តម្លៃដីនៅទីក្រុងបាងកកមានកំណើនយឺតខណៈរដ្ឋាភិបាលថៃ ប្រមូលពន្ធលើដីធ្លី

ដោយ: លាងហួរ

បាងកក: តម្លៃដីទំនេរនៅក្នុងទីក្រុងបាងកក មានកំណើនយឺត ដោយ សារសេដ្ឋកិច្ចធ្លាក់ចុះ និងការប្រមូលពន្ធដីនិងអគារ ដែលបានចាប់  ផ្តើមនៅឆ្នាំ២០២២នេះ។

លោក Vichai Viratkapan អគ្គនាយកស្តីទីនៃមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ (REIC) បាននិយាយថា សន្ទស្សន៍តម្លៃដីទំនេរ នៅទីក្រុងបាងកកគឺ ៣៥៤,៥ភាគរយ នៅក្នុងត្រីមាសទីពីរនៃឆ្នាំនេះ កើនឡើង៤ភាគរយពីត្រីមាសទីមួយ។

លោកបន្តថា តម្លៃ ដី ទំនេរ បន្ត កើន ឡើង ជាប់ គ្នា ប៉ុន្តែ ក្នុង ល្បឿន យឺត ជាង បើ ធៀប នឹង កំណើន មធ្យម ប្រចាំ ឆ្នាំ១៤,៨% ចន្លោះ ឆ្នាំ២០១៥ដល់ឆ្នាំ២០១៩។

កត្តាសំខាន់មួយដែលនាំឱ្យតម្លៃដីធ្លាក់ចុះ គឺកត្តាសេដ្ឋកិច្ចដែលបណ្តាលមកពីជំងឺរាតត្បាត ដែលកាន់តែអាក្រក់ទៅ និងសង្គ្រាមអ៊ុយក្រែន និងរុស្ស៊ី ដែលមានន័យថា សេដ្ឋកិច្ចថៃមានកំណើនទាបជាងការរំពឹងទុក។

លោក vichai បានបន្ថែមថា អ្នកអភិវឌ្ឍន៍ជាច្រើនបានបន្ថយល្បឿននៃការទិញដី ដោយសារតម្លៃដីឡើងថ្លៃ ជាងមុនបន្ទាប់ពីរដ្ឋចាប់ផ្តើមប្រមូលពន្ធលើដី និងអគារ១០០ភាគរយនៅឆ្នាំ២០២២នេះ ពី១០ភាគរយពីឆ្នាំ២០២០ដល់ឆ្នាំ២០២១៕

អ្នកជំនាញព្រមានថា កុំប្រញាប់វិនិយោគលើដីធ្លីដោយគ្រាន់តែផ្អែកលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ប្រយ័ត្នខាតបង់

ដោយ៖ សុខុម

ហាណូយ: នៅក្នុងទ្រឹស្តីជំនួញ អ្នកដែលក្ដាប់ឱកាសវិនិយោគបានមុនគេ គឺមានឱកាសចំណេញមុនគេ ហើយថែមទាំងអាចចំណេញច្រើនទៀតផង ជាពិសេសក្នុងវិស័យអចលនទ្រព្យ។ ទោះជាយ៉ាងណា អ្នកវិនិយោគត្រូវធ្វើការសិក្សាឱ្យបានគ្រប់ជ្រុងជ្រោយជាមុនសិន បើមិនដូច្នោះទេ នឹងប្រឈមហានភ័យធំ។

ក្រុមអ្នកជំនាញព្រមានថា ក្រុមហ៊ុនសហគ្រាស និងបុគ្គលដែលស្វែងរកប្រាក់ចំណេញពីការវិនិយោគលើដីធ្លី និងអចលនទ្រព្យក្នុងតំបន់នានាដែលនៅជិតគម្រោងហេដ្ឋារចនាសម្ព័ន្ធ មិនគួរប្រញាប់ប្រញាល់បោះទុនវិនិយោគលឿនពេកទេ ពោលគឺគួរតែសិក្សាអំពីគម្រោងទាំងនោះឱ្យបានច្បាស់លាស់សិនដើម្បីបង្ការហានិភ័យ។

តួយ៉ាងកាលពីពេលថ្មីៗនេះ គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងលេខ៤ ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម បានក្លាយជាចំណុចផ្ដោតការចាប់អារម្មណ៍របស់បណ្ដាអ្នកវិនិយោគ នៅពេលតម្លៃដីធ្លីក្នុងតំបន់ដែលផ្លូវនេះរត់កាត់កំពុងបន្តហក់ឡើងថ្លៃស្រឺតៗ។ នេះបើយោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយកាលពីថ្ងៃពុធ ទី៣ ខែសីហា។

សេចក្តីសម្រេចលើគោលនយោបាយវិនិយោគសម្រាប់គម្រោងផ្លូវក្រវាត់ក្រុងលេខ៤ ទទួលបានភ្លើងខៀវពីរដ្ឋសភាវៀតណាម កាលពីខែមិថុនា ឆ្នាំនេះ។ គម្រោងនេះនឹងស្ថាបនាផ្លូវមួយខ្សែប្រវែង១១២,៨គីឡូម៉ែត្រជាមួយនឹងទុនវិនិយោគប្រមាណ៣,៦៥ពាន់លានដុល្លារអាមេរិក ក្នុងដំណាក់កាលទី១ ដែលនឹងតភ្ជាប់តំបន់ឧស្សាហកម្ម តំបន់ប្រជុំជន ខេត្ត និងទីក្រុងជាច្រើន។

តាមការរំពឹងទុក គម្រោងផ្លូវក្រវាត់ក្រុងលេខ៤ នេះនឹងជំរុញការអភិវឌ្ឍ និងការវិនិយោគគម្រោងអចលនទ្រព្យជាច្រើននៅក្នុងតំបន់ជុំវិញ។

ទោះជាយ៉ាងណា ប្រធានសមាគមភ្នាក់អចលនវត្ថុវៀតណាម លោក Nguyễn Văn Đính បានលើកឡើងថា ក្នុងករណីខ្លះ ព័ត៌មានអំពីទីផ្សារគ្រាន់តែជាល្បិចបោកបញ្ឆោតដើម្បីបង្កើតរលកទីផ្សារប៉ុណ្ណោះ។

អ្នកជំនាញរូបនេះបានបន្ថែមថា បណ្ដាអ្នកវិនិយោគគួរតែមានការប្រុងប្រយ័ត្នខ្ពស់ និងសិក្សាអំពីផែនការ និងសាច់ប្រាក់ឱ្យបានហ្មត់ចត់ជាមុនសិនដើម្បីជៀសវាងហានិភ័យនៃការខាតបង់ប្រាក់។

លោកគូសបញ្ជាក់ថា អ្នកវិនិយោគគួរតែស្វែងយល់ពីកត្តាចំនួន២ជាមុនសិន មុននឹងសម្រេចចិត្តវិនិយោគ ដោយទី១ គឺឱកាសដីហក់ឡើងថ្លៃ ហើយទី២ វឌ្ឍនភាពនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។

លោកបន្តថា នៅតំបន់មួយចំនួនដែលផ្លូវក្រវាត់ក្រុងលេខ៤ រត់កាត់ តម្លៃដីធ្លីបានហក់ឡើងខ្លាំងរួចទៅហើយកាលពីឆ្នាំមុន ហើយថា កម្រិតតម្លៃថ្មីមួយត្រូវបានបង្កើតឡើង ហើយវាជាតម្លៃខ្ពស់ខ្លាំងណាស់។ ក្នុងន័យនេះលោកចង់បញ្ជាក់ថា បើគេកំណត់តម្លៃខ្ពស់ខ្លាំងរួចទៅហើយបែបនេះ អ្នកដែលបោះទុនទិញដីធ្លីដើម្បីទុកលក់យកចំណេញ កុំរំពឹងខ្ពស់ពេក។

យោងតាមលោកស្រី Đỗ Thu Hằng នាយកជាន់ខ្ពស់ផ្នែកអភិវឌ្ឍន៍ការប្រឹក្សាយោបល់ និងស្រាវជ្រាវនៃក្រុមហ៊ុន Savills Hà Nội លើកឡើងថា ជាធម្មតាការងារហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនត្រូវចំណាយពេលអនុវត្តន៍ច្រើនឆ្នាំទម្រាំបញ្ចប់ ដូចនេះបណ្ដាអ្នកវិនិយោគចាំបាច់ត្រូវតែយល់អំពីផែនការ និងដំណើរការបញ្ចប់គម្រោង មុននឹងសម្រេចចិត្តបោះទុនវិនិយោគ។

លោកស្រីបានបន្ថែមថា អ្នកវិនិយោគក៏គួរតែយកចិត្តទុកដាក់លើលក្ខខណ្ឌផ្លូវច្បាប់នៃអចលនទ្រព្យផងដែរដើម្បីជៀសវាងជម្លោះដែលធ្វើឱ្យអ្នករងការខាតបង់៕ Vietnam News៕

ព្រឹត្តិការណ៍អន្តរជាតិពីរដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងនាំវិនិយោគិនបរទេសចូលមកកម្ពុជាបន្ថែម

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ នៅក្នុងឆ្នាំ២០២២និងឆ្នាំ ២០២៣នេះ កម្ពុជានឹងធ្វើម្ចាស់ផ្ទះនូវព្រឹត្តិការណ៍អន្តរជាតិចំនួន២ ក្នុងនោះឆ្នាំ២០២២នេះកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាន និងឆ្នាំ២០២៣ កម្ពុជានឹងធ្វើម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលព្រឹត្តិការណ៍ទាំងពីរនេះនឹងនាំមកនូវទេសចរ អ្នកជំនួញ វិនិយោគិនបរទេសចូលមកកាន់តែច្រើនឡើងវិញ ។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ថា នៅចុងឆ្នាំនេះ ឬយ៉ាងយូរនៅដើមឆ្នាំ២០២៣ខាងមុខនេះ កម្ពុជានឹងទទួលបានវិនិយោគិនបរទេស ដែលចូលមកស្វែងរកការបណ្ដាក់ទុនវិនិយោគឡើងវិញ ដូច្នេះពេលនោះដែរ វិនិយោគក្នុងស្រុកគួរតែត្រៀមខ្លួនក្នុងការទទួលយកវិនិយោគិនបរទេសឡើងវិញ។

អ្នកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ PropNex Cambodia បានមានប្រសាសន៍ថា នៅក្នុងឆ្នាំ២០២២នេះ កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន ដែលមាន១០ឆ្នាំម្ដង ហើយក្នុងឆ្នាំនោះដែរ កម្ពុជានឹងផ្សព្វផ្សាយពីសក្ដានុពល ការវិនិយោគ សេដ្ឋកិច្ចរបស់ខ្លួនដល់បណ្ដាវិនិយោគិនមកពីបណ្ដាប្រទេសអាស៊ាន និងប្រទេសជាច្រើនទៀត។

អ្នកស្រីបន្តថា “មិនថាតែកិច្ចប្រជុំអាស៊ាន ឬកិច្ចប្រជុំណានោះទេ បើសិនជាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នោះនឹងធ្វើឱ្យកម្ពុជាកាន់តែ មានឈ្មោះល្បីនៅលើឆាកអន្តរជាតិ ហើយមានជនបរទេសជាច្រើននឹងសិក្សាពីកម្ពុជា ចូលមករកការវិនិយោគនៅក្នុងប្រទេសកម្ពុជា ដូច្នេះនៅក្រោយកិច្ចប្រជុំនេះ កម្ពុជានឹងទទួលបានការវិនិយោគបន្ថែមទៀតជាក់ជាមិនខាន”។

ដោយឡែក អ្នកស្រីហ្គ្រេស រចនី អគ្គនាយិកាក្រុមហ៊ុន Century 21 Cambodia បានឱ្យដឹងផងដែរថា នៅក្នុងឆ្នាំ២០២៣ខាងមុខ កម្ពុជានឹងធ្វើជាម្ចាស់នូវព្រឹត្តិការណ៍កីឡាមួយទៀត គឺកីឡាស៊ីហ្គេម។ ព្រឹត្តិការណ៍នេះនឹងមានជនបរទេសកាន់តែច្រើនចូលមកកម្ពុជា ពេលនេះ ទេសចរណ៍ និងការធ្វើជំនួញក្នុងប្រទេសកម្ពុជារំពឹងថានឹងមានកំណើនខ្ពស់ឡើងវិញ។

អ្នកស្រីបន្តថា នៅក្រោយព្រឹត្តិការណ៍ប្រកួតកីឡាខ្នាតអន្តរជាតិនេះ នឹងមានជនបរទេសកាន់តែច្រើនចូលមកកម្ពុជា ដើម្បីស្វែងរកការវិនិយោគ ហើយក្នុងអំឡុងពេលនៃព្រឹត្តិការណ៍នេះប្រព្រឹត្តិទៅ នឹងមានអ្នកមកទស្សនាផង មកមើលពីឱកាសវិនិយោគក្នុងប្រទេសកម្ពុជាផងដែរ។

លោក ខន គង្គា អគ្គនាយកក្រុមហ៊ុន ERA Cambodia បានលើកឡើងផងដែរថា នៅរយៈពេលពីរទៅបីខែខាងមុខនេះ វិនិយោគិនបរទេស ជាពិសេស វិនិយោគិនចិន នឹងចូលមកកាន់កម្ពុជាឡើងវិញ ស្របពេលប្រទេសមួយចំនួនមានជនជាតិចិនចូលទៅច្រើនហើយ។

លោកបន្តថា កម្ពុជាជាប្រទេសមានគោលនយោបាយល្អ មួយជាមួយប្រទេសចិន អញ្ចឹងហើយយើងរំពឹងខ្ពស់ពីការហូរចូលរបស់ជនជាតិចិន នៅក្នុងប្រទេសកម្ពុជា។ ចិនដែលមកកម្ពុជានឹងមានទេសចរជនជាតិចិន វិនិយោគិនចិន ហើយពេលនោះតម្រូវការអចលនទ្រព្យដូចជាខុនដូ ដីធ្លីអភិវឌ្ឍន៍ នឹងមានកំណើនឡើងវិញ៕

ក្រុមហ៊ុនកាស៊ីណូណាហ្គាទទួលប្រាក់ចំណេញជាង៥០លានដុល្លារអាមេរិកនៅឆមាសទី១ឆ្នាំ២០២២

ដោយ៖ សហការី

ភ្នំពេញ៖ ក្រុមហ៊ុន NagaCorp ដែលគ្រប់គ្រងកាស៊ីណូ NagaWorld ជាក្រុមហ៊ុនល្បែងស្របច្បាប់ និងធំជាគេតែមួយគត់នៅរាជធានីភ្នំពេញ ទទួលបានប្រាក់ចំណេញប្រមាណ៥២លានដុល្លារអាមេរិក ក្នុងឆមាសទី១ឆ្នាំនេះ។​

ក្នុងសេចក្តីជូនដំណឹង ចុះថ្ងៃទី១៨ ខែកក្កដា បានឱ្យដឹងថា ប្រាក់ចំណេញសុទ្ធនេះ គឺបានកើនឡើងវិញ បើធៀបនឹងការខាតបង់របស់ក្រុមហ៊ុនកាលពីឆ្នាំមុន ប្រមាណ៧៧លានដុល្លារអាមេរិក ក្នុងរយៈពេលដូចគ្នា នៅពេលដែលកាស៊ីណូបានបិទទ្វារបណ្តោះអាសន្ន ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩។

ក្រុមហ៊ុនបញ្ជាក់ថា បន្ទាប់ពីការបើកឡើងវិញនៃការរឹតបន្តឹងការធ្វើដំណើររបស់អាស៊ាន និងពិភពលោក ទស្សនវិស័យសម្រាប់ទេសចរណ៍អន្តរជាតិនៅតែបន្តប្រសើរឡើង ហើយក្រុមហ៊ុន NagaCorp នៅតែមានសុទិដ្ឋិនិយម ចំពោះអនាគតដ៏ខ្លីខាងមុខ។

NagaWorld នឹងបន្តទាក់ទាញភ្ញៀវទេសចរមកកម្ពុជា ជាពិសេសពីអាស៊ាន ហើយជឿជាក់ថា ទស្សនវិស័យអាជីវកម្មរយៈពេលវែង និងទស្សនវិស័យរបស់ក្រុមហ៊ុន នឹងនៅតែមានស្ថិរភាព៕

អ្នកជំនាញទីផ្សារឌីជីថលអន្តរជាតិប្រាប់វិធីប្រើប្រាស់ទីផ្សារឌីជីថលឱ្យមានប្រសិទ្ធិភាពសម្រាប់អចលនទ្រព្យ

ដោយៈសុផារី

ភ្នំពេញៈ សេវាកម្មទីផ្សារឌីជីថល គឺជាវិធីដែលអាជីវកម្មអាចទំនាក់ទំនងជាមួយអតិថិជន ដែលមានសក្តានុពល តាមរយៈការធ្វើទីផ្សារដោយប្រើឧបករណ៍អេឡិចត្រូនិច នៅលើទូរស័ព្ទ និងកុំព្យូទ័រ ឬអ៊ីនធឺណិតដូចជាប្រព័ន្ធផ្សព្វផ្សាយសង្គម អ៊ីម៉ែល តេឡេក្រាមជាដើម។ ល។

អតិថិជននៅកម្ពុជា កំពុងប្រើប្រាស់អ៊ីនធឺណិត ដោយអ្នកប្រើប្រាស់អ៊ីនធឺណេតមានចំនួនរាប់លាននាក់ និងមានការកើនឡើងជារៀងរាល់ឆ្នាំ។ តាមរយៈកំណើនខ្ពស់នេះ ធ្វើឱ្យទីផ្សារឌីជីថលមានសារៈសំខាន់ខ្លាំង នៅក្នុងអាជីវកម្មនានា។

លោកអាលី អគ្គនាយកក្រុមហ៊ុន NDMA Digital Media Services ដែលជាក្រុមហ៊ុនជំនាញការលើទីផ្សារឌីជីថលមួយ នៅក្នុងទីក្រុងភ្នំពេញ បានមានប្រសាសន៍ប្រាប់ Property Area Asia នៅល្ងាចថ្ងៃទី២ ខែសីហាម្សិលមិញថា “គ្រប់គ្នាងាកមកប្រើប្រាស់ទូរស័ព្ទ និងកុំព្យូទ័រ ហើយធ្វើការទិញលក់ផលិតផល និងសេវាកម្មតាមរយៈប្រព័ន្ធអនឡាញអស់ហើយ។ ជាង៨០ភាគរយ នៃអាជីវកម្មសំខាន់ៗ ត្រូវបានប្រើប្រាស់ និងប្រាស្រ័យទាក់ទងតាមប្រព័ន្ធឌីជីថល ដោយប្រើប្រាស់ទូរស័ព្ទ និងកុំព្យូទ័រ”។

បើតាមបទពិសោធន៍ជាច្រើនឆ្នាំរបស់លោកអាលី នៅក្នុងទីផ្សារឌីជីថល លោកយល់ថា “បច្ចេកវិទ្យាមួយនេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីជម្រុញការធ្វើទីផ្សារប្រកបដោយប្រសិទ្ធិភាព និងចំគោលដៅ”។ លោ​កបន្ថែមថា “ការធ្វើប្រតិបត្តិការ ទាក់ទងនឹងទីផ្សារអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជាកើនឡើងច្រើន។ បច្ចុប្បន្ននេះ លោកអ្នកអាចមើលតាមប្រព័ន្ធអនឡាញ ដោយមិនចាំបាច់ទៅមើលដោយផ្ទាល់ ឬអាចទៅមើលដោយផ្ទាល់នៅពេលក្រោយបាន”។

លោកសង្កត់ធ្ងន់ថា “សម័យនេះ ប្រសិនបើមិនប្រើប្រាស់ទីផ្សារឌីជីថលទេ អាជីវកម្មអាចបាត់បង់ឱកាសក្នុងការទទួលបានអតិថិជនថ្មីៗ”។

អ្នកជំនាញទីផ្សារឌីជីថលរូបនេះ លើកឡើងថា ប្រសិនបើចង់ទទួលបានជោកជ័យ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាមួយនេះ នៅក្នុងការធ្វើទីផ្សារនៅក្នុងវិស័យអចលនទ្រព្យរបស់ក្រុមហ៊ុន សហគ្រាស ឬបុគ្គល ត្រូវពិនិត្យមើលលើចំណុចសំខាន់ៗចំនួន០៧ចំណុច រួមមាន៖

១. ពិនិត្យម៉ាកយីហោផ្ទាល់ខ្លួន។
២. បង្កើតគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមគ្រប់ប្រភេទ ដើម្បីបង្កើនឱកាសផ្សព្វផ្សាយ ទៅកាន់ក្រុមអតិថិជនគោលដៅផ្សេងៗគ្នា។
៣. រៀបចំផែនការរាល់សកម្មភាពអាជីវកម្ម។
៤. ផ្តោតលើការផ្សព្វផ្សាយមាតិកាទីផ្សារថ្មីៗ។
៥. ពិនិត្យ តាមដានមើលគេហទំព័ររបស់ដៃគូរប្រកួតប្រជែង។
៦. ជ្រើសរើសផ្តោតលើប្រព័ន្ធផ្សព្វផ្សាយណាមួយ ដែលពេញនិយមបំផុត ក្នុងចំណោមអតិថិជននៅក្នុងស្រុក។
៧. ផ្តោតលើការប្រើប្រាស់ “ពាក្យគន្លឹះ” តាមប្រធានបទ និងតាមលក្ខណសម្បត្តិនៃអចលនទ្រព្យ ដើម្បីងាយស្រួលក្នុងការស្វែងរករបស់អតិថិជន។

លោកអាលីបន្ថែមថា បើប្រៀបធៀបនឹងការធ្វើទីផ្សារ តាមបែបបុរាណ ការធ្វើទីផ្សារឌីជីថលត្រូវចំណាយតិច និងលឿនជាងច្រើនណាស់ ហើយអាជីវកម្មត្រូវចំណាយប្រាក់យ៉ាងច្រើន ដើម្បីធ្វើការផ្សាយពាណិជ្ជកម្ម ជាមួ​យនឹងទីផ្សារឌីជីថល យើងអាចដំណើរការការផ្សព្វផ្សាយភ្លាមៗ៕

ឡាវកំពុងចាប់ផ្ដើមសាងសង់សណ្ឋាគារដែលខ្ពស់ជាងគេបំផុត និងឃ្លាំងខ្នាតយក្សថ្នាក់តំបន់

ដោយ សុខុម

វៀងចន្ទន៍: តំបន់សេដ្ឋកិច្ចពិសេស Sithandon នៃប្រទេសឡាវ បានចាប់ផ្តើមការសាងសង់គម្រោងអភិវឌ្ឍន៍ធំៗចំនួន២នៅតំបន់ទឹកជ្រោះល្បាក់ខោន។ នេះបើយោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយកាលពីថ្ងៃពុធ ទី៣ ខែសីហា។

ផែនការគម្រោងទាំងនេះត្រូវបានសម្រេចដំណាក់កាលផ្ដាច់ព្រ័ត្រកាលពីថ្ងៃទី២៥ ខែកក្កដា បន្ទាប់ពីការពិភាក្សារយៈពេល៤៥ថ្ងៃរវាងរដ្ឋាភិបាលឡាវ និងក្រុមហ៊ុនម៉ៅការ។

តាមការរំពឹងទុក សណ្ឋាគារ Mekong Intercontinental Hotel ដែលជាគម្រោងមួយក្នុងចំណោមគម្រោងទាំង២ នឹងក្លាយជាសណ្ឋាគារខ្ពស់ជាងគេបំផុតប្រចាំប្រទេសឡាវ ចំណែកឯគម្រោងមួយទៀតគឺឃ្លាំងខ្នាតយក្សថ្នាក់តំបន់។

អគារសណ្ឋាគារដែលខ្ពស់ជាងគេបំផុតលំដាប់ប្រទេសខាងលើនេះនឹងមានរាងដូចគែន ដែលជាឧបករណ៍តន្ត្រីបុរាណម្យ៉ាងរបស់ឡាវ ហើយវានឹងមានកម្ពស់ជាង២៣៨ម៉ែត្រ។

ទន្ទឹមនេះនេះការសាងសង់ឃ្លាំងស្តុកខ្នាតយក្សមួយ ដែលមានទំហំដល់ទៅ១២០.០០០ម៉ែត្រការ៉េក៏បានចាប់ផ្តើមក្នុងថ្ងៃតែមួយជាមួយនឹងការសាងសង់សណ្ឋាគារដែរ។ តាមការរំពឹងទុកថា ឃ្លាំងខ្នាតយក្សនេះនឹងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធដឹកជញ្ជូនរវាងប្រទេសថៃ កម្ពុជា ចិន និងឡាវ។

គម្រោងទាំង២នេះគឺជាផ្នែកមួយនៃដំណាក់កាលទី១ ក្នុងគម្រោងតំបន់សេដ្ឋកិច្ចពិសេស Sithanon ហើយកាលពីក្នុងឆ្នាំ២០១៨ ដំណាក់កាលទី១ នេះត្រូវបានប៉ាន់ប្រមាណថាគ្រោងចំណាយអស់៦០០លានដុល្លារ។

ដំណាក់កាលទី១ នៃការសាងសង់គម្រោងតំបន់សេដ្ឋកិច្ចពិសេស Sithanon បានចាប់ផ្តើមនៅឆ្នាំ២០១៨ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៥៕ Laotian Times៕

តើនគររូបនីយកម្មគឺជាអ្វី វាជាប់ពាក់ព័ន្ឋដូចម្តេចនឹងសេដ្ឋកិច្ច សង្គម?

ដោយៈ គង់ សូរិយា

ភ្នំពេញៈ នគររូបនីយកម្មគឺជាការរៀបចំ និងពង្រីកក្រុងដើម្បីតម្រូវតាមភាពចាំបាច់នៃដំណើរការរីកចម្រើនផ្នែកសង្គម និងសេដ្ឋកិច្ច។

យោងតាមឯកសារបានបង្ហាញថា នគរូបនីយកម្ម គឺជាដំណើររៀបចំដែនដី និងកិច្ចអភិវឌ្ឍទីក្រុងពិសេសការរៀបចំប្លង់សម្រាប់ប្រើប្រាស់ដីធ្លី ឱ្យបានសមស្រប តាមភាពរីកចម្រើនសង្គមសេដ្ឋកិច្ចជាតិ។

កំណើននគរូបនីយកម្ម គឺជាការរីកសាយនៃការរៀបចំការពង្រីក និងការបង្កបង្កើតទីក្រុង ។

សរុបសេចក្ដីមក នគររូបនីយកម្ម គឺជាការរៀបចំហេដ្ឋារចនាសម្ពន្ធ និងរៀបចំគ្រប់គ្រងប្រជាសាស្ត្រទីក្រុង ដើម្បីតម្រូវតាមការកើនឡើងនៃចំនួនប្រជាជនទីក្រុង ដោយសារភាពរីកចម្រើនសេដ្ឋកិច្ច និងសង្គម។

Already urban គឺជាការសម្រេចបាននូវនគររូបនីយកម្ម ឬនិយាយឲ្យងាយយល់ គឺការសម្រេចបានការរៀបចំទីក្រុង ឲ្យស្របតាមការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងកំណើនប្រជាជនរស់នៅទីក្រុង។

ភាគរយនៃចំនួនប្រជាជនរស់នៅទីក្រុង ធៀបនឹងចំនួនប្រជាជនសរុបក្នុងប្រទេស គឺជាកត្តាមួយយ៉ាងសំខាន់ សម្រាប់កំណត់ការសម្រេចបាននូវនគររូបនីយកម្ម៕

ធនាគារពិភពលោកៈនគររូបនីយកម្ម​ដែលមាន​ល្បឿន​លឿនគឺជាបញ្ហា​ប្រឈម​ធំ​មួយ

ដោយៈ ជេស៊ីកា

ភ្នំពេញៈ រាជធានី​នៃ​ប្រទេស​កម្ពុជា មាន​ទំហំ​តូច​ជាងគេ​បំផុត​លំដាប់​ទី៤ នៅក្នុង​តំបន់​អាស៊ីបូព៌ា ប៉ុន្តែ​កំនើន​ប្រជាជន​ ក្នុង​ក្រុងមាន​ល្បឿន​លឿន​ជាងគេ​បំផុត គឺកើនឡើង​ពី​៤.៤ភាគរយ​ក្នុង​មួយឆ្នាំ ហើយ​ការពង្រីក​ទំហំ​ទីក្រុង​ក៏មាន​ល្បឿន​លឿន​ជាងគេ​បំផុត​លំដាប់​ទី២ នៅក្នុង​តំបន់​ផងដែរ។នេះបើតាមរបាយការណ៍របស់ធនាគារពិភពលោក។

​របាយការណ៍​ដដែលបាន​បង្ហាញថា ប្រជាជន​ក្នុង​ក្រុងភ្នំពេញ​កើនឡើង​ពីជាង៩សែននាក់ ដល់១លាន៤សែន នាក់ នៅ​ចន្លោះ​ពី​ឆ្នាំ២០០០ ដល់ឆ្នាំ២០១០ហើយ ចំនួន​ផ្ទៃដី​បាន​កើនឡើង​ពី១១០គីឡូម៉ែត្រ​ក្រឡា​នៅ​ឆ្នាំ ២០០០ ដល់១៦០គីឡូ​ម៉ែត​ក្រឡា​នៅ​ឆ្នាំ ២០១០ និងកើនឡើងដល់ទំហំ៥៦៧គីឡូម៉ែត្រក្រឡា គិតត្រឹមឆ្នាំ២០២២ ជាមួយប្រជាពលរដ្ឋប្រមាណ​៣លាននាក់។

លោក អាក់​សែល វ៉ាន់ ត្រុតសេនប៊ើហ្គ អនុប្រធាន​ធនាគារពិភពលោក​ប្រចាំ​តំបន់​អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក មានប្រសាសន៍ថា នគរូបនីយក​ម្ម​ដែលមាន​ល្បឿន​លឿន គឺជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​ សម្រាប់​តំបន់​អាស៊ីបូព៌ា ប៉ុន្តែ​យើង​មិន​អាច​គ្រប់គ្រង​នូវ​អ្វី ដែល​យើង​មិនអាច​វាស់វែង​បានទេ។

លោកបន្តថា “ដូច្នេះ​មេដឹកនាំ​នៅ​ទីក្រុង តាមរយៈ​ទិន្ននយ័ អាច​យល់​ដឹង​កាន់តែ​ប្រសើរ​ថែមទៀត​អំពី​រូបរាង និង ចាត់វិធានការ ដើម្បី​ធានាថា ការរីកលូតលាស់​នៅក្នុង​តំបន់​ទីក្រុង រួមចំណែក​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅក្នុង​ទីក្រុង​ កាន់​តែ​ច្រើន​ឡើងៗ​ជា​ពិសេស​ប្រជាពលរដ្ឋ​ក្រីក្រ”។

ចំនែក លោក អាប់បាស ចា ប្រធាន​គ្រប់គ្រង​ផ្នែក​ប្រតិបត្តិ​សាកល​នៃ​កិច្ចការ​សង្គម ទីក្រុងជនបទ និង​ភាព​ធន់ របស់​ក្រុម​ធនាគារពិភពលោក​បាន​បញ្ជាក់ថា ការ​សម្របសម្រួល​លើ​ផ្នែក​រចនា​សម្ពន្ធ័ទីក្រុង ដង់ស៊ីតេ និង​រដ្ឋបាល​អោយ​បាន​ត្រឹមត្រូវ នឹង​មាន​សារៈសំខាន់​ណាស់ ក្នុង​ការជួយ​បញ្ចប់​ភាព​ក្រីក្រ​តោកយ៉ាក និង​ជម្រុញអោយមាន​វិបុលភាព​សម្រាប់​ទាំងអស់គ្នា។

ចំពោះ​ផែនការ​អភិវឌ្ឍន៍​ក្រុងភ្នំពេញ ​ដែលមាន​កំនើនប្រជាជន​យ៉ាង​លឿន​នោះ អតីតអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោកឡុង ឌីម៉ង់ បាន​បញ្ជាក់ថា ប្លង់​មេ ឬMaster plan ពង្រីក​ក្រុង របស់​សាលា​រាជធានី​ភ្នំពេញ គឺ​ផ្តោតលើ​ប្រយោជន៍​សាធារណៈ​ជាធំ។

លោកបានពន្យល់បន្តថា “បើទោះបីជា​កន្លែង​ខ្លះ​ត្រូវ​ចាក់ដី​បំពេញ តែ​អាជ្ញាធរ​ក៏បាន​គិតគូ​ ថា​កន្លែង​ណា​ដែល​ត្រូវដាក់​ប្រពន្ធ័​លូ រឺ​ប្រលាយទឹក ដែរ”។

លោក​បាន​ទាមទារ អោយមាន​ការចូលរួម​សហការ ​ពី​ប្រជាពលរដ្ឋ​ដើម្បី​ដោះស្រាយ​បញ្ហាធំៗ និងថា បញ្ហា​ហេ​ដ្ឋា​រចនា​សម្ពន្ធ័ បរិស្ថាន និង ការផ្តល់​សេវាសាធារណៈ​ជាដើម គឺជា​បញ្ហា​អាទិភាព​ដែល​អាជ្ញាធរ​គិតគូរ​ផងដែរ។

របាយការណ៍​ថ្មី​នេះ ជា​របាយការណ៍​លើក​ដំបូង របស់​ធនាគារពិភពលោក ដែល​បង្ហាញ​ពី​ទិន្ននយ័​ប្រៀបធៀប​ រវាង​តំបន់​ទីក្រុង ​និង​ចំនួន​ប្រជាជន នៅក្នុង​ទីក្រុង​នៅ​ទូទាំង​តំបន់​អាស៊ី​បូព៌ា  ដើម្បី​ជម្រុញ​អោយ​រដ្ឋាភិបាល​និង​មេដឹកនាំ​ ក្នុង​បណ្តា​ប្រទេស​ទាំងនោះ ​អាច​រៀបចំ​ទីក្រុង​អោយ​បាន​ត្រឹមត្រូវ៕

លោក វ៉ាង យី៖ ប្រទេសចិននឹងបន្តបណ្ដាក់ទុនវិនិយោគនិងជួយក្នុងការអភិវឌ្ឍប្រទេសកម្ពុជា

ដោយ៖ សុផារី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានថ្លែងថា ត្រឹមរយៈពេល៧ខែឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មរបស់កម្ពុជានិងចិន បានកើនឡើងដល់ជាង៩ពាន់លានដុល្លារ ហើយសម្តេចតេជោស្នើដាក់គោលដៅថ្មី ឱ្យឡើងទៅដល់១៥ពាន់លានដុល្លារអាមេរិក។

សំណើររបស់សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់លោក វ៉ាង យី (Wang Yi ) ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការ និងអញ្ជើញចូលក្នុងកិច្ចប្រជុំកំពូលរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី០៣ ខែសីហានេះ។

ជាការឆ្លើយតាម លោក លោក វ៉ាង យី បានអះអាងថា ចិននឹងផ្ដល់ការគាំទ្រ បន្តការបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយនឹងជំរុញឱ្យសហគមន៍ពាណិជ្ជករបន្តវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ។

សម្ដេចក៏បានគូសបញ្ជាក់ថា “អ្វីដែលកម្ពុជា ចង់ឃើញថ្វីដ្បិតមកដល់ពេលឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិន បានឡើងដល់ជាង១១ពាន់លានដុល្លារ ហើយនៅឆ្នាំ២០២២ ទើបតែមកដល់រយៈពេល៧ខែនេះ ទំហំពាណិជ្ជកម្មរបស់កម្ពុជានិងចិន ឡើងដល់ជាង៩ពាន់លានដុល្លារទៅហើយ។ អ្វីដែរដែលជាគោលដៅថ្មីរបស់ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយនឹងចិន សម្ដេចបានស្នើឱ្យឡើងទៅដល់ ១៥ពាន់លានដុល្លារអាមេរិក”។

មូលហេតុដែលសម្ដេចបានស្នើ ដោយសារកន្លងមក កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន បានចូលជាធរមានហើយ មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាននិងកូរ៉េ ហើយក៏មានភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ដែលបានចូលជាធរមានកាលពីខែមករា ឆ្នាំ២០២២ ផងដែរ។

សម្ដេចក៏បានស្នើឲ្យប្រទេសចិន ជួយគាំទ្រដល់សំណើរបស់សម្ដេចក្នុងការដាក់លេខាធិការដ្ឋានភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់នេះ នៅក្នុងរាជធានីភ្នំពេញ ដែលប្រទេសចិន ជាប្រទេសមួយដ៏ធំនៅក្នុងក្របខណ្ឌអាសិបនេះ។

ជាមួយគ្នានេះ សម្តេចក៏បានស្នើឱ្យភាគីចិនបន្តជួយកម្ពុជា តាមរយៈការនាំចូលនូវកសិផល និងផលិតផលកសិកម្មរបស់កម្ពុជា ទៅកាន់ប្រទេសចិន ដូចជា អង្ករ ផ្លែមៀន និង បណ្ដាផលិតផលកសិកម្មផ្សេងៗទៀត។

មិនត្រឹមតែប៉ុណ្ណោះ សម្ដេចក៏បានស្នើឲ្យប្រទេសចិន បន្តបង្កើនការវិនិយោគនៅក្នុងប្រទេសកម្ពុជានៅពេលខាងមុខនេះ ហើយស្នើឱ្យប្រទេសចិន បង្កើនចំនួនជើងហោះហើររវាងប្រទេសទាំងពីរ ដើម្បីជួយជំរុញវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជាផងដែរ។

ក្រៅពីនេះទៀត សម្ដេចក៏បានស្នើឱ្យចិន ពិចារណាជួយដល់វិស័យថាមពល ដែលជាវិស័យសំខាន់របស់ប្រទេសកម្ពុជា ដើម្បីគាំទ្រដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ជាពិសេសក្នុងស្ថានភាព ដែលមានផលប៉ះពាល់ពីសង្គ្រាមនៅអ៊ុយក្រែន។

លោក វ៉ាង យី បានគូសបញ្ជាក់ថា ចិននឹងផ្ដល់ការគាំទ្រយ៉ាងខ្លាំងដល់ប្រទេសកម្ពុជា។ លោកក៏បានឆ្លៀតយកឱកាសនេះថ្លែងអំណរគុណដល់សម្តេចតេជោ ដែលបន្តមានឆន្ទៈក្នុងការគាំទ្រពីនយោបាយចិនតែមួយ ហើយជាពិសេស ចិននឹងធ្វើអ្វីៗ នឹងព្យាយាមជួយដល់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍប្រទេស។

ពាក់ព័ន្ធនឹងវិស័យវិនិយោគ លោកបានបញ្ជាក់ថា ថ្វីដ្បិតបច្ចុប្បន្ន ប្រទេសចិន មានការវិនិយោគច្រើនជាងគេមែន ប៉ុន្តែប្រទេសចិន និងបន្តការបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយនឹងជំរុញឱ្យសហគមន៍ពាណិជ្ជករបន្តវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ។

ពាក់ព័ន្ធនឹងវ៉ាក់សាំង លោកបានគូសបញ្ជាក់ថា នៅពេលណាកម្ពុជាមានតម្រូវការ ចិននឹងជួយផ្ដល់នៅក្នុងលក្ខណៈអាទិភាពជូនកម្ពុជា។ ពាក់ព័ន្ធនឹងការនាំចូលនូវកសិផលនៃវិស័យកសិកម្មវិញ ចិនពិតជារីករាយនូវការបន្តនាំចូលកសិផល និងផលិតផលពីប្រទេសកម្ពុជា ដោយបញ្ជាក់ថា ប្រទេសចិន ជាទីផ្សារធំ ដូច្នេះហើយអាចមានតម្រូវការច្រើន។ ពាក់ព័ន្ធនឹងជើងហោះហើរ លោកមានប្រសាសន៍ថា ជើងយន្តហោះ បានត្រឡប់មកធម្មតាវិញហើយ ហើយចិននឹងពិចារណាក្នុងការបង្កើនជើងហោះហើររវាងប្រទេសទាំងពីរ។

ពាក់ព័ន្ធនឹងវិស័យថាមពល ភាគីចិន និងពិនិត្យមើលលើករណីនេះ ហើយនឹងសិក្សារួមគ្នា ដើម្បីជំរុញក្នុងវិស័យថាមពលនេះផងដែរ៕

រដ្ឋាភិបាលកំពុងរៀបចំតំបន់ចុងឃ្នៀស ដើម្បីបង្កើនការទាក់ទាញ ភ្ញៀវទេសចរណ៍

ដោយៈ គង់ សូរិយា

       សៀមរាបៈ តំបន់ទេសចរណ៍ចុងឃ្នៀស គឺជាគោលដៅទេសចរណ៍ដ៏ចម្បងមួយនៅក្នុងខេត្តសៀមរាប ដែលជាច្រកទស្សនាមួយក្នុងចំណោមច្រកទាំង៤ សម្រាប់ឱ្យភ្ញៀវទេសចរធ្វើដំណើរ ទៅលេងបឹងទន្លេសាប សត្វស្លាប មច្ឆាជាតិ ព្រៃលិចទឹក ផ្ទះបណ្ដែតទឹកនិងជីវភាពរបស់ប្រជានេសាទ ព្រមទាំងទេសភាពបរិស្ថាន នាបឹងដ៏ធំជាងគេនៅអាស៉ីអាគ្នេយ៍មួយនេះ។

 

យោងតាមឯកសារ ដែលចេញផ្សាយដោយក្រសួងទេសចរណ៍បាន​បង្ហាញថា តំបន់ទេសចរណ៍ចុងឃ្នៀស មានទីតាំងស្ថិតនៅសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប ដោយធ្វើដំណើរចេញពីក្រុងសៀមរាប ទៅទិស​ខាងត្បូងប្រមាណ២០គីឡូម៉ែត្រ ពោលគឺតាមបណ្ដោយដងស្ទឹងសៀមរាបឆ្ពោះទៅភ្នំក្រោម។

ក្រៅពីសហគមន៍ទេសចរណ៍ចុងឃ្នៀស ច្រកទៅទស្សនាបឹងទន្លេ​សា ប ក៏នៅមានសហគមន៍ទេសចរណ៍កំពង់ភ្លុក សហគមន៍ទេសចរណ៍បឹងពារាំង និងសហគមន៍ទេសចរណ៍កំពង់ឃ្លាំង។

បច្ចុប្បន្ននៅតំបន់ទេសចរណ៍ចុងឃ្នៀសនេះ ត្រូវបានរាជរដ្ឋាភិបាលចាត់ឱ្យបន្តអភិវឌ្ឍកំពង់ផែទេសចរណ៍ ឱ្យស្របតាមស្តង់ដា និងត្រូវសិក្សារៀបចំប្លង់ និងផែនការអភិវឌ្ឍន៍កំពង់ផែចុងឃ្នៀស សម្រាប់រយៈពេលខ្លី មធ្យម និងវែង។

ដើម្បីចូលរួមអនុវត្តតាមផែនការមេ អភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ២០២១-២០៣៥ នារសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយថ្នាក់ដឹកនាំក្រសួងទេសចរណ៍ អភិបាលរងខេត្តសៀមរាប ប្រធានមន្ទីរទេសចរណ៍ខេត្ត ប្រធានគ្រឹះស្ថានអង្គរ មន្ត្រីពាក់ព័ន្ធ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ បានចុះជួបសំណេះសំណាល ជាមួយសមាគមនៅចុងឃ្នៀសនេះ ដើម្បីស្ដាប់នូវតម្រូវការនិងសំណូមរបស់ប្រជាជននៅតំបន់នោះ។

លោករដ្ឋមន្រ្តី រួមជាមួយប្រជាជន សមាគម និងមន្ត្រីទទួលបន្ទុកបានលើកនូវបញ្ហានិងសំណូមពរមួយចំនួន និងបានណែនាំឱ្យមន្ត្រីពាក់ព័ន្ធលើកយកបញ្ហា តម្រូវការ និងសំណូមពររបស់ប្រជាជន ដើម្បីបើកកិច្ចប្រជុំពិភាក្សាបន្តដោះស្រាយជូនប្រជាជន។

លោកថោង ខុន បានលើកទឹកចិត្តឱ្យអ្នកបើកកាណូតជូនភ្ញៀវ និងមន្ត្រីនៃគ្រឹះស្ថានអង្គរ ត្រូវបង្កើនការរៀបចំឱ្យមានភាពស្អាត អនាម័យ ទុក​ដាក់សំរាមឱ្យបានល្អ ពិសេសត្រូវមានបដិសណ្ឋារកិច្ចល្អជូនភ្ញៀវ រួមគ្នាកែលម្អនូវអ្វីដែលជាចំណុចខ្វះចន្លោះ។

ក្រៅពីនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានជំរុញឱ្យបង្កើនការការពារសុវត្ថិភាពជូនភ្ញៀវទេសចរ រាល់ពេលធ្វើដំណើរទៅទស្សនា កុំឱ្យមានគ្រោះថ្នាក់ដល់ភ្ញៀវទេសចរ ដាច់ខាតត្រូវគិតពីសុវត្ថិភាពជាចម្បង។

ជាមួយគ្នានេះ លោក អ៉ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានឱ្យដឹងបន្ថែមថា ក្នុងនាមអាជ្ញាធរដែនដី រដ្ឋបាលខេត្តសៀមរាបនឹងរៀបចំឱ្យមានកិច្ចប្រជុំជាបន្ទាន់ជាមួយតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ រួមជាមួយតំណាងប្រជាពលរដ្ឋផងដែរ ដើម្បីពិភាក្សាដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ នៅតំបន់ទេសចរណ៍ចុងឃ្នៀស ឱ្យស្របទៅតាមគោលនយោបាយជាតិ ដើម្បីលើកស្ទួយវិស័យទេសចរណ៍នៅក្នុងខេត្ត ក៏ដូចជាតំបន់ចុងឃ្នៀស បង្កើនភាពទាក់ទាញភ្ញៀវទេសចរឱ្យទៅលេងបឹងទន្លេសាប។

លោកបន្តថា ខណៈដែលវិបត្តិកូវីដ១៩ ស្ថិតក្នុងស្ថានភាពគ្រប់គ្រងបានយ៉ាងល្អនេះ ការលើកស្ទួយវិស័យទេសចរណ៍ គឺជាការងារដ៏សំខាន់ក្នុងជំរុញសេដ្ឋកិច្ចក្នុងខេត្តសៀមរាប និងជីវភាពរបស់ប្រជាជនក្នុងខេត្ត។

លោក អ៉ឹង គឹមលាង ក៏នឹងពិនិត្យការងារជាមួយក្រុមហ៊ុន ប្រមូលសំរាមឡើងវិញ ដើម្បីបង្កើនការយកចិត្តទុកដាក់ ក្នុងការប្រមូលសំរាមពីតំបន់ចុងឃ្នៀសនេះ រួមចំណែកធ្វើឱ្យមានភាពស្អាត ក្នុងតំបន់ទេសចរណ៍នាបឹងទន្លេសាបមួយនេះ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានផ្ដល់អនុសាសន៍ ជំរុញឱ្យបង្កើនការទាក់ទាញទេសចរផ្ទៃក្នុង និងទេសចរមកពីប្រទេសជិតខាងនិងក្នុងតំបន់ ពីព្រោះក្នុងដំណាក់កាលកូវីដ១៩នេះ មានតែភ្ញៀវទេសចរផ្ទៃក្នុង និងភ្ញៀវទេសចរមកពីប្រទេសជិតខាងទេ ដែលមានលទ្ធភាពច្រើនក្នុងការមកទស្សនាកម្ពុជា នាំមកនូវប្រាក់ចំណូលខ្លះៗជូនប្រជាជនឡើងវិញ៕