សម្តេចតេជោៈពីមុនកម្ពុជាមានអាគារខ្ពស់បំផុតត្រឹមតែ៧ជាន់បច្ចុប្បន្នខុសគ្នាដាច់ស្រឡះ

ដោយៈសុផារី

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន  សែន បានសម្តែងការភ្ញាក់ផ្អើលទៅនិងការរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំផ្ទាល់របស់សម្តេច ដោយសម្តេចបានលើកឡើងថា ចាប់ផ្តើមពីទីក្រុងខ្មោច ដែលយើងសឹងមិនជឿថា យើងមានទីក្រុងគុជមួយដែលមានអាគារខ្ពស់ៗ បើប្រៀបធៀបទៅនិងការចាប់ផ្តើមពីឆ្នាំ១៩៧៩ ទីក្រុងភ្នំពេញបានរីកចម្រើនសម្បើម។

សម្តេចបានមានប្រសាសន៍ក្នុងពិធីបើកសម្ភោធដំណើរការសណ្ឋាគារលំដាប់អន្តរជាតិ នៅទីក្រុងភ្នំពេញនាព្រឹកថ្ងៃទី១៥ ធ្នូនេះថា ពីអតីតកាល អាគារដែលខ្ពស់ជាងគេរបស់យើង មានកម្ពស់ត្រឹមតែ៧ជាន់ប៉ុណ្ណោះ និងមានតែមួយអាគារទៅទៀត ប៉ុន្តែឥឡូវនេះយើងមានច្រើន នេះបង្ហាញពីការរីកលូតលាស់របស់កម្ពុជា។

សម្តេចបានបន្តថា “តើអ្វីជាកម្លាំងជម្រុញ ដែលនាំទៅដល់ភាពទាក់ទាញនូវការអនុគ្រោះ សម្រាប់ការវិនិយោគបែបនេះ? និងការរីកចម្រើនរបស់ប្រទេសជាតិ ក្នុងនោះកត្តាសន្តិភាពរកបានដោយការលំបាក និងមិនត្រូវបានមើលរំលង ហើយក៏មិនត្រូវបានប្រគល់ ឬផ្តល់អោយនរណា បំផ្លិចបំផ្លាញនោះទេ ទោះបីអ្នកណានិយាយអ្វីក៏និយាយទោចុះ”។ សម្តេចបានបន្តថា “មិត្តភក្តិបរទេសនៅទីនេះ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំនិងមិនខ្លាចការនិយាយខុសនៅចំពោះមុខបរទេស បើគ្មានសន្តិភាពទេ សូមកុំសង្ឃឹមថា នឹងអាចអភិវឌ្ឍន៍បាន ប្រទេសរបស់ខ្ញុំគឺជាបទពិសោធន៍គ្រប់គ្រាន់ទៅហើយ អំពីការបាត់បង់សន្តិភាព”។សម្តេចបន្ថែមថា “សមិទ្ធិផលដែលដូនតាយើង បានបន្សល់ទុកអោយយើង  ជាពិសេសសមិទ្ធិផលព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តមសីហនុ ដែលព្រះអង្គបានខិតខំកសាង រាប់ទាំងសមិទ្ធិផល ដែលបារាំងបានកសាងក៏ត្រូវបានបំផ្លិចបំផ្លាញ ទីក្រុងភ្នំពេញ ក៏ដូចទីក្រុងទាំងមូល គ្មានមនុស្សរស់នៅ គឺស្មើនិងសូន្យ”។

សម្តេចតេជោបន្តថា “អ្នកខ្លះពេលខ្ញុំនិយាយពិសន្តិភាព ដោយមិនបាននិយាយពីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ពួកគេគិតតែពិនិយាយតិះតៀនខ្ញុំថា ខ្ញុំមិនអោយតម្លៃលើសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ក៏ប៉ុន្តែអ្វិដែលខ្ញុំចង់និយាយ ខ្ញុំផ្តល់សារៈសំខាន់ធំធេង ទៅលើសិទ្ធិរស់រានមានជីវិត បើអ្នកឯងងប់ទៅហើយ អ្នកឯងមកសរសេរកាសែតធ្វើ”៕

គេហដ្ឋានម៉ូតថ្មី តម្លៃសមរម្យ និងស៊ីវិល័យជាងមុន ពី​បុរី ប៉េង ហួត មកដល់ក្នុងពេលឆាប់ៗនេះ ក្នុងកម្មវិធីបើកលក់ទីតាំងថ្មី “​Mera Secret Garden”

ដោយ សហការី

ភ្នំពេញ៖ គេហដ្ឋានម៉ូតថ្មី ដែលមានតម្លៃសមរម្យនិងស៊ីវិល័យជាមុន ហើយនៅលើទីតាំងដ៏មានសក្តានុពលទៀត តើលោកអ្នកចង់បាន​ ផ្ទះក្នុងក្តីស្រមៃហើយ ​ឬនៅ?

ដើម្បីអបអរសាទរឱកាសបើកលក់ដំណាក់កាលថ្មី “Mera Secret Garden” បុរី ប៉េង ហួត នឹងផ្តល់ជូនអតិថិជននូវ គេហដ្ឋានម៉ូដថ្មីជាមួយការបញ្ចុះតំលៃ យ៉ាងពិសេសដែលមិនធ្លាប់មាន។

គេហដ្ឋានម៉ូតថ្មីនេះ បុរី ប៉េង ហួត បានរចនាឡើងយ៉ាងពិសេស ជាមួយភាពច្នៃប្រឌិតខ្ពស់ និងទាន់សម័យ ក្នុងគម្រោងដឹស្ដា មេរាហ្កាដិន ដែលកំពុងតែទទួលបានការគាំទ្រពីអតិថិជន និងកំពុងមានការអភិវឌ្ឍចម្រុះឥតឈប់ឈរ ដែលជាគម្រោង មានសួនច្បារធំជាងគេអមដោយដើមឈើត្រឈឹងត្រឈៃ និងមានរុក្ខជាតិចម្រុះពណ៌ស្រស់បំព្រង ដែលធ្វើអោយការរស់នៅរបស់លោកអ្នកប្រកបដោយឧត្តមភាពបែបធម្មជាតិនិងសុភមង្គល ។

ជួបគ្នាឆាប់ៗនេះ ក្នុងកម្មវិធីបើកលក់ជាផ្លូវការ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី18 និង 19 ខែធ្នូ ឆ្នាំ2021 ខាងមុខនេះ នាការិយាល័យលក់ដឹស្តា មេរាហ្កាដិន ដែលមានទីតាំងស្ថិតនៅតាមបណ្តោយក្រវ៉ាត់ក្រុងទី2 (50ម៉ែត្រ)។ លោកអ្នកនឹងទទួលបានកាដូជាទីគាប់ចិត្ត និងការបញ្ចុះតម្លៃយ៉ាងច្រើនសន្ធឹកសន្ធាប់ ពីកម្មវិធីថែមទៀតផង។

សម្រាប់ព័ត៌មានបន្ថែម​ទាក់​ទង​មក​ទូរសព្ទ​លេខ 098 / 016 / 017 596 789 ​សហការី​យើង​ខ្ញុំ​នឹងនៅ​ចំា​ទទួល​ស្វាគមន៍និង​ប្រឹក្សាយោបល់​ជូន​លោក​អ្នក​

ក្រៅ​ពី​នេះ​ អតិថិជន​អាច​តាម​ដាន​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ Borey Peng Huoth ឬ​ចូល​រួម​ក្នុង Telegram Channel: https://t.me/boreypenghuoth ដើម្បី​ទទួល​បាន​ព័ត៌មាន និង​ប្រូម៉ូសិន​ថ្មីៗ​បាន​មុន​គេ៕

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

 

សម្តេចតេជោ៖ សេដ្ឋកិច្ចកម្ពុជានឹង សម្រេច បាន កំណើន ក្នុងរង្វង់៣ភាគរយនៅ ក្នុងឆ្នាំនេះ

ដោយ៖ សុផារី

ភ្នំពេញ៖ បើតាមការថ្លែងរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខ រដ្ឋាភិបាល កម្ពុជា បាន ព្យាករណ៍ថា កម្ពុជានឹងសម្រេច បាន នូវ កំណើន ក្នុងរង្វង់៣ភាគរយនៅក្នុងឆ្នាំ២០២១ ដែល ជា ភាព សុទិដ្ឋិនិយមថ្មី មួយ ។

សម្តេចបានថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសណ្ឋាគារ “ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ” តម្លៃ១៨០លានដុល្លារ ជាការវិនិយោគរបស់ក្រុមហ៊ុន ជីប ម៉ុងស្ថិតនៅក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ នេះ។

សម្ដេចបានថ្លែងថា “ខ្ញុំគិតថា កំណើនសេដ្ឋកិច្ចរបស់យើងនឹងមាន អាចថា ២,៩ ភាគរយ ៣ភាគរយ ឬ៣អាចលើសពី ៣ភាគរយ ខ្ញុំប្រើថា ជំុវិញ៣ភាគរយ។”

សម្តេចតេជោបានមានប្រសាសន៍ថា នៅក្នុងច្បាប់ថវិកា សេដ្ឋកិច្ចកម្ពុជាស្ថិតនៅក្នុងកម្រិត ២,៤ភាគរយ អង្គការមួយបានវាយតម្លៃកាលពីខែតុលាថាកំណើនស្ថិតក្នុងរង្វង់ ២,៨ភាគរយ។ ចាប់តាំងពីប្រកាសបើកប្រទេស នាំឱ្យមានកំណើនប្រាក់ចំណូល ទោះបីជាមិនទាន់កើនឡើងដល់កម្រិតមុនពេលកូវីដក្តី នៅក្នុងមួយខែ កម្ពុជានៅតែអាចរកប្រាក់ចំណូលបានក្នុងរង្វង់ ៥០០លានទៅ៧០០លាន ក្នុងមួយខែ។ ក្នុងសម័យកូវីដ១៩ ប្រាក់ចំណូលរបស់កម្ពុជាបានធ្លាក់ចុះមកនៅកម្រិតលើ៤០០លានដុល្លារអាមេរិក ក្នុងមួយខែ ហើយធ្លាក់ចុះមកនៅក្រោយ៤០០លានក្នុងមួយខែ។ ប៉ុន្តែឥលូវនេះ បានកើនឡើងវិញហើយ។

សម្តេចបានបញ្ជាក់ថា កំណើននេះបណ្តាលមកពី តម្រូវការក្នុងស្រុកមានការកើនឡើង ធ្វើឱ្យមានកំណើនការនាំចូល នោះពន្ធគយរកចំណូលបានបន្ថែម។

ទាក់ទងនឹងផលប៉ះពាល់ពីកូវីដ១៩ សម្តេចបានមានប្រសាសន៍ថា ផលប៉ះពាល់ពិតប្រាកដ គឺនៅលើវិស័យទេសចរណ៍ ចំណែកវិស័យឧស្សាហកម្មនិងកសិកម្មមិនរងផលប៉ះពាល់។ បច្ចុប្បន្ននេះនៅតាមរោងចក្រនានាកំពុងតែធ្វើការយ៉ាងសស្រាក់សស្រាំ ទាំងយប់ដើម្បីបំពេញតម្រូវការនៃការបញ្ជាទិញឱ្យបានទាន់ពេលវេលា៕

អារ៉ាប៊ីសាអូឌីត គ្រោងបង្កើនទំហំវិនិយោគលើគម្រោងថាមពល និងថាមពលកកើតឡើងវិញឱ្យឈានដល់២៩៣ពាន់លានដុល្លារ

ដោយសុខុម

ក្រុងរីយ៉ាដ: ប្រទេសអារ៉ាប៊ីសាអូឌីត រំពឹងថា ទំហំទុនវិនិយោគក្នុងគម្រោងថាមពល និងថាមពលកកើតឡើងវិញនឹងឈានរហូតដល់២៩៣ពាន់លានដុល្លារអាមេរិក នៅត្រឹមឆ្នាំ២០៣០។ នេះបើយោងតាមសារព័ត៌មាន Arab News ចុះផ្សាយកាលពីថ្ងៃអង្គារ ទី១៤ ធ្នូ។

ផ្អែកតាមបទបង្ហាញដែលធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួងថាមពលកាលពីថ្ងៃច័ន្ទ ទី១៣ ធ្នូ អំឡុងវេទិកាស្តីពីថវិការបស់អារ៉ាប៊ីសាអូឌីត នៅទីក្រុងរីយ៉ាដ បង្ហាញថា ការចំណាយភាគច្រើនរបស់ប្រទេសនេះគឺចំណាយទៅលើគម្រោងបញ្ជូនថាមពល។

រដ្ឋមន្ត្រីក្រសួងថាមពលគឺព្រះអង្គម្ចាស់ Abdulaziz បានមានបន្ទូលថា ប្រទេសអារ៉ាប៊ីសាអូឌីត គ្រោងចំណាយប្រមាណ៣៨ពាន់លានដុល្លារអាមេរិក លើការចែកចាយថាមពលនៅត្រឹមឆ្នាំ២០៣០។

ព្រះអង្គម្ចាស់មានបន្ទូលបន្ថែមទៀតថា ប្រទេសនេះគ្រោងបោះទុនវិនិយោគប្រមាណជាង១០១ពាន់លានដុល្លារអាមេរិក លើគម្រោងថាមពលកកើតឡើងវិញនៅត្រឹមឆ្នាំ២០៣០។

ទោះជាយ៉ាងណា ព្រះអង្គបានគូសបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធឧស្ម័នធម្មជាតិរួមទាំងបំពង់បង្ហូរប្រេងផងនឹងត្រូវគ្រប់គ្រងដោយរដ្ឋ៕ Arab News៕

លោក Elon Musk លក់ភាគហ៊ុន Tesla តម្លៃ ៩០៦លានដុល្លារនិងប៉ះសម្តីគ្នាជាមួយសមាជិកព្រឹទ្ឋសភា

ដោយ: ស្រីលិះ

អន្តរជាតិ: នាយកប្រតិបត្តិក្រុមហ៊ុន SpaceX និង Tesla លោក Elon Musk បានលក់ភាគហ៊ុនចំនួន៩៣៤ ០៩១ របស់ក្រុមហ៊ុនរថយន្តអគ្គិសនីរបស់គាត់ ដែលមានតម្លៃប្រហែល៩០៦,៤៩លានដុល្លារ នេះបើយោងតាមឯកសារហិរញ្ញវត្ថុមួយ ជាមួយគណៈកម្មការមូលបត្រដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃចន្ទ។

ជាមួយនឹងការលើកឡើងពីការតម្រូវឲ្យបង់ពន្ឋ លោក Elon Muskបានប៉ះសម្តីគ្នាជាមួយសមាជិកព្រឹទ្ឋសភាអាមេរិក លោក Ron Wyden, D-Ore នៅលើបណ្តាញទំនាក់ទំនងសង្គម Twitter។

របាយការណ៍បានបង្ហាញថា នៅក្នុងប្រតិបត្តិការចុងក្រោយបំផុតដែលធ្វើឡើង ដោយនាយកប្រតិបត្តិTesla និងមហាសេដ្ឋីរាប់សិបនាក់ទៀត គឺជាផ្នែកមួយនៃផែនការពាណិជ្ជកម្ម “ច្បាប់ 10b5-1” ចុះថ្ងៃទី១៤ ខែកញ្ញា។ ផែនការនេះ អនុញ្ញាតឱ្យអ្នកខាងក្នុងក្រុមហ៊ុន អាចជួញដូរនៅក្នុងភាគហ៊ុនរបស់ក្រុមហ៊ុនផ្ទាល់ សម្រាប់សំណុំមួយ កាលបរិច្ឆេទនាពេលអនាគត។

Musk ដែលជាអ្នកមានបំផុតក្នុងពិភពលោក ហើយដែលទើបតែជាប់ឈ្មោះជាបុគ្គលឆ្នើមប្រចាំឆ្នាំ២០២១ របស់ទស្សនាវដ្តី Time នៅតែមានជម្រើសភាគហ៊ុនរាប់លាន ដែលគាត់បានអនុវត្តន៍នៅខែសីហា ឆ្នាំ២០២២។
គាត់បាននិយាយនៅក្នុងសន្និសីទក្រមឆ្នាំ២០២១ នៅថ្ងៃទី២៨ ខែកញ្ញាថា គាត់ទំនងជានឹងលក់ភាគហ៊ុនដ៏ធំមួយនៅក្នុងត្រីមាសទី៤។

កាលពីថ្ងៃទី៦ ខែវិច្ឆិកា លោក Musk បានសួរក្រុមអ្នកតាមដាន Twitter របស់គាត់ឱ្យបោះឆ្នោតថា តើគាត់គួរលក់ភាគហ៊ុន១០% នៃការកាន់កាប់របស់គាត់ នៅក្នុងក្រមហ៊ុនផលិតរថយន្តអគ្គិសនី និងអាជីវកម្មថាមពលពន្លឺព្រះអាទិត្យឬអត់។

លោកបានបង្ហាញការស្ទង់មតិដ៏កម្រ និងមិនធ្លាប់មាននៅក្នុងបណ្តាញទំនាក់ទំនងសង្គម Twitter របស់គាត់ ដោយលោក Musk បានសរសេរថា “ភាគច្រើនត្រូវបានបង្កើតឡើងយឺតយ៉ាវ នៃប្រាក់ចំណេញ ដែលបានដឹងថាវាជាមធ្យោបាយ នៃការគេចវេសពីពន្ធ។ ដូច្នេះខ្ញុំស្នើឱ្យលក់១០% នៃភាគហ៊ុន Tesla របស់ខ្ញុំ។ តើអ្នកគាំទ្ររឿងនេះទេ?។

គាត់បានផ្តល់ឱ្យអ្នកតាមដានរាប់សិបលាននាក់ របស់គាត់នូវជម្រើសនៃការបោះឆ្នោត “បាទ” ឬ “ទេ” ហើយបាននិយាយថា គាត់នឹងគោរពតាមលទ្ធផល ទោះបីជាការស្ទង់មតិទៅតាមផ្លូវណាក៏ដោយ។ ការបង្ហាញលទ្ធផលនៃស្ទង់មតិលើ Twitter បានបង្ហាញថា អ្នកឆ្លើយប្រហែល៣,៥លាននាក់ ស្មើនឹង៥៧,៩% នៃចំំនួនអ្នកបោះឆ្នោតបានឆ្លើយ “បាទ” ។

បន្ទាប់ពីការស្ទង់មតិរបស់លោក Musk ប្រធានគណៈកម្មាធិការហិរញ្ញវត្ថុព្រឹទ្ធសភាលោក Ron Wyden, D-Ore បានសរសេរនៅក្នុង Twitter របស់គាត់ថា “បុរសដែលមានបំផុតលើពិភពលោក បង់ពន្ធអ្វីក៏ដោយ មិនគួរអាស្រ័យលើលទ្ធផលនៃការស្ទង់មតិ Twitter នោះទេ”។ “វាដល់ពេលហើយសម្រាប់ការយកពន្ធ លើប្រាក់ចំណូលរបស់មហាសេដ្ឋី”។

Musk ដែលប្រឆាំងនឹងពន្ធរបស់មហាសេដ្ឋី និងការចំណាយ Build Back Better របស់ប្រធានាធិបតី Joe Biden បានឆ្លើយតបទៅ Wyden ជាមួយនឹងការតបតយ៉ាងម៉ឺងម៉ាត់។

ថ្មីៗនេះ Musk បាននិយាយនៅឯកិច្ចប្រជុំក្រុមប្រឹក្សា CEO របស់ Wall Street Journal ថា “ប្រសិនបើអ្នកដកមហាសេដ្ឋីទាំងអស់នោះ អ្នកនៅតែមិនអាចដោះស្រាយឱនភាពបានទេ” នៅសហរដ្ឋអាមេរិក។

គាត់ក៏បានសម្តែងការខឹងសម្បារអំពីមនោសញ្ចេតនា “ប្រឆាំងមហាសេដ្ឋី” នៅសហរដ្ឋអាមេរិកផងដែរ។
Musk នៅតែត្រូវការលក់ភាគហ៊ុន Tesla ប្រហែល៥លានហ៊ុនទៀត ដើម្បីបំពេញតាមការសន្យា ដែលគាត់បានធ្វើនៅក្នុងការស្ទង់មតិ Twitter របស់គាត់។

កាលពីដើមខែនេះ នាយកប្រតិបត្តិក៏បានលក់ភាគហ៊ុន Tesla ជាបណ្តុំ ដែលមានតម្លៃប្រហែល៩៦៣,២លានដុល្លារ និងភាគហ៊ុនមានតម្លៃ១,០១ពាន់លានដុល្លារ ដែលនាំឱ្យការលក់សរុបរបស់គាត់ នៅក្នុងខែធ្នូកើនឡើងដល់ជាង២,៨៧ពាន់លានដុល្លារ រហូតមកដល់ពេលនេះ។ គាត់បានលក់ភាគហ៊ុន Tesla សរុបចំនួន៩,៨៥ពាន់លានដុល្លារក្នុងខែវិច្ឆិកា។

ក្រៅពី Musk នាយកប្រតិបត្តិTesla រួមទាំង CFO លោក Zachary Kirkhorn ប្រធានគណនេយ្យករ Taneja Vaibhav និងអនុប្រធានជាន់ខ្ពស់នៃ Powertrain និងវិស្វកម្មថាមពល Drew Baglino ក៏បានលក់ភាគហ៊ុន Tesla និងអនុវត្តជម្រើសក្នុងខែធ្នូផងដែរ៕

សមាគមក្រុមហ៊ុនអាកាសចរណ៍ថៃ ជំរុញឱ្យរដ្ឋាភិបាលលើកលែងទិដ្ឋាកាសម្រាប់អ្នកធ្វើដំណើរទូទាំងពិភពលោក

ដោយៈសុខុម

បាងកក: សមាគមក្រុមហ៊ុនអាកាសចរណ៍ថៃ (AAT) កំពុងជំរុញឱ្យរដ្ឋាភិបាលថៃ ពិចារណាផ្ដល់ការលើកលែងទិដ្ឋាកា សម្រាប់អ្នកធ្វើដំណើរអន្តរជាតិ ដើម្បីទាក់ទាញអ្នកធ្វើដំណើរ តាមផ្លូវអាកាសបន្ថែមទៀត ខណៈការប្រកួតប្រជែង ទូទាំងពិភពលោកកាន់តែខ្លាំងក្លា។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយនៅថ្ងៃអង្គារ ទី១៤ ធ្នូ នេះ។

លោក Puttipong Prasarttong-Osoth ប្រធានក្រុមហ៊ុនអាកាសចរណ៍ Bangkok Airways និងជាប្រធានAAT បានលើកឡើងថា ការបន្ធូរបន្ថយបន្ថែមទៀត នូវវិធានស្ដីពីការធ្វើដំណើរ និងថ្លៃចំណាយដូចជាថ្លៃទិដ្ឋាកា ឬការធ្វើតេស្តម៉ាស៊ីនធំ RT-PCR ដើម្បីរកវីរុសកូវីដ-១៩ ជាដើមនឹងជំរុញឱ្យកំណើនតម្រូវការ។

ការលើកលែងទិដ្ឋាកាគឺជាវិធានការមួយ ដែលនឹងជួយបង្កើនចំនួនភ្ញៀវទេសចរអន្តរជាតិនៅឆ្នាំ២០២២ ឱ្យឈានដល់ចំនួនគោលដៅ១០លាននាក់។

លោក Puttipong បានថ្លែងដូច្នេះថា “យើងកំពុងស្ថិតក្នុងដំណាក់កាលប្រកួតប្រជែងយ៉ាងខ្លាំងក្លា ដោយសារគ្រប់ប្រទេសទាំងអស់ សុទ្ធតែត្រូវការភ្ញៀវទេសចរ ដើម្បីទប់ទល់នឹងផលប៉ះពាល់សេដ្ឋកិច្ច”។ លោកបន្តថា “ការបន្ធូរបន្ថយបន្ថែមទៀត លើវិធានការរឹតបន្តឹងនានា នឹងជួយលើកកម្ពស់ការប្រកួតប្រជែងរបស់យើង”។

ក្នុង “សន្និសីទឧស្សាហកម្មអាកាសចរណ៍ថៃ ឆ្នាំ២០២១៖ ការហោះហើរ ឆ្ពោះទៅកាន់យុគសម័យថ្មី នៃអាកាសចរណ៍ថៃ” លោក Puttipong បានលើកឡើងថា ឧស្សាហកម្មអាកាសចរណ៍របស់ប្រទេសថៃ នឹងអាចស្ដា​រឡើងវិញបាន ត្រឹមចន្លោះពី២០%ទៅ៣០%នៃកម្រិតមុនពេលផ្ទុះវិបត្តិកូវីដ-១៩ ប៉ុណ្ណោះ ថ្វីបើថៃ បើកប្រទេសទទួលស្វាគមន៍ឡើងវិញ កាលពីថ្ងៃទី១ វិច្ឆិកា កន្លងទៅយ៉ាងណាក្ដី។

ប្រធានសមាគមក្រុមហ៊ុនអាកាសចរណ៍ថៃ (AAT) រូបនេះបានគូសបញ្ជាក់ថា វិធានការជួយគាំទ្រ បណ្ដាក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក គួរតែបន្តរយៈពេល១ឆ្នាំទៅ២ឆ្នាំ៕ Bangkok Post៕

ជប៉ុនផ្តល់ជំនួយឥតសំណង១២លានដុល្លារដើម្បីផ្លាស់ប្តូរទិន្នន័យអេឡិកត្រូនិកនៅកំពង់ផែ

ដោយៈគង់ សូរិយា

ភ្នំពេញៈ រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន(JICA) បានសម្រេចផ្តល់ជំនួយប្រមាណ១២លាន​ដុល្លារ ដើម្បីជួយលើកកំពស់សមត្ថភាពកំពង់ផែព្រះសីហនុ។

គម្រោងនេះ ចាប់ផ្តើមដំណើរការនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ហើយគ្រោងនឹងបញ្ចប់ និងដាក់ឱ្យដំណើរការប្រព័ន្ធជាផ្លូវការ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ខាង មុខនេះ។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានដឹកជញ្ជូន ផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែឱ្យដឹងថា មកដល់ពេលបច្ចុប្បន្ននេះ គម្រោងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិចនៅកំពង់ផែ (Port EDI) សម្រេចវឌ្ឍនភាពការងារបានប្រមាណ៨០%ហើយ ក្នុងនោះ៖ គម្រោងបានបញ្ចប់វគ្គបណ្តុះបណ្តាលជូនដល់មន្ត្រីអនុវត្តគម្រោង និងគ្រោងដាក់ឱ្យធ្វើតេស្តសាកល្បងជា៣វគ្គ ដោយសមាជិកគណៈកម្មការធ្វើបែបបទនាវា ចូល-ចេញចាប់ផ្តើមពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២២ ក្រោមការបណ្តុះបណ្តាលដោយផ្ទាល់ ពីក្រុម ការងារបច្ចេកទេសរបស់ក្រុមហ៊ុន KYOWA EXEO,.inc និងពិនិត្យវាយតម្លៃដោយទីប្រឹក្សានៃក្រុមហ៊ុន Mitsubishi Research Institute, INC និងគ្រោងដាក់ឱ្យដំណើរការប្រព័ន្ធនៅខែសីហា ឆ្នាំ២០២២។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញ ជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីប្រគល់-ទទួលស ម្ភារៈប្រើប្រាស់ ក្នុងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិក នៅកំពង់ផែ (Port EDI) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ក្រសួងទទួលបន្ទុក តំណាងទីភ្នាក់ងារ JICA និងមន្រ្តីពាក់ព័ន្ឋ។

លោកបានមានប្រសាសន៍ថា នៅថ្ងៃអនាគត ក្នុងដំណាក់កាលរីកចម្រើន យើងអាចសហការគ្នា ជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីតភ្ជាប់ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យ អេឡិចត្រូនិកនៅកំពង់ផែ(Port EDI) របស់យើងជាមួយប្រព័ន្ធ ASYCUDA របស់គយ ដើម្បីបង្កភាពងាយ ស្រួលបន្ថែមដល់ធុរកិច្ចជន។

លោកស៊ុន ចាន់ថុលបានបន្តថា កំណើនសេដ្ឋកិច្ចកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងរយៈពេល១០ឆ្នាំចុង ក្រោយនេះ ដែលធ្វើឱ្យបរិមាណនៃការនាំចូល និងការនាំចេញបានកើនឡើងជារៀងរាល់ឆ្នាំ ដែលទាមទារឱ្យមានការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខារកំពង់ផែជាបន្ទាន់។

បច្ចុប្បន្ននេះកម្ពុជាមានកំពង់ផែធំៗ ចំនួនពីរគឺ កំពងផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រាប់បម្រើសេវាដឹកជញ្ជូនតាម ផ្លូវទឹក ផ្លូវសមុទ្រក្នុងប្រទេស និងអន្តរជាតិ ហើយកំពង់ផែទាំងពីរបានដំណើរការធ្វើបែបបទនាវាចូល -ចេញតាមនីតិវិធីរដ្ឋបាលដោយដៃ ដែលងាយជួបប្រទះបញ្ហាប្រឈមនៅពេលដែលចំនួននាវា និងទំនិញកើនឡើងយ៉ាងច្រើននាពេលខាងមុខ៕

មេរៀនអាជីវកម្មទាំងទាំង៥ របស់ Jeff Bezos ប្រែក្លាយ Amazon ជាក្រុមហ៊ុនយក្សលំដាប់ពិភពលោក

ដោយ:ម៉ាលីស

ភ្នំពេញៈ មហាសេដ្ឋីពិភពលោក រូបនេះបានចំណាយពេលវេលាជាងពាក់កណ្ដាលជីវិតរបស់លោក ទៅលើការងារពាណិជ្ជកម្មអនឡាញ ពិសេ​សការដឹកនាំ Amazon ឲ្យរីកចំរើនមកដល់ពេលនេះ។

លោកក៏បានចែករំលែក នូវមេរៀនអាជីវកម្មទាំង៥ចំណុច ដែលបានប្រែក្លាយ Amazon ទៅជាក្រុមហ៊ុនលំដាប់ពិភពលោកដូចខាងក្រោម

១ ស្វែងយល់ពីអតិថិជន
ការសិក្សាស្វែងយល់ពីចិត្តរបស់អតិថិជន គឺជាយុទ្ធសាស្ត្រផ្លូវចិត្តក្នុងការអូសទាញអតិថិជន ឲ្យនៅជាមួយយើង ជាជាងការឈ្លោះប្រកែកទាស់ទែង ដើម្បីតែឈ្នះ។

លោកJeff Bezos បានមានប្រសាសន៍ថា “ដើម្បីស្វែងយល់និងរកដំណោះស្រាយជូនអតិថិជន ក្រុមហ៊ុនamazon បានបង្កើតគេហទំព័រ Amazon Website Service (AWS) ដើម្បីទទួលដឹងឮ រាល់បញ្ហារបស់អតិថិជន អ្នកដែលយកឈ្នះអតិថិជនបាន គឺជាអ្នកដែលពូកែស្ដាប់និងដោះស្រាយបញ្ហារបស់ថិជន”។

២ ទទួលយកហានិភ័យ
អាជីវកម្មនីមួយតែងតែប្រឈមមុខ ជាមួយហានិភ័យផ្សេងៗគ្នា ហើ​យអ្នក ដែលមិនអាចគ្រប់គ្រងហានិភ័យទាំងនោះបាន និងត្រូវដួលរលំ តែបើទោះជាយ៉ាងនេះក្តី យើងមិនអាចសុំមិនប្រឈមមុខ ជាមួយបញ្ហាទាំងនោះបានឡើយ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកអាចទទួលយកហានិភ័យហើយកែប្រែហានិភ័យទាំងនោះ ទៅជាលាភវិញអ្នកនឹងរឹតតែធំ រឹតតែរឹងមាំ និងរឹតតែចំណេញ។

លោក Jeff Bezos បានមានប្រសាសន៍ថា “ការបរាជ័យ និងការបង្កើតថ្មី គឺជារឿងពីរដាច់ដោយឡែកពីគ្នា ហើយដើម្បីបង្កើតអ្វីដែលថ្មី អ្នកចាំបាច់ត្រូវធ្វើពិសោធន៍ អ្នកត្រូវចាំថាប្រសិនបើអ្នកដឹងនូវអ្វី ដែលអាចកើតឡើងជាមុនបាននោះ មិនមែនជាការពិសោធន៍ពិតនោះទេ”។

៣ ធ្វើឲ្យបុគ្គលិកមានការគិតដូចជាម្ចាស់អាជីវកម្ម
របៀបគិតធ្វើការងាររបស់បុគ្គលិក នឹងធ្វើឲ្យអាជីវកម្មរបស់អ្នកកាន់តែរីកចម្រើនឡើងយ៉ាងឆាប់រហ័ស។ ចែករំលែកផលចំណេញជាមួយបុគ្គលិក អនុញ្ញាតឲ្យបុគ្គលិក មានភាគហ៊ុននៅក្នុងក្រុមហ៊ុន ពួកគេនឹងខិតខំប្រឹងប្រែងធ្វើការអស់ពីសមត្ថភាពដើម្បីជោគជ័យរួមគ្នា។

៤ បង្កើតក្តីសុបិន្តរួម
ដើម្បីឲ្យជឿថា អាចឈានឆ្ពោះទៅមុខបាន ស្របតាមការចង់បានរបស់យើង ក្រុមហ៊ុននោះត្រូវតែដាក់គោលដៅរួម ឬបង្កើតនូវក្តីសុបិន្តរួម ដែលបង្ហាញពីកត្តា ដែលនាំឲ្យពួកគេធ្វើការងារនោះ ហើយហេតុអ្វីការងារនោះផ្ដល់ភាពសំខាន់ដល់ពួកគេរាល់គ្នា។ យើងអាចផ្ដោតទៅលើគោលដៅចម្បង និងដាស់តឿនពួកគេជារឿយៗ ដើម្បីឲ្យពួកគេមានការតាំងចិត្តកាន់​តែខ្លាំងឡើង។

៥ ការសម្រេចចិត្ត
ការសំរេចចិត្តដែលត្រឹមត្រូវ មិនបានពឹងផ្អែកទាំងស្រុងទៅលើតែអ្នកមានអំណាច ឬអ្នកមានឥទ្ធិពល នៅក្នុងក្រុមហ៊ុនតែម្នាក់នោះឡើយបុគ្គ​លិក ឬសមាជិកនៅក្នុងក្រុមហ៊ុន ដែលជាអ្នករួមវាសនាជាមួយយើងពួកគេមានសិទ្ធិក្នុងការបញ្ចេញមតិ បង្ហាញពីការយល់ឃើញ និងចូលរួមសម្រេចចិត្តដោយសំឡេងភាគច្រើនផងដែរ៕

ក្រុងហុងកុងកំពុងពង្រីកសមត្ថភាពអាកាសយានដ្ឋានរបស់ខ្លូន ដើម្បីឈានទៅកាន់់លំដាប់ថ្មីមួយ

ដោយៈសុខុម

ហុងកុង: ខណៈឧស្សាហកម្មអាកាសចរណ៍ បានដាំក្បាលចុះយ៉ាងខ្លាំង ដោយសារការរាតត្បាតវីរុសកូវីដ-១៩ ការសាងសង់ពង្រីកអាកាសយានដ្ឋានអន្តរជាតិហុងកុង Hong Kong International Airport (HKIA) នៅតែបន្ថែមល្បឿនទៅមុខមិនឈប់។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃទី១០ ធ្នូ។

ដោយការស្ថាបនាផ្លូវយន្តហោះរត់ទី៣ បានបញ្ចប់ជាស្ថាពរនៅខែកញ្ញា គម្រោងអភិវឌ្ឍន៍ ដែលមានរយៈពេលរាប់ទសវត្សរ៍នេះ បានឈានចូលដល់ដំណាក់កាលបន្ទាប់របស់ខ្លួនគួរជាទីមោទនភាព។

ដោយត្រូវបានប្រសិទ្ធនាមថា Airport City ឬ “ទីក្រុងអាកាសយានដ្ឋាន” គម្រោងដ៏ធំសម្បើមនេះ ក៏រួមបញ្ចូលទាំងការសាងសង់ “កន្លែងលក់រាយ”ដ៏ធំបំផុតរបស់ហុងកុង និងការអភិវឌ្ឍដំណាក់កាលទី២ នៃមជ្ឈម​ណ្ឌលពិព័រណ៍ AsiaWorld-Expo ផងដែរ។

វានឹងពង្រឹងតួនាទីរបស់ក្រុងហុងកុង ក្នុងឋានៈជាមជ្ឈមណ្ឌលអា​កា​សចរណ៍ និងដឹកជញ្ជូនព្រមទាំងជាច្រកទ្វារអន្តរជាតិ ទៅកាន់តំបន់ Greater Bay Area ដែលជាការរួមបញ្ចូលគ្នានូវខេត្តគ័ងតុង ក្រុងហុងកុង និងម៉ាកាវ (Guangdong-Hong Kong-Macau)។

ដោយស្ថិតក្នុងចំណោមអាកាសយានដ្ឋាន ដែលមានអ្នកដំណើរឆ្លងកាត់ដ៏មមាញឹកបំផុតរបស់ពិភពលោក និងដែលបច្ចុប្បន្នជាប់ឈ្មោះជាអាកាសយាដ្ឋានដឹកទំនិញអន្តរជាតិ ចំណាត់ថ្នាក់លេខ១ អាកាសយាន ដ្ឋានអន្តរជាតិហុងកុង (HKIA) កំពុងធ្វើការកែលម្អ និងពង្រីកបន្ថែមយ៉ាងគំហុកក្រោមទំហំទុនវិនិយោគ រហូតដល់ទៅ៥,១៤ពាន់លានដុល្លារអាមេរិក ពីឆ្នាំ២០២០ ដល់ឆ្នាំ២០៣០។

លោកស្រី Vivian Cheung នាយកប្រតិបត្តិទទួលបន្ទុកដំណើរការអាកាសយានដ្ឋានក្រុងហុងកុង (HKIA) បានលើកឡើងថា “យើងកំពុងបន្ថែមសមត្ថភាព និងមុខងារ ពង្រឹងភាពឈានមុខគេរបស់ យើងផ្នែកដឹកជញ្ជូនទំនិញ ហើយក៏ធ្វើឱ្យវាក្លាយជាកន្លែងដ៏ល្បីល្បាញ សម្រាប់វិស័យទេ​សចរណ៍ និងអ្នកធ្វើដំណើរផងដែរ”។

បន្ថែមពីលើផ្លូវរត់ទី៣ ដែលគ្រោងនឹងដាក់ឱ្យដំណើរការនៅឆ្នាំ២០២២ ការងារអភិវឌ្ឍន៍នឹងបន្តរួមបញ្ចូល ទាំងការសាងសង់សាលថ្មីដ៏ធំមួយ និងការពង្រីកចំណតទី២ ដែលនឹងបញ្ចប់ជាស្ថាពរនៅឆ្នាំ២០២៤ ផងដែរ។ ទន្ទឹមនេះក៏មានផែនទីបង្ហាញផ្លូវរយៈពេល១០ឆ្នាំ សម្រាប់ការប្រែក្លា​យអាកាសយានដ្ឋាននេះ ឱ្យដំណើរការដោយស្វ័យភាពផងដែរ។

អាកាសយានដ្ឋានអន្តរជាតិហុងកុង (HKIA) ត្រូវបានប្រសិទ្ធនាមថា Airport City ឬ “ទីក្រុងអាកាសយានដ្ឋាន” ដោយសារវាមានលក្ខណៈពិសេសជាច្រើន ខុសពីអាកាសយានដ្ឋានទូទៅ ដូចជា ក្រៅពីអាកាសដ្ឋានខ្លួនឯង វាក៏មានសាលាបង្រៀនផ្នែកអាកាសចរណ៍ អន្តេវាសិកដ្ឋាន សណ្ឋា​គារ អគារការិយាល័យ និងចំណតរថយន្តជាដើម៕ South China Morning Post៕

មន្ត្រីជាន់ខ្ពស់សេដ្ឋកិច្ចៈ វិស័យអចលនវត្ថុកំពុងក្លាយជាកំលាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ សេដ្ឋកិច្ចកម្ពុជាបាន និងកំពុងធ្វើពិពិធកម្មបន្តិចម្ដងៗ ដោ​យពេលនេះវិស័យអចលនទ្រព្យ កំពុងក្លាយជាវិស័យមួយសំខាន់ ក្នុងកំណើនសេដ្ឋកិច្ចកម្ពុជា។

រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោកផាន់ ផល្លារបានមានប្រសាសន៍ឱ្យដឹងកាលពីថ្ងៃទី១៤ ធ្នូកន្លងមកថា សម្រាប់ឆ្នាំ២០២២ ខាងមុខនេះ រដ្ឋាភិបាលបានកំណត់យក វិស័យឧស្សាហកម្មកាត់ដេរ វិស័យកសិកម្ម សេវាកម្ម និងវិស័យអចលនវត្ថុ គឺជាវិស័យសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច។

ការកំណត់យកវិស័យទាំងនេះ ជាអាទិភាពក្នុងការរុញកំណើនសេដ្ឋកិច្ច ព្រោះយើងបានឃើញថា ក្នុងឆ្នាំ២០២១ កន្លងទៅនេះ ជាពិសេសនៅចុងឆ្នាំ២០២១ វិស័យទាំងនេះ ហាក់កំនើនខ្ពស់។ ជាក់ស្ដែងការនាំចេញផលិតផលកាត់ដេរ មានកំណើនរហូតដល់១៣,៥ភាគរយ ការនាំចេញផលិតផលមិនមែនកាត់ដេរ កើនឡើងជាង ៥៣ភាគរយ និងកសិកម្មក៏ខ្ពស់ហើយវិស័យសំខាន់មួយ ដែលទៀតដែលយើងបានមើលឃើញថា កំពុងចូលរួមយ៉ាងសកម្ម ក្នុងកំណើនសេដ្ឋកិច្ចគឺវិស័យអចលនទ្រព្យ ។

លោកបន្តថា “វិស័យអចលនទ្រព្យបាន និងកំពុងទាក់ទាញការវិនិ​យោ​គពីក្នុង និងក្រៅប្រទេសដ៏មានឥទ្ធិពលមួយ ក្នុងឆ្នាំ២០២១ និងឆ្នាំមុន​ៗ ហើយឆ្នាំ២០២២ វិស័យនេះនឹងនៅតែមានឥទ្ធិពលខ្លាំងក្លា សម្រាប់រុញកំណើនសេដ្ឋកិច្ចបន្ថែមទៀត”។

នៅក្នុងវិបត្តិកូវីដ១៩ មានប្រជាពលរដ្ឋកម្ពុជា បានបាត់បង់ឱកាសការងារ ជាពិសេសនៅក្នុងវិស័យទេសចរណ៍ ហើយអ្នកដែលបាត់បង់ការ​ងារនៅក្នុងវិស័យនេះ ក៏បានស្វែងរកការងារ និងអាជីពនៅក្នុងវិស័យអចល​នទ្រព្យជំនួសវិញ មួយចំនួនក្លាយជាភ្នាក់ងារលក់ដីឡូត៏ លក់ផ្ទះល្វែង វីឡាជាដើម ។

លោកផាន់ ផល្លារបានបន្តថា សូម្បីតែអ្នកវិនិយោគនៅក្នុងវិស័យទេសចរណ៍ខ្លួនឯង ក៏បានបង្វែទៅរកការពុះដីឡូត៏លក់ ដើម្បីរកចំណូលសម្រាប់បុគ្គលិក និងប្រាក់ចំណេញផងដែរ ស្របពេលវិស័យទេសចរណ៍បានស្ងប់ស្ងាត់ក្នុងវិបត្តិពីជំងឺសកលមួយនេះ។

អ្នកជំនាញនៃវិស័យអចលនវត្ថុកម្ពុជាជាច្រើនបានរំពឹងថា ក្នុងឆ្នាំ២០២២ខាងមុខនេះ វិស័យអចលនវត្ថុនឹងកាន់តែចូលរួម ក្នុងកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែធំឡើង ដោយសារតែវិនិយោគិនបរទេស នឹងចូលមកកម្ពុជាកាន់តែច្រើន ដើម្បីស្វែងរកការវិនិយោគលើវិស័យមួយ ដូចជា ការសាងសង់អគារខ្ពស់ៗ នៅតំបន់សក្ដានុពលជាច្រើនក្នុងប្រទេស៕