រដ្ឋាភិបាលកូរ៉េ គ្រោងប្រមូលទិន្នន័យដើម្បីទប់ស្កាត់ការទិញផ្ទះទុកលក់ចំណេញពីសំណាក់ជនបរទេស

ដោយៈ សុខុម

សេអ៊ូល: រដ្ឋាភិបាលកូរ៉េខាងត្បូង គ្រោងនឹងបញ្ចេញស្ថិតិអចលនទ្រព្យរបស់ជនបរទេស ក្នុងប្រទេសនេះចាប់ពីត្រីមាសទី១ ដើមឆ្នាំក្រោយជាមួយនឹងគោលបំណង ទប់ស្កាត់ការទិញផ្ទះទុកលក់ចំណេញ ពីសំណាក់ជនបរទេសដែលរស់នៅក្នុងប្រទេសនេះ។

យោងតាមផែនការថវិកាសំខាន់ៗ របស់ក្រសួងដែនដីសម្រាប់ឆ្នាំក្រោយ ដែលបានដាក់ជូនលោក Park Sang-hyuk តំណាងរាស្រ្តគណបក្សប្រជាធិបតេយ្យកូរ៉េ បង្ហាញថា ថវិកាចំនួន២១៧.០០០ដុល្លារ ត្រូវបានលៃទុក សម្រាប់ធ្វើស្ថិតិស្ដីពីផ្ទះសំបែង ដែលកាន់កាប់ដោយជនបរទេសនៅឆ្នាំក្រោយ។ នេះបើយោងតាមសារព័ត៌មាន Korea Times ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី១២ ខែកញ្ញា។

ក្នុងចំណោមទឹកប្រាក់សរុបចំនួន១៣លានដុល្លារអាមេរិក ទឹកប្រាក់ប្រមាណ១១០.០០០ដុល្លារ ត្រូវបានលៃទុកសម្រាប់ការស្ទង់មតិ និងស្ថិតិលំនៅដ្ឋាននៅក្នុងប្រទេសកូរ៉េ ក្នុងថវិកាឆ្នាំក្រោយ ហើយចំនួន២១៧.០០០ដុល្លារ នឹងត្រូវចំណាយទាំងស្រុង ដើម្បីប្រមូលទិន្នន័យអំពីអចលនទ្រព្យប្រភេទលំនៅដ្ឋានរបស់ជនបរទេស។

នេះជាលើកដំបូង មិនធ្លាប់មានដែលរដ្ឋាភិបាលកូរ៉េ បានលៃទុកប្រាក់សម្រាប់តែគោលបំណងស្ទង់មតិ និងចងក្រងស្ថិតិអំពីអចលនទ្រព្យលំនៅដ្ឋានរបស់ជនបរទេសនៅក្នុងប្រទេសកូរ៉េ។

ក្រសួងដែនដីបានពន្យល់ថា “ហេតុផលនៃការបែងចែកប្រាក់ក្នុងផែនការថវិកានេះ គឺដើម្បីឆ្លើយតបឱ្យបានត្រឹមត្រូវ ទៅនឹងការទិញផ្ទះទុកចំណេញរបស់ជនបរទេស តាមរយៈការបង្កើតមូលដ្ឋានទិន្នន័យជាក់លាក់ នៃការទិញអចលនទ្រព្យរបស់ជនបរទេស”៕ Korea Times៕

សម្តេចតេជោនឹងអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តចេញពីតំបន់អង្គរ

ដោយៈ សហការី

សៀមរាបៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានាព្រឹកថ្ងៃទី១៣ កញ្ញានេះ នឹងអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយ ដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអ  ប្សរា។

កិច្ចសំណេះសំណាលនេះ នឹងធ្វើឡើងនៅភូមិរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលជាទីតាំងដែលរាជរដ្ឋាភិបាល ផ្តល់ដីជូនពលរដ្ឋជាថ្នូរ នឹងការរុះរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។

រាជរដ្ឋាភិបាលកម្ពុជា កាលពីខែសីហា កន្លងទៅនេះ តាមរយៈគណៈកម្មការអន្តរក្រសួងមួយ ដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកយុទ្ធនាការទ្រង់ទ្រាយធំក្នុងការវាស់វែង កំណត់និយាមកាក្បាលដី និងរមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក៏ដូចជារុះរើសំណង់ខុសច្បាប់ចេញពីតំបន់ទាំងនេះ។

ការបើកយុទ្ធនាការនេះ បានធ្វើឡើងបន្ទាប់ពីប្រាសាទក្នុងតំបន់រមណីយអង្គរ បានរងការព្រមានពីអង្គការយូណេស្កូ ក្នុងការដកប្រាសាទតំបន់រមណីយដ្ឋានអង្គរ ចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ព្រោះតែសំណង់ជាច្រើន ត្រូវបានសង់ឡើងនៅតំបន់រមណីយដ្ឋានអង្គរ ផ្ទុយពីលក្ខខណ្ឌកំណត់ដោយអង្គការយូណេស្កូ ក្រោយពេលដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនាថ្ងៃទី១៤ ខែធ្នូឆ្នាំ១៩៩២។

យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា ប្រតិបត្តិការក្នុងការរក្សាតំបន់រមណីយដ្ឋានអង្គរជាសម្បត្តិបេតិកភណ្ឌពិភពលោក គិតចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី១០ ខែកញ្ញា បានបញ្ចប់ការវាស់វែងក្បាលដី និងស្រង់ព័ត៌មានអ្នកកាន់កាប់ដីនៅភូមិគោលដៅទាំង១១៤ភូមិ ក្នុងឃុំចំនួន១៧ សង្កាត់ចំនួន៧ ក្រុងចំនួន១ និងស្រុកចំនួន៤ ដោយវាស់វែងក្បាលដីបានសរុប៩៣,៣៥១ក្បាលដី ទំហំ១០,៩៤៥ហិកតា។ ក្នុងនោះក្បាលដីមានសំណង់ចំនួន ៣៩,០៤០ក្បាលដី, ក្បាលដីគ្មានសំណង់ចំនួន ៤៧,៣៤០ក្បាលដី និងក្បាលដីជាំដីស្រែចម្ការចំនួន៦,៩៩១ក្បាលដី។

ប្រជាពលរដ្ឋស្ថិតនៅភូមិទក្សិណត្បូង និងភូមិត្រពាំងសេស ដែលគ្រប់លក្ខខណ្ឌ និងស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ ទៅចាប់ឆ្នោតជ្រើសរើសដីឡូតិ៍នៅភូមិធម្មជាតិរុនតាឯករួចចំនួន ១,១១៧ ដោយក្នុងមួយគ្រួសារទទួលបានដីចំនួន១ឡូត៍ ទំហំ២០ម៉ែត្រ គុណ៣០ម៉ែត្រ។

ប្រជាពលរដ្ឋស្ម័គ្រចិត្ត និងបានរុះរើតូបខុសច្បាប់ ស្ថិតក្នុងតំបន់រមណី​យដ្ឋានអង្គរ បានចំនួន៣២២តូប។ ក្រុមការងារ បានដាំកូនឈើឡើងវិញលើទីតាំងដីដែលបានរុះរើតូប បានចំនួនប្រមាណ២ពាន់ដើម។ ក្រុមការងារ បានបង្ហោះដ្រូន ថតរូបភាពពីលើអាកាស និងផលិតផែនទីរូបថតតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា បានបញ្ចប់ជាស្ថាពរលើផ្ទៃដីទំហំ៤០,១១៨ហិកតា។

ទន្ទឹមនឹងការងារការវាស់វែង កំណត់និយាមកាក្បាលដី និងរមណីយ ដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក៏ដូចជារុះរើសំណង់ខុសច្បាប់ចេញ ពីតំបន់ទាំងនេះហើយនោះ ក្រុមការងារអន្តរក្រសួង ដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានចាត់ចែង កសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា នៅភូមិធម្មជាតិរុនតាឯកផងដែរ ដើម្បីបង្កភាពងាយស្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។

បន្ថែមពីលើអគារសិក្សា និងផ្លូវគ្រួសក្រហមចំនួន៤៥ខ្សែ ដែលបានសាងសង់រួចហើយនោះ ក្រុមការងារកំពុងសិក្សាគម្រោងសាងសង់ផ្សារចំនួន ៨ខ្នង មណ្ឌលសុខភាពចំនួន ៣អគារ រួមមាន៖ អគារជំងឺទូទៅ អគារសម្ភព និងអគារស្នាក់នៅចំនួន ១ខ្នង កម្ពស់២ជាន់ មាន២០បន្ទប់។ រៀបចំប្រព័ន្ធទឹក អគ្គិសនី សេវាទូរស័ព្ទ និងសេវាអ៉ីនធើណេត។

ប្រតិបត្តិការទ្រង់ទ្រាយធំ ក្នុងការរក្សាតំបន់រមណីយដ្ឋានអង្គរ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនេះ បានកម្លាំងចម្រុះសរុបប្រមាណ ១,៩៣៨រូប។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរលោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា និងក្រុមការងារទាំងអស់ ដែលបានប្រឹងប្រែងសម្រេចការ​ងារជាឧត្តមប្រយោជន៍របស់ជាតិ។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណប្រជាពលរដ្ឋ ដែលបានចូលរួមសហការ និងស្ម័គ្រចិត្តរុះរើសំណ​ង់ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់​គ្រងរបស់អាជ្ញាធរអប្សរា៕

 

 

ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា កើនឡើងឈានដល់៣៧,៤ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល៨ខែ

ដោយៈ សុខុម

ភ្នំពេញ: ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់៣៧,៤ពាន់លានដុល្លារអាមេរិក អំឡុងពេលពីខែមករា  ដល់ខែសីហា ឆ្នាំ២០២២ ដោយសម្រេចបានកំណើន២១,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ចេញផ្សាយកាលពីថ្ងៃច័ន្ទ ទី១២ ខែកញ្ញា បង្ហាញថា ប្រទេសចិន នៅតែជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជា បន្ទាប់មកគឺសហរដ្ឋអាមេរិក វៀតណាម ថៃ និងសិង្ហបុរី។

ផលិតផលសំខាន់ៗដែលកម្ពុជា នាំចេញទៅប្រទេសចិន មានដូចជា អង្ករ ចេក ស្វាយ ដំឡូងមី ផលនេសាទ និងសំលៀកបំពាក់ ខណៈកម្ពុជា នាំចូលពីប្រទេសចិន ភាគច្រើនជាវត្ថុធាតុដើមសម្រាប់កាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ គ្រឿងចក្រ យានជំនិះ គ្រឿងឧបភោគបរិភោគ គ្រឿងអេឡិចត្រូនិច និងថ្នាំពេទ្យជាដើម។

លោកប៉ែន សុវីជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអ្នកនាំពាក្យក្រសួងនេះមានប្រសាសន៍ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី “ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់” (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) ដែលទាំង២នេះ សុទ្ធតែបានចូលជាធរមានក្នុងខែមករា ដើមឆ្នាំនេះ បានរួមចំណែកដល់កំណើននេះ។

លោកបានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានចិន Xinhua ថា “ប្រទេសចិន គឺជាទីផ្សារដ៏ធំមួយសម្រាប់កម្ពុជា ជាពិសេសសម្រាប់ផលិតផលកសិកម្មដ៏មានសក្តានុពលរបស់យើង ហើយទោះបីជាមានផលប៉ះពាល់ ដោយសារវិបត្តិកូវីដ-១៩ យ៉ាងណាក្ដី ក៏ទំហំពាណិជ្ជកម្មទ្វេភាគីរបស់យើងនៅតែបន្តកើនឡើងជាលំដាប់”៕ Xinhua៕

សកម្មភាពវិនិយោគខេត្តពីរនៅតំបន់ឆ្នេរហាក់មានការថមថយបន្តិច

 ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ការវិនិយោគអចលនទ្រព្យ និងដីធ្លីនៅខេត្តចំនួនពីរក្នុងតំបន់សមុទ្រ​ មានការថមថយបន្តិចនាពេលបច្ចុប្បន្ននេះ តែរំពឹងថានឹងមានកំណើនឡើងវិញ នៅពេលឆាប់ៗខាងមុនេះ ។ នេះបើតាមអ្នកជំនាញអចល​នទ្រព្យមួយចំនួនប្រចាំតំបន់ឆ្នេរបានប្រាប់ Property area នៅរសៀលថ្ងៃទី១២ កញ្ញា ២០២២កន្លងមកនេះ។

លោកជិន ណារិន ភ្នាក់ងារអចលនទ្រព្យប្រចាំខេត្តកំពតកែប បានលើកឡើងឱ្យដឹងថា ជាការពិតណាស់សកម្មភាព វិនិយោគនិងតម្លៃដីធ្លីនៅក្នុងខេត្តកំពត និងកែបនាពេលនេះ គឺប្រហាក់ប្រហែលគ្នា ដែលវាបានថមថយបន្តិច តែមិនជាធ្លាក់ចុះខ្លាំងគួរឱ្យព្រួយបារម្ភនោះទេ ។

លោកបន្តថា​ “ការវិនិយោគនៅខេត្តកំពត ថ្វីតែថមថយមែន តែអ្នកវិនិយោគមួយចំនួន នៅតែសកម្មភាពគម្រោងចាស់ៗរបស់ខ្លួនដដែល ដូចជាគម្រោងដីឡូត៏ គម្រោងអភិវឌ្ឍន៍លំនៅឋានលំហែកាយជាដើម”។លោក​បន្តថា “ជាក់ស្ដែងក្រុមហ៊ុនអភិវឌ្ឍន៍ ដែលសហការជាមួយក្រុមហ៊ុនរបស់លោកលើលំនៅឋានលំហែកាយ នៅតែបន្តអភិវឌ្ឍន៍ និងលក់បានជាហូរហែរ ពីព្រោះតែមានការគាំទ្រពីអតិថិជន ដែលមានតម្រូវការលើលំនៅឋានប្រភេទនេះ”។

ជាមួយគ្នានេះ លោកសុខ គែន នាយកប្រតិបត្តិនៃក្រុមហ៊ុន Street Real Estate ក៏បានលើកឡើងផងដែរថា បច្ចុប្បន្ននេះសកម្មភាពទិញលក់វាមិនសូវជាសកម្មភាពខ្លាំងដូចមុនទេ គឺមានត្រឹមតែសមរម្យប៉ុណ្ណោះ ខុសពីមុន​ ដែលមានអ្នកទិញធំៗច្រើនខ្លួន ទិញអភិវឌ្ឍន៍ខ្លួនឯងខ្លះទិញដើម្បី វិនិយោគយកប្រាក់ចំណេញ នៅពេលដែលដីខ្លួននោះឡើងថ្លៃ ។

បើតាមអ្នកជំនាញជាច្រើនទៀត ក៏បានលើកឡើងស្រដៀងៗគ្នាដែរនេះថា សក្ដានុពលដីធ្លីនៅខេត្តកំពត កែបនឹងប្រសើរឡើងវិញនៅពេលឆាប់ហើយវានឹងល្អប្រសើរជាងមុនៗទៅទៀត ក្នុងនោះដែរ ខេត្តកែប បាននិងកំពុងអភិវឌ្ឍន៍ឆ្នេរលំហែរ ដែលអាចទាក់ទាញភ្ញៀវទេសចរ បន្ថែមទៀត ហើយកំពត ក៏មានគម្រោងសាងសង់ឆ្នេរសម្រាកលំហែ និងមានកំពង់ផែទឹកជ្រៅធំជាងគេនៅកម្ពុជា ដែលអាចជាកត្តាទាក់ទាញបន្ថែមសម្រាប់វិនិយោគិនអចលនទ្រព្យទៅកាន់ទឹកដី នៃខេត្តតំបន់សមុទ្រទាំងពីរនេះ៕

សម្តេចតេជោៈ កម្ពុជាចង់ឃើញតំបន់អាស៊ាននិងសកលលោកមានសុខសន្តិភាព ស្ថិរភាព និងវិបុលភាពប្រកបដោយចីរភាព និងបរិយាបន្នយ៉ាងពិតប្រាកដ

ដោយ៖ សហការី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កម្ពុជាចង់ឃើញតំបន់អាស៊ាន និងសកលលោកទាំងមូល មានសុខសន្តិភាព ស្ថិរភាព និងវិបុលភាពប្រកបដោយចីរភាព និងបរិយាបន្នយ៉ាងពិតប្រាកដ។

សម្តេចតេជោ ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ នៅព្រឹកថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្នុងនាមជាប្រធានអាស៊ាន ក្នុងឆ្នាំ២០២២នេះ កម្ពុជា បាននិងកំពុងចូលរួមយ៉ាង សកម្មក្នុងការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ក្នុងគ្រប់ទម្រង់ និងគ្រប់វិស័យ ទាំងផ្នែកសង្គម-សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងនយោបាយ ជាមួយប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងសហគមន៍អន្តរជាតិ ទាំងក្នុងក្របខណ្ឌប្រទេស និងតំបន់ ជាពិសេសតាមរយៈ ការរៀបចំវេទិកាសន្ទនាដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា “កម្ពុជាចង់ឃើញតំបន់អាស៊ាន ក៏ដូចជាសកលលោកទាំងមូល មានសុខសន្តិភាព ស្ថិរភាព និងវិបុលភាពប្រកបដោយចីរភាព និងបរិយាបន្នយ៉ាងពិតប្រាកដ ជាមួយនឹងការគោរព អធិបតេយ្យភាពនៃប្រទេសនីមួយៗ ការអនុវត្តតាមច្បាប់អន្តរជាតិ ជាពិសេស ធម្មនុញ្ញអង្គការសហប្រជាជាតិ និងការប្រកាន់ខ្ជាប់ជានិច្ចនូវយន្តការពហុភាគីនិយម ដែលមានការចូលរួមសន្ទនាពីគ្រប់ភាគីពាក់ព័ន្ធ និងការរួមគ្នាស្វែងរកដំណោះស្រាយបញ្ហាប្រឈមដោយសន្តិវិធី ជាមួយនឹងស្មារតីបើកចំហ យោគយល់ និងអត់ធ្មត់ឱ្យគ្នាទៅវិញទៅមក”៕

សម្តេចតេជោ៖ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយធ្វើឱ្យស្ថានភាពសង្គម-សេដ្ឋកិច្ចអាស៊ាននិងពិភពលោកនៅតែផុយស្រួយ

ដោយ៖ សហការី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ បានថ្លែងលើកឡើងពីស្ថានភាពសង្គម-សេដ្ឋកិច្ចបច្ចុប្បន្ន ក្នុងតំបន់អាស៊ាន ក៏ដូចជាសកលលោកទាំងមូលថា នៅតែមានភាពផុយស្រួយ និងងាយបែកខ្ញែក។

មានភាពផុយស្រួយ និងងាយបែកខ្ញែក ដោយសារតែការកើតមានសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បាននិងកំពុងបន្តអូសបន្លាយកាន់តែយូរ បង្កឲ្យមានការកើនឡើងនូវភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោក និងការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ ដែលបន្តចោទជាបញ្ហា និងហានិភ័យដល់ស្ថិរភាព និងវិបុលភាព ក្នុងតំបន់ និងសកល។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសអញ្ជើញ បើកវេទិកាភាពជាអ្នកដឹកនាំ និង ភាពជាដៃគូអាស៊ាន ឆ្នាំ២០២២ ក្រោមប្រធានបទ “ភាពជាដៃគូសម្រាប់អាស៊ានដែលមានភាពស្អិតរមួត និងឆ្លើយតបរហ័ស”។

សម្តេចតេជោបានថ្លែងថា យើងទាំងអស់គ្នាពិតជាមានមោទកភាព ដែលនៅក្នុងដំណើរដ៏វែងឆ្ងាយរយៈពេល ៥៥ឆ្នាំកន្លងមកនេះ អាស៊ានបានក្លាយជាសហគមន៍មួយ ដែលជារួមពោរពេញដោយសន្តិភាព សន្តិសុខ ស្ថិរភាព ជីវភាព និងវិបុលភាព ឬជាការពិតស្របពេលដែលអាស៊ាន បាន និងកំពុងងើបចេញពីវិបត្តិនៃជំងឺកូវីដ-១៩ ឆ្ពោះទៅរកកំណើនប្រកប ដោយចីរភាពឡើងវិញ ស្ថានភាពសង្គម-សេដ្ឋកិច្ចបច្ចុប្បន្ន ក្នុងតំបន់អាស៊ាន ក៏ដូចជាសកលលោកទាំងមូល នៅតែមានភាពផុយស្រួយ និងងាយបែកខ្ញែក។

សម្តេចតេជោបន្តថា ការបន្តអូសបន្លាយនៃសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន បានបន្ទច់បង្អាក់ការស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញ តាមរយៈការបង្កឱ្យមានការកើនឡើងនៃសម្ពាធអតិផរណា និងការកកស្ទះប្រព័ន្ធដឹកជញ្ចូន និងខ្សែច្រវាក់ផ្គត់ផ្គង់សកល កាន់តែធ្ងន់ធ្ងរ ជាពិសេសនៅក្នុងវិស័យទំនិញម្ហូបអាហារ។ ទន្ទឹមគ្នានេះ ភាពតានតឹង នៃការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ នៅក្នុងតំបន់យុទ្ធសាស្ត្រមួយចំនួន រួមទាំងក្នុងទ្វីបអាស៊ីផងដែរនោះ ក៏នឹងបន្តចោទជាបញ្ហា និងហានិភ័យដល់ស្ថិរភាព និងវិបុលភាព ក្នុងតំបន់ និងសកល។

សម្តេចបានថ្លែងទៀតថា “បញ្ហាប្រឈមទាំងនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីភាពមានកម្រិតនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដែលការណ៍នេះទាមទារឱ្យមានការ ប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លាឡើងវិញ ក្នុងការបង្កើតភាពជាដៃគូយ៉ាងស្អិតរមួត ប្រកបដោយភាពទូលំទូលាយ ទាំងក្នុងក្របខណ្ឌតំបន់ និងសកល […] នៅក្នុងក្របខណ្ឌតំបន់អាស៊ាន ភាពជាអ្នកដឹកនាំ និងភាពជាដៃគូ គឺជាកត្តាចម្បង ដែលបានធ្វើឱ្យយើងអាចជម្នះគ្រប់ឧបសគ្គ និងប្រែក្លាយតំបន់អាស៊ាន ឱ្យទៅជាតំបន់មួយលេចធ្លោ និងមានការរីកចម្រើនលើគ្រប់វិស័យ”។

សម្តេចតេជោបន្ថែមថា “ស្ថិតក្នុងស្ថានភាពសង្គម-សេដ្ឋកិច្ចបច្ចុប្បន្ន យើងមិនត្រឹមតែមិនត្រូវបែកបាក់សាមគ្គីភាពប៉ុណ្ណោះទេ តែផ្ទុយទៅវិញ យើងត្រូវពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស្អិតរមួត ថែមទៀត ស្របតាមមូលបទ “អាស៊ានរួមគ្នាធ្វើ-ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា” ដែលកម្ពុជាបានកំណត់ក្នុងនាមជាប្រធានអាស៊ាន ក្នុងឆ្នាំ២០២២នេះ ដើម្បីបន្តរក្សាភាពរីកចម្រើនទៅមុខឆ្ពោះទៅរកអនាគតភ្លឺស្វាង និងវិបុលភាពរួម”។

សម្តេចតេជោ ហ៊ុន សែន បន្តថា ក្នុងនាមជាប្រធានអាស៊ាន ក្នុងឆ្នាំ២០២២នេះ កម្ពុជាបាននិងកំពុងចូលរួមយ៉ាង សកម្មក្នុងការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ក្នុងគ្រប់ទម្រង់ និងគ្រប់វិស័យទាំងផ្នែកសង្គម-សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងនយោបាយ ជាមួយប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងសហគមន៍អន្តរជាតិ ទាំងក្នុងក្របខណ្ឌប្រទេស និងតំបន់ ជាពិសេសតាមរយៈ ការរៀបចំវេទិកាសន្ទនា ដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ៕

ឥណ្ឌូណេស៊ីគ្រោងពង្រីកឧស្សាហកម្មផ្លូវដែកជាង៧៤០០គីឡូម៉ែត្រនៅក្នុងឆ្នាំ២០២៤

ដោយ: លាងហួរ

ហ្សាកាតា: ក្រសួងដឹកជញ្ជូនរបស់ប្រទេសឥណ្ឌូណេស៊ី កំពុងស្វែងរកការវិនិយោគពីបរទេសដើម្បីអភិវឌ្ឍឧស្សាហកម្មផ្លូវដែករបស់ខ្លួន ខណៈដែលប្រទេសនេះគ្រោងពង្រីកផ្លូវរថភ្លើងចំនួន៧.៤៥១គីឡូម៉ែត្រ នៅក្នុងឆ្នាំ២០២៤។

គិតត្រឹមឆ្នាំ២០២០ ប្រទេសឥណ្ឌូណេស៊ីមានផ្លូវដែកសរុប៦.៣២០គីឡូម៉ែត្រ ហើយគោលដៅពង្រីកផ្លូវរថភ្លើងឱ្យដល់៧.៤៥១ គីឡូម៉ែត្រត្រូវបានបញ្ចូលក្នុង “ផែនការអភិវឌ្ឍន៍ជាតិរយៈពេលមធ្យមឆ្នាំ២០២០-២០២៤” របស់ប្រទេសនេះ។

លោក Djarot Tri Wardhono មន្ត្រីជាន់ខ្ពស់របស់ក្រសួង បានប្រាប់អ្នកយកព័ត៌មានថា “យើងមានសេចក្តីសោមនស្សរីករាយ ក្នុងការអញ្ជើញវិនិយោគិនសក្តានុពលណាមួយ ឱ្យចូលរួមក្នុងគម្រោងអភិវឌ្ឍន៍នេះ”។

លោកបានបន្តថា “ដើម្បីទាក់ទាញអ្នកវិនិយោគបរទេសកាន់តែច្រើន រដ្ឋាភិបាលឥណ្ឌូនេស៊ីបច្ចុប្បន្នកំពុងរៀបចំបទប្បញ្ញត្តិដើម្បីបង្កើតបរិយាកាសវិនិយោគប្រកបដោយមិត្តភាពនៅក្នុងប្រទេសឥណ្ឌូនេស៊ី”៕

ផ្លូវសំខាន់ពីរខ្សែជំរុញឱ្យសក្ដានុពលនិងតម្លៃដីធ្លីនៅខេត្តបាត់ដំបងកើនឡើងមួយកម្រិត

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបានផ្ដល់នូវអត្ថប្រយោជន៍ និងជំរុញសក្ដានុពលនៃដីធ្លី និងការអភិវឌ្ឍអចលនទ្រព្យ។ ជាក់ស្ដែង គម្រោងផ្លូវចំនួន២ខ្សែ តភ្ជាប់ទៅកាន់ខេត្តបាត់ដំបង នឹងជំរុញសក្ដានុពល និងតម្លៃដីធ្លីនៅក្នុងខេត្តមួយនេះបន្ថែមទៀត។

គម្រោងផ្លូវសំខាន់២ខ្សែនោះ រួមមាន ផ្លូវជាតិលេខ១០ ដែលតភ្ជាប់ពីខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងឆ្ពោះទៅកាន់ខេត្តកោះកុង និងផ្លូវមួយខ្សែទៀត គឺតភ្ជាប់ពីខេត្តសៀមរាប ទៅកាន់ខេត្តបាត់ដំបង ដែលផ្លូវនេះ កំពុងស្ថិតនៅក្នុងផែនការនៅឡើយ តែត្រូវបានសិក្សាចប់សព្វគ្រប់ និងត្រៀមបើកការដ្ឋាននៅពេលឆាប់ៗនេះ។

លោក អ៊ិន ដារ៉ា ប្រធានសាខានៃក្រុមហ៊ុន KW Battambang បានឱ្យដឹងថា ផ្លូវចំនួន២ខ្សែនឹងជួយជំរុញសក្ដានុពល និងតម្លៃដីធ្លីនៅក្នុងខេត្តបាត់ដំបង កាន់តែប្រសើរឡើងបន្ថែមទៀត  ដោយសារតែផ្លូវនេះ នឹងនាំមកនូវភ្ញៀវទេសចរ ការវិនិយោគ និងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញរបស់ប្រជាពលរដ្ឋ ឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ។

លោកបន្តថា នៅពេលផ្លូវតភ្ជាប់ពីបាត់ដំបងទៅកាន់ខេត្តសៀមរាប ដែលមានចំងាយជាង៧០គីឡូម៉ែត្រ សាងសង់រួច វានឹងជួយឱ្យទំនាក់ទំនងខេត្តសៀមរាប និងបាត់ដំបង កាន់តែល្អប្រសើរបន្ថែមទៀត។ ក្នុងនោះភ្ញៀវទេសចរអាចមកលេងសៀមរាប ហើយហួសមកបាត់ដំបងបានដោយស្រួល ហើយវិនិយោគិនក៏មានភាពងាយស្រួលក្នុងការសិក្សាស្វែងយល់ពីការវិនិយោគរវាងខេត្តទាំងពីរនេះផងដែរ។

លោកបន្ថែមថា “ផ្លូវជាតិលេខ១០ក៏ដូចគ្នាដែរ នឹងអាចជំរុញឱ្យសក្ដានុពលដីធ្លីនៅខេត្តបាត់ដំបងនឹងកម្រើកបានមួយកម្រិត ព្រោះថាផ្លូវជាតិលេខ១០តភ្ជាប់រហូតដល់ខេត្តចំនួនបី ដែលអ្នកនៅខេត្តកោះកុងមិនចាំបាច់ចូលមកភ្នំពេញសិននោះទេ ពួកគាត់អាចធ្វើដំណើរតាមផ្លូវជាតិលេខ១០ឆ្លងកាត់ខេត្តពោធិ៍សាត់ ចូលដល់បាត់ដំបងផ្ទាល់”។

លោកបានបញ្ជាក់ថា “ពេលនេះតម្លៃដីធ្លីនៅបាត់ដំបងបានងើបឡើងជាបន្តបន្ទាប់ហើយ ហើយនៅពេលដែលផ្លូវទាំងនេះធ្វើរួចរាល់ វានឹងហក់ឡើងបន្តបន្ទាប់បន្ថែមទៀត”។

លោក កែវ សារ៉ន ប្រធានសាខានៃក្រុមហ៊ុន Century 21 Zillion Holding ក៏បានលើកឡើងថា ការវិនិយោគនៅខេត្តបាត់ដំបងបានចាប់ផ្ដើមបន្តិចម្ដងៗឡើងវិញ ក្រោយរដ្ឋាភិបាលបានបើកទូលាយបន្ទាប់ពីកូវីដ១៩បានធូរស្រាល។

លោកបន្តថា “បច្ចុប្បន្ននេះ យើងបានមើលឃើញមានគម្រោងវិនិយោគមួយចំនួនជាការវិនិយោគរបស់វិនិយោគិនក្នុងខេត្តបាត់ដំបង និងមកពីភ្នំពេញ។ យើងរំពឹងថា ក្នុងខេត្តបាត់ដំបងនឹងទទួលបានការចាប់អារម្មណ៍បន្ថែមទៀត ក្រោយគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនចាប់ផ្ដើមសាងសង់ និងគ្រោងសាងសង់”៕

សម្តេចតេជោ៖ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះសម្រាប់តំបន់សេដ្ឋកិច្ចបៃតងដំបូងគេបង្អស់

ដោយ៖ សុផារី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងគាំទ្រគំនិតផ្តួចផ្តើម ក្នុងការបង្កើតឡើងនូវតំបន់សេដ្ឋកិច្ច ឬ វិនិយោគបៃតង និងបានបញ្ជាក់ថា ប្រទេសកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះ សម្រាប់តំបន់សេដ្ឋកិច្ចបៃតងដំបូងគេបង្អស់។

ការប្រកាសនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានអាស៊ាន អញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ (ASEAN LEADERSHIP AND PARTNERSHIP FORUM)។

ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ ដែលបានប្រព្រឹត្តទៅនាពេលថ្មីៗនេះ សម្តេចតេជោបានស្នើបង្កើតឡើងនូវក្របខ័ណ្ឌកិច្ចព្រមព្រៀងបៃតងអាស៊ាន (ASEAN Green Deal) ដែលអាចអនុញ្ញាតឱ្យតំបន់របស់យើង ធ្វើអន្តរកាលជាបណ្តើរៗ ទៅជាសហគមន៍ ដែលមានចីរភាព ប្រសិទ្ធភាពប្រើប្រាស់ធនធាន និងភាពធន់។

សម្តេចតេជោបន្តថា “ឈរលើស្មារតីនេះ ខ្ញុំសូមស្វាគមន៍នូវគំនិតផ្តួចផ្តើមរបស់វិទ្យាស្ថានយុទ្ធសាស្ត្រដើម្បីអាស៊ីប៉ាស៊ីហ្វីក និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី ក្នុងការបង្កើតឡើងនូវ “តំបន់សេដ្ឋកិច្ច ឬ វិនិយោគបៃតង (Green Economic or Investment Zone)” ជាមួយនឹងការដាក់ឱ្យចូលធរមាននូវច្បាប់ស្ដីពីវិនិយោគថ្មី នាពេលថ្មីៗកន្លងទៅនេះ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះ សម្រាប់តំបន់សេដ្ឋកិច្ចបៃតងដំបូងគេបង្អស់”។

សម្តេចបានថ្លែងបន្តថា សម្តេចគាំទ្រការបង្កើតឡើងនូវ មូលនិធិអភិវឌ្ឍន៍ សេដ្ឋកិច្ចកម្ពុជា (Cambodia Economic Development Fund) ដែលនឹងចូលរួមចំណែក ក្នុងបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត(AI) និងបំពាក់នូវជំនាញ និងឧបករណ៍ ចាំបាច់ដល់កម្លាំងពលកម្មកម្ពុជាក្នុងសម័យបដិវត្តន៍ឧស្សាហកម្មទី៤នេះ៕

 

 

ដំណឹង​ល្អ តម្លៃប្រេង​ឥន្ធនៈ​ចុះថ្លៃ៣០០រៀល ​ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី២០ខែកញ្ញានេះ

ដោយ៖ សុផារី

ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មបានប្រកាសថា ​ប្រេងសាំងធម្មតាលក់រាយមានតម្លៃ៤.៤០០រៀល និងប្រេងម៉ាស៊ូត​៥.២០០រៀល ក្នុង១លីត្រ ដែលចុះថ្លៃ៣០០រៀល ​ចាប់អនុវត្តពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ។

បើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា ផ្អែកតាមតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ តម្លៃលក់រាយប្រេងឥន្ធនៈក្នុងរយៈពេលដូចគ្នាខាងលើ ត្រូវលក់៤.៦៦៧រៀល ក្នុងមួយលីត្រ សម្រាប់ប្រេងសាំងធម្មតា EA92 និង៥.៤៦៧រៀល សម្រាប់ប្រេងម៉ាស៊ូត ក្នុងមួយលីត្រ។

ក្រសួងបានបញ្ជាក់បន្ថែមថា ដើម្បីជួយសម្រួល់ដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែក ពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន៦,៥សេនដុល្លារ ក្នុងមួយលីត្រ៕