សម្តេចតេជោនឹងជួបជាមួយប្រធានាធិបតីបារាំងក្នុងដំណើរទស្សន កិច្ចផ្លូវការ

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងជួបជាមួយប្រធានាធិបតីបារាំងនៅក្នុងសប្តាហ៍នេះ ក្នុងដំណើរបំពេញទស្សនកិច្ចនៅអឺរ៉ុប។

យោងតាមសេចក្តីថ្លែងការណ៍ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឲ្យដឹងថា មុនពេលកិច្ចប្រជុំកំពូល រំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប សម្តេចហ៊ុន សែន នឹងបំពេញទស្សនកិច្ចការងារ នៅប្រទេសបារាំង ដែលនឹងជួបជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron៕

 

វិស័យសំណង់ស្រូបយកឥណទានច្រើនជាងគេក្នុងទំហំជាង១៤,១២ពាន់លានដុល្លារ

ដោយៈសុផារី

ភ្នំពេញៈ ឥណទានជាប្រភពទុនយ៉ាងសំខាន់ ក្នុងការគាំទ្រដល់សកម្ម​ភាពសេដ្ឋកិច្ច និងបានបែងចែកទៅតាមប្រភេទជំនួញសំខាន់ៗ ក្នុងវិស័យសេដ្ឋកិច្ច រួមមាន វិស័យសំណង់ ការជួញដូរដុំនិងរាយ សេវាកម្ម កសិកម្ម អង្គភាពគ្រួសារ និងកម្មន្តសាលជាដើម។

យោងតាមរបាយការណ៍ចុងក្រោយបង្អស់ របស់ធនាគារជាតិនៃកម្ពុជា ចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២នេះ បានឱ្យដឹងថា គិតត្រឹមចុងត្រីមាសទី២ ឆ្នាំ២០២២ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានផ្តល់ឥណទានដល់វិស័យឯកជន សរុប២១៦ពាន់ពាន់លានរៀល (ប្រហែល៥៣,១ពាន់លានដុល្លារអាមេរិក)។

ទំហំឥណទានដល់វិស័យឯកជននេះ បានកើនឡើងចំនួន២៣,៦% ធៀបនឹងចុងត្រីមាសទី២ ឆ្នាំ២០២១។ ក្នុងនោះ ឥណទានតាមវិស័យសេដ្ឋកិច្ច ទីផ្សារសំណង់ ដែលរាប់បញ្ចូលទាំងសំណង់ អចលនទ្រព្យ និងការទិញផ្ទះជាកម្មសិទ្ធផ្ទាល់ខ្លួន ស្រូបបានឥណទានច្រើនជាងគេ ក្នុងទំហំជាង៥៨,៤ពាន់ពាន់លានរៀល (ប្រហែល១៤,១២ពាន់លានដុល្លារអាមេរិក) កើនឡើងចំនួន៣០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

តាមពីក្រោយដោយទីផ្សារជួញដូរដុំ និងរាយមានទំហំឥណទានចំនួន៥៣,៥ពាន់ពាន់លានរៀល កើនឡើងចំនួន២៥,៦% ទីផ្សារសេវាកម្មមានទំហំឥណទាន២១,៣ពាន់ពាន់លានរៀល កើនឡើងចំនួន១៤,៥% ទីផ្សារកសិកម្ម មានចំនួន២០,៣ពាន់ពាន់លានរៀល កើនឡើងចំនួន២៤,៦% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

ដោយឡែកអង្គភាពគ្រួសារ ទទួលបានឥណទានក្នុងទំហំជាង១១,៧ពាន់ពាន់លានរៀល កើនឡើងចំនួន១២,១% កម្មន្តសាលទទួលបានឥណទានទំហំជាង៧,២ពាន់ពាន់លានរៀល កើនឡើងចំនួន២៤,៣% ហើយផ្សេងៗទៀត មានទំហំចំនួន៤៣,៦ពាន់ពាន់លានរៀល កើនឡើងចំនួន២០,៧%៕

ចំនួនអ្នកមានទ្រព្យសម្បត្តិច្រើនជំរុញឱ្យទីផ្សារលក់រាយប្រណីត នៅកម្ពុជាបន្តការពង្រីកបន្ថែម

ដោយៈ សុផារី

ភ្នំពេញ: រដ្ឋាភិបាលកម្ពុជាបានដាក់ផែនការ ក្នុងការជំរុញប្រទេសកម្ពុជា ឲ្យក្លាយជាប្រទេសដែលមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ តាមរយៈច្បាប់វិនិយោគថ្មី និងកំណើនសេដ្ឋកិច្ច ដែលត្រូវបានព្យាករណ៍ថាមានលក្ខណៈល្អប្រសើរ បូកផ្សំនឹងការកើនឡើង នៃចំនួនបុគ្គលដែលមានទ្រព្យច្រើនផងដែរ។

យោងតាមរបាយការណ៍ចុងក្រោយបង្អស់ របស់គេហទំព័រអន្តរជាតិដ៏ល្បីល្បាញមួយគឺ Capgemini បានបង្ហាញថា ក្នុងឆ្នាំ២០២១ ប្រទេសកម្ពុជា គឺជាទីតាំងប្រមូលផ្តុំរបស់សេដ្ឋីជាងបីពាន់នាក់ ដែលនេះជាហេតុផលសំខាន់ នាំឲ្យមានការចាប់អារម្មណ៍ ក្នុងការពង្រីកការលក់រាយ និង franchise ប្រណីត ដើម្បីចាប់យកចំណែកទីផ្សារដ៏មានសក្ដានុពលនេះ។

របាយការណ៍ដដែលនេះបង្ហាញថា “អាជីវកម្មអាហារ និងភេសជ្ជៈ និងម៉ូដសំលៀកបំពាក់ នៅតែជាចំណែកទីផ្សារលេចធ្លោ ក្នុងការពង្រីកទីផ្សារលក់រាយប្រណីតរបស់កម្ពុជា”។

ជាក់ស្តែង គម្រោង Naga៣ បាននិងកំពុងបន្តការអភិវឌ្ឍ ដោយភ្ជាប់ទៅកាន់ផ្សារទំនើបប្រណីតជាន់ក្រោមដី និងផ្សារលក់រាយបែបduty free នៃអាគារណាហ្គាវើលដ៍ និងណាហ្គាវើល២ ដែលបានបង្ហាញពីការពង្រីកខ្លួនរបស់ផ្សារលក់រយប្រណីត ដែលផ្តល់ជូននូវជម្រើសម៉ាកយីហោ លំដាប់ថ្នាក់កណ្តាល និងប្រណីតជាច្រើន។

បន្ថែមលើសនេះ ក្រុមហ៊ុន Confluences ក៏បានប្រកាសកាលពីពេលថ្មីៗនេះថា ខ្លួនបានសហការជាមួយក្រុមហ៊ុន លក់រាយប្រណីត Bluebell និងក្រុមហ៊ុនប្រឹក្សា CGHP Beespoke ដើម្បីបើកដំណើរការទីផ្សារប្រណីតបារាំង ដំបូងគេក្នុងត្រីមាសទី១ នៃឆ្នាំ២០២៣ នៅក្នុងអាគារ The Peak ដែលជាផ្សារទំនើបមានទំហំជាង12.000ម៉ែត្រការ៉េផងដែរ៕

ប្រទេសចិនគ្រោងបោះផ្សាយប័ណ្ណរតនាគារជិត១០៨ពាន់លានដុល្លារ ដើម្បីជំរុញដល់វិស័យសេដ្ឋកិច្ច

ដោយ: លាងហួរ

ប៉េកាំង: ប្រទេសចិនគ្រោងបោះផ្សាយមូលបត្រ បំណុលរតនាគារពិ សេស  ដែលមានតម្លៃ៧៥០ពាន់លានយ័ន (១០៧,៩៣ពាន់លានដុល្លារ)នៅថ្ងៃទី១២ ខែធ្នូខាងមុខ ដើម្បីជំរុញដល់វិស័យសេដ្ឋកិច្ច។

ក្រុមអ្នកសង្កេតការណ៍បានលើកឡើងថា ការបោះផ្សាយមូលបត្របំណុលដ៏កម្រនេះជាធម្មតា បម្រើតម្រូវការហិរញ្ញប្បទាន សម្រាប់គម្រោងជាតិសំខាន់ៗ ជាក់លាក់ក្នុងគ្រាមានអាសន្ន  និងបង្ហាញពីសញ្ញាគោលនយោបាយដ៏សំខាន់  និងការប្តេជ្ញាចិត្តពីសំណាក់រដ្ឋាភិបាលកណ្តាល ។

ការបោះផ្សាយមូលបត្រនេះ មានគោលបំណង  ក្នុងការប្រមូលមូលនិធិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ  និងកិច្ចការសង្គម។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ នៅលើគេហទំព័រផ្លូវការរបស់ក្រសួងហិរញ្ញវត្ថុចិន។

លោក Dong Dengxin នាយកវិទ្យាស្ថានហិរញ្ញវត្ថុ និងមូលបត្រនៃសាកលវិទ្យាល័យWuhan University of Science and Technology បានអះអាងប្រាប់ កាសែតGlobal Timesថា ការបោះផ្សាយមូលបត្របំណុលនេះ ធ្វើឡើងនៅពេលដ៏ពិសេសមួយ ខណៈប្រទេសចិនកំពុងបង្កើនល្បឿននៃការចាប់ផ្តើមសេដ្ឋកិច្ចឡើងវិញ  ហើយទីផ្សារក៏ត្រូវការការជំរុញបន្ថែមទៀត។

លោក Dong បានកត់សម្គាល់ថា  ប័ណ្ណរតនាគារពិសេស គឺជា“ថវិកាពិសេស” ដែលមិនត្រូវបានរាប់បញ្ចូល ក្នុងការគណនាឱនភាព  ប៉ុន្តែប័ណ្ណរតនាគារនេះ ត្រូវបានផ្តល់ជូនសម្រាប់គម្រោងសំខាន់ៗ ជាក់លាក់នៅពេលពិសេស  ដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុ ឬការធ្វើកំណែទម្រង់សំខាន់ៗ៕

ឧកញ៉ាហួត អៀងតុងៈធនាគារហត្ថាសម្រេចបានតាមផែនការប្រចាំឆ្នាំ ជាមួយនឹងផែនការវិនិយោគលើបច្ចេកវិទ្យាក្នុងឆ្នាំ២០២៣

 ដោយៈ វិវឌ្ឍន៍

       ភ្នំពេញៈ ទោះប្រឈមនឹងវិបត្តិសេដ្ឋកិច្ចសកលក្តី ប៉ុន្តែធនាគារហត្ថានៅតែសម្រេចបានវឌ្ឍនភាព និងតាមផែនការរបស់ខ្លួននៅឆ្នាំ២០២២នេះ ខណៈការរឹតបន្តឹងឥណទាននៅតែបន្តធ្វើ។

ប្រធានអគ្គនាយកធនាគារហត្ថា បានមានប្រសាសន៍ឲ្យដឹងតាមទូរស័​ព្ទកាលពីរសៀលថ្ងៃទី៩ ធ្នូកន្លងមកថា ក្នុងវិស័យនេះមិនមានសញ្ញាអ្វីគួរឲ្យកត់សំគាល់នៅឡើយទេ ដូចគ្នានឹងធនាគារហត្ថា គឺយើងនៅតតែសម្រេចបានតាមផែនការរបស់ខ្លួន ទាំងការបញ្ចេញឥណទាន និងការដាក់ប្រាក់បញ្ញើររបស់អតិថិជន។

លោកឧកញ៉ាបានបន្តថា “ការសម្រេចបាននេះ ដោយសារធនាគារបានពង្រីកសក្តានុពល បច្ចេកវិទ្យាហិរញ្ញវត្ថុរបស់យើង ក៏ដូចជាសេវាកម្មរបស់យើងបានផ្តល់ទំនុកចិត្ត និងភាពលឿនរហ័សដល់អតិថិជន”។លោក​បន្តថា “នៅឆ្នាំ២០២៣ខាងមុខនេះ យើងមិនពង្រីកសាខាថ្មីនោះទេ ប៉ុន្តែយើងនឹងពង្រីកការវិនិយោគលើបច្ចេកវិទ្យា ដើម្បីឲ្យអតិថិជនកាន់តែងាយស្រួលប្រើប្រាស់”។

បច្ចុប្បន្នធនាគារមានសាខាចំនួន១៧៧ និងមានបុគ្គលិកជិត៧០០០នាក់នៅទូទាំងប្រទេស។

លោកឧកញ៉ាហួត អៀងតុងបានបន្តថា ទោះបីជាមានបញ្ហាប្រឈមនៅឆ្នាំាំ២០២៣ក្តី ក៏ធនាគារមិនកាត់បន្ថយបុគ្គលិកនោះទេ ប៉ុន្តែយើងនៅតែបន្តជ្រើសរើសបុគ្គលិកបន្ថែម ដើម្បីពង្រីកសេវាកម្មរបស់យើង កាន់តែប្រសើ​រដល់អតិថិជន ដើម្បីពង្រឹងទំនុកចិត្តផង ជួយសម្រួលសេវាកម្មកាន់តែងាយស្រួលដល់អតិថិជនផង។

ធនាគារហត្ថា បានប្រែក្លាយពីមីក្រូហិរញ្ញវត្ថុកសិករ បន្ទាប់ពីមានការទិញយកភាគហ៊ុនពីធនាគារក្រុងស្រ៊ី ជាធនាគារធំមួយនៅប្រទេសថៃ ហើយ​បន្ទាប់ពីក្លាយជាធនាគារពាណិជ្ជ ធនាគារហត្ថាបានក្លាយជាធនាគារឈានមុខមួយ ក្នុងចំណោមធនាគារឈានមុខធំៗនៅកម្ពុជា៕

ក្រុមហ៊ុន Air India បញ្ជាទិញយន្តហោះរហូតដល់ទៅ៥០០គ្រឿង មិនធ្លាប់មានជាប្រវត្តិសាស្ត្រ

ដោយៈ សុខុម

ញូវដេលី: ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា Air India ជិតឈានដល់ការបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ ពីក្រុមហ៊ុនAirbus និងក្រុមហ៊ុន Boeing រហូតដល់ទៅ៥០០គ្រឿង ដែលជាចំនួនច្រើនមិនធ្លាប់មានជាប្រវត្តិសាស្ត្រ។ នេះបើយោងតាមប្រភពក្នុងឧស្សាហកម្ម បានទម្លាយឱ្យដឹងកាលពីថ្ងៃអាទិត្យ ទី១១ ខែធ្នូ។

ប្រភពដដែលបានបញ្ជាក់ថា ការបញ្ជាទិញនេះ រួមមាន យន្តហោះដឹកអ្នកដំណើរធុនតូចចំនួន៤០០គ្រឿង និងយន្តហោះធុនធំចំនួន១០០គ្រឿង ឬអាចច្រើនជាងនេះ ដែលរួមមានយន្តហោះធុន Airbus A350 និងយន្តហោះធុន Boeing 787 និង Boeing 777 ផងដែរ ហើយកិច្ចព្រមព្រៀងទិញយន្តហោះទាំងនេះ អាចនឹងធ្វើឡើងនៅប៉ុន្មានថ្ងៃខាងមុខនេះ។

កិច្ចព្រមព្រៀងដ៏ធំសម្បើមបែបនេះ អាចនឹងមានតម្លៃលើស១០០ពាន់លានដុល្លារ ហើយវាស្ថិតក្នុងចំណោមកិច្ចព្រមព្រៀង បញ្ជាទិញយន្តហោះតែមួយលើកច្រើនបំផុតក្នុងពិភពលោក។

ទោះបីជាមានការលក់បញ្ចុះថ្លៃច្រើន កម្រិតណាក៏ដោយ ក៏កិច្ចព្រមព្រៀងនេះ នឹងមានតម្លៃយ៉ាងហោចណាស់រាប់សិបពាន់លានដុល្លារដែរ។

ឧស្សាហកម្មអាកាសចរណ៍ ចាប់ផ្ដើមមានតម្រូវការឡើងវិញ បន្ទាប់ពីវិបត្តិកូវីដ-១៩ ប៉ុន្តែនៅតែប្រឈមនឹងសម្ពាធកាន់តែខ្លាំងឡើងៗពីឧស្សាហកម្ម និងបរិស្ថាន។

ទោះជាយ៉ាងណា ក្រុមហ៊ុន Airbus និងក្រុមហ៊ុនBoeing បានបដិសេធមិនធ្វើអត្ថាធិប្បាយទេជុំវិញរឿងនេះ។

ចំណែកឯក្រុមហ៊ុន Air India ដែលគ្រប់គ្រងដោយក្រុមហ៊ុនTata Group ក៏មិនបានឆ្លើយតបភ្លាមៗដែរ ចំពោះសំណើសុំការឆ្លើយបំភ្លឺដែរ៕

គម្រោងToulKork Lane ប្រារពពិធីបញ្ចប់គ្រោងអគារទាំងមូលនិងត្រៀមរៀបចំឌីសាញផ្នែកខាងក្នុង

 ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ គម្រោងអគារខុនដូប្រណិត Toulkork Lane ដែលស្ថិតនៅតំបន់ ដែលមានសក្ដានុពល ជិតអង់តែនទួលគោក បានបញ្ចប់គ្រោងអគារទាំងមូល  និងបានរៀបចំពិធីបើកការដ្ឋាន រៀបចំឌីសាញផ្នែកខាងក្នុងអគារ ដើម្បីពន្លឿនការងារឱ្យរួចរាល់ និងប្រគល់ជូនអតិថិជន ដែលបានទិញគម្រោ​ងរបស់ខ្លួន។

នៅក្នុងព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២នេះ ក្រុមហ៊ុនអភិវឌ្ឍន៍អគារខុនដូប្រណិតToulKork Lane បានរៀបចំពិធីនៅមុខអគាររបស់ខ្លួន និងមានការចូលរួមពីថ្នាក់ដឹកនាំ បុគ្គលិកនិងកម្មកររបស់ខ្លួន និងជាការបង្ហាញពីភាពជោគជ័យរបស់ខ្លួន ក្នុងការអភិវឌ្ឍអគារខុនដូក្នុងប្រទេសកម្ពុជា។

លោក Andy នាយកគ្រប់គ្រងផ្នែកទីផ្សារ និងការលក់នៃគម្រោង Toulkork Lane បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១១ ធ្នូ២០២២នេះ គម្រោងអគារ ToulKork Lane នេះបានបញ្ចប់គ្រោងអគារទាំងមូលហើយ និងបានរៀបចំពិធីបញ្ចប់ និងបើកការដ្ឋានសាងសង់ ផ្នែកខាងក្នុងបន្តទៀត ដើម្បីបញ្ជាក់ប្រាប់អតិថិជន ចំពោះដំណើរការសាងសង់របស់យើង ដោយមិនមានការពន្យារពេល ឬមានការបង្អាក់ដំណើរណាមួយឡើយ។

លោកបន្តថា “អគារខុនដូបែបប្រណីតToulkork lane (ទួលគោកលែន)  ត្រូវបានអភិវឌ្ឍឡើងនៅលើផ្ទៃដី ទំហំ១,១០០ម៉ែត្រការេ និងមានផ្ទៃសំណង់សរុបទំហំ២១,០០០ម៉ែត្រការេ មានកម្ពស់២១ជាន់ ស្មើនឹងជាង៧០មែត្រ ដោយក្នុង១ជាន់មានចំនួន២៣យូនីត និងសរុបជាង៤០០យូនីត”។

គម្រោងមួយនេះមានចំណតរថយន្តធំទូលាយ ដែលអាចចតបានរថយន្តរហូតទៅដល់ជាង៨០ចំណត និងបំពាក់ទៅដោយឧបករណ៍សុវត្ថិភាពបែបទំនើប។ គម្រោងនេះ សម្រេចបានការសាងសង់ជាង៨០%រួចទៅហើយ និងបានកំពុងទទួលបានការគាំទ្រ ពីសំណាក់បណ្តាក្រុមហ៊ុនជាដៃគូ ក៏ដូចជាបណ្តាអតិថិជន ជឿទុកចិត្តគួរឲ្យកត់សម្គាល់ ដោយគ្រាន់តែត្រឹម    រយៈពេលតែជាង២ខែមកនេះ ការលក់គម្រោងToulKork Lane សម្រេចបានរហូតទៅដល់ជាង៣០ភាគរយ ដោយមានអតិថិជនជាច្រើនមកទស្សនា និងគ្រោងទិញគម្រោងរបស់ខ្លួន ជាហូរហែរឥតដាច់ជារៀងរាល់ថ្ងៃ៕

គំរោងសេចក្តីព្រាងនៃកិច្ចសន្យាPPPCនៃគំរោងផ្លូវល្បឿនលឿនភ្នំពេញ បាវិតបានបញ្ចប់

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ សេចក្តីព្រាងនៃកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន Public-Private Partnership Contract(PPPC) នៃគម្រោងហេដ្ឋារចនាស   ម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត ត្រូវបានពិនិត្យពិភាក្សាបញ្ចប់រួចរាល់ និងឈានទៅរកការចុះកិច្ចសន្យានាដើមឆ្នាំក្រោយ។

កិច្ចប្រជុំនេះដឹកនាំ ដោយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យពិភាក្សាបញ្ចប់ លើសេចក្តីព្រាងនៃកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន (Public-Private Partnership Contract) នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពី រាជធានីភ្នំពេញ ទៅក្រុងបាវិត ដោយមានការចូលរួមពី លោកវង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) តំណាងស្ថាប័ន អង្គភាព និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។

អង្គប្រជុំបានធ្វើការពិភាក្សា ផ្លាស់ប្តូរមតិយ៉់ាងផុសផុល នៅលើចំនុចសំខាន់ៗមួយចំនួន សំដៅធ្វើយ៉ាងណាឱ្យសេចក្តីព្រាង នៃកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជននេះ មានខ្លឹមសារគ្រប់ជ្រុងជ្រោយ អាចទទួលយកបាន និងអាចអនុវត្តទៅបានដោយរលូននៅពេលអនាគត ប្រកបដោយគុណភាព និងប្រសិទ្ធភាពការងារខ្ពស់។

ជាលទ្ធផល បន្ទាប់ពីបានពិនិត្យពិភាក្សាបញ្ចប់រួចរាល់ ភាគីពាក់ព័ន្ធទាំងអស់បានសម្រេចឯកភាព ផ្តល់ការយល់ស្របទៅលើខ្លឹមសារនៃសេចក្តីព្រាងនៃកិច្ចសន្យាខាងលើ  ហើយនឹងត្រៀមរៀបចំឱ្យបានរួចរាល់ ដើម្បីឈានទៅរកការចុះហត្ថលេខា ក្រោមអធិបតីភាពថ្នាក់ដឹកនាំកំពូលនៃប្រទេ​សទាំងពីរ កម្ពុជា-ចិននាដើមឆ្នាំ២០២៣ខាងមុខ៕

សម្តេចតេជោបង្ហើបពីគម្រោងផ្លូវល្បឿនលឿនភ្នំពេញ សៀមរាបកំពុងស្ថិតនៅក្នុងការសិក្សា

ដោយៈសុផារី

ភ្នំពេញ: គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ តភ្ជាប់ទៅកាន់ខេត្តសៀមរាប កំពុងស្ថិតនៅក្នុងការសិក្សា ដើម្បីពន្លឿនកិច្ចការឈានទៅកាន់ជំហានបន្ទាប់។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២នេះថា ប្រទេសកម្ពុជា កំពុងមានផ្លូវល្បឿនលឿនទី២មួយទៀត បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុ នោះគឺផ្លូវល្បឿនលឿនភ្នំពេញបាវិត។ ជាពិសេស គម្រោងផ្លូវល្បឿនលឿនទី៣ របស់កម្ពុជាក៏កំពុងតែត្រូវបានសិក្សាហើយ ដោយរំពឹងថានឹងលេចចេញជារូបរាង ក្នុងពេលឆាប់ៗនេះផងដែរ។ នេះបើយោងតាមការសរសេរបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន។

ទោះជាយ៉ាងណាក្តី សម្តេចតេជោមិនទាន់បានបង្ហើបថា ក្រុមហ៊ុនណាមួយ ឬក្រុមហ៊ុនសញ្ជាតិណាមួយជាអ្នកកំពុងសិក្សានោះទេ។

សម្តេចសរសេរថា “យើងនឹងខិតខំកសាងផ្លូវល្បឿនលឿនមួយខ្សែទៀតតភ្ជាប់ពីភ្នំពេញ ទៅបាវិតព្រំដែនវៀតណាម”។

សម្តេចបានសរសេរបញ្ជាក់ ដោយឆ្លើយតបនឹងសំណូមពររបស់ប្រជាពលរដ្ឋម្នាក់នៅលើផូសដដែល ដោយបានបញ្ជាក់ថា ចំពោះផ្លូវល្បឿនលឿន១ខ្សែទៀត ពីភ្នំពេញ ទៅកាន់ខេត្តសៀមរាប កំពុងស្ថិតក្នុងដំណាក់កាលសិក្សា។

កាលពីសប្តាហ៍មុន លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួ​ងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍បង្ហើបប្រាប់ពី ចំណាប់អារម្មណ៍របស់ក្រុមហ៊ុនចំនួន៤ ក្នុងការសាងសង់គម្រោងដ៏ធំមួយនេះ ខណៈគម្រោងផ្លូវល្បឿនលឿនភ្នំពេញបាវិត ក៏កំពុងវិវឌ្ឍទៅមុខផងដែរ៕

លោកCooler Tanគំរោងឆ្នេរសមុទ្រកោងកាងលក់បាន៥០ភាគរយហើយ

 ដោយៈ និស្ស័យ

       ខេត្តកែបៈ ជាមួយនឹងការលើកទឹកចិត្តអតិថិជន និងបុគ្គលិកទីផ្សាររបស់ខ្លួន លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estate ដែលកំពុងវិនិយោគគំរោងឆ្នេរសមុទ្រកោងកាង បានបង្ហើបឲ្យដឹងថា រហូតមកទល់ពេលនេះ គំរោងនេះលក់បាន៥០ភាគរយហើយ។

       លោកបានបន្តថា សូមប្រឹងប្រែងមួយដង្ហើមទៀត យើងនឹងសម្រេចបានជោគជ័យហើយ។

លោកCooler Tan បានបង្ហើបនូវគំរោងដីលំហែរស្តង់ដាគំរូមួយ សម្រាប់ទីផ្សារដីលំហែរ និងអ្នកអភិវឌ្ឍន៍ក្នុងវិស័យនេះ ដោយសារលោកមានទស្សនវិស័យ ផែនការយុទ្ឋសាស្រ្ត ការដឹកនាំការឌីសាញគំរោង មានទុនក្នុងដៃគ្រប់គ្រាន់ និងបានចំណាយប្រាក់ លើ់ហេដ្ឋារចនាសម្ព័ន្ឋនានាយ៉ាងច្រើន។

គំរោងឆ្នេរសមុទ្រកោងកាង បានចំណាយប្រាក់ប្រមាណ១លានដុល្លារអាមេរិក សម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ឋនានា ដូចជាផ្លូវបេតុងប្រវែង១គីឡូម៉ែត្រ ស្ពានដើរកំសាន្តជាប់ដៃសមុទ្រប្រវែង១គីឡូម៉ែត្រ សាងសង់ព្រែកសប្បនិម្មិត ភ្ជាប់ជាមួយព្រែកធម្មជាតិ ដាំដើមដូងប្រមាណ៥០០ដើមក្នុងគំរោង និងហេដ្ឋារចនាសម្ព័ន្ឋសំខាន់ៗជាច្រើនទៀត។

លោកCooler Tanបានបន្តថា ទីផ្សារដីលំហែរ នៅតែមានលទ្ឋភាពរីកចម្រើនបន្តទៀត ប៉ុន្តែវាបានឈានមកដល់ទស្សនទាន នៃការអភិវឌ្ឍថ្មី ដោយទាមទារឲ្យអ្នកវិនិយោគ ចំណាយប្រាក់ច្រើនលើហេដ្ឋារចនាសម្ព័ន្ឋច្រើន មានគំនិតច្នៃប្រឌិត និងបង្កើតក្តីស្រម៉ៃឲ្យបាន​ច្រើនដល់អ្នកចង់បានដីលំហែរ ជាជាងរៀបចំអភិវឌ្ឍន៍គ្រាន់តែបោះបង្គោលតូចៗចោលដោយមិនបានធ្វើអ្វីសោះ៕