អ្នកវិភាគរកឃើញមូលហេតុចំនួន៤ ដែលអ្នកធុរកិច្ចចិនមិនទាន់ ត្រលប់មកកាន់កម្ពុជា

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ផ្អែកលើកម្រិតទំនាក់ទំនងទ្វេរភាគី ដែលមេដឹកនាំប្រទេសទាំងពីរបានពូនជ្រុំកម្រិតទំនាក់ទំនង មកដល់ភាពជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ ការកើនឡើងនូវលំហូរពាណិជ្ជកម្ម ការគាំទ្រគ្នាទៅវិញទៅមក លើឆាកអន្តរជាតិ សមណាស់រដ្ឋាភិបាលចិន បញ្ជូនអ្នកវិនិយោគរបស់ខ្លួន មកកាន់កម្ពុជាកាន់តែច្រើន។

ប៉ុន្តែហេតុអ្វីបានជាមកដល់ពេលនេះ ចំនួនអ្នកវិនិយោគចិននៅតែហូរចូលមកកម្ពុជានៅមានកម្រិត?។

អ្នកវិភាគឯករាជ្យ ដែលបានតាមដានទំនាក់ទំនងកម្ពុជា ចិន និងជាអគ្គនាយកគេហទំព័រPropertyarea.asia លោកយិន លាងគង់ដែលបានសរសេរអត្ថបទវិភាគជាច្រើន ពីទំនាក់ទំនងកម្ពុជា ចិនបានលើកឡើងថា ការមិនទាន់មកដល់របស់អ្នកវិនិយោគចិនធំៗ នៅកម្ពុជាដោយសារកត្តាសំខាន់ៗចំនួន៤ រួមមានទី១ ប្រមុខដឹកនាំចិន ពោលគឺប្រធានាធិបតីស៊ី ជីនពីងកំពុងជាប់ដៃរកសម្លេងឆ្នោត ដើម្បីអានបន្តកាន់អំណាចនៅអាណត្តិទី៣បន្តទៀត។

ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីចិន នឹងធ្វើឡើងនៅថ្ងៃទី១៦ តុលាខាងមុខនេះ។

ហេតុផលទី២ ដោយសារអ្នកវិនិយោគចិន បាននិងកំពុងត្រៀមរៀបចំខ្លួន ដើម្បីរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិចិន នាពេលខាងមុខនេះ។

ហេតុផលទី៣ ការបិទប្រទេស និងវិបត្តិអចលនទ្រព្យរបស់ចិនជាផ្នែកសំខាន់មួយទៀត ដែលរដ្ឋាភិបាលចិនបានបិទលំហូរមូលធន ចេញក្រៅប្រទេស ដែលនេះជាគោលនយោបាយដ៏ស្ងៀមស្ងាត់ និងឆ្លាតវៃរបស់ប្រមុខ​រដ្ឋាភិបាលចិន ដើម្បីបង្ហាញទៅកាន់ពិភពលោកថា ខ្លួនកំពុងជួបវិបត្តិផងដែរ ខណៈអាមេរិក និងបណ្តាសម្ព័ន្ឋមិត្តរបស់ខ្លួន បានរុញឲ្យចិនធ្វើអន្តរា​គមន៍ជាមួយរុស្ស៊ី ដើម្បីបញ្ចប់សង្រ្គាមរុស្ស៊ី ឈ្លានពានអ៊ុយ ក្រែន។

ហេតុផលធំលំដាប់ទី៤ ភាពតានតឹងនៃភូមិសាស្រ្តនយោបាយរបស់ចិន និងអាមេរិក ដែលតែងតែព្យាយាមកកូរកាយបញ្ហាផ្ទៃក្នុងចិនផង និងកំពុងព្យាយាមដុតចិន ដើម្បីបញ្ឆេះសង្រ្គាមលើកោះតៃវ៉ាន់។

លោកយិន លាងគង់បានបន្តថា​ “ក្រោយការបោះឆ្នោតប្រធានាធិបតីចិន រដ្ឋាភិបាលចិននឹងបើកចំហរ និងអនុញ្ញាត្តឲ្យលំហូរមូលធនចេញពីប្រទេសចិន បើពុំដូច្នោះវិបត្តិធំមួយ នឹងកើតមាននៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទី២ របស់ពិភពលោកនេះមិនខាន”៕

ដំណឹងល្អៈផ្លូវល្បឿនលឿនភ្នំពេញ បាវិតនឹងសាងសង់នៅពាក់ កណ្តាលឆ្នាំ២០២៣

 ដោយៈជេស៊ីកា

       ភ្នំពេញៈ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងថា ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិតនឹងអាចបើកដំណើរការសាងសង់ នៅពាក់កណ្តាលឆ្នាំ២០២៣ខាងមុខនេះ។

លោកបានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃទី២១ កញ្ញាកន្លងមកថា លោក

បានស្នើសុំទៅសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ ដើម្បីចុះហត្ថលេខា​លើកិច្ចព្រមព្រៀង ​ក្របខ័ណ្ឌ​ជាមួយក្រុមហ៊ុនCRBC ដែលជាក្រុមហ៊ុនសាង សង់ផ្លូវល្បឿនលឿនភ្នំពេញ- ព្រះសីហនុក្នុងការបន្តសិក្សា និងសាងសង់ផ្លូវល្បឿនលឿន​ភ្នំពេញ-បាវិត ដែលជាផ្លូវល្បឿនលឿនទី២។

លោកទេសរដ្ឋមន្ត្រីបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានឯកភាព​ឱ្យក្រុមហ៊ុន CRBC ដដែលនេះ ជាអ្នកវិនិយោគ ដាក់ថវិកាសាង​សង់ផ្លូវល្បឿនលឿន​ភ្នំពេញ- បាវិត ដែលជាផ្លូវល្បឿនលឿនទី២ បន្ទាប់ពីបញ្ចប់ផ្លូវល្បឿនលឿនទី១ (ភ្នំពេញ-ក្រុងព្រះសីហនុ) នាពេលឆាប់ៗនេះ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ​បញ្ជាក់ថា “យើងបានចុះអនុស្សរណៈយោគយល់គ្នា (MoU) រួចហើយជាមួយក្រុមហ៊ុន CRBC យើងនឹងត្រៀមចុះហត្ថលេខា លើកិច្ចព្រមព្រៀមនៅខែវិច្ឆិកានេះ ហើយក្រុមហ៊ុននឹងធ្វើការសិក្សា ជាមួយការត្រៀមរៀបចំ ចុះកិច្ចព្រមព្រៀងសម្បទាន ឱ្យបានមុនដាច់ឆ្នាំនេះ ដើម្បីបានបើកការដ្ឋានឱ្យបាន នៅពាក់កណ្តាលឆ្នាំ២០២៣។

លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ការរៀបចំដំណើរការបានយ៉ាងលឿននេះ ដោយសារក្រុមហ៊ុនCRBC មានបទពិសោធន៍ធ្លាប់បានសាងសង់ផ្លូវល្បឿនលឿន មួយខ្សែរួចហើយ រួមទាំងមានទាំងសម្ភារៈគ្រប់គ្រាន់ និងអាចដឹងពីបញ្ហាអាកាសធាតុ នៅក្នុងប្រទេសកម្ពុជាបានត្រឹមត្រូវផងដែរ៕

 

ADB Maintains Cambodia’s Growth Forecast in 2022, Revises down Projection for 2023

Phnom Penh: The Asian Development Bank (ADB) maintained its economic growth forecast for Cambodia at 5.3% in 2022 but lowered the 2023 forecast to 6.2% from 6.5% due to weaker global growth.

 

According to the Asian Development Outlook (ADO) 2022 Update, released today, Cambodia’s garments, travel goods, and footwear outputs remained robust, registering 39.8% year-on-year growth in the first half of 2022, despite the economic slowdown in the United States and Europe. The non-garment manufacturing sector continued its strong growth momentum.

Construction gradually recovered, with imports of construction materials rising 22.8%. Industry output is projected to grow 9.1% this year, before moderating to 8.6% in 2023 because of weaker external demand.

 

“An increase in Cambodia’s manufactured product exports, and a gradual recovery in the construction and service sectors, have supported economic growth in 2022 despite the drop in agricultural growth caused by surging fuel and fertilizer prices and heavy rains,” said ADB country director for Cambodia Jyotsana Varma.

“The government’s socioeconomic interventions such as the Cash Transfer Program for Poor and Vulnerable Households have been effective in lessening the impacts of the global surges in commodity prices on the poor.”

ចិនគ្រោងសាងសង់តំបន់ថ្មីក្នុងបញ្ចប់ទំហំទឹកប្រាក់វិនិយោគជាង៥៧ពាន់លានដុល្លារ

ដោយ: លាងហួរ

ប៉េកាំង: អ្នករៀបចំផែនការសេដ្ឋកិច្ចកំពូលរបស់ប្រទេសចិន បាននិយាយ កាលពីថ្ងៃអង្គារថា ការសាងសង់តំបន់ថ្មី Xiong’an បានបញ្ចប់ការវិនិយោគ៤០០ពាន់លានយ័ន (ប្រហែល៥៧,៥៥ពាន់លានដុល្លារអាមេរិក) បន្ទាប់ពីប្រទេសចិនបានប្រកាសផែនការបង្កើតតំបន់ថ្មីក្នុងឆ្នាំ២០១៧។

លោក Cao Yuanmeng មន្ត្រីមកពីគណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា ការសាងសង់ Xiong’an ឥឡូវនេះអាចផ្តល់ការងារប្រហែល១០០.០០០។

តំបន់ថ្មីនេះលាតសន្ធឹងលើស្រុក Xiongxian Rongcheng និង Anxin ក្នុងខេត្តហឺប៉ី (Hebei) និងមានបឹង Baiyangdian ស្ថិតក្នុងតំបន់ថ្មីនេះ ដែលជាតំបន់សើមដ៏សំខាន់នៅភាគខាងជើងប្រទេសចិន។

លោក Cao បាននិយាយថា គុណភាពទឹកនៅបឹង Baiyangdian បានប្រសើរឡើងពីថ្នាក់ទី V ដែលជាកម្រិតទាបបំផុតនៃប្រព័ន្ធវាយតម្លៃទឹកប្រាំថ្នាក់របស់ប្រទេសចិន ដល់ថ្នាក់ទី III ។

តំបន់ថ្មី Xiong’an ស្ថិតនៅចម្ងាយប្រហែល១០០គីឡូម៉ែត្រ ភាគនិរតីនៃទីក្រុងប៉េកាំង តំបន់ថ្មីនេះនឹងក្លាយជាមជ្ឈមណ្ឌលអភិវឌ្ឍ សម្រាប់ទីក្រុងBeijing-Tianjin-Hebei។

តំបន់ថ្មីនេះត្រូវបានរចនាឡើង ដើម្បីទទួលមុខងារសំខាន់ពីទីក្រុងប៉េកាំង និងដើម្បីស្វែងរកគំរូអភិវឌ្ឍន៍ថ្មីនៅក្នុងតំបន់ ដែលមានប្រជាជនរស់នៅច្រើន៕

 

មកដឹងតម្លៃការធ្វើដំណើរឆ្លងកាត់លើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុសម្រាប់យានយន្ត៥ប្រភេទ

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រោយផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ត្រូវបានសាងសង់រួចរាល់ស្ទើរទាំងស្រុងហើយ ក្រុមហ៊ុននឹងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរហើយ ជាមួយការមិនគិតថ្លៃរយៈពេលមួយខែ ចាប់ពីនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២។

ជាមួយនឹងការប្រកាសដាក់ឱ្យដំណើរការ ក្រុមហ៊ុនក៏បានបង្ហាញតារាងតម្លៃ សម្រាប់ការធ្វើដំណើរឆ្លងកាត់លើផ្លូវល្បឿនលឿនលើកដំបូងនៅកម្ពុជានេះផងដែរ។ តម្លៃសម្រាប់ការធ្វើដំណើរលើផ្លូវល្បឿនលឿននេះ ចែកចេញជា៥ប្រភេទដូចខាងក្រោម។

ប្រភេទទី១៖ ទោចក្រយានយន្ត ដែលមានទំហំស៊ីឡាំងចាប់ពី៦០០សេសេឡើង រថយន្តគ្រួសារ/រថយន្តដឹកទំនិញ (គ្រួសារ) ផ្ទុកមិនលើពី ៧នាក់ រថយន្តដឹកទំនិញធុនស្រាល ផ្ទុកមិនលើសពី២តោន តម្លៃ០,០៦៤ដុល្លារ ក្នុងមួយគីឡូម៉ែត្រ សម្រាប់ឆ្នាំដំបូងនៅឆ្នាំបន្ទាប់តម្លៃ០,០៨ដុល្លារក្នុងមួយគីឡូម៉ែត្រ។

ប្រភេទទី២៖ រថយន្តដឹកអ្នកដំណើរផ្ទុកចាប់ពី៨នាក់ ដល់១៩នាក់ រថយន្តដឹកទំនិញផ្ទុកចាប់ពី ២តោនដល់៥តោន តម្លៃ ០,១២៨ដុល្លារ ក្នុងមួយគីឡូម៉ែត្រសម្រាប់ឆ្នាំដំបូង នៅឆ្នាំបន្ទាប់តម្លៃ០,១៦ដុល្លារ ក្នុងមួយគីឡូម៉ែត្រ។

ប្រភេទទី៣៖ រថយន្តដឹកអ្នកដំណើរធុនធំ ផ្ទុកចាប់ពី២០នាក់ ដល់៥៦នាក់ រថយន្តដឹកទំនិញផ្ទុកចាប់ពី៥តោនដល់១០តោន តម្លៃ០,១៩២ដុល្លារក្នុងមួយគីឡូម៉ែត្រ សម្រាប់ឆ្នាំដំបូងនៅឆ្នាំបន្ទាប់តម្លៃ០,២៤ដុល្លារ។

ប្រភេទទី៤៖ រថយន្តដឹកទំនិញធុនធ្ងន់ផ្ទុកចាប់ពី១០តោនដល់២០តោន តម្លៃ០,២៥៦ដុល្លារក្នុងមួយគីឡូម៉ែត្រសម្រាប់ឆ្នាំដំបូង នៅឆ្នាំបន្ទាប់តម្លៃ០,៣២ដុល្លារសម្រាប់មួយគីឡូម៉ែត្រ។

ប្រភេទទី៥៖ រថយន្តដឹកទំនិញធុនធ្ងន់ ផ្ទុកលើសពី២០តោនឡើងទៅ (គិតទាំងរ៉ឺម៉កសណ្តោង) តម្លៃ០,៣២ដុល្លារ ក្នុងមួយគីឡូម៉ែត្រ សម្រាប់ឆ្នាំដំបូង នៅឆ្នាំបន្ទាប់តម្លៃ០,៤០ដុល្លារក្នុងមួយគីឡូម៉ែត្រ៕

ក្រសួងសាធារណការកំណត់ល្បឿនចាប់ពី៦០-១២០គីឡូម៉ែត្រក្នុងមួយម៉ោងសម្រាប់ការបើកបរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

ដោយ៖ សុផារី

ភ្នំពេញ៖ គិតមកដល់ពេលនេះ ផ្លូវល្បឿនលឿន ភ្នំពេញ- ព្រះសីហនុ សម្រេចការងារសាងសង់រួចរាល់ស្ទើរតែ១០០%ហើយ ខណៈការងារនៅសល់បន្តិចបន្តួច ក្រុមហ៊ុននឹងសាងសង់ឱ្យបានរួចរាល់ មុនពេលបើកដំណើរជាបណ្តោះអាសន្ន ឱ្យប្រជាពលរដ្ឋប្រើប្រាស់ ដោយឥតគិតថ្លៃចំនួន១ខែ នៅខែតុលា ឆ្នាំ២០២២ខាងមុខនេះ។

នេះបើយោងតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ ក្នុងឱកាសដឹកនាំមន្ត្រីជំនាញ រួមទាំងក្រុមហ៊ុនសាងសង់ ចុះពិនិត្យលើកចុងក្រោយលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មុននឹងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន ក្នុងពេលឆាប់ៗនេះ។

ក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ពីការប្រើប្រាស់ល្បឿនលើផ្លូវនេះផងដែរ។ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា សម្រាប់រថយន្តគ្រួសារ ដែលជារថយន្តតូចអាចបើកបរល្បឿនខ្ពស់បំផុត១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង ខណៈដែលល្បឿនទាបបំផុត៦០គីឡូម៉ែត្រក្នុងមួយម៉ោង។ ចំពោះរថយន្តកុងតឺន័រ ដែលមានសណ្តោងអនុញ្ញាតឱ្យប្រើប្រាស់ល្បឿនត្រឹមតែ៨០គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈរថយន្តធំអត់មានសណ្តោង អាចឱ្យប្រើប្រាស់ល្បឿន១០០គីឡូម៉ែត្រក្នុងមួយម៉ោង។

បើតាមលោកទេសរដ្ឋមន្ត្រី រថយន្តដឹកទំនិញធុនធំ គឺតម្រូវឱ្យបើកដោយប្រកាន់ស្តាំជានិច្ច មិនអាចបើកលើគន្លងខាងឆ្វេង ដោយប្រើពេលយូរបាននោះទេ ខណៈឡានតូចអាចប្រើប្រាស់បាន ក្នុងករណី ដែលមិនមានឧបសគ្គនៅខាងមុខ។ ជាមួយគ្នានោះ រថយន្តដែលបើកលើផ្លូវនេះ ដាច់ខាតត្រូវមានសុពលភាពឆៀកបានត្រឹមត្រូវ ទើបអាចបើកលើផ្លូវល្បឿនលឿននេះបាន។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ទៀតថា សម្រាប់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនេះ ក៏មានការអនុញ្ញាតឱ្យម៉ូតូ ដែលមានទំហំស៊ីឡាំងលើសពី៥០០សេសេ អាចប្រើប្រាស់បានផងដែរ ដោយមានកំណត់ល្បឿនត្រឹមតែ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈដែលម៉ូតូមានមានទំហំស៊ីឡាំងតូចជាងនេះ គឺមិនមានការអនុញ្ញាតឱ្យប្រើប្រាស់នោះឡើយ។

បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទោះបីផ្លូវល្បឿនលឿននេះ ជាផ្លូវឯកជន តែក៏នៅក្រោមច្បាប់របស់ប្រទេសកម្ពុជា ដូចនេះផ្លូវនេះនៅតែមានការដាក់កាមេរ៉ាចាប់ល្បឿន នៅតាមគោលដៅនានា ជាមួយនឹងការផាកពិន័យងតាមច្បាប់ ដោយមិនមានការលើកលែងនោះឡើយ។

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង១៨៧,០៥គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ផ្លូវនេះអនុវត្តការសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. ប្រើរយៈពេលសាងសង់ ៤៨ខែ គ្រោងចំណាយថវិកាជាង២ពាន់លានដុល្លារសហរដ្ឋអាមេរិក។

គម្រោងសាងសង់ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ គឺជាគម្រោងផ្លូវល្បឿនលឿនទី១ និងជាគម្រោងផ្លូវ របៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅផែសមុទ្រក្រុងព្រះសីហនុ ពីចំនួនប្រាំម៉ោងមកត្រឹមតែពីរម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃភស្តុភារកម្មផងដែរ៕

សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យប្រើប្រាស់ឌីជីថលូបនីយកម្មក្នុងវិស័យទេសចរណ៍ឱ្យបានច្រើន

ដោយ៖ សហការី

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តល់អាទិភាពដល់ការជំរុញឌីជីថលូបនីយកម្មក្នុងដំណើរការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា និងជំរុញឱ្យគ្រប់ភាគីក្នុងវិស័យទេសចរណ៍ផ្ដោតសំខាន់លើការប្រើប្រាស់បច្ចេកវិទ្យាឱ្យបានច្រើន។

នេះបើតាមសារលិខិតអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២២ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីជាការចូលរួមអបអរសាទរ ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២២ ក្រោមប្រធានបទ “ការគិតគូរឡើងវិញពីទេសចរណ៍” សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យមានការចូលរួមផុសផុលបន្ថែមទៀតពីគ្រប់ភាគីពាក់ព័ន្ធ ទាំងភាគីរដ្ឋ ឯកជន សហគមន៍ទេសចរណ៍ ដើម្បីស្តារវិស័យទេសចរណ៍កម្ពុជា ទាំងទៅលើទិដ្ឋភាពគុណភាព និងបរិមាណ។

សម្ដេចតេជោបានជំរុញការកសាងផែនការរួមគ្នា ការប្រើប្រាស់រួមគ្នា និងអភិបាលកិច្ចស៊ីសង្វាក់រួមគ្នា ដោយឈរលើអភិក្រម “ពីក្រោមឡើងលើ” នៅតាមគោលដៅទេសចរណ៍អាទិភាព ក្នុងនោះត្រូវពង្រឹងការរៀបចំយន្តការគ្រប់គ្រងគោលដៅទេសចរណ៍ (DMO) ដែលអនុញ្ញាតឱ្យគ្រប់ភាគីពាក់ព័ន្ធ រដ្ឋ ឯកជន សហគមន៍ទេសចរណ៍ ពិសេសអនុញ្ញាតឱ្យអាជីវកម្មទេសចរណ៍គ្រប់កម្រិត ទាំងខ្នាតតូចបំផុត ខ្នាតតូច និងមធ្យមឱ្យមានការ “រួមគិត រួមធ្វើ រួមទទួលខុសត្រូវ” ក្នុងដំណើរការអភិវឌ្ឍទេសចរណ៍ និងការបង្កើនភាពប្រកួតប្រជែងគោលដៅរបស់ខ្លួន។

សម្ដេចតេជោក៏បានជំរុញទៅលើការផ្តល់អាទិភាពដល់ឌីជីថលូបនីយកម្មក្នុងដំណើរការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ដើម្បីពង្រឹងភាពធន់ ចីរភាព គុណភាព និងឧត្តមភាពប្រកួតប្រជែង ចូលរួមគាំទ្រដល់ការកសាងសេដ្ឋកិច្ច សង្គមឌីជីថល សេដ្ឋកិច្ចច្នៃប្រឌិត សេដ្ឋកិច្ចចក្រា និងសេដ្ឋកិច្ចបៃតងនៅកម្ពុជា។

ជាមួយនឹងការប្រែប្រួលដ៏ឆាប់រហ័សនៃឧស្សាហកម្មធ្វើដំណើរ និងទេសចរណ៍ ដែលបានធ្វើឱ្យប្រែប្រួលលើទិដ្ឋភាពនៃទីផ្សារការងារសម្រាប់បុគ្គលិក ដោយក្នុងនោះតម្រូវការអ្នកជំនាញទេសចរណ៍ ដែលមានចំណេះដឹង និងជំនាញថ្មីៗ ដែលទាមទារឱ្យមានការពង្រឹងការបណ្តុះបណ្តាល និងតម្រង់ទិស ទាំងការពង្រឹងជំនាញដែលមានស្រាប់ និងបណ្តុះបណ្តាលជំនាញបន្ថែម (Reskilling & Upskilling) ដើម្បីផ្តល់លទ្ធភាពឱ្យកំលាំងពលកម្មក្នុងវិស័យទេសចរណ៍មានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ក្នុងការបត់បែនទៅតាមនិន្នាការទេសចរណ៍។

សម្ដេចរីករាយជាខ្លាំង ដែលកម្ពុជាត្រូវបានទេសចរអន្តរជាតិបោះឆ្នោតផ្ដល់មតិគាំទ្រ និងទទួលរង្វាន់ពីអង្គភាពរង្វាន់ទេសចរណ៍ពិភពលោក (World Tourism Award) ជាគោលដៅទេសចរណ៍វប្បធម៌នាំមុខក្នុងទ្វីបអាស៊ី ឆ្នាំ២០២២ (Asia’s Leading Culture Destination Award 2022) និងជាគោលដៅទេសចរណ៍យុវជននាំមុខក្នុងទ្វីបអាស៊ី ឆ្នាំ២០២២ (Asia’s Leading Youth Travel Destination Award 2022)។ ដូច្នេះសម្ដេចក៏បានជំរុញពិពិធកម្មការអភិវឌ្ឍផលិតផល និងគោលដៅទេសចរណ៍ ប្រកបដោយគុណភាព សុវត្ថិភាព ភាពទាក់ទាញ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ ព្រមទាំងជំរុញពិពិធកម្មការផ្សព្វផ្សាយតាមគ្រប់រូបភាព។

សម្ដេចតេជោបានផ្ដល់អនុសាសន៍ ឱ្យបន្តពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ ក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី រួមមាន កិច្ចសហប្រតិបត្តិការទេសចរណ៍ក្នុងក្របខណ្ឌអាស៊ាន (ASEAN) ក្នុងក្របខណ្ឌអេកម៉ិក (ACMECS) ក្នុងក្របខណ្ឌ CLMV (កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម) ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយអង្គការទេសចរណ៍ពិភពលោក (UNWTO) និងសហគមន៍ទេសចរណ៍អន្តរជាតិជាច្រើនផ្សេងទៀត ដើម្បីទ្រទ្រង់ដល់ការជំរុញលំហូរទេសចរអន្តរជាតិមកកម្ពុជា។

បច្ចុប្បន្ននេះ កម្ពុជាបាននិងកំពុងទទួលនូវកំណើនភ្ញៀវទេសចរអន្តរជាតិជាបណ្តើរៗ ហើយរំពឹងថានៅឆ្នាំ២០២២នេះ កម្ពុជានឹងទទួលបានទេសចរអន្តរជាតិប្រមាណ១.៥លាននាក់ទៅ២លាននាក់ និងប្រមាណ៧លាននាក់នៅឆ្នាំ២០២៦៕

ក្រសួងស្នើឲ្យ ABA បន្តគាំទ្រនិងសហការអភិវឌ្ឍនិងប្រើប្រាស់ថ្នាលគ្រឹះឌីជីថលជាមួយមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មីតេជោ

ដោយ៖ សូរិយា

ភ្នំពេញ៖ លោក អូន ព័ន្ធមុនីរ័ត្ន បានស្នើឲ្យធនាគារ ABA បន្តគាំទ្រនិងសហការយ៉ាងជិតស្និទ្ធិបន្ថែមទៀត ជាមួយមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មីតេជោ ក្នុងការចូលរួមគាំទ្រសហការរៀបចំអភិវឌ្ឍ និងប្រើប្រាស់ថ្នាលគ្រឹះឌីជីថលកម្ពុជា រួមមានថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX) ថ្នាល CamDigiKey និងថ្នាល CamDigiPay ផងដែរ។

លោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានទទួលជួប និងពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារវឌ្ឍនៈអាស៊ីចំកាត់ ហៅកាត់ថាធនាគារ ABA ដែលដឹកនាំដោយលោក Yves Jacquot ប្រធានក្រុមប្រឹក្សាភិបាលរបស់ធនាគារ ABA អមដំណើរដោយលោក Madi Akmambet អភិបាលប្រតិបត្តិធនាគារ ABA លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA Dominic Jacques នាយករងផ្នែកអភិវឌ្ឍអន្តររជាតិ នៃធនាគារជាតិកាណាដា និងលោកស្រី ធាម រមណីយ នាយិកាទំនាក់ទំនងគូភាគី និងជាប្រធានគ្រប់គ្រងតំបន់ធនាគារ ABA។

លោកបានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ដោយបានកោតសរសើរ និងថ្លែងអំណរគុណដល់ធនាគារ ABA ដែលបានចូលរួមយ៉ាងសកម្ម លើការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា និងបានណែនាំប្រជាជនកម្ពុជានូវផលិតផល និងសេវាកម្មឌីជីថលថ្មីៗ ប្រកបដោយនវានុវត្តន៍ សំដៅជំរុញវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជាទៅមុខមួយកម្រិតទៀត។

លោកបណ្ឌិតបានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការរវាងមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” សេនាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនិងធនាគារ ABA នាពេលកន្លងមក ដែលបានឆ្លុះបញ្ចាំងតាមរយៈអនុស្សរណៈយោគយល់គ្នារវាងស្ថាប័នទាំងពីរ និងក្នុងកម្មវិធីផ្សេងៗទៀត ក្នុងក្របខណ្ឌធុរកិច្ចថ្មីបច្ចេកវិទ្យា បច្ចេកវិទ្យាហិរញ្ញវត្ថុ និងថ្នាលគ្រឹះឌីជីថល​។

ឆ្លៀតក្នុងឱកាសនេះ អគ្គបណ្ឌិតសភាចារ្យក៏បានស្នើធនាគារ ABA បន្តផ្ដល់ការគាំទ្រ និងសហការយ៉ាងជិតស្និទ្ធិបន្ថែមទៀត ជាមួយមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” ក្នុងការចូលរួមគាំទ្រសហការរៀបចំអភិវឌ្ឍ និងប្រើប្រាស់ថ្នាលគ្រឹះឌីជីថលកម្ពុជា រួមមានថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX) ថ្នាល CamDigiKey និងថ្នាល CamDigiPay ផងដែរ។

លោក Yves Jacquot ក៏បានថ្លែងអំណរគុណដល់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដែលបានផ្ដល់ការអនុញ្ញាតដល់គណៈប្រតិភូធនាគារ ABA ចូលសម្ដែងការគួរសម។

លោកបានបន្ថែមថា ធនាគារ ABA កន្លងមកធ្លាប់បានធ្វើការជាមួយមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” រួចមកហើយ និងនៅតែបន្តធ្វើការជាមួយគ្នាបន្តទៀត តបតាមការស្នើសុំរបស់អគ្គបណ្ឌិតសភាចារ្យ ដែលក្នុងនោះរួមមានទាំងការគាំទ្រជាថវិកា មិនមែនថវិកា និងធនធានមនុស្ស (Mentors) ផ្ដួចផ្ដើមបង្កើតកម្មវិធីថ្មីសម្រាប់គាំទ្រដល់ធុរកិច្ចថ្មីបច្ចេកវិទ្យា ផ្ដល់នូវបរិស្ថានសាកល្បង PayWay សម្រាប់ធុរកិច្ចថ្មីធ្វើតេស្ដសាកល្បង និងអភិវឌ្ឍផលិតផល ឬ សេវាកម្មរបស់ខ្លួន ចូលរួមប្រើប្រាស់ថ្នាលគ្រឹះឌីជីថលផ្សេងៗរបស់រាជរដ្ឋាភិបាលដែលគាំទ្រដល់វិស័យហិរញ្ញវត្ថុធនាគារ និង អភិវឌ្ឍថ្នាលគ្រឹះឌីជីថលរួមគ្នា។

លោកបានថ្លែងអំណរគុណសារជាថ្មីម្ដងទៀត ដល់ធនាគារ ABA និងសង្ឃឹមយ៉ាងមុតមាំថា ធនាគារនឹងបន្តផ្ដល់ការគាំទ្រ និងសហការផ្សេងៗទៀត ជាមួយរាជរដ្ឋាភិបាល សំដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលកម្ពុជា ក្នុងក្របខណ្ឌវិស័យហិរញ្ញវត្ថុធនាគារ៕

បារាំងសន្យាបន្តផ្តល់ឥណទានសម្បទានប្រចាំឆ្នាំពី១០០-១២០លានអឺរ៉ូរួមចំណែកអភិវឌ្ឍនិងស្តារសេដ្ឋកិច្ចកម្ពុជា

ដោយ៖ សុផារី

ភ្នំពេញ៖ នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍថ្មី ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានអះអាងថា រដ្ឋាភិបាលបារាំង នៅតែរក្សាកិច្ចសហប្រតិបត្តិការហិរញ្ញប្បទាន ក្នុងទំហំឥណទានសម្បទានប្រចាំឆ្នាំចន្លោះពី១០០-១២០លានអឺរ៉ូ សម្រាប់រួមចំណែកក្នុងការអភិវឌ្ឍ និងស្តារសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីវិបត្តិកូវីដ១៩។

នាយក AFD ថ្មី ប្រចាំតំបន់អាស៊ីអាគ្នេយ៍បានអះអាង ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២។

ជាក់ស្តែង ក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ តាមរយៈ AFD សាធារណរដ្ឋបារាំងបានផ្តល់ហិរញ្ញប្បទានសរុបប្រមាណ៨៨៨លានអឺរ៉ូដល់កម្ពុជា។ ក្នុងនោះ ឥណទានសម្បទានចំនួន៥៣៣លានអឺរ៉ូ និងហិរញ្ញប្បទានឥតសំណងចំនួន១៧៨លានអឺរ៉ូ ដោយផ្ដោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវជនបទ ធារាសាស្រ្ត កសិកម្ម ទឹកស្អាត អគ្គិសនី អប់រំ និងសុខាភិបាល។

លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះលោក Jean-Pierre Marcelli ដែលទើបត្រូវបានតែងតាំងជានាយក AFD ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងលោកស្រី Sandrine Boucher ដែលទើបត្រូវបានតែងតាំងជានាយក AFD ប្រចាំកម្ពុជា និងមានជឿជាក់យ៉ាងមុតមាំថា កិច្ចសហការរវាងរាជរដ្ឋាភិបាលកម្ពុជា និង AFD នឹងត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរហើយនាំមកនូវលទ្ធផលប្រកបដោយផ្លែផ្កា។

លោកក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ AFD ដែលបានចូលរួមចំណែក យ៉ាងសកម្មដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា តាមរយៈការផ្ដល់ហិរញ្ញប្បទាន ដល់គម្រោងអភិវឌ្ឍន៏របស់រាជរដ្ឋាភិបាលកម្ពុជា និងផ្ដល់ហិរញ្ញប្បទានដល់វិស័យឯកជន។

 

ហិរញ្ញប្បទានសហប្រតិបត្តិការនេះ បានឆ្លើយតបនឹងតម្រូវការនៃការអភិវឌ្ឍ និងទាន់ពេលវេលា ស្របតាមកម្មវិធី និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស បានអនុលោមទៅនឹងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ យុទ្ធសាស្រ្តចតុកោណ យុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ក្របខណ្ឌយុទ្ធសាស្រ្តកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ និងកម្មវិធីវិនិយោគសាធារណៈឆ្នាំរំកិល២០២២-២០២៤ ជាដើម។

លោកក៏បានគូសបញ្ជាក់ថា ទោះបីកម្ពុជាទទួលបាននូវជោគជ័យធំធេង នៅក្នុងសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដើម្បីការពារអាយុជីវិត និងលំនឹងជីវភាពប្រជាជន ហើយបើកប្រទេសលើគ្រប់វិស័យ ដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញក្តី។ ប៉ុន្តែការមកដល់នៃវិបត្តិជាបន្តបន្ទាប់ទៀត ដូចជា ការកើនឡើងខ្ពស់នៃអត្រាអតិផរណា និងអត្រាការប្រាក់ ការថមថយសេដ្ឋកិច្ចនៅប្រទេសអភិវឌ្ឍ និងប្រទេសចិន និងវិបត្តិសង្គ្រាមនៅអ៊ុយក្រែន ព្រមទាំងបញ្ហាភូមិសាស្រ្តនយោបាយក្នុងតំបន់ និងអន្តរជាតិ បាន និងកំពុងបង្កផលប៉ះពាល់អវិជ្ជមាន ដល់កិច្ចដំណើរការស្តារ និងជំរុញ កំណើនសេដ្ឋកិច្ចឡើងវិញរបស់កម្ពុជា ក៏ដូចជាការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកទាំងមូល។

ចំពោះមុខ រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តជំរុញការធ្វើកំណែទម្រង់រចនាសម្ព័ន្ធ ដោយផ្តោតលើវិស័យអាទិភាពនានា ដូចជា ឡូជីស្ទីក ថាមពល ជំនាញឌីជីថល សហគ្រាសធុនតូច និងមធ្យម និងកិច្ច សម្រួលពាណិជ្ជកម្ម ព្រមទាំងការកែលម្អបរិយាកាសវិនិយោគ និងធុរកិច្ច ដើម្បីជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច ការទ្រទ្រង់កំណើន និងការលើកកម្ពស់ភាពប្រកួតប្រជែង ព្រមទាំងការជំរុញការនាំចេញ ទាំងក្នុងក្របខណ្ឌកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី ក៏ដូចជាទាំងក្នុងនិន្នាការនៃការផ្លាស់ទីតាំងវិនិយោគ (Investment Relocation) នៅក្នុងតំបន់ផងដែរ។

លោក Jean-Pierre Marcelli បានសម្តែងនូវអំណរសាទរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលសម្រេចបានលទ្ធផលដ៏ត្រចះត្រចង់ ក្នុងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងទទួលបានកំណើនសេដ្ឋកិច្ច គួរឱ្យកត់សម្គាល់ ក្នុងបរិការណ៍ដែលពិភពលោកកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ច ដែលបណ្ដាលមកពីការរីករាលដាលនៃជំងឺកូវីដ១៩ និងសង្រ្គាមរវាងរុស្សីនិងអ៊ុយក្រែន។

លោក Jean-Pierre Marcelli បានវាយតម្លៃខ្ពស់ចំពោះ រាជរដ្ឋាភិបាលកម្ពុជា ដែលបានគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ យ៉ាងមានប្រសិទ្ធភាព និង ចាប់ផ្ដើមបើកប្រទេស និងសេដ្ឋកិច្ច ឡើងវិញយ៉ាងឆាប់រហ័ស និងបានគូសបញ្ជាក់ផងដែរថា AFD នឹងបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដោយសន្យាបង្កើនទំហំហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់កម្ពុជាឱ្យស្របទៅនឹងបរិការណ៍បច្ចុប្បន្ន ។

ក្នុងភាពជាដៃគូអភិវឌ្ឍន៍ លោក Jean-Pierre Marcelli បានគួសបញ្ជាក់ថា រដ្ឋាភិបាលបារាំង នៅតែរក្សាកិច្ច សហប្រតិបត្តិការហិរញ្ញប្បទានក្នុងទំហំឥណទានសម្បទានប្រចាំឆ្នាំចន្លោះពី១០០-១២០ លានអឺរ៉ូ សម្រាប់រួមចំណែកក្នុងការអភិវឌ្ឍ និងស្តារសេដ្ឋកិច្ចកម្ពុជាបន្ទាប់ពីវិបត្តិកូវីដ-១៩ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់កម្ពុជា និងយុទ្ធសាស្ត្ររបស់ AFD (Country Strategy 2022-2026) ដែលផ្តោតទៅលើគោលដៅសំខាន់បី ១. ការអភិវឌ្ឍដែលបន្សាំទៅនឹងបម្រែបម្រួលអាកាសធាតុ និងកាត់បន្ថយការបំភាយឧស្ម័នកាបូន ២. ការចូលរួមបង្កើត ការងារ និងកំណើនសេដ្ឋកិច្ច និង ៣. ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព និងអភិបាលកិច្ចល្អ៕

CDC អនុម័តគម្រោងថ្មីមួយតម្លៃជិត៦លានដុល្លារនៅរាជធានីភ្នំពេញ

ដោយ៖ សុផារី

 

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជី លើគម្រោងវិនិយោគ ដែលមានទុនសរុប៥,៦លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រចំនួន ១កន្លែង នៅរាជធានីភ្នំពេញ។

ក្រុមហ៊ុន MI QI (CAMBODIA) GARMENT CO., LTD បានស្នើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់មួយកន្លែង ដែលមានទីតាំងស្ថិតនៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ៥,៦លានដុល្លារអាមេរិក។

 

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) គម្រោងថ្មីមួយនេះ នឹងបង្កើតការងារចំនួន ១.៨៨៦៣កន្លែងជូនប្រជាពលរដ្ឋ៕