សម្តេចតេជោណែនាំដល់ក្រុមហ៊ុនផ្តល់សេវាអ៊ីនធើណេតឱ្យពង្រឹងលើសេវាអ៊ីនធើណេត

ដោយ៖ សុផារី

 

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់ក្រុមហ៊ុនទូរស័ព្ទ ក្រុមហ៊ុនផ្តល់សេវាអ៊ីនធើណេត ឱ្យពង្រឹងលើសេវាអ៊ីនធើណេត ទាំងនៅក្នុងទីក្រុង និងនៅតាមបណ្តាខេត្ត​ ជាពិសេសនៅតាមតំបន់ទេសចរណ៍នានា។

 

សម្តេចបានមានប្រសាសន៍យ៉ាងនេះ ក្នុងសន្និបាតបូកសរុបការងារវិស័យទេសចរណ៍ ដែលរៀបចំឡើងដោយក្រសួងទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ។

សម្តេចបានមានប្រសាសន៍ថា “ត្រូវមានការគាំទ្រផ្នែកនេះ មិនគ្រាន់តែនៅជនបទទេ តែទីក្រុងក៏ត្រូវឲ្យមានភាពរឹងមាំឡើងផ្នែកសេវា ព្រោះកន្លែងខ្លះ ឧទាហរណ៍នៅតាមអូតែល ដាក់ថា Free Wifi តែវិលខ្ញាល់តែម្តង វិលទាំងអស់ ព្រោះវាត្រូវបានធ្វើដើម្បីតម្រូវត្រឹមតែប៉ុន្មាន ២០ទូរស័ព្ទ ប៉ុន្តែពេលឡើងដល់១០០នាក់ វាវិលទាំងអស់”។

 

សម្តេចបានបន្តថា “គ្រប់ក្រុមហ៊ុនទូរស័ព្ទ ក្រុមហ៊ុនអ៊ីនធើណែតទាំងអស់ៗ ត្រូវតែពង្រឹងខ្លួន នៅទីក្រុងក៏ត្រូវពង្រឹង ហើយពង្រីកវានៅតាមបណ្តាតំបន់ទេសចរណ៍នានា ដើម្បីទាក់ទាញទេសចរទៅកំសាន្តតាមតំបន់ឆ្ងាយៗ ចាំបាច់ណាស់ត្រូវមានប្រព័ន្ធគាំទ្រអ៊ីនធើណែតនេះ”៕

សម្តេចតេជោអនុសាសន៍ចំនួន៧ដើម្បីជំរុញសន្ទុះនៃការអភិវឌ្ឍវិស័យទេសចរណ៍

ដោយ៖ សុផារី

ភ្នំពេញ៖ វិស័យទេសចរណ៍ ត្រូវបានបង្អាក់ស្ទើរតែទាំងស្រុង ក្នុងអំឡុងពេលជាង ២ឆ្នាំចុងក្រោយ ដោយសារវិបត្តិជំងឺកូវីដ-១៩ ដែលជះឥទ្ធពលអវិជ្ជមាន និងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍ នៅទូទាំងសកលលោក។

​

ក្នុងសន្និបាតបូកសរុបការងារវិស័យទេសចរណ៍ ដែលរៀបចំឡើងដោយក្រសួងទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិស័យទេសចរណ៍រងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដោយសារជំងឺកូវីដ-១៩ បានផ្អាកការធ្វើដំណើរទាំងក្នុង និងក្រៅប្រទេស ដែលបង្ខំឱ្យអាជីវកម្មទេសចរណ៍ និងធុរកិច្ច ពាក់ព័ន្ធបិទទ្វារ និងធ្វើឱ្យបុគ្គលិករាប់ម៉ឺននាក់បាត់បង់ការងារ ។

ដើម្បីបន្តពង្រឹងការអភិវឌ្ឍវិស័យទេសចរណ៍ ពិសេសជំរុញសន្ទុះនៃវិស័យនេះឱ្យប្រសីរឡើងវិញ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវអនុសាសន៍ចំនួន៧ដូចខាងក្រោម៖

 

ទី១. ត្រូវធានានូវការអភិវឌ្ឍប្រកបដោយចីរភាព ភាពធន់ និងបរិយាបន្ន ក្នុងនោះក្រុមការងារ រាជរដ្ឋាភិបាល និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តជំរុញការអនុវត្តក្របខណ្ឌ និងយុទ្ធសាស្ត្រ អភិវឌ្ឍវិស័យទេសចរណ៍ ព្រមទាំងយុទ្ធសាស្ត្រនានា ដែលបានដាក់ចេញ ក្នុងការជំរុញសន្ទុះនៃវិស័យទេសចរណ៍ ។ ក្រសួងទេសចរណ៍ត្រូវបន្តតាមដាន និងវិភាគស្ថានភាពវិស័យ ទេសចរណ៍កម្ពុជា តំបន់ និងសកលលោកឱ្យបានជាប់ជាប្រចាំ ។

 

ទី២. បន្តជំរុញការស្តារឡើងវិញនៃវិស័យទេសចរណ៍ ដោយបន្តអនុវត្តកម្មវិធីគាំពារអាជីវកម្មទេសចរណ៍ តាមរយៈការផ្តល់ការអនុគ្រោះផ្នែកសារពើពន្ធ កម្មវិធីសហហិរញ្ញប្បទាន និងកម្មវិធីផ្តល់ការធានាឥណទាន តាមរយៈសាជីវកម្មធានាឥណទានកម្ពុជា ។ ក្រសួងទេសចរណ៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តពង្រឹងការអភិវឌ្ឍមូលធនមនុស្ស នៅក្នុងវិស័យ ទេសចរណ៍ ការអភិវឌ្ឍជំនាញ ការជំរុញអក្ខរកម្មឌីជីថល ការជំរុញសហគ្រិនវ័យក្មេង និងការជួយគាំទ្រសហគ្រាសធុនតូច និងមធ្យមក្នុងវិស័យទេសចរណ៍សំដៅឈាន ដល់ការអភិវឌ្ឍ “ទេសចរណ៍ឆ្លាត” ប្រកបដោយចីរភាព ភាពធន់ និងបរិយាបន្ន។

 

ទី៣. បង្កើនភាពទាក់ទាញគោលដៅកម្ពុជា សម្រាប់ទីផ្សារ ទេសចរណ៍ជាតិ និងអន្តរជាតិ តាមរយៈ បន្តពង្រឹងការអនុវត្ត វិធានសុវត្ថិភាព និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី ជំរុញពិពិធកម្មគោលដៅផលិតផល និងសេវាកម្មទេសចរណ៍ ប្រកបដោយគុណភាព សុវត្ថិភាព និងតម្លៃប្រកួតប្រជែងខ្ពស់ ។ ត្រូវសិក្សាប្រភពទីផ្សារគោលដៅ ដែលមានសក្តានុពល និងចាប់យកបច្ចេកវិទ្យាឌីជីថល ទាំងរដ្ឋ និងវិស័យឯកជន ពិសេសការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ តាមបែបឌីជីថល ការទូទាត់តាមប្រព័ន្ធឌីជីថល និងការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល។

 

ទី៤. ពង្រឹងការអនុវត្តយន្តការអភិបាលកិច្ចទេសចរណ៍ថ្មី ដើម្បីបន្តធានានូវភាពធន់ ក្នុងវិស័យទេសចរណ៍ ដែលជា “មាសបៃតង”របស់កម្ពុជា ។ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអភិវឌ្ឍទេសចរណ៍ ត្រូវសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ សិក្សាបង្កើត វេទិការួមអចិន្ត្រៃយ៍ សម្រាប់តំបន់ទេសចរណ៍អាទិភាពនីមួយៗ ដើម្បី “រួមគិត រួមធ្វើ រួមទទួលខុសត្រូវទាំងអស់គ្នា” និងត្រូវពង្រឹងយន្តការ គណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍រាជធានី-ខេត្ត។

 

ទី៥. បន្តជំរុញចលនាទេសចរណ៍ផ្ទៃក្នុងឱ្យបានកាន់តែខ្លាំង ក្នុងក្របខណ្ឌទូទាំងប្រទេស ក្រោមស្មារតីនៃយុទ្ធនាការ “ទស្សនាស្រុកយើង : ទេសចរណ៍ ផ្សារភ្ជាប់ទឹកដី ឬ ស្រឡាញ់ជាតិ ត្រូវស្គាល់ទឹកដី” និងកិច្ចសហការជំរុញការអនុវត្ត “វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣” ឱ្យមានប្រសិទ្ធភាពខ្ពស់ ។

 

ទី៦. ពង្រឹង និងបង្កើនលទ្ធភាពនៃការតភ្ជាប់មកកាន់កម្ពុជា ទាំងតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ដើម្បីជំរុញការតភ្ជាប់ប្រភពទីផ្សារទេសចរណ៍សំខាន់ៗមកកម្ពុជា ។ ក្រសួងទេសចរណ៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តសហការ គ្នាឱ្យបានល្អ ប្រកបដោយស្មារតីបុរេសកម្ម និងអន្តរសកម្ម ព្រមទាំងប្រកាន់ខ្ជាប់ នូវអភិក្រម “ជីវភាពនៃប្រព័ន្ធតួអង្គ តែមួយ” ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ការតភ្ជាប់ចូលមកកម្ពុជា ពីប្រភពទីផ្សារទេសចរណ៍សំខាន់ៗ នៅក្នុងតំបន់ និងសកលលោក។

ទី៧. ដោយកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ ២០២៣ ខ្ញុំស្នើឱ្យយកព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំនេះ ដាក់ចេញជាយុទ្ធនាការ ទស្សនាកម្ពុជាឆ្នាំ ២០២៣ (Visit Cambodia Year 2023) ដើម្បីបង្កើនការផ្សព្វផ្សាយទេសចរណ៍កម្ពុជា។ សូមក្រសួង-ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋគ្រប់រូប ចូលរួមយុទ្ធនាការ “កម្ពុជាស្អាត” និង “ទីក្រុងស្អាត រមណីយដ្ឋានស្អាតសេវាល្អ និងបដិសណ្ឋារកិច្ចល្អ” ដើម្បីលើកកម្ពស់មុខមាត់កម្ពុជាផង និងអបអរសាទរការរៀបចំព្រឹត្តិការណ៍ កីឡាស៊ីហ្គេម និងអាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ២០២៣ផង៕

IMF បន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចអាមេរិកមកនៅត្រឹម ២,៣ភាគរយ

ដោយៈ សុខុម

វ៉ាស៊ីនតោន: មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) កាលពីថ្ងៃអង្គារ ទី១២ ខែកក្កដា បានព្រមានថា ការបញ្ចៀសវិបត្តិសេដ្ឋកិច្ច នៅក្នុងសហរដ្ឋអាមេរិក នឹង”កាន់តែពិបាកខ្លាំងឡើង”។ នេះបើយោងតាមសារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃពុធ ទី១៣ ខែកក្កដា នេះ។

ការព្រមាននេះធ្វើឡើង នៅពេលស្ថាប័នអន្តរជាតិមួយនេះ បានបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចអាមេរិក សម្រាប់ឆ្នាំ២០២២ ជាថ្មីម្ដងទៀតមកនៅត្រឹម២,៣% បើធៀបនឹងកំណើន២,៩% ដែលខ្លួនបានព្យាករកាលពីចុងខែមិថុនា នៅពេលទិន្នន័យថ្មីៗបង្ហាញ ពីការធ្លាក់ចុះនូវការចំណាយរបស់អតិថិជន។

ស្ថាប័ននេះ ក៏បានបន្ទាបការព្យាករណ៍កំណើន GDP របស់សហរដ្ឋអាមេរិក សម្រាប់ឆ្នាំ២០២៣ មកត្រឹម១,០%ផងដែរ បើធៀបនឹងកំណើន១,៧% ដែលខ្លួនបានព្យាករកាលពីថ្ងៃទី២៤ ខែមិថុនា នៅពេលស្ថាប័ននេះ បានជួបជាមួយក្រុមមន្ត្រីអាមេរិក សម្រាប់ធ្វើការវាយតម្លៃប្រចាំឆ្នាំអំពីគោលនយោបាយសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។

របាយការណ៍ចុងក្រោយ ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ សប្ដាហ៍មុន ត្រូវបានកែសម្រួលដើម្បីឆ្លុះបញ្ចាំងពីការធ្លាក់ចុះ GDP របស់សហរដ្ឋអាមេរិក ក្នុងត្រីមាសទី១ និងទិន្នន័យបង្ហាញពីការធ្លាក់ចុះ នូវការចំណាយរបស់អ្នកប្រើប្រាស់កាលពីខែឧសភា។

ប៉ុន្តែស្ថាប័ននេះ បានបន្តបង្ហាញពីបញ្ហាប្រឈម នៃការហក់ឡើងអតិផរណាខ្ពស់ និងការដំឡើងអត្រាការប្រាក់ខ្ពស់ខ្លាំង ពីសំណាក់ធនាគារកណ្តាលអាមេរិក (Federal Reserve) ដែលចាំបាច់សម្រាប់គ្រប់គ្រងតម្លៃទំនិញ។
នាយកប្រតិបត្តិរបស់ស្ថាប័ន IMF បានលើកឡើងតាមរយៈសេចក្តីថ្លែងការណ៍ថា ការហក់ឡើងអតិផរណាខ្ពស់ “បង្កហានិភ័យជាប្រព័ន្ធដល់សហរដ្ឋអាមេរិក ព្រមទាំងសេដ្ឋកិច្ចពិភពលោកផងដែរ”៕ Reuters៕

ក្រុមអ្នកទិញផ្ទះនៅប្រទេសចិន គំរាមឈប់បង់ប្រាក់កម្ចីសម្រាប់គម្រោងដែលសាងសង់មិនទាន់រួច

ដោយៈ សុខុម

ហុងកុង: ចំនួនអ្នកទិញផ្ទះកាន់តែច្រើនឡើងៗ នៅទូទាំងប្រទេសចិន បានសរសេរលិខិតផ្ញើទៅក្រុមនិយ័តករ និងបណ្ដាធនាគារថ្នាក់មូលដ្ឋានដើម្បីគំរាមថា ពួកគេនឹងឈប់បង់ប្រាក់កម្ចីទិញផ្ទះ ជាការតវ៉ាប្រឆាំងនឹគម្រោងអភិវឌ្ឍន៍ដែលសាងសង់មិនទាន់រួចរាល់។

យោងតាមសារព័ត៌មានអចលនទ្រព្យ Leju ដែលជាសារព័ត៌មានក្នុងស្រុកឱ្យដឹងថា គិតត្រឹមរសៀលថ្ងៃអង្គារ ទី១២ ខែកក្កដា លិខិតបែបនេះត្រូវបានចេញ សម្រាប់គម្រោងអភិវឌ្ឍន៍យ៉ាងតិច១៤គម្រោង ដែលពាក់ព័ន្ធជាមួយអ្នកទិញផ្ទះ ប្រមាណ ៤៦.០០០នាក់ ហើយគម្រោងអចលនទ្រព្យទាំងនោះ មានតម្លៃសរុបប្រមាណ ៥,២១ពាន់លានដុល្លារអាមេរិក។

តាមរយៈរបាយការណ៍ដាច់ដោយឡែកមួយ កាលពីថ្ងៃពុធ ទី១៣ ខែកក្កដា ក្រុមហ៊ុន Leju បានលើកថា មានគម្រោងអភិវឌ្ឍន៍ដល់ទៅ ៨៤គម្រោង ដែលគ្មានប្រភពបញ្ជាក់ច្បាស់លាស់ ធ្វើការផ្សព្វផ្សាយលក់តាមបណ្ដាញអ៉ីនធឺណេត។

អ្នកទិញផ្ទះដែលបានទិញមុន ពេលគម្រោងចាប់ផ្ដើមកាលពីច្រើនឆ្នាំមុន នៅមិនទាន់ទទួលបានផ្ទះនៅឡើយទេ ពោលលើសរយៈពេលកំណត់ជាច្រើនខែ ខណៈបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍បានផ្អាក ឬមិនបានបញ្ចប់ការសាងសង់ឱ្យរួចរាល់។

ជាច្រើនក្នុងចំណោមគម្រោងអភិវឌ្ឍន៍ទាំងនេះ ស្ថិតនៅក្នុងទីក្រុងលំដាប់ទាប និងជាកម្មសិទ្ធិរបស់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ ដែលកំពុងជួបវិបត្តិ រួមមានទាំងក្រុមហ៊ុន China Evergrande ក្រុមហ៊ុន China Aoyuan ក្រុមហ៊ុន Sinic និងក្រុមហ៊ុន Shimao ផងដែរ។

ទោះជាយ៉ាងណា ក្រុមហ៊ុន Evergrande បានបដិសេធមិនឆ្លើយបំភ្លឺទេជុំវិញបញ្ហានេះ ចំណែកឯក្រុមហ៊ុន Aoyuan ក្រុមហ៊ុន Sinic និងក្រុមហ៊ុន Shimao ក៏មិនបានឆ្លើយតបនឹងសំណើសុំការឆ្លើយបំភ្លឺនេះដែរ៕ Reuters៕

ចំណុចវិជ្ជមានៈ កម្ពុជាមានប្រជាជនស្ថិតក្នុងវ័យធ្វើការរហូតដល់៦២ភាគរយនៃប្រជាជនសរុប

ដោយៈ គង់ សូរិយា

ភ្នំពេញៈ លោកឆាយ ថនរដ្ឋមន្រ្តីក្តសួងផែនការបានអះអាងថា កម្ពុជា​កំពុង​ស្ថិត​ក្នុង​បរិបទ​ប្រជាសាស្ត្រ​មួយ​ ដែល​ប្រជាជន​ក្នុង​វ័យ​ធ្វើការ​អាយុ​ពី ១៥ ​ឆ្នាំ​ដល់៥៩​ឆ្នាំ មាន​ចំនួន​ជាង៦២% នៃ​ប្រជាជន​សរុប​ជិត១៧លាន​នាក់​។

លោកបានចាត់ទុកទិន្ន័យនេះ ​ជា​បរិបទ​ប្រជាសាស្ត្រ ​អំណោយផល​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ដែល​ហៅថា “ភាគលាភ​ប្រជាសាស្ត្រ” ពីព្រោះ​ប្រជាជន ​ក្នុង​វ័យ​ធ្វើការ​មាន​ចំនួន​ច្រើន​លើសលប់ និង​ផលធៀប​អ្នក​ក្នុងបន្ទុក​មាន​ចំនួន​តិច​។

លោកឆាយ ថន ទេសរដ្ឋមន្ដ្រី និង​ជា​រដ្ឋមន្ដ្រី​ក្រសួង​ផែនការ​ថ្លែង​បែបនេះ ពេល​ធ្វើជា​អធិបតី​ក្នុង​ពិធី​ បើក​ទិវា​ប្រជាជន​ពិភពលោក​១១ កក្កដា លើក​ទី​៣៣ កាលពី​ថ្ងៃទី ​១១ ខែកក្កដាថា កម្ពុជា​កំពុង​ស្ថិត​ក្នុង​បរិបទ​ប្រជាសាស្ត្រ​មួយ ​ដែល​ប្រជាជន​ក្នុង​វ័យ​ធ្វើការ​អាយុ​ពី​១៥ឆ្នាំ​ ដល់៥៩ ឆ្នាំមាន​ចំនួន​ជាង៣ភាគ៥ (៣/៥) ឬ ៦២% នៃ​ប្រជាជន​សរុប​នៅ​ឆ្នាំ ២០១៩(​ជំរឿន​ឆ្នាំ​ ២០១៩ ប្រជាជន​កម្ពុជា​មាន១៥,៦ លាន​នាក់​)។

លោក​ថ្លែងថា​ “​នេះ​គឺជា​បរិបទ​ប្រជាសាស្ត្រ​មួយ ​ដែល​កំពុង​អំណោយផល​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច ដែល​ហៅថា ភាគលាភ​ប្រជាសាស្ត្រ ពីព្រោះ​ប្រជាជន ​ក្នុង​វ័យ​ធ្វើការ​មាន​ចំនួន​ច្រើន​លើសលប់ និង​ផលធៀប​អ្នក​ក្នុង​បន្ទុក​មាន​ចំនួន​តិច”។

ទោះជាយ៉ាងណា លោក ឆាយ ថន បានព្រមានថា ដើម្បី​ចាប់យក​ឱកាស​នៃ​ភាគលាភ​ ប្រជាសាស្ត្រ​ដែល​កំពុង​មាន ហើយ​ភាគលាភ​ប្រជាសាស្ត្រ​នេះ ​នឹង​អស់​ជា​បណ្តើរៗ​ចាប់ពី​ឆ្នាំ​២០៣៨​តទៅ ចាំបាច់​ត្រូវការ​ការយកចិត្ត​ទុកដាក់​ដោះស្រាយ​បញ្ហា​ប្រឈម​ពាក់ព័ន្ធ​នានា ​ដូចជា ​សុខភាព​បន្ត​ពូជ​របស់​យុវវ័យ និង​ក្មេងស្រី​ទេ​សន្តរប្រវេសន៍ និង​នគរូបនីយកម្ម យុវជន និង​ការអប់រំ ការងារ និង​កម្លាំង​ពលកម្ម ការកើនឡើង​នៃ​ប្រជាជន​វ័យចាស់​នាពេល​ខាងមុខ យេនឌ័រ សិទ្ធិ​ក្នុង​ការចូលរួម និង​ការទទួល​បាន​ជាដើម​។

លោក​ថ្លែងថា​ បញ្ហា​ទាំងនេះទាមទារ​នូវ​ការធ្វើ​អន្តរាគមន៍ ​ឱ្យបាន​​ទាន់ពេល និង​ចំគោលដៅ តាមរយៈ​ការដាក់ចេញ​នូវ​គោល​នយោបាយ និង​វិធានការ​សមស្រប ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​អវិជ្ជមាន បណ្តាល​មកលើ​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​ និង​ដើម្បី​ជំរុញ​ការអភិវឌ្ឍ ធនធាន​មនុស្ស​ឱ្យមាន​ប្រសិទ្ធភាព​ និង​ប្រសិទ្ធផល​ក្នុងការ​អភិវឌ្ឍ​សង្គម-​សេដ្ឋកិច្ច​។

ទិវា​ប្រជាជន​ពិភពលោក១១ កក្កដា ឆ្នាំនេះ ធ្វើឡើង​ក្រោម​ប្រធានបទ “​ពិភពលោក​មួយ​ដែល​មាន​ប្រជាជន​៨ ប៊ីលាន​នាក់​ឆ្ពោះ​ទៅរក​អនាគត​ដែល​មាន​ភាពធន់​ ដើម្បី​ចាប់យក​ឱកាស និង​ធានា​សិទ្ធិ និង​ជា​ជម្រើស​សម្រាប់​ទាំងអស់​គ្នា”។

យោងតាម​ទិន្នន័យ​ជំរឿន​ឆ្នាំ​ ២០១៩ ប្រជាជន​កម្ពុជា​ក៏មាន​និន្នាការ​កើនឡើង​ផងដែរ​ក្នុង​អត្រា​កំណើន១,៤% ក្នុង១ឆ្នាំ គិតពី​ឆ្នាំ​ ២០០៨ ដល់ ឆ្នាំ​២០១៩ ពី​ប្រមាណ​១៣,៤ លាន​នាក់​នៅ​ឆ្នាំ​២០០៨ ដល់​ប្រមាណ១៦ លាន​នាក់​នៅ​ឆ្នាំ២០១៩ ខណៈ ឆ្នាំ​១៩៩៨ (១១,៤​ លាន​នាក់​) ដល់​ឆ្នាំ​ ២០០៨ ​ក្នុង​អត្រា​កំណើន​ប្រចាំឆ្នាំ ១,៥%​។

ការកើនឡើង​នៃចំនួន​ប្រជាជន​កម្ពុជា​ នា​២ទសវត្សរ៍​ចុងក្រោយ​នេះ បណ្តាល​មកពី​ការធ្លាក់ចុះ ​នៃ​អត្រា​មរណភាព ​ការកើនឡើង​នៃ​អាយុ​សង្ឃឹម​រស់ និង​សម្ទុះ​កំណើន​៕

ប្រទេសចិន និងម៉ាឡេស៊ីឯកភាពក្នុងការពង្រឹង និងពង្រីកគម្រោងខ្សែក្រវាត់ និងផ្លូវ

ដោយៈ លាងហួរ

ម៉ាឡេស៊ីៈ ព្រះមហាក្សត្រ Sultan Abdullah Sultan Ahmad Shah របស់ម៉ាឡេស៊ីបានជួបជាមួយលោក វ៉ាងយី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន ដែលកំពុងបំពេញទស្សនកិច្ចនៅទីនេះ បានយល់ព្រមពន្លឿនកិច្ចសហប្រតិបត្តិការជាក់ស្តែង និងជំរុញគម្រោងខ្សែក្រវាត់ និងផ្លូវសំខាន់ៗ។

ព្រះអង្គ Abdullah បានមានបន្ទូលថា ប្រទេសចិនមិនត្រឹមតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត របស់ម៉ាឡេស៊ីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់របស់ខ្លួនផងដែរ។

ភាគីទាំងពីរបានរួមគ្នា សម្រេចបានសមិទ្ធិផលគួរឱ្យកត់សម្គាល់ ក្នុងការប្រយុទ្ធប្រឆាំង នឹងការរាតត្បាតនៃជំងឺកូវីដ១៩ និងវឌ្ឍនភាពដ៏អស្ចារ្យលើគម្រោងសួនឧស្សាហកម្មនៃប្រទេសទាំងពីរ ដែលបានបញ្ចូលកម្លាំងជំរុញខ្លាំង ដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ី។

ប្រមុខរដ្ឋកំពូលរបស់ម៉ាឡេស៊ី ស្វាគមន៍ការវិនិយោគរបស់ចិន កាន់តែច្រើន ហើយបានសម្តែងឆន្ទៈរួមគ្នា កសាងគម្រោងធំៗនៃខ្សែក្រវាត់ និងផ្លូវជាមួយប្រទេសចិន ដើម្បីធ្វើជាឧទាហរណ៍នៃការតភ្ជាប់គ្នាទៅវិញទៅមក។

លោកវ៉ាងយី បានលើកឡើងថា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ម៉ាឡេស៊ី អស់រយៈពេល១៣ឆ្នាំជាប់ៗគ្នា ហើយកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរទទួលបានផ្លែផ្កា ជំរុញការអភិវឌ្ឍ និងស្តារឡើងវិញសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ ព្រមទាំងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជាជនទាំងពីរ។

ប្រទេសចិន មានឆន្ទៈធ្វើការជាមួយម៉ាឡេស៊ី ដើម្បីពង្រឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍ កសាងខ្សែក្រវាត់ និងផ្លូវប្រកបដោយគុណភាពខ្ពស់ ពង្រីក និងពង្រឹងគម្រោងសំខាន់ៗ បង្កើតតំបន់សាកល្បង សម្រាប់កិច្ចសហប្រតិបត្តិការសមត្ថភាពផលិតកម្ម និងតំបន់ត្រួសត្រាយផ្លូវសម្រាប់ការច្នៃប្រឌិត។

លោកវ៉ាងយី បានបន្ថែមថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការជាមួយម៉ាឡេស៊ី ដើម្បីប្រកាន់ខ្ជាប់នូវភាពបើកចំហក្នុងតំបន់ ការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដែលពិបាកទទួលបាននៅក្នុងតំបន់ និងរួមចំណែកកាន់តែច្រើនក្នុងការអភិវឌ្ឍ និងវឌ្ឍនភាពរបស់មនុស្សជាតិ៕

ការបន្ថយល្បឿននៃការផ្គត់ផ្គង់នាំឲ្យមានសញ្ញាវិជ្ជមានដល់ទីផ្សារការិយាល័យ

ដោយៈ សុផារី

ភ្នំពេញៈ ចំនួនអាគារការិយាល័យ ដែលត្រូវបានចាក់បញ្ចូលទៅក្នុងទីផ្សារអចលនទ្រព្យ ក្នុងទីក្រុងភ្នំពេញបានធ្លាក់ចុះ ដោយមានត្រឹមតែគម្រោងមួយប៉ុណ្ណោះ ដែលបានបើកសម្ពោធឱ្យដំណើរការ។

ការបន្ថយល្បឿនការផ្គត់ផ្គង់ការិយាល័យ ត្រូវបានមើលឃើញថា ជាសញ្ញាល្អមួយ ដើម្បីជួយឱ្យទីផ្សារមួយនេះ ស្រូបយកការិយាល័យ ដែលទំនេរនៅសល់ដទៃទៀត។

អ្នកនាងជិន ដាលុច្ស ប្រធានផ្នែកវាយតម្លៃនៃក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី១៣ កក្កដាថា ក្នុងឆ្នាំ២០២២ទាំងមូល ទីផ្សារការិយាល័យរំពឹងទទួលបានការផ្គត់ផ្គង់សរុបចំនួន១០០.០០០ម៉ែត្រក្រឡា ប៉ុន្តែតាមរយៈការសិក្សាបានបង្ហាញថា ប្រមាណ៦០ភាគរយនៃការផ្គត់ផ្គង់ ដែលរំពឹងទុកនោះ ត្រូវបានពន្យារពេលរហូតដល់ឆ្នាំ២០២៣។

គិតត្រឹមចុងឆ្នាំ២០២២ មានត្រឹមតែ៤០.០០០ម៉ែត្រក្រឡាតែប៉ុណ្ណោះ ដែលនឹងផ្គត់ផ្គង់ចូល ទៅក្នុងទីផ្សារការិយាល័យក្នុងក្រុងភ្នំពេញ។

អ្នកជំនាញរូបនេះឱ្យដឹងថា ការបន្ថយល្បឿនការផ្គត់ផ្គង់ការិយាល័យនេះជាសញ្ញាល្អមួយ ដើម្បីជួយឱ្យទីផ្សារមួយនេះ មានពេលគ្រប់គ្រាន់ ក្នុងការស្រូបយកការិយាល័យដែលទំនេរ ដោយអត្រាការិយាល័យ ដែលបានគ្រប់គ្រងរួច ក្នុងឆមាសទី២ឆ្នាំនេះ ប្រមាណ៦៧ភាគរយ ស្មើនឹងឆមាសទី១ ឆ្នាំ២០២២ដែរ។

អ្នកនាងដាលុច្សបន្តថា “រហូតមកដល់បច្ចុប្បន្ន ទីផ្សារមួយនេះបានភាពធន់ខ្ពស់ ដោយសារសញ្ញានៃការធ្លាក់ចុះនៃការផ្គត់ផ្គង់ មិនមានគម្រោងថ្មី ដែលជួយគាំទ្រឲ្យអត្រាគ្រប់គ្រងការិយាល័យមានស្ថិរភាព”។

ទោះជាយ៉ាងណាក្តី រាល់ការិយាល័យ ដែលត្រូវបានពន្យារពេល នឹងបន្តបញ្ចប់ការសាងសង់រហូតដល់ឆ្នាំ២០២៣ ដោយរំពឹងថា ការផ្គត់ផ្គង់សរុបនៃការិយាល័យ នឹងកើនឡើងដល់១លានម៉ែត្រក្រឡា។

អ្នកនាងបន្ថែមថា “នៅក្នុងឆ្នាំ២០២៣ យើងរំពឹងថា ការផ្គត់ផ្គង់សរុបនៃការិយាល័យ នឹងកើនឡើងដល់១លានម៉ែត្រក្រឡា ក្នុងក្រុងភ្នំពេញ ក្នុងនោះ៤០ភាគរយ នៃការផ្គត់ផ្គង់សរុបនោះនឹងចុះបញ្ជី”៕

អ្នកជំនាញរំពឹងឆមាសចុងក្រោយនៃឆ្នាំនេះទីផ្សារដីធ្លីនឹងទទួលបានកំណើននៃចរន្តទិញលក់ជួល

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ក្នុងរយៈពេល៦ខែកន្លងមកហើយ ក្នុងឆ្នាំ២០២២នេះ វិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា មានការប្រែប្រួលតិចតួច ជាពិសេសចរន្តនៃការទិញលក់ជួលអចលនទ្រព្យ។

ក្នុងរយៈពេល៦ខែទៅមុខទៀត ចរន្តនៃការទិញលក់ជួលអចលនទ្រព្យ ក្នុងប្រទេសកម្ពុជានឹងមានកំណើនឡើងបន្តទៀត។

លោកឧកញ៉ា នួន រឹទ្ធី អគ្គនាយកក្រុមហ៊ុន Khmer Founder Appraisal បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីថ្ងៃទី១៣ កក្កដាថា ក្នុងរយៈពេល៦ខែកន្លងមកនេះ វិស័យដីធ្លីក្នុងប្រទេសកម្ពុជាមិនមានការកើនឡើងតម្លៃប៉ុន្មាននោះទេ ប៉ុន្តែមានកំណើនទៅលើចរន្ត ដូចជាចរន្តនៃការទិញលក់ និងជួលអចលនទ្រព្យ ហើយចរន្តនេះ នឹងបន្តកើនឡើងបន្ថែមទៀតនៅក្នុងរយៈពេល៦ខែទៅមុខ ដោយរំពឹងថានឹងមានកំណើនការអភិវឌ្ឍ វិនិយោគកាន់តែច្រើនជាពិសេសពីប្រភពខាងក្រៅ ។

លោកឧកញ៉ាបន្តថា “អ្នកមានលទ្ធភាព ក្នុងការបណ្ដាក់ទុនវិនិយោគលើដីធ្លី គួរតែឆក់ឱកាសនេះ ដើម្បីរកប្រាក់ចំណេញនៅពេលអនាគតឬអាចនិយាយថាបង្កើតធនាគារដី ដោយប្រមូលទិញយកដីទាំងនោះ សម្រាប់ផ្ដល់ជូនអ្នកអភិវឌ្ឍន៍នៅពេលស្ថានភាពបានប្រសើរឡើង”។

លោកឧកញ៉ានួន រិទ្ឋីបានបន្តទៀតថា តាមពិតទៅវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជាពេលនេះ វាមិនអាក្រក់ណាស់ណាទេ បើធៀបនឹងឆ្នា២០១៩ ហើយមកដល់ពេលនេះដែរ វិស័យនេះនឹងនៅតែបន្តឈានទៅមុខបន្តបន្ទាប់ ដោយយើងរំពឹងថាឆ្នាំ២០២៣វិស័យនេះ នឹងប្រសើរឡើងខ្លាំងតែម្ដង ។

លោកបន្ថែមថា បច្ចុប្បន្ននេះ ដីធ្លីមួយចំនួននៅតែមានការបញ្ជាទិញពីសំណាក់វិនិយោគិនបរទេស ដើម្បីត្រៀមអភិវឌ្ឍន៍និងអភិវឌ្ឍន៍ភ្លាមៗ។ ទីតាំងណាដែលមានហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវ ភ្លើងទឹក គ្រប់គ្រាន់នៅតែមានការបញ្ជាទិញដើម្បី អភិវឌ្ឍន៍ជារោងចក្រ ឧស្សាហកម្មផ្សេងៗ ។

ជាមួយគ្នានេះ លោកព្រាប កុល ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Century 21 Zillion Holding បានមានប្រសាសន៍ថា ចាប់តាំងពីដើមឆ្នាំ ២០២២មកវិស័យដីធ្លី ហាក់មានសញ្ញាវិជ្ជមានឡើងវិញ ហើយរំពឹងថានៅចុងឆ្នាំ២០២២នេះ និងដើមឆ្នាំ២០២៣ខាងមុខ វិស័យដីធ្លីនិងចលនទ្រព្យនឹងមានភាពល្អប្រសើរខ្លាំងបន្ថែមទៀត។

លោកបន្តថា “បច្ចុប្បន្ននេះ បណ្ដាខេត្តជាច្រើន នៃប្រទេសកម្ពុជាមានសក្ដានុពលល្អប្រសើរ ដោយមានសកម្មភាពទិញលក់កាន់តែច្រើន និងមានការវិនិយោគពីសំណាក់វិនិយោគិន ក្នុងស្រុកក្នុងនោះដែរវិស័យកសិកម្មក៏ជាវិស័យមួយ ដែលជួយជំរុញឱ្យវិស័យដីធ្លីមានសន្ទុះជាងមុនដែរ”៕

“អាស៊ាននៅក្នុងចន្លោះចិន អាមេរិកក្នុងបរិបទថ្មី”ប្រធានបទក្តៅនៅក្នុងកិច្ចពិភាក្សាតុមូលព្រឹកថ្ងៃនេះ

ដោយៈ ជេស៊ីកា

ភ្នំពេញៈ ស្របពេលចិនកំពុងបង្កើនឥទ្ឋិពល សហរដ្ឋអអាមេរិកបាននិងកំពុងព្យាយាមលូកដៃកាន់តែជ្រៅ មកក្នុងតំបន់អាស៊ី ខណៈតំបន់ធ្លាប់ដេកលក់នេះ បានចាប់ផ្តើមងើបឡើងវិញដ៏គួរឲ្យចាប់អារម្មណ៍។

ឆ្លើយតបបឹងបរិការណ៍នេះ បុគ្គលល្បីៗរបស់កម្ពុជាចំនួន៤រូប នឹងជជែកដេញដោល ក្នុងកិច្ចពិភាក្សាតុមូលស្តីពី “អាស៊ាននៅក្នុងចន្លោះចិន និងអាមេរិក ក្នុងបរិបទថ្មី” ដែលរៀបចំដោយ រាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ នេះ។

វាគ្មិននៃវេទិកានេះ មានដូចជា លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិតគិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត មាស នី អ្នកវិភាគនិងតាមដានការអភិវឌ្ឍសង្គម និងលោក ពុយ គា អ្នកសារព័ត៌មានកម្ពុជា ដែលស្ថិតនៅក្រោមការសម្របសម្រួល ដោយលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ផងដែរ។

លោកបណ្ឌិត គិន ភា បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា បច្ចុប្បន្ននេះ សភាពការណ៍ពិភពលោក​កំពុងមានការវិវត្ថផ្លាស់ប្ដូរយ៉ាងជ្រាលជ្រៅ ឆាប់រហ័សប្រកបដោយ ភាពស្មុគស្មាញ ពិបាកប៉ាន់ស្មាន និងពោរពេញទៅដោយគ្រោះថ្នាក់។ ពិភពលោក​​ បានដើរមកសករាជនៃភូមិសា​ស្រ្តនយោបាយថ្មីមួយទៀត ដែលកកំពុងស្ថិតក្នុងដំណាក់កាលប្រែប្រួលដ៏លំបាកឆ្ពោះទៅរកប្រព័ន្ធ ពហុប៉ូលដែលតួអង្គថ្មី/ចាស់ កំពុងប្រកួតប្រជែងដណ្ដើមតួនាទីគ្នាក្នុងការសម្រេចលើកិច្ចការពិភពលោក និងតំបន់។

វាគ្មិនជំនាញ ដែលនឹងចូលខ្លួនជជែកដេញដោលរូបនេះ បានបញ្ជាក់ថា អាស៊ីអាគ្នេយ៍ គឺជាតំបន់មួយក្នុងចំណោមតំបន់ ដែលមានការរីកលូតលាស់លឿនបំផុត និងមានភាពស្វាហាប់បំផុតនៅក្នុងពិភពលោក។ ប៉ុន្តែក្តីបារម្ភកំពុងកើនឡើង ទាក់ទងនឹងការប្រកួតប្រជែង ភូមិសាស្ត្រនយោបាយដែលកំពុងកើតឡើងរវាងសហរដ្ឋអាមេរិក និងចិន។ អាស៊ាន បានក្លាយជាមជ្ឈមណ្ឌលនៃការប្រកួតប្រជែងដ៏ក្តៅគគុកនេះ។

បន្ថែមពីនេះ លោកបណ្ឌិតគិន ភា បានបន្តថា ចំពោះមុខការពង្រីកឥទ្ធិពល និងការប្រកួតប្រជែងអំណាចរវាងមហាយក្សចិន និងសហរដ្ឋអាមេរិក ជាញឹកញយ កម្ពុជាត្រូវបានគេចោទប្រកាន់ថា កំពុងស្ថិតនៅចំណុចកណ្តាលនៃសង្រ្គាមត្រជាក់រវាងមហាយក្សទាំងពីរទៀតផង។

លោកបានគូសបញ្ជាក់ថា ក្នុងន័យនេះ ដើម្បីតាមឱ្យទាន់ការវិវត្តនៃស្ថានការណ៍នយោបាយពិភពលោក និងតំបន់ និងដើរឱ្យទាន់យុទ្ធសាស្ត្រមហាអំណាច ទើបយើងរៀបចំកិច្ចពិភាក្សាតុមូលនេះឡើង។ ប្រជាជនកម្ពុជា ជាពិសេសយុវជនរបស់យើង មិនគួរជាអនក្ខរជននៃភូមិសាស្ត្រនយោបា​យ និងយុទ្ធសាស្ត្រមហាអំណាចនោះទេ ហើយប្រទេសយើងក៏មិនគួរស្លាប់ក្រឡាជាមួយតែមហាអំណាចណាមួយនោះដែរ។

លោកបណ្ឌិត ក៏បានចោទជាសំណួរថា យើងទាំងអស់គ្នាត្រូវយល់ច្បាស់ពីសភាពការណ៍ពិភពលោក ពីភូមិសាស្ត្រនយោបាយ និងយុទ្ធសាស្ត្ររបស់ពួកមហាអំណាច ថាពួកគេកំពុងគិតអ្វី? គេទៅណា? គេកំពុងធ្វើអ្វី? គេចង់បានអ្វី? គេប្រើយុទ្ធសាស្ត្រនិងយុទ្ធវិធីអ្វី? ហើយប្រទេសតូចៗគួររៀបចំខ្លួនបែបណា?។

លោកបណ្ឌិត បានលើកឡើងថា យើងទាំងអស់គ្នាជាជនជាតិខ្មែរ ត្រូវមានស្មារតីភ្ញាក់រលឹក កុំឱ្យរាំខុសចង្វាក់ លោតខុសក្រឡា តាមខ្សែញាក់របស់មហាអំណាច។ ប្រទេសយើងធ្លាប់ជាជនរងគ្រោះ និងធ្លាប់ទទួលរងសោកនាដកម្មរាប់មិនអស់ ដោយសារការរត់ប្រណាំងមនោគមវិជ្ជារបស់មហាអំណាច និងដោយសារតែការរាំខុសចង្វាក់ ការលោតខុសក្រឡារបស់អ្នកនយោបាយពីអតីតកាល។ យើងមិនគួរដើរជាន់ដានប្រវត្តិសាស្ត្រទៀតទេ៕

Plan to build US$37bil smart city near Bangkok

THE kingdom is planning to build a US$37bil (RM162.8bil) smart city in an industrial hub near Bangkok that’s already drawn billions of dollars of investment pledges from global automotive, robotics, healthcare and logistics companies.

 

A masterplan to build the city in Huai Yai subdistrict of Chonburi province, some 160km southeast of Bangkok, was approved by a panel chaired by Prime Minister Prayut Chan-o-cha on Monday.The yet-to-be-named city will be spread over 2,340ha of land and cost 1.34 trillion baht (RM162.8bil) over the next 10 years, officials said.

 

The project will comprise five business centres for companies to rent, Kanit Sangsubhan, secretary-general of the Eastern Economic Corridor, told reporters.

These will include a hub to house regional headquarters of firms, a financial centre and areas for precision medicine, international research and development, and future industries such as clean energy and 5G technology,.The residential quarter of the new city will be designed to accommodate 350,000 people by 2032, and generate 200,000 direct jobs. Residents will be mostly those employed in the industrial area.

 

“The new city will be liveable for the new generation of people as well as operate as business centres” Kanit said. “We created this new project to compensate for the income lost during the pandemic.”The new city with its business centres can add an estimated two trillion baht (RM242.9bil) to Thailand’s gross domestic product within 10 years, and the value of assets after a 50-year concession period will see a fivefold jump, the government said in a statement.

Prayut’s government has touted the Eastern Economic Corridor, a development project whose goals include urbanisation, spurring advanced industries and adding infrastructure, to bolster the nation’s pace of economic growth that lags behind neighbours such as Indonesia and Vietnam.

 

The Eastern Economic Corridor comprises three provinces that historically have been the country’s manufacturing hub and currently contributes as much as one-fifth of the Thai economy.

Source: The Star