចលនទ្រព្យសកល ប្រចាំាំរាជធានីភ្នំពេញ(GRA)បានបង្ហាញការយល់ឃើញរបស់ខ្លួនផងដែរថា ការប្រើប្រាស់ប្រាក់ដុល្លារ បានជួយប្រទេសកម្ពុជា ទាក់ទាញការវិនិយោគធំៗពីបរទេស ដោយសារវាការពារអ្នកវិនិយោគ ពីការប្រែប្រួលរូបិយប័ណ្ណសំខាន់ៗ។ ក្នុងនាមជាប្រទេស ដែលមានសេដ្ឋកិច្ចសេរីពេញលេញ កម្ពុជាអាចទាក់ទាញការវិនិយោគបរទេស មកវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជា ផ្លូវថ្នល់ អាកាសយានដ្ឋាន ការខួងយកប្រេង និងការជីកយករ៉ែ។

លោកបានបន្ថែមថា “ប្រទេសកម្ពុជា ក៏ជាប្រទេសមានកម្រិតពន្ធសាជីវកម្មទាបបំផុតមួយ នៅក្នុងតំបន់អាស៊ី ហើយពន្ធនេះនឹងបន្ត ព្រោះ ជាមួយនឹងការណែនាំអំពីច្បាប់វិនិយោគថ្មី នឹងផ្តល់នូវការលើកទឹកចិត្តពន្ធរហូតដល់ប្រាំបួនឆ្នាំ”។ លោកបន្ថែមថា “ស្ថិរភាពសេដ្ឋកិច្ច ក៏ត្រូវបានគូសបញ្ជាក់ផងដែរ។ ជាក់ស្តែង បំណុលជាតិសរុបមានត្រឹមតែប្រហែល៤០ភាគរយនៃGDP ដែលជំរុញឱ្យស្ថាប័នហិរញ្ញវត្ថុ ដូចជា ADB, IMF និងធនាគារពិភពលោក វាយតម្លៃប្រទេសកម្ពុជាថា “មានសុវត្ថិភាពផ្នែកហិរញ្ញវត្ថុសម្រា​ប់រយៈពេលមធ្យម”។

លោកឡោ វិចិត្របានលើកឡើងថា លើសពីនេះទៅទៀត ប្រទេសកម្ពុជា ដែលអាចក្លាយជា “ខ្លាអាស៊ី” ដោយសារប្រជាសាស្ត្រ ដែលមានប្រជាជនវ័យក្មេងប្រហែល៧០ភាគរយ មានអាយុក្រោម៤០ឆ្នាំ ហើយអត្រាគ្មានការងារធ្វើ គឺជិតសូន្យ។ ជាពិសេស ប្រជាជនដែលនិយាយពីរភាសា ឬបីភាសានៅក្នុងទីក្រុងភ្នំពេញ កំពុងបង្កើនការប្រកួតប្រជែង និងភាពទាក់ទាញនៃ FDIs។

ប្រធានសមាគមរូបនេះក៏លើកឡើងថា ការមិនសូវរឹតបន្តឹងក្នុងការផ្លាស់ប្តូរ ឬផ្ទេររូបិយប័ណ្ណបរទេស ក៏បានជំរុញជំហររបស់កម្ពុជាទាក់ទាញការវិនិយោគពីបរទេសផងដែរ។ ការប្រមូលពន្ធកើនឡើងពីមួយឆ្នាំ ទៅមួយឆ្នាំ បានផ្តល់ឱ្យរដ្ឋាភិបាលនូវលទ្ធភាពកាន់តែច្រើន និងភាពបត់បែនក្នុងការវិនិយោគបន្ថែមទៀត នៅក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។

លើសពីនេះច្បាប់ស្តីពី ពន្ធដារដែលត្រូវបានរដ្ឋសភាអនុម័ត ក្នុងពេលឆាប់ៗនេះ នឹងពង្រឹងទំនុកចិត្តអ្នកវិនិយោគបន្ថែមទៀតនៅកម្ពុជា។

បន្ថែមពីលើនេះ ទីផ្សារមូលធនដែលកំពុងរីកចម្រើន រួមទាំងផ្សារមូលបត្រកម្ពុជា (CSX) នឹងនាំសេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើនឡើង។ ប្រទេសកម្ពុជាក៏មានផ្នែកជាច្រើន ដែលមិនទាន់បានរុករកសម្រាប់កំណើន ដូចជាផ្នែក fintech និង e-commerce ដែលអាចទាក់ទាញការវិនិយោគបន្ថែមទៀតនាពេលអនាគតដ៏ខ្លីខាងមុខនេះ។

លោកឡោ វិចិត្របានលើកឡើងដោយសុទិដ្ឋិនិយមទៀតថា គោលនយោបាយតំបន់សេដ្ឋកិច្ចពិសេស (SEZ) របស់កម្ពុជាក៏កំពុងដើរតួនាទីឈានមុខគេ ក្នុងការជំរុញវិស័យផលិតកម្មផងដែរ ដោយសារប្រទេសនេះទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួ​យប្រទេសចិន និងកូរ៉េខាងត្បូង ក្រៅពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។

ក្រៅពីនេះ មានហេតុផលច្រើនទៀត សម្រាប់ការជំរុញទំនុកចិត្តអ្នកវិនិយោគនៅក្នុងប្រទេសកម្ពុជា ដូចជា ការដាក់សំណើបើកដំណើរការតុលា​ការពាណិជ្ជកម្មនៅឆ្នាំ២០២៣ ដើម្បីដោះស្រាយជម្លោះពាណិជ្ជកម្ម។ ការធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) នៅឆ្នាំ២០២៣ និងការសម្ពោធព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលជាអាកាសយានដ្ឋានធំជាងគេទី៩របស់ពិភពលោក ដែលគ្រោងថានឹងបញ្ចប់នៅឆ្នាំ២០២៣ នឹងពង្រឹងជំហររបស់កម្ពុជា ជាគោលដៅវិនិយោគដែលមានហេ ដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ និង គ្រឿងបរិក្ខារ ដើម្បីសម្រុះសម្រួលសេដ្ឋកិច្ច ដែលកំពុងរីកចម្រើន។លោកវិចិត្របញ្ជាក់បន្ថែម។

លោកបន្តថា អត្រានគរូបនីយកម្មខ្ពស់របស់កម្ពុជា ក៏កំពុងជំរុញឱ្យមានតម្រូវការសម្រាប់ទំនិញ និងសេវាកម្មគ្រប់ប្រភេទ ជាពិសេសលំនៅដ្ឋា​ន ការលក់រាយ និងអគារការិយាល័យលំដាប់ថ្នាក់អន្តរជាតិ និងអគារពាណិ​ជ្ជកម្មចម្រុះ។

លោកវិចិត្របានបន្តទៀតថា “ការកើនឡើងនៃអ្នកមានជីវភាពកណ្តាលនៅកម្ពុជា នឹងបង្កើនតម្រូវការទំនិញប្រណីត និងបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងទីផ្សារធំៗ ដូចជា អឺរ៉ុប អាមេរិក ជប៉ុន កូរ៉េខាងត្បូង និងចិន”។

ប្រទេសកម្ពុជាក៏ជាប្រទេសមួយ ដែលមានស្ថិរភាពនយោបាយបំផុតនៅអាស៊ី ហើយនឹងបន្តសម្រាប់អនាគតដ៏ខ្លីខាងមុខ ដែលកាត់បន្ថយផលប៉ះពាល់ហានិភ័យ និងកាត់បន្ថយហានិភ័យនៃការវិនិយោគក្នុងប្រទេស។កម្ពុជាក៏កំពុងខិតខំប្រឹងប្រែង រៀបចំរចនាសម្ព័ន្ធខ្លួន ឱ្យក្លាយជាគោលដៅទេសចរណ៍ឈានមុខគេ ជាមួយនឹងសណ្ឋាគារលំដាប់ផ្កាយប្រាំ លំដាប់អន្តរជាតិបន្ថែមទៀត ដែលកំពុងវិនិយោគនៅក្នុងឧស្សាហកម្មបដិសណ្ឋារកិច្ចរបស់ប្រទេស។

ជាមួយគ្នានេះ លោក Sandeep Majumdar ប្រធានសភាពាណិជ្ជកម្មឥណ្ឌា (InCham) ប្រចាំនៅកម្ពុជាបានបង្ហាញការយល់ឃើញថា ការប្រព្រឹត្តទៅប្រកបដោយជោគជ័យ នៃកិច្ចប្រជុំកំពូលអាស៊ាននាពេលថ្មីៗនេះ ដោយប្រទេសកម្ពុជាបានលើកកម្ពស់មុខមាត់ របស់ប្រទេសជុំវិញពិភពលោក នឹងផ្តល់កាលានុវត្តន៍ភាពដល់កម្ពុជា។

លោកបានចង្អុលបង្ហាញថា តំបន់សេដ្ឋកិច្ចពិសេសរបស់កម្ពុជា ក៏កំពុងទាក់ទាញការវិនិយោគយ៉ាងច្រើនផងដែរ។ លោកបានបន្ថែមថា ឥឡូវនេះ គេអាចមើលឃើញសភាពាណិជ្ជកម្មកម្ពុជា នៅតាមបណ្តាប្រទេសមួយចំនួន សូម្បីតែនៅកន្លែងឆ្ងាយៗ ដូចជា ប្រទេសកាណាដា។

យោងតាមលោកSandeep គណៈប្រតិភូធុរកិច្ចឥណ្ឌាកម្រិតខ្ពស់នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី១៧ ដល់១៩ ខែមករា ឆ្នាំ២០២៣ ដោយរំពឹងថានឹងមានតំណាងក្រុមហ៊ុនជាង២០០ ក្រៅពីរដ្ឋមន្ត្រីខុទ្ទកាល័យ និងសមាជិករាជវង្សក្នុងគណៈប្រតិភូ ដែលនឹងមានកិច្ចប្រជុំជាមួយរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំធុរកិច្ចកម្ពុជា។

ប្រទេសកម្ពុជា បានបំប្លែងពីប្រទេសក្រីក្រ កាលពីប៉ុន្មានទសវត្សរ៍មុន ទៅជាប្រទេស ដែលមានសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងរយៈពេលដ៏ខ្លីនេះ មានភាពគួរឱ្យកត់សម្គាល់ និងជារឿងមួយដែលស្ទើរតែមិនធ្លាប់មានពីប្រទេសផ្សេងទៀតក្នុងពិភពលោក។ កម្ពុជាបានឈានដល់ឋានៈជាចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ២០១៥ ហើយបានកំណត់ទិសដៅរបស់ខ្លួន ក្នុងការទទួលបានឋានៈជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

លោកបន្តថា “ម្យ៉ាងវិញទៀត ការនាំចេញរបស់កម្ពុជា កំពុងកើនឡើង មិនថាសម្លៀកបំពាក់ អង្ករ និងកង់។ ប្រទេសនេះ តែងតែស្វាគមន៍អ្នកវិនិយោគ ហើយច្បាប់វិនិយោគថ្មី បានបង្កើនទំនុកចិត្តរបស់អ្នកវិនិយោគយ៉ាងខ្លាំង”។

យោងតាមរបាយការណ៍របស់ធនាគារពិភពលោក កម្ពុជាបានកំណត់ខ្សែបន្ទាត់ភាពក្រីក្រឡើងវិញនាពេលថ្មីៗនេះ ដោយប្រើប្រាស់ការស្ទង់មតិសេដ្ឋកិច្ច សង្គមកម្ពុជាថ្មីបំផុតសម្រាប់ឆ្នាំ២០១៩/២០។ ខ្សែបន្ទាត់ភាពក្រីក្ររបស់ជាតិ ឥឡូវនេះគឺ១០.៩៥១រៀល ក្នុងមនុស្សម្នាក់ក្នុងមួយថ្ងៃ ឬស្មើនឹង២,៧ដុល្លារ។

នៅក្រោមខ្សែបន្ទាត់ភាពក្រីក្រថ្មី ប្រហែល១៨ភាគរយនៃចំនួនប្រជាជនត្រូវបានកំណត់ថាជាក្រីក្រ។ អត្រានៃភាពក្រីក្រ ត្រូវបានរកឃើញថា ទាបបំផុតនៅក្នុងរាជធានីភ្នំពេញ (៤,២ភាគរយ) និងតំបន់ទីក្រុងផ្សេងទៀត (១២,៦ភាគរយ) និងខ្ពស់បំផុតនៅតំបន់ជនបទ(២២,៨ ភាគរយ)។

ក្នុងកំឡុងឆ្នាំ២០០៩ ២០១៩ ឬ២០២០ អត្រានៃភាពក្រីក្របានធ្លាក់ចុះ១,៦ភាគរយក្នុងមួយឆ្នាំ ដែលជំរុញយ៉ាងខ្លាំង ដោយការកើនឡើងនៃប្រាក់ឈ្នួល។ ការកើនឡើងនៃជំនួយសង្គមដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលបានចាប់ផ្តើមនៅក្នុងខែមិថុនា ឆ្នាំ២០២០ បានកាត់បន្ថយការខាតបង់ប្រាក់ចំណូលក្នុងកំឡុងជំងឺរាតត្បាត។

ការស្ទង់មតិលើគ្រួសារក៏បានបង្ហាញផងដែរថា ការងារបានត្រលប់ទៅកម្រិតមុនការរាតត្បាត។ ឥទ្ធិពលអវិជ្ជមាន នៃជំងឺរាតត្បាតលើអាជីវកម្មគ្រួសារ មិនប្រកបរបរកសិកម្មមានស្ថេរភាព។

របាយការណ៍របស់ធនាគារពិភពលោកបាននិយាយថា ទោះជាយ៉ាងណាក៏ដោយ តម្រូវការអ្នកប្រើប្រាស់ទាប នៅតែជាកត្តាជំរុញចម្បងនៃការខាតបង់ប្រាក់ចំណូល។

សេដ្ឋវិទូជាន់ខ្ពស់ និងជានាយកវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិ​ត្យសភាកម្ពុជា លោកគី សេរីវឌ្ឍន៍ បានមានប្រសាសន៍ថា អនុបាតផលិតភាពការងារ- ប្រាក់ឈ្នួលខ្ពស់ បានធ្វើឱ្យប្រទេសនេះ ទាក់ទាញFDIs ក្នុងបរិមាណដ៏ច្រើន ហើយនេះបានបង្កើនល្បឿន កំណើនសេដ្ឋកិច្ចរបស់ប្រទេ​សឱ្យកាន់តែរីកចម្រើន។

លោកបានមានប្រសាសន៍ថា “ការបន្ថែមអត្ថប្រយោជន៍របស់ប្រទេស គឺស្ថិរភាពនយោបាយ និងសន្តិភាព ដែលកំពុងមាននៅក្នុងប្រទេស ដែលបានជំរុញតម្រូវការ និងការប្រើប្រាស់សរុប”។

ទន្ទឹមនឹងនោះ លោកក៏បានចង្អុលបង្ហាញថា សមាហរណកម្មសេដ្ឋកិច្ចរបស់កម្ពុជា ទៅនឹងសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោកតាមរយៈ WTO អាស៊ាន RCEP និង FTAs បានបង្កើតវេទិកា សម្រាប់កំណើនយ៉ាងឆាប់រហ័ស។

ជាមួយគ្នានេះ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ក្នុងពេលចូលរួមកិច្ចពិភាក្សា លើច្បាប់ថវិកាឆ្នាំ២០២៣ បា​នមានប្រសាសន៍ថា ដោយសារតែការកើនឡើងនៃតម្រូវការសកល ទំនុកចិត្តរបស់អ្នកវិនិយោគបរទេស និងការបើកច្រកព្រំដែនឡើងវិញ ទាំងស្រុងរបស់កម្ពុជា ត្រូវបានគេរំពឹងថានឹងមានការកើនឡើង ដើម្បីទទួលបានកំណើនសេដ្ឋកិច្ច៥,៤ភាគរយនៅឆ្នាំនេះ និង៦,៦ភាគរយនៅឆ្នាំក្រោយ។

លោករដ្ឋមន្ត្រីបាននិយាយថា GDP សម្រាប់មនុស្សម្នាក់នឹងកើនឡើងដល់១.៧៨៥ដុល្លារនៅឆ្នាំ២០២២ និងកើនឡើងដល់១.៩២៤ដុល្លារក្នុងឆ្នាំ២០២៣។ វិស័យឧស្សាហកម្ម ជាពិសេសកាត់ដេរ និងសំណង់ ត្រូវបានព្យាករណ៍ថា នឹងកើនឡើង៩,២ភាគរយនៅឆ្នាំក្រោយ ខណៈដែលវិស័យសេវាកម្ម ទេសចរណ៍ ដឹកជញ្ជូនទូរគមនាគមន៍ ពាណិជ្ជកម្ម និងអចលនទ្រព្យ៦,៦ភាគរយ និងកសិកម្ម១,១ភាគរយ។

លោកបានបន្ថែមថា អតិផរណារបស់ប្រទេស ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះ មកត្រឹម២,៥ភាគរយក្នុងឆ្នាំ២០២៣ ពីប្រហែល៥ភាគរយក្នុងឆ្នាំ២០២២។

ចំណែកលោក លី សុដេត សេដ្ឋវិទូជាន់ខ្ពស់ប្រចាំប្រទេសរបស់ធនាគារពិភពលោកបានថ្លែងថា សេដ្ឋកិច្ចកម្ពុជាកំពុងងើបឡើងវិញយ៉ាងល្អ បន្ទាប់ពីជំងឺកូវីដ-១៩។

លោកបន្តបញ្ជាក់ថា “ការកើនឡើងនៃផលិតកម្ម ជាពិសេសការនាំចេញសម្លៀកបំពាក់ ស្បែកជើង ទំនិញធ្វើដំណើរ និងកង់ ការងើបឡើងវិញនៃឧស្សាហកម្មធ្វើដំណើរ និងទេសចរណ៍ និងការត្រឡប់មកវិញនៃលំហូរ FDI បានជួយឱ្យសេដ្ឋកិច្ចងើបឡើងវិញនៅឆ្នាំ២០២២”៕