ឥណ្ឌួនេស៊ីរកឃើញទ្រព្យសកម្មលាក់កំបាំង ៤០ពាន់លានដុល្លារ ក្នុងកម្មវិធីឱ្យចូលខ្លួនប្រកាសពន្ធដោយស្ម័គ្រចិត្ត

ដោយ សុខុម

ហ្សាការតា: កម្មវិធីឱ្យចូលខ្លួនប្រកាសពន្ធដោយស្ម័គ្រចិត្តរយៈពេល៦ខែនៅឥណ្ឌូណេស៊ី ដែលធ្វើឡើងជាលើកទី២ ក្នុងរយៈពេល៥ឆ្នាំមកនេះ បានរកឃើញទ្រព្យសកម្មលាក់កំបាំងដល់ទៅជិត៤០ពាន់លានដុល្លារ និងរកចំណូលពន្ធចូលរដ្ឋបន្ថែមបាន៤ពាន់លានដុល្លារ។ នេះបើតាមរដ្ឋមន្ត្រីហិរញ្ញវត្ថុប្រទេសនេះបានបញ្ជាក់កាលពីថ្ងៃសុក្រ ទី០១ ខែកក្កដា។

កម្មវិធីដែលបានបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា នេះបានស្វះស្វែងកែលម្អការអនុវត្តច្បាប់ និងធ្វើឡើងក្រោយកម្មវិធីបែបនេះលើកទី១ ដែលមានរយៈពេល៩ខែពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៧ បានរកឃើញទ្រព្យសកម្មលាក់កំបាំងដល់ទៅ៣០០ពាន់លានដុល្លារ និងរកចំណូលពន្ធចូលរដ្ឋបន្ថែមបាន៩ពាន់លានដុល្លារ ពីការផាកពិន័យពន្ធ។

ទិន្នន័យផ្លូវការបង្ហាញថា អ្នកជាប់ពន្ធចំនួន២៤៧.៩១៨នាក់/ស្ថាប័នបានចូលរួមក្នុងកម្មវិធីលើកចុងក្រោយនេះ ដោយប្រកាសទ្រព្យសកម្មមានតម្លៃសរុប៣៩,៨៣ពាន់លានដុល្លារ និងបង់ពន្ធជូនរដ្ឋចំនួន៤,០៩ពាន់លានដុល្លារ។
រដ្ឋាភិបាលបានសន្យាថា ចាប់ពីពេលនេះទៅខ្លួននឹងផ្តោតយកចិត្តទុកដាក់លើការអនុវត្តច្បាប់ជាជាងការបន្តកម្មវិធីបែបនេះ។

លោកស្រី Sri Mulyani Indrawati រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូនេស៊ី បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា “យើងនឹងមិនរៀបចំឱ្យមានកម្មវិធីបែបនេះទៀតឡើយ។ ទិន្នន័យទាំងអស់ដែលយើងទទួលបានពីកម្មវិធីនេះ នឹងក្លាយជាមូលដ្ឋានសម្រាប់ការអនុវត្តច្បាប់”។

ទោះជាយ៉ាងណា រដ្ឋមន្ត្រីរូបនេះបដិសេធមិនហ៊ានវាស់វែងថា តើកម្មវិធីនេះទទួលបានជោគជ័យឬយ៉ាងណាឡើយ ដោយគ្រាន់តែចាត់ទុកវាជាកិច្ចខិតខំប្រឹងប្រែងមួយក្នុងចំណោមកិច្ចខិតខំប្រឹងប្រែងជាច្រើនរបស់អាជ្ញាធរពន្ធដារដើម្បីអប់រំប្រជាជនអំពីកាតព្វកិច្ចពន្ធ៕

ក្រុមហ៊ុនលំដាប់យក្ស China Yangtze Power ទិញយកស្ថានីយវារីអគ្គិសនី២ក្នុងតម្លៃដល់ទៅ១២ពាន់លានដុល្លារអាមេរិក

ដោយ សុខុម

ប៉េកាំងៈ ក្រុមហ៊ុនលំដាប់យក្ស China Yangtze Power Co Ltd ដែលជាក្រុមហ៊ុនថាមពលវារីអគ្គិសនីធំបំផុតក្នុងពិភពលោក គ្រោងទិញយកស្ថានីយវារីអគ្គិសនីធំចំនួន២ក្នុងតម្លៃសរុបរហូតដល់ទៅ១២ពាន់លានដុល្លារអាមេរិក ដោយបង្កើនសមត្ថភាពរបស់ខ្លួនដល់ទៅជាងពាក់កណ្តាល។

តាមរយៈឯកសារមួយផ្ញើទៅកាន់ផ្សារហ៊ុនក្រុងសៀងហៃ (Shanghai Stock Exchange) កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ក្រុមហ៊ុន China Yangtze Powerបង្ហាញថា ក្រុមហ៊ុននេះនឹងទិញយកក្រុមហ៊ុន Three Gorges Jinshajiang Yunchuan Hydropower ដែលជាម្ចាស់ស្ថានីយវារីអគ្គិសនីដ៏ធំ២នៅទន្លេ Yangtze River ពោលគឺស្ថានីយ Wudongde និងស្ថានីយ Baihetan។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃសុក្រ ទី០១ ខែកក្កដា។

ជាមួយនឹងកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន China Yangtze Power ដែលដំណើរការស្ថានីយថាមពលវារីអគ្គិសនីធំបំផុតរបស់ពិភពលោករួចទៅហើយ ពោលគឺស្ថានីយ Three Gorges Dam នោះនឹងត្រូវទិញយកស្ថានីយវារីអគ្គិសនីធំបំផុតទី២ និងស្ថានីយធំបំផុតទី៤ ក្នុងប្រទេសចិន។

ក្រុមហ៊ុននេះនិយាយថា ការទិញយកនេះនឹងបង្កើនសមត្ថភាពផលិតអគ្គិសនីសរុបរបស់ខ្លួនពី៤៥,៦លានគីឡូវ៉ាត់ (kW) នាពេលបច្ចុប្បន្នឱ្យឈានដល់៧១,៨លានគីឡូវ៉ាត់នាពេលអនាគត ដោយកើនឡើង៥៧%។

កិច្ចព្រមព្រៀងនេះត្រូវបានប្រកាសតាំងពីខែធ្នូ ចុងឆ្នាំ២០២១ ប៉ុន្តែតម្លៃនៃការទិញលក់នេះទើបតែត្រូវបានទម្លាយឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ប៉ុណ្ណោះ៕

គម្រោងអភិវឌ្ឍន៍ផ្លូវថ្មីៗបានលើកតម្លៃ និងសកម្មភាពវិនិយោគលើអចលនទ្រព្យ

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាបានអភិវឌ្ឍន៍ផ្លូវថ្មីៗ ជាបន្តបន្ទាប់តភ្ជាប់ពីរាជធានីភ្នំពេញទៅបណ្ដាខេត្ត និងពីបណ្ដាខេត្តទៅបណ្ដាខេត្តដទៃទៀត ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ការអភិវឌ្ឍផ្លូវថ្មីៗនេះដែរ បានជំរុញឱ្យតម្លៃអចលនទ្រព្យ នៅតាមបណ្ដោយផ្លូវនោះ មានសន្ទុះមួយកម្រិតទៀត។ មិនតែប៉ុណ្ណោះវាក៏អាចទទួលបានការវិនិយោគបន្ថែម ពីវិនិយោគិនក្នុងនិងក្រៅប្រទេសផងដែរ។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចល​នវត្ថុកម្ពុជាបានលើកឡើកថា ការសាងសង់ផ្លូវថ្មីៗមិនថា នៅបណ្ដាខេត្តឬនៅជុំវិញរាជធានីភ្នំពេញនោះទេ តែងតែទទួលបាននូវការចាប់អារម្ម ណ៍ទៅលើការវិនិយោគអចលនទ្រព្យ ជាពិសេសនោះជំរុញឱ្យតម្លៃដីធ្លី នៅតាមបណ្ដោយផ្លូវនោះ មានសន្ទុះមួយកម្រិតទៀតផងដែរ ។

លោកបន្តថា ជាកត់សម្គាល់យើងបានឃើញថា គម្រោងអភិវឌ្ឍន៍ផ្លូវជាច្រើនរបស់រាជរដ្ឋាភិបាល ពិតជាបានរួមចំណែក ដល់វិស័យអចលនទ្រព្យ ហើយយើងបានឃើញហើយដែរថា នៅពេលមានរដ្ឋាភិបាលមានគម្រោងសាងសង់ផ្លូវណាមួយ វាតែងតែធ្វើឱ្យដីធ្លី និងសកម្មភាពនៃការវិនិ​យោគ នៅតាមបណ្ដោយផ្លូវនោះ កម្រើកជាងមុនមួយកម្រិតទៀតទោះតិចឬក៏ច្រើនក្ដី ។

ជាមួយគ្នានេះ លោកថា ថេង តំណាងនៃក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តព្រៃវែងលើកឡើងផងដែរថា ពីមុនព្រៃវែង មិនទាន់មានផ្លូវស្អាតច្រើននោះទេ ហើយក៏មិនទាន់ជាការចាប់អារម្មណ៍ ពីអ្នកអភិវឌ្ឍន៍អចលនទ្រព្យប៉ុន្មានដែរ តែក្រោយពេលរដ្ឋាភិបាលសាងសង់ផ្លូវជាបន្តបន្ទាប់ ក៏បានធ្វើឱ្យព្រៃវែងមានការអភិវឌ្ឍ ជាពិសេសអ្នកមានលុយពីភ្នំពេញ ចូលមកអភិវឌ្ឍន៍ជាកន្លែងកម្សាន្ត សម្រាប់ទទួលទេសចរ មកលំហែរ ហើយជាពិសេសនោះការតភ្ជាប់ផ្លូវ ទៅកាន់ព្រំដែនក៏បានជំរុញឱ្យតម្លៃដីធ្លី នៅតំបន់នោះកាន់តែមានសន្ទុះបន្ថែម ។

រាជរដ្ឋាភិបាលកម្ពុជា នៅតែមានផែនការក្នុងការអភិវឌ្ឍផ្លូវថ្មីៗ និងលើកកម្ពស់ផ្លូវចាស់ៗឱ្យកាន់តែប្រសើរ ធំទូលាយ ដើម្បីសម្រួលដល់ការធ្វើដំណើរបានលឿនរហ័ស សន្សំសំចៃពេលវេលា និងចំណេញថវិកា។ រដ្ឋាភិបាលក៏បាន និងកំពុងសាងសង់ផ្លូវល្បឿនលឿនមួយ ព្រមទាំងគ្រោងដាក់ឱ្យដំណើរការសាកល្បង នៅពេលប៉ុន្មានខែខាងមុខនេះ និងកំពុងសិក្សាសាងសង់ផ្លូវល្បឿនលឿនផ្សេងទៀត ពីភ្នំពេញទៅកាន់បណ្ដាខេត្តនានា៕

មហាយក្សចិនបញ្ចប់ការស្ថាបនា និងដាក់ឱ្យប្រើប្រាស់ផ្លូវហាយវ៉េឆ្លងកាត់សមុទ្រខ្សាច់ដ៏ធំបំផុតទី២ក្នុងពិភពលោក

ដោយ៖ សុខុម

ប្រទេសចិន: ផ្លូវហាយវ៉េថ្មីមួយខ្សែដែលឆ្លងកាត់សមុទ្រខ្សាច់ Taklimakan Desert ក្នុងតំបន់ភ្នំស្វយ័តស៊ីនជាំង (Xinjiang) កន្លែងដែលជនជាតិភាគតិចវីហ្គួរ (Uygur) រស់នៅនាភាគពាយ័ព្យនៃប្រទេសចិន ត្រូវបានស្ថាបនាបញ្ចប់ជាស្ថាពរ និងដាក់ឱ្យដំណើរការកាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា។

ផ្លូវហាយវ៉េដែលតភ្ជាប់តំបន់តំបន់យូលី (Yuli) និងតំបន់ឈាម៉ (Qiemo) នេះគឺជាផ្លូវខ្សែទី៣ ហើយដែលឆ្លងកាត់សមុទ្រខ្សាច់ Taklimakan ដែលជាសមុទ្រខ្សាច់ធំបំផុតទី២ ក្នុងពិភពលោក។

ផ្លូវហាយវ៉េនេះមានប្រវែងសរុប៣៣៤គីឡូម៉ែត្រ ដោយក្នុងនោះប្រវែង៣០៧គីឡូម៉ែត្ររត់កាត់សមុទ្រខ្សាច់នេះ។ រហូតមកទល់ពេលនេះ ប្រទេសចិន មានផ្លូវហាយវ៉េសរុបប្រវែងជាង១.២០០គីឡូម៉ែត្ររត់កាត់សមុទ្រខ្សាច់ Taklimakan Desert។

ផ្លូវហាយវ៉េដែលទើបដាក់ឱ្យដំណើរការថ្មីនេះ ត្រូវបានស្ថាបនាក្រោមទុនវិនិយោគប្រមាណ២៦១,៥លានដុល្លារអាមេរិក ហើយដំណើរការស្ថាបនាបានចាប់ផ្ដើមនៅខែតុលា ឆ្នាំ២០១៧។

គម្រោងនេះពិតជាមានសារៈសំខាន់ណាស់ ព្រោះវានឹងជួយសម្រួលដល់ការធ្វើដំណើរ កាត់បន្ថយចំណាយ និងផ្ដល់ភាពងាយស្រួលដល់ការលក់ផលិតផលកសិកម្ម។

ចំណុចដ៏សំខាន់មួយទៀត ការដាក់ឱ្យដំណើរការផ្លូវហាយវ៉េនេះបានធ្វើឱ្យក្រុមហ៊ុនសហគ្រាសនានាកាន់តែមានទំនុកចិត្តក្នុងការវិនិយោគក្នុងតំបន់នានានៅតាមបណ្តោយផ្លូវនេះ៕

តម្រូវការអាផាតម៉ិនប្រណិតនៅទីក្រុង New Delhi ហក់ឡើងរហូតដល់ ១១៤ភាគរយ

ដោយ: លាងហួរ

ប្រទេសឥណ្ឌា: យោងតាមរបាយការណ៍របស់ ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ JLL បានឱ្យដឹងថា តម្រូវការសម្រាប់ផ្ទះល្វែងលំដាប់ខ្ពស់នៅ ទីក្រុង Delhi មានការកើនឡើង១១៤%ពីមួយ ត្រីមាសទៅមួយត្រីមាស ជាមួយនឹងការបើក ដំណើរការថ្មីនីមួយៗក្នុងត្រីមាសទទួលបានការ ទិញច្រើន។

ការលក់អាផាតម៉ិនលំដាប់ខ្ពស់នៅ ទីក្រុង Gurgaon មានចំនួន៥៤%ចំណែក ឯទីក្រុង Noida និង ទីក្រុង Delhi មាន ចំនួន ២៤%និង២២% រៀងៗគ្នា។

តម្រូវការអាផាតមិនលំដាប់ខ្ពស់បានកើនឡើងនា ពេលថ្មីៗនេះដោយ​សារកត្តាផ្សេងៗ ដូចជា អតិថិជនចង់រស់នៅ ប្រកបដោយសេចក្តីប្រាថ្នានិងតម្រូវការ ផ្ទះធំជាងមុននិងការកើនឡើងប្រាក់ចំណូល ប្រើប្រាស់របស់អតិថិជន។

ការបើកដំណើរការថ្មីបានកត់ត្រាការ កើនឡើង២៤%ពីមួយត្រីមាសទៅមួយត្រីមាស នៅក្នុងត្រីមាសទី១ឆ្នាំ២០២២ ការបើកដំណើរការថ្មី នៅក្នុងផ្នែកកម្រិតខ្ពស់ បានកើនឡើង២៤%។

ទីក្រុង Gurgaonមានចំណែក៥៦%នៃការ បើកដំណើរការថ្មីជាមួយនឹងគម្រោងថ្មីភាគច្រើន ដែលបានសាងសង់នៅច្រករបៀង Dwarka Expressway ដោយអ្នកអភិវឌ្ឍន៍ដូចជា M3M, Godrej, Shapoorji Pallonji s Sobha ចាប់ផ្តើមគម្រោងថ្មី ឬដំណាក់កាលថ្មី នៅក្នុងគម្រោងដែលមានស្រាប់របស់ពួកគេ៕

អ្នកជំនាញបង្ហើបជម្រើសល្អ រវាងការវិនិយោគដីធ្លីក្រវាត់ក្រុងទី៣ និងក្រវាត់ក្រុងទី៤

ដោយ៖ សុផារី

ភ្នំពេញ៖ ការវិនិយោគដីធ្លីនៅតាមតំបន់ជាយក្រុងអាចផ្តល់ផលចំណេញបាន អាស្រ័យតាមទីតាំង និងការអភិវឌ្ឍនៃតំបន់។ រវាងផ្លូវក្រវាត់ក្រុងទី៣ និងក្រវាត់ក្រុងទី៤ អ្នកជំនាញលើកឡើងថា ជម្រើសទាំងពីរជាទីតាំងល្អសម្រាប់ការវិនិយោគដូចគ្នា ប៉ុន្តែក្រវាត់ក្រុងទី៤ ជាជម្រើសល្អបំផុតនាពេលបច្ចុប្បន្ន។

ឆ្លើយតបនឹងសំណួរថា តើបច្ចុប្បន្ននេះជាឱកាសល្អសម្រាប់ការវិនិយោគដីធ្លីនៅតាមបណ្តោយក្រវាត់ក្រុងទី៣ និងទី៤ ឬទេ លោក ង៉ែត ជូ អ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងជាអ្នកជំនួញនៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាបានលើកឡើងថា ការវិនិយោគនៅតាមផ្លូវក្រវាត់ក្រុងទី៣ ហាក់យឺតពេលបន្តិចហើយ ប៉ុន្តែការវិនិយោគនៅផ្លូវក្រវាត់ក្រុងទី៤វិញ គឺជាឱកាសល្អបំផុត។

បើតាមការបញ្ជាក់របស់លោក ង៉ែត ជូ ដីធ្លីនៅតាមផ្លូវក្រវាត់ក្រុងទី៣ និងតំបន់ក្បែរៗនេះ សម្រាប់ផ្លូវតូចៗ មានតម្លៃក្នុងរង្វង់៥០ដុល្លារ ទៅ១០០ដុល្លារ ហើយដីធ្លីជាប់ផ្លូវធំមានតម្លៃដល់ទៅ៣០០ឬ៤០០ដុល្លារអាមេរិក។

អ្នកជំនាញរូបនេះលើកឡើងថា ដោយសារតម្លៃដីធ្លីផ្លូវក្រវាត់ក្រុងទី៣ មានការកើនឡើងខ្ពស់ស្រាប់ទៅហើយ ធ្វើឱ្យមេគុណនៃផលចំណេញលើការវិនិយោគដីនៅផ្លូវក្រវាត់ក្រុងទី៣ ក៏កាន់តែមានតិច។ កាលណាតម្លៃដីធ្លីឡើងខ្ពស់ នោះអត្រាមេគុណក៏ថយចុះតាមដែរ។

លោកបន្តថា​ ចំណែក ការវិនិយោគដីធ្លីនៅតាមបណ្តោយផ្លូវក្រវាត់ក្រុងទី៤ អាចផ្តល់ផលចំណេញបានច្រើន ដោយសារតម្លៃដីធ្លីនៅមានតម្លៃទាប​ហើយនាពេលអនាគតនឹងមានតម្រូវការច្រើន ជាពិសេសលើអចលនទ្រព្យពាណិជ្ជកម្ម និងលំនៅឋាន។

លោកមានប្រសាសន៍ថា “តម្លៃនៅទាប មេគុណ [ផលចំណេញ] នៅមានច្រើន។ ក្រវាត់ក្រុងទី៤ នៅមានមេគុណច្រើន”។

លោកលើកឧទាហរណ៍ ផ្លូវជាតិលេខ៥១ ដែលជាផ្នែកមួយនៃផ្លូវក្រវាត់ក្រុងទី៤ តម្លៃដីធ្លីនៅប៉ែកខាងខេត្តកណ្តាល ឆ្ពោះមកភ្នំពេញ នៅមានចន្លោះ១៥ទៅ៣០ដុល្លារអាមេរិក។ ចំណែក ប៉ែកខាងកំពង់ស្ពឺ តម្លៃដីធ្លីនៅមានរង្វង់១០ដុល្លារអាមេរិក។

លោកបន្តថា “តំបន់១០ដុល្លារ និងក្រោម១០ដុល្លារនេះហើយ ដែលយើងគួរផ្តោត។ ក្រវាត់ក្រុងទី៣ រាងយឺតពេលបន្តិចហើយ ក្រវាត់ក្រុងទី៤ល្អសម្រាប់ការវិនិយោគ ប៉ុន្តែត្រូវមើលតម្លៃតាមផ្លូវល្មមៗ យកត្រឹម១០ដុល្លារក្នុងមួយម៉ែត្រការ៉េបាន”។

យ៉ាងណាក្តី លោកផ្តល់ទស្សនៈថា សម្រាប់អ្នកវិនិយោគនៅក្រវាត់ក្រុងទី៤ ដែលមិនចង់មានហានិភ័យខ្ពស់ គួរជ្រើសរើសយកការវិនិយោគនៅតាមបណ្តោយផ្លូវធំ នៃផ្លូវក្រវាត់ក្រុងទី៤តែម្តង ឬត្រឹមផ្លូវទំហំ៣០ម៉ែត្រ៤០ម៉ែត្រ។

លោកថា “បើយើងចង់បានហានិភ័យទាប យើងយកផ្លូវធំ ឬផ្លូវខ្នែងមានផ្លូវ៣០ម៉ែត្រ ៤០ម៉ែត្រ សម្រាប់ការវិនិយោគពាណិជ្ជកម្ម នាពេលអនាគត ដោយសារតម្រូវការសម្រាប់ពាណិជ្ជកម្មមានច្រើន ការផ្គត់ផ្គង់នៅជាប់ផ្លូវធំមានកម្រិតខ្លាំង ដោយសារបច្ចុប្បន្ននេះវាជាផ្នែកនៃអចលនទ្រព្យលំនៅឋានរួចជាស្រេច”៕

សិក្សានិតិវិធីមូលដ្ឋាននៃការផ្ទេរកម្មសិទ្ធិអចលនវត្ថុ ៥ដំណាក់កាល

ដោយ៖ សហការី

ភ្នំពេញ៖ យោងតាមឯកសាររបស់រដ្ឋបាលសូរិយោដី នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឱ្យដឹងថា នីតិវិធីការផ្ទេរកម្មសិទ្ធិអចលនវត្ថុមាន៥ដំណាក់កាល គឺ ១.បំពេញឯកសារនៅការិយាល័យភូមិបាល ២.ប្រថាប់ត្រាដោយអាជ្ញាធរឃុំ-សង្កាត់ ៣.កសាងសាលកបត្រក្បាលដី និងពិនិត្យទីតាំង ៤.សុំការអនុម័តមន្ទីរសុរិយោដី និងបង់ពន្ធ ៥.ចារឹកឈ្មោះលើប្លង់ដី។

ដំណាក់ទី១ បំពេញឯកសារនៅការិយាល័យភូមិបាល៖ ភាគីទាំងសងខាង ឬអ្នកទទួលបានសិទ្ធិ ត្រូវមកការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុង ស្រុក ខណ្ឌ (ដែលជាទូទៅគេហៅថា ការិយាល័យភូមិបាល) ដែលអចលនទ្រព្យនោះស្ថិតនៅ ដើម្បីបំពេញឯកសារនានា នៅមុខមន្ត្រីភូមិ​បាល ដោយមានសាក្សីមកជាមួយផង។

គូភាគី ត្រូវភ្ជាប់មកជាមួយនូវឯកសារចាំបាច់មួយចំនួនដូចជា៖ កិច្ចសន្យាទិញ-លក់ (លិខិតលក់ផ្តាច់ សម្រាប់ការផ្ទេរកម្មសិទ្ធិក្នុងករណីទិញ-លក់) លិខិតធ្វើអំណោយផ្តាច់ (ក្នុងករណីដីនោះ ត្រូវបានធ្វើអំណោយដល់នរណាម្នាក់) អត្តសញ្ញាណប័ណ្ណ (មានបញ្ជាក់ពីសាលាក្រុង ស្រុក/ ខណ្ឌ) សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ (ប្រសិនបើជាទ្រព្យប្តីប្រពន្ធ) ឯកសារបញ្ជាក់អត្តសញ្ញាណ (នៅលីវ រៀបការ និង លែងលះ….) និងឯកសារផ្សេងៗទៀត ទៅតាមតម្រូវការជាក់ស្តែងនៃអចលនទ្រព្យនោះ។

ដំណាក់ទី២ ប្រថាប់ត្រាដោយអាជ្ញាធរឃុំ-សង្កាត់៖ បន្ទាប់ពីបំពេញឯកសារ នៅការិយាល័យភូមិបាលរួចរាល់ ម្ចាស់ដី ត្រូវយកឯកសារ ទៅឱ្យអាជ្ញាធរឃុំ-សង្កាត់ ដែលអចលនទ្រព្យនោះស្ថិតនៅ ដើម្បីត្រួតពិនិត្យនូវភាពស្របច្បាប់ និងប្រថាប់ត្រាលើឯកសារទាំងអស់នោះ។

ដំណាក់ទី៣ កសាងសាលកបត្រក្បាលដី និងពិនិត្យទីតាំង៖ បន្ទាប់ពីប្រថាប់ត្រារួចហើយ ម្ចាស់ដីត្រូវបន្តយកឯកសារនោះទៅការិយាល័យភូមិបាលវិញ ដើម្បីមន្ត្រីអនុវត្តនីតិវិធីបន្ត។ មន្ត្រីភូមិបាល នឹងធ្វើការងារផ្ទេរសិទ្ធិអចលនទ្រព្យនោះ ដោយចុះទៅពិនិត្យទីតាំង កសាងសាលកបត្រក្បាលដី សម្រង់ពត៌មានក្បាលដី កសាងកំណត់ហេតុចុះវាស់វែង និងកសាងឯកសាររណបផ្សេងៗទៀតដែលពាក់ព័ន្ធ។

ដំណាក់ទី៤ សុំការអនុម័តមន្ទីរសុរិយោដី និងបង់ពន្ធ៖ យោងតាមសេចក្តីសម្រេចលេខ០៤ សសរ ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ មានការផ្ទេរសិទ្ធិខ្លះ គឺមិនជាប់ពន្ធនោះទេ ដូចជាការផ្ទេរអចលនទ្រព្យជាសំណង់ ឬ/និងដី ចំពោះដីដែលចុះបញ្ជីរួច (ប្លង់រឹង) ម្ចាស់ដីត្រូវយកឯកសារទាំងអស់នោះ ទៅច្រកចេញចូលតែមួយនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី (ឬហៅថាមន្ទីរសុរិយោដី) ដែលអចលនទ្រព្យនោះស្ថិតនៅ។

មន្ត្រីសុរិយោដីនៅទីនោះ នឹងធ្វើការត្រួតពិនិត្យឯកសារទាំងនោះ។ ក្នុងករណីដែលឯកសារគ្រប់គ្រាន់ តាមច្បាប់ហើយនោះ មន្ត្រីនឹងហៅម្ចាស់មកបង់សេវាសុរិយោដី និងយកឯកសារទៅបង់ពន្ធនៅសាខាពន្ធដារដែលអចលនទ្រព្យនោះស្ថិតនៅ។

ប៉ុន្តែចំពោះដីដែលមិនទាន់ចុះបញ្ជី (ប្លង់ទន់) ក្រោយពីមន្ត្រីចុះវាស់វែង និងធ្វើកំណ​ត់ហេតុរួចរាល់ហើយ (តំណាក់កាលទី៣) ការិយាល័យភូមិបាល នឹងរៀបចំឯកសារ ដើម្បីឱ្យអ្នកស្នើសុំយកឯកសារទៅបង់ពន្ធប្រថាប់ត្រា៤%។
យោងតាមសេចក្តីណែនាំលេខ៨៧២៦ របស់អគ្គនាយកដ្ឋានពន្ធដារ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ ការផ្ទេរសិទ្ធិអចលនទ្រព្យត្រូវជាប់ពន្ធ ៤ភាគរយ ទាំងប្លង់រឹងនិងប្លង់ទន់។ ដីដែលពុំទាន់បានចុះបញ្ជី អ្នកទទួលសិទ្ធិមានកាតព្វកិច្ច ត្រូវបង់ពន្ធប្រថាប់ត្រា៤% ដូចដីដែលបានចុះបញ្ជីដែរ។ រវាងឪពុក-ម្តាយបង្កើត និងកូនបង្កើត រវាងប្តី និងប្រពន្ធ រវាងយាយ-តាបង្កើតនិងចៅបង្កើត។

ដំណាក់ទី៥ ចារឹកឈ្មោះលើប្លង់ដី៖ កិច្ចបង្ហើយ បន្ទាប់ពីបង់ពន្ធរួច សម្រាប់ដីដែលបានចុះបញ្ជីរួច (ប្លង់រឹង) ម្ចាស់ដី ត្រូវយកឯកសារទាំងអស់ មកមន្ទីរសុរិយោដីម្តងទៀត ដើម្បីមន្ត្រីធ្វើបច្ចុប្បន្នភាពអំពីម្ចាស់ដី នៅក្នុងកុំព្យូទ័រ និងធ្វើលេខាចារឹកលើប្លង់ដី។ ម្ចាស់ដីថ្មី នឹងទទួលបានប្លង់កម្មសិទ្ធិ នៅពេលនីតិវិធីទាំងអស់បានបញ្ចប់។
ចំណែកដីដែលមិនទាន់ចុះបញ្ជី (ប្លង់ទន់) ក្រោយពីបានបង់ពន្ធរួចរាល់ហើយ អ្នកស្នើសុំត្រូវយកបង្កាន់ដៃបង់ពន្ធរួចរាល់ ទៅការិយាល័យភូមិបាលវិញ ដើម្បីមន្ត្រីពិនិត្យ និងសម្រេច ដើម្បីបញ្ចប់ការផ្ទេរសិទ្ធិកាន់កាប់ អចលនទ្រព្យ ជូនម្ចាស់ថ្មី ត្រឹមថ្នាក់ស្រុកខណ្ឌ។  លោកអ្នកនឹងទទួលសំណុំ ឯកសារនៃការផ្ទេរសិទ្ធិអចលនទ្រព្យ ដែលបានផ្ទេរសិទ្ធិត្រឹមត្រូវឱ្យទៅឈ្មោះម្ចាស់ថ្មី៕

សកម្មភាពទិញ លក់ ជួល ក្នុងវិស័យអចលនទ្រព្យមានសកម្មភាពល្អប្រសើរឡើងវិញ

ដោយៈ គង់ សូរិយា

ភ្នំពេញៈ សកម្មភាពទិញលក់ ជួល ក្នុងវិស័យអចលនទ្រព្យបាននិងកំពុងមានចលនាឡើងវិញបណ្តើរៗ និងមានសភាពកាន់តែល្អប្រសើរឡើង។

លោកស្រីតាំង ហួរ អគ្គនាយិកាក្រុមហ៊ុន Amatak Property Service Co, Ltdបានមានប្រសាសន៍ឲ្យដឹង នារសៀលថ្ងៃទី១ កក្កដានេះថា បច្ចុប្បន្ននេះ អ្នកវិនិយោគទិញផ្ទះ ជួលផ្ទះធ្វើអាជីវកម្ម និងការទិញលក់ដីធ្លីនៅតែបន្តមានជាប្រចាំ ប៉ុន្តែចរន្តមិនល្អប្រសើរដូចមុនវិបត្តិនៅឡើយទេ។

លោកស្រីបន្តថា “ការទិញលក់ ភាគច្រើនផ្តោតលើអចលនទ្រព្យតម្លៃក្រោមទីផ្សារ ដោយសារវិនិយោគិនមានជម្រើសច្រើន សម្រាប់វិនិយោគ ព្រោះមានអចលនទ្រព្យលក់ច្រើន អ្នកទិញមានចំនួនតិច”។ លោកស្រីបន្តថា សកម្មភាពជួលផ្ទះអាជីវកម្ម មានច្រើនឡើងវិញបណ្តើរៗ ប៉ុន្តែការជួលអាគារធំៗហាក់នៅស្ងប់ស្ងាត់នៅឡើយ”។

ជាមួយគ្នានេះ លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ឲ្យដឹងផងដែរថា ស្របពេល​ស្ថានភាព វិនិយោគិនចិន និងបរទេសថ្មីៗដទៃទៀត នៅមិនទាន់ចូលមកច្រើននៅឡើយ ទីផ្សារអចលនទ្រព្យទាក់ទងការទិញ លក់ ជួល ពិតជាមានកម្រិត ដោយសកម្មភាពទិញ លក់ ជួល មានសកម្មភាពមួយៗនៅឡើយ។

លោកបន្តថា “ទីផ្សារជួលមានសកម្មភាពខ្លះ ការទិញខុនដូកើនឡើង ប៉ុន្តែភាគច្រើនជាភ្ញៀវក្នុងស្រុក ដែលទិញស្នាក់នៅ និងសម្រាប់ការវិនិយោគ”។ លោកបន្តថា “ការទិញខុនដូសម្រាប់វិនិយោគលើការជួល មានផលចំណេញពីការវិនិយោគប្រមាណ១០ភាគរយប្រចាំឆ្នាំ”។

លោកច្រឹក សុខនីមបានបន្តថា ភ្ញៀវបរទេសភាគច្រើនជាជនជាតិចិន ហើយភាគច្រើន ជាអ្នកវិនិយោគចាស់ៗ ដែលបានមកកម្ពុជា ដើម្បីចាប់ផ្តើម​សកម្មភាពវិនិយោគឡើងវិញ ខណភ្ញៀវថ្មីៗនៅស្ងប់ស្ងាត់នៅឡើយ ប៉ុន្តែយើងរំពឹងថា ចំនួនអ្នកវិនិយោគបរទេសនឹងកើនឡើងច្រើន នាពេលខាងមុខនេះ៕

លោកឧកញ៉ាលឹម ហេងៈ អ្នកធុរកិច្ចជប៉ុនជាច្រើនបានចូលមកកាន់កម្ពុជាបន្ទាប់ពីវិបត្តិ

ដោយៈ ជេស៊ីកា

ភ្នំពេញៈ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានថ្លែងថា អ្នកវិនិយោគជប៉ុនមកកម្ពុជាមានការកើនឡើង និងច្រើនផ្នែក ដូចជាកសិកម្ម ឧស្សាហកម្ម ធនាគារ សេវាកម្ម សំណង់ អចលនទ្រព្យផ្សារទំនើបជាដើម។

លោកបន្តថា អ្នកវិនិយោគជប៉ុនមកកម្ពុជាមានការកើនឡើង និងច្រើនផ្នែក ដូចជាកសិកម្ម ឧស្សាហកម្ម ធនាគារ សេវាកម្ម សំណង់ អចលនទ្រព្យផ្សារទំនើបជាដើម។ ការវិនិយោគរបស់ជប៉ុន បានរួមចំណែកដល់សេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈ​ប្រព័ន្ធបច្ចេកវិទ្យាទំនើបទាន់សម័យ។

លោកបន្តថា “បច្ចុប្បន្ននេះបរិយាកាស និងឱកាស​វិនិយោគនៅកម្ពុជា មានភាពល្អប្រសើរ ដោយសារកម្ពុជាមានសមត្ថភាព អាចគ្រប់គ្រងបានទាំង​ស្រុងនូវការឆ្លងរាលដាល​ជំងឺកូវីដ-១៩”។ លោកឧកញ៉ាបន្តថា “អ្នកវិនិយោគជប៉ុន បានស្វះស្វែងមកកាន់តែច្រើន ដើម្បីរកឱកាស​វិនិយោគ​នៅកម្ពុជា”។

លោកឧកញ៉ា បានគូសបញ្ជាក់ទៀតថា ការកើនឡើងនេះ គឺលើគ្រប់វិស័យ។ លើសពីនេះទៀត ក្រុមហ៊ុន​ជប៉ុន បាននិងកំពុងសម្លឹងមើលលើការវិនិយោគបង្កើតរោងចក្រដំឡើង រថយន្តតូយ៉ូតានៅកម្ពុជា នាពេលឆាប់ៗ​ខាងមុខនេះ។ តាមរយៈយុទ្ធសាស្រ្តមេគង្គជប៉ុន ឬជប៉ុនបូកមួយ ដែលត្រូវតភ្ជាប់ពីវៀតណាម កម្ពុជា ថៃ និងភូមា។

លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា ជប៉ុន ផងដែរ។ ការពន្លឿនកិច្ចព្រមព្រៀងនេះ ដោយសារនាថ្ងៃអនាគត កម្ពុជាយើងក្លាយជាប្រទេសជឿនលឿន យើងអាចនឹងអស់ EBA និង GSP ដោយយើងរំពឹងលើ FTAដែលជា​ឈ្នាន់នៃកំណើនសេដ្ឋកិច្ចវិញ។

ទិន្នន័យដែលកត់ត្រាដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា នៅត្រីមាសទី១ ឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុន មានទឹកប្រាក់ប្រមាណ៤៨០លានដុល្លារអាមេរិក កើនឡើង៣.៥ភាគរយ ក្នុងនោះកម្ពុជា នាំចេញទៅជប៉ុនមានទឹកប្រាក់៣០៥លានដុល្លារ និងជប៉ុននាំចូលមកកម្ពុជា មានទឹកប្រាក់​១៧៤លានដុល្លារ៕

កម្ពុជាបាត់បង់ផលទុនជាតិសរុប (GDP) ប្រមាណ ២,៥ទៅ៣ភាគរយក្នុងមួយឆ្នាំ ដោយសារគ្រោះថ្នាក់ចរាចរណ៍

ដោយៈ គង់ សូរិយា

ញូយ៉កៈ លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានលើកឡើងថា កម្ពុជាបានបាត់បង់GDPចន្លោះពី២,៥ទៅ៣ភាគរយក្នុងមួយឆ្នាំដោយសារគ្រោះថ្នាក់ចរាចរណ៍។

យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០១០ដល់ឆ្នាំ២០២០ របស់ប្រព័ន្ធជនរងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍ (RCVIS) មូលហេតុចម្បងនៃគ្រោះថ្នាក់ចរាចរណ៍គឺ ល្មើសល្បឿន ជែងគ្រោះថ្នាក់ មិនគោរពសិទ្ធិអាទិភាព និងស្រវឹង។ កំហុសក្នុងការរចនាផ្លូវ និងកង្វះលក្ខណៈបច្ចេកទេសយានជំនិះ ក៏បានរួមចំណែកដល់គ្រោះថ្នាក់ចរាចរណ៍ផងដែរ។

លោកស៊ុន ចាន់ថុល បានថ្លែងបែបនេះ ក្នុងពេលចូលរួមកិច្ចប្រជុំកំពូលស្តីពី ការធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍សកល ក្រោមប្រធានបទ “ដំណើរឆ្ពោះទៅឆ្នាំ២០៣០ សម្រាប់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ការធានាឱ្យមានសកម្មភាពប្រចាំទសវត្សរ៍ និងការផ្សព្វផ្សាយ” ដែលបានប្រព្រឹត្តទៅ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

លោកបន្តថា យើងបានពង្រឹងការអនុវត្ត ច្បាប់ចរាចរណ៍ផ្លូវគោក និងគោលនយោបាយជាតិស្ដីពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងទសវត្សរ៍នៃសកម្មភាពឆ្នាំ២០១១-២០២០។ យើងបានជួយសង្គ្រោះជីវិតមនុស្ស ៤.៥៦១នាក់ក្នុងអំឡុងពេលនេះ បើធៀបនឹងគោលដៅរបស់យើង ដែល មានចំនួន៧.៣៣៨នាក់។

លោកបន្តថា “ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ គឺជាការទទួលខុសត្រូវរបស់អ្នកពាក់ព័ន្ធទាំងអស់ រដ្ឋាភិបាលមិនអាចធ្វើបានតែម្នាក់ឯងទេ”។ លោកបន្ថែមថា “យើងត្រូវការទាំងវិស័យសាធារណៈ និងឯកជន អង្គការក្រៅរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីសហការជាមួយរដ្ឋាភិបាល ដើម្បីអប់រំអ្នកប្រើប្រាស់ផ្លូវអំពីច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក”។

ក្នុងន័យនេះ គ.ស.ច.គ. បាន និងកំពុងសហការជាមួយសភាពាណិជ្ជកម្មក្នុង ប្រទេសកម្ពុជា ដើម្បីឱ្យអប់រំបុគ្គលិករបស់ពួកគេអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក៕