ទីភ្នាក់ងារអភិវឌ្ឍន៍បារាំងជួយអភិវឌ្ឍន៍សាលាវិជ្ជាជីវៈទេសចរណ៍ដំបូងគេរបស់រដ្ឋាភិបាល

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD)ប្រចាំនៅកម្ពុជា បានជួយអភិវឌ្ឍន៍ សាលាវិជ្ជាជីវៈទេសចរណ៍ស្តង់ដាដំបូងគេ ចំនួន២នៅកម្ពុជា។

លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កាលពីចុងសប្តាហ៍មុន បានអញ្ជើញទស្សនកិច្ចនៅសាលាវិជ្ជាជីវៈទេសចរណ៍ ដើម្បីពិនិត្យលើហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់ ដើម្បីត្រៀមទទួលសិស្សចូលរៀននាពេលខាងមុខ។

សាលាវិជ្ជាជីវៈទេសចរណ៍មានចំនួន២ទីតាំង មួយនៅរាជធានីភ្នំពេញ និងមួយនៅខេត្តព្រះសីហនុ ត្រូវបានសាងសង់រួចរាល់ជាមួយនឹងស្ថាបត្យកម្មទំនើប សំណង់មានគុណភាពខ្ពស់ មានផាសុកភាព និងបរិស្ថានជុំវិញស្អាតបាត ព្រមទាំងបានបំពាក់នូវឧបករណ៍ បរិក្ខាសម្ភារថ្មីៗ ទំនើបៗ និងមានភាពទាក់ទាញ គួរឱ្យចង់មកសិក្សារៀនសូត្រ។

សាលាទាំង២ទីតាំងនេះ កើតចេញពីគម្រោងហិរញ្ញប្បទានឥណទានរបស់រាជរដ្ឋាភិបាលកម្ពុជា និង ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ក្នុងគោលបំណងផ្តល់ការបណ្តុះបណ្តាលជំនាញទេសចរណ៍ ប្រកបដោយវិជ្ជាជីវៈ និងគុណភាព៕

វិស័យអចលនទ្រព្យចិនបង្ហាញសញ្ញាដាំក្បាលចុះដល់បាតនៅឆ្នាំ២០២៧ខាងមុខ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមធនាគារវិនិយោគខ្នាតយក្ស Goldman Sachs បានឱ្យដឹងថា វិបត្តិអចលនទ្រព្យរបស់ប្រទេសចិនអាចបន្តអូសបន្លាយ និងដាំក្បាលចុះដល់បាត ឬមានស្ថិរភាពនៅឆ្នាំ២០២៧ខាងមុខ ខណៈតម្លៃផ្ទះអាចដាំក្បាលចុះចំនួន១០ភាគរយបន្ថែមទៀតក្នុងកំឡុងពេលនេះ។

តម្លៃផ្ទះនៅប្រទេសចិនបានដាំក្បាលចុះប្រហែល២១ភាគរយគិតចាប់តាំងពីចុងឆ្នាំ២០២១មក។នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយកាសែត South China Morning Post ។

ធនាគារ Goldman បានប្រៀបធៀបស្ថានភាពរបស់ប្រទេសចិនទៅនឹងវិបត្តិលំនៅដ្ឋានកាលពីអតីតកាលចំនួន២១ករណីនៅទូទាំងពិភពលោក។ ធនាគារ Goldman បានរកឃើញថា ជាធម្មតា ការធ្លាក់ចុះរបៀបនេះមានរយៈពេល៦ឆ្នាំ និងនាំឱ្យតម្លៃផ្ទះមានការធ្លាក់ចុះយ៉ាងគំហុក។

វិបត្តិអចលនទ្រព្យចិនបានចាប់ផ្តើមកើតឡើងនៅឆ្នាំ២០២១ បន្ទាប់ពីរដ្ឋាភិបាលចិនរឹតបន្តឹងការផ្តល់ប្រាក់កម្ចីដល់អ្នកអភិវឌ្ឍន៍ ហើយវិបត្តិនេះមានសភាពកាន់តែអាក្រក់ ក្រោយពីអាជ្ញាធរចិនបានដាក់ចេញវិធានការបិទខ្ទប់ជំងឺកូវីដ-១៩ យ៉ាងតឹងរ៉ឹងនៅឆ្នាំ២០២២។

ធនាគារ​ Goldman បាន​ព្រមាន​ថា ប្រសិនបើ​គ្មាន​ការ​បន្ធូរបន្ថយ​គោល​នយោបាយ​បន្ថែម​ទេ នោះការ​ដាំក្បាលចុះនៃទីផ្សារលំនៅដ្ឋានអាចជះផលប៉ះពាល់លើ​ទំនុក​ចិត្ត​របស់​អតិថិជន និង​ការ​វិនិយោគ​ក្នុង​វិស័យ​ឯកជន។

ធនាគារនេះបានលើកទឹកចិត្តឱ្យអាជ្ញាធរចិនបន្ធូរបន្ថយគោលនយោបាយបន្ថែមទៀត ព្រោះនេះជាការចាំបាច់ដើម្បីទប់ស្កាត់មិនឱ្យតម្រូវការលំនៅដ្ឋានបន្តដាំក្បាលចុះ៕ប្រភព: South China Morning Post ៕

កូរ៉េខាងត្បូងគ្រោងប្រកាសដាក់ចេញវិធានការដើម្បីរក្សាស្ថិរភាពរបស់តម្លៃលំនៅដ្ឋាននៅក្នុងតំបន់រដ្ឋធានីសេអ៊ូល

0

ដោយ: គង់ លាងហួរ
សេអ៊ូល: ប្រទេសកូរ៉េខាងត្បូងគ្រោងនឹងប្រកាសវិធានការដើម្បីរក្សាស្ថិរភាពតម្លៃផ្ទះនៅដើមខែកក្កដាខាងមុខ ជាពិសេសសម្រាប់តំបន់ជុំវិញទីក្រុងសេអ៊ូល ដូចជាការរឹតបន្តឹងការផ្តល់ប្រាក់កម្ចី និងបទប្បញ្ញត្តិពន្ធ។នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Yonhap ដោយដកស្រង់ប្រភពមិនសុំបញ្ចេញឈ្មោះ។

តម្លៃអាផាតមុិននៅតំបន់ទីក្រុងសេអ៊ូល(Greater Seoul) បានកើនឡើងចំនួន២១សប្តាហ៍ជាប់ៗគ្នា ជាមួយអត្រាខ្ពស់បំផុតក្នុងរយៈពេលជិត៧ឆ្នាំ។ ការហក់ឡើងនៃតម្លៃលំនៅដ្ឋាន ជាក្តីកង្វល់សម្រាប់ធនាគារកណ្តាល និងរដ្ឋាភិបាលកូរ៉េខាងត្បូង។

តម្លៃផ្ទះនៅទីក្រុងសេអ៊ូល និងបណ្តាខេត្តជាប់រដ្ឋធានីមួយនេះបានហក់ឡើងជាង១៦ភាគរយនៅចន្លោះខែមករា ឆ្នាំ២០២៣ និងខែមេសា ឆ្នាំ២០២៥ ដោយសារកំណើននៃការទិញទុកលក់ចំណេញ(Speculation)។ ផ្ទុយទៅវិញ តម្លៃផ្ទះនៅតាមបណ្តាខេត្តមិនជាប់រដ្ឋធានីសេអ៊ូលបានស្ថិតនៅទ្រឹង ឬធ្លាក់ចុះ។

ការដោះស្រាយបញ្ហាលំនៅដ្ឋានហក់ឡើងថ្លៃកប់ពពកក្លាយជាវិញ្ញាសារសាកល្បងសម្រាប់ប្រធានាធិបតីកូរ៉េខាងត្បូងថ្មីលោក Lee Jae-myung ដែលបានស្បថចូលកាន់តំណែងនៅដើមខែមិថុនា និងបានប្តេជ្ញាធ្វើឱ្យលំនៅដ្ឋានមានតម្លៃសមរម្យ។

លោក Lee បានប្តេជ្ញាបង្កើនការផ្គត់ផ្គង់លំនៅដ្ឋានសម្រាប់គ្រួសារដែលមានប្រាក់ចំណូលមធ្យម និងប្រាក់ចំណូលទាប ព្រមទាំងកែសម្រួលនីតិវិធីផ្សេងៗ ដើម្បីពន្លឿនការអនុម័តគម្រោងលំនៅដ្ឋានរបស់អ្នកអភិវឌ្ឍន៍ ក្នុងគោលដៅជួយកាត់បន្ថយការចំណាយ និងធ្វើឱ្យអ្នកអភិវឌ្ឍន៍អាចលក់ផ្ទះក្នុងតម្លៃថោក។

កាសែត Yonhap បានរាយការណ៍ថា ក្រសួងដែនដី ក្រសួងហិរញ្ញវត្ថុ និងទីភ្នាក់ងារផ្សេងទៀតកំពុងពិភាក្សាគ្នាអំពីការរឹតបន្តឹងការផ្តល់ប្រាក់កម្ចី និងការបង់ពន្ធចំពោះការទិញលំនៅដ្ឋាននៅតំបន់ ដែលមានតម្លៃផ្ទះហក់ឡើងខ្លាំង ខណៈទីក្រុងសេអ៊ូលកំពុងពង្រឹងច្បាប់ផ្ទាល់ខ្លួនដាច់ដោយឡែកដើម្បីគ្រប់គ្រងប្រតិបត្តិការទិញ-លក់នៅក្នុងសង្កាត់មួយចំនួន។

ក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូងធ្លាប់បានប្រកាសឱ្យដឹងកាលពីដើមខែមិថុនាថា រដ្ឋាភិបាលនឹងពិចារណាលើគ្រប់គោលនយោបាយទាំងអស់ ដើម្បីរក្សាស្ថិរភាពរបស់ទីផ្សារអចលនទ្រព្យ៕ប្រភព: Bloomberg៕

ធនាគារ ហត្ថា ទទួលបានការដាក់បញ្ចូលដើមទុនបន្ថែម ៨០ លាន ដុល្លារអាមេរិក នាំអោយដើមទុនសរុបកើនឡើងដល់ ២២០ លានដុល្លារអាមេរិក

0

ភ្នំពេញ, ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៥ – ធនាគារ ហត្ថា ដែលជាសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG (Mitsubishi UFJ Financial Group) បានបន្ថែមដើមទុនថ្មីចំនួន ៨០លាន ដុល្លារអាមេរិក ដែលធ្វើអោយដើមទុនសរុបរបស់ធនាគារ ហត្ថា បានកើនឡើងដល់ ២២០ លាន ដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការរីកចម្រើនអាជីវកម្មរបស់ខ្លួន ។ ការវិនិយោគទុនបន្ថែម បញ្ជាក់ឲ្យឃើញថាធនាគារ ហត្ថា នៅតែបន្តរីកចម្រើនជាមួយនឹងចក្ខុវិស័យយូរអង្វែងនៃប្រតិបត្តិការអាជីកម្មរបស់ខ្លួនក្នុងប្រទេសកម្ពុជា។

ការវិនិយោគទុននេះ ជាសក្ខីភាពថ្មីមួយទៀត ដែលមានតម្លៃដ៏វិសេសវិសាល និងការតាំងចិត្តដ៏មុតមាំរបស់     ភាគទុនិករបស់ធនាគារ ហត្ថា គឺ MUFG ក្នុងការផ្លាស់ប្តូរផ្នែកហិរញ្ញវត្ថុនៅក្នុងតំបន់អាស៊ាន។ សម្រាប់កាបន្ថែមទុននេះ គឺជាចំណុចសំខាន់មួយក្នុងការជំរុញដល់ការពង្រីកសេវាកម្មរបស់ធនាគារ ហត្ថា ទៅដល់អតិថិជននៅគ្រប់វិស័យរួមមាន អតិថិជនជាលក្ខណៈបុគ្គល សហគ្រាសខ្នាតតូច និងមធ្យម (SME) ព្រមទាំងស្ថាប័នសាអាជីវកម្មធំៗជាច្រើនទៀត។ នេះបញ្ជាក់ឲ្យឃើញថាធនាគារ ហត្ថា ការប្តេជ្ញាចិត្តខ្ពស់ក្នុងបន្តធ្វើអាជីវកម្មប្រកបដោយចេរភាព ដែលមានចក្ខុវិស័យអាជីវកម្មច្បាស់លាស់ និងរក្សាជំហរដ៏រឹងមាំនៅក្នុងទីផ្សារហិរញ្ញវត្ថុនៃប្រទេស       កម្ពុជា។

លោក មិន សុផា ប្រធាននាយកប្រតិបត្តិនៃធនាគារ ហត្ថា បានមានប្រសាសន៍ថា៖ “ការវិនិយោគទុនថ្មីចំនួន ៨០ លាន ដុល្លារអាមេរិកពីម្ចាស់ភាគទុនិក  គឺពិតជាមានសារៈសំខាន់ និងទាន់ពេលវេលាដើម្បីគាំទ្រដល់ការពង្រីកអាជីវកម្មរបស់ខ្លួនទៅចាប់យកអតិថិជនជាលក្ខណៈបុគ្គល សហគ្រាសខ្នាតតូច និងមធ្យម (SME) ព្រមទាំងស្ថាប័នសាអាជីវកម្មធំៗជាច្រើនទៀត។” លោកបន្ថែមថា៖ “ ការវិនិយោគទុននេះ  គឺជាការបង្ហាញយ៉ាងច្បាស់លាស់នៃការប្តេជ្ញាចិត្តដ៏មុតមាំ និងភាពជឿជាក់របស់ភាគទុនិក ក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចនៅកម្ពុជា ព្រមទាំងក្នុងតំបន់អាស៊ានទាំងមូលផងដែរ។”

“ការដាក់បញ្ចូលដើមទុនបន្ថែមថ្មីនេះ គឺជាជំហានជោគជ័យដ៏ធំមួយទៀតសម្រាប់ធនាគារ ហត្ថា ហើយបានបញ្ជាក់យ៉ាងច្បាស់ពីតួនាទីដ៏សំខាន់របស់ធនាគារ ហត្ថា នៅក្នុងតំបន់អាស៊ាន។ ភាពជោគជ័យនេះ កើតឡើងបានដោយសារការគាំទ្រ និងការជឿទុកចិត្តយ៉ាងខ្លាំង ព្រមទាំងការសហការយ៉ាងពេញទំហឹងពីអ្នកពាក់ព័ន្ធ ទាំងអស់។”

អំពី ធនាគារ ហត្ថា៖

ធនាគារ ហត្ថា ជាធនាគារពាណិជ្ជ ដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈកាលជាង ៣០ឆ្នាំមកហើយ ដែលបានផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយ ដល់អតិថិជនរបស់ខ្លួន ដែលរួមានអតិថិជនជាលក្ខណៈបុគ្គល សហគ្រាសខ្នាតតូច និងមធ្យម (SME) ព្រមទាំងស្ថាប័នសាអាជីវកម្មធំៗជាច្រើនទៀត។ ហត្ថា ជាធនាគារពាណិជ្ជឈានមុខគេមួយក្នុងប្រទេសកម្ពុជា ដែលមានតាមបណ្ដាញសាខាយ៉ាងទូលំទូលាយរហូតដល់ ១៥៦ សាខា គ្របដណ្តប់ទូទាំងប្រទេស។ ធនាគារ ហត្ថា បានទទួលការវាយតម្លៃជាស្ថាប័នមានស្ថិរភាពហិរញ្ញវត្ថុរឹងមាំ តាមរយៈការរក្សាបាននូវចំណាត់ថ្នាក់ BBB+ អស់រយៈពេល ០៧ឆ្នាំជាប់គ្នា ពីក្រុមហ៊ុន TRIS Rating ដែលចំណាត់ថ្នាក់នេះសបញ្ជាក់ឱ្យឃើញថា ធនាគារ ហត្ថា មានដំណើរការមុខជំនួញរបស់ខ្លួនប្រកបដោយស្ថិរភាព និងឈានមុខគេនៅក្នុងទីផ្សារហិរញ្ញវត្ថុកម្ពុជា។ ជាងនេះទៅទៀត ធនាគារ ហត្ថា មានមូលធនគ្រប់គ្រាន់ ស្ថិរភាពផ្នែកហិរញ្ញវត្ថុខ្ពស់ ព្រមទាំងមានសាច់ប្រាក់បង្វិលគ្រប់គ្រាន់ ដែលអាចធានាបាននូវការបន្តប្រតិបត្តិការអាជីវកម្មដោយរលូន។ ភាពរឹងមាំផ្នែកហិរញ្ញវត្ថុនេះ ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីធនាគារអាណាព្យាបាល គឺ MUFG ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំមួយ ដែលមានសាខាប្រហែល ​២000 ទីតាំង ស្ថិតនៅក្នុងទីផ្សារជាង ៤០ ក្នុងពិភពលោក។ សម្ព័ន្ធក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុ MUFG បានការចុះបញ្ជីនៅលើផ្សារហ៊ុន (Tokyo Stock Exchange), ណាហ្គូយ៉ា (Nagoya Stock Exchange) និងញូយ៉ក (New York Stock Exchange) ដោយមានតម្លៃទីផ្សារ និងមានតម្លៃទីផ្សាររហូតដល់ ២៤.២៧ កោដិយាន់ និងប្រាក់ចំណេញសុទ្ធចំនួន ១.៥៩១,១ ពាន់លានយាន់ នៅត្រឹមចុងខែមីនា ឆ្នាំ ២០២៥។

តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃចន្ទនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនៅព្រឹកថ្ងៃចន្ទនេះ ក្រោយពេលតម្លៃមាសប្រភេទ Spot Gold បានជួញដូរក្នុងទំហំទឹកប្រាក់ចំនួន៣.២៧៣ដុល្លារអាមេរិកក្នុងមួយអោនគិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃសុក្រសប្តាហ៍មុន។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,២៩ភាគរយដល់៣២៨២,៦១ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,១៦ភាគរយដល់៣២៩២,៧០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:២៥នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៨០,៩ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី៣០ ខែកក្កដាខាងមុខ។

ចំណែក សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយបណ្ណសំខាន់ៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះដល់៩៧,២១ពិន្ទុនៅព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម៩៧,៤០ពិន្ទុកាលពីថ្ងៃសុក្រសប្តាហ៍មុន៕

អ្នកអភិវឌ្ឍន៍ៈ ខេត្តកំពង់ស្ពឺជាខេត្តមានសក្តានុពលទាក់ទាញការវិនិយោគតំបន់ឧស្សាហកម្មច្រើនជាងគេ

0

ដោយៈ គង់ សូរិយា

    កំពង់ស្ពឺៈ អ្នកអភិវឌ្ឍន៍ក្​នុងវិស័យអចលនទ្រព្យ និងឧស្សាហកម្មបានលើកឡើងថា ខេត្តកំពង់ស្ពឺជាខេត្តមួយ ដែលទាក់ទាញការវិនិ​យោគតំបន់សេដ្ឋកិច្ចពិសេស និងតំបន់ឧស្សាហកម្មច្រើនជាងគេ។

ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនSAM SN Group អ្នកឧកញ៉ាសំ សុខនឿនបានមានប្រសាសន៍ឲ្យដឹង កាលពីចុងសប្តាហ៍មុនថា មួយរយៈចុងក្រោយនេះ វិស័យអចលនទ្រព្យហាក់ថមថយល្បឿន ប៉ុន្តែផ្នែកសំខាន់ៗចំនួន២ នៅតែមានតម្រូវការ គឺផ្ទះតម្លៃសមរម្យ និងដីសម្រាប់សាងសង់តំបន់ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេស។

អ្នកឧកញ៉ាបានបន្តថា មួយរយៈចុងក្រោយនេះ មានខេត្តកំពង់ស្ពឺ កណ្តាល តាកែវ និងបណ្តាខេត្តមួយចំនួនជាប់ព្រំដែន ដូចជា ទីក្រុងបាវិត ក្នុងខេត្តស្វាយរៀង តំបន់ជ្រៃធំ ក្រុងសំពៅពូន ប៉ោយប៉ែត និងក្រុងព្រះសីហនុ។

អ្នកឧកញ៉ាសំ សុខនឿនបានបន្តថា ខេត្តកំពង់ស្ពឺ ជាខេត្តមានសក្តានុពលខ្លាំង ពិសេសតំបន់ផ្លូវជាតិលេខ៤៤ ដែលតភ្ជាប់ទៅតំបន់ឱរ៉ាល់ ដែលមានភាពអំណោយផល លើការសាងសង់តំបន់សេដ្ឋកិច្ចពិសេស ដោយសារជាតំបន់មានមនុស្សរស់នៅច្រើន មានហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរ និងមានភាពប្រទាក់ក្រឡា។

អ្នកឧកញ៉ាបានបន្តទៀតថា ភាពអំណោយផលនៃតំបន់ផ្លូវជាតិលេខ៤៤ ដោយសារជាតំបន់ដែលស្ថិតនៅជិត តំបន់ចុះនៃផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ តំបន់ដែលមានរោងចក្រ សហគ្រាស និងតំបន់សេដ្ឋកិច្ចពិសេសច្រើន និងកំពុងកើនឡើង ពិសេសវាជាតំបន់ ដែលដីមានតម្លៃល្អ និងនៅទាបនៅឡើយ ដែលអំណោយផលដល់ការវិនិយោគ។

លោកបញ្ជាក់ថា “ប្រសិនជាដីនៅផ្លូវ៤៤ឡើងថ្លៃខ្ពស់ពេក និងមិនមានមនុស្សច្រើនរស់នៅ ក៏តំបន់នេះមិនទាក់ទាញការវិនិយោគ និងការអភិវឌ្ឍលើដីឡូត៍លំហែរ ការសាងសង់ផ្ទះជួល និងសេវាកម្មផ្សេងៗទៀតដែរ”៕

រដ្ឋាភិបាលវៀតណាមស្នើសភាអនុម័តឱ្យវិស័យឯកជនចូលរួមវិនិយោគក្នុងគម្រោងផ្លូវរថភ្លើងហាណូយ-ហូជីមិញ តម្លៃ៦១ពាន់លានដុល្លារ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋាភិបាលវៀតណាមបានស្នើឱ្យរដ្ឋសភាអនុម័តយល់ព្រមចំពោះការចូលរួមបណ្តាក់ទុនវិនិយោគរបស់វិស័យឯកជននៅក្នុងគម្រោងផ្លូវរថភ្លើងល្បឿនលឿនខ្នាតយក្ស ដែលតភ្ជាប់រវាងរដ្ឋធានីហាណូយ និងទីក្រុងហូជីមិញ ក្រោមទំហំទឹកប្រាក់ចំនួន៦១ពាន់លានដុល្លារ។

នៅទូទាំងពិភពលោក ជាធម្មតា គម្រោងផ្លូវដែកត្រូវបានផ្តល់មូលនិធិដោយរដ្ឋាភិបាលដោយសារតែការចំណាយទុនវិនិយោគខ្ពស់ និងត្រូវការរយៈពេលយូរដើម្បីស្រង់ដើម។ បណ្តាប្រទេសមួយចំនួនប្រើប្រាស់គំរូភាពជាដៃគូរវាងសាធារណៈ និងឯកជន (PPP)។ប៉ុន្តែការគាំទ្ររបស់រដ្ឋនៅតែមានភាពចាំបាច់។

កាលពីខែឧសភា ក្រុមហ៊ុនឯកជនខ្នាតយក្ស VinSpeed ​​របស់មហាសេដ្ឋីវៀតណាមលោក Pham Nhat Vuong បានស្នើសុំសាងសង់ផ្លូវរថភ្លើងល្បឿនលឿននេះ ដោយប្តេជ្ញាផ្តល់មូលនិធិចំនួន២០ភាគរយនៃទំហំទុនវិនិយោគសរុបចំនួន៦១ពាន់លានដុល្លារ និងខ្ចីដើមទុនចំនួន៨០ភាគរយទៀតពីរដ្ឋាភិបាល។

យ៉ាងណាមិញ ក្រុមហ៊ុន VinSpeed បានស្នើសុំកុំឱ្យរដ្ឋាភិបាលគិតអត្រាការប្រាក់លើប្រាក់កម្ចីចំនួន៨០ភាគរយនេះ ដោយសន្យាទូទាត់សងត្រឡប់វិញក្នុងរយៈពេល៣៥ឆ្នាំ។

ក្រុមហ៊ុនក៏បានស្នើសុំការជួយសម្រួលពីរដ្ឋាភិបាលលើការទិញដី សិទ្ធិអភិវឌ្ឍន៍អចលនទ្រព្យនៅជិតស្ថានីយ៍រថភ្លើង ការលើកទឹកចិត្តពន្ធ អាជ្ញាប័ណ្ណគ្រប់គ្រងប្រតិបត្តិការរយៈពេល៩៩ឆ្នាំ និងស្នើសុំកំណត់តម្លៃសំបុត្ររថភ្លើងឱ្យថោកជាងតម្លៃសំបុត្រយន្តហោះ។

ចំណែក ក្រុមហ៊ុនផលិតរថយន្ត Thaco Group ក៏បានដាក់សំណើស្រដៀងគ្នានេះផងដែរ។ ក្រុមហ៊ុន Thaco Group បានប្តេជ្ញាបោះទុនចំនួន២០ភាគរយនៃទុនវិនិយោគសរុបចំនួន៦១ពាន់លានដុល្លារ និងស្វែងរកទុនចំនួន៨០ភាគរយទៀតពីប្រភពក្នុងស្រុក និងបរទេស។

ក្រុមហ៊ុន Thaco Group ក៏បានស្នើឱ្យរដ្ឋាភិបាលជួយសម្រួលដល់ការទិញដី ការតាំងទីលំនៅថ្មីរបស់ប្រជាជនដែលរងផលប៉ះពាល់ ព្រមទាំងស្នើសុំការជួយធានាលើប្រាក់កម្ចី និងស្នើឱ្យរដ្ឋាភិបាលជួយបង់អត្រាការប្រាក់រយៈពេល៣០ឆ្នាំ។

ក្រុមហ៊ុន Thaco បានអះអាងថា ខ្លួននឹងបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធមួយ ដើម្បីគ្រប់គ្រងគម្រោងនេះ ប្រសិនបើទទួលបានការអនុម័តយល់ព្រមពីរដ្ឋាភិបាល៕ប្រភព: Vnexpress៕

ក្រុមហ៊ុនOCICអភិវឌ្ឍន៍ទីក្រុងរណបធំមួយលើផ្ទៃដី៣០ហិកតានៅជិតព្រលានយន្តហោះអន្តរជាតិតេជោ

0

ដោយៈ គង់ សូរិយា

    កណ្តាលៈ ជាក្រុមហ៊ុនអភិវឌ្ឍន៍ក្នុងស្រុកលំដាប់យក្សមួយ OCICបាន និងកំពុងបោះទុនរាប់លានដុល្លារ ដើម្បីអភិវឌ្ឍន៍ទីក្រុងរណបធំមួយលើផ្ទៃដី៣០ហិកតា លើដំណាក់កាលទី១ នៅជិតព្រលានយន្តហោះអន្តរជាតិតេជោ។

គម្រោងអចលទ្រព្យថ្មីនេះ ស្ថិតលើផ្លូវ៦០ម៉ែត្រ នៅជិតព្រលានយន្តហោះអន្តរជាតិតេជោ​ កំពុងដំណើរការសាងសង់និងបើកលក់ជាផ្លូវការជាមួយតម្លៃពិសេស(Pre-Sale) ចំណេញលើចំណេញ និងកំពុងបើកលក់ដំណាក់កាលទី២ បន្ទាប់ពីទទួលបានការគាំទ្រនិងជោគជ័យលើគំរោងដំណាក់កាលទី១។

ក្រុមហ៊ុនOCICមានផែនការអភិវឌ្ឍTIA CITY មានផែនការអភិវឌ្ឍន៍លើផ្ទៃដីរហូតដល់២០០ហិកតា​ ដែលនឹងមានសាងសង់ផ្ទះអាជីវកម្ម ផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកមុំ្ចម្រុះ និងសួនកម្សាន្តនានាជាដើម។

គម្រោងTerra ជាគម្រោងថ្មីដំបូងគេនៃគម្រោងធំTIA CITY ដែលអភិវឌ្ឍដោយក្រុមហ៊ុនអូស៊ីអាយស៊ី (OCIC) ដែលបានបើកលក់ជាផ្លូវការក្នុងតម្លៃពិសេស​ ត្រឹមតែ៦ម៉ឺនដុល្លារជាងប៉ុណ្ណោះ ជូនដល់អតិថិជន។

ទីតាំងល្អ បានទាំងប្រកបអាជីវកម្ម បានទាំងរស់នៅ ស្ថិតនៅតំបន់សក្តានុពល ចរាចរណ៍ទៅមកងាយស្រួលលើផ្លូវ60 ម៉ែត្រ គម្រោងTerra ជិតព្រលានយន្តហោះអន្តរជាតិថ្មី ជាមួយលក្ខ​ខណ្ឌ​ងាយស្រួលសម្រាប់អតិថិជន៖

👉កក់ប្រាក់មុនតិច

👉បង់ប្រចាំខែទាប

👉បង់ឥតការប្រាក់រយៈពេលវែង

👍អញ្ជើញមកមុន នឹងទទួលបានឱកាសមុន

👍មកមុន ទទួលបានចំណេញមុនប

យោងតាមព៌ត៌មានពីក្រុមហ៊ុនបានឲ្យដឹងថា បើមិនមានការប្រែប្រួលទេ គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងបើកដំណើរជាផ្លូវការជើងហោះហើរ ទទួលភ្ញៀវជាតិ-អន្តរជាតិ ចរាចរណ៍ មមា​ញឹក ព័ន្ធជុំវិញដោយផ្សារទំនើបៗ គម្រោងធំៗ ផ្លូវធំ ទូលាយ ងាយស្រួលចរាចរណ៍ទៅមក ងាយស្រួលក្នុងការរស់នៅ ​និងប្រកបអាជីវកម្មបាន៕

រោងចក្រកែច្នៃឈើដាំថ្មីមួយបង្ហាញខ្លួននៅខេត្តព្រះសីហនុជាមួយទុនវិនិយោគជិត៥លានដុល្លារ

0

ដោយៈ គង់ សូរិយា

    ព្រះសីហនុៈ អនុគណៈកម្មាធិការ​វិនិយោគខេត្តព្រះសីហនុ ដឹកនាំដោយលោកឡុង ឌីម៉ង់ អភិបាលរងខេត្ត បានចុះពិនិត្យទីតាំងស្នើសុំបង្កើតរោងចក្រកែច្នៃឈើដាំ នៅស្រុកព្រៃនប់។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងជាអនុប្រធានអនុគណៈកម្មាធិការវិនិយោគខេត្ត បានអញ្ជើញដឹកនាំ តំណាងមន្ទីរ អង្គភាព និងមន្ត្រីបច្ចេកទេសចុះពិនិត្យទីតាំងស្នើសុំ បង្កើតរោងចក្រកែច្នៃឈើដាំ (ពីដើមអាកាស្យា និងដើមប្រេងខ្យល់)ខាងលើកាលពីចុងសប្តាហ៍មុន។

រោងចក្រនេះ មានទីតាំងស្ថិតនៅភូមិសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

គម្រោងរោងចក្រកែច្នៃឈើដាំ (ពីដើមអាកាស្យា និងដើមប្រេងខ្យល់)មានទុនវិនិយោគសរុបប្រមាណ៤,៦៩លានដុល្លារអាមេរិក។

លោកអភិបាលរង បានធ្វើការណែនាំដល់អ្នកវិនិយោគឱ្យសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីបំពេញលក្ខខណ្ឌនានា ដែលច្បាប់បានកំណត់ និងបានពិនិត្យលទ្ធភាព ជួយសម្របសម្រួលនីតិវិធីមួយចំនួន ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ច របស់អនុគណៈកម្មាធិការវិនិយោគខេត្ត ដើម្បីកាត់បន្ថយរយៈពេលរង់ចាំ ច្បាប់អនុញ្ញាតរបស់ក្រុមហ៊ុន។

ជាមួយគ្នានេះ លោកឡុង ឌីម៉ង់ក៏បានស្នើដល់វិនិយោគិនត្រូវអនុវត្តន៍ តាមការណែនាំរបស់មន្ទីរអង្គភាពជំនាញ និងគោរពច្បាប់ គត្តិយុត្តនានារបស់កម្ពុជា និងត្រូវធ្វើយ៉ាងណាផ្តល់អាទិភាពការងារ ដល់ប្រជាពលរដ្ឋមូលដ្ឋាន និងជាពិសេសពលករ ដែលត្រឡប់មកពីប្រទេ​សថៃវិញ៕

សមាជិកសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា បង្ហាញក្ដីបារម្ភអំពីកង្វះតម្លាភាពនៃការផ្ដល់កូតាអនុញ្ញាតឱ្យនាំត្រីចូលដែលធ្វើឱ្យត្រីឡើងថ្លៃនៅក្នុងទីផ្សារ

0

ដោយៈ សហការី

ភ្នំពេញៈ ដើម្បីការពារ និងជួយលើកកម្ពស់វារីវប្បកម្មនៅកម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាប់ផ្ដើមរឹតបន្តឹងលើការនាំត្រីចូលពីក្រៅប្រទេស។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេចថា ត្រីដែលនឹងត្រូវបានអនុញ្ញាតឱ្យនាំចូលមកកម្ពុជា គឺជាប្រភេទត្រីដែលមិនមានការចិញ្ចឹម ឬមិនអាចផលិតនៅក្នុងស្រុកបាន ឬការផលិតនៅក្នុងស្រុកមិនអាចបំពេញតម្រូវការទីផ្សារជាក់ស្ដែងបាន រីឯអ្នកនាំចូលទៀតសោតត្រូវតែទិញត្រីផលិតក្នុងស្រុកឱ្យអស់ជាមុនសិន មុននឹងស្នើសុំការអនុញ្ញាតនាំចូលបន្ថែម ហើយការនាំចូលក៏ត្រូវអនុលោមទៅតាមបរិមាណដែលក្រសួងអនុញ្ញាត ប៉ុន្តែជាក់ស្តែងក្រសួងកសិកម្មហាក់មិនមានយន្តការតម្លាភាពដែលបញ្ជាក់អំពីលទ្ធភាព នៃការចិញ្ចឹមធនធានត្រីនៅក្នុងស្រុកនោះឡើយ។

សេចក្ដីសម្រេចនេះធ្វើឡើងក្នុងកិច្ចប្រជុំក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាពលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឧកញ៉ា ម៉ុង រិទ្ធថា សហប្រធានក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្មផ្នែកឯកជនកាលពីរសៀលថ្ងៃអង្គារ ទី២៤ ខែមិថុនា ដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយ សម្រាប់អ្នកប្រកបមុខរបរវារីវប្បកម្មនៅកម្ពុជា។

យោងតាមក្រសួងកសិកម្មឱ្យដឹងថា ផលវារីវប្បកម្មនៅកម្ពុជា ក្នុងឆ្នាំ២០២៤ ទទួលបានប្រមាណ៣សែន២ម៉ឺនតោន ហើយកាលពីឆ្នាំ២០២០ កម្ពុជា ធ្លាប់នាំត្រីចូលចំនួនប្រមាណ ១ម៉ឺន ៧ពាន់ ៤០០តោន។

ទោះជាយ៉ាងណា សមាជិកសមាគអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា បានបង្ហាញក្ដីបារម្ភចំពោះសេចក្ដីសម្រេចរបស់ក្រសួង ក្នុងការរឹតបន្តឹងលើការនាំត្រីចូលពីក្រៅប្រទេសនេះ ដោយសមាគមបានលើកឡើងពីក្ដីកង្វល់ជុំវិញកង្វះតម្លាភាព នៃកូតាអនុញ្ញាតឱ្យនាំត្រីចូល ជាហេតុដែលអាចធ្វើឱ្យត្រីឡើងថ្លៃ ហើយការផ្គត់ផ្គង់ត្រីក្នុងស្រុកមិនគ្រប់តាមតម្រូវការជាក់ស្ដែង ដោយបង្កការលំបាកដល់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្ទាល់។

សមាជិកសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា ដែលជាអ្នកនាំចូលផ្គត់ផ្គង់ត្រីនៅកម្ពុជា បានសំណូមពរឱ្យក្រសួងកសិកម្មពិនិត្យមើលឡើងវិញនូវសេចក្ដីសម្រេច រឹតបន្តឹងការនាំត្រីចូលពីក្រៅប្រទេស ពីព្រោះកូតាអនុញ្ញាតឱ្យក្រុមហ៊ុននាំត្រីចូលតិចជាងចំនួនដែលខ្លួនបានស្នើសុំតាមទំហំតម្រូវការទីផ្សារ បានធ្វើឱ្យពួកគាត់មិនអាចផ្គត់ផ្គង់ទាន់តម្រូវការជាក់ស្ដែងនៅលើទីផ្សារ ដែលជាលទ្ធផលធ្វើឱ្យត្រីឡើងថ្លៃ និងទម្លាក់បន្ទុកបន្ថែមទៅលើពលរដ្ឋ។

ក្រុមសមាជិកសមាគមបានបង្ហើបឱ្យដឹងថា ការកំណត់កូតាដែលក្រុមហ៊ុនអាចនាំត្រីចូលបាន ក្នុងចំនួនជាក់លាក់កំណត់ដោយក្រសួង គឺតិចជាងចំនួនដែលអ្នកនាំចូលបាន ស្នើសុំតាមតម្រូវការទីផ្សាររបស់ខ្លួន ព្រោះទាល់តែសុំតាមចំនួនដែលក្រសួងកំណត់ ទើបគេអនុញ្ញាត តែបើសុំក្នុងចំនួនដែលក្រសួងកំណត់ គឺស្មើនឹងយល់ព្រមបាត់ទីផ្សាររបស់ខ្លួន ហើយបើរក្សាទីផ្សារខ្លួន គឺត្រូវដឹកចូលលើសចំនួនដែលក្រសួងអនុញ្ញាត នោះត្រូវប្រឈមផ្លូវច្បាប់ ហើយនៅពេលដែលពួកយើងខ្ញុំលែងនាំចូលបាន ពេលនោះទីផ្សារនាំចូលត្រី នឹងត្រូវក្រឡុកដោយក្រុមអាជីវករថ្មីហើយ ព្រោះដោយសារតែតាមការពិតគឺប្រជាកសិករក្នុងស្រុក មិនទាន់មានលទ្ធភាពចិញ្ចឹមផ្គត់ផ្គង់តម្រូវការទីផ្សារបាននៅឡើយទេ ហើយវាក៏នឹងធ្វើឱ្យត្រីនៅក្នុងស្រុកឡើងថ្លៃផងដែរ។

សរុបមក បណ្ដាក្រុមហ៊ុននាំត្រីចូលបានស្នើសុំក្រសួងកសិកម្មអនុញ្ញាតឱ្យនាំត្រីចូលក្នុងចំនួនសមស្រប សម្រាប់បំពេញតម្រូវការទីផ្សារដែលទទួលការបញ្ជាទិញ ដោយហ៊ានធានាថាផ្តល់អាទិភាពជួយប្រមូលទិញផលិតផល ដែលចិញ្ចឹមបានក្នុងស្រុកក្នុងតម្លៃទីផ្សារ តែបើក្រសួងនៅតែកំណត់ចំនួនបែបនេះ ក្រុមហ៊ុនហ៊ានដឹកចូលគឺខុសច្បាប់ បំពានសេចក្ដីសម្រេចរបស់ក្រសួង ទោះដើម្បីរក្សាទីផ្សាររបស់ខ្លួនក្តី នោះប្រាកដជាខុសច្បាប់ តែបើមិនដឹកចូលគឺបាត់បង់ទីផ្សារ ស្មើនឹងចែកទីផ្សារឱ្យក្រុមហ៊ុនខុសច្បាប់ផ្សេងៗទៀតយ៉ាងអយុត្តិធ៌ម។

ទាក់ទិននឹងក្ដីកង្វល់ ដែលខ្លាចការនាំត្រីចូលពីក្រៅប្រទេសជោរជន់នៅក្នុងស្រុកខ្លាំងពេក ដែលជះផលប៉ះពាល់ដល់អ្នកប្រកបរបរវារីវប្បកម្មនៅកម្ពុជា សមាជិកសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា បានបញ្ជាក់ថា សមាគមរីករាយនឹងជួយប្រមូលទិញត្រី និងផលិតផលវារីវប្បកម្មផ្សេងៗទាំងអស់នៅកម្ពុជា ស្របតាមគោលការណ៍របស់ក្រសួងដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចបវរមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ សំដៅកាត់បន្ថយភាពក្រីក្រ ស្របពេលដែលកម្ពុជា កំពុងត្រៀមខ្លួនចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ ខាងមុខនេះ។

ដូចនេះ សមាជិកសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា ដែលជាក្រុមហ៊ុននាំចូលផ្គត់ផ្គង់ត្រី សង្ឃឹមយ៉ាងមុតមាំថា ក្រសួងកសិកម្ម និងថ្នាក់ដឹកនាំនឹងគិតគូរពីបញ្ហានេះឡើងវិញ ដោយក្ដីអនុគ្រោះ ដើម្បីលើកកម្ពស់ការប្រកួតប្រជែងដោយស្មើភាពក្នុងវិស័យឯកជន។

ជាចុងក្រោយ ក្រុមហ៊ុនដែលជាសមាជិកទាំងអស់នៃសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា ក៏ស្នើសុំឱ្យក្រសួងកសិកម្មជួយចង្អុលបង្ហាញថា ប្រភេទត្រីណាខ្លះដែលកំពុងនាំចូលពេលបច្ចុប្បន្នអាចផលិតបានក្នុងស្រុក ដើម្បីឱ្យក្រុមហ៊ុនទៅប្រមូលទិញមកបង្គ្រប់ទីផ្សាររបស់ខ្លួន មុននឹងកាត់បន្ថយបរិមាណដែលលិខិតរបស់ក្រសួងមិនអនុញ្ញាតឱ្យនាំចូល។ យើងខ្ញុំដែលជាសមាជិកនៃសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា ប្ដេជ្ញានឹងមិននាំចូលប្រភេទត្រីដែលផលិតបានក្នុងស្រុកដែលគ្រប់តម្រូវការឡើយ៕