ទីក្រុងរបស់ចិនចំនួន១០០បានចាប់ផ្តើមជំរុញការទិញផ្ទះ ដើម្បីទប់ស្កាត់ការធ្លាក់ចុះក្នុងវិបត្តិ

ដោយៈលាងហួរ

ប្រទេសចិនៈ ទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន ដែលជាសសរស្តម្ភដ៏សំខាន់ នៃសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក បានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារការរឹតបន្តឹងរបស់រដ្ឋាភិបាល លើការខ្ចីប្រាក់ច្រើនហួសហេតុរបស់អ្នកអភិវឌ្ឍន៍ និងការធ្លាក់ចុះសេដ្ឋកិច្ច ដែលបណ្តាលមកពីជំងឺរាត​ត្បាតកូវីដ១៩។

រហូតមកដល់ពេលនេះ ទីក្រុងជាង១០០បានចាត់វិធានការ ដើម្បីជំរុញតម្រូវការទិញផ្ទះ តាមរយៈការកាត់បន្ថយអត្រាការប្រាក់កម្ចី ការបង់រំលោះតូចៗ និងការឧបត្ថម្ភធនធាន។

ទោះជាយ៉ាងណាក៏ដោយ ការព្យាករណ៍របស់អ្នកជំនាញបានអោយដឹងថា ស្ថានភាពអចលនទ្រព្យនៅចិន នៅតែមិនទាន់មានភាពល្អប្រសើរ​​ ដោយសារការអនុវត្ត ការទប់ស្កាត់ជំងឺកូវីដ១៩ យ៉ាងតឹងរ៉ឹងនៅក្នុងទីក្រុងរាប់សិប ដែលធ្វើអោយអ្នកទិញបាត់បង់នូវទំនុកចិត្ត។ បញ្ហាទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន ទំនងជានឹងកាន់តែអាក្រក់នៅឆ្នាំនេះ ដោយមិនមានការកើនឡើងនៃតម្លៃផ្ទះពេញមួយឆ្នាំ។

អ្នកវិភាគបាននិយាយថា សារពើភ័ណ្ឌលំនៅដ្ឋានជាតិ ស្ថិតក្នុងកម្រិតខ្ពស់ ជាពិសេសនៅក្នុងទីក្រុងលំដាប់ទី៣ និងទី៤ ដែលប្រឈមមុខនឹងសម្ពាធនៃការស្តុកទុកដ៏ធំ ដោយសារតែតម្រូវការធ្លាក់ចុះ។ ការលក់អចលនទ្រព្យ នៅក្នុងខែមេសា បានធ្លាក់តម្លៃក្នុងល្បឿនដ៏លឿនបំផុត ក្នុងរយៈពេលប្រហែល១៦ឆ្នាំមកនេះ​ បើទោះបីជារដ្ឋចិនមានវិធានការបន្ធូរបន្ថយគោលនយោបាយកូវីដសូន្យបន្ថែមទៀត សំដៅធ្វើឱ្យវិស័យនេះស្ទុះងើបឡើងវិញ។

ធនាគារកណ្តាលបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា និយតករហិរញ្ញវត្ថុបានសន្យាថា នឹងរក្សាកំណើនឥណទានឱ្យមានស្ថេរភាពនៅក្នុងវិស័យអចលនទ្រព្យ និងជួយអ្នកទិញផ្ទះដែលរងផលប៉ះពាល់ ដោយសារការផ្ទុះឡើងនៃជំងឺកូវីដ១៩ ដើម្បីពន្យាពេលការទូទាត់ប្រាក់កម្ចីរបស់ពួកគេ។

អ្នកអភិវឌ្ឍន៍អចលនទ្រព្យឯកជនជាច្រើន បាកាត់បន្ថយការបោះទុនវិនិយោគ នៅពេលដែលពួកគេប្រឈមមុខការធ្លាក់ចុះនៃការលក់៕

 

 

អាជ្ញាធរខេត្តកោះកុងកំណត់ទីតាំងចំនួន៤ សំរាប់ដំឡើងផ្ទាំងប៉ាណូក្រោមប្រធានបទ “តំបន់គ្មានការប្រើប្រាស់ផ្លាស្ទិក”

 ដោយៈ សហសេវិក

       កោះកុងៈ អាជ្ញាធរ​ខេត្តកោះកុង​ បានកំណត់​យក​ទីតាំង​សំខាន់ៗ​ចំនួន​ ៤ ​សម្រាប់​ដំឡើង​ផ្ទាំង​ប៉ាណូ ក្រោម​ប្រធានបទ “​តំបន់​គ្មាន​ការប្រើប្រាស់​ប្លាស្ទិក​” សំដៅ​ផ្សព្វផ្សាយ​ជូន​ដល់​សាធារណជន​ ឱ្យ​មាន​ការយល់ដឹង​ពី​ការទប់ស្កាត់ និង​ការកាត់បន្ថយ​ការប្រើប្រាស់​ប្លាស្ទិក​ក្នុង​ភូមិសាស្ត្រ​ខេត្តកោះកុង​។

​លោក​ សុខ សុទ្ធី អភិបាលរង​ខេត្តកោះកុង​បានមានប្រសាសន៍ឲ្យដឹងកាលពីម្សិលម៉ិញនេះថា តាមរយៈ​កិច្ចប្រជុំ​នា​ថ្ងៃទី​ ២៤ ឧសភា រដ្ឋបាល​ខេត្តកោះកុង បាន​ពិភាក្សា​ស្តីពី​សំណើសុំ​ទីតាំង​រៀបចំ ​ដាក់​ដំឡើង​ផ្ទាំង​ប៉ាណូ ក្រោម​ប្រធានបទ “​តំបន់​គ្មាន​ការប្រើប្រាស់​ប្លាស្ទិក​”​។ ជា​លទ្ធផល កិច្ចប្រជុំ​បានសម្រេច​ឯកភាព ​កំណត់​យក​ទីតាំង​សម្រាប់​ដំឡើង​ប៉ាណូ​ចំនួន ​៤ ​ទីតាំង រួមមាន ទីតាំង​ទី​ ១ នៅ​សហគមន៍​អេកូទេសចរណ៍​ជីផាត ទីតាំង​ទី​ ២ នៅ​សហគមន៍​ទេសចរណ៍​អារ៉ែង ទីតាំង​ទី ​៣ នៅ​សហគមន៍​ទេសចរណ៍​តាតៃ និងទីតាំង​ទី​៤ នៅ​វត្ត​ប៉ាក់ខ្លង​។

លោកបន្តឲ្យដឹងថា “ការដំឡើង​ផ្ទាំង​ប៉ាណូ​នេះ ​ធ្វើឡើង​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ដូរ​ឥរិយាបថ ​ពី​ការប្រើប្រាស់​ប្លាស្ទិក​ មកប្រើប្រាស់​របស់របរ​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន ឬ​អាច​កែច្នៃ​ប្រើប្រាស់​ឡើងវិញ​បាន ជាពិសេស​អប់រំ​កុំឱ្យ​មានការ​បោះចោល ​ប្លាស្ទិក​ចូលទៅក្នុង​ទឹក ជាពិសេស​ទឹកសមុទ្រ”​។

ផ្ទាំង​ប៉ាណូ​មាន​ទំហំ​ជាង​១ម៉ែត្រក្រឡា ហើយ​រូបភាព​ដែល​បង្ហាញ​លើ​ផ្ទាំង​ប៉ាណូ​នោះ​ នឹងដាក់​រូប​ក្នុងន័យ​បំផុស​ស្មារតី ​ឱ្យ​ពលរដ្ឋ​ចាប់អារម្មណ៍​ស្រឡាញ់​ភាពស្រស់ស្អាត ​នៃ​ការ​វេចខ្ចប់​បែប​ធម្មជាតិ និង​ការកែច្នៃ​មួយចំនួន​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន និង​ការកាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លាស្ទិក​។ តួយ៉ាង​ដូចជា ខ្ចប់ ឬ​ដាក់​ម្ហូប​ដោយ​ស្លឹកចេក ឬ​ស្លឹក​ឈូក​ជាដើម​។

លោកសុខ សុទ្ឋីបានបន្ត​ថ្លែងថា​ យើង​អត់​សរសេរ​អក្សរ​ច្រើន​ទេ​គ្រាន់តែ​ដាក់ថា កន្លែង​ដែល​មិន​ប្រើប្រាស់​ប្លាស្ទិក ហើយ​រូប​ថង់​ប្លាស្ទិក យើង​គូស​ខ្វែង​។ ចំណែក​សញ្ញា​ធិក គឺ​ប្រើ​លើ​រូប​ដែល​បង្ហាញថា មិន​ប៉ះពាល់​បរិស្ថាន និង​ការប្រើប្រាស់​របស់​ដែល​អាច​កែច្នៃ​ឡើងវិញ​បាន​។

លោកបន្តថា “ការដាក់​ផ្ទាំង​ប៉ាណូ​នេះ​មិនមែន​ធ្វើឡើង​តែ​៤ ​ទីតាំង​នេះ​ទេ ទៅ​ថ្ងៃមុខ​នឹងមាន​ការរៀបចំ​ដាក់តាំង​បន្ថែមទៀត ក្នុង​មូលដ្ឋាន​តាម​ដែល​អាចធ្វើ​ទៅបាន ព្រោះ​ថវិកា​ក្នុងការ​ទ្រទ្រង់​ការដាក់​តាំង​នេះ ​ជាការ​ផ្តល់ឱ្យ​ដោយ​ក្រសួង​បរិស្ថាន​”។

ជាមួយគ្នានេះ លោក​ ហេង យ៉ុនគូរ៉ា នាយក​ប្រតិបត្តិ​អង្គការ​កែច្នៃ និង​អនាម័យ​សហគមន៍​ថ្លែង​នៅ​ថ្ងៃដដែលថា ការដំឡើង​ផ្ទាំង​ប៉ាណូ​ផ្សព្វផ្សាយ​នេះ​គឺជា​រឿង​ល្អ ដើម្បី​ពញ្ញាក់​ស្មារតី​ភ្ញៀវទេសចរ​ ឱ្យបាន​យល់ដឹង​កាន់តែច្រើន ដើម្បី​ជួយ​កាត់បន្ថយ​ការប្រើប្រាស់​ប្លាស្ទិក ជាពិសេស​នៅតាម​ទន្លេ និង​សមុទ្រ​។

លោក​បាន​ថ្លែងថា “​យើង​ដាក់​ការអប់រំ​ច្រើន​ប៉ុនណា ​នឹង​ធ្វើឱ្យ​ប្រជាជន និង​អ្នកទេសចរ គាត់​អាច​ជ្រាប​យល់ដឹង​ច្រើន​ទៅតាម​នោះ​។ ពេល​ដឹងថា​វា​ប៉ះពាល់​សុខភាព​គាត់ គាត់​អាច​បន្ថយ​អ៊ីចឹងទៅ​”។ លោកបន្តថា “ជាពិសេស​អាជីវ​ករលក់​បាយ លក់​អីហ្នឹង​ពេល​គាត់​ដឹង​ទៅ គាត់​បន្ថយ​ការប្រើប្រាស់​ស្នោ​ទៅប្រើ​កញ្ចប់​ធ្វើ​ពី​ចំបើង ស្លឹក​ចេក កាក​អំពៅ ដើម​ចេក​អ៊ីចឹងទៅ​។ អាហ្នឹង​ក៏​ល្អ​ដែរ ព្រោះ​ប្រើ​ហើយ​បោះចោល​ទៅ​វារ​លាយ”៕

រដ្ឋាភិបាលពង្រីការតភ្ជាប់និងសហការក្នុងការពង្រីកភស្តុភារកម្មជាមួយប្រទេសឡាវ និងវៀតណាម

 ដោយៈគង់ សូរិយា

       ភ្នំពេញៈ ក្រុមមន្រ្តីជំនាញជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន និងមន្រ្តីជំនាញនៃទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) បានបើកកិច្ចពិភាក្សារួមគ្នា លើ៦ចំនុចធំៗ ដើម្បីធ្វើឲ្យប្រសើរឡើង នូវគម្រោងកែលម្អប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា ដំណាក់កាលទី២។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកវ៉ាស៊ីម សូរិយា ដែលបានចូលរួមដឹកនាំកិច្ចប្រជុំកាលពីថ្ងៃទី២៤ ឧសភាកន្លងមក បានឲ្យដឹងថា កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង ទិសដៅសកម្មភាព ដែលត្រូវអនុវត្តបន្ត នៅខែបន្ទាប់ បញ្ហាប្រឈមនានា លើកនូវសំណូមពរ និងដំណោះស្រាយ និងដើម្បីពិភាក្សាទៅលើលទ្ធផលដែលបានរំពឹងទុក។

ជាមួយគ្នានេះ ក្នុងថ្ងៃដដែល​ ក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាល និងចែករំលែកចំណេះដឹងក្នុង ការកសាងសមត្ថភាព និងពង្រឹងស្ថាប័ន ដើម្បីរៀបចំក្របខណ្ឌត្រួតពិនិត្យ និងវាយតម្លៃវិស័យភស្តុភារកម្ម និងទិន្នន័យភស្តុភារកម្មនៅកម្ពុជា និងកិច្ចសហការរវាងកម្ពុជា-ឡាវ-វៀតណាម (វគ្គ២)ផងដែរ។

សិក្ខាសាលានេះរៀបចំឡើងដោយ គម្រោងសហប្រតិបត្តិការបច្ចេក​ទេស នៃមូលនិធិសហប្រតិបត្តិការមេគង្គ- សាធារណរដ្ឋកូរ៉េ(MKCF) ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូពីចម្ងាយពី តំណាងក្រសួងដឹកជញ្ជូននៃប្រទេសវៀតណាម ប្រទេសឡាវ តំណាងវិទ្យាស្ថានមេគង្គ អ្នកជំនាញជាតិនិងអន្តរជាតិ ផ្នែកភស្តុភារកម្ម អគ្គនាយកដ្ឋានពាក់ព័ន្ធ ក្រោមឱវាទក្រសួងសាធារណការ និងដឹកជញ្ជូន កំពង់ផែ ស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ សមាគមភស្តុភារកម្មកម្ពុជា(CLA) និងសមាគមដឹក ជញ្ជូនទំនិញផ្លូវគោកកម្ពុជា(CAMTA)ផងដែរ។

អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារកម្ម ក្រសួងសាធារណការ និងដឹកជញ្ជូនលោកឈៀង ពេជ្រ បានមានប្រសាសន៍ថា សិក្ខាសានានេះផ្តោតសំខាន់លើការផ្តល់ជាចំណេះដឹងផ្នែក គ្រប់គ្រង និងការរៀបចំទិន្នន័យស្ថិតិវិស័យភស្តុភារកម្ម ទាំងនៅក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម ការពង្រឹងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងបី ក្នុងការរួមគ្នាកសាងទិន្នន័យមូល   ដ្ឋាននៅក្នុងវិស័យ ដឹកជញ្ជូន និងភស្តុភារកម្ម ជាពិសេសការចែករំលែកចំណេះដឹងអនុវត្ត និងបទពិសោធន៍របស់អ្នកជំនាញ ការអន្តរជាតិផ្នែកភស្តុភារកម្មមកពីទ្វីបអឺរ៉ុប និងអាស៊ីដល់សិក្ខាកាម៕

 

ធនាគាពិភពលោកផ្តល់ជំនួន១៦៩លានដុល្លារជួយធ្វើឱ្យប្រសើរឡើងនូវភាពធន់ទៅនឹងគ្រោះធម្មជាតិនៅកម្ពុជា

ដោយៈម៉ាលីនណា

ភ្នំពេញៈ ធនាគារពិភពលោក នៅថ្ងៃទី២៦ខែឧសភា បានអនុម័តលើជំនួយមានទឹកប្រាក់ចំនួន១៦៩លានដុល្លារអាមេរិក ជាកញ្ចប់ហិរញ្ញប្បទានថ្មី ដល់គម្រោងការគ្រប់គ្រងហានិភ័យ គ្រោះធម្មជាតិអាស៊ីអាគ្នេយ៍ នៅកម្ពុជា ដំណាក់កាលទី២។

ជំនួយនេះនឹងប្រើប្រាស់សម្រាប់បង្កើនភាពធន់ នៃបណ្តាញផ្លូវជនបទទៅនឹងគ្រោះធម្មជាតិ និងកត្តាអាកាសធាតុ និងសម្រាប់លើកកម្ពស់សមត្ថភាពរបស់រដ្ឋាភិបាល ក្នុងការទ្រទ្រង់ដល់ការងារសុវត្ថិភាពផ្លូវ និងភាពធន់ទៅនឹងកត្តាអាកាសធាតុ។

គម្រោងនេះជួយដល់ការសាងសង់ផ្លូវ និងស្ពាននៅតាមតំបន់រងការជន់លិចទឹក និងជួយបង្កើនសមត្ថភាពរបស់រដ្ឋាភិបាល ក្នុងការឆ្លើយតបទៅនឹងគ្រោះធម្មជាតិបង្កដោយអាកាសធាតុ។ គម្រោងនេះនឹងនាំអត្ថប្រយោ​ជន៍ដល់ប្រជាជនចំនួនប្រហែល ៥,៥លាននាក់ ក្នុងនោះ៥២ភាគរយជាស្ត្រី នៅក្នុងខេត្តចំនួនប្រាំពីរ និងដល់អ្នកដែលប្រើប្រាស់បណ្តាញផ្លូវទាំងនេះ។

មន្រ្តីរាជរដ្ឋាភិបាល ភាគច្រើនមកពីក្រសួងអភិវឌ្ឍន៍ជនបទ នឹងទទួលបានការបណ្តុះបណ្តាលតាមរយៈគម្រោងនេះ អំពីការគ្រប់គ្រងហានិភ័យគ្រោះធម្មជាតិ ការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ និងការវាយតម្លៃតម្រូវការក្រោយមានគ្រោះធម្មជាតិ។

លោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា “ជាមួយនឹងការប្តេជ្ញាចិត្តមុះមុត របស់ក្រសួងអភិវឌ្ឍន៍ជនបទ នៃរាជរដ្ឋាភិបាលកម្ពុជា គម្រោងនេះ នឹងជួយធ្វើយ៉ាងណាឱ្យហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ឱ្យនៅមានភាពរឹងមាំ និងធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ហើយទន្ទឹមគ្នានោះជួយការពារផងដែរ ដល់ប្រជាជនងាយរងគ្រោះ ពីហេតុការណ៍គ្រោះធម្មជាតិដែលគ្មានអ្នកណាអាចដឹងមុន”។

កម្ពុជាជាប្រទេសមួយ ដែលងាយរងគ្រោះណាស់ពីផលប៉ះពាល់អវិជ្ជមាននានា ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ក្នុងនោះមានជាពិសេស ទឹកជំនន់ និងភាពរាំងស្ងួត ហើយហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទក៏ងាយរងគ្រោះខ្លាំងណាស់ ពីហានិភ័យនៃគ្រោះធម្មជាតិ បង្កដោយអាកាសធាតុ។

បណ្តាញផ្លូវជនបទមានភាពចាំបាច់ខ្លាំងណាស់ សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ របស់សហគមន៍ជនបទ ហើយការខូចខាតផ្នែកនានា នៅលើបណ្តាញផ្លូវ អាចធ្វើឱ្យជីវភាពគ្រួសារជនបទ ជួបការលំបាកនិងបង្កឧបសគ្គដល់លទ្ធភាពទទួលបាន សេវាសាធារណៈជាមូលដ្ឋាននានា មានដូចជាទីផ្សារ, សាលារៀន និងមន្ទីរពេទ្យ។

ការខូចខាតយ៉ាងដំណំ ដោយសារទឹកជំនន់ក្នុងឆ្នាំ២០២០ បានគូសបញ្ជាក់ច្បាស់ អំពីសេចក្តីត្រូវការរបស់កម្ពុជា ឱ្យមានការវិនិយោគបន្ថែមទៀត ទៅលើការគ្រប់គ្រងហានិភ័យគ្រោះធម្មជាតិ និងស្ថានភាពងាយរងគ្រោះរបស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវសំខាន់ៗ។

គម្រោងនេះ នឹងត្រូវបានអនុវត្តដោយក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានដើរតួសកម្ម នៅក្នុងការបង្កើនភាពធន់របស់ការសាងសង់ និងរបស់ស្តង់ដាថែទាំផ្លូវ។ គម្រោងនេះនឹងបន្តធ្វើពីដំណាក់កាលទី១ នៃគម្រោងគ្រប់គ្រងហានិភ័យគ្រោះធម្មជាតិអាស៊ីអាគ្នេយ៍ នៅកម្ពុជា ដោយផ្តោតសំខា​ន់លើការពង្រីកបណ្តាញតភ្ជាប់ផ្លូវជន បទដែលធន់នឹងកត្តាអាកាសធាតុ និងលើការពង្រឹកការរៀបចំផែនការហិរញ្ញវត្ថុ របស់ក្រសួងអភិវឌ្ឍន៍ជនបទសម្រាប់ទ្រទ្រង់ភាពធន់នឹងគ្រោះធម្មជាតិ។

ការធានាឱ្យបាននូវភាពធន់ របស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ជាអាទិ​ភាពមួយរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍជនបទកម្ពុជា និងផែនការសកម្មភាពឆ្នាំ២០១៩-២០២៣ ដែលបានកំណត់ថា ការបង្កើនគុណភាព និងភាពធន់របស់បណ្តាញផ្លូវជនបទ ជាកម្មវិធីមួយក្នុងចំណោមកម្មវិធីអាទិភាពទាំងបួនរបស់ខ្លួន។

កញ្ចប់ហិរញ្ញប្បទានថ្មី នឹងពង្រឹងសមត្ថភាពរបស់ក្រសួង ក្នុងការត្រៀមលក្ខណៈ ការឆ្លើយតប និងក្នុងការស្តារស្ថានភាពក្រោយមានគ្រោះធម្មជាតិ និងក្នុងការទ្រទ្រង់ដល់ការរៀបចំផែនការទុកជាមុន និងដល់ការគ្រប់គ្រងហានិភ័យ ទឹកជំនន់នៅក្នុងតំបន់ទន្លេសាប ដែលរងការខូចខាតខ្លាំងពីទឹកជំនន់ក្នុងឆ្នាំ២០២០។ ជំនួយហិញ្ញប្បទានថ្មីនេះ ក៏នឹងជួយពង្រឹងថែមទៀតដែរ នូវសមត្ថភាពផ្នែករៀបចំចាត់ចែង និងបច្ចេកទេសរបស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅក្នុងការអនុវត្តគម្រោងនេះ។

ថវិកានេះគឺជាឥណទានពីសមាគមអភិវឌ្ឍន៍អន្តរជាតិ នៃធនាគារពិភពលោក ហើយក៏មានជំនួយទឹកប្រាក់ចំនួន៤៥០,០០០ដុល្លារអាមេរិកទៀត ពីកម្មវិធីរួមគ្នារវាងប្រទេសជប៉ុន និងធនាគារពិភពលោកសម្រាប់បញ្ជ្រាបការគ្រប់គ្រងហានិភ័យគ្រោះធម្មជាតិ នៅតាមប្រទេសកំពុងអភិវឌ្ឍន៍ (Japan-Bank Program for Mainstreaming DRM in Developing Countries) ដែលកម្មវិធីនេះ ទទួលថវិកាពីរដ្ឋាភិបាលជប៉ុន និងគ្រប់គ្រងដោយមូលនិធិសាកល សម្រាប់កាត់បន្ថយនិងស្តារឡើងវិញពីគ្រោះធម្មជាតិ។ កម្ពុជានឹងរួមចំណែកថវិកាបដិភាគចំនួន២លានដុល្លារអាមេរិក ទៅក្នុងកញ្ចប់ហិរញ្ញប្បទានថ្មីនេះ៕

ប្លង់ស្ថាបត្យកម្មមួយបង្ហាញខ្លួននៅខេត្តបាត់ដំបង តើអ្នកណាជា ស្ថាបត្យករ

ដោយៈគង់ សូរិយា

       បាត់ដំបងៈ ប្លង់ស្ថាបត្យកម្មថ្មីមួយ ដែលជាទីសក្ការបូជាសាសនាបាហៃបានបង្ហាញនូវភាពឆើតឆាយរបស់ខ្លួន នៅលើទឹកដីខេត្តបាត់ដំបង ដងស្ទឹងសង្កែ។

សំណង់ស្ថាបត្យកម្មនេះ មានទីតាំងស្ថិតនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែខេត្តបាត់ដំបង តាមផ្លូវពីភូមិបោះពោធិ៍ឆ្ពោះ ទៅកាន់ភូមិអូរស្រឡៅ ចម្ងាយប្រហែល៧គីឡូម៉ែត្រពីក្រុងបាត់ដំបង។

សំណង់ស្ថាបត្យកម្ម ដែលមានលក្ខណៈប្លែកនិងល្អវិចិត្រនេះ ត្រូវបានរចនាឡើងដោយស្ថាបត្យករខ្មែរលោក តាំង សុចិត្តវិទូ ដែលបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត មកពីសហរដ្ឋអាមេរិក និងត្រូវបានដាក់សម្ភោធជាផ្លូវការនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០១៧។

លក្ខណៈពិសេសនៃសំណង់ស្ថាបត្យកម្មនេះគឺ៖

  • ជាសំណង់ស្ថាបត្យកម្មដែលមានច្រកចូលចំនួន ០៩។
  • ជាសំណង់ស្ថាបត្យកម្មដែលសាងសង់ឡើងនៅលើទីទួលចាក់បំពេញនិងជុំវិញមានគូទឹក។
  • ដំបូលផ្នែកខាងក្រោមគឺជារចនាបថដំបូលផ្ទះខ្មែរ។
  • ដំបូលផ្នែកខាងលើគឺប្រើកញ្ចក់ដើម្បីឱ្យពន្លឺចូលដល់ខាងក្នុងនិងចំកណ្តាល។
  • ដំបូលលឿងកណ្តាលធ្វើពីអាលុយមីញូមពត់កោងដែលទាមទារបច្ចេកទេសខ្ពស់ក្នុងការធ្វើ។
  • ការរចនាអគារត្រូវបានសិក្សាយ៉ាងច្បាស់លាស់ពី ពន្លឺថ្ងៃ ខ្យល់ បរិស្ថាន និងសំឡេង។
  • ជាសំណង់ស្ថាបត្យកម្មដែលមានការគិតគូរពីការសន្សំសំចៃថាមពល ដោយមិនប្រើប្រាស់ម៉ាស៊ីនត្រជាក់ គឺមានការប្រើប្រាស់ទ្វារ និងបង្អួចច្រើន។
  • ការទាញយកភាពត្រជាក់ពីគូទឹកដែលនៅជុំវិញ។

ទីសក្ការបូជាសាសនាបាហៃ នៅលើទឹកដីខេត្តបាត់ដំបង គឺជាសំណ​ង់ស្ថាបត្យកម្មបែបសាសនា ដែលមានភាពលេចធ្លោ និង​ប្រកបដោយ​ភាពសុខដុមរមនាជាមួយសហគមន៍។ ស្នាដៃស្ថាបត្យកម្មនេះ ក៏ជាគោលដៅទេសចរណ៍បែបសាសនា ដែលត្រូវបានមន្ទីរទេសចរណ៍ ខេត្តបាត់ដំបងបានកំណត់រួចហើយផងដែរ៕ ប្រភពArchCambodia៕

ចំណូលពន្ធប្រថាប់ត្រាអចលនទ្រព្យកើនឡើងជាង៧៧ភាគរយក្នុងខែមេសាឆ្នាំនេះ

ដោយ៖ សុផារី

ភ្នំពេញ៖ ចំណូលពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ស្ថិតក្នុងចំណោមប្រភេទពន្ធចំណូលពន្ធទាំងបួន ដែលមានកំណើនគួរឱ្យកត់សម្គាល់ក្នុងការអនុវត្តការប្រមូលចំណូលពន្ធខែមេសា ឆ្នាំ២០២២នេះ។

 

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ ចំណូលពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអលចនទ្រព្យ បានកើនឡើង៧៧,៣៣ភាគរយ ក្នុងខែមេសា ធៀបនឹងខែមេសាឆ្នាំមុន។​

ចំណូលប្រភេទពន្ធនេះ បានក្លាយជាប្រភពចំណូលពន្ធសំខាន់ៗទាំងបួន ដែលបានរក្សាកំណើនគួរឱ្យកត់សម្គាល់ ខណៈចំណូលពន្ធក្នុងខែមេសា សម្រេចបាន២៣៧លានដុល្លារ កើនឡើង២៩ភាគរយ។​

 

ក្នុងរយៈពេលបួនខែឆ្នាំនេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធបាន ១ ៥០១ លានដុល្លារ កើនឡើង២៩,៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។

ចំណូលពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ គឺជាពន្ធចំនួន៤ភាគរយ ដែលកំណត់នៅពេលមានការផ្ទេរកម្មសិទ្ធិលើអចលនវត្ថុ។ អ្នកជាប់ពន្ធត្រូវបង់ពន្ធនេះក្នុងរយៈពេលបីខែបន្ទាប់ពីការផ្ទេរអចលនទ្រព្យ៕

គម្រោងវិនិយោគចំនួន៤តម្លៃជិត៩លានដុល្លារអាមេរិកត្រូវបានអនុម័តក្នុងក្រុងព្រះសីហនុនិងក្រុងភ្នំពេញ

ដោយ៖ សុផារី

 

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ បានអនុម័តគម្រោងវិនិយោគថ្មីៗចំនួន៤បន្ថែមទៀត ដែលសរុបទុនវិនិយោគចំនួន៨,៤លានដុល្លារ និងអាចបង្កើតការងារបានជាច្រើនកន្លែង។

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម

១- “Xiantong Wire and Cable Co., Ltd.” គម្រោងបង្កើតរោងចក្រផលិតខ្សែភ្លើង ខ្សែកាប និងរឡូ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន៥លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ១៨០នាក់។

២- “Neutralize (Cambodia) Industrial Co., Ltd.” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន១លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ១០០នាក់។

៣- “Cambodian Longwan Light Industry Co., Ltd.” គម្រោងបង្កើតរោងចក្រផលិតកាបូប និងស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន១លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ១៨០នាក់។

៤- “LUUS KH CO., LTD.” គម្រោងបង្កើតរោងចក្រផលិត និងដំឡើងគ្រឿងបង្គុំ និងឧបករណ៍បរិក្ខារចម្អិនអាហារសម្រាប់ពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ១,៤លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ៨០នាក់៕

មហាព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣នឹងនាំផលចំណេញដល់វិស័យអចលនទ្រព្យកម្ពុជា

ដោយ៖ សុផារី

ភ្នំពេញ: ប្រទេសកម្ពុជាបានកំពុងធ្វើដំណើរឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ស៊ីហ្គេមនៅឆ្នាំ២០២៣ខាងមុខ។ តាមរយៈមហាព្រឹត្តិការណ៍នេះ អ្នកជំនាញអចលនទ្រព្យមើលឃើញពីឱកាសនាំមកនូវផលចំណេញ ដល់វិស័យអចលនទ្រព្យកម្ពុជាផងដែរ។

លោកឧកញ៉ាចេង ខេង អគ្គនាយកក្រុមហ៊ុន CPL Cambodia Properties Limited បានមានប្រសាសន៍ នៅថ្ងៃទី២៦ ខែឧសភានេះថា ព្រឹត្តិការណ៍នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដែលនឹងនាំមុខមាត់ ដល់ប្រទេសកម្ពុជា និងអាចផ្តល់ឱកាសឱ្យកម្ពុជាអាចបង្ហាញការរីកចម្រើនរបស់ប្រទេសកម្ពុជា ដល់ពិភពលោកទាំងមូល។

 

ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ នឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលមានទីតាំងនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ខណៈនៅជុំវិញពហុ​កីឡ​ដ្ឋានជាតិនេះ គេសង្គេតឃើញមានការសាងសង់អាគារ ផ្ទះ​ល្វែង ផ្សារទំនើប អាគារពាណិជ្ជកម្ម​ និងកំពុងសាង​សង់​អាគារខ្ពស់ៗ​បន្ថែម ដើម្បីត្រៀមខ្លួនស្វាគមន៍មហាព្រឹត្តិការណ៍នេះ។

អ្នកស្រី ហ្គ្រែស រចនី អគ្គនាយិកាក្រុមហ៊ុន Century 21 Cambodia បានមានប្រសាសន៍ នៅថ្ងៃទី២៦ ខែឧសភានេះថា  បានមានប្រសាសន៍ថា តាមរយៈព្រឹត្តិការណ៍នេះ វិស័យអចលនទ្រព្យនឹងមានលំហូរភ្ញៀវទេសចរជាតិ និងអន្តរជាតិ លំហូរវិនិយោគិនបរទេសក៏នឹងចូលមកកាន់ប្រទេសកម្ពុជាបន្ថែម។

 

លោកស្រីបញ្ជាក់ថា មានអ្នកវិនិយោគបរទេសមួយចំនួន បានកំពុងតែចូលមកកាន់កម្ពុជា ដើម្បីត្រៀមវិនិយោគក្នុងឱកាសព្រឹត្តិការណ៍នេះផងដែរ ហើយបាននិងជំរុញតម្លៃដីធ្លីនៅក្នុងតំបន់។

 

លោកស្រីថា “ក្នុងឱកាសព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ខាងមុខនេះ ស្ថានភាពវិស័យអចលនទ្រព្យ នឹងមានភាពល្អប្រសើរ នឹងងើបត្រឡប់មកវិញ ទោះបីជាមិនខ្លាំងដូចឆ្នាំ២០១៩ តែនឹងអាចងើបប្រមាណ៨០ភាគរយ ហើយតម្លៃដីធ្លីនឹងមានកំណើនតម្លៃខ្ពស់ជាងពេលបច្ចុប្បន្ននេះ”។

ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះ សម្រាប់ព្រឹត្តិការណ៍កីឡាថ្នាក់​តំបន់អាស៊ីអាគ្នេយ៍ ស៊ីហ្គេម លើកទី៣២ កម្ពុជា ដែលជាម្ចាស់ផ្ទះនៅពេលខាងមុខ តាមរយៈរដ្ឋាភិបាលកម្ពុជា បាន​មានផែនការមេច្បាស់លាស់ ក្នុងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធ ការ​កសាង​​សមត្ថភាពអត្ត​ពលិក​ និងថវិកាក្នុងការជំរុញដល់ដំណើរការនៃការរៀបចំនេះ៕

ប្រទេសជប៉ុន កំពុងជួបវិបត្តិថ្លៃចំណាយជីវភាពរបស់ប្រជាជនហក់ឡើងខ្ពស់

ដោយសុខុម

តូក្យូ: ប្រទេសជប៉ុន ចាំបាច់ត្រូវចាត់វិធានការជាបន្ទាន់ដើម្បីសម្រាលវិបត្តិថ្លៃចំណាយជីវភាពរបស់ពលរដ្ឋដែលហក់ឡើងខ្ពស់ និងដើម្បីជួយឱ្យសេដ្ឋកិច្ចងើបឡើងវិញពីវិបត្តិកូវីដ-១៩។

រដ្ឋមន្ត្រីហិរញ្ញវត្ថុជប៉ុន លោក Shunichi Suzuki បានថ្លែងបែបនេះ ខណៈពេលលោកធ្វើបទបង្ហាញនៅចំពោះមុខរដ្ឋសភាអំពីភាពចាំបាច់នៃតម្រូវការថវិកាបន្ថែម។

ក្រុមសមាជិកសភាបានចាប់ផ្តើមពិភាក្សាដេញដោលគ្នាកាលពីថ្ងៃពុធ ទី២៥ ខែឧសភា អំពីសំណើថវិកាបន្ថែមចំនួន២,៧ទ្រីលានយ៉េន (២១ពាន់លានដុល្លារអាមេរិក) ដើម្បីជួយដល់គ្រួសារពលរដ្ឋ និងក្រុមហ៊ុនតូចៗទប់ទល់នឹងការឡើងថ្លៃថាមពល និងចំណីអាហារ។

រដ្ឋាភិបាលមានផែនការចំណាយប្រាក់ចំនួន១,១៧ទ្រីលានយ៉េន (៩,១៨ពាន់លានដុល្លារអាមេរិក) ដែលដកចេញពីកញ្ចប់ថវិកាបន្ថែមនេះសម្រាប់ការកាត់បន្ថយផលប៉ះពាល់ដែលបង្កឡើងដោយសារប្រេងឡើងថ្លៃទូទាំងពិភពលោក។ ផែនការនេះនឹងរួមបញ្ចូលទាំងការឧបត្ថម្ភធនដល់អ្នកលក់សាំងបោះដុំផងដែរ។

លោក Shunichi Suzuki បានថ្លែងប្រាប់សភាជាន់ទាបថា “ភាពមិនច្បាស់លាស់អំពីទស្សនវិស័យសេដ្ឋកិច្ចកំពុងកើនឡើង ជាពិសេសដោយសារការឈ្លានពានរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន បានធ្វើឱ្យមានអស្ថិរភាពតម្លៃប្រេងឆៅ និងទំនិញប្រើប្រាស់”។

លោកបានបន្ថែមទៀតថា “ភាពមិនច្បាស់លាស់នេះអាចបង្អង់ល្បឿនសេដ្ឋកិច្ចងើបឡើងវិញពីវិបត្តិកូវីដ-១៩”។

លោក Shunichi Suzuki បានលើកឡើងថា លោកនឹងលើកទឹកចិត្តឱ្យក្រុមហ៊ុននានាដំឡើងប្រាក់ឈ្នួលជូនកម្មករនិយោជិតឱ្យសមស្របទៅនឹងស្ថានភាពទំនិញឡើងថ្លៃ និងដើម្បីជួយធានាឱ្យសេដ្ឋកិច្ចជប៉ុន ងើបឡើងវិញពីវិបត្តិកូវីដ-១៩៕ Reuters៕

វិស័យភ័ស្តុភាររបស់ចិន សម្រេចបានកំណើន ៣,៦% នៅដើមឆ្នាំ២០២២ ឈានដល់ ១៦ទ្រីលានដុល្លារ

ដោយ សុខុម

ក្រុងរីយ៉ាដៈ វិស័យភ័ស្តុភាររបស់មហាយក្សចិន សម្រេចបានកំណើន៣.៦%អំឡុងរយៈពេល៤ខែដំបូងដើមឆ្នាំ២០២២។ នេះបើយោងតាមសារព័ត៌មាន Arab News ចុះផ្សាយកាលពីថ្ងៃពុធ ទី២៥ ខែឧសភា។

ខណៈការផលិតទូរស័ព្ទ iPhone ស៊េរីថ្មីរបស់ក្រុមហ៊ុនអាមេរិក Apple Inc. នៅក្នុងប្រទេសចិន កំពុងប្រឈមការពន្យារពេលដោយសារការបិទខ្ទប់ ដើម្បីទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩ ប្រទេសចិន ដែលជាមហាយក្សនៅអាស៊ី បានអញ្ជើញប្រទេសចំនួន១០ក្នុងតំបន់ប៉ាស៊ីហ្វិក ដើម្បីពិភាក្សាអំពីការចុះកិច្ចព្រមព្រៀងថ្នាក់តំបន់មួយស្តីពីកិច្ចសហប្រតិបត្តិការផ្នែក Data Communication។

Data Communication គឺជាដំណើរការនៃការផ្លាស់ប្ដូរ និងចែកចាយទិន្នន័យ (Data) រវាងឧបករណ៍អេឡិចត្រូនិក (Devce) ២ ឬ ច្រើនឡើងទៅ ដោយធ្វើការទំនាក់ទំនងគ្នាតាមរយៈខ្សែ (Wire Cable) ឬ ឥតខ្សែ (Wireless)។ ការចែកចាយទិន្នន័យគឺអាចធ្វើទៅកាន់ឧបករណ៍អេឡិចត្រូនិកដូចជាទូរស័ព្ទ កុំព្យូទ័រ ម៉ាស៊ីនថត ថេបប្លេត និង ទូរទស្សន៍ Smart TV ជាដើម។

វិស័យភ័ស្តុភាររបស់ប្រទេសចិន សម្រេចបានកំណើន៣,៦%ក្នុងរយៈពេល៤ខែដំបូងដើមឆ្នាំ២០២២ ឈានដល់១០៦,២ទ្រីលានយ័ន ឬស្មើនឹង១៥,៩៥ទ្រីលានដុល្លារអាមេរិក។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិន Xinhua។

ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា ប្រទេសចិន បានបញ្ជូនឯកសារផ្លូវការអមជាមួយផែនការសកម្មភាពរយៈពេល៥ឆ្នាំទៅកាន់ប្រទេសដែនកោះចំនួន១០ នៅក្នុងតំបន់ប៉ាស៊ីហ្វិក រួមមានប្រទេស Solomon ប្រទេស Kiribati ប្រទេស Samoa ប្រទេស Fiji ប្រទេស Tonga ប្រទេស Vanuatu និងប្រទេសប៉ាពួញូហ្គីណេ (Papua New Guinea) ជាដើម ខណៈខ្លួនស្វះស្វែងធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសទាំងនេះផ្នែកគោលនយោបាយ សន្តិសុខ និង Data Communication។

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង អ៊ី (Wang Yi) នឹងធ្វើជាម្ចាស់ផ្ទះទទួលរៀបចំកិច្ចប្រជុំមួយនៅថ្ងៃទី៣០ ខែឧសភា ដើម្បីពិភាក្សាគ្នាបន្ថែមទៀតអំពីបញ្ហានេះ ហើយអាចនឹងឈានទៅដល់ការចុះកិច្ចព្រមព្រៀងនេះជាមួយបណ្ដាប្រទេសដែលត្រូវបានអញ្ជើញទៀតផង។

ទោះជាយ៉ាងណា ប្រទេសមួយក្នុងចំណោមប្រទេសដែលទទួលបានការអញ្ជើញបានទាញទឡ្ហីករណ៍ថា ឯកសារ និងផែនការសកម្មភាពរយៈពេល៥ឆ្នាំដែលប្រទេសចិន បានបញ្ជូនទៅឱ្យខ្លួនបង្ហាញថា ប្រទេសចិន កំពុងស្វះស្វែងគ្រប់គ្រងតំបន់នេះ ដូច្នេះកិច្ចព្រមព្រៀងនេះជាការគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់៕ Arab News៕