រុស្ស៊ីចាប់ផ្ដើមផ្គត់ផ្គង់ឧស្ម័នហ្គាសដល់អឺរ៉ុបឡើងវិញ ប៉ុន្តែបង្ហាញបំណងពង្រីកសង្គ្រាមលើសពីតំបន់ដុនបាស

ដោយ៖ សុខុម

មូស្គូ: ប្រទេសរុស្ស៊ី បានចាប់ផ្ដើមផ្គត់ផ្គង់ឧស្ម័នហ្គាសតាមបំពង់បង្ហូរដ៏សំខាន់មួយទៅកាន់អឺរ៉ុប ឡើងវិញហើយនៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដានេះ។

ការចាប់ផ្ដើមផ្គត់ផ្គង់ឧស្ម័នហ្គាសដល់អឺរ៉ុប ឡើងវិញនេះធ្វើឡើង ស្របពេលមានការព្រួយបារម្ភថា ក្រុងមូស្គូ នឹងប្រើប្រាស់ការនាំចេញថាមពលដ៏ច្រើនសម្បើមរបស់ខ្លួន ដើម្បីធ្វើជាក្លេទប់ទល់នឹងទណ្ឌកម្មរបស់លោកខាងលិច ដែលដាក់មកលើខ្លួន ចំពោះការបញ្ឆេះសង្គ្រាមចូលឈ្លានពានអ៊ុយក្រែន។

អ្នកនាំពាក្យក្រុមហ៊ុនប្រតិបត្តិករបំពង់បង្ហូរឧស្ម័ននេះ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា បំពង់បង្ហូរឧស្ម័ន Nord Stream 1 ត្រូវបានផ្អាកដំណើរការរយៈពេល១០ថ្ងៃ ដើម្បីធ្វើការជួសជុល ហើយថា ការដាក់ឱ្យដំណើរការឡើងវិញនូវនេះអាចនឹងត្រូវការពេលច្រើនម៉ោង ទម្រាំអាចប្រើវិញបាន។

ការចាប់ផ្តើមដាក់ឱ្យបំពង់បង្ហូរឧស្ម័នឡើងវិញនេះក៏ធ្វើឡើង បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានធ្វើអត្ថាធិប្បាយថា វិមានក្រឹមឡាំង បានពង្រីកគោលបំណងយោធារុស្ស៉ី នៅក្នុងប្រទេសអ៊ុយក្រែន ដែលមិនមែនផ្ដោតត្រឹមតែតំបន់ដុនបាស (Donas) ប៉ុណ្ណោះទេនៅក្នុងសង្រ្គាម ដែលបានអូសបន្លាយអស់រយៈពេល៥ខែមកនេះ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី RIA Novosti កាលពីថ្ងៃពុធ ទី២០ ខែកក្កដាថា “កិច្ចការ” យោធារបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន ឥឡូវនេះបានហួសពីតំបន់ដុនបាស (Donbas) ភាគខាងកើតហើយ។

លោក Sergei Lavrov ក៏បានបញ្ជាក់ដែរថា គោលបំណងរបស់ទីក្រុងមូស្គូ នឹងពង្រីកបន្ថែមទៀត ប្រសិនបើលោកខាងលិចបន្តផ្គត់ផ្គង់ដល់ទីក្រុងគៀវ នូវអាវុធរយៈចម្ងាយឆ្ងាយដូចជាប្រព័ន្ធរ៉ុក្កែត HIMARS ដែលផលិតដោយសហរដ្ឋអាមេរិក ជាដើម៕

បុរីវិមានសំណាងសាងសង់ឡើងសម្របតាមបរិបទការផ្លាស់ប្តូរអាកាសធាតុនិងសន្សំសំចៃអគ្គិសនី

ដោយៈ ស៊ីវ ម៉េង

       ភ្នំពេញៈ ផ្តោតលើអភិជន បុរីវិមានសំណាងត្រូវបានរចនាឡើងជាពិសេសលើស្ថាបត្យកម្ម ជាមួយនឹងការសាងសង់ឡើងសម្របតាមការប្រែប្រួលអាកាសធាតុ ដើម្បីផ្តល់នូវបរិយាកាសរស់នៅ ប្រកបដោយភាពត្រជាក់ត្រជុំ និងផាសុខភាព។

អគ្គនាយិកាបុរីវិមានសំណាង លោកជំទាវឧកញ៉ាគង់ សំណាងបានមានប្រសាសន៍៍ឲ្យដឹងតាមបណ្តាញតេឡេក្រាម កាលពីរសៀលថ្ងៃទី២១ កក្កដានេះថា ជាមួយការរៀបចំទស្សនទាន និងប្លង់ស្ថាបត្យកម្មបែបក្លាសិក បុរីវិមានសំណាង ត្រូវបានរៀបចំសាងសង់ឡើងដោយមានបង្អួចធំៗ និងមានចំនួនច្រើន ដែលអនុញ្ញាត្តឲ្យមានពន្លឺ និងខ្យល់ចេញចូល ដែលជួយសន្សំសំចៃអគ្គិសនី ពិសេសយើងបាននិងកំពុងសាងសង់ តាមស្តង់ដាឥដ្ឋ២០ ដែលនឹងផ្តល់ភាពត្រជាក់ត្រជុំដល់អ្នករស់នៅ។

លោកជំទាវបានបន្តថា ជាមួយគ្នានេះ បុរីក៏បានគិតគូរប្លង់សេគ្រប់ជាន់ និងនៅជាន់ដំបូល ដើម្បីការពារជម្រាបទឹក ពិសេសចំណុចចំនួន៣ ដែលក្រុមហ៊ុនបានផ្តោតសំខាន់បំផុត ទី១ គឺការរចនាម៉ូតផ្ទះស្អាត និងទាន់សម័យត្រូវនឹងរសនិយម ​របស់អតិថិជនសម័យថ្មី ទី២ ការគិតទៅលើបរិយា​កាសក្នុងផ្ទះ ដើម្បីឲ្យមានភាពត្រជាក់ និងមានពន្លឺ និងខ្យល់ចេញចូលគ្រប់គ្រាន់ និងទី៣ ការការពារជម្រាបទឹក ជាអាទិភាពបន្ថែមរបស់យើង។

លោកជំទាវគង់ សំណាងបានបន្តថា បុរីវិមានសំណាងបាននិងកំពុងរៀបចំសាងសង់ឡើង នៅលើផ្ទៃដីទំហំ២៥ហិកតា ដែលជាគម្រោងវិនិយោ​គមួយបានផ្សារភ្ជាប់ជាមួយតំបន់ពាណិជ្ជកម្ម មានព្រែកធម្មជាតិ ដែលអាចស្ទូចត្រីកំសាន្តបាន មានសួនច្បារ ហាងកាហ្វេ និងសេវាកម្មជាច្រើនទៀត ដើម្បីផ្តល់ឲ្យអ្នករស់នៅមានភាពងាយស្រួល និងបំពេញបាននូវសេចក្តីសុខក្នុងក្រុមគ្រួសារ។

បុរីវិមានសំណាង មានទីតាំងនៅជាប់នឹងមហាវិថីឈ្នះ ឈ្នះ និងមានចម្ងាយប្រមាណ២គីឡូម៉ែត្រ ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មី។

លោកជំទាវឧកញ៉ាគង់ សំណាងបានឲ្យដឹងផងដែរថា ការិយាល័យលក់បុរីវិមានសំណាងបានបញ្ចប់ការសាងសង់រួចហើយ និងត្រៀមដាក់សម្ភោធនាពេលឆាប់ៗខាងមុខនេះ៕

អាជ្ញាធរកម្ពុជា ថៃសម្រេចបើកច្រកព្រំដែនអានសេះឡើងវិញហើយ

 ដោយៈ គង់ សូរិយា

       ព្រះវិហារៈ ជាដំណឹងរីករាយមួយសម្រាប់ប្រជាជនកម្ពុជា ថៃនៅជាប់ព្រំដែនប្រទេសទាំងពីរ ដែលច្រកព្រំដែនអានសេះ ស្ថិតក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្តខេត្តព្រះវិហារ ជាប់ព្រំដែនថៃ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ។

អភិបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ លោកវុធ តារ៉ាបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២១ កក្កដានេះថា តាមការឯកភាពគ្នារវាងភាគីខ្មែរ និងភាគីថៃ កាលពីថ្ងៃ៣០ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ ថ្ងៃនេះច្រកព្រំដែនអានសេះ ត្រូវបានបើកឡើងវិញដូចការគ្រោងទុក ហើយនៅថ្ងៃនេះដែរ លោកក៏បានដឹកនាំក្រុមការងារ ចុះមកពិនិត្យដោយផ្ទាល់ដំណើរការបើកច្រកអានសេះ ក៏ដូចជាសកម្មភាពដោះដូរទំនិញគ្នា រវាងប្រជាពលរដ្ឋនៃប្រទេសពីរផងដែរ។

លោកបន្តថា “អ្វីៗដែលវិលត្រឡប់មកវិញ នៅច្រកព្រំដែនអានសេះនេះ គឺកត្តាទី១៖ សុខសន្តិភាព និងកត្តាទី២៖ ការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលបានជោគជ័យ”។

លោកណែនាំបន្ថែមដល់បងប្អូនអាជីវករខ្មែរ ត្រូវបន្តការពារខ្លួនជានិច្ចពីជំងឺកូវីដ១៩ ដោយត្រូវបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល “៣កុំ និង៣ការពារ” ឱ្យបានជាប់ជាប្រចាំ។

នៅក្នុងជំនួបពិភាក្សាកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ស្តីពីការបើកដំណើរការច្រកអានសេះឡើងវិញ ភាគីកម្ពុជា-ថៃ បានការឯកភាពគ្នាលើចំណុចមួយចំនួនដូចជា ទី១ ថ្ងៃបើកច្រកមានចំនួន៣ថ្ងៃ គឺថ្ងៃអង្គារ៍ ព្រហស្បតិ៍ និង សៅរ៍ ដោយបើកចាប់ពីម៉ោង៨៖៣០នាទីព្រឹក រហូតដល់ម៉ោង៤៖៣០ រសៀល។ ទី២ ប្រជាពលរដ្ឋចេញ-ចូល ត្រូវកត់ឈ្មោះបង្ហាញកាតចាក់វ៉ាក់សាំង បើគ្មានកាតទេ ត្រូវមានលិខិតបញ្ជាក់ពីមណ្ឌលសុខភាព ក្នុងរយៈ ពេល ២៤ប៉ុណ្ណោះ ពាក់ម៉ាស់ ពិនិត្យកំដៅ។

ទី៣ ទីតាំងផ្សារ គឺជាអាជីវកម្មសេដ្ឋកិច្ចគ្រួសារខ្នាតតូច ត្រូវទទួលខុសត្រូវខ្ពស់ ផ្នែកអនាម័យតាមតូប តាមផ្សារ មានការវិចខ្ចប់ ទៅដាក់កន្លែងមានសុវត្ថិភាព ឥវ៉ាន់ចេញ-ចូល អនុញ្ញាតឱ្យមានរទេះរុញ។ ទី៤ រួមគ្នាសហការទប់ស្កាត់គ្រឿងញៀន ជួញដូរមនុស្ស ធនធានធម្មជាតិ សត្វព្រៃ មុខជំនួញ ដែលច្បាប់បានហាម។ ទី៥ អនុញ្ញាតឱ្យអ្នកជំងឺដែលត្រូវសង្គោះបន្ទាន់ចូលបាន តែមិនទាន់អនុញ្ញាតឱ្យមានការចូល ពិនិត្យសុខភាពនៅឡើយទេ(ភ្ជាប់មកនូវកាតវ៉ាក់សាំង)។

ទី៦ ក្របខ័ណ្ឌមន្ត្រីរាជការ បញ្ជូនអ្នកទោស ដែលរួចខ្លួនពីការកាត់ទោសចេញ ចូលតាមច្រកនេះបានចំពោះឡាន សំរាប់មន្ត្រីអាចចេញ ចូលបានដោយសហការ ជាមួយទំនាក់ទំនងព្រំដែននៃប្រទេសទាំង២ ចូលដល់ត្រឹមទីប្រជុំជននៃស្រុកទាំង២ ជាំក្សាន្ត និងណាំយឺន៕

 

អ្នកវិនិយោគអន្តរជាតិបោះទុនជាង១៥០០លានដុល្លារអាមេរិកសង់មជ្ឈមណ្ឌលពាណិជ្ជកម្មជាង៦០ជាន់នៅភ្នំពេញ

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ស្របនឹងទីផ្សារខុនដូចាប់ផ្ដើមងើបឡើងវិញ ក្រោយវិបត្តិកូវីដ១៩ អ្នកវិនិយោគបរទេស និងក្នុងស្រុកបានបណ្ដាក់ទុនវិនិយោគឡើងវិញលើអគារខុនដូនៅក្នុងប្រទេស ដើម្បីបំពេញតម្រូវការនាពេលនេះ និងពេលអនាគត។

ជាក់ស្ដែងក្រុមហ៊ុន SUNWAH GROUP ដែលជាក្រុមហ៊ុនមានបទពិសោធន៍ ក្នុងការវិនិយោគនៅក្នុងប្រទេសកម្ពុជា ប្រមាណ៣ទសវត្សរ៍បានសម្រេចដាក់ទុន១,៥ពាន់លានដុល្លារអាមេរិក សាងសង់អគារខុនដូនិងមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះកំពស់ជាង៦០ជាន់ នៅចំកណ្ដាលទីក្រុងភ្នំពេញ។

លោកឆយ គុនស៊ុម អគ្គនាយកក្រុមហ៊ុនសាន់វ៉ាគ្រុប បានមានប្រសា​សន៍ថា នៅក្នុងវិបត្តិកូវីដ១៩ ស្ថានភាពវិនិអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាដូចបានដឹងស្រាប់ហើយ គឺមានការថមថយបន្តិច ប៉ុន្តែដោយសារតែមានការជឿជាក់លើប្រទេសកម្ពុជា ទើបក្រុមហ៊ុនបានសម្រេចបណ្ដាក់ទុនវិនិយោគបន្ថែម ក្រោយពីវិបត្តិកូវិដ១៩បានធូរស្រាល និងរំពឹងថានឹងធ្វើឱ្យវិស័យអចលនទ្រព្យ ក៏ដូចជា វិស័យផ្សេងទៀតទទួលបានការវិនិយោគឡើងវិញដូចមុននឹងវិបត្តិកូវីដ១៩ ។

លោកបន្តថា “កត្តាដែលធ្វើឱ្យខ្ញុំ ក៏ដូចជាវិនិយោគិនដទៃទៀតជឿជាក់លើប្រទេសកម្ពុជា ទី១ គឺស្ថានភាពនយោបាយល្អ ទី២ទាក់ទងនឹងច្បាប់វិនិយោគថ្មីរបស់ព្រះរាជាណាចក្រកម្ពុជា និងទី៣ ដោយសារតែ ក្រុមហ៊ុនសាន់វ៉ា ជាក្រុមហ៊ុនមានហិរញ្ញវត្ថុរឹងមាំ”។លោកបន្ថែមថា “ដូច្នេះវានឹងមិនធ្វើឱ្យក្រុមហ៊ុនយើងបរាជ័យ ឬដួលរលំនោះទេ ក្នុងពេលរដ្ឋាភិបាលកម្ពជាក៏បានខិតខំក្នុងការស្ដារ និងជំរុញសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិ”។

លោកបន្ថែមថា សម្រាប់រូបលោកជាអ្នកវិនិយោគមួយរូប នៅក្នុងប្រទេសកម្ពុជា លោកចង់ស្នើទៅរដ្ឋាភិបាលរឿងពាក់ព័ន្ធនឹងពន្ធ ព្រោះបើប្រៀបធៀបនឹងប្រទេសនានាក្នុងតំបន់អាស៊ាន កម្ពុជាជាប្រទេសដែលយកពន្ធខ្ពស់ជាងគេ ដូច្នេះយើងសូមស្នើឱ្យរដ្ឋាភិបាលបន្ធូរបន្ថយពន្ធ មិនថាតែការនាំចូល នាំចេញ និងការនាំចេញជាដើម។

លោកបន្ថែមថា “បើសិនជារដ្ឋាភិបាលបន្ធូរបន្ថយពន្ធ បានប្រសើរជាងនេះ មិនខ្វះទេអ្នកវិនិយោគចូលមកកម្ពុជានោះ”។

បើតាមអ្នកនាងគឹម គឹនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនអចលនទ្រព្យCBRE Cambodia បានលើកឡើងផងដែរថា ក្នុងរយៈពេល៦ខែកន្លងមកនេះ សកម្មភាពវិនិយោគអគារខុនដូ បានចាប់ផ្ដើមកម្រើកឡើងវិញហើយ ជាពិសេសគម្រោងខុនដូ ដែលបានផ្អាកនាពេលកន្លងមក និងគម្រោងខុនដូបើកថ្មីៗផងដែរ តែសម្រាប់គម្រោងបើកថ្មីមិនសូវមានច្រើនទេ ក្នុងរយៈពេលកន្លងមកនេះ៕

រដ្ឋមន្រ្តីសេដ្ឋកិច្ចៈកម្ពុជាកំពុងធ្វើដំំណើរដើម្បីឈានទៅកាន់ប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

លោកអូន ព័ន្ឋមុនីរ័ត្នបានថ្លែងថា កម្ពុជាកំពុងប្រឹងប្រែងធ្វើដំណើរយ៉ាងសកម្មឥតឈប់ឈរ ដើម្បីសម្រេចបាននូវក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចរបស់ខ្លួន តម្រង់ទិសឆ្ពោះទៅចក្ខុវិស័យក្លាយជាប្រទេសមាន ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និងស្របតាមគន្លងមាគ៌ាអភិវឌ្ឍន៍ ដែលបានដាក់ចេញនូវ “ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០”។

លោកបានថ្លែងបែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយលោក HATAEDA Mikio អគ្គនាយកទទួលបន្ទុកនាយកដ្ឋានអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ទីស្នាក់ការកណ្តាល នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនកាលពីថ្ងៃទី២០ កក្កដាកន្លងមកនេះ។

លោកឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា “កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (ODA)របស់មិត្តជប៉ុន ជាធាតុចូលមួយយ៉ាងសំខាន់ ដែលបានឆ្លើយតបទៅនឹងសេចក្តីត្រូវការជាអាទិភាព និងគោលនយោបាយសំខាន់ៗនានារបស់រាជរដ្ឋាភិបាលកម្ពុជា”។


លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីបានកោតសសើរ និងអរគុណចំពោះរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន ជាតាមការផ្តល់ Japanese ODA អនុវត្តដោយ JICA សឹងតែគ្រប់វិស័យនៅកម្ពុជា ជាពិសេស នៅក្នុងក្របខ័ណ្ឌអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត រួមមានកំពង់ផែសមុទ្រអន្តជាតិ ផ្លូវថ្នល់-ស្ពាន អគ្គិសនី ប្រព័ន្ធធារាសាស្រ្ត មន្ទីរពេទ្យ សាលារៀន និង រោងចក្រផលិតទឹកស្អាត ជាដើម ។ល។ សកម្មភាពទាំងនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ប្រទេសជប៉ុន នៅតែជាមិត្តភ័ក្តិដ៏ប្រពៃ និងជាដៃគូយុទ្ធសាស្រ្តអភិវឌ្ឍន៍ដ៏សំខាន់មួយ សម្រាប់ប្រទេសកម្ពុជា។

លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចបានបន្តថា “ប្រទេសជប៉ុន នៅតែជាមិត្តភ័ក្តិដ៏ប្រពៃ និងជាដៃគូយុទ្ធសាស្រ្តអភិវឌ្ឍន៍ដ៏សំខាន់មួយ សម្រាប់ប្រទេ​សកម្ពុជា”។

លោកអូន ព័ន្ឋមុនីរ័ត្នបានបន្តថា រដ្ឋាភិបាលជប៉ុន, តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA), បានដើរតួនាទីស្នូលយ៉ាងសំខាន់ ក្នុងការផ្តល់ហិរញ្ញប្បទាន សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (Japanese ODA) ទាំងក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង, ឥណទានសម្បទាន និងជំនួយបច្ចេកទេស ចូលរួមចំណែកក្នុងការអនុវត្ត គោលនយោបាយ និង យុទ្ធសាស្ត្រអភិវឌ្ឍគ្រប់ដំណាក់កាល ដែលរាជរដ្ឋាភិបាល ដាក់ចេញពីមួយអាណត្តិទៅមួយអាណត្តិ សម្រាប់អភិ​វឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជា។


ជាមួយគ្នានេះ លោក HATAEDA Mikio បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោ​យគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ចំពោះចំណាត់ការ និងវិធា​នការនានា ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងនៃជំងឺកូវីដ-១៩។

លោកHATAEDA Mikio សន្យាបង្កើនឥណទានសម្បទានទ្វេដង សម្រាប់មួយឆ្នាំៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍ របស់ប្រទេសកម្ពុជា និងហិរញ្ញប្បទានសហប្រតិបត្តិការនានាបន្ថែមទៀត ដើម្បីជួយគាំទ្រ ដល់សកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅកម្ពុជា៕


នាយករដ្ឋមន្ត្រីចិន ប្តេជ្ញាប្រឹងប្រែងបន្ថែមទៀតដើម្បីពង្រីកការបើក ទូលាយផ្នែកសេដ្ឋកិច្ច

ដោយ: លាងហួរ

ប៉េកាំង: នាយករដ្ឋមន្ត្រីចិន លោក លីខឺឈាង បានចូលរួមកិច្ចសន្ទនាតាមប្រព័ន្ធវីដេអូពិសេស ជាមួយមេដឹកនាំធុរកិច្ចសកល ដែលរៀបចំដោយវេទិកាសេដ្ឋកិច្ចពិភពលោក(WEF)នៅទីក្រុងប៉េកាំង។

រដ្ឋាភិបាលចិនប្តេជ្ញាថា នឹងខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការធ្វើឱ្យស៊ីជម្រៅនូវការបើកចំហកម្រិតខ្ពស់ និងជំរុញទីផ្សារលំដាប់ពិភពលោក បរិយាកាសអាជីវកម្ម ដែលគ្រប់គ្រងដោយក្របខ័ណ្ឌច្បាប់ដ៏ត្រឹមត្រូវមួយ។

លោកលី ខឺឈាង បានថ្លែងសុន្ទរកថា និងផ្លាស់ប្តូរទស្សនៈជាមួយអ្នកតំណាងអាជីវកម្មនានាមកពីជុំវិញពិភពលោក។

ការសន្ទនានេះ ត្រូវបានសម្របសម្រួលដោយប្រធានប្រតិបត្តិ នៃ WEF Klaus Schwab និងអ្នកដឹកនាំអាជីវកម្មជិត៤០០នាក់ មកពីជាង៥០ប្រទេសបានចូលរួម។

លោកលី ខឺឈាង បានកត់សម្គាល់ការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅ និងស្មុគស្មាញ ហើយជាពិសេសការកើនឡើងនៃបញ្ហាប្រឈម និងភាពមិនច្បាស់លាស់ នៅក្នុងបរិយាកាសក្នុងតំបន់ និងអន្តរជាតិ។  លោកបាននិយា​យថា លោកប្រធានាធិបតីស៊ី ជីនពីង បានចង្អុលបង្ហាញនៅក្នុងសុន្ទរកថារបស់លោក នៅឯវេទិកាសេដ្ឋកិច្ចពិភពលោក Virtual Session នៅឆ្នាំនេះថា “ប្រទេសចិននឹងបន្តប្តេជ្ញាចិត្ត ដើម្បីធ្វើកំណែទម្រង់ និងការបើកទូលាយ”។

បរិយាកាសសន្តិភាព និងស្ថិរភាព គឺជាតម្រូវការជាមុនសម្រាប់ការអភិវឌ្ឍន៍។

លោកលី ខឺឈាង បាននិយាយថា ប្រទេសចិននឹងធ្វើការជាមួយគ្រប់ភាគី ដើម្បីលើកកម្ពស់ប្រព័ន្ធអន្តរជាតិ ដែលផ្តោតលើអង្គការសហប្រជាជាតិ អនុវត្តពហុភាគីនិយម និងរួមគ្នាការពារសន្តិភាព និងសន្តិភាពពិភពលោក។

លោកបន្ថែមថា ការលើកកម្ពស់កំណើនសេដ្ឋកិច្ចពិភពលោក ប្រកប​ដោយស្ថិរភាព គឺជាកិច្ចការទូទៅ និងបន្ទាន់សម្រាប់ទាំងអស់គ្នា ដើម្បីពង្រឹងការសម្របសម្រួល គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ធានាស្ថិរភាពការផ្គត់ផ្គង់អាហារ និងថាមពល និងរក្សាខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្ម និងផ្គត់ផ្គង់ប្រកបដោយសុវត្ថិភាព និងរលូន។

លោកលឺ ខឺឈាង បានបញ្ជាក់ថា វាមានសារៈសំខាន់ក្នុងការពង្រឹងឯកភាព និងការសម្របសម្រួល ការពារយ៉ាងរឹងមាំ និងជំរុញសកលភាវូបនីយកម្មសេដ្ឋកិច្ច ធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី និងជំរុញការអភិវឌ្ឍន៍ប្រកបដោយតុល្យភាព រួមបញ្ចូល និងនិរន្តរភាពដែល​ផ្តល់សម្រាប់ទាំងអស់គ្នា៕

ឧបនាយករដ្ឋមន្រ្តីជា សុផារ៉ាដឹកនាំមន្រ្តីអន្តរក្រសួងរៀបចំគោលនយោ​បាយ និងផែនការប្រើប្រាស់ដីនៅក្រុងព្រះសីហនុ

ដោយៈ សុផារី

       ព្រះសីហនុៈ លោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំមន្រ្តីអន្តរក្រសួង ដើម្បីរៀបចំគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លីលំអិតនៅក្រុងព្រះសីហនុ។

កិ​ច្ចប្រជុំនេះមានការចូលរួមពីបណ្តារដ្ឋមន្រ្តី មកពីក្រសួងពាក់ព័ន្ឋជា​ច្រើនរួមមាន លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកនៃគណៈកម្មាធិការបច្ចេកទេស អន្តរក្រសួងរៀបចំគោលនយោបាយគ្រប់គ្រងនិងប្រើប្រាស់ដីធ្លី លោកចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាអនុប្រធានគ.ប.ដ. លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធាន គ.ប.ដ.  និងរដ្ឋមន្រ្តីក្រសួងពាក់ព័ន្ធមួយចំនួនទៀត។

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យ និងផ្តល់ការយល់ព្រមលើសេចក្តីព្រាង គោលនយោបាយគ្រប់គ្រងនិងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។

ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ធ្វើឡើងក្នុងគោលដៅបន្តជំរុញសន្ទុះកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គម តាមគន្លងប្រក្រតីភាពថ្មី ដើម្បីធានាសម្រេចបានចក្ខុវិស័យដល់ឆ្នាំ២០៣៨ គឺ ដែនដីនៅខេត្តព្រះសីហនុ ត្រូវបានគ្រប់គ្រង ប្រើប្រាស់ បែងចែក ការពារ និងអភិវឌ្ឍប្រកបដោយសមធម៌ តម្លាភាព ប្រសិទ្ធភាព ចីរភាព និងបរិយាបន្ន ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាទីក្រុងបៃតងអាស៊ាន នៃប៉ូលអភិវឌ្ឍន៍ជាតិទំនើប៕

លោកចូ បៃឌិនងជជែកចរចាជាមួយលោក ស៊ី ជីនភីងដើម្បីសំរាលភាពតានតឹងក្នុងពេលដ៏ខ្លីខាងមុខ

ដោយៈ សុខុម

អាមេរិក: ប្រធានាធិបតីសហរដ្ឋអាមេរិក លោកចូ បៃឌិនគ្រោងជជែកចរចាជាមួយប្រធានាធិបតីចិន លោកស៊ី ជីនភីង នៅចុងខែនេះ ស្របពេលភាពតានតឹងកំពុងឡើងកម្ដៅ រវាងប្រទេសទាំង២ជុំវិញបញ្ហាកោះតៃវ៉ាន់ និងពាណិជ្ជកម្ម។

នៅពេលវិលត្រលប់ពីដំណើរទស្សនកិច្ច ទៅកាន់រដ្ឋម៉ាសាជូសេត (Massachusetts) វិញ លោក ចូ បៃឌិន បានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានថា “ខ្ញុំគិតថា ខ្ញុំនឹងជជែកចរចាជាមួយ លោកប្រធានាធិបតី ស៊ី នៅរយៈពេល១០ថ្ងៃខាងមុខ”។ នេះបើយោងតាមសារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា នេះ។

ការជជែកចរចាតាមទូរស័ព្ទ ដែលគេទន្ទឹងរង់ចាំយូរមកហើយរវាងមេដឹកនាំទាំង២ ដែលវាជាការជជែកជាលើកដំបូងសម្រាប់លោកទាំង២ ក្នុង    រយៈពេល៤ខែមកនេះ នឹងធ្វើឡើងចំពេលដ៏សំខាន់មួយ ដោយសារភាពតានតឹងឡើងកម្ដៅជុំវិញបញ្ហាកោះតៃវ៉ាន់ និងខណៈរដ្ឋការរបស់លោកចូ បៃឌិន កំពុងថ្លឹងថ្លែងការកាត់ពន្ធនាំចូលលើទំនិញពីប្រទេសចិន ដើម្បីជួយសម្រាលសម្ពាធអតិផរណា មកលើអ្នកប្រើប្រាស់ជាពលរដ្ឋអាមេរិក។

សហរដ្ឋអាមេរិក បានហៅប្រទេសចិន ថាជាគូប្រជែងជាយុទ្ធសាស្ត្រ ឬជាគូប្រជែងធំបំផុតរបស់ខ្លួន ហើយនិយាយថា ការចូលរួមជជែកចរចាកម្រិតខ្ពស់ គឺមានសារៈសំខាន់ណាស់ នៅក្នុងការរក្សាទំនាក់ទំនងដ៏លំបាកនេះឱ្យមានស្ថិរភាព និងទប់ស្កាត់វាកុំឱ្យធ្លាក់ចូលក្នុងជម្លោះជាយថាហេតុ។

កាលពីខែមុន រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានជំរុញអង្គការបក្សសម្ព័ន្ធយោធាNATO អនុម័តលើឯកសារជាយុទ្ធសាស្ត្រមួយ ដែលហៅប្រទេសចិនថា “ជាអ្នកគំរាមកំហែងដល់សន្តិសុខពិភពលោក”។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃពុធ ទី២០ ខែកក្កដា លោក ចូ បៃឌិន ហាក់ដូចបង្ហាញមន្ទិល ចំពោះគម្រោងដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ទៅកាន់កោះវ៉ាន់ នៅខែក្រោយ។

លោកចូ បៃឌិន លើកឡើងដូច្នេះថា “ខ្ញុំយល់ថា យោធាគិតថាវាមិនមែនជាគំនិតល្អទេនៅពេលនេះ ប៉ុន្តែខ្ញុំក៏មិនដឹងពីស្ថានភាពនេះដែរ”៕ Reuters៕

ដំណឹងល្អ ប្រេងសាំងធម្មតាធ្លាក់ថ្លៃដល់៤.៨០០រៀលក្នុងមួយលីត្រ និងម៉ាស៊ូត៥.៣០០រៀលក្នុងមួយលីត្រ

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានប្រកាសនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះថា តម្លៃប្រេងឥន្ធនៈនៅកម្ពុជា បន្តធ្លាក់ថ្លៃ ក្នុងនោះតម្លៃសាំងធម្មតានឹងត្រូវលក់៤.៨០០ រៀល ក្នុង១លីត្រ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែកក្កដា ខណៈប្រេងម៉ាស៊ូត តម្លៃ៥.៣០០ រៀល ក្នុង១លីត្រ។

 

បើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា ផ្អែកតាមតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ តម្លៃលក់រាយប្រេងឥន្ធនៈក្នុងរយៈពេលដូចគ្នាខាងលើ ត្រូវលក់៥.០៦៦រៀល ក្នុងមួយលីត្រ សម្រាប់ប្រេងសាំងធម្មតា EA92 និង ៥.៥៦៦រៀល សម្រាប់ប្រេងម៉ាស៊ូត ក្នុងមួយលីត្រ។

ក្រសួងបានបញ្ជាក់បន្ថែមថា ដើម្បីជួយសម្រួល់ដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែក ពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចនាយករដ្ឋមន្រ្តី បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន៦,៥សេនដុល្លារ ក្នុងមួយលីត្រ៕

 

រដ្ឋាភិបាលទុកពេល១០ខែឱ្យក្រុមហ៊ុនអ៊ីនធឺណេតកែលំអនិងពង្រឹងគុណភាពសេវា

ដោយ៖ សុផារី

ភ្នំពេញ៖ រដ្ឋាភិបាល តាមរយៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២០ ខែកក្កដានេះ បានប្រកាសទុកពេលវេលារយៈពេល១០ខែ ឱ្យក្រុមហ៊ុនទូរស័ព្ទ និងក្រុមហ៊ុនអ៊ីនធឺណេតទាំងអស់ កែលំអនិងពង្រឹងគុណភាពសេវាទូរគមនាគមន៍របស់ខ្លួនឱ្យបានឆាប់រហ័ស។

យោងតាមសេចក្តីប្រកាស ស្តីពីការដាក់ឱ្យអនុវត្ត “ប្រកាសស្តីពីគុណភាពសេវាទូរគមនាគមន៍” បានឱ្យដឹងថា ប្រតិបត្តិករទូរគមនាគមន៍មាន រយៈពេល១០(ដប់)ខែ ដើម្បីកែលំអ និងពង្រឹងគុណភាពសេវាទូរគមនាគមន៍របស់ខ្លួន ដោយអនុលោមតាមសូចនាករគុណផលគន្លឹះ។ ក្នុងករណីប្រតិបត្តិករទូរគមនាគមន៍ណា មិនអនុវត្តតាមស្តង់ដារអប្បបរមា ដែលបានកំណត់ក្នុងប្រកាសនេះទេ ប្រតិបត្តិករទូរគមនាគមន៍នោះនឹងត្រូវទទួលរងពិន័យ។

ក្រសួងបានឱ្យដឹងថា ខ្លួនបានចាត់ទុកការពង្រឹងគុណភាពសេវាទូរគមនាគមន៍ គឺជាកិច្ចការអាទិភាពបំផុត និងបានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការស្វែងរកមធ្យោបាយ និងដំណោះស្រាយនានា សំដៅបង្កើនគុណភាពសេវាទូរសព្ទចល័ត និងអ៊ីនធឺណិត និងលើកកម្ពស់ការការពារសិទ្ធិរបស់អ្នកប្រើប្រាស់ ដោយសារតែគុណភាពសេវាទូរគមនាគមន៍បច្ចុប្បន្ន នៅមានកម្រិតនៅឡើយ។

សេចក្តីព្រាង “ប្រកាសស្តីពីគុណភាពសេវាទូរគមនាគមន៍” ក្នុងការកំណត់បទដ្ឋានបច្ចេកទេស ជាក់លាក់ ដែលត្រូវអនុវត្តជាកាតព្វកិច្ច សម្រាប់ប្រតិបត្តិករទូរគមនាគមន៍ សំដៅពង្រឹងគុណភាពសេវា និងបណ្តាញទូរគមនាគមន៍របស់ខ្លួន ក៏ដូចជាដើម្បីចូលរួមការពារ និងធានាផលប្រយោជន៍របស់អ្នកប្រើប្រាស់ ក្នុងការទទួលបានសេវាទូរគមនាគមន៍ ប្រកបដោយគុណភាពស្របតាមទឹកប្រាក់ ដែលបានបង់។

ក្នុងកិច្ចប្រជុំ​​ជាមួយប្រតិបត្តិករទូរគមនាគមន៍ចំនួន៤៥ក្រុមហ៊ុន ដើម្បីពង្រឹងវិធានការដោះស្រាយបញ្ហាសេវាទូរសព្ទចល័ត និងសេវាអ៊ីនធឺណិត លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ លើកឡើងអំពីបញ្ហាទូរសព្ទចល័ត បញ្ហាសេវាអ៊ីនធឺណិត និងវិធានការដោះស្រាយរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងបានទទួលយកសំណូមពរ ក៏ដូចជាបញ្ហាប្រឈមរបស់ក្រុមហ៊ុន ដែលបានជួបប្រទះ។

លោករដ្ឋមន្ត្រី ប្តេជ្ញាបន្តលុបបំបាត់រាល់បាតុភាពអសកម្មនិងអវិជ្ជមាន ក្នុងវិស័យទូរគមនាគមន៍ ដោយអនុវត្តតាមច្បាប់ស្តីពីទូរគមនាគមន៍និងលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងជំរុញការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធដើម្បីធ្វើឱ្យសេវាទូរសព្ទចល័ត និងសេវាអ៊ីនធឺណិតបានល្អប្រសើរឡើង៕