ក្រុមហ៊ុនលី យ៉ុងផាត់បានបើកការដ្ឋានសាងសង់ស្ពានកោះយ៉ ប្រវែងជិត១៣០ម៉ែត្រ

ដោយៈ គង់ សូរិយា

       កោះកុងៈ ក្រុមហ៊ុនលី យ៉ុងផាត់គ្រុបបានចំណាយប្រាក់ជាង១លានដុល្លារអាមេរិក ដើម្បីសាងសង់ស្ពានថ្មីមួយនៅតំបន់កោះយ៉ ដើម្បីសម្រួល​ការធ្វើដំណើរដល់ប្រជាពលរដ្ឋ។

ការសាងសង់ស្ពាននេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកាសជំរុញការសាងសង់ស្ពានបេតុងភ្ជាប់ទៅកោះយ៉។

លោកអន ដាវុធ ប្រធានមន្ទីរសាធារណការខេត្តកោះកុង នៅថ្ងៃទី ២២ សីហា ២០២២កន្លងមកថា ស្ពាននៅកោះយ៉មួយខ្សែនេះ មានប្រវែង ១២៦ម៉ែត្រ និងទទឹង១១ម៉ែត្រ ស្ថិតនៅឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

លោកបានឲ្យដឹងទៀតថា ស្ពាននេះមានតម្លៃ១,៤លានដុល្លារ ដែលក្រុមហ៊ុនលី យ៉ុងផាត់ ជាអ្នកទទួលបន្ទុកចំណាយ និងត្រូវប្រើរយៈពេល១ឆ្នាំកន្លះ ដើម្បីសាងសង់បញ្ចប់។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តី ធ្លាប់បានសម្តែងការព្រួយបារម្ភ ចំពោះស្ពានដែកបាឡេកោះយ៉ ដែលមានសភាពចាស់ទ្រុឌទ្រោម និង អាចបង្កជាគ្រោះថ្នាក់ដល់ពលរដ្ឋ ដែលត្រូវធ្វើដំណើរតាមនេះ ដោយជំរុញ ឱ្យមានការសាងសង់ស្ពានបេតុងថ្មី៕

ដំណឹងល្អៈសម្តេចតេជោនឹងអញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីចំនួន២ទីតាំងនៅចុងខែសីហានេះ

ដោយៈ សុផារី

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣១ សីហា ឆ្នាំ២០២២ខាងមុខនេះ នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកការដ្ឋានស្ថាបនាស្ពានអាកាសថ្មីចំនួន២ទីតាំង ដែលគ្រោងលេចរូបរាងនៅក្នុងរាជធានីភ្នំពេញ នាពេលឆាប់ៗនេះ ដើម្បីសម្រួលការកកស្ទះចរាចរ។

នេះបើយោងតាមប្រភពព័ត៌មានពីក្រសួងព័ត៌មាន បានដកស្រង់សម្តីមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញឱ្យដឹងថា បើតាមកម្មវិធីដែលបានព្រៀងទុក នៅរសៀល៣០ ខែសីហា ឆ្នាំ២០២២ខាងមុខនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នឹងអញ្ជើញក្នុងពិធីក្រុងពលីបញ្ចុះបឋមសិលាសាងសង់ស្ពានអាកាសទាំង២ទីតាំងនេះ នៅផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ហើយនៅព្រឹកថ្ងៃទី៣១ ខែសីហា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកការដ្ឋានស្ថាបនាស្ពានអាកាស២ទីតាំងថ្មីនេះតែម្តង។

គម្រោងនៃការសាងសង់ស្ពានអាកាសទាំង២ ព្រមៗជាមួយគ្នានេះធ្វើឡើងដោយទទួលបានគោលការណ៍ អនុញ្ញាត្តដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន ដោយរដ្ឋបាលរាជធានីភ្នំពេញ នឹងសាងសង់ស្ពានអាកាសថ្មីទី១ ស្ថិតនៅទីតាំងប្រសព្វរវាងមហាវិថី សម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនី្នវង្ស និងវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១)។ ទី២ ស្ថិតនៅទីតាំងស្តុបស៊ិនជូរីប្លាស្សា ប្រសព្វរវាងមហាវិថីសហព័ន្ឋរុស៊្សី មហាវិថី សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ២០០៤) និងផ្លូវលេខ២០១១ ។

បច្ចុប្បន្ននេះ នៅក្នុងរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៧កន្លែង គឺ ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ពានអាកាស៥មករា ស្ពានអាកាសស្តុបផ្សារដីហុយ ស្ពានអាកាសចោមចៅ ស្ពានអាកាសផ្លូវជាតិលេខ៥គីឡូម៉ែត្រលេខ៦ ដែលកំពុងមមាញឹកក្នុងការសាងសង់ ហើយនៅពេលស្ពានអាកាស២នេះរួចរាល់ រាជធានីភ្នំពេញនឹងមានស្ពានអាកាសចំនួន០៩ ដើម្បីសម្រួលការកកស្ទះចរាចរ៕

សម្តេចតេជោទទួលស្គាល់ពីយុវជនមានឱកាសច្រើនធៀបសម័យសង្រ្គាម ហើយគ្រូបង្រៀននិងគ្រូពេទ្យដំឡើងខ្ពស់ជាងគេ

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា ក្នុងសម័យនេះយុវជនមានឱកាសច្រើនណាស់ បើធៀបនឹងយុវជនក្នុងសម័យសង្គ្រាម ដែលបាត់បង់ទាំងស្រុង នូវឱកាសសម្រាប់ការសិក្សារៀនសូត្រ។

សម្តេចតេជោហ៊ុន សែនបានថ្លែងបែបនេះក្នុងពិធីប្រគល់សញ្ញាបត្រ​ដល់និស្សិតសាកលវិទ្យាល័យអាស៊ី អឺរ៉ុបចំនួន៣០០០នាក់នាព្រឹកថ្ងៃទី២៣ សីហានេះ។

សម្តេចតេជោបានបន្តថា ក្រោយរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅឆ្នាំ១៩៧៩ ការបណ្តុះបណ្តាលនៅកម្ពុជាជួបការលំបាកខ្លាំងណាស់។ ក្នុងនោះគ្រូត្រូវបានជ្រើសរើសអ្នក ដែលមិនធ្លាប់មានបទពិសោធន៍ក្នុងការបង្រៀន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា “ការសិក្សាអប់រំនៅកម្ពុជា មិនចំណុះលើការប្រមាថរបស់គេនោះទេ សំខាន់លើការប្រឹងប្រែងពង្រឹងនូវការអប់រំ”។សម្តេចបន្ថែមថា “រាជរដ្ឋាភិបាលទទួលស្គាល់ចំណុចខ្សោយលើការអប់រំ ដែលត្រូវធ្វើការកែលំអរ ហើយក្រសួងអប់រំ បានខិតខំជាខ្លាំងក្នុងការលើកកម្ពស់ការអប់រំ”។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមអ្នកដែលប្រមាថការអប់រំនៅកម្ពុជា គឺទទួលបានបណ្ឌិតពីកម្ពុជា ហើយពេលទៅក្រៅប្រទេសគេហៅបណ្ឌិត។សម្តេចបន្តថា ពីមុនសិស្សរត់រកសាលា តែបច្ចុប្បន្នសាលារត់រកសិស្ស។

សម្តេចតេជោហ៊ុន សែន បានថ្លែងថា ជារឿងគួរឱ្យកត់សម្គាល់មុនសម័យកូវីដ១៩ មានអ្នកប្រឡងជាប់និទ្ទេសតិច តែក្នុងសម័យកូវីដ១៩ រៀនតាមអនឡាញ ធ្វើឱ្យសិស្សនិទ្ទេសAកើន៣ដង។ សម្រាប់សម្តេចតេជោ បញ្ជាក់ថា សញ្ញាណនេះបង្ហាញឱ្យឃើញថា សិស្សព្យាយាមស្វ័យសិក្សា។

ទាក់ទងនឹងស្ថានភាពគ្រូពេទ្យ និងការរីកថរាលដាលជំងឺកូវីដ១៩កន្លងមក សម្តេចតេជោហ៊ុន សែន បានថ្លែងថា “គ្រូពេទ្យហត់ពេកហើយ ក្នុងដំណាក់កាលរាតត្បាតនៃជំងឺកូវីដ១៩នេះ។ ហេតុនេះប្រាក់បៀវត្សរ៍គ្រូបង្រៀន និងគ្រូពេទ្យដំឡើងខ្ពស់ជាងគេ”។

សម្តេចតេជោហ៊ុន សែន បានថ្លែងថា បើរៀនមិនកើតកុំបន្ទោសសា​លាឬបន្ទោសគ្រូ ត្រូវបន្ទោសខ្លួនឯងមិនប្រឹងប្រែង។ សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យសិក្សាពីចំនួនមន្ត្រីរាជការនៅប្រទេសស្រីលង្កា ដែលមានចំនួនប្រមាណ ១,៥លាននាក់។ ចំនួននេះសម្តេចតេជោ លើកឡើងថា អាចជាបញ្ហាមួយឱ្យស្រីលង្កាជួបវិបត្តិ។

សម្តេចតេជោបានបញ្ជាក់ថា ការជ្រើសរើសមន្ត្រីរាជការ មិនអាចចេះតែរើសបាននោះទេ គឺត្រូវមានការប្រឡងឱ្យច្បាស់លាស់។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីសម្តេចអស់អំណាច តែការគ្រប់គ្រងអំណាច គឺនៅតែស្ថិតក្រោមកណ្តាប់ដៃ របស់បក្សប្រជាជនកម្ពុជាជានិច្ច។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា “ចរិតរបស់សម្តេចមិនប្តូរជានិច្ច គឺឈរការពារសន្តិភាព និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ”៕

ហ្វីលីពីន គ្រោងសាងសង់អាកាសយានដ្ឋានតម្លៃជិត១១ពាន់លានដុល្លារ នៅភាគខាងត្បូងនៃរដ្ឋធានីម៉ានីល

ដោយៈ សុខុម

ម៉ានីល: ប្រទេសហ្វីលីពីនបានប្រកាសនៅថ្ងៃអង្គារ ទី២៣ ខែសីហា ថា ខ្លួននឹងប្រគល់គម្រោងអាកាសយានដ្ឋានតម្លៃ១០,៩ពាន់លានដុល្លារអាមេរិក នៅភាគខាងត្បូងនៃរដ្ឋធានីម៉ានីលឱ្យទៅសម្ព័ន្ធក្រុមហ៊ុនមួយ ដែលដឹកនាំដោយក្រុមមហាសេដ្ឋីហ្វីលីពីន។

សម្ព័ន្ធក្រុមហ៊ុន SPIA Development Consortium រួមមានក្រុមហ៊ុនហ្វីលីពីន Cavitex Holdings ក្រុមហ៊ុន House of Investments ក្រុមហ៊ុន MacroAsia និងក្រុមហ៊ុនជាដៃគូ Munich Airport International Airport និងក្រុមហ៊ុន Samsung C&T Corp របស់កូរ៉េខាងត្បូង។

រដ្ឋបាលខេត្ត Cavite បានលើកឡើងក្នុងឯកសារជូនដំណឹង ដល់សម្ព័ន្ធក្រុមហ៊ុននេះថា គ្មានគូប្រជែង ឬអ្នកដេញថ្លៃទិញឯកសារ ដើម្បីដេញថ្លៃយកគម្រោងអាកាសយានដ្ឋាន Sangley នេះទេ។ ដូច្នេះគម្រោងនេះនឹងត្រូវប្រគល់ឱ្យទៅខ្លួន ដែលគ្រោងធ្វើជាផ្លូវការនៅថ្ងៃទី១៤ ខែកញ្ញា។

គម្រោងអាកាសយានដ្ឋាន Sangley ស្ថិតក្នុងចំណោមគម្រោងអាកាសយានដ្ឋានតម្លៃច្រើនពាន់លានដុល្លារ ចំនួន២ដែលបានគ្រោងឡើងដើម្បីកាត់បន្ថយសម្ពាធរបស់អាកាសយានដ្ឋានក្រុងម៉ានីល ដែលមានសភាពកកស្ទះ និងចាស់ទ្រុឌទ្រោម។ គម្រោងអាកាសយានដ្ឋានទី២ ដែលស្ថិតនៅភាគខាងជើងនៃរដ្ឋធានីម៉ានី កំពុងស្ថិតក្រោមការសាងសង់។

កាលពីខែមករា ឆ្នាំ២០២១ រដ្ឋបាលខេត្ត Cavite បានលុបចោលសេចក្ដីសម្រេចរបស់ខ្លួនក្នុងការប្រគល់គម្រោងអាកាសយានដ្ឋាននេះឱ្យទៅសម្ព័ន្ធក្រុមហ៊ុនចិន China Communications Construction Co និងក្រុមហ៊ុន MacroAsia ដោយសារឯកសារមិនគ្រប់គ្រាន់៕ Reuters៕

សម្តេចតេជោរំលឹកអតីតកាលឆ្នាំ២០០៤ ប្រទេសកម្ពុជាមានអាគារខ្ពស់ត្រឹម៧ជាន់ហើយមានត្រឹមតែមួយប៉ុណ្ណោះ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកអតីតកាលរបស់ប្រទេសកម្ពុជា ដែលកាលនោះ នៅក្នុងឆ្នាំ២០០៤ មានអាគារខ្ពស់បំផុតត្រឹមតែ៧ជាន់ទេ ហើយមានតែមួយតែប៉ុណ្ណោះ ខណៈបច្ចុប្បន្ននេះ នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងក្រុងភ្នំពេញ មានវត្តមានអាគារខ្ពស់ៗជាច្រើន។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភី របស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ប្រមាណ៣.០០០នាក់ នៅព្រឹកថ្ងៃទី២៣ ខែសីហានេះ។

សម្ដេចបានចោទជាសំណួរទាក់ទងនឹងទីតាំងអាគារពាណិជ្ជកម្មនិងពិព័រណ៌ជ្រោយចង្វារថា “ទាក់ទងនឹងការអភិវឌ្ឍ ដីកន្លែងនេះជាកន្លែងអ្វី? ដើមត្រែងយោល។ ឥឡូវយើងអភិវឌ្ឍទៅជាទីក្រុងមួយនៅទីនេះ។ តើឱ្យអភិវឌ្ឍន៍ ឬធ្វើអ្វី?”។

សម្តេចរំលឹកថា កាលពីឆ្នាំ២០០៤ ប្រទេសកម្ពុជាមានអាគារខ្ពស់បំផុតត្រឹមតែ៧ជាន់ ហើយមានតែមួយទៀត។ ក្រោយមកទៀត សម្តេចបានប្រកាស ឱ្យអ្នកអភិវឌ្ឍន៍គ្រប់រូបធ្វើបានវិនិយោគឱ្យបានខ្ពស់ ដោយអ្នកណាអាចធ្វើបានខ្ពស់ជាងគេ សម្តេចនឹងបំបាក់ពាក់មេដាយជូន។

សម្តេចថ្លែងថា “ប្រទេសកម្ពុជា ឆ្នាំ២០០៤ ហើយ យើងមានអាគារខ្ពស់បំផុតតែ៧ជាន់ ហើយមានតែមួយទៀត។ ២០០៤ហើយ ទាល់តែខ្ញុំប្រកាសថា អ្នកណាធ្វើបានខ្ពស់ជាងគេ ពាក់មេដាយឱ្យ”៕

យោងតាមការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា គិតត្រឹមដើមឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញមានអគារខ្ពស់ៗចំនួន១.៦០៣អគារ ក្នុងនោះ អគារកម្ពស់ចាប់ពី២០ជាន់ឡើងទៅ មានចំនួន២២៥អគារ៕

សម្តេចតេជោបានណែនាំឲ្យរដ្ឋមន្រ្តីក្រសួងព៌តមានបិទប្រព័ន្ឋផ្សព្វផ្សាយណាដែលជេរប្រមាថ

ដោយៈគង់ សូរិយា

       ភ្នំពេញៈ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែ​នាំទៅកាន់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ត្រូវបិទអាជ្ញាប័ណ្ណចោលនូវប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងឡាយណា ដែលប្រើប្រាស់នូវពាក្យជេរប្រមាថអ្នកដទៃ។

ការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត របស់សាកលវិទ្យាល័យអាស៉ីអឺរ៉ុប នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា “ថ្ងៃក្រោយត្រូវពិនិត្យ រដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ ក្រុមណាដែលចេញមកជេរបិទវាចោលទៅ”។ សម្តេចបន្តថា “ឲ្យសិទ្ធិអ្នកឯងក្នុងការនិយាយ បញ្ចេញមតិ ប៉ុន្ដែសិទ្ធិជេរមិនត្រូវបានប្រើប្រាស់ក្នុងសារព័ត៌មានឡើយ ហើយបើឡាយក្នុងហ្វេសបុកជេរនោះជារឿងផ្សេង”។

ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានរំលឹកនូវរឿងរ៉ាវមួយកាលពីឆ្នាំ២០២០ ដែលរដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ ស្នើទៅសម្ដេចដោយសុំឲ្យមេធាវីស្ម័គ្រចិត្តរបស់សម្ដេចតេជោ ជួយការពារអ្នកសារព័ត៌មាន ប៉ុន្ដែត្រូវបានសម្ដេចសម្រេចថា យកត្រឹមពាក់កណ្ដាល

ដោយជួយការពារអ្នកសារព័ត៌មានដោយអង្គហេតុ និងអង្គច្បាប់សមស្រប បើអ្នកសារព័ត៌មាននោះ ជេរគេមេធាវីសម្ដេចមិនជួយការពារនោះទេ។

ពាក់ព័ន្ធជាមួយលោក សាន្ដ ប៊ុនធឿននេះ សម្ដេចតេជោ ហ៊ុន សែន បានទម្លាយថា សម្ដេចធ្លាប់ជួយជាលុយសុទ្ធប្រមាណ១៨ម៉ឺនដុល្លារ ដើម្បីឲ្យលោក សាន្ដ ប៊ុនធឿន ទិញផ្ទះនៅ និងការឧបត្ថម្ភថវិកាប្រចាំខែបន្ថែមទៀតផង។

ដើមចមដែលនាំឲ្យសម្ដេចតេជោ ហ៊ុន សែន ណែនាំឲ្យកាត់ចោលក្របខ័ណ្ឌលោក សាន្ដ ប៊ុនធឿន ចេញពីកងយោធពលខេមរភូមិន្ទ ពិសេសពីបញ្ជាការដ្ឋានអង្គរក្សនោះ គឺដោយសារតែសម្ដេចណែនាំច្រើនលើក ច្រើនសារអំពីឥរិយាបថ និងការប្រើប្រាស់ពាក្យសម្ដីមិនសមរម្យ ហើយឡាយនៅលើបណ្ដាញសង្គមហ្វេសបុក ប៉ុន្ដែលោកសាន្ដ ប៊ុនធឿន មិនបានកែប្រែនោះឡើយ។ ក្រៅពីកាត់ចោលក្របខ័ណ្ឌកងទ័ពហើយនោះ អាជ្ញាប័ណ្ណសារព័ត៌មានរបស់លោក សាន្ដ ប៊ុនធឿន ក៏ត្រូវបានរដ្ឋមន្ដ្រីក្រសួងព័ត៌មានបិទចោលផងដែរ។

ដោយឡែក សម្រាប់លោក ហ៊ត ប៊ូ ហៅក្រៅ អធិរាជមហាសាច់ ដែលត្រូវបាននាយឧត្តម សេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ចេញសេចក្ដីសម្រេចលុបឈ្មោះចេញ ពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ ក៏ដោយសារការប្រើប្រាស់បណ្ដាញសង្គម ជេរប្រមាថអ្នកដទៃ ដែលល្មើសច្បាប់ស្ដីពី លក្ខន្ដិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទដូចគ្នានេះដែរ៕

 

សម្តេចតេជោ៖ បេក្ខភាពនាយករដ្ឋមន្ត្រីកម្ពុជាមិនចាំបាច់ទៅសុំការគាំទ្រពីប្រទេសណាឡើយ

ដោយ : សុផារី

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្ត្រីកម្ពុជា មិនចាំបាច់ទៅសុំការគាំទ្រពីប្រទេសណាឡើយ ហើយប្រសិនបើលោក ហ៊ុន ម៉ាណែត គ្មានសមត្ថភាព និងគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជានាយករដ្ឋមន្រ្តីទេ នោះសម្តេចមិនឱ្យប្រទេសកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ត្រូវបំផ្លាញដោយលោក ហ៊ុន ម៉ាណែតឡើយ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភី របស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ប្រមាណ៣.០០០នាក់ នៅព្រឹកថ្ងៃទី២៣ ខែសីហានេះ។

សម្តេចបានមានប្រសាសន៍ថា ប្រទេសកម្ពុជាមិនមានតម្រូវការ ទៅសុំការគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រី ពីប្រទេសណាទាំងអស់ ហើយបេក្ខភាពនាយករដ្ឋមន្ត្រីនៅកម្ពុជា ជាដំបូងត្រូវទទួលបានការគាំទ្រពីគណបក្សសាម៉ី និងបន្ទាប់មកត្រូវឆ្លងកាត់ការបោះឆ្នោត។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា “ដំបូងត្រឹមតែចោទ ម៉ាណែត ទស្សនកិច្ចនៅវៀតណាម ទៅទទួលបញ្ជាពីវៀតណាម សុំការគាំទ្រពីវៀតណាម ខ្ញុំសូមជម្រាប កម្ពុជាអត់មានតម្រូវការទៅសុំការគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រី ពីប្រទេសណាទាំងអស់”។

សម្តេចតេជោសង្កត់ធ្ងន់ថា ”សម្រាប់កម្ពុជា ដំបូងឡើយត្រូវមានការគាំទ្រពីគណបក្សប្រជាជនកម្ពុជាខ្លួនឯង បន្ទាប់ពីហ្នឹងទៅត្រូវអី? ត្រូវធ្វើការបោះឆ្នោតៗ ដើម្បីឱ្យក្លាយទៅជាតំណាងរាស្រ្ដ ព្រោះរដ្ឋធម្មនុញ្ញកម្ពុជាបានកំណត់ថា នាយករដ្ឋមន្ត្រីត្រូវតែជាសមាជិកសភា ចឹងត្រូវឆ្លងកាត់ការបោះឆ្នោតដោយប្រជាជន ដើម្បីឱ្យក្លាយទៅជាតំណាងរាស្រ្ដ។ បានក្លាយទៅជាតំណាងរាស្រ្ដហើយ ត្រូវបានទទួលបានការតែងតាំងធ្វើជានាយករដ្ឋមន្ត្រី ដើម្បីរៀបចំរាជរដ្ឋាភិបាល រៀបចំរួចហើយ ត្រូវយកទៅសុំការអនុម័តពីសភា ដែលជាអំណាចពេញលេញរបស់សភា”។

 

China to offer $29 billion in special loans to troubled developers

China is planning to offer 200 billion yuan ($29.2 billion) in special loans to troubled developers, Bloomberg reported on Monday, citing people familiar with the matter.

On Friday, Chinese state media reported that China will support construction and delivery of unfinished residential projects through special loans schemes from policy banks.

The loan amount was not disclosed.

Chinese regulators last month promised to help local governments deliver property projects on time after homebuyers threatened to stop mortgage payments on unfinished apartments.

 

គំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់ និងផ្លូវ” របស់មហាយក្សចិនបានចំណាយលើហេដ្ឋារចនាសម្ព័ន្ធលើស១ទ្រីលានដុល្លារ

ដោយៈ សុខុម

ប៉េកាំង: ក្រសួងការបរទេសចិនបានអះអាងថា រដ្ឋាភិបាលចិនបានធ្វើការជាមួយប្រទេសជិត១៥០ ហើយបានចំណាយប្រាក់រហូតដល់ទៅ១ទ្រីលានដុល្លារអាមេរិក ជាផ្នែកមួយនៃគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” (Belt and Road Initiative) របស់រដ្ឋាភិបាលក្រុងប៉េកាំង ដើម្បីបើកផ្លូវពាណិជ្ជកម្មឆ្លងដែន។

ការចេញមុខអះអាងនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងសហរដ្ឋអាមេរិក ដែលធ្វើការចោទប្រកាន់ថា គំនិតផ្ដួចផ្ដើមរបស់មហាយក្សចិន គឺជា “អន្ទាក់បំណុល” ដែលទាក់បណ្ដាប្រទេសក្រីក្រឱ្យចូលស៊ង និងជាប់ផុងជំពាក់បំណុលប្រទេសចិនរើខ្លួនមិនរួច។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃសុក្រ ទី១៩ ខែសីហា។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកWang Wenbin បានអះអាងពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហាកន្លងមកថា រដ្ឋាភិបាលក្រុងប៉េកាំង បានចុះ “កិច្ចព្រមព្រៀងសហប្រតិបត្តិការ” ក្នុងគំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់ និងផ្លូវ” ជាមួយប្រទេសចំនួន១៤៩ និងអង្គការអន្តរជាតិចំនួន៣២ គិតត្រឹមថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ និងកំពុងទទួលយកគម្រោងចំនួន៣.០០០គម្រោង។

គំនិតផ្តួចផ្តើមដែលបានឈានដល់ខួបឆ្នាំទី៩ នេះផ្ដល់ជំនួយគាំទ្រពីប្រទេសចិន ដែលជាញឹកញាប់ធ្វើឡើង តាមរយៈក្រុមហ៊ុនសហគ្រាសរដ្ឋធំៗសម្រាប់ផ្លូវថ្នល់ អាកាសយានដ្ឋាន កំពង់ផែសមុទ្រ និងហេដ្ឋារចនាស ម្ព័ន្ធផ្សេងៗទៀតដែលធ្វើឱ្យពាណិជ្ជកម្មទំនិញកាន់តែរលូន។

គម្រោងនានាបានចាប់ផ្តើមនៅអាស៊ី និងបានពង្រីកចូលដល់ទ្វីបអឺរ៉ុប មុនពេលគ្របដណ្តប់ផ្នែកខ្លះនៃទ្វីបអាហ្រ្វិក និងទ្វីបអាមេរិក ប៉ុន្តែរដ្ឋមន្ត្រីការបរទេសអាមេរិក លោកAntony Blinken បានចោទប្រកាន់ប្រទេសចិន ថាបានបង្កើត “អន្ទាក់បំណុល” តាមរយៈគំនិតផ្ដួចផ្ដើមនេះ។

ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin លើកឡើងថា “អ្វីដែលគេហៅថាជាអន្ទាក់បំណុលចិន គឺជាការភូតកុហក ដែលបង្កើតឡើងដោយសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចមួយចំនួនទៀត ដើម្បីបង្វែរការទទួលខុសត្រូវ និងការស្តីបន្ទោស”។

លោកបានបន្ថែមទៀតថា “ការចោទប្រកាន់របស់ពួកគេ មកលើប្រទេ​សចិន គឺមិនអាចការពារខ្លួនពួកគេទៀតបានឡើយ”៕ South China Morning Post៕

តើអ្នកត្រូវត្រៀមឯកសារតម្រូវសម្រាប់បង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ?

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ការដឹង និងអាចរៀបចំជាមុនមានសារៈសំខាន់ណាស់ ដើម្បីកុំឲ្យខាតបង់ពេលវេលា និងអាចបំពេញបែបបទនិតិវិធីបានដោយរលូន។


យោងតាមឯកសាររបស់អគ្គនាយកដ្ឋានពន្ឋដាបានបង្ហាញថា ការស្នើសុំបង់ពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យ អ្នកជាប់ពន្ធត្រូវភ្ជាប់ឯកសារដូចជា

-ចំពោះការផ្ទេរកម្មសិទ្ធិអចលនទ្រព្យដែលបានចុះបញ្ជី (មានប័ណ្ណកម្មសិទ្ធិ) ត្រូវមានសំណុំឯកសារពីមន្ទីររៀបចំដែន ដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ព្រមទាំងឯកសារពាក់ព័ន្ធនានា ដូចតទៅ ៖

+បំពេញពាក្យស្នើសុំបង់ពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ (PT 02) (០១ ច្បាប់)។
+វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (Ci LMAP)
+លិខិតលក់ផ្តាច់
+អត្តសញ្ញាណប័ណ្ណ អ្នកផ្ទេរកម្មសិទ្ធិនិងអ្នកទទួលកម្មសិទ្ធិ
+សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ
+ព័ត៌មានក្បាលដី
+កំណត់បង្ហាញរបស់សុរិយោដី
+ទម្រង់បែបបទនៃការប្រមូលទិន្នន័យក្បាលដី
+កិច្ចសន្យាទិញ-លក់ ឬសាលក្រម ឬស.ជ.ណ និងលក្ខន្តិកៈក្រុមហ៊ុន សម្រាប់ក្រុមហ៊ុន និងសហគ្រាស។

-ចំពោះការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលមិនទាន់ចុះបញ្ជី (គ្មានប័ណ្ណកម្មសិទ្ធិ) ត្រូវមានសំណុំឯកសារបញ្ជាក់ ពី មេឃុំ ចៅសង្កាត់ អភិបាលក្រុង ស្រុក ខណ្ឌ ដូចតទៅ៖

+ពាក្យស្នើសុំផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលមិនទាន់ចុះបញ្ជី។
+សេចក្តីជូនដំណឹងស្តីពីការចុះវាស់វែង អចលនទ្រព្យដែលមិនទាន់ចុះបញ្ជី។
+កំណត់ហេតុស្តីពីការចុះពិនិត្យវាស់វែង អចលនទ្រព្យដែលមិនទាន់ចុះបញ្ជី។
+លិខិតផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលមិនទាន់ចុះបញ្ជី។
+អត្តសញ្ញាណប័ណ្ណ អ្នកផ្ទេរសិទ្ធិនិងអ្នកទទួលសិទ្ធិ។
+សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ។
+កិច្ចសន្យាទិញ-លក់ ឬសាលក្រម ឬស.ជ.ណ និងលក្ខន្តិកៈក្រុមហ៊ុន សម្រាប់ក្រុមហ៊ុន និងសហគ្រាស៕