ក្រុមហ៊ុន Swire Properties គ្រោងពង្រីកការវិនិយោគលើគម្រោងអចលទ្រព្យតម្លៃ១២,៧ពាន់លានដុល្លារ

ដោយ: លាងហួរ

ហុងកុង: ក្រុមហ៊ុន Swire Properties គ្រោងពង្រីកអាជីវកម្មអចលនទ្រព្យលក់រាយរបស់ខ្លួននៅទីក្រុង Shenzhen ដែលជាផ្នែកមួយនៃផែនការវិនិយោគ១០០ពាន់លានដុល្លារហុងកុង (ប្រហែល១២,៧ពាន់លានដុល្លារអាមេរិក) ក្នុងរយៈពេល១០ឆ្នាំខាងមុខ។

លោក Tim Blackburn នាយកប្រតិបត្តិក្រុមហ៊ុន Swire Properties បាននិយាយនៅក្នុងសន្និសីទខ្លីមួយកាលពីសប្តាហ៍មុនថាក្រុមហ៊ុនដែលបានចុះបញ្ជីនៅហុងកុងរបស់លោកគ្រោងបង្កើនការអភិវឌ្ឍអចលទ្រព្យលក់រាយរបស់ខ្លួននៅក្នុងតំបន់ Greater Bay ក្នុងទីក្រុងShenzhen ក្រៅពីហុងកុង និងក្វាងចូវ។

 

 

លោក Blackburn បានបន្តថា បញ្ហាប្រឈមសម្រាប់ពួកយើងគឺតំបន់Greater Bayក្នុងទីក្រុងShenzhen ដែលជាទីតាំងក្រុមហ៊ុនចង់អភិវឌ្ឍគម្រោង Taikoo Li ឬគម្រោងTaikoo Hui។ Taikoo Li និងTaikoo Hui គឺជាគម្រោងអចលនទ្រព្យប្រើប្រាស់ចម្រុះរបស់ក្រុមហ៊ុន Swire Properties នៅក្នុងប្រទេសចិន។

ក្រុមហ៊ុន Swire Properties ក៏បានអភិវឌ្ឍគម្រោង នៅក្នុងទីក្រុងប៉េកាំង សៀងហៃ ក្វាងចូវ និងឆឹងទូផងដែរ។ គម្រោងវិនិយោគ១០០ពាន់លានដុល្លារហុងកុង របស់ក្រុមហ៊ុន Swire Properties  ដែលបានបង្ហាញកាលពីខែមីនា ត្រូវបានបែងចែកជាបីផ្នែកសំខាន់ៗ។

 

ក្នុងនោះ ថវិកាប្រហែល៣០ពាន់លានដុល្លារហុងកុងត្រូវបានផ្តល់ជូន សម្រាប់ការពង្រឹងការអភិវឌ្ឍន៍ការិយាល័យ ២០ពាន់លានដុល្លារហុងកុង សម្រាប់គម្រោងលំនៅដ្ឋាននៅហុងកុង និងអាស៊ីអាគ្នេយ៍ និង៥០ពាន់លានដុល្លារហុងកុង សម្រាប់គម្រោង Taikoo Li និង Taikoo Hui នៅក្នុងទីក្រុងលំដាប់ទី១របស់ប្រទេសចិន ជាពិសេសនៅក្នុងតំបន់ Greater Bay Area។

នាពេលថ្មីៗនេះ ក្រុមហ៊ុន Swire Properties បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយរដ្ឋាភិបាលស្រុក Futian នៃទីក្រុង Shenzhen ហើយក្រុមហ៊ុននឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីបង្កើតគម្រោងពាណិជ្ជកម្មថ្មីមួយ និងណែនាំម៉ាកយីហោលក់រាយលំដាប់ថ្នាក់អន្តរជាតិ ដែលផ្តោតលើវប្បធម៌ និងសិល្បៈ៕

 

 

សម្តេចតេជោវាយតម្លៃខ្ពស់លើកំណើនពាណិជ្ជកម្មរវាងកម្ពុជា និងថៃ ទោះក្នុងវិបត្តិជំងឺកូវីដ១៩

ដោយ៖ សុធីតា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានវាយតម្លៃខ្ពស់លើកិច្ចប្រឹងប្រែងរវាងកម្ពុជា និងថៃ ក្នុងកំលុងពេលវិបត្តិជំងឺកូវីដ១៩ ដោយបន្តរក្សាបាននូវកំណើនពាណិជ្ជកម្ម ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យដទៃទៀត។

ក្នុងជំនួបជម្រាបលារបស់លោក ប៉ានយ៉ារ៉ាក់ ពុលថាប់ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ក្រោយបញ្ចប់បេសកកម្មការទូតនៅព្រឹកថ្ងៃចន្ទ ទី០៥ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា ទោះបីស្ថិតនៅក្នុងកាលៈទេសៈនៃជំងឺកូវីដ១៩ ក៏ដោយកម្ពុជា និងថៃ បានខិតខំធ្វើការរួមគ្នាជំរុញទំនាក់ទំនងប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម អប់រំ និងវិស័យដទៃទៀត បានយ៉ាងល្អជាទីមោទនភាព។

សម្រាប់សម្តេចតេជោ ហ៊ុន សែន ការរក្សានូវកំណើនពាណិជ្ជកម្ម ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យនានាក្នុងកំលុងពេលវិបត្តិជំងឺកូវីដ១៩នេះ ក៏ដោយសារកិច្ចប្រឹងប្រែងរបស់មន្ត្រីនៃរាជរដ្ឋាភិបាលប្រទេសទាំងពីរ។ ក្នុងន័យនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោក ប៉ានយ៉ារ៉ាក់ ពុលថាប់ ដែលបានខិតខំបំពេញបេសកកម្មការទូតធ្វើឱ្យប្រទេសទាំងពីរ មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរ។

លោក ប៉ានយ៉ារ៉ាក់ ពុលថាប់ ក៏បានលើកបង្ហាញពីកិច្ចប្រឹងប្រែងក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនានា ក្នុងកំលុងពេលបំពេញបេសកកម្មការទូតនៅកម្ពុជាផងដែរ។ លោក បានជម្រាបសម្តេចតេជោថា ពេលលោកមកបំពេញបេសកកម្មការទូតនៅកម្ពុជា កាលពីឆ្នាំ២០១៨ លោកបានប្តេជ្ញាថា នឹងពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងឡើង ដោយឈរលើមូលដ្ឋានដែលមានស្រាប់។

លោកបន្តថា នៅពេលនេះ ការសន្យារបស់លោកបានលេចចេញជាផ្លែផ្កា ក្នុងនោះកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងកម្ពុជា-ថៃ ត្រូវបានពង្រីក និងពង្រឹង ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានកើនឡើង១០ភាគរយ ទោះបីស្ថិតនៅក្នុងដំណាក់កាលនៃវិបត្តិជំងឺកូវីដ១៩ក៏ដោយ។ បន្ថែមពីលើនោះ វិស័យអប់រំ ការអភិវឌ្ឍធនធានមនុស្ស និងវិស័យដទៃទៀត ក៏មានការរីកចម្រើនផងដែរ។

របាយការណ៍ បានបង្ហាញថា ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា-ថៃ ឆ្នាំ២០២១ សម្រេចបានទឹកជិត៨ពាន់លានដុល្លារ កើនប្រមាណ១០ភាគរយ។ ក្នុងនោះការនាំចេញពីកម្ពុជាទៅថៃ មានទំហំទឹកប្រាក់៨៩៤លានដុល្លារអាមេរិក។ ចំណែកការនាំចូលពីថៃ មានទឹកប្រាក់៦,១ពាន់លានដុល្លារ។

លោក ប៉ានយ៉ារ៉ាក់ ពុលថាប់ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តល់កិច្ចសហការល្អឱ្យបេសកកម្មការទូតរបស់លោកទទួលបានជោគជ័យត្រជះត្រចង់។

លោក ពុលថាប់ ក៏បានគោរពថ្លែងអំណរគុណសម្តេចតេជោ ដែលបានផ្តល់វ៉ាក់សាំងចាក់ជូនរូបលោក និងមន្ត្រីស្ថានទូតថៃប្រចាំនៅកម្ពុជា។ លោកក៏បានសម្តែងនូវការអបអរសាទរជូនចំពោះសម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ បានដោយជោគជ័យ ហើយក្នុងនាមប្រធានអាស៊ាន បានបើកប្រទេសឡើងវិញ ដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធបានដោយជោគជ័យ ដែលជាការឆ្លុះបង្ហាញឱ្យឃើញពីតួនាទីដ៏រឹងមាំរបស់កម្ពុជាក្នុងឆាកអន្តរជាតិ៕

វិនិយោគិនកម្ពុជាចាប់ផ្ដើមវិនិយោគលើអចលនទ្រព្យនៅក្រៅប្រទេសច្រើនជាងមុនជាពិសេសនៅថៃ និងជប៉ុន

ដោយៈ សុផារី

ភ្នំពេញៈ ស្របពេលអចលនទ្រព្យនៅកម្ពុជា មានវឌ្ឍនភាពលើការវិនិយោគ ក៏មានវិនិយោគិនកម្ពុជាមួយចំនួន ចាប់ផ្ដើមធ្វើការវិនិយោគលើអចលនទ្រព្យនៅក្រៅប្រទេសផងដែរ ពិសេសនៅតាមបណ្ដាប្រទេសក្នុងតំបន់អាស៊ី ដូចជាថៃ និងជប៉ុនជាដើម។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ក្នុងវេទិកាស្ដីពី ឱកាសនៃការវិនិយោគអចលនទ្រព្យ នៅចុងសប្តាហ៍កន្លងមក ដោយមានវត្តមានវាគ្មិន និងអ្នកជំនាញអន្ដរជាតិ៤រូប មកពីសមាគមជាតិអ្នកវាយតម្លៃអចលនទ្រព្យអាមេរិក (NAR) ដើម្បីបង្ហាញពីឱកាសវិនិយោគវិនិយោគនៅអាមេរិក ក៏ដូចជាការទាក់ទាញវិនិយោគិនបរទេស មកវិនិយោគនៅកម្ពុជាផងដែរ។

លោកបានមានប្រសាសន៍ថា “តាមរយៈតួលេខចុងក្រោយ មានវិនិយោ​គិនកម្ពុជាជាច្រើន បានចាប់ផ្ដើមធ្វើការវិនិយោគ នៅក្រៅប្រទេសហើយ ដែលភាគច្រើនវិនិយោគអចលនទ្រព្យនៅក្នុងប្រទេសថៃ និងជប៉ុន”។លោកបានបញ្ជាក់ថា ”ប្រទេសកម្ពុជាក៏មានតួលេខ នៅក្នុងការវិនិយោគវិស័យអចលនទ្រព្យនៅក្រៅប្រទេសច្រើនដែរ ដែលភាគច្រើនយើងវិនិយោគនៅថៃ និងជប៉ុន ដែលជាតួលេខនៃការវិនិយោគនៅក្នុងតំបន់អាស៊ី តែនៅក្នុងសហរដ្ឋអាមេរិកនៅមិនទាន់មានទេ”។

លោកបានបន្ដថា ការវិនិយោគឬការចូលរួមវេទិកាផ្សេងៗ របស់វិនិយោ​គិនកម្ពុជា គឺផ្នែកមួយដ៏សំខាន់ ដើម្បីបង្ហាញតថភាពជាក់ស្ដែង ក៏ដូចជាការអភិវឌ្ឍ និងភាពរីកចម្រើនជាក់ស្ដែងរបស់កម្ពុជា ដល់វិនិយោគិនបរទេស ហើយកៀរគរពួកគេមកធ្វើការវិនិយោគនៅកម្ពុជាផងដែរ។

បើយោងតាមការសិក្សារបស់មជ្ឍមណ្ឌលអចលនទ្រព្យ (REIC) របស់ធនាគាររដ្ឋាភិបាលធំមួយ នៅក្នុងប្រទេសថៃបានបង្ហាញនៅចុងខែក ក្កដា ឆ្នាំ២០២២នេះថា ជនជាតិកម្ពុជាបានជាប់ចំណាត់ថ្នាក់ ជាអតិថិជនបរទេស ដែលបានចំណាយទឹកប្រាក់ជាមធ្យមច្រើនបំផុត លើការទិញអចលនទ្រព្យនៅក្នុងប្រទេសថៃ។

ប្រជាជនកម្ពុជា ជាជនជាតិបរទេស ដែលចំណាយប្រាក់ទិញអចលនទ្រព្យថ្លៃបំផុត ដោយឈរក្នុងទំហំទឹកប្រាក់សរុប នៃការវិនិយោគលើអច​លនទ្រព្យរបស់ជនបរទេស ជនជាតិកម្ពុជាចំណាយទឹកប្រាក់ចំនួន៤០១លានបាត ឬស្មើនឹង១១លានដុល្លារអាមេរិក កើនឡើង៣៤,៦ភាគរយ ក្នុងត្រីមាសទី១ ប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១៕

អ្នកជំនាញផ្នែកសេដ្ឋកិច្ចជំរុញឱ្យវិស័យឯកជនពង្រឹងការផលិតក្នុង ស្រុកឱ្យបានច្រើន

ដោយៈ សុផារី

ភ្នំពេញៈ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានជំរុញឱ្យមានការផលិតក្នុងស្រុកឱ្យបានច្រើន និងកាត់បន្ថយការនាំផលិតផលបរទេស ទើបអាចទប់ស្កាត់នូវផលប៉ះពាល់ ដែលបណ្តាលមកពីវិបត្តិកូវីដ-១៩ និងសង្គ្រា​មនៅអ៊ុយក្រែន ព្រមទាំងបញ្ហាផ្សេងៗ ដែលយើងមិនអាចមើលដឹងនាពេលខាងមុខ។

ថ្លែងក្នុងពិធីបើកវេទិកាម្ចាស់អាជីវកម្មកម្ពុជាស្តីពី ការប្រឈម និងឱកាសក្រោយកូវីដ-១៩ និងរលកសេដ្ឋកិច្ច សកលថ្មី នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០២២ លោកបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា  បានមានប្រសាសន៍ថា ម្ចាស់ក្រុមហ៊ុនសហគ្រាស និងម្ចាស់អាជីវកម្មលើគ្រប់វិស័យ ត្រូវតែងាកមកពង្រឹង ការផលិតដោយខ្លួនឯងវិញ ដូចជា ម្ហូបអាហារវេចខ្ចប់រួចជាដើម ខណៈបច្ចុប្បន្ននេះ កម្ពុជាយើងនាំចូលស្ទើរតែ៨០ទៅ៩០ភាគរយទៅហើយ។

លោកបណ្ឌិតបន្តថា “ការពង្រឹងការផលិតខ្លួនឯងនេះ មានអត្ថប្រយោ​ជន៍ចំនួន៣ ទី១ រាជរដ្ឋាភិបាលបន្ធូរបន្ថយ ឬមិនយកពន្ធ ទី២ មានការផ្ដល់ហិរញ្ញប្បទានដែលមានការប្រាក់ថោក និងទី៣ មានការលើកទឹកចិត្ត និងមានការជួយរកទីផ្សារ”។

ជាមួយគ្នានេះ លោកបណ្ឌិតបានបញ្ជាក់ថា ដើម្បីពង្រឹងលើការងារផលិតក្នុងស្រុកឱ្យបានច្រើន និងមានតម្លៃថោក គឺទាមទារឱ្យម្ចាស់ក្រុមហ៊ុនសហគ្រាស និងអ្នកពាក់ព័ន្ធត្រូវចេះ សហការចងក្រងជាប្រព័ន្ធអេកូស៊ីស្ទឹម ចេះផ្គុំធនធានមនុស្ស និងផ្នែកហិរញ្ញប្បទាន ពោលគឺយើងត្រូវចងក្រងជាបណ្តាញតាមវិស័យ ព្រោះថាអាជីវកម្ម ឬចង្វាក់ផលិតកម្មមួយ មិនអាចរ៉ាប់រងខ្លួនឯងស្ទើរតែគ្រប់មុខនោះទេ ត្រូវចេះចែកគ្នាវិនិយោគ ទៅតាមផ្នែកនីមួយ​ៗ។

លោកមានប្រសាសន៍ថា “ដើម្បីរុញអេកូស៊ីស្ទឹមបានគឺសហគមន៍ ស្រុកគេមានច្រើន ដូចជាសហគមន៍ចេក ម្នាស់ សមាគមគោជាដើម ហើយខ្លាំងទៀត ដូច្នេះយើងត្រូវរៀនពីអេកូស៊ីស្ទឹមនេះ ហើយរួមបញ្ចូលជាមួយ គោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញសេដ្ឋកិច្ចរួមគ្នានេះ បានដើរទៅមុខលឿន។ បើមិនដូច្នេះទេ គឺមុខរបរដូចគ្នានេះឯងនឹងមកតែប្រកូតតែគ្នាឯងហើយ ចុងក្រោយគឺដួលទាំងពីរនាក់” ៕

ក្រុមហ៊ុនChina Railway ប្តេជ្ញាធានាដឹកជញ្ជូនធ្យូងថ្មឆ្លើយតប នឹងតម្រូវការ

ដោយ: លាងហួរ

ប្រទេសចិន: ក្រុមហ៊ុនChina State Railway Group Co., Ltd. (China Railway) បាននិងកំពុងខិតខំធានា ឱ្យមានការដឹកជញ្ជូនធ្យូងថ្មដោយរលូន ចំពេលមានការកើតឡើងជាថ្មី នៃជំងឹកូវីដ១៩ និងសីតុណ្ហភាពកើនឡើងខ្ពស់នាពេលថ្មីៗនេះនៅក្នុងប្រទេសចិន។

ក្រុមហ៊ុនលំដាប់យក្ស របស់រដ្ឋាភិបាលចិននេះបានរាយការណ៍ថា ចាប់ពីថ្ងៃទី២០ខែមិថុនា ដល់ថ្ងៃទី៣១ខែសីហា បណ្តាញផ្លូវដែករបស់ប្រទេសចិន បានដឹកជញ្ជូនធ្យូងថ្មចំនួន៣២០លានតោន ដែលប្រើប្រាស់សម្រាប់ផលិតថាមពលកើនឡើង៣០ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។

ទន្ទឹមនឹងនេះ ធ្យូងថ្មកំដៅចំនួន៦៣,៤លានតោន ត្រូវបានរក្សាទុកនៅក្នុងរោងចក្រ ផ្គត់ផ្គង់ថាមពលចំនួន៣៦៣កន្លែង គិតត្រឹមថ្ងៃទី៣១ខែសីហា ដែលអាចធានាបាននូវការផលិតថាមពលក្នុងរយៈពេល២៥ថ្ងៃ។

ក្រុមហ៊ុននឹងបន្តសម្របសម្រួលការគ្រប់គ្រង ដើម្បីធានាការដឹកជញ្ជូនធ្យូងថ្មដោយរលូន ដោយសន្យាថា នឹងខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីធានាការផ្គត់ផ្គង់តំបន់សំខាន់ៗ និងរោងចក្រថាមពល៕

អាជ្ញាធរខេត្តកោះកុងចាត់វិធានការណ៍ក្តៅលើអ្នកសាងសង់ខ្ទមក្នុង តំបន់អភិវឌ្ឍន៍តារាសាគរ

ដោយៈ គង់ សូរិយា

       កោះកុងៈ អភិបាលរងខេត្តកោះកុង លោក សុខ សុទ្ធីបានដឹកនាំក្រុមការងារចុះអនុវត្តវិធានរុះរើខ្ទម សង់គ្មានច្បាប់អនុញ្ញាត នៅឃុំកោះស្តេច ស្រុកគិរីសាគរ។

លោកសុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការណែនាំ និងអនុញ្ញាតពីលោកជំទាវ មិថុនា ភូថងអភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំក្រុមការងារ ចុះអនុវត្តវិធាន រុះរើខ្ទម សង់គ្មានច្បាប់អនុញ្ញាត ស្ថិតនៅក្នុងទីតាំងដី ដែលរាជរដ្ឋាភិបាល បានជួលរយៈពេលវែងឱ្យក្រុមហ៊ុនយូញៀនវិនិយោគអភិវឌ្ឍ ស្ថិតនៅតំបន់អាងទឹក ភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។

មុននឹងឈានមកដល់ការអនុវត្តវិធានរដ្ឋបាល រុះរើខ្ទមនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២កន្លងមកនេះ រដ្ឋបាលឃុំ ស្រុក បានចុះណែនាំផ្ទាល់ និងចេញលិខិតជូនដំណឹងដល់ប្រជាពលរដ្ឋ ឱ្យរុះរើខ្ទមដោយខ្លួនឯងផងដែរ ប៉ុន្តែមានប្រជាពលរដ្ឋមួយចំនួនមិនចូលរួមសហការ។

តាមរបាយការណ៍របស់អាជ្ញាធរខេត្តបានឲ្យដឹងថា ខ្ទមសរុបដែលសាងសង់ និងរុះរើ មានចំនួន៧០ខ្ទម បង្គោលរបងលួសបន្លា។ បន្ទាប់ពីការអនុវត្តវិធាននេះរួច លោក សុខ សុទ្ធី បានណែនាំឱ្យក្រុមហ៊ុនយូញៀនរៀបចំការពារកុំឱ្យមានជនខិលខូច ចូលទន្ទ្រានកាន់កាប់ដីក្នុងទីតាំងវិនិយោគជាថ្មីទៀត និងសំណូមពរបងប្អូនប្រជាពលរដ្ឋ ឈប់ចិញ្ចឹមចិត្តលបលួចចូលទន្ទ្រានកាប់កាប់ដីរដ្ឋទៀត៕

តំបន់ចំនួន៤ក្នុងខេត្តកែបត្រូវបានជ្រើសរើសយកមកសិក្សាលើបញ្ហា បម្រែបម្រួលអាកាសធាតុ

ដោយៈ គង់ សូរិយា

       ខេត្តកែបៈ តំបន់ចំនួនបួនក្នុងខេត្តកែប ត្រូវបានជ្រើសរើសយកមកសិក្សាដោយអាជ្ញាធរថ្នាក់ក្រោមជាតិ និងគណៈកម្មការទី៣​ នៃរដ្ឋសភា។

កាលពីចុងសប្តាហ៍មុន គណ:ប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក​ នៃរដ្ឋសភា ដឹកនាំដោយ លោកឡូយ សុផាត ប្រធានគណៈកម្មការ លោកនេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងក្រុមការងារកម្មវិធី សម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជាដំណាក់កាលទី៣(CCCA3) បានអញ្ជើញចុះពិនិត្យភូមិសាស្ត្រខេត្តកែប​ ដើម្បីស្វែងយល់ តំបន់មួយចំនួនក្នុងខេត្តកែប ដែលទទួលរងផលប៉ះពាល់បណ្តាលមកពីការប្រែប្រួលអាកាសធាតុនៅខេត្តកែប។

គណ:ប្រតិភូបានអញ្ជើញចុះ ពិនិត្យសិក្សាស្វែងយល់តំបន់ចំនួន៤​ ក្នុងខេត្តកែប រួមមានទី ១- ទំនប់ប៉ោហេងស្ថិតក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។ ទី២- ភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ដែលរងផលប៉ះពាល់ពីរករណីគឺ ទឹកប្រៃហូរចូលស្រែ របស់ប្រជាពលរដ្ឋ(នៅចំនុចតាពីង) និងខ្យល់កន្ត្រាក់។ ទី៣- វារីវប្បកម្ម ភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ និង៤- ភូមិអំពេង ឃុំអង្កោល​ ស្រុកដំណាក់ចង្អើរ ទទួលរងផលប៉ះពាល់នូវខ្យល់កន្រ្តាក់ញឹកញាប់នៅរដូវវស្សា។

លោកឡូយ សុផាត ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា បានជម្រាបជូនអាជ្ញាធរខេត្តកែប ពីគោលបំណងបេសកកម្មរបស់គណៈកម្មការ គឺដើម្បីស្វែងយល់នូវវិស័យពាក់ព័ន្ធ គឺផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក និងប្រមូលព័ត៌មានអំពីប្រសិទ្ធភាព នៃការអនុវត្តន៍ច្បាប់ របស់ខេត្ត ក៏ដូចជាបញ្ហាប្រឈមដែលខេត្តបានជួបប្រទះ ដើម្បីរួមគ្នារកដំណោះស្រាយឲ្យបានទាន់ពេលវេលា ។

ជាមួយគ្នានេះ លោកសំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក បណ្ឌិត​ សោម ពិសិដ្ឋ អភិបាលខេត្តកែប បានរាយការណ៍ជូនគណៈប្រតិភូ រដ្ឋសភា អំពីសភាពការណ៍រួមទូទៅវឌ្ឍន:ភាពការងារ និងសមិទ្ធផលសម្រេចបាន របស់រដ្ឋបាលខេត្ត និងជម្រាបជូនពីបញ្ហាប្រឈមមួយចំនួន និងស្នើសុំគណៈកម្មការរដ្ឋសភា ជួយធ្វើអន្តរាគមន៍រកដំណោះស្រាយ ពិសេ​សលើវិស័យទទួលបន្ទុករបស់គណៈកម្មការទី៣នៃរដ្ឋសភា។

ជាមួយគ្នានេះ លោកឡូយ សុផាតប្រធានគណៈកម្មការ​ ជម្រុញដល់ថ្នាក់ដឹកនាំខេត្ត ត្រូវគិតគូរពីការរៀបចំផែនការ រយៈពេលវែង-ខ្លី ក្នុងការអភិវឌ្ឍន៍ខេត្ត ដោយផ្តោតការយកចិត្តទុកដាក់ លើការការពារបរិស្ថានជាចំបង ព្រោះខេត្តកែបជាខេត្តទេសចរណ៍ ដែលរាជរដ្ឋាភិបាលកំណត់ទុក ជាតំបន់ទេសចរណ៍សម្រាកលំហែប្រណិតកំរិតខ្ពស់៕

x

 

តំបន់ជុំវិញរមណីយដ្ឋានភ្នំតាម៉ៅលេចចេញគំរោងអភិវឌ្ឍន៍អចលនទ្រព្យជាបន្តបន្ទាប់

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ខណៈផ្លួវជាតិលេខ២ ត្រូវបានស្ថាបនារួចបណ្តើរៗ ការធ្វើដំណើរទៅកាន់រមណីយដ្ឋានភ្នំតាម៉ៅ មិនចំណាយពេលយូរដូចមុនឡើយ។

ជាមួយនឹងភាពប្រសើរឡើង នៃការកសាងហេដ្ឋារចនាសម្ព័ន្ឋ ការរីកចម្រើននៃជីវភាព របស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ បានធ្វើឲ្យអ្នកអភិវឌ្ឍន៍ក្នុងស្រុកជាច្រើនបានចាប់យកឱកាសនេះ ដើម្បីពង្រីកសក្តានុពលគំរោងអភិវឌ្ឍន៍របស់ខ្លួន។

អ្នកអភិវឌ្ឍន៍ដីឡូត៍មួយកន្លែង បានប្រកាសលក់គំរោងរបស់ពួកគេ នៅលើដើមផ្លូវ ច្រកចូលរមណីយដ្ឋានភ្នំតាម៉ៅនៅថ្ងៃទី៤ កញ្ញាកន្លងមកនេះ ខណៈរមណីយដ្ឋានលំដាប់អន្តរជាតិមួយ ក៏ត្រៀមបង្ហាញខ្លូននៅក្នុងតំបន់ក្បែរន ដែលស្ថិតក្នុងមូលដ្ឋានស្រុកបាទី ខេត្តតាកែវ។

លើសពីនេះ គម្រោងអភិវឌ្ឍន៍បុរីHK Residence ដែលជាគំរោងដំបូង និងសាងសង់ឡើងលើផ្ទៃដី៥ហិកតា នៅដើមផ្លូវច្រកចូលរមណី​យ   ​ដ្ឋានភ្នំតាម៉ៅក៏បាន និងកំពុងស្វាគមន៍អតិថិជនផងដែរ។

អគ្គនាយកបុរីHK Residence លោកចាប ពៅបានមានប្រសាសន៍ ឲ្យដឹងនាព្រឹកថ្ងៃទី៤ កញ្ញាកន្លងមកថា ដោយសារភាពល្អប្រសើរនៃហេដ្ឋារចនាសម្ព័ន្ឋ បានធ្វើឲ្យការធ្វើដំណើរពីរាជធានីភ្នំពេញ មកកាន់តំបន់នេះចំណាយពេលមិនលើសពី៣០នាទីឡើយ។ ជាពិសេសការរីកចម្រើននៅមូលដ្ឋាន ជីវភាពប្រជាពលរដ្ឋប្រសើរឡើង និងជាទីតាំងមួយស្ថិតនៅក្បែររមណីយដ្ឋានធំជាងគេ ស្ថិតនៅជាយរាជធានីភ្នំពេញ និងស្ថិតនៅតំបន់ផ្លូវក្រវ៉ាត់ក្រុងទី៤ផង ទើបលោកសម្រេចចិត្តមកអភិវឌ្ឍន៍នៅតំបន់នេះ។

បុរីHK Residenceជាលំនៅដ្ឋានប្រណីត ដែលមានហេដ្ឋារចនាស ម្ព័ន្ឋធំទូលាយ ដោយផ្លូវមានទំហំចាប់ពី២០ ទៅ៣០ម៉ែត្រ ក្នុងបុរីមានសួនច្បារ កន្លែងហាត់ប្រាណ ជាពិសេសផ្ទះនិមួយៗ មានសួនច្បារជាលក្ខណៈឯកជន ដែលផ្តល់ផាសុខភាពដល់អ្នករស់នៅ។

លោកចាប ពៅបានបន្តថា ការរីកចម្រើនតំបន់នេះ ស្របពេលហេដ្ឋារចនាសម្ព័ន្ឋកាន់តែប្រសើរ អ្នកវិនិយោគបុរីនេះ នឹងទទួលបានផលចំណេញ១គុណនឹង២ ក្នុងរយៈពេល៥ឆ្នាំខាងមុខ ដោយផ្ទះក្នុងបុរីHK Residenceមានតម្លៃត្រឹម៤៨,០០០ដុល្លារអាមេរិកប៉ុណ្ណោះ ហើយបើធៀបនឹងផ្ទះនៅរាជធានីភ្នំពេញ មានទំហំដូចគ្នានេះ គឺមានតម្លៃខុសគ្នារហូតដល់១០ដងឯណោះ បើធៀបនឹងលំនៅដ្ឋានក្នុងបុរីHK Residence។

ប្រជាពលរដ្ឋរស់នៅក្នុងខេត្តតាកែវ បាននិងកំពុងផ្លាស់ប្តូរជីវភាពយ៉ាងលឿន ដោយសារការរីកចម្រើនសេដ្ឋកិច្ច ការវិនិយោគហេដ្ឋារចនាសម្ព៏ន្ឋររបស់រដ្ឋាភិបាលដូចជាផ្លូវក្រវ៉ាត់ក្រុងទី៣ គំរោងផ្លូវក្រវ៉ាត់ក្រុងទី៤ គំរោងអភិវឌ្ឈន៍ព្រលានយន្តហោះអន្តរជាតិតេជោ និងគំរោងស្តារឡើងវិញនូវផ្លូវជាតិលេខ២ជាដើម។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តី នៃកម្ពុជាធ្លាប់បានលើកឡើងពីសក្តានុពលតំបន់ផ្លួវជាតិលេខ២ ពិសេសទឹកដីខេត្តតាកែវ ជាតំបន់មានសក្តានុពល សម្រាប់អភិវឌ្ឍន៍វិស័យឧស្សាហកម្ម និងអចលនទ្រព្យ ដោយ​សារខេត្តនេះមានសណ្ឋានដីខ្ពស់ល្អ និងមានហេដ្ឋារចនាតភ្ជាប់យ៉ាងល្អប្រសើរ៕

លោកបណ្ឌិតគីម ហ៊ាងៈ ភាគខាងជើងរាជធានីចាប់ផ្តើមក្លាយជាតំបន់រស់នៅរបស់ក្រុមអភិជន

ដោយៈ ស៊ីវ ម៉េង

       ភ្នំពេញៈ ភាពប្រសើរឡើងនៃហេដ្ឋារចនាសម្ព័ន្ឋ ទីតាំងភូមិសាស្រ្តអំណោយផល និងជាតំបន់CBD បានធ្វើឲ្យតំបន់ស្ថិតនៅភាគខាងជើងរាជធានីភ្នំពេញ ក្លាយជាតំបន់សម្រាប់ការរស់នៅរបស់ក្រុមអភិជន។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodiaបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ក្រុមអ្នកមានចាប់ផ្តើមសម្លឹង និងរស់នៅតំបន់ភាគខាងជើង រាជធានីភ្នំពេញកាន់តែច្រើន ដែលទឹកដីនេះមួយផ្នែកស្ថិតក្នុងខ័ណ្ឌព្រែកព្នៅ មួយផ្នែកស្ថិតក្នុងខ័ណ្ឌឬស្សីកែវ និងមួយផ្នែកស្ដិតក្នុងខ័ណ្ឌសែនសុខ។

លោកបន្តថា “ភាពអំណោយផល នៃហេដ្ឋារចនាសម្ព័ន្ឋជារឿងមួយ ប៉ុន្តែអ្វីដែលផ្តល់ឲ្យអ្នករស់នៅមានភាពងាយស្រួល ជារឿងសំខាន់មួយទៀត គឺតំបន់នេះមានផ្សារទំនើបAEON Mall2 , MAKRO ផ្សារសហគមន៍ជាច្រើនទៀត”។លោកបន្តថា “អ្នកមានលុយចង់រស់នៅតំបន់មានភាពងាយស្រួល មានខ្យល់អាកាសបរិសុទ្ឋ ជាក់ស្តែងតំបន់នេះមានបឹងកប់ស្រូវ មានទន្លេសាប ដែលផ្តល់បរិយាកាសររស់នៅ ពោរពេញដោយផាសុខភាពផងដែរ”។

លើសពីនេះ ការភ្ជាប់ហេដ្ឋារចនាសម្ព័ន្ឋជាតិធំៗ ដូចជា ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦អា ផ្លួវលេខ១៣០ ឆ្ពោះទៅកាន់រមណីយដ្ឋានភ្នំរាប ភ្នំប្រសិទ្ឋ និងតភ្ជាប់ជាមួយផ្លូវជាតិលេខ៥១ និងអូសទៅភ្ជាប់ជាមួយផ្លូវជាតិលេខ៤ លេខ៣ សុទ្ឋតែជាកក្តាអំណោយផលដល់ការធ្វើដំណើរ និងភាពងាយស្រួលសម្រាប់ការរស់នៅផងដែរ។លោកបណ្ឌិតគីម ហ៊ាងបញ្ជាក់ឲ្យដឹង។

លោកឧកញ៉ាបានបន្តថា ការអភិវឌ្ឈន៍នៅតំបន់ក្នុងកណ្តាលរាជធានីភ្នំពេញ​ដូចជាតំបន់បឹងកេងកង តំបន់ទួលគោក គឺជាតំបន់រីកចម្រើន និងកំពុងប្រឈមនឹងបញ្ហាកកស្ទះចរាចរណ៍ ពិសេសជាតំបន់មិនមានដីទំនេរសំរាប់អភិវឌ្ឍន៍ ឬសាងសង់វីឡាធំៗទៀតទេ​ ហេតុនេះភាគខាងជើងរាជធានីគឺជាជម្រើសសមស្របមួយ សម្រាប់អភិវឌ្ឍន៍លំនៅដ្ឋានសម្រាប់អ្នកមានជីវភាពធូរធារ ព្រោះតំបន់នេះ ស្ថិតនៅកៀកនឹងក្រសួងធំៗជាច្រើនដូចជាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសាធារណៈការ និងដឹកជញ្ជូន និងស្ថាប័នជាច្រើនទៀតបាន និងកំពុងត្រៀមផ្លាស់ប្តូរមកកាន់តំបន់នេះផងដែរ៕

តើស្ថានភាពចលនទ្រព្យក្នុងខេត្តសៀមរាបមានភាពល្អប្រសើរដូចនឹងស្ថានភាពទេសចរណ៍ក្នុងខេត្តមួយនេះឬទេ?

ដោយៈ សុផារី

សៀមរាប: ខេត្តសៀមរាបគឺជាប៉ូលសេដ្ឋកិច្ចមួយ ដែលរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ ក្នុងការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងត្រូវបានចាត់ទុកជាខេត្តទេសចរណ៍ លំដាប់ទី១ក្នុងប្រទេសកម្ពុជា ហើយវិស័យ អចលនទ្រព្យក្នុងខេត្តនេះ បានផ្អែកស្ទើរតែទាំងស្រុង លើវិស័យទេសចរណ៍។

ក្រោយពេលរាជរដ្ឋាភិបាល បើកប្រទេសអស់រយៈពេលជាងពាក់​កណ្ដា​លឆ្នាំមកនេះ ស្ថានភាពទេសចរណ៍មានភាពល្អប្រសើរ។ តើស្ថានភាពអចលនទ្រព្យ ក្នុងខេត្តទេសចរណ៍មួយនេះ មានភាពល្អប្រសើរឡើងពិតមែនឬ?។

លោក កែវ សុធារ៉ា អគ្គនាយកក្រុមហ៊ុន KW ប្រចាំខេត្តសៀមរាប បានបញ្ជាក់ប្រាប់ Property Area Asia នៅចុងសប្តាហ៍កន្លងមកថា “សម្រាប់ស្ថានភាពនៅក្នុងខែសីហា ឆ្នាំ២០២២ មានភាពល្អប្រសើរជាងស្ថានភាពនៅក្នុងខែមិថុនា និងកក្កដាកន្លងមក ទាំងគម្រោងអភិវឌ្ឍន៍ និងប្រភេទអចលនទ្រព្យ ដែលមាននៅក្នុងទីផ្សារស្រាប់”។

លោកសុធារ៉ាបញ្ជាក់ថា “កំណើនឡើងវិញនៃចរន្តទិញ លក់អចលនទ្រព្យនៅក្នុងខេត្តសៀមរាប ជំរុញដោយតម្រូវការជាក់ស្តែង របស់អតិថិជន ដែលទិញហើយធ្វើការសាងសង់តែម្ដង។ ក្រៅពីនេះក៏មានក្រុមអ្នកវិនិយោគដែលទិញទុកដើម្បីរកផលចំណេញនាពេលអនាគត”។ លោកបន្ថែមថា “អតិថិជនដែលប្រើប្រាស់ផ្ទាល់ ទិញសម្រាប់ការសាងសង់ ជាតម្រូវការរបស់ពួកគាត់តែម្ដង។ វាដល់ពេលហើយ។ ចំណែកអ្នកវិនិយោគក្នុងពេលនេះ គាត់ទិញសម្រាប់យកចំណេញនៅថ្ងៃក្រោយ”។

យ៉ាងណាក្តី លោក ឡុង គីមសួគ៌ អគ្គនាយកក្រុមហ៊ុន Century 21 Advance បានមានប្រសាសន៍កាលពីសប្តាហ៍កន្លងទៅថា សម្រាប់វិស័យអចលនទ្រព្យក្នុងខេត្តសៀមរាប នៅតែបន្តពឹងផ្អែកទៅលើទេសចរណ៍។

លោក គីមសួគ៌ បានលើកឡើងថា ទោះបីជាវិស័យទេសចរណ៍បានងើបឡើងវិញបណ្តើរៗក្តី តែនៅមិនទាន់មានភាពទូលំទូលាយខ្លាំង ដែលធ្វើឱ្យអចលនទ្រព្យនៅក្នុងខេត្តមួយនេះ មិនទាន់មានការឡើងថ្លៃខ្លាំង និងមិនសូវមានការដោះដូរច្រើននោះទេ។

ទាក់ទងនឹងគម្រោងវិនិយោគទីក្រុងថ្មី ក្នុងខេត្តសៀមរាប លោកគីមសួគ៌បានមានប្រសាសន៍ថា គម្រោងមួយនេះ ក៏នៅមិនទាន់មានដំណើរការនៅឡើយ ដោយសារជាគម្រោងនេះ ទាមទារអ្នកវិនិយោគិនបរទេស។

លោកព្យាករថា “វិស័យចលនទ្រព្យ នៅក្នុងខេត្តសៀមរាប ទាមទាររយៈពេល តិចបំផុត១ទៅ៣ឆ្នាំទៀត ទើបអាចមានសកម្មភាពល្អប្រសើរឡើងវិញ”៕