សម្ដេចតេជោ ហ៊ុន សែន ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីប្រជាពលរដ្ឋរស់នៅសហរដ្ឋអាមេរិក

ដោយ៖ សុផារី

សហរដ្ឋអាមេរិក ៖ នៅពេលអញ្ជើញធ្វើដំណើរទៅដល់សណ្ឋាគារស្នាក់នៅ នាទឹកដីសហរដ្ឋអាមេរិក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ពីបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅទឹកដីសហរដ្ឋអាមេរិក។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានអរគុណចំពោះវត្តមានប្រជាពលរដ្ឋ ដែលជាជនរួមជាតិខ្មែរទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុត អញ្ជើញមកជួបសម្តេចដោយផ្ទាល់នៅពេលនេះ។

នៅចំពោះមុខប្រជាពលរដ្ឋទាំងអស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា “តើនេះគឺជារូបសម្តេចផ្ទាល់ ឬយ៉ាងណា?ព្រោះមុនពេលមកដល់ទីក្រុងញូយ៉ក មានជនអគិតមួយចំនួនបាននិយាយថា សម្តេចឈឺដាច់សរសៃឈាម មិនបានទៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិកនោះទេ”។

សម្តេចតេជោ បានអរគុណជាពន្លឹកជាថ្មីម្តងទៀត ជូនចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានមកជួបសម្តេចនាពេលនេះ  និងបានជូនពរដល់ការធ្វើដំណរត្រឡប់ទៅលំនៅដ្ឋានវិញ ប្រកបដោយសុខសុវត្តិភាព៕

ធនាគារហត្ថាទទួលបានពានរង្វាន់កិត្តិយសនៅក្នុងវេទិកាGlobal SME Finance Forum លើកទី៩

ដោយៈ សហការី

ភ្នំពេញៈ យើងមានមោទកភាព ដែលធនាគារហត្ថា (Hattha Bank Plc.) ត្រូវបានទទួលស្គាល់ និងទទួលបានពានរង្វាន់កិត្តិយស (Honorable Mention) នៅក្នុងវេទិកា Global SME Finance Forum លើកទី៩ ដែលប្រព្រឹត្តិឡើងនៅរាជធានីភ្នំពេញ។

វេទិកា Global SME Finance Forum លើកទី៩ គឺជាកម្មវិធីអន្តរជាតិមួយ ដែលរៀបចំឡើងដោយស្ថាប័ន International Finance Corporation (IFC) ដែលជាសមាជិកនៃធនាគារពិភពលោក (the World Bank Group) វេទិកា the @SME Finance Forum និងគាំទ្រដោយភាពជាដៃគូសកលរបស់G20 សម្រាប់ការដាក់បញ្ចូលហិរញ្ញវត្ថុ (GPFI) ព្រមទាំងសហការរៀបចំដោយ ធនាគារជាតិនៃកម្ពុជា ក្នុងគោលបំណងពង្រីក នូវលទ្ធភាពទទួលបានហិរញ្ញប្បទាន សម្រាប់សហគ្រាសធនតូច និងមធ្យមទូទាំងសកលលោក។

ជារៀងរាល់ឆ្នាំវេទិកានេះ បាននាំយកនូវស្ថាប័នហិរញ្ញវត្ថុ ក្រុមហ៊ុន Fin-Techនិងស្ថាប័នអភិវឌ្ឍហិរញ្ញវត្ថុ ពីបណ្តាប្រទេសជាច្រើនមកពិភាក្សា ចែករំលែកចំណេះដឹង បទពិសោធន៍ ក៏ដូចជានវានុវត្តន៍ ដើម្បីលើកកម្ពស់នូវការរីកចម្រើននៃសហគ្រាសធនតូច និងមធ្យម។

ដូចជាគ្នាដែរ វេទិកាឆ្នាំនេះនឹងផ្តោតសំខាន់ ទៅលើឥទ្ធពលនៃបរិវត្តន៍ឌីជីថល (Digital Transformation) ដើម្បីលើកកម្ពស់អំពីភាពបញ្ចូលគ្នា ចីរភាព និងទំនួលខុសត្រូវនៃហិរញ្ញប្បទាន សម្រាប់សហគ្រាសធនតូច និងមធ្យម។

នៅក្នុងឆ្នាំ២០២២នេះ ធនាគារហត្ថាត្រូវបានជ្រើសរើស សម្រាប់ពានរង្វាន់នេះ ក្នុងចំណោមបេក្ខភាព ដែលប្រកួតប្រជែងជាច្រើនទៀត។

លោក Matthew Gamser អគ្គនាយកនៃវេទិកា Global SME Finance Forum បានមានប្រសាសន៍ថា “ជារៀងរាល់ឆ្នាំ យើងឃើញមានស្ថាប័នហិរញ្ញវត្ថុ ដែលគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើង ចូលរួមគាំទ្រ ដើម្បីជួយកែលម្អលទ្ធភាព ទទួលបានហិរញ្ញវត្ថុរបស់សហគ្រាសធុនតូច និងមធ្យម”។

លោកបានបន្តថា“យើងឃើញមានការច្នៃប្រឌិតដ៏អស្ចារ្យ យើងឃើញឱកាសថ្មី សម្រាប់ការដោះស្រាយអតុល្យភាព កាលពីអតីតកាល ដែ​លបណ្តាលមកពីកត្តាយេនឌ័រ អាយុ និងវិសមភាពផ្សេងទៀត ហើយយើងឃើញការអនុវត្តថ្មីៗ ដែលបានដាក់អតិថិជនជាអាទិភាព ហើយធានាថាការផ្តល់ហិរញ្ញប្បទានមានទំនួលខុសត្រូវ និងផ្តលអត្តប្រយោជន៍ពិតប្រាកដ។លោក​បន្តថា “ការប្រកួតប្រជែងនៅក្នុងឆ្នាំ២០២១ ផ្តល់ឱ្យយើងនូវភាពដូចគ្នាកាន់តែច្រើន គឺ ការច្នៃប្រឌិតកាន់តែធំ សមិទ្ធិផលកាន់តែធំ និងសក្តានុពលកាន់តែធំ”៕

ការវិនិយោគលំនៅដ្ឋាននៅតំបន់អរិយក្សត្រនឹងទទួលបានផលចំណេញខ្ពស់ដោយសារហេតុផលជាច្រើន

  ដោយៈគង់ សូរិយា

       ភ្នំពេញៈ ការវិនិយោគលំនៅដ្ឋាននៅតំបន់អរិយក្សត្រ ស្ថិតក្នុងស្រុកល្វាឯម ខេត្តកណ្តាល នឹងទទួលបានផលចំណេញខ្ពស់ ស្របពេលគំរោង​ស្ពានតភ្ជាប់ពីផ្សាររាត្រី ទៅតំបន់អរិយក្សត្រនឹងសាងសង់នាពេលខាងមុខ។

ប្រធានផ្នែកទីផ្សារបុរីវីឡាទួលសង្កែ លោកធី វណ្ណាបានមានប្រសា​សន៍ឲ្យដឹងនាព្រឹកងថ្ងៃទី២២ កញ្ញានេះថា ការអភិវឌ្ឍន៍អចលនទ្រព្យនៅតំបន់មួយចំនួន មានសភាពឆ្អែតនៅក្នុងទីផ្សារហើយ ប៉ុន្តែតំបន់អរិយក្សត្រ ជាតំបន់អភិវឌ្ឍន៍ថ្មី ដែលតម្លៃលំនៅដ្ឋាននៅមានភាពសមរម្យនៅឡើយ។

លោកបន្តថា “បើគិតពីទីក្រុងរណបកោះពេជ្រ មកកាន់តំបន់អរិយក្សត្រ គឺមានចម្ងាយជិតមែនទែន បើទោះបីស្ពានតភ្ជាប់មិនទាន់កើតឡើង​ក៏ដោយ ក៏តំបន់នេះមានមនុស្សធ្វើដំណើរច្រើន”។ លោកបន្តថា “នៅពេលតម្លៃផ្ទះនៅទាប ពេលស្ពានសាងសង់រួច តម្លៃនឹងកើនឡើងខ្ពស់ ហេតុនេះ​ផលចំណេញពីការវិនិយោគ នៅតំបន់នេះនឹងមានចំនួនច្រើន”។

លោកធី វណ្ណាបានបន្តថា អ្វីដែលកាន់តែពិសេសគួរឲ្យចាប់អារម្មណ៍ តំបន់នេះ ជាតំបន់មានភាពត្រជាក់ ដោយសារមានទន្លេព័ទ្ឋជុំវិញ ដែលផ្តល់បរិយាកាសរស់នៅប្រកបដោយភាពមនោរម្យ ពិសេសគំរោងបុរីវីឡាទួល  សង្កែ ​បានផ្តោតលើហេដ្ឋារចនាសម្ព័ន្ឋធំទូលាយ ផ្តោតលើទីធ្លាបៃតងជាមួ​យការ​ដាំដើមឈើធំៗ ខៀវស្រងាត់ ដែលជារសនិយមរបស់ប្រជាជនសម័យថ្មី។លោកបន្តថា លើសពីនេះ បុរីក៏បានផ្តល់លក្ខខ័ណ្ឌបង់ប្រាក់ កាន់តែពិសេស ដោយអតិថិជន អាចបង់ប្រាក់រំលស់បានដោយឥតការប្រាក់ ក្នុងរយៈពេលមួយឆ្នាំផងដែរ។

លោកបន្តទៀតថា ក្រុមហ៊ុនបាននិងកំពុងរៀបចំ ដំណើរការផ្សារទំនើបពាក់កណ្តាលសហគមន៍ ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍នេះមានភាពងាយស្រួលក្នុងការរស់នៅ និងអាចប្រកបអាជីវកម្មបាន ពិសេ​សក្រុមហ៊ុនបាន និងកំពុងរៀបចំប្រព័ន្ឋអ៉ីនធើណេត និងសេវាទូរស័ព្ទដែលអាចប្រើប្រាស់បានងាយស្រួលនាពេលឆាប់ៗនេះផងដែរ។

អតិថិជនចាប់អារម្មណ៍ អាចទំនាក់ទំំនងតាមរយៈលេខទូរស័ព្ទ092 228 789, 093 228 789៕

អ្នកអភិវឌ្ឍអចលទ្រព្យថៃបន្តក្តីបារម្ភ ខណៈរដ្ឋាបាលពន្យាពេលគម្រោងហេដ្ឋារចនាសម្ព័ន្ធ

ដោយ:លាងហួរ

ប្រទេសថៃ: ទោះបីជាមានការស្ទុះងើបឡើងវិញយ៉ាងរឹងមាំ នៅក្នុងទីផ្សារលំនៅដ្ឋាន នៅក្នុងឆមាសទីមួយក៏ដោយ អ្នកអភិវឌ្ឍន៍អចលទ្រព្យនៅខេត្តនគររាជសីមា នៅតែមានការព្រួយបារម្ភ ចំពោះការពន្យារពេលនៃការចំណាយរបស់រដ្ឋាភិបាលលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ។

ពន្ធលើដី និងអគារ និងលទ្ធភាពនៃអត្រាការប្រាក់ខ្ពស់ ក៏អាចធ្វើឱ្យទំនុកចិត្តរបស់ពួកគេធ្លាក់ចុះផងដែរ។

លោក Narathorn Taninpitak ប្រធានសមាគមអចលនទ្រព្យនគររាជសីមា បាននិយាយថា គម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើន នៅក្នុងខេត្តត្រូវបានពន្យារពេល ធ្វើឱ្យការវិនិយោគរយៈពេលវែងធ្លាក់ចុះ ក្នុងការអភិវឌ្ឍន៍អចលនទ្រព្យ។

លោក Narathorn បានបន្តថា គម្រោងទាំងនេះ រួមមាន ផ្លូវល្បឿនលឿនពី Bang Pa-in ទៅកាន់ខេត្តនគររាជសីមា ដែលគ្រោងនឹងបើកនៅឆ្នាំក្រោយ ប៉ុន្តែទំនងជានឹងត្រូវពន្យារពេល ដោយសារផ្នែកសាងសង់ចំនួន៣ ក្នុងចំណោម២០សរុបកំពុងសាងសង់នាពេលបច្ចុប្បន្ន។

លោកបាននិយាយថា ផ្លូវរថភ្លើង២ផ្លូវពី Map Kabao ក្នុងខេត្តSaraburi ទៅ Chira ក្នុងខេត្ត Khon Kaen ដែលនឹងឆ្លងកាត់ខេត្តនគររាជសីមាក៏ប្រឈមនឹងការពន្យារពេលផងដែរ។

លោក Narathorn បានមានប្រសាសន៍ថា អ្នកអភិវឌ្ឍន៍ត្រូវរចនាចំណែកប្រើប្រាស់រួមគ្នា ក្នុងគម្រោងលំនៅដ្ឋានទាប ដើម្បីជៀសកុំឱ្យអតិថិជនបង់ពន្ធលើដី និងអគារ ដែលនឹងយកពន្ធលើចំណែករួមទាំងនេះ។

ជាលទ្ធផល វានឹងមានការលំបាក សម្រាប់អ្នកអភិវឌ្ឍន៍ក្នុងការស្វែងរកដីសមរម្យ ដើម្បីអភិវឌ្ឍគម្រោងលំនៅដ្ឋាន។

លោក Narathornបានមានបន្ថែមថា អត្រាការប្រាក់ខ្ពស់ក៏ប៉ះពាល់ដល់កម្លាំងទិញរបស់អ្នកទិញផ្ទះផងដែរ បើទោះបីជាសេដ្ឋកិច្ចនៅក្នុងខេត្តមានភាពប្រសើរឡើង ដោយសារប្រាក់ចំណូលរបស់ពួកគេ មិនទប់ទល់ជាមួយនឹងការកើនឡើងអត្រាការប្រាក់ និងអតិផរណា៕

ដាណឺម៉ាក និងអាល្លឺម៉ង់ កំពុងសាងសង់ផ្លូវរូងក្រោមបាតសមុទ្រ វែងបំផុតលើពិភពលោក

ដោយៈសុខុម

អន្តរជាតិ: ពេលនេះប្រទេសដាណឺម៉ាក និងប្រទេសអាល្លឺម៉ង់ ដែលស្ថិតនៅតំបន់អឺរ៉ុប កំពុងសាងសង់ផ្លូវរូងក្រោមបាតសមុទ្រ ប្រភេទ Immersed Tube Tunnel ដែលវែងបំផុតនៅលើពិភពលោក ដោយមុជទៅក្រោមបាតសមុទ្រ Baltic Sea ក្នុងជម្រៅរហូតដល់ទៅ៤០ម៉ែត្រ។

យោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃអង្គារ ទី២០ ខែកញ្ញា ឱ្យដឹងថា ផ្លូវរូងក្រោមបាតសមុទ្រនេះ នឹងជួយកាត់បន្ថយការធ្វើដំណើរទៅមករវាងប្រទេសទាំង២នេះ បានច្រើនដងណាស់ នៅពេលត្រូវបានដាក់ឱ្យដំណើរការនៅឆ្នាំ២០២៩។

បន្ទាប់ពីការធ្វើផែនការរយៈពេលជាង១ទសវត្សរ៍ ទីបំផុតការសាងសង់បានចាប់ផ្ដើម លើគម្រោងផ្លូវរូងក្រោមបាតសមុទ្រ Fehmarnbelt Tunnel នេះក្នុងឆ្នាំ២០២០។

ផ្លូវរូងក្រោមបាតសមុទ្រ ដែលនឹងមានប្រវែង១៨គីឡូម៉ែត្រនេះ គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធធំបំផុតមួយនៅតំបន់អឺរ៉ុប ដោយចំណាយអស់រហូតដល់ទៅ៧,១ពាន់លានដុល្លារអាមេរិក លើដំណើរការសាងសង់។

បើធ្វើការប្រៀបធៀបគ្នា ផ្លូវរូងក្រោមបាតសមុទ្រ Channel Tunnel ប្រវែង៥០គីឡូម៉ែត្រ តភ្ជាប់ប្រទេសអង់គ្លេស និងប្រទេសបារាំង ដែលបានបញ្ចប់ការសាងសង់ក្នុងឆ្នាំ១៩៩៣ ចំណាយអស់១៣,៥លានដុល្លារ ដែលតម្លៃលុយបច្ចុប្បន្ន ស្មើនឹង១៣,៦ពាន់លានដុល្លារអាមេរិក៕ CNN៕

រដ្ឋាភិបាលអនុម័តទុនវិនិយោគទំហំ២៤០០លានដុល្លារជាមួយ គំរោងចំនួន៧៥

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ នៅក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២២ រដ្ឋាភិបាល​កម្ពុជា​បាន​អនុម័ត​​គម្រោង​វិនិយោគឯកជន ​នៅ​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន៧៥ ដែលមាន​ទុនវិនិយោគ ២,៤​ ពាន់​លាន​ដុល្លារ កើន​១៥៩,៣ ភាគរយ ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។

យោងតាមរបាយការណ៍​និន្នាការ​សេដ្ឋកិច្ច​កម្ពុជា ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ ដែលបានចេញផ្សាយ​ចុងសប្តាហ៍​មុន​ឱ្យ​ដឹងថា ចាប់ពី​ខែមករា ដល់​ខែមិថុនា ឆ្នាំ​ ២០២២ ស្ថានភាព​វិនិយោគ​នៅ​កម្ពុជា​បាន​បង្ហាញ​ពី​ភាព​ល្អប្រសើរ​ឡើង​បន្តិច​ហើយ ដោយ​គម្រោង​វិនិយោគឯកជន ​នៅក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​ទទួល​បាន​ការអនុញ្ញាត ​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​មាន​ចំនួន៧៥​គម្រោង កើនឡើង២២គម្រោងធៀបរយៈពេលដូចគ្នា​កាលពីឆ្នាំមុន​។

គម្រោង​វិនិយោគ​ទាំងនេះ​ បានបង្កើត​ការងារ​ថ្មី​បាន​ប្រមាណ៦២ ​ពាន់​នាក់ កើនឡើង៦៥,៩ ​ភាគរយ​។

​របាយការណ៍ដដែលបានបន្តថា ​ក្នុង​ចំណោម​គម្រោង​ទាំង៧៥ គឺ​នាំមុខ​ដោយ​វិស័យ​សេវាកម្ម ឧស្សាហកម្ម ថាមពល និង​ទេសចរណ៍​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​លោក លឹម ហេងបានមានប្រ​សាសន៍ឲ្យដឹងថា កត្តា​សំខាន់​ដែល​ជួយ​ឱ្យ​ប្រទេស​កម្ពុជា​ ទទួល​បាន​កាលានុវត្តភាព​ថ្មីៗ​ ជា​បន្តបន្ទាប់​ក្នុង​ពេលនេះ គឺ​ការបើក​ដំណើរការ​សេដ្ឋកិច្ច​បាន​ឆាប់រហ័ស​ជាងគេ​ក្នុង​តំបន់​ (​តាំងពី​ពាក់កណ្តាល​ខែ​វិច្ឆិកា ឆ្នាំ ​២០២១) និង​ជា​ប្រទេស ​ដែល​មាន​ទីផ្សារ​អន្តរជាតិ​ធំៗ​ជា​ដៃគូ​។

លោក​បន្តថា “ការចូល​ជា​ធរមាន​នៃ​កិច្ចព្រមព្រៀង​ ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន និង​កិច្ចព្រមព្រៀង​គ្រប់​ជ្រុងជ្រោយ​តំបន់​ (RCEP) ព្រមទាំង​លក្ខណៈ​អំណោយផល​នៃ​ច្បាប់​វិនិយោគ​ថ្មី ក៏​ជា​ចំណែក​ទាក់ទាញ​អ្នកវិនិយោគ​ឱ្យមក​បណ្តាក់ទុន​លើ​ការផលិត ឬ​កែច្នៃ​ទំនិញ​ដែរ​”។

លោក​បញ្ជាក់ថា​ “ជាមួយ​នឹង​ភាពល្អ​ប្រសើរ​នៃ​ទីផ្សារ​នាំចេញ និង​លក្ខណៈ​អំណោយផល​ផ្សេងៗ​ទៀត​ ដែល​កម្ពុជា​មាន​ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា​គម្រោង​វិនិយោគ​ថ្មីៗ​នៅ​កម្ពុជា ​នឹង​បន្ត​កើនឡើង​ច្រើន​ថែមទៀត​ នៅពេល​អនាគត”​៕

ការសាងសង់ផ្លូវល្បឿនលឿនដំបូងគេរបស់កម្ពុជា បានបញ្ចប់មុនកាលកំណត់រយៈពេល៨ខែ

  ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ផ្លូវល្បឿនលឿនដំបូងគេរបស់កម្ពុជា ភ្នំពេញ ក្រុងព្រះសីហនុ បានបញ្ចប់ការសាងសង់ស្ទើរតែ១០០ភាគរយហើយ ហើយគ្រោងនឹងដាក់ដំណើរការសាកល្បង ឱ្យពលរដ្ឋបើកបរនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២នេះ។

គម្រោងសាងសង់ផ្លូវល្បឿនលឿននេះ ត្រូវបានរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបញ្ជាក់ថា បានបញ្ចប់មុនកាលកំណត់រហូតដល់៨ខែ។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និង​ដឹកជញ្ជូន បានបញ្ជាក់ពីចំណុចសំខាន់ៗមួយចំនួន ដែលបងប្អូនប្រជា ពលរដ្ឋគួរយល់ដឹង ដើម្បីឱ្យការប្រើប្រាស់ផ្លូវល្បឿនលឿនថ្មី និងដំបូងគេបង្អស់របស់កម្ពុជានេះ ប្រកបដោយភាពត្រឹមត្រូវតាមបទដ្ឋាន សុវត្ថិភាពចរាចរណ៍ ជារួមមានដូចជា របៀបប្រើប្រាស់គន្លងផ្លូវ ល្បឿនបើកបរដែលបានកំណត់ ប្រភេទយានយន្ត ដែលអនុញ្ញាតឱ្យបើកបរបាន ទីតាំងបញ្ជរបង់ប្រាក់ និងច្រកចេញចូល ក៏ដូចជារបៀបនៃការវ៉ាជែងផងដែរ។

ចំណែឯទោចក្រយានយន្ត ដែលមានទំហំស៊ីឡាំងចាប់ពី៥០០cc ឬ២៧kwឡើង មានបំណងបើកបរលើផ្លូវល្បឿនលឿន គឺត្រូវបានតម្រូវឱ្យស្នើសុំស្លាកសញ្ញាសម្រាប់បិទបញ្ជាក់ (Sticker) ពីក្រសួងសាធារណការ និងដឹកជញ្ជូនជាមុន។

លោកមានប្រសាសន៍ថា “ក្រសួងបានរៀបចំផលិតនូវវីដេអូអប់រំ ស្តីពីការប្រើប្រាស់ផ្លូវ ល្បឿនលឿននេះដែរ ហើយត្រៀមនឹងផ្សព្វផ្សាយនាពេលឆាប់ៗខាងមុខនេះ”។

លោកស៊ុន ចាន់ថុលបានលើកឡើងផងដែរ អំពីរបៀបនៃការទូទាត់សេវាប្រើប្រាស់ផ្លូវល្បឿនលឿននេះ តាមរយៈការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិច ETC ក្រោយដំណើរការសាកល្បង។

ក្រសួង និងក្រុមហ៊ុនកំពុងសហការរៀបចំប្រព័ន្ធបច្ចេកវិទ្យា ដែលមានលក្ខណៈសាមញ្ញ សម្រួលដល់បងប្អូនប្រជាពលរដ្ឋ អាចធ្វើការបង់ប្រាក់ជាមុន និងប្រើប្រាស់ផ្លូវល្បឿនលឿន ដោយមិនចាំបាច់ឆ្លងកាត់នីតិវិធីស្មុគស្មាញ និងមិនចាំបាច់តម្រូវឱ្យចេះ ប្រើប្រព័ន្ធបច្ចេកវិទ្យាឡើយ។ រីឯការបង់ប្រាក់ នឹងអាចធ្វើបានជាមួយជម្រើសសំបូរបែប គ្រប់ពេលវេលា និងពីគ្រប់ទីកន្លែង។

បច្ចេកវិទ្យានេះ ក៏នឹងសម្រួលដល់ការចេញ ចូលផ្លូវល្បឿនលឿន ដោយមិនចាំបាច់រង់ចាំ ចំណាយពេលយូរនៅច្រកចេញចូលឡើយ។ ដើម្បីចូលទៅកាន់ផ្លូវល្បឿនលឿនបាន បងប្អូនដែលជាអ្នកបើកបរត្រូវប្រើប្រាស់យានយន្តបានចុះបញ្ជី និងត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) នៅក្នុងសុពលភាពឱ្យបានត្រឹមត្រូវ តាមស្តង់ដារបច្ចេកទេស ដែលកំណត់ដោយក្រសួង ដើម្បីធានាបានសុវត្ថិភាពចរាចរណ៍ ព្រមទាំងកាត់បន្ថយបទល្មើសនានា។

លោកទេសរដ្ឋមន្រ្តី បានសម្តែងនូវមោទនភាពជាអនេក ដែលកម្ពុជាយើងស្ថិតក្រោមដំបូលសុខសន្តិភាព កើតចេញពីការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់ឱកាសឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន បានកសាងផ្លូវល្បឿនលឿន ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត និងជាមោទនភាពរបស់ប្រជាជាតិខ្មែរទាំងមូល។

ក្រៅពីមោទនភាពដ៏ធំមួយនេះ ផ្លូវល្បឿនលឿននឹងនាំមកនូវការរីកចម្រើនលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម បង្កើននូវលំហូរទេសចរណ៍ និងបង្កើតការងារជូនដល់បងប្អូនប្រជាពលរដ្ឋ សំដៅចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រផងដែរ ៕

បុរីវិមានសំណាង រៀបចំកម្មវិធី “វេចនំអន្សម” ដើម្បីចូលរួមលើកកំពស់វប្បធម៌ប្រពៃណីជាតិខ្មែរ

ដោយៈ សហការី

ភ្នំពេញៈ លោកជំទាវឧកញ៉ាគង់ សំណាង ម្ចាស់គម្រោងបុរីវិមានសំណា​ង និងក្រុមការងារនៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ បាន​រៀបចំកម្មវិធី “វេចនំអន្សម” ដើម្បីចូលរួមលើកកំពស់វប្បធម៌ប្រពៃណីជាតិខ្មែរ យើ​ងឱ្យបានគង់វង្ស ដែលមានទីតាំងស្ថិតនៅការិយាល័យ បុរីវិមានសំណាង។

កម្មវិធីនេះដែរ លោកជំទាវឧកញ៉ាគង់ សំណាងបានមានប្រសាសន៍  ឲ្យដឹងបន្ដថា នំអន្សម មានដើមកំណើតតាំងពីបរមបុរាណកាលមក ក្នុងប្រវត្តិ នំប្រពៃណីខ្មែរ និងត្រូវបានគេឃើញ វត្តមាននំមួយប្រភេទនេះ នៅ ក្នុង ពិធីបុណ្យប្រពៃណី ខ្មែរ ដូចជា បុណ្យចូលឆ្នាំប្រពៃណីជាតិ បុណ្យភ្ជុំបិណ្ឌ ក្នុងពិធីរៀបអាពាហ៍ពិពាហ៍ និងពិធីបុណ្យសាសនាមួយចំនួនទៀត។

បន្ថែមពីនេះ លោកជំទាវឧកញ៉ា គង់ សំណាង បានបញ្ជាក់ថា ក្នុងឱកាសបុណ្យ កាន់បិណ្ឌប្រពៃណីជាតិខ្មែរខាងមុននេះ បុរី វិមានសំណាង បាននាំយកនូវគោលការណ៍បង់ប្រាក់ដ៏ពិសេស គឺបង់ត្រឹម២,០០០$តែប៉ុណ្ណោះក្នុងមួយខែ រយះពេល១ឆ្នាំដោយឥតការប្រាក់ និងមានថែមជូនកាដូជាច្រើនដូចជា ម៉ាស៊ីនត្រជាក់គ្រប់បន្ទប់ សាទែនទឹក1500L ប្រព័ន្ធការពារសត្វកណ្តៀរ និងទទួលបានឆ្នោតចាប់រង្វាន់រថយន្ត Lexus Lx600 ចំនួនមួយគ្រឿង។

នៅចាំអីទៀត ឆាប់មកទទួលយកទីតាំងពិសេសៗមុនគេ។ កម្មវិធីនេះ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២។

សម្រាប់ពត៌មានលម្អិតសូមទំនាក់ទំនង មកក្រុមការងារតាមរយះលេខ៖ 095 96 2000/ 070 96 2000/ 078 96 2000

/061 96 2000/ 086 96 2000៕

“ឋានសួគ៌លំហែរ” បានបង្ហាញខ្លួននៅក្នុងតំបន់ទេសភាពដ៏ស្រត្រកាលនៃតំបន់ផ្លូវជាតិលេខ៤១

 ដោយៈ គង់ សូរិយា

       តាកែវៈ ជាមួយទស្សនទាន នៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវសង្គម និងឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងការរីកចម្រើនសេដ្ឋកិច្ច សង្គម អ្នកអភិវឌ្ឍន៍ក្នុងស្រុកបាននិងកំពុងចូលទៅវិនិយោគនៅតំបន់ដ៏ស្រស់ត្រកាលមួយ នៃទឹកដីខេត្តតាកែវ។

អគ្គនាយកក្រុមហ៊ុនYoungsia Real Estate លោកCooler Tanបានមានប្រសាសន៍ឲ្យដឹងក្នុងកិច្ចសម្ភាសន៍ ផ្តាច់មុខជាមួយគេហទំព័រPropertyarea.asiaកាលពីថ្ងៃទី២១ កញ្ញាកន្លងមកថា ដោយសារនិន្នា ការរីកចម្រើនសេដ្ឋកិច្ចសង្គម ប្រជាពលរដ្ឋកាន់តែមានជីវភាពធូរធារ និងភាពមានបាន ពួកគាត់ត្រូវការកន្លែងសំរាកលំហែរកំសាន្ត ពិសេសត្រូវការធម្មជាតិ ដែលផ្តល់ភាពស្រស់ស្រាយដល់ជីវិតរបស់ពួកគាត់។

លោកបន្តថា “កាលពី៣០ឆ្នាំមុន អ្វីដែលប្រជាពលរដ្ឋខ្មែរគិតគូរមុនគេ គឺរកអ្វីឲ្យបានទទួលទានសិន ប៉ុន្តែបច្ចុប្បន្នពួកគាត់មានលុយច្រើន មានជីវភាពកាន់តែប្រសើរ មានហូបចុកគ្រប់គ្រាន់ ពួកគាត់ចាប់ផ្តើមគិតពីកន្លែង​កំសាន្ត គិតពីការសម្រាកលំហែរកាយ”។ លោកបន្តថា “ឥលូវនេះប្រជាពលរដ្ឋមិនត្រឹមតែហូបឆ្អែតទេ ប៉ុន្តែពួកគាត់រស់ស្រួល និងចង់ធ្វើឲ្យជីវិតកាន់តែមានន័យ និងស្វែងរកគុណតម្លៃជីវិត”។

លោកCooler Tanបានបន្តថា ដោយសារបច្ចុប្បន្នបច្ចេកវិទ្យាកាន់តែរីកចម្រើន បណ្តាញសង្គមកាន់តែផ្សព្វផ្សាយបានទូលំទូលាយ ពីពិភពលោ​ក ហេតុនេះទើបប្រទេសក្រីក្របានកូពីអ្វី ដែលជាការរីកចម្រើនពីបណ្តា​ប្រ​ទេសរីកចម្រើននានា យកមកកែច្នៃ និងអភិវឌ្ឍន៍ប្រទេសរបស់យើងបានកាន់តែល្អ និងលឿន។

គំរោងនេះ មានទីតាំងនៅភូមិបុសតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ស្ថិតនៅភាគខាងលិចផ្លូវជាតិលេខ៤១ ជាតំបន់ដែលគេស្គាល់ថា អន្លង់ភ្ញៀវ កំពូលពេជ្រ និងត្រីមាសជាដើម។

លោកCooler Tanបានបន្តថា គំរោងឋានសួគ៌លំហែរ បានផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋដ៏ច្រើន ដើម្បីផ្តល់ឲ្យអ្នកចង់បានដីលំហែរទទួ​ល​បានអារម្មណ៍លំហែរ និងស្រស់ស្រាយពិតប្រាកដ ដោយយើងមានសួនច្បារ សួនទឹកសប្បនិម្មិត ទីធ្លាបៃតង និងទេសភាពជួរភ្នំដ៏ស្រស់ស្អាត​នាតំបន់នោះ។

លោកបន្តថា ដោយសារចង់ឲ្យអ្នកមានជីវភាពមធ្យម និងក្រោមមធ្យមអាចទិញដីលំហែរបាន លោកបានសម្រេចបោះទុនវិនិយោគ និងពុះដីក្នុងគំរោងនេះ ទំហំត្រឹម៥គុណនឹង២០ម៉ែត្រ ដែលអ្នកមានជីវភាពដូចលើកឡើងខាងលើអាចមានលទ្ឋភាពបង់ប្រាក់បាន​ និងមានកន្លែងលំហែរផងដែរ។

លោកបន្តថា អតិថិជនបង់ប្រាក់ត្រឹម៥០ដុល្លារ ក្នុងមួយខែជាមួយដីមួយឡូត៍ មានតម្លៃត្រឹម៤០០០ដុល្លារអាមេរិកប៉ុណ្ណោះ ដោយពួកគេអាច​សាងសង់ផ្ទះតាមរសនិយម និងចំណង់ចំណូលចិត្តរបស់ពួកគេ ប៉ុន្តែស្ថិតនៅក្រោមការគ្រប់គ្រងរបស់ម្ចាស់គម្រោង សំរាប់ទីតាំងមួយចំនួនដែលបានរៀបចំ ដើម្បីឲ្យការអភភិវឌ្ឍមានសណ្តាប់ធ្នាប់ មានសោភ័ណភាព និងរបៀបរៀបរយ។

ជាមួយគ្នានេះ លោកCooler Tanក៏បាន និងកំពុងរៀបចំសាងសង់ ក្លោងទ្វារ និងហេដ្ឋារចនាសម្ព័ន្ឋនានាជាច្រើននៅក្នុងគំរោងនេះ ដើម្បីធានាថា គម្រោងឋានសួគ៌លំហែរ ជាគំរោងអភិវឌ្ឍន៍ ដែលផ្តោតលើនិរន្តរភាពបរិស្ថានផង ជាគំរោងប្រកប ដោយការទទួលខុសត្រូវផ្នែកសង្គមផង និងជាគំរោង ដែលមានការធានាសុវត្ថិភាពដល់អ្នករស់នៅ និងចង់សំរាកលំហែរ ដោយក្រុមហ៊ុន នឹងផ្តល់សន្តិសុខរក្សាសុខសុវត្ថិភាព២៤ម៉ោង៕

 

ការផ្តល់ឥណទានក្នុងវិស័យអចលនទ្រព្យកើនឡើងដល់៧ពាន់លានដុល្លារអាមេរិកគិតត្រឹមពាក់កណ្ដាលឆ្នាំនេះ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅតែបន្តផ្ដលឥណទានដល់វិស័យអចលនទ្រព្យមានទំហំទឹកប្រាក់រហូតដល់ជាង៧ពាន់លានដុល្លារអាមេរិក ក្នុងឆមាសទី១ឆ្នាំនេះ។

ទំហំឥណទាននេះ ជាសញ្ញាវិជ្ជមានមួយក្នុងវិស័យនេះ បើទោះបីជាស្ថានភាពនៃសេដ្ឋកិច្ច ក៏ដូចជាអចលនទ្រព្យក្នុងប្រទេសកម្ពុជា នៅមិនទាន់មានការរីកលូតលាស់ ដូចមុនវិបត្តិកូវីដ១៩ក្ដី។ ជាក់ស្ដែងគិតត្រឹមពាក់កណ្ដា​លឆ្នាំនេះ ទំហំឥណទានផ្ដល់ក្នុងវិស័យអចលនទ្រព្យមានទំហំ ជាង៧ពាន់លានដុល្លារ ហើយការបន្តផ្ដល់ឥណទានក្នុងវិស័យនេះ នឹងផ្ដល់ឱកាសដល់អ្នកអភិវឌ្ឍន៍បន្តនិរន្តរភាពរបស់ខ្លួនបន្ថែម។

លោកង៉ូវ ប៊ុនថនប្រធានផ្នែកឥណទាននៃធនាគារពាណិជ្ជឈីហ្វ បានមានប្រសាសន៍ថា យើងពិតជាបានមើលឃើញថា កម្ចីអចលនទ្រព្យបានកើនឡើងខ្ពស់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសនោះក្នុងឆ្នាំ២០២២នេះ កម្ចីអចលនទ្រព្យត្រូវបានមើលឃើញថា បន្តកើនឡើងជាពិសេសនោះ ការផ្ដល់កម្ចីសម្រាប់ទិញលំនៅឋាន ។

លោកបន្តថា “មានមតិមួយចំនួនបានលើកឡើងថា ការផ្ដល់កម្ចីទៅក្នុងវិស័យអចលនទ្រព្យ បានផ្ដល់ហានិភ័យខ្ពស់ ទៅដល់ស្ថាប័នហិរញ្ញវត្ថុប៉ុន្តែបើសិនជាស្ថាប័នហិរញ្ញវត្ថុនោះ គាត់ផ្ដល់កម្ចីតែមួយផ្នែកពោលគឺគាត់ផ្ដល់តែក្នុងមួយវិស័យ”។លោកបន្តថា “ប៉ុន្តែបើសិនជាស្ថាប័ននោះ គាត់ផ្ដល់​កម្ចីឥណទានទៅដល់វិស័យចម្រុះ នៅពេលវិស័យមួយមានវិបត្តិឬបញ្ហាកើតឡើងគាត់ នៅមានវិស័យផ្សេងទៀតអាចជួយទប់ទល់”។

លោកបន្ថែមថា ស្ថាប័នធនាគារ និងមីក្រូហិរញ្ញវត្ថុកម្ពុជា ជាច្រើនបានផ្ដល់កម្ចីច្រើនវិស័យ ក្នុងនោះមានដូចជា វិស័យទេសចរណ៍ វិស័យនាំចេញនាំចូល វិស័យឧស្សាហកម្ម កសិកម្ម  និងសេវាកម្ម ដោយមិនផ្តោតតែលើវិស័យអចលនទ្រព្យមួយទេ ។

លោកប៊ុនថនឱ្យដឹងថា មានប្រជាពលរដ្ឋជាច្រើនណាស់ ដែលទទួលបានអត្ថប្រយោជន៍ ពីការកើនឡើងនៃវិស័យសំណង់ និងអចលនទ្រព្យនេះ ហើយមួយចំនួន ក៏បានទទួលអត្ថប្រយោជន៍ ពីការប្រើប្រាស់កម្ចីសម្រាប់វិនិយោគ ឬអភិវឌ្ឍន៍អចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។ ដូច្នេះបើសិនជាអតិថិជនប្រើប្រាស់កម្ចី នៅក្នុងវិស័យអចលនទ្រព្យបានល្អ មានការគិតគូរនិងផែនការច្បាស់លាស់ នឹងមិនធ្វើឱ្យមានហានិភ័យនោះឡើយ។

ជាមួយគ្នានេះ លោកបណ្ឌិតអ៉ិន ចាន់នីប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដាបានលើកឡើងផងដែរថា ធនាគារអេស៊ីលីដាមិនផ្ដោតតែលើវិស័យមួយនោះទេ គឺខ្លួនបានផ្ដោតទៅលើវិស័យជាច្រើន ក្នុងនោះក៏មានកម្ចីទៅដល់វិស័យអចលនទ្រព្យ និងសំណង់ផងដែរ ។

លោកបន្តថា “ទោះបីជាស្ថិតនៅក្នុងវិបត្តិនៃជំងឺកូវីដ១៩ ក៏ធនាគារនៅកម្ពុជាមិនថា តែធនាគារអេស៊ីលីដា គឺនៅតែបន្តផ្ដល់ឥណទានដល់បណ្ដាដៃគូពាណិជ្ជកម្មរបស់ខ្លួន ដើម្បីឱ្យពួកគេអាចពង្រីកអាជីវកម្ម និងមុខជំនួញបន្តនៅក្នុងវិបត្តិ”៕