តម្លៃ​ជួល​ការិយាល័យ​លំដាប់​ខ្ពស់​នៅ​ប្រទេស​សិង្ហបុរី​បន្ត​កើន​ឡើង​នៅ​ក្នុង​ត្រីមាស​ទី៣​

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃជួលការិយាល័យលំដាប់ខ្ពស់ (Prime office) នៅប្រទេសសិង្ហបុរីបានកើនឡើងនៅក្នុងត្រីមាសទី ៣ ឆ្នាំ ២០២៦ ដោយសារតម្រូវការកើនឡើងពីក្រុមហ៊ុនបច្ចេកវិទ្យា AI និងការខ្វះខាតទីតាំងការិយាល័យដែលមានគុណភាព។

យោងតាមទិន្នន័យពីក្រុមហ៊ុន JLL តម្លៃជួលការិយាល័យកម្រិត A នៅក្នុងតំបន់ពាណិជ្ជកម្មកណ្តាល (CBD) បានកើនឡើង ១% បើធៀបនឹងត្រីមាសទី២ ដល់ ១២,៣២ ដុល្លារសិង្ហបុរីក្នុងមួយហ្វីតការ៉េ (psf) ក្នុងមួយខែនៅត្រីមាសទី៣ ឆ្នាំ ២០២៦។

ការកើនឡើងនេះធ្វើឱ្យអត្រាកំណើនសរុបនៃតម្លៃជួលការិយាល័យសម្រាប់រយៈពេល ៣ ត្រីមាសដំបូងនៃឆ្នាំ២០២៦នេះកើនឡើងដល់ ២,៨ភាគរយ។

អត្រាការិយាល័យទំនេរនៅតំបន់ពាណិជ្ជកម្មកណ្តាល (CBD) បានធ្លាក់ចុះមកនៅត្រឹម ៥,៩% នៅក្នុងត្រីមាសទី ៣ ឆ្នាំ ២០២៦។ ក្រុមហ៊ុន JLL បានបញ្ជាក់ថា តួលេខនេះជាកម្រិតទាបបំផុតក្នុងរយៈពេល ១០ ត្រីមាស។

ស្ថានភាពនេះកើតឡើង ខណៈមានសន្ទុះគួរឱ្យកត់សម្គាល់នៃការជួលការិយាល័យពីសំណាក់ក្រុមហ៊ុនបច្ចេកវិទ្យា និងក្រុមហ៊ុនដែលធ្វើការលើវិស័យបញ្ញាសិប្បនិម្មិត (AI)។

លោក Michael Glancy នាយកប្រតិបត្តិប្រចាំប្រទេសសិង្ហបុរី និងអាស៊ីអាគ្នេយ៍របស់ក្រុមហ៊ុន JLL បានអះអាងថា៖ «ចំណុចលេចធ្លោនៅក្នុងត្រីមាសទី៣ គឺការដែលក្រុមហ៊ុនបច្ចេកវិទ្យា និងក្រុមហ៊ុន AI សម្រេចចិត្តយ៉ាងមុតមាំក្នុងការស្វែងរក និងជួលទីតាំង ទោះបីជាបញ្ហាប្រឈមផ្នែកម៉ាក្រូសេដ្ឋកិច្ចនៅតែបន្តមាន និងមិនទាន់ត្រូវបានដោះស្រាយក៏ដោយ»៕

កម្ពុជា​ ជាមួយ​ភាគី​ជប៉ុន​ចុះហត្ថលេខា​លើ​កំណត់​ត្រា​សម្រាប់​គម្រោង​អភិវឌ្ឍន៍​សមត្ថភាព​ក្នុង​ការ​ផលិត​ផែន​ទី​នាវាចរណ៍​

ដោយៈ ចំណាន

   ភ្នំពេញៈ កម្ពុជា និងភាគីជប៉ុនបានចុះ ហត្ថលេខាលើកំណត់ត្រានៃការពិភាក្សា សម្រាប់គម្រោងអភិវឌ្ឍន៍សមត្ថភាពក្នុងការផលិត ការធ្វើបច្ចុប្បន្នភាព និងការចែកចាយផែនទីនាវាចរណ៍អេឡិចត្រូនិក ដើម្បីបង្កើនសុវត្ថិភាពក្នុងការធ្វើនាវាចរណ៍។

លោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតី និងហត្ថលេខីក្នុងពិធីចុះហត្ថលេខា លើកំណត់ត្រានៃការពិភាក្សា សម្រាប់គម្រោងអភិវឌ្ឍន៍សមត្ថភាព ក្នុងការផលិត ការធ្វើបច្ចុប្បន្នភាព និងការចែកចាយផែនទីនាវាចរណ៍អេឡិចត្រូនិក ដើម្បីបង្កើនសុវត្ថិភាពក្នុងការធ្វើនាវាចរណ៍ ជាមួយ លោក SANUI Kazumasa ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា (JICA)និងមានការចូលរួមពីមន្រ្តីពាក់ព័ន្ធ។

ពីធីចុះហត្ថលេខានេះត្រូវបានធ្វើឡើង ក្នុងបំណងបង្កើតកិច្ចព្រមព្រៀងទៅវិញទៅមក សម្រាប់ការអនុវត្តគម្រោងដោយភាគីទាំងពីរ និងឯកភាពលើផែនការលម្អិត នៃគម្រោងដូចមានចែងនៅក្នុងឯកសារ និងឧបសម្ព័ន្ធនានា ដែលនឹងត្រូវអនុវត្តន៍ ក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេស ដែលបានចុះហត្ថលេខានាពេលកន្លងមក។ គោលបំណងនៃគម្រោងនេះ គឺដើម្បីធានាឱ្យមានការធ្វើបច្ចុប្បន្នភាពផែនទីនាវាចរណ៍អេឡិចត្រូនិក (ENCs) ប្រកបដោយភាពត្រឹមត្រូវ តាមរយៈការលើកកម្ពស់សមត្ថភាព របស់មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លើការផលិត ការធ្វើបច្ចុប្បន្នភាព និងការបោះពុម្ពផ្សាយផែនទីទាំងនោះ។

លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលជប៉ុន ចំពោះការបន្តគាំទ្រដល់វិស័យដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែរបស់កម្ពុជា។ ទន្ទឹមនឹងនេះ ដើម្បីធានាថាគម្រោងនេះផ្តល់អត្ថប្រយោជន៍យូរអង្វែង លោកបានស្នើសុំឱ្យក្រុមការងារបច្ចេកទេសផ្តោតលើអាទិភាពចំនួនបី៖ ១.ពង្រឹងការសម្របសម្រួលរវាងស្ថាប័នពាក់ព័ន្ធ ២. បង្កើនសមត្ថភាពមន្ត្រីជំនាញបច្ចេកទេសរបស់កម្ពុជា និង ៣. គោរពតាមស្តង់ដាអន្តរជាតិពាក់ព័ន្ធ៕

វិស័យឯកជន​កំពុង​ផ្តោត​​លើ​ការ​ទាញ​យក​ឱកាសវិនិយោគ​ និង​ការ​កៀរ​គរមូលធន​តាម​រយៈ​ទីផ្សារ​មូលបត្រ​

ដោយៈ ចំណាន

ភ្នំពេញៈ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន សម្រាប់កម្ពុជា បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាគន្លឹះក្នុងសិក្ខាសាលាស្តីពីទស្សនវិស័យ វិនិយោគនៅកម្ពុជា ក្រោមប្រធានបទ “ការទាញយកឱកាសវិនិយោគ និងការកៀរគរមូលធនតាមរយៈទីផ្សារមូលបត្រ”។

សិក្ខាសាលានេះត្រូវបានរៀបចំឡើង នៅរាជធានីភ្នំពេញ ដោយស្ថាប័នធានាឥណទាន និងវិនិយោគ(CGIF) សហការជាមួយនិយ័តករមូលបត្រកម្ពុជា និងសាជីវកម្មធានាឥណទានកម្ពុជា ក្នុងគោលបំណងបង្កើនការយល់ដឹង និងកសាងសមត្ថភាពដល់តួអង្គទីផ្សារពាក់ព័ន្ធនឹងការបោះផ្សាយលក់ សញ្ញាបណ្ណដែលមានការធានា ព្រមទាំងសម្រួលកិច្ចសន្ទនារវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីស្វែងរកគំរូហិរញ្ញប្បទានប្រកបដោយភាពច្នៃប្រឌិត និងជំរុញការអភិវឌ្ឍទីផ្សារសញ្ញាបណ្ណប្រាក់រៀលនៅកម្ពុជា។

អង្គសិក្ខាសាលាក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (SERC) លោកស្រី Noriko Nasu អគ្គនាយិកាប្រតិបត្តិ នៃស្ថាប័នធានាឥណទាននិងវិនិយោគ (CGIF) ព្រមទាំងតំណាងក្រសួង-ស្ថាប័នរដ្ឋ និយ័តករ វិនិយោគិន ថ្នាក់ដឹកនាំធុរកិច្ច និងគ្រឹះស្ថានហិរញ្ញវត្ថុជាតិ និងអន្តរជាតិជាច្រើនរូបផងដែរ។

ថ្លែងក្នុងឱកាសនោះ អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់ពីភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ដែលបន្តរក្សាកំណើនក្នុងរង្វង់៥% ដល់ ៦% ក្នុងសម័យកាលក្រោយជំងឺកូវីដ-១៩។ ទន្ទឹមនឹងការរំពឹងទុកថាកម្ពុជានឹងចាកចេញ ពីរង្វង់ប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ទៅជាប្រទេសដែលមានចំណូលមធ្យម។

អ្នកឧកញ៉ាប្រធានបានលើកឡើងថា កម្ពុជាចាំបាច់ត្រូវរៀបចំខ្លួនឆ្លងឲ្យផុតពីការប្រមូលទុនតាមបែបប្រពៃណី និងការពឹងផ្អែកលើជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ដោយត្រូវងាកមកពង្រឹងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុក្នុងស្រុក និងជំរុញការអភិវឌ្ឍទីផ្សារសញ្ញាបណ្ណប្រាក់រៀល (Khmer Riel Bond Market)។

អ្នកឧកញ៉ាបន្ថែមទៀតថា ការអភិវឌ្ឍទីផ្សារសញ្ញាបណ្ណប្រាក់រៀល គឺជាដំណោះស្រាយដ៏ប្រសើរសម្រាប់ក្រុមហ៊ុន និងសហគ្រាសក្នុងស្រុកក្នុងការប្រមូលទុន សម្រាប់ពង្រីកខ្សែច្រវាក់ផ្គត់ផ្គង់ និងហេដ្ឋារចនាសម្ព័ន្ធបៃតង ដោយពុំបាត់បង់សិទ្ធិគ្រប់គ្រង ឬភាពជាម្ចាស់កម្មសិទ្ធិលើក្រុមហ៊ុនឡើយ។

បន្ថែមពីនេះការពង្រីកទីផ្សារសញ្ញាបណ្ណ ទាំងក្នុងវិស័យរដ្ឋ និងឯកជន គឺជាកត្តាស្នូលក្នុងការជួយជំរុញគោលនយោបាយ លើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល កាត់បន្ថយសម្ពាធពីហានិភ័យអត្រាប្តូរប្រាក់បរទេស និងពង្រឹងអធិបតេយ្យភាពសេដ្ឋកិច្ចជាតិ។

អ្នកឧកញ៉ាគិត ម៉េង បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យប្រើប្រាស់យន្តការ “វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន” (G-PSF) ដើម្បីសហការឱ្យបានជិតស្និទ្ធ ជាមួយសភាពាណិជ្ជកម្មកម្ពុជា ក្នុងការរៀបចំគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្ត សំដៅប្រែក្លាយប្រាក់សន្សំទៅជាប្រភពទុន អភិវឌ្ឍន៍ជាតិប្រកបដោយចីរភាព៕

ខ្លឹមសារ​នៃ​គម្រោង​ចូលរួម​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ជប៉ុន​នៅ​កម្ពុជា​ត្រូវ​បាន​បើក​បង្ហាញ​

ដោយៈ ចំណាន

   ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា បានចែករំលែកព័ត៌មានសំខាន់ៗទាក់ទងនឹងគម្រោងជំនួយរបស់ជប៉ុនលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅកម្ពុជា។

ក្នុងជំនួបផ្តល់ខ្លឹមសារជាមួយសាស្រ្តាចារ្យ និងក្រុមនិស្សិតជប៉ុន ដែលបានមកសិក្សាស្រាវជ្រាវនៅកម្ពុជា លោកវ៉ាស៊ីម សូរិយា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានបើកបង្ហាញពី ព័ត៌មានលើចំណុចសំខាន់ៗក្រោមហិរញ្ញប្បទានសម្បទាន និងជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលបានដើរតួនាទីស្តារលើកស្ទួយសេដ្ឋកិច្ច សង្គមកម្ពុជា។

គម្រោងទាំងនោះរួមមាន៖ (១) វឌ្ឍនភាពនៃការអភិវឌ្ឍរបៀងសេដ្ឋកិច្ចភាគខាងត្បូង (Southern Economic Corridors-SEC) តាមរយៈការតភ្ជាប់សរសៃឈាម សេដ្ឋកិច្ចរបស់កម្ពុជា អំពីការចូលរួមវិនិយោគ ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការ និងការវិនិយោគផ្នែកឯកជនពីប្រទេសជប៉ុន ការសាងសង់ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៥ និងស្ពានត្សឹបាសា (អ្នកលឿង) ការវិនិយោគតំបន់សេដ្ឋកិច្ចពិសេស​SEZ ។

(២) ការរួមចំណែកដោះស្រាយបញ្ហាប្រឈម នៅតាមបណ្ដាច្រកទ្វារព្រំដែនអន្តរជាតិសំខាន់ៗរបស់កម្ពុជា ជាមួយប្រទេសជិតខាង ដោយរៀបចំនូវយុទ្ធសាស្ត្រ កាត់បន្ថយការកកស្ទះ នៅច្រកទ្វារអន្តរជាតិសំខាន់ៗ (បាវិត និងប៉ោយប៉ែត)​ តាមរយៈការរៀបចំទីលានចតរថយន្ត និងមជ្ឈមណ្ឌលភស្តុភារកម្ម (៣) វឌ្ឍនភាពនៃអនុវត្តគម្រោង CLIP, CLIP2 និង SF-CLIP/CLIP3 ដោយបានផ្ដល់ជាយុទ្ធសាស្ត្រ និងអនុសាសន៍សម្រាប់សម្រួលលំហូរ បែបបទគយនិងអន្តោប្រវេសន៍ ការជំរុញបើកដំណើរការ និងការគាំទ្ររត់សាកល្បងនូវប្រតិបត្តិការដឹកជញ្ជូនឆ្លងកាត់ ច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀន និងការសិក្សាការសិក្សាស្វែងរកទីតាំងបន្ថែម ការបំពាក់កាមេរ៉ាបច្ចេកវិទ្យា AI តាមដានលំហូរចរាចរណ៍ និងការសិក្សាដម្បីកែសម្រួលនិងធ្វោះអោយប្រសើឡើង នីតិវិធីជម្រះបែបបទ និងឯកសារយានយន្តនិងទំនិញ ឆ្លងកាត់ព្រំដែន។

(៤) ការពង្រីកកិច្ចសហការក្នុងតំបន់ តាមរយៈការដកស្រង់បទពិសោធន៍ពីប្រទេសជិតខាង និងប្រទេសកំពុងអភិវឌ្ឍផ្សេងទៀត ដើម្បីប្រែក្លាយរបៀងដឹកជញ្ជូនរបស់កម្ពុជា ទៅជារបៀងសេដ្ឋកិច្ចពេញលេញ សំដៅកាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងទាក់ទាញការវិនិយោគបន្ថែមមកកាន់កម្ពុជា៕

សណ្ឋាគារ​ដ៏ធំមួយ​ក្រោមកិច្ច​សហការរវាង​ក្រុមហ៊ុនអាល្លឺម៉ង់​ និង OCIC បើក​ដំណើរ​ការ​នៅ​កម្ពុជា​

ដោយៈ គង់ សូរិយា

   ភ្នំពេញៈ ជាដំណឹងដ៏រីករាយមួយ ដែលក្រុមហ៊ុនOCIC និងក្រុមហ៊ុនអាឡឺម៉ង់ Tui Hotels & Resorts បានបើកដំណើរការសណ្ឋាគារដ៏ធំទី៣របស់ខ្លួននៅកម្ពុជា TUI Suneo Olympia Phnom Penh ដើម្បីឆ្លើយតប កំណើនភ្ញៀវទេសចររបស់ក្រុមហ៊ុនពីទ្វីបអឺរ៉ុប និងជុំវិញពិភពលោក។

លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមជាគណៈអធិបតី និងថ្លែងសុន្ទរកថាអបអរសាទរក្នុងពិធីបើកសម្ពោធជាផ្លូវការសណ្ឋាគារ TUI Suneo Olympia Phnom Penh ដែលជាការបើកដំណើរការម៉ាក TUI Suneo ជាលើកដំបូងនៅកម្ពុជា និងជាការពង្រីកវត្តមានបន្ថែមទៀត របស់ក្រុមហ៊ុនអាឡឺម៉ង់ TUI Hotels & Resorts នៅកម្ពុជា បន្ទាប់ពីជោគជ័យលើគំរោងរបស់ខ្លួននៅខេត្តព្រះសីហនុ និងសៀមរាប។

ពិធីនេះ មានការអញ្ជើញចូលរួមពីលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ឧកញ៉ាវេជ្ជបណ្ឌិត លឹម លីណា អនុប្រធានក្រុមហ៊ុន OCIC, លោក Artur Gerber នាយកប្រតិបត្តិ TUI Hotels & Resorts អ្នកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុនខេមបូឌា អ៊ែរផត អ៉ីនវេសមិន ឯ.ក (CAIC) ព្រមទាំងថ្នាក់ដឹកនាំក្រសួងទេសចរណ៍ តំណាងវិស័យឯកជន ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិសរុបប្រមាណ១០០រូប។

ក្នុងឱកាសនេះដែរ លោករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់លើការសម្រេចបណ្តាក់ទុនដ៏ច្រើន របស់ក្រុមហ៊ុនទេសចរណ៍ដ៏ធំមួយ នៅក្នុងពិភពលោកនៅកម្ពុជា និងសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះ TUI Hotels & Resorts ចំពោះការបើកសម្ពោធសណ្ឋាគារTUI Suneo Olympia Phnom Penh ដែលជាសណ្ឋាគារដ៏ធំទី៣ របស់ក្រុមហ៊ុន TUI Hotels & Resorts នៅកម្ពុជា បន្ទាប់ពីការបើកដំណើរការ TUI Blue Sihanoukville នៅខេត្តព្រះសីហនុ និង TUI Blue Angkor Grace នៅខេត្តសៀមរាប។

លោករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ថា “ការពង្រីកវត្តមានរបស់ក្រុមហ៊ុនទេសចរណ៍ TUI Blue នៅកម្ពុជា ពិតជារួមចំណែកដ៏សកម្ម ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ជាពិសេសកក្នុងវិស័យសេវាកម្មស្នាក់នៅ (សណ្ឋាគារ) ក៏ដូចផ្តល់នូវការងារផ្ទាល់នៅហ្នឹងកន្លែង ដល់ប្រជាជនកម្ពុជារាប់ពាន់នាក់នៅទីតាំងទាំង៣របស់ក្រុមហ៊ុន”។

លោកបន្ថែមថា “ការសម្រេចចិត្តបើកសណ្ឋាគារថ្មីនេះ គឺការសម្រេចចិត្តដ៏ត្រឹមត្រូវ និងចំឱកាសមាស ដោយហេតុថាប្រទេសកម្ពុជាជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលប្រទេសនិយាយភាសាបារាំង លើកទី២០ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ ហើយក្រសួងទេសចរណ៍ ត្រូវបានចាត់តាំងរៀបចំកម្មវិធីអម “ភូមិហ្រ្វង់កូហ្វនី” ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ នៅសួនច្បារវត្តបទុម ដែលមានការចូលរួមពីប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ថ្នាក់ដឹកនាំអង្គការអន្តរជាតិធំៗ ជាង៩០ប្រទេសពីគ្រប់ទ្វីបនៃពិភពលោក និងថ្នាក់ដឹកនាំវិស័យឯកជនរាប់ពាន់ក្រុមហ៊ុនផងដែរ៕

ក្រុមមន្រ្តី​អន្តរ​ក្រសួង​ប្រជុំ​អន្តរក្រសួង-ស្ថាប័ន ​ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​ការស្នើសុំ ​កិច្ច​គាំទ្រ​ជាពិសេស ​សម្រាប់​គម្រោង​វិនិយោគ​

ដោយៈ ចំណាន

   ភ្នំពេញៈ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ដឹកនាំកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន ដើម្បីពិនិត្យពិភាក្សាលើការស្នើសុំ កិច្ចគាំទ្រជាពិសេស សម្រាប់គម្រោងវិនិយោគ ការពង្រីកគម្រោងវិនិយោគបច្ចេកវិទ្យាស្នូលរបស់ក្រុមហ៊ុនអន្តរជាតិ ក្នុងវិស័យកម្មន្តសាលបច្ចេកវិទ្យានារសៀល ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០២៦។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និង តំណាងជាន់ខ្ពស់មកពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍, ក្រសួងរ៉ែ និង ថាមពល, អាជ្ញារធរអគ្គិសនីកម្ពុជា, អគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អគ្គនាយកដ្ឋានគោលនយោ​បាយ និងលេខាធិការដ្ឋានក្រុមការងារអភិវឌ្ឍវិស័យឯកជន អមដោយមន្រ្តីជំនាញពាក់ព័ន្ធ។

ក្នុងឱកាសនោះ លោកបណ្ឌិតសភាចារ្យហ៊ាន សាហ៊ីប បានគូសរំលេចថា រាជរដ្ឋាភិបាលកម្ពុជាតែងយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាបរិយាកាសវិនិយោគ និងបន្តគាំទ្រដល់ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន រហូតឱ្យឈានទៅសម្រេចការពង្រីកទុន វិនិយោគបន្ថែមរបស់ក្រុមហ៊ុន ។

លោកបញ្ជាក់ថា “ការណ៍នេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់អំពីទំនុកចិត្តដ៏មុតមាំរបស់ក្រុមហ៊ុននេះ មកលើស្ថិរភាពនយោបាយ និង ភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចកម្ពុជា” ។

អង្គប្រជុំបានវាយតម្លៃខ្ពស់ ចំពោះគម្រោងវិនិយោគថ្មីនេះ ដែលត្រូវបានចាត់ទុកជា “បច្ចេកវិទ្យាស្នូល (Core Technology) និងជាការបោះជំហានជាប្រវត្តិសាស្ត្រថ្មីមួយទៀត ក្នុងការអភិវឌ្ឍវិស័យឧស្សា​ហកម្មកម្ពុជា។

គម្រោងនេះ នឹងចូលរួមចំណែកយ៉ាងធំធេងក្នុងការជំរុញការអភិ​វឌ្ឍសេដ្ឋកិច្ចតំបន់ ការបង្កើតការងារជំនាញរាប់ពាន់កន្លែង, ការផ្ទេរបច្ចេកវិទ្យាទំនើប និងការធ្វើសមាហរណកម្មខ្សែ ច្រវាក់ផលិតកម្មរបស់កម្ពុជា ទៅក្នុងខ្សែច្រវាក់តម្លៃសកល (Global Value Chain)ឲ្យកាន់តែមានភាពប្រកួតប្រជែងនៅក្នុងតំបន់ ។

តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ បានធ្វើការពិភាក្សាយ៉ាងផុសផុល ទៅលើសំណូមពរ និង ការស្នើសុំកិច្ចគាំទ្រនានារបស់ក្រុមហ៊ុន ដែលទាមទារ ឱ្យមានការសម្របសម្រួលផ្នែកនីតិវិធីរដ្ឋបាល ហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់កញ្ចប់លើកទឹកចិត្តវិនិយោគ។ ឈរលើស្មារតីគាំទ្រធុរកិច្ច (Pro-business) អង្គប្រជុំបានបង្ហាញនូវជំហរទន់ភ្លន់ និង ត្រៀមខ្លួនជាស្រេចក្នុងការស្វែងរកដំណោះស្រាយ ប្រកបដោយភាពបត់បែន ដើម្បីផ្តល់នូវការធានា និង ទំនុកចិត្តកម្រិតអតិបរមាជូនក្រុមហ៊ុន ក្នុងការសម្រេចចិត្តបោះទុនវិនិយោគនៅកម្ពុជា ដោយក្តីជឿជាក់។

កិច្ចប្រជុំនេះ បានបញ្ចប់ទៅក្នុងបរិយាកាសស្និទ្ធស្នាល និង ប្រក​បដោយផ្លែផ្កា ដោយតំណាងអន្តរក្រសួង-ស្ថាប័ន បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការស្ថាប័ន សំដៅធានាថាការស្រូបយកខ្សែច្រវាក់ ផលិតកម្មបច្ចេកវិទ្យាទំនើបពីក្រុមហ៊ុនអន្តរជាតិ អាចប្រព្រឹត្តទៅដោយរលូន ដែលនឹងក្លាយជាចលករក្នុងការជំរុញឱ្យកម្ពុជា អាចធ្វើសមាហរណកម្មកាន់តែប្រសើរ ទៅក្នុងខ្សែច្រវាក់តម្លៃតំបន់ និងសកល សំដៅរួមចំណែកដល់ការអភិវឌ្ឍវិស័យឧស្សាហកម្ម និងសេដ្ឋកិច្ចកម្ពុជា៕

បណ្តាវិនិយោគិនអចលនទ្រព្យសកលមើលឃើញសញ្ញានៃការងើបឡើងវិញនៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ JLL បានឱ្យដឹងថា វិនិយោគិនអន្តរជាតិដែលបានមើលឃើញសញ្ញានៃការងើបឡើងវិញដំបូងនៅក្នុងទីផ្សារការិយាល័យ និងលក់រាយនៅចិនដីគោក នឹងចាប់ផ្តើមធ្វើការទិញ ខណៈក្តីបារម្ភអំពីការផ្គត់ផ្គង់លើសតម្រូវការត្រូវបានកាត់បន្ថយ។

លោក Stuart Crow នាយកប្រតិបត្តិផ្នែកទីផ្សារមូលធនប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន JLL បានលើកឡើងថា អ្នកវិនិយោគបរទេសនឹងងាកមកចាប់អារម្មណ៍លើទីផ្សារអចលនទ្រព្យនៅចិនដីគោកវិញ ខណៈការផ្គត់ផ្គង់ថ្មីត្រូវបានស្រូបយកដោយតម្រូវការប្រើប្រាស់ថ្មី។

ទីផ្សារអចលនទ្រព្យពាណិជ្ជកម្មរបស់ប្រទេសចិនកំពុងបង្ហាញសញ្ញានៃការងើបឡើងវិញនៅដំណាក់កាលដំបូង ខណៈដែលការផ្គត់ផ្គង់ថ្មី និងតម្រូវការកំពុងមានតុល្យភាពកាន់តែប្រសើរឡើង។

ទោះជាយ៉ាងណា វិនិយោគិនធំៗដូចជាមូលនិធិអចលនទ្រព្យ និងក្រុមហ៊ុនធានារ៉ាប់រង នឹងត្រឡប់មកវិញលុះត្រាតែអចលនទ្រព្យពាណិជ្ជកម្មអាចបង្កើតប្រាក់ចំណូលពីការជួលបានគ្រប់គ្រាន់។

ការលក់អចលនទ្រព្យបានកើនឡើងយ៉ាងខ្លាំងនៅក្នុងទីក្រុងសៀងហៃ និងប៉េកាំងក្នុងឆមាសទីមួយនៃឆ្នាំ ២០២៦។ ក្រុមហ៊ុនក្នុងស្រុក និងវិនិយោគិនដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភបានទិញការិយាល័យ និងសណ្ឋាគារ ដោយសារពួកគេរំពឹងថាថ្លៃលក់នឹងធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងពេលឆាប់ៗនេះ។

នៅទីក្រុងសៀងហៃ តម្លៃការិយាល័យបានធ្លាក់ចុះពី ៣០% ទៅ ៤០% ពីកម្រិតខ្ពស់បំផុតដែលបង្កើតឱកាសសម្រាប់វិនិយោគិនក្នុងការទិញអចលនទ្រព្យក្នុងតម្លៃទាបជាងមុន។

ក្រុមហ៊ុន JLL លើកឡើងថា មានក្តីសង្ឃឹមសម្រាប់ការងើបឡើងវិញ ជាពិសេសសម្រាប់អគារការិយាល័យដែលមានគុណភាពខ្ពស់បំផុត។

ការិយាល័យលំដាប់ A (Grade A) ត្រូវបានគេរំពឹងថានឹងងើបឡើងវិញលឿនជាងការិយាល័យដែលមានគុណភាពទាប។
នៅទីក្រុងសៀងហៃ តម្លៃជួលការិយាល័យលំដាប់ A កម្រិតខ្ពស់ (premium) មានស្ថិរភាព និងចាប់ផ្តើមងើបឡើងវិញនៅក្នុងឆ្នាំ ២០២៦។

នៅក្នុងត្រីមាសទី ២ ឆ្នាំ ២០២៦ ការិយាល័យកម្រិតខ្ពស់ (premium) មានតម្លៃជួលជាមធ្យម ៨,៥ យ័នក្នុងមួយម៉ែត្រការ៉េក្នុងមួយថ្ងៃ បើធៀបនឹង ៦ យ័នក្នុងមួយម៉ែត្រការ៉េក្នុងមួយថ្ងៃសម្រាប់ការិយាល័យលំដាប់ A ទូទៅ៕

ទ្រព្យ​សកម្ម​បាន​កើន​ឡើង​ដល់​ប្រមាណ​៩០០០​លាន​ដុល្លារ​

ដោយៈ និស្ស័យ

   ភ្នំពេញៈ ទ្រព្យសកម្មសរុបរបស់វិស័យហិរញ្ញវត្ថុ មិនមែនធនាគារ បានកើនឡើងពីប្រមាណ៣ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២១ ដល់ប្រមាណជាង៩ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៥ ស្មើនឹងប្រមាណ១៨% នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស.)។

ព័ត៌មាននេះត្រូវបានបង្ហាញ ក្នុងវេទិកាផ្សព្វផ្សាយសមិទ្ធផលអាណត្តិទី១ របស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងសន្និសីទមូលបត្រប្រចាំឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអ្នកឧកញ៉ាគិត ម៉េងប្រធានសភាពាណិជ្ជកម្មកម្ពុជា និងក្រុមមន្រ្តី ព្រមទាំងថ្នាក់ដឹកនាំមកពីស្ថាប័ន សមាគ​មអធុរកិច្ចនានាជាច្រើន។

វិស័យនេះបានបង្កើតការងារ និងការអភិវឌ្ឍមូលធនមនុស្ស ចំនួ​នការងារក្នុងវិស័យនេះ បានកើនពីប្រមាណ៨ពាន់នាក់ ក្នុងឆ្នាំ២០២១ ដល់ប្រមាណ១៦ពាន់នាក់ក្នុងឆ្នាំ២០២៥ ពោលគឺកើនឡើងទ្វេដងក្នុងរយៈពេល៥ឆ្នាំ។

កំណើននេះ បានឆ្លុះបញ្ចាំងពីការរីកលូតលាស់ ជាបន្តបន្ទាប់របស់វិស័យហិរញ្ញវត្ថុមិនមែនធនាគារ ក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច និងការវិនិយោគ ព្រមទាំងចូលរួមជំរុញការអភិវឌ្ឍសង្គម -សេដ្ឋកិច្ចជាតិជារួម៕

 

តម្លៃខុនដូប្រភេទទី២ នៅទីក្រុងតូក្យូរបស់ជប៉ុនធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេលជាងពីរឆ្នាំ

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃខុនដូប្រភេទទី២ នៅទីក្រុងតូក្យូនៃប្រទេសជប៉ុនបានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេលជាងពីរឆ្នាំកាលពីខែសីហា ខណៈការកើនឡើងនៃអត្រាការប្រាក់កម្ចីទិញផ្ទះ បានធ្វើឱ្យអ្នកទិញមានការប្រុងប្រយ័ត្នជាងមុន។

តម្លៃខុនដូជាមធ្យមបានធ្លាក់ចុះ ០,២% បើធៀបនឹងខែកក្កដា មកនៅត្រឹម ១១២,៧៤ លានយ៉េន (ប្រហែល ៧១៤.០០០ ដុល្លារអាមេរិក)។ នេះជាការធ្លាក់ចុះប្រចាំខែលើកដំបូងក្នុងរយៈពេល ២៨ ខែ។

តម្លៃខុនដូបានចាប់ផ្តើមធ្លាក់ចុះរួចទៅហើយនៅក្នុងតំបន់កណ្តាលទីក្រុងតូក្យូ ហើយសភាពចុះខ្សោយនេះកំពុងតែរាលដាលទៅកាន់តំបន់ផ្សេងទៀត។

ការកើនឡើងនៃអត្រាការប្រាក់នៅក្នុងប្រទេសជប៉ុន កំពុងធ្វើឱ្យការខ្ចីប្រាក់ទិញផ្ទះត្រូវចំណាយលើការបង់អត្រាការប្រាក់កាន់តែខ្ពស់ ដែលជាហេតុធ្វើឱ្យតម្រូវការផ្ទះមានការថយចុះ។

ទីភ្នាក់ងារសេវាកម្មហិរញ្ញវត្ថុរបស់ប្រទេសជប៉ុន ក៏កំពុងបង្កើនការត្រួតពិនិត្យលើការផ្តល់ប្រាក់កម្ចីសម្រាប់វិស័យអចលនទ្រព្យផងដែរ ដោយសារមានការព្រួយបារម្ភថា តម្លៃអចលនទ្រព្យនៅទីក្រុងតូក្យូបានកើនឡើងខ្ពស់ពេក ដែលផ្នែកមួយបណ្តាលមកពីសកម្មភាពរបស់វិនិយោគិនក្នុងស្រុក និងបរទេស។

ក្រុមអ្នកវិភាគរំពឹងថា តម្លៃអចលនទ្រព្យនៅតំបន់កណ្តាលទីក្រុងតូក្យូនឹងបន្តធ្លាក់ចុះរហូតដល់ចុងឆ្នាំ ២០២៦ ហើយនិន្នាការស្រដៀងគ្នានេះនឹងរាលដាលទៅកាន់តំបន់ជុំវិញផងដែរ

នៅក្នុងសង្កាត់ទាំង ៦ នៅកណ្តាលទីក្រុងតូក្យូ តម្លៃខុនដូបានធ្លាក់ចុះ ០,៧% នៅក្នុងខែសីហា ដែលនេះជាការធ្លាក់ចុះប្រចាំខែជាលើកទី ៤ ជាប់ៗគ្នា។ តម្លៃទាំងនេះត្រូវបានគណនាដោយផ្អែកលើខុនដូស្តង់ដារដែលមានទំហំ ៧០ ម៉ែត្រការ៉េ៕

តើ​តម្លៃមាស​នឹង​បន្ត​ធ្លាក់ចុះ ​ជា​ឱកាស​វិនិយោគ​? ឬ​ត្រូវ​រង់​ចាំ ​បន្តិច​សិន​?​

ដោយៈ ចំណាន

   អន្តរជាតិៈ ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ តម្លៃមាស ភាពពិសេសនៃភាពខ្លាំង និងការដាំក្បាលចុះគួរឲ្យឈឺក្បាលបន្តិចសម្រាប់វិ​និយោគិន។

នៅក្នុងដំណាក់កាលនៃរយៈពេលពី៣ ទៅ៥ឆ្នាំ មាសអាចទទួលបានផលល្អ ពីតម្រូវការបន្តសម្រាប់ការវិនិយោគទុន បង្កើតផែនការមិនច្បាស់លាស់នៃសេដ្ឋកិច្ច លទ្ធភាពទទួលបាន។

ទស្សនវិស័យតម្លៃមាសឆ្នាំ ២០២៦–២០៣០៖ គួរទិញឥឡូវនេះ ឬរង់ចាំ? តម្លៃមាសអាចបន្តធ្លាក់ចុះក្នុងរយៈពេលខ្លី ទោះបីជាទស្សនវិស័យរយៈពេលវែងរបស់វា នៅតែមានភាពវិជ្ជមានក៏ដោយ។

សំណួរដ៏សំខាន់គឺថា តើការធ្លាក់ចុះនាពេលថ្មីៗនេះគ្រាន់តែជាការកែតម្រូវតម្លៃជាបណ្ដោះអាសន្ន ឬជាការចាប់ផ្តើមនៃការធ្លាក់ចុះក្នុងរយៈពេលយូរ? យុទ្ធសាស្ត្ររបស់អ្នកជំនាញ គឺមិនគួរវិនិយោគប្រាក់ទាំងអស់របស់អ្នកក្នុងពេលតែមួយនោះទេ។

វាជាការល្អ ក្នុងការពិនិត្យមើលមូលហេតុនៃការធ្លាក់ចុះ និងរក្សាទុកសាច់ប្រាក់ខ្លះសម្រាប់ប្រើប្រាស់ ជាជាងព្យាយាមស្មានរកចំណុចទាបបំផុតនៃតម្លៃ។

មានរយៈពេលបីផ្សេងគ្នាដែលត្រូវពិចារណា៖ ប៉ុន្មានសប្តាហ៍ខាងមុខ គឺតម្លៃមាសអាចនឹងនៅតែមានភាពប្រែប្រួលខ្លាំង និងអាចធ្លាក់ចុះបន្ថែមទៀត។

រយៈពេល៦ ទៅ១២ ខែខាងមុខ៖ ទិសដៅនៃតម្លៃនឹងអាស្រ័យលើអត្រាការប្រាក់ ប្រាក់ដុល្លារអាមេរិក អត្រាអតិផរណាការទិញមា​សដោយធនាគារកណ្តាល និងតម្រូវការរបស់អ្នកវិនិយោគ។

រយៈពេល៣៥ឆ្នាំខាងមុខ៖ មាសអាចទទួលបានផលល្អពីតម្រូវការបន្តសម្រាប់ទ្រព្យសកម្មទុនបម្រុង និងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ច ប៉ុន្តែការធ្លាក់ចុះបន្ថែមទៀតក៏អាចកើតឡើងបានដែរ៕