លេខាទូតជប៉ុនសរសើរខេត្តព្រះសីហនុថាជាខេត្តល្អស្អាតទាក់ទាញអ្នកវិនិយោគកាន់តែច្រើន

ដោយ៖ សុផារី

ក្រុងព្រះសីហនុ៖ លោក KURIBAYASHI Takanori លេខាទូតទី១ នៃស្ថានទូតជប៉ុន បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ដែលបានអភិវឌ្ឍខេត្តព្រះសីហនុបានល្អស្អាត ដើម្បីទាក់ទាញអ្នកវិនិយោគភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងនិងបណ្តាក់ទុនកាន់តែច្រើនឡើង ដើម្បីឱ្យខេត្តមួយនេះកាន់តែមានការអភិវឌ្ឍបន្ថែមទៀត។

លោកបានលើកឡើងដូច្នេះ ក្នុងឱកាសទស្សនកិច្ចហេដ្ឋារចនាសម្ព័ន្ធ និងស្ថានីយអាងប្រព្រឹត្តកម្មទឹកកខ្វក់នៅក្នុងក្រុងព្រះសីហនុរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ ដើម្បីសិក្សាស្វែងយល់អំពីការអភិវឌ្ឍ នៅក្នុងខេត្តព្រះសីហនុ ក៏ដូចជាការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៧ខ្សែ និងដំណើរការស្ថានីយអាងប្រព្រឹត្តកម្មទឹកកខ្វក់ នៅក្នុងក្រុងព្រះសីហនុ។

ក្នុងដំណើរទស្សនកិច្ចហេដ្ឋារចនាសម្ព័ន្ធ ក្នុងក្រុងព្រះសីហនុ រួមមាន អាងប្រព្រឹត្តកម្មទឹកកខ្វក់ទី១មានសមត្ថភាពចម្រោះទឹកបាន៥.២០០ម៉ែត្រគីបក្នុងមួយថ្ងៃ អាងប្រព្រឹត្តកម្មទឹកកខ្វក់ទី២មានសមត្ថភាពចំរោះទឹកកខ្វក់បាន៧.២០០ម៉ែត្រគីបក្នុងមួយថ្ងៃ ដែលបាននឹងកំពុងដាក់ឱ្យដំណើរការ និងពិនិត្យសកម្មភាពសាងសង់ស្ថានីយអាងប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ ដែលមានសមត្ថភាពចម្រោះទឹក ២ ម៉ឺនម៉ែត្រគីប ក្នុងមួយថ្ងៃ។

លោក ហូ ចាន់ថា អគ្គនាយករង នៃអគ្គនាយកដ្ឋានសំណង់ បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យខេត្តព្រះសីហនុមានការអភិវឌ្ឍរីកចម្រើន ទាំងហេដ្ឋារចនាសម្ព័ន្ធ ការកសាងស្ថានីយអាងប្រព្រឹត្តកម្មទឹកកខ្វក់ សួនច្បារឆ្នេរសាធារណៈ ក៏ដូចជាបន្ទប់អនាម័យបានល្អស្អាត បម្រើឱ្យការអភិវឌ្ឍរបស់ខេត្ត និងទាក់ទាញវិស័យទេសចរណ៍ អ្នកវិនិយោគមកបណ្ដាក់ទុន នៅក្នុងក្រុងនៃខេត្តព្រះសីហនុបន្ថែមទៀត។

លោក KURIBAYASHI Takanori បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាល ក៏ដូចជាលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានខិតខំយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍខេត្តព្រះសីហនុបានល្អស្អាត ក្នុងការទាក់ទាញអ្នកវិនិយោគភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេង និងបណ្តាក់ទុនកាន់តែច្រើនឡើង ដើម្បីឱ្យខេត្តមួយនេះកាន់តែមានការអភិវឌ្ឍបន្ថែមទៀត។ ជាក់ស្ដែង បច្ចុប្បន្នមានផ្លូវល្អធំទូលាយ សំណង់អាគារខ្ពស់ៗ បាននិងកំពុងរីកស្គុះស្គាយ និងបង្កើតឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋកាន់តែប្រសើរឡើង។

ក្រោយពីទស្សនកិច្ចលោកនឹងពាំនាំនូវបញ្ហាប្រឈមនានារបស់ខេត្ត ដែលមានជូនរាជរដ្ឋាភិបាល នៃប្រទេសជប៉ុនជួយបន្ថែម ដើម្បីរឹតចំណងមិត្តភាពសាមគ្គីប្រទេសទាំងពីរ ឱ្យកាន់តែល្អជិតស្និទ្ធថែមទៀតផងដែរ៕

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុមិនត្រឹមតែជួយជំរុញសេដ្ឋកិច្ចថែមទាំងជួយបណ្ដុះទេពកោសល្យកម្មករខ្មែរ

ដោយ៖ សុខុម

ភ្នំពេញ: ការតភ្ជាប់រាជធានីភ្នំពេញ និងខេត្តកំពង់ផែទឹកជ្រៅព្រះសីហនុ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងមិនត្រឹមតែជួយជំរុញសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងរួមចំណែកជួយបណ្ដុះទេពកោសល្យរបស់ពលរដ្ឋខ្មែរ សម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាផងដែរ។

វិនិយោគដោយក្រុមហ៊ុនចិន China Road and Bridge Corporation ការងារស្ថាបនាផ្លូវល្បឿនលឿនប្រវែង១៨៧គីឡូម៉ែត្រនេះ បានចាប់ផ្តើមក្នុងខែមិថុនា ឆ្នាំ២០១៩។ គម្រោងដែលមានតម្លៃ២ពាន់លានដុល្លារអាមេរិក នេះពេលនេះសម្រេចបានជាង៩៤%ហើយ ហើយគ្រោងនឹងបើកដំណើរការសាកល្បងនៅខែកញ្ញាខាងមុខ។

កញ្ញា ញ៉ែម ស្រីពៅ បុគ្គលិកផ្នែកធ្វើតេស្តនៅមន្ទីរពិសោធន៍កណ្ដាលសម្រាប់គម្រោងផ្លូវល្បឿនលឿននេះនិយាយថា ការងាររបស់កញ្ញាមិនត្រឹមតែផ្តល់ប្រាក់បៀវត្សរ៍ល្អដល់កញ្ញាប៉ុណ្ណោះទេ ថែមទាំងផ្ដល់ឱកាសឱ្យកញ្ញាបានអភិវឌ្ឍជំនាញ និងឯកទេសរបស់ខ្លួនទៀតផង។

កញ្ញាស្រីពៅ ដែលបម្រើការងារនៅក្រុមហ៊ុននេះជាង៣ឆ្នាំ បាននិយាយថា ក្រុមបច្ចេកទេសចិន បានបណ្តុះបណ្តាលកញ្ញាពីរបៀបធ្វើតេស្តគុណភាពបេតុង ស៊ីម៉ងត៍ និងថ្ម ហើយពេលនេះកញ្ញាមានសមត្ថភាពអាចធ្វើវាដោយឯករាជ្យគួរឱ្យសរសើរ។

លោក សេង មករា ជាបុគ្គលិកផ្នែកសុវត្ថិភាពនៅកំណាត់ទី៣ នៃផ្លូវល្បឿនលឿននេះបានប្រាប់ទីភ្នាក់ងារព័ត៌មាន Xinhua ថា ការងាររបស់គាត់មានប្រយោជន៍ខ្លាំងណាស់ ក្នុងការអភិវឌ្ឍសមត្ថភាពរបស់គាត់បន្ថែមទៀត ដោយផ្តល់ឱកាសឱ្យគាត់បានរៀនសូត្រពីបច្ចេកវិទ្យា និងវិធីសាស្រ្តថ្មីៗក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។

លោក Hu Zhaoguang អ្នកគ្រប់គ្រងទូទៅនៃការិយាល័យគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ លើកឡើងថា ក្រុមហ៊ុនបានផ្តល់ការងារដល់ប្រជាជនក្នុងមូលដ្ឋាន ដោយផ្អែកលើទស្សនៈ “ឱ្យត្រីហូបផង និងបង្រៀនឱ្យចេះរកត្រីផង”។

អ្នកគ្រប់គ្រងរូបនេះបានបន្ថែមថា ក្រុមហ៊ុនក៏បានដាក់អាទិភាពលើការបំពេញទំនួលខុសត្រូវផ្នែកសង្គម និងការធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនក្នុងមូលដ្ឋានប្រសើរឡើងផងដែរ។

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គឺជាផ្លូវល្បឿនលឿនដំបូងគេបង្អស់នៅកម្ពុជា ហើយវាជាផ្លែផ្កា ដែលដុះចេញពីកិច្ចសហប្រតិបត្តិការស្អិតរមួត រវាងកម្ពុជា និងចិន ក្រោមក្របខណ្ឌនៃគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” របស់មហាយក្សចិន។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា គម្រោងនេះបានបង្កើតការងារជាង៣.០០០កន្លែងសម្រាប់ប្រជាជនកម្ពុជា ហើយវានឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា នៅពេលបើកឱ្យធ្វើចរចាចរណ៍។

ផ្លូវល្បឿនលឿននេះមានប្រវែង១៩០គីឡូម៉ែត្រ មានទទឹង២៤,៥ម៉ែត្រ មានគន្លងផ្លូវ២ទៅ និង២មក ដែលខណ្ឌជែកដោយសួននៅកណ្តាល។ យានយន្តនឹងអាចធ្វើដំណើរក្នុងល្បឿន១០០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយចំណាយពេលត្រឹមតែ២ម៉ោងក្នុងការធ្វើដំណើររវាងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ជំនួសឱ្យរយៈពេល៥ម៉ោងនាពេលបច្ចុប្បន្ន៕ Xinhua៕

ក្រុមហ៊ុនចិនមួយបន្តបោះទុនវិនិយោគលើទីផ្សារលក់រាយទំនិញរួចពន្ធនៅកម្ពុជា

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រុមហ៊ុនចិន China Duty Free Group (CDF) ដែលមានទីតាំងកណ្តាលនៅទីក្រុងហុងកុង បានបន្តចូលមកបោះទុនវិនិយោគ នៅក្នុងទីផ្សារលក់រាយទំនិញរួចពន្ធនៅកម្ពុជា ដោយបានបើកដំណើរការផ្សារទំនិញរួចពន្ធចំនួន៣ទីតាំង សម្រាប់ពលរដ្ឋអាចទិញទំនិញម៉ាកល្បីៗលំដាប់អន្តរជាតិ ដោយមិនចាំបាច់ធ្វើដំណើរទៅបរទេសឡើយ។

ផ្សារទំនិញរួចពន្ធ (Duty Free)ទាំង៣ទីតាំង ដោយទីតាំងទី១ នៅរាជធានីភ្នំពេញ ស្ថិតនៅផ្សារក្រោមដីនៃសណ្ឋាគារ និងកាស៊ីណូណាហ្កាវើលដ៍ ទី២ ផ្សារទំនិញរួចពន្ធអង្គរសៀមរាប និងទី៣ ផ្សារទំនិញរួចពន្ធក្រុងព្រះសីហនុ។

តាមរយៈផ្សារទំនិញរួចពន្ធទាំងបីសាខារបស់ CDF មានផលិតផលជាច្រើនដូចជា ទឹកអប់ គ្រឿងសម្អាង ផលិតផលប្រណិតៗ នាឡិកាដៃ កាបូប វ៉ាលី សម្លៀកបំពាក់និងសម្ភារៈតុបតែងខ្លួន ។ល។ រួមមានម៉ាកផលិតផលល្បីៗជាង៤០ម៉ាក ដូចជា Lamer, Dior, SKII, Estee Lauder, MCM ជាដើម។ ជនជាតិខ្មែរអាចទិញផលិតផលដែលមានតម្លៃ ក្នុងមួយឯកតាមិនទាបជាង៥០ដុល្លារអាមេរិក ហើយក្នុងមួយឆ្នាំអាចទិញទំនិញរួចពន្ធសរុបជាទឹកប្រាក់ចំនួន១០០០០ដុល្លារអាមេរិកក្នុងម្នាក់។

នេះបើយោងតាមការអះអាងរបស់ថ្នាក់ដឹង នៃក្រុមហ៊ុនចិនឆាយណា ឌ្យូធីហ្រ្វី គ្រុប (ខេមបូឌា) ខូអិលធីឌី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ ក្នុងឱកាសសម្ពោធបើកដាក់ដំណើរការគោលការណ៍លក់ទំនិញរួចពន្ធ។

លោក សែ សុឃន អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានថ្លែងថា “ចាប់ពីឆ្នាំ២០២០មក ជម្ងឺកូវីដបានរាតត្បាត នៅពាសពេញពិភពលោក ដើម្បីស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ ឲ្យបានឆាប់រហ័ស កាត់បន្ថយសំពាធរបស់សហគ្រាស ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានអនុម័តឲ្យក្រុមហ៊ុន CDF Cambodia សាកល្បងអនុវត្តគោលការណ៍ លក់ទំនិញរួចពន្ធជូនប្រជាពលរដ្ឋខ្មែរ។ គោលការណ៍នេះបានផ្តល់ជូននូវជម្រើសថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋខ្មែរទូទៅ ក្នុងការទិញផលិតផលលំដាប់ថ្នាក់ជាន់ខ្ពស់ នៅក្នុងប្រទេសរបស់ខ្លួន”។

លោក Wu Guo Quan ទីប្រឹក្សាផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានថ្លែងថា “ក្រោមការខិតខំប្រឹងប្រែងរួមគ្នារវាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងក្រុមហ៊ុន CDF Cambodia យើងធ្វើជាសក្ខីភាពចំពោះសម័យកាលថ្មី ក្រោយកូវីដ ការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា ជាកម្លាំងចលករជំរុញដល់ការសម្រេចបាននូវគោលការណ៍ថ្មីមួយ សម្រាប់ទីផ្សារលក់រាយទំនិញរួចពន្ធ”។

លោក Chang Zhu Jun អគ្គនាយករងក្រុមហ៊ុន China Duty Free Group បានថ្លែងសុន្ទរកថា តាមប្រព័ន្ធអ៊ីនធើណេតពីទីក្រុងហុងកុងថា “គោលការណ៍ថ្មីស្រឡាងមួយនេះ ដែលរាជរដ្ឋាភិបាលកម្ពុជា ផ្តល់សិទ្ធិជូន CDF Cambodia គឺសបញ្ជាក់អំពីមិត្តភាពដ៏ល្អផូរផង់ រវាងប្រទេសកម្ពុជានិងចិន ដើម្បីភាពអភិវឌ្ឍឲ្យកាន់តែល្អប្រសើរឡើង ហើយក៏ជាការជឿជាក់ និងទទួលស្គាល់ចំពោះការធ្វើអាជីវកម្ម ប្រកបដោយជំនាញ និងស្របច្បាប់របស់ក្រុមហ៊ុន China Duty Free Group”។

លោក Shao Jian Chen អគ្គនាយកក្រុមហ៊ុន ឆាយណា ឌ្យូធីហ្រ្វី គ្រុប (ខេមបូឌា) ខូអិលធីឌី បានថ្លែងអំណរគុណចំពោះអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាសម្រាប់ការអនុម័ត ដែលធ្វើឲ្យគោលការណ៍លក់ទំនិញរួចពន្ធត្រូវបានសម្រេចអនុម័ត ទៅដោយរលូននិងជោគជ័យ។ គោលការណ៍នេះមិនត្រឹមតែមានគុណប្រយោជន៍ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជំរុញដល់ការអភិវឌ្ឍថ្មីមួយទៀត នៃទីផ្សារលក់រាយទំនិញរួចពន្ធនៅក្នុងប្រទេសកម្ពុជា៕

គម្រោងទីក្រុងពាណិជ្ជកម្មភ្នំតូចរបស់ក្រុមហ៊ុនខេអេច លែនបានរៀបចំចាក់ថ្មម៉ិចដើម្បីត្រៀមចាក់បេតុងលើផ្លូវមេ១៥ម៉ែត្ររបស់ខ្លួន

default

ដោយៈ សហការី

ភ្នំពេញៈ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២នេះ ក្រុមហ៊ុន ខេអេច លែន បានរៀបចំចាក់ថ្មមិចដើម្បីត្រៀមចាក់បេតុងលើផ្លូវមេ១៥ម៉ែត្រ ក៏ដូចជាកំណាត់ផ្លូវបន្តបន្ទាប់ទៀតរបស់ខ្លួន ក្នុងគម្រោងទីក្រុងពាណិជ្ជកម្មភ្នំតូច។

ការចាក់ថ្មម៉ិចនេះ ដើម្បីតភ្ជាប់ពីផ្លូវរដ្ឋ១៥ម៉ែត្រខាងក្រោយគម្រោង ឆ្ពោះទៅផ្លូវរដ្ឋ៣០ម៉ែត្រខាងមុខគម្រោង ភ្ជាប់ជាមួយនិងផ្សារភ្នំតូច ដែលជាទីប្រជុំជនមានប្រជាជនរស់នៅច្រើនកុះករ។

ដំណើរការចាក់ថ្មមិចនេះ ធ្វើឡើងក្នុងគោលបំណងជួយសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាជន ដែលរស់នៅក្នុងតំបន់ និងក្នុងគម្រោងផ្ទាល់ ក៏ដូចជាឆ្លើយតប ទៅតាមផែនការរបស់ក្រុមហ៊ុនដែលបានគ្រោងទុក។

គម្រោងទីក្រុងពាណិជ្ជកម្មភ្នំតូចរបស់ក្រុមហ៊ុន ខេអេច លែន ស្ថិតនៅឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

គម្រោងទីក្រុងពាណិជ្ជកម្មភ្នំតូច មានទំហំរហូតទៅដល់១០០ហិកតា ដែលជាប្រភេទគម្រោងអភិវឌ្ឍន៍បែបកូនកាត់ រួមមាន ដីឡូត៍ ផ្ទះអាជីវកម្ម វីឡាទោល វីឡាភ្លោះ និងវីឡាកូនកាត់។ ក្នុងគម្រោង ក៏មានការរៀបចំតំបន់ពាណិជ្ជកម្មទាំង១០ និងមានផ្សារភ្នំតូចនៅក្នុងគម្រោងផ្ទាល់តែម្តង៕






តូក្យូជាប់ជាទីក្រុងថ្លៃបំផុតទី៩ក្នុងឆ្នាំ២០២២ ខណៈតម្លៃប្រាក់យ៉េនដាំក្បាលចុះ

ដោយ: លាងហួរ

ជប៉ុន: តូក្យូក្លាយបានជាប់ចំណាត់ថ្នាក់ជាទីក្រុង ដែលមានការចំណាយខ្ពស់បំផុតលំដាប់ទី៩ ក្នុងពិភពលោក សម្រាប់អ្នកធ្វើការនៅបរទេសក្នុងឆ្នាំ ២០២២។

ការឡើងថ្លៃនេះ មួយផ្នែកដោយសារតែការចុះខ្សោយ នៃប្រាក់យ៉េនធៀបនឹងប្រាក់ដុល្លារអាមេរិក និងរូបិយប័ណ្ណសំខាន់ៗផ្សេងទៀត។ នេះបើយោងតាមការស្ទង់មតិតម្លៃរស់នៅប្រចាំឆ្នាំ ដោយក្រុមហ៊ុនប្រឹក្សាយោបល់សហរដ្ឋអាមេរិក។

ការស្ទង់មតិតម្លៃនៃការរស់នៅរបស់ Mercer កើតឡើងដោយសារឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ១៩ និងផលវិបាកនៃការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន អត្រាប្តូរប្រាក់ខុសគ្នា និងការកើនឡើងតម្លៃបានធ្វើឱ្យមានការប៉ះទង្គិចលើប្រាក់ឈ្នួល និងការសន្សំនៅទូទាំងពិភពលោក។

ចំណែកទីក្រុងហុងកុង បានឈរនៅលើកំពូលតារាង នៃទីក្រុងដែលមានការចំណាយថ្លៃបំផុតនៅលើពិភពលោក ដែលជាការវិលត្រលប់មកវិញ ក្រោយពីរដ្ឋធានី Ashgabat របស់ប្រទេស Turkmenistanជាប់ជាទីក្រុងមានតម្លៃរស់នៅថ្លៃបំផុតក្នុងឆ្នាំ២០២១។

ហុងកុង ត្រូវ បាន គេ ដាក់ ឈ្មោះ ជា ទីក្រុង ថ្លៃ បំផុត បី ឆ្នាំ ជាប់ គ្នា រហូត ដល់ ឆ្នាំ២០២០។

កាលពីសប្តាហ៍មុន ប្រាក់យ៉េនជប៉ុនបានធ្លាក់ចុះ ដល់កម្រិត១៣៩ធៀបនឹងប្រាក់ដុល្លារ ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល២៤ឆ្នាំ។

ការស្ទង់មតិរបស់ធនាគារជប៉ុន ដែលបានចេញផ្សាយនៅថ្ងៃទី៦ខែកក្កដា ក៏បានបង្ហាញពីអ្នកប្រើប្រាស់ជប៉ុនជិត៩០ភាគរយ មានអារម្មណ៍ថាតម្លៃបានកើនឡើងក្នុងឆ្នាំចុងក្រោយ ដែលជាសមាមាត្រខ្ពស់បំផុត៕

អាមេរិកត្រូវការប្រាក់៣ពាន់លានដុល្លារ ដើម្បីដកHuawei និង ZTE ចេញពីបណ្ដាញទូរគមនាគមន៍របស់ខ្លួន

ដោយៈ សុខុម

វ៉ាស៊ីនតោន: និយតករទូរគមនាគមន៍អាមេរិក ត្រូវការប្រាក់ចំនួន៣ពាន់លានដុល្លារ បន្ថែមទៀតដើម្បីផ្ដល់ហិរញ្ញប្បទាន ដល់ការដកក្រុមហ៊ុនទូរគមនាគមន៍ខ្នាតយក្សរបស់ចិន គឺក្រុមហ៊ុន Huawei និងក្រុមហ៊ុន ZTE ចេញពីបណ្ដាញទូរគមនាគមន៍អាមេរិក។

យោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី១៦ ខែកក្កដា ឱ្យដឹងថា ការបន្ថែមនេះធ្វើឱ្យការចំណាយសរុប ឈានរហូតដល់៤,៩ពាន់លានដុល្លារ។

លោកស្រី Jessica Rosenworcel ប្រធានគណៈកម្មការទូរគ​មនាគមន៍សហព័ន្ធ (FCC) បានផ្ញើលិខិតមួយច្បាប់កាលពីថ្ងៃ ទី១៥ ខែកក្កដា ទៅសមាជិកព្រឹទ្ធសភា គឺលោកស្រី Maria Cantwell ដែលជាប្រធានគណៈកម្មាធិកាពាណិជ្ជកម្ម វិទ្យាសាស្ត្រ និងដឹកជញ្ជូន (CCST) ដោយលោកស្រីលើកឡើងថា “ដើម្បីផ្តល់ហិរញ្ញប្បទាន ដល់រាល់ការចំណាយសមស្រប និងចំណាយគាំទ្រ កម្មវិធីផ្ដល់សំណងនេះ នឹងត្រូវការប្រាក់ដល់ទៅ៤,៩៨ពាន់លានដុល្លារ ដែលបច្ចុប្បន្ននៅខ្វះ៣,០៨ពាន់លានដុល្លារ”។

លោកស្រីបានបន្ថែមថា ដោយសារសភាអនុម័តតែ១,៩ពាន់លានដុល្លារ ដើម្បីផ្ដល់ហិរញ្ញប្បទាន ដល់ដំណើរការដកចេញនេះ ក្រុមហ៊ុននានានឹងទទួលបានសំណងមកវិញ ត្រឹមតែប្រមាណ៤០%ប៉ុណ្ណោះ នៃការចំណាយ។

ក្នុងឆ្នាំ២០១៩ សភាបានអនុម័តច្បាប់មួយ ផ្តល់ភារកិច្ចដល់គណៈកម្មការទូរគមនាគមន៍សហព័ន្ធ (FCC) បង្ខំឱ្យក្រុមទូរគមនាគមន៍នានារបស់សហរដ្ឋអាមេរិក ទទួលយកការឧបត្ថម្ភសហព័ន្ធ ដើម្បីលុបបំបាត់បណ្តាញឧបករណ៍ទូរគមនាគមន៍ ដែលបង្កហានិភ័យដល់សន្តិសុខជាតិ ហើយបានសន្យាថា នឹងទូទាត់សងវិញនូវការខូចខាត។

គណៈកម្មការទូរគមនាគមន៍សហព័ន្ធ (FCC) បានចាត់ទុកក្រុមហ៊ុន Huawei និងក្រុមហ៊ុន ZTE ជាការគំរាមកំហែង ហើយបានបង្ខំឱ្យក្រុមហ៊ុនអាមេរិកនានា ដកឧបករណ៍របស់ក្រុមហ៊ុនចិន ខាងលើចេញនេះ បើមិនដូច្នោះទេ នឹងគ្មានសិទ្ធិទទួលបានចំណែក នៃហិរញ្ញប្បទានរបស់រដ្ឋាភិបាលចំនួន៨,៣ពាន់លានដុល្លារ ដើម្បីទិញឧបករណ៍ថ្មីឡើយ។

ទោះជាយ៉ាងណា ដើម្បីផ្តល់ហិរញ្ញប្បទាន ដល់កិច្ចប្រឹងប្រែងនេះ សភាបានអនុម័តតែ១,៩ពាន់លានដុល្លារប៉ុណ្ណោះ ដែលធ្វើឱ្យមានការចោទជាសំណួរថា កម្មវិធីដកចេញនេះ នឹងអាចអនុវត្តន៍បានដោយប្រសិទ្ធភាពបានយ៉ាងដូចម្ដេច៕ Reuters៕

ក្រុមហ៊ុនលំដាប់អន្តរជាតិមួយគ្រោងធ្វើទំនើបកម្មបច្ចេកវិទ្យាក្នុងវិស័យអចលនទ្រព្យកម្ពុជា

ដោយៈ សុផារី

ភ្នំពេញៈ ក្រុមហ៊ុនអចលនទ្រព្យលំដាប់អន្តរជាតិ Century21 Cambodia គ្រោងធ្វើទំនើបកម្មបច្ចេកវិទ្យា ក្នុងវិស័យអចលនទ្រព្យកម្ពុជា ធ្វើយ៉ាងណាដើរឱ្យទាន់បច្ចេកវិទ្យាក្នុងប្រទេសអភិវឌ្ឍន៍។

លោកស្រី ហ្រ្គេសរចនី ហ្វុង អគ្គនាយិកានៃក្រុមហ៊ុន Century21 Cambodia បានមានប្រសាសន៍កាលពីសប្តាហ៍មុនថា ចក្ខុវិស័យសំខាន់មួយក្នុងចំណោមចក្ខុវិស័យផ្សេងៗ របស់ក្រុមហ៊ុនរបស់លោកស្រី គឺការប្រើប្រាស់បច្ចេកវិទ្យាថ្មី ដែលអនុញ្ញាតិឱ្យអ្នកទិញស្វែងរកអចលនទ្រព្យ ដែលខ្លួនត្រូវការបាន ដោយប្រើប្រាស់តែកម្មវិធីទូរស័ព្ទ និងអ៊ីនធឺណេត។

លោកស្រីឱ្យដឹងថា “រាល់ដងការបញ្ជាទិញរវាងអ្នកលក់ និងអ្នកទិញតែងតែទៅមើលដីផ្ទាល់ តែងតែទៅទិញទីតាំងផ្ទាល់ ឬទៅមើលផ្ទះផ្ទាល់”។ លោកស្រីបន្តថា “ជំហានទៅមុខទៀត យើងនឹងឱ្យមានចក្ខុវិស័យមួយ ដូចនៅក្រៅប្រទេស ដែលមុននឹងទៅមើលផ្ទាល់ គាត់អាចមើលតាមប្រព័ន្ធអនឡាញ”។

លោកស្រីបន្ថែមថា ចង់ទិញដី ទិញផ្ទះនាពេលឥលូវនេះ មិនចាំបាច់យកលុយសុទ្ធទៅដែរ ដោយប្រើប្រាស់តែទូរស័ព្ទដៃ ដែលអាចប្រើប្រាស់កម្មវិធីទូរស័ព្ទ និងអ៊ីនធឺណេតបាន។

អ្នកជំនាញរូបនេះលើកឡើងថា តាមរយៈកម្មវិធីមួយនេះ នឹងជួយសម្រួលក្នុងការទិញលក់ និងជួយយសន្សំសំចៃពេលវេលា របស់អតិថិជន ដោយអតិថិជន អាចបញ្ជាទិញតាមរយៈទូរស័ព្ទ ចំពោះអចលនទ្រព្យ ដែលត្រូវការ អាចមើលទីតាំង មើលទំហំ មើលរូបភាព មើលlocation មុនពេលធ្វើការសម្រេចចិត្ត។

លោកស្រីមានប្រសាសន៍បន្តថា “អនាគតទៅ ចក្ខុវិស័យរបស់ពួកយើង នឹងបំពាក់បច្ចេកវិទ្យាតិចណូឡូជី ជាApplication មួយ ដែលគាត់អាចបញ្ជាទិញតាមរយៈទូរស័ព្ទ”។ លោកស្រីពន្យល់ថា “អ្នកទិញគាត់អាចមើលដំបូងសិន ទៅលើអចលនទ្រព្យណាមួយដែលគាត់ស្រឡាញ់ មើលទីតាំង មើលទំហំ មើលរូបភាព មើលlocation ហើយចាំចុះទៅផ្ទាល់ ហើយចាំសម្រេចចិត្ត ដើម្បីកាត់បន្ថយពេលវេលារបស់គាត់បានច្រើន”។

លោកស្រីGrace Rachny Fongបានបន្តថា ការធ្វើទំនើបកម្មនេះត្រូវចំណាយពេល និងថវិកាច្រើន តែជាចក្ខុវិស័យរបស់ក្រុមហ៊ុន ក្នុងការជំរុញការប្រើប្រាស់បច្ចេកវិទ្យាបន្ថែម ក្នុងការទិញលក់ និងជួលអចលនទ្រព្យ ដើម្បីធ្វើយ៉ាងណាឱ្យវិស័យ អចលនទ្រព្យរបស់ប្រទេសកម្ពុជា ដើរទាន់ប្រទេសអភិវឌ្ឍន៍ផ្សេងៗទៀតបាន។

លោកស្រីបន្ថែមថា “ការវិនិយោគលើប្រព័ន្ធ Technology មិនមែនជាការវិនិយោគតូចទេ តែវាជាចក្ខុវិស័យដើម្បីដើរទាន់គេ ដូចប្រទេសសិង្ហបុរី សហរដ្ឋអាមេរិក ដែលមានជំនាញជាងយើងច្រើនណាស់”៕

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ សាកល្បងបច្ចេកទេសនៃការបង់ប្រាក់តាមបញ្ជរជាលើកដំបូង

ដោយៈ សុផារី

ព្រះសីហនុៈ ក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ បានចាប់ផ្ដើមដំណើរការសាកល្បង ជាលើកដំបូង នៅថ្ងៃ១៦ ខែកក្កដា ឆ្នាំ២០២២នេះ ចំពោះលក្ខណៈបច្ចេកទេស នៃការបង់ប្រាក់តាមបញ្ជរនីមួយៗ ខណៈដំណើរការស្ថាបនា ផ្លូវប្រវែងជាង១៨៥គីឡូម៉ែត្រនេះ ជិតនឹងបញ្ចប់នៅអំឡុង២ខែខាងមុខទៀត។

តំណាងក្រុមហ៊ុនសាងសង់បានឱ្យដឹងថា បញ្ជរបង់ប្រាក់លើផ្លូវល្បឿនលឿននេះមានចំនួន៥កន្លែង សម្រាប់គោលដៅចាប់ផ្ដើមចេញពីភ្នំពេញត្រង់ផ្លូវក្រវ៉ាត់ក្រុងទី៣ ឬមហាវិថីឈ្នះឈ្នះ ឡើងលើផ្លូវល្បឿនលឿនត្រង់គីឡូម៉ែត្រលេខ៣ គឺមានបញ្ជរបង់ប្រាក់នៅទីនោះ។

បញ្ជរទី២ គឺនៅគីឡូម៉ែត្រ២៦ ត្រង់ខាងកើតទីរួមខេត្តកំពង់ស្ពឺ។ បញ្ជរទី៣ នៅត្រង់គីឡូម៉ែត្រ៧៦ តំបន់គីរីរម្យ និងត្រែងត្រយឹង។ បញ្ជរទី៤ ត្រង់គីឡូម៉ែត្រ១១៤ តំបន់កំពង់សិលា ចុះទៅផ្លូវបំបែកស្រែអំបិល និងបញ្ជរចុងទីនៅគីឡូម៉ែត្រ១៨០ ទៅភ្ជាប់ផ្លូវជាតិលេខ៤ ត្រង់ខាងកើតច្រកចូលតំបន់ក្បាលឆាយ។

អ្នកដំណើរលើផ្លូវល្បឿនលឿននេះ គឺត្រូវប្រើប្រាស់កាតអេឡិចត្រូនិក ដើម្បីស្គេនឆ្លងកាត់ និងបង់ប្រាក់ទៅតាមចម្ងាយផ្លូវបើកបរជាក់ស្ដែង ដោយគិតជាគីឡូម៉ែត្រ ហើយបង់ប្រាក់នៅបញ្ជរណាមួយ ដែលអ្នកបើកបរឈប់បន្តធ្វើដំណើរលើផ្លូវមួយខ្សែនេះទៅតាមតំបន់បញ្ជរ។

ក្រុមហ៊ុនល្បឿនលឿន ក៏មានរៀបចំជាកាតអេឡិចត្រូនិកពិសេសសម្រាប់អ្នកដំណើររូបណា ចង់បានកាតនោះទៅកាន់ជាប់ជាប្រចាំ ដោយមិនចាំយក ក្នុងពេលធ្វើដំណើរពីភ្នាក់ងារបញ្ជរក៏បាន ដែលកាតអេឡិចត្រូនិកនោះមានឈ្មោះETC ជាកាតបង់ប្រាក់រួចរាល់ និងមានកត់ត្រាអត្តសញ្ញាណរថយន្តរួចជាស្រេចជាមួយក្រុមហ៊ុន៕

លោកបណ្ឌិតគីម ហ៊ាងបង្ហាញទស្សនទាន និងផែនការអភិវឌ្ឍន៍នាពេលអនាគត

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ៖ លោកបណ្ឌិត គីម ហ៊ាង គឺជាអ្នកវិនិយោគអចលនទ្រព្យមួយរូបនៅកម្ពុជា ដែលរហូតមកដល់ពេលនេះ បានអភិវឌ្ឍគម្រោងបុរីធំៗពីរហើយ ដោយមួយនៅតំបន់ប៉ែកខាងកើត ជាប្រភេទលំនៅឋានសម្រាប់អ្នកមានចំណូលក្រោមមធ្យម ហើយមួយទៀតនៅប៉ែកខាងជើងរាជធានីភ្នំពេញ ជាប្រភេទលំនៅឋានសម្រាប់អ្នកមានលុយ​។

ក្នុងពេលចុះហត្ថលេខាជាមួយធនាគារហ្វីលីព ក្នុងការសហការលើការផ្ដល់ឥណទាន សម្រាប់គម្រោងបុរីវិមានសំណាង ដែលជាបុរីបែបអភិជន លោកបណ្ឌិត គីម ហ៊ាង ថាគម្រោងបុរីទាំងនេះគ្រាន់តែជាការកំដៅសាច់ដុំ នៃការអភិវឌ្ឍន៍របស់ខ្លួនប៉ុណ្ណោះ។ នៅពេលខាងមុខ ក្រុមហ៊ុនរបស់លោកនឹងអភិវឌ្ឍន៍គម្រោងធំ ជាងបច្ចុប្បន្ននេះទ្វេរដង ស្របនឹងតម្រូវការលំនៅឋាន នៅក្នុងប្រទេសកម្ពុជា កាន់តែមានកំណើនឡើង។

លោកបណ្ឌិតមានប្រសាសន៍ថា មូលហេតុដែលលោកនឹងអភិវឌ្ឍន៍បុរីបន្ថែមទៀត និងកាន់តែធំនៅពេលអនាគតខាងមុខ ព្រោះលោកមានក្រុមលក់គ្រប់គ្រាន់ មានបទពិសោធន៍ក្នុងការលក់។ ជាក់ស្ដែងក្រុមលក់របស់លោកមានរាប់រយនាក់ទៅហើយ។ ប្រសិនបើ ក្នុងមួយខែលក់តែ១ផ្ទះក្នុងម្នាក់ ក៏អាចលក់បានរាប់រយផ្ទះដែរ អញ្ចឹងក្នុងមួយឆ្នាំៗ យើងលក់មិនតិចដែរ។

លោកបន្តថា ដោយសារតែកត្តាទាំងនេះ បូករួមនឹងតម្រូវការលំនៅឋាននៅក្នុងរាជធានីភ្នំពេញនឹងកើនឡើងជាបន្តបន្ទាប់ បានធ្វើឱ្យលោកនឹងអនុវត្តន៍នូវគម្រោងទី៣ ទី៤បន្តបន្ទាប់ ហើយគម្រោងក្រោយៗ ក៏នឹងកាន់តែធំឡើងៗផងដែរ។ សម្រាប់ទីតាំងវិញ មិនទៅណាឆ្ងាយពីគម្រោងទី២ឡើយ ពីព្រោះតំបន់នៃបុរីវិមានសំណាងជាតំបន់មានសក្ដានុពល។

លោកបន្ថែមថា បច្ចុប្បន្ននេះ អំណាចនៃការទិញលំនៅឋាននៅក្នុងប្រទេសកម្ពុជាទាំងមូល ភ្នំពេញជាទីតាំងស្រូបទាញអ្នកទិញលំនៅឋានបានច្រើនជាងគេ ហើយបន្ទាប់មកជាតំបន់ជុំវិញរាជធានីភ្នំពេញ គឺខេត្តកណ្ដាល ដូចជាតាខ្មៅ កៀនស្វាយ ជាដើម ដោយបានជំរុញឱ្យវិនិយោគិនចាប់យកឱកាសក្នុងការអភិវឌ្ឍលំនៅឋាន នៅតំបន់ទាំងនោះ សម្រាប់ការអភិវឌ្ឍផ្គត់ផ្គង់លើទីផ្សារ៕

ក្រុងបាត់ដំបងត្រៀមស្វាគមន៍កម្មវិធីមហោស្រប “ជំនោរសិល្បៈ”នៅចុងឆ្នាំនេះ

ដោយៈ គង់ សូរិយា

បាត់ដំបងៈ ទីក្រុងបាត់ដំបង ដ៏ទាក់ទាញនាភូមិភាគពាយ័ព្យប្រទេស​បាននិងកំពុងត្រៀមរៀបចំនូវ បណ្តុំ​ទស្សនីយភាព​នៃ​ការ​សម្តែង​សិល្បៈ​របាំ​ សម្តែង​សៀក តន្រ្តី​ ការ​ដើរ​បង្ហាញ​ម៉ូដ​ បង្ហាញ​ស្នាដៃ​សិល្បៈ​នានា ជា​លក្ខណៈ​ប្រចាំ​ឆ្នាំ​ នៅក្នុងខែវិច្ឆិកាខាងមុខនេះ។

កម្មវិធីដែលត្រូវបានប្រសិទ្ឋនាម “ជំនោរសិល្បៈ”នេះ ធ្វើឡើងក្នុង​គោល​ដៅ​ផ្សព្វផ្សាយ​ និង​រក​ទី​ផ្សារ​ឱ្យ​អ្នក​សិល្បៈ​ចម្រុះ​ជំនាញ​ នឹង​ប្រារព្ធ​ឡើង​វិញ​ម្តង​ទៀត នៅ​លើ​កំណាត់​ផ្លូវ ​២.៥ ​ក្រុង​បាត់​ដំបង​ ខេត្ត​បាត់​ដំបង​ រយៈពេល ​៣ ថ្ងៃ ពី​ថ្ងៃ​ទី ​២៥-២៧ ខែ​វិច្ឆិកា ​ឆ្នាំ​នេះ ​ក្រោយ​ពី​បាន​ខកខាន​ ២ ​ឆ្នាំ។

លោក​ប៉ោយ ឈុនលី​ ជា​អ្នក​រៀបចំ​កម្ម​វិធី​មហោស្រព “ជំនោរ​សិល្បៈ” នៅ​ឆ្នាំ ​២០២២​បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ពេល​នេះ ​យើង​​ព្យាយាម​បង្ហាញ​តាម​ហ្វេសប៊ុក ​ដើម្បី​ដាស់​អារម្មណ៍​ដល់​មហាជន​ ដែល​ជា​អ្នកគាំទ្រ​ឱ្យ​នឹក​ឃើញ ​និង​ចងចាំ​ពី​កម្មវិធី​មហោស្រព​ “ជំនោរ​សិ ល្បៈ​ ​ឡើង​វិញ។

លោក​បន្ថែមថា​ “​ផែន​ការដំបូង​ គឺ​យើង​ចង់​ប្រមែប្រមូល​ក្រុម​អ្នក​សិ ល្បៈ​ក្មេងៗ​ជំនាន់​ក្រោយ ​ឱ្យ​ចូល​រួម​បាន​ច្រើន​ ដើម្បី​បង្ហាញ​ស្នាដៃ​របស់​ខ្លួន”។ លោកបន្ថែមថា “បន្ទាប់​មក​ គឺ​ចង់​ពង្រីក​ដែនដី​នៃ​ក្រុម​អ្នក​សិល្បៈ​ទាំងនោះ​ ដោយសារ​នា​ពេល​កន្លង​មក​ យើង​ឃើញ​មាន​តែ​​ការចូល​រួម​ពី​ខេត្ត​បាត់ដំបង ​ហើយ​នៅ​លើក​នេះ​ យើង​បាន​ពង្រីក​ទៅ​ខេត្ត​សៀមរាប ​និង​រាជធានី​ភ្នំពេញ”។​

លោក​ប៉ោយ ​ឈុនលី ​បញ្ជាក់​ថា​ ការ​រៀបចំ​កម្មវិធី​មហោស្រព “ជំនោរ​សិល្បៈ”នេះ ​គឺ​ចង់​ប្រែក្លាយ​ឱ្យ​ទៅ​ជា​យុទ្ធសាស្រ្ត​មួយ ​ដើម្បី​រក​ទីផ្សារ​ជូន​អ្នក​សិល្បៈ​​ គឺ​ធ្វើ​យ៉ាងណា ​ឱ្យ​មាន​ការទាក់ទាញ​ពី​មហាជន​ទាំង​ជាតិ ​និង​អន្តរជាតិ ​ក្នុង​រយៈពេល​៣ថ្ងៃ​នេះ។​​

លោក​បន្ត​ថា​ ក្រុម​សិល្បករ ​ដែល​បាន​បង្កើត​ស្នា​ដៃ​ខ្លួន​ត្រៀម​យក​មក​បង្ហាញ​ និង​លក់ដូរ​នូវ​ផលិត​ផល​សិល្បៈ​ទាំង​នោះ​ នា​ថ្ងៃ​ប្រារព្ធ​កម្ម​វិធី​មហោ​ស្រព​នេះ ​ត្រូវ​ដាក់​តម្លៃ​យ៉ាងណា​ឱ្យ​ទាប​ជាង​តម្លៃ​ដើម​ ដែល​ខ្លួន​ត្រៀម​លក់​នៅ​លើ​ទីផ្សារ​ ដោយ​នេះ​ជា​វិធី​សាស្រ្ត​ផ្សព្វ​ផ្សាយ ​ស្នាដៃ​ខ្លួន​ឯង​ឱ្យ​គេចាប់​អារម្មណ៍។​

លោកបន្តថា ជា​ក្តី​ស្រមៃ​គិត​ទុក ​សម្រាប់​ពេល​អនាគត​នោះ យើង​ចង់​ឱ្យ​មហោស្រព​នេះ មិន​ត្រឹម​តែ​ធ្វើ​ឡើង​សម្រាប់​តែ​ជា​ការជួបជុំ ​របស់​ក្រុម​សិល្បករ​-សិល្បការិនី ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ឡើយ ​គឺ​យើង​ចង់ឱ្យ​ក្លាយជា​មហោ​ស្រព​សម្រាប់​អ្នក​សិល្បៈ​អន្តរជាតិ​ ដែល​អាច​ចាប់​ផ្តើម​ពី​ប្រទេស​ជិត​ខាង​យើង​ មាន​ដូចជា​នៅ​ប្រទេស​ថៃ ​វៀតណាម ​ជាដើម។

នាពេល​ថ្មីៗ​នេះ​ យើង​កំពុង​ពិភាក្សា​គ្នា​ជាមួយ​ នឹង​ខាង​ភាគី​ជប៉ុន​ Japan Foundation​ ដោយ​គេ​ចាប់​អារម្មណ៍​ ចូល​រួម​ក្នុង​កម្ម​វិធី​មហោស្រ​ព”ជំនោរ​សិល្បៈ” ​នេះ​ផង​ដែរ។​

​ក្រុម​សិល្បៈ​ច្នៃ​ម៉ូដ​មួយ ​មាន​មូលដ្ឋាន​នៅ​ខេត្ត​បាត់​ដំបង ​ឈ្មោះ​ថា ​“ក្រុម​ទេពច្យុត-​Tepsyort Art Fashion” ដែល​មាន​លោក​ហ៊ិន ​គឺមយាន ​ជា​ប្រធាន​ក្រុម​នោះ ក៏​គ្រោង​កែ​ច្នៃ​ម៉ូដ​សម្លៀក​បំពាក់ ​សម្រាប់​ដើរ​បង្ហាញ​ដល់​មហាជន​ នា​ថ្ងៃ​ប្រារព្ធ​កម្មវិធី​មហោស្រព​ដែរ​គឺ​ “ម៉ូដ​រូប​សត្វព្រៃ​ហេម​ពាន្ត”។

លោក​ហ៊ិន ​គឹមយាន ​សិល្បករ​វ័យ២៩ឆ្នាំ​រូប​នេះ​បង្ហើប​ថា​ យើង​បាន​ត្រៀម​ស្នាដៃ​ច្នៃម៉ូដ​ស្តី​ពី​សត្វព្រៃ​ហេមពាន្ត​ នា​សម័យ​កាល​ពុទ្ធ​អង្គ​មាន​ចំនួន​ ១០ ឈុត ​ដែល​នឹង​ដើរ​ ក្រុម​តារា​ម៉ូដែល​ជា​ភេទ​ទី ៣។ ​យើង​ចង់​បង្កប់​សារ​យល់​ដឹង​បែប​ក្រើន​រំឭក​មួយ​ដល់​មហាជន​ថា ​កាលពី​សម័យ​ព្រះពុទ្ធ​ មិនមាន​ការបរបាញ់​សត្វ​ច្រើន​ឡើយ ​ដូច្នេះ​សម្បូរ​សត្វ​ព្រៃ​ច្រើន​ប្រភេទ ​រួម​ទាំង​បង្ហាញ​ប្រភេទ​សត្វ​ ដែល​មាន​ក្នុង​រូប​គំនូរ​នៃ​សម័យ​កាល​ព្រះ​ពុទ្ធ​ផង​ដែរ”។

បណ្តុំ​ទស្សនីយភាព ​នៃ​ការរៀបចំ​មហោស្រព “ជំនោរ​សិល្បៈ” នៅ​លើ​កំណាត់​ផ្លូវ២.៥​ នៅ​ក្រុង ​និង​ខេត្ត​បាត់​ដំបង ​លើក​ដំបូង​កាល​ពី​ថ្ងៃ​ទី ២១-២២ ​ខែធ្នូ ​ឆ្នាំ​២០១៩៕