អង្គគណៈរដ្ឋមន្រ្តីអនុម័តទាំងស្រុងលើ “សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ”

ដោយ៖ សុផារី

ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចអនុម័តទាំងស្រុងលើ “សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ”។

នេះបើយោងតាមការបញ្ជាក់របស់លោក ផៃ ស៊ីផាន រដ្ឋមន្រ្តី ប្រតិភូអមនា​យ​ក​រដ្ឋមន្ត្រី និងជាប្រធានក្រុមអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២នេះ។

ចំណូលមិនមែនសារពើពន្ធ មានវិសាលភាពធំទូលាយ និងមានប្រភពចំណូលបានមកពីវិស័យ និងសកម្មភាពជាច្រើន ដែលស្ថិតក្រោមការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាសេនាធិការរបស់រាជរដ្ឋាភិបាល លើការគ្រប់គ្រង ការតាមដាន និងការជំរុញការប្រមូលចំណូល។

ការប្រមូលពន្ធមិនមែនសារពើពន្ធ នៅមុខស្ថានការណ៍នៃការរីករាលដាលនៃជំងឺកូវីដ-១៩ សម្រេចបានជាមធ្យមប្រមាណជាង២% នៃផ.ស.ស និងបានរួមចំណែកប្រមាណ១៤% នៃចំណូលចរន្តសរុប។ នៅឆ្នាំ២០១៩ ចំណូលមិនមែនសារពើពន្ធសម្រេចបានប្រមាណ៣% នៃផ.ស.ស ស្មើនឹង ១២៣,១% នៃច្បាប់ហិរញ្ញវត្ថុ។ នៅឆ្នាំ២០២០ ចំណូលមិនមែនសារពើពន្ធសម្រេចបានប្រមាណ ២% នៃផ.ស.ស ទាបជាងច្បាប់ហិរញ្ញវត្ថុ២៥,៥%។

ដោយឡែកនៅឆ្នាំ២០២១ សម្រេចបានប្រមាណ១,៥% នៃផ.ស.ស ទាបជាងច្បាប់ហិរញ្ញវត្ថុ ១៩,៨៩%  ដោយសារមុខចំណូលសំខាន់ៗ តាមវិស័យត្រូវរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ មានជាអាទិ៍ ចំណូលពីផលទុនទេសចរណ៍ ចំណូលពីទិដ្ឋាការ ចំណូលពីអាកាសចរណ៍ស៊ីវិល ចំណូលពីកាស៊ីណូ និងឆ្នោត ចំណូលពីការផ្ដល់លិខិតឆ្លងដែន ដែលមុខចំណូលសំខាន់ៗទាំងនេះ ចូលរួមចំណែកប្រមាណ ៥០% នៃចំណូលមិនមែនសារពើពន្ធសរុប។

ទន្ទឹមនឹងនេះ សម្រាប់ផែនការឆ្នាំ២០២២ ត្រូវបានគ្រោងប្រមាណ១,៥% នៃផ.ស.ស មានការថយចុះ១០,៣២% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២១។ ទោះបីចំណូលមិនមែនសារពើពន្ធ ដើរតួនាទីយ៉ាងសំខាន់ក្នុងរចនាសម្ព័ន្ធនៃចំណូលថវិកាជាតិ ប៉ុន្តែចំណូលមិនមែនសារពើពន្ធ ជាប្រភេទចំណូលតាមវិស័យ ដែលមានភាពស្មុគស្មាញក្នុងការគ្រប់គ្រង និងការប្រមូលមិនទាន់អស់សក្ដានុពល ដោយសារពុំទាន់មានក្របខ័ណ្ឌគតិយុត្តគោលមួយ សម្រាប់ធានាឱ្យការគ្រប់គ្រងការប្រមូលចំណូលមិនមែនសារពើពន្ធអសក្ដានុពល និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

ដើម្បីដោះស្រាយបញ្ហាប្រឈម និងធានាប្រសិទ្ធភាព សក្ដិសិទ្ធិភាពក្នុងការគ្រប់គ្រង និងការប្រមូលចំណូលមិនមែនសារពើពន្ធឱ្យអស់សក្ដានុពល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំបង្កើតឧបករណ៍មួយចំនួនបន្ថែមទៀត ពាក់ព័ន្ធនឹងក្របខ័ណ្ឌនយោបាយ ក្របខ័ណ្ឌគតិយុត្ត និងក្របខ័ណ្ឌឌីជីថលរួមមាន៖ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (NRMIS) ប្រព័ន្ធទូទាត់អេឡិចត្រូនិក សម្រាប់បង់ចំណូលមិនមែនសារពើពន្ធ (e-payment) ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (SARMIS) សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ និងសេចក្ដីព្រាងឯកសារគោល (Blueprint) ស្ដីពីការកែទម្រង់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ។

ក្នុងន័យខាងលើនេះ សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ នឹងក្លាយជាឧបករណ៍គតិយុត្តគោលមួយច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងពេញលេញ ដែលជាការធ្វើបច្ចុប្បន្នភាពនៃបទប្បញ្ញត្តិ គោលការណ៍ វិធាន និងនីតិវិធី និងការបំពេញបន្ថែមចំណុចខ្វះខាតមួយចំនួន ដែលបានដកស្រង់បទពិសោធន៍នៃការអនុវត្តកន្លងមក ក៏ដូចជាបទពិសោធន៍នៃឧត្តមានុវត្តអន្តរជាតិ ជាពិសេសពង្រឹងសិទ្ធិអំណាច ការបែងចែក ការទទួលខុសត្រូវ ភាពប្រទាក់ក្រឡាគ្នាពេញលេញ រវាងក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គភាពប្រមូលចំណូល។

សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ត្រូវបានតាក់តែងឡើងក្នុងគោលបំណងគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ដែលជាចំណូលថវិកាជាតិ ប្រកបដោយប្រសិទ្ធភាព សក្ដិសិទ្ធិភាព តម្លាភាព គណនេយ្យភាព និងសង្គតិភាព ដោយកំណត់ក្របខ័ណ្ឌច្បាប់ ស្ថាប័នជាគោល យន្តការ វិធាន និងនីតិវិធីនៃការគ្រប់គ្រងការប្រមូលចំណូលមិនមែនសារពើពន្ធគ្រប់ប្រភេទ សំដៅចូលរួមចំណែកបម្រើឧត្តមប្រយោជន៍នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃកម្ពុជា ស្របតាមកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងយុទ្ធសាស្ត្រកៀរគរចំណូលឆ្នាំ២០១៩-២០២៣ របស់រាជរដ្ឋាភិបាល។

សាវតា នៃការរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ បានរៀបចំតាក់តែងឡើងក្នុងគោលដៅពង្រឹងក្របខ័ណ្ឌច្បាប់ រចនាសម្ព័ន្ធស្ថាប័ន និងលើកកម្ពស់សមត្ថភាពស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធរួមមាន ការកំណត់អំពីប្រភេទចំណូលមិនមែនសារពើពន្ធ យន្តការស្ថាប័ន និងកិច្ចសហការ ដំណើរការនៃការប្រមូលចំណូលមិនមែនសារពើពន្ធដែលចាប់ផ្តើមពីការរៀបចំគម្រោងចំណូលរហូតដល់ការផលិតជារបាយការណ៍លទ្ធផល ការធ្វើទំនើបកម្មការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន កំណត់អំពីបំណុលមិនមែនសារពើពន្ធ ការដោះស្រាយវិវាទការធ្វើអធិការកិច្ច និងសវនកម្ម ការត្រួតពិនិត្យវាយតម្លៃ ការលើកទឹកចិត្តនិងការដាក់ទណ្ឌកម្មនិងទោសទណ្ឌជាដើម។

សេចក្តីព្រាងច្បាប់នេះ នឹងក្លាយជាឧបករណ៍គតិយុត្តគោលមួយសម្រាប់ពង្រឹងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ និងចូលរួមចំណែកដោះស្រាយនូវបញ្ហាប្រឈមដល់ការបំពេញមុខងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅលើកកម្ពស់ប្រសិទ្ធភាព សក្តិសិទ្ធិភាព និងគណនេយ្យភាពក្នុងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ដែលជាប្រភពចំណូលសំខាន់របស់ថវិកាជាតិ ស្របតាមឧត្តមានុវត្តន៍អន្តរជាតិ និងតថភាពសេដ្ឋកិច្ច និងសង្គមជាក់ស្តែងនៃកម្ពុជា។

ដំណើរការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ត្រូវបានរៀបចំតាក់តែងយ៉ាងម៉ត់ចត់ និងយកចិត្តទុកដាក់ ដោយមានការសិក្សានិងស្រាវជ្រាវលើច្បាប់តាមវិស័យ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងការដកស្រង់បទពិសោធន៍ និងធាតុចូលពីឧត្តមានុវត្តន៍របស់ប្រទេសអភិវឌ្ឍន៍ដូចជា ប្រទេសស៊ុយអែត និងប្រទេសអូស្ត្រាលី។

សេចក្តីព្រាងច្បាប់នេះបានកែសម្រួលជាបន្តបន្ទាប់តាមរយៈការពិគ្រោះយោបល់ជាមួយក្រសួង និងអង្គភាពពាក់ព័ន្ធ កិច្ចប្រជុំបច្ចេកទេសអន្តរអគ្គនាយកដ្ឋាននៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កិច្ចប្រជុំអន្តរក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍និងតំណាងសង្គមស៊ីវិល និងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ។

ខ្លឹមសារសង្ខេបនៃសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ សេចក្ដីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងតាមទម្រង់ច្បាប់ជាធរមាន ដោយចែកចេញជា ១២ជំពូក មាន១០១មាត្រា។

ច្បាប់នេះមានគោលបំណងគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ សម្រាប់ជាចំណូលថវិកាជាតិ ប្រកបដោយប្រសិទ្ធភាព សក្តិសិទ្ធិភាព តម្លាភាព គណនេយ្យភាព និងសង្គតិភាព ដោយកំណត់ក្របខ័ណ្ឌច្បាប់ ស្ថាប័នជាគោល យន្តការ វិធាន និងនីតិវិធីនៃការគ្រប់គ្រងការប្រមូលចំណូលមិនមែនសារពើពន្ធគ្រប់ប្រភេទ សំដៅចូលរួមចំណែកបម្រើឧត្តមប្រយោជន៍នៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៃព្រះរាជាណាចក្រកម្ពុជា។

ច្បាប់នេះជាច្បាប់គោលមានវិសាលភាពអនុវត្តចំពោះចំណូលមិនមែនសារពើពន្ធគ្រប់ប្រភេទ ដែលអនុវត្តដោយក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលថ្នាក់ក្រោមជាតិ គ្រឹះស្ថានសាធារណៈរដ្ឋបាលសហគ្រាសសាធារណៈ ក្រុមហ៊ុនចម្រុះដែលរដ្ឋមានភាគកម្មសាធារណៈជាចំនួនភាគតិច អង្គភាពស្វ័យភាពហិរញ្ញវត្ថុដទៃទៀត និងភាគីឯកជនពាក់ព័ន្ធ ដែលស្ថិតក្រោមអធិបតយ្យភាព និង/ឬយុត្ដាធិការនៃកម្ពុជា៕

 

របៀបវារៈសំខាន់ៗចំនួនបីត្រូវបានលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីព្រឹកនេះ

ដោយ៖ សុផារី

ភ្នំពេញ៖ របៀបវារៈសំខាន់ៗចំនួនបីត្រូវបានលើកយកមកពិភាក្សា និងឆ្លង នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២នេះ។

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព ទីស្ដីការនាយករដ្ឋមន្ត្រី នឹងមានការពិភាក្សា និងឆ្លងរបៀបវារៈមួយចំនួនដូចជា៖

១- សេចក្តីព្រាងច្បាប់ធម្មនុញ្ញ។

២- សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ។

៣-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើ៖

៣.១-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ :

១-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃតំបន់រដ្ឋបាល ពិសេសម៉ាកាវនៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធ នឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេសពន្ធ និងការចៀសវាងពន្ធ។

២-កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋតួកគី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។

៣.២-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃអនុសញ្ញាស្តីពីជំនួយក្នុងករណីមានគ្រោះមហន្ដរាយនុក្លេអ៊ែរ ឬគ្រោះអាសន្នវិទ្យុសកម្ម៕

Construction of China’s first commercial spacecraft launch site starts in Hainan

HAIKOU, July 6 (Xinhua) — Construction of China’s first commercial spacecraft launch site started Wednesday in Wenchang City, south China’s island province of Hainan.

As a major project of the Hainan free trade port construction, the Hainan commercial spacecraft launch site is committed to becoming world-class, market-oriented, and further improving the launching capability of China’s commercial carrier rockets.

Hainan will make full use of the synergistic advantage of the launch site and policies of the free trade port, striving to build Wenchang into a top-ranking international space city, said Feng Fei, governor of Hainan. ■

Aerial photo taken on July 6, 2022 shows the construction site of Hainan commercial spacecraft launch site in Wenchang City, south China’s Hainan Province. Construction of China’s first commercial spacecraft launch site started Wednesday in Wenchang City, south China’s island province of Hainan.

As a major project of the Hainan free trade port construction, the Hainan commercial spacecraft launch site is committed to becoming world-class, market-oriented, and further improving the launching capability of China’s commercial carrier rockets.

 

ទុនវិនិយោគជិត១០០០លានដុល្លារត្រូវបានចាក់ចូលក្នុងវិស័យសំណង់រយៈពេល៥ខែដើមឆ្នាំនេះ

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ វិស័យសំណង់នៅតែដើរតួនាទីសំខាន់ ក្នុងការស្រូបយកទុន​វិនិយោគពីវិនិយោគិនជាតិ និងអន្តរជាតិ។

ជាក់ស្តែងគិតត្រឹមរយៈពេល៥ខែដើមឆ្នាំនេះ ទុនវិនិយោគ៩៥០លាន​ដុល្លារត្រូវបានចាក់បញ្ចូលក្នុងវិស័យនេះ។

យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែន​ដី នគរូបនីយកម្ម និងសំណង់បានបង្ហាញថា ក្នុងរយៈ​ពេល​៥ខែ​ដើមឆ្នាំ២០២២​នេះ ក្រសួងបានអនុញ្ញាតគម្រោង​សាងសង់​ចំនួន​១,៦៧៩ ​គម្រោង​ដែលមានទុនវិនិយោគ​សរុប​ចំនួនជាង៩​៥០​​លា​នដុល្លារអាមេរិក ធៀបនឹ​ងរយៈ​ពេលដូចគ្នាកាលពីឆ្នាំមុន ថយចុះប្រមាណ៦០ភាគរយ​។

ទោះជាយ៉ាងណា​កម្ពុជា​រំពឹងថា ​នៅក្នុងឆ្នាំ២០២២​នេះ វិស័យសំ​ណង់​រំពឹង​កើនឡើង​៣ភាគរយ ដោយសារតែបណ្ដាធនាគារ​ បន្តផ្ដល់​ឥណទានដល់វិស័យសំណង់​ ហើយបន្តកើនឡើងរហូតដល់ប្រមាណ៧ភាគរយ នៅក្នុងឆ្នាំ២០២៣៕

 

មហាយក្សចិន ចាប់ផ្ដើមសាងសង់កន្លែងបាញ់បង្ហោះយានអវកាសពាណិជ្ជកម្មដំបូងបង្អស់របស់ខ្លួន

ដោយៈ សុខុម

ប្រទេសចិន: នៅរយៈពេលជាង១ទសវត្សរ៍ចុងក្រោយនេះ មហាយក្សចិន បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង នៅក្នុងការប្រកួតប្រជែងជាមួយបណ្ដាមហាអំណាចធំៗ របស់ពិភពលោកដូចជារុស្ស៊ី អង់គ្លេស ជាដើម និងជាពិសេសសហរដ្ឋអាមេរិក លើគ្រប់វិស័យ រួមទាំងអវកាសផងដែរ។

ដើម្បីសម្រេចមហិច្ឆតាដ៏ធំរបស់ខ្លួនផ្នែកអវកាស ប្រទេសចិនបានចាប់ផ្ដើមដំណើរការសាងសង់កន្លែង បាញ់បង្ហោះយានអវកាសពាណិជ្ជកម្មដំបូងបង្អស់របស់ខ្លួនកាលពីថ្ងៃពុធ ទី៦ ខែកក្កដា នៅទីក្រុងវិនឆាង (Wenchang) ខេត្តកោះហៃណាន (Hainan) ភាគខាងត្បូងប្រទេសចិន។

ដោយសារខេត្តហឺណាន មានគម្រោងកំពង់ផែពាណិជ្ជកម្មសេរីដ៏ធំដែលកំពុងសាងសង់ កន្លែងបាញ់បង្ហោះយានអវកាសពាណិជ្ជកម្ម ក្នុងខេត្តនេះ នឹងក្លាយជាកន្លែងបាញ់បង្ហោះ យានលំដាប់ថ្នាក់ពិភពលោក តម្រង់ទិសទីផ្សារ និងធ្វើឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត នូវសមត្ថភាពបាញ់បង្ហោះយានរ៉ុក្កែត ដឹកជញ្ជូនពាណិជ្ជកម្មរបស់ប្រទេសចិន។

លោក ហ្វឹង ហ្វ៊ី (Feng Fei) អភិបាលខេត្តហឺណានបានថ្លែងថា ខេត្តនេះ នឹងទាញយកសក្ដានុពលពេញលេញ​ ពីគម្រោងសាងសង់កន្លែងបាញ់បង្ហោះយាននេះ និងគោលនយោបាយផែពាណិជ្ជកម្មសេរី ដោយខិតខំប្រឹងប្រែងកសាងទីក្រុងវិនឆាង ឱ្យក្លាយទោជាទីក្រុងអវកាសអន្តរជាតិ លំដាប់កំពូល។

ទោះជាយ៉ាងណា គ្មានការបញ្ជាក់ថា តើគម្រោងនេះមានទំហំប៉ុនណា ចំណាយទុនវិនិយោគអស់ប៉ុន្មាន និងត្រូវចំណាយពេលយូរប៉ុនណាទើបសាងសង់បញ្ចប់ជាស្ថាពរនោះឡើយ៕ Xinhua៕

ជនបរទេសដែលអាចទទួលបានវីសារយៈពេល១០ឆ្នាំនៅកម្ពុជាត្រូវមានទុនវិនិយោគ១០ម៉ឺនដុល្លារ

 ដោយៈ ជេស៊ីកា

ភ្នំពេញៈ Cambodia My 2Homeបាននិងកំពុងក្លាយជាផ្នែកដ៏សំខាន់មួយទៀត ក្នុងការទាក់ទាញការវិនិយោគពីបរទេស មកកាន់កម្ពុជា ដោយជនបរទេសអាចស្នាក់នៅ និងចេញចូលកម្ពុជារយៈពេល១០ឆ្នាំ។

យោងតាមឯកសារដែលផ្តល់ជូនពីក្រុមហ៊ុន Cambodia My 2Homeបានឲ្យដឹងថា ដើម្បីចូលជាសមាជិក គឺជនបរទេសត្រូវតែមានអាយុចាប់ពី18ឆ្នាំឡើងទៅ ហើយជាពលរដ្ឋនៃប្រទេសឬតំបន់ ដែលទទួលស្គាល់ដោយរដ្ឋាភិបាលកម្ពុជា មានការទទួលស្គាល់ពីក្រសួងមហាផ្ទៃ មានដើមទុនវិនិយោគមិនតិចជាង100,000ដុល្លារ ក្នុងប្រទេសកម្ពុជា និងមានសិទ្ធិស្នើសុំគណនីធនាគារផ្ទាល់ខ្លួន និងគណនីជឿទុកចិត្ត។

ក្រសួងមហាផ្ទៃបានសម្រេចប្រកាសគាំទ្រ សមាគមមូលនិធិគ្រួសារខ្មែរ បង្កើតនូវកម្មវិធីCambodia My 2 Home “កម្ពុជាផ្ទះទី២របស់ខ្ញុំ” ដែលជាកម្មវិធីតែមួយគត់ ដែលអនុញ្ញាត ឲ្យអ្នកវិនិយោគបរទេស ដែលចូលជាសមាជិករបស់កម្មវិធី“កម្ពុជាផ្ទះទី២របស់ខ្ញុំ” អាចទទួលបានទិដ្ឋាការមាសរយៈពេល១០ឆ្នាំ។

កម្មវិធីទាំងមូលបានផ្ដោតសំខាន់ ទៅលើវិស័យជាច្រើន រួមមានការលុបបំបាត់ក្រុមហ៊ុនអន្តោប្រវេសន៍ ដែលគ្មានការអនុញ្ញាត និងចាប់ផ្ដើមសេដ្ឋកិច្ចឡើងវិញ ព្រមទាំងជម្រុញការ វិនិយោគបរទេសមកកាន់ ប្រទេសកម្ពុជា។

កម្មវិធី “កម្ពុជាផ្ទះទី២របស់ខ្ញុំ” នឹងទាក់ទាញភ្ញៀវវិនិយោគ បរទេសជាច្រើនចូលមកប្រទេសកម្ពុជា ដែលផ្ដល់នូវឱកាសការងារជាច្រើនដល់ប្រជាជននិងជួយគាំទ្រការអភិវឌ្ឍន៍ នៅក្នុងប្រទេសស្របតាមគោល នយោ បាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

Cambodia My 2nd Home (CM2H) គឺជាកម្មវិធីសម្រាប់ជនបរទេស ដែលមានបំណងចង់រស់នៅ ក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹង Golden Visa រយះពេល10ឆ្នាំ ព្រមទាំងអាចស្នើសុំលិខិតឆ្លងដែនព្រះរាជាណាចក្រកម្ពុជា ក្រោយការទទួលបានទិដ្ធាការរយៈពេល5ឆ្នាំ។

CM2H ផ្តល់សេវាកម្មជាច្រើនសម្រាប់សមាជិក ដូចជាការចុះឈ្មោះអាជីវកម្មក្នុងស្រុក ការបើកគណនីធនាគារ ការស្នើសុំប័ណ្ណការងារ ការការ​ពារសុខភាព ការស្នើសុំប័ណ្ណបើកបរ ការរៀបចំកន្លែងស្នាក់នៅ ប្រឹក្សាយោ​បល់លើការអប់រំ ច្បាប់ និងពន្ធ ការធ្វើផែនការហិរញ្ញវត្ថុ ការគ្រប់គ្រងអចលនទ្រព្យ និងដីធ្លី និង ល។

តើការក្លាយជាសមាជិកCM2H មានអត្ថប្រយោជន៍អ្វីខ្លះ? អត្ថប្រយោ​ជន៍នៃការក្លាយជាសមាជិក CM2H គឺអ្នកអាចទទួលបានទិដ្ឋាការមាសរយៈពេល10ឆ្នាំ និងអាចស្នើសុំលិខិតឆ្លងដែនកម្ពុជា បន្ទាប់ពី5ឆ្នាំនៃការទទួលបានទិដ្ឋាការមាស៕

ក្រសួងពាណិជ្ជកម្មសិក្សាលើផលិតផលចំនួន១០មុខដើម្បីទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

ដោយៈ ម៉ាលីនណា

       ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មបាននិងកំពុងសិក្សា និងរៀបចំផែនការយុទ្ឋសាស្រ្តចំនួន ដោយជ្រើសរើសមុខទំនិញកម្ពុជាចំនួន១០មុខ ដើម្បីជម្រុញការនាំចេញ និងទាញប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។

មុខទំនិញអាទិភាពចំនួន១០មុខមុនគេ រួមមាន ស្រូវអង្ករ ដំឡូងមី ចេក ៤-មៀនប៉ៃលិន ស្វាយ ស្វាយចន្ទី សាច់ កៅស៊ូធម្មជាតិ ម្នាស់ និងម្រេច ព្រមទាំងការទាក់ទាញអ្នកវិនិយោគធ្វើជាមូលដ្ឋាន ដើម្បីធ្វើការសិក្សាស្រាវជ្រាវ និងធ្វើជាគំរូ សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេរភាគីផ្សេងទៀត។

លោកប៉ាន សូរស័ក្តិរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ក្នុងពិធីបើកកិច្ចប្រជុំអន្តរក្រសួង -ស្ថាប័នប្រជុំពិភាក្សា និងអនុម័តឯកសារផែនការយុទ្ធសាស្ត្រ ទាញយកអត្ថប្រយោជន៍ជាអតិបរមា ពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី មុននឹងដាក់ឆ្លងជូនទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងសម្រេចជាលើកចុងក្រោយកាលពីថ្ងៃទី៦ កក្កដា ដោយបានលើកឡើងអំពីគោលបំណងសំខាន់ នៃការរៀបចំផែនការយុទ្ធសាស្ត្រនេះថា គឺដើម្បីជ្រើសរើសទំនិញនាំចេញ សក្ដានុពលរបស់កម្ពុជា ដោយប្រើប្រាស់ទីផ្សារដែលមានស្រាប់ ដើម្បីទាញយកប្រយោជន៍ជាអតិបរមា ពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនោះ។

លោកបន្តថា ក្នុងន័យនេះ ការសិក្សានឹងបង្ហាញថា កម្ពុជាមានឧត្តមភាពប្រកួតប្រជែង ខាងផលិត​ផលអ្វីសម្រាប់ធ្វើការនាំចេញ? តើអ្វីជាបញ្ហាប្រឈមរបស់កម្ពុជា ក្នុងការនាំចេញ និងត្រូវដោះស្រាយបែបណា? និងការទាក់ទាញអ្នកវិនិយោគសម្រាប់ជំរុញផលិតផលកែច្នៃ និងបង្កើនតម្លៃបន្ថែម។

ជាមួយគ្នានេះ លោកបានសំណូមពរឱ្យតំណាងក្រសួង -ស្ថាប័នពាក់ព័ន្ធ ជួយផ្តល់ធាតុចូលឱ្យបានឆាប់រហ័ស ដើម្បីឱ្យក្រុមការងារលេខាធិការ ដ្ឋាន អាចបញ្ចប់ឯកសាររៀបចំផែនការយុទ្ធសាស្ត្រ ទាញយកអត្ថប្រយោ​ជន៍ជាអតិបរមា ពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ក្នុងពេលឆាប់ៗនេះ ព្រោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា -ចិន (CCFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ (RCEP) បានចូលជាធរមានកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ហើយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា- សាធារណរដ្ឋកូរ៉េ (CKFTA) ក៏នឹងត្រូវចូលជាធរមានក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕

ក្រុមហ៊ុនម៉ាឡេស៊ីជាច្រើននឹងពង្រីកឱកាសវិនិយោគនៅកម្ពុជា

ដោយៈ ជេស៊ីកា

       ភ្នំពេញៈ ក្រុមហ៊ុនម៉ាឡេស៊ីជាច្រើននឹងពង្រីកឱកាសអាជីវកម្ម និងវិនិយោគនៅកម្ពុជានាពេលខាងមុខ។

ក្នុងជំនួបជាមួយលោកសុខ ចិន្តាសោភារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សា អអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី៥ កក្កដា តំណា​ង​ សមា​គម​ផ្គត់ផ្គង់​ការ​លក់រាយ​ម៉ាឡេស៊ី (MRCA) និង​សា​​ជីវ​កម្ម​សហគ្រាស​ធុន​តូច និង​មធ្យម​ម៉ាឡេស៊ី​(SME Malaysia)បានលើកឡើងថា ​ជាមួយ​សញ្ញា​វិជ្ជមាន​សម្រាប់​ឱកាស​វិនិយោគ មាន​ក្រុមហ៊ុន​ម៉ាឡេស៊ី​ជាច្រើន​គ្រោង​ នឹង​ពង្រីក​អាជីវ​​កម្ម​ពួកគេ​មក​កម្ពុជា ​ក្នុងពេល​ឆាប់ៗ​នេះ។​។

ដោយមាន​ការ​​គាំទ្រ​ពី​ស្ថានទូត​ម៉ាឡេស៊ី​ ប្រចាំ​នៅ​កម្ពុជា MRCA នឹង​រៀបចំ​បេសកកម្ម​ពាណិជ្ជកម្ម​រយៈពេល៤​ថ្ងៃ ​ចន្លោះ​ពីថ្ងៃ​ទី ​៣១ ខែសីហា ដល់​ថ្ងៃទី ៣ ខែកញ្ញា ​នៅ​ភ្នំពេញ និង​ខេត្តកំពង់ស្ពឺ ដើម្បី​ផ្ដល់​ឱ្យនូវ​ឱកាស​សន្ទនា​រវាង​ក្រុមហ៊ុន​ម៉ាឡេស៊ី និង​ក្រុមហ៊ុន​កម្ពុជា និង​អនុញ្ញាតឱ្យ​ពួកគេ​ស្វែងរក​ឱកាស​ភាពជា​ដៃគូ​។​

កាលពីដើម​ខែឧសភាកន្លងមក តំណាង​ប្រទេស​ម៉ាឡេស៊ី​ចំនួន ៥២​ រូប​ មកពី​ក្រុមហ៊ុន​ចំនួន៣៦ ​ក្នុង​បេសកកម្ម​ពាណិជ្ជកម្ម SME Malaysia មកកាន់​កម្ពុជា កំពុង​ស្វែងរក​ការវិនិយោគ និង​សក្តានុពល​ធុរកិច្ច នៅក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​។​

យោងតាមទិន្នន័យ របស់​ក្រសួងពាណិជ្ជកម្មបានបង្ហាញថា ក្នុង​ឆ្នាំ ​២០២១ ការ​​នាំចេញ​របស់​កម្ពុជា​ទៅ​ម៉ា​ឡេ​​ស៊ី មានតម្លៃ​ជាង១០១​ លាន​ដុល្លារ កើន២,៦២​ភាគរយ​ បើ​ធៀប​ឆ្នាំ ​២០២០ ហើយ​ការនាំ​​ចូល​មានតម្លៃ ៣៩៩ ​លាន​ដុ​ល្លារ កើន១៦,១៦​ភាគរយ​។​

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​រាយការណ៍​ថា ម៉ាឡេស៊ី​បាន​វិនិយោគ​ជាង៣,១៥​ ពាន់​លាន​ដុល្លារ​នៅ​កម្ពុជា​ គិត​ត្រឹម​ចុងឆ្នាំ​២០២១កន្លងទៅនេះ។

អគ្គលេខាធិការ​ក្រុម​​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) លោកសុខ ចិន្តា​សោភា បាន​ធានា​ដល់​សហគមន៍​ធុ​រ​កិច្ច​ម៉ាឡេស៊ី​ថា រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ប្រព្រឹត្ត​ ដោយ​ស្មើភាព​រវាង​វិនិយោគិន​ក្នុងស្រុក និង​បរទេស ខណៈ​ច្បាប់​វិនិយោគ​ថ្មី​ផ្តល់​ការលើកទឹកចិត្ត​ផ្នែក​ពន្ធ​យ៉ាងច្រើន​។​

លោកបន្តថា “ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្នុងនាម​ស្ថាប័ន​ជំរុញ​វិនិយោគ ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ការផ្តល់សេវា​ថែទាំ និង​សម្រួល​ដល់​វិនិយោ​គិន​ម៉ា​​ឡេ​ស៊ី និង​វិនិយោគិន​គ្រប់​ជាតិ​សាសន៍”។លោកបន្តថា “​ច្បាប់​ស្តីពី​វិ​និ​យោគ​ថ្មី​ ដែល​ចូល​ជា​ធរមាន​នា​ចុងឆ្នាំ២០២១ ក៏​ជា​ក្របខ័ណ្ឌ​គតិយុត្ត​មួយ​ដ៏​រឹង​​មាំ​ ដែល​បានផ្តល់​ការលើក​ទឹក​​ចិត្តជា​ច្រើន ​ដល់​ការវិនិយោគ​ក្នុងប្រទេស​កម្ពុជា​ផងដែរ”៕

 

ក្រុមហ៊ុនលំដាប់យក្សរបស់ចិនចូលរួមពិភាក្សាពីប្រព័ន្ឋចម្រោះទឹកកខ្វក់នៅទីក្រុងសំខាន់ៗចំនួន៣នៅកម្ពុជា

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ក្រុមហ៊ុនលំដាប់យក្សរបស់ចិនCRBC បានជួបពិភាក្សាជាមួយមន្រ្តីជំនាញកម្ពុជា ដើម្បីសិក្សាលទ្ឋភាពលើការសាងសង់និងវិនិយោ គលើប្រព័ន្ឋចម្រោះទឹកកខ្វក់នៅទីក្រុងសំខាន់ៗចំនួន៣។

ទីក្រុងសំខាន់ៗទាំងនោះរួមមាន ទីក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង ទីក្រុងបាត់ដំបង ខេត្តបាត់ដំបង និងទីក្រុងកំពង់ចាម ខេត្តកំពង់ចាម។

គណៈប្រតិភូក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) បានជួប ពិភាក្សាការងារ ជាមួយអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ លោកសួន ភារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ក្រសួង សាធារ​ណការ និងដឹកជញ្ជូន។

កិច្ចប្រជុំដ៏សំខាន់នេះ មានការចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ និងមន្ត្រីជំនាញបច្ចេកទេសក្រោមឱវាទពាក់ព័ន្ធ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ដើម្បីពិភាក្សាពីការងារសិក្សាសមិទ្ធិលទ្ធភាព គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្រុងកំពង់ចាម ខេត្តកំពង់ចាម និងក្រុងបាត់ដំបង ខេត្តបាត់ដំបង៕

ផ្សារទំនើបMAKROឈានជើងមកកាន់តំបន់ជ្រោយចង្វារប្រជែង ជាមួយBig C

ដោយៈ ជេស៊ីកា

       ភ្នំពេញៈ ផ្សារលក់រាយនៃក្រុមហ៊ុនMAKRO Cambodia Co, Ltdបាននិងកំពុងត្រៀមបង្ហាញខ្លូន និងបោះទុនវិនិយោគនៅតំបន់ជ្រោយចង្វារ ខណៈក្រុមហ៊ុន ផ្សារទំនើបលំដាប់យក្សមួយទៀតរបស់ថៃ គ្រោងបង្ហាញវត្តមាននៅតំបន់នេះផងដែរ។

ការពង្រីកសាខានេះ ក្រុមហ៊ុនMAKRO ដែលមានមហាសេដ្ឋីថៃ និងមហាសេដ្ឋីលី យ៉ុងផាត់នៅពីក្រោយ សម្រេច​បញ្ចេញ​ទុន​ជាង១២លាន​ដុល្លារ ដើម្បី​វិនិយោគ​លើ​មជ្ឈមណ្ឌល​ពាណិជ្ជកម្មទី​៣ របស់ខ្លួន​នៅ​តំបន់​ជ្រោយចង្វារ ដែល​បច្ចុប្បន្ន​ជា​ទីប្រជុំ ​ដោយ​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​ប្រណីតៗ​ជាច្រើន​។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC)​ កាលពី​សប្តាហ៍​មុនបានឱ្យ​ដឹងថា តាម​សំណើសុំ​វិនិយោគរបស់​ក្រុមហ៊ុន CDCបានសម្រេច​ចេញ​វិញ្ញាប​នបត្រ​ចុះបញ្ជី​ឱ្យ​ក្រុមហ៊ុន Makro (Cambodia) Company Limited លើ​គម្រោង​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ដែលមាន​ទីតាំង​វិនិយោគ ​នៅ​សង្កា​ត់​បាក់ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ក្រោម​ទុនវិនិយោគ១២,៧ ​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន១៦១​កន្លែង​។

ផ្សារ​ទំនើប Makro បាន​ឈាន​ជើង​ចូល​ទីផ្សារ​ប្រទេស​កម្ពុជា កាលពី​ឆ្នាំ​ ២០១៧ ដោយ​បច្ចុប្បន្ន​ផ្សារ​ទំនើប Makro មាន​វត្តមាន​នៅ២ ​ទីតាំង គឺ​ក្នុង​រាជធានី​ភ្នំពេញ​ (​ខណ្ឌ​សែនសុខ​) និង​ក្រុង​សៀមរាប​។

យោងតាមរបាយការណ៍​ស្រាវជ្រាវ​របស់ CBRE Cambodia បង្ហាញថា ក្នុង​ត្រីមាស​ទី១ ឆ្នាំ​២០២២ អត្រា​ប្រើប្រាស់​កន្លែង​លក់រាយ ​ក្នុង​រាជធានី​ភ្នំពេញ​បាន​ធ្លាក់​មក​នៅត្រឹម៦៦,៦​ភាគរយ បើ​ធៀប​នឹង​ត្រីមាស​ទី៤ឆ្នាំ​២០២១ ដែលមាន៦៧ភាគរយ​។ អត្រា​ប្រើប្រាស់​នេះ ​មាន​ចំនួន៧៤,៩ ​ភាគរយ​កាលពី​អំឡុង​ត្រីមាស​ទី​១ ឆ្នាំ​២០២១ និង៨៩,៩​ភាគរយ ក្នុង​ត្រីមាស​ទី១ ឆ្នាំ​ ២០២០​៕