ក្រុមហ៊ុនទ្រីភាព គ្រុបបានស្នើសុំវិនិយោគកោះមួយទៀតក្នុងខេត្តកែប

 ដោយៈ ជេស៊ីកា

       ខេត្តកែបៈ ក្រុមហ៊ុន TRY PHEAP KOS TUNSAY RESORT CO.,LTD បានស្នើសុំរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍៍កោះមួយទៀត ស្ថិតក្នុងខេត្តកែប។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០២២កន្លងមកនេះ​ គណ:ប្រតិភូក្រុមប្រក្សាអភិវឌ្ឍន៍កម្ពុជា​ ដែលដឹកនាំដោយ​ លោកជា សុវទ្ធី អគ្គលេខាធិការរងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកអ៉ឹម បញ្ញារិទ្ធិ អភិបាលរងខេត្ត​ តំណាងដ៏ខ្ពង់ខ្ពស់​ លោកសោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប អញ្ជើញដឹកនាំក្រុមការងារអង្គភាពពាក់ព័ន្ធ​ រដ្ឋបាលក្រុងកែប​ ចុះពិនិត្យទីតាំង ស្នើសុំវិនិយោគអភិវឌ្ឍន៍កោះត្បាល់ ដែលបានស្នើសុំដោយក្រុមហ៊ុនខាងលើ។

ក្រុមហ៊ុនទ្រី ភាពគ្រុប បានទទួលសិទ្ឋសម្បទានពីរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍កោះទន្សាយ ជារមណីយដ្ឋានលំហែរកាយ លំដាប់ផ្កាយ៥រួចហើយ ដែលបច្ចុប្បន្នក្រុមហ៊ុននេះបាន និងកំពុងសាងសង់ហេដ្ឋារចនាស  ម្ព័ន្ឋសំខាន់ៗមួយចំនួន ដើម្បីអភិវឌ្ឍន៍លើផ្ទៃដីមួយចំនួនលើកោះនេះ៕

ក្រុមហ៊ុនអន្តរជាតិមួយទទួលបានសិទ្ឋធ្វើអាជីវកម្មរ៉ែមាសក្នុងខេត្តកំពង់ធំ

ដោយៈ គង់ សូរិយា

       កំពង់ធំៈ ក្រុមហ៊ុន LATE CHENG MINING DEVEOPMENT CO.,LTD ធ្វើការ​វិនិយោគ​ទៅលើ​អាជីវកម្ម​រ៉ែ​មាស ក្នុងស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ នៅ​ចុងឆ្នាំ ២០២៣ ខាងមុខ​។

យោងតាមសេចក្តីប្រកាសព៌តមាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឲ្យដឹងកាលពីថ្ងៃទី១ កញ្ញាកន្លងមកថា តបតាម​សំណើ​សុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ ​ជូន​គម្រោង​វិនិយោគ​នេះ ត្រូវ​ចំណាយ​ទុន​ប្រមាណ​១៣​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៣០០​កន្លែង​។

លោក អ៉ឹង ឌីប៉ូឡា អ្នក​នាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល បាន​ឱ្យ​ដឹង​ថា នៅ​ប្រទេស​កម្ពុជា ​មិនមាន​ក្រុមហ៊ុន​រដ្ឋ​ឡើយ​។ រាល់​ការវិនិយោគ គឺ​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​ក្រុមហ៊ុន​ឯកជនសម្រាប់​ការអភិវឌ្ឍន៍​។

លោក​លើក​ឡើង​ថា “​យើង​នឹង​ទទួល​បាន​ផល​ចំណេញ​ចំនួន៤ ពី​ការវិនិយោគ​ ផលចំណេញ​ទី​១ គឺ​តាមរយៈ​សួយសា ហើយ​ទី​២ គឺ​តាមរយៈ​ការបង់​ពន្ធ និង​ទី​៣ គឺ​យើង​បង្កើត​ការងារ ចំណែក​ទី​៤ គឺ​យើង​ទទួលបាន​បទពិសោធ​ក្នុង​ការធ្វើ​អាជីវកម្ម​ថ្មី​នេះ។

លោកបន្ថែម​ថា រាល់​ការធ្វើ​អាជីវកម្ម​ទាំងអស់ ​នៅក្នុង​លោក​យើង​នេះ មិន​ថា​តែ​អាជីវកម្ម​រ៉ែ​មាស​ទេ គ្រប់​អាជីវកម្ម​ផ្សេង​ទៀត ក៏​នៅតែ​មាន​ផល​ប៉ះពាល់​ផង​ដែរ គ្រាន់​តែមាន​តិច ឬ​ក៏​ច្រើន​ប៉ុណ្ណោះ​។ ហើយ​រដ្ឋាភិបាល​កម្ពុជា ប្ដេជ្ញា​ថា នឹង​ថ្លឹងថ្លែង​ពិចារណា​ឱ្យបាន​ហ្មត់ចត់​បំផុត ​រវាង​ផល​ប៉ះពាល់ និង​ផលចំណេញ ​ដែល​ទទួលបាន​ពី​ការវិនិយោគ​នេះ​៕

x

2 China-made trains of Jakarta-Bandung High-Speed Railway arrive in Indonesia

Indonesia: High-speed electric passenger train and an inspection train, made in China and customized for the Jakarta-Bandung High-Speed Railway (HSR) project, arrived in the Jakarta Port from China’s Qingdao Port on Thursday.

 

The arrival of the trains symbolizes another milestone for the construction of the Jakarta-Bandung HSR. It was also the first time that high-speed trains made in China were exported to another country.

Designed and manufactured by CRRC Qingdao Sifang Co. Ltd. with the advanced technology of the Fuxing bullet train, the high-speed EMU (Electric Multiple Units) and CIT (Comprehensive Inspection Train) trains have a maximum operating speed of 350 km per hour and were designed and manufactured according to Chinese standards.

 

They were also adapted to the operating environment and line conditions in Indonesia. Ten more trains are scheduled to be transported from China to Indonesia in batches by early 2023.

 

The Jakarta-Bandung HSR built with Chinese technology will cut the journey between Jakarta and Bandung, the capital of Indonesia’s West Java province, from more than three hours to around 40 minutes.

 

Source: Xinhua

ក្រុមហ៊ុនអាកាសចរណ៍បរទេសចំនួនពីរបន្ថែមទៀតត្រៀមហោះហើរមកកាន់ប្រទេសកម្ពុជា

ដោយ៖ សុផារី

 

ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍បរទេសថ្មីចំនួនពីរ ត្រៀមហោះហើរមកកាន់ប្រទេសកម្ពុជា រួមមាន ដែលជាក្រុមហ៊ុនបញ្ញើរបស់សហរដ្ឋអាមេរិក ហ្វីតដេក និងក្រុមហ៊ុនអ៊ែដវីនរបស់ Air Asia ដែលមានស្នាក់ការនៅប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី។

លោក វ៉ាន់ ចន្ទី ប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវអាកាស​ នៃរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល​ បាន​មានប្រសាសន៍នៅក្នុងសប្តាហ៍នេះថា ក្រុមហ៊ុនដែលមានបំណងហោះហើរមកកម្ពុជា ទំាងពីរក្រុមហ៊ុននេះ រួមមានក្រុមហ៊ុន ហ្វីតដេក ( Fedex ) ដែលជាក្រុមហ៊ុន​បញ្ញើ​របស់​សហរដ្ឋអាមេរិក ​និងជាក្រុមហ៊ុនដ៏ធំ ហើយ​ក្រុម​ហ៊ុននេះ ​មានយន្តហោះដឹកអ្នកដំណើរ ​និងដឹកបញ្ញើដោយខ្លួនឯង ​ចំណែកក្រុមហ៊ុនទី២ គឺ​ក្រុមហ៊ុន​អ៊ែដវីន (Edwin) របស់ Air Asia ដែលមានស្នាក់ការនៅប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី។

លោកបានបន្តថា ​ក្រុមហ៊ុន​ទំាងពី២នេះ ​នឹងបើកការហោះហើរមកកម្ពុជាឆាប់ៗ ព្រោះក្រុមហ៊ុនទំាងនេះបាន​មើល​ឃើញ ​កម្ពុជាបានដឹកនាំ​ទប់ស្កាត់​កូវីដបានល្អជាង ​និងជាប្រទេសមានតំបន់ទេសចរណ៍​ប្រវត្តិ​សាស្ត្រច្រើន ​ជាប្រទេសដែលមានប្រជាជនរួសរាយ​ និងជាប្រទេសប្រកបដោយសុខសន្តិភាព។

លោក Wallace Hsueh អនុប្រធានក្រុមហ៊ុនទទួលបន្ទុកកិច្ចការអន្តរជាតិក្រុមហ៊ុនដឹកជញ្ជូន FedEx កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២កន្លងមក បានបង្ហាញនូវចំណាប់អារម្មណ៍ក្នុងការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ព និងដឹកជញ្ជូននៅកម្ពុជាផងដែរ ដើម្បីចូលរួមចំណែកអភិវឌ្ឍកម្ពុជាឱ្យកាន់តែមានការរីកចម្រើន ក៏ដូចជាពង្រីកទំនាក់ទំនងរវាងអាមេរិក និងកម្ពុជាបន្ថែមទៀត។

លោកក៏បានមានប្រសាសន៍ថា នេះជាលើកដំបូងដែលលោកបានមកកម្ពុជា ហើយ លោកមើលឃើញកម្ពុជាមានការរីកចម្រើន ដែលផ្ទុយទៅនឹងអ្វីដែលលោកធ្លាប់បានឮពីប្រព័ន្ធឃោសនា ខាងក្រៅ និងពីមនុស្សមួយចំនួន៕

គម្រោងអាកាសយានដ្ឋានសៀមរាបអង្គរថ្មីសម្រេចការសាងសង់បានជាង៤០ភាគរយ

ដោយ៖ សុផារី

 

ភ្នំពេញ៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាមអង្គរថ្មី បានសម្រេចការសាងសង់បានចន្លោះពី៤០ទៅ៧០ភាគរយហើយ ខណៈគម្រោងថ្មីមួយនេះនឹងរួចរាល់ទំាងស្រុងនៅពាក់កណ្តាលឆ្នាំ២០២៣ខាងមុខនេះ។

នេះបើយោងតាមការបញ្ជាក់របស់លោក ជា អូន រដ្ឋលេខាធិការ ​និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល ក្នុងឱកាសជួបពិភាក្សាការងារជាមួយលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុកអាកាសចរស៊ីវិល ​នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២។

លោកបានលើកឡើងថា សម្រាប់​ក្រុមហ៊ុន​សាងសង់​អាកាសយានដ្ឋានអន្តរជាតិសៀមរាមអង្គរថ្មី បានបញ្ជាក់ពីវឌ្ឍនភាព​នៃការសាងសង់ផងដែរ ​ដែលមកដល់ពេលនេះ សម្រេចបានចន្លោះពី៤០ទៅ៧០ភាគរយ ហើយអាកាស​យានដ្ឋាន​អន្តរជាតិថ្មីមួយនេះ ​នឹងរួចរាល់ទំាងស្រុងនៅពាក់កណ្តាលឆ្នាំ​២០២៣ខាងមុខនេះ។

អាកាសយានដ្ឋានអន្តរជាតិសៀមរាមអង្គរ បានដំណើរការសាងសង់​នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ដែលសាងសង់ដោយក្រុមហ៊ុនវិនិយោគដែលមានឈ្មោះថា Angkor International Airport Investment ហើយអាកាសយានដ្ឋាននេះ​មានផ្ទៃដីជាង៧០០ហិកតា និង​មាន​ផ្ទៃដី​បម្រុងជាង​១ពាន់ហិកតាទៀត។

គម្រោងនេះគ្រោង​ចំណាយ​ថវិកា​ប្រមាណ៨០០លានដុល្លារ ​ហើយអ្វីដែលពិសេសនៅពេលអាកាសយានដ្ឋាននេះ កសាងរួចរាល់​ដាក់ឱ្យដំណើរការ ​គឺអាច​ទទួល​បានគ្រប់ប្រភេទ​យន្តហោះធំៗ​ជុំវិញពិភពលោកបានទំាងអស់។

ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍បរទេសថ្មីចំនួនពីរ ត្រៀមហោះហើរមកកាន់ប្រទេសកម្ពុជា រួមមាន ដែលជាក្រុមហ៊ុនបញ្ញើរបស់សហរដ្ឋអាមេរិក ហ្វីតដេក និងក្រុមហ៊ុនអ៊ែដវីនរបស់ Air Asia ដែលមានស្នាក់ការនៅប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី៕

 

ថៃគ្រោងស្នើសុំថវិកាបន្ថែមចំនួន១៨១លានដុល្លារ សម្រាប់បញ្ចប់គម្រោងផ្លូវហាយវេយភ្ជាប់ខេត្តចំនួនបី

ដោយ: លាងហួរ

បាងកក: នាយកដ្ឋានផ្លូវហាយវេយគ្រោងស្នើឱ្យគណៈរដ្ឋមន្ត្រីអនុម័តថវិកាបន្ថែមចំនួន៦,៧ពាន់លានបាត (ប្រហែលជាង១៨១លានដុល្លារ) សម្រាប់ការសាងសង់ផ្នែក ដែលនៅសេសសល់នៃផ្លូវហាយវេយ តំបន់បាងប៉ាអ៊ីន ទីកាន់ខេត្តស្រះបុរី និងខេត្តនគររាជស៊ីម៉ា ។

ប្រភពច្បាស់លាស់ពីនាយកដ្ឋានផ្លូវហាយវេយ បានឱ្យដឹងថា នាយកដ្ឋានបានជូនដំណឹងទៅកាន់ក្រសួងដឹកជញ្ជូន និងការិយាល័យថវិកា ដោយបានស្នើសុំថវិកាបន្ថែមចំនួន៦,៧៥៥ពាន់លានបាត សម្រាប់ការសាងសង់ផ្នែក ដែលនៅសេសសល់ចំនួន១៦នៃគម្រោងផ្លូវហាយវេ ដែលនឹងត្រូវការការផ្លាស់ប្តូរក្នុងការរចនាសំណង់។

ប្រភពដដែលបានបន្តថា រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Saksayam Chidchob ត្រូវបានគេរំពឹងថា នឹងលើកយកសំណើរនេះ ស្នើទៅកាន់គណៈរដ្ឋមន្ត្រី ក្នុងអំឡុងពេលកិច្ចប្រជុំប្រចាំសប្តាហ៍នៅថ្ងៃអង្គារ ដើម្បីអនុម័តសំណើថវិកាបន្ថែម។

គម្រោងនេះត្រូវបានអនុម័ត ដោយគណៈរដ្ឋមន្ត្រីនៅថ្ងៃទី១៤ ខែកក្កដាឆ្នាំ ២០១៥ ដើម្បីសាងសង់ផ្លូវល្បឿនលឿនប្រវែង១៩៦គីឡូម៉ែត្រ ដែលតភ្ជាប់បាងប៉ាអ៊ីន ក្នុងខេត្តអាយុធ្យា ទៅខេត្ត ស្រះបុរីនិងទៅខេត្តនគររាជស៊ីម៉ា។

គម្រោងនេះត្រូវបានអនុម័តជាមួយនឹងថវិកាដំបូងចំនួន៨៤,៦ពាន់លានបាត (ប្រហែលជាង២ពាន់លានដុល្លារ) ហើយគម្រោងនេះត្រូវបានបែងចែកជា៤០ផ្នែក។  ការសាងសង់បានចាប់ផ្តើមនៅឆ្នាំ២០១៦ ហើយរហូតមកដល់ពេលនេះ២៤ផ្នែកត្រូវបានបញ្ចប់។

ប្រភពដដែលបន្តថា ១៦ផ្នែកទៀត ដែលនៅសេសសល់ មិនទាន់បានសាង់សង់នោះទេ ដោយសារ ការសាងសង់មានបញ្ហាទាក់ទង នឹងភូគព្ភសាស្ត្រ នៃតំបន់ដែលទាមទារការរចនាថ្មី សម្រាប់ផ្នែក ដែលមិនទាន់សម្រេច។  ប្រភពបានពន្យល់ថា លក្ខខណ្ឌតំបន់បានផ្លាស់ប្តូរ ចាប់តាំងពីការស្ទង់មតិគម្រោងដំបូង ក្នុងឆ្នាំ២០១៨។

ប្រភពនេះបន្ថែមថា ការរចនាត្រូវតែផ្លាស់ប្តូរ ដើម្បីឆ្លើយតបទៅនឹងសេវាសាធារណៈ ក្នុងតំបន់ក៏ដូចជាការតវ៉ារបស់សាធារណជន។ ផ្នែកខ្លះនៃផ្លូវហាយវេដែលត្រូវបានសាងសង់រួច ត្រូវបានគេរំពឹងថានឹងបើកឱ្យដំណើរការសាកល្បងជាសាធារណៈនៅចុងឆ្នាំក្រោយ។  ប្រព័ន្ធផ្លូវបង់ប្រាក់ត្រូវបានគេរំពឹងថា នឹងត្រូវបានសាកល្បងនៅឆ្នាំ២០២៤ ហើយផ្លូវទាំងមូលនឹងត្រូវបានបើកឱ្យធ្វើចរាចរណ៍ នៅឆ្នាំ២០២៥៕

លោក ឃឹម ហ្វីណង់ ត្រូវបានតែងតាំងជាអភិបាលរងខេត្តសៀមរាប

ដោយ៖ សុផារី

សៀមរាបៈ លោកអភិបាលស្រុកវ័យក្មេង និងមានប្រជាប្រិយភាព លោក ឃឹម ហ្វីណង់ ត្រូវបានរាជរដ្ឋាភិបាលផ្ដល់សេចក្ដីទុកចិត្តតម្លើងតួនាទីពីអភិបាលស្រុកបន្ទាយស្រី ទៅជាអភិបាលរងខេត្តសៀមរាប។

នេះបើតាមអនុក្រឹត្យរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចុះហត្ថលេខា កាលពីថ្ងៃទី៣០ ខែសីហា និងត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី0២ ខែកញ្ញា ឆ្នាំ២០២២នេះ។

បើតាមអនុក្រឹត្យរបស់សម្ដេចតេជោ លោក ឃឹម ហ្វីណង់ ដែលមានឋានន្តរស័ក្ដិវរមន្រ្តី ថ្នាក់លេខ១ ស្ថិតក្នុងចំណោមមន្រ្តី៤រូបទៀត ដែលត្រូវបានតែងតាំងជាអភិបាលរងខេត្តសៀមរាប​ រួមមាន លោក សុខ ថុល លោកស្រី ម៉ននីរង្សី និងលោក យន់ លីណេ។

លោក ឃឹម ហ្វីណង់ គឺជាកូនប្រុសរបស់លោក ឃឹម ប៊ុនសុង អតីតអភិបាលខេត្តសៀមរាប ដែលបច្ចុប្បន្នលោកជានាយឧត្តមសេនីយ៍ (ផ្កាយ៤) និងជារដ្ឋលេខាធិការក្រសួងការពារជាតិ ត្រូវបានតែងតាំងជាអភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីអំឡុងឆ្នាំ២០១៩៕

រាជរដ្ឋាភិបាលអនុញ្ញាតឱ្យជនបរទេសស្នាក់នៅកម្ពុជាចាប់ពី២ឆ្នាំឡើងចូលទស្សនាអង្គរនិងប្រាសាទកោះកេរដោយមិនចាំបាច់បង់ប្រាក់

ដោយៈ សុផារី

សៀមរាបៈ គ្រឹះស្ថានអង្គរបានជូនដំណឹងស្តីពី ការអនុញ្ញាតិឱ្យជនបរទេស ឬវិនិយោគិនស្នាក់នៅកម្ពុជាចាប់ពីពីរឆ្នាំឡើងទៅ ស្នើសុំបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែររយៈពេលមួយឆ្នាំម្តង ដោយមិនបង់ថ្លៃ។

គ្រឹះស្ថានអង្គរ បានចេញសេចក្តីជូនដំណឹង នៅថ្ងៃទី១ ខែកញ្ញានេះថា ដើម្បីជំរុញទេសចរណ៍ផ្ទៃក្នុង ក៍ដូចជាផ្ដល់ការលើកទឹកចិត្តដល់ជនបរទេស ដែលស្នាក់នៅក្នុងកម្ពុជា រាជរដ្ឋាភិបាលបានសម្រេច អនុញ្ញាតផ្តល់ជូនដល់ជនបរទេសទាំងអស់ ដែលបាននិងកំពុងស្នាក់នៅក្នុងកម្ពុជា ចាប់ពីពីរឆ្នាំឡើងទៅ អាចស្នើសុំបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែររយៈពេលមួយឆ្នាំម្តង ដោយមិនបង់ថ្លៃ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ តទៅ។

ជនបរទេសទាំងអស់ ដែលបាន​និងកំពុងស្នាក់នៅក្នុងកម្ពុជា ចាប់ពីពីរឆ្នាំឡើងទៅ ដែលទទួលបានសិទ្ធនេះ រួមមាន មន្ត្រីការទូត វិនិយោគិន មន្ត្រីធ្វើការនៅអង្គការអន្តរជាតិ ជនបរទេសធ្វើការនៅក្រុមហ៊ុន និងសហគ្រា​ស ឯកជនគ្រប់ប្រភេទ អ្នកជំនាញការធ្វើការនៅតាមក្រសួង ស្ថាប័នរដ្ឋ និងឯកជន។

ចំពោះបែបបទនៃការស្នើសុំបណ្ណ ចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែររយៈពេលមួយឆ្នាំម្តង ដោយមិនបង់ថ្លៃ អាចធ្វើតាមប្រព័ន្ធអនឡាញ (តាមរយៈគេហទំព័រគ្រឹះស្ថានអង្គរ ឬគេហទំព័រ sass.angkorenterprise.gov.kh) ចាប់ពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ ឬមកដាក់ពាក្យដោយផ្ទាល់ នៅគ្រឹះស្ថានអង្គរ ក្នុងពេលម៉ោងធ្វើការ និងត្រូវភ្ជាប់មកជាមួយនូវលិខិតឆ្លងដែនច្បាប់ថតចម្លង និងទិដ្ឋាការស្នាក់នៅក្នុងប្រទេសកម្ពុជា រយៈពេលចាប់ពីពីរឆ្នាំឡើងទៅចំនួនមួយច្បាប់ និងរូបថត៤គុណ៦ រយៈពេល៦ខែចុងក្រោយចំនួនមួយសន្លឹក ចាប់ពីថ្ងៃប្រកាសនេះតទៅ៕

MRCAចុះ អនុស្សរណៈនៃការយោគយល់ជាមួយគ្នាជាមួយក្រុមហ៊ុន ប៉េង ហួត គ្រុប

ដោយៈ សហការី

       ភ្នំពេញៈ ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា នាប៉ុន្មានឆ្នាំចុងក្រោយនេះគឺមានការរីកចម្រើនគួរឱ្យសម្គាល់ ទោះជាស្ថិតនៅក្នុងកាលៈទេសៈនៃការរីករាលដាលជំងឺកូវីដ-១៩ យ៉ាងណាក្ដី ជាពិសេសលើការគ្រប់គ្រងបានយ៉ាងល្អប្រសើរនៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដែលបានធ្វើឱ្យអត្រាអ្នកឆ្លងនៅកម្ពុជា មានចំនួនតិចតួចបំផុតនាពេលបច្ចុប្បន្ន។

ដោយមើលឃើញពីកត្តាវិជ្ជមានជាច្រើនរបស់កម្ពុជា មានក្រុមហ៊ុន និងតំណាងក្រុមហ៊ុនទាំងក្នុង និងក្រៅស្រុកជាច្រើនបានមកស្វែងរកឱការវិនិយោគក្នុងប្រទេសកម្ពុជា ដែលក្នុងនោះក៏មានប្រទេសម៉ាឡេស៊ីផងដែរ ជាមួយនឹងការប្តេជ្ញា ពង្រីកអាជីវកម្មរបស់ខ្លួននៅកម្ពុជា ឱ្យខាងតែបាននាថ្ងៃអនាគតដ៏ខ្លី។

ជាក់ស្តែង ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី សហការជាមួយសមាគមបណ្ដាញលក់រាយម៉ាឡេស៊ី (MRCA) រៀបចំកម្មវិធីបេសកកម្មពាណិជ្ជកម្មចំនួន៤ថ្ងៃ ដែលគិតចាប់ពីថ្ងៃ៣០ ខែសីហា រហូតដល់ ថ្ងៃទី៣ ខែកញ្ញា នេះដែលនឹងត្រូវរៀបចំឡើងនៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ ដើម្បីផ្តល់ឱកាសសន្ទនា រវាងក្រុមហ៊ុននៅកម្ពុជា និងក្រុមហ៊ុនរបស់ម៉ាឡេស៊ីដែលរំពឹងថា នឹងអាចឈានទៅរកការសហការគ្នាបន្ថែមទៀត។​​​

នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច របស់គណៈប្រតិភូនៃសមាគមបណ្ដាញលក់រាយម៉ាឡេស៊ី ក្នុងដំណើរទស្សនកិច្ចនៅក្នុងថ្ងៃទីបី ក្រោមការដឹកនាំដោយលោកចឺយ វិចិត្ត ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី  និងដាតុ វីនសិន ឈូ (Dato Vincent Choo) អនុប្រធានសមាគមបណ្ដាញលក់រាយម៉ាឡេស៊ី ដើម្បីស្វែងរកឱកាសសហការ ក្នុងការវិនិយោគជាមួយក្រុមហ៊ុន ប៉េង ហួត គ្រុប ខណៈក្រុមហ៊ុន ក៏បានចុះអនុស្សារណៈនៃការយោគយល់ជាមួយសមាគមបណ្ដាញលក់រាយម៉ាឡេស៊ីផងដែរ។

លោកឧកញ៉ា ថៃ ម៉េងលី អគ្គនាយក ប៉េង ហួត គ្រុប មានប្រសាសន៍ថា ៦៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ី មិនត្រឹមតែបានពង្រឹងចំណងមិត្តភាពរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល រវាងប្រជាជន និងប្រជាជនប៉ុណ្ណោះទេ ជាពិសេសទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មក៏បានរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ។ ជាក់ស្តែងមានក្រុមហ៊ុនម៉ាឡេស៊ីជាច្រើន បានចូលមកបណ្ដាក់ទុកវិនិយោគ នៅក្នុងប្រទេសកម្ពុជា ហើយក្រុមហ៊ុនរបស់កម្ពុជាជាច្រើន ដែលបានស្វែងរកសេវាកម្ម និងទិញទំនិញពីប្រទេសម៉ាឡេស៊ី។

ក្នុងនោះក៏មានក្រុមហ៊ុន ប៉េង ហួត គ្រុបផងដែរ ដែលបានទិញទំនិញមួយចំនួនពីប្រទេសម៉ាឡេស៊ី និងប្រើប្រាស់សេវាកម្មមួយចំនួនពីអ្នកជំនាញម៉ាឡេស៊ី។

លោកឧកញ៉ាបានបន្ថែមទៀតថា “គ្រប់គ្នាបានឆ្លងកាត់បទពិសោធន៍ ពីផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ និងសង្គ្រាម រវាងរុស្ស៊ី និងអ៊ុយក្រែន ប៉ុន្តែនៅក្នុងគ្រប់វិបត្តិទាំងអស់ សុទ្ធតែបង្កប់នូវឱកាសជាច្រើន ហើយសង្ឃឹមថាពីដំណើរទស្សនកិច្ចរយៈពេលបួនប្រាំថ្ងៃនេះ សមាជិករបស់សមាគមបណ្ដា​ញលក់រាយម៉ាឡេស៊ីនឹងរកឃើញឱកាសសហការ វិនិយោគជាមួយគ្នា ឬក៏ត្រួសត្រាយផ្លូវ សម្រាប់ការវិនិយោគនៅពេលអនាគតបន្ថែមទៀត”។

លោកឧកញ៉ាក៏បានសម្ដែងនូវអំណរគុណ ចំពោះដំណើរទស្សនកិច្ច និងសូមស្វាគមន៍យ៉ាងកក់ក្ដៅបំផុត នូវរាល់ឱកាសសហការគ្នាជានិច្ច រវាងសមាជិករបស់សមាគមបណ្ដាញលក់រាយម៉ាឡេស៊ី ជាមួយក្រុមហ៊ុន ប៉េង ហួត គ្រុប នាពេលអនាគត។ ​  ​

ជាមួយគ្នានេះ លោក ដាតុ វីនសិន ឈូ (Dato Vincent Choo) អនុប្រធានសមាគមបណ្ដាញលក់រាយម៉ាឡេស៊ី បានសម្ដែងនូវភាពភ្ញាក់ផ្អើលចំពោះការចុះទស្សនកិច្ចកមកាន់ក្រុមហ៊ុន ប៉េង ហួត គ្រុប ដោយក្នុងនោះលោកបានកោតសរសើរ ចំពោះវឌ្ឍនភាពរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលអភិវឌ្ឍសំណង់ជាច្រើន ដូចជា ផ្សារទំនើប អគារសន្និបាត និង សាលប្រារព្ធពិធីមង្គលការ ភីអេច ហ្គ្រេនហល (PH Grand Hall) សួនកម្សាន្ត ភីអេច យូរ៉ូផាក (PH Euro Park) និងអគារជួលជាច្រើនទៀត ជាពិសេសគឺលំនៅឋាន ប្រកបដោយសោភ័ណភាពស្រស់ស្អាត ជាមួយម៉ូតផ្ទះប្រណិត និងប្លែកៗ រួមជាមួយបរិស្ថាន និងដើមឈើបៃតងដ៏ទាក់ទាញ។

ដោយមើលឃើញពីកត្តាវិជ្ជមាន ជាច្រើនរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុបបែបនេះ លោកសន្យាថា សមាគមបណ្ដាញលក់រាយម៉ាឡេស៊ី នឹងខិតខំធ្វើការងារយ៉ាងជិតស្និទ្ធ ជាមួយក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា​ ដើម្បីជំរុញដល់វិនិយោគិនម៉ាឡេស៊ី និងវិនិយោគិនគ្រប់ជាតិសាសន៍ផ្សេងទៀត មកសហការជាមួយក្រុមហ៊ុនកម្ពុជាឱ្យកាន់តែច្រើន ដើម្បីកសាងប្រទេសកម្ពុជាឈានទៅជាប្រទេសដែលរីកចម្រើននាពេលអនាគត។

គោលបំណងសំខាន់មួយ នៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូពាណិជ្ជកម្មពីប្រទេសម៉ាឡេស៊ី ដែលដឹកនាំដោយ សមាគមបណ្ដាញលក់រាយម៉ាឡេស៊ីមកកាន់ប្រទេសកម្ពុជា គឺដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងជាពិសេសក្នុងការអភិវឌ្ឍអាជីវកម្មលក់រាយ ឱ្យមានភាពទូលំទូលាយក្នុងប្រទេសកម្ពុជា៕

រថភ្លើងល្បឿនលឿន Jakarta-Bandung ដែលផលិតដោយប្រទេសចិន បានបញ្ជូនមកដល់ប្រទេសឥណ្ឌូណេស៊ី

ដោយ: លាងហួរ

ហ្សាការតា: រថភ្លើងអគ្គិសនីដឹកអ្នកដំណើរល្បឿនលឿន និងរថភ្លើងត្រួតពិនិត្យដែលផលិត ក្នុងប្រទេសចិនសម្រាប់គម្រោង ផ្លូវដែកល្បឿនលឿន Jakarta-Bandung (HSR) បានមកដល់កំពង់ផែ Jakarta ពីកំពង់ផែ Qingdao របស់ប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍។

ការមកដល់នៃរថភ្លើងជានិមិត្តរូប នៃព្រឹត្តិការណ៍សំខាន់មួយទៀតសម្រាប់ការសាងសង់ស្ថានីយ៍រថភ្លើង Jakarta-Bandung HSR ។  វា ក៏ ជា លើក ទី មួយ ដែរ ដែល រថភ្លើង ល្បឿន លឿន ដែល ផលិត នៅ ប្រទេស ចិន ត្រូវ បាន នាំ ចេញ ទៅ ប្រទេស ផ្សេង។

រថភ្លើងនេះ ត្រូវបានរចនាឡើង និងផលិតដោយក្រុមហ៊ុន CRRC Qingdao Sifang Co. Ltd. ជាមួយនឹងបច្ចេកវិទ្យាទំនើបនៃរថភ្លើង Fuxing រថភ្លើងល្បឿនលឿន EMU (Electric Multiple Units) និង CIT (Comprehensive Inspection Train) មានល្បឿនប្រតិបត្តិការអតិបរមា ៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង និងត្រូវ បាន រចនា និង ផលិត ឡើង តាម ស្តង់ដារ របស់ ចិន។ រថភ្លើងនេះក៏ត្រូវ បាន ផលិតឡើងសម្រប ទៅតាម បរិស្ថានប្រតិបត្តិការ និង លក្ខខណ្ឌ ក្នុង ប្រទេស ឥណ្ឌូនេស៊ីផងដែរ។

រថភ្លើងចំនួន១០ទៀត គ្រោងនឹងដឹកជញ្ជូនពីប្រទេសចិន ទៅកាន់ប្រទេសឥណ្ឌូនេស៊ីជាបណ្តុំនៅដើមឆ្នាំ២០២៣។

ផ្លូវរថភ្លើងJakarta-Bandung HSR ដែលសាងសង់ដោយបច្ចេកវិទ្យារបស់ចិន នឹងកាត់បន្ថយការធ្វើដំណើររវាងទីក្រុងJakarta និង Bandung ដែលជារដ្ឋធានីនៃខេត្ត West Java របស់ប្រទេសឥណ្ឌូនេស៊ី ពីជាង៣ម៉ោងទៅប្រហែល៤០នាទី៕