និន្នាការសំណង់អគារបៃតងសន្សំសំចៃថាមពលកំពុងពេញនិយមច្រើននៅក្នុងប្រទេសវៀតណាម

ដោយ៖ សុខុម

ហាណូយ: ការអភិវឌ្ឍអគារដែលសន្សំសំចៃថាមពលគឺជានិន្នាការ (Trend) ដ៏ពេញនិយមដែលជៀសមិនរួចសម្រាប់ប្រទេសវៀតណាម ដើម្បីសម្រេចបាននូវគោលបំណងបរិស្ថានរបស់ខ្លួន។

យោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយកាលពីថ្ងៃសុក្រ ទី២៤ ខែមិថុនា ឱ្យដឹងថា ថាមពលដែលប្រើប្រាស់ដោយអគារខ្ពស់ៗកប់ពពកក្នុងប្រទេសវៀតណាម មានចន្លោះពី៣៥%ទៅ៤០%នៃការប្រើប្រាស់ថាមពលសរុបនៅទូទាំងប្រទេស។

ការស្ទង់មតិមួយដែលធ្វើឡើងដោយក្រុមហ៊ុនសេវាកម្មអចលនទ្រព្យ Cushman & Wakefield (CWK) បង្ហាញថា អចលនទ្រព្យរួមចំណែកប្រមាណ៤០%នៃការបំភាយឧស្ម័នសរុបចូលទៅក្នុងបរិយាកាសក្នុងប្រទេសនេះ។

យោងតាមក្រុមប្រឹក្សាអគារបៃតងវៀតណាម (Vietnam Green Building Council) ឱ្យដឹងថា នៅទូទាំងប្រទេសវៀតណាម មានអគារបៃតង ឬអគារសន្សំសំចៃអគ្គិសនីប្រហែល២០០អគារ។

នៅសន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុឆ្នាំ២០២១ (COP26) វៀតណាម បានប្តេជ្ញាសម្រេចឱ្យបាននូវអព្យាក្រឹតកាបូននៅត្រឹមឆ្នាំ២០៥០។

ហើយដើម្បីសម្រេចគោលដៅបរិស្ថាននោះ វៀតណាម ចាំបាច់ត្រូវអភិវឌ្ឍអគារសន្សំសំចៃថាមពលបន្ថែមទៀតដែលមានគុណភាពខ្ពស់ ដើម្បីកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមានមកលើបរិស្ថាន ព្រមទាំងសន្សំសំចៃថ្លៃចំណាយលើថែទាំ ជួសជុល និងការប្រើប្រាស់ថាមពលនាពេលអនាគតផងដែរ៕

មហាយក្សចិនផលិតបានអាគុយរថយន្តអគ្គិសនីថ្មីដែលបញ្ចូលម្ដងជិះបាន១.០០០គីឡូម៉ែត្រស្ទើរមិនគួរឱ្យជឿ

ដោយ៖ សុខុម

ប្រទេសចិន: វាពិតជាស្ទើរមិនគួរឱ្យ និងជាដំណឹងដ៏គួរឱ្យរីករាយដែលក្រុមហ៊ុនចិន មួយផលិតបានអាគុយរថយន្តអគ្គិសនីជំនាន់ថ្មី ដែលបញ្ចូលម្ដងរត់បានចម្ងាយផ្លូវរហូតដល់រាប់ពាន់គីឡូម៉ែត្រ។ នេះបើយោងតាមសារព័ត៌មាន Xinhua ចុះផ្សាយកាលពីថ្ងៃសុក្រ ទី២៤ ខែមិថុនា។

ក្រុមហ៊ុន Contemporary Amperex Technology Co., Ltd. (CATL) ដែលឈានមុខខាងផលិតអាគុយលីចូម-អ៊ីយ៉ុង (Lithium-ion Battery) សម្រាប់រថយន្តរបស់ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមិថុនា បានបញ្ចេញអាគុយជំនាន់ថ្មីមួយប្រភេទសម្រាប់រថយន្តអគ្គិសនីដែលបញ្ចូលពេញម្ដង អាចរត់បានចម្ងាយផ្លូវរហូតដល់ទៅ១.០០០គីឡូម៉ែត្រ។

នេះបើនៅកម្ពុជា យើងវិញ សម្រាប់ការធ្វើដំណើរពីភ្នំពេញ ទៅកាន់បណ្ដាខេត្តឆ្ងាយៗរួមមានខេត្តព្រះសីហនុ ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តកោះកុង ជាដើម គឺសាកថ្មតែម្ដងអាចជិះទៅមកក៏មិនទាន់ទាំងអស់ថាមពលផង ហើយមិនបាច់បារម្ភខ្លាចអស់អាគុយតាមផ្លូវ ឬពិបាករកកន្លែងសាកអាគុយនោះឡើយ។

ក្រុមហ៊ុន CATL និយាយថា បំពាក់ដោយបច្ចេកវិទ្យា Cell-To-Pack (CTP) ជំនាន់ទី៣ អាគុយដែលមានឈ្មោះថា Qilin ឬ CTP 3.0 នេះមានប្រសិទ្ធភាពប្រើប្រាស់កម្រិតខ្ពស់ និងដង់ស៊ីតេថាមពលរហូតដល់២៥៥វ៉ាត់ម៉ោង (Wh) ដែលជាកម្រិតខ្ពស់បំផុតក្នុងពិភពលោក។ អាគុយនេះត្រូវបានដាក់ឈ្មោះតាមសត្វអាទិទេពដ៏ល្បីល្បាញ Qilin នៅក្នុងទេវកតាចិន។

អាគុយថ្មីនេះមានសុវត្ថិភាពខ្ពស់ ឆាប់ត្រជាក់ មិនបារម្ភរឿងឡើងកម្ដៅ ហើយបញ្ចូលថាមពលដោយប្រើ Fast Charge Mode ចំណាយពេលត្រឹមតែ១០នាទីប៉ុណ្ណោះនឹងពេញជាស្រេច។

ក្រុមហ៊ុននិយាយថា តាមការរំពឹងទុកអាគុយជំនាន់ថ្មី Qilin នឹងត្រូវផលិតទ្រង់ទ្រាយធំ ហើយដាក់លក់នៅលើទីផ្សារក្នុងឆ្នាំ២០២៣៕

អ្នកជំនាញ៖ ផ្លូវជាតិលេខ១០ រួមចំណែកដល់ការលើកកម្ពស់វិស័យឆ្អឹងខ្នងសំខាន់ៗចំនួនបី

ដោយ៖ សុផារី

កោះកុង៖ គម្រោងសាងសង់ផ្លូវជាតិលេខ១០ តភ្ជាប់ពីសំឡូត ដល់កោះកុងនឹងរួមចំណែកដល់ការលើកកម្ពស់ប្រសិទ្ធភាពនៃការដោះដូរពាណិជ្ជកម្ម វិនិយោគ ដំណាំកសិផល កសិ-ឧស្សាហកម្ម និង ទេសចរណ៍បានឆាប់រហ័ស និងចំណាយតិច ជាពិសេសជាមួយប្រទេសថៃ។

លោក ហេង តុងហៃ ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តប៉ៃលិន បានមានប្រសាសន៍តាមប្រព័ន្ធតេឡេក្រាមនៅរសៀលថ្ងៃទី២៤ ខែមិថុនានេះថា តាមរយៈប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដែលរាជរដ្ឋាភិបាលបានកំពុងសាងសង់ នឹងជាកម្លាំងចលករក្នុងការកែប្រែមុខមាត់ខេត្តតាមបណ្តោយព្រំដែន ជាពិសេសនៅក្នុងខេត្តប៉ៃលិន ដោយផ្លូវជាតិលេខ១០នេះ នឹងធ្វើឱ្យខេត្តប៉ៃលិនកាន់តែមានទីតាំងកាន់ជិតខេត្តផ្សេងទៀតៗនៅក្នុងប្រទេសកម្ពុជា។

អ្នកជំនាញរូបនេះមានប្រសាសន៍ថា តាមរយៈផ្លូវជាតិលេខ១០នេះ វិស័យពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងប្រទេសថៃ នឹងមានការរីកចម្រើន ដោយសារអំណោយផលនៃផ្លូវថ្នល់មួយនេះ ។ មួយវិញទៀត វិស័យកសិកម្មក៏មានការឱកាសល្អប្រសើរក្នុងការវិនិយោគផងដែរ ក្នុងការបង្កបង្កើនផលសម្រាប់ការនាំចេញ ដោយសារដីនៅទំនេរមានច្រើន និងមានតម្លៃសមរម្យនៅឡើយ ហើយមានទីតាំងនៅជិតច្រកព្រំដែនផងដែរ។

ក្រៅពីវិស័យពាណិជ្ជកម្ម និងកសិកម្ម វិស័យទេសចរណ៍ក៏រំពឹងទទួលបានផលពីផ្លូវជាតិមួយនេះផងដែរ។ នៅក្នុងខេត្តប៉ៃលិនមានរមណីយដ្ឋានទេសចរណ៍ជាច្រើន ដូចជា ភ្នំយ៉ាត ទឹកធ្លាក់ភ្នំខៀវ ឬទឹកធ្លាក់៧ជាន់ ម្លប់សាវម៉ាវ ចម្លារខ្នុរ និងតំបន់អេកូទេសចរណ័ច្រើនទៀត។

លោកបានឱ្យដឹងថា “ផ្លូវបន្ទាត់នេះភ្ជាប់ខេត្តទិសនិរតី មកខេត្តទិសពាយ័ព្យ ដូច្នេះវាមានសារសំខាន់ណាស់សម្រាប់ទាក់ទាញទេសចរ មកទស្សនាកំសាន្តនៅក្នុងខេត្តប៉ៃលិន”។

លោកបានមានប្រសាសន៍ថា “វិស័យអចលនទ្រព្យនៅតាមបណ្តាខេត្តជាប់ព្រំដែន ជាពិសេសនៅក្នុងខេត្តប៉ៃលិន នឹងមានសកម្មភាពដោះដូរ នឹងមមាញឹកជាងមុន ហើយក៏មានតម្លៃប្រសើរទ្វេគុណជាងមុនដែរ ដោយហេតុថា បច្ចុប្បន្នហាងឆេងអចលនទ្រព្យនៅមានតម្លៃល្អប្រសើរនៅឡើយ ពិសេសនៅមានដីជាច្រើននៅទូលាយ ងាយស្រួលក្នុងការអភិវឌ្ឍន៍”។

លោក ស៊ុន ចាន់ថុល កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២នេះ បានមានប្រសាសន៍ឱ្យដឹងថា ផ្លូវនេះគឺជាសរសៃឈាមសេដ្ឋកិច្ចជាតិដ៏មានសក្តានុពលរបស់កម្ពុជា ដែលអាចជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ ធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស និងជាមួយតំបន់ រួមចំណែកដល់ការលើកកម្ពស់ប្រសិទ្ធភាពនៃការដោះដូរពាណិជ្ជកម្ម វិនិយោគ ដំណាំកសិផល កសិ-ឧស្សាហកម្ម និងទេសចរណ៍បានឆាប់រហ័ស និងចំណាយតិច ជាពិសេសជាមួយប្រទេសជិតខាង។

លោក ស៊ុន ចាន់ថុល ឱ្យដឹងទៀតថា ផ្លូវជាតិមួយខ្សែនេះមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ក្នុងការធ្វើដំណើរឆ្លងកាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជាផ្នែកមួយទាក់ទាញអ្នកទេសចរ ដែលចូលចិត្តធ្វើដំណើរកម្សាន្ត អាចគយគន់ធម្មជាតិដ៏ស្រស់ត្រកាល ដោយសារផ្លូវនេះមានតំបន់ធម្មជាតិ ជាច្រើន ជាពិសេសព្រៃឈើក្រាស់ៗយ៉ាងស្រស់ស្អាត។

គម្រោងសាងសង់ផ្លូវជាតិលេខ១០ លាតសន្ធឹងកាត់ខេត្តកោះកុង ពោធិ៍សាត់ រហូតដល់ខេត្តបាត់ដំបង មានប្រវែងសរុបចំនួន១៩៧,៣៣ គីឡូម៉ែត្រ រហូតមកទល់នឹងពេលនេះ សម្រេចបាន៦៤,៣៣% ហើយ។ គម្រោងផ្លូវនេះគ្រោងចំណាយថវិកាសរុបប្រមាណជាង២៤០លានដុល្លារអាមេរិក សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ានអានហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៤៕

ធនាគារតូចៗនៅប្រទេសចិនកំពុងផ្ទុះបញ្ហា ធ្វើឲ្យអ្នកដាក់ប្រាក់បញ្ញើប្រឈមហានិភ័យ

ដោយៈ សុខុម

ប៉េកាំង: សហគ្រិនមួយរូបឈ្មោះ Peter បានដាក់ប្រាក់សន្សំមួយជីវិតរបស់គាត់ប្រហែល៦លានដុល្លារ ក្នុងគណនីនៅធនាគារតូចៗចំនួន៣ក្នុងខេត្តហឺណាន (Henan) ភាគបណ្ដាលប្រទេសចិន។ គាត់អះអាងថា គាត់មិនអាចចូលគណនីទាំងនោះ បានចាប់តាំងពីខែមេសាមកម៉្លេះ។

យោងតាមសារព័ត៌មាន CNN ចុះផ្សាយនៅថ្ងៃសុក្រ ទី២៤ ខែមិថុនា នេះឱ្យដឹងថា បុរសវ័យ៤៥ឆ្នាំរូបនេះ មិនបានប្រាប់ឈ្មោះពិត និងនាមត្រកូលរបស់គាត់នោះទេ ដោយគ្រាន់ឱ្យគេហៅគាត់ថា Peter ដោយសារគាត់ភ័យខ្លាចចំពោះសុវត្ថិភាពផ្ទាល់ខ្លួន។

បុរសរូបនេះប្រាប់ថា គាត់មកពីក្រុង Wenzhou ភាគខាងកើត ហើយគាត់ជាម្នាក់ ក្នុងចំណោមអ្នកដាក់ប្រាក់បញ្ញើរាប់ពាន់ម៉ឺននាក់ ដែលបាននិងកំពុងផ្ទុះការតវ៉ា ធ្វើយ៉ាងណាទាមទារយកប្រាក់សន្សំរបស់ពួកគេ ពីធនាគារយ៉ាងតិចចំនួន៦ នៅក្នុងបណ្ដាខេត្តដាច់ស្រយាល ក្នុងប្រទេសចិន ភាគកណ្ដាលឱ្យបានមកវិញ។

លោក Peter បានប្រាប់សារព័ត៌មាន CNN Business ថា “ខ្ញុំជិតមានបញ្ហាសរសៃប្រសាទហើយ។ ខ្ញុំដេកមិនលក់ទេ”។

នៅពេលគាត់ព្យាយាម ចូលទៅកាន់គណនីរបស់គាត់តាមអនឡាញ Statement ឬ ព័ត៌មាននៅលោតនៅលើ Homepage ប្រាប់គាត់ថា គេហទំព័រនោះកំពុងក្រោមការជួសជុល ហើយសេវាកម្មនឹងត្រូវផ្អាកមួយរយៈពេល។ ទោះជាយ៉ាងណា រយៈពេល២ខែក្រោយមក សេវាកម្មទាំងនោះនៅតែមិនទាន់ស្ដារឡើងវិញ។

បញ្ហានេះ បានចាប់ផ្ដើមផ្ទុះឡើងកាលពីខែមេសា នៅពេលធនាគារចំនួន៤ក្នុងខេត្តហឺណាន បានផ្អាកការដកប្រាក់។

នៅក្នុងប្រទេសចិន ធនាគារក្នុងស្រុកត្រូវបានអនុញ្ញាត ឱ្យទទួលយកប្រាក់បញ្ញើពីអតិថិជន ក្នុងមូលដ្ឋានរបស់ខ្លួនប៉ុណ្ណោះ ប៉ុន្តែអាជ្ញាធរនិយាយថា “Platform ភាគីទី៣” ត្រូវបានប្រើប្រាស់ ដើម្បីទទួលបានមូលនិធិពីអ្នកដាក់ប្រាក់បញ្ញើនៅខាងក្រៅតំបន់ ឬកក្រៅមូលដ្ឋាន។

ជាឧទាហរណ៍ ក្នុងករណីរបស់លោក Peter ស្រុកកំណើតរបស់គាត់មានចម្ងាយ រហូតដល់ទៅប្រមាណ១.១២៦ពីធនាគារនានា ដែលគាត់បានដាក់ប្រាក់បញ្ញើនៅខេត្តហឺណាន ដែលវាខុសពីគោលការណ៍។

ជាលទ្ធផល គណៈកម្មការនិយ័តកម្មធនាគារ និងធានារ៉ាប់រងប្រទេសចិន (CBIRC) បានចោទប្រកាន់ ភាគហ៊ុនិកដ៏ធំមួយនៃធនាគារ ដែលមានបញ្ហាទាំង៤ បានទាក់ទាញប្រាក់ពីអ្នកដាក់ប្រាក់សន្សំដោយខុសច្បាប់។
គណៈកម្មការនេះបានបញ្ជាក់ថា “ប៉ូលិសបានបើកការស៊ើបអង្កេតហើយជុំវិញរឿងនេះ”៕ CNN៕

លោកបណ្ឌិតគីម ហ៊ាងពន្យល់ពីមូលដ្ឋានសំខាន់ៗដែលធ្វើឲ្យអចលនទ្រព្យកម្ពុជាមានភាពរីកចម្រើន

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ ប្រឡូក និងធ្វើការនៅក្នុងវិស័យអចលនទ្រព្យរយៈពេលជិត២០ឆ្នាំ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានក្លាយជាអ្នកមានដោយសារវិស័យនេះ។

លោកតែងតែចែករំលែកនូវទស្សនៈ បទពិសោធន៍របស់លោកក្នុងវិស័យនេះយ៉ាងមុចស្រួច និងមានភាពស៊ីជម្រៅ។

ជាមួយនឹងសហស្ថាបនិក និងជាអគ្គនាយកគេហទំព័រ Propertyarea.asia លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ប្រធាន KW Cambodia បាន​ថ្លែងឲ្យដឹងកាលពីសប្តាហ៍មុនថា សេដ្ឋកិច្ចកម្ពុជាមានកំណើនក្នុងរង្វង់៧ភាគរយ ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ដែលធ្វើឲ្យកម្ពុជា ឈានពីប្រទេសតតិយ​លោក មកកាន់ប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប និងកំពុងឈានទៅកាន់ទៅកាន់ ប្រទេសមធ្យមកម្រិតខ្ពស់ និងប្រទេសមានប្រាក់ចំណូលខ្ពស់នាពេលខាងមុខ។

លោកឧកញ៉ាបន្តថា “ចំណែកកត្តាមួយទៀត គឺកម្ពុជាមានស្ថេរភាពនយោ​បាយ មិនដូចមនុស្សមួយចំនួនមិនធ្លាប់ស្គាល់កម្ពុជា ចេះតែនិយាយផ្តេសផ្តាសឡើយ ប៉ុន្តែក្រោមការដឹកនាំរបស់សម្តេចតេជោ នយោបាយកម្ពុជាមានលំនឹងល្អណាស់”។

លោកបន្ថែមថា “ការវិនិយោគដីធ្លីមានភាពពេញនិយមនៅកម្ពុជា ដោយអ្នកមានប្រាក់ច្រើន ក្នុងរង្វង់៧០ភាគរយ ទទួលភាពមានបានដោយសារដីធ្លី”។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង បានបន្តថា កត្តាសំខាន់ទី២ លំហូរទុនវិនិយោគពីបរទេសច្រើន ព្រោះប្រជាពលរដ្ឋកម្ពុជា មានបេះដូងទូលាយ មានភាពរួសរាយរាក់ទាក់ រៀនគ្រប់ភាសា ដែលធ្វើឲ្យកម្ពុជាមានភាពទាក់ទាញទុនវិនិយោគពីបរទេស គួរផ្សំនឹងការរីកចម្រើនសេដ្ឋកិច្ច ស្ថេរភាពនយោបាយ និងមូលដ្ឋានច្បាប់វិនិយោគដ៏ល្អ។

លោកបន្តថា ប្រភពទុនវិនិយោគចំនួនប្រភេទ៣ អាចជួយសេដ្ឋកិច្ចកម្ពុជាឲ្យរីកចម្រើនកាន់តែខ្លាំង មានដូចជា ទី១ អ្នកវិនិយោគក្នុងស្រុក ដែលពួកគាត់បញ្ចេញលុយវិនិយោគ ព្រោះនៅកម្ពុជាមានអ្នកមានក្នុងស្រុកច្រើន បើពួកគាត់បញ្ចេញទុនវិនិយោគច្រើន នឹងជួយសេដ្ឋកិច្ចយើងបានកាន់តែប្រសើរ។

ទី២ ទុនវិនិយោគពីបរទេស ដែលរយៈពេល១០ឆ្នាំចុងក្រោយនេះ អ្នកវិនិយោគចិនបានដើរតួនាទីសំខាន់ណាស់ ក្នុងសេដ្ឋកិច្ច ពិសេសក្នុងវិស័យអចលនទ្រព្យ និងទី៣ ពេលអញ្ជើញទៅកាន់អាមេរិក និងប្រទេសស្វីស
សម្តេចតេជោ នឹងពិចារណាពីលទ្ធភាព ក្នុងការធ្វើអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋខ្មែរនៅក្រៅប្រទេស ដែលនេះជាសញ្ញាដ៏ល្អមួយ ដែលយើងរង់ចាំជាយូរមកហើយ។

ទី៣ បើពួកគាត់ (ខ្មែរនៅក្រៅប្រទេស) ទទួលបានអត្តសញ្ញាណប័ណ្ណ ហើយ យើងទាក់ទាញឲ្យពួកគាត់មកវិនិយោគនៅកម្ពុជា ពិតជាសំខាន់ណាស់ ព្រោះទុនវិនិយោគរបស់អ្នកមានខ្មែរនៅក្រៅប្រទេស ទំហំទុនវិនិយោគរបស់ពួកគាត់ មានមិនតិចជាងទុនវិនិយោគពីជនបរទេសនោះទេ។

លោកឧកញ៉ាបណ្ឌិតបន្តថា “ប្រសិនជាយើងមានប្រភពទុនទាំងបីនេះ នឹងធ្វើឲ្យសេដ្ឋកិច្ចរបស់យើង កាន់តែរីកចម្រើនលឿនជាងមុនបន្ថែមទៀតមិនខាន”៕

អ្នកស្រីអាន សុធីតាៈ ដីនៅខេត្តជាប់មាត់សមុទ្រចំនួន៣កំពុងមានសកម្មភាពទិញលក់សកម្មឡើងវិញ

ដោយៈគង់ សូរិយា

ភ្នំពេញៈ អ្នកជំនាញបាននិងកំពុងមើលឃើញនិន្នាការថ្មី នៃការវិនិ​យោ​គដីធ្លី ដោយបច្ចុប្បន្ននេះ ចំនួនអ្នកវិ​និយោគកាន់តែច្រើន បានចាប់អារម្មណ៍លើការទិញដីធ្លី នៅខេត្តជាប់មាត់សមុទ្រចំនួនបី។

អ្នកស្រីអាន សុធីតា អគ្គនាយិកាក្រុមហ៊ុន ProPNex Cambodia បានមានប្រសាសន៍ឲ្យដឹង កាលពីដើមសប្តាហ៍នេះថា សកម្មភាពវិនិយោគលើទីផ្សារដីធ្លី នៅក្នុងខេត្តកែប កំពត កោះកុងមានភាពល្អប្រសើរ ប៉ុន្តែខេត្តព្រះសីហនុ ត្រូវការរយៈពេលវែងបន្ថែមទៀត ដើម្បីឲ្យទីផ្សារអាចស្រូបយកអ្វីដែលបានដាក់ចូលទីផ្សារយ៉ាងច្រើនលើសលុបរួចទៅហើយ។

អ្នកស្រីបន្តថា “ដោយសាររដ្ឋាភិបាលបានវិនិយោគ និងកំពុងវិនិយោ​គលើហេដ្ឋារចនាសម្ព័ន្ឋធំៗ និងចាំបាច់ ទើបធ្វើឲ្យខេត្តទាំងបីនេះមានសញ្ញាវិជ្ជមានលើទីផ្សារដីធ្លីឡើងវិញ”។

អ្នកស្រីអាន សុធីតាបានបន្តថា ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋ​របស់រដ្ឋាភិបាល បាននិងកំពុងដើរតួនាទីស្នូល ក្នុងការជម្រុញវិស័យអចល​នទ្រព្យ ពិសេសផ្នែកដីធ្លី ស្របពេលខេត្តជាប់សមុទ្រទាំងបី កំពុងមានចរន្តទិញលក់ស្របគ្នា នឹងការងើបឡើងវិញនៃសេដ្ឋកិច្ច សង្គម។

ខេត្តកំពត
ខេត្តមួយនេះ កំពុងមានភាពទាក់ទាញកាន់តែខ្លាំង បន្ទាប់ពីផ្លូវជាតិលេខ៣បានបញ្ចប់ និងសម្ភោធដាក់ឲ្យដំណើរការ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ឋជាច្រើនក្នុងខេត្តនេះកំពុងសាងសង់ ពិសេសការសាងសង់ទីក្រុងបូកគោថ្មី ការសាងសង់កំពង់ផែទឹកជ្រៅលំដាប់អន្តរជាតិ ដែលបោះទុន១៥០០លានដុ​ល្លារដោយក្រុមហ៊ុនទ្រីភាព គ្រុប បាននិងកំពុងបង្កើនល្បឿន និងការចាប់អារម្មណ៍យ៉ាងច្រើនពីអ្នកវិនិយោគជាតិ អន្តរជាតិ។

ខេត្តកែប
រដ្ឋាភិបាលបាននិងកំពុងសាងសង់កំពង់ផែ ការរៀបចំឆ្នេរមាស ការរៀបចំឆ្នេរអង្កោល និងផែនការអភិវឌ្ឍន៍ជាច្រើនទៀត ពិសេសការអភិវឌ្ឍន៍កោះទន្សាយរបស់ក្រុមហ៊ុនទ្រី ភាពគ្រុប។

ខេត្តកោះកុង
ខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ និងធ្លាប់ជាខេត្តដាច់ស្រយាលនេះ កំពុងទាក់ទាញការវិនិយោគ និងពង្រីកសក្តានុពលដ៏ធំសម្បើម តាមរយៈការត្រៀមដាក់ដំណើរការព្រលានយន្តហោះលំដាប់អន្តរជាតិ នៅក្នុងគំរោងតារាសាគរនាពេលខាងមុខ។

ការសាងសង់កំពង់ផែទឹកជ្រៅ ការពង្រីកផ្លូវជាតិលេខ៤៨ជាពីរគន្លង ពិសេសការសាងសង់ផ្លូវជាតិលេខ១០ តភ្ជាប់ពីស្រុកសំឡូត ក្នុងខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិសាត់ និងឆ្ពោះត្រង់ទៅកាន់ខេត្តកោះកុងផងដែរ៕

អូស្ត្រាលីជ្រើសរើសខេត្តព្រះសីហនុជាទិសដៅអាទិភាពអភិវឌ្ឍទីក្រុងឆ្លាតវៃ ដោយទុនវិនិយោគ ៥១,៧លានដុល្លារអូស្រា្តលី

ដោយ៖ សហការី

ក្រុងព្រះសីហនុ៖ ស្ថានទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា បានប្រគល់ឯកសារយុទ្ធសាស្ត្រ និងលទ្ធផលសិក្សាគម្រោងសាកល្បងចំណតឆ្លាតវៃ ដល់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីប្រែក្លាយក្រុងព្រះសីហនុជាទីក្រុងឆ្លាតវៃឌីជីថលនាពេលអនាគត។

នេះបើតាមពិធីប្រគល់-ទទួល រវាងលោក Andreas Zurbrugg ជាភារៈធារីនៃស្ថានទូតអូស្រ្តាលី និង លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២។

អូស្ត្រាលី បានជ្រើសរើសខេត្តព្រះសីហនុសម្រាប់ជាទិសដៅអាទិភាព ដើម្បីអភិវឌ្ឍទីក្រុងឆ្លាតវៃ តាំងតែពីឆ្នាំ២០២០ តាមរយៈកម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ (3i) ដែលមានទំហំមូលនិធី៥១,៧លានដុល្លារអូស្រា្តលី។

របាយការណ៍យុទ្ធសាស្រ្តនេះ នឹងផ្តល់ជាគំរូដល់វិស័យពាណិជ្ជកម្ម និងភាពជាដៃគូររវាងរដ្ឋ-ឯកជន ក្នុងការយកមកអនុវត្ត ដើម្បីបង្កើតប្រាក់ចំណូល សម្រាប់ពង្រីកវិសាលភាពប្រព័ន្ធគ្រប់គ្រងចំណតឆ្លាតវៃទូទាំងក្រុង។

មួយវិញទៀត​ សំណុំឯកសារនេះ នឹងផ្តល់ជាគំរូអនុវត្តដែលអាចប្រើប្រាស់សម្រាប់អភិវឌ្ឍសេវាទីក្រុងឆ្លាតវៃផ្សេងៗទៀត ដែលមានការចូលរួមពីវិស័យឯកជន៕

ក្រុមហ៊ុនចិនបង្ហាញគំរូគម្រោងផ្លូវរថភ្លើងក្រោមដី និងលើអាកាសនៅក្រុងភ្នំពេញ

ដោយ៖​សុផារី

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានពិនិត្យលើជម្រើសគម្រោងផ្លូវរថភ្លើងក្រោមដី ឬផ្លូវរថភ្លើងលើអាកាសនៅក្រុងភ្នំពេញ និងគម្រោងដាក់ស្នើប្រមុខរាជរដ្ឋាភិបាលសម្រេចជ្រើសរើស លើជម្រើសដែលសាកសមនឹងចរាចរណ៍រាជធានីភ្នំពេញ។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ២៤ ខែមិថុនាឆ្នាំ ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី លទ្ធផលសិក្សាបឋម លើការរៀបចំប្រព័ន្ធដឹកជញ្ជូនសាធារណៈ ផ្លូវរថភ្លើងក្រោមដី (Subway) ឬ ផ្លូវរថភ្លើងលើអាកាស (Monorail) ជាជម្រើស នៅក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមពី តំណាងសាលារាជធានីភ្នំពេញ តំណាងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) តំណាងក្រុមហ៊ុនគមនាគមន៍ និងសំណង់ចិន (CCCC)។

លោក ស៊ុន ចាន់ថុល បានសំដែងការស្វាគមន៍ចំពោះអង្គប្រជុំ និងបានជម្រាបជូនអំពី គម្រោងសិក្សារបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនសាធារណៈ ដែលអាចចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងក្រុង ប្រកបដោយប្រសិទ្ធភាព។

លោកបន្តថា​គម្រោងនេះនឹងដាក់ជូនប្រមុខរាជរដ្ឋាភិបាលធ្វើការពិនិត្យសម្រេចជ្រើសរើសយកប្រព័ន្ធដឹកជញ្ជូនសាធារណៈណាមួយ ដែលសមស្រប និងអាចទទួលយកបាន សម្រាប់រាជធានីភ្នំពេញ ដើម្បីដោះស្រាយបញ្ហានៃការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងកើតមាន នាពេលបច្ចុប្បន្ននេះ។

បន្ទាប់ពីការធ្វើបទបង្ហាញរបស់ក្រុមអ្នកជំនាញឯកទេស ក្រុមហ៊ុន ដែលបានសិក្សាទៅលើលទ្ធភាពសាងសង់ បណ្តាញ ផ្លូវរថភ្លើង ដែលបានគ្រោងតភ្ជាប់ស្ទើរគ្រប់ទីតាំង ជាពិសេសលើតំបន់ដែលមានដង់ស៊ីតេប្រជាជនខ្ពស់ នៃរាជធានីភ្នំពេញ រួចមកអង្គប្រជុំបានពិភាក្សាលម្អិតបន្ថែមទៅលើលទ្ធផលនៃការសិក្សាជាបឋមនេះ។

ក្រុមហ៊ុនបានសិក្សាដោយផ្អែកលើមូលដ្ឋាន នៃការប្រៀបធៀបតម្លៃឯកតាចំណាយលើការសាងសង់ផ្លូវរថភ្លើងក្រោមដី (Subway) ឬផ្លូវរថភ្លើងលើអាកាស (Monorail) រយៈពេលនៃការសាងសង់ តម្លៃប្រតិបត្តិការ និងចំណាយលើការថែទាំ ជាដើម។ល។

លោកទេសរដ្ឋមន្ត្រី បានជំរុញឱ្យក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិនធ្វើការសិក្សាឱ្យបាន ស៊ីជម្រៅបន្ថែមទៀតលើចំណុចដែលនៅខ្វះចន្លោះមួយចំនួនទៀត គឺធ្វើយ៉ាងណាឱ្យគម្រោងនៃការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនសាធារណៈរបស់កម្ពុជាមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍវិស័យនេះឱ្យកាន់តែមានការរីកចម្រើន និងដោះស្រាយបញ្ហាកកស្ទះចរាចរណ៍៕

គម្រោងវិនិយោគខ្សែរ៉កតម្លៃ ២លានដុល្លារ ឆ្លងសមុទ្រនៅខេត្តកែបកំពុងចាប់ផ្តើមដំណើរការសាងសង់

ដោយ៖ សុផារី

កែប៖ គម្រោងវិនិយោគសាងសង់មជ្ឈមណ្ឌលកម្សាន្តខ្សែរ៉កឆ្លងសមុទ្រ មានប្រវែងជាង៦០០ម៉ែត្រ ចាប់ពីឧទ្យានជាតិខេត្តកែប មកភ្ជាប់ជាមួយទីតាំងអតីតព្រះរាជដំណាក់ ដែលចំណាយទុនប្រមាណ២លានដុល្លារ កំពុងចាប់ផ្តើមដំណើរការសាងសង់ ហើយរំពឹងថានឹងជួយលើកកម្ពស់គោលដៅទេសចរណ៍ខេត្តកែបឲ្យកាន់តែទាក់ទាញភ្ញៀវថែមមួយកម្រិតទៀត។

ក្នុងឱកាសចូលរួមពិធីបិទសន្និបាតបូកសរុបវាយតម្លៃការងារអប់រំ យុវជន និងកីឡាខេត្ត ឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារបន្ត នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានមានប្រសាសន៍ថា គម្រោងនេះត្រូវបានផ្តល់សិទ្ធទៅឲ្យក្រុមហ៊ុនឯកជនវិនិយោគ រយៈពេល១៥ឆ្នាំ និងគ្រោងចំណាយទុនប្រមាណ២លានដុល្លារ។

លោក សោម ពិសិដ្ឋ បានបញ្ជាក់ថា នេះជាយុទ្ធសាស្រ្តក្នុងការទាក់ទាញ ភ្ញៀវទេសចរឲ្យមកសម្រាកនៅខេត្តកែបយ៉ាងតិចមួយយប់ ដោយសារតែកន្លងទៅយើងសង្កេតឃើញថា ភ្ញៀវទេសចរដែលមកកម្សាន្តខេត្តកែបភាគច្រើន មកពិសារអាហាររួចត្រឡប់ទៅវិញ។ ដូចនេះការសាងសង់ខ្សែរ៉ក់សម្រាប់ឲ្យជិះលេងកម្សាន្តនេះ ជាគម្រោងមួយស្ថិតនៅក្នុងការបង្កើតទីតាំងទេសចរណ៍ថ្មីៗ ជាច្រើនរបស់ខេត្តកែប។

លោកបន្ថែមថា ក្រៅតែពីការវិនិយោគលើខ្សែរ៉កនេះ ខេត្តកែបក៏មានដំបន់ទេសចរណ៍ជាច្រើនទៀត ដូចជា ទេសចរណ៍តាមតំបន់ភ្នំ ទេសចរណ៍តាមតំបន់សមុទ្រ ទេសចរណ៍តាមតំបន់ឆ្នេរកោះ ក្រៅពីនោះក៏នឹងរៀបចំឲ្យមានតំបន់ទេសចរណ៍ក្នុងបាតសមុទ្រផងដែរ៕

សម្តេចតេជោបង្ហាញនូវទស្សនៈទានដើម្បីស្តារឡើងវិញនូវសេដ្ឋកិច្ចសាកលចេញពីវិបត្តិ

ដោយ៖ សុផារី

ភ្នំពេញ៖ ក្នុងកិច្ចសន្ទនាជាន់ខ្ពស់នៃថ្នាក់ដឹកនាំប្រទេស “ប្រ៊ីកបូក (BRICS Plus)” ស្ដីពីការអភិវឌ្ឍសកលក្រោមមូលបទ “លើកកម្ពស់ភាពជាដៃគូអភិវឌ្ឍន៍សកល សម្រាប់យុគសម័យថ្មីដើម្បីរួមគ្នអនុវត្តរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព” សម្តេចតេជោតេជោ ហ៊ុន សែន បានបង្ហាញនូវទស្សនៈទានមួយចំនួន ដើម្បីស្តារឡើងវិញនូវសេដ្ឋកិច្ចសាកលចេញពីវិបត្តិ។

ក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ ការរីករាលដាលនៃវិបត្តិជំងឺកូវីដ-១៩ បណ្តាលឱ្យមានការខាតបង់នូវវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចនៃប្រទេសកំពុងអភិវឌ្ឍ ដែលសម្រេចបានក្រោមក្របខណ្ឌរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

សម្តេចបន្តថា បច្ចុប្បន្នតំបន់ និងសកលលោក បាននិងកំពុងបន្តប្រឈមកាន់តែស្រួចស្រាល់ឡើងៗ ហើយកាន់តែស្មុគស្មាញ និងមិនអាចប៉ាន់ប្រមាណបាន ចំពោះការអភិវឌ្ឍ រួមមាន ការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ សង្គ្រាមយោធា ពាណិជ្ជកម្ម និងបច្ចេកវិទ្យា ការប្រែប្រួលអាកាសធាតុ ការរឹតបណ្តឹងនូវគោលនយោបាយរូបិយវត្ថុ។ល។

សម្តេចតេជោក៏បានបង្ហាញនូវទស្សនៈទានដែរថា ដើម្បីស្តារឡើងវិញនូវសេដ្ឋកិច្ចសាកលចេញពីវិបត្តិដូចបានលើកបង្ហាញខាងលើ ទាមទារឱ្យមានការប្រកាន់ខ្ជាប់នូវស្មារតីបើកចំហ និងគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងពង្រឹងពហុភាគីនិយម ជាពិសេសលើកកម្ពស់ការបើកចំហសម្រាប់ពាណិជ្ជកម្មអន្តរជាតិ និងកាត់បន្ថយរបាំងពាណិជ្ជកម្មនានា ជាពិសេសលើទំនិញយុទ្ធសាស្ត្រ ដូចជាស្បៀងអាហារ ថ្នាំពេទ្យ និងថាមពល ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងពង្រឹងភាពធន់នៃខ្សែច្រវាក់តម្លៃតំបន់ និងសកល។

សម្តេចបន្តថា ការពង្រឹង និងពង្រីកកិច្ចសហការក្នុងវិស័យសង្គម-សេដ្ឋកិច្ចថ្មីៗ ក៏ជាកិច្ចការអាទិភាពផងដែរ។ ក្នុងនោះយើងគួរផ្តោតការយកចិត្តទុកដាក់ជាពិសេសលើការបង្កើន កិច្ចសហការក្នុងការពង្រឹងសមត្ថភាព និងពន្លឿនការធ្វើបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ដែលជាប្រភពកំណើនថ្មី ជាពិសេសជួយប្រទេសមានកម្រិតអភិវឌ្ឍន៍ទាប ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។

សម្តេចតេជោ ក៏បានមើលឃើញផងដែរថា ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ក៏ជាផ្នែកមួយមិនអាចខ្វះបានសម្រាប់ទ្រទ្រង់កិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព តាមរយៈការគាំទការពង្រីកកិច្ចសហប្រតិបត្តិការលើការកសាងហេដ្ឋារចនាសម្ព័ន្ធបៃតង ការជំរុញការធ្វើអន្តរកាលថាមពល និងការប្រើប្រាស់បច្ចេកវិទ្យាបៃតងជាដើម។

សម្តេចតេជោ បានក៏បានបង្ហាញនូវការប្តេជ្ញាចិត្តផងដែរថា ក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២នេះ កម្ពុជានឹងខិតខំប្រឹងប្រែងដើរតួនាទីយ៉ាងសកម្មបន្ថែមទៀត ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ានជាមួយដៃគូ ក្នុងគោលដៅជំរុញការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូរីដ-១៩ ប្រកបដោយបរិយាប័ន្ន ចីរភាព និងភាពធន់ ដើម្បីឆ្ពោះទៅរកការសម្រេចបាននូវរបៀបវារៈ ឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៕