លោកបណ្ឌិតហ៊ុន ម៉ាណែតៈវិស័យឯកជនជាឆ្អឹងខ្នងនៃខឿន សេដ្ឋកិច្ចជាតិកម្ពុជា

ដោយៈ សុផារី

ភ្នំពេញៈ លោកបណ្ឌិតហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកបានថ្លែងថា ការអភិវឌ្ឍប្រទេសមួយប្រកបដោយភាពរឹងមាំ ត្រូវការជាចាំបាច់នូវការចូលរួមយ៉ាងសកម្ម និងរស់រវើកពីវិស័យឯកជន ហើយវិស័យឯកជននៅកម្ពុជាបានអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័ស និងបានដើរតួនាទីជាឆ្អឹងខ្នង នៃខឿនសេដ្ឋកិច្ចជាតិ។

លោកបណ្ឌិតបានថ្លែងបែបនេះ ក្នុងពិធីសម្ពោធជាផ្លូវការរោងចក្រផលិតស្រាបៀអ៊ិនធើ-ម៉ាទ្រីដ បេវើរិច ខេមបូឌា នៅស្រុកកៀនស្វាយ ខេត្តកណ្តាល នៅថ្ងៃទី២៨ ខែកក្កដានេះ។

លោកបណ្ឌិតបានគូសបញ្ជាក់ថា នៅមុនវិបត្តិកូវីដ-១៩ ក្នុងរយៈពេ​ល២០ឆ្នាំ ចន្លោះឆ្នាំ១៩៩៨- ២០១៨ កម្ពុជាជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុត ដោយរក្សាបានចីរភាពនៃកំណើនជាមធ្យម៨%។ នៅក្នុងវិបត្តិកូវីដ-១៩រយៈពេលជាង២ឆ្នាំកន្លងមក ប្រទេសកម្ពុជា បានទទួលរងនូវផលប៉ះពាល់គួរឱ្យកត់សម្គាល់ ដែលបានបង្អាក់ដំណើរនៃការបោះជំហានឆ្ពោះទៅមុខ នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងបានដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរ មកលើវិស័យសុខភាពសាធារណៈ។

លោកបណ្ឌិតហ៊ុន ម៉ាណែតបានបន្តថា ទោះបីជាវិបត្តិនៃជំងឺកូវីដ-១៩ បានធ្វើឱ្យកំណើនសេដ្ឋកិច្ចកម្ពុជា មានការធ្លាក់ចុះក្នុងអត្រា-៣,១% នៅក្នុងឆ្នាំ២០២០ក៏ដោយ ប៉ុន្តែបានងើបឡើងវិញក្នុងអត្រា៣% នៅក្នុងឆ្នាំ២០២១ និងត្រូវបានព្យាករថា នឹងបន្តកើនឡើងក្នុងអត្រាប្រមាណខ្ពស់ជាង៥%នៅក្នុងឆ្នាំ២០២២។

ចំណែកការគ្រប់គ្រងជំងឺកូវីដ-១៩ កម្ពុជាបន្តឈរលើចំណាត់ថ្នាក់ពិភពលោកលំដាប់ទី១ ក្នុងនាមជាប្រទេសដែលជោគជ័យ លើការគ្រប់គ្រងការឆ្លង ការចាក់វ៉ាក់សាំង និងការបើកដំណើរការឡើងវិញផ្នែកសង្គម-សេដ្ឋកិច្ច។

លោកបណ្ឌិតបានលើកឡើងថា ឆ្លងតាមបទពិសោធន៍ ដែលជួបប្រទះនេះ រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងប្រែក្លាយវិបត្តិឱ្យទៅជា​ឱកា​ស តាមរយៈការរៀបចំដាក់ចេញនូវយុទ្ធសាស្ត្រ និងគោលនយោបាយជាបន្តបន្ទាប់ សំដៅស្តារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ឱ្យកាន់តែខ្លាំងជាងមុន ព្រមទាំងពង្រឹងភាពធន់ទៅនឹងវិបត្តិផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុនាពេលអនាគត។

លោកបណ្ឌិតបានបន្តថា ជាមួយនឹងការគាំទ្រ និងលើកទឹកចិត្តពីសំ​ណាក់រាជរដ្ឋាភិបាល តាមរយៈការលើកកម្ពស់បរិយាកាស ធុរកិច្ច-វិនិយោគ គឺវិស័យឯកជននៅកម្ពុជា អាចអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័ស និងបានដើរតួនាទីជាឆ្អឹងខ្នង នៃខឿនសេដ្ឋកិច្ចជាតិ ដែលអាចចូលរួមចំណែកដោយផ្ទាល់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងដោយប្រយោល តាមរយៈបង្កើនចំណូ​លពន្ធ និងការបង្កើនការវិនិយោគ ដែលអាចបង្កើតការងារជាបន្តបន្ទាប់ និងពង្រឹងភាពប្រកួតប្រជែង ព្រមទាំងលើកកម្ពស់ពិពិធកម្មសេដ្ឋកិច្ចជាតិ។

លោកបណ្ឌិតបានបន្ថែមថា “វិស័យឯកជន ក៏មានតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមដោះស្រាយបញ្ហា សង្គមផ្សេងៗ ដូចដែលយើងទាំងអស់គ្នាបានឃើញកន្លងមករួចមកហើយ តួយ៉ាងដូចជា ការចូលរួមក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាដើម”៕

ដំណឹងល្អៈធនាគារកណ្តាលចិនគ្រោងផ្តល់ប្រាក់កម្ចី១៤៨ពាន់លាដុល្លារដល់អ្នកអភិវឌ្ឍន៍អចលនទ្រព្យមានបញ្ហាបំណុល

ដោយ: លាងហួរ

ប្រទេសចិន: កាសែតFinancial Times បានចុះផ្សាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិន នឹងជួយដល់អ្នកអភិវឌ្ឍអចលនទ្រព្យដោយការផ្តល់ប្រាក់កម្ចីចំនួន១ពាន់ពាន់លានយ័ន (១៤៨,២ពាន់លានដុល្លារ)ដល់គម្រោងអភិវឌ្ឍន៍នានា ដែលកំពុងជាប់គាំងគំរោងរបស់ពួកគេ។

វិស័យអចលនទ្រព្យរបស់ប្រទេសចិន បាននឹងកំពុងជួបពីវិបត្តិមួយទៅវិបត្តិមួយទៀត រួមមាន ការបះបោររបស់អ្នកទិញផ្ទះ ក្នុងខែកក្កដានេះ បានបង្កើនសម្ពាធបន្ថែមទៀតលើអាជ្ញាធរ ដើម្បីបំបាត់ភាពចលាចល ក្នុង សង្គម ខណៈវិស័យអចលទ្រព្យ ជាកត្តាអូសទាញកំណើនសេដ្ឋកិច្ចចិនឱ្យធ្លាក់ចុះក្នុងរយៈពេលមួយឆ្នាំកន្លងមក។

កាសែតនេះបានចុះផ្សាយថា ធនាគារប្រជាជនចិន (PBOC) ដំបូងនឹងផ្តល់ប្រាក់កម្ចីចំនួន២០០ពាន់លានយ័ន ដែលមានការប្រាក់ទាប ប្រហែ​ល១,៧៥ភាគរយ ក្នុងមួយឆ្នាំដល់ធនាគារពាណិជ្ជរបស់រដ្ឋចិន។

របាយការណ៍ដដែលបានបន្ថែមថា ផែនការដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សារដ្ឋរបស់ប្រទេសចិន នាពេលថ្មីៗនេះ នឹងអនុញ្ញាតឱ្យធនា​គារប្រើប្រាស់ប្រាក់កម្ចីPBOC រួមជាមួយនឹងមូលនិធិផ្ទាល់ខ្លួន របស់ពួកគេ ដើម្បីផ្តល់ហិរញ្ញប្បទាន ដល់គម្រោងអចលនទ្រព្យ ដែលជាប់គាំងឡើងវិញ។

សារពត៌មានរ៉យទ័របានរាយការណ៍នៅសប្តាហ៍នេះ ដោយដកស្រង់សម្តីមន្ត្រីធនាគាររដ្ឋ ដែលមានចំណេះដឹងផ្ទាល់អំពីបញ្ហានេះថា ប្រទេសចិនគ្រោងនឹងបញ្ចេញ មូលនិធិរហូតដល់៣០០ពាន់លានយ័ន (៤៤,៥ពាន់លានដុល្លារ) ដើម្បីជួយអ្នកអភិវឌ្ឍអចលនទ្រព្យ ដែលកំពុងជាប់គាំងក្នុងវិបត្តិបំណុល៕

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនឹងវិនិយោគរោងចក្រផលិតកង់កៅស៊ូរថយន្តតម្លៃជាង៣០០លានដុល្លារនៅឆ្នាំ២០២៣

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនវិនិយោគ តំបន់សេដ្ឋកិច្ច ក្រុងព្រះសីហនុបានបង្ហើនឲ្យដឹងថា ក្រុមហ៊ុននឹងបង្កើតរោងចក្រផលិតកង់កៅស៊ូរថយន្តដ៏ធំមួយទៀត នៅក្នុងតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ ដែលមានទុនវិនិយោគរហូតដល់ជាង៣០០លានដុល្លារ។

ឈិន ចៀនកាង ប្រធានក្រុមប្រឹក្សាភិបាលតំបន់សេដ្ឋកិច្ចពិសេសខាងលើ​បានបញ្ជាក់បែបនេះ ក្នុងឱកាសលោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៨ កក្កដានេះ។

លោកបានបន្តលើកឡើងថា ដោយមានគោលនយោបាយល្អ និងការទាក់ទាញវិនិយោគ សម្រាប់ លោកប្រធានបញ្ជាក់ថា កាលពីខែមិថុនា ឆ្នាំ២០២២ ខាងក្រុមហ៊ុនមានរៀបចំពិព័រណ៍ ផ្លូវសូត្រពាណិជ្ជកម្ម ដោយក្នុងនោះ ប្រទេសចិននឹងទទួលយកកសិផល មួយចំនួនរបស់កម្ពុជាទៅកាន់ប្រទេសចិន ជាមួយនឹងនេះ ក្រុមហ៊ុនបានសហការជាមួយក្រសួងសុខាភិបាល និងមន្ទីរការងារ និងបណ្តុះបណ្តោះវិជ្ជាជីវៈខេត្តព្រះសីហនុ ផ្តល់សេវាថែមទាំសុខភាព ជាពិសេសសម្រាប់បងប្អូនកម្មការិនីមានផ្ទៃពោះ ព្រមទាំងបានសាងសង់អាគារស្នាក់ នៅបង្កលក្ខណៈងាយស្រួលជូនដល់កម្មករនិយោជិតដែលធ្វើការនៅក្នុងតំបន់នេះថែមទៀត។

ជាការឆ្លើតបទៅនឹងដំណឹងរីករាយនេះ លោកបណ្ឌិត អ៉ិត សំហេង រំពឹងថា ការបង្កើតរោងចក្រផលិតកង់ កៅស៊ូរថយន្តដ៏ធំមួយនេះ ពិតជាបានផ្តល់នូវផលប្រយោជន៍ច្រើនណាស់ សម្រាប់ប្រជាកសិករខ្មែរដាំដំណាំកៅស៊ូ ដើម្បីផ្តល់ជូនដល់ក្រុមហ៊ុន ព្រមជាមួយកម្លាំងពលកម្មរាប់ពាន់នាក់បន្ថែមទៀត ដែលជាតម្រូវការសម្រាប់ផ្គត់ផ្គង់ចង្វាក់ ផលិតកម្មបន្ថែមរបស់ក្រុមហ៊ុន។

លោកបានសម្តែងក្តីរីករាយ ចំពោះការយកចិត្តទុកដាក់ពីសំណាក់ក្រុមហ៊ុនមកលើបងប្អូនកម្មករនិយោជិត ដែលជាសុខដុមរមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈដ៏ល្អមួយ។

លោកបញ្ជាក់បន្ថែមថា ជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន កាន់តែងាយស្រួលក្នុងការនាំចេញ និងនាំចូលផលិតផលជាច្រើនរវាងប្រទេសទាំងពីរ និងការពង្រីកខ្លួនយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន ពិតជាត្រូវការកម្លាំងពលកម្មច្រើនបន្ថែមទៀត ក្នុងន័យនេះលោករដ្ឋមន្ត្រីបានស្នើដល់ក្រុមហ៊ុន ឲ្យបន្តកិច្ចសហការជាមួយខាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីរៀបចំឲ្យមានការបណ្តុះបណ្តាលមួយ ដែលមានគុណភាព ដោយសហការជាមួយសកលវិទ្យាល័យរបស់ចិន ដើម្បីធ្វើការបណ្តុះបណ្តាល និងជ្រើសរើសសម្រាប់បំពេញតម្រូវការ របស់ក្រុមហ៊ុនផងដែរ៕

 

ក្រុមហ៊ុនអចលទ្រព្យSansiriបោះទុនជាង៨៥១លានដុល្លារក្នុង គម្រោងធំៗចំនួន៤

ដោយ: លាងហួរ

ប្រទេសថៃ: ក្រុមហ៊ុនអចលនទ្រព្យSansiri បោះទុនវិនិយោគចំនួន៣១,២ពាន់លានបាត(ជាង៨៥១លានដុល្លារ) ដែលនាំឱ្យទីផ្សារអចលនទ្រព្យនៅប្រទេសថៃ បាននឹងហក់ឡើងខ្លាំងក្នុងឆមាសទី២។

ប្រាក់ទុនវិនិយោគនេះ នឹងត្រូវចំណាយលើការអភិវឌ្ឍន៍ គម្រោងផ្ទះទោលចំនួន៩គម្រោង គម្រោងចម្រុះចំនួនពីរ គម្រោងទីប្រជុំជនចំនួន៥ និងគម្រោងខុនដូចំនួន១៥។

លោក Uthai Uthaisangsuk  នាយកប្រតិបត្តិក្រុមហ៊ុនអចលទ្រព្យ Sansiri បានមានប្រសាសន៍ថា ទស្សនវិស័យនៃវិស័យអចលទ្រព្យក្នុងប្រទេសថៃ មានភាពល្អប្រសើរ ខណៈដែលម៉ាស៊ីនសេដ្ឋកិច្ចចំនួន២របស់ប្រទេសថៃគឺ ការនាំចេញ និងវិស័យទេសចរណ៍ បានដំណើរការឡើងវិញ ហើយរដ្ឋាភិបាលថៃ ក៏បានដាក់ចេញនូវគោលនយោបាយ ដើម្បីជំរុញទីផ្សារអចលនទ្រព្យបន្ថែមទៀត។

លោក Uthai Uthaisangsuk រំពឹងថា ការទិញអចលនទ្រព្យ ដែលមានតម្លៃខ្ពស់ និងមធ្យមនឹងកើនឡើង ដោយលោកបង្ហាញនូវមូលដ្ឋានពិតថា អតិថិជនកំពុងទិញអចលនទ្រព្យ ដើម្បីគេចពីបញ្ហាអតិផរណា។

លោកបានបន្ថែមថា ទីផ្សារខុនដូ ក៏នឹងត្រូវបានជំរុញដោយការវិល ត្រឡប់របស់ជនបរទេសមកប្រទេសថៃផងដែរ។

នៅឆ្នាំ២០២២នេះ ក្រុមហ៊ុនSansiri គ្រោងនឹងបើកដំណើរការគម្រោងចំនួន៤៦ ដែលមានតម្លៃសរុប៥០ពាន់លានបាត ក្នុងចំណោមនោះ៧៨ភាគរយជាគម្រោងលំនៅដ្ឋាន និង២២ភាគរយទៀតជាគម្រោងខុនដូ។

ក្រុមហ៊ុនSansiri បានបើកដំណើរការគម្រោងចំនួន១៥រួចហើយ ដែលមានតម្លៃសរុប១៨,៨ពាន់លានបាត ក្នុងឆមាសទីមួយឆ្នាំ២០២២។

លោក Uthai បានមានប្រសាសន៍ថា ក្រុមហ៊ុន Sansiri រកប្រាក់បាន១៨,៣ពាន់លានបាតពីការចាប់ទទួលកក់(Presale) ក្នុងរយៈពេល៦ខែដំបូង ដែលស្មើនឹង៥២ភាគរយ នៃគោលដៅសរុប៣៥ពាន់លានបាត ក្នុងឆ្នាំ២០២២។

គម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន ទទួលបានប្រាក់១២,៧ពាន់លានបាតក្នុងឆមាសទីមួយ ជាមួយនឹងគម្រោងចំនួន៦ត្រូវបានកក់ពេញ៕

ក្រុមហ៊ុនលំដាប់យក្សកូរ៉េនឹងដាក់ដំណើរការកម្មSamsung Innovative Campus ក្នុង​​បរិវេណសាកលវិទ្យាល័យសាលាភូមិន្ទ​ភ្នំពេញ

ដោយៈ ម៉ាលីនណា

       ភ្នំពេញៈ ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុនSAMSUNG ដែលមានមូលដ្ឋាននៅប្រទេសថៃបានបង្ហើបថា ក្រុមហ៊ុននេះនឹងដាក់ដំំណើរការកម្មវិធីSamsung Innovative Campusនៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញនាពេលខាងមុខនេះ។

ព៌តមាននេះ ត្រូវបានបញ្ជាក់ឲ្យដឹងដោយលោក Sangho JO អគ្គនាយកក្រុមហ៊ុន សាមសុង ​ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអូសេអានី ដឹកនាំប្រតិភូសាខាក្រុមហ៊ុន សាមសុងថៃឡង់ដ៍ ដែលមានការិយាល័យតំណាងប្រចាំនៅកម្ពុជា ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីស្វែងយល់កាលានុវត្តភាពធ្វើធុរកិច្ច វិនិយោគ និងកិច្ចសហប្រតិបត្តិការលើកិច្ចការជំរុញពាណិជ្ជកម្មនៅកម្ពុជា ជាមួយលោកប៉ាន សូរស័ក្តិរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនាព្រឹកថ្ងៃទី២៨ កក្កដានេះ។

លោករដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ប្រតិភូក្រុមហ៊ុន សាមសុង ថៃឡង់ដ៍ ​ដែលបានមកធ្វើទស្សនកិច្ចនៅកម្ពុជា និងបានជម្រាបជូនអំពីកិច្ចខិតខំ ប្រឹងប្រែងរបស់កម្ពុជា ក្នុងការជួយសម្រួលដល់បរិយាកាសធុរកិច្ចនៅកម្ពុជា រួមមាន ការកសាងលិខិតបទដ្ឋានគតិយុទ្ធ និងការពង្រីកទីផ្សារបន្ថែម តាមរយៈកិច្ចចរចាបង្កើតកិច្ចព្រមព្រៀងទ្វេភាគី និងតំបន់ ដែលមានជាអាទិ៍ កិច្ចព្រមព្រៀងពាណិជ្ជម្មសេរីទ្វេភាគី កម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជម្មសេរីទ្វេភាគី កម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងភាពជាដៃគូរសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ជាដើម។

លោករដ្ឋមន្រ្តី ក៏បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែ ងរបស់កម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការស្ដាសេដ្ឋកិច្ចឡើងវិញ ក្រោយពីវិបត្តិជំងឺកូវីដ-១៩ ផងដែរ។

ជាការឆ្លើយតប ​លោក Sangho JO បានបង្ហាញនូវក្តីរំភើប និងចំណាប់អារម្មណ៍ ចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សនៅកម្ពុជា និងបានជម្រាប លោករដ្ឋមន្រ្តី ពីប្រវត្តិសង្ខេប និងសកម្មភាពធុរកិច្ច​របស់ក្រុមហ៊ុន Samsung កម្ពុជា ថា ក្រុមហ៊ុនសាមសុងអេឡិកត្រូនិក ក៏បានចូលរួមសហការជាមួយក្រសួង-ស្ថាប័នជាតិ ពាក់ព័ន្ធផ្សព្វផ្សាយផលិតផល តាមរយៈការចូលរួម​ព្រឹត្តិការណ៍ពិព័រណ៍នានា និងបានចូលរួមក្នុងសកម្មភាពសង្គមជាច្រើន ដូចជា៖ ការគាំទ្រដល់ការសិក្សារបស់កុមារក្រីក្រ កសាងបណ្ណាល័យតាមសាលារៀន ផ្តល់នូវប្រព័ន្ធចម្រោះទឹកស្អាតរយៈពេលវែងដល់សាលារៀននៅតាមជនបទ គាំទ្រដល់កីឡាការ៉ាតេដូ និងសកម្មភាពសិល្បៈរបស់និស្សិតក្រីក្រកម្ពុជាផងដែរ។

ជាមួយគ្នានេះ លោកបានអញ្ជើញរដ្ឋមន្ត្រីប៉ាន សូរស័ក្តិធ្វើជាអធិបតីក្នុងពិធីសម្ពោធ Samsung Innovative Campus នាពេលខាងមុខ និងបាន​ស្នើសុំ លោករដ្ឋមន្ត្រី ក្នុងនាមប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំ ចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ និងក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ជួយគាំទ្រដល់បេក្ខភាពទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ ធ្វើជាម្ចាស់ផ្ទះ រៀបចំពិព័រណ៍ពិភពលោក ឆ្នាំ២០៣០ ខាងមុខ ផងដែរ៕

 

រដ្ឋាភិបាលជប៉ុនចាប់ផ្ដើមជជែកដេញដោលអំពីផែនការបោះទុន១៤៦ពាន់លានដុល្លារ លើគម្រោងថាមពលបៃតង

ដោយៈ សុខុម

តូក្យូ: ប្រទេសជប៉ុន កាលពីថ្ងៃពុធ ទី២៧ ខែកក្កដា បានចាប់ផ្តើមការជជែកដេញដោល អំពីវិធីសម្រេចបាននូវកំណើនថាមពលបៃតង និងគោ​ល​ដៅមិនបំភាយឧស្ម័នកាបូន ចូលទៅក្នុងបរិយាកាស តាមរយៈការបោះទុនវិនិយោគរហូត ដល់ទៅ១៤៦ពាន់លានដុល្លារ ដែលបានពីការចំណាយរបស់រដ្ឋាភិបាល។

នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida បានចាត់ទុកការផ្លាស់ប្ដូរឆ្ពោះទៅប្រើថាមពលបៃតង ជាអាទិភាពដ៏សំខាន់មួយនៃចក្ខុវិស័យរបស់លោកសម្រាប់មូលធននិយមបែបថ្មី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Japan Times។

លោកបានចាត់តាំងរដ្ឋមន្ត្រីឧស្សាហកម្ម លោកKoichi Hagiudaឱ្យទទួលបន្ទុកលើកកម្ពស់ការផ្លាស់ប្តូរ ឆ្ពោះទៅប្រើថាមពលបៃតង ដោយរដ្ឋាភិបាល គ្រោងនឹងរៀបចំផែនទីបង្ហាញផ្លូវ រយៈពេល១០ឆ្នាំនៅត្រឹមដំណាច់ឆ្នាំនេះ សម្រាប់ការផ្លាស់ប្តូររបស់ប្រទេសជប៉ុន ឆ្ពោះទៅរកការក្លាយជាសេដ្ឋកិច្ចបៃតង។

រដ្ឋាភិបាលនឹងធ្វើការសម្រេចលើសេចក្ដីលម្អិត អំពីរបៀបចំណាយទុនវិនិយោគ១៤៦ពាន់លានដុល្លារនេះ។ រដ្ឋាភិបាលក៏នឹងផ្តោតលើមធ្យោបាយនានាសម្រាប់ប្រទេសនេះ ធានាបាននូវការផ្គត់ផ្គង់ថាមពល ប្រកបដោយស្ថេរភាពផងដែរ។

ថ្លែងក្នុងកិច្ចប្រជុំមួយ លោក ហ្វូមីអូ គីស៊ីដា បានជំរុញឱ្យគណៈកម្មាការរបស់រដ្ឋាភិបាលលើកកម្ពស់ ការផ្លាស់ប្តូរឆ្ពោះទៅប្រើថាមពលបៃតង ជួយកំណត់ឱ្យឃើញ នូវចំណុចនានាដែលតម្រូវឱ្យធ្វើ “ការសម្រេចចិត្តខាងនយោបាយ” ខណៈប្រទេសជប៉ុន ប្រឈមមុខនឹងភាពចាំបាច់កាន់តែខ្លាំងដែលត្រូវធានាសន្តិសុខថាមពល និងជម្នះវិបត្តិដែលបង្កឡើងដោយសារសង្គ្រាមរុស្ស៊ី ចូលឈ្លានពានអ៊ុយក្រែន។

ការបង្កើតគណៈកម្មាធិការនេះ ក្រោមការដឹកនាំរបស់លោក ហ្វូមីអូ គីស៊ីដា និងដែលមានការចូលរួមពីបណ្ដា ថ្នាក់ដឹកនាំអាជីវកម្មជាច្រើន ធ្វើឡើងក្នុងគោលបំណងពន្លឿន កិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវអព្យាក្រឹតភាពកាបូន (Carbon Neutrality) នៅត្រឹមឆ្នាំ២០៥០។

ជាការពិតណាស់ នេះជាកិច្ចការដ៏សែនលំបាក សម្រាប់ប្រទេសជប៉ុន ដែលពឹងផ្អែកខ្លាំងលើ ឥន្ធនៈហ្វូស៊ីលដូចជាប្រេង ធ្យូងថ្ម និងនុយក្លេអ៊ែរជាដើម៕ Japan Times៕

តើផ្នែកអ្វីខ្លះនៃវិស័យអចលនទ្រព្យដែលកម្ពុជាមានភាពលេចធ្លោជាងប្រទេសជិតខាង

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ស្របពេលវិស័យសំណង់ និងអចលនទ្រព្យរីកចម្រើនយ៉ាងលឿននៅកម្ពុជា ផ្នែកខ្លះនៃវិស័យនេះនៅមានកម្រិត ប៉ុន្តែផ្នែកខ្លះមានភាព​លេចធ្លោ និងមានភាពល្អប្រសើរជាងប្រទេសជិតខាង។

អគ្គនាយិការក្រុមហ៊ុនPropNex Cambodia អ្នកស្រីអាន សុធីតាបានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាម កាលពីរសៀលថ្ងៃទី២៧ កក្កដាថា ស្របពេលផ្នែកមួយចំនួននៃវិស័យនេះ នៅមិនទាន់អាចធៀបជាមួយប្រទេសជិតខាង ក៏មានផ្នែកមួយចំនួននៃទីផ្សារសំណង់នៅកម្ពុជាមានភាពល្អប្រសើរជាងប្រទេសជិតខាងផងដែរ។

អ្នកស្រីបន្តថា “បុរីនៅកម្ពុជាមួយចំនួន បានរៀបចំហេដ្ឋារចនាសម្ព័ន្ឋ និងLandscape ល្អប្រសើរជាងប្រទេសជិតខាង ដោយសារដីរបស់យើងមានតម្លៃទាប និងមានទំហំធំទូលាយងាយស្រួល ក្នុងការអភិវឌ្ឈន៍និងវិនិយោគ”។

អ្នកស្រីអាន សុធីតាបានបន្តថា លើសពីនេះ ផ្នែកទីផ្សារលក់រាយរបស់យើង ក៏យើងធ្វើបានល្អ ដែលមានការរៀបចំឌីសាញស្អាត និងការរៀប​ចំកន្លែងលក់រាយ មានភាពប្រហែលនិងអាចប្រកួត ជាមួយប្រទេសជិតខាងផងដែរ ប៉ុន្តែខុនដូ ការិយាល័យការឌីសាញ និងស្តង់ដារបស់យើងនៅមាន​កម្រិតនៅឡើយ បើធៀបជាមួយប្រទេសជិតខាង៕

ជប៉ុនចាប់ផ្ដើមជជែកដេញដោលអំពីផែនការបោះទុនវិនិយោគ១៤៦ពាន់លានដុល្លារ លើគម្រោងថាមពលបៃតង

ដោយសុខុម

តូក្យូ: ប្រទេសជប៉ុន កាលពីថ្ងៃពុធ ទី២៧ ខែកក្កដា បានចាប់ផ្តើមការជជែកដេញដោលអំពីវិធីសម្រេចបាននូវកំណើនថាមពលបៃតង និងគោលដៅមិនបំភាយឧស្ម័នកាបូនចូលទៅក្នុងបរិយាកាសតាមរយៈការបោះទុនវិនិយោគរហូតដល់ទៅ១៤៦ពាន់លានដុល្លារ ដែលបានពីការចំណាយរបស់រដ្ឋាភិបាល។

នាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) បានចាត់ទុកការផ្លាស់ប្ដូរឆ្ពោះទៅប្រើថាមពលបៃតងជាអាទិភាពដ៏សំខាន់មួយនៃចក្ខុវិស័យរបស់លោកសម្រាប់មូលធននិយមបែបថ្មី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Japan Times។

លោក ហ្វូមីអូ គីស៊ីដា បានចាត់តាំងរដ្ឋមន្ត្រីឧស្សាហកម្ម លោក កូអ៊ីឈិ ហាហ្គិអ៊ូដា (Koichi Hagiuda) ឱ្យទទួលបន្ទុកលើកកម្ពស់ការផ្លាស់ប្តូរឆ្ពោះទៅប្រើថាមពលបៃតង ដោយរដ្ឋាភិបាលគ្រោងនឹងរៀបចំផែនទីបង្ហាញផ្លូវរយៈពេល១០ឆ្នាំនៅត្រឹមដំណាច់ឆ្នាំនេះសម្រាប់ការផ្លាស់ប្តូររបស់ប្រទេសជប៉ុន ឆ្ពោះទៅរកការក្លាយជាសេដ្ឋកិច្ចបៃតង។

រដ្ឋាភិបាលនឹងធ្វើការសម្រេចលើសេចក្ដីលម្អិត អំពីរបៀបចំណាយទុនវិនិយោគ១៤៦ពាន់លានដុល្លារ នេះ។ រដ្ឋាភិបាលក៏នឹងផ្តោតលើមធ្យោបាយនានាសម្រាប់ប្រទេសនេះធានាបាននូវការផ្គត់ផ្គង់ថាមពលប្រកបដោយស្ថិរភាពផងដែរ។

ថ្លែងក្នុងកិច្ចប្រជុំមួយ លោក ហ្វូមីអូ គីស៊ីដា បានជំរុញឱ្យគណៈកម្មាការរបស់រដ្ឋាភិបាលលើកកម្ពស់ ការផ្លាស់ប្តូរឆ្ពោះទៅប្រើថាមពលបៃតង ជួយកំណត់ឱ្យឃើញនូវចំណុចនានាដែលតម្រូវឱ្យធ្វើ “ការសម្រេចចិត្តខាងនយោបាយ” ខណៈប្រទេសជប៉ុន ប្រឈមមុខនឹងភាពចាំបាច់កាន់តែខ្លាំងដែលត្រូវធានាសន្តិសុខថាមពល និងជម្នះវិបត្តិដែលបង្កឡើងដោយសារសង្គ្រាមរុស្ស៊ី ចូលឈ្លានពានអ៊ុយក្រែន។

ការបង្កើតគណៈកម្មាធិការនេះក្រោមការដឹកនាំរបស់លោក ហ្វូមីអូ គីស៊ីដា និងដែលមានការចូលរួមពីបណ្ដាថ្នាក់ដឹកនាំអាជីវកម្មជាច្រើន ធ្វើឡើងក្នុងគោលបំណងពន្លឿនកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវអព្យាក្រឹតភាពកាបូន (Carbon Neutrality) នៅត្រឹមឆ្នាំ២០៥០។

ជាការពិតណាស់ នេះជាកិច្ចការដ៏សែនលំបាកសម្រាប់ប្រទេសជប៉ុន ដែលពឹងផ្អែកខ្លាំងលើឥន្ធនៈហ្វូស៊ីលដូចជាប្រេង ធ្យូងថ្ម និងនុយក្លេអ៊ែរជាដើម៕ Japan Times៕

ក្រុមហ៊ុនខ្នាតយក្សរបស់កូរ៉េ SK Groupពង្រីកឥទ្ឋពលនៅអាមេរិកដោយប្រកាសបោះទុនរហូតដល់២២ពាន់លានដុល្លារ

ដោយៈ សុខុម

វ៉ាស៊ីនតោន: ក្រុមហ៊ុនពហុផលិតផល (Conglomerate) ខ្នាតយក្សរបស់កូរ៉េខាងត្បូង SK Group កាលពីថ្ងៃអង្គារ ទី២៦ ខែកក្កដា ថា បានប្រកាសបោះទុនវិនិយោគថ្មីយ៉ាងច្រើន សន្ធឹកសន្ធាប់នៅលើទឹកដីសហរដ្ឋអាមេរិក។

សេតវិមានបានលើកឡើងក្នុងថ្ងៃដដែលថា ការបោះទុនវិនិយោគថ្មីយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយក្រុមហ៊ុនកូរ៉េខាងត្បូង នេះជាឧទាហរណ៍មួយបង្ហាញកិច្ចខិតខំប្រឹងប្រែង ដ៏ជោគជ័យរបស់រដ្ឋការប្រធានាធិបតី ចូ បៃឌិន ដើម្បីបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ ដែលមានភាពធន់ទ្រាំ និងមានសុវត្ថិភាពជាងមុន។

សេតវិមានបានបញ្ជាក់ថា ក្រុមហ៊ុនពហុផលិតផល ដែលធំបំផុតទី២ របស់កូរ៉េខាងត្បូង មួយនេះបានប្រកាសបោះទុនវិនិយោគថ្មី រហូតដល់ទៅ២២ពាន់លានដុល្លារអាមេរិក លើសង្វាក់ផលិតកម្មនៅលើទឹកដីសហរដ្ឋអាមេរិក។

ប្រធានក្រុមហ៊ុន SK Group បានប្រកាសកាលពីឆ្នាំមុនថា ក្រុមហ៊ុនរបស់លោក គ្រោងនឹងបោះទុនវិនិយោគរហូត ដល់ទៅប្រមាណ៥២ពាន់លានដុល្លារ នៅលើទឹកដីសហរដ្ឋអាមេរិក រហូតដល់ឆ្នាំ២០៣០។

សេតវិមាននិយាយថា ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានជួបជាមួយប្រធានក្រុមហ៊ុន SK Group ក្នុងថ្ងៃដដែលដើម្បីពិភាក្សាអំពីការវិនិយោគរបស់ក្រុមហ៊ុននេះ លើសង្វាក់ផលិតកម្ម និងបង្កើតការងារនៅលើសហរដ្ឋអាមេរិក៕ Reuters៕

រដ្ឋាភិបាលចិនដាក់ចេញផែនការកសាងផ្លូវហាយវេ ភ្ជាប់ទៅកាន់កោះតៃវ៉ាន់

ដោយ: លាងហួរ

ប៉េកាំង: រដ្ឋាភិបាលចិនបានបង្ហាញផែនការ សាងសង់ផ្លូវតភ្ជាប់ទៅកាន់កោះតៃវ៉ាន់ ពីខេត្តFujian ភាគខាងត្បូងប្រទេសចិន នៅឆ្នាំ២០៣៥ខាងមុខនេះ។

គំរោងជាប្រវត្តិសាស្រ្តនេះ ត្រូវបានរួមបញ្ចូលនៅក្នុងផែនការបណ្តាញផ្លូវហាយវេទូទាំងប្រទេសរបស់ប្រទេសចិន។

ចំពេលមានភាពតានតឹងផ្នែកយោធា ដែលកំពុងបន្តកើតមានរវាងចិន និងតៃវ៉ាន់ ផែនការនេះត្រូវបានគេជឿថា ជាផ្នែកនៃយុទ្ធនាការចិត្តសាស្ត្ររបស់ទីក្រុងប៉េកាំង ប្រឆាំងនឹងកោះនេះ ដោយទីក្រុងប៉េកាំងបានសន្យាបង្រួបបង្រួមប្រទេសចិន ដែលប្រធានាធិបតីចិនស៊ី ជីនពីង បានប្តេជ្ញាថា “នឹងសម្រេចឱ្យបាន”។

យោងតាមផែនការ ដែលបានដាក់បង្ហាញ នៅថ្ងៃទី១២ខែកក្កដា ផ្លូវហាយវេនេះ នឹងពង្រីកពីទីក្រុងប៉េកាំង ទៅកាន់ទីក្រុងធំជាងគេរបស់តៃវ៉ាន់ គឺតៃប៉ិ កាត់តាម Fuzhou ក្នុងខេត្ត Fujian ។ ផ្លូវចំនួនពីរ ដែលតភ្ជាប់ពីកោះ Kinmen របស់តៃវ៉ាន់ទៅកាន់ទីក្រុង Fujian នៃ Quanzhou និង Xiamen ក៏ត្រូវបានបញ្ចូលក្នុងផែនការនេះផងដែរ។

នៅក្នុងផែនការបណ្តាញផ្លូវគមនាគមន៍ ដែលបានចេញផ្សាយក្នុងខែកុម្ភៈ ឆ្នាំ២០២១ ទីក្រុងប៉េកាំង បានគូសបញ្ជាក់អំពីគម្រោង តភ្ជាប់ទីក្រុង Fuzhou និងតៃប៉ិដោយផ្លូវហាយវេ និងរថភ្លើងល្បឿនលឿន។

ចំណែកតៃវ៉ាន់មិនបានយល់ព្រម ចំពោះការអភិវឌ្ឍផ្លូវតភ្ជាប់នេះនោះទេ ដោយសាតរខ្លួនជឿជាក់ថា គំរោងនេះនឹងបង្កមានហានិភ័យ ដល់ផ្នែក សន្តិសុខរបស់ដែនកោះរបស់ខ្លួន៕