សម្តេចតេជោ ហ៊ុន​ សែន ប្រកាសបើកជាផ្លូវការនូវក្លឹបសេដ្ឋកិច្ចអាស៊ាន

ដោយ៖ សុផារី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា មានប្រសាសន៍ប្រកាសជាផ្លូវការ នូវក្លឹបសេដ្ឋកិច្ចអាស៊ាន ដែលនឹង​​​លើកកម្ពស់​ សមាហរណកម្មសេដ្ឋកិច្ច​​​​អាស៊ាន ឱ្យកាន់តែជិតស្និទ្ធ។

ការប្រកាសនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានអាស៊ាន អញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ (ASEAN LEADERSHIP AND PARTNERSHIP FORUM)។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា “ក្លឹបនេះ នឹងដើរតួនាទីយ៉ាងសំខាន់​​​ក្នុងការលើកកម្ពស់​ សមាហរណកម្មសេដ្ឋកិច្ច​​​​អាស៊ាន ឱ្យកាន់តែជិតស្និទ្ធ តាមរយៈការចូលរួមតាមដានវាយតម្លៃ និងផ្តល់អនុសាសន៍ឯករាជ្យ និង ប្រកបដោយវិជ្ជាជីវៈ លើការ​​​​អនុវត្តកិច្ចព្រមព្រៀងទាំងឡាយ ដែលថ្នាក់ដឹកនាំអាស៊ានបានសម្រេច ជាពិសេសលើកិច្ចព្រមព្រៀង​​ពាណិជ្ជកម្មសេរី កិច្ច​​​​ព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ និងកិច្ចព្រមព្រៀងដ៏ទៃពាក់ព័ន្ធ នឹងសរសេរស្តម្ភសេដ្ឋកិច្ច”៕

 

សម្តេចតេជោផ្តល់អនុសាសន៍ជាធាតុចូល៥ចំណុច ក្នុងវេទិកាភាពជាអ្នកដឹកនាំនិងភាពជាដៃគូអាស៊ាន២០២២

ដោយ សុផារី

ភ្នំពេញ: សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់នូវទស្សនៈទានចំនួន៥ចំណុច ជាធាតុចូល នៅក្នុងវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ាន ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២២នេះ។

សម្តេចតេជោបានលើកទឹកចិត្តឱ្យមានការពិភាក្សាដោយ ត្រង់ទៅត្រង់មក ក្នុងស្មារតីយោគយល់គ្នាទៅវិញទៅមក ដើម្បីអាចទទួលបានលទ្ធផលជាផ្លែផ្កាដ៏ពិតប្រាកដ និងបង្ហាញឱ្យសកលលោកឃើញពីឆន្ទៈក្នុងការបន្តពង្រឹងភាពជាអ្នកដឹកនាំ និងភាពជាដៃគូរបស់អាស៊ាន ដោយយកការសន្ទនាដោយសន្តិវិធីជាយន្តការដោះ ស្រាយបញ្ហា ទោះបីស្ថិតនៅក្នុងបរិការណ៍មួយ ដែលច្របូកច្របល់ និងមានការធ្លាក់ចុះ នៃការជឿទុកចិត្តគ្នាទៅវិញទៅមកយ៉ាងណាក៏ដោយ។

ដើម្បីជាធាតុចូលបន្ថែម សម្រាប់កិច្ចពិភាក្សា ក្នុងវេទិកានាសម្តេចតេជោបានចូលរួមផ្តល់យោបល់ផ្ទាល់ខ្លួនមួយចំនួន ដូចខាងក្រោម:

ទី១. ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច មិនអាចសម្រេចបានឡើយ ដរាបណាមិនមាន ស្ថិរភាព និងសុខសន្តិភាពពេញលេញ ក្នុងន័យនេះ អាស៊ាន ត្រូវបញ្ចៀសឱ្យ បាននូវភ្លើងសង្គ្រាមដែលគ្មានអ្នកឈ្នះ និងអ្នកចាញ់ ប៉ុន្តែមានតែការវិនាស ហិនហោច និងការបាត់បង់អាយុជីវិតរបស់ប្រជាជនកម្ពុជា ដែលជាប្រទេស ធ្លាប់បានឆ្លងកាត់ប្រវត្តិជូរចត់ជាច្រើន ដោយសារភ្លើងសង្គ្រាម សូមក្រើនរំលឹក យ៉ាងទទូចថា ការដោះស្រាយជម្លោះដោយសន្តិវិធីប្រកបដោយស្មារតីយោគយល់ គ្នាទៅវិញទៅមក និងការកំណត់សុខុមាលភាពប្រជាជនជាអាទិភាពចម្បង បំផុត គឺជានយោបាយឈ្នះ-ឈ្នះ នាំទៅរកសុខសន្តិភាព និងវិបុលភាពយ៉ាង ពិតប្រាកដ។

ទី២. ក្នុងបរិការណ៍ដែលការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ កំពុងតែមាន ភាពក្ដៅគគុក អាស៊ាន ត្រូវធ្វើខ្លួនជាតំបន់គំរូនិងត្រូវរួមគ្នាធានាឱ្យបាននូវ សុខសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ តាមរយៈការពង្រឹងឯកភាព និងមជ្ឈភាពអាស៊ាន និងការប្រកាន់ខ្ជាប់ជានិច្ចនូវភាពជាដៃគូ និងយន្តការ ពហុភាគីនិយមក្នុងការដោះស្រាយបញ្ហាប្រឈមនានា។ បន្ថែមលើនេះ អាស៊ាន ក៏ត្រូវប្រកាន់ខ្ជាប់នូវភាពជាកណ្ដាល និងដើរតួនាទីជាវេទិការួមមួយសម្រាប់ ការសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយនឹងការពង្រឹងនិម្មាបនកម្មតំបន់ ដែលមានលក្ខណៈបើកចំហ តម្លាភាព បរិយាបន្ន និងយកច្បាប់ជាគោល។

ទី៣. ដើម្បីសម្រេចបាននូវការងើបឡើងវិញនៃសេដ្ឋកិច្ច ប្រកបដោយចីរភាព និង បរិយាបន្ន យើងត្រូវបន្តជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងប្រែក្លាយ តំបន់អាស៊ានឱ្យទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងការវិនិយោគប្រកបដោយ ភាពទាក់ទាញ និងជវភាព ជាពិសេសតាមរយៈ ការដោះស្រាយបញ្ហារបាំងពន្ធ និងមិនមែនពន្ធ និងការផ្ដល់នូវការគាំទ្រឱ្យគ្នាទៅវិញទៅមក ដើម្បីពន្លឿនការអនុវត្ត និងទាញយកប្រយោជន៍ឱ្យអស់លទ្ធភាពពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ជាពិសេស កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតក្នុងប្រវ សកលលោក។

ទី៤. អាស៊ាន ត្រូវយកចិត្តដាក់ជាពិសេសលើការលើកកម្ពស់សន្តិសុខសេដ្ឋកិច្ច សំដៅ បំពេញរាល់តម្រូវការចាំបាច់របស់ប្រជាជន និងធានាការទទួលបាននូវផល ប្រយោជន៍ប្រកបដោយបរិយាបន្ន និងសមធម៌ ពីកំណើនសេដ្ឋកិច្ចក្នុងប្រទេស និងក្នុងតំបន់ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ការពង្រឹង សហគ្រិនភាព និងផ្ដល់ការគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និង មធ្យម ការពង្រឹងវិស័យអប់រំសុខាភិបាល និងកិច្ចគាំពារសង្គមការកាត់បន្ថយគម្លាត នៃការអភិវឌ្ឍ ការបង្កើតការងារ និងកាត់បន្ថយវិសមភាពប្រាក់ចំណូល និងការ ធានាសន្តិសុខស្បៀង។

ទី៥. អាស៊ាន ត្រូវសម្លឹងឆ្ពោះទៅមុខ និងរួមគ្នាទាញយកផលប្រយោជន៍ឱ្យបានជា អតិបរមាពីសក្តានុពល និងកាលានុវត្តភាពដែលកើតចេញពីនិន្នាការសកល ដូចជា សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចបៃតង និងជាពិសេស ការធ្វើឌីជីថលូបនីយកម្ម ដែលនឹងក្លាយជាកម្លាំងចលករតន្លឹះ ក្នុងការលើកកម្ពស់ការតភ្ជាប់គ្រប់វិស័យ ទាំងផ្នែកសង្គម-សេដ្ឋកិច្ច ការវិនិយោគ ពាណិជ្ជកម្ម និងនយោបាយ ក៏ដូចជា ការរួមគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា ដូចជាការប្រែប្រួលអាកាសធាតុឱ្យបានយ៉ាងឆាប់រហ័ស ស្របតាមមូលបទរបស់យើងក្នុងថ្ងៃនេះ៕

Vietnam begins $520m industrial park amid national prosperity drive

Work has begun on a 10-sq-km industrial park in Vietnam’s southern province of Binh Thuan, the Vietnam News agency reports.

 

Prime Minister Pham Minh Chinh attended the groundbreaking ceremony in Ham Tan District on Friday.

 

When complete in 2025, the $520m park will serve sectors ranging from building materials to food processing.

It will have two 450MW gas-fired power plants and a 100ha port to import liquified natural gas.

 

Developing the park is a special purpose vehicle called the Son My Industrial Park Investment Construction and Trading Infrastructure Company.

 

Speaking at the ceremony, Prime Minister Chinh said the park, which will become one of the largest in the country, would play a part in making Vietnam into an upper-middle income country by 2030 and a developed country with a high per capita income by 2045.

Vietnam hopes to achieve those goals by investing in the digital transformation of existing industries, the digital economy, green energy, circular economy principles and adaption to climate change.

 

Source: Global Construction Reviews

អត្រាការប្រាក់សម្រាប់កម្ចីផ្ទះនៅអាមេរិកហក់ឡើងខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០០៨

សុខុម

ញូវយ៉ក: អត្រាការប្រាក់សម្រាប់កម្ចីទិញផ្ទះរយៈពេលវែង នៅសហរដ្ឋអាមេរិក បានហក់ឡើងជាថ្មីម្តងទៀតកាលពីសប្តាហ៍មុន ដោយឈានដល់កម្រិតខ្ពស់បំផុត មិនធ្លាប់មាន ក្នុងរយៈពេលជិត១៤ឆ្នាំមកនេះ និងថែមទាំងធ្វើឱ្យបាត់បង់អ្នកទិញផ្ទះកាន់តែច្រើនទៀតផង។

Freddie Mac ដែលជាស្ថាប័នទិញកម្ចីទិញផ្ទះ បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍កន្លងទៅថា អត្រាការប្រាក់ សម្រាប់កម្ចីទិញផ្ទះរយៈពេល៣០ឆ្នាំ បានហក់ឡើងរហូតដល់៥,៨៩% បើធៀបនឹង៥,៦៦%នៅសប្ដាហ៍មុននេះ។

នោះគឺជាអត្រាការប្រាក់រយៈពេលវែង ដែលខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០០៨ មក បន្ទាប់ពីការដួលរលំនៃទីផ្សារលំនៅដ្ឋានបាននាំទៅរកមហាវិបត្តិសេដ្ឋកិច្ច។ កាលពីមួយឆ្នាំមុន អត្រាការប្រាក់នេះគឺស្ថិតក្នុងរង្វង់ត្រឹមតែ២,៨៨%ប៉ុណ្ណោះ។

អត្រាការប្រាក់ជាមធ្យម សម្រាប់កម្ចីទិញផ្ទះរយៈពេល១៥ឆ្នាំ ដែលពេញនិយមក្នុងចំណោមអ្នក ដែលស្វះស្វែងធ្វើការផ្ទេរបុនហិរញ្ញប្បទាន (Refinance) សម្រាប់ផ្ទះរបស់ពួកគេបានហក់ឡើង៥,១៦%បើធៀបនឹង៤,៩៨%នៅសប្ដាហ៍មុននេះ។

នោះគឺជាលើកទី១ ហើយដែលអត្រាការប្រាក់ សម្រាប់កម្ចីទិញផ្ទះរយៈពេល១៥ឆ្នាំ បានហក់ឡើងលើស៥%ចាប់តាំងពីឆ្នាំ២០០៩ មក នៅពេលទីផ្សារអចលនទ្រព្យបានធ្លាក់ចុះ ក្នុងរយៈពេលច្រើនឆ្នាំ។ កាលពីឆ្នាំមុននៅពេលនេះ អត្រាការប្រាក់នេះស្ថិតក្នុងរង្វង់ត្រឹមតែ២,១៩%ប៉ុណ្ណោះ។

ការដំឡើងអត្រាការប្រាក់ដែលជាផ្នែកមួយ នៃការជំរុញដ៏ខ្លាំងក្លារបស់ធនាគារកណ្តាលអាមេរិក (Federal Reserve) ដើម្បីកាត់បន្ថយអតិផរណា បានធ្វើឱ្យទីផ្សារលំនៅដ្ឋាន ដែលធ្លាប់តែមានសន្ទុះខ្លាំងច្រើនឆ្នាំមកនេះ ប្រែជាស្ងប់ស្ងាត់៕

តម្រូវការខ្ពស់នៃលំនៅឋានប្រណិតនិងមធ្យមជំរុញការលក់អចលនទ្រព្យថៃមានសន្ទុះគួរឱ្យចាប់អារម្មណ៍

ដោយ: លាងហួរ

ថៃ: ក្រុមហ៊ុនអចលទ្រព្យថៃ សែនសិរិ (Sansiri) រកចំណូលបានពីការកក់ទុកមុនរយៈពេល៩ខែចំនួន៣០,៥ពាន់លានបាត (ប្រហែល៨៣៨លានដុល្លារអាមេរិក) ដែលអត្រានេះស្មើនឹង៨៧ភាគរយនៃគោលដៅសរុបនៅចុងឆ្នាំ២០២២ ដែលមានចំនួន៣៥ពាន់លានបាត។

ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុនអចលទ្រព្យសែនសិរិ លោកSrettha Thavisin បាននិយាយថា ប្រភេទអចលទ្រព្យផ្ទះទាបៗទទួលបានការកក់ទុកច្រើនជាងគេ ដែលមានចំនួនរហូតដល់ទៅ២៣,៥ពាន់លានបាត ស្មើនឹង៧៧ភាគរយនៃប្រាក់ចំណូលពីការកក់ទុកសរុប។

លោកបានបន្តថា ដោយសារតែកំណើននៃតម្រូវការផ្ទះទាបៗ យើងបានកែប្រែគោលដៅកក់មុននៃផ្ទះទាបៗដល់២៧ពាន់លានបាត ពីគោលដៅ២៤ពាន់លានបាត ដែលយើងបានកំណត់នៅដើមឆ្នាំនេះ ។

លោកបន្តទៀតថា កត្តាជំរុញដ៏សំខាន់មួយគឺ គម្រោងផ្ទះទោលប្រណិត ដែលមានតម្លៃ៦ពាន់លានបាត មាន៨៦យូនីតដែលមានតម្លៃសរុបចន្លោះពី៥០ទៅ១០០លានបាត ត្រូវលក់អស់ក្នុងរយៈពេលត្រឹមតែមួយខែប៉ុណ្ណោះ។

ក្រុមហ៊ុនសែនសិរិ បានបំបែកកំណត់ត្រានៃការលក់គម្រោងប្រណិតៗ ដែលបានបិទការលក់លឿនបំផុតក្នុងប្រវត្តិសាស្ត្រ ក្នុងរយៈពេលត្រឹមតែមួយខែ ហើយបានបង្កើតប្រវត្តិសាស្ត្រថា ជាការលក់ដាច់បំផុតរបស់ប្រទេសថៃ និងលក់អស់ជាមួយនឹងការលក់សរុបចំនួន៦ពាន់លានបាត៕

វៀតណាមសាងសង់សួនឧស្សាហកម្មតម្លៃ៥២០លានដុល្លារអាមេរិកនៅភាគខាងត្បូងប្រទេស

ដោយ៖ សុធីតា

ភ្នំពេញ៖ គម្រោងសាងសង់សួនឧស្សាហកម្មទំហំ ១០០០ហិកតា នៅក្នុងខេត្ត Binh Thuan ភាគខាងត្បូងប្រទេសវៀតណាម ត្រូវបានបើកការដ្ឋានជាផ្លូវការ ដែលនឹងក្លាយជាសួនឧស្សាហកម្មធំជាងគេមួយក្នុងប្រទេសវៀតណាម និងក្នុងតំបន់់។

ការសាងសង់នេះនឹងចំណាយប្រាក់ចំនួន៥២០លានដុល្លារអាមេរិក ហើយសួនឧស្សាហកម្មនេះនឹងបម្រើដល់វិស័យជាច្រើន ដូចជាសម្ភារៈសំណង់ និង ការកែច្នៃម្ហូបអាហារ ជាដើម។ បើយោងតាមសារព័ត៌មាន GCR។

គ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៥ សួនឧស្សាហកម្មនេះក៏នឹងមានរោងចក្រថាមពលប្រើហ្គាស៤៥០ មេហ្គាវ៉ាត់ចំនួន២ និងកំពង់ផែ១០០ ហិកតាសម្រាប់នាំចូលឧស្ម័នធម្មជាតិរាវ។

លោកនាយករដ្ឋមន្ត្រី Chinh បាននិយាយថា សួនឧទ្យាន ដែលនឹងក្លាយទៅជាឧទ្យានដ៏ធំបំផុតមួយក្នុងប្រទេស ហើយនឹងដើរតួក្នុងការធ្វើឱ្យប្រទេសវៀតណាមក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៤៥៕

ខេត្តព្រះសីហនុនឹងរៀបចំបុណ្យសមុទ្រនិងសន្និបាតក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោកនៅក្នុងខែធ្នូ

ដោយ៖ សូរិយា

ព្រះសីហនុ៖ ប្រទេសកម្ពុជានឹងរៀបចំបុណ្យសមុទ្រ ស្របពេលជាមួយនឹងសន្និបាតក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក នៅក្នុងខែធ្នូខាងមុខនេះ នៅខេត្តព្រះសីហនុ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Bruno Bodard អគ្គនាយកក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំពិភាក្សាការងារ ស្តីពីការរៀបចំមហាសន្និបាតលើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក នៅខេត្តព្រះសីហនុ។

លោក គួច ចំរើន បានស្វាគមន៍ និង​មានប្រសាសន៍ថា រដ្ឋបាលខេត្តរីករាយ ចំពោះមហាសន្និបាតក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោកនៅចុងឆ្នាំ២០២២ ក្នុងខេត្តព្រះសីហនុ ដែលជាព្រឹត្តិការណ៍ជួបជុំដ៏ធំមួយក្រោយកម្ពុជា បានយកឈ្នះលើការរាតត្បាតជំងឺកូវីដ១៩។

លោកបានលើកឡើងថា ព្រឹត្តិការណ៍នៃសន្និបាតក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក និងពិធីបុណ្យសមុទ្រ ជាការបង្ហាញពិភពលោកអំពីជោគជ័យរបស់កម្ពុជា ក្នុងការដឹកនាំប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ប្រកបដោយជោគជ័យ ហើយកម្ពុជាបានបើកប្រទេស និងបើកសេដ្ឋកិច្ចសង្គមមានសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគ។

លោកបន្ដថា បុណ្យសមុទ្រជាបុណ្យធំសម្រាប់បណ្តាខេត្តជាប់សមុទ្រ និងមានការគៀគរភ្ញៀវជាតិ មកពីគ្រប់ទិសមកចូលរួមកម្សាន្តសប្បាយ រួមផ្សំនឹងសន្និបាតក្លឹបឆ្នេរ កាន់តែធ្វើឲ្យព្រឹត្តិការណ៍នេះ មានភាពផុលផុសថែមទៀត បង្ហាញពីសមត្ថភាពខិតខំរបស់រាជរដ្ឋាភិបាលក្នុងពេលកន្លងមក ទាំងការគ្រប់គ្រង ថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍសមិទ្ធិផល និងហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន។

លោក Bruno Bodard បានសរសើរកម្ពុជាមានភាពក្លាហានរៀបចំព្រឹត្តការធំៗ ដូចជាកិច្ចប្រជុំអន្តរជាតិជាច្រើន និងការទទួលនាវា Wasterdam ក្នុងកំលុងពេលពិភពលោកជួបវិបត្តិរាតត្បាតជំងឺកូវីដ១៩ ដែលជាសក្ខីភាពបង្ហាញពីភាពខ្លាំងរបស់កម្ពុជា លើការគ្រប់គ្រងជំងឺកូវីដ១៩៕

អ្នកជំនាញផ្តល់រូបមន្តសំខាន់ក្នុងការទិញផ្ទះដោយរំលស់ហើយជៀសវាងជួបសម្ពាធផ្នែកហិរញ្ញវត្ថុធ្ងន់ធ្ងរ

ដោយ៖ សហការី

ភ្នំពេញ៖ វិបត្តិសាកលបានធ្វើឱ្យពលរដ្ឋកម្ពុជាជាច្រើន រងផលប៉ះពាល់ និងបាត់បង់ចំណូល និងបង្ខំឱ្យដាក់លក់អចលនទ្រព្យរបស់ខ្លួន ដូចជាផ្ទះ ឬដី ទាំងផ្ទះដែលបានទិញដាច់ និងផ្ទះដែលកំពុងបង់រំលស់ជាមួយបុរី ឬធនាគារ ដើម្បីដោះស្រាយបញ្ហាជីវភាព និងការជំពាក់ធនាគារ ។

អ្នកជំនាញផ្នែកហិរញ្ញវត្ថុ បានណែនាំប្រជាពលរដ្ឋ ដែលមានលទ្ធភាពទិញផ្ទះ និងដី ត្រូវចេះរៀបចំផែនការហិរញ្ញវត្ថុ ឱ្យបានច្បាស់លាស់ សម្រាប់ទប់ទល់នៅពេលមានវិបត្តិ ជៀសវាងការដាក់ផ្ទះលក់បន្ទាន់ ពេលមានវិបត្តិសកលណាមួយកើតឡើង ជាពិសេសអ្នកដែលមានលទ្ធភាពទិញផ្ទះ និងដី ទុកលក់ចំណេញពេលក្រោយ។

លោក ង៉ែត ជូ អ្នកជំនាញផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ និងវិនិយោគ បានប្រាប់សារព័ត៌មានក្នុងស្រុកថា ការដាក់ផ្ទះលក់វិញកើនឡើងនេះ ដោយសារអ្នកដែលទិញភាគច្រើន ហាក់មិនមានផែនការហិរញ្ញវត្ថុច្បាស់លាស់ សម្រាប់ទប់ទល់នឹងវិបត្តិ ស្របពេលបច្ចុប្បន្នការផ្គត់ផ្គង់ផ្ទះមានកំណើន។ កន្លងមកអ្នកដែលបានទិញផ្ទះ និងដី អាងតែខ្លួនមានលទ្ធភាពចេះតែទិញតៗគ្នា ដោយមិនបានសិក្សា និងមិនបានរៀបចំផែនការហិរញ្ញវត្ថុ សម្រាប់ទប់ទល់ពេលមានវិបត្តិកើតឡើងនោះទេ។

លោកពន្យល់ថា ដើម្បីកុំឱ្យជួបបញ្ហានេះ ពលរដ្ឋគួររៀបចំផែនការហិរញ្ញវត្ថុឱ្យបានច្បាស់លាស់ ជាពិសេសសម្រាប់ទប់ទល់ នៅពេលមានវិបត្តិណាមួយកើតឡើង។ ការទិញលំនៅឋាន ដោយបង់រំលស់ តម្រូវឱ្យអ្នកទិញត្រូវតែមានភាពច្បាស់លាស់ ទៅលើចំណូលប្រចាំខែរបស់ខ្លួន ដែលអាចធានាបានថា មិនអាចប៉ះពាល់ដល់ការចំណាយសម្រាប់ជីវភាពប្រចាំថ្ងៃ ហើយក៏មិនមានបញ្ហាដល់ខ្ទង់ចំណាយ សម្រាប់ការបង់រំលស់ប្រចាំខែផងដែរ ។

លោកពន្យល់បន្ថែមថា “អ្វីដែលជាមេរៀនសម្រាប់ប្រជាពលរដ្ឋ គឺគាត់ត្រូវមានក្បួនខ្នាត និងផែនការហិរញ្ញវត្ថុច្បាស់លាស់ និងត្រូវមានវិធីសាស្រ្តក្នុងការដោះស្រាយ នៅពេលមានបញ្ហាទាល់ច្រកនៅពេលដែលមានវិបត្តិ ថាតើត្រូវដោះស្រាយយ៉ាងម៉េច ដើម្បីបញ្ជៀសនៅក្នុងការលក់បញ្ចុះតម្លៃខ្លាំង លក់ក្រោមថ្លៃដើមដែលនាំឱ្យខាត។ អីចឹងអ្វីដែលចាល់នៅក្នុងទីផ្សារអត់សូវមានអ្នកទិញ ហើយសំបូរអ្នកលក់នៅក្នុងពេលនេះ ទៅមុខទៀតវាអាចនឹងស្រូបយកវិញទេ”។

លោកថា ក្នុងពេលដែលមានការដាក់ផ្ទះលក់វិញច្រើនជាងអ្នកទទួលទិញនេះ ប្រសិនបើត្រឹមតម្លៃក្រោមទីផ្សារប្រមាណ១០% ទៅ២០% អាចមិនមែនជាឱកាសល្អអ្នកមានប្រាក់ច្រើន សម្រាប់ទិញទុកលក់ចំណេញនៅពេលក្រោយនោះទេ គួរតែរង់ចាំបន្តិចសិនដោយសារតែបច្ចុប្បន្ននេះ ស្ថានភាពសេដ្ឋកិច្ចហាក់មិនទាន់ល្អប្រសើរវិញនោះទេ បើទោះបីជាជំងឺកូវីដ១៩ បានធូរស្រាលជាងមុនក៏ដោយ ប៉ុន្តែ បញ្ហានយោបាយពិភពលោកនៅមិនល្អប្រសើរ ដែលអាចធ្វើឱ្យពួកគេមានបញ្ហាសម្ពាធហិរញ្ញវត្ថុ។ ប៉ុន្តែប្រសិនបើការដាក់លក់វិញ នៅក្រោមតម្លៃទីផ្សារប្រមាណ៣០% ទៅ៤០% អ្នកដែលមានប្រាក់គួរតែចាប់យកឱ្យនេះ ។

លោកបានផ្តល់រូបមន្តសំខាន់ក្នុងការទិញផ្ទះដោយរំលស់ហើយ ជៀសវាងជួបសម្ពាធផ្នែកហិរញ្ញវត្ថុធ្ងន់ធ្ងរ គឺតាមរូបមន្តទិញអចលនទ្រព្យតាមលទ្ធភាព “៣០/៣០/៣”។

ទី១. ចំនួនប្រាក់បង់រំលស់ប្រចាំខែ មិនគួរលើសពី៣០% នៃចំណូលសរុបរបស់គ្រួសារនោះទេ។ ឧទាហរណ៍ ប្រសិនបើពីរនាក់ប្តីប្រពន្ធ រកបានចំណូល១៥០០ដុល្លាក្នុង១ខែ ការបង់រំលស់ផ្ទះទាំងប្រាក់ដើម និងការប្រាក់មិនគួរលើសពី ៤៥០ដុល្លានោះទេ។

ទី២. បើទោះជាមានគម្រោងបុរីជាច្រើន មិនតម្រូវឱ្យមានបង់ប្រាក់ដំបូងក៏ដោយ (Down Payment Requirement) តែអ្នកគួរសន្សំប្រាក់ឱ្យបាន ៣០%នៃតម្លៃផ្ទះជាមុនសិន មុននឹងសំរេចចិត្តទិញផ្ទះ។ ឧទាហរណ៍ អ្នកទិញផ្ទះតម្លៃ៦ម៉ឺនដុល្លារ អ្នកគួរសន្សំប្រាក់ឱ្យបានយ៉ាងតិច១៨០០០ដុល្លាជាមុនសិន ដើម្បីជួយឱ្យអ្នកមានលទ្ធភាពបង់រំលស់ទាំងប្រាក់ដើម និងការប្រាក់ប្រចាំខែ ក្នុងកំរិតទាបតាមគោលការណ៍ទី១។ ម្យ៉ាងអ្នកអាចបង់រំលស់ផ្ទាល់ជាមួយធនាគារ ព្រោះជាទូទៅមានអត្រាការប្រាក់ទាបជាងអត្រាការប្រាក់បង់រំលស់ជាមួយម្ចាស់គម្រោង (ធនាគារគិតការប្រាក់ចន្លោះ៧% ទៅ៩%ក្នុង១ឆ្នាំ។ រីឯម្ចាស់គំរោង ឬបុរីគិតការប្រាក់ចន្លោះ១០%ទៅ១២%ក្នុង១ឆ្នាំ)។ ម្យ៉ាងការបង់រំលស់ជាមួយធនាគារ បានផ្តល់សុវត្ថិភាពបណ្ណ័កម្មសិទ្ធិខ្ពស់ជាង ការបង់រំលស់ផ្ទាល់ជាមួយម្ចាស់គំរោង។

ទី៣. តម្លៃផ្ទះដែលអ្នកទិញសម្រាប់នៅ មិនគួរមានតម្លៃលើសពី៣ដងនៃចំណូលសរុបប្រចាំឆ្នាំរបស់គ្រួសារអ្នកនោះទេ។ ឧទាហរណ៍ គ្រួសារអ្នកមានចំណូល១ខែ១៥០០ដុល្លា ក្នុង១ឆ្នាំគ្រួសារអ្នកមានចំណូល១៨០០០ដុល្លា។ ដូច្នេះផ្ទះដែលអ្នកទិញសំរាប់រស់នៅ មិនគួរមានតម្លៃលើសពី៥៤០០០ដុល្លានោះទេ៕

 

ក្រុមហ៊ុន BOEING ព្យាករណ៍ថាកំណើនអ្នកដំណើរមកកម្ពុជានឹងត្រលប់ដូចមុនវិបត្តិវិញនៅរង្វង់ចុងឆ្នាំ២០២៣

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រុមហ៊ុន BOEING បានធ្វើការព្យាករណ៍ថា កំណើនអ្នកដំណើរមកកាន់ប្រទេសកម្ពុជានឹងត្រលប់ដូចឆ្នាំ២០១៩ ពោលគឺមុនវិបត្តិកូវីដ១៩វិញ នៅចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤។

យោងតាមការបញ្ជាក់របស់លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានអះអាងថា ចំនួនអ្នកធ្វើដំណើរតាមផ្លូវអាកាស នឹងមានការកើនឡើង នៅចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤ បើសិនជាគ្មាននូវបញ្ហាសកលអ្វីៗ ដែលបានកើតឡើងបន្ដទៀត។

លោកបានឱ្យដឹងថា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានសហការជាមួយក្រុមហ៊ុន BOEING ដែលជាក្រុមហ៊ុនផលិតយន្ដហោះដ៏ធំរបស់អាមេរិក ដើម្បីធ្វើការព្យាករណ៍ទីផ្សារកម្ពុជាថា តើពេលណាចំនួនអ្នកដំណើរតាមផ្លូវអាកាស នឹងអាចត្រឡប់មកដូចដើមវិញ នៅឆ្នាំ២០១៩ មុនកូវីដ១៩។

លោកបានបញ្ជាក់ថា បន្ទាប់ពីការសិក្សាស្រាវជ្រាវក្រុមហ៊ុន BOEING បានសហការជាមួយអង្គការអាកាសចរស៊ីវិលអន្ដរជាតិ (ICAO) សមាគមន៏ក្រុមហ៊ុនអាកាសចរអន្តរជាតិ (IATA) ក្រុមប្រឹក្សាអាកាសយានដ្ឋានអន្តរជាតិ និងជាមួយភាគីពាក់ព័ន្ធផ្សេងៗទៀត គឺក្រុមហ៊ុន BOEING បានធ្វើការទស្សទាយថា នៅចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤ នឹងទទួលបានចំនួនអ្នកធ្វើដំណើរតាមយន្ដហោះស្មើនឹងឆ្នាំ២០១៩។

លោកថា “យើងរំពឹងទុកថា ចំនួនអ្នកធ្វើដំណើរតាមផ្លូវអាកាសនឹងមានការកើនឡើង នៅចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤ បើសិនជាគ្មានអ្វីកើតឡើងអ្វីបន្ដទៀត”។

យោងតាមអ្នកនាំពាក្យរូបនេះ បានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២២ (៨ខែ) ចំនួនអ្នកដំណើរមានការកើនឡើង រហូតដល់ជិត១លាន២សែននាក់ គឺកើនឡើងជិត៦០០ភាគរយ បើធៀបនឹង២០២១ រយៈពេល៨ខែដូចគ្នា ប៉ុន្ដែបើធៀបនឹងឆ្នាំ២០១៩ ដែលជាឆ្នាំមូលដ្ឋានមុនកើតជំងឺកូវីដ-១៩ គឺនៅដក៧២ភាគរយនៅឡើយ។ ចំនួនជើងហោះហើរ មានការកើនឡើងជាង១សែន៥ពាន់ជើង នៅក្នុងរយៈពេល៨ខែ ឆ្នាំ២០២២ បើធៀបនឹងឆ្នាំ២០២១ មានការកើនឡើង១២៣ភាគរយ ប៉ុន្ដែបើធៀបនឹងឆ្នាំ២០១៩ នៅដក៧០ភាគរយនៅឡើយ៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកវេទិកាភាពជាអ្នកដឹកនាំនិងភាពជាដៃគូអាស៊ានឆ្នាំ២០២២

ដោយ៖ សហការី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន នៅព្រឹកថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ ព្រមទាំងប្រកាសបើកជាផ្លូវការ  “ក្លឹបសេដ្ឋកិច្ចអាស៊ាន”។

វេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ សហការរៀបចំដោយវិទ្យាស្ថានយុទ្ធសាស្ត្រដើម្បីអាស៊ី-ប៉ាស៊ីហ្វិក (KSI) វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) និងសភាពាណិជ្ជកម្មកម្ពុជា។

វេទិកានេះ នឹងប្រារព្ធធ្វើឡើងក្រោមប្រធានបទ “ភាពជាដៃគូស្អិតរមួត និងការឆ្លើយតបរហ័សរបស់អាស៊ាន” ដោយមានការអញ្ជើញចូលរួមពីឥស្សរជន ថ្នាក់ដឹកនាំស្ថាប័នអ្នករៀបចំខាងលើ ស្ថាប័នធុរកិច្ច ក្រុមហ៊ុន វិនិយោគិន ធនាគារ វិទ្យាស្ថានសិក្សាស្រាវជ្រាវ និងតំណាងអង្គទូតនានា។

ក្រៅតែពីការប្រកាសបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ហើយនោះ ក៏មានការប្រកាសបើកជាផ្លូវការ  “ក្លឹបសេដ្ឋកិច្ចអាស៊ាន” ដែលបង្កើតឡើងដោយវិទ្យាស្ថានយុទ្ធសាស្ត្រដើម្បីអាស៊ី-ប៉ាស៊ីហ្វិក (KSI) ផងដែរ៕