សម្តេចតេជោរំពឹងចលនាជាតិកម្ពុជានឹងចូលរួមបញ្ចប់បញ្ហាមីននៅកម្ពុជាត្រឹមឆ្នាំ២០២៥

ដោយ៖ សហការី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋនានាចូលរួមវិភាគទាន ដើម្បីបញ្ចប់បញ្ហាមីននៅកម្ពុជា ត្រឹមឆ្នាំ២០២៥ ដោយរំពឹងថា ចលនាជាតិរបស់កម្ពុជា នឹងធ្វើឱ្យបញ្ហាមីននៅកម្ពុជាត្រូវបានបញ្ចប់នៅឆ្នាំ២០២៥។

ការអំពាវនាវនេះ បានធ្វើឡើងនៅព្រឹកថ្ងៃពុធ ទី០៦ ខែកក្កដា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ក៏ដូចជាផ្តល់នូវដំបូន្មានមួយចំនួនជូនដល់ប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម មុននឹងពួកគេចេញទៅប្រកួតកីឡាពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពីការបើកកុងមូលនិធិជាមួយធនាគារ ABA ដើម្បីឱ្យពលរដ្ឋងាយស្រួលចូលរួមវិភាគទានតាមលទ្ធភាព។ សម្តេចបានបញ្ជាក់ដូច្នេះថា  “ខ្ញុំចង់វ៉ៃផ្ដាច់ ព្រ័ត្រ ដើម្បីឱ្យបញ្ហាមីននៅកម្ពុជាត្រូវបានបញ្ចប់នៅឆ្នាំ២០២៥ ហើយដោយប្រើចលនាជាតិរបស់យើងដើម្បីបញ្ចប់វា”។

សម្តេចបានរំលឹកថា ប្រតិបត្តិការដោះមីន និងគ្រាប់មិនទាន់ផ្ទុះនៅក្នុងប្រទេសកម្ពុជា គិតរហូតដល់ពេលនេះ មានរយៈពេល៣០ឆ្នាំហើយ ដោយការបង្កើតអង្គភាពដោះមីនស៊ីម៉ាក់ កើតឡើងតាំងពីជំនាន់អ៊ុនតាក់ និង FNC ឯនោះ។

ដើម្បីឱ្យការងារដោះមីនសម្រេចបានជោគជ័យតាមផែនការ សម្តេចតេជោ ក៏បានអំពាវនាវឱ្យពលរដ្ឋចូលរួមវិភាគទានបន្ថែមទៀត ដែលជាការបង្ហាញពីចលនាជាតិមួយ ដើម្បីសុវត្ថិភាពប្រជាជន គ្មានអ្នកស្លាប់ និងរបួសដោយសារមីន ហើយប្រជាពលរដ្ឋ នឹងបានទទួលដីធ្លីទៅបង្កបង្កើនផលដោយស្នាមញញឹម ផ្តល់នូវស្នាមញញឹមសម្រាប់ប្រជាជន បំបាត់នូវការភ័យខ្លាចទាំងអស់៕

ខេត្តកណ្ដាលកំពុងក្លាយជាតំបន់ទទួលចំហាយការអភិវឌ្ឍលំនៅដ្ឋានច្រើនពីរាជធានីភ្នំពេញ

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ភ្នំពេញជាតំបន់ដែលមានការអភិវឌ្ឍខ្លាំងជាងគេ ក្នុងចំណោមតំបន់នានាទូទាំងប្រទេសកម្ពុជា ក្នុងនោះលំនៅឋានក្នុងរាជធានីភ្នំពេញ និងអំណាចទិញលំនៅឋាន ក៏មានឥទ្ធិពលនិងសកម្មភាពខ្លាំងជាងគេផងដែរ។

បន្ទាប់ពីរាជធានីភ្នំពេញ ខេត្តកណ្ដាលក៏ជាតំបន់មួយ ដែលមានអំ​ណា​​ចទិញ និងការអភិវឌ្ឍខ្លាំងមួយផងដែរ ក្នុងចំណោមតំបន់ជាច្រើនទៀត។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ប្រធានក្រុមហ៊ុនអចលនទ្រព្យ KW Cambodia បានមានប្រសាសន៍ឱ្យដឹងកាលពីថ្ងៃទី៥ កក្កដាថា ភ្នំពេញគឺជាតំបន់ ដែលមានការអភិវឌ្ឍខ្លាំងជាងគេ ក្នុងចំណោមបណ្ដាខេត្តរាជធានីទាំងអស់ ក្នុងប្រទេសកម្ពុជាហើយតម្រូវការលំនៅឋាននៅភ្នំពេញ ក៏ឃើញថាមានកំណើនឡើង ជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ។

លោកបន្តថា “នៅពេលទីក្រុងភ្នំពេញកាន់តែមានការអភិវឌ្ឍន៍ តម្លៃដីធ្លី និងតម្លៃផ្ទះនៅភ្នំពេញ ក៏នឹងកើនឡើងថ្លៃជារៀងរាល់ឆ្នាំដែរ។ ដូច្នេះអ្នកអភិវឌ្ឍន៍នឹងទៅរកតំបន់ណាដែលជាយៗក្រុង ក្នុងនោះដែរមានតែខេត្តកណ្ដាលទេ ដែលមានព្រំប្រទល់ជាប់នឹងទីក្រុងភ្នំពេញ”។

លោកបណ្ឌិតគីម ហ៊ាងបានបន្តថា ខេត្តកណ្ដាលក៏មានអំណាចទិញលំនៅឋានខ្ពស់ដែរបន្ទាប់ពីភ្នំពេញ ដែលធ្វើឱ្យពលរដ្ឋធ្វើការនៅភ្នំពេញ ទិញផ្ទះស្នាក់នៅតំបន់នៃខេត្តកណ្ដាល ហើយត្រលប់មកធ្វើការនៅភ្នំពេញនៅពេលថ្ងៃ ដូច្នេះហើយតំបន់នៅខេត្តកណ្ដាលជាពិសេសតំបន់ ដែលជាប់ព្រំប្រទល់នឹងភ្នំពេញ ឬជិតភ្នំពេញ នឹងមានសក្ដានុពលក្នុងការអភិវឌ្ឍលំនៅឋានសម្រាប់អ្នកធ្វើការនៅក្នុងរាជធានីភ្នំពេញ ។

ជាមួយគ្នានេះលោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ក៏បានលើកឡើងកន្លងមកថា អ្នកអភិវឌ្ឍន៍លំនៅឋានជាប្រភេទផ្ទះជាប់ដី នឹងកាន់តែងាកទៅតំបន់ជាយក្រុង ស្របពេលតម្លៃដីធ្លីនៅកណ្ដាល ឬនៅជិតរាជធានីភ្នំពេញ កាន់តែមានការកើនឡើងខ្ពស់ និងមិនអាចឱ្យអ្នកអភិវឌ្ឍន៍ រកប្រាក់ចំណេញបានច្រើននោះទេ។

លោកបន្តថា “ដើម្បីរកប្រាក់ចំណេញបានច្រើននោះ ជំរើសតែមួយគឺទៅរកដីដែលមានតម្លៃសមរម្យធូរថ្លៃ ដើម្បីអភិវឌ្ឍន៍លំនៅឋានសម្រាប់ផ្គត់ផ្គង់ដល់អ្នកធ្វើការនៅភ្នំពេញ និងត្រលប់ទៅសម្រាកនៅផ្ទះនៅពេលយប់”។

លោកច្រឹក សុខនីមបានបន្តថា បច្ចុប្បន្ននេះ ការអភិវឌ្ឍនៅជាក្រុងក៏ឃើញថាមានសន្ទុះកើនឡើងលឿនផងដែរ ដោយមានសំណង់សំបុរី លំនៅឋានឯកជនជាច្រើនរីកដុះដាល ទន្ទឹងនឹងហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋក៏មានការអភិវឌ្ឍជាបន្តបន្ទាប់ផងដែរនោះ៕

សម្តេចតេជោផ្តាំទៅនារីៗលេងTik Tokមួយចំនួនកុំនិយាយភាសាអាសអាភាសពេក

ដោយ៖ សុផារី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តែផ្តាំដល់នារីៗ ដែលប្រើប្រាស់បណ្តាញសង្គមTik Tokមួយចំនួន សូមកុំប្រើប្រាស់ភាសាអាសអាភាសពេក ហើយសូមគោរពប្រពៃណីរបស់ខ្លួន។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសំណូមពរអ្នកប្រើប្រាស់បណ្ដាញសង្គម Tik Tok មិនត្រូវយកបណ្ដាញសង្គមនេះធ្វើជាមធ្យោបាយ ដើម្បីនិយាយពាក្យ​ចំអេះចំអាសឱ្យសោះ ដោយត្រូវរក្សាគោរពរក្សាប្រពៃណីខ្មែរ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងនៅក្នុងពិធីសំណេះសំណាល និងផ្តល់នូវដំបូន្មានមួយចំនួនជូនដល់គណៈប្រតិភូកីឡា អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) នាព្រឹកថ្ងៃទី ៦ ខែកក្កដានេះ។

សម្ដេចសូមផ្ដាំផ្ញើអ្នកប្រើប្រាស់បណ្ដាញសង្គម Tik Tok ជាពិសេសនារីៗ ឲ្យរក្សាគោរពវប្បធម៌ប្រពៃ​ណីរបស់ខ្មែរ ដោយមិនត្រូវនិយាយពាក្យអាសអាភាសនោះឡើយ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា​ “ខ្លះចេញមកគឺថា អារឿង​ចំអេះចំអាសហ្នឹងតែម្ដង ចឹងខ្ញុំសុំអង្វរករឱ្យរក្សាគោរពប្រពៃណីរបស់ខ្លួន”។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មិនមានផែនការបិទបណ្ដាញសង្គម Tik Tok នោះទេ ក៏ប៉ុន្តែមិនត្រូវយកធ្វើជាមធ្យោបាយ ដើម្បីនិយាយពាក្យ​ចំអេះចំអាសនោះទេ៕

សម្ដេចតេជោប្រកាសអនុញ្ញាតឱ្យរថយន្តចង្កូតស្ដាំអាចបង់ពន្ធដោយមិនចាំបាច់ប្ដូរចង្កូត

ដោយ៖ សុផារី

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសអនុញ្ញាតឱ្យរថយន្តចង្កូតស្ដាំអាចបង់ពន្ធ ដោយមិនចាំបាច់ប្ដូរចង្កូត ហើយចាប់ពីថ្ងៃស្អែកទៅនឹងមិនអនុញ្ញាតិឱ្យមានការនាំចូលឡានចង្កូតស្ដាំបន្តទៀតឡើយ។

សម្តេចក៏បានអំពាវនាវឱ្យ អ្នកមិនបានមកបង់ពន្ធ ត្រូវមកបង់ពន្ធ អ្នកដែលបានកក់ប្រាក់ពន្ធ ត្រូវទៅបង្គ្រប់ប្រាក់បង់ពន្ធ ដើម្បីទទួលបានស្លាកលេខប្រើប្រាស់។

សម្តេចតេជោបានសង្កត់ធ្ងន់ ក្នុងឱកាសជួបសំណេះសំណាលជាមួយគណៈប្រតិភូកីឡា អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) មុនចេញទៅប្រកួតកីឡាពិការអាស៊ាន ឬ អាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។

សម្ដេចបានបញ្ជាក់ថា ការអនុញ្ញាតខាងលើសម្រាប់តែឡាន ដែលបានចរាចរនៅក្នុងកម្ពុជារួចហើយប៉ុណ្ណោះ ហើយត្រឹមថ្ងៃទី០៦ កក្កដា ២០២២នេះ នឹងមិនមានការអនុញ្ញាតនាំចូលបន្តនូវឡានចង្កូតស្ដាំបន្តជាដាច់ខាត។

សម្ដេចតេជោបានថ្លែងថា “ឥឡូវខ្ញុំ យល់ស្របជាមួយនឹងសំណូមពររបស់បងប្អូន បងប្អូនត្រូវចូលមកបង់ពន្ធ បងប្អូនមិនចាំបាច់ដូរចង្កូតទេ សម្រាប់អ្នកដែលមិនទាន់បានដូរ អ្នកដែលបានដូរហើយ គួរឱ្យវាចប់ទៅ ដើម្បីយើងមានឡានចង្កូតឆ្វេងប្រើនឹងគេ”៕

រដ្ឋាភិបាលចិនគ្រោងផ្តល់មូលនិធិក្រោមទឹកប្រាក់៧៥ពាន់លានដុល្លារលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធដើម្បីជម្រុញសេដ្ឋកិច្ច

ដោយ: លាងហួរ

ប្រទេសចិន: ប្រទេសចិនគ្រោង នឹងបង្កើតមូលនិធិវិនិយោគលើហេ ដ្ឋារចនាសម្ព័ន្ធរដ្ឋ ដែលមានតម្លៃ៥០០ពាន់លានយ័ន(៧៤,៦៩ពាន់លានដុល្លារ) ដើម្បីជំរុញការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធ និងស្តារសេដ្ឋកិច្ចឡើងវិញ។

សេដ្ឋកិច្ចរបស់ប្រទេសចិន បានចាប់ផ្តើមស្ទុះងើបឡើងវិញជាបណ្តើរ​ៗ ក្រោយវិបត្តិខ្សែសង្វាក់ផ្គត់ផ្គង់ ដែលបណ្តាលមកពីការបិទទីក្រុងធំៗចាប់តាំងពីត្រីមាសទី២ ដែលធ្វើឱ្យទីផ្សារអចលនទ្រព្យ និងការចំណាយអ្នកប្រើប្រាស់បានបន្តធ្លាក់ចុះ និងការភ័យខ្លាចនៃរលក នៃការឆ្លងកើតឡើងម្តងទៀត។

ប្រភពមួយបានទម្លាយឱ្យដឹងថា មូលនិធិក្រោមទឹកប្រាក់៥០០ពាន់លានយ័ន ត្រូវបានគេរំពឹងថានឹងបង្កើតឡើងនៅក្នុងត្រីមាសទី៣។

ប្រទេសចិនបានដាក់ចេញ នូវវិធានការស្តារសេដ្ឋកិច្ចឡើងវិញក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បើទោះបីជាអ្នកវិភាគនិយាយថា គោលដៅជម្រុញកំនើនផលិត​ផលក្នុងស្រុក សរុបផ្លូវការរបស់ប្រទេសចិន នឹងមានប្រហែលតែ៥,៥%សម្រាប់ឆ្នាំ២០២២នេះក៏ដោយ។

អាជ្ញាធរចិនបានសន្យាផ្តល់ប្រាក់៨០០ពាន់លានយ័ន ក្នុងកូតាឥណទានថ្មី និងផ្តល់៣០០ពាន់លានយ័ន សម្រាប់ចេញមូលបត្របំណុលដល់ធនាគារដើម្បីគាំទ្រដល់គម្រោងធំៗ។

ប្រភពមួយបានប្រាប់សារពត៌មានReutersថា ប្រទេសចិននឹងចេញកូតាមូលបត្របំណុល រដ្ឋាភិបាលមុនឆ្នាំ២០២៣ នៅក្នុងត្រីមាសទី៤ ដោយកូតាថ្មីនេះ ទំនងជាធំជាង១,៤៦ពាន់ពាន់លានយ័ន សម្រាប់ឆ្នាំ២០២២។
ក្រសួងហិរញ្ញវត្ថុ និងគណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយ របស់សារពត៌មានReuters នោះទេ។

គណៈរដ្ឋមន្ត្រីចិនបានប្រាប់រដ្ឋាភិបាល ក្នុងតំបន់ឱ្យធានាឱ្យបានទឹកប្រាក់៣,៤៥ពាន់ពាន់លានយ័ន ក្នុងការចេញមូលបត្របំណុល សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ ចំនួន៣,៦៥ពាន់ពាន់លានយ័ន ដែលត្រូវបានបញ្ចប់នៅចុងខែមិថុនា៕

រដ្ឋាភិបាលថៃសម្រេចផ្អាកយកពន្ធលើសណ្ឋាគារ២ឆ្នាំទៀតដើម្បីជំរុញវិស័យទេសចរណ៍

ដោយៈ សុខុម

បាងកក: គណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃអង្គារ ទី៥ ខែកក្កដា បានផ្អាកយកពន្ធ លើសណ្ឋាគាររយៈពេល២ឆ្នាំបន្ថែមទៀត រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីសម្រាលផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ លើក្រុមហ៊ុនប្រតិបត្តិករសណ្ឋាគារ។

នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចាលើកឡើងថា “ការលើកលែងពន្ធសណ្ឋាគាររយៈពេល២ឆ្នាំទៀត នឹងជួយបណ្ដាក្រុមហ៊ុនប្រតិបត្តិករសណ្ឋាគារ និងក្រុមហ៊ុនប្រតិបត្តិករ ទាក់ទិនវិស័យទេសចរណ៍ ស្តារនីតិសម្បទាឡើងវិញ នៅពេលបើកប្រទេសឡើងវិញ ស្វាគមន៍ភ្ញៀវទេសចរបរទេ​ស”។លោកបន្ថែមថា “ទន្ទឹមនេះវានឹងផ្តល់អត្ថប្រយោជន៍ ដល់សេដ្ឋកិច្ចរបស់ប្រទេសថៃ ក្នុងរយៈពេលវែង ព្រោះវិស័យទេសចរណ៍ គឺជាក្បាលម៉ា​ស៊ីនដ៏សំខាន់ សម្រាប់បង្កើតប្រាក់ចំណូលរបស់ប្រទេសថៃ”។

លោកបានបន្តថា រដ្ឋាភិបាលនឹងចេញបទប្បញ្ញត្តិថ្នាក់ក្រសួង ដើម្បីពង្រីកការលើកលែងពន្ធ សណ្ឋាគារប្រចាំឆ្នាំ បន្ទាប់ពីបទប្បញ្ញត្តិមុនបានផុតកំណត់កាលពីថ្ងៃទី៣០ ខែមិថុនា។

នាយករដ្ឋមន្ត្រីរូបនេះលើកឡើងថា សេដ្ឋកិច្ចថៃ នឹងត្រូវការពេលវេលាដើម្បីងើបឡើងវិញ ទោះបីជារដ្ឋាភិបាលបានបន្ធូរបន្ថយ ការរឹតបន្តឹងលើដំណើរការអាជីវកម្មយ៉ាងណាក្ដី។ លោកបន្ថែមថា ការលើកលែងពន្ធនេះនឹងកាត់បន្ថយការចំណាយ របស់បណ្ដាក្រុមហ៊ុនប្រតិបត្តិករសណ្ឋាគារប្រមាណ៤៧,៣៥លានបាត (១,៣២លានដុល្លារអាមេរិក)៕ Bangkok Post៕

វិភាគៈតើសង្រ្គាមរុស្ស៊ី អ៊ុយក្រែងនឹងបញ្ចប់ពេលណា និងយ៉ាងដូចម្តេច?

ដោយៈ ហួន ឌីណា

អន្តរជាតិៈ ខណៈ​ទាហាន និង​ជន​ស៊ីវិល​រាប់ពាន់នាក់ បាន​បាត់​បង់ជីវិត មនុស្ស​រាប់លាន​នាក់​ត្រូវ​រត់​ភៀសខ្លួន និង​សម្ភារ​យោធា​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​ត្រូវ​ខូចខាត ហើយ​ទីក្រុង​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​ជាច្រើន ត្រូវ​ខ្ទេចខ្ទាំ សង្គ្រាម​ឈ្លានពាន​ដែល​រុស្ស៊ី​ហៅថាជា “​ប្រតិបត្តិការ​យោធា​ពិសេ​ស” នោះ នៅតែ​បន្ត​អូសបន្លាយ​យូរ​ទៅៗ​។​

យោងតាម​ការចុះផ្សាយ​រប​ស់ទូរ​ទស្សន៍ Al Jazeera ដែល​ស្រង់​សម្ដី​អ្នកវិភាគ​ខុសៗ​គ្នា ការ​ព្យាករ​ពី​ពេលវេលា​សង្គ្រាម មាន​លក្ខណៈផ្សេងៗ​គ្នា​។

កន្លងមក អគ្គលេខាធិការ​អង្គការ​ណា​តូ លោក​ Jens Stoltenberg ព្រមាន​ថា សង្គ្រាម​អាច​នឹង​បន្ត​ជាច្រើន​ឆ្នាំ​ទៅមុខ ខណៈ​ភ្នាក់ងារ​​ចារកម្ម​បស្ចិម​លោក​និយាយថា សមត្ថភាព​ប្រយុទ្ធ​របស់​រុស្ស៊ី អាច​នឹងត្រូវ​បាន​បង់​នៅ​ប៉ុន្មាន​ខែ​ខាងមុខនេះ​។​

កាលពី​ដើមខែ​មេសា ប្រមាណ​ជា​ជិត២ ខែ ក្រោយ​បើក​ការ​​ឈ្លានពាន​លើ​អ៊ុយ​ក្រែ​ន​ពេញ​ផ្ទៃ​ប្រទេស រុស្ស៊ី​ដែល​អះអាង​ពីដំបូង​ថា រដ្ឋធានី​កៀវ​នឹង​ដួល​​រលំក្នុង​រយៈ៧៨ម៉ោង បាន​ដកទ័ព​ចេញពី​តំបន់​ជុំវិញ​រដ្ឋធានី​នោះ ហើ​យ​មក​ផ្ដោត​ការវាយលុក នៅ​តំបន់​ដុន​បាស​ នៅភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​វិញ​។

ប៉ុន្តែ​ខណៈ​ការឈ្លានពាន​ អូស​​បន្លាយ​អស់​រយៈពេល​ជាង៤​ខែ ប្រធា​នាធិបតី​រុស្ស៊ី​លោក វ្លាឌី​មៀរ ពូ​ទីន កាលពី​ព្រហស្បតិ៍​សប្ដាហ៍​មុន បាន​លើកឡើងថា “​ប្រតិបត្តិការ​យោធា​ពិសេស” នៅ​អ៊ុយ​ក្រែ​ន នឹង​ប្រព្រឹត្ត​ទៅតាម​ផែនការ ហើយ “​គ្មាន​ពេល​កំណត់់” ក្នុងការ​បញ្ចប់​វា​ទេ​។​

ឥឡូវនេះ កងកម្លាំង​របស់​រុស្ស៊ី​កំពុងតែ​សម្រុក ​វាយប្រហារ​ខ្លាំង​នៅ​លូ​ហាន​ស្ក៍​ នៃ​តំបន់​ភាគ​ខាងកើត​ដុន​បាស បន្ទាប់ពី​យកបាន​ក្រុង​ស៊ី​វី​រ៉ូ​ដុន​ណិ​ត​ស្ក៍ (Sievierodonetsk) កាលពី​ចុងខែ​មុន​។ ប្រសិនបើ​ដណ្ដើម​​បាន​ក្រុង​លី​ស៊ី​ឆាន់ (Lysychansk) ដែល​នៅជាប់​គ្នា១​ទៀត នោះ​រុស្ស៊ី​នឹង​អាច​គ្រប់​គ្រង​តំបន់​លូ​ហាន​ស្ក៍​ទាំងមូល ហើយនឹង​ធ្វើឱ្យ​កងទ័ព​របស់ខ្លួន ​កាន់តែ​ងាយស្រួល ក្នុងការ​​បន្ត​ប្រតិបត្តិការ “រំដោះ” ពួក​ផ្ដាច់ខ្លួន នៅ​តំបន់​ដុន​ណិ​ត​ស្ក៍១​ទៀត​។​

លោក Konstantinos Loukopoulos អតីត​ឧ​ត្ត​ម​សេនីយ៍​របស់​ណា​តូ បាន​និយាយប្រាប់ Al Jazeera ថា​ បន្ទាប់ពី​បរាជ័យ ក្នុង​ការចូល​ទៅកាន់​​កាប់​រដ្ឋធានី​កៀវ និង​ការដាក់​ពង្រាយ​ជា​យុទ្ធសាស្ត្រ ​នៃ​កង​កម្លាំង ​រុស្ស៊ី និង​ដាក់​ចំណុចកណ្ដាល​សំខាន់ ​នៅ​ភាគ​ខាង​កើត​អ៊ុយ​ក្រែ​ន ឧ​ត្ត​ម​សេនីយ៍​​រុស្ស៊ី​នានា បានសម្រេច​ចិត្ត​ទៅ​យឺតៗ ប៉ុន្តែ​រឹងមាំ​​។​

យ៉ាងណាមិញ កាលពី​ថ្ងៃ​​ព្រហស្បតិ៍​សប្ដាហ៍​មុន រុស្ស៊ីបានប្រកាស​ដកទ័ព​ខ្លួន​ចេញពី​កោះ Snake ជា​យុទ្ធសាស្ត្រ​។
ក្រុង​ម៉ូស្គូ​ហៅ​ការដកថយ​ថា ជា “​កាយវិការ​នៃ​សុច្ឆន្ទៈ” ក្នុង​គោលបំណង​បង្ហាញ​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​បើកផ្លូវ​ការ​​នាំចេញ​ស្បៀងអាហារ នៅ​កំពង់ផែ​អ៊ុយ​ក្រែ​ន​ឡើងវិញ ប៉ុន្តែ​ក្រុង​កៀវសាទរ​ថា ជា​ជ័យជម្នះ​ដែល​ខ្លួន​បង្ខំ​ឱ្យ​រុស្ស៊ី​ដកចេញ​។​

លោក Loukopoulos បាន​និយាយថា​ សង្គ្រាម​នឹងត្រូវ​បញ្ចប់ ពេល​ភាគី​ម្ខាង​គ្រប់គ្រង​ឆន្ទៈ​របស់ខ្លួន​លើ​ភាគី​ម្ខាង​ទៀត នៅ​កន្លែង​ប្រយុទ្ធ ហើយ​បន្ទាប់​មក​នៅ​តុ​ចរចា ឬ​ពេល​ភាគី​ទាំង​​សងខាង​ ចង់​បានការ​សម្រុះ​​សម្រួល​ជាជាង​ការប្រយុទ្ធ ដើម្បី​ស្វែងរក​ផលប្រយោជន៍​រួម​​។​

តែ​យ៉ាងណាក៏ដោយ​លោក Loukopoulos បានបន្តថា ការ​​បញ្ចប់​ភ្លាមៗ ​ហាក់ដូចជា​មិនអាច​ទៅរួច ដោយ​ចង្អុល​ទៅលើ​កត្តា​សំខាន់​មួយ ដែល ​រុស្ស៊ី​ មានគំនិត​ផ្តួចផ្តើម​យុទ្ធសាស្ត្រ​នយោបាយ និង​មធ្យោបាយ​ប្រតិបត្តិការ ខណៈ​អ៊ុយ​ក្រែ​ន និង​សម្ព័ន្ធមិត្ត​លោកខាងលិច​បញ្ចេញ​ប្រតិកម្ម​។​

ស្ថានភាព​បច្ចុប្បន្ន ​ក៏​បង្ហាញ​​ពី​ការប្រយុទ្ធ ​ដ៏​អូសបន្លាយ​មួយ ដោយ​សារ​ការបាត់បង់​ទឹកដី ​សំខាន់​របស់​អ៊ុយ​ក្រែ​ន ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ រួមទាំង​ពាក់កណ្ដាល​នៃ​តំបន់​ដុន​ណិ​ត​ស្ក៍ និង​ស្ទើ​តែ​ទាំង​មូលនៃ​តំបន់​លូ​ហាន​ស្ក៍ និង​តំបន់​ភាគខាងត្បូង​ផ្សេងទៀត ដែល​រុស្ស៊ី​កំពុង​រុលទៅមុខ​។

អ្នកវិភាគ​ខ្លះ​និយាយថា ក្រុង​កៀវ​នឹងខ្វះ​អានុភាព ប្រសិនបើ​ចូល​តុ​ចរចា​សន្តិភាព នាពេលនេះ ដោយ​លទ្ធផល​ទំនង​ទទួលបាន “សន្តិភាព”ដែល​កំណត់​ផ្តាច់មុខ​ដោយ​ក្រុង​ម៉ូស្គូ​។​

សាស្ត្រាចារ្យ​ផ្នែក​យុទ្ធសាស្ត្រ និង​សន្តិសុខ នៅ​សាកល​​វិទ្យាល័យ Exeter លោក ​Jamie Shea បាន​និយាយប្រាប់ Al Jazeera ថា​ ​រុស្ស៊ី​ប្រហែលជា​មានជំនឿថា វា​មាន​អត្ថប្រយោជន៍ ​សម្រាប់​ពេល​​បច្ចុប្បន្ន ហើយ​កំពុង​ឈានទៅ​មុខ ​នៅ​តំបន់​ដុន​បាស ទោះបី​​ជា​យឺតៗ​ក្ដី​​។​

​ជាងនេះទៀត​នោះ សេណា​​រី​យោ​បែបនេះ នឹងមិន​សម​ហេតុផល​ខាង​នយោបាយ សម្រាប់​មេដឹកនាំ​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​លេន​ស្គី នោះទេ ដោយសារតែ​វា​នឹងធ្វើ​ឱ្យ​លោក​ ក្លាយជា​ប្រធានាធិបតី​ចាញ់​សង្គ្រាម និង​បាត់បង់​ទឹកដី​ដ៏​ធំ​របស់​ប្រទេស​។​

​លោក​ Shea បាន​ពន្យល់ថា ​ប្រទេស​អ៊ុយ​ក្រែ​ន ​មិនអាច​មានលទ្ធភាព​បញ្ឈប់​នៅពេល​​នេះ​បានទេ ព្រោះ​វា​នឹង​បាត់បង់​ទឹកដី១/៥ របស់ខ្លួន​ទៅឱ្យ​រុស្ស៊ី រួមទាំង​កំពង់ផែ​ពាណិជ្ជកម្ម នៅ​សមុទ្រ​ខ្មៅ​សំខាន់ៗ តំបន់ឧស្សាហកម្ម និង​កន្លែង​ជីក​យក​រ៉ែ​នៃ​តំបន់​ដុន​បាស និង​តំបន់កសិកម្ម​សំខាន់​។ នេះ​នឹង​ធ្វើឱ្យ​អ៊ុយ​ក្រែ​ន នាពេល​អនាគត​មិនសូវ​ដំណើរការ និង​រីកចម្រើន​នោះឡើយ​។​

លើសពីនេះ រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​រំពឹងថា ខ្លួន​នឹង​បន្ត​ទទួលបាន​ការគាំទ្រ​ផ្នែក​យោធា​ពី​លោកខាងលិច និង​ក្នុង​បរិមាណ​កាន់តែ​ច្រើនជាង​ពេលនេះ ខណៈ​ការគាំទ្រ​ផ្នែក​នយោបាយ ក៏​នៅតែ​ខ្លាំង​។

លោក Shea បាន​និយាយថា​ ​អ៊ុយ​ក្រែ​ន​សង្ឃឹមថា ការ​​បញ្ជូន​អាវុធ​ធុន​ធ្ងន់​ថ្មី​របស់​អាមេរិក និង​លោកខាងលិច ជាពិសេស​កាំភ្លើង​ធំ​បាញ់​រយៈ​​ចម្ងាយ​ឆ្ងាយ នឹង​ជួយ​ពួកគេ ក្នុងការ​ទប់ទល់​កង​ទ័ព​រុស្ស៊ី និង​ដណ្តើមយក​ទឹកដី​មួយចំនួន​មកវិញ​។​

មេដឹកនាំ​សហរដ្ឋអាមេរិក អឺរ៉ុប និង​អង្គការ​ណា​តូ សម្តែង​ការគាំទ្រ​របស់ខ្លួន​ម្ដង​ហើយ​ម្ដងទៀត ចំពោះ​អ៊ុយ​ក្រែ​ន ដោយ​ការ​ផ្ដល់ជំនួយ​យោធា​រាប់ពាន់​លាន​ដុល្លារ​។

យ៉ាងណា​​មិញ​ការជំរុញ​ជា​បន្តបន្ទាប់ ក្នុង​ការសុំ​ជំនួយ​សព្វាវុធ​បន្ថែម​ទៀត​ពី​អ៊ុយ​ក្រែ​ន រង​នូវ​ឧបសគ្គ​នៃ​ការព្រួយបារម្ភ ក្នុង​មជ្ឈដ្ឋាន​លោកខាងលិច១​ចំនួន ជុំវិញ​ការភ័យខ្លាច​ការធ្លាក់​ចូល​ ទៅ​​ក្នុង​សង្គ្រាម​ជាមួយ​រុស្ស៊ី​។ ដូចដែល​អ្នកជំនាញ​មួយចំនួន​លើកឡើង លោកពូ​ទីន​អាចធ្វើឱ្យ​សង្គ្រាម​កាន់តែខ្លាំង​ឡើងៗ​។

លោក Loukopoulos និយាយថា នៅពេល​សង្គ្រាម​បន្ត​កាន់តែ​យូរ ការគាំទ្រ​របស់​បស្ចិម​លោក​កាន់តែ​ថយចុះ​។
សម្រាប់​លោក Shea មាន​សេណារីយោ​ទំនង២ នឹង​បន្ត​ទៅមុខ​។ ទី​១ លោក​និយាយថា អ៊ុយ​ក្រែ​ន​នឹង​នៅតែ​បន្ត​ប្រយុទ្ធ ដោយមាន​ការគាំទ្រ​ពី​បស្ចិម​លោក​ជា​និរន្តរ៍ ដែល​បង្ខំ​រុស្ស៊ី ​ឱ្យ​ដក​កងទ័ព​ចេញពី​អ៊ុយ​ក្រែ​ន​ទាំងស្រុងនៅ​ទីបំផុត លើកលែងតែ​ឧបទ្វីប​គ្រី​មេ ហើយ​វា​ត្រូវមាន​ឱ្យ​អ៊ុយ​ក្រែ​ន​ខ្លាំង​ខាង​ផ្នែក​យោធា​ជាង​ពេលបច្ចុប្បន្ន​។​

មួយ​ផ្សេងទៀត​នោះ គឺថា ភាគី​ទាំងសងខាង​ឈានដល់​ការជាប់គាំង ដែល​សង្គ្រាម​អូសបន្លាយ ​មិនសូវ​តានតឹង​ដោយ​លោកShea បាន​បន្តទៀតថា​ ​រុស្ស៊ី​នឹងធ្វើ​សមា​ហរ​ណ​​កម្ម ​ចំពោះ​ទឹកដី​ដែល​ខ្លួន​កាន់កាប់ ហើយ​បញ្ចូល​ទឹកដី​មួយចំនួន​ទៅជា​របស់ខ្លួន​។ ការចរចា​ដ៏​វែងឆ្ងាយ និង​គ្មាន​ផ្លែផ្កា រវាង​ទីក្រុង​កៀវ និង​ក្រុង​ម៉ូស្គូ និង​ជាមួយ​អ្នក​សម្រុះសម្រួល​អន្តរ​​ជាតិ ជុំវិញ​រឿង ដូចជា​បទ​ឈប់​​បាញ់ ការដក​ទ័ព និង​ការដក​អាវុធ នឹងត្រូវ​បន្ត​ឡើងវិញ​​។​

លោក Shea ចំណុច​ទី​២ គឺជា​សេណារីយោ​ទំនង​ជាងគេ​ ដោយ​លោក​បាន​ពន្យល់ថា ​អ៊ុយ​ក្រែ​ន​ ត្រូវ​ការ​ការ​​បង្កើត​កម្លាំង​ដ៏​ធំ​មួយ​របស់ខ្លួន ដើម្បី​ដណ្តើមយក​ទឹកដី ​ដែល​រុស្ស៊ី​កាន់កាប់​មកវិញ​។ រុស្ស៊ី​ដឹង​ច្បាស់​ថា ខ្លួន​មិនអាច​ដណ្តើមយក​អ៊ុយ​ក្រែ​ន​ទាំង​អស់​បានទេ។ ដូច្នេះ​វា​ប្រហែល​​ជា​ផ្តោតលើ​ការរក្សា​ ការ​គ្រប់​​គ្រង​តំបន់​ដុន​បាស និង​បង្វែរ​សង្គ្រាម​អ៊ុយ​ក្រែ​ន​ឱ្យទៅជា​ជម្លោះ​ជាប់គាំង (Frozen Conflict) វិញ​។​

សម្រាប់​លោក Loukopoulos សង្គ្រាម​នឹង​អូសបន្លាយ​ពេញ១​ឆ្នាំ គឺ​មិនសូវ​ជា​ទំនង​ប៉ុន្មាន​ទេ​។
លោក​បាន​និយាយថា​ “ទាំង​អ៊ុយ​ក្រែ​ន និង​លោកខាងលិច ក៏​មិនអាច​ឈរជើង​បានយូរ​ដែរ​៕
​

ក្រុមហ៊ុនថៃ និងកម្ពុជារួមគ្នាវិនិយោគលើឧស្ម័នធម្មជាតិដែលមិនបំពុលបរិស្ថាន

ដោយៈ ជេស៊ីកា

ភ្នំពេញៈ ក្រុមហ៊ុន​ប្រេងកាត​ដ៏ធំរបស់ប្រទេស​ថៃPTT និង​ក្រុមហ៊ុន Cambodia Natural Gas Corp កំពុង​សហ​​ការ​គ្នា​ជំរុញ​ការវិនិយោគ​ឧស្ម័ន​ធម្មជាតិ​ពង្រា​វ ​(LNG) ​នៅ​កម្ពុជា ដែលវាជា​ថា​ម​ពល​ល្អ​សម្រាប់​ការប្រើប្រាស់​មិន​បំពុលបរិស្ថាន។

លោកជៀប សួរ អ្នកនាំពាក្យ និង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត នៃ​ក្រសួង​រ៉ែ និង​ថាមពល បាន​មានប្រសាសន៍ឲ្យដឹងកាលពីម្សិលម៉ិញនេះថា ក្នុង​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​លើក​ទី​៣ នៃ​ការអនុវត្ត​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ប្រេង និង​ឧស្ម័ន ជាមួយ​ក្រុមហ៊ុន​ប្រេងកាត​ជាតិ​ថៃ PTT បាន​ផ្តោតលើ​ចំណុច​សំខាន់ៗ​មួយចំនួន​ដូចជា ការចែករំលែក​អំពី​បច្ចុប្បន្នភាព​តម្រូវការ និង​ផែនការ​ថា​ម​ពល​រយៈពេល​វែង​នៃ​ប្រទេស​ទាំង​២អាជីវកម្ម​របស់​ក្រុមហ៊ុន PTT នៅ​កម្ពុជា និង​បទ​ប្បញ្ញត្តិ​បច្ចេកទេស​ពាក់ព័ន្ធ​ ការវិនិយោគ​លើ​ឧស្ម័ន​ធម្មជាតិ​ពង្រា​វ ​(LNG) ​ជា​ថាមពល​នាពេល​អនាគត និង​យូរអង្វែង ក៏ដូចជា​ការស្វែងរក​សក្តានុពល​នៃ​កិច្ចសហប្រតិបត្តិការ​លើ​ធុរកិច្ច​នៅ​កម្ពុជា​។​

លោក​បាន​បន្ថែមថា “ភាគី​ទាំង២ នឹង​បន្ត​កិច្ចសហការ​ឱ្យបាន​ល្អ ជាពិសេស​ការរំលែក​ប​ទ​ពិសោធ បច្ចេកវិទ្យា​ចំណេះ​​ដឹង​ក្នុង​វិស័យ​ប្រេង និង​ជំរុញ​ឱ្យ​កា​រវិ​និ​យោគ ​ពី​ក្រុមហ៊ុន​មក​កម្ពុជា​បន្ថែមទៀត ​លើ​វិស័យ​ឧស្ម័ន​ធម្មជាតិ​ពង្រា​វ”។លោក​បាន​បន្ថែមថា​ ​ក្រុមហ៊ុនPTT បាន​វិនិយោគ​លើ​ស្ថានីយប្រេងឥន្ធនៈ និង​ហាង​កាហ្វេ​អា​ម៉ា​ហ្សូ​ន ជា​យូរណាស់​មកហើយ​។

ជាមួយគ្នានេះ ​ក្រុមហ៊ុន​ក៏បាន​សហការ​ជាមួយ​ក្រុម​​ហ៊ុន Cambodia Natural Gas Corp ដែលជា​ក្រុមហ៊ុន​ចិន ក្នុង​ការនាំ​ចូលមក​ក​ម្ពុ​ជា ដោយ​បច្ចុប្បន្ន​ក្រុមហ៊ុន​ទាំង​២​ កំពុងតែ​ជំរុញ​ទីផ្សារ​ឧស្ម័ន​ធម្មជាតិ​ពង្រា​វ ​(LNG) នេះ​បណ្តើរៗ​ដែរ​​។​

ក្រុមហ៊ុន Cambodia Natural Gas Corp គឺជា​ប្រតិបត្តិ​ករ​ឧស្ម័ន​ធម្មជាតិ​តែ​១​គត់​នៅ​ប្រទេស​កម្ពុជា ក្នុងការ​ផ្គត់​ផ្គង់​ថាមពល​ឧស្ម័ន​ធម្មជាតិ​នៅ​កម្ពុជា ដោយបាន​ចាប់ផ្ដើម​នាំចូលLNG មក​ប្រទេស​កម្ពុជា នា​ដើមឆ្នាំ​២០២០​។​

យោងតាមការផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន Cambodia Natural Gas Corp បានឱ្យដឹងថា LNG គឺជា​ឧស្ម័ន​ធម្មជាតិ​ក្នុង​ទម្រង់​រាវ ដែល​ត្រូវបាន​ផលិត​ ដោយ​ការបន្ថយ​ឧស្ម័ន​ធម្មជាតិ​ ចុះ​ដល់​ប្រមាណ -១៦២ អង្សា​សេ​។ ក្នុង​ដំណើរការ​នេះ ​មិន​ត្រឹមតែ​សីតុណ្ហភាព និង​ទម្រង់​នៃ​ការផ្លាស់ប្តូរ​ឧស្ម័ន​ធម្មជាតិ​ប៉ុណ្ណោះ​ទេ ​បរិមាណ​របស់​វា​ក៏​ប្រែ​តូច​ជាង​មុន៦០០ដង ហើយ​វា​គ្មាន​ពណ៌ គ្មាន​ក្លិន គ្មាន​ជាតិពុល និង​មិន​រលួយ ហើយ​ឧស្ម័ន​នេះ​មិនអាច​ដុត​ឆេះ​បានទេ​៕

មហាយក្សចិនខឹងឆេះដុំដែលអង្គការ NASA អះអាងថាខ្លួនកាន់កាប់ភពព្រះចន្ទ

ដោយៈ សុខុម

ប៉េកាំង: មហាយក្សចិន បានថ្កោលទោសប្រធានទីភ្នាក់ងារអវកាសសហរដ្ឋអាមេរិក ហៅកាត់ថា NASA ដែលបានអះអាងថា រដ្ឋាភិបាលក្រុងប៉េកាំង អាចនឹងកាន់កាប់ភពព្រះចន្ទ ក្នុងកម្មវិធីអវកាសយោធា។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចុះផ្សាយកាលពីថ្ងៃអង្គារ ទី៥ ខែកក្កដា។

លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាន កាលពីថ្ងៃច័ន្ទ ទី៤ ខែកក្កដា ថា ប្រទេសចិន ប្រឆាំងដាច់ខាតចំពោះ”ការលើកឡើងដោយគ្មានការទទួលខុសត្រូវ” របស់​លោក Bill Nelson ប្រធានអង្គការNASA។

លោក Bill Nelson បានប្រាប់កាសែតអាល្លឺម៉ង់ Bild ក្នុងបទសម្ភាសន៍មួយ ដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃសៅរ៍ ទី២ ខែកក្កដា ថា លោកព្រួយអំពីមហិច្ឆតាអវកាសរបស់ប្រទេសចិន។

សំដៅដល់ផែនការរុករកភពព្រះចន្ទ របស់រដ្ឋាភិបាលក្រុងប៉េកាំង លោក Bill Nelson បានលើកឡើងថា “យើងមានការព្រួយបារម្ភយ៉ាងខ្លាំងដែលប្រទេសចិន នឹងចុះចតលើភពព្រះចន្ទ ហើយនិយាយថា ‘ភពព្រះចន្ទពេលនេះជារបស់យើង ហើយអ្នកនៅក្រៅត្រូវតែចាកចេញ’”។

ប្រទេសចិន ដែលបានពន្លឿនកម្មវិធីអវកាសរបស់ខ្លួន ក្នុងរយៈពេលមួយទសវត្សរ៍មកនេះ បានផ្ដោតយកចិត្តទុកដាក់យ៉ាងខ្លាំង លើកម្មវិធីរុករកភពព្រះចន្ទ។

ប្រទេសចិន បានធ្វើការចុះចតនៅលើភពព្រះចន្ទ ជាលើកដំបូងរបស់ខ្លួនក្នុងឆ្នាំ២០១៣ ហើយកំពុងត្រៀមផែនការបញ្ជូន យានគ្មានមនុស្សបើកទៅកាន់ប៉ូលខាងត្បូង នៃភពព្រះចន្ទនៅពេលណាមួយ ក្នុងទសវត្សរ៍នេះ៕ Aljazeera៕

អ្នកជំនួញស្ងៀមស្ងាត់ម្នាក់កំពុងត្រៀមយកហាង McDonald មកកាន់កម្ពុជា

ដោយៈ ជេស៊ីកា

ភ្នំពេញៈ អ្នកជំនាញដ៏ស្ងៀមស្ងាត់ ប៉ុន្តែមានឥទ្ឋិពលម្នាក់បាននិងកំពុងត្រៀមនាំយកហាង អាហាររហ័សទាន់ចិត្តMcDonald មកកាន់កម្ពុជានៅពេលខាងមុខនេះ។

យោងតាមប្រភពព៌តមានដែលអាចទុកចិត្ត បាននិយាយឲ្យដឹងក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា អ្នកជំនួញរូបនោះបានចចារ ដោយជោគជ័​យរួចហើយ និងបានបំពេញគ្រប់លក្ខខ័ណ្ឌ របស់ក្រុមហ៊ុនអាហាររហ័សទាន់ចិត្ត លំដាប់យក្សអាមេរិកនេះរួចផងដែរ ដើម្បីទទួលសិទ្ឋMaster Franchisee មកកាន់ទីផ្សារកម្ពុជា ដែលអាចអនុញ្ញាត្តឲ្យក្រុមហ៊ុននេះពង្រីកសាខាឬលក់Franchiseបន្តទៅវិនិយោគិនដទៃទៀត។

ប្រភពព៌តមានដដែលបានបន្តថា “ប្រសិនជាអ្វីៗមិនមានការប្រែប្រួលទេ ហាងអាហាររហ័សទាន់ចិត្តនេះ នឹងបង្ហាគវត្តមាននៅកម្ពុជានៅឆ្នាំ២០២៣ខាងមុខនេះ”។

ទស្សនវិទ្យារបស់ហាងMcDonald គឺតម្រូវឲ្យអ្នកទិញម៉ាកយីហោរបស់ខ្លួនមកកាន់ប្រទេសណាមួយ ត្រូវទៅធ្វើការលាងបង្គន់អនាម័យរបស់ហាងនេះរយៈពេលពីរសប្តាហ៍ជាមុនសិន។

ប្រភពព៌តមានដដែលបានបន្តថា តាមពិតអ្នកជំនួញស្ងៀមស្ងាត់រូបនោះ មានអាជីវកម្ម មិនតិចជាង៣០ក្រុមហ៊ុនឡើយ ដែលកំពុងប្រតិបត្តិការ នៅកម្ពុជា។

McDonaldជាហាងអាហាររហ័សទាន់ចិត្តធំជាងគេ និងមានសាខាច្រើនជាងគេនៅក្នុងពិភពលោក ហើយកាលពីពេលថ្មីៗនេះហាងនេះបាន​ចាកចេញពីប្រទេសរុស្ស៊ី និងបានលក់នូវសេវាកម្ម និងហាងរបស់ខ្លួនទាំងអស់ទៅឲ្យមហាសេដ្ឋីរុស្ស៊ី ដោយគ្រាន់តែមានការដូរឈ្មោះហាង ប៉ុន្តែរសជាតិអាហារនេះនៅដដែល៕