ឱកាសការងារក្នុងវិស័យអចលនទ្រព្យនៅមានភាពទូលំទូលាយ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ មួយរយៈពេលចុងក្រោយនេះ កម្ពុជាទទួលបានការវិនិយោគ ទៅលើវិស័យវិស័យអចលនទ្រព្យច្រើន និងបានផ្ដល់ឱកាសការងារយ៉ាងច្រើនដល់ប្រជាពលរដ្ឋកម្ពុជា  ប៉ុន្តែបើក្រលេកទៅមើលឱ្យច្បាស់ ទៅវិស័យអចលនទ្រព្យនៅកម្ពុជា នៅមានសក្ដានុពលទូលំទូលាយនៅឡើយ។

លោកព្រាប កុល គ្រូបង្គោលបណ្ដុះបណ្ដាលអចលនទ្រព្យនៃក្រុមហ៊ុនCentury 21 Cambodia បានមានប្រសាសន៍នៅក្នុងកិច្ចសម្ភាសន៍កាលពីថ្ងៃទី៦ ធ្នូ ២០២១នេះឱ្យដឹងថា មែនទែនទៅ វិស័យអចលនទ្រព្យកម្ពុជា នៅមានសក្ដានុពលទូលំទូលាយណាស់ ។លោកថា ថ្វីត្បិតតែកន្លងមក មានគេនិយាយពីអចលនទ្រព្យច្រើនក៏ពិតមែន ប៉ុន្តែភាគច្រើនគឺធ្វើឡើងតែនៅទីប្រជុំជនប៉ុណ្ណោះ ហើយបើយើងចុះទៅតាមជាយក្រុង តាមខេត្តឬតំបន់ដាច់ស្រយាលអីយើងឃើញនៅស្ងាត់នៅឡើយ។

លោកបន្តថា “ដោយសារតែវិស័យនេះ នៅមានសក្ដានុពលធំ យុវជនជំនាន់ក្រោយ ដែលចាប់អារម្មណ៍ក្នុងវិស័យអចលនទ្រព្យគួរងាកចាប់យកឱកាសជំនាញវិស័យនេះឱ្យបាន និងត្រៀមខ្លួននៅពេលវិស័យមួយនេះ កាន់តែមានការរីកដុះដាលបន្ថែមទៀត”។

ជាមួយគ្នានេះ លោកស្រី Grace Rachny Fong  អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ Century 21 Cambodia ក៏បានឱ្យដឹងផងដែរថា នេះគឺជាឱកាសដ៏ល្អមួយ សម្រាប់បងប្អូនដែលស្រលាញ់ចូលចិត្តលើវិស័យអចលនទ្រព្យ ដើម្បីទុកជាអាជីពរបស់ខ្លួននៅពេលអនាគ ។ នៅកម្ពុជាយើងក៏មានសាលារៀន បណ្ដុះបណ្ដាលលើមុខជំនាញវិស័យអចលនទ្រព្យ ដើម្បីជួយដល់អ្នកដែលចង់ប្រកបរបរក្នុងវិស័យអចលនទ្រព្យ ។

លោកស្រីបន្តថា “អ្នកវិនិយោគបរទេស ចូលមករកការបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាយើង នឹងលែងមានបញ្ហាពិបាកទៀត នៅពេលកម្ពុជាមានធនធានមនុស្ស ក្នុងវិស័យអចលនទ្រព្យកាន់តែច្រើននិងប្រកបដោយវិជ្ជាជីវៈ”។ លោកស្រីមានប្រសាសន៍ថា “មិនថាតែនៅក្នុងវិស័យអចលនទ្រព្យ ឬវិស័យណាមួយឡើយជំនាញលក់ គឺជាជំនាញមួយ ដែលមានសារសំខាន់ជាងគេហើយអ្នកពូកែលក់គឺជាអ្នកដែលខ្លាំង និងអាចជួបជាមួយមនុស្សគ្រប់កម្រិត រាប់តាំងពីអ្នកជីវភាពធូរធាមកដល់អ្នកមានជីវភាពធម្មតា”។

នៅក្នុងវិបត្តិកូវីដ១៩ អ្នកដែលបាត់បង់ឱកាសពីវិស័យផ្សេងៗ ក៏បានប្រឡូកចូលក្នុងវិស័យអចលនទ្រព្យ ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ។ ជាការកតសម្គាល់មានបុគ្គលជាច្រើន ក៏ទទួលបានផលប្រយោជន៍ពីការងារ ក្នុងវិស័យអចលនទ្រព្យនេះ តែក៏មានបុគ្គ​លមួយចំនួនមិនទទួលបានផ្លែផ្កានោះដែរ៕

សម្តេចតេជោប្រតិកម្មលើឧត្តមសេនីយ៍ឯកវៀតណាម ដែលនិយាយគ្មានការទទួលខុសត្រូវ និងប្រមាទកម្ពុជា

ដោយៈសុផារី

ភ្នំពេញៈ ខ្មែរ មិនឲ្យគេប្រមាទ ទោះបីខ្មែរតូច ។ នេះជាសាររបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា។

នេះជាសារលើកដំបូងរបស់សម្តេចតេជោប្រតិកម្មខ្លាំងៗ ទៅកាន់លោកងូ ស៊ុនចៀន ជាឧត្តមសេនីយ៍ឯកវៀតណាម ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ១១នាព្រឹកថ្ងៃទី៦ ធ្នូនេះ។

ការប្រតិកម្មរបស់សម្តេចចំពោះ ឧត្តមសេនីយ៍រូបនេះ បន្ទាប់ពីឧត្តមសេនីយ៍រូបនេះ
បានចោទប្រកាន់កម្ពុជាក្នុងសន្និសីទមួយ និយាយពីការប្រយុទ្ឋជំងឺឆ្លងតាមព្រំដែនវៀតណាមកម្ពុជា ដោយឧត្តមសេនីយ៍រូបនោះបាននិយាយថា បើមិនប្រយ័ត្ន ជំងឺកូវីដ១៩ នឹងឆ្លងពីកម្ពុជាទៅកាន់វៀតណាម ដូចទឹកជំនន់ទន្លេមេគង្គ។

សម្តេចបន្តថា “ខ្ញុំដេកគិតហើយ ដេកគិតទៀតថា ហេតុអីបានជាឧត្តមសេនីយ៍រូបនេះ និយាយបែបនេះ”។ សម្តេចបន្តថា ខ្ញុំស្នើទៅនាយករដ្ឋមន្រ្តីវៀតណាមឲ្យដកឧត្តមសេនីយ៍រូបនេះ គេដក ប៉ុន្តែដកពពីផ្កាយ២ ទៅផ្កាយ៣ និងឥលូវក្លាយជាអនុរដ្ឋមន្រ្តីការពារជាតិវៀតណាម។

សម្តេចបន្តថា ឥលូវនៅសល់ពេលវេលាដែលអាចកែតម្រូវបាន ឬសុំទោសបាន លោកឯងខ្ញុំគ្រាន់តែប្រាប់ប៉ុណ្ណឹង”។
សម្តេចបន្តថា ការលើកឡើងរបស់របស់មេទ័ពវៀតណាមនេះ គឺមិនអាចទទួលយកបានទេ ដែលតម្រូវឱ្យសម្តេចចេញមកនិយាយវាយបងទៅវិញ ដើម្បីការពារកិត្តិយសរបស់ប្រទេស និងប្រជាជនកម្ពុជាពីការមើលងាយនេះ។ ប៉ុន្តែសម្តេចក៏បានគូសបញ្ជាក់ដែរថា ការលើកឡើងរបស់សម្តេចនេះ គឺសំដៅតែលើបុគ្គលមេទ័ពវៀតណាម ងូ ស៊ុនចៀន តែប៉ុណ្ណោះ មិនសំដៅទៅរដ្ឋាភិបាល និងគណបក្សកុំម្មុយនីស្តវៀតណាមឡើយ។

សម្តេចតេជោបានបន្តថា “កុំភាន់ច្រឡំ សម្តីរបស់ខ្ញុំមិនមែនតិះទៀនទៅលើវៀតណាមទាំងមូលនោះទេ គឺតិះទៀនលើឧត្តមសេនីយ៍ ង៉ូ ស៊ុនចៀន ដែលបានប្រមាទកម្ពុជា ថាជំងឺនឹងឆ្លងហូរពីកម្ពុជា ចូលទៅកាន់ទីប្រទេសវៀតណាម ដូចជំនន់ទន្លេមេគង្គ”។

សម្តេចបន្តថា “យើងមិនសប្បាយចិត្តនឹងរឿងហ្នឹងទេ។ អញ្ចឹងឧត្តមសេនីយ៍ងូ ស៊ុនចៀន មើលខ្លួនឯងទៅ ហើយបើខ្វះឯកសារ កម្ពុជាបញ្ជូនឯកសារទៅ ក្រែងលោភ្លេច”។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “ខ្ញុំនៅចាំបានណាស់ ហើយអត្ថបទនេះខ្ញុំនៅរក្សាទុក ដើម្បីវាស់ស្ទង់ទៅថ្ងៃក្រោយ។ ខ្ញុំមិនដឹងថា តើនេះជាបាបកម្មឬប ណ្តាសា ដែលវៀតណាមកំពុងមានការឆ្លងជំងឺច្រើន ដែលបណ្តាលមកពីសម្តីរបស់ឧត្តមសេនីយ៍ម្នាក់នេះឬយ៉ាងណាទេ។ ខ្ញុំទទួលយកមិនបានទេ”។

សម្តេចតេជោបានថ្លែងថា “កម្ពុជាតូចល្អិត ក៏ប៉ុន្តែមិនមែនជាប្រភពជំងឺឆ្លងចូលទៅកាន់ប្រទេសវៀតណាម ឬទៅកាន់ប្រទេសថៃ ឬទៅកាន់ប្រទេសឡាវទេ”។
សម្តេចតេជោបន្ថែមថា “ថ្ងៃនេះខ្ញុំនិយាយ ដើម្បីបង្ហាញពីមោទភាពកម្ពុជា”៕

រាជរដ្ឋាភិបាល គ្រោងសាងសង់មជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ដើម្បីផ្ទេរចេញពីស្ដាតអូឡាំពិក

ដោយ៖ សុធារី

ព្រៃវែង៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាល គ្រោងបង្កើតឲ្យមានមជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ដើម្បីផ្ទេរអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាលនៅស្ដាតអូឡាំពិក ហើយទុកស្ដាតសម្រាប់ការហ្វឹកហាត់កីឡាផ្សេងៗ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ១១ និងសាងសង់គន្លងផ្លូវថ្មីវាងក្រុងព្រៃវែង នាព្រឹកថ្ងៃទី៦ ខែធ្នូនេះ សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅក្រសួងសុខាភិបាល និងអាជ្ញាធររាជធានីភ្នំពេញ ស្វែងរកទីតាំងសមស្របណាមួយ ដើម្បីធ្វើជាមជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ហើយប្រគល់ស្ដាតអូឡាំពិក ដែលជាទីតាំងព្យាបាលអ្នកជំងឺកូវីដ-១៩ បច្ចុប្បន្ន សម្រាប់ការហ្វឹកហាត់កីឡាផ្សេងៗឡើងវិញ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា នៅរាជធានីភ្នំពេញ មានការបិទមណ្ឌលព្យាបាលជំងឺកូវីដ-១៩មួយចំនួន ដោយសារឆ្លងរាលដាលនៃជំងឺមួយនេះ មានការធ្លាក់ចុះជាបន្តបន្ទាប់ ហើយប្រគល់ទីតាំងទាំងនោះ ទៅឲ្យក្រុមហ៊ុនឯកជនវិញ បន្ទាប់ពីរាជរដ្ឋាភិបាលខ្ចីប្រើប្រាស់ នាពេលកន្លងមក។ ប៉ុន្តែស្ដាតអូឡាំពិក នៅមិនទាន់បិទបញ្ចប់ជាទីតាំង សម្រាប់ព្យាបាលជំងឺកូវីដ-១៩ នៅឡើយទេ។

ប្រមុខរាជរដ្ឋាភិបាល បានលើកឡើងថា “ខ្ញុំសុំឲ្យខាងក្រសួងសុខាភិបាល ទំនាក់ទំនងជាមួយលោក ឃួង ស្រេង យើងខាងណេះ រកដី រកលុយ យើងអាចធ្វើមជ្ឈមណ្ឌលកូវីដមួយ រួចហើយ ផ្ទេរអ្នកជំងឺចេញ ប្រគល់ស្ដាតដើម្បីរៀបចំការហ្វឹកហាត់ បម្រើឲ្យកីឡានៅស៊ីហ្គេមឆ្នាំ ២០២៣។”

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ទៀតថា ប្រហែលជានៅក្នុងរង្វង់ឆ្នាំ ២០២២ខាងមុខ យើងនឹងអាចផ្ទេរអ្នកជំងឺកូវីដ-១៩ ទៅមជ្ឈមណ្ឌលព្យាបាលថ្មីនេះបាន។ បើតាមសម្ដេចតេជោ ហ៊ុន សែន លទ្ធផលអ្នកឆ្លងកូវីដ-១៩ថ្មី ដែលនឹងប្រកាសនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០២១នេះ គឺមានអ្នកឆ្លងត្រឹមតែ ១៦នាក់ប៉ុណ្ណោះ ដោយតួលេខនេះ បានបង្ហាញអំពីការធ្លាក់ចុះនៃការឆ្លងជាបន្តបន្ទាប់ទៀត៕

សម្តេចតេជោៈកម្ពុជាកំពុងសិក្សាយ៉ាងយកចិត្តទុកដាក់លើការសាងសង់ផ្លូវពីសៀមរាបទៅបាត់ដំបង

 ដោយៈគង់ សូរិយា

       ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា បច្ចុប្បន្នកំពុងមានការសិក្សា យ៉ាងយកចិត្តទុកដាក់នូវផ្លូវចេញពីខេត្តសៀម​រាប ឆ្ពោះទៅកាន់ខេត្តបាត់ដំបង។

សម្តេចបានមានប្រសាសន៍បង្ហើបឲ្យដឹងបែបនេះ ក្នុងពិធីអញ្ជើញស ម្ភោ​ធផ្លូវជាតិលេខ១១ នៅក្នុងខេត្តព្រៃវែង នាព្រឹកថ្ងៃទី៦​ធ្នូនេះថា ហេដ្ឋារចនាសម្ព័ន្ឋធំៗចំនួនបី នឹងត្រុវសាងសង់នាពេលខាងមុខនេះ ក្នុងនោះផ្លូវតភ្ជាប់ពីខេត្តសៀមរាប ទៅកាន់ខេត្តបាត់ដំបង កំពុងសិក្សាយ៉ាងយកចិត្តទុកដាក់ ដែលផ្លូវនេះនឹងឆ្លងកាត់ទន្លេសាប និងមានការសាងសង់ស្ពានផងដែរ។

សម្តេចបានបង្ហើបឲ្យដឹងពីគំរោងសាងសង់ ស្ពានឆ្លងកាត់ទន្លេមេគង្គនៅក្នុងខេត្តក្រចេះ និងផ្លូវតភ្ជាប់ជាមួយខេត្តកំពង់ធំផងដែរ។ ជាមួយគ្នានេះ សម្តេចតេជោ ក៏បង្ហើបពីការសាងសង់ស្ពានឆ្លងកាត់ទន្លេសាប ក្នុងក្រុងកំពង់ឆ្នាំង ជាមួយផ្លូវតភ្ជាប់ទៅកាន់ខេត្តកំពង់ធំផងដែរ។

សម្តេចតេជោបានបន្តថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋរបស់យើង គឺដើម្បីធ្វើឲ្យប្រជាជនមានផ្លូវគ្រប់គ្រាន់ សម្រាប់ធ្វើដំណើរ ហើយប្រជាជន​មួយចំនួនដូចជាខេត្តពោធិសាត់ បាត់ដំបង បន្ទាយមានជ័យជាដើម មិនចាំបាច់ធ្វើដំណើរបកក្រោយនោះទេ៕

ឯកអគ្គរដ្ឋទូតចិនផ្តល់ដំណឹងល្អចំនូនពីរដល់ប្រជាពលរដ្ឋកម្ពុជា

ដោយៈគង់ សូរិយា

ត្បូងឃ្មុំ ព្រៃវែងៈ ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋប្រជាមានិតចិន លោកវ៉ាង វិនធាន បានជូនដំណឹងល្អចំនួន២ដល់ប្រជាជន និងរដ្ឋាភិបាលកម្ពុជា ទាក់ទងនឹងការនាំចេញនិងការផលិតវ៉ាក់សាំងនៅកម្ពុជា។

លោកវ៉ាង វិនធាន បានមានប្រសាសន៍៍ក្នុងពេលចូលរួម សម្ភោធផ្លូវជាតិលេខ១១នាព្រឹកថ្ងៃទី៦ ធ្នូនេះថា ក្រុមមន្រ្តីចិន តាមរយៈកិច្ចប្រជុំរវាងសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកលី ខឺឈាងនាយករដ្ឋមន្រ្តីចិនកាលពីពេលថ្មីៗនេះ ក្រុមមន្រ្តីបច្ចេកទេសកំពុងសិក្សាពីមៀន និងត្រីប្រា ដែលការងារនេះបាននិងកំពុងប្រព្រឹត្តិទៅ ដែលផ្លែមៀនកម្ពុជានឹងអាចនាំចេញ​នៅរដូវប្រមូលផលថ្មី ប៉ុន្តែកម្ពុជាអាចនាំត្រីប្រាទៅកាន់ប្រទេសចិននាពេលឆាប់ៗនេះ។

លោកបន្តថា ជាមួយគ្នានេះ ក្រុមហ៊ុនផលិតវ៉ាក់សាំងស៊ីណូហ្វាម កំពុងរៀបចំក្រុមការងារដែលពេលអនាគតកម្ពុជានឹងអាចផលិតវ៉ាក់សាំង និងប្រើប្រាស់វ៉ាក់សាំងនេះផលិតនៅកម្ពុជាចាក់ជូនប្រជាជនកម្ពុជា។ លោកបន្តថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន កម្ពុជា ដែលនឹងចូលជាធរមាននៅថ្ងៃទី១ មករា ឆ្នាំ២០២២ខាងមុខនេះ នឹងធ្វើឲ្យចិន កម្ពុជាសម្រេចបាននូវទំហំពាណិជ្ជកម្ម និងធ្វើឲ្យប្រជាជននៃប្រទេសកម្ពុជាទទួលបានវិបុលភាពថែមទៀត៕

រដ្ឋាភិបាលចិនមានមហិច្ឆតាធំចង់ប្រែក្លាយទីក្រុងកាស៊ីណូម៉ាកាវជាមជ្ឈមណ្ឌលបច្ចេកវិទ្យាថ្នាក់តំបន់

ដោយៈសុខុម

ប៉េកាំង: មហាយក្សចិន មានមហិច្ឆតាធំចង់ប្រែក្លាយទីក្រុងម៉ាកាវ ដែលជាជម្រកកាស៊ីណូធំបំផុតរបស់ពិភពលោក ទៅជាមជ្ឈមណ្ឌលបច្ចេកវិទ្យាថ្នាក់តំបន់។ នេះបើយោងតាមការទម្លាយឱ្យដឹងពីក្រុមមន្ត្រី និងក្រុមនាយកប្រតិបត្តិនៃឧស្សាហកម្មបច្ចេកវិទ្យាចិន។

យោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃសុក្រទី៣ ធ្នូ ឱ្យដឹងថា ស្របពេលក្រុងម៉ាកាវ ដែលធ្លាប់ស្ថិតក្រោមនឹកអាណានិគមរបស់ព័រទុយហ្គាល់ កំពុងប្រឈមការលំបាក ក្នុងការប្រយុទ្ធប្រឆាំងរុសកូវីដ-១៩ និងវិធានការរឹតបន្តឹង លើល្បែងស៊ីសងពីសំណាក់រដ្ឋាភិបាលក្រុងប៉េកាំង មជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍ Venetian Macao Convention and Exhibition Centre នៅក្រុងម៉ាកាវ បានរៀបចំពិព័រណ៍បច្ចេកវិទ្យាដ៏ធំមួយនៅសប្ដាហ៍នេះ ដែលមានការចូលរួមពីក្រុមវិនិយោគិន និងនាយកប្រតិបត្តិ ក្នុងឧស្សាហកម្មបច្ចេកវិទ្យារាប់រយនាក់មកពីចិន ដីគោក។

ព្រឹត្តិការណ៍ពិព័រណ៍បច្ចេកវិទ្យានេះបានធ្វើឡើង ក្នុងគ្រាល្បែងស៊ីសងដែលជាឧស្សា​ហកម្មដ៏សំខាន់របស់ក្រុងម៉ាកាវ កំពុងប្រឈមជោគវាសនាមិនប្រាកដប្រជា ខណៈរដ្ឋាភិបាលក្រុងប៉េកាំង កំពុងបង្ហាញដោយឥតលាក់លៀមថា ខ្លួនមិនសប្បាយចិត្ត ចំពោះតួនាទីនៃកាស៊ីណូក្នុងទីក្រុងម៉ាកាវ។

រដ្ឋាភិបាលក្រុងប៉េកាំងបានធ្វើការចោទប្រកាន់ថា កាស៊ីណូនៅក្នុងទីក្រុងម៉ាកាវ បា​ន​ដើរតួនាទីជាបណ្ដាញបញ្ជូនមូលធនខុសច្បាប់ ដែលធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពហិរញ្ញវត្ថុ និងការគ្រប់គ្រងគណនីមូលធន (Capital Account) របស់ប្រទេសចិន។

ប៉ូលិសចិន នៅទីក្រុងវិនចូវ (Wenzhou) បានចេញសេចក្តីប្រកាសដ៏កម្រ ដើម្បីតាមចាប់ខ្លួនបុរសឈ្មោះ Alvin Chau Cheok-wa ដែលជាប្រធានក្រុមហ៊ុនប្រតិបត្តិករកាស៊ីណូធំបំផុតនៅក្រុងម៉ាកាវ ដោយសារគាត់ជាប់សង្ស័យពាក់ព័ន្ធនឹងការគ្រប់​គ្រងសកម្មភាពល្បែងស៊ីសងឆ្លងដែនខុសច្បាប់ជាលទ្ធផល ប៉ូលិសក្រុងម៉ាកាវ ក៏បានចាប់ខ្លួនគាត់កាលពីសប្តាហ៍មុន៕ South China Morning Post៕

WingMall ពង្រីកសាខាទៅកាន់ខេត្តសំខាន់ៗ ចំនួនបីបន្ថែមទៀត

ដោយៈសុផារី

ភ្នំពេញៈ WingMall ពង្រីកសាខាទៅកាន់ខេត្តសំខាន់ៗ ចំនួនបីបន្ថែមទៀត គឺខេត្តកំពង់ចាម ខេត្តបាត់ដំបង និងខេត្តព្រះសីហនុ ក្រោយពីបានបើកបើកដំណើរការសេវាកម្មរបស់ខ្លួនក្នុងខេត្តសៀមរាប កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ កន្លងមក។

អ្នកឧកញ៉ាគិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុនបា​ន​មានប្រសាសន៍ថា “ ការបើកដំណើរការសេវាកម្មបន្ថែមនេះ នឹងផ្តល់នូវបទពិសោធន៍ទិញទំនិញប្រកបដោយសុវត្ថិភាព និងតម្លៃធូរជាងសម្រាប់ពាណិជ្ជករ ជាមួយនឹងការដឹកជញ្ជូនដោយឥតគិតថ្លៃដល់អតិថិជនច្រើនជាងមុន”។

អ្នកឧកញ៉ាបានអះអាងថា វីងម៉លកំពុងកសាងសេដ្ឋកិច្ចបើកចំហនៅកម្ពុជា តាមរយៈការបង្កើតអត្ថប្រយោជន៍ កាន់តែច្រើនសម្រាប់ពាណិជ្ជករ អតិថិជន និងសហគមន៍ទាំងមូលរបស់យើង។ ជាមួយនឹងសេវាកម្មបន្ថែម ដៃគូរបស់យើងនឹងអាចបង្កើនបរិមាណលក់របស់ពួកគាត់ តាមរយៈការដឹកជញ្ជូនពីផ្ទះ ខណៈពេលដែលអតិថិជនរបស់យើងក៏អាចមានអារម្មណ៍សុវត្ថិភាព ក្នុងការទិញទំនិញដែលពួកគាត់ចូលចិត្ត ពីផ្ទះរបស់ពួកគាត់ ជាពិសេសរួមទាំងមានការដឹកជញ្ជូនដោយឥតគិតថ្លៃផងដែរ។

អ្នកឧកញ៉ាបានមានប្រសាសន៍បន្ថែមថា “អាហារមិនត្រឹមតែសំខាន់ប៉ុណ្ណោះទេ ប៉ុន្តែអាហារគឺជានិមិត្តរូបនៃសេចក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់បំផុត។ អាហារមិនត្រឹមតែបំពេញក្រពះរបស់យើងប៉ុណ្ណោះនោះទេ ប៉ុន្តែវាបំពេញបេះដូងរបស់យើងថែមទៀតផងដែរ”។

អ្នកឧកញ៉ាគិត ម៉េងបានបន្តថា “ បេសកកម្មចម្បងរបស់ Wingmall គឺដើម្បីធានាថាក្រពះ និងបេះដូងរបស់អ្នកត្រូវបានទទួលការយកចិត្តទុកដាក់ និងពោរពេញដោយសេចក្តីស្រឡាញ់ដោយមិនមានការរំខាន”៕

អាកាសយានដ្ឋានអន្តរជាតិនានានៅកម្ពុជាចាប់ផ្ដើមមានសកម្មភាពមមាញឹកឡើងវិញបណ្តើរៗ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបើកប្រទេសឡើងវិញ ស្ថានភាពអាជីវកម្មដែលរងផលប៉ះពាល់ក៏ចាប់ផ្ដើមប្រែក្លា​យ​​​ជាមមាញឹកឡើងវិញ ក្នុងនោះអាកាសយានដ្ឋានអន្តរជាតិរបស់កម្ពុជា ដែលធ្លាប់តែស្ងប់ស្ងាត់ ក៏ចាប់ផ្ដើមមានសកម្មភាពឡើងវិញផងដែរ ។នេះបើតាមការបញ្ជាក់របស់មន្ត្រីអាកាសចរណ៍ស៊ីវិលកម្ពុជា។

តាមការសង្កេតជាក់ស្ដែង សកម្មភាពជើងហោះហើរចេញ និងចុះចត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញឃើញថា ពិតជាមានសកម្ម​ភាពមមាញឹកឡើងវិញពិតប្រាដកមែន ខណៈក្រុមហ៊ុនអាកាសចរណ៍ជាច្រើនទៀតក៏បាន និងកំពុងដាក់សំណើរទៅកាន់អាកាសចរណ៍ស៊ីវិល ដើម្បីបើកដំណើរការហោះហើរឡើងវិញ និងក្រុមហ៊ុនខ្លះទៀតក៏សុំពង្រីកជើងហោះហើររបស់ខ្លួនផងដែរ ។

យោងតាមសេចក្តីប្រកាសព័ត៌មានខ្លីមួយ របស់អកាសយានដ្ឋានអន្តរជាតិកម្ពុជាឱ្យដឹងថា នៅថ្ងៃទី៣ ខែធ្នូឆ្នាំ ២០២១ អាកាសយានដ្ឋា​នអន្តរជាតិភ្នំពេញ បានទទួលយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ធំៗក្នុងពិភពលោកមួយចំនួន ចុះចតនៅលើអាកាសយានដ្ឋាន។ ហើយភាពមមាញឹកបែបនេះ យើងខានឃើញយូរដែរហើយ ។

មិនខុសពីការរំពឺងរបស់អ្នកជំនាញទេសចរណ៍កម្ពុជា នាពេលកន្លងមកថា ក្រោយពេលរាជរដ្ឋាភិបាលប្រកាសបើកប្រទេស បើកសេដ្ឋកិច្ច និងបើកឱ្យភ្ញៀវទេសចរវ៉ាក់សាំង ចូលមកដោយមិនធ្វើចត្តាឡីស័ក នឹងជំរុញឱ្យវិស័យទេសចរណ៍កម្ពុជា មានសកម្មភាពកម្រើកឡើងវិញជាក់ជាមិនខាន។ ប្រតិបត្តិករទេសចរណ៍ជាច្រើនក៏បានត្រៀមខ្លួន ក្នុងការស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ ចូលមកកម្ពុជា ក្នុងនោះអាជីវកម្មទេសចរណ៍តូចតាច បានបើកដំណើរការឡើងវិញភ្លាមៗក្រោយពីមានសេចក្ដីប្រកាស តែសម្រាប់អាជីវកម្មខ្នាតធំត្រូវការពេលវេលាដើម្បីរៀបចំដំណើរការអាជីវកម្មរបស់ខ្លួន ។

រាជរដ្ឋាភិបាលក៏បាន និងកំពុងជំរុញឱ្យមានការបើកជើងហោះហើរត្រង់ឡើងវិញ រវាងកម្ពុជានិងប្រទេសនានា ក្នុងតំបន់អាស៊ាន ខណៈជើងហោះហើរ ត្រូវបានផ្អាកអស់រយៈពេលជាង១ឆ្នាំ ដោយសារតែកូវីដ១៩។ ការបើកជើងហោះហើរត្រង់ឡើងវិញ ជាបន្តបន្ទាប់នេះដែរ ក៏នឹងនាំភ្ញៀវទេសចរវ៉ាក់សាំងមកកម្ពុជាកាន់តែច្រើន ជាមួយនឹងកំណើនវិនិយោគិនបរទេសចូលមកបណ្ដាក់ទុនវិនិយោគលើវិស័យនានាឡើងវិញ ស្ដារនិងជំរុញ សេដ្ឋកិច្ចកម្ពុជាឱ្យត្រលប់ទៅរកភាពដើមនៅពេលឆាប់ៗផងដែរ៕

តោះទៅលេងសហគមន៍ទេសចរណ៍ បាគងភូមិខ្ញុំ Bakong My Village

ដោយៈគង់់ សូរិយា

ភ្នំពេញៈ ឆ្លងឆ្នាំខាងមុននេះ មានគម្រោងមកលេងនៅក្នុងខេត្តសៀមរាបអត់? ហើយបើមានបានរៀបចំគម្រោងថាទៅលេងនៅឯណានៅ?។

ថ្ងៃនេះអេតមីនសុំបង្ហាញ ពីតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយកន្លែង ដែលយើងអាចមកកំសាន្តជាលក្ខណៈគ្រួសារ មិត្តភក្តិ ដែលទីនេះគឺជាសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ ដែលមានទីតាំង ស្ថិតនៅក្នុងភូមិថ្នល់ត្រង់ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

នៅទីនេះមានសេវាកម្មជាច្រើនដែលផ្តល់អោយយើងដូចជា៖

•ការជិះទូកលេងនៅលើផ្ទៃទឹកដ៏ធំចំកណ្តាលសហគមន៍។
•ការជិះរទេះគោដើរលេងគយគន់ទេសភាព តាមជនបទ និងទស្សនាពីជីវិតរស់នៅរបស់ប្រជាជននៅក្នុងសហគមន៍។

•ការជិះឡាន Jeep ដើរលេងតាមប្រាសាទជាច្រើន ដែលមាននៅក្នុងស្រុកប្រាសាទបាគងដូចជា ប្រាសាទបាគង ប្រាសាទព្រះគោ ប្រាសាទលលៃ និងប្រាសាទព្រៃមន្ទីរជាដើម…..
•មានកន្លែងសម្រាប់បោះតង់ ស្ទួចត្រី អាំងសាច់ ដុតក្រឡាន ដុតពោត ដំឡូង និងច្រៀងលេងកម្សាន្ត។

•មានសេវាកម្ម ថតតែងសម្លៀកបំពាក់បុរាណខ្មែរជាច្រើនម៉ូត
•ក្រៅពីនេះ ខាងសហគមន៍ ក៏មានទទួលរៀបចំនូវកម្មវិធីជប់លៀងតូចធំផ្សេងៗផងដែរ៕

ផ្សារទំនើប AEON Mall1 ចំណាយប្រាក់ ៦០លានដុល្លារដើម្បីកែលំអរ និងទាក់ទាញអតិថិជន

ដោយៈជេស៊ីកា

ភ្នំពេញៈ ក្រុមហ៊ុន AEON Mall Group បាននិងកំពុងរៀបចំផែនការចំណាយប្រាក់រហូតដល់៦០លានដុល្លារអាមេរិក ដើម្បីធ្វើការកែលំអរផ្សាររបស់ខ្លួនឡើងវិញ។

ប្រធានក្រុមហ៊ុនសាងសង់មួយរូប ដែលបានទទួលការងារមួយចំនួនពីក្រុមហ៊ុន NOJIMA ដែលជាក្រុមហ៊ុនជប៉ុន ហើយទទួលបានសិទ្ឋផ្តាច់មុខ ក្នុងការកែលំអរផ្សារនេះបានមានប្រសា​សន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ការកែលំអរផ្សារនេះបាន និងកំពុងចាប់ផ្តើមហើយ ដោយផែន​ការកែលំអរនេះ គ្រោងចំណាយរយៈពេល២ឆ្នាំទើបបញ្ចប់។

លោកបន្តថា “ការកែលំអរនេះនឹងធ្វើឡើងតាមជំហ៊ានៗ និងតាមផ្នែកនិមួយៗដែលមិនធ្វើឲ្យប៉ះពាល់ដល់ដំណើរការរបស់ផ្សារនេះនោះទេ”។ លោកបន្តថា “ការកែលំអរនេះនឹងធ្វើគ្រប់ជាន់និមួយៗ និងកែលំអរចំណតយានយន្តផ្នែកខាងក្រោយ ព្រមទាំងចំណតយានយន្តផ្នែកខាងលើដំបូងផងដែរ ដែលពេលអនាគតជាន់លើដំបូលអាចមានភោជនីយដ្ឋាន និងតន្រ្តីបែបក្លាសិកផងដែរ”។

លោកប្រធានក្រុមហ៊ុនដដែលបានបន្តថា ក្រុមហ៊ុន NOJIMA ដែលមានទីស្នាក់ការប្រចាំតំបន់ នៅប្រទេសវៀតណាមកំពុងផ្តល់ការងារនេះ ដល់ក្រុមហ៊ុនក្នុងស្រុកមួយចំនួនផងដែរ ដើម្បីធ្វើយ៉ាងណាឲ្យការងារនេះ ដំណើរការលឿនតាមផែនការគ្រោងទុក។ លោកបន្តថា តាមធម្មតាផ្សារទំនើបនិមួយៗ តែងតែមានការកែលំអររៀងរាល់១០ឆ្នាំម្តង ដើម្បីបង្កើនសោភ័ណភាព​ស្របតាមសម័យកាល និងទាក់ទាញអតិថិជនកាន់តែច្រើន។

អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុន PropNex Cambodia បានមានប្រសាសន៍ថា ផ្សារទំនើបនិមួយៗពិតជាទាមទារការកែលំអរ លើកកំពស់សោភ័ណភាព និងបង្កើតអ្វីថ្មីៗ ដើម្បីទាក់ទាញអតិថិជនជាប្រចាំផងដែរ។

អ្នកស្រីបន្តថា “ទោះជាយ៉ាងណាទំហំនៃការផ្គត់ផ្គង់ផ្សារទំនើប នៅរាជធានីភ្នំពេញបានលើ​សតម្រូវការហើយនាពេលនេះ ដែលទាមទារឲ្យអ្នកវិនិយោគ ត្រូវគិតគូរឲ្យបានច្រើនលើភាពប្រកួតប្រជែង និងសាងសង់ផ្សាររបស់ខ្លួនឲ្យមានភាពទាក់ទាញ”៕