ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យខ្នាតយក្សចំនួន២ កំពុងចរចាទិញដីឱ្យបានក្នុងតម្លៃទាបជាងទីផ្សារនៅទីក្រុងហុងកុង

ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យខ្នាតយក្សចំនួន២ រួមមានក្រុមហ៊ុន New World Development និងក្រុមហ៊ុន China Resources Land កំពុងពិភាក្សាជាមួយរដ្ឋបាលទីក្រុងហុងកុងរបស់ប្រទេសចិន ក្នុងគោលបំណងទិញដីក្នុងតម្លៃទាបជាងទីផ្សារនៅតំបន់ Northern Metropolis ស្ថិតក្នុងសង្កាត់ Yuen Long។

យោងតាមកាសែត South China Morning Post បានរាយការណ៍ថា តំបន់ Northern Metropolis ជាគម្រោងអាទិភាពខ្នាតយក្សរបស់អាជ្ញាធរនៃតំបន់រដ្ឋបាលហុងកុង ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ទីក្រុងមួយនេះឱ្យមានភាពរីកចម្រើន។

ក្រុមហ៊ុន New World Development (NWD) និងក្រុមហ៊ុន China Resources Land កំពុងពិភាក្សាដើម្បីទិញដីនៅតំបន់នេះឱ្យបានក្នុងតម្លៃចន្លោះពី១.៥០០ដុល្លារហុងកុង ទៅ១.៦០០ដុល្លារហុងកុង ក្នុងមួយហ្វីតការ៉េ(ប្រហែល១៩១ដុល្លារទៅ២០៤ដុល្លារអាមេរិក)។

ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង បន្ទាប់ពីរដ្ឋបាលក្រុងហុងកុងបានប្រកាសគោលបំណងក្នុងការពន្លឿនការអភិវឌ្ឍន៍តំបន់ Northern Metropolis។ ទំហំដី ដែលក្រុមហ៊ុនទាំង២ខាងលើកំពុងចរចាតម្លៃ នឹងអាចបម្រុងទុកសម្រាប់សាងសង់លំនៅដ្ឋានបានចំនួន១.៨០០យូនីត។ ការសាងសង់គ្រោងនឹងចាប់ផ្តើមនៅឆ្នាំនេះ។

គម្រោងបណ្តាក់ទុនវិនិយោគរួមគ្នារវាងក្រុមហ៊ុន New World Development (NWD) និងក្រុមហ៊ុន China Resources Land ត្រូវបានប្រកាសជាលើកដំបូងកាលពីឆ្នាំ២០២៣ ក្រោមទំហំទុនវិនិយោគប្រមាណ១០ពាន់លានដុល្លារហុងកុង៕ប្រភពSCMP៕

អាជ្ញាធរមូលដ្ឋានរបស់ទីក្រុងតូក្យូស្នើហាមឃាត់ការទិញខុនដូក្នុងគោលបំណងវិនិយោគ ខណៈតម្លៃខុនដូហក់ឡើងខ្ពស់

ដោយ: គង់ លាងហួរ
អន្តរជាតិ: អាជ្ញាធររបស់សង្កាត់មួយក្នុងចំណោមសង្កាត់ទាំង២៣ របស់ទីក្រុងតូក្យូនៃប្រទេសជប៉ុនបានអំពាវនាវឱ្យមានការហាមឃាត់រយៈពេល៥ឆ្នាំចំពោះការលក់ខុនដូចេញវិញ(Resale) ដើម្បីទប់ទល់នឹងការហក់ឡើងនៃតម្លៃខុនដូ ដោយសារការទិញក្នុងគោលបំណងវិនិយោគ។

ជាក់ស្តែង អាជ្ញាធរសង្កាត់ Chiyoda បានដាក់សំណើផ្លូវការមួយទៅកាន់សមាគមនៃបណ្តាក្រុមហ៊ុនអចលនទ្រព្យជប៉ុន(Real Estate Companies Association of Japan) ដើម្បីហាមឃាត់ការលក់ខុនដូចេញវិញក្នុងរយៈពេល៥ឆ្នាំ។

អាជ្ញាធររបស់សង្កាត់ Chiyoda នៅទីក្រុងតូក្យូក៏បានស្នើការហាមឃាត់មិនឱ្យអតិថិជនអាចទិញខុនដូច្រើនយូនីតនៅក្នុងអគារតែមួយ ក្រោមឈ្មោះរបស់ម្ចាស់កម្មសិទ្ធិត្រួតគ្នា។ នេះបើយោងតាមការចុះផ្សាយដោយកាសែត Nikkei Asia។

អាជ្ញាធររបស់សង្កាត់ Chiyoda បានអំពាវនាវឱ្យមានការជួយដល់ប្រជាជន ដែលមានគោលបំណងទិញខុនដូដើម្បីរស់នៅពិតប្រាកដ។ អាជ្ញាធរក៏គ្រោងដាក់សំណើទៅកាន់រដ្ឋាភិបាលថ្នាក់ជាតិដើម្បីដំឡើងពន្ធលើចំណេញមូលធនចំពោះការលក់ខុនដូចេញវិញ។

តម្លៃខុនដូថ្មីជាមធ្យមនៅតំបន់ Greater Tokyo មានទំហំទឹកប្រាក់ចំនួន៨៩,៥៨លានយ៉េន (ប្រមាណ៦០៣.០០០ដុល្លារ) ក្នុងខែមករាដល់ខែមិថុនា ឆ្នាំ២០២៥ ហក់ឡើង១៧ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។នេះបើយោងតាមរបាយការណ៍របស់វិទ្យាស្ថានសេដ្ឋកិច្ចអចលនទ្រព្យ ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ។

ចំណែក តម្លៃខុនដូថ្មីជាមធ្យមនៅក្នុងសង្កាត់ទាំង២៣ របស់ទីក្រុងតូក្យូបានហក់ឡើង២០ភាគរយដល់ទំហំទឹកប្រាក់ចំនួន១៣០,៦៤លានយ៉េនក្នុងមួយយូនីត។ តម្លៃខុនដូជាមធ្យមនៅទីក្រុងតូក្យូបានកើនឡើងដល់ទំហំទឹកប្រាក់លើសពី១០០លានយ៉េនចាប់តាំងពីឆ្នាំ២០២៣។

ក្រៅពីការខ្វះខាតដីសម្រាប់ការអភិវឌ្ឍន៍អគារខុនដូ កង្វះកម្លាំងពលកម្ម និងការកើនឡើងតម្លៃសម្ភារៈសំណង់កំពុងជំរុញឱ្យការផ្គត់ផ្គង់ខុនដូថ្មីនៅមានកម្រិត និងជំរុញឱ្យតម្លៃខុនដូកើនឡើងយ៉ាងគំហុក៕ប្រភព: Nikkei Asia៕

ក្រសួងទេសចរណ៍និងអឺរ៉ុបពិភាក្សាលើកិច្ចសហប្រតិបត្តិការរូមគ្នាលើ គំរោងទេសចរណ៍តាមសហគមន៍

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រសួងទេសចរណ៍ និងស្ថានទូតសហភាពអឺរ៉ុបពិភាក្សាពីលទ្ធភាព បង្កើតកិច្ចសហប្រតិបត្តិការរួមគ្នា លើគម្រោងអេកូទេសច​រណ៍តាមសហគមន៍ ដែលជាផលិតផលទេសចរណ៍មានតម្លៃបន្ថែម និងទទួលការគាំទ្រពីភ្ញៀវទេសចរអឺរ៉ុប។

ព័ត៌មាននេះត្រូវបានលើកឡើងក្នុងពេល លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផ្លាស់ប្តូរទស្សនៈ ដើម្បីបង្កើត និងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍បន្ថែមទៀត ដោយផ្តោតលើការពិនិត្យលទ្ធភាព បង្កើតកិច្ចសហប្រតិបត្តិការរួមគ្នាលើគម្រោងអេកូទេសចរណ៍ ជួយដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ការជួយភ្ជាប់ទំនាក់ទំនង ជាមួយរដ្ឋជាសមាជិកលើការជួយគាំទ្រ ការកសាងសមត្ថភាពធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ ការជួយជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍ធំៗ របស់អឺរ៉ុបពិនិត្យលទ្ធភាពបង្កើតជើងហោះហើរត្រង់មកប្រទេសកម្ពុជា និងការជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាពលរដ្ឋអឺរ៉ុបឱ្យបានទូលំទូលាយ។

ក្នុងឱកាសនៃជំនួបនេះ លោករដ្ឋមន្រី្ត បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលធំៗ និងមានសារៈសំខាន់ដល់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា ជាពិសេសគឺគម្រោងជួយអភិរក្សតំបន់ទន្លេសាប “ទន្លេសាបយើង” ដែលសម្រេចបានក្នុងអាណត្តិបេសកកម្មរបស់ លោកឯកអគ្គរដ្ឋទូត ជាពិសេសក្តីស្រលាញ់ដ៏ជ្រាលជ្រៅ របស់លោកឯកអគ្គរដ្ឋទូតចំពោះប្រទេសកម្ពុជា ប្រជាជនកម្ពុជា និងវប្បធម៌ប្រពៃណីទំនៀមទំលាប់ខ្មែរ តាមរយៈវីដេអូឃ្លីបរបស់លោកឯកអគ្គរដ្ឋទូតផ្ទាល់ ដែលបង្ហាញពីការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ ព្រះរាជពិធីបុណ្យអុំទូក និងបុណ្យភ្ជុំបិណ្ឌរបស់ប្រជាជនកម្ពុជា។

ថ្លែងក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ជូនលោករដ្ឋមន្រ្តីពីការជួយគាំទ្ររបស់សហភាពអឺរ៉ុប ដែលជាដៃគូពាណិជ្ជកម្មទី២ របស់កម្ពុជា ដែលតែងតែបន្តជួយប្រទេសកម្ពុជារហូតមក គឺចាប់តាំងពីថ្ងៃរំដោះពីរបបប្រល័យពូជសាសន៍ និងការផ្តល់ជំនួយអភិវឌ្ឍន៍លើគ្រប់វិស័យចាប់ពីឆ្នាំ១៩៩៧ ដល់សព្វថ្ងៃនេះ។

ក្នុងជំនួបដ៏មានសារៈសំខាន់ និងប្រកបដោយផ្លែផ្កានេះ លោករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូត បានបង្ហាញនូវទស្សនៈរូមគ្នាថាទេសច​រណ៍ ជាកត្តាជួយបង្កើនទំនាក់ទំនងប្រទេស និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន រវាងប្រទេសកម្ពុជា និងសហភាពអឺរ៉ុបកាន់តែខិតជិត និងស្និទ្ធស្នាលនឹងគ្នាឡើង។

កំណើនចំនួនភ្ញៀវទេសចរ ពីសហភាពអឺរ៉ុបមកកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំនេះ បានឆ្លុះបញ្ចាំងពីទំនាក់ទំនងកិច្ច សហប្រតិបត្តិការដ៏ល្អ និងពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈល្អរបស់កម្ពុជា ដែលធ្វើកម្ពុជាត្រូវបានចាត់ទុកថា ជាគោលដៅទេសចរណ៍មានសុខសុវត្តិភាពខ្ពស់ និងមានការអភិវឌ្ឍឆាប់រហ័សលើគ្រប់វិស័យពីសំណាក់ភ្ញៀវទេសចរ និងធុរជនពីសហភាពអឺរ៉ុប៕

តើតម្លៃដីនៅអនាគតរដ្ឋធានីថ្មី Nusantara របស់ឥណ្ឌូនេសុីអាចហក់ឡើងថ្លៃលើសទីក្រុងហ្សាការតាឬទេ?

ដោយ: គង់ លាងហួរ
អន្តរជាតិ: បច្ចុប្បន្ន តម្លៃដីក្នុងអនាគតរដ្ឋធានីថ្មី Nusantara របស់ប្រទេសឥណ្ឌូនេសុីនៅមានកម្រិតទាបនៅឡើយ ដោយមានទំហំទឹកប្រាក់ត្រឹមតែ១.៩០០.០០០រូពៀ (ប្រមាណ១២០ដុល្លារអាមេរិក)ក្នុងមួយម៉ែត្រការ៉េ។

តម្លៃដីនៅតំបន់ជុំវិញទីក្រុង Nusantara សម្រេចបានអត្រាកំណើនប្រចាំឆ្នាំចន្លោះពី៥ភាគរយទៅ៨ភាគរយក្នុងមួយឆ្នាំ ដោយសារការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការចាប់អារម្មណ៍របស់បណ្តាអ្នកវិនិយោគចំពោះអនាគតរដ្ឋធានីថ្មីរបស់ឥណ្ឌូនេសុី។

ផ្ទុយទៅវិញ បច្ចុប្បន្ន ទីក្រុងហ្សាការតា (Jakarta) ជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ី និងមានតម្លៃដីថ្លៃ ដោយសារតម្រូវការនៃការអភិវឌ្ឍន៍មានស្ថានភាពរឹងមាំ បើទោះជាទីក្រុងមួយនេះកំពុងប្រឈមមុខនឹងបញ្ហាទឹកជំនន់ និងបរិស្ថានយ៉ាងណាក្តី។

ទីផ្សារដីធ្លីរបស់ទីក្រុងហ្សាការតាមានភាពចាស់ទុំ(mature) ខណៈក្រុមហ៊ុនអាជីវកម្មនានា ប្រជាជនក្នុងស្រុក និងបណ្តាអ្នកវិនិយោគបានសម្រុកទិញដីក្នុងទីក្រុងហ្សាការតា។

ផ្ទុយទៅវិញ ទីក្រុង Nusantara កំពុងស្ថិតក្នុងដំណាក់កាលនៃការអភិវឌ្ឍន៍នៅឡើយ ខណៈការសាងសង់បណ្តាញហេដ្ឋារចនាសម្ព័ន្ធចាំបាច់នៅមិនទាន់ត្រូវបានបញ្ចប់រួចរាល់នៅឡើយ។

ទោះជាយ៉ាងណា ប្រសិនបើទីក្រុង Nusantara បំពេញបានយ៉ាងពេញលេញនូវគោលដៅអភិវឌ្ឍន៍របស់ខ្លួន ដោយសម្រេចបានកំណើននៃចំនួនប្រជាជន ការតាំងទីលំនៅរបស់មន្ត្រីរដ្ឋាភិបាល បូករួមទាំងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធយ៉ាងរឹងមាំ និងសកម្មភាពសេដ្ឋកិច្ចរស់េវើប នោះតម្លៃដីធ្លីនៅទីក្រុង Nusantara អាចកើនឡើងលើសពីតម្លៃដីនៅតំបន់មួយចំនួននៃទីក្រុងហ្សាការតា។

បច្ចុប្បន្ន តម្លៃដីនៅទូទាំងរដ្ឋធានីហ្សាការតាមានទំហំទឹកប្រាក់ជាមធ្យមចំនួន២៥លានរូពៀ(ប្រមាណ១.៥៤០ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ ខណៈតម្លៃដីនៅតំបន់ពាណិជ្ជកម្មកណ្តាល(CBD) មានទំហំទឹកប្រាក់២០០លានរូពៀ(ប្រមាណ១២.៣០០ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ។

ភាពជោគជ័យរបស់អនាគតរដ្ឋធានីថ្មីនេះពឹងផ្អែកលើកត្តានានា ដូចជាលំហូរវិនិយោគផ្ទាល់បរទេស និន្នាការចំណាកស្រុក ទំនុកចិត្តលើនិរន្តរភាពនៃរដ្ឋធានីថ្មី និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងទីក្រុងប្រកបដោយប្រសិទ្ធភាព៕ប្រភព: Oxford Economics & The Guardian៕

តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃអង្គារនេះ ខណៈក្រុមវិនិយោគិនទន្ទឹងរង់ចាំមើលទិន្នន័យអតិផរណានៅអាមេរិក

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនាព្រឹកថ្ងៃអង្គារនេះ ខណៈក្រុមវិនិយោគិនទន្ទឹងរង់ចាំមើលទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិក ដែលអាចជះឥទ្ធិពលលើគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក(Fed)។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,២ភាគរយដល់៣៣៥០,៧៧ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,០៥ភាគរយដល់៣៤០២,៩ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង៩:២១នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៨៤,៥ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងកាត់បន្ថយអត្រាការប្រាក់ចំនួន០,២៥ភាគរយក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៧ ខែកញ្ញាខាងមុខ។

ចំណែក សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយបណ្ណសំខាន់ៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះដល់៩៨,៤៩ពិន្ទុនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម៩៨,៥២ពិន្ទុកាលពីថ្ងៃចន្ទម្សិលមិញ៕

តើទីផ្សារការិយាល័យនៅទីក្រុងធំៗទាំង៤លើពិភពលោក ដែលមានទំហំផ្ទៃក្រឡារាប់លានហ្វីតការ៉េ មានឈ្មោះអ្វីខ្លះ?

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទំហំទីផ្សារអចលនទ្រព្យពាណិជ្ជកម្មបានក្លាយជាសូចនាករដ៏សំខាន់នៃអំណាចសេដ្ឋកិច្ចរបស់ទីក្រុងនានាលើពិភពលោក ហើយក្នុងនោះ ទីផ្សារការិយាល័យប្រមូលផ្តុំនូវផលិតភាព ការច្នៃប្រឌិត និងការវិនិយោគ។

បណ្តាទីក្រុងធំៗលើពិភពលោក ដូចជា ទីក្រុងញូវយ៉ក និងទីក្រុងប៉ារីស មិនត្រឹមតែមានទំហំសេដ្ឋកិច្ចធំប៉ុណ្ណោះទេ។ ប៉ុន្តែ ទីក្រុងទាំងនេះក៏ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងហិរញ្ញវត្ថុលំដាប់ថ្នាក់អន្តរជាតិផងដែរ។

គិតត្រឹមឆ្នាំ២០២៥ ទីក្រុងទាំងនេះមានទំហំផ្ទៃក្រឡាការិយាល័យរាប់រយលានហ្វីតការ៉េ។ ការណ៍នេះបង្ហាញពីទិដ្ឋភាពនៃសកម្មភាពធុរកិច្ចយ៉ាងរស់រវើក និងឆ្លុះបញ្ចាំងពីការប្រែប្រួលនៃបរិបទការងារ បច្ចេកវិទ្យា និងតម្រូវការអចលនទ្រព្យ។

ខាងក្រោមនេះជាទំហំទីផ្សារអចលនទ្រព្យការិយាល័យធំៗទាំង៤ នៅលើពិភពលោកនាពេលបច្ចុប្បន្ន :

ទី១: ទីក្រុងតូក្យូ

ទីក្រុងតូក្យូរបស់ប្រទេសជប៉ុនមានទំហំផ្ទៃក្រឡាការិយាល័យសរុបចំនួន៧៩២លានហ្វីតការ៉េ។ ជាមួយគ្នានេះ ទីក្រុងតូក្យូជាមជ្ឈមណ្ឌលហិរញ្ញវត្ថុលំដាប់ពិភពលោក ដែលអាចប្រកួតប្រជែងជាមួយបណ្តាទីក្រុងធំៗនៅសហរដ្ឋអាមេរិក។

ទី២: សង្កាត់ Manhattan

សង្កាត់ Manhattan នៅទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិកមានទំហំផ្ទៃក្រឡាការិយាល័យប្រមាណ៥២០លានហ្វីតការ៉េ។ បច្ចុប្បន្ន សង្កាត់ Manhattan នៅតែជាទីផ្សារការិយាល័យដ៏ធំមួយនៅទូទាំងពិភពលោក និងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុខ្នាតយក្សសកល។

ទី៣: ទីក្រុង Berlin

យោងតាមការប៉ាន់ប្រមាណបានបងា្ហញថា ទីក្រុង Berlin របស់ប្រទេសអាល្លឺម៉ង់ថាមានទំហំផ្ទៃក្រឡាការិយាល័យប្រហែល២១២លានហ្វីតការ៉េ។ អាល្លឺម៉ង់ជាប្រទេសមានទំហំសេដ្ឋកិច្ចធំជាងគេបំផុតក្នុងតំបន់អឺរ៉ុប និងជាមហាអំណាចសេដ្ឋកិច្ចលេខ៣ លើពិភពលោក។

ទី៤: ទីក្រុងប៉ារីស
រដ្ឋធានីប៉ារីសជាទីក្រុងដ៏ល្បីល្បាញនៅលើពិភពលោក។ ក្នុងនោះ ប្រទេសបារាំងមានមហិច្ឆិតាប្រែក្លាយសង្កាត់ La Défense ក្នុងទីក្រុងប៉ារីសទៅជាតំបន់ពាណិជ្ជកម្មធំជាងគេបំផុតនៅតំបន់អឺរ៉ុប។ ទីក្រុងប៉ារីសមានទំហំផ្ទៃក្រឡាការិយាល័យប្រមាណ២០១លានហ្វីតការ៉េ៕ប្រភព: Wikipedia ៕

ប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្រ្តរាជធានីភ្នំពេញសម្រេចបានជាង៩៨ភាគរយហើយ

ដោយៈ ម៉ាល័យ

    ភ្នំពេញៈ ក្រុមមន្រ្តីបានបើកកិច្ចប្រជុំពិភាក្សា លើករណីសំណើសុំអន្តរាគមន៍ ដោះស្រាយបញ្ហាសំណង់លំនៅឋាន របស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិបឹងធំទី៣ សង្កាត់បឹងធំ ខណ្ឌកំបូល នៃគម្រោងវិនិយោគបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្រ្តរាជធានីភ្នំពេញ។

លោកចៅសុភៈ ភិបាល អគ្គនាយក នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ តំណាងលោកជំទាវរដ្ឋលេខាធិការប្រចាំការ រួមជាមួយលោកហ៊ាង វុត្ថា អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសាធាណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារបច្ចេកទេសចូលរួមកិច្ចប្រជុំពិភាក្សាលើបញ្ហាខាងលើនេះ។

កិច្ចប្រជុំនេះ បានរៀបចំនៅស្ដីការក្រសួងមហាផ្ទៃ ដោយដឹកនាំ និងសម្របសម្រួល ដោយឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរដ្ឋបាលរាជធានីភ្នំពេញ តំណាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានី អភិបាលខណ្ឌកំបូលនៃរាជធានីភ្នំពេញ និងប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្តនៃអគ្គនាយកដ្ឋានរដ្ឋបាល ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធចំនួន១៨នាក់។

គម្រោងគម្រោងវិនិយោគបន្ទាន់ លើហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹក សម្រាប់បញ្ចៀសការជន់លិច នៅភូមិសាស្រ្តរាជធានីភ្នំពេញ បានបើកដំណើរការការដ្ឋាននៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤។ វឌ្ឍនភាពការងារសម្រេចបានជារួម៩៨,១០% គិតត្រឹមថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥៕

រដ្ឋមន្រ្តីទេសចរណ៍ពិភាក្សាជាមួយភាគីចិនលើការបង្កើនជើង ហោះហើរមកកាន់កម្ពុជា

ដោយៈ ម៉ាណា

    ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Wang Hongjin ប្រធានមន្ទីរពាណិជ្ជកម្មខេត្តសានស៊ី និងប្រតិភូចម្រុះដែលជាវិនិយោគិន លើវិស័យទេសចរណ៍ និងសំណង់ធំៗចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍នានា។

ភាគីកម្ពុជាបានស្នើសុំកិច្ចសហការគាំទ្រ លើគម្រោ​ងការបង្កើតកញ្ចប់ទស្សនកិច្ចរួមគ្នា និងកិច្ចសហប្រតិបត្តិថ្មីៗ និងជាប្រយោជន៍ ដល់វិស័យទេសចរណ៍ជាមួយដៃគូកម្ពុជា នាទីស្តីការក្រសួង។

ក្នុងឱកាសនៃជំនួបដ៏មានសារៈសំខាន់ ដល់វិស័យទេសចរណ៍ និងការបង្កើតឱកាសការងារជាច្រើនកន្លែង នៅក្នុងប្រទេសកម្ពុជា លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់លោកប្រធានមន្ទីរ និងអបអរសាទរដល់វិនិយោគិនកម្ពុជា និងចិនដែលឈានដល់ការបណ្តាក់ទុនរួមគ្នា រៀបចំបង្កើតផលិតផលទេសចរណ៍ និងខែ្សទស្សនកិច្ចប្រកបដោយភាពច្នៃប្រឌិត និងទាក់ទាញ ដើម្បីជំរុញកំណើនភ្ញៀវទេសចររវាងខេត្តសានស៊ីដែលមានប្រជាជនជាង៣០លាននាក់ និងប្រទេសកម្ពុជា ដោយធ្វើការភ្ជាប់នូវបេតិកភណ្ឌពិភពលោក ដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជា និងរបស់ខេត្តសានស៊ី វប្បធម៌ ប្រពៃណីដ៏ចំណាស់ និងទាក់ទាញទេស​ភាពដ៏ស្រស់ត្រកាលរួមបញ្ជូលគ្នា ដែលជាចំណុចពិសេស និងទាក់ទាញភ្ញៀវទេសចរជាវកញ្ចប់ទស្សនកិច្ចថ្មីមួយនេះ។

ទន្ទឹមនឹងនេះដែរ ការតភ្ជាប់ជើះហោះហើរត្រង់ រវាងរាជធានីភ្នំពេញ ខេត្តសៀមរាប និងទីក្រុងធំៗនានារបស់ខេត្តសានស៊ី ក៏ត្រូវលើកមកពិភាក្សា ដើម្បីជំរុញឱ្យចាប់ផ្តើមឆាប់ៗ ខាងមុខនេះ រួមទាំងការរៀបចំ FamTrip ដឹកនាំវិនិយោគិនខេត្តសានស៊ីមកប្រទេសកម្ពុជា ដើម្បីពិនិត្យកាលានុវត្តវិនិយោគក្នុងប្រទេសកម្ពុជា៕

ទំហំពាណិជ្ជកម្មកម្ពុជា ជាមួយអន្តរជាតិសម្រេចបានទឹកប្រាក់ជាង៣៦ពាន់លានដុល្លារក្នុងរយៈពេល៧ខែ

ដោយៈ ម៉ាណា

    ភ្នំពេញៈ ទិន្នន័យបានបង្ហាញថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិ សម្រេបានជាង៣៦ពាន់លានដុល្លារ កើនឡើង១៦.៥% បើធៀបរយៈពេលដូចគ្នាឆ្នាំមុន។នេះបើយោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

របាយការណ៍ដដែលបានបញ្ជាក់ថា ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៥ កម្ពុជាបាននាំចេញទំនិញ ក្នុងតម្លៃជាង១៧ពាន់លានដុល្លារ កើនឡើង១៦.២%។ ចំណែកការនាំចូលទំនិញមកវិញ មានតម្លៃជាង១៩ពាន់លានដុល្លារ កើនឡើង១៦.៧% បើធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២៤។

ចិននៅតែជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជា ដោយសម្រេចបាននូវទំហំពាណិជ្ជកម្ម ក្នុងទឹកប្រាក់ប្រមាណ១១ពាន់លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅចិនជាង៨៨៨លានដុល្លារ ស្របពេលដែលចិននាំចូលមកកម្ពុជាវិញ មានតម្លៃជាង១០លានដុល្លារ។

ចំណែកសហរដ្ឋអាមេរិក ស្ថិតនៅលំដាប់ទី២ ដោយភាគីទាំងពីរ សម្រេចបានទំហំពាណិជ្ជកម្មជិត៧ពាន់លានដុល្លារ កើនឡើង២៥.៨ភាគរយ ក្នុងនោះកម្ពុជានាំចេញទៅអាមេរិក មានតម្លៃជិត៧ពាន់លានដុល្លារ និងអាមេរិកនាំមកកម្ពុជាវិញ ក្នុងតម្លៃជាង២០១លានដុល្លារ។

តាមរយៈរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដដែលបានបង្ហាញថា ហំពាណិជ្ជកម្មដែលកម្ពុជា បានដោះដូរពាណិជ្ជកម្មជាមួយប្រទេសសំខាន់ ដូចជា វៀតណាម ថៃ ជប៉ុន កាណាដា អេស្ប៉ាញ ឥណ្ដូនេស៊ី អង់គ្លេស ជាដើម សុទ្ធតែសម្រេចបាននូវកំណើនដ៏ល្អប្រសើរ៕

ការសិក្សា: ទីក្រុងឌូបៃបើកដំណើរការលក់លំនៅដ្ឋានថ្មីប្រមាណ៥០០យូនីតជាមធ្យមក្នុងមួយថ្ងៃនៅឆមាសទី១

ដោយ: គង់ លាងហួរ
អន្តរជាតិ: ចំនួនលំនៅដ្ឋានថ្មីប្រមាណ៥០០យូនីតត្រូវបានបើកដំណើរការលក់ជារៀងរាល់ថ្ងៃនៅក្នុងទីក្រុងឌូបៃនៃប្រទេសអេមីរ៉ាត់អារ៉ាប់រួមក្នុងឆមាសទី១ ឆ្នាំ២០២៥ ខណៈបណ្តាអ្នកអភិវឌ្ឍន៍បានសម្រុកទាញយកអត្ថប្រយោជន៍ពីតម្រូវការទីផ្សារ។

យោងតាមទិន្នន័យបង្ហាញថា គម្រោងលំនៅដ្ឋានថ្មីចំនួន៣២៥គម្រោង ត្រូវបានបើកដំណើរការក្នុងឆមាសទី១ ដែលមានចំនួនលំនៅដ្ឋានជាង៨៧.៩០០យូនីត។ក្នុងនោះ លំនៅដ្ឋានថ្មីជិត៤៩០យូនីតត្រូវបានដាក់លក់ជាមធ្យមក្នុងមួយថ្ងៃ។

ការកើនឡើងនេះជាសញ្ញាបង្ហាញពីភាពរឹងមាំនៃវិស័យអចលនទ្រព្យរបស់ទីក្រុងឌូបៃ ដោយសារកំណើននៃតម្រូវការរបស់អ្នកទិញលំនៅដ្ឋានក្នុងគោលបំណងរស់នៅ (End-user) និងកំណើននៃតម្រូវការរបស់អ្នកទិញក្នុងគោលបំណងវិនិយោគ។

ស្របពេលមានការកើនឡើងនូវទំនុកចិត្តលើទីផ្សារ និងលំហូរទុនវិនិយោគផ្ទាល់ពីបរទេស (FDI) បណ្តាអ្នកអភិវឌ្ឍន៍នានាកំពុងពន្លឿនការបើកដំណើរការគម្រោងលំនៅដ្ឋានថ្មី ដើម្បីទាញយកអត្ថប្រយោជន៍ពីលក្ខខណ្ឌទីផ្សារអំណោយផល និងតម្រូវការខ្ពស់។

បណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យកំពុងព្យាយាមរក្សាសន្ទុះនៃការចាប់ផ្តើមបើកសម្ពោធគម្រោងលំនៅដ្ឋានថ្មី ដើម្បីទាញយកផលចំណេញខ្ពស់ពីកំណើននៃតម្រូវការនាពេលបច្ចុប្បន្ន។លំហូរអ្នកវិនិយោគបរទេសមកពីប្រទេសឥណ្ឌា ប្រទេសប៉ាគីស្ថាន និងតំបន់អឺរ៉ុបបានឈានជើងចូលទីក្រុងឌូបៃក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ។

គិតរហូតមកទល់ពេលនេះ តម្លៃអចលនទ្រព្យលំនៅដ្ឋាននៅក្នុងទីក្រុងឌូបៃនៅតែមានទំហំទឹកប្រាក់ទាបជាងទីក្រុងធំៗលើពិភពលោកដូចជា ទីក្រុងឡុងដ៍ ទីក្រុងញូវយ៉ក ទីក្រុងហុងកុង ទីក្រុងតូក្យូ និងទីក្រុងផ្សេងៗទៀត៕ប្រភព: Khaleej Times៕