ការសិក្សាថ្មី: ការដោះស្រាយវិបត្តិផ្គត់ផ្គង់ខុនដូ​លើសតម្រូវការនៅរដ្ឋធានីម៉ានីលរបស់ហ្វីលីពីនត្រូវចំណាយ​ពេល​៣ឆ្នាំ​

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមរបាយការណ៍សិក្សាថ្មីមួយ ដែលចេញផ្សាយនៅខែកក្កដាដោយក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Leechiu Property Consultants បានបង្ហាញថា ទីផ្សារអចលនទ្រព្យហ្វីលីពីនត្រូវការចំណាយ​ពេល​ប្រមាណ៣ឆ្នាំ​​ទៀតដើម្បី​ស្តារវិបត្តិផ្គត់ផ្គង់ខុនដូ​លើសតម្រូវការ​ ខណៈ​ដែលតម្រូវការ​នាពេលបច្ចុប្បន្ន​នៅ​តែ​មាន​កម្រិត​ទាប​។

ចំនួនខុនដូសរុប ដែលអាចស្វែងរកទិញបាន (Inventory)ក្នុងរដ្ឋធានីម៉ានីលត្រូវបានគេប៉ាន់ប្រមាណថា មានចំនួន៧៦៤.១០០យូនីត ដោយក្នុងនោះ រួមមានទាំង ខុនដូ ដែលបញ្ចប់ការសាងសង់រួចរាល់ និងអាចផ្លាស់ចូលទៅរស់នៅបាន (Ready-for-Occupancy) និងខុនដូដែលដាក់លក់ មុនពេលសាងសង់រួច (Pre-sale)។

លោក Roy Golez នាយកទទួលបន្ទុកលើការស្រាវជ្រាវអចលនទ្រព្យនៅក្រុមហ៊ុន Leechiu Property Consultants បានមានប្រសាសន៍ឱ្យដឹងថា តម្រូវការខុនដូសរុបជារួមនៅទូទាំងតំបន់រដ្ឋធានីម៉ានីលបានកើនឡើង២ភាគរយដល់ចំនួន៦.៦៤៣យូនីតនៅក្នុងត្រីមាសទីពីរ ឆ្នាំ២០២៥ បើធៀបនឹងត្រីមាសទីមួយ។

ទោះជាយ៉ាងណា តម្រូវការខុនដូលំដាប់មធ្យម ដែលមានតម្លៃចាប់ពី២,៣លានប៉េសូទៅ៤លានប៉េសូក្នុងមួយយូនីតបានដាំក្បាលចុះ៤១ភាគរយ ខណៈតម្រូវការខុនដូលំដាប់មធ្យមកម្រិតខ្ពស់ ដែលមានតម្លៃចាប់ពី៤លានប៉េសូទៅ៧លានប៉េសូក្នុងមួយយូនីតបានដាំក្បាលចុះ៣១ភាគរយ។

ការបើកដំណើរការលក់ខុនដូថ្មីបានហក់ឡើង៣១ភាគរយបើធៀបនឹងត្រីមាសទី១ ដល់ចំនួន១.៧៦១យូនីតក្នុងត្រីមាសទី២ ខណៈបណ្តាអ្នកអភិវឌ្ឍន៍បានព្យាយាមដាក់លក់គម្រោងថ្មីរបស់ពួកគេ ដោយផ្តល់នូវការបញ្ចុះតម្លៃ និងលក្ខខណ្ឌបង់ប្រាក់រយៈពេលវែង៕ប្រភព: Inquirer.Net៕

កម្ពុជានៅតែជាគោលដៅទេសចរណ៍ដ៏ពេញនិយមរបស់ភ្ញៀវ ទេសចរបារាំង

0

ដោយៈ និស្ស័យ

    ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកហួត ហាក់បានអញ្ជើញចូលរួមកម្មវិធីអបអរសាទរ ទិវាបុណ្យជាតិនៃប្រទេសបារាំងថ្ងៃទី១៤ ខែកក្កដា។

ពិធីនេះប្រារពឡើង ក្រោមអធិបតីភាពរបស់លោក Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពូជា និងលោកប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ  ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិករាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំជាតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, តំណាងក្រុមហ៊ុនជាតិ និងអន្តរជាតិ ព្រមទាំងភ្ញៀវជាតិនិងអន្តរជាតិជាច្រើនរូប នៅស្ថានទូតបារាំងប្រចាំនៅកម្ពុជា។

ប្រទេស និងប្រជាជនបារាំង តែងតែប្រារព្ធបុណ្យជាតិរៀងរាល់ថ្ងៃទី១៤ ខែកក្កដា នៃឆ្នាំនីមួយៗ ដើម្បីរំលឹកពីជ័យជម្នះរបស់ប្រជាជនក្នុងការដណ្តើមគុកBastille ដែលជានិមត្តិរូបរបបរាជានិយមនាសម័យកាលនោះ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៧៨៩ និងជាការរំលឹកពីការរួបរួមគ្នាជាធ្លុងមួយនៃប្រជាជនបារាំង។

តាមរយៈប្រវត្តិសាស្រ្តរួមគ្នាជាងមួយសតវត្សរ៍ វាងកម្ពុជា និងបារាំង និងទំនាក់ទំនងមិត្តភាពដ៏ល្អរហូតមក ប្រទេសកម្ពុជា បានទទួលភ្ញៀវទេសចរបារាំង ចំនួនជិត១សែននាក់នៅឆ្នាំ២០២៤ ហើយក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៥នេះ បានចំនួនប្រមាណ៧៥.០០០នាក់ កើនជិត១៤% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤៕

តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃពុធនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ ក្រោយពេលតម្លៃមាសប្រភេទ Spot Gold បានជួញដូរក្នុងទំហំទឹកប្រាក់ចំនួន៣៣២២,១៨ដុល្លារអាមេរិកក្នុងមួយអោនគិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃអង្គារម្សិលមិញ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៣ភាគរយដល់៣៣៣២,៣១ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,០២ភាគរយដល់៣៣៣៥,៩ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:២៧នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៧,៩ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី៣០ ខែកក្កដាខាងមុខ។

ចំណែក សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយបណ្ណសំខាន់ៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះដល់៩៨,៥៦ពិន្ទុនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម៩៨,៦២ពិន្ទុកាលពីថ្ងៃអង្គារម្សិលមិញ៕

សណ្ឋាគារខ្ពស់ជាងគេបំផុតលើពិភពលោក Ciel Tower កំពស់៣៦៥ម៉ែត្រ គ្រោងបើកដំណើរការនៅចុងឆ្នាំនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: អគារកប់ពពក Ciel Tower កំពស់៣៦៥ម៉ែត្រ ដែលមាន៨២ជាន់ គ្រោងនឹងបើកដំណើរការនៅចុងឆ្នាំ២០២៥នេះ ហើយអគារនេះនឹងក្លាយជាសណ្ឋាគារខ្ពស់ជាងគេបំផុតនៅលើពិភពលោក។

យោងតាមកាសែត The Sun បានរាយការណ៍ថា អគារ Ciel Tower មានទីតាំងស្ថិតនៅក្នុងតំបន់ Dubai Marina ដ៏ល្បីល្បាញនៅទីក្រុងឌូបៃនៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម។ អគារនេះនឹងផ្តល់បន្ទប់សណ្ឋាគារជាង១.០០០បន្ទប់ ក្នុងនោះរួមមានបន្ទប់ប្រណីតជិត១៥០បន្ទប់ផងដែរ។

សណ្ឋាគារកប់ពពកនេះនឹងមានកន្លែងសង្កេតការណ៍កម្រិត៣៦០ដឺក្រេ (Observation deck) នៅជាន់ទី៨១ ដែលផ្តល់ជូននូវទិដ្ឋភាពបែប Panoramic របស់ទីក្រុងឌូបៃ និងអាចឈានទៅប្រកួតប្រជែងជាមួយនឹងអគារ Burj Khalifa ។

អគារ Ciel Tower ក៏នឹងមានអាងហែលទឹក “Infinity Pool”ខ្ពស់ជាងគេបំផុតរបស់ពិភពលោកនៅជាន់ទី៧៦ផងដែរ។

អគារជាន់ទី១៦ នឹងរួមមានបន្ទប់“Nest Executive Lounge” ដែលត្រូវបានរចនាឡើងសម្រាប់ទទួលភ្ញៀវថ្នាក់ធុរកិច្ច(Business Class) ដើម្បីសម្រាកលំហែកាយ និងគយគន់មើលទេសភាពទីក្រុងឌូបៃ។

ចំណែក បន្ទប់​ភ្ញៀវ​ស្នាក់នៅ (Guest rooms) នឹង​ត្រូវ​បាន​បំពាក់​ដោយ​បង្អួច​ពី​ជាន់​កម្រាលឥដ្ឋឡើងដល់​ពិដាន ដែល​ផ្តល់​ជូន​នូវ​ទិដ្ឋភាព​​របស់តំបន់ Dubai Marina កោះសិប្បនិម្មិត Palm Jumeirah និង​ឈូង​សមុទ្រ​អារ៉ាប់។

គ្រឿងបរិក្ខារបន្ថែមផ្សេងទៀតរួមមាន ទីតាំងហាត់ប្រាណទំនើប អាងហែលទឹកឯកជនសម្រាប់កុមារ ភោជនីយដ្ឋាន និងបារចំនួន១០។

ថ្មីៗនេះ ទីក្រុងឌូបៃត្រូវបានគេដាក់ឈ្មោះថា ជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតទី៣ នៅលើពិភពលោក ដោយកម្មវិធីពានរង្វាន់ Travellers’ Choice Awards របស់ទីភ្នាក់ងារទេសចរណ៍ Tripadvisor ៕ប្រភព: Vnexpress៕

ការសិក្សាថ្មី! ទំតាំងលក់រាយនៅរាជធានីភ្នំពេញមានតម្លៃកើនឡើង ស្របពេលផ្សារសហគមន៍ថ្មីបើកនៅខ័ណ្ឌទួលគោក

0

ដោយៈ ម៉ាស័យ

    ភ្នំពេញៈ ការសិក្សាថ្មីមួយបានរកឃើញថា តម្លៃជួលទីតាំងលក់រាយនៅរាជធានីភ្នំពេញ បានកើនឡើងនៅឆមាសទី១ឆ្នាំនេះ ស្របពេលផ្សារទំនើប បែបសហគមន៍ថ្មីមួយបានបញ្ចប់ការសាងសង់ នៅក្នុងខ័ណ្ឌទួលគោក។

យោងតាមរបាយការណ៍សិក្សា ដែលបង្ហាញដោយក្រុមហ៊ុនCBRE Cambodiaកាលពីសប្តាហ៍មុនបានបង្ហាញថា ផ្សារទំនើប “The Commons Community Mall”ស្ថិតនៅខណ្ឌទួលគោក ជាប្រភេទគម្រោងអចលនទ្រព្យលក់រាយ ដែលបានបញ្ចប់ការសាងសង់ក្នុងឆមាសទី១។

អត្រាគ្របដណ្តប់ការជួលទីតាំងលក់រាយ ទៅទូទាំងរាជធានីភ្នំពេញ សម្រេចបានចំនួន៥៨,៦ភាគរយក្នុងឆមាសទី១។

ការសិក្សាដដែលបានឲ្យដឹងទៀតថា តម្លៃជួលទីតាំងលក់រាយនៅតាមផ្សារទំនើប (Shopping Mall)បានកើនឡើង៤,៣ភាគរយ ក្នុងឆមាសទី១ ខណៈតម្លៃជួលទីតាំងលក់រាយ នៅតាមផ្សារទំនើបសហគមន៍ (Community Mall)បានធ្លាក់ចុះ៤,១ភាគរយ បើធៀបនឹងឆមាសទី១ ឆ្នាំ២០២៤៕

តើផ្លូវលេខ១៤៦B និងផ្លូវលេខ១៤៨តភ្ជាប់ពីតំបន់ណាទៅតំបន់ណា?

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ផ្លូវខេត្តលេខ១៤៦B និងផ្លូវខេត្តលេខ១៤៨ បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍។

ផ្លូវទាំងពីរខ្សែនេះ ក៏ចូលរួមលើកកម្ពស់ការតភ្ជាប់ខេត្តភាគនិរតីនេះ ឱ្យកាន់តែមានភាពប្រទាក់ក្រឡាគ្នា និងកាន់តែងាយស្រួលក្នុងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ឆ្ពោះទៅតំបន់ឧស្សាហកម្ម រោងចក្រ តំបន់សេដ្ឋកិច្ចពិសេស កំពង់ផែស្ទឹងហាវ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុផងដែរ។ នេះបើតាមក្រសួងសាធារណៈការ និងដឹកជញ្ជូន។

ក្រសួងបានឲ្យដឹងទៀតថា គម្រោងតភ្ជាប់ផ្លូវទាំងពីរខ្សែនេះ មានប្រវែងសរុបប្រមាណ៤៣,០២គីឡូម៉ែត្រ ដែលក្នុងនោះផ្លូវលេខ១៤៦B ឬវិថីសុវត្ថិភាពសម្តេចព្រះសង្ឃរាជ ទេព វង្ស មានប្រវែងប្រមាណ២០,៦៧គីឡូម៉ែត្រ គិតចាប់ពីចំណុចបំបែកផ្លូវជាតិលេខ៤ ត្រង់គីឡូ​ម៉ែត្រលេខ ១៧៨+១៦៥ ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ រហូតដល់ភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ដែលត្រូវបានស្ថាបនាដោយក្រាលបេតុងកៅស៊ូ AC កម្រាស់ ៩សង់ទីម៉ែត្រ និងមានទទឹងតួផ្លូវ ១១ម៉ែត្រ។

ចំណែកឯផ្លូវខេត្តលេខ១៤៨ ឬតីរវិថីសម្តេចតេជោ ហ៊ុន សែន មានប្រវែងប្រមាណ២២,៣៤គីឡូម៉ែត្រ បន្តពីស្រុកស្ទឹងហាវ រហូតដល់ចំណុចប្រសព្វផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ២២៥+៥៥០ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលត្រូវបានស្ថាបនាដោយក្រាលបេតុងសសៃដែក កម្រាស់២៦សង់ទីម៉ែត្រ និងមានទទឹងតួផ្លូវ១១ម៉ែត្រ។

ក្នុងគម្រោងតភ្ជាប់ផ្លូវទាំងពីរខ្សែនេះ ក៏មានសាងសង់សំណង់សិល្បការ្យផ្សេងៗ ដូចជា សាងសង់ស្ពានថ្មីចំនួន១កន្លែង និងពង្រីកស្ពានចាស់ចំនួន១៧កន្លែង ព្រមទាំងដាក់លូគ្រប់ប្រភេទចំនួន១៦១កន្លែងផងដែរ៕

តំបន់ឧស្សាហកម្មថ្មីចំនួន២បានបើកដំណើរការនៅឆមាសទី១ឆ្នាំនេះ

0

ដោយៈ ម៉ាណា

    ភ្នំពេញៈ តំបន់សេដ្ឋកិច្ចពិសេសថ្មី ចំនួន២ត្រូវបានអនុម័តដោយរដ្ឋាភិបាលកម្ពុជា រួមមានតំបន់សេដ្ឋកិច្ចពិសេសកំពតហ្វូណន ដែលស្ថិតនៅលើផ្ទៃដីទំហំ៧២១ហិកតា និងតំបន់សេដ្ឋកិច្ចពិសេសខេមបូឌាន ប៊ីនហៃព្រៃនប់ ក្នុងខេត្តព្រះសីហនុទំហំ២៣៤ហិកតា។

ជាមួយគ្នានេះ កម្ពជាកំពុងបោះជំហាន ឆ្ពោះទៅការធ្វើពិពិធកម្មឧស្សាហកម្មផលិត និងការនាំចេញ។ តួយ៉ាង ក្រុមហ៊ុនយក្សចិនBYD បានចាប់ផ្តើមសាងសង់ រោងចក្រផលិតយានយន្តអគ្គិសនីនៅកម្ពុជា។ នេះបើតាមការសិក្សា ដែលបានបង្ហាញកាលពីសប្តាហ៍មុនដោយក្រុមហ៊ុនអន្តរជាតិCBRE Cambodia។

អ្នកឧកញ៉ាសំ សុខនឿនប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនSAM SN Groupបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា នៅដើម​ឆ្នាំ២០២៥នេះ កម្ពុជាបានទាក់ទាញអ្នកវិនិយោគជាច្រើន ដែលមានចំណាប់អារម្មណ៍វិនិយោគ លើវិស័យឧស្សាហកម្ម រោងចក្រ សហគ្រាសនានា ពិសេសនៅតាមបណ្តាញផ្លូវជាតិសំខាន់ៗ ដែលតភ្ជាប់ទៅកាន់កំពង់ផែក្រុងព្រះសីហនុ និងបណ្តាញផ្លូវជាតិតភ្ជាប់ទៅកាន់ព្រំដែនជាមួយប្រទេសវៀតណាម។

លោកបញ្ជាក់ថា “ការស្វែងរកទិញដី នៅតាមផ្លូវសំខាន់ៗមានការកើនឡើងនៅដើមឆ្នាំនេះ ដូចជាតំបន់ផ្លូវជាតិលេខ៤៤ ផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៣ លេខ៤ជាដើម”៕

ការសិក្សាៈអាគារពាណិជ្ជកម្មចំនួន៤៣បានចូលរូមប្រើប្រាស់កម្មវិធី “ថាមពលឆ្លាតវៃ”

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ គិតពីឆ្នាំ២០២១ រហូតដល់ដំណាច់ឆ្នាំ២០២៤កន្លងមកនេះ មានអាគារពាណិជ្ជក​ម្មចំនួន៤៣ បានចូលរួមអនុវត្តន៍កម្មវិធីថាម​ពលឆ្លាតវៃ ដើម្បីរួមចំណែកសន្សំសំចៃ និងការប្រែប្រួលអាកាសធាតុ។

ក្រសួងបរិស្ថាន និងក្រុមហ៊ុនសិវែ(Sevea)បានដាក់ឱ្យដំណើរការជាផ្លូវការ នូវកម្មវិធី “ថាមពលឆ្លាតវៃ”(Power Wise)រដូវកាលទី៣​ ឆ្នាំ២០២៥-​២០២៦ កាលពីថ្ងៃសុក្រ ទី១១ ខែកក្កដានេះ ដើម្បីជំរុញការសន្សំសំចៃ ការប្រើប្រាស់ថា​មពលនៅអគារពាណិជ្ជកម្ម កាត់បន្ថយចំណាយ និងរួមចំណែកទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោកខ្វៃ អាទិត្យាបានថ្លែងក្នុងសន្និសីទស្តីពី ការប្រកាសដាក់ឱ្យដំ​ណើរការ​នេះថា គំនិតផ្តួចផ្តើមនៃកម្មវិធី “ថាមពលឆ្លាតវៃ” មិនត្រឹមតែផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ច គួរឱ្យកត់សម្គាល់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅ ចំពោះនិរន្តរភាពបរិស្ថានផងដែរ។

លោកបញ្ជាក់ថា “វាជាយន្តការដ៏សំខាន់មួយ ដែលកំ​ពុង​តែចូលរួមដោះស្រាយបញ្ហាការប្រែប្រួលអា​កា​ស​ធាតុ”។

លោកមានប្រសាសន៍ថា អគារដែលចូលរួមអាចសម្រេច បាននូវការសន្សំការចំណាយយ៉ាងច្រើន ដោយបង្កើនប្រសិទ្ធភាពការប្រើប្រា​ស់ថាមពល ដែលវារួមចំណែកដល់ការកាត់បន្ថយការ បំភាយឧស្ម័នផ្ទះកញ្ចក់។ ការបង្កើតរចនាសម្ព័ន្ធ ដែលមានប្រសិទ្ធភាពថាមពល កាន់តែច្រើន ផ្តល់នូវអត្ថប្រយោជន៍ភ្លាមៗ សម្រាប់អ្នកគ្រប់គ្រងអគារ កាត់បន្ថយការចំណាយ នៃការធ្វើអាជីវកម្មនៅកម្ពុជា និងទីបំផុតជំរុញបរិយាកាសវិនិយោគកាន់តែទាក់ទាញ។

គំរោង“ថាមពលឆ្លាតវៃ” ជាកម្មវិធីផ្តួចផ្តើមគំនិត និងត្រួសត្រាយផ្លូវ ដែលត្រូវបានរចនាឡើង ដើម្បីពន្លឿនប្រសិទ្ធភាពថាមពលនៅ​ក្នុង​វិស័យ​ពាណិជ្ជកម្មរបស់កម្ពុជា។ កម្មវិធីនេះ គឺជាការបោះជំហាន ដ៏សំខាន់មួយ ក្នុងការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជា ក្នុងការអភិវឌ្ឍប្រក​បដោយចីរភាព។

លទ្ធផលជាក់ស្តែង នៅក្នុងរដូវកាលទាំង២កន្លងមក បានជួយអ្នកចូលរួម​សន្សំថាមពលជាង៤៦០,២៣៦ គីឡូវ៉ាត់ម៉ោង ដែលគិតជាទឹកប្រាក់ចំនួន៧៨,២០០ ដុល្លារអាមេរិក និងបញ្ជៀស​ការបំភាយឧស្ម័ន CO2 បានចំនួន៣៤៨​តោន។

ក្នុងរដូវកាលទី១ (២០២១​ -​ ២០២២) មានអគារពាណិជ្ជកម្មចំនួន២២ និងក្នុងរដូវកាលទី២(២០២៣​ ២០២៤)មានអគារពាណិជ្ជកម្មចំនួន២១បានចូលរួម ដែលមានបុគ្គលិកជាង៥ពាន់នាក់។

ការសិក្សាបាន​បង្ហាញ​ថា រហូតដល់៣០ភាគរយ នៃថាមពល ដែលប្រើប្រាស់ នៅក្នុងអគារពាណិជ្ជកម្មត្រូវបាន​ខ្ជះខ្ជាយ។ ជាការឆ្លើយតប ស្ថាប័នទាំង២បានបើកដំណើរការរ ដូវកាលទី៣នេះ ដោយផ្តល់ជូននូវការគាំទ្រ ផ្អែកលើលក្ខខណ្ឌជាក់ស្តែងរបស់អ្នកចូលរួម និង ការផ្តល់ជូននូវឧបករណ៍ សម្ភារឧបទេសន៍ទំនើបៗដល់អ្នកចូលរួម។​កម្មវិធីនេះផ្តល់​​នូវ​​មគ្គុទេសក៍  និង​ដំបូន្មានពីអ្នកជំនាញ ដំណោះស្រា យតាមតម្រូវការ និងជំរុញការផ្លាស់ប្តូរ​អាកប្បកិរិយា​​​ដ៏មាន​អត្ថន័យ។

លោកFrantz Vaganay នាយកក្រុមហ៊ុនសិវែបានថ្លែងថា ក្នុង  រដូវកាលកន្លងមក មានអគារពាណិជ្ជកម្មជាង៤០ចូលរួម ហើយ លោ កបានដាក់គោលដៅ ឱ្យមានអគារពាណិជ្ជកម្ម ចូលរួមកើនឡើងពី៤០ ទៅ៥០នៅក្នុងរដូវកាលទី៣នេះ​។

លោកបានឱ្យដឹងថា សម្រាប់រដូវកាលទី២ អ្នកចូលរួមប្រហែល៣០ភាគរយ គឺជាអ្នកដែលបានចូលរួមក្នុងរដូវវកាលទី១ផងដែរ។ ពួកគេបានសម្រេចចិត្ត បន្តទៅចូលរួមរដូវកាលពី២ ហើយ៧០ភាគរយទៀត គឺជាអ្នកចូលរួមថ្មី។

លោកលើកឡើងថា ប៉ុន្តែជារៀងរាល់ឆ្នាំ យើងមានអគារថ្មីមានអ្នកចូលរួមថ្មី…ជារៀងរាល់ឆ្នាំ ពួកយើងបន្តមានអគារថ្មីចូលរួម ដើម្បីជូនដំណឹងដល់បុគ្គលិកថ្មីៗ។ ដូច្នេះយើងនឹងមានអគារកាន់តែច្រើនឡើងៗតាមពេលវេលា។ ប៉ុន្តែអ្វីដែលខ្ញុំចង់ពន្យល់ដល់អ្នក គឺនេះគឺជាកម្មវិធីរយៈពេលវែង និងការប្តេជ្ញាចិត្តរយៈពេលវែង ដែលនឹងមិនគ្រាន់តែឈប់បន្ទាប់ពីរដូវកាលទី២ និង៣នោះទេ។

កម្មវិធីប្រកួតប្រជែងរដូវកាលទី៣ ទទួលបានការគាំទ្រជាផ្លូវការពីក្រសួងបរិស្ថាន និងក្រសួងរ៉ែ និងថាមពល ដោយផ្តោតលើការលើកកម្ពស់ប្រសិទ្ធភាពថាមពលនៅក្នុងប្រទេស។ ក្នុងកម្មវិធីនេះ រួមមានការប្រកួតប្រជែង នៃការសន្សំសំចៃថាមពល ដែលបម្រើជាវេទិកាមួយ ដើម្បីស្វែងយល់ពីទិដ្ឋភាពចម្រុះ នៃការប្រើប្រាស់ថាមពលប្រកប​ដោ​យប្រសិទ្ធិភាព ហើយ​ផ្តោតលើអាកប្បកិរិយាអ្នកប្រើប្រាស់ ទម្លាប់ប្រចាំថ្ងៃ និងឥរិយាបថសង្គម។

លោកខ្វៃ អាទិត្យាបានលើកឡើងថា នៅប្រទេសកម្ពុជា​អគារ និងការដ្ឋាន មានការប្រើប្រាស់ថាមពលជាងពាក់​កណ្ដាល នៃថាមពលប្រើប្រាស់សរុប។ អគារ គឺជាវិស័យមានតម្រូវការថាមពលច្រើនជាងគេ ដែលនាំមុខវិស័យឧស្សាហកម្ម និងដឹកជញ្ជូន។ ជាមួយគ្នានេះ ការប្រើប្រាស់ថាមពល នៅក្នុងអគារត្រូវបានព្យាករណ៍ថា នឹងកើនឡើងច្រើនជាង២ដង ត្រឹមឆ្នាំ២០៤០។ ដូចនេះ ក្រុមហ៊ុនមួយចំនួននៅកម្ពុជាបានចូលរួមនាំមុខ និងសម្រេចចិត្តដោះស្រាយបញ្ហានេះ តាមរយៈការចូលរួមជាមួយកម្មវិធីប្រកួតប្រជែង ប្រសិទ្ធភាពថាមពលកម្ពុជា។

លោកបញ្ជាក់ថា  “ថាមពលត្រូវបានប្រើប្រាស់ សម្រាប់ជីវភាពប្រចាំថ្ងៃ និងក្នុងការអភិវឌ្ឍន៍ តែការឆ្លើយតប ទៅនឹងនិន្នាការសកល ដែលយើងកំពុងប្រឈមនោះ គឺការប្រែប្រួលអាកាសធាតុ។ យើងឃើញថាកំដៅកើនឡើង។ ពិភពលោកកំពុងតែនាំគ្នាគិតគូ ធ្វើម៉េចកុំឱ្យអាកាសធាតុវាឡើងកំដៅ”។

លោកបន្ថែមថា ការប្រកួតប្រជែង ក្នុងកម្មវិធីនេះ បានរកឃើញអ្នក ដែលបានចូលរួមមានការប្តេជ្ញាចិត្ត ក្នុងការចូលរួមចំណែកការកាត់បន្ថយការប្រើប្រាស់ថាមពល។ តាមរយៈការប្រកួតប្រជែងកន្លងមក ឃើញថា អគារបានសន្សំសំចៃថាមពលចន្លោះពី១០ ទៅ២៥ភាគរយ។

ក្រៅពីគុណសម្បត្តិសេដ្ឋកិច្ច និងអត្ថប្រយោជន៍បរិស្ថាន ប្រសិទ្ធភាពថាមពល គឺជាឧបករណ៍ យុទ្ធសាស្ត្រសម្រាប់បង្កើនភាពធន់នៃសេដ្ឋកិច្ចកម្ពុជា។ ការទប់ស្កាត់បម្រែបម្រួលអាកាសធាតុ មិនអាចធ្វើទៅដោយជោគជ័យនោះទេ បើគ្មានការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ ដូចជាពីវិស័យឯកជន ស្ថាប័ន អង្គការ និងប្រជាជន។

កម្មវិធីនេះ បានបង្ហាញពីការប្តេជ្ញាចិត្ត របស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ ប្រសិទ្ធភាពថាមពល តាមរយៈគោលនយោបាយ និងគំនិតផ្តួចផ្តើមដូចជា គោលនយោបាយជាតិ ស្តីពីប្រសិទ្ធភាពថាមពលឆ្នាំ ២០២២-២០៣០ ដែលមានគោលដៅ គឺកាត់បន្ថយការប្រើប្រាស់ថាមពលចំនួន១៩ភាគរយ នៅឆ្នាំ២០៣០។

ដោយស្របតាម ផែនការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអា​កាសធាតុ (NDC) យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែង ប្រកបដោយអព្យាក្រឹតកាបូន (LTS4CN) និងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ កម្មវិធីនេះដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្រេចបាននូវគោលដៅមហិច្ឆតា ឆ្នាំ២០៥០របស់ប្រទេសកម្ពុជា។

លើសពីនេះ តាមរយៈការអនុវត្តគោលនយោបាយ ប្រសិទ្ធភាពថាមពលជាតិ(NEEP) ការប្រកួតប្រជែង គាំទ្រដោយផ្ទាល់ដល់គោលបំណងកាត់បន្ថយ ថាមពលនៅក្នុងអគារពាណិជ្ជកម្ម។

ក្រសួងបរិស្ថាន និង ក្រុមហ៊ុនសិវែ បានអំពាវនាវដល់ម្ចាស់អគារពាណិជ្ជកម្ម ស្ថាប័នដែល​ជួលក្នុងអគារ​ រួមមានក្រុមហ៊ុនឯកជន អង្គការមិនមែនរដ្ឋាភិបាល គ្រឹះស្ថាន​ និងសាលារៀន​ សូមចុះឈ្មោះ ក្នុងកម្មវិធីនេះ ដើម្បីសន្សំសំចៃថវិកា បង្កើនភាពប្រកួតប្រជែង និងតាំងខ្លួនជាអ្នកដឹកនាំ ផ្នែកចីរភាព៕

តំបន់ពាណិជ្ជកម្មកណ្តាលនៅរដ្ឋធានីហ្សាការតារបស់ឥណ្ឌូនេសុីទាក់ទាញជនបរទេសចូលទៅជួលអាផាតមុិន

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការជ្រើសរើសទីតាំងជាកត្តាយ៉ាងសំខាន់មួយក្នុងការទិញអចលនទ្រព្យ ជាពិសេសអតិថិជនភាគច្រើននិយមទិញអចលនទ្រព្យ ដែលមានទីតាំងនៅជិតស្ថានទូត សាលារៀនលំដាប់អន្តរជាតិ និងមធ្យោបាយធ្វើដំណើរសាធារណៈ ដូចជារថភ្លើង។

នៅក្នុងផ្នែកអាផាតមុិន តំបន់ពាណិជ្ជកម្មកណ្តាល (CBD) នៅក្នុងរដ្ឋធានីហ្សាកាតារបស់ប្រទេសឥណ្ឌូនេសុី ជាពិសេសតំបន់ Sudirman និងតំបន់ Senopati នៅតែជាជម្រើសចម្បងសម្រាប់ជនបរទេស ដែលធ្វើការនៅក្នុងតំបន់ពាណិជកម្មកណ្តាល។នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Colliers។

គម្រោងអគារអាផាតមុិន ដូចជា អគារ “Residence8” និងអគារ Le Parc មានសភាពលេចធ្លោ ដោយសារតែគម្រោងទាំងនេះមានទីតាំងនៅជិតអគារការិយាល័យ ផ្សារទំនើបលំដាប់ខ្ពស់ដូចជា ផ្សារទំនើប Ashta និងការបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ។

ទន្ទឹមគ្នានេះ ជនបរទេសភាគច្រើនផ្តល់អាទិភាពដល់អាផាតមុិន ដែលមានគ្រឿងបរិក្ខារសំខាន់ៗដូចជា អាងហែលទឹក កន្លែងហាត់ប្រាណ ទីលានកីឡា និងទីតាំងលេងកំសាន្តរបស់កុមារ។ជនបរទេសភាគច្រើននៅទីក្រុងហ្សាការតាមានប្រភពមកពីកូរ៉េខាងត្បូង សហរដ្ឋអាមេរិក បណ្តាប្រទេសនានានៅអឺរ៉ុប ជប៉ុន ឥណ្ឌា និងចិន។

ការជួលអាផាតមុិនដែលផ្តល់ជូនសេវាកម្ម (Seviced Apartment) និងមានបន្ទប់គេងចំនួន២ នៅក្នុងតំបន់ Sudirman មានតម្លៃចន្លោះពី២.៦០០ដុល្លារទៅ៤.៥០០ដុល្លារអាមេរិកក្នុងមួយខែ ខណៈការជួលអាផាតមុិនធម្មតា(Unserviced) មានតម្លៃចន្លោះពី២.១០០ដុល្លារទៅ៣.៣០០ដុល្លារអាមេរិកក្នុងមួយខែ។

ការជួលអាផាតមុិនដែលផ្តល់ជូនសេវាកម្ម និងមានបន្ទប់គេងចំនួន៣ នៅតំបន់ Sudirman ដូចគ្នា មានតម្លៃចន្លោះពី៣.៥០០ដុល្លារទៅ៥.៥០០ដុល្លារអាមេរិកក្នុងមួយខែ ខណៈការជួលអាផាតមុិនធម្មតា(Unserviced) មានតម្លៃចន្លោះពី៤.០០០ដុល្លារទៅ៥.៥០០ដុល្លារក្នុងមួយខែ៕ប្រភព: Colliers៕

ទស្សនទានពីអ្នកអានៈ “បច្ចុប្បន្នភាពនៃវិបត្តព្រំដែន កម្ពុជា នឹង សៀម “

0

ដោយៈ បញ្ញា ធម្មជាតិ

ភ្នំពេញៈ តាមការវិភាគរបស់ខ្ញុំ ទៅលើគោលនយោបាយដឹកនាំរបស់មេដឹកនាំខ្មែរ គឺលោកមានជំហរទស្សនៈមើលឃើញថា វិបត្តិព្រំដែនបច្ចុប្បន្នវាជាវិបត្តិនយោបាយ ទាក់ទងនឹងផលប្រយោជន៍អ្នកន​យោ​​បាយនៅក្នុងប្រទេសថៃ។

ក៏ប៉ុន្តែក្នុងនោះ វាក៏មានបង្កប់នៅសង្រ្គាមការទូតផង និងជា សង្រ្គាមភូមិសាសនយោបាយ របស់មហាអំណាចផង ។ ដូច្នេះហើយមេដឹកនាំកម្ពុជាយើង លោកបានកំណត់នៅ “ជម្រើសនៃការអត់ធ្មត់” ជាអាទិភាព ដើម្បីយកប្រៀបទៅលើយុត្តាធិការផ្លូវច្បាប់ នឹងបំផុសសំលេងគាំទ្រជាសកល ពីបណ្តាប្រទេសដែលជាសមាជិកសំខាន់ៗ របស់អង្គការសហប្រជាជាតិ ព្រមទាំងបំផុសចលនាផ្សព្វផ្សាយទាំងប្រព័ន្ធផ្សព្វផ្សាយជាតិ នឹងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ នៅគ្រប់តំបន់ ដើម្បីជាការស្ទាបស្ទង់ ទៅលើប្រត្តិកម្មរបស់អន្តរជាតិផង នឹងស្ទាបស្ទង់នៅសភាពការរបស់សកលលោកផង ហើយក៏ជាប្រមូលកម្លាំងគាំគាំទ្រខាងផ្នែកការទូតពីមតិអន្តរជាតិ អោយកើនឡើងកាន់តែខ្លាំងផង។

លើសពីនេះ មេដឹកនាំកម្ពុជាក៏បំពេញមុខមាត់ អោយប្រទេសនេះ ត្រូវបានពិភពលោកទទួលស្គាល់ នឹងកោត​សសើរអំពីភាពថ្លៃថ្នូររបស់ខ្មែរនៅលើឆាកអន្តរជាតិ ក្នុងការដោះស្រាយទំនាស់ ប្រកបដោយចំណេះដឹង សេចក្តីថ្លៃថ្នូរ គោរពច្បាប់អន្តរជាតិ និងសន្ធិសញ្ញាអន្តរជាតិបានយ៉ាងល្អផង។

សរុបសេចក្តីនៅក្នុងន័យនេះ អ្វីអ្វីដែលអ្នកវិភាគមើលឃើញនៅក្នុងជម្លោះក្នុងបច្ចប្បន្ននេះ គឺមេដឹកនាំកម្ពុជាមិនបានសម្លឹងមើលឃើញត្រឹមជម្លោះព្រំដែនជាមួយប្រទេសថៃនោះទេ ក៏ប៉ុន្តែអ្វីដែលមេដឹកនាំកម្ពុជាមើលឃើញថា នោះគឺជាតួនាទីដ៏ធំនៅលើឆាកអន្តរជាតិ ទៅថ្ងៃមុខដែលអន្តរជាតិ គេអាចនឹងវាយតម្លៃសមត្ថភាពរបស់មន្ត្រី នៅក្នុងជួររដ្ឋាភិបាលកម្ពុជា ដែលពួកគេអាចនឹងបោះឆ្នោតជ្រើសតាំង អោយកម្ពុជា ក្លាយជាអ្នកទទួលខុសត្រូវនៅក្នុងការងារសំខាន់ របស់អង្គការសហប្រជាតិទៅថ្ងៃមុខ ដោយពឹងផ្អែកប្រជាប្រិយភាព ចំណេះដឹង នឹងរបៀបដោះស្រាយបញ្ហារជាសកលទៅថ្ងៃមុខ ។

បញ្ហាមួយទៀត មេដឹកនាំកម្ពុជាក៏បានព្យាយាម ប្រមូលនៅការគាំទ្រការទូត ពីឆាកអន្តរជាតិអោយបានពេញលេញ ដើម្បីមេដឹកនាំយើងអាចអូសទាញប្រទេសយើង ចេញអោយផុតអំពីភាពរងគ្រោះ ដែលមានអ៊ីស្រាអ៊ែល នឹងប៉ាឡេស្ទីនជាគំរូស្រាប់ ។

ហេតុផលនេះបង្ហាញថា គ្មានឡើយ ប្រទេសណាមួយដែលអាចជួយយើង បានល្អជាងយើងចេះជួយខ្លួនឯង ហើយបើសិនជាដ៏រាបណាសង្រ្គាមមិនទាន់ផ្ទុះ នោះសភាពការសន្តិសុខជាតិ នឹងការធ្វើអ្វីៗផ្សេងទៀតក៏នៅតែល្អ និងអាចដោះស្រាយបាន។

ក៏ប៉ុនែ្តបើសិនជាសង្រ្គាមផ្ទុះហើយ វាគឺជាសង្រ្គាមសម័យទំនើប ហើយការវាយប្រហារ ចូលជ្រៅទៅក្នុងប្រទេសនីមួយៗ ក៏នឹងបំផ្លាញរាល់សមិទ្ធិផលសេដ្ឋកិច្ច អាគារពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស តំបន់ឧស្សាហកម្ម នឹងវិស័យថាមពល ។ល។ ហើយការប្រើប្រាស់កម្លាំងបាយមកដោះស្រាយ វាស្មើរនឹងយកសាំងមកចាក់ស្រោចដុតទាំងផ្ទះអ្នកជិតខាងផង ហើយក៏ឆេះទាំងផ្ទះខ្លួនឯងផងដែរ៕