អ្នកជំនាញលើកឡើងពីពេលវេលាដែលទីផ្សារដីឡូត៍នឹងមានស្ថានភាពល្អប្រសើរឡើងវិញ

ដោយ: សុផារី

ភ្នំពេញ: ទោះបីជាស្ថានភាពទីផ្សារដីឡូត៍ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះប្រឈមនឹងការលក់ធ្លាក់ចុះក្តី តែទីផ្សារមួយនេះនៅតែអាចបន្តសកម្មភាពយូរឆ្នាំទៅមុខទៀត ហើយក្នុងពេលឆាប់ៗនេះ នឹងមានភាពល្អប្រសើរឡើងវិញ។

លោកបណ្ឌិតគីម ហ៊ាង ប្រធាន KW Cambodia បានមានប្រសា សន៍ នៅថ្ងៃទី៣ ខែធ្នូថា អាជីវកម្មដីឡូត៍ នឹងនៅតែបន្តដំណើរការ១០ ទៅ២០ឆ្នាំទៀត។ អតិថិជនដែលទិញដីឡូត៍នៅកម្ពុជា គឺប្រជាជនវ័យក្មេង ដែលមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការទិញផ្ទះ ឬខុនដូ។

អ្នកជំនាញអចលនទ្រព្យរូបនេះ បង្ហាញសុទិដ្ឋិនិយមចំពោះអនាគតទីផ្សារដីឡូត៍ ដោយលើកឡើងថា ដីឡូត៍នឹងដំណើរការល្អឡើងវិញ នៅពេលដែលសេដ្ឋកិច្ចជាតិមានលំនឹង ជាពិសេសទីផ្សារឧស្សាហកម្ម និងសេវាកម្ម ក្នុងប្រទេសដំណើរការល្អប្រសើរឡើងវិញ ដោយសារតែអតិថិជនដែលទិញដីឡូត៍ ភាគច្រើនជាក្រុមអ្នកធ្វើការនៅក្នុងទីផ្សារទាំងនេះ។

លោកបណ្ឌិតគូសបញ្ជាក់ថា “នៅពេលសណ្ឋាគារ ភោជនីយដ្ឋាន រង្គសាល រោងចក្រ សហគ្រាស ក្រុមហ៊ុន ដំណើរការល្អ មនុស្សដែលធ្វើការនៅក្នុងវិស័យទាំងនេះមានការងារធ្វើ មានចំណូលថេរ ស្ថានភាពសេដ្ឋកិច្ចគាត់ដើរ នោះគាត់មានលុយ នឹងទិញដីឡូត៍ទៀតហើយ”។

យ៉ាងណាក្តី លោកបណ្ឌិតមើលឃើញថា នាពេលបច្ចុប្បន្ននេះស្ថានភាពដីឡូត៍នៅមានភាពតានតឹងបន្តិច ដោយសារស្ថានភាពទីផ្សារសេវាកម្មទើបតែបើកដំណើរការដោយការប្រុងប្រយ័ត្នខ្ពស់ ហើយអ្នកធ្វើការក្នុងវិស័យនេះ មិនទាន់អាចមានស្ថិរភាពចំណូល ដែលធ្វើឱ្យគាត់សម្រេចចិត្តទិញដីឡូត៍នៅឡើយទេ៕

អ្នកជំនាញបង្ហើបវិធីសាស្រ្តវិនិយោគ៤យ៉ាងដើម្បីឆាប់សំរេចបាន នូវសេរីភាពហិរញ្ញវត្ថុ

ដោយៈ សុផារី

ភ្នំពេញៈ អ្នកវិនិយោគ មិនថា វិនិយោគលើចំណេះដឹង អចលនទ្រព្យ អាជីវកម្ម ។ល។ តែងតែមានគោលដៅទទួលបានចំណូល ហើយអាចរស់នៅដោយសុខស្រួល នៅពេលខ្លួនមានវ័យចាស់។

អ្នកជំនាញសេដ្ឋកិច្ច និងវិនិយោគបានចែករំលែកយុទ្ធសាស្ត្រវិនិយោគចំនួន៤យ៉ាង  ដើម្បីឆាប់សំរេចបាននូវសេរីភាពហិរញ្ញវត្ថុ។

លោកង៉ែត ជូ អ្នកវិភាគសេដ្ឋកិច្ច និងជាអ្នកជំនាញហិរញ្ញវត្ថុ បានមានប្រសាសន៍នៅក្នុងវេទិកាសាធារណៈមួយនៅក្នុងរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ ស្តីអំពីយុទ្ធសាស្ត្រវិនិយោគ៤យ៉ាង ដើម្បីឆាប់សំរេចបាននូវសេរីភាពហិរញ្ញវត្ថុ។

យុទ្ធសាស្ត្រទី១ លោក ង៉ែត ជូ លើកទឹកចិត្តឱ្យចាប់ផ្តើមវិនិយោគពីវ័យក្មេង ជាពិសេសនៅពេលចាប់ផ្តើម មានប្រាក់ខែនៅពេលណា ត្រូវចាប់  ផ្តើមសន្សំ ដើម្បីវិនិយោគក្នុងពេលនោះតែម្តង។

យុទ្ធសាស្ត្រទី២ លោកលើកឡើងថា យើងត្រូវវិនិយោគលើអ្វី ដែលយើងមានចំណេះដឹងលើផ្នែកនោះ ហើយស្របពេលកំពុងតែវិនិយោគផង យើងត្រូវរៀនសូត្របន្ថែមជាប់ជាប្រចាំផង ដើម្បីបង្កើនចំណេះដឹង។

យុទ្ធសាស្ត្រទី៣ អ្នកវិនិយោគត្រូវពិចារណាជ្រើសរើសវិនិយោគលើអ្វី ដែលផ្តល់ផលចំណេញ ឬកំណើនតម្លៃ (Capital Gain) ឬទាំងចំណេញនិងកំណើនតម្លៃ ចាប់ពី២០ក្នុង១ឆ្នាំឡើងទៅ។

លោកបញ្ជាក់ថា “ពេលនៅក្មេង ពោលគឺអាយុក្រោម៤៥ឆ្នាំ កុំទាន់គិតពីចំណូលអកម្ម ព្រោះចំណូលអកម្ម គឺសមស្របសម្រាប់មនុស្សចូលនិវត្តន៍ប៉ុណ្ណោះ។ ពោលគឺគួរផ្តោតឱ្យខ្លាំងលើការវិនិយោគ ដើម្បីបង្កើនទ្រព្យ”។

យុទ្ធសាស្ត្រទី៤ អ្នកវិនិយោគត្រូវបន្ថែមលើការសន្សំ ដើម្បីវិនិយោគ គឺគួរចេះប្រើដើមទុនពីប្រភពដទៃ ដែលមានថ្លៃដើមទាប ដើម្បីបង្កើនលទ្ធភាពនៃផលចំណេញ។ លោកណែនាំថា គួរប្រើយ៉ាងហោចណាស់៥០% នៃចំណូលដែលរកបាន ដើម្បីវិនិយោគ ហើយបន្តវិនិយោគរៀងរាល់ឆ្នាំឱ្យបានជាប់ជាប្រចាំ៕

បុស្បា ប្រផឹធី បើកសម្ពោធ និងទស្សនាផ្ទះគំរូជាផ្លូវការ ជាមួយនឹងការផ្តល់ជូនដ៏ពិសេសអស្ចារ្យ

ភ្នំពេញ៖ ក្រុមហ៊ុន បុស្បា ប្រផឹធី នឹងរៀបចំបើកកម្មវិធីសម្ពោធ និងទស្សនាផ្ទះគំរូជាផ្លូវការ ជាមួយនឹងប្រភេទផ្ទះដ៏ស្រស់ស្អាតរួមមាន វីឡាអេនជែល និងវីឡាស៊ុបពើធ្វីន ដែលធ្វើឡើងរយៈពេល ២ថ្ងៃ នៅថ្ងៃទី០២ និងទី០៣ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅទីតាំងគម្រោង បុស្បា អប្សរមេរា។

ប្រណីតភាព ភាពស៊ីវិល័យ និងផាសុកភាព របស់វីឡាទោល អេនជែល និងវីឡាភ្លោះ ស៊ុបពើធ្វីន ស្ថិតនៅក្នុងគម្រោង បុស្បា អប្សរមេរា គឺសុទ្ធសឹងតែជាប្រភេទវីឡាលំដាប់ស្តង់ដារ រចនាបថ ខាងក្រៅ ផ្តល់ភាពស្រស់ស្អាតគ្រប់សម័យកាល ទាំងម៉ូតផ្ទះ ពណ៌ផ្ទះ និងការតុបតែង ដែលរំលេចនូវភាពឆើតឆាយ និងភាពថ្លៃថ្នូរសម្រាប់ការរស់នៅរបស់មនុស្សសម័យថ្មី។

រីឯរចនាបថខាងក្នុងវិញ មានភាពធំទូលាយ ផ្តល់ជូនពន្លឺ និងខ្យល់អាកាសចេញចូលគ្រប់គ្រាន់ អមជាមួយនឹងសួនច្បារបៃតងជុំវិញផ្ទះ និងចំណតយានយន្តធំទូលាយ ដែលផ្តល់អោយក្រុមគ្រួសារនូវបទពិសោធន៍រស់នៅថ្មី រស់រវើក និងសម្បូរបែប ជាមួយធម្មជាតិថែមទៀតផង។

បន្ទប់ទទួលភ្ញៀវមានទំហំស្រឡះ សម្រាប់ការស្វាគមន៍ភ្ញៀវយ៉ាងកក់ក្តៅ មានបរិវេណសម្រាប់ការពិភាក្សាការងារផ្សេងៗ។ បន្ទប់ញុំាអាហារ ធំទូលាយ ប្រណិត ឥតខ្ចោះ ដែលលោកអ្នកអាចបំពាក់នូវសម្ភារៈទំនើបទាន់សម័យ និងគុណភាពខ្ពស់។

រឹតតែមិនអាចមើលរំលងពីវីឡាទោល អេនជែល គឺមានវេរ៉ង់ដា​ធំទូលាយ ដែលអាចទទួលអារម្មណ៍ស្រស់ស្រាយទទួលថាមពលពន្លឺព្រះអាទិត្យនាពេលព្រឹកព្រលឹម អាចជួបជុំគ្រួសារនាពេលល្ងាចក្នុងផ្ទះ ផ្តល់នូវភាពងាយស្រួលសាកសមសម្រាប់គ្រួសារដែលមានសមាជិកច្រើន។

សម្រាប់ វីឡាភ្លោះ ស៊ុបពើធ្វីន ក៏មានលក្ខណៈពិសេសរបស់ខ្លួន ដែលជាប្រភេទផ្ទះ មានកន្លែងកម្សាន្តលើអាកាសធំទូលាយ និងអាងហែលទឹកនៅចំហៀងផ្ទះ ផ្តល់ជូននូវការជួបជុំដ៏រីករាយ សម្រាប់គ្រួសារសម័យថ្មី។

អ្វីដែលពិសេស រាល់ការទិញផ្ទះគ្រប់ប្រភេទ ក្នុងកម្មពិធីដ៏ពិសេសរបស់បុរីបុស្បា អតិថិជននឹងទទួលបានការចាប់រង្វាន់អនុស្សាវរីយ៍យ៉ាងច្រើនគាប់ចិត្ត ដូចជា ៖

ទូរស័ព្ទ IPHONE 14 Pro Max

  • ដំណើរកម្សាន្ត ទៅកាន់ ទីក្រុងឌូបៃ
  • ជិះកប៉ាល់ទេសចរណ៍កម្សាន្តនៅក្នុងតំបន់អាស៊ី
  • ឈ្នះទឹកប្រាក់ភ្លាម $1,000, $2,000, $3,000
  • ទូរទឹកកក
  • ម៉ាស៊នបោកខោអាវ

បុរី បុស្បា ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំមួយ បង្កើតឡើងដោយកូនខ្មែរសុទ្ធសាធ ដែ​លមានទស្សនវិស័យរួមចំណែកជាមួយរដ្ឋាភិបាល ដើម្បីធ្វើឲ្យប្រទេសកម្ពុជាមានភាពលេចធ្លោរ ដោយការអភិវឌ្ឍលើគម្រោងអចលនទ្រព្យដ៏ល្អៗនៅទូទាំងប្រទេស ត្រឹមឆ្នាំ២០៣០។

បច្ចុប្បន្ននេះ បុរីបុស្បា កំពុងអភិវឌ្ឍលើគម្រោងលំនៅដ្ឋានពិសេសមួយ ដែលមានឈ្មោះថា “បុស្បា អប្សរមេរា” ស្ថិតលើផ្លូវ 40ម៉ែត្រ លើផ្ទៃដីទំហំ 10ហិចតា ក្នុងខណ្ឌដង្កោ  ដោយសាងសង់ប្រភេទផ្ទះវីឡាបែបទំនើប ដែលស័ក្តិសមជាមួយសម័យកាល។

បុរី បុស្បា នឹងពង្រីកគម្រោងបន្តបន្ទាប់ជាច្រើនបន្ថែមទៀត ដើម្បីបំពេញតម្រូវការទីផ្សារ ព្រមទាំងជួយបង្កើតការងារបន្ថែមជូនប្រជាជនកម្ពុជា និងជម្រុញសេដ្ឋកិច្ចជាតិឲ្យកាន់តែរីកចម្រើនបានយ៉ាងឆាប់រហ័ស។

គម្រោង បុស្បា អប្សរមេរា មានផ្ទះប្រណិតៗ ចំនួន៧ប្រភេទដូចជា៖ វីឡាហេរ៉ូ វីឡាអេនជែល វីឡាស៊ុបពើធ្វីន វីឡាម៉ូឌឺនធ្វីន ផ្ទះអាជីវកម្មខ្នាតធំ Super Shophouse, ផ្ទះអាជីវកម្មខ្នាតមធ្យម Shophouse A និង B ៕

ក្រុមហ៊ុនEvergrandeប្តេជ្ញាសម្រេចឱ្យបានគោលដៅផ្ទេរអចលន ទ្រព្យចំនួន៣០ម៉ឺនយូនីតទៅកាន់អតិថិជនរបស់ខ្លួន

ដោយ: លាងហួរ

ហុងកុង: លោក Hui Ka Yan ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ China Evergrande Group បានមានប្រសាសន៍ក្នុងកិច្ចប្រជុំផ្ទៃក្នុងកាលពីថ្ងៃសុក្រ ទី០២ ខែធ្នូថា ក្រុមហ៊ុននឹងសម្រេចបាននូវគោលដៅផ្ទេរអចលនទ្រព្យ ទៅឱ្យអតិថិជនរបស់ខ្លួនសម្រាប់ឆ្នាំ២០២២នេះ។

តាមរយៈសេចក្តីថ្លែងការណ៍ ដែលដកស្រង់សម្តីរបស់លោក Hui KaYan  បានបង្ហាញថាក្រុមហ៊ុនEvergrande គ្រោងផ្ទេរលំនៅដ្ឋានចំនួន៣០០.០០០យូនីតនៅឆ្នាំនេះ ក្រោយពីក្រុមហ៊ុននេះ បានផ្ទេរលំនៅដ្ឋានចំនួន២៥៦.០០០យូនីត ទៅកាន់អតិថិជនរបស់ខ្លួនកាលពីចន្លោះខែមករាដល់ខែវិច្ឆិកា។

លោក Hui Ka Yan បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា យើងត្រូវផ្ទេរលំនៅដ្ឋាន ចំនួន៤៤.០០០យូនីតបន្ថែមទៀត ទៅកាន់អតិថិជននៅក្នុងខែធ្នូនេះ ដោយពេលវេលានៅសេសសល់ ត្រឹមតែ២៩ថ្ងៃទៀតប៉ុណ្ណោះ​។

យ៉ាងណាមិញក្រុមហ៊ុន Evergrande បាន​នឹងកំពុង​រៃអង្គាស​ប្រាក់​ដែល​ខ្លួន​ត្រូវ​ការ ​ដើម្បី​ទូទាត់សងឱ្យ​ម្ចាស់បំណុល និង​អ្នក​ផ្គត់ផ្គង់​ជា​ច្រើន​របស់​ខ្លួន។

ក្រុមម្ចាស់មូលបត្របំណុលរបស់ Hengda Real Estate ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្នុងស្រុកមួយរបស់ Evergrande បានយល់ព្រមលើការពន្យារពេលសងបំណុល និងការបង់អត្រាការប្រាក់ លើមូលបត្របំណុលមួយ ក្នុងចំណោមមូលបត្របំណុលសរុបក្នុងស្រុករបស់ខ្លួន។

ចំណែកកាលបរិច្ឆេទនៃការទូទាត់សងប្រាក់វិញ នឹងត្រូវបានពន្យារពេលពីថ្ងៃទី៥ ខែធ្នូ រហូតដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ៕

ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងសហគមន៍រ៉ឹងងមាំផ្ដើមចេញពីការ អភិវឌ្ឍទីក្រុងឆ្លាត

   ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ទីក្រុងគឺជាបេះដូងនៃប្រទេស និងតំបន់នីមួយៗ ដោយជាកន្លែងប្រមូលផ្ដុំសកម្មភាពគ្រប់ទិដ្ឋភាព ទាំងផ្នែកសង្គម សេដ្ឋកិច្ច វប្បធម៌ និងនយោបាយ។

សម្ដេចជោហ៊ុន សែនបានមានប្រសាសន៍បែបនេះ ក្នុងពិធីបើកវេទិកាអភិបាលក្រុងអាស៊ាន និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ានឆ្នាំ២០២២ កាលពីព្រឹកថ្ងៃទី ០២ ធ្នូ ២០២២។

សម្តេចបន្តថា “ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងការកសាងសហគមន៍មួយដ៏រឹងមាំ ប្រកបដោយចីរភាព និងបរិយាប័ន្នត្រូវផ្ដើមចេញពីការសាងនិងតភ្ជាប់ទីក្រុងឆ្លាត មានភាពធន់ និងចីរភាព”។

សម្ដេចបានមានប្រសាសន៍បន្តថា វេទិកាអភិបាលក្រុងអាស៊ាន និងកិច្ចប្រជុំអភិបាលរាជធានី រដ្ឋធានី អាស៊ាន ដែលយើងតែងរៀបចំឡើងជាទៀតទាត់ គឺជាយន្តការដ៏សំខាន់ ដែលអនុញ្ញាតឱ្យរដ្ឋបាលមូលដ្ឋានរបស់អាស៊ាន អាចបង្កើនទំនាក់ទំនង ជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយ ជាពិសេសចែករំលែកចំណេះដឹង និងបទពិសោធន៍ និងបន្តពង្រឹងសាមគ្គីភាពសុខដុមនីយកម្មរវាងទីក្រុង រាជធានី និងរដ្ឋធានីអាស៊ាន ។

សម្ដេចបន្តថា ស្ថិតនៅក្នុងបរិការណ៍  ដែលអាស៊ាន និងសកលលោក បាន និងកំពុងជួបបញ្ហាប្រឈមជាបន្តបន្ទាប់ ការកសាងទីក្រុងឆ្លាត ដែលមានការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងភាពបៃតង គឺជាទិសដៅដ៏ត្រឹមត្រូវបំផុត សម្រាប់ពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត ។ ទីក្រុងឆ្លាត មានសក្ដានុពលខ្ពស់ ក្នុងការដោះស្រាយបញ្ហាទូទៅ នៃការរៀបចំនគរូបនីយកម្ម ប្រក​បដោយនវានុវត្តន៍ ពង្រឹងភាពធន់ តទល់នឹងហានិភ័យផ្សេងៗ និងជាពិសេ​សលើកកម្ពសសុខុមានភាព និងវិបុលភាពនៃជីវភាពរស់នៅរបស់ប្រជាជនក្នុងមូលដ្ឋាន តាមគន្លងប្រក្រតីភាពថ្មី។

សម្ដេចតេជោបន្ថែមថា ទីក្រុងឆ្លាតនឹងក្លាយជាប៉ូលយ៉ាងសំខាន់ ក្នុងការជំរុញសកម្មភាពសង្គម សេដ្ឋកិច្ច ធុរកិច្ច ពាណិជ្ជកម្មនិងការវិនិយោគឱ្យ​កាន់តែខ្លាំងឡើងថែមទៀត ព្រមទាំងផ្ដល់ឱកាសការងារ មុខរបរ និងអាជីវកម្ម ដល់ប្រជាជនទូទៅ ក្នុងប្រទេសនិងតំបន់អាស៊ានទាំងមូល ។

កម្ពុជាក៏បាននិងកំពុងជំរុញ ការកសាងទីក្រុងឆ្លាតនៅបណ្ដាខេត្តមួយចំនួនផងដែរ ក្នុងនោះមានខេត្តព្រះសីហនុ និងខេត្តសៀមរាប ដែលខេត្តទាំងពីរនេះ សុទ្ធសឹងតែជាខេត្តមានសក្ដានុពល ក្នុងការវិនិយោគទេស​ចរណ៍ និងមានការចាប់អារម្មណ៍ពីសំណាក់វិនិយោគិនក្នុង និងក្រៅប្រទេស៕

អ្នកជំនាញអចលនវត្ថុតាមខេត្តបានបង្ហាញក្តីរំពឹងចំពោះស្ថានភាពវិនិយោគអចលនទ្រព្យនៅឆ្នាំក្រោយ

  ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ មកដល់ចុងឆ្នា២០២២នេះហើយ ស្ថានភាពអចលនវត្ថុកម្ពុជានៅតែមិនទាន់បានប្រសើរ ដូចនឹងឆ្នាំ២០១៩នៅឡើយ តែយ៉ាងណាក្ដីធៀបនឹង២ឆ្នាំមុនឃើញថាចុងឆ្នាំនេះ ស្ថានភាពហាក់បានប្រសើរបន្តិចនិងជាក្ដីរំពឹងសម្រាប់វិស័យនៅឆ្នាំ ២០២៣ខាងមុខនេះ

ប្រធានក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holing ប្រចាំខេត្តស្វាយរៀង បានបង្ហាញពីសុទិដ្ឋិនិយម ចំពោះវិស័យអចលនទ្រព្យនៅក្នុងតំបន់របស់ខ្លួនថា នឹងមានភាពប្រសើរឡើងវិញ នៅឆ្នាំ២០២៣ខាងមុខនេះ ។

លោកបានសម្តែងសុទិដ្ឋិនិយមបន្តថា “ដោយមើលឃើញពីស្ថានភាព ហាក់កម្រើកបន្តិចនៅចុងឆ្នាំ២០២២នេះ យើងរំពឹងថានៅឆ្នាំ២០២៣ខាងមុខ ទីផ្សារទិញលក់ និងសកម្មភាព នៃការវិនិយោគនៅក្នុងស្វាយរៀង ជាពិសេសក្រុងបាវិតនឹងល្អប្រសើរជាងឆ្នាំនេះនិង២ឆ្នាំមុន”។

លោកបន្តថា ពេលនេះ មានបណ្ដាវិនិយោគិនជាតិមួយចំនួនបានងាកមកមើលដីធ្លី នៅក្នុងខេត្តស្វាយរៀងខ្លះៗហើយ តែមិនទាន់បានដាក់ទុននៅឡើយ ដោយរង់មើល តែក៏បានបង្ហាញពីសញ្ញាវិជ្ជមានថា ពួកគនឹងបណ្ដាក់ទុន ។

លោកបន្ថែមថា ស្វាយរៀងជាខេត្តជាប់ព្រំដែន នៃប្រទេសវៀតណាម ការដឹកជញ្ជូនពីកម្ពុជា ឆ្លងកាត់ស្វាយរៀងក៏ច្រើន ដូច្នេះចង់មិនចង់នឹងមានការបណ្ដាក់ទុនវិនិយោគរោងចក្រ ឃ្លាំង ស្តុកទំនិញសម្រាប់ត្រៀមនាំចេញទៅវៀតណាមផងដែរ ដូច្នេះនៅឆ្នាំក្រោយនេះយើងគិតថា វិស័ឧស្សាហកម្មនឹងមានការបណ្ដាក់ទុនវិនិយោគបន្ថែម ។

ជាមួយគ្នានេះ លោកតុង ហៃ ប្រធានសាខានៃក្រុមហ៊ុនCentury 21 Zillion Holding ប្រចាំខេត្តប៉ៃលិនបានមានប្រសាសន៍ថា នៅឆ្នាំ២០២៣ខាងមុខនេះលោករំពឹងថា ទីផ្សារអចលនទ្រព្យ និងសកម្មភាពនៃការទិញលក់និងតម្លៃអចលនទ្រព្យ ក្នុងខេត្តប៉ៃលិននឹងមានសន្ទុះ ងើបឡើងវិញ បន្ទាប់ពីឆ្នាំ២០២២នេះ ហាក់មានសញ្ញាវិជ្ជមានច្រើន ។

ចំណែកអ្នកស្រីហ្គ្រេស រចនី អគ្គនាយិកាក្រុមហ៊ុនCentury 21 Cambodia ក៏បានលើកឡើងផងដែរថា នៅចុងឆ្នាំ២០២២នេះតម្លៃអចលនទ្រព្យបានកើនឡើងវិញបន្តិច ធៀបនឹងឆ្នាំ២០២០និងឆ្នាំ២០២១កន្លងទៅ  ហើយក៏ជាសញ្ញាល្អសម្រាប់ឆ្នាំខាងមុខនេះដែរ៕

ទីផ្សារការិយាល័យក្នុងក្រុងភ្នំពេញអាចនឹងបន្តស្ថិតក្នុងសភាពទ្រឹងនៅក្នុងឆ្នាំ២០២៣ ខណៈប្រទេសក្នុងតំបន់ធ្លាក់ចុះ

ដោយៈ សុផារី

ភ្នំពេញៈទីផ្សារជួលការិយាល័យ ក្នុងក្រុងភ្នំពេញ នឹងបន្តសកម្មភាពទ្រឹងនៅក្នុងឆ្នាំ២០២៣បន្តទៀត ខណៈស្ថានភាពទីផ្សារជួលការិយាល័យក្នុងបណ្តាប្រទេសជិតខាងកម្ពុជា នឹងប្រឈមនឹងការធ្លាក់ចុះ ក្នុងរយៈពេល១២ខែ ក្នុងឆ្នាំ២០២៣ខាងមុខនេះ។

នេះបើយោងតាមការព្យាករណ៍ នៅក្នុងរបាយការណ៍ Asia Pacific Outlook 2023 របស់ក្រុមហ៊ុន Knight Frank ប្រចាំតំបន់អាស៊ីប៉ាស៊ី   ហ្វិក ចេញផ្សាយនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២នេះ។

របាយការណ៍ខាងលើឱ្យដឹងថា គិតត្រឹមចុងឆ្នាំ២០២១ ផ្ទៃក្រឡាផ្គត់ផ្គង់សរុបនៃទីផ្សារការិយាល័យ នៅក្នុងតំបន់នឹងកើនឡើងដល់១៤៨លានម៉ែត្រក្រឡា ខណៈផ្ទៃ៤លានម៉ែត្រក្រឡា នឹងត្រូវបានបញ្ចប់ការសាងសង់នៅត្រឹមឆ្នាំ២០២២នេះ។

ជាមួយគ្នានេះ Knight Frank ព្យាករណ៍ថា នៅក្នុងឆ្នាំ២០២៣ ទីផ្សារមួយនេះ នឹងចាក់បញ្ចូលការផ្គត់ផ្គង់បន្ថែម ដល់ទៅ១២,៥លានម៉ែត្រក្រឡា ដែលត្រូវជា៨ភាគរយបន្ថែមទៀតទៅក្នុងទីផ្សារ។

ប្រភពដដែលនេះបានព្យាករណ៍ឱ្យដឹងថា នៅក្នុងរយៈពេល១២ខែ នៃឆ្នាំ២០២៣ខាងមុខនេះ ទីផ្សារជួលការិយាល័យនៅក្នុងទីក្រុងភ្នំពេញ នៃប្រទេសកម្ពុជានឹងស្ថិតនៅទ្រឹង ដែលមានភាពល្អប្រសើរជាងស្ថានភាពនៃទីក្រុងបាងកក នៃប្រទេសថៃ និងទីក្រុងហូជីមិញ នៃប្រទេសវៀតណាម ដែលនឹងមានការធ្លាក់ចុះ។

ក្រៅពីទីក្រុងបាងកក និងហូជីមិញ ទីក្រុងម៉ានីល នៃប្រទេសហ្វីលីពីន និងទីក្រុងកូឡាំឡាំពួរ នៃប្រទេសម៉ាឡេស៊ី ក៏ប្រឈមនឹងការធ្លាក់ចុះផងដែរ។ ផ្ទុយទៅវិញ ទីផ្សារការិយាល័យ នៅក្នុងទីក្រុងមួយចំនួននៅក្នុងតំបន់ ក៏ហាក់មានសញ្ញាវិជ្ជមានល្អប្រសើរឡើងផងដែរ ជាអាទិ៍ ប្រទេសសិង្ហបុរី ហុងកុង ជាដើម៕

តើគេអាចទាញយកប្រយោជន៍អតិបរមាពីគម្រោងផ្លូវល្បឿនលឿន បានយ៉ាងដូចម្តេច?

ដោយៈ សុផារី

ភ្នំពេញៈ ផ្លូវល្បឿនលឿន គឺជាសសៃឈាមសេដ្ឋកិច្ច ដែលជួយសម្រួ​លក្នុងការដឹកជញ្ជូន និងបម្រើឱ្យវិស័យនានា ប៉ុន្តែវាត្រូវបានហំព័ទ្ធ ដែលធ្វើឱ្យកំណើនតម្លៃ អចលនទ្រព្យមិនសូវជាឡើងថ្លៃខ្ពស់ លើកលែងតែទីតាំងច្រកចេញតែប៉ុណ្ណោះ។

យ៉ាងណាមិញ អ្នកជំនាញផ្តល់យោបល់ទាក់ទង នឹងការទាញយកប្រយោជន៍ជាអតិបរមាពីគម្រោងផ្លូវល្បឿនលឿន។

លោកឧកញ៉ា នួន រឹទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA បានមានប្រសាសន៍ប្រាប់ Property Area Asia នៅថ្ងៃទី២ ខែធ្នូថា គម្រោងផ្លូវល្បឿនលឿន ជាផែនការក្នុងការជំរុញ និងបម្រើឱ្យការដឹកជញ្ជូន មិនដូចជាគម្រោងផ្លូវក្រវាត់ក្រុង ដែលបម្រើឱ្យការដឹកជញ្ជូន ហើយថែមទាំងបានធ្វើ  ឱ្យមានការអភិវឌ្ឍ នៅតាមបណ្តោយផ្លូវនេះទៀតផង។

ផ្ទុយទៅវិញ ដីធ្លីនៅតាមផ្លូវល្បឿនលឿន មិនអាចធ្វើអ្វីបានច្រើន ប៉ុន្តែមិនមែនមានន័យថា មិនអាចធ្វើអ្វីបាននោះទេ។

លោកឧកញ៉ាបានពន្យល់ថា ទោះបីជាគម្រោងផ្លូវល្បឿនលឿនមិនអនុញ្ញាតឱ្យមានផ្លូវចេញចូលឆ្លងកាត់ក្តី ប៉ុន្តែសម្រាប់ទីតាំងដែលនៅជិតនឹងច្រកចេញ ប្រាកដជាទទួលបានផលប្រយោជន៍ខ្ពស់បំផុត ហើយដីធ្លីនៅតាមបណ្តោយផ្លូវល្បឿនលឿន ដែលមានទីតាំងនៅជិតច្រកចេញ ចូលក៏អាចកែច្នែ ជាគម្រោងអចលនទ្រព្យប្រភេទឧស្សាហកម្ម មានដូចជា រោងចក្រ សហគ្រាស ឃ្លាំងស្តុកទំនិញ ។ល។

លោកបានពន្យល់ថា ការទាញយកប្រយោជន៍ ពីទីតាំងជាប់ផ្លូវល្បឿនលឿន ផ្តល់ផលចំណេញច្រើន សម្រាប់គម្រោងប្រភេទនេះ ដោយសារតម្លៃដីធ្លីនៅមានភាពសមរម្យ ហើយការធ្វើដំណើរមកកាន់ច្រក ចេញចូលមាន    រយៈចម្ងាយជិតជាងទីតាំងនៅទីក្រុងច្រើន។ ដូច្នេះការដឹកជញ្ជូនផលិតផលពីទីតាំងឃ្លាំង ទៅកាន់គោលដៅនឹងកាន់តែងាយស្រួល ហើយចំណាយថវិកាតិចជាង។

ជាមួយគ្នានេះ លោក ច្រឹក សុខនីម  ជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឱ្យដឹងថា តម្លៃដីធ្លីនៅតាមបណ្តោយផ្លូវល្បឿនលឿន មិនមានអំណោយផលដល់ការឡើងថ្លៃ គ្រប់កន្លែងនោះទេ ដោយសារផ្លូវមួយនេះជាយន្តការ ដែលជួយសម្រួលដល់ការដឹកជញ្ជូនជាចម្បងច្រើនជាង។

លោកបានបញ្ជាក់ថា “សម្រាប់គម្រោងផ្លូវល្បឿនលឿន ដីធ្លីនៅក្នុងផ្លូវនេះអាចនឹងឡើងថ្លៃ ប៉ុន្តែការឡើងថ្លៃនេះ មិនអំណោយផលគ្រប់កន្លែងនោះទេ ព្រោះផ្លូវល្បឿនលឿនត្រូវបានបិទ និងហ៊ុំព័ទ្ធគ្រប់កន្លែងនៅសងខាងផ្លូវ”។ លោកបន្ថែមថា ៣វាជាចំណែកជួយសម្រួល ក្នុងការធ្វើដំណើរឱ្យកាន់តែលឿន ប៉ុន្តែប្រសិនបើឱ្យដីនៅតំបន់នោះឡើងថ្លៃខ្លាំង គឺមិនច្រើនពេកនោះទេ”៕

លោកឧកញ៉ាឈាង រ័ត្នៈ តំបន់ព្រៃស នឹងមានការរីកចម្រើនដូចទួលគោកនៅពេលបច្ចុប្បន្ន

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ការអភិវឌ្ឍនៅតំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ ឃើញថាបានរីករាលជាបន្តបន្ទាប់ ក្នុងរយៈពេលចុងក្រោយនេះ ជាពិសេសទៅលើសំណង់លំនៅឋានទាំងតម្លៃសមរម្យ និងតម្លៃមធ្យមឡើងទៅ ។

ការអភិវឌ្និងរីកចម្រើនទាំងនេះ ធ្វើឱ្យអ្នកអភិវឌ្ឍន៍លំនៅឋានមួយរូបបង្ហាញពីទស្សនវិស័យផ្ទាល់របស់ខ្លួនថា តំបន់ព្រៃសនឹងក្លាយជាទួលគោកទី២នៅពេលអនាគតដ៏ខ្លីខាងមុខនេះ។

លោកឧកញ៉ា ឈាង រ័ត្ន ម្ចាស់គម្រោងលំនៅឋានបុរី បុស្បាបានមានប្រសាសន៍ឱ្យដឹងនាព្រឹកថ្ងៃទី២ ធ្នូកន្លងមកថា តំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ មានការអភិវឌ្ឍយ៉ាងលឿន ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ហើយបើទោះបីជាកម្ពុជា ស្ថិតនៅក្នុងវិបត្តិនៃជំងឺកូវីដ១៩ ក៏ការអភិវឌ្ឍនៅលំនៅឋាននិងសំណង់នានា នៅប៉ែកខាងត្បូងនៅតែបន្តសកម្មភាព យ៉ាងផុសផុលដដែល ។

លោកឧកញ៉ាបន្តថា តាមរយៈការអភិវឌ្ឍនៅប៉ែកខាងត្បូង ជាពិសេសនៅតំបន់ព្រៃស ដូចជា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវធំៗ ប្រព័ន្ធទឹក ភ្លើង លោករំពឹងថាតំបន់នេះ នឹងដូចតំបន់ទួលគោកនាពេលបច្ចុប្បន្ននេះ អញ្ចឹង។ ដូច្នេះហើយទើបបុរីបុស្បា ត្រូវបានអភិវឌ្ឍន៍នៅតំបន់ ដែលមានសក្ដានុពលដូចនេះ ។

លោកឧកញ៉ាបញ្ជាក់ថា “ដូចបានឃើញស្រាប់ នៅជុំវិញបុរី និងតំបន់ព្រៃសទាំងមូលសុទ្ធតែមានផ្លូវធំៗ ហើយផ្លូវទាំងនេះ ក៏គ្រោងនឹងពង្រីកបន្ថែមទៀត ទៅតាមកំណើនប្រជាជនមករស់នៅតំបន់ទាំងនោះ”។

លោកសាស្រ្តាចារ្យវណ្ណ ម៉ូលីវណ្ណ បិតាស្ថាបត្យករកម្ពុជាមួយរូបបានបន្សល់ទុកនូវបណ្ដាំថា ការអភិវឌ្ឍនៅរាជធានី ភ្នំពេញគួរតែបែរទៅទិសខាងត្បូងរាជធានីភ្នំពេញ ពីព្រោះទិសខាងត្បូងជាតំបន់ ដែលងាយនឹងរំដោះទឹក មានប្រព័ន្ធធារាសាស្ត្រខ្វាត់ខ្វែង ងាយនឹងរំដោះទឹកទៅកាន់ទន្លេ៕

ស្រុកចំនួនពីរនៃខេត្តព្រៃវែងកំពុងមានចរន្តទិញលក់ដីធ្លីច្រើនជាងគេ

ដោយ: សុផារី

ព្រៃវែង: ព្រៃវែងជាខេត្តដែលមានចម្ងាយមិនឆ្ងាយប៉ុន្មានឡើយ ពីរាជធានីភ្នំពេញ អ្នកជំនាញមូលដ្ឋានលើកឡើងថា បច្ចុប្បន្ននេះខេត្តព្រៃវែងមានការអភិវឌ្ឍ មិនចាញ់បណ្តាខេត្តមួយចំនួន ដែលនៅជាប់នឹងក្រុងភ្នំពេញឡើយ ទាំងគម្រោងឧស្សាហកម្ម ទេសចរណ៍ កសិកម្ម និងជាពិសេសអចល​នទ្រព្យ។

ក្នុងចំណោមស្រុកទាំង១២ នៃខេត្តព្រៃវែង មានស្រុកចំនួនពីរទទួល​បានការទិញលក់ដីធ្លី និងការអភិវឌ្ឍលើអចលនទ្រព្យច្រើនជាងគេ។

ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តព្រៃវែង បានមានប្រសាសន៍នៅក្នុងសប្តាហ៍នេះថា ក្នុងចំណោមស្រុកទាំងអស់ នៅក្នុងខេត្តព្រៃវែង មានតំបន់ចំនួនពីរមានចរន្តទិញលក់ដីធ្លី និងការអភិវឌ្ឍច្រើនជាងគេ។ក្នុងនោះរួមមាន ដីធ្លីនៅក្នុងស្រុកពារាំង និងស្រុកពាមរក៍ នៅតាមបណ្តោយផ្លូវជាតិលេខ១១ ជាតំបន់ដែលពេញនិយមបំផុតសម្រាប់ការទិញលក់ដីធ្លី។

លោកបញ្ជាក់ថា “កត្តាដែលជំរុញឱ្យតំបន់ទាំងពីរនេះ ទទួលបានការចាប់អារម្មណ៍ ពីសំណាក់អ្នកវិនិយោគច្រើន ដោយសារស្រុកពារាំងទទួលបានការអភិវឌ្ឍ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ច្រើន”។ លោកបន្តថា “មានទីតាំងកៀកនឹងភ្នំពេញជាងគេ ជាពិសេសវានៅជាប់នឹងផ្លូវក្រវាត់ក្រុងទី៤ ដែលកំពុងតែគ្រោងនឹងសាងសង់ និងនៅជាប់នឹងស្រុកល្វាឯម ដែលកំពុងតែរៀបចំបង្កើតជាក្រុងដ៏ធំមួយនាពេលអនាគត”។

លោកបន្តថា ចំណែក តំបន់ផ្លូវជាតិលេខ១១ ដែលចេញពីខេត្តព្រៃវែងទៅអ្នកលឿងមានការទិញលក់ច្រើន សម្រាប់ការអភិវឌ្ឍជាស្ថានីយ៍ប្រេងឥន្ធនៈ និងជាឃ្លាំងស្តុកទំនិញ៕