បូកគោលែនទី៣កំពុងនាំចូលផ្កាសាគូរ៉ា៤០០ដើម ដើម្បីដាំលំអរ បន្ថែមលើសម្រស់ជួរភ្នំដ៏វែងអន្លាយ

ដោយ សហការី

ភ្នំពេញ៖ ជើងភ្នំវែងអន្លាយអមដោយពពកសដេរដាស និងដើមឈើខៀវស្រងាត់មិនទាន់អស់នោះទេ សម្រាប់គំរោងបូកគោលែនទី៣ ដែលបាននិងកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ឋនានា ដើម្បីបំរើឲ្យការកំសាន្តនិងការរស់នៅប្រកបដោយ​ផាសុខភាព។

ជាមួយនឹងគំនិតច្នៃប្រឌិតខ្ពស់ និងការឌីសាញប្លែកគេ ពិសេសការចំណាយទុនដោយមិនសន្សំសំចៃ នឹងធ្វើឲ្យគំរោងបូកគោលែនទី៣ កាន់តែមានភាពទាក់ទាញ ជាមួយនឹងសួនទឹកកំសាន្ត សួនច្បារ ផ្លូវភ្លោះទំហំ២០ម៉ែត្រ និងផ្លូវដើរព័ទ្ឋពេនដូចពស់វា ដែលសាងសង់តភ្ជាប់នឹងដើមឈើនាចង្កេះភ្នំយាយម៉ៅ នៃផ្លូវជាតិលេខ៣។

លោក Cooler Tan អគ្គនាយកក្រុមហ៊ុន Youngsia Real Estate ដែលបាននិងកំពុងអភិវឌ្ឍន៍ គំរោងបូកគោលែនទី១រហូតដល់ទី៣ ទទួលបានជោគជ័យយ៉ាងត្រចេះត្រចង់ បានមានប្រសាសន៍ឲ្យដឹងកាលពីព្រឹកថ្ងៃទី២៤ មេសាកន្លងមកថា ជាមួយនឹងផែនការអភិវឌ្ឍន៍ដោយមិនពិបាកនិយាយប្រាប់អតិថិជន និងធ្វើឲ្យបុគ្គលិករបស់យើងស្រួលលក់ ស្រួលបង្ហាញទៅកាន់អតិថិជន បានធ្វើឲ្យគំរោងរបស់យើងទទួលបានជោគជ័យជាបន្តបន្ទាប់។

លោកបន្តថា “រហូតមកទល់ពេលនេះ ការបើកលក់របស់យើងទើបមានរយៈពេល១ខែប៉ុណ្ណោះ ប៉ុន្តែយើងលក់បាន៥០ភាគរយរួចទៅហើយ ដែលភាគច្រើនអតិថិជនរបស់យើង ជាប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងមកពីអូស្រ្តាលី អាមេរិក បារាំងជាដើម”។

លោក Cooler Tan បានបន្តថា គំរោងរបស់យើងនិមួយៗ បង្ហាញលទ្ឋ​ផល និងអ្វីដែលបានរៀបចំនៅក្នុងគំរោង ជាអ្វីស្ថិតនៅក្នុងសុបិនរបស់អ្នកចង់បានដីលំហែរកាយ ព្រោះយើងបានសិក្សាពីចំណង់ចំណូលចិត្ត សិក្សាពីលក្ខខ័ណ្ឌហេដ្ឋារចនាសម្ព័ន្ឋ និងបានយកបេះដូងដើម្បីបំពេញតម្រូវការ និង​រសនិយមរបស់មនុស្សសម័យថ្មី។

ជាមួយគ្នានេះ អ្នកនាងម៉ី ម៉ីនាយកផ្នែកលក់នៃគំរោងបូកគោលែនទី៣បានមានប្រសាសន៍ឲ្យដឹងផងដែរថា ការបើកលក់គំរោងដំបូងរបស់យើង បានទទួលការកក់ភ្លាមៗពីអតិថិជន ដោយសារពួកគាត់មានភាពជឿជាក់ លើគំរោងអភិ​ វឌ្ឍន៍ដីលំហែរបូកគោលែនទី១ និងទី២ ដែលបានធ្វើកន្លងមក។

អ្នកនាងបន្តថា “បច្ចុប្បន្នអតិថិជនរបស់យើង បានមកកាន់និងទិញគំរោងរបស់យើងកាន់តែច្រើន ដោយសារពួកគាត់ជឿជាក់ លើទស្សនទានអភិវឌ្ឍថ្មីរបស់ម្ចាស់គម្រោង”។ អ្នកនាងបានបន្តថា “យើងបានកសាងភាពជឿជាក់ និងផ្តល់ទំនុកចិត្តដល់អតិថិជន ដោយបំពេញនូវអ្វីជាក្តីសុបិន​របស់ពួកគាត់”។

គំរោងបូកគោលែនទី៣ មានទំហំ១៥ហិកតា និងមានទីតាំងនៅលើ​បណ្តោយផ្លូវជាតិលេខ៤៣ មានចម្ងាយប្រមាណ១៥គីឡូម៉ែត្រពីក្រុងកំពត៕

លោកស៊ុន ចាន់ថុល ព្រមានដាក់ក្រុមហ៊ុន Hanshin របស់កូរ៉េខាងត្បូងក្នុងបញ្ជីខ្មៅ

ដោយៈសុផារី

តាកែវៈ ក្រុមហ៊ុន ហានស៊ីន (Hanshin) របស់កូរ៉េខាងត្បូង ដែលទទួលបានសិទ្ធិសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ ត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូនបានរកឃើញថា សាងសង់ផ្លូវមិនមានគុណភាព និងមិនបានត្រឹមត្រូវទៅតាមកម្រិតបច្ចេកទេសនោះឡើយ។

ក្នុងឱកាសចុះពិនិត្យគុណភាពផ្លូវជាតិលេខ២ និងលេខ២២កាលពី​ចុងសប្តាហ៍មុន លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានព្រមានថា នឹងមានការជជែកគ្នាទៅលើក្រុមហ៊ុននេះ អាចឈានដាក់ក្នុងបញ្ជីខ្មៅ មិនឱ្យទទួលការសាងសង់ផ្លូវនៅកម្ពុជា។

លោកទេសរដ្ឋមន្ត្រី ក៏បានស្តីបន្ទោសខ្លាំង ទៅកាន់មន្ត្រីក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនត្រួតពិនិត្យលក្ខណ:បច្ចេកទេស ដោយបានគូសបញ្ជាក់ថា “យើងខ្ញុំបានចុះវ៉ៃគ្រឹះ សាកល្បងច្រើនកន្លែងណាស់។ កន្លែងខ្លះក៏ជាប់ តែភាគច្រើនធ្លាក់ទាំងអស់ក្រោមស្តង់ដារ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន”។លោកបន្តថា “ដូច្នេះយើងធ្វើការកត់សំគាល់ ដើម្បីពិភាក្សាគម្រោងផ្សេងៗទៀត តើយើងគួរអនុញ្ញាតឲ្យក្រុមហ៊ុននេះ ចូលដេញថ្លៃឬមិនដឹងថ្លៃ? ត្រូវតែសម្រេច។ កុំអោយយើងឈឺក្បាលរហូត មិនអាចអង្គុយបក់ផ្សែងរហូតបានទេ។

ត្រូវតែសាងសង់ផ្លូវឲ្យបានតាមគុណភាព ដែលរបស់ក្រសួងពេលវេលាកំណត់តាមកុងត្រា ឲ្យបានច្បាស់លាស់ជាមួយគ្នា”។

លោកបានព្រមានធ្ងន់ៗថា សួរថាតើនីតិវិធីថ្ងៃក្រោយយ៉ាងម៉េច? តើគួរអនុញ្ញាតឲ្យក្រុមហ៊ុនដេញថ្លៃទៀត ឬយើងឯកភាពគ្នាជាមួយ ចាប់ពីថ្ងៃនេះតទៅហាមក្រុមហ៊ុននេះដេញថ្លៃ៥ឆ្នាំ? ឧទាហរណ៍ ដាក់ក្នុងបញ្ជីខ្មៅ៥ឆ្នាំតែម្តងទៅ។

លោកស៊ុន ចាន់ថុល បានឱ្យដឹងថា ក្រុមហ៊ុនហានស៊ីន មិនមានគ្រឿងចក្រ និងកម្លាំងពលកម្មគ្រប់គ្រាន់ ជាមូលហេតុដែលនាំឱ្យការសាងសង់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ មិនអាចបញ្ចប់តាមកិច្ចសន្យាកំណត់ មិនមែនបណ្តាលមកពីបញ្ហាជំងឺកូវីដ-១៩ ដូចការអះអាងរបស់ក្រុមហ៊ុននោះទេ។

លោកមានប្រសាសន៍ថា ក្រៅពីផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២១ ក្រុមហ៊ុននេះដេញថ្លៃ បានសាងសង់ផ្លូវជាតិលេខ៥ ក៏មានការយឺតយ៉ាងផងដែរ។ លោកបានបញ្ជាក់ថា ដោយសារតែនេះជានីតិវិធីនៃការដេញថ្លៃចំពោះក្រុមហ៊ុនណា ដែលដេញថ្លៃបានថោក ក្រុមហ៊ុននោះទទួលបានសិទ្ធិនៅក្នុងការសាងសង់។

គម្រោងធ្វើឱ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ​២២ មានប្រវែងសរុប ៧២,១៧គីឡូម៉ែត្រនេះ ត្រូវបានពន្យាពេលច្រើនដង ដោយគ្រោងបញ្ចប់ការសាងសង់នៅខែមេសា ឆ្នាំ២០២២នេះ តែក្រុមហ៊ុនសាងសង់យឺតជាងការគ្រោងទុក និងសុំពន្យារដល់ខែសីហា ឆ្នាំ២០២២នេះ៕

ក្រុមហ៊ុនអចលនទ្រព្យ GC Property បង្ហាញវត្តមាននៅកម្ពុជា ជាមួយចក្ខុវិស័យជួយពង្រឹងវិស័យនេះ

ដោយៈសហការី

ភ្នំពេញៈ ក្រុមហ៊ុនអចលនទ្រព្យ GC Property បាន ប្រកា​សបើកដំណើរការសាកល្បង ជាមួយការិយាល័យផ្លូវការរបស់ខ្លួន ស្ថិតនៅលើផ្លូវ២០៨ ផ្ទះលេខ១៥ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាមួយចក្ខុវិស័យ ក្នុងការពង្រឹង វិស័យអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា។

ពិធីខាងលើនេះ មានការចូលរួម ពីសំណាក់ លោកស្រីស៊ែរិន លីវ (Sharens Liew) Chief strategy officer របស់ GC Property លោក ហ្វីលិច្ស យ៉ុង (Chief Growth officer of GC property និង លោក Zeus Lam ប្រធានផ្នែកហិរញ្ញវត្ថុ (CFO) នៃក្រុមហ៊ុន GCC Golden Cambodia Century Group ព្រមទាំងដៃគូអភិវឌ្ឍន៍ ដៃគូសហការ ដែលមកពីភ្នាក់ងារ អចលនទ្រព្យនានា រួមនិងសមាជិកក្រុមការងារ GC និងគ្រួសារGCCជាច្រើនទៀត។

លោកស្រី ស៊ែរិន លីវបានមានប្រសាសន៍ថា ការបើកដំណើរសាកល្បង របស់GC Properly នាពេលនេះ គឺស្របពេល ដែលវិស័យអចលនទ្រព្យ ហាកមានសន្ទុះ ប្រសើរឡើងវិញ បន្ទាប់ពីជួបផលប៉ះពាល់ខ្លះៗ ដោយសារឆ្លងរាតត្បាត ជំងឺសាកលកូវីដ១៩ ជិត២ឆ្នាំមកនេះ ។

លោកស្រីថា វត្តមានរបស់ GC Property គឺជាការបើកទំព័រថ្មីមួយទៀត ដើម្បីធ្វើអោយប្រសើរឡើងនូវការទិញលក់ ផ្នែកអចលនទ្រព្យអោយកាន់តែសកម្ម ហើយវាក៏ជាការប្រសិទ្ធិពរជ័យដ៏អស្ចារ្យបំផុត ក្នុងការក្លាយជាផ្នែកមួយ នៃសរសៃឈាមរបស់ក្រុមហ៊ុនមេ GCC សំរាប់ទីផ្សារអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា។

បើតាមលោកស្រី ស៊ែរិន លីវ បានឲ្យដឹងថា រយៈពេល២ឆ្នាំកន្លងមកនេះ ពួកយើងបានប្រឈមជាមួយបញ្ហាជាច្រើន លើវិស័យអចលនទ្រព្យ និងបានធ្វើឱ្យយើងដឹងថា វិបត្តិនានា អាចកើតមានគ្រប់ពេលវេលា ដោយមិនគិតពីភេទ អាយុ ឋានៈ ឬសញ្ជាតិឡើយ។ ដូច្នេះដំណោះស្រាយតែមួយគត់ដើម្បីយកឈ្នះលើរឿងទាំងអស់នេះ គឺត្រូវធ្វើការជាមួយគ្នា រីកលូតលាស់ជាមួយគ្នា ដើម្បីសម្រេចបានគោលដៅ ដ៍ល្អប្រសើរមួយជាមួយគ្នា។

នេះគឺជាចក្ខុវិស័យ និងគុណតម្លៃ ដែលមិនអាចកាត់ថ្លៃបាន របស់ GC Property ក្នុងការពង្រឹងវិស័យអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា។ យើងជឿជាក់យ៉ាងច្បាស់ថា បើយើងតែម្នាក់ គឺយើងមិនអាចក្លាយខ្លួន ឲ្យធំជាងគេនោះទេ។ ផ្ទុយមកវិញ មានតែយើងរួបរួមគ្នាប៉ុណ្ណោះទើបអាចធំជាងគេ ឈានមុខគេ ហើយល្អជាងគេ នៅក្នុងទីផ្សារអចលនទ្រព្យ។

ក្រុមហ៊ុន GC Property គឺជាផ្នែក១ របស់ GCC គ្រុប មកពីហុងកុង ដែលមានវត្តមាននៅកម្ពុជាអំឡុងឆ្នាំ២០១៥។ ក្នុងរយះពេល ជិត៧ឆ្នាំមកនឹះ GCC ទទួលបានភាពជោគជ័យជាច្រើន ជាមួយនឹងអាជីវកម្ម លើការ អភិវឌ្ឍន៍អចលនទ្រព្យ ហិរញ្ញវត្ថុ វេជ្ជសាស្ត្រ ការផ្តល់សេវាកម្ម ម្ហូបអាហារ និងជាច្រើនផ្សេងទៀត។

ក្រុមហ៊ុននេះ ប្តេជ្ញាកសាងសហគ្រិនឆ្នើមប្រចាំកម្ពុជា ជាមួយនឹងការផ្ដល់ ដល់សហគមន៍វិញ ដោយក្តីគោរព ស្រលាញ់ចេញពីបេះដូង៕

តើមនុស្សប្រភេទណាខ្លះដែលបានដែលទិញខុនដូនៅក្នុងប្រទេសកម្ពុជា

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ កម្ពុជាចាប់ផ្ដើមអភិវឌ្ឍន៍ខុនដូដំបូងរបស់ខ្លួន នៅក្នុងអំឡុងឆ្នាំ២០០៦ ហើយអំឡុងពេលនោះ មានតែមនុស្សមួយប្រភេទប៉ុណ្ណោះ ដែលទិញខុនដូគឺជនបរទេស ប៉ុន្តែក្រោយមក ក៏មានមនុស្សពីរប្រភេទផ្សេងទៀតបានទិញខុនដូក្នុងប្រទេសកម្ពុជា។

លោកស៊ុន មេសា នាយកគ្រប់គ្រងការវិនិយោគខុនដូ នៃក្រុមហ៊ុន Century 21 Mekong បានឱ្យដឹងនាព្រឹកថ្ងៃទី២២មេសាថា ពីមុនអ្នករស់នៅខុនដូ អាចនិយាយបានថា ភាគច្រើនសុទ្ធតែជនបរទេស តែពេលនេះបានផ្លាស់ប្តូរខ្លះមកហើយ ដូច្នេះនៅពេលអនាគតឆាប់ៗនេះ កម្ពុជានឹងមានអ្នករស់នៅក្នុងខុនដូកាន់តែច្រើន ។

លោកបន្តថា មានមនុស្ស៣ប្រភេទ ដែលយើងបានឃើញថា ជាអ្នកទិញខុនដូ និងរស់នៅក្នុងខុនដូនៅកម្ពុជា ក្នុងនោះមាន ទី១. ប្រជាជនកម្ពុជាដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ហើយមានអាយុចន្លោះពី ៣០ដល់៤៥ឆ្នាំ។

មនុស្សប្រភេទនេះ ចាប់ផ្ដើមស្វែងយលពីការរស់នៅក្នុងខុនដូ និងមានចំណូលចិត្តរស់នៅក្នុងខុនដូ ជាងការរស់នៅក្នុងផ្ទះជាប់ដីនៅជាយក្រុង ទី២ ជនបរទេស ដែលសំដៅទៅដល់ជនបរទេសជាអ្នកវិនិយោគ ទេសចរ ឬក៏ជនបរទេសដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសកម្ពុជា ។

មនុស្សប្រភេទទី៣ គឺប្រជាជនកម្ពុជាមកពីបរទេស ដូចជា ក្រុមនិស្សិតទៅសិក្សានៅបរទេស ហើយត្រលប់មកកម្ពុជា ឬក៏អាណិជកជនខ្មែរមកពីបរទេស ។

លោកស៊ុន មេសា បានឱ្យដឹងថា បើទោះបីជាបច្ចុប្បន្ននេះ កម្ពុជានិងពិភពលោក ជួបវិបត្តិដោយសារតែកូវីដ១៩ ក្ដី តែការអភិវឌ្ឍខុនដូនៅតែបន្ត ហើយលោករំពឹងជនបរទេសនឹងចូលមកកម្ពុជា ដើម្បីស្វែងកការវិនិយោគបន្ថែមឡើងវិញនិងកាន់តែច្រើន ហើយពេលនេះតម្រូវការខុនដូសម្រាប់ជនបរទេសក៏នឹងកើនឡើងច្រើនថែមទៀតផងដែរ។

លោកបន្តថា “តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាបានចុះរួចហើយ ជាមួយដៃគូដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីកម្ពុជា ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា កូរ៉េខាងត្បូង និងត្រៀមក្នុងការចរចាមួយឥណ្ឌានិងប្រទេសជាច្រើន ទៀតនឹងនាំមកអ្នកវិនិយោគទាំងនោះមកកម្ពុជា ទាំងទេសចរ និងការវិនិយោគ”។

ចំណែកលោក ពិន ស៊េរី ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន ERA Cambodia ក៏បានឱ្យដឹងផងដែរថា កំណើននៃប្រជាជនកម្ពុជាទិញខុនដូសម្រាប់ស្នាក់នៅនិងទុកជួល បានធ្វើឱ្យទីផ្សារខុនដូនិងការផ្គត់ផ្គង់ខុនដូក៏កាន់តែច្រើនដែរ ហើយអ្វីដែលពិសេសនោះ ការរចនាតុបតែង និងទីតាំងនៃអគារខុនដូ ក៏ជាកត្តាសំខាន់ក្នុងការទាក់ទាញអ្នកទិញខុនដូ ។

លោករំពឹងថា ទីផ្សារខុនដូក្នុងប្រទេសកម្ពុជា នឹងមានសន្ទុះបន្ថែមទៀតនៅពេលចប់វិបត្តិកូវីដ១៩ និងវិបត្តិសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន៕

Knight Frank: ទីផ្សារខុនដូក្រុងបាងកក នឹងកម្រើកឡើងវិញក្នុងឆ្នាំសារពើពន្ធ២០២២

ដោយៈសុខុម

បាងកក: ទីក្រុងបាងកក គឺជាទីក្រុងដែលមានអ្វីៗចម្រុះគ្នាយ៉ាងសម្បូរបែប។ តួយ៉ាងទន្លេចៅប្រាយ៉ា សំណង់អគារចាស់ៗ ប្រឡាយទឹក និងប្រា​សាទចាស់ៗ ត្រូវបានហ៊ុព័ទ្ធដោយអគារកប់ពពកថ្មីៗ។

ទិដ្ឋភាពអចលនទ្រព្យក្នុងទីក្រុងនេះ ក៏ចម្រុះដូចគ្នាដែរ។ ទីក្រុងនេះផ្តល់ការអភិវឌ្ឍលំនៅដ្ឋានយ៉ាងសម្បូរបែប រាប់ចាប់ពីផ្ទះល្វែងបែបទំនើប (Terraced Home) ដែលមានតម្លៃមធ្យម និងបឹងហ្គាឡូរហូតដល់ផ្ទះវីឡាលើអាកាស (Penthouse) បែបប្រណីត។ ជាពិសេសទីផ្សារខុនដូក្នុងទីក្រុងនេះ ទទួលបានការពេញនិយមយ៉ាងខ្លាំងក្នុង រយៈពេល១ទសវត្សរ៍កន្លងមកនេះ ជាពិសេសក្នុងចំណោមអ្នកទិញដែលជាជនបរទេស។

ថ្វីត្បិតទទួលរងផលប៉ះពាល់ពីវិបត្តិកូវីដ-១៩ ក៏ទីផ្សារខុនដូក្នុងក្រុងបាងកក កំពុងតែកម្រើកឡើងវិញជាបណ្ដើរៗហើយ ក្រោយបន្ធូរបន្ថយការរឹតបន្តឹង។

លោក Nattha Kahapana នាយករងគ្រប់គ្រងទីភ្នាក់ងារអចលនទ្រព្យអង់គ្លេស Knight Frank ប្រចាំទីផ្សារប្រទេសថៃបានលើកឡើងថា ទីផ្សារខុនដូទទួលបានលទ្ធផលល្អប្រសើរ ក្នុងឆ្នាំសារពើពន្ធ២០២១។ នេះបើយោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយនៅថ្ងៃសុក្រ ទី២២ ខែមេសា។

ក្រុមហ៊ុន Knight Frank Thailand និយាយថា ទីផ្សារខុនដូក្នុងក្រុងបាងកក ពឹងផ្អែកលើកត្តាជំរុញមួយចំនួន ដូចជា ការងើបឡើងវិញនៃសេដ្ឋកិច្ច ការកាត់បន្ថយការធ្វើចត្តាឡីស័ក ដើម្បីជំរុញវិស័យទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ និងការបង្កលក្ខណៈងាយស្រួល ដើម្បីទាក់ទាញជាជនបរទេស ជាពិសេសជនជាតិចិន ដែលធ្លាប់ជាអ្នកទិញដ៏សំខាន់នៅក្នុងទីផ្សារនេះ។

លោក Nattha Kahapana លើកឡើងថា ទីផ្សារខុនដូក្នុងក្រុងបាងកក ទាក់ទាញខ្លាំងជាងគេ គឺអ្នកទិញសម្រាប់ស្នាក់នៅផ្ទាល់។ លោកបានបន្តថា “វិនិយោគិនកាន់តែច្រើនឡើងកំពុង ងាកទៅអភិវឌ្ឍគម្រោងខុនដូនៅជាយក្រុងដើម្បីទាក់ទាញអ្នកជួល”។

លោកបានបន្ថែមទៀតថា “សម្រាប់ឆ្នាំ២០២២ យើងជឿជាក់ថា ទីផ្សារខុនដូទំនងជានឹងកម្រើកឡើង និងមានសកម្មភាពកាន់តែផុសផុល ព្រោះក្រុមហ៊ុនធំមានគម្រោងចាប់ផ្ដើម គម្រោងអភិវឌ្ឍន៍ខុនដូបន្ថែមទៀត”៕ The Edge Markets៕

ថៃគ្រោងចាប់ផ្ដើមសាងសង់បណ្ដាញរថភ្លើង MRT Purple Line តម្លៃរាប់ពាន់លានដុល្លារនៅខែសីហា

ដោយៈសុខុម

បាងកក: ប្រភពច្បាស់ការបានទម្លាយឱ្យដឹងថា អាជ្ញាធរបណ្ដាញរថភ្លើង (MRTA) នៃប្រទេសថៃ បានប្រាប់ក្រុមហ៊ុនម៉ៅការរបស់ខ្លួន ឱ្យត្រៀមចាប់ផ្តើមការងារគ្រឹះ លើគម្រោងបណ្ដាញខ្សែរថភ្លើង MRT Purple Line ភាគខាងត្បូងនៃប្រទេសនៅខែសីហា ខាងមុខនេះ។

ការជូនដំណឹងនេះធ្វើឡើង បន្ទាប់ពីគណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃអង្គារ ដើមសប្ដាហ៍នេះបានអនុម័ត ផែនការខ្ចីប្រាក់របស់អាជ្ញាធរ MRTA សម្រាប់ការកសាងកំណាត់ផ្លូវដែក ប្រវែង២៣,៦គីឡូម៉ែត្រនៃបណ្ដាញរថភ្លើងនេះ។ នេះបើយោងតាមសារព័ត៌មាន The Nation ចុះផ្សាយសុក្រ ទី២២ ខែមេសា។

ប្រភពពី MRTA បាននិយាយថា ការិយាល័យគ្រប់គ្រងបំណុលសាធារណៈ (PDMO) ទទួលបានភ្លើងខៀវពីគណៈរដ្ឋមន្ត្រីថៃ ឱ្យផ្តល់ប្រាក់កម្ចីចំនួន៨២ពាន់លានបាត (ជាង២,៤១ពាន់លានដុល្លារអាមេរិក) សម្រាប់គម្រោងនេះ។

ការិយាល័យគ្រប់គ្រងបំណុលសាធារណៈ PDMO នឹងផ្តល់ប្រាក់កម្ចីដំណាក់កាលដំបូងចំនួន១០,៨ពាន់លានបាត (៣១៨លានដុល្លារអាមេរិក) នៅខែមិថុនា ខាងមុខនេះ ហើយអាជ្ញាធរបណ្ដាញរថភ្លើង MRTA នឹងទូទាត់ឱ្យក្រុមហ៊ុនម៉ៅការ ចំនួន៦ជាបន្តបន្ទាប់នៅខែកក្កដា។

ប្រភពដដែលនិយាយថា អាជ្ញាធរបណ្ដាញរថភ្លើង MRTA បានចុះកិច្ចសន្យាទាំងនេះកាលពីខែមីនា ហើយឥឡូវនេះ បានជូនដំណឹងឱ្យក្រុមហ៊ុនម៉ៅការទាំងនោះ ត្រៀមចាប់ផ្ដើមការងារគ្រឹះ សម្រាប់គម្រោងបណ្ដាញរថភ្លើងនេះ៕ The Nation៕

លោកឧកញ៉ាហួត អៀងតុង ពន្យល់ពីសារៈប្រយោជន៍នៅពេលមានវត្តមានកំណើនធនាគារក្នុង និងក្រៅស្រុកកាន់តែច្រើន

ដោយៈ សុផារី

ភ្នំពេញៈ ប៉ុន្មានឆ្នាំចុងក្រោយនេះ ធនាគារនៅក្នុងប្រទេសកម្ពុជាមានការកើនឡើងយ៉ាងច្រើន មិនថាធនាគារនៅក្នុងស្រុក និងធនាគារពីបរទេស ដែលមានប្រភពមកពីប្រទេសថៃ ចិន កូរ៉េ ជប៉ុន អឺរ៉ុប ជាដើម។

កំណើនយ៉ាងច្រើនសន្ធឹកសន្ធាប់នេះ នាំឱ្យទីផ្សារនេះមានការប្រកួតប្រជែងខ្ពស់ផងដែរ ប៉ុន្តែអ្នកទទួលបានផលចំណេញគឺអ្នកប្រើប្រាស់។

លោកឧកញ៉ាហួត អៀងតុងប្រធានអគ្គនាយកធនាគារហត្ថា បានមានប្រសាសន៍ នៅក្នុងកិច្ចសម្ភាសពិសេសមួយនាពេលថ្មីៗនេះថា នៅពេលមានការប្រកួតប្រជែង គឺជាពេលវេលាដែលអ្នកប្រើប្រាស់ ទទួលបាននូវផលប្រយោជន៍ច្រើន។ ការប្រកួតប្រជែងធ្វើឱ្យសេវាកម្ម ដែលធនាគារផ្តល់ជូនទៅកាន់អតិថិជន មានភាពប្រសើរឡើងជាលំដាប់ អត្រាការប្រាក់កម្ចីកាន់តែទាប ដែលជាអត្ថប្រយោជន៍របស់ប្រជាពលរដ្ឋកម្ពុជា។

លោកលើកឧទាហរណ៍ថា “ជាក់ស្តែង រហូតមកដល់បច្ចុប្បន្ននេះ សម្រាប់ធនាគារហត្ថា បានធ្វើការបញ្ចេញប្រាក់កម្ចីទៅកាន់អតិថិជន ដោយបញ្ចុះអត្រាការប្រាក់នៃកម្ចី ក្នុងរង្វង់១០ ទៅ១៥ភាគរយក្នុងមួយឆ្នាំ ដែលជាអត្រាការប្រាក់ទាបខ្លាំង”។ លោកឧកញ៉ាបានបន្តថា “បន្ថែមលើសនេះ ធនាគារក៏មានយុទ្ធសាស្ត្រ ក្នុងការកាត់បន្ថយនិងបញ្ចុះតម្លៃដើមទុន ដើម្បីមានលទ្ធភាព ក្នុងការបញ្ចុះអត្រាការប្រាក់បន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់អតិថិជន”។

លោកឧកញ៉ាមានប្រសាសន៍ថា គ្រប់ធនាគារទាំងអស់ទទួលបានលុយពីអតិថិជនទូទៅ ក្នុងរូបភាពជាប្រាក់បញ្ញើសន្សំ ប្រាក់ឥណទាន ជាដើម។ ធនាគារប្រមូលទុនពីអតិថិជនដែលមានប្រាក់ ហើយផ្តល់ទៅវិញនូវការប្រាក់ ហើយធនាគារក៏យកប្រាក់សន្សំនោះទៅបញ្ចេញ ដោយផ្តល់កម្ចីដល់ប្រជាពលរដ្ឋ ដែលត្រូវការសាច់ប្រាក់វិញ។

សម្រាប់ធនាគារហត្ថា មានគោលបំណងក្នុងការបញ្ចុះអត្រាការប្រាក់សន្សំ និងកម្ចី ដើម្បីជាប្រយោជន៍ដល់អ្នក ដែលត្រូវការទុកយកទៅប្រើប្រាស់។

លោកឧកញ៉ាបញ្ជាក់ថា “ទាំងអត្រានៃការសន្សំ និងអត្រាប្រាក់កម្ចី ចាំបាច់ត្រូវតែដើរទន្ទឹមគ្នា។ ពីរនេះមិនអាចដើរផ្ទុយគ្នាបានទេ”។

ស្របពេលដែលវិស័យធនាគារនៅកម្ពុជា កំពុងរីកចម្រើន ព្រមនឹងការប្រកួតប្រជែងខ្ពស់ នោះប្រជាជនកម្ពុជាមានឱកាស នៅក្នុងការទទួលបានសាច់ប្រាក់កាន់តែច្រើន នោះលំហូរសាច់ប្រាក់នឹងជម្រុញចរន្តសេដ្ឋកិច្ចរបស់សង្គមកម្ពុជា។

លោកឧកញ៉ាហួត អៀងតុងបានប្រដូច “ចរន្តសាច់ប្រាក់នៅក្នុងសង្គមជាតិមួយ ប្រៀបបាននឹងចរន្តឈាមនៅក្នុងខ្លួនមនុស្ស” ដែលចាំបាច់ត្រូវមានភាពគ្រប់គ្រាន់ និងចរន្តហូរចុះឡើង ដំណើរការប្រកបដោយសុខភាពល្អនិងកម្លាំងម៉ាំមួន”។

លោកឧកញ៉ាអះអាងថា “កាលណាមានសាច់ប្រាក់កើនឡើងកាន់តែច្រើនឡើងនៅក្នុងចរន្តសេដ្ឋកិច្ចកម្ពុជា នោះនឹងធ្វើឱ្យសេដ្ឋកិច្ចនឹងកាន់តែរីកចម្រើន។ នេះជាតួនាទី និងកាតព្វកិច្ចរបស់ធនាគារ ក្នុងការជម្រុញលំហូរចរន្តសាច់ប្រាក់នេះ ធ្វើយ៉ាងណាឱ្យសាច់ប្រាក់ ត្រូវបានចាក់បញ្ចូលក្នុងចរន្តសេដ្ឋកិច្ច”៕

យុវជនចិន អាយុទើប២៥ឆ្នាំក្លាយជាមហាសេដ្ឋីពាន់លានដុល្លារវ័យក្មេងបំផុតប្រចាំតំបន់អាស៊ី

ដោយៈសុខុម

ប្រទេសចិនៈ យោងតាមទស្សនាវដ្តី Forbes ដ៏ល្បីល្បាញឱ្យបានដឹងថា នៅក្នុងពិភពលោកមានមហាសេដ្ឋីពាន់លានដុល្លារ (Billionaire) ចំនួនជាង២.៦០០នាក់ ដែលមានទ្រព្យសម្បត្តិសរុបបញ្ចូលគ្នា រហូតដល់ទៅជាង១២ទ្រីលានដុល្លារអាមេរិក។

ក្នុងចំណោមប្រទេសទាំងអស់ទូទាំងពិភពលោក សហរដ្ឋអាមេរិក មានមហាសេដ្ឋីពាន់លានដុល្លារច្រើនជាងគេបង្អស់ គឺមានចំនួនរហូតដល់ទៅ៧៣៥នាក់ រួមមានទាំងកំពូលមហាសេដ្ឋី Elon Musk និងកំពូលមហាសេដ្ឋី Jeff Bezos ដែលជាមេក្រុមហ៊ុនបច្ចេកវិទ្យាយក្សផងដែរ។

បន្ទាប់ពីសហរដ្ឋអាមេរិក គឺប្រទេសចិន ជាប់ចំណាត់ថ្នាក់លេខ២ ជាមួ​យនឹងចំនួនមហាសេដ្ឋី ពាន់លានដុល្លារ៦០៧នាក់ រួមទាំងលោក Wang Zelong អាយុទើប២៥ឆ្នាំ ដែលជាប់ឈ្មោះជាមហាសេដ្ឋីវ័យក្មេងបំផុតប្រចាំតំបន់អាស៊ីផងដែរ។

*តើមហាសេដ្ឋីវ័យក្មេងបំផុតប្រចាំតំបន់អាស៊ី រូបនេះជានរណា ហើយទ្រព្យសម្បត្តិរបស់គាត់បានមកពីណា?

លោក Wang Zelong បានជាប់ក្នុងបញ្ជីឈ្មោះមហាសេដ្ឋីពាន់លានដុល្លាររបស់ទស្សនាវដ្ដី Forbes កាលពីឆ្នាំមុន នៅពេលគាត់ទទួលមរតកភាគហ៊ុន ដែលមានតម្លៃជាង១,៣ពាន់លានដុល្លារអាមេរិក ក្នុងក្រុមហ៊ុនគីមី CNNC Hua Yuan Titanium Dioxide Co. ដែលចុះបញ្ជីលើផ្សារភាគហ៊ុនក្រុងស៊ឹនជិន (Shenzhen Stock Exchange)។ ផលិតផលរបស់ក្រុមហ៊ុននេះធ្វើទីផ្សារក្រោមប៊្រែន CHTi។

ក្រៅពីនេះ គាត់ក៏មានភាគហ៊ុននៅក្នុងក្រុមហ៊ុន Lomon Billions Group ដែលផលិតទីតានីញ៉ូមឌីអុកស៊ីតផងដែរ​។ មួយឆ្នាំក្រោយមក ទ្រព្យសម្បត្តិរបស់លោក Wang Zelong បានកើនឡើងរហូតដល់១,៥ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមទស្សនាវដ្តី Forbes៕ South China Morning Post៕

ខណ្ឌសែនសុខក្លាយជាតំបន់ដែលចាប់ផ្តើមវិនិយោគលំនៅឋានតម្លៃខ្ពស់ៗ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ខណ្ឌសែនសុខ កំពុងក្លាយបណ្តុំដោយគម្រោងបុរីលំនៅឋានដ៏លេចធ្លោមួយ ដែលមានចំណែកដល់ទៅជាង២០ភាគរយ នៃការផ្គត់ផ្គង់បុរីលំនៅឋានសរុបនៅរាជាធានីភ្នំពេញ គិតត្រឹមដំណាច់ឆ្នាំ២០២១។ នេះបើតាមរបាយការណ៍ស្រាវជ្រាវទីផ្សារអចលនទ្រព្យ។

អ្វីដែលពិសេសនោះ ក្នុងចំណោមបុរីទាំងនោះ ក៏មានតម្លៃចាប់ពីមធ្យមឡើងទៅផងដែរ។

បុរីលំនៅឋានកាន់តែច្រើនឡើង នឹងជំរុញឱ្យខណ្ឌសែនសុខ មានសកម្ម​ភាពពាណិជ្ជកម្មកាន់តែមមាញឹក ហើយតម្លៃអចលនទ្រព្យកាន់តែមានសក្តានុពលខ្ពស់សម្រាប់ម្ចាស់ទ្រព្យ និងអ្នកវិនិយោគនៅតំបន់នេះ។

យោងតាមរបាយការណ៍ចុងក្រោយមួយរបស់ក្រុមហ៊ុន Knight Frank បានបង្ហាញថា ការផ្គត់ផ្គង់បុរីលំនៅឋានក្នុងខណ្ឌសែនសុខ បានកើនដល់ជិត ១៦,0000ខ្នង ឬស្មើនឹង២២ភាគរយ នៃការផ្គត់ផ្គង់លំនៅឋាននៅរាជធានីភ្នំពេញសរុប៧២,៥៥២ខ្នង។ ខណ្ឌសែនសុខ មានចំណែកនៃការផ្គត់ផ្គង់លំនៅឋានច្រើនជាងគេ នៃខណ្ឌទាំង១៤នៅភ្នំពេញ ហើយបន្ទាប់មកគឺខណ្ឌដង្កោ ដែលមានចំណែក១៦ភាគរយ។

ខណ្ឌសែនសុខ មានសង្កាត់សរុបចំនួន៦ រួមមាន សង្កាត់ទឹកថ្លា ភ្នំពេញថ្មី ក្រាំងធ្នង់ អូរបែកក្អម ឃ្មួញ និង សង្កាត់គោកឃ្លាំង។ ខណ្ឌនេះជាតំបន់ ដែលមានការអភិវឌ្ឍស្ទើគ្រប់ប្រភេទអចលនទ្រព្យ ដែលធ្វើឲ្យតម្លៃដីនៅ សង្កាត់មួយចំនួនមានការកើនឡើងយ៉ាងខ្លាំង។

យោងតាមទិន្នន័យក្រុមហ៊ុន Century 21 Zillion Holding ប្រចាំសាខាខណ្ឌសែនសុខបានបង្ហាញថា ដីដាក់លក់ក្នុងខណ្ឌសែនសុខ អាចមានតម្លៃចាប់ពី ១៥០ ដល់៤០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ដោយអាស្រ័យលើទីតាំងដីស្ថិតនៅបណ្តោយផ្លូវតូច និងធំ ។


អ្នកនាងជិន ច័ន្ទដាលុច្ស ប្រធានផ្នែកវាយតម្លៃនិងក្រុម CBRE Cambodia បានឱ្យដឹងផងដែរថា កំណើននៃបុរីលំនៅឋានកាន់តែច្រើននៅក្នុង តំបន់ខណ្ឌសែនសុខនេះ បានជំរុញឱ្យមានការវិនិយោគទៅលើទីផ្សារលក់រាយកាន់តែច្រើន ហើយជាក់ស្ដែងយើងបានឃើញថា ផ្សារលក់រាយនៅក្នុងតំបន់នេះ ក៏មានកាន់តែច្រើនឡើងៗពីមួយឆ្នាំ ទៅមួយឆ្នាំ និងអាចកែប្រែតំបន់នេះ ទៅជាតំបន់ដោះដូរពាណិជ្ជកម្ម ដ៏មានសក្ដានុពលមួយផងដែរ៕

អ្នកអភិវឌ្ឍន៍ និងអ្នកជំនាញលើកឡើងពីស្ថានភាពលំហូរទុនវិនិយោគក្នុងស្រុក និងអន្តរជាតិមកកាន់កម្ពុជា

ដោយៈ គង់ សូរិយា

ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យជើងចាស់ មើលមិនទាន់ឃើញសញ្ញាប្រែប្រួលនៃលំហូរទុនវិនិយោគក្នុង និងក្រៅប្រទេសចាក់ចូលសេដ្ឋកិច្ចជាតិនៅឡើយទេ។

អ្នកស្រីអាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia បានមានប្រសាសន៍ឲ្យដឹងកាលពីរសៀលថ្ងៃទី២២ មេសាថា សន្ទុះនៃការវិនិយោគនៅមានកម្រិតទាំងវិនិយោគក្នុងស្រុក និងមកពីបរទេស មិនមានអ្វីគួរឲ្យកត់់សំគាល់នោះទេ ទាំងវិនិយោគិនក្នុងស្រុក និងមកពីបរទេស បើទោះមានចរន្តប្រជាជនចេញដើរកំសាន្តច្រើនក្តី ប៉ុន្តែអ្វីៗហាក់មិនទាន់មានសញ្ញាវិជ្ជមានទេ។

អ្នកស្រីបន្តថា “បញ្ហាសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ការបិទរឹតបន្តឹងការធ្វើដំណើររបស់ប្រទេសចិន និងបញ្ហាមួយចំនួនទៀត សុទ្ឋតែជាបញ្ហាប្រឈម ដែលវិនិយោគិននៅតែរង់ចាំមើល”។

ជាមួយគ្នានេះ លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាធ្លាប់បានមានប្រសាសន៍ថា ស្ថានភាពលំហូរទុនវិនិយោគពីក្រៅប្រទេស នៅតែមានសភាពស្ងប់ស្ងាត់ បើសិនជាមានវិនិយោគិនចូលមក ក៏ជាវិនិយោគិនចាស់ៗ ដែលបានមានអាជីវកម្មនៅទីនេះស្រាប់។

លោកបន្តថា “ទោះជាយ៉ាងណាវិស័យអចលនទ្រព្យ នៅតែដំណើរការខ្លះៗផងដែរ ដោយនៅតែមានអ្នកវិនិយោគសំរាប់់អចលនទ្រព្យ ដែលមានតម្លៃល្អ”។ លោកបន្តថា “ទីផ្សារអចលនទ្រព្យមិនជាប់គាំងទេ ដរាបណាស្ថាប័នហិរញ្ញវត្ថុនានានៅតែផ្តល់ឥណទាន”។

ជាមួយគ្នានេះ អ្នកឧកញ៉ាលី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅ ដ្ឋានកម្ពុជាបានមានប្រសាសន៍ឲ្យដឹងផងដែរថា ក្នុងស្ថានភាពបច្ចុប្បន្ននេះ មានបុរីជាច្រើន បានធ្វើគំរោងរបស់ពួកគេយឺតៗ ដោយសារការលក់ធ្លាក់ចុះខ្លាំង ចាប់តាំងពីមានបញ្ហាសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលបានអូសបន្លាយរយៈពេលជិត២ខែមកនេះ។

អ្នកឧកញ៉ាបានបន្តថា “ការលក់លំនៅដ្ឋាន ពិតជាមានសភាពស្ងប់ស្ងាត់ខ្លាំង ដែលធ្វើឲ្យម្ចាស់គម្រោងមួយចំនួនបានពន្យាពេល និងពន្យាល្បឿននៃការសាងសង់របស់ពួកគេ”៕