ផ្លូវយុទ្ធសាស្ត្រថ្មី២ខ្សែតភ្ជាប់ទៅស្រុកកោះធំ និងផ្លូវក្រវាត់ក្រុងទី៣ កំពុងលើកមុខមាត់ស្រុកលើកដែក ខេត្តកណ្តាល

ដោយ៖ សូរិយា

កណ្តាល: ផ្លូវយុទ្ធសាស្រ្តថ្មីៗចំនួន២ខ្សែ នឹងត្រូវកសាងឡើងក្នុងពេលឆាប់ៗនៅក្នុងស្រុកលើកដែក តភ្ជាប់ទៅស្រុកកោះធំ និងតភ្ជាប់ទៅផ្លូវក្រវាត់ក្រុងទី៣ក្នុងទឹកដីខេត្តកណ្តាល ដើម្បីងាយស្រួលដល់ការដឹកជញ្ជូន និងជួយជំរុញសេដ្ឋកិច្ចរបស់ពលរដ្ឋ។

បើយោងតាម លោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក បានប្រាប់ឱ្យដឹងកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ ថា ផ្លូវយុទ្ធសាស្រ្តថ្មីៗចំនួន២ខ្សែនេះ រួមមាន ផ្លូវទី១មានប្រវែងបណ្តោយជាង៧ គីឡូម៉ែត្រ ទទឹង៦០ម៉ែត្រ កំពុងសាងសង់ចេញពីក្បែរច្រកទ្វារក្អមអន្តរជាតិសំណ ស្រុកលើកដែក ឆ្ពោះទៅស្រុកកោះធំ។

ផ្លូវថ្មីមួយខ្សែទៀតមានប្រវែង៣២គីឡូម៉ែត្រ ទទឹង៥០ម៉ែត្រ ចេញពីស្រុកលើកដែក ឆ្ពោះទៅផ្លូវក្រវាត់ក្រុងទី៣ ឬចំណុចបំបែកផ្លូវលេខ១ ម្តុំខាងលិចស្ពានអ្នកលឿង។ ហើយបច្ចុប្បន្ននេះ ABB ក៏កំពុងសិក្សាកសាងផ្លូវប្រវែងជាង៥គីឡូម៉ែត្រ ទទឹង៥០ម៉ែត្រឆ្ពោះទៅស្រុកកោះធំមួយផ្សេងទៀតផងដែរ។

លោកបញ្ជាក់ថា “ការកសាងផ្លូវទាំងនេះ គឺជាសសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់តភ្ជាប់ការជញ្ជូនពីតំបន់មួយទៅតំបន់មួយ និងពីស្រុកមួយទៅស្រុកមួយ រហូតដល់ប្រទេសវៀតណាម តាមរយៈច្រកទ្វារអន្តរជាតិក្អមសំណហើយក៏ជាការឆ្លើយតបយ៉ាងសំខាន់ និងទាន់ពេលវេលាផងដែរ ខណៈដែលប្រទេសជាតិកំពុងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ពិសេសវិស័យកសិកម្មក្នុងតំបន់ ដែលកំពុងរីកលូតលាស់ និងដាំដុះយ៉ាងច្រើន ដូចជា ដំណាំពោត និងស្វាយជាដើម”។

លោកថា ការតភ្ជាប់សសៃឈាមគ្រប់ច្រកល្ហកនេះ ទៅថ្ងៃអនាគតដ៏ខ្លីខាងមុខ រំពឹងថាស្រុកលើកដែកនឹងក្លាយជាកូនក្រុងតូចមួយជាក់ជាមិនខាន។

ជាមួយគ្នានេះ លោកអភិបាលស្រុកបញ្ជាក់ថា ក្នុងពេលឆាប់ខាងមុខនេះ ឬយ៉ាងយូរមួយខែទៀត ស្រុកលើកដែក នឹងប្រកាសបើកច្រកទ្វារអន្តរជាតិក្អមសំណជាផ្លូវការ ជាមួយនឹងភាគីវៀតណាម ខណៈដែលច្រកទ្វារនេះ ទាំងផ្លូវគោក និងផ្លូវទឹកបានដំណើរការជាមួយមកហើយ តែមិនទាន់ពេញលេញនៅឡើយ ដោយសារតែខាងភាគីវៀតណាមមិនទាន់បានបើកជាច្រកអន្តរជាតិ។ លោកថា ការដែលមិនបានបើកជាច្រកអន្តរជាតិកន្លងមកនេះ ធ្វើឲ្យទំនិញចំនួនមិនអាចដឹកឆ្លងកាត់បានទេ។

លោកមានសុទិដ្ឋិនិយមដែរថា បន្ទាប់ពីកសាងផ្លូវខ្វាត់ខ្វែង និងបើកច្រកអន្តរជាតិពេញលេញនេះ នឹងផ្តល់ផលប្រយោជន៍ ច្រើនដល់ប្រជាជន និងប្រទេសទាំងពីរ និងធ្វើឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែល្អប្រសើរថែមទៀត៕

ដំណឹងល្អ សម្ដេចតេជោប្រកាសលើកលែងកាតព្វកិច្ចពាក់ម៉ាសចំពោះទីកន្លែងសាធារណៈ នៅទូទាំងប្រទេស

ដោយ៖ សុផារី

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ខែមេសា ឆ្នាំ២០២២នេះ បានប្រកាសថា រាជរដ្ឋាភិបាលបានសម្រេចលើកលែងកាតព្វកិច្ចពាក់ម៉ាសនៅទូទាំប្រទេស ចំពោះទីកន្លែងសាធារណៈ និងទីកន្លែងចំហនានា ហើយទុកឱ្យប្រជាជនទាំងអស់ ជាអ្នកសម្រេចថា តើគួរពាក់ម៉ាស ឬមិនពាក់ម៉ាស។

យោងតាមសារជាសំឡេងពិសេស របស់សម្ដេចតេជោ នៅព្រឹកថ្ងៃនេះ បានឱ្យដឹងថា “បន្ទាប់ពីមានការដឹកនាំកិច្ចប្រជុំពីសំណាក់លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានគណៈកម្មការប្រចាំការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងមន្ត្រីពាក់ព័ន្ធនានារួចមក គឺរាជរដ្ឋាភិបាល បានលើកលែងកាតព្វកិច្ចពាក់ម៉ាសនៅទូទាំងប្រទេស ចំពោះទីកន្លែងសាធារណៈ និងទីកន្លែងចំហនានា ក្រៅតែពីកន្លែងបិទជិតដោយទុកឱ្យប្រជាជនទាំងអស់ ធ្វើការសម្រេចចិត្តដោយខ្លួនឯងថា ពាក់ម៉ាស ឬមិនពាក់ម៉ាស”។

សម្តេចបានថ្លែងថា ដូច្នេះ ចាប់ពីពេលនេះតទៅបងប្អូនមានសិទ្ធក្នុងការសម្រេចចិត្តថា តើគួរពាក់ម៉ាស់ ឬទេ លើកលែងតែ ក្នុងទីតាំងទាំងឡាយណាដែលបិទជិត ដូចជា រោងភាពយន្ត បន្ទប់ប្រជុំ ឬបន្ទប់ម៉ាស៊ីនត្រជាក់ តែក្នុងករណីលំហរនៅខាងក្រៅអាចដោះម៉ាស់ចេញបាន ដូចជា តាមដងផ្លូវ សួនច្បារ ទីសាធារណៈ ជាដើម។
បើតាមការលើកឡើងរបស់សម្តេច កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ កន្លងមក នៅក្នុងប្រទេសកម្ពុជា ជាលើកដំបូង មិនមានករណីអ្នកឆ្លងកូវីដ១៩នោះទេ។ ការលើកលែងកាតព្វកិច្ចពាក់ម៉ាស់នេះ គឺធ្វើតាមការចង់បានរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីជួយកាត់បន្ថយការចំណាយប្រចាំលើម៉ាស់ និងការបង្វែរកញ្ចប់ថវិកានេះទៅប្រើប្រាស់លើផ្នែកផ្សេងទៀត។

យ៉ាងណាក្តី សម្តេចនៅតែបន្តអំពាវនាវឱ្យរក្សាទុកម៉ាស់នៅជាប់នឹងខ្លួន ហើយនៅបន្តការពារខ្លួនជានិច្ច កំណត់ឱ្យបងប្អូនប្រជាពលរដ្ឋកម្ពុជាទទួលដូសវ៉ាក់ស៊ាំង ជំរុញដូសទី៣ឱ្យបានគ្រប់ៗគ្នា៕

ក្រុមហ៊ុនអចលនទ្រព្យចិនជាច្រើនចូលរួមពិភាក្សាជាមួយធនាគារកណ្ដាល ដើម្បីរកវិធីសង្គ្រោះគំរោងរបស់ខ្លួន

ដោយៈសុខុម

ហុងកុង: ប្រភពទម្លាយថា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន ជាច្រើន បានចូលរួមកិច្ចពិភាក្សាជាមួយ ធនាគារកណ្តាលរបស់ប្រទេសចិន កាលពីសប្តាហ៍មុន ដើម្បីពិភាក្សាអំពីការលក់ទ្រព្យសកម្មដោយបង្ខំ និងវិធីផ្សេងៗទៀត ដើម្បីគាំទ្រដល់ឧស្សាហកម្មអចលនទ្រព្យ។

ធនាគារកណ្តាលចិន បាននិយាយកាលពីសប្តាហ៍មុនថា ខ្លួនបានពិភា​ក្សាជាមួយបណ្ដាធនាគារ និងក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្ម ដើម្បីពិភាក្សាអំពីការគាំទ្រសម្រាប់សេដ្ឋកិច្ច និងវិស័យអចលនទ្រព្យដែលរងគ្រោះធ្ងន់ធ្ងរដោយសារការខកខានសងបំណុលជាបន្តបន្ទាប់ ប៉ុន្តែមិនបានបញ្ជាក់ថា បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ត្រូវបានអញ្ជើញឱ្យចូលរួមដែរនោះទេ។

ប្រភពដដែលបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ក្រុមហ៊ុនអភិវឌ្ឍន៍ជាង១០ បានចូលរួមក្នុងកិច្ចពិភាក្សានេះ ដែលធ្វើឡើងកាលពីថ្ងៃអង្គារ សប្ដាហ៍មុន ប៉ុន្តែមិនបានបញ្ចេញឈ្មោះអ្នកចូលរួមឡើយ។

ប្រភពបានបន្ថែមទៀតថា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ China Evergrande Group និងក្រុមហ៊ុន អភិវឌ្ឍន៍អចលនទ្រព្យ Kaisa Group ក៏ទទួលបានកាអញ្ជើញចូលរួមដែរ។

នៅពេលស្នើសុំព័ត៌មានលម្អិត ធនាគារកណ្តាលចិនបាននិយាយថា ខ្លួនបានជួបប្រជុំ ជាមួយធនាគារពាណិជ្ជជាតិចំនួន១៨ និងក្រុមហ៊ុនគ្រប់​គ្រងទ្រព្យសកម្មចំនួន៥ ដើម្បីពិភាក្សាអំពីការគាំទ្រផ្នែកហិរញ្ញវត្ថុ សម្រាប់សេដ្ឋកិច្ច រួមទាំងការរក្សាសណ្ដាប់ធ្នាប់ នៅក្នុងការហិរញ្ញប្បទានសម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍ និងការសម្របសម្រួលការច្របាច់បញ្ចូលគ្នា និងការទិញយកទ្រព្យសម្បត្តិ ដែលកាន់កាប់ដោយក្រុមហ៊ុនអចលនទ្រព្យធំៗផងដែរ៕ Reuters៕

ក្រុមហ៊ុន Twitter អាចនឹងព្រមលក់ក្នុងតម្លៃ ៤៣ពាន់លានដុល្លារឲ្យកំពូលមហាសេដ្ឋី Elon Musk

ដោយៈសុខុម

ញូវយ៉ក: ក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គម Twitter ត្រៀម នឹងយល់ព្រមលក់ឱ្យកំពូលមហាសេដ្ឋី Elon Musk ក្នុងតម្លៃប្រមាណ ៤៣ពាន់លានដុល្លារជាសាច់ប្រាក់ ជាតម្លៃដែលនាយកប្រតិបត្តិក្រុមហ៊ុន Tesla រូបនេះចាត់ទុកថាជា “តម្លៃល្អបំផុត និងតម្លៃចុងក្រោយ”។

លោក Elon Musk ដែលទស្សនាវដ្ដី Forbes ចុះផ្សាយកាលពីពេលថ្មីៗនេះថា ជាមហាសេដ្ឋីមានប្រាក់ជាងគេ បំផុតរបស់ពិភពលោក កំពុងចរចាទិញយកក្រុមហ៊ុន Twitter ដោយផ្ទាល់ ហើយក្រុមហ៊ុន Tesla របស់លោក មិនពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនេះទេ។ នេះបើយោងតាមសារព័ត៌មាន Reuters ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី២៥ ខែមេសា។

ប្រភពខាងលើបានស្នើសុំមិនបញ្ចេញឈ្មោះនោះទេ ព្រោះរឿងនេះជាការសម្ងាត់ ហើយពេលទាក់ទងទៅទាំងក្រុមហ៊ុន Twitter និងលោក Elon Musk ក៏មិនបានឆ្លើយបំភ្លឺដែរជុំវិញរឿងនេះ។

ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានហក់ឡើង៤,៥%នៅក្នុងការជួញដូរ នៅក្រុងញូវយ៉ក កាលពីថ្ងៃច័ន្ទ ទី២៥ ខែមេសា ក្នុងតម្លៃ ៥១,១៥ដុល្លារក្នុងមួយភាគហ៊ុន។

លោក Elon Musk ធ្លាប់បានលើកឡើងថា ក្រុមហ៊ុនបណ្ដា​ញទំនាក់ទំនងសង្គម Twitter គួរតែក្លាយជា Platform ដ៏ល្អមួយ សម្រាប់ការបញ្ចេញមតិដោយសេរី និងគ្មានការរឹតបន្តឹង៕ Reuters៕

អ្នកធុរកិច្ចក្នុងស្រុកត្រៀមបោះទុនរាប់លានដុល្លារ វិនិយោគដីលំហែរនៅខេត្តកែបតាមស្តង់ដាអន្តរជាតិ

ដោយៈជេស៊ីកា

កែបៈ អ្នកវិនិយោគក្នុងស្រុកបាន និងកំពុងត្រៀមបោះទុនរាប់លានដុល្លារ ដើម្បីវិនិយោគគំរោងដីលំហរតាមស្តង់ដាអន្តរជាតិ ជាលើកដំបូងនៅខេត្តកែប។

អ្នកនាងឆយ ហ្រ្វីដា អ្នកគ្រប់គ្រងទូទៅនៃគំរោង “ឆ្នេរសមុទ្រកោងកាង” បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី២៥ មេសាថា គំរោងដ៏ល្អនេះបាន និងកំពុងត្រៀមរៀប​ចំ​ហេដ្ឋារចនាសម្ព័ន្ឋ ដើម្បីផ្តល់នូវគុណតម្លៃដល់អតិថិជន ឲ្យទទួលបានដីលំហែរសមស្របនឹងអ្វី ដែលពួកគេវិនិយោគ និងបំពេញនូវក្តីសុបិនរបស់ពួកគាត់។

អ្នកនាងបន្តថា​ “យើងនឹងនាំអតិថិជន អ្នកទិញដីរបស់យើង ដើម្បីទទួល​បានដី មានទីតាំងជាប់ដងព្រែកទឹកប្រៃ ឆ្នេរសមុទ្រ ព្រៃកោងកាង និងស្រែអំបិលនេះ”។ អ្នកនាងបន្តថា “យើងបាននិងកំពុងបង្កើតនូវក្តីសុបិនជាមួយអ្នកវិនិយោគ ដើម្បីឲ្យពួកគេទទួលបានដីលំហែរពិតប្រាកដ ជាមួយនឹងពេលវេលាអាចគយគន់ជួរភ្នំ ស្រូបយកខ្សល់អាកាសបរិសុទ្ឋ ដើរហាត់ប្រាណ និងមានពេលអង្គុយស្ទូចត្រីកំសាន្តនៅក្នុងគំរោងរបស់យើង”។

អ្នកនាងឆយ ហ្រ្វីដា បានបន្តថា ការវិនិយោគគំរោងដីលំហែរ នៅក្នុងគំរោង “ឆ្នេរសមុទ្រកោងកាង” មិនត្រឹមតែទទួលបាននូវទីតាំងដ៏ល្អ ដីដែលមានការរៀបចំហេដ្ឋារចនាសម្ព័ន្ឋធំទូលាយ សួនច្បារ ទីកំសាន្តយ៉ាងប្រណីតប៉ុណ្ណោះទេ ប៉ុន្តែអតិថិជនក៏ទទួលបានផលចំណេញ ពីការវិនិយោគនាពេលអនាគតយ៉ាងច្រើនផងដែរ។

អភិបាលនៃគណៈអភិបាលខេត្តកែប លោកបណ្ឌិតសោម ពិសិដ្ឋ បានលើកទឹកចិត្តចំពោះគំរោងវិនិយោគបែបនេះ ដោយលោកបានមានប្រសា​សន៍ថា ទាល់តែមានការចូលរួមវិនិយោគពីវិស័យឯកជន ទើបខេត្តកែបមានការរីកចម្រើនលឿន និងឆាប់រហ័ស ពិសេសការវិនិយោគរបស់អ្នកវិនិយោគក្នុងស្រុក ជាការវិនិយោគពិតប្រាកដមួយ ដែលមានភាពជឿជាក់និងអាចទុកចិត្តបាន។

លោកបន្តថា “វិស័យឯកជនជាដៃគូរបស់រដ្ឋាភិបាល មិនអាចខ្វះបាន ដើម្បីជំរុញកំនើនសេដ្ឋកិច្ចជាតិ និងលើកកំពស់ជីវភាពរបស់ប្រជាពលរដ្ឋ”។​ លោកបន្តថា “ការវិនិយោគដីលំហែរ ដោយរៀបចំតាមស្តង់ដាអន្តរជាតិបែបនេះ នឹងជួយលើកកំពស់មុខមាត់ខេត្ត ក៏ដូចជា ចូលរួមកសាងទំនុកចិត្តដើម្បីទាក់ទាញការវិនិយោគពីអ្នកធុរកិច្ចជាតិ អន្តរជាតិមកកាន់ខេត្តកែបកាន់តែច្រើនថែមទៀត៕​​​

ស្របពេលសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែនមិនទាន់ផុតរលត់ តោះទៅសិក្សាប្រវត្តិត្រួសៗពីសង្រ្គាមលោក និងសង្រ្គាមធំៗកន្លងមក

ដោយៈគង់ សូរិយា

ភ្នំពេញៈ ស្របពេលសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនឈានចូលខែទី៣ សង្រ្គាមនេះ អាចអូសបន្លាយរយៈពេលវែងតទៅទៀត ដោយសារការរុកគួនពីបណ្តាប្រទេសមួយចំនួន ដែលដឹកនាំដោយសហរដ្ឋអាមេរិក។

សង្រ្គាមឈ្លានពាន ដែលរុស្ស៊ីបានបើកការវាយប្រហារ ប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី២៤ កុម្ភៈកន្លងមក បច្ចុប្បន្នស្ថានភាពមិនទាន់មានសភាពធូរស្រាលនៅឡើយទេ បើទោះជាមានមនុស្សស្លាប់រាប់ពាន់នាក់ និងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ឋ និងទ្រព្យសម្បត្តិរបស់អ៊ុយក្រែន រហូតដល់៦០ពាន់លានដុល្លាររួចទៅហើយក៏ដោយ។

លោកហ៊ុយ វណ្ណៈ ប្រធានសហភាព សហព័ន្ឋសារព៌តមានកម្ពុជា និងជា​រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានសរសេរនៅលើបណ្តាញទំនាក់ទំនង​សង្គមរបស់ខ្លួនកាលពីល្ងាចថ្ងៃទី២៥ មេសាថា “សង្គ្រាមដែលឆេះហើយ មិនងាយចប់ទេ”។

លោកបានលើកពីប្រវត្តិសង្រ្គាម និងកាលបរិច្ឆេទជាក់លាក់ពីសង្រ្គាមលោក និងសង្រ្គាមធំៗនៅលើពិភពលោកនាពេលកន្លងមកដូចជា

១/ សង្គ្រាមលោកលើកទី១ រយៈពេល ៤ឆ្នាំ
Jul 28, 1914 – Nov 11, 1918

២/ សង្គ្រាមលោកលើកទី២ រយៈពេល ៦ឆ្នាំ
Sep 1, 1939 – Sep 2, 1945

៣/ សង្គ្រាមត្រជាក់ រយៈពេល ៤២ឆ្នាំ
March 12, 1947 – December 26, 1991

៤/ សង្គ្រាម កូរ៉េ រយៈពេល ៣ឆ្នាំ
Jun 25, 1950 – Jul 27, 1953

៥/ សង្គ្រាម US-វៀតណាម រយៈពេល២០ឆ្នាំ
Nov 1, 1955 – Apr 30, 1975

៦/ សង្គ្រាម US-នៅឈូងសមុទ្រពែក ២ឆ្នាំ
Aug 2, 1990 – Feb 28, 1991

៧/ សង្គ្រាម US- Afghanistan ២០ឆ្នាំ
Oct 7, 2001 – Aug 30, 2021

៨/ សង្គ្រាម US-Iraq រយៈពេល ៨ឆ្នាំ
Mar 20, 2003 – Dec 15, 2011

៩/ សង្គ្រាម Russia- Ukraine
Feb 24, 2022 – បច្ចុប្បន្ន៕

គម្រោងអភិវឌ្ឍចំណតផែរណបពហុបំណង TS១១ តម្លៃ ១២លានដុល្លារអាមរិក សម្រេចបានប្រមាណ៨៥ភាគរយហើយ”

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ការវិនិយោគដើម្បីធ្វើឲ្យប្រសើរឡើង នូវប្រព័ន្ឋដឹកជញ្ជូនតាមផ្លូវទឹក ពិសេសគំរោងចំណតផែរណប ពហុបំណងរបស់កំពង់ផែស្វ័យ័ត្នក្រុងភ្នំពេញសម្រេចបាន វឌ្ឍនភាពការងារបានប្រមាណ ៨៥%ហើយ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព ការងារសាងសង់កំពង់ផែរណបពហុបំណង TS១១ របស់កំពង់ផែស្វយ័តភ្នំពេញ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ គីឡូម៉ែត្រ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាភិបាល មន្រ្តី បុគ្គលិក កម្មករ។

ថ្លែងទៅកាន់អង្គពិធីនាពេលនោះ លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនថា រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើការសិក្សា ពីការស្ដារផ្លូវទឹកនៅតាមទន្លេបាសាក់ ពីព្រែកអំបិល ទៅខេត្តតាកែវ កំពត កែប មានចម្ងាយ១៦៨គីឡូម៉ែត្រ ហើយក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការសិក្សាការស្ដារផ្លូវទឹក និងពិនិត្យមើលលទ្ធភាពធ្វើផ្លូវទឹកនេះថាធ្វើបាន ឬមិនបាន។

លោកគូសបញ្ជាក់ថា “ការរៀបចំផែនការស្ដារផ្លូវទឹក និងការសាងសង់ផែរណបបន្ថែមនេះ គឺជាទិសដៅមួយដែលមានសារៈសំខាន់ណាស់ ក្នុងការធ្វើឱ្យចម្ងាយដឹកជញ្ជូនពីគ្រប់ផ្លូវទន្លេ ទៅកាន់សមុទ្រកម្ពុជាកាន់តែខ្លី កាត់បន្ថយពេលវេលា និងចម្ងាយដឹកជញ្ជូន ចំណេញថវិកាក្នុងការដឹកជញ្ជូន កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងសម្ពាធនៃការប្រើប្រាស់ផ្លូវ ព្រមទាំងបង្កើនសកម្មភាពដឹកជញ្ជូនតាមផ្លូវទឹកកាន់តែច្រើនផងដែរ”។

ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ចំណតផែរណបពហុបំណង TS១១ គឺជាការវិនិយោគ រវាងកំពង់ផែស្វយ័តភ្នំពេញ (ភាគទុន៥១%) និងក្រុមហ៊ុន PTLS Co., LTD (ភាគទុន៤៩%) ដោយចំណាយទឹកប្រាក់សាងសង់ប្រមាណ១២លានដុល្លារអាមេរិក។ គិតមកដល់ពេលនេះ ការសាងសង់សម្រេចបានជារួមប្រមាណ ៨៥% ដោយគ្រោងបញ្ចប់ការសាងសង់នៅចុងខែមិថុនា និងបើកឱ្យដំណើរការប្រើប្រាស់កំឡុងខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ ដែលអាចផ្ទុកទំនិញបានពី៦ម៉ឺន ទៅ៩ម៉ឺន TEUs ក្នុង១ឆ្នាំ។

លោកស៊ុន ចាន់ថុល បានបន្ថែមទៀតថា ការរៀបចំផែនការស្ដារផ្លូវទឹកទន្លេបាសាក់ ក៏ដូចជា ការរៀបចំរបស់កំពង់ផែស្វយ័តភ្នំពេញ គឺជាជំហានមួយដែលជួយបង្កើន ការដឹកជញ្ជូននៅតាមផ្លូវទឹកឱ្យបានច្រើន ហើយការសាងសង់ពង្រីកផែរណបមួយចំនួនទៀតនេះគឺ ជាជំហានដ៏ធំមួយដែលជួយបង្កើនការដឹកជញ្ជូនតាមផ្លូវទឹកឱ្យបានច្រើន និងពង្រីកវិស័យភស្តុភារកម្មរបស់កម្ពុជាឱ្យមានប្រសិទ្ធភាពខ្ពស់ ផងដែរ។

គម្រោងប្រព័ន្ធផ្លូវទឹក និងភស្តុភារកម្មទន្លេបាសាក់ នឹងផ្តល់អត្ថប្រយោ​ជន៍យ៉ាងច្រើនដល់ការអភិវឌ្ឍពហុវិស័យ ដូចជា លើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូនអន្តរកម្មដែលចុះសម្រុងគ្នា និងរួមបញ្ចូលគ្នាជាមួយមជ្ឈមណ្ឌលដឹកជញ្ជូន តំបន់ពាណិជ្ជកម្ម កសិកម្ម ប្រព័ន្ធធារាសាស្រ្ត ឧស្សាហកម្ម ទេស​ចរណ៍ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម។

គម្រោងនេះក៏នឹងជួយជំរុញ និងពន្លឿនការអភិវឌ្ឍនគរូបនីយកម្មទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធជនបទ ឆ្ពោះទៅរកការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននៅកម្ពុជានិរន្តរភាព កំណើនម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេស ព្រមទាំងពន្លឿនការកាត់បន្ថយភាពក្រីក្រ របស់ប្រជាជនកម្ពុជាផងដែរ៕

លោកបណ្ឌិតគីម ហ៊ាងៈបង្ហើបពីមុខរបរដែលអ្នកមានប្រាក់ច្រើនចូលចិត្តរកស៊ី

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ ក្នុងពេលបច្ចុប្បន្ននេះ គេសង្កេតឃើញថា អាជីវកម្មអចលនទ្រព្យក្នុងប្រទេសកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំង ហើយអ្នកមានៗ ក្នុងប្រទេសកម្ពុជា ក៏បានសម្រុកទៅធ្វើអាជីវកម្ម និងចាប់យកអាជីវកម្មដីធ្លី អចលនទ្រព្យ ដើម្បីរកប្រាក់ចំណេញសម្រាប់ក្រុមហ៊ុនខ្លួនផងដែរ។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodiaបានមានប្រសាសន៍ឱ្យដឹងថា វិស័យណាដែលមានការរីកចម្រើន វិស័យនោះនឹងស្រូបទាញអ្នកវិនិយោគកាន់តែច្រើនផងដែរ ក្នុងនោះវិស័យអចលនទ្រព្យប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ យើងសង្កេតឃើញថាមានការរីកចម្រើនខ្ពស់ ដូច្នេះហើយទើបយើងមើលឃើញថា វិនិយោគិនជាច្រើនបានសម្រុកទៅអភិវឌ្ឍន៍វិស័យនេះ សម្រាប់រកប្រាក់ចំណេញរបស់ខ្លួនផងដែរ ។

លោកបន្តថា “អ្នកមានគេមានក្រុមហ៊ុនបួន ដប់ក្នុងដៃរបស់គេ ហើយនៅពេលវិស័យអចលនទ្រព្យរីកចម្រើន និងរកលុយបានច្រើន គេនឹងសម្រុ​កទៅធ្វើអាជីវកម្មលើវិស័យនោះ”។ លោកបន្តថា “ដោយឡែកវិស័យផ្សេងមិនមែនគេលែងធ្វើលែងវិនិយោគនោះដែរ តែគេធ្វើធម្មតាៗ គ្រាន់តែគេដកដៃមកធ្វើអាជីវកម្មអចលនទ្រព្យច្រើនជាងមុនប៉ុណ្ណោះ”។

លោកឧកញ៉ាបណ្ឌិតគគីម ហ៊ាង បានបន្ថែមថា ប្រទេសកំពុងអភិវឌ្ឍន៍ដូចជាកម្ពុជា វិស័យដីធ្លីនិងអចលនទ្រព្យនៅមានសន្ទុះ និងល្អប្រសើរតែសម្រាប់ប្រទេសរីកចម្រើនហើយ វិស័យនេះក្លាយជាធម្មតាទៅហើយ តែគេទៅអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាជំនួសវិញ ពីព្រោះថាវិស័យបច្ចេកវិទ្យា មានសក្ដានុពលខ្លាំងលើប្រទេសអភិវឌ្ឍន៍។

ដូចគ្នានេះដែរ កម្ពុជាពេលនេះ ដីធ្លីជាផ្នែកសំខាន់មួយក្នុងការទាក់ទាញអ្នកវិនិយោគ ប៉ុន្តែនៅពេលកម្ពុជាមានការរីកចម្រើន និងអភិវឌ្ឍន៍ដូចប្រទេសអភិវឌ្ឍន៍ដទៃ ទីផ្សារដីធ្លីនឹងលែងមានការទាក់ទាញវិនិយោគិនច្រើនទៀតទេ តែវិស័យផ្សេងនឹងមកជំនួស និងទាក់ទាញការវិនិយោគច្រើនវិញ ហើយអ្នកមានបើវិស័យណារីកចម្រើនគេទៅហ្នឹងហើយ ។

ជាការកត់សម្គាល់ ក្នុងរយៈពេលប្រមាណជាង២ឆ្នាំមកនេះ អ្នករកស៊ីក្នុងវិស័យផ្សេងជាច្រើន បានងាកមកប្រឡូកក្នុងវិស័យអចលនទ្រព្យ ដើម្បីរកប្រាក់ចំណេញ ហើយក៏មានបុគ្គលខ្លះបានជោគជ័យ ក្នុងមុខជំនួញនេះ និងមានបុគ្គលមួយចំនួនទៀត បានត្រឹមចិញ្ចឹមគ្រួសារតែប៉ុណ្ណោះ ៕

ខណ្ឌជ្រោយចង្វារកំពុងក្លាយជាតំបន់សក្តានុពលខ្ពស់ និងកំពុងក្លាយជាទីក្រុងរណបដ៏ធំមួយ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ខណ្ឌជ្រោយចង្វារ ត្រូវបានមើលឃើញថា ដោយអ្នកជំនាញអចលនទ្រព្យ ជាតំបន់មួយមានការរីកលូតលាស់យ៉ាងខ្លាំង ទាំងគម្រោងអភិវឌ្ឍទីក្រុងរណបថ្មី និងបុរីរីកដូចផ្សិត តាមបណ្តោយផ្លូវជាតិលេខ៦អា។

ខណ្ឌជ្រោយចង្វារបានបែងចែកជា ៥ សង្កាត់ ដែលមានដូចជា សង្កាត់ជ្រោយចង្វារ សង្កាត់ព្រែកលៀប សង្កាត់ព្រែកតាសេក សង្កាត់បាក់ខែង សង្កាត់កោះដាច់ និងមាន ២២ ភូមិសរុបនៅក្នុងសង្កាត់ទាំង៥ នេះ។

ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ខណ្ឌជ្រោយចង្វារ មានការអភិវឌ្ឃន៍យ៉ាងរហ័ស និងមានសក្ដានុពលខ្លាំង ដោយសារតំបន់នេះ មានការអភិវឌ្ឍលឿនជាងតំបន់ផ្សេងៗទៀតដែលនៅរាជធានីភ្នំពេញ។ មានគម្រោងពាណិជ្ជកម្មជាច្រើន រួមទាំងគម្រោងផ្ទះរស់នៅជាច្រើនផងដែរបានផុសឡើង និងបានសាងសង់នៅជ្រោយចង្វារ។

វាបានប្រែក្លាយទៅជាតំបន់មួយ ដែលមានមនុស្សរស់នៅច្រើនកុះករជាងមុន និងក្រុងដែលមានភាពជឿនលឿន មានគម្រោងអភិវឌ្ឃន៍រួមទាំងអាគារធំៗជាច្រើន។

តំបន់នេះមិនត្រឹមតែជាតំបន់ ដែលបានសក្ដានុពលខ្លាំង ក្នុងការអភិវឌ្ឍន៏ផ្នែកពាណិជ្ជកម្មនោះទេ វាក៏ជាតំបន់ដ៏ល្អសម្រាប់ការរស់នៅ។ មានចំនួនអ្នកស្នាក់នៅជនជាតិបរទេសជាច្រើន បានវិនិយោគលើខុនដូ ឬអាផាតម៉ិនលក់ នៅជ្រោយចង្វារគឺមានតម្លៃចាប់ពី ៦៨,០០០ដុល្លារ ទៅ ២៣៨,០០០ ដុល្លារ។

ចំនែកតម្លៃខុនដូ ឬអាផាតមិនជួលវិញគឺមានតម្លៃចាប់ពី៤០០ ដុល្លារ ទៅ២០០០ ដុល្លារក្នុងមួយយូនីតប្រចាំខែ ដែលតម្លៃនេះអាស្រ័យទៅតាមចំនួនបន្ទប់ និងគ្រឿងបរិក្ខាប្រើប្រាស់នានា។ សម្រាប់វីឡានៅជ្រោយចង្វារវិញគឺមានតម្លៃចាប់ពី១០០,០០០ ដុល្លារ ទៅ១លានដុល្លារអាមេរិក និងមានតម្លៃជួលក្នុងមួយខែចាប់ពី១០០០ ដុល្លារ ទៅ៣៥០០ ដុល្លារ។

ដូចគ្នានេះដែរ សម្រាប់ប្រភេទផ្ទះល្វែងបែបអាជីវកម្ម គឺមានតម្លៃចាប់ពី៥៥,០០០ ដុល្លារ ទៅ៣៨០,០០០ ដុល្លារ ឬតិចជាង២៥០០ ដុល្លារសម្រាប់ការជួលក្នុងមួយខែ។

លើសពីនេះ នៅតំបន់ជ្រោយចង្វារ ថែមទាំងមានកន្លែងសម្រាប់លេងកម្សាន្ត និងតំបន់ទេសចរណ៍ជាច្រើនថែមទៀតផងដែរ។ ក្នុងនោះមានកោះដាច់ ជាកោះដ៏ស្រស់ស្អាតសំបូរទៅដោយសូត្រ និងសិប្បកម្មតម្បាញ។ បន្ថែមពីនេះទៅទៀត កន្លែងដែលទាក់ទាញអ្នកទេសចរណ៍ ដែលទើបតែបានសាងសង់ហើយថ្មីៗនេះគឺ វិមានឈ្នះ-ឈ្នះដែលមានកម្ពស់រហូតទៅដល់៥៤ ម៉ែត្រ និងសាងសង់នៅលើដីដែលមានទំហំ៨ ហិចតា ទល់មុនពហុកីឡាដ្ឋានមរតកតេជោ ដែលត្រៀមរៀបចំកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣ ខាងមុខផងដែរ។

លោកឧកញ៉ា នូន រិទ្ធី អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal បានបញ្ជាក់ថា តំបន់ជ្រោយចង្វារគឺជាតំបន់ ដែលមានសក្តានុពលខ្លាំង សម្រាប់ការអភិវឌ្ឍន៍ ជាតំបន់ដ៏ល្អសម្រាប់ការរស់នៅ និងវិនិយោគ។
លោកបន្តថា “វាបានប្រែក្លាយពីតំបន់ជាយក្រុង ដែលមិនសូវមានមនុស្សចាប់អារម្ម​ណ៍ និងមានសភាពស្ងប់ស្ងាត់ ទៅជាទីក្រុងរណបមួយ ដែលមានការវិនិយោគ និងការអភិវឌ្ឍន៍ជាច្រើន”។ លោកបន្តថា “តំបន់នេះ ក៏បានប្រែក្លាយទៅជាកន្លែងរស់នៅមួយដែលមានភាពទំនើប ទាន់សម័យ និងជាតម្រូវការរបស់មនុស្សជាច្រើន”។

លោកឧកញ៉ានួន រិទ្ឋីបានបន្តថា តំបន់ជ្រោយចង្វារ បានរីកលូតលាស់យ៉ាងលឿន និងឆាប់រហ័ស ក្នុងរយៈពេលដ៏ខ្លី ដែលបញ្ជាក់បានថា តំបន់នេះជាតំបន់ដែលមានសក្តានុពលខ្លាំងក្លាក្នុងការអភិវឌ្ឍន៍។ ជាមួយនឹងកាវិនិយោគ ដែលនឹងចូលមកជាបន្តបន្ទាប់ និងការអភិវឌ្ឍន៍បានត្រឹមត្រូវតំបន់នេះ នឹងប្រែក្លាយទៅជាតំបន់ពាណិជ្ជកម្ម និងទីក្រុងរណបមួយដ៏សំខាន់មួយនៅរាជធានីភ្នំពេញ៕

សម្ដេចតេជោប្រាប់ថ្នាក់ដឹកនាំក្រុមហ៊ុនចិនធំៗ ពីបរិយាកាសវិនិយោគនៅកម្ពុជាមានភាពល្អប្រសើរ

ដោយៈ ជេស៊ីកា

ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា បរិយកាសកាលវិនិយោគនៅកម្ពុជា មានភាពល្អប្រសើរ ដោយសារកត្តាសំខាន់ៗមួយចំនួន។

សម្តេចបានថ្លែងបែបនេះ ក្នុងពេលអនុញ្ញាត្តឲ្យថ្នាក់ដឹកនាំក្រុមហ៊ុនចិនចំនួនបី ជួបពិភាក្សាការងារ ដែលដឹកនាំដោយ អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប។

ក្នុងជំនួបនេះផងដែរ អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍គ្រុប និងថ្នាក់ដឹកនាំក្រុមហ៊ុន China investment ក្រុមហ៊ុនអ៊ីស្ទ័រ និងក្រុមហ៊ុនគួអាន បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះសម្តេចតេជោ ដែលបានឆ្លៀតឱកាសដ៏មមាញឹក ដោយបានអនុញ្ញាត ឲ្យបានជួបសំដែងការគួរសមផង និងស្វែងយល់ពីបរិ​យាកាសវិនិយោគនៅកម្ពុជាផង។

អ្នកឧកញ៉ា ចេន ហ្ស៊ី បានគោរពជម្រាបជូនសម្ដេចតេជោ ពីអាជីវកម្មរបស់ក្រុមហ៊ុនខាងលើ ដែលរួមមាន វិស័យឧស្សាហកម្មរ៉ែ, ហេដ្ឋារចនាស ម្ព័ន្ធ អចលនវត្ថុ ពាណិជ្ជកម្មសំណង់ឡូជីស្ទីក មូលបត្រ និងពាណិជ្ជកម្មមូលបត្រ។ អ្នកឧកញ៉ា ចេន ហ្ស៊ី ក៏បានគោរពអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ស្វែងយល់អំពីបរិយាកាសវិនិយោគនៅកម្ពុជា។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍អ្នកឧកញ៉ា ចេន ហ្ស៊ី ក្រុមហ៊ុន China investment ក្រុមហ៊ុនអ៊ីស្ទ័រ និងក្រុមហ៊ុន គួរអាន ហើយបានជម្រាបជូនលោកចេន ហ្ស៊ី និងប្រតិភូដឹកនាំក្រុមហ៊ុនទាំង៣ថា បរិយាការវិនិយោគនៅកម្ពុជា មានភាពល្អប្រសើរ ដោយមូលហេតុ ទី១-កម្ពុជា មានសុខសន្តិភាព និងស្ថិរភាពដែលជាមូលដ្ឋានគ្រឹះសម្រាប់ការវិនិយោគ ទី២-កម្ពុជា មានច្បាប់វិនិយោគ ដែលផ្ដល់ការងាយស្រួលដល់អ្នកវិនិយោគ។

ទី៣-កម្ពុជាមានក្បាលម៉ាស៊ីនគ្រប់គ្រងច្រកចេញចូលតែមួយ សម្រាប់ការជួយសម្រួលដល់ការវិនិយោគ ទី៤-កម្ពុជា មិនតំរូវឲ្យអ្នកវិនិយោគប្រើតែប្រាក់រៀល សម្រាប់បើកប្រាក់ខែឲ្យបុគ្គលិក ដោយកម្ពុជាអនុញ្ញាតដល់ការប្រើប្រាក់ដទៃទៀត ដូចជា ប្រាក់ដុល្លារជាដើម ដើម្បីបើកប្រាក់ខែឱ្យបុគ្គលិកផង និងធ្វើពាណិជ្ជកម្មនៅកម្ពុជាផង និងទី៥-កម្ពុជា មានកម្លាំងពលកម្មវ័យក្មេងច្រើន ។

សម្ដេចតេជោ ហ៊ុន សែន បានធ្វើការណែនាំឲ្យអ្នកឧកញ៉ាចេន ហ្ស៊ី និងប្រតិភូ ធ្វើការស្វែងយល់បន្ថែមទៀតពីឯកឧត្តម សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អំពីទិសដៅវិនិយោគនៅកម្ពុជា ៕