កិច្ចប្រជុំកំពូលខ្សែក្រវ៉ាត់ និងផ្លូវនឹងប្រារពធ្វើនៅទីក្រុងហុងកុង នាខែកញ្ញាខាងមុខ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មរបស់តំបន់​ស្វយ័ត​ហុងកុង (Hong Kong Trade Development Council) បានបង្ហើបឲ្យដឹងថា កិច្ចប្រជុំកំពូលខ្សែក្រវ៉ាត់ និងផ្លូវនឹង​ប្រារពធ្វើនៅទីក្រុងហុងកុងនាខែកញ្ញាខាងមុខនេះ។

ព័ត៌មាននេះ ត្រូវបានបង្ហាញឲ្យដឹងក្នុងពេលលោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា អមដោយលោកជំទាវ ឧកញ៉ា នួន ពេជ្រសុផល​អគ្គនាយករងជាន់ខ្ពស់សភាពាណិជ្ជកម្ម​កម្ពុជាបានទទួលជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនឹង តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជ​កម្មរបស់តំបន់ស្វយ័តហុងកុង នៅទីក្រុងភ្នំពេញ (Hong Kong Trade Development Council)។

គោលបំណងនៃជំនួបនេះគឺ ពិភាក្សា និងជម្រាបអំពីកិច្ចប្រជុំ​កំពូល​ផ្លូវ និងខ្សែក្រវ៉ាត់លើកទី១០ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០-១១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជា​មានិតចិន។

នាឱកាសនេះផងដែរ តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្ម​របស់តំបន់ស្វយ័តហុងកុង បាននាំមកនូវលិខិតអញ្ជើញ ដើម្បីគោរព​អញ្ជើញ អ្នកឧកញ៉ា គិត ម៉េង និងជាប្រធានក្រុមប្រឹក្សាពិគ្រោះ​យោ​បល់ធុ​រកិច្ចអាស៊ានសម្រាប់កម្ពុជា និងគណៈប្រតិភូសភាពាណិជ្ជកម្ម​កម្ពុជា អញ្ជើ​ញចូលរួមកិច្ចប្រជុំកំពូលខាងលើ៕

តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃអង្គារនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ ក្រោយពេលតម្លៃមាសប្រភេទ Spot Gold បានជួញដូរក្នុងទំហំទឹកប្រាក់ចំនួន៣៣០៣,៣១ដុល្លារអាមេរិកក្នុងមួយអោនគិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃចន្ទម្សិលមិញ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៥៣ភាគរយដល់៣៣២០,៩១ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៦៤ភាគរយដល់៣៣២៨,៨ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:២៦នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៨០,៩ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី៣០ ខែកក្កដាខាងមុខ។

ចំណែក សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយបណ្ណសំខាន់ៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះដល់៩៦,៧ពិន្ទុនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម៩៦,៨៨ពិន្ទុកាលពីថ្ងៃចន្ទម្សិលមិញ៕

នាយករដ្ឋមន្ត្រីសិង្ហបុរី បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

0

(ភ្នំពេញ)៖ នៅថ្ងៃពុធ ទី២ ខែកក្កដា ឆ្នាំ២០២៥នេះ តបតាមការអញ្ជើញរបស់សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, លោក ឡរ៉េន វ៉ុង (Lawrence Wong) នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសិង្ហបុរី នឹងអញ្ជើញ​បំពេញ​ទស្សន​កិច្ចផ្លូវការនៅកម្ពុជា។ ដំណើរទស្សនកិច្ចផ្លូវការរយៈពេលមួយថ្ងៃនេះ ជាការ​បង្ហាញនូវការប្តេជ្ញាចិត្តក្នុងការពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសិង្ហបុរី ដែលមានអាយុគម្រប់៦០ឆ្នាំនៅឆ្នាំ២០២៥នេះ។

លោកនាយករដ្ឋមន្ត្រីសិង្ហបុរី និងគណៈប្រតិភូ បានអញ្ជើញដល់ប្រទេសកម្ពុជានៅ​វេលា​ម៉ោងប្រមាណ៨៖៤០នាទី។ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ជាមួយដំណើរអញ្ជើញដល់​របស់លោកនាយក​រដ្ឋ​មន្ត្រី ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល រួមមានលោក ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, លោក ឈិត កេតនា អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិកាគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ, លោក អ៉ឹង រចនា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោក សុខ ខឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសសិង្ហបុរី។

ក្នុងដំណើរទស្សនកិច្ចលោក ឡរ៉េន វ៉ុង បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។

យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា លោកនាយករដ្ឋមន្ត្រីសិង្ហបុរី ក៏នឹងមានព្រះរាជសាវនាការជាមួយព្រះករុណាព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង, មាន​ជំនួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។

លោក ឡរ៉េន វ៉ុង ក៏នឹងមានជំនួបទ្វេភាគីជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព ដែលនាយករដ្ឋមន្ត្រីទាំងពីរនឹងធ្វើការ​ពិ​ភាក្សា​ស៊ី​ជម្រៅបន្ថែមទៀត លើទំនាក់ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមក រវាងកម្ពុជា និង សិង្ហបុរី។

កម្ពុជា និងសិង្ហបុរី បានភ្ជាប់ទំនាក់ទំនងផ្លូវការនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ១៩៦៥។ ដំណើរ​​ទស្សនកិច្ច​របស់លោក ឡរ៉េន វ៉ុង កើតឡើងស្របពេលនៃ​ការប្រារព្ធ​ខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតផ្លូវការរវាងកម្ពុជា និងសិង្ហបុរី ដែលជាការបង្ហាញឱ្យឃើញនូវការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តពូនជ្រំុទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសសិង្ហបុរីផងដែរ។ ដំណើរទស្សនកិច្ចនាពេលនោះ ទទួលបានលទ្ធផលល្អប្រសើរជាច្រើន ដែលជាការបោះជំហានថ្មីមួយទៀតនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ៕

ការលក់លំនៅដ្ឋាននៅសិង្ហបុរីដាំក្បាលចុះ ខណៈអ្នកទិញរង់ចាំគម្រោងបើកដំណើរការថ្មី

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាអ្នកអភិវឌ្ឍន៍ឯកជននៅប្រទេសសិង្ហបុរីបានលក់ចេញផ្ទះចំនួន៣១២យូនីតកាលពីខែឧសភា ឆ្នាំ២០២៥ ដោយមិនមានគម្រោងថ្មីបានបើកដំណើរការ។តួលេខនេះដាំក្បាលចុះជាងពាក់កណ្តាលបើធៀបនឹងផ្ទះចំនួន៦៦៣យូនីត ដែលលក់ចេញកាលពីខែមេសា ឆ្នាំ២០២៥។

ទោះជាយ៉ាងណា បើធៀបនឹងខែឧសភា ឆ្នាំ២០២៤ ការលក់ផ្ទះបានហក់ឡើង៣៩,៩ភាគរយកាលពីខែសភា ឆ្នាំ២០២៥។ កាលពីខែឧសភា ឆ្នាំ២០២៤ បណ្តាអ្នកអភិវឌ្ឍន៍ឯកជននៅប្រទេសសិង្ហបុរីបានលក់ចេញផ្ទះចំនួន២២៣យូនីត។នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយអាជ្ញាធរអភិវឌ្ឍន៍ទីក្រុង (URA)។

លោក Justin Quek នាយកប្រតិបត្តិក្រុមហ៊ុន OrangeTee & Tie បានលើកឡើងថា ការលក់ផ្ទះថ្មីនៅខែឧសភា ឆ្នាំនេះ ជាកម្រិតប្រចាំខែទាបបំផុតដែលបានកត់ត្រាក្នុងរយៈពេលប៉ុន្មានខែកន្លងមក ស្របពេលអវត្តមាននៃការបើកដំណើរការគម្រោងថ្មី។

លោកស្រី Wong Siew Ying ប្រធានផ្នែកស្រាវជ្រាវ និងមាតិការបស់ក្រុមហ៊ុន PropNex បានមានប្រសាសន៍ឱ្យដឹងថា មិនមានគម្រោងថ្មីៗដាក់លក់នៅលើទីផ្សារកាលពីខែឧសភានោះទេ។ នេះជាមូលហេតុធ្វើឱ្យការលក់ផ្ទះធ្លាក់ចុះ។

លោក Nicholas Mak ប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុន Mogul.sg បានអះអាងថា ភាពមិនប្រាកដប្រជាដែលកំពុងបន្តកើតមាននៅក្នុងទិដ្ឋភាពសេដ្ឋកិច្ច និងទីផ្សារការងារបានធ្វើឱ្យការលក់ផ្ទះឯកជនធ្លាក់ចុះទាំងផ្នែកតម្រូវការ និងការផ្គត់ផ្គង់។

លោកបន្ថែមថា បណ្តាអ្នកអភិវឌ្ឍន៍កំពុងរង់ចាំរហូតលក្ខខណ្ឌទីផ្សារមានភាពអំណោយផលបន្ថែមទៀតដើម្បីចាប់ផ្តើមបើកលក់លំនៅដ្ឋានក្នុងគម្រោងថ្មីៗ ខណៈអ្នកទិញផ្ទះកំពុងរង់ចាំជ្រើសរើសគម្រោងដែលខ្លួនពេញចិត្ត និងមានតម្លៃទាប៕ប្រភព: The Business Times៕

ការលក់លំនៅដ្ឋាននៅក្នុងប្រទេសចិនបន្តដាំក្បាលចុះ ខណៈក្រុមអ្នកវិភាគជំរុញឱ្យមានវិធានការគាំទ្របន្ថែម

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការ​លក់​ផ្ទះ​នៅប្រទេស​ចិន​បាន​បន្ត​ដាំក្បាលចុះកាលពី​ខែ​មិថុនា ដោយ​បានបង្កឱ្យ​មាន​ភាព​តានតឹង​បន្ថែម​ទៀត​លើ​ទិដ្ឋភាពសេដ្ឋកិច្ចចិន និង​ទាមទារឱ្យមានការដាក់ចេញ​វិធានការ​គាំទ្រ​ថ្មី។នេះបើយោងតាមការចុះផ្សាយដោយបណ្តាសារព័ត៌មានអន្តរជាតិធំៗ។

យោងតាមទិន្នន័យបឋមថ្មីចុងក្រោយបំផុតពីក្រុមហ៊ុន China Real Estate Information Corp (CRIC) បានឱ្យដឹងថា ទំហំទឹកប្រាក់សរុបពីការលក់ផ្ទះថ្មីរបស់បណ្តាក្រុមហ៊ុនអចលនទ្រព្យធំៗចំនួន១០០ សម្រេចបានចំនួន៣៣៩ពាន់លានយ័ន ដាំក្បាលចុះ២៣ភាគរយធៀបនឹងឆ្នាំមុន។នេះបើយោងតាមការគណនាដោយកាសែត Bloomberg ។

វិបត្តិ​លំនៅដ្ឋានរបស់​ប្រទេស​ចិន​បាន​អូស​បន្លាយ​អស់​រយៈពេល​៤ឆ្នាំ​មក​ហើយ ខណៈ​វិធាន​ការ​ជំរុញ​សេដ្ឋកិច្ច​កាលពី​ខែ​កញ្ញា​ ឆ្នាំ២០២៤ បានបាត់បង់ប្រសិទ្ធភាព។ ថ្មីៗនេះ លោកនាយករដ្ឋមន្ត្រីចិន Li Qiang បានប្តេជ្ញាចាត់វិធានការនានាបន្ថែមទៀត ក្នុងគោលដៅស្តារទីផ្សារលំនៅដ្ឋានក្នុងប្រទេសនេះឡើងវិញ។

លោក Duncan Wrigley ប្រធានសេដ្ឋវិទូប្រចាំនៅក្រុមហ៊ុន Pantheon Macroeconomics បានសរសេរនៅក្នុងរបាយការណ៍មួយថា “ទីផ្សារលំនៅដ្ឋានរបស់ប្រទេសចិនត្រូវការវិធានការ​គាំទ្រ​បន្ថែម​ទៀត​ជា​ចាំ​បាច់។ ប៉ុន្តែ​ យើង​មិន​រំពឹង​ថា​ ទីផ្សារអាចស្ទុះងើបឡើងវិញក្នុងពេលឆាប់ៗនេះបានទេ”។

ទស្សនវិស័យរបស់ទីផ្សារលំនៅដ្ឋានរយៈពេលវែងក្នុងប្រទេសចិននៅតែមានភាពមិនច្បាស់លាស់។ ធនាគារ Goldman Sachs បានព្យាករណ៍ថា តម្រូវការលំនៅដ្ឋានថ្មីនៅតាមទីក្រុងនានារបស់ប្រទេសចិននឹងដាំក្បាលចុះ៧៥ភាគរយក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ធៀបនឹងកម្រិតកំពូលឆ្នាំ២០១៧៕ប្រភព:  BLOOMBERG៕

ក្រុមការងារផ្នែកឯកជនពិភាក្សាពីចង្វាក់តម្រូវការផ្គត់ផ្គង់លើទីផ្សារកម្ពុជានៃការនាំចូលផលិតផលកសិកម្ម និងជលផល

0

ដោយៈ ម៉ាណា

    ភ្នំពេញៈ ក្រុមការងារផ្នែកឯកជនបានជួបប្រជុំ ពិភាក្សាស្វែងយល់ពីចង្វាក់ តម្រូវការផ្គត់ផ្គង់លើទីផ្សារកម្ពុជា នៃការនាំចូលផលិតផ​លកសិកម្ម និងជលផល និងផ្សេងៗ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។

កិច្ចប្រជុំកាលពីថ្ងៃទី៣០ មិថុនាធ្វើឡើងនៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ ឧកញ៉ា បណ្ឌិត តាន់ មុនីវណ្ណ សហប្រធានក្រុមការងារតំណាងផ្នែកឯកជន និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។

កិច្ចប្រជុំនេះ ក៏មានការចូលរួមផងដែរពីសំណាក់ពីលោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងជាសមាជិកក្រុមការងារចំពោះកិច្ចផ្នែកឯកជន ឧកញ៉ាបណ្ឌិត ណាង សុធី ប្រធានគណៈកម្មការចំពោះកិច្ចសម្រាប់វារីវប្បកម្ម ផ្នែកឯកជន តំណាងសមា​គមចុងភៅនៅកម្ពុជា តំណាងសមាគមសម្ពន្ធភាពកសិកម្ម និងបរិស្ថានកម្ពុជា តំណាងសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា  តំណាងសមាគមអ្នកផលិតចំណីអាហារកម្ពុជា និងសមាជិក សមាជិកានៃក្រុមការងារផ្នែកឯកជនមួយចំនួនទៀតផងដែរ។

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពិនិត្យ និងពិភាក្សាលើបញ្ហាប្រឈមរួមមាន ទី១ ការកំណត់កូតានាំចូល សម្រាប់ផលិតផលកសិ​កម្ម និងជលផល ទី២. លទ្ធភាពនៃការផ្គត់ផ្គង់ផលិតផលកសិកម្ម និងជលផលនៅក្នុងទីផ្សារកម្ពុជា ទី៣ នីតិវិធី និងបែបបទនៃការនាំចូលផលិតផលកសិកម្ម និងជលផលមកកាន់ទីផ្សារកម្ពុជា និងទី៤ ទទួលយកធាតុចូល រួមនឹងបញ្ហាប្រឈមផ្សេងៗទៀត ដែលជាកង្វល់របស់វិស័យឯកជនផងដែរ៕

ទីផ្សារអចលនទ្រព្យនៅទីក្រុងហ្សាការតាសម្រេចបានភាពវិជ្ជមានក្នុងត្រីមាសទី២ ខណៈតម្លៃផ្ទះកើនឡើងខ្ពស់

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យនៅទីក្រុងហ្សាការតារបស់ប្រទេសឥណ្ឌូនេសុីសម្រេចបានកំណើនប្រកបដោយស្ថិរភាពនៅត្រីមាសទី២ ឆ្នាំ២០២៥ ស្របពេលមានការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងការលើកទឹកចិត្តផ្នែកគោលនយោបាយ។

យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Cushman & Wakefield បានរាយការណ៍ថា តម្លៃលំនៅដ្ឋាននៅរដ្ឋធានីហ្សាការតាបានកើនឡើង៣,៣ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដល់ចំនួន៥០,១លានរូពៀក្នុងមួយម៉ែត្រការ៉េនៅក្នុងត្រីមាសទី២។

ដោយឡែក ទីផ្សារអាផាតមុិនសម្រាប់ជួល (Seviced Apartment) របស់ទីក្រុងហ្សាការតា មិនបានទទួលការផ្គត់ផ្គង់យូនីតថ្មីកាលពីត្រីមាសទី១ ឆ្នាំ២០២៥នោះទេ ដោយធ្វើឱ្យចំនួនអាផាតមុិនសម្រាប់ជួលស្ថិតនៅទ្រឹងត្រឹមចំនួន៧.១៨១យូនីត។

អត្រាគ្របដណ្តប់ការជួលការិយាល័យ (Occupancy Rate) នៅតែមានកម្រិតប្រហែល៧០ភាគរយ ខណៈតម្លៃជួលការិយាល័យកម្រិត A កំពុងកើនឡើង។

ជាមួយគ្នានេះ ទីផ្សារអចលនទ្រព្យឧស្សាហកម្ម និងភស្តុភារ ដូចជាឃ្លាំង និងរោងចក្រ កំពុងសម្រេចបានសន្ទុះវិជ្ជមាន ដោយសារការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវល្បឿនលឿនតភ្ជាប់រវាងតំបន់ Cimanggis និងតំបន់ Cibitung ស្ថិតក្នុងខេត្ត West Java។

ចំណែក អត្រាផលចំណេញត្រឡប់ពីការជួលអចលនទ្រព្យ (Rental Yield) របស់ទីក្រុងហ្សាការតា បានស្ថិតក្នុងរង្វង់ចន្លោះពី៥ភាគរយទៅ៨ភាគរយ។ទោះជាយ៉ាងណា បណ្តាអ្នកវិនិយោគនៅតែមានការព្រួយបារម្ភចំពោះភាពមិនប្រាកដប្រជានៃម៉ាក្រូសេដ្ឋកិច្ច អស្ថិរភាពនយោបាយ និងបាតុភូតធម្មជាតិ។

ជាក់ស្តែង ការតវ៉ា ដែលដឹកនាំដោយក្រុមនិស្សិតដើម្បីប្រឆាំងនឹងរបៀបវារៈគោលនយោបាយរបស់លោកប្រធានាធិបតី Prabowo Subianto កាលពីខែមីនា ឆ្នាំ២០២៥ បានធ្វើឱ្យទីផ្សារភាគហ៊ុនរបស់ឥណ្ឌូនេសុីធ្លាក់ថ្លៃចុះចំនួន៧ភាគរយ។ ការណ៍នេះបានជះផលប៉ះពាល់ដល់ទំនុកចិត្តរបស់វិនិយោគិន និងតម្លៃរូបិយបណ្ណក្នុងស្រុក៕

ម៉ាឡេសុីបង្ហាញផែនការអភិវឌ្ឍន៍ទីក្រុងគូឡាឡាំពួររយៈពេល១៥ឆ្នាំ ជាមួយគោលដៅបង្កើតតំបន់ពាណិជ្ជកម្មទំហំ៧៤លានម៉ែត្រការ៉េ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋាភិបាលម៉ាឡេសុីបានបង្ហាញផែនការអភិវឌ្ឍន៍ថ្មីរយៈពេល១៥ឆ្នាំរបស់ទីក្រុងគូឡាឡាំពួរ ក្នុងគោលបំណងកែលម្អការរស់នៅក្នុងទីក្រុង តាមរយៈការលើកទឹកចិត្តឱ្យមានគម្រោងលំនៅដ្ឋានតម្លៃសមរម្យនៅជិតខ្សែរថភ្លើង ព្រមទាំងគ្រប់គ្រងទំហំ និងកំពស់អគារ។

រដ្ឋាភិបាលម៉ាឡេសុីនឹងអនុញ្ញាតឱ្យបណ្តាអ្នកអភិវឌ្ឍន៍អាចសាងសង់អគារកាន់តែខ្ពស់ជាងមុន ឬធំជាងមុន លុះត្រាតែគម្រោងរបស់ពួកគេបានបំពេញតាមគោលដៅនានាដូចជា ការអភិវឌ្ឍន៍លើទីតាំងដីមិនបានប្រើប្រាស់ និងមានទីតាំងនៅជិតបណ្តាញផ្លូវរថភ្លើង រួមទាំងមានលំនៅដ្ឋានតម្លៃសមរម្យ។

ផែនការខាងលើនេះបានកំណត់គោលដៅបង្កើតតំបន់ពាណិជ្ជកម្មទំហំ៧៤លានម៉ែត្រការ៉េ ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច និងបង្កើតការងារបានចំនួន១,២លានកន្លែង។នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយសារព័ត៌មាន The Edge Malaysia។

ម៉ាឡេសុីក៏បានកំណត់តំបន់ចំនួន១៣៩ សម្រាប់ការជួសជុលឡើងវិញនៅក្នុងរាជធានីគូឡាឡាំពួរ ហើយភាគច្រើនជាលំនៅដ្ឋានសាធារណៈ ដែលមានអាយុកាលចំណាស់។ ទីក្រុងនេះក៏បានកំណត់គោលដៅនៃការកសាងផ្ទះដែលមានតម្លៃសមរម្យឱ្យបានចំនួន៣០៥.០០០យូនីតនៅត្រឹមឆ្នាំ២០៤០។

លោកស្រី Maimunah Mohd Sharif អភិបាលក្រុងគូឡាឡាំពួរ បានលើកឡើងថា ផែនការនេះនឹងជំរុញការអភិវឌ្ឍន៍ទីក្រុង និងក្លាយជាឯកសារយោងសម្រាប់បណ្តាអ្នកវិនិយោគ អ្នករៀបចំផែនការ និងសាធារណៈជន។

លោកស្រីក៏បានប្រកាសអំពីផែនការបង្កើតគម្រូឌីជីថលនៅក្នុងទីក្រុង ដែលមានឈ្មោះថា“ Urban Digital Twin”ដើម្បីគាំទ្រដល់ការសម្រេចចិត្តដោយផ្អែកលើទិន្នន័យ និងជំរុញអភិបាលកិច្ចឱ្យកាន់តែល្អប្រសើរឡើង៕ប្រភព: The Edge Malaysia៕

ការចុះពិនិត្យទីតាំង និងទិន្ន័យនិយាមការព្រែកជីកហ្វូណនតេជោបានឈានដល់ទឹកដីខេត្តកំពត និងខេត្តកែបហើយ

0

ដោយៈ គង់ សូរិយា

    កំពត/កែបៈ ក្រុមមន្រ្តីបានបើកកិច្ចប្រជុំស្តីពី ការចុះពិនិត្យទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោ​យព្រែកជីកហ្វូណនតេជោ ក្នុងភូមិសាស្រ្តខេត្តកំពត និងខេត្តកែប។

កិច្ចប្រជុំនេះដឹកនាំដោយលោកតាំង សាមឿន អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេស សម្រាប់ចុះពិនិត្យនិយាមកា និងធ្វើការផ្ទៀងផ្ទាត់ផែនទី សម្រាប់ទីតាំងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តី ពីការចុះពិនិត្យទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ ក្នុងភូមិសាស្រ្តខេត្តកំពត និងខេត្តកែប ដោយមានការអញ្ជើញចូលរួមពីមន្រ្តីពាក់ព័ន្ឋថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យលើផែនការសកម្មភាព ចុះបោះបង្គោលព្រំដី តាមបណ្តោយព្រែកជីកហ្វូណនតេជោសម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តកំពត និងខេត្តកែប ដោយចាប់ផ្តើម ពីព្រំប្រទល់ខេត្តតាកែវ និងខេត្តកំពត រហូតដល់ខេត្តកែប។

ជាមួយគ្នានេះដែរ ក្រុមការងារនឹងបែងចែកជាក្រុមតូចចំនួន៤ ក្រុម ដោយគ្រោងចុះអនុវត្តន៍ការងារបោះបង្គោល ចាប់ពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ នេះតទៅ៕

:: ភ្ជាប់ទំនាក់ទំនងជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន(MPWT)

– Facebook: https://www.facebook.com/mpwt.gov.kh

– Telegram: https://t.me/mpwtnews

– TikTok: https://www.tiktok.com/@mpwt.tiktok

– YouTube: https://www.youtube.com/@mpwt.youtube

សម្តេចធិបតី ហ៊ុន ម៉ាណែត ព្រមាន «ថៃ» នឹងមានរឿងជាមួយកម្ពុជា បើហ៊ានឆ្លងបន្ទាត់ក្រហម បិទមិនឱ្យពលរដ្ឋខ្មែរចូលតំបន់ប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និងមុំ៣

0

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានព្រមានទៅកាន់ «ថៃ» នឹងមានរឿងជាមួយកម្ពុជា បើសិនជាថៃ ហ៊ានឆ្លងបន្ទាត់ក្រហម បិទមិនឱ្យពលរដ្ឋខ្មែរចូលតំបន់នៅតំបន់ប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និងមុំ៣ ដែលជាតំបន់មិនទាន់ដាច់ស្រេច នឹងកំពុងរង់ចាំការសម្រេចពីតុលាការយុត្តិធម៌អន្តរជាតិ។

ការព្រមានធ្ងន់ៗបែបនេះរបស់សម្ដេចនាយករដ្ឋមន្រ្តី បានធ្វើឡើងនៅក្នុងឱកាសដែលសម្ដេចអញ្ជើញប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រី ១.៥លានក្បាល ចូលបឹងទន្លេបាទី នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា តំបន់ប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និងមុំ៣ ជាតំបន់មិនទាន់ដាច់ស្រេច ដែលកំពុងរកតុលាការយុត្តិធម៌អន្តរជាតិដោះស្រាយ ដូច្នេះគ្មាននរណាមានសិទ្ធិឯកតោភាគីសម្រេចចិត្តបិទតាមអំពើចិត្តនោះឡើយ។ ពោលគឺគ្រប់យ៉ាងត្រូវរក្សាឱ្យស្ថិតនៅក្នុងស្ថានភាពដដែល ដូចមុនថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បែបនេះថា៖ «ខ្ញុំសូមប្រកាសឱ្យហើយ កន្លែងតាមាន់ធំជាកន្លែងមិនទាន់ដាច់ស្រេច តាមាន់តូច តាក្របី មុំ៣ យើងទៅរកប្រព័ន្ធតុលការអន្តរជាតិដោះស្រាយ គ្មាននរណាមានសិទ្ធិឯកតោភាគីប្រកាសបិទកន្លែងហ្នឹងឈប់ឱ្យចូលទេ រក្សាស្ថានភាពដដែល។ ជាឯកតោភាគីហ៊ានតែបិទទ្វា មិនឱ្យប្រជាជនខ្មែរឡើងនឹងមានរឿង បន្ទាត់ក្រហមច្បាស់ ស្មើអ្នកឯងដាក់ច្រកឯកតោភាគីយកអាហ្នឹងទៅហើយ។ ហើយបើសិនជា គេអាចយកកន្លែងហ្នឹងបានជាឯកតោភាគី បានន័យថាយើងទទួលស្គាល់ផែនទីឯកតោភាគី ១/៥០.០០០ របស់ថៃ។

អ៊ីចឹងនៅតាមបណ្ដោយព្រំដែន ៨០០គីឡូម៉ែត្រហ្នឹង កន្លែងណាទៀតដែលគេគូសចូល? អត់ទេ! MOU ឆ្នាំ២០០០ សន្ធិសញ្ញាបារាំង-សៀម, អនុសញ្ញាបារាំង-សៀម ១៩០៤, សន្ធិសញ្ញា ១៩០៧, យកមក! ចង់១/៥០.០០០, ១/១០០.០០០ មួយលើប៉ុន្មានវាអត់សំខាន់ទេ តែត្រូវយកផែនទីដើមហ្នឹងដើម្បីផ្ទេវាមក ១/២០០.០០០ ហ្នឹង ផ្ទេមកផែនទីហ្នឹងបានវាសុក្រឹត។ អ៊ីចឹង សូមបញ្ជាក់ កម្ពុជាចង់បានតែភាពត្រឹមត្រូវ អ្វីដែលស៊ីញ៉េហ្នឹងដៃ យើងអនុវត្តន៍ទៅ កុំស៊ីញ៉េហ្នឹងដៃលុបចោលហ្នឹងជើង»។

ទន្ទឹមគ្នានេះសម្ដេចបានបញ្ជាក់ជំហរថា កម្ពុជារង់ចាំធ្វើកិច្ចការជាមួយភាគីថៃ ដែលមានសិទ្ធិសម្រេចពិតប្រាកដ ហើយរង់ចាំឱ្យភាគីថៃ បើកច្រកព្រំដែនឱ្យដូចប្រក្រតីឡើងវិញជាឯកតោភាគីដោយមិនចាំបាច់ពិភាក្សាឡើយ ឱ្យដូចមុនស្ថានភាពថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ នោះកម្ពុជា នឹងបើកឱ្យមានដំណើរការប្រក្រតីឡើងវិញតាមក្រោយ មិនលើសពី៥ម៉ោងនោះទេ។

សូមជម្រាបថា ច្រកព្រំដែនកម្ពុជា-ថៃនៅក្នុងខេត្តទាំង៧ ត្រូវបានបិទជាឯកតោភាគីដោយភាគីថៃ ចាប់ពីថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០២៥។ យានជំនិះទាំងអស់ត្រូវហាមឃាត់មិនឱ្យចេញ ឬចូលច្រកព្រំដែនកម្ពុជា-ថៃ ខណៈការធ្វើដំណើរទាំងអស់ រួមទាំងភ្ញៀវទេសចរ និងពាណិជ្ជកម្មគ្រប់ប្រភេទត្រូវបានហាមឃាត់ លើកលែងតែសិស្សសាលា អ្នកជំងឺ ឬសកម្មភាពមនុស្សធម៌មួយចំនួនប៉ុណ្ណោះ៕