រដ្ឋាភិបាលកូរ៉េប្ដេជ្ញាជួយក្រុមហ៊ុនសាងសង់ក្នុងស្រុកឱ្យទទួលបានកិច្ចសន្យាក្រៅប្រទេស៥០ពាន់លានដុល្លារក្នុងមួយឆ្នាំៗ

ដោយៈ សុខុម

សេអ៊ូល: ក្រសួងហេដ្ឋារចនាសម្ព័ន្ធរបស់កូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃច័ន្ទ ទី១៨ ខែកក្កដា ថា រដ្ឋាភិបាលនឹងជួយបណ្ដាក្រុមហ៊ុនសាងសង់ក្នុងស្រុក ឱ្យទទួលបានកិច្ចសន្យាសាងសង់ក្រៅប្រទេស ដែលមានទំហំទឹកប្រាក់សរុប៥០ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។

ការជួយជ្រោមជ្រែងនេះ គឺជាផ្នែកនៃគំនិតផ្តួចផ្តើមគោលនយោបាយដ៏ទូលំទូលាយ ដើម្បីស្តារឡើងវិញនូវឧស្សាហកម្មក្នុងស្រុក ដែលមិនទាន់បានស្ទុះងើបឡើងវិញជាច្រើនឆ្នាំមកហើយ។

ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននិយាយថា បណ្ដាក្រុមហ៊ុនសាងសង់ក្នុងស្រុក ដែលមានសមត្ថភាពខ្ពស់ និងទំនើបកម្មកម្មជាងគេនឹងអាចបំពេញតម្រូវការ សំណង់នៅក្រៅប្រទេសបាន ជាពិសេសតម្រូវការពីប្រទេសអ៊ុយក្រែន និងប្រទេសអ៊ីរ៉ាក់ ដែលត្រូវបានហែកហួរដោយសង្រ្គាម ក្នុងចំណោមប្រទេសផ្សេងទៀត ដែលត្រូវការការរៀបចំផែនការក្រុងកម្រិតខ្ពស់។

ក្រសួងនិយាយថា ខ្លួនអាចផ្តល់ “កញ្ចប់សាងសង់” ដែលគ្របដណ្តប់លើការស្ថាបនាផ្លូវដែក អាកាសយានដ្ឋាន និងទីក្រុងនានា។ ក្រសួងបានបន្ថែមថា ការធ្វើផែនការទីក្រុង ដោយប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃ និងបង្កើតទេសភាពស្រស់ស្អាត សុទ្ធតែមានតម្រូវការខ្ពស់ ហើយវាជាវិស័យមួយដែលប្រទេសកូរ៉េខាងត្បូង មានជំនាញច្បាស់លាស់ជាច្រើនឆ្នាំមកហើយ។

រដ្ឋាភិបាលកូរ៉េខាងត្បូង កំពុងស្វះស្វែងស្តារឡើងវិញនូវឧស្សាហកម្មសំណង់ក្នុងស្រុក ដែលការបញ្ជាទិញពីក្រៅប្រទេស បានធ្លាក់ចុះពី៧១,៦ពាន់លានដុល្លារ មកនៅត្រឹម៣០,៦ពាន់លានដុល្លារ ក្នុងឆ្នាំ២០២១។

ក្រសួងនេះ បានសុំផ្ដល់ជំនួយដល់ប្រទេសអ៊ុយក្រែន នៅក្នុងការកសាងប្រទេសឡើងវិញ បន្ទាប់ពីលោក Won Hee-ryong រដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនបានជួបជាមួយក្រុមសមាជិកសភា និងឯកអគ្គរដ្ឋទូតនៃប្រទេសអឺរ៉ុបខាងកើតមួយនេះ៕ Korea Times៕

រដ្ឋាភិបាលដាក់ចេញផែនការសកម្មភាពបច្ចេកវិទ្យាចំនួន១០ដើម្បីអនុវត្តន៍បច្ចេកវិទ្យាមេត្រីភាពបរិស្ថានៅខេត្តព្រះសីហនុ

ដោយៈ ជេស៊ីកា

ព្រះសីហនុៈ រដ្ឋាភិបាលតាមរយៈក្រសួងបរិស្ថាន បានដាក់ចេញផែនការសកម្មភាពបច្ចេកវិទ្យា១០ចំណុច ដើម្បីអនុវត្តន៍គម្រោងវាយ​តម្លៃតម្រូវ​ការបច្ចេកវិទ្យាមេត្រីបរិស្ថាន (TNA) ដើម្បីគាំទ្រដល់ការអនុវត្តបច្ចេកវិទ្យាមេត្រីភាពបរិស្ថាន សម្រាប់តំបន់សេដ្ឋកិច្ច​ពិសេស​នៅខេត្តព្រះសីហនុ។

ផែនការសកម្មភាពនេះ ត្រូវបានដាក់ចេញសិក្ខាសិក្ខាសាលាស្តីពី ការផ្តល់សុពលភាពលើផែនការ សកម្មភាពបច្ចេកវិទ្យានៃគម្រោង TNA កាលពី​ថ្ងៃ​​ទី១៥ ខែកក្កដា ឆ្នាំ២០២២កន្លងមកនេះ។

ក្រុមមន្រ្តីបានសម្រេចផ្តល់សុពលភាព លើផែនការសកម្មភាពបច្ចេកវិទ្យាទាំង ១០ រួមមានដូចជា ទី១ ​ការប្រើប្រាស់​អំពូល​​ភ្លើងសន្សំសំចៃអគ្គិសនី (LED) ទី២ ការកែលម្អការគ្រប់គ្រងអគ្គិសនីតាមប្រព័ន្ធ ISO50001 ទី៣ ការប្រើប្រាស់​សូឡា​ PV នៅលើដំបូលអគារ ទី៤ ការដុតជីវម៉ាសដើម្បីបង្កើតកំដៅ ទី៥ ការបម្លែងសំណល់ប្លាស្ទិកទៅជាឥន្ធនៈ។

ទី៦ ការ​ធ្វើ​​ជីកំប៉ុស្ត ទី៧ ការប្រើប្រាស់ឡើងវិញនូវទឹកកខ្វក់ ដែលបានឆ្លងកាត់អាងប្រព្រឹត្តកម្មគីមី ទី៨ ការបំពាក់នាឡិកា​ទឹក និងបរិក្ខារលាងសម្អាតដែលសន្សំសំចៃទឹក ទី៩ ការត្រងទឹកភ្លៀងពីដំបូលអគារ និងទី១០ ផែនការគ្រប់គ្រង​គ្រោះ​​មហន្តរាយ។

គម្រោង TNA បានទទួល​​ការគ្រាំអនុវត្ត ​និងបច្ចេកទេស​ដោយមូលនិធិអាកាស​ធាតុបៃតង​(GCF) ​និងក្រុមហ៊ុន​ទីប្រឹក្សា​ (Climate Smart Initiative)។

អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្ត នៃក្រសួងបរិស្ថាន លោកវ៉ាន់ មុនីនាថ បានឱ្យដឹងថា គម្រោង TNA នេះនឹងផ្តល់ឱកាសដ៏ល្អសម្រាប់ប្រទេសកម្ពុជា ក្នុងការកៀរគរថវិកាស​ម្រាប់អនុវត្ត​សកម្ម​ភាព​ឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងរួមចំណែកដល់​ការអភិវឌ្ឍខេត្តព្រះសីហនុ ​ប្រកបដោយ​ចីរភាព និងប្រែក្លាយខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចគំរូពហុបំណងមេត្រីបរិស្ថានផងដែរ៕

មហាយក្សចិនដាក់ឱ្យដំណើរការអាកាសយានដ្ឋានថ្មីជាមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញអាជីពដំបូងបង្អស់នៅអាស៊ី

ដោយៈ សុខុម

ប៉េកាំង: យន្តហោះដឹកទំនិញប្រភេទ Boeing 767-300 បានហោះចេញពីអាកាសយានដ្ឋាន Ezhou Huahu ក្នុងខេត្តហ៊ូប៉ី (Hubei) ភាគកណ្តាលប្រទេសចិន កាលពីព្រឹកថ្ងៃអាទិត្យ ទី១៧ ខែកក្កដា នៅពេលអាកាសយានដ្ឋាន ដែលជាមជ្ឈមណ្ឌលដឹកទំនិញអាជីពដំបូងគេរបស់ប្រទេសនេះ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ។

ដោយមានទីតាំងស្ថិតនៅក្នុងទីក្រុងអឺចូវ (Ezhou)អាកាសយានដ្ឋានក្រោមទុនវិនិយោគ៥,៩ពាន់លានដុល្លារអាមេរិក នេះក៏ជាមជ្ឈមណ្ឌលដឹកទំនិញអាជីពដំបូងគេនៅអាស៊ី និងជាព្រលានយន្តហោះប្រភេទនេះទី៤ ក្នុងពិភពលោកផងដែរ។ នេះបើយោងតាមសារព័ត៌មាន The Nation ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី១៨ ខែកក្កដា។

អាកាសយានដ្ឋានថ្មីនេះ មានចំណតដឹកទំនិញទំហំ២៣.០០០ម៉ែត្រការ៉េ មជ្ឈមណ្ឌលដឹកជញ្ជូនទំនិញមួយ ដែលមានទំហំជិត៧០០.០០០ម៉ែត្រការ៉េ បង្គោលចំណត (Parking Stand) ចំនួន១២៤បង្គោល និងផ្លូវយន្តហោះរត់ចំនួន២។

តាមការរំពឹងទុក អាកាសយានដ្ឋានថ្មីនេះ នឹងធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព នៃការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស និងលើកកម្ពស់បន្ថែមទៀតនូវការបើកទូលាយរបស់ប្រទេសចិន។

លោក Su Xiaoyan នាយកជាន់ខ្ពស់ផ្នែកផែនការ និងអភិវឌ្ឍន៍នៃអាកាសយានដ្ឋាននេះបាននិយាយថា ប្រតិបត្តិការនៃអាកាសយានដ្ឋាន Ezhou Huahu គឺស្របតាមតម្រូវការនៃការអភិវឌ្ឍរបស់ប្រទេសចិន។

យោងតាមការិយាល័យប្រៃសណីយ៍រដ្ឋ (State Post Bureau) របស់ចិន ឱ្យដឹងថា ចំនួនកញ្ចប់ទំនិញដែលទទួលរ៉ាប់រង ដោយបណ្ដាក្រុមហ៊ុនដឹកជញ្ជូននានារបស់ប្រទេសចិន បានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ពោលគឺរហូតដល់ទៅជាង១០៨ពាន់លានកញ្ចប់ ហើយតាមការរំពឹងទុកកំណើននេះ នឹងរក្សាបានដដែលនៅក្នុងឆ្នាំ២០២២នេះ៕ The Nation៕

តម្លៃដីធ្លីក្នុងខេត្តកំពង់ស្ពឺបន្តកើនឡើងស្របនឹងសន្ទុះនៃការវិនិយោគថ្មីៗ

ដោយៈវឌ្ឍនៈ

កំពង់ស្ពឺៈ ក្នុងឆ្នាំ ២០២២នេះការវិនិយោគគម្រោងថ្មីៗ នៅក្នុងខេត្តកំពង់ស្ពឺឃើញថា មានកំណើនគួរឱ្យកត់សម្គាល់ ដោយភាគច្រើនជាងគម្រោងឧស្សាហកម្ម និងកសិ-ឧស្សាហកម្ម ក៏ដូចជាទេសចរណ៍។

កំណើននៃការវិនិយោគទាំងនេះ បានជំរុញឱ្យតម្លៃដីធ្លីនៅក្នុងខេត្តកំព​ង់ស្ពឺបន្តកើនឡើងបន្ថែមទៀត ក្នុងរង្វង់១៥ភាគរយ ក្នុងរយៈពេល៦ខែនេះ ។ នេះ បើតាមអ្នកជំនាញប្រចាំខេត្តកំពង់ស្ពឺ បានប្រាប់គេហទំព័រ Property Area នៅរសៀលថ្ងៃទី១៨ កក្កដា ២០២២នេះ។

លោកបូ សេងហូ ប្រធានសាខានៃក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តកំពង់ស្ពឺបានឱ្យដឹងថា ក្នុងរយៈពេល៦ខែកន្លងមកនេះ តម្លៃដីធ្លីនៅក្នុងខេត្តកំពង់ស្ពឺ ឃើញថានៅតែបន្តកើនឡើងបន្ថែមទៀត ស្របជាមួយនឹងកំណើន នៃការវិនិយោគនៅក្នុងខេត្តមួយនេះ ។

លោកបន្តថា “តំបន់ដែលសង្កេតឃើញថា មានការទិញលក់និងមានតម្រូវការខ្ពស់ សម្រាប់អភិវឌ្ឍន៍នានា ស្ថិតនៅតាមបណ្ដោយផ្លូវ៤១ ក្នុងស្រុកគងពិសី និងបណ្ដាផ្លូវសំខាន់ៗដូចជាផ្លូវ៤៤ ផ្លូវ៥១ ក្នុងស្រុកឧត្តុងជាដើម”។

លោកបន្តថា “ប្រជាពលរដ្ឋជាម្ចាស់ដីនៅតំបន់ទាំងនោះ ប្រកាសលក់ដីតាំងពីឆ្នាំមុន ហើយតម្លៃដីវិញ ក៏ពួកគាត់បានដំឡើងខ្ពស់ជាងកាលពីឆ្នាំមុនដែរ ដែលធ្វើឱ្យការដោះដូរមិនសូវត្រូវរ៉ូវគ្នាប៉ុន្មានទេ តែសម្រាប់អ្នកដែលទិញហើយអភិវឌ្ឍន៍តែម្ដង ដូចជាមិនសូវពិបាកក្នុងការចរចាឡើយ”។

លោកបន្ថែមថា នៅឆ្នាំក្រោយៗនៅក្នុងខេត្តកំពង់ស្ពឺ នឹងកាន់តែមានការវិនិយោគខ្លាំងបន្ថែមទៀត ហើយលឺដំណឹងថានឹងមានវិនិយោគិនបរទេ​សជាច្រើនចូលមកកាន់ខេត្តនេះ ដើម្បីស្វែងរកការវិនិយោគទៅលើវិស័យកសិកម្មផងដែរ ខណៈកម្ពុជាទទួលបានកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីជាបន្តបន្ទាប់ជាមួយនឹងប្រទេសជាដៃគូ។

ដូច្នេះវិនិយោគិននឹងចូលមកវិនិយោគកសិកម្ម ហើយនាំចេញទៅកាន់ប្រទេស កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ។

លោកបន្ថែមទៀតថា សម្រាប់អ្នកមានលុយ អាចទិញដីនៅកំពង់ស្ពឺទុក សម្រាប់ត្រៀមផ្ដល់ជូនវិនិយោគិនបរទេសនៅពេលអនាគត ដើម្បីរកប្រាក់ចំណេញនៅពេលវិនិយោគិនទាំងនោះ ចូលទៅកាន់ខេត្តកំពង់ស្ពឹជាពិសេសវិនិយោគិនចិន ដែលនឹងត្រលប់ចូលមកកម្ពុជាឡើងវិញ ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកច្រឹក សុខនីមបានមានប្រសាសន៍ថា យ៉ាងយូរនៅដើមឆ្នាំក្រោយលោករំពឹងថាវិនិយោគិនបរទេស នឹងចូលមកកម្ពុជាឡើងវិញ ដើម្បីស្វែងរកការវិនិយោគទៅតាមបទពិសោធន៍ និងផែនការរបស់ពួកគេ ហើយពេលនោះដែរខេត្តកំពង់ស្ពឺ ក៏នឹងទទួលបានការវិនិយោគច្រើន នៅពេលបរទេសចូលមកកម្ពុជាឡើងវិញ៕

រដ្ឋាភិបាលអនុម័តគំរោងវិនិយោគថ្មីតម្លៃជិត១០០លានដុល្លារអាមេរិក

ដោយៈ សុផារី

ភ្នំពេញ: ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នេះ បានសម្រេចអនុម័តគម្រោងវិនិយោគចំនួន៤ បន្ថែមទៀត ដែលមានទឹកប្រាក់សរុបចំនួន៩៦,៨លានដុល្លារអាមេរិក។

តបតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញា​បនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

ទី១-ក្រុមហ៊ុន “L-Q New Energy CO., LTD.” គម្រោងបង្កើតរោងចក្រផលិតបន្ទះសូឡា ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល ខេត្តក្រចេះ មានទុនវិនិយោគចំនួន៨៤,៥លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ១.០០០នាក់។

ទី២-ក្រុមហ៊ុន “Eastcam Casting Co., Ltd.” គម្រោងបង្កើតរោងចក្រផលិតនិងកែច្នៃបំពង់ទីបដែក និងកែច្នៃដំណរបំពង់ទីបដែកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សានដុង សាន់សែល ស្វាយរៀង ខេត្តស្វាយរៀង មានទុនវិនិយោគចំនួន៥,៨លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ២០០នាក់។

ទី៣ ក្រមហ៊ុន- “MEGA HARDWOOD CO., LTD” គម្រោងបង្កើតរោងចក្រផលិតក្តាប៉ាកេ និងក្តារបន្ទះ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន៥លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ៣០០នាក់។

ទី៤-ក្រុមហ៊ុន “XIN JIN WEI GARMENT (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន១,៥លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ៥៥០នាក់៕

IMFព្រមានថាករណីរបស់ស្រីលង្កាជាឧទាហរណ៍សម្រាប់ប្រទេសមានកម្រិតបំណុលខ្ពស់ផ្សេងទៀត

ដោយ៖ សហការី

ស្រីលង្កា ៖ ប្រទេស​ស្រី​លង្កា​កំពុង​ស្ថិត​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ជ្រៅ​មិន​ធ្លាប់​មាន​ពី​មុន​មក បង្ក​ឱ្យ​មានការ​តវ៉ា​ដ៏​ធំ​នៅ​ទូ​ទាំង​ប្រទេស​។ ​ក្នុង​នោះ យើង​បានឃើញ​ប្រធានាធិបតី​ប្រទេស​នេះ លាលែង​ពី​តំណែង បន្ទាប់​ពី​ភៀសខ្លួន​ចេញពី​ប្រទេស​កំណើត​របស់​ខ្លួន​។ ប៉ុន្តែ​បណ្តា​ប្រទេស​មាន​កម្រិត​បំណុល​ខ្ពស់​ផ្សេង​ទៀត ក៏​អាច​ប្រឈម​មុខ​នឹង​បញ្ហា​ស្រ​ដៀង​នឹង​ករណី​ប្រទេស​ស្រី​លង្កា​ផង​ដែរ​។

នេះ​បើ​យោង​តាម​សារ​ព្រមាន​របស់​ប្រធាន​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ហៅ​កាត់​ថា IMF​។

លោកស្រី Kristalina Georgieva នាយក​គ្រប់គ្រង IMF បាន​លើក​ឡើង​កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា ថា បណ្តា​ប្រទេស​មាន​កម្រិត​បំណុល​ខ្ពស់ និង​ទំហំ​គោលនយោបាយ​មាន​ដែន​កំណត់​នឹង​ប្រឈម​មុខ​នឹង​បញ្ហា​បន្ថែម​ ដោយ​មើលទៅ​មិន​ឆ្ងាយ​ជាង​ប្រទេស​ស្រី​លង្កា ដែល​ជា​សញ្ញា​ព្រមាន​នោះ​ទេ​។

លោកស្រី​បន្ត​ថា ប្រទេស​កំពុង​អភិវឌ្ឍន៍​ក៏​បាន​ជួប​ប្រទះ​នឹង​លំហូរ​ចេញ​នៃ​មូលធន​ប្រកបដោយ​និរន្តរភាព​សម្រាប់​រយៈពេល​៤​ខែ​ជាប់​ៗ​គ្នា​។ ដែល​ធ្វើ​ឱ្យ​សុបិន​ក្នុង​ការ​តាម​ទាន់​បណ្តា​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន​របស់​ពួក​គេ ស្ថិត​នៅ​ចំណុច​ហានិភ័យ​។

ស្រី​លង្កា​កំពុង​តស៊ូ​ក្នុង​ការ​ចំណាយ​ លើ​ការ​នាំ​ចូល​សំខាន់​ៗ​ ដូច​ជា ​អាហារ ប្រេងឥន្ធនៈ និង​ថ្នាំពេទ្យ​សម្រាប់​ប្រជាជន​ប្រមាណ​២២​លាន​នាក់​របស់​ខ្លួន​។ ខណៈ​ដែល​ប្រទេស​នេះ ក៏​កំពុង​ទប់ទល់​នឹង​វិបត្តិ​រូបិយប័ណ្ណ​បរទេស​។ ដែល​នាំ​ឱ្យ​អតិផរណា​កើនឡើង​ប្រហែល៥០% ជាមួយនឹង​តម្លៃ​ម្ហូបអាហារ ៨០% ខ្ពស់​ជាង​ឆ្នាំ​មុន​។

ប្រាក់​រូពី​ស្រី​លង្កា​បាន​ធ្លាក់​ចុះ​តម្លៃ​ធៀប​នឹង​ប្រាក់​ដុល្លារ​អា​មេ​រិ​ក និង​រូបិយប័ណ្ណ​សកល​សំខាន់​ៗ​ផ្សេង​ទៀត​នៅ​ឆ្នាំ​នេះ​។ ចំ​ពេល​គ្រប់​គ្នា​បាន​ស្តីបន្ទោស​អតីត​ប្រធានាធិបតី Gotabaya Rajapaksa ចំពោះ​គោលនយោបាយ​ចាត់ចែង​សេដ្ឋកិច្ច​មិន​ត្រឹមត្រូវ​។

ស្រប​ពេល​នៅ​រយៈពេល​ច្រើន​ឆ្នាំ​មកនេះ ស្រី​លង្កា​បាន​បង្កើត​បំណុល​ដ៏​ច្រើន​គួរ​ឱ្យ​កត់សម្គាល់​។ ខណៈ​ដែល​កាលពី​ខែ​មុន ប្រទេស​នេះ បាន​ក្លាយជា​ប្រទេស​ដំបូង​គេ​នៅ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ក្នុង​រយៈពេល​២០​ឆ្នាំ​ចុង​ក្រោយ ដែល​គ្មាន​លទ្ធភាព​សងបំណុល​បរទេស​។ ហើយ​ក្រុម​មន្ត្រី​បាន​នឹង​កំពុង​ចរចា​ជាមួយ IMF សម្រាប់​ជំនួយ​សង្គ្រោះ​ប្រមាណ​​៣​ពាន់​លាន​ដុល្លារ​។ ប៉ុន្តែ​ការ​ចរចា​ទាំងនោះ​បច្ចុប្បន្ន​ត្រូវ​ជាប់​គាំង ចំ​ពេល​មាន​ភាព​ចលា​ចល​ផ្នែក​នយោបាយ​៕

 

 

តំបន់ជាយក្រុងកាន់តែទាក់ទាញ ក្រោយអ្នកឧកញ៉ាមួយរូបប្រកាសសាងសង់គម្រោង​មជ្ឈមណ្ឌលរៀបអាពាហ៍ពិពាហ៍២បន្ថែមទៀត

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ អ្នកឧកញ៉ា ហុង ពីវ​ ម្ចាស់បុរីពិភពថ្មី ដែលជាអ្នកអភិវឌ្ឍន៍លំនៅឋានមួយរូបនៅក្នុងប្រទេសកម្ពុជា បានប្រកាសពីការបណ្ដាក់ទុនវិនិយោគ លើអគារមជ្ឈមណ្ឌលរៀបអាពាហ៍ពិពាហ៍បន្ថែមទៀតនៅក្នុងគម្រោងចំនួនពីរ ដែលជំរុញតំបន់ជាយក្រុងឱ្យកាន់តែទាក់ទាញបន្ថែម។

បើតាមអ្នកឧកញ៉ា ហុង ពីវ​ បានប្រកាសនៅតាមបណ្ដាញសង្គមហ្វេសប៊ុករបស់លោកផ្ទាល់ថា ដោយសារតែកំណើនប្រជាពលរដ្ឋរស់នៅគម្រោងអភិវឌ្ឍន៍ នៅតំបន់ជាយក្រុងកាន់តែច្រើន ធ្វើឱ្យតម្រូវការសេវាកម្មក៏មានកំណើន។ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ដែលមានតម្រូវការរៀបចំពិធីផ្សេងៗ ជាពិសេសពិធីរៀបមង្គលការ លោកបានសម្រេចបណ្ដាក់ទុនវិនិយោគ លើអគារមជ្ឈមណ្ឌលអាពាហ៍ពិពាហ៍ នៅតំបន់កំបូល និងតំបន់គួរស្រូវ។

អ្នកឧកញ៉ាបានប្រកាសថា គម្រោងវិនិយោគនេះនឹងចាប់ផ្ដើមនៅចុងឆ្នាំ២០២២នេះ ខណៈគម្រោងផ្សារ សាលារៀនបានដាក់ដំណើរការនៅគ្រប់គម្រោង នៅតំបន់ជាយក្រុងរួចហើយនោះ។

អ្នកជំនាញវិស័យអចលនទ្រព្យ បានមើលឃើញថា តំបន់ជាយរាជធានីភ្នំពេញ មានការអភិវឌ្ឍខ្លាំងទៅលើលំនៅឋាន ជាពិសេសលំនៅឋានសម្រាប់អ្នកមានចំណូលមធ្យម ដែលធ្វើឱ្យតំបន់ជាយក្រុងទាំងនោះកាន់តែមានភាពអ៊ូរអ និងធ្វើឱ្យតម្រូវការសេវាកម្មនានា នៅក្នុងតំបន់ទាំងនោះ ក៏មានកំណើនឡើងដូចគ្នា។

ទន្ទឹមនឹងនោះដែរ ការអភិវឌ្ឍលំនៅឋាន នៅតំបន់ជាយក្រុង នឹងនាំមកនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា កាន់តែមមាញឹក និងកាន់តែរីកចម្រើនបន្ថែម ដែលធ្វើឱ្យរាជធានីភ្នំពេញកាន់តែរីកសាយ ទៅកាន់តំបន់ជាយក្រុង ហើយកាត់យកផ្នែកខ្លះនៃខេត្តជាប់រាជធានីភ្នំពេញ មកក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ។

ការអភិវឌ្ឍលំនៅឋានរបស់បុរីមួយចំនួន នាពេលបច្ចុប្បន្ននេះ បានផ្ដល់លក្ខខណ្ឌងាយៗដល់អ្នកទិញផ្ទះ សម្រាប់ស្នាក់នៅ និងវិនិយោគ ដោយមិនទាមទារប្រាក់កក់អ្វីនោះឡើយ ពោលគឺឱ្យតែមានប្រាក់បង់ប្រចាំខែ គឺអាចទិញផ្ទះបានហើយ ធ្វើឱ្យកំណើនអ្នកទិញផ្ទះតម្លៃសមរម្យនៅរាជធានីភ្នំពេញ កាន់តែច្រើន និងមានការដោះដូរក៏កាន់តែខ្លាំងផងដែរ៕

China urges banks to extend loans for real estate projects amid mortgage boycotts

SHANGHAI: Chinese regulators on Sunday (Jul 17) urged banks to extend loans to qualified real estate projects and meet developers financing needs where reasonable, in their latest effort to ease concerns triggered by a widening mortgage-payment boycott on unfinished houses.

 

The remarks by the China Banking and Insurance Regulatory Commission (CBIRC) came after a growing number of home buyers across China threatened to stop making their mortgage payments for stalled property projects, aggravating a real estate crisis that has already hit the economy.Investors have continued to dump Chinese banking stocks as well as developers’ shares and bonds, even after the CBIRC vowed on Thursday to strengthen its coordination with other regulators to “guarantee the delivery of homes”.

In an interview with the official China Banking and Insurance New on Sunday, the CBIRC reiterated that it will support local governments to promote home delivery, and expressed confidence that with concerted efforts, “all the difficulties and problems will be properly solved.”More specifically, the regulator urged banks to “shoulder social responsibility” and actively participate in the study of plans to fill the funding gap, so that the construction of stalled real estate projects can be resumed swiftly and homes can be delivered to buyers early.

 

It also urged banks to strengthen communication with mortgage clients and support acquisitions of real estate projects to help stabilise the property market.

 

In addition, the watchdog said that financial risks in the northeastern province of Liaoning has been growing recently but were under control, and the government will take measures to prevent risks at China’s small lenders.

 

Source: Reuter

ការអភិវឌ្ឍអចលនទ្រព្យនៅតាមបណ្ដោយផ្លូវក្រវ៉ាត់ក្រុងទី៣កំពុងមានសន្ទុះខ្លាំង

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ស្របនឹងមានការអភិវឌ្ឍទីក្រុងភ្នំពេញកាន់តែខ្លាំង តំបន់ជាយក្រុងក៏ទទួលបានផលផ្កាផ្លែ និងមានការចាប់អារម្មណ៍កាន់តែខ្លាំង ពីសំណាក់វិនិយោគិនអចលនទ្រព្យ។ បច្ចុប្បន្ន គេសង្កេតឃើញថា ផ្លូវក្រវ៉ាត់ក្រុងទី៣ក៏កំពុងទទួលបានការវិនិយោគលើអចលនទ្រព្យកាន់តែមានខ្លាំង ទាំងលំនៅឋាននិងឧស្សាហកម្ម។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា វិស័យអចលនទ្រព្យបានក្លាយជាទិសដៅសំខាន់មួយ និងជាសរសរស្ដម្ភសំខាន់មួយក្នុងការរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ គោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏បានធ្វើឱ្យការអភិវឌ្ឍអចលនទ្រព្យកាន់តែមានកំណើនឡើងខ្ពស់ផងដែរ ក្នុងនោះ រាជធានីភ្នំពេញក៏បានរីកលូតលាស់កាន់តែធំឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

លោកបន្តថា ការអភិវឌ្ឍរាជធានីភ្នំពេញកាន់តែធំឡើងនេះ បានធ្វើឱ្យតំបន់នៅជាយក្រុងនៃរាជធានីភ្នំពេញមានសន្ទុះ និងចំណាប់អារម្មណ៍កាន់តែខ្លាំង។ ជាក់ស្ដែង ផ្លូវក្រវ៉ាត់ក្រុងទី៣បានក្លាយជាចំណាប់អារម្មណ៍កាន់តែខ្លាំង ពីសំណាក់វិនិយោគិនអចលនទ្រព្យ និងជំរុញឱ្យវិនិយោគិនទៅអភិវឌ្ឍនៅតាមបណ្ដោយនៃផ្លូវក្រវ៉ាត់ក្រុងទី៣កាន់តែច្រើន ជាពិសេសទៅលើលំនៅឋាន និងឧស្សាហកម្ម។

លោកបន្តទៀតថា ទីក្រុងភ្នំពេញជាទីក្រុងវ័យចំណាស់មួយនៅលើពិភពលោក និងទទួលបានកំណើនប្រជាពលរដ្ឋរស់នៅកាន់តែច្រើន ពីមួយឆ្នាំទៅមួយឆ្នាំ។ ដើម្បីបំពេញតម្រូវការប្រជាពលរដ្ឋ រាជធានីភ្នំពេញបានចាប់ផ្ដើមរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ និងពង្រីកផ្ទៃដីឱ្យកាន់តែធំ ដោយចាប់យកផ្នែកខ្លះ នៃខេត្តកណ្ដាលមកនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលក្រុងភ្នំពេញ ហើយអនាគតនឹងអាចយកផ្នែកខ្លះនៃខេត្តផ្សេងទៀតផងដែរ។

លោកបន្ថែមថា ក្នុងពេលបច្ចុប្បន្ននេះ ការអភិវឌ្ឍភាគច្រើននៅលើផ្លូវក្រវ៉ាត់ក្រុងទី៣ ដោយទទួលបាននូវការគាំទ្រនិងវិនិយោគទៅលើដីធ្លី និងផ្ទះសំបែង ដែលជាកត្តាជំរុញឱ្យមានការរីកខឿនសេដ្ឋកិច្ចនៅពេលអនាគត។

 

លោក ឌឹត ចណ្ណា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យឡាក់គី ក៏បានមានប្រសាសន៍ដែរថា ការរីកចម្រើននៃទីក្រុងភ្នំពេញ ឃើញថារីកស្ទើរតែ៣៦០ដឺក្រេទៅហើយ ហើយអ្នកវិនិយោគជាច្រើនក៏បានងាកទៅកាន់តំបន់ជាយក្រុងភ្នំពេញ ដោយសំលឹងមើលទៅលើទីតាំងសក្ដានុពលសម្រាប់អភិវឌ្ឍន៍គម្រោងរបស់ពួកគេ។ កត្តាទាំងនេះ បានជំរុញឱ្យតម្លៃដីធ្លីនៅតំបន់ជាយក្រុង កាន់តែមានកំណើនឡើងជាបន្តបន្ទាប់ ហើយក៏នៅតែមានអ្នកស្វែងរកដីធ្លីនៅតំបន់ជាយក្រុង សម្រាប់ការអភិវឌ្ឍ៕

ប្រទេសចិនជំរុញឱ្យធនាគារពង្រីកប្រាក់កម្ចីដល់គម្រោងអចលនទ្រព្យដើម្បីបន្ធូរបន្ថយវិបត្តិជាប់គាំង

ដោយ៖ លាងហួរ

ចិន៖ និយតករចិនបានជំរុញឱ្យធនាគារពង្រីកបន្ថែមនូវប្រាក់កម្ចី ដល់គម្រោងអចលនទ្រព្យទាំងឡាយណា ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងបំពេញតម្រូវការហិរញ្ញប្បទានរបស់អ្នកអភិវឌ្ឍន៍ ដើម្បីបន្ធូរបន្ថយកង្វល់ បង្កឡើងដោយការធ្វើពហិការ លើការបង់រំលោះលើផ្ទះមិនទាន់សាងសង់រួច។

ការកត់សម្គាល់របស់គណៈកម្មការនិយតកម្មធនាគារ និងធានារ៉ាប់រងចិន (CBIRC) បានធ្វើឡើងបន្ទាប់ពីចំនួនអ្នកទិញផ្ទះកើនឡើង នៅទូទាំងប្រទេសចិន បានគម្រាមបញ្ឈប់ការទូទាត់ប្រាក់កម្ចីរបស់ពួកគេ សម្រាប់គម្រោងអចលនទ្រព្យដែលជាប់គាំង ដោយធ្វើឱ្យវិបត្តិអចលនទ្រព្យកាន់តែធ្ងន់ធ្ងរឡើង ដែលប៉ះពាល់ដល់សេដ្ឋកិច្ចរួចទៅហើយ។

វិនិយោគិន បានបន្តទាត់ចោលភាគហ៊ុនធនាគារចិន ក៏ដូចជាភាគហ៊ុន និងប័ណ្ណបំណុលរបស់អ្នកអភិវឌ្ឍន៍ ទោះជា CBIRC បានប្តេជ្ញាកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពង្រឹងការសម្របសម្រួលរបស់ខ្លួន ជាមួយនិយតករផ្សេងទៀតក៏ដោយ។

នៅក្នុងបទសម្ភាសន៍ជាមួយធនាគារ China Banking and Insurance New ជាផ្លូវការ កាលពីថ្ងៃអាទិត្យ CBIRC បានរំលឹកឡើងវិញថា ខ្លួននឹងគាំទ្ររដ្ឋាភិបាលក្នុងតំបន់ ក្នុងការដោះស្រាយបញ្ហាទាំងអស់យ៉ាងត្រឹមត្រូវ។

ពិសេសជាងនេះទៅទៀត និយតករបានជំរុញឱ្យធនាគារនានា មានទំនួលខុសចំពោះសង្គម និងចូលរួមយ៉ាងសកម្ម ក្នុងការសិក្សាអំពីផែនការ ដើម្បីបំពេញគម្លាតមូលនិធិ ដូច្នេះការសាងសង់គម្រោងអចលនទ្រព្យ ដែលជាប់គាំងអាចដំណើរការឡើងវិញ បានយ៉ាងឆាប់រហ័ស ហើយលំនៅដ្ឋានអាចត្រូវបានប្រគល់ឱ្យអ្នកទិញទាន់ពេល៕