ក្រុមហ៊ុនមួយបោះទុនជិត៥លានដុល្លារវិនិយោគនៅក្នុងខេត្តកោះកុងជាមួយគំរោងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់

0

ដោយៈ គង់ សូរិយា

    កោះកុងៈ លោកបណ្ឌិត អ៊ុក ភ័ក្រ្តា អភិបាលរង នៃគណៈអភិ​បាលខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្ត និងរដ្ឋបាលស្រុកបូទុមសាគរ ចុះពិនិត្យសំណើសូមពិនិត្យ និងអនុម័តលើគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។

គំរោងវិនិយោគនេះ របស់ក្រុមហ៊ុនរ៉ាឡុនស៊ីយី អ៊ិនដាសស្ត្រី (ខេមបូឌា) ឯ.ក លើផ្ទៃដី៦ហិកតា ស្ថិតនៅក្នុងភូមិសាស្រ្តឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង។

ក្រុមហ៊ុនមានបំណងចង់បើករោងចក្រផលិត អង់ទីម៉ូនី មេថល អ៊ុនហ្គត់ (Antimony Metal Ingot Factory) ដែលមានទុនវិនិយោគសរុប៤,៩២៨,៣០៧ ដុល្លារសហរដ្ឋអាមេរិក ដែលជាគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនខ្ញុំបាទ ទទួលបានការលើកទឹកចិត្ត ស្របតាមច្បាប់ជាធរមាន។

តាមរយៈការចុះពិនិត្យទីតាំង អាជ្ញាធរ មន្ទីរជំនាញ និងរដ្ឋបាលខេត្ត បានយល់ស្របលើការជ្រើសរើសទីតាំងនេះ និងរីករាយចំពោះការស្នើសុំរៀបចំ គម្រោងវិនិយោគលើទឹកដីខេត្តកោះកុង ដែលជាផ្នែកមួយនៃការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងបង្កើនការងារក្នុងតំបន់ ប៉ុន្តែក្រុមហ៊ុន ក៏ត្រូវអនុវត្តឱ្យស្របតាមនីតិវិធី នៃច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕

លំហូរវិនិយោគចូលវិស័យអចលនទ្រព្យសិង្ហបុរីសម្រេចបានអត្រាកំណើនប្រចាំត្រីមាសទី២

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការវិនិយោគអចលនទ្រព្យនៅក្នុងប្រទេសសិង្ហបុរីនៅតែរក្សាបានស្ថិរភាពល្អប្រសើរក្នុងត្រីមាសទី២ ឆ្នាំ២០២៥ ទោះបីជាមានភាពមិនប្រាកដប្រជាជាសកល ដែលបណ្តាលមកពីអត្រាពន្ធគយថ្មីរបស់សហរដ្ឋអាមេរិក និងជម្លោះរវាងអុីស្រាអែល-អុីរ៉ង់យ៉ាងណាក្តី។

យោងតាមក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Knight Frank បានឱ្យដឹងថា នៅត្រីមាសទី២ លំហូរទុនវិនិយោគសរុបចូលវិស័យអចលនទ្រព្យសិង្ហបុរីសម្រេចបានទំហំទឹកប្រាក់ចំនួន៥,៨ពាន់លានដុល្លារសិង្ហបុរី កើនឡើង១,១ភាគរយធៀបនឹងត្រីមាសទី១។ ប៉ុន្តែ តួលេខនេះបានដាំក្បាលចុះចំនួន១៣,៩ភាគរយ បើប្រៀបធៀបជាមួយនឹងត្រីមាសទី២ ឆ្នាំ២០២៤។

លោក Galven Tan នាយកប្រតិបត្តិក្រុមហ៊ុន Knight Frank Singapore បានកត់សម្គាល់ថា ចំណាប់អារម្មណ៍របស់បណ្តាវិនិយោគិនក្នុងប្រទេសសិង្ហបុរីនៅតែមានសភាពរឹងមាំ។នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយសារព័ត៌មាន Edgeprop។

តួយ៉ាង ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យសិង្ហបុរី City Developments Ltd (CDL) បានលក់ភាគហ៊ុនចំនួន៥០,១ភាគរយរបស់ខ្លួននៅក្នុងអគារការិយាល័យ South Beach ទៅឱ្យក្រុមហ៊ុនម៉ាឡេសុី IOI Properties Group ក្នុងតម្លៃ១,៤ពាន់លានដុល្លារសិង្ហបុរី។

ទោះជាយ៉ាងណា កិច្ចព្រមព្រៀងផ្នែកលំនៅដ្ឋានបានដាំក្បាលចុះ៥២,៣ភាគរយនៅក្នុងត្រីមាសទី២ ធៀបនឹងត្រីមាសទី១ មកនៅត្រឹមចំនួន១,៨ពាន់លានដុល្លារសិង្ហបុរី។កិច្ចព្រមព្រៀងផ្នែកលំនៅដ្ឋាន សំដៅលើការលក់ដីសម្រាប់ការអភិវឌ្ឍន៍លំនៅដ្ឋាន និងការលក់អគារលំនៅដ្ឋានទាំងមូលទៅឱ្យអ្នកវិនិយោគ។

កិច្ចព្រមព្រៀងផ្នែកពាណិជ្ជកម្មសម្រេចបានទំហំទឹកប្រាក់ប្រហែល១,៨ពាន់លានដុល្លារសិង្ហបុរីកាលពីត្រីមាសទី២ ហក់ឡើង១៧,៨ភាគរយធៀបនឹងត្រីមាសទី១។ទោះជាយ៉ាងណា តួលេខនេះបានដាំក្បាលចុះ១០,៥ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕ប្រភព: Edgeprop៕

សម្តេចធិបតីៈកម្ពុជាបានបាត់បង់ទឹកដីច្រើនហើយ កម្ពុជាប្តូរផ្តាច់ការពារទឹកដីឲ្យគង់វង្ស

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា កម្ពុជាបានបាត់បង់ទឹកដីរបស់ខ្លួនច្រើនណាស់ហើយ ដោយសារការឈ្លានពានដណ្ដើមយកពីបរទេស។

សម្តេចមហាបវរធិបតី បានបញ្ជាក់បន្តថា “កម្ពុជាប្ដូរផ្តាច់ការពារបូរណភាពទឹកដីបច្ចុប្បន្ន ដែលបន្សល់ទុកបន្ទាប់ពីសម័យអាណានិគមនិយមឱ្យគង់វង្ស ស្ថិតស្ថេរជានិរន្តរ៍មិនឱ្យបាត់បង់ សូម្បីតែមួយចំណែកតូចណាក្តី”។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធ ដាក់ឱ្យប្រើប្រាស់​សមិទ្ធផលនៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥។

សម្តេចមហាបវរធិបតីបានបញ្ជាក់ទៀតថា “ខ្ញុំចង់គូសបញ្ជាក់ថា ប្រទេសកម្ពុជា យើងធ្លាប់ទទួលរងការឈ្លានពានពីបរទេស សង្គ្រាមជាច្រើនទស្សវត្សរ៍ និងអំពើប្រល័យពូជសាសន៍ ត្រូវគេហ៊ុមព័ទ្ធ និងឯកោ និងត្រូវគេប្រមាថមើលងាយពីអតីតកាល”។ សម្តេចបន្ថែមថា “បច្ចុ​ប្បន្ននេះ កម្ពុជាបានងើបឈរឡើងវិញ ប្រកបដោយភាពស្មើមុខស្មើមាត់ ជាមួយបណ្តាប្រទេសទាំងក្នុងតំបន់ និងពិភពលោក”។

សម្តេចមហាបវរធិបតី បានបន្តទៀតថា យើងត្រូវការបំផុតនូវសន្តិភាព ភាពសហប្រតិបត្តិការ និងការអភិវឌ្ឍ។ យើងគ្មានជំហរនយោ​បាយអមិត្ត ជាមួយប្រទេសណាមួយឡើយ ប៉ុន្តែសកម្មភាពវាយប្រហារខុសច្បាប់ ដោយកងទ័ពថៃ មកលើកងទ័ពកម្ពុជា កាលពីថ្ងៃទី២៨ ខែឧសភា កន្លងទៅ នៅតំបន់មុំបី ក្នុងទឹកដីកម្ពុជា ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។ ព្រឹត្តិកា​រណ៍នេះ បានឆ្លុះបញ្ចាំងពីភាពច្រំដែលនៃប្រវត្តិសាស្ត្រ ទោះបីជាកម្ពុជាមានសុឆន្ទៈ នៅក្នុងការដោះស្រាយបញ្ហាយ៉ាងណា រាជរដ្ឋាភិបាល នៅតែប្រកាន់ជំហរម៉ឺងម៉ាត់ ច្បាស់លាស់ ក្នុងការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ។

សម្តេចបានបន្ថែមថា កម្ពុជាបានបាត់បង់ទឹកដីខ្លួនច្រើនណាស់ហើយ ដោយសារការឈ្លានពានដណ្តើមយកពីបរទេស យើងប្តូរផ្តាច់ការពារបូរណភាពទឹកដីបច្ចុប្បន្ន ដែលបន្សល់ទុកបន្ទាប់ពីសម័យអាណានិគមឲ្យគង់វង្ស ស្ថិតស្ថិរ ជានិរន្តរ៍ មិនឲ្យបាត់បង់ សូម្បីតែមួយចំណែកតូចណាមួយ

សម្តេចមហាបវរធិបតីបានបន្តថា កម្ពុជាមិនបោះបង់ការចរចាទ្វេរភាគីជាមួយប្រទេសថៃនោះឡើយ ប៉ុន្តែតំបន់ប្រាសាទតាមាន់តូច តាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំ៣ មិនអាចដោះស្រាយតាមយន្តការទ្វេភាគីនោះឡើយ។ តំបន់ទាំង៤នេះ មិនអាចដោះស្រាយទ្វេភាគីនោះឡើយ ព្រោះភាគីថៃប្រកាន់ជំហរយកដីនោះទាំងបំពាន សូម្បីជាមួយហ្គូហ្គលក៏ឈ្លោះ។ ដូច្នេះមានតែប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីភាពច្បាស់លាស់ កុំឱ្យបញ្ហាបន្តដល់កូនចៅជំនាន់ក្រោយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងថា “ជំហររបស់កម្ពុជា មិនដកថយនោះឡើយចំពោះតំបន់ទាំង៤ គឺកម្ពុជានៅតែប្រើយន្តការអន្តរជាតិ។ សម្តេចមហាបវរធិបតី សង្ឃឹមថា ថៃ នឹងមិនចង់ទុកឱ្យបញ្ហានេះ បន្តទៅដល់អ្នកជំនាន់ក្រោយទៀតនោះទេ”៕

តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃចន្ទនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនៅព្រឹកថ្ងៃចន្ទនេះ ក្រោយពេលតម្លៃមាសប្រភេទ Spot Gold បានជួញដូរក្នុងទំហំទឹកប្រាក់ចំនួន៣៣៥៥,៤៨ដុល្លារអាមេរិកក្នុងមួយអោនគិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃសុក្រសប្តាហ៍មុន។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,០៤ភាគរយដល់៣៣៥៦,៦៧ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,២៦ភាគរយដល់៣៣៧២,៦០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:២៦នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៣,៣ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី៣០ ខែកក្កដាខាងមុខ។

ចំណែក សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយបណ្ណសំខាន់ៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់៩៧,៩៤ពិន្ទុនៅព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម៩៧,៨៥ពិន្ទុកាលពីថ្ងៃសុក្រសប្តាហ៍មុន៕

ទីផ្សារការិយាល័យនៅតំបន់ Klang Valley របស់ម៉ាឡេសុីចាប់ផ្តើមបង្ហាញសញ្ញានៃការស្ទុះងើបឡើងវិញ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យការិយាល័យនៅតំបន់ Klang Valley ក្នុងប្រទេសម៉ាឡេសុី ដែលគ្របដណ្តប់ទាំងទីក្រុងគូឡាឡាំពួរកំពុងចាប់ផ្តើមបង្ហាញសញ្ញានៃការស្ទុះងើបឡើងវិញ ក្រោយពីបានជួបប្រទះការផ្គត់ផ្គង់លើសតម្រូវការក្នុងរយៈពេលជាង១០ឆ្នាំ។

ធនាគារវិនិយោគ Hong Leong Investment Bank បានលើកឡើងថា យើងសង្កេតឃើញមានសញ្ញានៃកំណើនតម្រូវការការិយាល័យមានគុណភាពខ្ពស់ ខណៈអគារ V2 Tower របស់ក្រុមហ៊ុន Sunway សម្រេចបានអត្រានៃការជួលជិត១០០ភាគរយក្នុងរយៈពេលត្រឹមតែមួយឆ្នាំ បន្ទាប់ពីសាងសង់រួចរាល់។

ជាមួយគ្នានេះ គម្រោងអគារការិយាល័យភ្លោះថ្មី “Sunway Square” ដែលមានផ្ទៃក្រឡាសរុបចំនួន១លានហ្វីតការ៉េ ហើយគ្រោងនឹងចាប់ផ្តើមប្រតិបត្តិការនៅឆមាសទីពីរនៃឆ្នាំ២០២៥នេះ សម្រេចបានការកក់បន្ទប់ការិយាល័យចំនួន៥០ភាគរយរួចមកហើយសម្រាប់អគារទី១។

តម្លៃជួលការិយាល័យអគារភ្លោះ Sunway Square នេះក៏មានភាពទាក់ទាញផងដែរ ដោយមានទំហំទឹកប្រាក់ជាង៦រីងហ្គីត ក្នុងមួយហ្វីតការ៉េុំនេះបើយោងតាមរបាយការណ៍របស់ធនាគារវិនិយោគ Hong Leong Investment Bank។

ធនាគារ HLIB បានអះអាងថា ទិដ្ឋភាពសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីកំពុងឆ្ពោះទៅរកឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់ និងមានតម្លៃខ្ពស់ ដែលជំរុញឱ្យមានតម្រូវការការិយាល័យសម្រាប់ ការស្រាវជ្រាវ និងការអភិវឌ្ឍន៍។

ទន្ទឹមនឹងនោះ ស្របពេលលំហូរនៃការវិនិយោគផ្ទាល់ពីបរទេស (FDIs) មានការកើនឡើង បណ្តាក្រុមហ៊ុនពហុជាតិសាសន៍ជាច្រើនកំពុងពង្រីកទីស្នាក់ការកណ្តាល និងសាខាការិយាល័យក្នុងតំបន់បន្ថែមលើសពីការផលិត៕ប្រភព: New Strait Times៕

តើអ្នកណាជាមហាសេដ្ឋីអចលនទ្រព្យលំដាប់កំពូលទាំង៣នៅ ប្រទេសអូស្រ្តាលី?

0

ដោយៈ គង់ សូរិយា

    អូស្រ្តាលីៈ ប្រសិនជាគិតត្រឹមឆ្នាំ2025 លោក Harry Triguboff នៅតែជាមហាសេដ្ឋីអចលនទ្រព្យ ដែលមានទ្រព្យច្រើនជាងគេបំផុតនៅក្នុងប្រទេសអូស្ត្រាលី។

លោកHarry Triguboff មានទ្រព្យសម្បត្តិសុទ្ធ៖ ប្រហែលចន្លោះពី២០ ទៅ២៥ពាន់លានលានដុល្លារអូស្រ្តាលី (អាស្រ័យលើការប្រែប្រួលទីផ្សារ)។

លោកបានកសាងក្រុមហ៊ុន Meriton Group ជាមួយការចាប់ផ្តើមជីវកម្មដំបូង គឺការអភិវឌ្ឍផ្ទះល្វែង និងការគ្រប់គ្រងអចលនទ្រព្យ។

លោកបានសាងសង់ផ្ទះល្វែងជាង75,000 នៅទូទាំងទីក្រុងស៊ីដនី ប្រ៊ីសបេន និងឆ្នេរសមុទ្រហ្គោល។ លោកក៏័ម្ចាស់ផ្ទះដ៏ធំបំផុតមួយរបស់ប្រទេសអូស្ត្រាលី ជាម្ចាស់បន្ទប់ជួលរាប់ពាន់។

តួលេខ​អចលនទ្រព្យ​គួរ​ឱ្យ​កត់សម្គាល់​ផ្សេងទៀត​ ក្នុង​ប្រទេស​អូស្ត្រាលី​របស់លោករួមមាន ទី១ Lang Walker ជាម្ចាស់ក្រុមហ៊ុន៖ សាជីវកម្មWalker។

លោកមានជំនាញក្នុងគម្រោងពាណិជ្ជកម្មខ្នាតធំ ឧស្សាហកម្ម និងការប្រើប្រាស់ចម្រុះ។

ទី២ John Gandel

មហាសេដ្ឋីលំដាប់ទី២រូបនេះ បានវិនិយោគយ៉ាងច្រើន នៅក្នុងមជ្ឈមណ្ឌលទិញទំនិញ (ឧ. Chadstone នៅទីក្រុងMelbourne) ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធ រួមបញ្ចូលទាំងការវិនិយោគអចលនទ្រព្យ និងការវិនិយោគលក់រាយ។

  1. Frank Lowy (ចូលនិវត្តន៍ ប៉ុន្តែមានឥទ្ធិពល)
  • សហស្ថាបនិកក្រុមហ៊ុន Westfield Group (លក់ទៅឱ្យ Unibail-Rodamco)
  • មហាសេដ្ឋីលំដាប់ទី៣រូបនេះ ផ្តោតសំខាន់ក្នុងការអភិវឌ្ឍន៍ផ្សារទំនើប៕

ហេតុអ្វីអ្នកវិនិយោគបរទេសគួរវិនិយោគនៅកម្ពុជា អានចំណុចលំអិតទាំងនេះ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ វិនិយោគិនបរទេស អាចពិចារណាលើការវិនិយោគនៅកម្ពុជា សម្រាប់ហេតុផលគួរឱ្យទាក់ទាញអារម្មណ៍ជាច្រើន ជាពិសេសនៅឆ្នាំ2025 និងលើសពីនេះ។

ចំណុចសំខាន់ៗទាំងអស់នេះគឺជាគុណសម្បត្តិសំខាន់ៗ ដែលអ្នកធុរកិច្ចបរទេសគួរចាប់ផ្តើម។

  1. ទីតាំងយុទ្ធសាស្ត្រក្នុងតំបន់អាស៊ីអាគ្នេយ៍

ប្រទេសកម្ពុជា ស្ថិតនៅចំកណ្តាលរវាងប្រទេសថៃ វៀតណាម និងឡាវ ដែលផ្តល់ភាពងាយស្រួលដល់ទីផ្សារក្នុងតំបន់។ វាក៏នៅជិតផ្លូវដឹកជញ្ជូនសំខាន់ៗ តាមកំពង់ផែសមុទ្រទឹកជ្រៅ ខេត្តព្រះសីហនុផងដែរ។

  1. កម្លាំងពលកម្មវ័យក្មេង និងកំពុងរីកចម្រើន

ចំនួនជាង60% នៃប្រជាជនកម្ពុជាមានអាយុក្រោម35ឆ្នាំ។ កម្លាំងពលកម្មមានតម្លៃថោកសមរម្យ ទទួលបានការបណ្តុះបណ្តាល និងមានជំនាញកាន់តែច្រើន ជាពិសេសនៅក្នុងវិស័យដូចជា ផលិតកម្ម សំណង់ និងសេវាកម្ម។

  1. គោលនយោបាយរដ្ឋាភិបាលគាំទ្រការវិនិយោគ
  • ប្រទេសនេះមានភាពបើកចំហជាងគេ ក្នុងចំណោមសមាជិកអាស៊ានទាំងអស់ ដោយរដ្ឋាភិបាលអនុញ្ញាត្តឲ្យជនបរទេស មានកម្មសិទ្ធិ 100%លើក្រុមហ៊ុនរបស់ខ្លួន ដែលនិន្នាការនេះត្រូវបានអនុញ្ញាតក្នុងវិស័យភាគច្រើន។
  • ថ្ងៃឈប់សម្រាកបង់ពន្ធដ៏សប្បុរស និងការលើកទឹកចិត្តក្នុងការវិនិយោគ (ឧ. QIP៖ ស្ថានភាពគម្រោងវិនិយោគ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់)។
  • ការរឹតបន្តឹងតិចជាង បើប្រៀបធៀបទៅនឹងប្រទេសជិតខាង ដូចជាវៀតណាម ឬថៃ។

  1. កំណើនសេដ្ឋកិច្ច

បើទោះបីជាមានការប្រឈមជាសាកលក៏ដោយ ក៏សេដ្ឋកិច្ចរបស់កម្ពុជានៅតែមានភាពធន់ជាមួយនឹង កំណើនសេដ្ឋកិច្ច (GDP)ក្នុងរង្វង់៥ភាគរយក្នុងឆ្នាំ 2025នេះ។

  • វិស័យគាំទ្រសូចនាករសេដ្ឋកិច្ចរឹងមាំនេះ មានដូចជា សំណង់ អចលនទ្រព្យ ទេសចរណ៍ និងការនាំចេញ។
  • ការរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងពាណិជ្ជកម្មអេឡិចត្រូនិក បច្ចេកវិទ្យាហិរញ្ញវត្ថុ និងការទូទាត់តាមឌីជីថល។
  1. ឱកាសវិនិយោគក្នុងវិស័យអចលនទ្រព្យ
  • រដ្ឋាភិបាលប្រទេសនេះ គ្មានការរឹតបន្តឹងកម្មសិទ្ធិបរទេសលើខុនដូ (ពីលើជាន់ផ្ទាល់ដី)។
  • ភ្នំពេញ សៀមរាប និងព្រះសីហនុ ផ្តល់ទិន្នផលជួលខ្ពស់។
  • គម្រោងហេដ្ឋារចនាសម្ព័ន្ធ (ដូចជាផ្លូវក្រវ៉ាត់ក្រុងភ្នំពេញ និងផ្លូវល្បឿនលឿន) បង្កើនតម្លៃអចលនទ្រព្យ។
  1. កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs)

ប្រទេសកម្ពុជាអាចចូលទៅកាន់ទីផ្សារធំៗជាច្រើន តាមរយៈ

  • តំបន់ពាណិជ្ជកម្មសេរីអាស៊ាន (AFTA)
  • RCEP ( ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មធំបំផុត នៅទូទាំងពិភពលោក)។
  • កិច្ចព្រមព្រៀងទ្វេភាគីជាមួយចិន កូរ៉េ និងផ្សេងៗទៀត។
  1. សេដ្ឋកិច្ចដុល្លារ

ការប្រើប្រាស់ប្រាក់ដុល្លារអាមេរិក យ៉ាងទូលំទូលាយធ្វើឱ្យហានិភ័យរូបិយប័ណ្ណមានកម្រិតទាប សម្រាប់អ្នកវិនិយោគបរទេស។

  1. វណ្ណៈកណ្តាលដែលកំពុងរីកចម្រើន និងកំណើននៃការប្រើប្រាស់

ការរីកចម្រើននគរូបនីយកម្មយ៉ាងឆាប់រហ័ស និងការកើនឡើងនៃវណ្ណៈកណ្តាល កំពុងជំរុញឱ្យមានតម្រូវការ ដូចជា លក់រាយ ធនាគារ និងហិរញ្ញវត្ថុ ការអប់រំ និងការថែទាំសុខភាព៕

វិស័យវិនិយោគដ៏ល្អនៅកម្ពុជា (2025)

  • អចលនទ្រព្យ និងសំណង់
  • ទេសចរណ៍ និងបដិសណ្ឋារកិច្ច
  • អាជីវកម្មកសិកម្ម និងកែច្នៃអាហារ
  • វាយនភណ្ឌ និងផលិតកម្ម
  • សេវាកម្មឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុ
  • ថាមពលបៃតង និងហេដ្ឋារចនាសម្ព័ន្ធ៕

រដ្ឋាភិបាលរៀបចំសហគមន៍ទេសចរណ៍ចំនួន១២នៅតំបន់ឆ្នេរជាបណ្តុំសេវាកម្មទេសចរណ៍ឲ្យមានភាពប្រសើរ

0

ដោយៈ គង់ សួរិយា

    កំពតៈ រដ្ឋមន្រ្តីចំនួន៣ក្រសួងបានជួបជុំគ្នា នៅសហគមន៍ទេសច​រណ៍ត្រពាំងសង្កែ ក្នុងខេត្តកំពត ដើម្បីរៀបចំសហគមន៍ទេសចរណ៍ចំនួន១២នៅខេត្តចំនួន៣ សម្រាប់ផ្តល់សេវាកម្មឲ្យកាន់តែមានភាពល្អប្រសើរ។

ក្រុមមន្រ្តីបានចាត់ទុក សហគមន៍ទេសចរណ៍ត្រពាំងសង្កែ គឺជាគោលដៅអេកូទេសចរណ៍ដ៏មានប្រជាប្រិយភាព និងមានភាពទាក់ទាញ ដែលបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ ជារៀងរាល់ឆ្នាំ។

លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំពិភាក្សាស្ដីពី លទ្ធផលនៃការកសាងហេដ្ឋារចនាសម្ព័ន្ធ គាំទ្រសេវាទេសចរណ៍ និងនេសាទ លើជីវភាពរស់នៅរបស់សហគមន៍នេសាទត្រពាំងសង្កែ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកសាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ព្រមទាំងវត្តមានរបស់មន្រ្តីពាក់ព័ន្ឋ។

ថ្លែងនៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានសម្តែងនូវសេចក្តីថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនចំពោះលោកឧបនាយករដ្ឋមន្ត្រី ដែលជានិច្ចជាកាលតែងតែបានយកចិត្តទុកដាក់ខ្ពស់ និងនៅថ្ងៃនេះ លោកឧបនាយករដ្ឋមន្ត្រី បានដឹកនាំកិច្ចការដ៏មានសារសំខាន់ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសេវាទេសចរណ៍ និងនេសាទ ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាសហគមន៍ នៅតាមបណ្តាខេត្តគោលដៅនានានិយាយជារួម និង និយាយដោយឡែក នៅសហគមន៍ត្រពាំងសង្កែ ក្នុងស្រុកទឹកឈូ ខេត្តកំពតនេះ និយាយដោយឡែក។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានថ្លែងអំណរគុណ លោកឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានចូលរួមចំណែក ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ តាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវចូលទៅកាន់សហគមន៍ទេស​ចរណ៍ ការផ្គត់ផ្គង់ទឹកស្អាត និងការផ្តល់បន្ទប់ទឹកអនាម័យនៅតាមសហគមន៍ទេសចរណ៍ផងដែរ។ តួយ៉ាង លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តកំពតផងដែរ។

កិច្ចប្រជុំពិភាក្សានេះ មានគោលបំណងត្រួតពិនិត្យលើវឌ្ឍនភាព និងទិដ្ឋភាពទូទៅ នៃគម្រោងអភិវឌ្ឍន៍សហគមន៍ទាំង១២ ដោយក្នុងនោះខេត្តកំពត មាន៥សហគមន៍ ខេត្តព្រះសីហនុ មាន៤សហគមន៍ និងខេត្តកែបមាន៣សហគមន៍ ដើម្បីស្វែងយល់ពីតម្រូវការបន្ថែមសម្រាប់រៀបចំ ជាបណ្ដុំសេវាកម្មទេសចរណ៍ ឱ្យមានភាពល្អប្រសើរ ក្នុងគោលដៅជួយឱ្យប្រជាពលរដ្ឋ នៅក្នុងសហគមន៍នេះ មានប្រាក់ចំណូ​លកើនឡើង និងជីវភាពកាន់តែល្អប្រសើរ។

សហគមន៍ទេសចរណ៍ត្រពាំងសង្កែ ស្ថិតនៅក្នុងភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត និងមានការផ្តល់សេវាកម្ម ផ្ទះស្នាក់សហគមន៍ ដំណើរកម្សាន្តតាមទូកទស្សនាព្រៃកោងកាង ដាំដើមកោងងកាង កញ្ចុះអាហារ ស្ពានដើរកម្សាន្ត ព្រមទាំងមានហេត្ថារចនាសម្ព័ន្ធគាំទ្រសេវាទេសចរណ៍គ្រប់គ្រាន់ ដែលទទួលភ្ញៀវទេសចរប្រមា​ណ១ពាន់នាក់ ជាមធ្យមក្នុង១សប្តាហ៍៕

ទីផ្សារអចលនទ្រព្យរបស់ទីក្រុងឌូបៃបន្តបំបែកកំណត់ត្រានៅក្នុងត្រីមាសទី២

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យរបស់ទីក្រុងឌូបៃនៅក្នុងប្រទេសអេមីរ៉ាត់អារ៉ាប់រួមបានបន្តបំបែកកំណត់ត្រារបស់ខ្លួននៅក្នុងត្រីមាសទី២ ឆ្នាំ២០២៥ ទោះជាមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការដំឡើងពន្ធគយដោយសហរដ្ឋអាមេរិកយ៉ាងណាក្តី។

ការលក់ផ្ទះដែលមានតម្លៃចាប់ពី១០លានដុល្លារអាមេរិកក្នុងមួយយូនីតបានហក់ឡើងដល់ទំហំទឹកប្រាក់ចំនួន២,៦ពាន់លានដុល្លារអាមេរិកនៅចន្លោះខែមេសា និងខែមិថុនា។នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយក្រុមហ៊ុនប្រឹក្សាស្រាវជ្រាវអចលនទ្រព្យ Knight Frank។

តួ​លេខ​ខាងលើនេះ​មាន​ការ​ហក់ឡើង៣៧​ភាគ​រយ​ធៀប​នឹង​ត្រី​មាស​ទី​មួយ ឆ្នាំ២០២៥ និង​ហក់ឡើង៦៣​ភាគ​រយ​បើធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយកាសែត Bloomberg។

របាយការណ៍ពីក្រុមហ៊ុន Knight Frank បានឱ្យដឹងបន្តថា លំនៅដ្ឋាន ដែលមានតម្លៃចាប់ពី១០លានដុល្លារចំនួន១៤៣យូនីត ត្រូវបានលក់ចេញកាលពីត្រីមាសទី២ ហក់ឡើង៥២ភាគរយធៀបនឹងឆ្នាំមុន។ក្នុងនោះ លំនៅដ្ឋានចំនួន២២យូនីតត្រូវបានលក់ចេញក្នុងតម្លៃលើសពី២៥លានដុល្លារ។

ទីផ្សារអចលនទ្រព្យរបស់ទីក្រុងឌូបៃនៅតែមានសភាពរឹងមាំ បើទោះជាមានសង្គ្រាមរយៈពេល១២ថ្ងៃរវាងប្រទេសអុីស្រាអែល និងអុីរ៉ង់យ៉ាងណាក្តី។ ក្រុមឈ្មួញកណ្តាលបានថ្លែងប្រាប់កាសែត Bloomberg News ថា “សង្គ្រាមនេះបាននាំឱ្យទីផ្សារអចលនទ្រព្យរបស់ទីក្រុងឌូបៃស្ទើរតែជាប់គាំងរយៈពេលខ្លី”។

តម្លៃលំនៅដ្ឋានជាមធ្យមនៅទូទាំងសង្កាត់ធំៗចំនួន១០ ក្នុងទីក្រុងឌូបៃបានហក់ឡើង១៨ភាគរយនៅត្រីមាសទី២ ឆ្នាំ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ប៉ុន្តែ ទោះជាយ៉ាងណា តម្លៃលំនៅដ្ឋានហាក់បន្តស្ថិតក្នុងសភាពទ្រឹង បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៥ដូចគ្នា៕ប្រភព: Bloomberg៕

តម្លៃជួលលំនៅដ្ឋានបានកើនឡើងនៅទូទាំងទីក្រុងតូក្យូនៅត្រីមាសទី២

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមរបាយការណ៍សិក្សាថ្មីចុងក្រោយរបស់ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Savills បានឱ្យដឹងថា តម្លៃជួលលំនៅដ្ឋាននៅទីក្រុងតូក្យូរបស់ប្រទេសជប៉ុនបានកើនឡើងគួរឱ្យកត់សម្គាល់កាលពីត្រីមាសទី២ ឆ្នាំ២០២៥ ដោយបានកើនឡើងទាំងលើមូលដ្ឋានប្រចាំត្រីមាស និងប្រចាំឆ្នាំ។

តួយ៉ាង តម្លៃជួលលំនៅដ្ឋានជាមធ្យមនៅទូទាំងសង្កាត់សរុបទាំង២៣ របស់ទីក្រុងតូក្យូបានកើនឡើង០,៩ភាគរយធៀបនឹងត្រីមាសទី១ ដល់ចំនួន៤.៥៨៦យ៉េន(ប្រហែល៣១,៣៥ដុល្លារ)ក្នុងមួយម៉ែត្រការ៉េនៅត្រីមាសទី២។ តួលេខនេះមានការកើនឡើង៨,៤ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

តម្លៃជួលលំនៅដ្ឋានជាមធ្យមនៅសង្កាត់ចំនួន៥ នៅចំកណ្តាលទីក្រុងតូក្យូបានកើនឡើង០,៤ភាគរយធៀបនឹងត្រីមាសទី១ ដល់ចំនួន៥.៥៤៥យ៉េន(ប្រហែល៣៧,៩ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ និងកើនឡើង៩,៥ភាគរយបើធៀបនឹងត្រីមាសទី២ដូចគ្នាកាលពីឆ្នាំមុន។

តម្លៃជួលលំនៅដ្ឋានជាមធ្យមកំពុងបន្តកើនឡើងនៅទូទាំងទីក្រុងតូក្យូ ខណៈម្ចាស់អគារលំនៅដ្ឋានមួយចំនួនបានផ្តល់អាទិភាពដល់ការដំឡើងថ្លៃជួល ដោយបណ្តាលឱ្យការព្រួយបារម្ភរយៈពេលខ្លីចំពោះការថយចុះនូវអត្រានៃការជួល(Occupancy Rate)។

តម្លៃជួលលំនៅដ្ឋានជាមធ្យមនៅភាគខាងត្បូងទីក្រុងតូក្យូបានកើនឡើង១,៨ភាគរយធៀបនឹងត្រីមាសទី១ ដល់ចំនួន៤.៦៨០យ៉េន(ប្រហែល៣២ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ និងកើនឡើង៨,៦ភាគរយបើធៀបនឹងត្រីមាសទី២ ឆ្នាំមុន។

តម្លៃជួលលំនៅដ្ឋានជាមធ្យមនៅភាគខាងលិចទីក្រុងតូក្យូបានកើនឡើង២,៩ភាគរយធៀបនឹងត្រីមាសទី១ ដល់ចំនួន៤.១៨៦យ៉េន(ប្រហែល២៨,៦១ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ និងកើនឡើង៨,១ភាគរយបើធៀបនឹងត្រីមាសទី២ ឆ្នាំមុន៕ប្រភព: Real Estate Asia៕