ប្រធានាធិបតីអាមេរិក ​លោក​ ដូណាល់​ ត្រាំ​រិះគន់​អង្គការ​សហប្រជាជាតិ​យ៉ាង​ចាស់​ដៃ​ទាក់​ទង​ការ​មិន​អើ​ពើជម្លោះ​កម្ពុជា ថៃ​កន្លងមក

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនៅលើបណ្តាញសង្គមរបស់លោកថា ការប្រយុទ្ធគ្នារវាងថៃ និងកម្ពុជា បានបិទបញ្ចប់ ហើយប្រទេសទាំងពីរនឹងត្រឡប់ទៅរកសន្តិភាពវិញ ដោយអនុលោមតាមសន្ធិសញ្ញាដើមដែលបានព្រមព្រៀងគ្នាកាលពីពេលថ្មីៗនេះ។

នៅលើបណ្តាញទំនាក់ទំនងសង្គម Truth social លោក ត្រាំ បានមានប្រសាសន៍ថា​ «ខ្ញុំសូមអបអរសាទរមេដឹកនាំដ៏អស្ចារ្យទាំងពីរ ចំពោះភាពវៃឆ្លាតរបស់ពួកគេក្នុងការឈានទៅដល់ការសន្និដ្ឋានដ៏រហ័ស និងយុត្តិធម៌នេះ។ វាពិតជារហ័ស និងម៉ឺងម៉ាត់»។ លោកបានបន្ថែមថា សហរដ្ឋអាមេរិកមានមោទនភាពដែលបានជួយសម្របសម្រួល។

ក្នុងសារដដែលនោះ លោក ត្រាំ បានឆ្លៀតវាយប្រហារអង្គការសហប្រជាជាតិ (UN) យ៉ាងចាស់ដៃ ដោយលើកឡើងថា សហរដ្ឋអាមេរិកហាក់បីដូចជាបានក្លាយជា «អង្គការសហប្រជាជាតិពិតប្រាកដ» ទៅហើយ បន្ទាប់ពីលោកបានដោះស្រាយ និងបញ្ឈប់សង្គ្រាមចំនួន ៨ ក្នុងរយៈពេល ១១ខែចុងក្រោយនេះ។

លោកបានរិះគន់ថា UN ហាក់បានផ្តល់ជំនួយតិចតួចបំផុតក្នុងជម្លោះនានា រួមទាំងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនផងដែរ ហើយបានជំរុញឱ្យស្ថាប័នពិភពលោកមួយនេះ «ចាប់ផ្តើមសកម្ម និងចូលរួមក្នុងសន្តិភាពពិភពលោក» ឱ្យបានពិតប្រាកដ៕

រដ្ឋបាលរាជធានីភ្នំពេញ នឹងមិនអនុញ្ញាតឱ្យមានការអុជកាំជ្រួចគ្រប់ប្រភេទ នាឱកាសពិធីបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៦ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញឡើយ

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋ អុជកាំជ្រួចគ្រប់ប្រភេទ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នាឱកាសពិធីបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ ឈានចូលឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនៅយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នោះឡើយ។

រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា បម្រាបនេះគឺ ដើម្បីចូលរួមរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ព្រមទាំងចៀសវាងការបង្កឱ្យមានបញ្ហាជាយថាហេតុណាមួយ។ រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ ក្រុមហ៊ុន ស្ថាប័នឯកជន ព្រមទាំងភ្ញៀវជាតិ-អន្តរជាតិទាំងអស់ ចូលរួមអនុវត្តតាម។

ទន្ទឹមគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរជុំវិញរដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ៕

គំរោងអាគារជាប់គាំងចំនួន១៣៤បានបញ្ចប់ការជួសជុល និងសាងសង់ឡើងវិញនៅខេត្តព្រះសីហនុ

ដោយៈ ម៉ាណា

    ព្រះសីហនុៈ គម្រោង​អាគារជាប់គាំងចំនួន១៣៤ ក្នុង​ចំណោម​គម្រោង​សរុប៤១២ ដែល​រាជរដ្ឋាភិបាលផ្តល់​អាទិភាព​ ឱ្យ​​​ស្ថិត​ក្រោម​​ “កម្មវិធីពិសេសជំរុញការ​វិនិយោគក្នុងខេត្តព្រះសីហនុ” ​បញ្ចប់​ការសាងសង់ ឬ​ជួសជុល​រួចរាល់ហើយ។

ទោះជាយ៉ាងណាគំរោង​ចំនួន១១៦ នៅ​មិន​ទាន់​មាន​សកម្ម​ភាព​សាងសង់ ឬ​ជួសជុល​អ្វី​ទំង​អស់​។ នេះ​បើ​យោង​តាម​ខ្លឹមសារ​នៃ​កិច្ច​ប្រជុំ​ក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ (The Preah Sihanouk Province Investment Promotion Working Group) កាល​ពីថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០២៥ ដែល​ដឹក​នាំ​ដោយ លោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ។ ពិធី​នេះក៏មាន​ការ​ចូលរួម​​​ពីលោក ម៉ាង ស៊ីណេត អភិបាល​ខេត្តព្រះសីហនុ រួមទាំង​តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។

​លោក សាហ៊ីប បាន​លើក​ឡើង​ថា រយៈពេល២​ឆ្នាំ គឺឆ្នាំ២០២៤​-២០២៥ ក្រុមការងារ​បានសម្រេចជាគោលការណ៍ ផ្ដល់ការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និង​ការសម្របសម្រួលដោះស្រាយវិវាទ​ចំនួន៤១២ គម្រោង ក្រោម​ទុនវិនិយោគប្រមាណ ៧,៩៧ ពាន់​លានដុល្លារ ដោយអាចបង្កើតការងារបានប្រមាណ ៥២ ពាន់​កន្លែង។

លោក​បន្ត​ថា សម្រាប់​ក្នុងឆ្នាំ​២០២៥ ​​ក្រុមការងារ​បានសម្រេចផ្តល់គោលការណ៍លើកទឹកចិត្ត ពិសេស​ចំនួន១៩៩​គម្រោង ស្មើនឹង ១៣៣% លើសគោលដៅសូចនាករសមិទ្ធកម្ម ដែលបានកំណត់ត្រឹម ១៥០​ គម្រោង ដែល​ក្នុងនោះ​គម្រោងពាក់ព័ន្ធ នឹងអគារ​កំពុងជាប់គាំង​ចំនួន៩២គម្រោង គម្រោងគម្រោងថ្មី​ចំនួន៩០គម្រោង ការពង្រីកគម្រោង​ចំនួន៩គម្រោង និង​គម្រោង​វិនិយោគ/ធុរកិច្ចដែលមានស្រាប់​ចំនួន៨​គម្រោង ដោយគ្របដណ្តប់លើ​វិស័យអចលនទ្រព្យ ឧស្សាហកម្ម ទេសចរណ៍ និង​អប់រំ ជាដើម​។

លោក​បាន​ថ្លែង​ថា “​សម្រាប់រយៈពេល ២​ឆ្នាំ​(២០២៤-២០២៥) ក្នុងចំណោម៤១២គម្រោង ​ដែលបានទទួលគោលការណ៍លើកទឹកចិត្តពិសេស គឺ​គម្រោងដែលបញ្ចប់ការសាងសង់ ជួសជុល និង/ឬ កែលម្អរួចរាល់មាន​ចំនួន១៣៤គម្រោង ស្មើនឹង៣៣​%។ សម្រាប់​គម្រោងដែលកំពុងអនុវត្តការសាងសង់ ជួសជុល និង/ឬកែលម្អ មាន១៦២ គម្រោង ស្មើនឹង៣៩% និងគម្រោងដែលមិនទាន់ចាប់ផ្ដើមដំណើរការសាងសង់ជួសជុល និង/ឬកែលម្អ មាន១១៦គម្រោង ស្មើនឹង ២៨%។

លោក​បន្ថែម​ថា ផ្អែកលើកិច្ចខិតខំប្រឹងប្រែង និង​លទ្ធផលសម្រេចបានទំាងនេះ រាជរដ្ឋាភិបាលបានសម្រេចបន្តអនុវត្តន៍ កម្មវិធីពិសេសនេះ​រយៈពេល២​ឆ្នាំបន្ថែមទៀត រហូតដល់ដំណាច់ឆ្នាំ​២០២៧ ដោយរក្សាវិធានការដដែល និង​បន្ថែមវិធានការចំនួន៤ទៀត​រួមមាន ១. សម្របសម្រួល និង​ជំរុញការវិនិយោគក្នុងស្រុក ២. សម្របសម្រួលការបណ្តុះបណ្តាលជំនាញដល់វិនិយោគិន ធុរជន និយោជិត និងកម្មករ ៣. ជំរុញការប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុក និងការផ្ទេរជំនាញ និង​បច្ចេកវិទ្យា និង៤. ជំរុញការ​ប្រើប្រាស់ធាតុផ្សំ និង​ទំនិញដែលផលិតក្នុងស្រុក​នៅតាមសហគ្រាស និង​រោងចក្រ​ក្នុងខេត្តព្រះសីហនុ ដោ​យសហការជាមួយក្រសួង-ស្ថាប័នមានសមត្ថកិច្ច និង រដ្ឋបាលខេត្តព្រះសីហនុ។

ក្នុង​ឱកាស​នោះ​ផងដែរ លោក សាហ៊ីប ក៏បាន​ដាក់ចេញទិសដៅការងារបន្តសម្រាប់​​ឆ្នាំ​២០២៦ និងឆ្នាំ​២០២៧ សម្រាប់ក្រុមការងារដើម្បីអនុវត្ត ព្រមទាំងណែនាំឱ្យលេខាធិការដ្ឋានក្រុមការងារ​បន្តកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ច និង​យកចិត្តទុកដាក់ខ្ពស់ក្នុងការសហការ ជាមួយក្រសួង-ស្ថាប័ន និងអាជ្ញាធរមូលដ្ឋាន​ផងដែរ​៕

កំណើនតម្លៃលំនៅឋាននៅទូទាំងប្រទេសហ្វីលីពីនបានធ្លាក់ចុះមកនៅត្រឹមអត្រាប្រចាំឆ្នាំទាបបំផុត

ដោយ: សហសេវិក
អន្តរជាតិ: កំណើននៃតម្លៃអចលនទ្រព្យលំនៅឋាននៅប្រទេសហ្វីលីពីនបានធ្លាក់ចុះដល់អត្រាប្រចាំឆ្នាំទាបបំផុតក្នុងរង្វង់១,៩ភាគរយនៅត្រីមាសទី៣ នៃឆ្នាំ២០២៥។ នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយធនាគារកណ្តាលហ្វីលីពីន។

នៅក្នុងត្រីមាសទី២ សន្ទស្សន៍តម្លៃអចលនទ្រព្យលំនៅឋាន (RRPI) ដែលជារង្វាស់នៃការប្រែប្រួលជាមធ្យមនៃតម្លៃលំនៅឋានទូទាំងប្រទេសហ្វីលីពីនបានស្ថិតក្នុងរង្វង់៧,៥ភាគរយ។

តម្លៃអចលនទ្រព្យនៅក្នុងតំបន់រដ្ឋធានីម៉ានីល (NCR) បាននាំមុខគេ ដោយបានកើនឡើងក្នុងអត្រាប្រចាំឆ្នាំចំនួន២,៣ភាគរយ ខណៈតម្លៃលំនៅឋាននៅខាងក្រៅតំបន់ NCR បានកើនឡើង១,៦ភាគរយ។

តម្លៃលំនៅឋានទោល(detached house) អាផាតមុិន ផ្ទះ Townhouse និងផ្ទះភ្លោះបានកើនឡើងក្នុងរង្វង់១,៩ភាគរយនៅក្នុងត្រីមាសទី៣ បើប្រៀបធៀបទៅនឹងការកើនឡើង១,៤ភាគរយនៃតម្លៃខុនដូ។

ធនាគារកណ្តាលហ្វីលីពីន (BSP) បានលើកឡើងថា សន្ទស្សន៍តម្លៃអចលនទ្រព្យលំនៅឋាន (RRPI) ជាសូចនាករដ៏សំខាន់មួយ ដែលខ្លួនតាមដានក្នុងការវាយតម្លៃស្ថានភាពទីផ្សារអចលនទ្រព្យ និងសុខភាពឥណទានរបស់ប្រទេសនេះ។

នៅក្នុងរបាយការណ៍ត្រីមាសទី៣ ឆ្នាំ២០២៥ របស់ខ្លួន ក្រុមហ៊ុន Leechiu Property Consultants បានអះអាងថា ទីផ្សារលំនៅឋានហ្វីលីពីនហាក់មានសន្ទុះខ្លាំងចាប់ពីខែសីហាដល់ខែកញ្ញា ឆ្នាំនេះ ដោយសារការដាក់ឱ្យដំណើរការគម្រោងតិចជាងមុនក្នុងចំណោមបណ្តាអ្នកអភិវឌ្ឍន៍៕ ប្រភព: PNA៕

ទីផ្សារលំនៅឋានរបស់ទីក្រុងសេអ៊ូលប្រឈមហានិភ័យកាន់តែខ្ពស់ ខណៈតម្លៃផ្ទះបន្តកើនឡើងយ៉ាងលឿន

ដោយ: សហសេវិក
អន្តរជាតិ: សន្ទស្សន៍ហានិភ័យសម្រាប់ទីផ្សារលំនៅឋានរបស់ទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូងបានកើនឡើងដល់កម្រិតខ្ពស់បំផុតមួយ ដោយសារការកើនឡើងជាលំដាប់នៃតម្លៃអាផាតមុិននៅក្នុងរដ្ឋធានីមួយនេះ ខណៈតម្លៃផ្ទះនៅតំបន់ជនបទ និងតំបន់ដែលមានប្រជាជនរស់នៅតិច នៅតែបន្តធ្លាក់ចុះ។

របាយការណ៍របស់ធនាគារកណ្តាលកូរ៉េ (BOK) បង្ហាញថា តម្លៃអាផាតមុិនសរុបជារួមនៅទីក្រុងសេអ៊ូលបានគ្របដណ្តប់ចំណែកចំនួន៤៣,៣ភាគរយនៃតម្លៃអាផាតមុិនទាំងអស់នៅក្នុងប្រទេសកូរ៉េខាងត្បូង គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំនេះ បើធៀបនឹងចំណែក៤៣,២ភាគរយក្នុងខែសីហា ឆ្នាំ២០២០។

ជាលទ្ធផល សន្ទស្សន៍ហានិភ័យនៃទីផ្សារលំនៅឋានរបស់រដ្ឋធានីសេអ៊ូលបានកើនឡើងដល់០,៩ពិន្ទុ រវាងខែកក្កដាដល់ខែកញ្ញា ឆ្នាំ២០២៥។ តួលេខនេះជាកម្រិតខ្ពស់បំផុតចាប់តាំងពីធនាគារកណ្តាលកូរ៉េបានចាប់ផ្តើមចងក្រងទិន្នន័យនេះក្នុងឆ្នាំ២០១៨។

សន្ទស្សន៍ហានិភ័យ(Risk Index) អាចវាស់វែងអស្ថិរភាពដែលអាចកើតមានដើម្បីវាយតម្លៃហានិភ័យនៃពពុះ (bubble) ដោយប្រើប្រាស់សូចនាករនានា ដូចជា សមាមាត្រតម្លៃផ្ទះធៀបទៅនឹងប្រាក់ចំណូលរបស់ពលរដ្ឋ។

គិតត្រឹមចុងខែកញ្ញា តម្លៃអាផាតមុិនសរុបជារួមនៅទីក្រុងសេអ៊ូលមានទំហំទឹកប្រាក់ស្មើនឹងចំនួន៣ដងនៃផលទុនជាតិសរុបរបស់ទីក្រុងសេអ៊ូល ដែលជាកម្រិតខ្ពស់បំផុតគិតចាប់តាំងពីឆ្នាំ២០១៨។ នេះបើយោងតាមរបាយការណ៍របស់ធនាគារកណ្តាលកូរ៉េ (BOK)។

របាយការណ៍នេះបានបន្ថែមថា ការកើនឡើងជាបន្តបន្ទាប់នៃតម្លៃលំនៅឋាននៅទីក្រុងសេអ៊ូល និងតំបន់ជុំវិញរដ្ឋធានីអាចនាំឱ្យមានហានិភ័យ ដូចជា អតុល្យភាពហិរញ្ញវត្ថុ៕ប្រភព: Korea Times៕

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជេីញសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋភៀសសឹក មកពីបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលរងការឈ្លានពានពីកងទ័ពថៃ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជេីញជួបជុំប្រជាពលរដ្ឋកម្ពុជាស្លូតត្រង់ជាច្រើន មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ កុមារ ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋភៀសសឹក មកពីបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលរងការឈ្លានពានពីកងទ័ពថៃ ។

លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ផ្តាំផ្ញេីសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់បំផុត និងដោយក្តីបារម្ភបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនប្រជាពលរដ្ឋភៀសសឹកគ្រប់រូប និងថែមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតផ្ទាល់ ប្រគល់ជូនជនភៀសសឹកគ្រប់ៗរូប ដើម្បីប្រើប្រាស់ និងសម្រួលជីវភាពរស់នៅប្រចាំថ្ងៃ។

 

ស្ថិតក្នុងឱកាសនេះដែរ លោកជំទាវបណ្ឌិត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសប្បុរសជនឆ្ងាយជិតទាំងអស់ដែលបានឧបត្ថម្ភជាច្រេីន រួមចំណែកជាមួយរាជរដ្ឋាភិបាល និងសូមអំពាវនាវឱ្យបន្តផ្តល់ជូនជំនួយមនុស្សធម៌នេះបន្ថែមទៀតក្នុងស្មារតីខ្មែរតែមួយ ខ្មែរជួយខ្មែរ។

ក្នុងវេលាយ៉ាងលំបាកនេះ រាជរដ្ឋាភិបាលដៃម្ខាងប្រយុទ្ធទប់ទល់នឹងសត្រូវឈ្លានពាន រីឯម្ខាងទៀតបាននិងកំពុងជួយសង្រ្គោះដល់ជនភៀសសឹកជាច្រេីន៕

តម្លៃជួលអាផាតមុិននៅបណ្តាទីក្រុងធំៗរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ ខណៈការផ្គត់ផ្គង់ថ្មីកើនឡើង

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមកាសែត Bloomberg បានរាយការណ៍ថា តម្លៃជួលអាផាតមុិននៅក្នុងបណ្តាទីក្រុងធំៗរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះនាពេលថ្មីៗនេះ ដោយសារការបើកដំណើរការអាផាតមុិនប្រណីតថ្មីៗ បានលើកទឹកចិត្តមនុស្សឱ្យផ្លាស់ចេញពីផ្ទះចាស់ៗ។

នៅខែវិច្ឆិកា ឆ្នាំ២០២៥ តម្លៃជួលអាផាតមុិនជាមធ្យមនៅទូទាំងសហរដ្ឋអាមេរិកបានធ្លាក់ចុះក្នុងរង្វង់០,១៨ភាគរយ ដែលជាការថយចុះខ្លាំងបំផុតក្នុងអត្រាប្រចាំខែក្នុងរយៈពេលជាង១៥ឆ្នាំ។ នេះបើយោងតាមក្រុមហ៊ុនប្រមូលចងក្រងទិន្នន័យអចលនទ្រព្យ ​​​​CoStar។

ការផ្គត់ផ្គង់អគារអាផាតមុិនថ្មីៗកំពុងជំរុញឱ្យតម្លៃជួលអាផាតមុិនធ្លាក់ចុះ ដោយសារបណ្តាអ្នកជួលដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភកំពុងផ្លាស់ទៅរស់នៅក្នុងអគារថ្មីទាំងនោះ។ ដូច្នេះ ម្ចាស់ផ្ទះកំពុងព្យាយាមបន្ថយតម្លៃជួលអាផាតមុិនចាស់ៗ។

តម្លៃជួលអាផាតមុិនចាស់ៗទាំងនេះបានធ្លាក់ចុះ១១ភាគរយ។ ក្រុមអ្នកជំនាញបានលើកឡើងថា ការផ្គត់ផ្គង់លំនៅឋានកាន់តែច្រើនបានធ្វើឱ្យតម្លៃជួលអាផាតមុិននៅសហរដ្ឋអាមេរិកធ្លាក់ចុះ ជាពិសេសនៅទីក្រុង Austin ទីក្រុង Denver និងទីក្រុង Phoenix ។

ការផ្គត់ផ្គង់អគារអាផាតមុិនប្រណីតក្នុងរយៈពេល២ទៅ៣ឆ្នាំចុងក្រោយនេះបានជំរុញឱ្យតម្លៃជួលធ្លាក់ចុះ និងបានជួយសម្រាលបញ្ហាកង្វះលទ្ធភាពទិញផ្ទះនៅក្នុងទីក្រុងទាំងនោះ ទោះបីជាការអភិវឌ្ឍលំនៅឋានមានតម្លៃសមរម្យមានភាពយឺតយ៉ាវយ៉ាងណាក្តី៕ប្រភព: Bloomberg៕

ខេត្តព្រះសីហនុទទួលបានទុន៧៩៧១លានដុល្លារអាមេរិក ក្នុងរយៈពេល២ឆ្នាំ

ដោយៈ គង់ សូរិយា

    ព្រះសីហនុៈ របាយការណ៍បានឲ្យដឹងថា ក្នុងរយៈពេល២ឆ្នាំ ខេត្តព្រះសីហនុបានទទួលទុនវិនិយោគរហូតដល់៧៩៧១លានដុល្លារអាមេរិក​ ជាមួយគំរោងអភិវឌ្ឍន៍ជាង៦០០ និងអាចបង្កើតការងារបានជាង៥ម៉ឺននាក់។

ព័ត៌មាននេះត្រូវបានលើកឡើង នៅពេលលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំបូកសរុប និងវាយតម្លៃការអនុវត្ត “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ” ក្នុងឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីលោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។

លោកបណ្ឌិតសភាចារ្យបានបញ្ជាក់ឲ្យដឹងថា ក្នុងរយៈពេល២ឆ្នាំគឺ ២០២៤-២០២៥, ក្រុមការងារបានសម្រេចជាគោលការណ៍ផ្ដល់ការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និងការសម្របសម្រួលដោះស្រាយវិវាទចំនួន៤១២គម្រោង ជាមួយទុនវិនិយោគប្រមាណ៧៩៧១លានដុល្លារអាមេរិក ដោយអាចបង្កើតការងារបានប្រមាណ៥២,០០០កន្លែង។

ដោយឡែកក្នុងឆ្នាំ ២០២៥ ក្រុមការងារបានសម្រេចផ្តល់គោលការណ៍លើកទឹកចិត្តពិសេសចំនួន១៩៩ គម្រោងស្មើនឹង១៣៣% លើសគោលដៅសូចនាករ សមិទ្ធកម្មដែលបានកំណត់ត្រឹម ១៥០គម្រោង ក្នុងនោះគម្រោងពាក់ព័ន្ធនឹងអគារ កំពុងជាប់គាំងចំនួន៩២គម្រោង គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំង (គម្រោងថ្មី) ចំនួន៩០ គម្រោង, ការពង្រីកគម្រោង ចំនួន៩គម្រោង និងគម្រោងវិនិយោគ/ធុរកិច្ចដែលមានស្រាប់ចំនួន៨គម្រោង ដោយគ្របដណ្តប់លើវិស័យអចលនទ្រព្យ ឧស្សាហកម្ម ទេសចរណ៍ អប់រំ ។ល។

ក្រៅពីនេះ ក្រុមការងារបានអនុវត្តវិធានការនានា ដោយរលូន ស្របតាមកម្មវិធីពិសេស ដោយមានកិច្ចសហការខ្ពស់ និង ការចូលរួមយ៉ាងសកម្ម របស់ក្រសួង-ស្ថាប័ន និង រដ្ឋបាលខេត្តព្រះសីហនុ ស្របតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ”។

លោកបណ្ឌិតសភាចារ្យ បានមានប្រសាសន៍បន្ថែមថា ដោយផ្អែកលើកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលសម្រេចបានទំាងនេះ រាជរដ្ឋាភិបាលបានសម្រេចបន្តអនុវត្តន៍កម្មវិធីពិសេសនេះ រយៈពេល២ឆ្នាំបន្ថែមទៀត រហូតដល់ដំណាច់ឆ្នាំ ២០២៧។

សម្រាប់រយៈពេល២ឆ្នាំ (២០២៤-២០២៥) ក្នុងចំណោម ៤១២ គម្រោង ដែលបានទទួលគោលការណ៍លើកទឹកចិត្តពិសេស គម្រោងដែលបញ្ចប់ការសាងសង់ ជួសជុលនិង/ឬកែលម្អរួចរាល់មាន១៣៤ គម្រោងស្មើនឹង៣៣%, គម្រោងដែលកំពុងអនុវត្តការសាងសង់ ជួសជុល និង/ឬកែលម្អ មាន១៦២គម្រោង ស្មើនឹង៣៩%, និង គម្រោងដែលមិនទាន់ចាប់ផ្ដើមដំណើរការសាងសង់ ជួសជុល និង/ឬ កែលម្អ មាន ១១៦ គម្រោង ស្មើនឹង ២៨%។

បណ្ឌិតសភាចារ្យបានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះលោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដែលបានផ្តល់កិច្ចសហការខ្ពស់ ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តព្រះសីហនុ និង លេខាធិការដ្ឋានក្រុមការងារ ដែលបានបំពេញបេសកកម្ម យ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងរយៈពេល ២ ឆ្នាំ (២០២៤-២០២៥) កន្លងមកនេះ ។

លទ្ធផលដែលសម្រេចបាននេះ ជាពិសេសការដោះស្រាយគម្រោងអគារជាប់គាំង និងការកសាងទំនុកចិត្តជូនវិនិយោគិន គឺកើតចេញពីកិច្ចសហការគ្នាជាធ្លុងមួយ ដែលក្នុងនោះ ក្រសួង-ស្ថាប័ន បានផ្តល់ការអនុគ្រោះ និងភាពបត់បែន រដ្ឋបាលខេត្ត បានជួយសម្របសម្រួលដោះស្រាយបញ្ហាប្រឈមនៅនឹងកន្លែង យ៉ាងមានប្រសិទ្ធភាពនិងលេខាធិការដ្ឋានក្រុមការងារ បានដើរតួជាសេនាធិការ និងច្រកចេញចូលតែមួយយ៉ាងសកម្ម៕

រដ្ឋាភិបាលត្រៀមសាងសង់ និងលើកកំពស់គុណភាព ផ្លូវជាតិលេខ៤៣

ដោយៈ ម៉ាណា

    ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូណនបានបើកកិច្ចប្រជុំប្រកាសសមាសភាពអង្គភាពគ្រប់គ្រង គម្រោងសាងសង់ផ្លូវជាតិលេខ៤៣។

ផ្លូវជាតិលេខ៤៣ តភ្ជាប់ពីតំបន់ត្រែងត្រយឹង ផ្លូវជាតិលេខ៤-ទ្វារថ្មី ផ្លូវជាតិលេខ៣) ក្រោមក្របខ័ណ្ឌឥណទានសម្បទានពីមូលនិធិសាអូឌីតសម្រាប់ការអភិវឌ្ឍ។

លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ និងជានាយកគម្រោង ដឹកនាំកិច្ចប្រជុំស្តី ប្រកាសសមាសភាពនៃអង្គភាព គ្រប់គ្រងគម្រោង(PMU) សម្រាប់គម្រោងសាងសង់ផ្លូវជាតិលេខ៤៣ (ត្រែងត្រយឹង ផ្លូវជាតិលេខ៤-ទ្វារថ្មី ផ្លូវជាតិលេខ៣) ក្រោមក្របខ័ណ្ឌឥណទានសម្បទានពីមូលនិធិសាអូឌីត សម្រាប់ការអភិវឌ្ឍ (Saudi Fund for Development-SFD)  ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួង លោកប្រធានមន្ទីរសាធារណរការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ-ខេត្តកំពត និងមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួងជាច្រើនរូប។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីប្រកាសអំពីសមា​សភាពសមាជិក សមាជិកាគម្រោង និងការបែងចែកតួនាទីភារកិច្ច និងការទទួលខុសត្រូវ គ្រប់គ្រងគម្រោង(PMU)គម្រោងសាងសង់ផ្លូវជាតិលេខ៤៣ (ត្រែងត្រយឹង ផ្លូវជាតិលេខ៤-ទ្វារថ្មី ផ្លូវជាតិលេខ៣) និងពិនិត្យពិភាក្សាលើរបាយការណ៍បឋម លើការសិក្សាសមិទ្ធិលទ្ធភាពលើការកែសម្រួល ប្រមូលផ្តុំធាតុចូលថ្មីៗបន្ថែម សំ​ដៅ​ជំរុញឱ្យការអនុវត្តគម្រោងនេះ ទទួលបានលទ្ធផលល្អ ប្រកប​ដោយប្រសិទ្ធភាពខ្ពស់តាមការប្រគល់ជូនរបស់ថ្នាក់ដឹកនាំ៕

តម្លៃលំនៅឋាននៅប្រទេសអាល្លឺម៉ង់រំពឹងបន្តកើនឡើងរហូតដល់ឆ្នាំ២០២៧ខាងមុខ

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃអចលនទ្រព្យលំនៅឋាននៅក្នុងប្រទេសអាល្លឺម៉ង់បានកើនឡើង៣,៣ភាគរយនៅត្រីមាសទី៣ ឆ្នាំ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យពីការិយាល័យស្ថិតិសហព័ន្ធ។

ទិន្នន័យនេះចង្អុលបង្ហាញពីការងើបឡើងវិញជាបន្តបន្ទាប់នៅក្នុងទីផ្សារអចលនទ្រព្យលំនៅឋាននៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតរបស់តំបន់អឺរ៉ុប។នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារដសារព័ត៌មាន Reuters ។

ទីផ្សារអចលនទ្រព្យលំនៅឋាននៅក្នុងប្រទេសអាល្លឺម៉ង់បានដាំក្បាលចុះយ៉ាងគំហុករវាងដើមឆ្នាំ២០២២ និងឆ្នាំ២០២៤ នៅពេលដែលតម្លៃលំនៅឋានបានធ្លាក់ចុះក្នុងរង្វង់១៣ភាគរយ។

តម្លៃលំនៅឋានជាមធ្យមបានកើនឡើងនៅគ្រប់តំបន់ទាំងអស់នៃប្រទេសអាល្លឺម៉ង់បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ផ្ទះប្រភេទ Single-family និងផ្ទះប្រភេទ two-family នៅទីក្រុងធំៗបានកើនឡើង៣,៦ភាគរយ និងកើនឡើង៣,៥ភាគរយរៀងគ្នានៅក្នុងត្រីមាសទី៣។

ដោយឡែក តម្លៃលំនៅឋាននៅតំបន់ជនបទ បានកើនឡើង៣,២ភាគរយនៅត្រីមាសទី២ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមការស្ទង់មតិរបស់កាសែត Reuters លើក្រុមអ្នកវិភាគអចលនទ្រព្យកាលពីខែមុនបានបង្ហាញថា តម្លៃអចលនទ្រព្យលំនៅឋានរបស់អាល្លឺម៉ង់នឹងកើនឡើង៣,៥%នៅឆ្នាំនេះ មុនពេលកើនឡើង៣,៤ភាគរយនៅឆ្នាំ២០២៦ និងកើនឡើង៣,២ភាគរយនៅឆ្នាំ២០២៧៕ប្រភព: Reuters ៕