រដ្ឋាភិបាលចិននឹងផ្ដល់ប្រាក់កម្ចីពិសេសជួយស្រោចស្រង់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលជួបបញ្ហា

ដោយៈ សុខុម

ប៉េកាំង: រដ្ឋាភិបាលចិន គ្រោងនឹងផ្តល់ប្រាក់កម្ចីពិសេស រហូតដល់ទៅ២០០ពាន់លានយ័ន (២៩,១ពាន់លានដុល្លារអាមេរិក) ដើម្បីជួយស្រោចស្រង់ បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ដែលកំពុងជួបបញ្ហា ខណៈទីផ្សារអចលនទ្រព្យចិន កំពុងធ្លាក់ក្នុងវិបត្តិ។

នេះបើយោងតាមសារព័ត៌មានដ៏ល្បីល្បាញ Bloomberg ដែលបានចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី២២ ខែសីហា ដោយដកស្រង់ប្រភពដែលស្និទ្ធនឹងបញ្ហានេះ។

កាលពីថ្ងៃសុក្រ ទី១៩ ខែសីហា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិនបានផ្សាយថា ប្រទេសចិន នឹងជួយគាំទ្រដល់ការសាងសង់ និងការប្រគល់ផ្ទះជូនអ្នកទិញ ក្នុងគម្រោងលំនៅដ្ឋាន ដែលជាប់គាំងពាក់កណ្ដាលទីតាមរយៈកម្មវិធីប្រាក់កម្ចីពិសេស ពីបណ្ដាធនាគារគោលនយោបាយ។

ទោះជាយ៉ាងណា ចំនួនប្រាក់កម្ចីពិសេសនោះ មិនត្រូវបានបង្ហាញឱ្យដឹងជាសាធារណៈឡើយ ហើយក៏គ្មានការបញ្ជាក់ថា ប្រាក់កម្ចីពិសេសនេះនឹងផ្ដល់ឱ្យនៅពេលជាក់លាក់ណាមួយនោះដែរ។

ក្រុមនិយ័តករចិន កាលពីខែមុនបានសន្យាថា នឹងជួយរដ្ឋាភិបាលថ្នាក់មូលដ្ឋានប្រគល់ផ្ទះជូនអ្នកទិញ ក្នុងគម្រោងលំនៅដ្ឋាននានាឱ្យទាន់ពេលវេលា បន្ទាប់ពីអ្នកទិញផ្ទះយ៉ាងច្រើន បានគំរាមឈប់បង់ប្រាក់រំលស់សម្រាប់អាផាតម៉ិន ក្នុងគម្រោងដែលសាងសង់មិនទាន់រួចរាល់៕ Reuters៕

វាគ្មិនជាតិ និងអន្តរជាតិនឹងចែករំលែកឱកាសនៃការវិនិយោគក្នុងវិស័យអចលនទ្រព្យ

ដោយៈ ជេស៊ីកា

ភ្នំពេញៈ វាគ្មិនជាតិ និងអន្តរជាតិចំនួន៤រូប នឹងចែករំលែកចំណេះដឹងក្នុងសិក្ខាសាលាស្តីពី “​ឱកាសនៃការវិនិយោគក្នុងវិស័យអចលនទ្រព្យ”។

លោកឧកញ៉ា ម៉ន​ សុខា

សិក្ខាសាលានេះ នឹងរៀបចំឡើងនៅសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា ដែលមានទីតាំងនៅជិតផ្សារទំនើបAEON Mall2 ស្ថិតនៅក្នុងបុរីThe Premiures។

វាគ្មិនដែលមានជំនាញក្នុងវិស័យអចលនទ្រព្យជាច្រើនឆ្នាំ ដែលនឹងចែករំលែក្នុងសិក្ខាសាលានោះរួមមាន លោកឧកញ៉ា ម៉ន​ សុខា ប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា។

លោក រស់ សុវណ្ណថា

លោក រស់ សុវណ្ណថា អគ្គលេខាធិការសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា។ លោក Yoshi Takita ទូតសុឆន្ទៈ នៃសមាគម Long Island Board of REALTORS (LIBOR) និងជាសមាជិកសមាគម National Association of REALTORS®។

លោក Yoshi Takita

លោកឧកញ៉ា ម៉ាន់ ច័ន្ឌ ឌី ទីប្រឹក្សាសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន IQI Cambodia។

លោកឧកញ៉ា ម៉ាន់ ច័ន្ឌ ឌី

សិក្ខាសាលាដ៏មានសារៈសំខាន់នេះ នឹងប្រារពធ្វើឡើងនៅថ្ងៃទី៣ កញ្ញាខាងមុខនេះ៕

តើកំណើននគរូបនីយកម្មនៅកម្ពុជានាពេលបច្ចុប្បន្ននេះបណ្តាលមកពីកត្តាអ្វីខ្លះ?

ដោយៈ ស៊ីវ ម៉េង

ភ្នំពេញៈ កំនើននគរូបនីយកម្មមានជាប់ពាក់ព័ន្ឋនឹងប្រជាសាស្រ្ត ហេដ្ឋារចនាសម្ព័ន្ឋ ទាក់ទងផងដែរនឹងផែនការអភិវឌ្ឍន៍នានា។

ហេតុនេះសំណួរគឺថា តើកំណើននគរូបនីយកម្មនៅកម្ពុជាបច្ចុប្បន្នបណ្តាលមកពីកត្តាអ្វីខ្លះ?

លោកឃឹម សារិទ្ឋ ជាសាស្រ្តាចារ្យបានលើកឡើង នូវចម្លើយមួយចំនួនដូចជា កំណើននគរូបនីយកម្ម មានកម្រិតខ្ពស់នៅកម្ពុជាបណ្តាមកពីកត្តាមួយចំនួនដូចជា ទី១ កំណើនប្រជាជនមានកម្រិតខ្ពស់ទី២ ប្រជាជនជនបទផ្លាស់ទីចូលក្នុងទីក្រុងដើម្បីរកការងារធ្វើ ទី៣ ការកើនឡើងនៃតម្រូវការសេវាសាធារណៈ។

ទី៤ ការរៀបចំទីក្រុងតាមស្តង់ដារអន្តរជាតិ ទី៥ មានស្ថេរភាពនយោបាយ សន្តិសុខសង្គម ទី៦ គោលនយោបាយ ការរៀបចំទីក្រុងនិងទី៨ គឺជាប់ទាក់ទងនឹងគោលនយោបាយដីធ្លី៕

ទម្រង់បោកប្រាស់៥ប្រភេទក្នុងវិស័យអចលទ្រព្យដែលកើតមានញឹកញាប់ជាងគេ

ដោយៈ ជេស៊ីកា

ភ្នំពេញៈ ដោយសារវាជាវិស័យដែលរកប្រាក់បានច្រើន ហេតុនេះ​ល្បិចកលក្នុងវិស័យនេះ ក៏មានហានិភ័យខ្ពស់ផងដែរ ពិសេសការបោកប្រាស់ ដែលប្រជាពលរដ្ឋមួយចំនួនមិនបានដឹង។


ទម្រង់បោកប្រាស់ទាំងនោះរួមមានដូចខាងក្រោមនេះ ដែលលោក អ្នកគួរប្រុងប្រយ័ត្ន និងត្រូវសិក្សាស្វែងយល់ឲ្យបានម៉ត់ចត់។

១. មានប្លង់កម្មសិទ្ធចំនួនពីរ
សិទ្ធក្នុងការកាន់កាប់អចលនទ្រព្យមានចំនួនពីរ ដែលពេញនិយមក្នុងការប្រើប្រាស់នៅកម្ពុជាយើង គឺប្លង់រឹង និងប្លង់ទន់ ដែលប្លង់រឹង គឺមានព័ត៌មានលម្អិត ត្រូវបានទទួលស្គាល់និងបញ្ជាក់ ក្នុងកម្រិតជាតិពី ការិយា​ល័យសុរិយោដី និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ហើយប្លង់ទន់ត្រូវបានផ្តល់ជូន ដោយការិយាល័យសង្កាត់ ឬស្រុក និងមិនត្រូវបានចុះឈ្មោះនៅថ្នាក់ជាតិនោះទេ ប៉ុន្តែប្លង់ទន់ត្រូវបានគេចាត់ទុកជា ឯកសារម្ចាស់កម្មសិទ្ធិពេញសិទ្ធិ។

ចំពោះករណីនេះ ម្ចាស់ដែលមានប្លង់រឹង អាចប្រើប្រាស់ប្លង់ទន់ដែលត្រូវបានច្បាប់និរាករ (លែងឲ្យប្រើតទៅទៀត) យកមកប្រើប្រាស់ ដើម្បីឆបោក ដោយប្រគល់ប្លង់ទន់ទៅអ្នកទិញម្នាក់ និងប្រគល់ប្លង់រឹងឲ្យអ្នកទិញម្នាក់ទៀត។ ដូច្នេះលោកអ្នកគួរស៊ើបអង្កេតជាមួយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ និងការិយាល័យសុរិយោដី ក្នុងតំបន់ផ្ទាល់។ ម្យ៉ាងទៀតលោក អ្នកអាចសាកសួរអ្នកជិតខាង ប្រសិនបើពួកគេមានប្លង់រឹង នោះមានន័យថា រដ្ឋាភិបាលបានចេញប្លង់រឹងឲ្យអ្នកនៅតំបន់នោះរួចហើយ។

២. ដីមានទំនាស់
ការបោកប្រាស់នេះ ពាក់ព័ន្ធទៅនឹងអចលនទ្រព្យ ដែលកំពុងមានវិវាទដី។ ដូច្នេះលោកអ្នកគួរសាកសួរអ្នកជិតខាង ឬធ្វើការស្វែងរកប្លង់កាន់កាប់ពី ក្រុមប្រឹក្សាឃុំសង្កាត់ ឬមន្ត្រីក្រសួងដែនដី ដោយគ្រាន់តែចង់ដឹងថា ដីនោះជាដីកំពុងមានទំនាស់ឬអត់។

៣. ជនក្លែងបន្លំជាម្ចាស់អចលនទ្រព្យ
ករណីនេះច្រើនកើតឡើងនៅលើដីទំនេរ ដូច្នេះលោកអ្នកគួរសាកសួរពីអ្នកជិតខាង ឬប្រធានភូមិ និងស៊ើបប្រវត្តិ របស់ម្ចាស់អចលនទ្រព្យ។ គួរពិនិត្យលើប្លង់កម្មសិទ្ធ ប្រសិនបើម្ចាស់មិនមានប្លង់កម្មសិទ្ធនោះ ឬមានអ្វីមួយមិនប្រក្រតី ត្រូវសួរអាជ្ញាធរពាក់ព័ន្ធ ដើម្បីដឹងថាពួកគេជាម្ចាស់កម្មសិទ្ធពិតប្រាកដដែរឬទេ។

៤. អចលនទ្រព្យខូចខាត
វាអាចជាមូលហេតុ ដែលអចលនទ្រព្យមានតម្លៃថោក​​ ដោយសារមានការខូចខាត ដែលមិនអាចមើលឃើញ។ ដូច្នេះអ្នកគួរនាំអ្នកជំនាញ ត្រួតពិនិត្យប្រព័ន្ធទឹក អគ្គិសនី និងភាពរឹងមាំនៃសំណង់។

៥. បង់ប្រាក់មុនគម្រោង
មានគម្រោងអភិវឌ្ឍន៍ខ្លះ បានផ្សព្វផ្សាយគម្រោងថ្មីរបស់ខ្លួន និងប្រមូ​លប្រាក់កក់មុន ដោយសន្យាសាងសង់ទៅតាមគម្រោង ហើយបន្ទាប់មកក៏គេចខ្លួនបាត់។ ករណីនេះលោកអ្នកគួរស៊ើបពីគម្រោង និងម្ចាស់គម្រោងជាមុន ធម្មតាម្ចាស់គម្រោងដែលល្អ មានកេរ្តិ៍ឈ្មោះល្អស្រេចទៅហើយ។

មួយទៀតលោក អ្នកអាចសាកសួរក្រសួងពាក់ព័ន្ធ ក្រសួងរៀបចំដែនដី តើមានការទទួលស្គាល់ និងលិខិតបញ្ជាក់សម្រាប់អ្នកអភិវឌ្ឍន៍៕

ឯកសារចំនួន១៦តម្រូវឲ្យអ្នកមាន ពេលដាក់ពាក្យសុំអាជ្ញាប័ណ្ណធ្វើអាជីវកម្មអចលនវត្ថុ

ដោយៈ គង់ សូរិយា

ភ្នំពេញៈ អ្នកមានបំណងចង់ស្នើសុំអាជ្ញាប័ណ្ណឬលិខិតអនុញ្ញាត្តអាជីវកម្មអភិវឌ្ឍន៍លំនៅដ្ឋាន និងអាគារសហកម្មសិទ្ឋ តម្រូវឲ្យមានឯកសារចាំបាច់ចំនួន១៦ខានមិនបាន។


ទម្រង់ឯកសារតម្រូវក្នុងការដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធរួមមាន

១. លិខិត និងពាក្យស្នើសុំអាជ្ញាបណ្ណ
២. រូបថត
៣. លក្ខន្តិកៈក្រុមហ៊ុន និងវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម (សម្រាប់នីតិបុគ្គល)។
៤. លិខិតថ្កោលទោស

៥. អត្តសញ្ញាណបណ្ណ ឬលិខិតឆ្លងដែន
៦. ឯកសារបញ្ជាក់ដើមទុន (អប្បបរមា ២០% នៃថ្លៃសំណង់ ឬថ្លៃសំណង់តាមដំណាក់កាល)។
៧. លិខិតបញ្ជាក់ការបើកគណនីអភិវឌ្ឍអចលនវត្ថុ (សម្រាប់ប្រភេទ២)។

៨. លិខិតបញ្ជាក់ប្រាក់តម្កល់ធានាអាជីវកម្ម២% នៃថ្លៃសំណង់ (សម្រាប់ប្រភេទ២)។
៩. លិខិតអនុញ្ញាតសាងសង់ និង/ឬលិខិតអនុញ្ញាតបើកការដ្ឋាន។
១០. វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬវិញ្ញាបនបត្រជួលរយៈពេលវែង។
១១. បណ្ណប៉ាតង់

១២. ផែនការអាជីវកម្ម
១៣. គំរូកិច្ចសន្យាលក់-ទិញ
១៤. ឯកសារសម្រាប់ផ្សាយពាណិជ្ជកម្ម និងតារាងតម្លៃលក់
១៥. លិខិតតែងតាំងមន្ត្រីប្រតិបត្តិ របស់បុគ្គលរាយការណ៍អភិវឌ្ឍអចលនវត្ថុ។
១៦. វិក្កយបត្រ៕

សម្តេចតេជោបង្ហាញឧត្តមភាពរបស់លោកបណ្ឌិតហ៊ុន ម៉ាណែតនៅលើឆាកអន្តរជាតិ

ដោយៈ គង់ សូរិយា

ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯកបណ្ឌិតហ៊ុន ម៉ាណែតអគ្គមេបញ្ជា​ការកងទ័ពជើងគោក និងជាបេក្ខជនអនាគតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញទស្សនកិច្ចនៅបរទេសជាបន្តបន្ទាប់ និងត្រូវបានទទួលស្គាល់យ៉ាងកក់ក្តៅពីមន្រ្តីជាន់ខ្ពស់ និងប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងនោះ។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាកាលពីរាត្រីថ្ងៃទី២២ សីហាកន្លងមក បានបង្ហោះរូបភាពជាច្រើនសន្លឹក របស់លោកបណ្ឌិតហ៊ុន ម៉ាណែត ដែលមានទស្សនកិច្ចនៅក្រៅ​ប្រទេស និងបានសរសេរថា ញុំបង្ហោះរូបភាព ហ៊ុន ម៉ាណែត ទស្សនកិច្ចនៅចិនជប៉ុន សិង្ហបុរី ថៃ ប្រុយណេ និងចុងក្រោយថ្មីៗនេះ នៅវៀតណាមជូនអ្នកវិភាគខ្លះ ដើម្បីបង្កើនចំណេះដឹង។

សម្តេចតេជោបានបន្តថា ហ៊ុន ម៉ាណែត មិនមែនមានតែប្រធានរដ្ឋវៀតណាមមួយទេដែលទទួល តែនៅមាននាយករដ្ឋមន្ត្រីសិង្ហបុរី នាយករដ្ឋមន្ត្រីជប៉ុនទទួលដូចគ្នា។ ឯនៅប្រទេសផ្សេងទៀត មានរដ្ឋមន្ត្រីការពារជាតិ ឬ ឧបនាយករដ្ឋមន្ត្រីទទួល។

ក្នុងឋានៈជាសមភាគី នៃមេបញ្ជាការកងទ័ពជើងគោក នៅតាមប្រទេ​សនានា និងក៏ជាទម្លាប់ពិធីការតែងមានពិធីត្រួតពល ទាំងយើងទៅប្រទេសគេទាំងគេមកប្រទេសយើង។

សម្តេចបានលើកឡើងទៀតថា “សោកស្តាយដែលអស់លោក អ្នកវិភាគ មិនបានយកទស្សនកិច្ច ហ៊ុន ម៉ាណែតនៅជប៉ុនកាលពីដើមឆ្នាំនា២០២២នេះមកវិភាគ ព្រោះកំរិតទទួលនិងជំនួបមានចំនួនច្រើន ហើយកំរិតខ្ពស់ទៀតផង”។ សម្តេចបន្តថា “ម្យ៉ាងទៀត ហ៊ុន ម៉ាណែត ត្រូវបាននាយករដ្ឋមន្ត្រីជប៉ុន៣រូបហើយទទួលជួប (ហាតូយ៉ាម៉ា២០១១ សុីនហ្រូ អាបេ២០១៨ គីស៊ីដា២០២២)។

សម្តេចបានបន្តក្នុងប្រយោគចុងក្រោយថា “សង្ឃឹមថាអ្នកវិភាគដែលមានឈាមជាខ្មែរ រៀនសូត្រឱយចេះដឹងជាងនេះ”៕

ទម្រង់ស្ពានអាកាសថ្មីចំនួនពីរបានបង្ហាញរូបរាង ខណៈពេលវេលាសាងសង់មិនទាន់មានការបញ្ជាក់

 ដោយៈ ជេស៊ីកា

       ភ្នំពេញៈ មន្ទីសាធារណការ រាជធានីភ្នំពេញបានឱ្យដឹងថា រាជរដ្ឋាភិបាល កម្ពុជា បានយល់ព្រមទៅលើសំណើរគម្រោងសាងសង់ស្ពានអាកាសចំនួនពីរទីតាំងបន្ថែមទៀតហើយ។

គំរោងស្ពានអាកាសទី១ នឹងសាងសង់ស្ពានអាកាស នៅទីតាំងប្រស​ព្វរវាងមហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មហាវិថី ព្រះមុនី្នវង្ស និងវិថី កងយោធពលខេមរភូមិន្ទ (ផ្លូវលេខ ២៧១)។

២-ស្ពានអាកាសទី២ នឹងសាងសង់ស្ពានអាកាសនៅទីតាំងស្តុបស៊ិនជូរីប្លាស្សា ប្រសព្វរវាងមហាវិថី សហព័ន្ឋរុស្ស៊ី មហាវិថីសម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារគង់ សំអុល (ផ្លូវលេខ ២០០៤) និងផ្លូវលេខ ២០១១។

ទោះជាយ៉ាងណាមន្ទីរសាធារណៈការ និងអាជ្ញាធរពាក់ព័ន្ឋមិនទាន់បញ្ជាក់ពីពេលវេលា ដែលរដ្ឋាភិបាលបើកការដ្ឋានសាងសង់ ស្ពានទាំងពីរនៅពេលណានៅឡើយទេ៕

រដ្ឋាភិបាលវៀតណាមគ្រោងផ្តល់ប្រាក់កម្ចីដល់អ្នកអភិវឌ្ឍន៍អចលទ្រព្យ

ដោយ: លាងហួរ

វៀតណាម: ក្រសួងសំណង់បានផ្ញើទៅធនាគាររដ្ឋវៀតណាម នូវបញ្ជីគម្រោងលំនៅដ្ឋានសង្គមកិច្ចរបស់កម្មករ និយោជិត និងអគារអាផាតម៉ិនចាស់ៗដែលត្រូវជួសជុល ដែលអ្នកអភិវឌ្ឍន៍មានសិទ្ធិទទួលបាន កម្ចីឧបត្ថម្ភក្រោមក្រិត្យលេខ៣១/២០២២/NĐ-CP របស់រដ្ឋាភិបាល។

យោងតាមក្រឹត្យនេះបានឲ្យដឹងថា អ្នកអភិវឌ្ឍន៍នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន២ភាគរយ លើការប្រាក់ដែលពួកគេត្រូវបង់ នៅពេលខ្ចីពីធនាគារ។

ដោយផ្អែកលើការផ្ដល់យោបល់របស់អាជ្ញាធរមូលដ្ឋាន និងការត្រួតពិនិត្យដោយខ្លួនឯង លើលក្ខណៈវិនិច្ឆ័យនៃក្រឹត្យនេះ ក្រសួងបានអនុម័តគម្រោងចំនួន៦ នៅក្នុងទីក្រុងហូជីម៉ិញ និង៥គម្រោងនៅក្នុងខេត្តBinh Định សម្រាប់ឧបត្ថម្ភ។

គម្រោងទាំង១១ត្រូវបានគេប៉ាន់ប្រមាណថា នឹងត្រូវចំណាយប្រាក់អស់៩,៦៥ពាន់ពាន់លានដុង(៤១១,៦លានដុល្លារអាមេរិក) ដោយអ្នកអភិវឌ្ឍន៍បានខ្ចីប្រាក់ចំនួន១៨៣,៤លានដុល្លារ។

គម្រោងទីក្រុងហូជីម៉ិញទាំងប្រាំមួយ រួមមាន លំនៅដ្ឋានសង្គមនៅក្នុងសង្កាត់ Long Truong Ward នៃទីក្រុង Thủ Đứcក្រោមប្រាក់កម្ចីចំនួន៣៦៥ពាន់លានដុង ដើម្បីសាងសង់ផ្ទះល្វែងចំនួន៥៥៨ និងនៅផ្លូវ Lý Thường Kiệt ក្នុងសង្កាត់១០ ជាមួយនឹងប្រាក់កម្ចីចំនួន៥៧០ពាន់លានដុង និងគម្រោងផ្ទះល្វែងចំនួន១២៤៥ និងផ្ទះជួលសម្រាប់កម្មករនៅ សង្កាត់ Thạnh Mỹ Lợi នៃ ទីក្រុង Thủ Đức ជាមួយ នឹង កម្ចី៧០០ពាន់ លាន ដុង និង អាផាតម៉ិនចំនួន១០៤០។

ក្រៅពីនេះ អាផាតម៉ិនថ្មីនឹងត្រូវសាងសង់ ដើម្បីជំនួសផ្ទះដែលធ្លាក់ចុះនៅ២៣Lý Tự Trọng និង១២៨Hai Bà Trưng ក្នុងសង្កាត់១និងនៅ៣៥០Hoàng Văn Thụ ក្នុងស្រុក Tân Bình ដោយអ្នកអភិវឌ្ឍន៍របស់ពួកគេមានសិទ្ធិទទួលបានប្រាក់កម្ចី លើសពី១ពាន់ពាន់លានដុង។

មុននេះ ក្នុងដំណាក់កាលដំបូងនៃកម្មវិធី ក្រសួងបានប្រកាសគម្រោងលំនៅដ្ឋានសង្គម និងកម្មករចំនួនបួននៅខេត្ត Lào Cai, Hòa Bình, Tây Ninh និងខេត្ត Tiền Giang ដែលអ្នកអភិវឌ្ឍន៍មានសិទ្ធិទទួលបានប្រាក់កម្ចី៕

រដ្ឋាភិបាលថៃនឹងរឹ់បអូសយកដីធ្លីដែលទុកចោល មកធ្វើជាសម្បត្តិរដ្ឋវិញ

ដោយៈ សុខុម

បាងកក: ម្ចាស់ដីធ្លីនៅទូទាំងប្រទេសថៃ កំពុងត្រូវបានជំរុញឱ្យប្រើប្រាស់ដី ដែលមិនទាន់បានអភិវឌ្ឍ ពោលគឺកុំទុកចោល បើមិនដូច្នោះទេត្រូវប្រឈមការរឹបអូស ទុកជាសម្បត្តិរដ្ឋតាមច្បាប់ស្ដពីដីធ្លី។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយនៅថ្ងៃច័ន្ទ ទី២២ ខែសីហា។

លោកស្រី Rachana Dhanadirek អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានឱ្យដឹងថា រដ្ឋាភិបាលអាចនឹងអនុវត្តន៍ជំពូកទី៦ នៃច្បាប់នេះដែលអនុញ្ញាតឱ្យរឹបអូសដីកម្មសិទ្ធិឯកជន ដែលទុកចោលមិនធ្វើអ្វីសោះ ក្នុងរយៈពេល១០ឆ្នាំជាប់គ្នា។

លោកស្រីបានបន្ថែមទៀតថា អគ្គនាយកនៃអគ្គនាយកដ្ឋានដីធ្លីអាចស្នើសុំសាលក្រមពីតុលាការ ដើម្បីនិរាករណ៍ ឬលុបចោលឯកសារកម្មសិទ្ធិលើដីធ្លី ដែលទុកចោលមិនប្រើប្រាស់ ហើយប្រកាសទុកជាសម្បត្តិរដ្ឋ។

ដកស្រង់ប្រភពពីអគ្គនាយកដ្ឋានដីធ្លី អ្នកនាំពាក្យរូបនេះលើកឡើងថា ចាប់តាំងពីច្បាប់ស្ដីពី ដីធ្លីចូលជាធរមានក្នុងឆ្នាំ១៩៧៩ មកមិនដែលមានសាលក្រមតុលាការបែបនេះទេ។ ទោះជាយ៉ាងណា ម្ចាស់ដីត្រូវបានជំរុញលើកទឹកចិត្តឱ្យប្រើប្រាស់ដីដែលពួកគេមាន។

អ្នកនាំពាក្យរូបនេះបន្ថែមទៀតថា ក្រសួងមហាផ្ទៃមានគោលការណ៍ណែនាំស្ដីពីវិធីកំណត់ថា ដីណាត្រូវបានចាត់ទុកថាបោះបង់ចោល។

អ្នកនាំពាក្យដដែលគូសបញ្ជាក់ថា ក្រោមគោលការណ៍ណែនាំនេះ ត្រឹមតែធ្វើបងព័ទ្ធជុំវិញដី ឬបង់ពន្ធដី និងអគារគឺមិនចាត់ថាជាការប្រើប្រាស់ដីពិតប្រាកដឡើយ។ ទោះជាយ៉ាងណា ដីលំនៅក្នុងតំបន់លំនៅដ្ឋានមិនត្រូវបានចាត់ទុកថា បោះបង់ចោលនោះឡើយ ទោះបីជាគ្មានផ្ទះត្រូវបានសាងសង់លើដីនោះក៏ដោយ។

អាជ្ញាធរថ្នាក់ខេត្តនឹងធ្វើការស្ទាបស្ទង់ដីធ្លី និងសំណង់អគារនៅក្នុងតំបន់មូលដ្ឋានរបស់ខ្លួននៅរៀងរាល់ខែមករា ជារៀងរាល់ឆ្នាំដើម្បីធ្វើបច្ចុ​    ប្បន្នភាពដីធ្លី ដែលទុកចោលមិនប្រើប្រាស់ ហើយជូនដំណឹងទៅម្ចាស់ដីឱ្យពន្លឿនការប្រើប្រាស់ដីក្នុងរយៈពេល៣ខែ។ ក្នុងករណីផុតពេលកំណត់ ហើយដីនោះ នៅតែទុកចោលមិនប្រើប្រាស់ទៀត នឹងត្រូវរឹបអូសទុកជាសម្បត្តិរដ្ឋ៕ Bangkok Post៕

អ្នកជំនាញៈ ការផ្គត់ផ្គង់ខុនដូមិនទាន់ឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់អតិថិជននៅឡើយទេ

ដោយៈ សុផារី

ភ្នំពេញៈ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គម្រោងខុនដូជាច្រើនបាននិងកំពុងតែរីកដុះដាល នៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងរាជធានីភ្នំពេញ។

ការផ្គត់ផ្គង់ដ៏ច្រើនបាន និងបន្តកើនឡើង ដែលធ្វើឱ្យមានការចោទជាសំណួរថា តើការផ្គត់ផ្គង់នាពេលបច្ចុប្បន្ននេះ បានឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់អតិថិជនដែរឬទេ?។

លោកខន គង្គា អគ្គនាយកក្រុមហ៊ុនERA  Cambodia បានមានប្រសាសន៍នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះថា ទាំងតម្រូវការក្នុងស្រុក និងក្រៅស្រុក ការផ្គត់ផ្គង់ខុនដូនៅកម្ពុជា នាពេលបច្ចុប្បន្ននេះ មិនទាន់គ្របគ្រាន់នៅឡើយទេ។

លោកគង្គាបានលើកឡើងថា សម្រាប់តម្រូវការក្នុងស្រុក ជាទិដ្ឋភាពរួម ប្រសិនបើប្រជាជនកម្ពុជាមានលទ្ធភាពគ្រប់គ្នា តម្រូវការជាក់ស្តែង និងការផ្គត់ផ្គង់ នៅមិនទាន់គ្រប់គ្រាន់នោះទេ ដោយសារប្រជាជនកម្ពុជាមានរហូតដល់ទៅជាង១៦លាននាក់ ខណៈការផ្គត់ផ្គង់ខុនដូមានត្រឹមតែប៉ុន្មានម៉ឺនយូនីតតែប៉ុណ្ណោះ។

សម្រាប់តម្រូវការក្រៅប្រទេសវិញ លោកអះអាងថា លើកពីនេះទៅទៀត ប្រទេសកម្ពុជាយើងជាប្រទេសបើកចំហរ ដែលអនុញ្ញាតិឱ្យជនជាតិបរទេសផ្សេងទៀតចូលមករស់នៅ និងវិនិយោគបាន ដែលចំនួននៃលំហូរអ្នកវិនិយោគទាំងនោះក៏មានចំនួនច្រើនផងដែរ ដែលសម្លឹងមើលការស្នាក់នៅ និងវិនិយោគក្នុងខុនដូ។

លោកបញ្ជាក់ថា “ជាក់ស្តែង ប្រជាជនកម្ពុជាជាង១៦លាននាក់ ខុនដូយើងមានតែប៉ុន្មានម៉ឺនយូនីតទេ។ វាមិនទាន់គ្រប់នោះទេ ប្រសិនបើប្រជាជនយើងមានលទ្ធភាពគ្របគ្នា”។ លោកបន្តថា “ប្រទេសកម្ពុជាជាទីផ្សារបើកចំហរជាសកល។ ប្រជាជនក្នុងពិភពលោក មានប៉ុន្មានពាន់លាននាក់ ច្រើនណាស់។ […] ប្រជាជននៅក្នុងតំបន់ និងក្នុងពិភពលោកអាចមកវិនិយោគបាន”។

នៅពេលអនាគត អ្នកជំនាញរូបនេះអះអាងថា ទីផ្សារខុនដូនឹងកើនឡើង ហើយបន្តកើនឡើងច្រើនទៀត ព្រោះសម្រាប់បរិបទរាជធានីភ្នំពេញ ខុនដូជាជម្រើស នៃការដោះស្រាយបញ្ហាលំនៅឋានដ៏សំខាន់មួយ។

លោកមានប្រសាសន៍ថា ដីកណ្តាលក្រុងតម្លៃថ្លៃខ្លាំង អ្នកអភិវឌ្ឍនឹងមិនជ្រើសរើសយកមកវិនិយោគ ក្នុងការសាងសង់ផ្ទះល្វែង វីឡានោះទេ តែអាចសាងសង់ជាខុនដូ អាផាតមិន ឬការិយាល័យ ដែលជាជម្រើសល្អបំផុត។

ចំណែកអ្នកនាង គឹម គិនកេសា អ្នកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យCBRE Cambodia បានមានប្រសាសន៍ថ្មីៗនេះថា គិតត្រឹមចុងឆមាសទី១ នៃឆ្នាំ២០២២នេះ ចំនួនខុនដូដែលត្រូវបានផ្គត់ផ្គង់នេះ មានតិចតួច ដោ​យ​ទីផ្សារមួយនេះបាន និងកំពុងពេញនិយមបំផុត ក្នុងចំណោមអតិថិជនសម័យថ្មី។

អ្នកនាងបានបន្តថា “នាពេលអនាគត តម្រូវការខុនដូនឹងមានការកើនឡើងខ្ពស់ ក្នុងចំណោមអតិថិជនជំនាន់ក្រោយ ដោយសារពួកគេបើកទូលា​យ ក្នុងការទទួលយកការផ្លាស់ប្តូរនៃរបៀបរស់នៅសម័យថ្មី”៕