សម្ដេចតេជោ ផ្ដល់អនុសាសន៍គន្លឹះ៨ចំណុចដល់សមាជិកក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើពិភពលោក

ដោយ​៖វឌ្ឍនៈ

ព្រះសីហនុ៖ កម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំអង្គមហាសន្និបាតក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើពិភពលោក ឆ្នាំ២០២២នេះ ។ នៅក្នុងពិធីបើកមហាសន្និបាតក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើពិភពលោក សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្ដល់អនុសាសន៍៨ចំណុចដល់សមាជិកក្លឹបដែលបានចូលរួមក្នុងអង្គមហាសន្និបាតនេះ ។

១. ត្រូវរក្សាវត្តមានជាអចិន្ត្រៃយ៍នៃសន្តិភាព ដែលនេះជាចំណុចធំជាងគេក្នុងចំណោមចំណុចដែលទាក់ទងជាមួយនឹងការអភិវឌ្ឍនៃបណ្ដាប្រជាជាតិនៅលើសាកលលោក ។ គ្មានទេសចរណាប្រថុយប្រថានគ្រោះថ្នាក់ធ្វើដំណើរទៅកាន់ប្រទេសដែលមានសង្គ្រាមនោះទេ ។

២. កម្ពុជា ប្ដេជ្ញារក្សាឱ្យបាននូវសមាជិកភាពក្នុងក្លឹប ហើយខេត្តតំបន់ឆ្នេរសមុទ្ររបស់កម្ពុជាទាង៤ ក៏ត្រូវរក្សាឱ្យបាននូវខ្សែក្រវាត់ និងកិត្តិនាមជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតនៅលើសកលលោក ។ យើងត្រូវប្ដេជ្ញាធ្វើឱ្យទីក្រុងជាប់ឆ្នេរសមុទ្ររបស់យើងមាននិរន្តរភាព ដូចដែលយើងបានកំណត់ជាយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តតំបន់ឆ្នេរ ។

៣. ស្នើឱ្យមានការរៀបចំវេទិកាជាតិតំបន់ឆ្នេរប្រចាំឆ្នាំ ដើម្បីជួបជុំ ពិភាក្សានិងផ្លាស់ប្តូរយោបល់ ជុំវិញការអភិវឌ្ឍឆ្នេរសមុទ្រកម្ពុជា ដោយយើងអាចកំណតថ្ងៃទី ២៦ ខែឧសភា ជារៀងរាល់ឆ្នាំ ដែលជាថ្ងៃ កម្ពុជាបានក្លាយជាសមាជិកក្លឹប ដើម្បីរៀបចំវេទិកាជាតិនេះ ដោយអាចឆ្លាស់វេនគ្នានៅតាមបណ្ដាខេត្តឆ្នេរទាំង៤ ។

៤.ស្នើឱ្យក្រសួងទេសចរណ៍ និងអាជ្ញាធរខេត្តព្រះសីហនុ ពិនិត្យលទ្ធភាពរៀបចំសារមន្ទីរឆ្នេរ ។ ក្នុងន័យនេះសូមស្នើឱ្យប្រធានក្លឹបនិងសមាជិកក្លឹប ទាំងអស់ជួយចែករំលែកអំពីបទពិសោធន៍ និងដំណើរការរៀបចំសារៈមន្ទីរឆ្នេររបស់ខ្លួន។

៥.សូមស្នើឱ្យក្រសួងទេសចរណ៍ សហការជាមួយក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោក សិក្សារៀបចំឱ្យមាននូវ ស្ថាប័នអង្កេតទេសចរណ៍សម្រាប់ឆ្នេរ ដើម្បីជាយន្តការស្ថាប័នបន្ថែមទៀត ក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍តំបន់ឆ្នេរ ដូចដែលសមាជិកក្លឹបផ្សេងទៀតបានរៀបចុះ ។

៦. ដើម្បីបបញ្ជាក់អំពីការប្ដេជ្ញាចិត្តក្នុងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាលេខាធិការដ្ឋានសម្រាប់ធានាដំណើរការរដ្ឋបាល និងកិច្ចការទូទៅ របស់ក្លឹប ហើយក្រសួងទេសចរណ៍និងរដ្ឋបាលខេត្តព្រះសីះនុ ត្រូវរៀបចំឱ្យមានកន្លែងបំពេញការងារជាអចិន្ត្រៃយ៍មួយនៅក្រសួងទេសចរណ៍និងមួយទៀតនៅក្រុងព្រះសីហនុ សម្រាប់ដំណើរការលេខាធិការដ្ឋាននេះ ។

៧. ជាមួយនឹងបោះឆ្នោតជ្រើសរើសគណៈប្រតិបត្តិសម្រាប់អាណត្តិបន្ទាប់ នាឱកាសបិទមហាសន្និបាត កម្ពុជាសូមគាំទ្រចំពោះបេក្ខភាព លោកប្រ៊ូណូ បូដាដ ជាប្រធានក្លឹបសម្រាប់អាណត្តិបន្ទាប់ និងសូមឱ្យគណៈប្រតិបត្តិ និងសមាជិកក្លឹបទាំងអស់គាំទ្រកម្ពុជាជាសមាជិកក្រុបប្រឹក្សាភិបាលក្លឹប សម្រាប់អាណត្តិ(2023-2025) ក្រោមការដឹកនាំរបស់លោក ល្វីស ធើបុល ដែលនឹងចូលកាន់តំណែងនាអាណត្តិបន្ទាប់ ។

៨.ជាមួយក្ដីរំពឹងថា អង្គមហាសន្និបាតនឹងអនុម័តចេញនូវធម្មនុញ្ញឆ្នេរ សម្ដេចសូមស្នើឱ្យអង្គមហាសន្និបាត រួមទាំងកម្ពុជាផងដែរ យកឯកសារនេះជាគោលដើម្បីជាត្រីវិស័យមួយបន្ថែមទៀត ក្នុងការតម្រែតម្រង់ការអភិវឌ្ឍឆ្នេរសមុទ្ររបស់ខ្លួន ៕

សេដ្ឋវិទូព្យាករណ៍ថា GDPរបស់ប្រទេសចិននឹងវ៉ាដាច់សហរដ្ឋអាមេរិកនៅត្រឹមឆ្នាំ២០៣៥

ដោយ: លាងហួរ

ប៉េកាំង: យោងតាមការព្យាករណ៍ចុងក្រោយដោយក្រុមសេដ្ឋវិទូរបស់ក្រុមហ៊ុន Goldman Sachs បានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសចិន នៅតែបន្តដើរនៅលើផ្លូវឈានឆ្ពោះ ទៅបញ្ចប់តំណែងជាមហាអំណាចសេដ្ឋកិច្ចទី១ លើពិភពលោក របស់សហរដ្ឋអាមេរិកនៅត្រឹមឆ្នាំ២០៣៥។

យោងតាមសេដ្ឋវិទូចំនួន២រូបគឺ លោក Kevin Daly និងលោកTadas Gedminas បានអះអាងថា កំណើនសក្តានុពលនៅក្នុងប្រទេសចិន នៅតែមានកម្រិតខ្ពស់ជាងនៅសហរដ្ឋអាមេរិក។

 

ប្រទេសចិន បានបង្រួមគម្លាតខុសគ្នា រវាង GDP របស់ខ្លួន ជាមួយនឹង GDP របស់សហរដ្ឋអាមេរិករួចទៅហើយ  ដោយផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិន បានកើនឡើងពី១២ភាគរយនៃ GDP របស់សហរដ្ឋអាមេរិកក្នុងឆ្នាំ២០០០ដល់ក្រោម៨០ភាគរយ។

យោងតាមរបាយការណ៍ ដែលព្យាករណ៍ថាសេដ្ឋកិច្ចពិភពលោកនឹងប្រែក្លាយទៅជាយ៉ាងណារហូតដល់ឆ្នាំ២០៧៥បានបង្ហាញថា កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ របស់ប្រទេសចិន នឹងមានប្រហែល៤ភាគរយពីឆ្នាំ២០២៤ដល់ឆ្នាំ២០២៩ ធៀបនឹង១,៩ភាគរយនៅក្នុងសហរដ្ឋអាមេរិក។

យោងតាមការព្យាករណ៍របស់ក្រុមសេដ្ឋវិទូដដែលបានឱ្យដឹងថា កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ របស់ប្រទេសចិន អាចធ្លាក់ចុះមកត្រឹម២,៥ភាគរយ ពីឆ្នាំ២០៣០ដល់ឆ្នាំ២០៣៩  ពោលគឺនឹងធ្លាក់ចុះយ៉ាងខ្លាំងពីកំណើន៧,៧ភាគរយ ពីឆ្នាំ២០១០ដល់ឆ្នាំ២០១៩។

ក្រុមសេដ្ឋវិទូបាននិយាយថា កំណើនសេដ្ឋកិច្ចយឺតយ៉ាវនេះ ត្រូវបានជំរុញដោយកត្តាប្រជាសាស្រ្ត ហើយវាបណ្តាលឱ្យអត្រាកំណើនសក្តានុពលរបស់ប្រទេសចិន ធ្លាក់ចុះទាបជាងបណ្តាប្រទេសអាស៊ីមួយចំនួនដូចជា ឥណ្ឌា ឥណ្ឌូណេស៊ី និងហ្វីលីពីន។

របាយការណ៍ដដែលបានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចសកលនឹងមានជាមធ្យមតិចជាង៣ភាគរយក្នុងមួយឆ្នាំក្នុងរយៈពេល១០ឆ្នាំខាងមុខ ហើយវានឹងបន្តធ្លាក់ចុះ ជាលំដាប់ ដោយសារតែ កំណើនប្រជាជនកាន់តែចុះទន់ខ្សោយ។

នៅក្នុងសមាជគណបក្សលើកទី២០របស់ប្រទេសចិន កាលពីខែតុលា ទីក្រុងប៉េកាំងបានប្តេជ្ញាថា នឹងសម្រេចឱ្យបានកម្រិតប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ៗនៃប្រទេសអភិវឌ្ឍន៍មធ្យមនៅឆ្នាំ២០៣៥ ដែលមានន័យថាចិននឹងបង្កើនប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ៗឱ្យបានយ៉ាងហោចណាស់២មុឺនដុល្លារអាមេរិក ក្នុងមួយឆ្នាំ។

ដើម្បីសម្រេចបាននូវគោលដៅនេះ អត្រាកំណើន GDP ប្រចាំឆ្នាំរបស់ប្រទេសចិន គួរតែមានមិនតិចជាង៤,៧៣ភាគរយ ប៉ុន្តែទីប្រឹក្សារដ្ឋាភិបាលបាននិយាយថា វាអាចនឹងពិបាកសម្រេចទៅបាន  ខណៈចំនួនប្រជាជនដែលមានវ័យចំណាស់ របស់ប្រទេសចិនកំពុងកើនឡើង។

 

លោក Kevin Daly បានបន្ថែមថា ភាពខ្លាំងពិសេសរបស់ប្រាក់ដុល្លារអាមេរិកក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ  គឺជាហេតុផលមួយផ្សេងទៀត សម្រាប់ការពិនិត្យមើលឡើងវិញរយៈពេល១០ឆ្នាំក្រោយ នៅពេលប្រទេសចិនក្លាយជាមហាអំណាចសេដ្ឋកិច្ចធំបំផុតលេខ១នៅលើពិភពលោក ។

ទោះបីជាយ៉ាងណា ភាពខ្លាំងរបស់ប្រាក់ដុល្លារអាមេរិកធៀបនឹងប្រាក់យ័នរបស់ចិន  ទំនងជានឹងធ្លាក់ចុះ ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ  ដែលកត្តានេះនឹងផ្តល់នូវ មូលដ្ឋានបន្ថែមទៀត សម្រាប់ប្រទេសចិន ដើម្បីវ៉ាដាច់សហរដ្ឋអាមេរិក។

របាយការណ៍ដដែលក៏បានព្យាករណ៍ផងដែរថា ឥទ្ធិពលនៃផលិតផលក្នុងស្រុកសរុបពិភពលោក នឹងផ្លាស់ប្តូរកាន់តែច្រើនឆ្ពោះទៅកាន់តំបន់អាស៊ីក្នុងរយៈពេល៣០ឆ្នាំខាងមុខ  ហើយប្រទេស ដែលនឹងមានសេដ្ឋកិច្ចធំជាងគេទាំង៥របស់ពិភពលោកនៅឆ្នាំ២០៥០ រួមមានដូចជា ប្រទេសចិន សហរដ្ឋអាមេរិក ឥណ្ឌា ឥណ្ឌូណេស៊ី និងអាល្លឺម៉ង់។

ស្របពេលជាមួយគ្នានេះដែរ នៅក្នុងឆ្នាំ២០៧៥ ប្រទេសឥណ្ឌានឹងវ៉ាដាច់សហរដ្ឋអាមេរិក ដើម្បីក្លាយជាមហាអំណាចសេដ្ឋកិច្ចទី២របស់ពិភពលោក បន្ទាប់ពីប្រទេសចិន៕

ក្រសួងការពារជាតិអាមេរិកចំណាយប្រាក់រហូតដល់៩ពាន់លានដុល្លារឱ្យក្រុមហ៊ុនយក្សចំនួន៤ជួយកសាងបណ្ដាញCloud

ដោយៈ សុខុម

វ៉ាស៊ីនតោន: ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សចំនួន៤ រួមមាន ក្រុមហ៊ុន Google ក្រុមហ៊ុន Oracle ក្រុមហ៊ុន Microsoft និងក្រុមហ៊ុន Amazon នឹងចែករំលែកគ្នានូវកិច្ចសន្យា តម្លៃ៩ពាន់លានដុល្លាររបស់មន្ទីរបញ្ចកោណ ដើម្បីកសាងបណ្តាញរក្សាទុកទិន្នន័យ ឬ Cloud Computing របស់ខ្លួន។

យោងតាមសារព័ត៌មាន Arab News ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែធ្នូ ឱ្យដឹងថា គម្រោងបណ្ដាញផ្ទុកទិន្នន័យមានឈ្មោះថា Joint Warfighter Cloud Capability (JWCC) របស់ក្រសួងការពារជាតិអាមេរិក ខាងលើនេះត្រូវគេជឿថា នឹងអនុញ្ញាតឱ្យចូលទៅកាន់ទិន្នន័យទូទៅធម្មតា ទិន្នន័យសម្ងាត់កម្រិតមធ្យម និងទិន្នន័យសម្ងាត់កម្រិតកំពូលរបស់យោ​ធាទូទាំងពិភពលោក។

តាមការរំពឹងទុក បណ្ដាញផ្ទុកទិន្នន័យនេះ នឹងក្លាយជាឆ្អឹងខ្នងដ៏សំខាន់ សម្រាប់ប្រតិបត្តិការសង្រ្គាមនាសម័យទំនើប របស់មន្ទីរបញ្ចកោណ ដែលនឹងពឹងផ្អែកយ៉ាងខ្លាំងលើយន្តហោះដ្រូន (យន្តហោះគ្មានមនុស្សបើក) និងផ្កាយរណបទំនាក់ទំនងអវកាស។

ទោះជាយ៉ាងណា បណ្ដាញផ្ទុកទិន្នន័យដូច Cloud Computing នៅតែចាំបាច់ខ្លាំង ដើម្បីទទួលបានការសម្ងាត់ពីកងទ័ពជើងគោក។

មន្ទីរបញ្ចកោណបានចេញសេចក្តីថ្លែងការណ៍ថា កិច្ចសន្យានេះនឹងត្រូវផ្តល់ឱ្យក្រុមហ៊ុនជាផ្នែកៗ ហើយការងារកសាងបណ្ដាញផ្ទុកទិន្នន័យនេះ​គ្រោងនឹងបញ្ចប់ជាស្ថាពរនៅខែមិថុនា ឆ្នាំ២០២៨។

មានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងក្លា នៅក្នុងការដណ្ដើមយកកិច្ចសន្យារបស់ក្រុមហ៊ុនធំៗ និងរបស់រដ្ឋាភិបាលនានា សម្រាប់ការកសាងបណ្ដាញ Cloud Computing។

*អ្វីទៅជាសេវាកម្ម Cloud ឬ Cloud Computing?

ជាធម្មតាទិន្នន័យរបស់កម្មវិធីវេបសាយ ត្រូវបានគេរក្សារទុកក្នុងម៉ាស៊ីនតាមក្រុមហ៊ុន ឬទីកន្លែងដោយឡែកៗពីគ្នា។ តែការធ្វើដូចនេះតម្រូវឱ្យចំណាយច្រើនលើហាដវែរ (Hardware) គ្រប់គ្រងថែទាំម៉ាស៊ីន ការការពារសុវត្ថិភាពទិន្នន័យ ជាដើម។ ដោយសារបញ្ហាទាំងអស់នេះហើយទើបមានសេវាកម្ម Cloud ឬ Cloud Computing ចេញមក។

សេវាកម្ម Cloud ឬ Cloud Computing គឺជាសេវាកម្មដែលអាចធ្វើការគ្រប់គ្រង រក្សាទុក ឬ ប្រតិបត្តិទិន្នន័យនៅកន្លែងរួមមួយ។ ការធ្វើដូចនេះយើងមិនចាំបាច់មានហាដវែរដោយខ្លួនឯងទេ ហើយក៏មិនចាំបាច់មានទីកន្លែងទុកហាដវែរនោះដែរ ពីព្រោះអ្វីៗគឺផ្តល់ដោយក្រុមហ៊ុន ដែលផ្តល់សេវាកម្ម Cloud។ អ្វីដែលយើងត្រូវធ្វើគឺគ្រាន់តែបង់ថ្លៃនូវអ្វី ដែលយើងបាន    ប្រើ៕ Arab News៕

ក្រុមហ៊ុនអចលទ្រព្យខ្នាតយក្សធំបំផុតទី៤របស់ប្រទេសចិនបង្ហាញផែនការសងបំណុលចំនួនជាង៩ពាន់លានដុល្លារ

ដោយ: លាងហួរ

ប៉េកាំង: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំលំដាប់ទី៤ របស់ចិន Sunac China Holdings បានដាក់ចេញនូវផែនការរៀបចំរចនាសម្ព័ន្ធបំណុលចំនួន៩,១ពាន់លានដុល្លារអាមេរិក  កាលពីថ្ងៃសុក្រ ទី០៩ ខែធ្នូ ឆ្នាំ២០២២នេះ។

ក្រុមហ៊ុន  ដែលមានទីស្នាក់ការកណ្តាល នៅទីក្រុងប៉េកាំងមួយនេះ បានស្នើសុំការផ្លាស់ប្តូរបំណុល ពីទឹកប្រាក់៣ពាន់លានដុល្លារ ទៅ៤ពាន់លានដុល្លារ ទៅជាភាគហ៊ុនធម្មតា។

ចំណែកបំណុល  ដែលនៅសេសសល់បច្ចុប្បន្ន នឹងត្រូវបានបំប្លែងទៅជាមូលបត្របំណុលសាធារណៈ ដែលតំណាងដោយប្រាក់ដុល្លារ  និងមានកាលបរិច្ឆេទកំណត់សង ចាប់ពី២ទៅ៨ឆ្នាំ។ រីឯការទូទាត់អត្រាការប្រាក់ នឹងមិនត្រូវធ្វើឡើងក្នុងរយៈពេល២ឆ្នាំដំបូងនោះទេ។

ក្រុមហ៊ុន Sunac ដែលជាប់ចំណាត់ថ្នាក់ជាអ្នកអភិវឌ្ឍន៍ធំជាងគេទី៤របស់ប្រទេសចិន បើគិតពីការលក់ក្នុងឆ្នាំ២០២១ បានអះអាងថា ខ្លួនបានទទួលការឯកភាព ពីសំណាក់ក្រុមម្ចាស់បំណុល  ដែលកាន់កាប់បំណុ​លលើសពី៣០ភាគរយ។

Sunac បានខកខានសងបំណុល ជាផ្លូវការកាលពីខែឧសភា បន្ទាប់ពីក្រុមហ៊ុននេះ ខកខានក្នុងការទូទាត់ការប្រាក់២៩,៥លានដុល្លារអាមេរិកលើមូលបត្របំណុលដុល្លារអាមេរិកនៅមុននេះ ហើយក្រុមហ៊ុនក៏បានខកខានសងបន្ទាប់ ពីរយៈពេលអនុគ្រោះរយៈពេល៣០ថ្ងៃ។

ផ្សារហ៊ុនរបស់ Sunac មិនត្រូវបានជួញដូរ  ចាប់តាំងពីខែមេសាឆ្នាំនេះ ដោយសារក្រុមហ៊ុនមិនបានបោះពុម្ពផ្សាយលទ្ធផលប្រចាំឆ្នាំ របស់ខ្លួននៅចុងខែមីនា ដូចតាមការតម្រូវរបស់ផ្សារហ៊ុនហុងកុង៕

CNN Travel កម្ពុជាជាប់ឈ្មោះជាប្រទេសបើកទូលាយទេសចរណ៍បំផុត ក្នុងពិភពលោកប្រចាំឆ្នាំ២០២២

ដោយៈ សុខុម

ភ្នំពេញ: វាជាមោទកភាពថ្មីមួយទៀត ដែលគួរឱ្យអបអរសាទរសម្រាប់កម្ពុជា របស់យើងដែលបានជាប់ឈ្មោះ ជាប្រទេសបើកទូលាយទេសចរណ៍បំផុតក្នុងពិភពលោកប្រចាំឆ្នាំ២០២២។

យោងតាមសារព័ត៌មានដ៏ល្បីល្បាញ CNN Travel ដែលបានចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែធ្នូ ឱ្យដឹងថា ការបើកទូលាយទេសចរណ៍នេះ គឺសំដៅដល់ការបន្ធូរបន្ថយការរឹតបន្តឹងលើទិដ្ឋាកា សម្រាប់ភ្ញៀវទេស ចរបរទេស ដូចជា ការមិនតម្រូវឱ្យមានទិដ្ឋា ឬតម្រូវឱ្យមានទិដ្ឋាការពេលមកដល់ជាដើម។

ទោះជាយ៉ាងណា សម្រាប់ចំណាត់ថ្នាក់លេខ១ មិនមែនតែកម្ពុជា ម្នាក់ឯងនោះទេ ពោលគឺមានប្រទេសរហូតដល់ទៅ២៣ ដែលជាប់ចំណាត់ថ្នាក់លេខ១ រួមគ្នា ដោយប្រទេសទាំងអស់នេះ សុទ្ធតែអនុញ្ញាតឱ្យភ្ញៀវទេសចរមកពី១៩៨ ក្នុងចំណោម១៩៩ប្រទេសចូលដោយងាយស្រួល។

ដើម្បីជ្រាបកាន់តែច្បាស់ថា តើប្រទេសណាខ្លះជាប់ចំណាត់ថ្នាក់លេខ១ ដល់ចំណាត់ថ្នាក់លេខ៣ សូមអានខាងក្រោមទាំងអស់គ្នា!

*ចំណាត់ថ្នាក់លេខ១ រួមមាន ប្រទេសអង់ហ្គោឡា ប្រទេសជីប៊ូទី ប្រទេសហ្គីណេ ប្រទេសម៉ាល់ឌីវ ប្រទេសកូម៉ូរ៉ុស ប្រទេសសូម៉ាលី ប្រទេសបូលីវី ប្រទេសទីម័រខាងកើត ប្រទេសម៉ាឡាវី ប្រទេសកាតា ប្រទេសមីក្រូនេស៊ី ប្រទេសប៊ូរុនឌី ប្រទេសហ្គីណេ-ប៊ីសៅ ប្រទេសនីហ្សេរីយ៉ា ប្រទេសទូវ៉ាលូ ប្រទេសសាម៉ៅ ប្រទេសហ្គាបូន ប្រទេសកូដឌីវ័រ ប្រទេសស៊ូដង់ខាងត្បូង សាធារណរដ្ឋកុងហ្គោ ប្រទេសរវ៉ាន់ដា ប្រទេសកម្ពុជា ប្រទេសអេត្បូពី។

*ចំណាត់ថ្នាក់លេខ២ រួមមានប្រទេសសីស្ហែល ប្រទេសទូហ្គោ ប្រទេសអ៊ូហ្គង់ដា ប្រទេសខេប វើដ (Cape Verde) ប្រទេសម៉ូរីតានី ប្រទេសស៊ូរីណាម (Suriname)។

*ចំណាត់ថ្នាក់លេខ៣៖

ប្រទេសប៉ាឡូ (Palau) ប្រទេសដូមីនីក ប្រទេសម៉ាដាហ្គាស្កា៕ CNN៕

សញ្ញាវិជ្ជមានៈសេដ្ឋកិច្ចអាមេរិកនឹងគេចផុតពីវិបត្តិនៅឆ្នាំ២០២៣

ដោយៈ សុខុម

ញូវយ៉ក: នៅសហរដ្ឋអាមេរិក អតិផរណាកំពុងបង្អង់ល្បឿន ខណៈអ្នកប្រើប្រាស់នៅតែបន្តចាយលុយដូចធម្មតា។ ហើយអត្រាជួលហាក់មានសន្ទុះយឺតជាងមុន ប៉ុន្តែវាមិនដល់ថ្នាក់ដួលរលំឡើយ។

ចំណុចទាំងនេះជាមូលហេតុធ្វើឱ្យលោក Mark Zandi ប្រធានក្រុមសេដ្ឋវិទូប្រចាំក្រុមហ៊ុនវិភាគសេដ្ឋកិច្ច Moody’s Analytics ដ៏ល្បីល្បាញមានទំនុកចិត្តខ្លាំងជាងមុនថា សេដ្ឋកិច្ចអាមេរិក នឹងគេចផុតពីវិបត្តិយ៉ាងប៉ផុតប៉ផើយ។

អ្នកជំនាញសេដ្ឋកិច្ចរូបនេះបានប្រាប់សារព័ត៌មាន CNN Business ក្នុងបទសម្ភាសន៍តាមទូរស័ព្ទនៅដើមសប្តាហ៍នេះថា “ស្ថានភាពនឹងលំ​បាកខ្លាំង គឺវាមិនងាយស្រួលឡើយ ប៉ុន្តែខ្ញុំយល់ថា យើងនឹងធ្វើឱ្យវាមានតុល្យភាព”។

ការព្យាកររបស់លោក Mark Zandi ត្រូវបានសេតវិមានលើកយកមកធ្វើជាអំណះអំណាងជាញឹកញាប់ ហើយលោកលើកឡើងថា សូចនាករសេដ្ឋកិច្ច និងទីផ្សារកាលពីពេលថ្មីៗនេះបង្ហាញថា សេដ្ឋកិច្ចអាមេរិក នឹងមិនដាំក្បាលចុះខ្លាំងឡើយ ទោះបីជាមជ្ឈដ្ឋានទូទៅមានការព្រួយបារម្ភអំពីវិបត្តិសេដ្ឋកិច្ចយ៉ាងណាក្ដី។

លោកបន្ថែមទៀតថា “ទិន្នន័យក្នុងរយៈពេលពីរបីខែចុងក្រោយនេះគឺល្អជាងអ្វីដែលខ្ញុំបានគិតទុក។ គ្មានសូចនាករទីផ្សារហិរញ្ញវត្ថុណា ដែលបង្ហាញថា យើងមានវិបត្តិសេដ្ឋកិច្ចនៅខាងមុខនោះទេ”។

តួលេខថ្មីៗ ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះបង្ហាញថា អតិផរណាដែលត្រូវបានវាស់ស្ទង់ ដោយធនាគារកណ្ដាលអាមេរិក (Federal Reserve) បានធ្លាក់ចុះក្នុងខែតុលា។ កត្ដានេះបាននាំមកនូវក្ដីសង្ឃឹមជាងមុនថា ធនាគារកណ្តាលអាមេរិក អាចនឹងបង្អង់ល្បឿនដំឡើងអត្រាការប្រាក់យ៉ាងសម្បើមនៅខែនេះ។

សេដ្ឋកិច្ចអាមេរិក នៅក្នុងត្រីមាសទី៣ ក៏មានសន្ទុះលឿនជាងការប៉ាន់ស្មានដំបូងផងដែរ បើធៀបនឹងត្រីមាសទី២។

ទន្ទឹមនេះ វាក៏ផ្ដល់សញ្ញាវិជ្ជមានដ៏ធំ សម្រាប់អ្នកប្រើប្រាស់ផងដែរ ខណៈថ្លៃឧស្ម័នហ្គាសបានធ្លាក់ចុះទាប។ ថ្លៃឧស្ម័នជាមធ្យមទូទាំងសហរដ្ឋអាមេរិក នាពេលនេះបានធ្លាក់ចុះទាបជាងកាលពីពេលរុស្ស៊ី ឈ្លានពានអុយក្រែន ដំបូងៗ ហើយបានធ្លាក់ចុះខ្លាំងក្នុងខែមិថុនា។

លោក Mark Zandi និយាយថា “ការអង្កេតជាមូលដ្ឋានរបស់ខ្ញុំឃើញថា គឺនៅតែគ្មានវិបត្តិសេដ្ឋកិច្ច ហើយវាមិនបានផ្លាស់ប្តូរឡើយ។ ប៉ុន្តែខ្ញុំកាន់តែមានជំនឿចិត្តជាងកាលពីពីរបីខែមុន”។លោកបន្ថែមថា “អតិផរណាមានកម្រិតមធ្យម ហើយតម្លៃប្រេងក៏កំពុងធ្លាក់ចុះ។ ទន្ទឹមនេះកំណើនការងារកំពុងធ្លាក់ចុះ ហើយការបញ្ឈប់បុគ្គលិកពីការងារកើតមានជាធម្មតា”៕ CNN៕

តំបន់ប៉ែកខាងជើងភ្នំពេញកាន់តែទាក់ទាញគំរោងងភិវឌ្ឍន៍ធំៗ កាន់តែច្រើន

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ តំបន់ប៉ែកខាងជើងរាជធានីភ្នំពេញ ដែលសំដៅលើតំបន់ជុំវិញពហុកីឡដ្ឋានជាតិមរតកតេជោ និងតំបន់ជុំវិញ បានបង្ហាញពីសក្ដានុពល និងការទាក់ទាញកាន់តែខ្លាំងដល់វិនិយោគិន ក្នុងវិស័យអចលនទ្រព្យ ក្រោយពីសំណង់អច្ឆរិយៈមួយចំនួន បានលេចរូបរាងនៅតំបន់ខាងជើង។

ជាការកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សំណង់វិមានឈ្នះឈ្នះ សំណង់ពហុកីឡដ្ឋានជាតិមរតកតេជោ បានសាងសង់រួច មានវិនិយោគិនជាច្រើន បានចាប់អារម្មណ៍លើតំបន់នោះ និងបានអភិវឌ្ឍន៍របស់ខ្លួនជាបន្តបន្ទាប់ ដូចជាផ្សារទំនើប សំណង់លំនៅឋានរបស់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំៗក្នុងស្រុកនិងមកពីក្រៅប្រទេសជាដើម ។

លោកសុទ្ធ សុធារ៉ាអ្នកគ្រប់គ្រងអភិវឌ្ឍន៍សំណង់ខុនដូមួយកន្លែងនៅជាប់ នឹងពហុកីឡដ្ឋានជាតិមរតកតេជោបានមានប្រសាសន៍ឲ្យដឹងកាលពី​ថ្ងៃទី៩ ធ្នូកន្លងមកថា លោកមើលឃើញថាតំបន់ប៉ែកខាងជើង រាជធានីភ្នំពេញ ជាពិសេសនៅជុំវិញពហុកីឡដ្ឋានជាតិថ្មីរបស់យើង មានការអភិវឌ្ឍនិងទាក់ទាញកាន់តែច្រើន ហើយនៅឆ្នាំ២០២៣ខាងមុខនេះ សំណង់ជាច្រើន នៅជិតពហុកីឡដ្ឋានជាតិមរតកតេជោ នឹងសង់រួចជាបន្តបន្ទាប់និងអាចធ្វើឱ្យតំបន់នេះកាន់តែអ៊ូរអរបន្ថែមទៀត។

ការកើនឡើងសំណង់ និងការអភិវឌ្ឍនៅតំបន់ប៉ែកខាងជើងភ្នំពេញនេះដែរ បានជំរុញឱ្យសន្ទុះតម្លៃដីធ្លីកាន់តែកើនឡើង ជាពិសេសចាប់តាំងពីគល់ស្ពានជ្រោយចង្វារ តាមបណ្ដោយផ្លូវជាតិលេខ៦អា រហូតដល់ផ្លូវឈ្នះឈ្នះ។ តំបន់នេះឃើញមានក្រុមហ៊ុនអភិវឌ្ឍន៍ លំនៅឋានធំៗជាច្រើនបន្តអភិវឌ្ឍគម្រោងថ្មីៗ ដើម្បីផ្គត់ផ្គង់ទៅតាមតម្រូវការអតិថិជន ។

អ្នកស្រីហ្គ្រេស រចនីអគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យCentury 21 Cambodia បានលើកឡើងថា តំបន់ប៉ែកខាងជើងរាជធានីភ្នំពេញនឹងកាន់តែទាក់ទាញអ្នកវិនិយោគបន្ថែម ក្រោយព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣។

អ្នកស្រីបន្តថា “ភ្ញៀវបរទេសជាច្រើន ដែលនឹងមកទស្សនាការប្រកួតកីឡានេះនឹងធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៦អា ទៅកាន់ពហុកីឡដ្ឋានដូច្នេះ ពួកគាត់នឹងឃើញតំបន់នេះមុនគេ នឹងឃើញពីសក្ដានុពលមុនគេ”។

អ្នកស្រីបានបន្តថា ជាទស្សនរបស់អ្នកស្រីនៅឆ្នាំ២០២៣តទៅ កម្ពុជានឹងអាចទទួលបាននូវការវិនិយោគពីបរទេសឡើងវិញ ហើយកម្ពុជាក៏គួរតែត្រៀមខ្លួន ក្នុងការស្វាគមន៍វិនិយោគិនបរទេស ដែលនឹងចូលមកកម្ពុជាឡើងវិញផងដែរ ដូចជាទីតាំង ផ្លូវច្បាប់ និងធនធានមនុស្សជាដើម៕

អ្នកជំនាញនៅតែមានសុទិដ្ឋិនិយមលើវិស័យអចលនទ្រព្យសម្រាប់ ឆ្នាំ២០២៣

 ដោយៈ ស៊ីវ ម៉េង

       ភ្នំពេញៈ ដោយទទួលស្គាល់បញ្ហាប្រឈម ក្នុងវិស័យអចលនទ្រព្យនៅចុងឆ្នាំនេះ អ្នកជំនាញក្នុងវិស័យនេះ នៅតែមានសុទិដ្ឋិនិយម សម្រាប់   វិស័យនេះនៅឆ្នាំ២០២៣ខាងមុខ។

លោកស្រីតាំង ហួរអគ្គនាយិកាក្រុមហ៊ុន AMATAK Property Service Co, Ltdបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីល្ងាចថ្ងៃទី៩ ធ្នូថា ស្ថានភាពក្នុងវិស័យអចលនទ្រព្យនៅចុងឆ្នាំនេះ ពិតជាមានសភាពយឺតយ៉ាវបន្តិចមែន ប៉ុន្តែលោកស្រីនៅតែមានសុទិដ្ឋិនិយម នៅឆ្នាំ២០២៣ ដោយយើងរំពឹង មានលំហូរវិនិយោគផ្ទាល់ពីបរទេសច្រើន ពិសេសអ្នកវិនិយោគចិន។

លោកស្រីបន្តថា “ឆ្នាំ២០២៣មានព្រឹត្តិការណ៍ធំៗ មួយចំនួននឹងកើតមាន ដែលផ្តល់សញ្ញាវិជ្ជមានសម្រាប់ប្រទេស គឺព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ និងគំរោងហេដ្ឋារចនាសម្ព័ន្ឋធំៗជាច្រើន នឹងបើកការដ្ឋានសាងសង់”។ លោកស្រីបន្តថា “អ្នកវិនិយោគក្នុងស្រុកកំពុងwait& See ប៉ុន្តែយើងរំពឹងអ្វីៗនឹងប្រសើរ”។

ជាមួយគ្នានេះ លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃដដែលថា ពិតហើយស្ថានភាពក្នុងវិស័យនេះ ហាក់ទ្រឹងបន្តិចនៅចុងឆ្នាំនេះ ហើយឆ្នាំ២០២៣ យើងមិនទាន់អាចសន្និដ្ឋានបានទេ ដោយសារវាហាក់បីដូចជាលឿនពេក ប៉ុន្តែយ៉ាងណា​ភាពតានតឹងគឺមានរយៈពេលខ្លីប៉ុណ្ណោះ។

លោកបន្តថា “យើងនៅតែមានសុទិដ្ឋិនិយម ដោយសារធនាគារនៅតែបន្តផ្តល់ឥណទាន ប៉ុន្តែប្រសិនជារដ្ឋាភិបាលបង្កើន ការទម្លាក់ថវិកាជួយ​ដល់វិស័យSMEច្រើនជាងមុន នឹងជាការប្រសើរ”។ លោកបន្តថា “បើសិនជាមិនមានលំហូរFDIពីខាងក្រៅ ប៉ុន្តែរដ្ឋាភិបាលជួយដល់SME ក្នុងអត្រាការប្រាក់ទាប វានឹងជួយទ្រទ្រង់សេដ្ឋកិច្ច យើងឲ្យមានភាពប្រសើរ និងជម្រុញឲ្យវិស័យអចលនទ្រព្យឆ្ពោះទៅមុខបាន”៕

ដំណឹងល្អៈគម្រោងស្ពានភ្នំពេញ-អរិយក្សត្រនឹងសាងសង់ពាក់កណ្តាលឆ្នាំ២០២៣តាមផែនការគ្រោងទុក

ដោយៈសុផារី

ភ្នំពេញៈ កញ្ចប់ថវិកាសម្រាប់សាងសង់ស្ពានមិត្តភាពកម្ពុជា កូរ៉េភ្នំពេ​ញ-អរិយក្សត្រត្រូវបានទម្លាក់ ប្រមាណ២៤៦លានដុល្លារអាមេរិកត្រូវបានចុះហត្ថលេខាកាលពីសប្តាហ៍មុន។

មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការបានបញ្ជាក់ថា ក្រោយការទម្លាក់ថវិកាកម្ចីពីភាគីកូរ៉េខាងត្បូង គម្រោងស្ពាននឹងឈានទៅកាន់ជំហានវឌ្ឍនភាពថ្មីមួយទៀត ហើយអាចនឹងចាប់ផ្តលើមការសាងសង់ នៅពាក់កណ្តាលឆ្នាំ២០២៣ដូចការគ្រោងទុក។

យោងតាមការបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាពេលកន្លងមកបានឱ្យដឹងថា គម្រោ​ងអភិវឌ្ឍន៍ ដែលជាចំណងដៃដ៏ធំរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េនេះនឹងចាប់ផ្តើមការសាងសង់បាននៅពាក់កណ្តាល ឆ្នាំ២០២៣ខាងមុខ។

លោកគង់ វិមាន អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ប្រាប់ Property Area Asia កាលពីរសៀលថ្ងៃទី៨ ខែធ្នូនេះថា ដំណើរការសាងសង់ស្ពាននេះអាចកើតឡើងដូចអ្វី ដែលលោកទេសរដ្ឋមន្ដ្រីបានលើកឡើងពិតមែន ដោយខាងរដ្ឋាភិបាលកម្ពុជា នៅរង់ចាំតែកញ្ចប់ថវិកាពីខាងភាគីកូរ៉េតែប៉ុណ្ណោះ។

យោងតាមលោកគង់ វិមាន គណៈកម្មការអន្តរក្រសួង និងក្រុមការងារកូរ៉េ នឹងរៀបចំកិច្ចប្រជុំរួមគ្នាមួយ នាពេលខាងមុខនេះ ដើម្បីបន្តពិភាក្សាលើបញ្ហាបច្ចេកទេសនៃការសាងសង់ស្ពាននេះ។ លោកបញ្ជាក់ថា ភាគីកូរ៉េ នៅបន្តពិនិត្យមើលលើសោភ័ណភាព និងបញ្ហាបច្ចេកទេស ដោយធ្វើយ៉ាងណាឱ្យការសាងសង់គម្រោងនេះចេញរូបរាងមកស្អាតបំផុត។

លោកមានប្រសាសន៍ថា “ស្ពាននេះជាស្ពានមិត្តភាព ដោយមិត្តកូរ៉េចង់បានស្ពាន ដែលមានលក្ខណៈស្អាត ហើយដូចយើងបានដឹងហើយថា ទីតាំងស្ពានដាក់នៅចំកណ្តាល ដែលជាទីតាំងល្អប្រណីត”។លោកបន្តថា “ដូច្នេះទាមទារឱ្យមានការឌីសាញប្លង់ ឱ្យមានលក្ខណៈប្រណីត និងមានភាពទាក់ទាញ”។

លោកបានលើកឡើងពីជំហានបន្តថា “ក្រុមការងារអន្តរក្រសួងនឹងជជែកគ្នាជាមួយភាគីកូរ៉េ ដើម្បីធ្វើយ៉ាងណាធ្វើឱ្យស្អាតតែម្តង ហើយនៅពេលដែលបានជជែកចប់សព្វគ្រប់ហើយ អន្តរក្រសួងនឹងមានការផ្សព្វផ្សា​យជាសាធារណៈ”។

គម្រោងស្ពានមិត្តភាពកម្ពុជា -កូរ៉េខាងត្បូងនេះជាគម្រោង ដែលរំពឹងទុកយ៉ាងខ្លាំងពីសំណាក់ប្រជាជន ដែលរស់នៅក្នុងក្រុងភ្នំពេញ និងតំបន់អរិយក្សត្រ ដែលនឹងជួយសម្រួលការធ្វើដំណើរ ព្រមទាំងផ្តល់ភាពងាយស្រួល ក្នុងការអភិវឌ្ឍតំបន់អរិយក្សត្រមួយកម្រិតបន្ថែមទៀត។

សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចុះហត្ថលេខាកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ លើហិរញ្ញប្បទានសម្បទានសម្រាប់គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ ភ្នំពេញ-អរិយក្សត្រ ដែលនឹងចំណាយទឹកប្រាក់ ចំនួន២៤៥.៩០៩.០០០ដុល្លារអាមេរិក៕

Japan should double foreign aid in 10 years, panel proposes

Japan should double the budget for its official development assistance over the next decade to help it protect its national interests and contribute more to building a world based on the rule of law, a panel of experts said Friday.

In a set of proposals presented to Foreign Minister Yoshimasa Hayashi, the government-commissioned panel said Japan should “set a clear deadline for achieving” the target, such as increasing the ODA budget to 0.7 percent of gross national income from the current 0.34 percent in the next 10 years.The proposals were made as the country prepares to revise its foreign aid charter next year for the first time since 2015.

“We got strong proposals on how we should utilize development cooperation strategically,” said Hayashi after receiving them from the eight-member panel, headed by Hiroshi Nakanishi, a professor at Kyoto University’s Graduate School of Law.

Hayashi said playing a bigger role in foreign affairs is essential for Japan, next year’s chair of the Group of Seven industrialized nations, to “proactively deal with mounting diplomatic challenges.”Following the proposals, the government will release a draft charter for approval by Prime Minister Fumio Kishida’s Cabinet in the first half of 2023.

The 0.7 percent target against GNI is an internationally recognized goal that was agreed upon at a U.N. General Assembly session in 1970, according to the panel.

According to the Foreign Ministry, Japan’s ODA in 2020 totaled about $20.3 billion, up 7.4 percent from the previous year.

The budget for ODA on an initial basis has halved from its peak in 1997 against the backdrop of Japan’s severe fiscal state. The country already has public debt that is more than twice the size of gross domestic product.The panel, launched in September, said that Japan should “enhance the quality and quantity of ODA to strategically utilize it as one of the most important tools for Japan’s diplomacy.”

It added that Japan’s ODA should also contribute to the realization of a free and open Indo-Pacific, a vision advocated by Japan and the United States to counter China’s growing military and economic clout in the region.

Hayashi previously said Japan will “protect universal values such as freedom and democracy,” drawing an apparent contrast with China’s alleged economic coercion and debt-trap diplomacy targeting developing nations.

The panel, whose members include scholars and business leaders, said Japan should adhere to the principle of nonmilitary use of aid “as a nation advocating pacifism.”

When it adopted the current charter in 2015, the government effectively lifted a ban on backing foreign military forces as long as ODA will be spent for noncombat purposes such as disaster relief, infrastructure building and coast guard activities.Source: Kyodo News