ADBត្រៀមថវិកា១,៤៧ពាន់លានដុល្លារអាមេរិកសម្រាប់កម្ពុជា ស្ដារសេដ្ឋកិច្ចឡើងវិញ

     ដោយៈកុសមា

ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)នៅថ្ងៃនេះបានប្រកាសពីការត្រៀមកញ្ចប់ថវិកាជាតិជិត១៥០០លានដុល្លារ ដើម្បីជួយកម្ពុជាស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិ។

តាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី នៅថ្ងៃទី៦ មេសា ២០២២នេះ ដើម្បីជួយកម្ពុជាក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញពីវិបត្តិកូវីដ១៩ ធនាគារអភិវឌ្ឍន៍អាស៊ី បានត្រៀមថវិកាសម្រាប់កម្ពុជា ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៥ ក្នុងទំហំទឹកប្រាក់រហូតដល់១,៤៧ពាន់លានដុល្លារអាមេរិក។

ក្នុងសេចក្ដីប្រកាសក៏បានឱ្យដឹងផងដែរថា បច្ចុប្បន្ន ADB កំពុងអនុវត្តន៍ គម្រោងវិនិយោគចំនួន២,៣ពាន់លានដុល្លារនៅកម្ពុជា ។ សម្រាប់ឆ្នាំ ២០២១ ADB បានអនុម័តផ្តល់ប្រាក់កម្ចី និងជំនួយឥតសំណងចំនួន ៣២៧,១លានដុល្លារ ហើយបានកៀគរថវិកាបន្ថែមចំនួន៥លានដុល្លារ តាមរយៈសហហិរញ្ញប្បទានសម្រាប់ប្រទេសកម្ពុជា។

សេចក្ដីប្រកាសបង្ហាញថា ថវិការបស់ ADB ដែលត្រៀមសម្រាប់កម្ពុជាក្នុងឆ្នាំ ២០២២-២០២៥ រួមមានកម្ចីសម្បទានចំនួន ១,៤៤ ពាន់លានដុល្លារអាមេរិក និងជំនួយឥតសំណងចំនួន៣៧ លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការងើប ឡើងវិញពីជំងឺរាតត្បាតកូវីដ១៩ ។

ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើតឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះត្រូវបានគ្រប់គ្រងដោយសមាជិកចំនួន៦៨ ប្រទេស ដែលក្នុងនោះមាន៤៩ប្រទេស មកពីតំបន់ខាងលើនេះ៕

លោកហ៊ុន ម៉ានីៈថ្ងៃនេះខេត្តកំពង់ស្ពឺទទួលបានសមិទ្ធផលថ្មីរហូតដល់ទៅ២ទីតាំង

ដោយៈ ម៉ាលីនណា

        កំពង់ស្ពឺៈ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ លោកហ៊ុន ម៉ានីបានថ្លែងថា ក្នុងពេលតែមួយរួមមាន អគារសម្ភព និងរោគស្ត្រី នៃមន្ទីរពទ្យបង្អែកខេត្តកំពង់ស្ពឺ និងអគារអន្តេវាសិក នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ។

លោកហ៊ុន ម៉ានីបានលើកឡើងក្នុងបណ្តាញទំនាក់ទំនងសង្គមនាព្រឹកថ្ងៃទី៦ មេសានេះថា “ខ្ញុំសូមរំឭកបន្តិចពីប្រវត្តិ ដែលនាំឲ្យមានការសាងសង់អគារទាំង២នេះ។ កាលនោះផ្ដើមចេញពីការចុះជួបសំណេះសំណាល របស់ខ្ញុំជាមួយលោក  លោកស្រីវេជ្ជបណ្ឌិត និងមន្ត្រីបុគ្គលិកនៃមន្ទីរពេទ្យបង្អែកខេត្តកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨”។

លោកបន្តថា ពេលនោះតាមរយៈរបាយការណ៍ របស់លោកប្រធានមន្ទីរពេទ្យបង្អែក និងការចុះពិនិត្យជាក់ស្តែងដល់អគារសម្ភព បានឲ្យឃើញថាជាមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ពិតជាមានការខ្វះខាតជាផ្នែកសម្ភពពិតប្រាកដមែន ជាពិសេសបន្ទប់រង់ចាំសម្រាល និងក្រោយសម្រាល។ លើសពីនេះទៅទៀតនោះគឺ បន្ទប់វះកាត់សម្រាល ត្រូវបានដាក់រួមគ្នាជាមួយនឹងបន្ទប់វះកាត់ទូទៅ។

លើសពីនេះទៅទៀត ដោយសារទីធ្លាអគារសម្ភពទាំងមូល មានលក្ខណៈតូចចង្អៀត ដាក់គ្រែក៏បានតិច ហើយបងប្អូនប្រជាពលរដ្ឋយើង មកទទួលសេវាផ្នែកសម្ភពនេះកាន់តែច្រើន ដែលជាហេតុនាំឲ្យពិបាករកទីកន្លែងសមរម្យសម្រាប់អង្គុយរង់ចាំ។

លោកហ៊ុន ម៉ានីបានបន្តថា ឆ្លើយតបទៅនឹងបញ្ហាទាំងអស់នេះ ក្រុមការងារ ក៏បានខិតខំស្វះស្វែងកៀរគរប្រភពថវិកា ដើម្បីចូលរួមឆ្លើយតបជាមួយតម្រូវការដ៏ចាំបាច់របស់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះដែរ ចំពោះមូលហេតុនៃការកសាងអគារអន្តេវាសិក នៅក្នុងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានកើតចេញពីការជួបសំណេះសំណាល និងពិនិត្យការរៀន និងបង្រៀន នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ ក្នុងឱកាសនៃទិវារំលឹកគុណគ្រូ កាលពីថ្ងៃ០៥ ខែតុលា ឆ្នាំ២០១៧។

លោកបន្តថា “ខ្ញុំទទួលបានសំណូមពរពីគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សនៃមជ្ឈមណ្ឌលនេះ ដើម្បីសាងសង់អគារស្នាក់នៅសម្រាប់គ្រូ និងសិស្សដែលមានជីវភាពខ្វះខាត រៀនសូត្រជំនាញបច្ចេកទេសវិជ្ជាជីវៈ”។

តាមរយៈការពិនិត្យជាក់ស្ដែងនៅទីតាំង យើងពិតជាឃើញមានការលំបាកមួយចំនួន សម្រាប់ការស្នាក់នៅរបស់គ្រូ និងសិស្ស ដោយហេតុថាអគារ ដែលមានស្រាប់មានសភាពទ្រុឌទ្រោម។ឆ្លើយតបជាមួយនឹងសំណូមពរ រួមទាំងសមិទ្ធកម្មជាក់ស្តែង ទើបមានការលេចរូបរាងថ្មីនៃអគារអន្តេ​វាសិក​ស្របតាមតម្រូវការចាំបាច់ទាំងអស់នោះ។

ក្នុងនាមជាតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមអបអរសាទរជាមួយមន្ត្រីបុគ្គលិក សុខាភិបាល លោកប្រធានមន្ទីរពេទ្យបង្អែកខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្ស នៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ រួមទាំងបងប្អូនប្រជាពលរដ្ឋ ដែលបានទទួលនូវសមិទ្ធផលថ្មីពីរបន្ថែមទៀត សម្រាប់បម្រើឲ្យសេចក្ដីត្រូវការនៅក្នុងមន្ទីរពេទ្យ ក៏ដូចជា មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋយើងនៅក្នុងក្របខ័ណ្ឌ ខេត្តកំពង់ស្ពឺនិយាយជារួម និងនិយាយដោយឡែកសម្រាប់ក្រុមអ្នកក្រុងច្បារមនរបស់យើង៕

វិភាគៈសម្តេចតេជោៈ តារារះនៅទិសឧត្តរ”​ ទស្សនទាននិងសក្តានុពលអ្វីខ្លះ កំពុងមាននៅតំបន់នេះ?

      ដោយៈសុផារី

        តំបន់ឧត្តរទិសៈ បន្ទាប់ពីប្រសិទ្ឋនាមតារារៈនាទិសនារតី សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រសិទ្ឋនាមតំបន់ថ្មីមួយទៀតជា “តារារះនាទិសឧត្តរ” ដែលផ្នែកខ្លះនាំតំបន់នៅលង់លក់នៅឡើយ។

ប៉ុន្តែព្រះអាទិត្យថ្មី ចាប់ផ្តើមរះនៅតំបន់នេះហើយ ដែលតំបន់នេះភាគ​ច្រើនបានបង្កប់នូវដោយធនធានធម្មជាតិ វប្បធ៌ម ប្រវត្តិសាស្រ្ត ពិសេសសំណង់ប្រាសាទដ៏មានតម្លៃ និងជាសម្បត្តិបេតិកភ័ណ្ឌមនុស្សជាតិ បន្ទាប់ពីប្រាសាទព្រះវិហារ ប្រាសាទសម្បូរព្រៃគុក ត្រូវបានចុះក្នុងបញ្ជីរបេតិកភ័ណ្ឌវប្បធ៌មរបស់អង្គការយូណេស្កូុជាបន្តបន្ទាប់។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងក្នុងពិធីចុះពិនិត្យដំណើរកាេសាងសង់ ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប កា​លពីថ្ងៃទី៣ មេសា ដោយប្រសិទ្ឋនាមតំបន់ភាគខាងជើងបប្រទេសជា “តារារះនាទិសឧត្តរ” ដែលតំបន់នេះនឹងគ្របដណ្តប់ លើខេត្តកំពង់ធំ សៀមរាប ឧត្តរមានជ័យ និងផ្នែកខ្លះនៃខេត្តព្រះវិហារ។

ទស្សនទានសេដ្ឋកិច្ចពីអ្នកវិភាគ

        ការរីកចម្រើន នៃសេដ្ឋកិច្ចសង្គមរបស់តំបន់ណាមួយ វាផ្អែកលើទីតាំងភូមិសាស្រ្ត សក្តានុពលនៅមូលដ្ឋាននានា និងកត្តាប្រជាសាស្រ្ត ហេដ្ឋារចនាសម្ព័ន្ឋផងដែរ។

លោក​បណ្ឌិត​ ហុង វណ្ណៈ អ្នក​ជំនាញ​សេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា​​ បាន​មាន​ប្រសាសន៍ថា​ ខេត្តសៀមរាបជាខេត្តមួយ ដែលមានសក្តានុពលទេសចរណ៍វប្បធម៌ ប្រវត្តិសាស្រ្ត ជាយូរមកហើយ។ ការចង្អុលបង្ហាញទិសរបស់សម្តេចតេជោ មិនមែនត្រឹមតែសំដៅទៅលើប៉ូលខេត្តសៀមរាបមួយនោះទេ ប៉ុន្តែក៏សំដៅដល់តំបន់ជុំវិញ ដែលមានភាពពាក់ព័ន្ធ មានខេត្តព្រះវិហារ ប៉ូលសេដ្ឋកិច្ចនានាជាប់បឹងទន្លេសាប តំបន់ចុងឃ្នាស ជាដើម។

លោក​បណ្ឌិត​បន្តថា “កាលពីមុនសេដ្ឋកិច្ចរបស់ខេត្តមួយនេះ មួយផ្នែកធំពឹងផ្អែកលើវិស័យទេសចរណ៍ ទាំងចំណូលផ្ទាល់និងប្រយោល ព្រមទាំងបាន​ផ្តល់ការងារយ៉ាងច្រើនដល់ប្រជាពលរដ្ឋកម្ពុជា”។

ការប្រសិទ្ធិនាមថ្មីដល់ខេត្តសៀមរាប និងបណ្តាខេត្តនៅជុំវវិញ គឺចង់បង្ហាញថាតំបន់នេះ នឹងមានសក្តានុពលដូចកាលពីមុនអញ្ចឹង ដោយសារតែកន្លងមក ឥទ្ធិពលនៃជំងឺរាតត្បាតបានជះឥទ្ធិពល ដល់ចំណូលក្នុងវិស័យទេសចរណ៍ពីមួយឆ្នាំទៅមួយឆ្នាំ ឱ្យ​មានការធ្លាក់ចុះយ៉ាងគំហុក សឹងតែដល់សូន្យ ជាពិសេសលើអាជីវកម្មសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងអាជីវកម្មពាក់ព័ន្ធនឹងទេសចរណ៍។

លោក​បណ្ឌិតហុង វណ្ណៈបានបន្តថា “សម្តេចមានប្រសាសន៍នេះ ជាក្តីរំពឹងរបស់លោកគិតថា ស្ថានភាពកូវីដរបស់កម្ពុជាក៏បានថមថយ ស្របពេលការបើកប្រទេស និងការបន្ធូរបន្ថយលក្ខខណ្ឌទេសចរណ៍ ដើម្បីធ្វើឱ្យមានសកម្មភាពទេសចរណ៍បរទេស មកទស្សនានៅកម្ពុជា​ជាប្រក្រតីបណ្តើរៗវិញ”។

លោក​បណ្ឌិតបន្តថា វិស័យទេសចរណ៍នៅ​ក្នុង​ខេត្ត​សៀមរាប ព្រះវិហារ កំពង់ធំ ឧត្តរមានជ័យ ជា​ចលករ​សំខាន់​បំផុត​ ដែល​បានជំរុញដល់​វិស័យផ្សេងៗទៀតជា​ច្រើន ដូចជា វិស័យសំណង់ វិស័យអចលនទ្រព្យ វិស័យធនាគារ ជាដើមឱ្យ​ដំណើរ​ការ​ទៅ​​ដោយ​រលូន​។ ​

លោកយល់ថា “ការរំពឹងរបស់ប្រមុខរាជរដ្ឋាភិបាល លើការប្រសិទ្ធិនាមថ្មីនេះ គឺរំពឹងថាចរន្តសេដ្ឋកិច្ចរបស់ខេត្តសៀមរាប នឹងវិលត្រឡប់មកប្រក្រតីវិញនៅក្នុងរយៈពេល២ទៅ៣ឆ្នាំខាងមុខនេះ”។

សក្តានុពលវិស័យអចលនទ្រព្យ

        ក្នុងចំណោមបណ្តាខេត្តនៅភូមិភាគឧត្តរ ខេត្តសៀមរាបមានភាពលេចធ្លោជាងគេ លើការអភិវឌ្ឍវិស័យអចលនទ្រព្យ ដោយបច្ចុប្បន្នមានសំណង់បុរីធំៗ មានខុនដូ អាផាតម៉ិន រមណីយដ្ឋានកែច្នៃជាដើម ប៉ុន្តែខេត្តដទៃទៀតដូចជាកំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ ល្បឿននៃការអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅមានកម្រិត។

 

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បាន​មាន​ប្រសាសន៍ថា ការប្រសិទ្ធិនាមជាចំណុចចាប់ផ្តើមនៃការទាក់ទាញវិនិយោគិន នាំឱ្យវិនិយោគិនស្គាល់ច្រើន ដើម្បីសម្រេចចិត្តក្នុងការធ្វើការវិនិយោគឬទេ។

លោក​បញ្ជាក់ថា “ការប្រសិទ្ធិនាម “តារារះនៅទិសឧត្តរ”​ ប្រៀបដូចជា Brand (ស្លាកយីហោ) ឱ្យខេត្តសៀមរាប។ ឈ្មោះដែលចាប់អារម្មណ៍ ជាចំណុច ចាប់ផ្តើមនាំឱ្យមានការនិយាយអំពីខេត្តច្រើន ការចង់ឬមិនចង់វិនិយោគជាចំណុចបន្ទាប់”។

យ៉ាងណាក្តី លោកប្រធាន​សមាគម​​យល់​​ឃើញ​ថា ការប្រសិទ្ធិនាមល្អ​និង​ងាយ​ស្រួល​ក្នុង​ការ​ចងចាំ​នេះ ជាចំណុចចាប់ផ្តើមនៃការទាក់ទាញចំណា​ប់អារម្មណ៍របស់សាធារណជន និងអ្នកវិនិយោគផងដែរ​។

ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​ខេត្ត​សៀមរាប និងបណ្តាខេត្តជុំវិញឱ្យ​ស័ក្តិសម​នឹង​ឈ្មោះ​ដ៏​អស្ចារ្យ​ លោក​សុខនីម​បាន​មាន​ប្រសាសន៍​ថា ការ​កសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធជា​កត្តា​ចំបាច់ ​និង​សារទរ​ចំពោះ​ខេត្ត​ទេសចរណ៍​មួយ​នេះ។

លោក​បាន​មាន​ប្រសាសន៍ថា “ការសាងសង់ខ្សែក្រវាត់ ឬហេដ្ឋារចនាសម្ព័ន្ធផ្លូវនានា ជាការផ្តល់នូវភាពងាយស្រួលក្នុងការធ្វើដំណើរ សម្រាប់ប្រជាជននៅក្នុងខេត្ត និងគាំទ្រនូវវិស័យទេសចរណ៍នាពេលអនាគត ក្រោយពេលកូវីដបានបញ្ចប់ទៅ”។ លោកបន្តថា “ហេដ្ឋារចនាសម្ព័ន្ធ ដែលបានបញ្ចប់ និងដាក់ឱ្យដំណើរការរួចរាល់ ជាសញ្ញានៃការទទួលបាន និងប្រសិទ្ធភាពនៃកិច្ចការងារគាំទ្រដល់វិស័យទេសចរណ៍ និងការដឹកជញ្ជូន។ ជាពិសេស វាជាយន្តការនៃការអភិវឌ្ឍ និងមុខមាត់ប្រទេសកម្ពុជាផងដែរ”។

ជាអ្នកមានមូលដ្ឋាននៅខេត្តសៀមរាប និងកំពុងវិនិយោគលើវិស័យអចលនទ្រព្យ លោក កែវ សុធារ៉ា នាយកប្រតិបត្តិ KW សៀមរាប បានមានប្រសាសន៍ថា ការលើកឡើងរបស់សម្តេចតេជោ ដែលចាត់ទុកខេត្តសៀមរាបជា “តារារះនៅទិសឧត្តរ” នឹងក្លាយជាចំនុចទាក់ទាញមួយដ៏អស្ចា   រ្យ ដោយសារនេះ​សរ​បញ្ជាក់ថា រដ្ឋាភិបាលរបស់យើងបានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការប្រែមុខមាត់ខេត្តសៀមរាប ឱ្យ​កាន់តែប្រសើរឡើង ក្នុងចំណោមខេត្ត សក្តានុពលដទៃទៀតរបស់ប្រទេសកម្ពុជាយើង។

វិស័យទេសចរណ៍

        ព្រះវិហារ កំពង់ធំ ឧត្តរមានជ័យ សុទ្ឋតែមានភាពលេចធ្លោ និងសក្តានុពលផ្សេងៗគ្នា ក្នុងវិស័យទេសចរណ៍ គ្រាន់តែអ្វីសំខាន់តើរដ្ឋាភិបាល និងវិស័យឯកជន បានទាញយកមកប្រើប្រាស់ឲ្យអស់លទ្ឋភាព នូវធនធានទាំងនោះហើយឬនៅ?។

ជាអ្នកជំនាញទេសចរណ៍ជើងចាស់មួយរួប លោក ហូ វណ្ឌី ទីប្រឹក្សាសមាគម​ទីភ្នាក់​ងារ​ទេសចរណ៍​កម្ពុជា​​ បានលើកឡើងថា “បើ​និយាយពី​តំបន់​នេះ ក្រុងអង្គរ ដែលប្រមូលផ្តុំនូវប្រាង្គប្រាសាទជាប្រព័ន្ធ និងជាសួនឧទ្យានប្រវត្តិសាស្រ្តដ៏ធំអស្ចារ្យមួយ ក្នុងពិភពលោកទាំងមូល។

លោកបន្តថា “មិនមានប្រទេសណាមួយ ដែលមានប្រាង្គប្រាសាទពោរពេញទៅដោយសួនឧទ្យាន ដែល​អជ្ញាធរអប្សរាបានកំណត់យុទ្ធសាស្ត្រវែងឆ្ងាយប្រកបដោយនិរន្តរភាព ក្នុងការទាក់ទាញភ្ញៀវទេសចរបែបវប្បធម៌”។​

លោកបន្តថា ជាការពិតណាស់ ប្រទេសកម្ពុជា ជាពិសេសប្រាង្គប្រាសាទបុរាណទាំងឡាយនៃក្រុងអង្គរ ត្រូវបានបណ្ដាញសារព័ត៌មាន និងបណ្ដាញផ្សព្វផ្សាយនានា ក្នុងពិភពលោកបានកោតសរសើរស្ញប់ស្ញែង និងផ្តល់តម្លៃនិងគុណតម្លៃ ដែលមិនអាចកាត់ថ្លៃបាន។

លោក​បញ្ជាក់ថា “តារារះនាទិសឧត្តរ”  គឺជាប្រសិទ្ធិនាមថ្មីរបស់ខេត្តសៀមរាប និងបណ្តាខេត្តជុំវិញ ដែលជាទាក់ទាញភ្ញៀវទេសចរទូទាំងពិភពលោក មកឈ្វេងយល់ពីកម្ពុជា”។

លោកវណ្ឌីមានប្រសាសន៍បន្ថែម​ថា ស្ថានភាពនៃវិស័យទេសចរណ៍នៅក្នុងឆ្នាំ២០២២នេះ មានសភាពល្អប្រសើរជាងកាលពីឆ្នាំ២០២០ និង២០២១ ដែលរងផលប៉ះពាល់ពីការលុកលុយ នៃមេរោគកូវីដ១៩កន្លងមក។ លោកសង្ឃឹមថា ចាប់ពីពេលនេះតទៅ អាជីវកររកស៊ីនៅក្នុងវិស័យទេស​ចរណ៍ និងបដិសណ្ឋារកិច្ច នឹងមានក្តីសង្ឃឹមច្រើនជាងឆ្នាំទៅ។

ជាមួយគ្នានេះ លោក បេ តៃសែ ប្រធានស្ដីទីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអាជ្ញាធរជាតិសំបូរព្រៃគុក បាន​លើកឡើង​ថា ​បើ​និយាយ​ពី​តំបន់​ឧត្តរ​ ខេត្ត​សំខាន់​ៗ ​ដែល​មា​នសក្តានុពល​ទេសចរណ៍​ខ្លាំង ​បំផុតមាន​ចំនួន​៤ គឺ​ ​ខេត្ត​សៀមរាប ខេត្ត​កំពង់​ធំ​ ឧត្តរមានជ័យ និង​ខេត្ត​ព្រះ​វិហារ​។

ខេត្ត​ទាំង​បី​នេះ​ មាន​តំបន់ទេសចរណ៍​ទាក់ទាញ​ភ្ញៀវ​ជាតិ ​និង​អន្តរជាតិជាច្រើន​។​​​ នៅ​ក្នុង​ខេត្ត​សៀមរាប​មាន​ ប្រាសាទ​អង្គរវត្ត​ ប្រាង្គ​ប្រាសាទ​បុរាណ​នានា​ ដែល​មាន​អាយុ​រាប់​ពាន់​ឆ្នាំ​មក​ហើយ​ និង​មាន​កេរ្តិ៍​ឈ្មោះ​​ល្បី​ល្បាញ​ខ្លាំង។​ ក្រៅ​ពី​សម្បត្តិ​បុរាណ ក៏​មាន​ការ​បង្កើត​​​តំបន់ទេសចរណ៍​កែច្នៃជា​ច្រើន​ផងដែរ​។​​ ​ចំណែកខេត្ត​កំពង់​ធំ​ក៏​មាន​​ ប្រាសាទ​សំបូរព្រៃ​គុក ដែ​លត្រូវ​បាន​ដាក់​ជា​សម្បត្តិ​​បេតិកភណ្ឌ​ពិភពលោកកាលពី​ឆ្នាំ​២០១៧។​

សម្រាប់​ខេត្ត​ព្រះ​វិហារ មាន​ប្រាសាទ​​ព្រះ​វិហារ ដែល​ត្រូវបាន​ដាក់​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក នៅ​ក្នុង​ឆ្នាំ​២០០៨​ ​ និង​​ប្រាសាទ​ព្រះ​ខ័ន ដែល​កំពុង​ត្រូវ​បាន​រៀបចំ​ ដាក់​ចូល​​​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ​និង​ប្រាសាទ​កោះកេរ ដែល​បាន​ស្នើ​ដាក់ចូល​​ជា​សម្បត្តិ​ បេតិកភណ្ឌ​ពិភពលោកផងដែរ​។​​​

លោកបន្តថា ក្រៅពីនេះ​ តំបន់បឹង​ទន្លេ​សាប​ក៏​ជា​តំបន់ ​ដែល​មាន​សក្តានុពល​ខ្ពស់ ​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​មក​ទស្សនាកំសាន្ត​ នៅ​ក្នុង​តំបន់ផងដែរ​។​

លើសពីអ្វីដែលអ្នកជំនាញលើកឡើង តារារះនាទិសនារតី ជាអ្វីដែលប្រសិទ្ឋនាមដោយសម្តេចតេជោ គឺមានន័យលើសពីនេះ គឺរាជរដ្ឋាភិបាល នឹងរៀបចំផែនការ គោលនយោបាយថ្មីៗបន្ថែមទៀត ដើម្បីពង្រីកសក្តានុពលលើបណ្តាខេត្តទាំងនេះ ដើម្បីជម្រុញការរីកចម្រើនសេដ្ឋ​កិច្ច សង្គម ពិសេសការធ្វើយ៉ាងណា ឲ្យល្បាយនៃការអភិវឌ្ឍន៍ ឬការវិនិយោគ​បានសាយភាយទៅគ្រប់ទិសទីនៃប្រទេស តាមរយៈការវិភាជន៍ថវិកាជាតិ ដើម្បីកសាងនូវមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ឋ កសាងនិងពង្រឹងនូវសក្តានុពល និងទាញយកធនធាន ដែលមានស្រាប់យកមកប្រើប្រាស់ ឲ្យអស់សក្តានុពល និងកសាងមូលដ្ឋានសេដ្ឋកិច្ច សម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋាន ពិសេសតំបន់ឆ្ងាយៗខិតកាន់តែកៀកនឹងទីក្រុង និងពង្រីកនូវល្បឿននៃការអភិវឌ្្ឍន៍ឲ្យបានគ្រប់ទិសទី។

តារារះៈនាទិសនារតី បាននិងកំពុងរះហើយ ប៉ុន្តែតារារះនាទិសឧត្តរ” ក៏បាននិងកំពុងរៀបចំបញ្ចេញពន្លឺផងដែរ ដើម្បីស្នាមញញឹម សុខមាលភាព​និងវិបុលភាព របស់ប្រជាពលរដ្ឋនាពេលអនាគត ដែលមើលឃើញនូវពន្លឺឺដ៏ត្រចះត្រចង់មួយ៕

ការសិក្សា: បំណុលរបស់រដ្ឋាភិបាលទូទាំងពិភពលោកនឹងហក់ឡើងខ្ពស់រហូតដល់ជិត១០ភាគរយក្នុងឆ្នាំនេះ

ដោយៈសុខុម

ក្រុងឡុងដ៍: ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មដ៏ធំរបស់អង់គ្លេស Janus Henderson បានចេញរបាយការណ៍មួយកាលពីថ្ងៃទី៥ ខែមេសាថា បំណុលរបស់រដ្ឋាភិបាលទូទាំងពិភពលោក អាចនឹងហក់ឡើង៩,៥%នៅឆ្នាំនេះ ឈានដល់៧១,១ទ្រីលានដុល្លារអាមេរិក មិនធ្លាប់មាន ដែលនាំមុខដោយសហរដ្ឋអាមេរិក ជប៉ុន និងមហាយក្សចិន។

យោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃពុធ ទី៦ ខែមេសា នេះឱ្យដឹងថា រដ្ឋាភិបាលទូទាំងពិភពលោក បានបង្កើនការខ្ចីប្រាក់ចាប់តាំងពីវិបត្តិកូវីដ-១៩ បានផ្ទុះឡើងកាលពី២ឆ្នាំមុន នៅពេលពួកគេព្យាយាមការពារសេដ្ឋកិច្ចរបស់ខ្លួនពីការដួលរលំ។

ក្រុមហ៊ុន Janus Henderson និយាយថា ការបង្កើនការខ្ចីប្រាក់នោះ បានធ្វើឱ្យបំណុលរបស់រដ្ឋាភិបាល ទូទាំងពិភពលោកកើនឡើងខ្ពស់មិនធ្លាប់មាន រហូតដល់៦៥,៤ទ្រីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១ បើធៀបនឹង៥២,២ទ្រីលានដុល្លារអាមេរិក ក្នុងខែមករា ឆ្នាំ២០២០។ ក្នុងនោះដែរ បំណុលរបស់ប្រទេសចិន បានកើនឡើងលឿនបំផុត និងច្រើនបំផុតគិតជាសាច់ប្រាក់ ដោយកើនឡើង១ភាគ៥ ឬ៦៤០ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំមុន។

ក្នុងចំណោមសេដ្ឋកិច្ចអភិវឌ្ឍន៍ធំៗ បំណុលរបស់ប្រទេសអាល្លឺម៉ង់ បានកើនឡើងច្រើនបំផុតគិតជាភាគរយ ដោយបានកើនឡើង១៥% ដែលស្ទើតែទ្វេដង បើគិតពីល្បឿនជាមធ្យមរបស់ពិភពលោក។

យោងតាមក្រុមហ៊ុន Janus Henderson ឱ្យដឹងថា បំណុលរបស់រដ្ឋាភិបាលទូទាំងពិភពលោក បានកើនឡើងគុណនឹង៣ក្នុង     រយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ។

របាយការណ៍សិក្សារបស់ក្រុមហ៊ុន Janus Henderson បង្ហាញថា ការងើបឡើងយ៉ាងរឹងមាំនៃសេដ្ឋកិច្ចពិភពលោក បានធ្វើឱ្យអនុបាតបំណុលធៀបនឹង GDP ទូទាំងពិភពលោកមានភាពប្រសើរឡើង មកនៅត្រឹម៨០,៧%ក្នុងឆ្នាំ២០២១ បើធៀបនឹង៨៧,៥%ក្នុងឆ្នាំ២០២០។

ទោះជាយ៉ាងណា ពេលនេះការចំណាយលើបំណុល អាចនឹងកើនឡើងយ៉ាងខ្លាំង ដោយក្រុមហ៊ុន Janus Henderson ប៉ាន់ប្រមាណថា បន្ទុកការប្រាក់នៅទូទាំងពិភពលោក នឹងកើនឡើងជិត១៥%ឈានដល់១,១៦ទ្រីលានដុល្លារអាមេរិកក្នុងឆ្នាំ២០២២នេះ៕ Reuters៕

ការសិក្សាថ្មីៈការផ្គត់ផ្គង់ខុនដូក្នុងត្រីមាសទី១សម្រេចបាន៥ភាគរយ តិចជាងការរំពឹងទុក

      ដោយៈវឌ្ឍនៈ

        ភ្នំពេញៈ ការផ្គត់ផ្គង់ខុនដូក្នុងទីផ្សារ នៃប្រទេសកម្ពុជាក្នុងរយៈពេល១ត្រីមាសដំបូងនៃឆ្នាំ២០២២នេះ សម្រេចបានត្រឹមតែ៥ភាគរយប៉ុណ្ណោះ នៃការរំពឹងទុកក្នុងឆ្នាំ២០២២ទាំងមូល ។ នេះបើតាមសិក្សារបស់ក្រុមហ៊ុនអន្តរជាតិប្រចាំកម្ពុជា CBRE Cambodia ។

យោងតាមរបាយការណ៍ និងការសិក្សារបស់ក្រុមហ៊ុនCBRE Cambodia ប្រចាំត្រីមាសទី១ឆ្នាំនេះ និងបានផ្សព្វផ្សាយចេញនាព្រឹកថ្ងៃទី៦ មេសានេះបានឱ្យដឹងថា ក្នុងឆ្នាំ២០២២ទាំងមូល ករផ្គត់ផ្គង់ខុនដូនៅលើទីផ្សារប្រទេសកម្ពុជារំពឹងថា នឹងមានចំនួនជាង១៣,០០០ពាន់យូនីត ហើយមកដល់ពេលនេះ ការផ្គត់ផ្គង់នៅមានចំនួនតិចតួចនៅឡើយ ។

អ្នកនាងជិន ច័ន្ទដាលុច្ស ប្រធានផ្នែកវាយតម្លៃ នៃក្រុមហ៊ុនCBRE Cambodia បានមានប្រសាសន៍ឲ្យដឹងថា បញ្ហាប្រឈមសម្រាប់ឆ្នាំ២០២២នេះ នៅតែមានសម្រាប់ទីផ្សារខុនដូប្រទេសកម្ពុជា ។ ដោយសារតែទីផ្សារខុនដូនៅកម្ពុជា នៅតែរំពឹងលើភ្ញៀវជាជនបរទេស ហើយរហូតមកដល់ពេលនេះ ជនបរទេសចូលមកកម្ពុជានៅតែបន្តធ្លាក់ចុះ ទើបធ្វើឱ្យវិស័យខុនដូនៅកម្ពុជាមិនទាន់អាចងើបឡើងវិញបានល្អប្រសើរ ។

អ្នកនាងបន្តថា ដូចយើងបានឃើញជាក់ស្ដែងហើយ អ្នកទិញខុនដូនៅកម្ពុជា មួយចំនួនធំគឺជាភ្ញៀវបរទេស ក្នុងនោះដែរភ្ញៀវចិនជាភ្ញៀវសំខាន់មួយ ក្នុងការទិញខុនដូនៅក្នុងប្រទេស ហើយមកដល់ពេលនេះហើយ ភ្ញៀវជនជាតិចិននៅតែបន្តធ្លាក់ចុះ និងមានចំនួនតិចតួចប៉ុណ្ណោះដែលមកដល់កម្ពុជា។

ជាមួយគ្នានេះ អ្នកនាងគឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនអចលនទ្រព្យCBRE Cambodia ក៏បានឱ្យដឹងផងដែរថា ដោយសារតែបញ្ហាប្រឈមទាំងនេះ ធ្វើឱ្យតម្លៃខុនដូរបស់គម្រោងមួយចំនួន បានធ្លាក់ចុះជាបន្តបន្ទាប់ ហើយវានៅទ្រឹងក្នុងឆ្នាំ២០២២នេះ ។

អ្នកនាងបន្តថា ដោយសារតែសកម្មភាពទិញលក់ខុនដូ នៅក្នុងត្រីមាសទី១នៃឆ្នាំ២០២២នេះបន្តធ្លាក់ចុះ ជាមួយតម្លៃក៏ធ្លាក់ដែរនោះ ទើបធ្វើ  ឱ្យគម្រោងខុនដូ ដែលយើងរំពឹងថានឹងសម្រេចបានជាង១៣ពាន់យូនីត នោះបានតែជាង៥ភាគរយប៉ុណ្ណោះ ហើយក្នុងឆ្នាំ២០២២ទាំងនេះខុនដូដែលគ្រោងនឹងបញ្ចប់ក៏អាចនឹងបន្តយឺតយ៉ាវដដែល៕

ADB ព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាកើនឡើង៥,៣ក្នុងឆ្នាំ២០២២និងឆ្នាំក្រោយ កើនឡើង៦,៥ភាគរយ

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២នេះ ឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងកើនឡើង៥,៣% នៅឆ្នាំ២០២២ និង៦,៥% នៅឆ្នាំ២០២៣ ដោយសារកំណើននៃការនាំចេញទំនិញ និងលំហូរវិនិយោគផ្ទាល់ពីបរទេស។

នាយកស្តីទីប្រចាំប្រទេសកម្ពុជារបស់ ADB លោក Anthony Gill បានមានប្រសាសន៍ថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបានងើបឡើងវិញដល់ប្រមាណ៣,0% ក្នុងឆ្នាំ២០២១ បន្ទាប់ពីបានធ្លាក់ចុះ ៣,១% ក្នុងឆ្នាំ២០២០។

លោកបន្ថែមថា រាជរដ្ឋាភិបាលបានអនុវត្តគោលនយោបាយនានា ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃកូវីដ១៩ មកលើអាជីវកម្ម និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ និងគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញ។ ការចាក់វ៉ាក់សាំងបានយ៉ាងទូលំទូលាយប្រឆាំងនឹងកូវីដ១៩បានអនុញ្ញាតឱ្យកម្ពុជាបើកព្រំដែនរបស់ខ្លួនឡើងវិញសម្រាប់ពាណិជ្ជកម្ម និងទេសចរណ៍ ដែលនាំទៅរកការរំពឹងទុកវិជ្ជមាននៃកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំនេះ និងឆ្នាំ២០២៣។
យោងតាមរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ឆ្នាំ២០២២ ផលិតកម្មឧស្សាហកម្មត្រូវបានរំពឹងថានឹងកើនឡើង៨,១% នៅឆ្នាំ២០២២ និង៩,១% ក្នុងឆ្នាំ២០២៣។ កំណើននេះក៏នឹងត្រូវបានជំរុញដោយការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូប ដែលមានគោលបំណងបង្កើនការប្រកួតប្រជែងនៅក្នុងផ្នែកនេះ។

របាយការណ៍ដដែលថា ការនាំចេញទំនិញ និងសេវាកម្មត្រូវបានព្យាករថានឹងកើនឡើងនៅឆ្នាំ២០២២ និង២០២៣ ដោយសារកំណើនតម្រូវការក្រៅស្រុកលើផលិតផលកម្ពុជា ព្រមជាមួយនឹងការងើបឡើងវិញជាបណ្តើរៗនៃវិស័យទេសចរណ៍។

វិស័យសេវាកម្មត្រូវបានព្យាករថានឹងងើបឡើងវិញនៅកម្រិត៤,៨%នៅឆ្នាំនេះ និងកើនដល់៦,៨%ក្នុងឆ្នាំ ២០២៣។ ការបើកសេដ្ឋកិច្ចឡើងវិញ និងការចាក់ថ្នាំបង្ការទូលំទូលាយប្រឆាំងនឹងកូវីដ១៩នឹងធ្វើឱ្យមានការងើបឡើងវិញបន្តិចម្តងៗនៃវិស័យទេសចរណ៍ ដែលនឹងជួយគាំទ្រតម្រូវការនៃកន្លែងស្នាក់នៅ ម្ហូបអាហារ ការដឹកជញ្ជូន និងសេវាកម្មផ្ទាល់ផ្សេងទៀត។

របាយការណ៍នេះអំពាវនាវឱ្យកម្ពុជាធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន ដើម្បីជំរុញកំណើនប្រកបដោយចីរភាព។ លោក Anthony Gill បានមានប្រសាសន៍ថា “ការបង្កើនពាណិជ្ជកម្ម និងទេសចរណ៍តែមួយមុខនឹងមិនគ្រប់គ្រាន់ ដើម្បីជួយកម្ពុជាឱ្យមាននិរន្តរភាពកំណើនសេដ្ឋកិច្ចខ្ពស់នោះទេ។ ប្រទេសកម្ពុជាដែលធ្លាប់តែផ្តោតលើការផលិត និងការនាំចេញសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងស្បែកជើង អាចទទួលបានអត្ថប្រយោជន៍ពីការធ្វើពិពិធកម្មនៃឧស្សាហកម្មធុនស្រាល ដូចជា កង់ គ្រឿងបន្លាស់ អេឡិចត្រូនិច និង ផលិតផលខ្សែភ្លើងជាដើម។ ការធ្វើពិពិធកម្មនេះនឹងធ្វើឱ្យសេដ្ឋកិច្ចមានភាពធន់នឹង វិបត្តិនានានៃតម្រូវការក្រៅស្រុក”៕

កាន់តែធំជាងមុន! ពិព័រណ៍អចលនទ្រព្យបានត្រលប់មកវិញហើយ!!!

ដោយ៖​ សហការី

ភ្នំពេញ៖ នេះជាលើក២​ហើយដែលក្រុមហ៊ុន360 Events បានធ្វើពិព័រណ៍នេះឡើង ក្នុងគោលបំណងលើកកម្ពស់វិស័យអចលនទ្រព្យនៅប្រទេសកម្ពុជា។

ពិព័រណ៍អចលនទ្រព្យនេះ នឹងត្រូវធ្វើឡើងក្នុងរយៈពេល២ថ្ងៃ

  • នៅថ្ងៃទី០៩ ដល់​ទី១០ ខែមេសា​​​ ឆ្នាំ២០២២
  • វេលាម៉ោង១០​ព្រឹក ដល់ម៉ោង៩យប់
  • នៅផ្សារទំនើបអុីអនភ្នំពេញ (អុីអន​១)​ ជាន់ផ្ទាល់ដី


លេាកអ្នកអាច ទស្សនាការដាក់បង្ហាញអចលនទ្រព្យចំនួនជិត ៣០ គម្រោងក្នុងថ្ងៃតែមួយ! ជាមួយនឹងការបញ្ចុះតម្លៃដ៏អស្ចារ្យ! តំលៃអចលនទ្រព្យចាប់ពី ២០០០០ ដុល្លារ! ព្រមទាំង ការផ្ដល់ជូនពត័មានលំអិតទាក់ទងនឹងគម្រោងអចលនទ្រព្យនីមួយៗ ពីក្រុមហ៊ុនល្បីៗដូចជា​

  • Oversea Cambodia Investment Corporation (OCIC)
  • Hanuman Real Estate
  • Sokha Real Estate
  • PropNex
  • Axis Residence
  • Sky 31
  • Urban Living Solutions (ULS)
  • ភូមិផ្កាត្រកួន
  • Creed/ Borey Arata
  • La Vista One
  • The Parkway
  • Borey ChanCastle

លើសពីនេះ អ្នកចូលរួមទស្សនានឹងទទួលបានការបញ្ជុះតម្លៃដែលមិនធ្លាប់មានពីមុនមក។

កាន់តែពិសេសជាងនេះទៅទៀត​ កម្មវិធីនេះក៏មានការសម្ដែង​ឆៃយ៉ាំ​ និងរបាំត្រុដិ​ ដើម្បីប្រារពពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិផងដែរ ក៏ដូចជា ការលេងហ្គេមយករង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់៣០០រង្វាន់។

សម្រាប់ពត័មានបន្ថែមសូមចូលតំណរតេឡេក្រាមគ្រុបនេះ៖​ http://bit.ly/PropertyTalk36

ទំនាក់ទំនងអ្នករៀបចំកម្មវិធី៖ ០១២ ៣០២ ៣៨២ / ០១០ ៥១៤ ១៤៣

សម្រាប់បច្ចុប្បន្នភាពបន្ថែម សូមចូលមើលតាមប្រព័ន្ធផ្សព្វផ្សាយរបស់យើងខ្ញុំដូចជា៖

ទំព័រហ្វេសប៊ុក៖ https://www.facebook.com/360ads.events



គម្រោងផ្លូវល្បឿនលឿនរបស់ប្រទេសឡាវជិតក្លាយជាការពិតហើយ

ដោយៈសុខុម

វៀងចន្ទន៍: គម្រោងផ្លូវល្បឿនលឿនមួយខ្សែ តភ្ជាប់រដ្ឋធានីវៀងច័ន្ទន៍ ជាមួយខេត្ត Houaphanh កាន់តែខិតជិតក្លាយជាការពិតហើយ បន្ទាប់ពីការសិក្សាសមិទ្ធលទ្ធភាព សម្រាប់គម្រោងនេះត្រូវបានប្រកាសកាលពីថ្ងៃច័ន្ទ ទី៤ ខែមេសា។

ពិធីចុះហត្ថលេខាមួយ ត្រូវបានធ្វើឡើងនៅរដ្ឋធានីវៀងចន្ទន៍ សម្រាប់ការសិក្សាសមិទ្ធលទ្ធភាព សម្រាប់គម្រោងនេះរវាងរដ្ឋាភិបាលឡាវ ក្រុមហ៊ុន Nana Chin Sole Co. Ltd និងក្រុមហ៊ុន Big Brother 456។

ពិធីចុះហត្ថលេខានេះ មានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីក្រសួងផែន​ការ និងវិនិយោគ Khamchanh Vongsenboun អនុរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន Ngampasom Meuangmany និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត។

លោកស្រី Nanthale Saysena ប្រធានក្រុមហ៊ុន Nana Chin Company និងលោក Niyom Chanthamountry ប្រធានក្រុមហ៊ុន Big Brother 456 ក៏បានអញ្ជើញចូលរួម ក្នុងពិធីចុះហត្ថលេខានេះផងដែរ។

គម្រោងផ្លូវល្បឿនលឿនក្រុងវៀងច័ន្ទន៍-ខេត្ត Houaphanh (Vientiane-Houaphanh Expressway) នេះនឹងត្រូវអនុវត្តជា៣ដំណាក់កាល ដោយដំណាក់កាលទី១ តភ្ជាប់សង្កាត់ Xaythany ឆ្ពោះទៅស្រុក Anouvong ក្នុងខេត្ត Xaysomboun។

ដំណាក់កាលទី២ នឹងលាតសន្ធឹងពីខេត្ត Xaysomboun ឆ្ពោះទៅស្រុក Pek ក្នុងខេត្ត Xieng Khouang ចំណែកឯដំណាក់កាលទី៣ នឹងភ្ជាប់ខេត្ត Xieng Khouang ទៅខេត្ត Houaphanh។

ទោះជាយ៉ាងណា មិនទាន់មានការបញ្ជាក់ទេថា តើគម្រោងផ្លូវល្បឿនលឿន ដែលត្រូវបានដាក់ជូនរដ្ឋាភិបាល ដើម្បីអនុម័តកាលពីខែសីហា ឆ្នាំ២០២១ នេះមានប្រវែងប៉ុន្មានគីឡូម៉ែត្រ និងចំណាយអស់ដើមទុនប៉ុន្មាន និងប្រើពេលប៉ុន្មាននៅក្នុងការស្ថាបនានោះឡើយ៕ Laotian Times៕

រុស្ស៊ីទទួលបានប្រាក់ចំណូលបន្ថែម ៩,៦ពាន់លានដុល្លារ ក្នុងខែមេសានេះ ថ្វីបើរងទណ្ឌកម្មជុំទិស

ដោយៈសុខុម

អន្តរជាតិ: ក្រសួងហិរញ្ញវត្ថុរុស្ស៊ី ទម្លាយឱ្យដឹងថា ប្រទេសរុស្ស៊ីរំពឹងទទួលបានប្រាក់ចំណូល បន្ថែមដល់ទៅ៩,៦ពាន់លានដុល្លារ ពីការលក់ថាមពលក្នុងខែមេសា នេះដោយសារតម្លៃប្រេងហក់ឡើងខ្ពស់។

ក្ដីរំពឹងទទួលបានប្រាក់ចំណូលបន្ថែមនេះ បានកើតមានឡើង ខណៈ រដ្ឋាភិបាលក្រុងមូស្គូ ត្រូវការសាច់ប្រាក់ដើម្បីយកទៅដោះសងបំណុល ខណៈទុនបម្រុងអន្តរជាតិរបស់ខ្លួនត្រូវបានកាត់ផ្ដាច់ ឬប្រើប្រាស់មិនបាន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយកាលពីថ្ងៃអង្គារ ទី៥ ខែមេសា។

បន្ទាប់ពីការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរលើរុស្ស៊ី រួមទាំងការកាត់ផ្ដាច់ប្រទេសនេះ ចេញពីប្រព័ន្ធទូទាត់ប្រាក់ជាសកល របស់ពិភពលោក SWIFT ផងដែរ បន្ទាប់ពីខ្លួនបញ្ឆេះសង្គ្រាម ចូលឈ្លានពានប្រទេសអ៊ុយក្រែន កាលពីខែកុម្ភៈ។

ពេលនេះបណ្តាប្រទេសលោកខាងលិច ក៏កំពុងពិភាក្សារកវិធីជំនួសការនាំចូលប្រេង និងឧស្ម័នពីក្រុងមូស្គូ ដើម្បីផ្ដាច់ដង្ហើមសេដ្ឋកិច្ចប្រទេសនេះ។

ខណៈពាក់កណ្ដាល នៃទុនបម្រុងអន្តរជាតិជាដុំមាស និងរូបិយប័ណ្ណបរទេសចំនួន៦៤០ពាន់លានដុល្លារ របស់ខ្លួនត្រូវបានបង្កក ឬមិនអាចប្រើប្រាស់បាន ប្រទេសរុស្ស៊ី បានសន្យាធ្វើការទូទាត់ថ្មីៗ និងផ្ដល់ជំនួយគាំទ្រដល់អាជីវកម្មច្រើនពាន់លានដុល្លារ ខណៈខ្លួនក៏ត្រូវការសាច់ប្រាក់សងសម្រាប់ដោះសងបំណុលក្នុងស្រុក និងក្រៅប្រទេសផងដែរ។

រុស្ស៊ី ដែលជាប្រទេសផ្គត់ផ្គង់ឧស្ម័នហ្គាស លំដាប់កំពូលរបស់អឺរ៉ុប និងជាប្រទេសនាំចេញប្រេងធំជាងគេទី២ របស់ពិភពលោកបន្ទាប់ពីប្រទេសអារ៉ាប៊ីសាអូឌីត បានប្រឈមការលំបាកកាន់តែខ្លាំង នៅពេលឧស្ម័នហ្គាស និងប្រេងរបស់ខ្លួនក៏បានទទួលរងទណ្ឌកម្ម។

កាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះ សហរដ្ឋអាមេរិក បានរារាំងរដ្ឋាភិបាលរុស្ស៊ី មិនឱ្យយកទុនបម្រុងអន្តរជាតិរបស់ខ្លួន ដែលតម្កល់ទុកនៅធនាគារនានារបស់សហរដ្ឋអាមេរិក ទៅដោះសងបំណុលសាធារណៈជាង៦០០ពាន់លានដុល្លារ ដោយនិយាយថា ប្រទេសរុស្ស៊ី ត្រូវតែធ្វើការជ្រើសរើសរវាងការដកប្រាក់បម្រុងជាដុល្លារ ដែលនៅសេសសល់ ឬមួយក៏បញ្ចូលប្រាក់ចំណូលថ្មី ហើយបើមិនដូច្នោះទេ រុស្ស៊ីនឹងខកខានសងសំណុលរបស់ខ្លួនតាមពេលវេលាកំណត់ជាមិនខាន។

ពេលទីភ្នាក់ងារព័ត៌មាន Reuters ទាក់ទងទៅដើម្បីសុំឱ្យឆ្លើយបំភ្លឺ ជុំវិញផែនការដំណើរការទូទាត់បំណុល ក្រៅប្រទេសរបស់ខ្លួន ក្រសួងហិរញ្ញវត្ថុរុស្ស៊ី មិនបានឆ្លើយតបនោះទេ។

បន្ទាប់ពីជាប់បម្រាមរបស់សហរដ្ឋអាមេរិក ប្រទេសរុស្ស៊ី ធ្លាប់បាននិយាយថា ការទូទាត់នឹងធ្វើឡើង តាមរយៈរូបិយប័ណ្ណជាតិរ៉ូប៊ល របស់រុស្ស៊ី ប្រសិនបើប្រតិបត្តិការទូទាត់ ជារូបិយប័ណ្ណបរទេសត្រូវបានរារាំងឬបិទខ្ទប់៕ Reuters៕

ក្នុងកាលៈទេសៈបែបនេះម្ចាស់អាជីវកម្មត្រូវធ្វើការងារ​ និងជម្នះបញ្ហាបែបណា?

ដោយៈ វិវឌ្ឍន៍

ភ្នំពេញៈ ក្នុងបរិបទដ៏តានតឹងនៃជំងឺកូវីដ និងសង្រ្គាមឈ្លានពានរបស់រុស្ស៊ី លើទឹកដីអ៊ុយក្រែន ម្ចាស់អាជីវកម្មនិមួយៗ បានប្រឈមមុខលើបញ្ហាជាច្រើន និងកំពុងជម្នះបញ្ហាផងដែរ។

លោកឧកញ៉ាមំន សុខាប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជាបានចែករំលែក នូវចំណេះដឹងសំខាន់ៗមួយចំនួនដូចជា ក្នុង​វិបត្តិ​ជំងឺ​កូវីដ​ និង​សេដ្ឋកិច្ច​សកល​នេះ​ ម្ចាស់​អាជីវកម្ម​ អ្នក​ដឹក​នាំ​ក្រុម​ហ៊ុន​គ្រប់រូប ​កំពុង​ជម្នះ​ឧបសគ្គ​ជាច្រើន​ដូចជា​៖

– មានទំនួល​ខុសត្រូវ​ខ្ពស់​ជាង​មុន​
– ធ្វើ​ការ​ច្រើន​ជាង​មុន​
– ប្រេី​បញ្ញា​ស្មារតី​គិត​ជាងមុន​
– អត់​ធ្មត់​តស៊ូ​ព្យាយាម​ជាងមុន​
– ចិត្ត​គំនិត​វិជ្ជមាន​ ចាស់​ទុំ​ជាង​មុន​
– បន្ថែម​ម៉ោង​ការងារ​ច្រើន​ជាង​មុន​
– រវល់ច្រេីន​ជាងមុន​
– ដោះស្រាយ​បញ្ហា​ប្រឈម​ច្រើន​ជាង​មុន​
– ជួប​ភាព​ស្មុគស្មាញ​ច្រើន​ជាង​មុន​
– ប្រឹងប្រែង​បណ្តុះបណ្តាល​លេីក​ទឹក​ចិត្ត​បុគ្គលិក​ជាង​មុន​
– ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ​ជាង​មុន​️​
– ជ្រេីសរេីសដៃគូសហការណ៍បានល្អជាងមុន

អ្វី​ដែល​យេីង​ជា​សហគ្រិន​កំពុង​ធ្វើ​ គឺ​ជួយ​មនុស្ស​ជុំវិញ​ខ្លួន​ បុគ្គលិក​ សមាជិក​ សហគមន៍​ សង្គមជាតិ​ទាំង​មូល៕