ដំណឹងល្អៈ គេហទំព័រល្បីឈ្មោះមួយចាត់ចំណាត់ថ្នាក់ក្រុងសៀមរាបស្ថិតក្នុងចំណោមទីក្រុងទាក់ទាញបំំផុតនៅអាស៊ី

ដោយៈ ជេស៊ីកា

សៀមរាបៈ ជាមោទនភាពមួយសម្រាប់កម្ពុជា ជាថ្មីដោយគេហទំព័រដ៏ល្បីមួយ Travel+Leisure បានធ្វើការស្ទង់មតិទៅលើអ្នកគាំទ្រ អំពីទីកន្លែងកម្សាន្តល្អបំផុត ដែលពួកគេបានទៅ ក៏ដូចជាចែករំលែកពីបទពិសោធន៍ថ្មីៗ។

ជាលទ្ឋផលអ្នកគាំទ្រ បានបញ្ចេញមតិទៅលើទីក្រុងកំពូលៗដូចជា តំបន់កោះ នាវាកម្សាន្ត ស្ប៉ា ក្រុមហ៊ុនអាកាសចរណ៍ និងជាច្រើនទៀត។ មិនតែប៉ុណ្ណោះ ពួកគេក៏បានវាយតម្លៃទីក្រុងលើទេសភាព និងកន្លែង វប្បធម៌ ម្ហូបអាហារ ភាពរួសរាយរាក់ទាក់ ការទិញទំនិញ និងតម្លៃរួមរបស់ពួកគេ។

យោងតាមការបញ្ចេញមតិ និងការវាយតម្លៃគេហទំព័រ Travel+Leisure បាន​រៀប​បញ្ជី​ឈ្មោះ​ទីក្រុង​ល្អ​បំផុត​ទាំង១៥ ប្រចាំ​ទ្វីបអាស៊ីសម្រាប់ឆ្នាំ២០២២នេះ ហើយក្នុងចំណោមនោះ​ទីក្រុង​សៀមរាប​របស់​ប្រទេសកម្ពុជា​ គឺ​ឈរ​នៅ​ក្នុងចំណោមTop 10 ដែលក្នុងនោះរួមមានដូចជា

១.ទីក្រុង Ubud ប្រទេសឥណ្ឌូនេស៊ី
២.ទីក្រុង Chiang Mai ប្រទេសថៃ
៣.ទីក្រុង Jaipur ប្រទេសឥណ្ឌា
៤.ទីក្រុង Osaka ប្រទេសជប៉ុន
៥.ទីក្រុង Udaipur ប្រទេសឥណ្ឌា
៦.ទីក្រុង Tokyo ប្រទេសជប៉ុន
៧.ទីក្រុង Kyoto ប្រទេសជប៉ុន
៨.ទីក្រុងសៀមរាប ប្រទេសកម្ពុជា
៩.ទីក្រុង Seoul ប្រទេសកូរ៉េខាងត្បូង
១០.ទីក្រុង Hoi An ប្រទេសវៀតណាម
១១.ទីក្រុង Bangkok ប្រទេសថៃ
១២.ទីក្រុង Luang Prabang ប្រទេសឡាវ
១៣.ទីក្រុង Taipei ប្រទេសតៃវ៉ាន់
១៤.ទីក្រុង Mumbai ប្រទេសឥណ្ឌា
១៥.ទីក្រុង Singapore ប្រទេសសិង្ហបុរី៕

ការលក់ផ្ទះថ្មីៗនៅប្រទេសសិង្ហបុរី ធ្លាក់ចុះរហូតដល់ទៅ៦៤ភាគរយក្នុងខែមិថុនា ឆ្នាំ២០២២

ដោយ៖ សុខុម

សិង្ហបុរី: ការលក់ផ្ទះឯកជនថ្មីៗនៅប្រទេសសិង្ហបុរី បានធ្លាក់ចុះខ្លាំងរហូតដល់ទៅ៦៤%ក្នុងខែមិថុនា បើធៀបនឹងខែឧសភា ឆ្នាំ២០២២ ដែលភាគច្រើនដោយសារកង្វះចាប់ផ្ដើមគម្រោងថ្មីៗ។

ដោយមិនរាប់បញ្ចូលខុនដូ Executive Condominium (ប្រភេទខុនដូសម្រាប់អ្នកមានវណ្ណៈកណ្ដាល) បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍លក់ផ្ទះបានត្រឹមតែ៤៨៨យូនីតប៉ុណ្ណោះកាលពីខែមុន ដោយធ្លាក់ចុះពីចំនួន១.៣៥៥យូនីតដែលលក់បានក្នុងខែឧសភា។ នេះបើយោងតាមតួលេខដែលអាជ្ញាធរអភិវឌ្ឍន៍ទីក្រុង (URA) បានចេញផ្សាយកាលពីថ្ងៃសុក្រ ទី១៥ ខែកក្កដា។

លោកស្រី Christine Sun អនុប្រធានជាន់ខ្ពស់ផ្នែកស្រាវជ្រាវ និងវិភាគនៅទីភ្នាក់ងារអចលនទ្រព្យសិង្ហបុរី OrangeTee & Tie បានធ្វើការកត់សម្គាល់ថា នេះជាចំនួនលក់ទាបបំផុតចាប់តាំងពីខែឧសភា ឆ្នាំ២០២០ ជាពេលដែលបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍លក់បានត្រឹមតែ៤៨៧យូនីត ព្រោះកំពុងផ្ទុះកូវីដ-១៩ ខ្លាំងពេលនោះ។

ដោយរាប់បញ្ចូលទាំងខុនដូ Executive Condominium ការលក់នៅក្នុងខែមិថុនា បានធ្លាក់ចុះ៦៣,៩% បើធៀបនឹងខែឧសភា។

ផ្អែកលើមូលដ្ឋានប្រចាំឆ្នាំ ការលក់ផ្ទះថ្មីៗដែលមិនរាប់បញ្ចូលទាំងខុនដូ Executive Condominium បានធ្លាក់ចុះ៤៤%ពីចំនួន៨៧២យូនីតដែលលក់បានក្នុងខែមិថុនា ឆ្នាំ២០២១។

តំបន់ Core Central Region បាននាំមុខគេដោយលក់ផ្ទះថ្មីបានចំនួន២០៦យូនីត បន្ទាប់មកគឺតំបន់ Rest of Central Region ដែលលក់បាន១៧១យូនីត និងតំបន់ Outside Central Region លក់បាន១១១យូនីត៕ CNA៕

មន្ត្រីជាន់ខ្ពស់កម្ពុជា៖ គម្រោងខ្សែក្រវាត់និងផ្លូវដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

ដោយ៖ លាងហួរ

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានមានប្រសាសន៍ថា គម្រោងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់នៅកម្ពុជា។

ក្នុងបទសម្ភាសន៍មួយ កាលពីពេលថ្មីៗនេះ ជាមួយប្រព័ន្ធផ្សព្វផ្សាយចិន លោក ប្រាក់ សុខុន បានមានប្រសាសន៍ថា គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ រួមមានផ្លូវថ្នល់ ស្ពាន កំពង់ផែសមុទ្រ អាកាសយានដ្ឋាន ផ្លូវដែក ទំនប់វារីអគ្គីសនី និងផ្កាយរណបទំនាក់ទំនង ក្នុងចំណោមគម្រោងផ្សេងទៀតកំពុងដំណើរការហើយនៅក្នុងប្រទេសកម្ពុជា ហើយគម្រោងទាំងនេះសុទ្ធតែជាអាទិភាពកំពូល។

លោកបានបន្ថែមថា មានគម្រោងធំៗដែលកើតចេញពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ក្រោមគម្រោង BRI ដែលស្នើដោយប្រទេសចិន រួមមាន តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី។

លោកបានមានប្រសាសន៍បន្តថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា រវាងប្រទេសទាំងពីរក្រោម BRI ខណៈដែលផ្លូវល្បឿនលឿន និងអាកាសយានដ្ឋាននឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចបន្ថែមទៀត។

ចំណែកវិស័យ ដូចជា ការកសាងសមត្ថភាពស្ថាប័ន ការចែករំលែកចំណេះដឹង និងការអភិវឌ្ឍន៍ធនធានមនុស្ស ប្រទេសចិនបានផ្តល់ជំនួយតាមរយៈអាហារូបករណ៍ អាហារូបករណ៍ និងមជ្ឈមណ្ឌលស្រាវជ្រាវ។លោក ប្រាក់ សុខុន បានមានប្រសាសន៍ថា ធនធានបន្ថែមទៀតនៅក្នុងការច្នៃប្រឌិត និងបច្ចេកវិទ្យាបៃតងគឺត្រូវការជាចាំបាច់ ដោយសារការអភិវឌ្ឍន៍បៃតងបានក្លាយជាលក្ខណៈសំខាន់នៃគម្រោង BRI៕

ការវិនិយោគទ្រព្យសកម្មរបស់ប្រទេសចិនបានកើនឡើង៦,១ភាគរយក្នុងឆមាសទី១

ដោយ៖ លាងហួរ

ចិន៖ ទិន្នន័យផ្លូវការបានបង្ហាញនៅថ្ងៃសុក្រនេះ ថាការវិនិយោគលើទ្រព្យសកម្មថេររបស់ប្រទេសចិនបានមានកំណើនជាលំដាប់ នៅក្នុងឆមាសទីមួយ ឆ្នាំ២០២២នេះ។

យោងតាមការិយាល័យស្ថិតិជាតិ បានឱ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវិនិយោគទ្រព្យសកម្មថេរបានកើនឡើង ៦,១ភាគរយ ធៀបនឹងឆ្នាំ២០២១ ដល់ ២៧,១៤ពាន់ពាន់លានយ័ន (ប្រហែល ៤,០២ពាន់ពាន់លានដុល្លារអាមេរិក) នៅក្នុងឆមាសទីមួយ។

កំណើននេះបានធ្លាក់ចុះពីការកើនឡើង ៦,២ភាគរយដែលបានចុះបញ្ជី ក្នុងរយៈពេល៥ខែដំបូង។

នៅក្នុងខែមិថុនា ការវិនិយោគទ្រព្យសកម្មថេរបានកើនឡើង០,៩៥ភាគរយពីមួយខែមុន។ ចាប់ពីខែមករាដល់ខែមិថុនា ការវិនិយោគទ្រព្យសកម្មថេរពីវិស័យឯកជនបានកើនឡើង៣,៥ភាគរយធៀបនឹងឆ្នាំមុនដល់១៥,៣១ពាន់ពាន់លានយ័ន។

ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងការផលិតបានកើនឡើង៧,១ភាគរយ និង ១០,៤ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

ទិន្នន័យរបស់ NBS បានបង្ហាញថា ការវិនិយោគលើការអភិវឌ្ឍន៍អចលនទ្រព្យបានធ្លាក់ចុះ៥,៤ភាគរយពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងឆមាសទីមួយមកត្រឹម៦,៨៣ពាន់ពាន់លានយ័ន។

ការវិនិយោគទៅក្នុងវិស័យផលិតកម្ម និងសេវាកម្មបច្ចេកវិទ្យាខ្ពស់ បានរក្សាសន្ទុះកំណើន ដោយនិរន្តរភាព ដោយកើនឡើង២៣,៨ភាគរយ និង១២,៦ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ នៅក្នុងត្រីមាសទីពីរ ការវិនិយោគទ្រព្យសកម្មថេរបានកើនឡើង៤,២ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ៕

អ្នកជំនាញបង្ហាញ០៦ចំណុចត្រូវសិក្សាឱ្យបានច្បាស់មុនសម្រេចចិត្តទិញដីធ្លី

ដោយ៖ ជេស៊ីកា

ភ្នំពេញ៖ ដោយសារដីធ្លីជាប្រភេទអចលនទ្រព្យម្យាង ដែលវិនិយោគមានផលចំណេញលឿនជាងគេ​ ច្បាស់លាស់ជាងគេ និងពេញនិយមជាងគេ ហេតុនេះការវិនិយោគលើផ្នែកនេះ គួរតែសិក្សាលើមូលដ្ឋានសំខាន់ៗទាំងនេះជាមុនសិន។ ​​

លោក វ៉ា វីរៈ អ្នកជំនាញអចលនទ្រព្យអន្តរជាតិ ​បានផ្តល់ពីដំបូន្មានសំខាន់ៗមួយចំនួនដល់អ្នកចង់វិនិយោគលើដីធ្លី ដែលចំណុចសំខាន់ៗទាំងនោះមានចំនួន៦ដូចជា៖

១) គោលបំណង​ (Goal or Purpose)
លោក អ្នកត្រូវមាន​គោលដៅច្បាស់លាស់ថា តើការទិញដីនោះក្នុងគោលបំណងជាការវិនិយោគ លើការអភិវឌ្ឍ​គម្រោង ដូចជា រីសត ឬលំនៅដ្ឋាន, ទិញដើម្បីវិនិយោគបង្កើតជាលំហូរសាច់ប្រាក់ (cash flow) ឬមួយទិញទុកដើម្បីយកចំណេញ ពេលដែលអចលនទ្រព្យនោះឡើងថ្លៃ (capital appreciation)​។

២) ស្វែងយល់ពីទំហំទឹកប្រាក់ក្នុងការវិនិយោគ (Budget and Finance)
បន្ទាប់ពីគោលបំណង​ នៃការវិនិយោគនោះហើយ លោកអ្នកត្រូវសិក្សាពីលទ្ធភាព នៃ​ចំនួនទឹកប្រាក់ ដែលលោកអ្នកអាចលៃលក ក្នុងការ​ទិញ តើការវិនិយោគនោះប្រើប្រាស់លុយខ្លួនឯងសុទ្ធ ឬក៏ការខ្ចីបុលមួយផ្នែកណាមួយពីធនាគារមកកវិនិយោគ ដែលត្រង់ចំណុចនេះលោកអ្នកត្រូវចេះថ្លឹងថ្លែង ពី​លទ្ធភាពក្នុងការដោះស្រាយ ទៅលើបញ្ហាសងត្រលប់។ សណ្ឋានដី ក៏ជាកត្តាសំខាន់ផងដែរ ដែលលោកអ្នកគួរពិចារណា ហើយដើម្បីដឹងពីសណ្ឋានដីនោះ ត្រូវចេះប្រើ Google Map, Google Earth និងបន្ទាប់មកគឺ​ត្រូវទៅមើលទីតាំងជាក់ស្តែង។​

៣) ទីតាំងយុទ្ធសាស្រ្ត (Location)
ទីតាំងជាកត្តាស្លាប់រស់ នៅពេលដែលអ្នកទិញអចលនទ្រព្យ ព្រោះតម្លៃគឺ​អាស្រ័យលើទីតាំងសក្តានុពល ដែលនេះមានន័យថា លោកអ្នកគួរសម្លឹងមើលទីតាំងដី ដែលឋិតនៅតាមបណ្តោយផ្លូវធំ ឬទីតាំងឋិតនៅកែងកាច់ជ្រុង។ ដូច្នេះការ​ទិញអចលនទ្រព្យជាដី លោកអ្នកគួរទិញកន្លែងណាដែលជាទីតាំងយុទ្ធសាស្រ្ត។

ជាថ្មីម្តងទៀត ដូចអ្វីដែលរៀបរាប់ក្នុងចំណុចទីមួយ អ្វីដែលសំខាន់អាស្រ័យលើគោលបំណង​​ ថាតើការទិញដីនោះសម្រាប់ការធ្វើវិស័យកសិ​កម្ម ឬសម្រាប់ការវិនិយោគលើម្រោងផ្តោតលើវិស័យទេសចរណ៍។

៤) ការបែងចែកតំបន់ (Zoning and Protected Zone)
បន្ទាប់ពីដឹងពីគោលបំណងនៃការទិញ ហើយត្រូវទិញនៅកន្លែងណា​។ ដូច្នេះ ការស្វែងយល់ពីការបែងចែកតំបន់នេះ គឺជារឿងសំខាន់ ដែលលោកអ្នកត្រូវសិក្សាពីផែនការមេ (master plan) ថាតើតំបន់នោះ ជាតំបន់លំនៅដ្ឋាន ពាណិជ្ជកម្ម កសិកម្ម ឬឧស្សាហកម្ម។

មួយវិញទៀត លោកអ្នកក៏ត្រូវដឹង និងប្រុងប្រយ័ត្នផងដែរចំពោះទីតាំងដីមួយចំនួន ដូចជាទីតាំងដែលឋិតក្នុងតំបន់ការពារ (ការកំណត់កម្ពស់ក្នុងការសាងសង់) ឧទ្យានជាតិ ឬជាតំបន់បេតិកភណ្ឌជាដើម។

៥) ហេដ្ឋារចនាសម្ព័ន្ធ (Utilities)
ប្រសិនបើលោក អ្នកទិញដីក្នុងបំណងអភិវឌ្ឍលំនៅដ្ឋាន ចាំបាច់ត្រូវមើលទៅលើទីតាំងដីនោះ មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ដែរឬទេ ដូចជាបណ្តាញគមនាគមន៍ (ផ្លូវថ្នល់) បណ្តាញទឹក(ស្អាត) ភ្លើង និងបណ្តាញលូជាដើម។

៦) ផ្លូវច្បាប់ (Legal)
ត្រង់ចំណុនេះ លោកអ្នកត្រូវពិនិត្យទៅលើទិដ្ឋភាពផ្លូវច្បាប់ថា តើទីតាំងដីនោះជាប្លង់ទន់ រឺប្លង់រឹង ហើយទីតាំងដីនោះមានជម្លោះដែរឬទេ។ ព្រោះប្រសិនបើលោក អ្នកទិញចំទីតាំងដីជាប់បណ្តឹងនៅអាជ្ញាធរ ឬតុ​លាការ សុរិយោដីនឹងមិនអាចផ្ទេរឈ្មោះឱ្យបាននោះទេ៕

បណ្ឌិតគីមហ៊ាង ៖ គម្រោងបុរីពីរដែលកំពុងសាងសង់គ្រាន់តែជាការកំដៅសាច់ដុំប៉ុណ្ណោះ

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ៖ លោកបណ្ឌិត គីម ហ៊ាង គឺជាអ្នកវិនិយោគអចលនទ្រព្យមួយរូបនៅកម្ពុជា ដែលរហូតមកដល់ពេលនេះ បានអភិវឌ្ឍគម្រោងបុរីធំៗពីរហើយ ដោយមួយនៅតំបន់ប៉ែកខាងកើត ជាប្រភេទលំនៅឋានសម្រាប់អ្នកមានចំណូលក្រោមមធ្យម ហើយមួយទៀតនៅប៉ែកខាងជើងរាជធានីភ្នំពេញ ជាប្រភេទលំនៅឋានសម្រាប់អ្នកមានលុយ​។

ក្នុងពេលចុះហត្ថលេខាជាមួយធនាគារហ្វីលីព ក្នុងការសហការលើការផ្ដល់ឥណទាន សម្រាប់គម្រោងបុរីវិមានសំណាង ដែលជាបុរីបែបអភិជន លោកបណ្ឌិត គីម ហ៊ាង ថាគម្រោងបុរីទាំងនេះគ្រាន់តែជាការកំដៅសាច់ដុំ នៃការអភិវឌ្ឍន៍របស់ខ្លួនប៉ុណ្ណោះ។ នៅពេលខាងមុខ ក្រុមហ៊ុនរបស់លោកនឹងអភិវឌ្ឍន៍គម្រោងធំ ជាងបច្ចុប្បន្ននេះទ្វេរដង ស្របនឹងតម្រូវការលំនៅឋាន នៅក្នុងប្រទេសកម្ពុជា កាន់តែមានកំណើនឡើង។

លោកបណ្ឌិតមានប្រសាសន៍ថា មូលហេតុដែលលោកនឹងអភិវឌ្ឍន៍បុរីបន្ថែមទៀត និងកាន់តែធំនៅពេលអនាគតខាងមុខ ព្រោះលោកមានក្រុមលក់គ្រប់គ្រាន់ មានបទពិសោធន៍ក្នុងការលក់។ ជាក់ស្ដែងក្រុមលក់របស់លោកមានរាប់រយនាក់ទៅហើយ។ ប្រសិនបើ ក្នុងមួយខែលក់តែ១ផ្ទះក្នុងម្នាក់ ក៏អាចលក់បានរាប់រយផ្ទះដែរ អញ្ចឹងក្នុងមួយឆ្នាំៗ យើងលក់មិនតិចដែរ។

លោកបន្តថា ដោយសារតែកត្តាទាំងនេះ បូករួមនឹងតម្រូវការលំនៅឋាននៅក្នុងរាជធានីភ្នំពេញនឹងកើនឡើងជាបន្តបន្ទាប់ បានធ្វើឱ្យលោកនឹងអនុវត្តន៍នូវគម្រោងទី៣ ទី៤បន្តបន្ទាប់ ហើយគម្រោងក្រោយៗ ក៏នឹងកាន់តែធំឡើងៗផងដែរ។ សម្រាប់ទីតាំងវិញ មិនទៅណាឆ្ងាយពីគម្រោងទី២ឡើយ ពីព្រោះតំបន់នៃបុរីវិមានសំណាងជាតំបន់មានសក្ដានុពល។

លោកបន្ថែមថា បច្ចុប្បន្ននេះ អំណាចនៃការទិញលំនៅឋាននៅក្នុងប្រទេសកម្ពុជាទាំងមូល ភ្នំពេញជាទីតាំងស្រូបទាញអ្នកទិញលំនៅឋានបានច្រើនជាងគេ ហើយបន្ទាប់មកជាតំបន់ជុំវិញរាជធានីភ្នំពេញ គឺខេត្តកណ្ដាល ដូចជាតាខ្មៅ កៀនស្វាយ ជាដើម ដោយបានជំរុញឱ្យវិនិយោគិនចាប់យកឱកាសក្នុងការអភិវឌ្ឍលំនៅឋាន នៅតំបន់ទាំងនោះ សម្រាប់ការអភិវឌ្ឍផ្គត់ផ្គង់លើទីផ្សារ៕

ប្រទេសវៀតណាមជាប់លេខ១ នៅអាស៊ីអាគ្នេយ៍ ដែលមានពលរដ្ឋទិញទំនិញតាមអនឡាញច្រើនបំផុត

ដោយសុខុម

ហាណូយ: ប្រទេសវៀតណាម បានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានពលរដ្ឋទិញទំនិញតាមអនឡាញច្រើនបំផុត ដោយក្នុងពលរដ្ឋវៀតណាម ម្នាក់កុម្ម៉ង់ទិញអីវ៉ាន់តាមអនឡាញជាធម្យម១០៤ដងក្នុងមួយឆ្នាំ។

នេះបើយោងតាមរបាយការណ៍ថ្មី ចេញដោយក្រុមហ៊ុនផ្ដល់សេវាដឹកជញ្ជូនទំនិញបញ្ជាទិញតាមអនឡាញឈានមុខគេ Ninja Van Group ដែលធ្វើប្រតិបត្តិការនៅប្រទេសជាច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងវៀតណាម ផងដែរ។

សារព័ត៌មាន Vietnam News ចុះផ្សាយកាលពីថ្ងៃសុក្រ ទី១៥ ខែកក្កដា ថា ៧៣%នៃអ្នកឆ្លើយតបនៅក្នុងការស្ទង់មតិនិយាយថា ពួកគេបានទិញទំនិញលើវេទិកា ឬ Platform ទិញទំនិញតាមអនឡាញជាប្រចាំ ហើយ៥៩%ឆ្លើយថា ពួកគេបានកុម្ម៉ង់ ឬទិញតាមគេហទំព័រអន្តរជាតិនានាជាច្រើនដង។

បច្ចុប្បន្ន ប្រទេសវៀតណាម គ្របដណ្ដប់១៥%នៃចំណែកទីផ្សារទិញទំនិញតាមអនឡាញក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសថៃ ហើយស្មើជាមួយប្រទេសហ្វីលីពីន។

របាយការណ៍ខាងលើបង្ហាញថា ពលរដ្ឋវៀតណាម ចូលចិត្តការទិញទំនិញតាមអនឡាញ ហើយឈានមុខគេនៅក្នុងតំបន់៕

ចរន្តនៃការទិញលក់ដីនៅខេត្តតំបន់ទេសចរណ៍មួយធ្លាក់ចុះ ប៉ុន្តែរក្សាតម្លៃថេរ

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ចរន្តនៃការទិញលក់ដីធ្លីនៅក្នុងប្រទេសកម្ពុជា នៅក្នុងឆ្នាំ២០២២នេះ ហាក់មានការថមថយបន្តិច បើធៀបនឹងចុងឆ្នាំ២០២១កន្លងទៅ។ ជាក់ស្ដែង នៅខេត្តទេសចរណ៍ធម្មជាតិមួយ ចរន្តនៃការទិញលក់ត្រូវបានរាយការណ៍ថា បានថមថយធៀបនឹងចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២នេះ ប៉ុន្តែ សម្រាប់តម្លៃវិញមិនមានការថមថយនោះទេ ពោលគឺនៅរក្សាតម្លៃថេរ។

លោក មាឃ រឹទ្ធីជ័យ ប្រធានក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តមណ្ឌលគីរីបានមានប្រសាសន៍ឱ្យដឹងថា សកម្មភាពទិញលក់ដីធ្លី នៅក្នុងខេត្តមណ្ឌលគីរី មានការថមថយបន្តិច ធៀបនឹងចុងឆ្នាំមុន ឬដើមឆ្នាំ២០២២នេះ។ បច្ចុប្បន្ននេះ នៅមណ្ឌលគីរីអ្នកលក់ដីច្រើនជាងអ្នករកទិញដី អញ្ចឹងហើយទើបមិនសូវមានការទិញលក់ច្រើននោះទេ។ យ៉ាងណា បើទោះបីជាអ្នកលក់ច្រើនជាងអ្នកទិញក្ដី តែតម្លៃដីធ្លីនៅក្នុងខេត្តនេះមិនមានការប្រែប្រួល ពោលគឺមិនឡើងមិនចុះ នៅរក្សាថេរតែម្ដង ។

លោកបន្តថា មួយរយៈកន្លងមកនេះ ក្នុងខេត្តមណ្ឌលគីរី យើងបានឃើញថា មានវិនិយោគិនបរទេសជាច្រើនចូលទៅកាន់តំបន់មួយចំនួន ដើម្បីត្រៀមក្នុងការអភិវឌ្ឍគម្រោងរបស់ពួកគេ ជាពិសេសផ្ដោតទៅលើវិស័យទេសចរណ៍ ដោយសារតែខេត្តមួយនេះ ជាខេត្តទេសចរណ៍ធម្មជាតិ ជាក់ស្ដែងមានការអភិវឌ្ឍរីសត និងចំការដំណាំសម្រាប់ទេសចរជាដើម។

លោកបន្ថែមថា ក្នុងកាលៈទេសៈដែលអ្នកទិញ តិចជាងអ្នកលក់ អ្នកទិញមានសិទ្ធិនិងមានអាទិភាពក្នុងការចរចា និងអាចជ្រើសរើសទីតាំងបានល្អៗផងដែរ ហើយក្នុងកាលៈទេសៈនេះ អ្នកទិញក៏អាចប្រមូលទិញ ដើម្បីទុកចំណេញនៅពេលខាងមុខផងដែរ។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា បានលើកឡើងពីសក្ដានុពលនៃខេត្តមណ្ឌលគីរីផងដែរថា ខេត្តនេះនឹងទាក់ទាញការវិនិយោគពីបរទេស នៅពេលអនាគតដ៏ខ្លី ពីព្រោះយើងមើលឃើញថា ផ្លូវពីភ្នំពេញទៅមណ្ឌលគីរីក៏បានសាងសង់ស្អាត ងាយស្រួលក្នុងការធ្វើដំណើរទៅមក ទាំងវិនិយោគិន និងទេសចរ។

លោកបន្តថា សក្ដានុពលខេត្តនេះ ដែលអាចទាក់ទាញវិនិយោគិន គឺការអភិវឌ្ឍន៍ទៅលើលំនៅឋានលំហែកាយ ដែលនឹងមានការពេញនិយមឆាប់ៗនេះ ដោយសារតែខេត្តនេះជាខេត្ត ដែលមានរមណីយដ្ឋានទេសចរណ៍ធម្មជាតិច្រើន និងមានសក្ដានុពលទៅលើវិស័យទេសចរណ៍ ក៏ដូចជាកសិកម្មបែបទេសចរណ៍៕

កាស៊ីណូកម្ពុជាមានចំនួន ១៤៣ បានដាក់ពាក្យសុំអាជ្ញាប័ណ្ណប្រចាំឆ្នាំ

ដោយ៖ សហការី

ភ្នំពេញ៖ ក្នុងឆ្នាំ២០២២ កម្ពុជាមានស៊ីណូសរុបចំនួន ១៤៣ បានមកដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណប្រចាំឆ្នាំ នៅនិយតករហ្គេមរបស់ប្រទេសកម្ពុជា។  នេះបើតាម GGRAsia ចុះផ្សាយកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។

លោក រស់ ភិរុណ អគ្គលេខាធិការនៃគណៈកម្មការគ្រប់គ្រងល្បែងស៊ីសងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា កន្លង​មកកម្ពុជា​មាន​កាស៊ីណូ​ដែល​មាន​អាជ្ញាប័ណ្ណ​ជាង២០០។ តែឆ្នាំ២០២២ មានកាស៊ីណូតែ ១៤៣ ប៉ុណ្ណោះដែលបានមកដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណប្រចាំឆ្នាំ ហើយឥឡូវចេញបាន ១៣អាជ្ញាប័ណ្ណ ហើយ។

លោកបន្ថែមថា ក្រោយចេញច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម តម្រូវឱ្យមានការវិនិយោគដើមទុនអប្បបរមា និងមានការរីករាលដាលនៃជំងឺកូវីដ១៩ មានកាស៊ីណូមួយចំនួននៅតែបន្តបិទ។ ដូច្នេះម្ចាស់កាស៊ីណូមួយចំនួន ក្នុងឆ្នាំ២០២១ សម្រេចចិត្តមិនដាក់ពាក្យស្នើសុំបន្តអាជ្ញាប័ណ្ណ សម្រាប់ឆ្នាំ២០២២នោះទេ ។

ប្រតិបត្តិករកាស៊ីណូដែលចុះបញ្ជីនៅអូស្ត្រាលី Donaco International Ltd បាននិយាយ ថាប្រតិបត្តិការកាស៊ីណូនៅក្លឹប Star Vegas និងកាស៊ីណូនៅប៉ោយប៉ែតជាប់ព្រំដែនកម្ពុជា-ថៃ បានបិទអស់រយៈពេលជាង២ឆ្នាំមកហើយ តែឥឡូវបានបើកឡើងវិញកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ។

ចំណែកណាហ្គាខប អិលធីឌី ដែលជាប្រតិបត្តិករនៃរមណីយដ្ឋានកាស៊ីណូណាហ្គាវើល និងជាម្ចាស់អចលនទ្រព្យកាស៊ីណូហ្គេមដ៏ធំបំផុតរបស់កម្ពុជា បានបញ្ជាក់ថា ខ្លួនគ្រោងនឹងដាក់បន្ថែមឱ្យដំណើរការតុហ្គេមពិសេសចំនួន២០ទៀត សម្រាប់ភ្ញៀវ VIP មកលេងនៅទីផ្សារដ៏ធំមួយនេះ នៅចុងត្រីមាសទី៣ ឬដើមត្រីមាសទី៤។
លោក ភិរុណ បានបន្ថែមថា ដើម្បីឱ្យប្រាក់ចំណូលសរុបនៃ ឧស្សាហកម្មហ្គេមកាស៊ីណូ ប្រសើរឡើងវិញ គឺអាស្រ័យលើការងើបឡើងវិញនៃឧស្សាហកម្មទេសចរណ៍របស់ប្រទេសទំាងមូលផងដែរ៕

រាជរដ្ឋាភិបាលបន្តលើកលែងពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែ VAT ចំពោះអាជីវកម្មទេសចរណ៍រយៈពេល៣ខែទៀត

ដោយ៖ សុផារី

ភ្នំពេញ៖ រាជរដ្ឋាភិបាលចេញសេចក្ដីណែនាំអំពីវិធានការបន្ថែមសម្រាប់បន្ដគ្រប់គ្រងផលប៉ះពាល់ និងគាំទ្រការងើបឡើងវិញនៃវិស័យទេសចរណ៍ ដោយសម្រេចបន្តលើកលែងពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែ VAT ចំពោះសណ្ឋាគារ ផ្ទះសំណាក់ និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ រយៈពេល៣ខែទៀត ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២២។

នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីសេចក្ដីណែនាំអំពីវិធានការបន្ថែម សម្រាប់បន្តគ្រប់គ្រងផលប៉ះពាល់ និងគាំទ្រការងើបឡើងវិញនៃវិស័យទេសចរណ៍ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ។

សេចក្ដីណែនាំបានបញ្ជាក់ថា ក្នុងបរិបទនៃវិបត្តិនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការចាំបាច់ជាបន្តបន្ទាប់ ក្រោមស្មារតីបុរេសកម្ម និងទទួលខុសត្រូវខ្ពស់ ក្នុងគោលបំណងបន្តគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ-១៩ និងបន្តជួយរក្សាលំនឹងអាជីវកម្ម-ធុរកិច្ចក្នុងវិស័យដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ។

ដោយឡែក សម្រាប់វិស័យទេសចរណ៍ ទោះបីជាចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ មានការកើនឡើងក៏ដោយ បញ្ហាមួយចំនួនដូចជា ការបន្តគំរាមកំហែងដោយជំងឺកូវីដ-១៩ និងការកើនឡើង នៃអត្រាអតិផរណាជាសកល នៅតែជាសម្ពាធដល់ការកើនឡើងវិញ នៃភ្ញៀវទេសចរដែលនាំឲ្យប្រតិបត្តិករជាច្រើន នៅក្នុងវិស័យទេសចរណ៍នៅបន្តជួបប្រទះនូវបញ្ហាប្រឈមនានាក្នុងអាជីវកម្មរបស់ខ្លួន។

ទន្ទឹមនឹងការដាក់ចេញនូវវិធានការ គោលនយោបាយ និងផែនការយុទ្ធសាស្រ្តនានា ដើម្បីគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសក្នុងទិសដៅបន្តជំរុញលំនឹងអាជីវកម្ម-ធុរកិច្ចក្នុងវិស័យដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ, រាជរដ្ឋាភិបាលយល់ឃើញពីភាពចាំបាច់ ក្នុងការដាក់ចេញនូវវិធានការបន្ថែមសម្រាប់បន្តគ្រប់គ្រង និងវាយតម្លៃផលប៉ះពាល់ ព្រមទាំងគាំទ្រការងើបឡើងវិញនៃវិស័យទេសចរណ៍ក្នុងកាលៈទេសៈដ៏លំបាកនេះ។

ក្នុងន័យនេះ រាជរដ្ឋាភិបាល បានសហការជាមួយវិស័យឯកជន និងក្រសួង-ស្ថាប័នពាក់ព័ន្ធដើម្បីដាក់ចេញនូវវិធានការបន្ថែមជូនវិស័យទេសចរណ៍ ដូចខាងក្រោម៖

ទី១៖ បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម ចំពោះសណ្ឋាគារ, ផ្ទះសំណាក់, និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយ អគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មនៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ សម្រាប់រយៈពេល៣ខែបន្ថែមទៀត គឺពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២២។ អាជីវកម្មទាំងនេះនៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញសម្រាប់ការគ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែក្នុងអំឡុងពេលនេះ។

ទី២៖ បន្តផ្ដល់ការសម្របសម្រួលតាមរយៈការបង្កកតួលេខបំណុលត្រឹមចុងឆ្នាំ២០១៩ និងមិនគិតការពិន័យសម្រាប់ឆ្នាំ២០២២ សម្រាប់វិស័យទេសចរណ៍។

ទី៣៖ ជំរុញអាជីវកម្មក្នុងវិស័យទេសចរណ៍ រៀបចំកម្មវិធីអភិវឌ្ឍន៍ជំនាញជូនដល់បុគ្គលិករបស់ខ្លួន ដោយខ្លួនឯង និងមានលទ្ធភាពស្នើសុំការគាំទ្រហិរញ្ញប្បទាន ពីសំណាក់គម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) តាមការចាំបាច់។ ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តនូវសេចក្ដីណែនាំនេះ ទៅតាមសមត្ថកិច្ចរបស់ខ្លួនឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត៕