ចិននឹងបញ្ជូនអវកាសយានិក ៣ នាក់ទៀតទៅកាន់ស្ថានីយអវកាសរបស់ខ្លួននៅថ្ងៃសៅរ៍នេះ

ដោយ៖ សុផារី

ចិន៖ អវកាសយានិកជនជាតិចិនបីនាក់ នឹងធ្វើដំណើរទៅកាន់ម៉ូឌុលស្នូលនៃស្ថានីយ៍អវកាសចិននៅវេលាម៉ោង ១២:២៣ នាទីព្រឹក ម៉ោងនៅប៉េកាំង នៅថ្ងៃទី ១៦ ខែតុលា នេះបើតាមការប្រកាសរបស់ទីភ្នាក់ងារអវកាសចិន (CMSA) នៅថ្ងៃព្រហស្បតិ៍នេះក្នុងសន្និសីទសារព័ត៌មានមួយ។

អវកាសយានិកជនជាតិចិនបីនាក់នោះមានឈ្មោះ Zhai Zhigang, Wang Yaping and Ye Guangfu ដែលជាអ្នកជំនាញក្នុងវិស័យអវកាសចិនជាយួរឆ្នាំ។

បេសកកម្មនេះមានឈ្មោះថា Shenzhou-១៣ ដែលជាបេសកកម្មទី ២ ក្នុងចំណោមបេសកកម្មដែលមានមនុស្សបួននាក់ សម្រាប់ការសាងសង់ស្ថានីយ៍អវកាសចិនធានកុង។

អវកាសយានិកទាំងបីនឹងស្ថិតនៅក្នុងលំហរយៈពេល ៦ ខែដែលជារយៈពេលវែងបំផុតដែលមិនធ្លាប់មាននៅក្នុងគន្លងតារាវិថីសម្រាប់អវកាសយានិកចិន។

លោក Lin Xiqiang អនុប្រធានទីភ្នាក់ងារអវកាសចិន បាននិយាយថា “គ្រឿងបរិក្ខារទាំងអស់នៅកន្លែងបាញ់បង្ហោះស្ថិតនៅក្នុងស្ថានភាពល្អ។ ការបាញ់បង្ហោះនេះនឹងត្រូវធ្វើឡើងជាមួយរ៉ុកកែតផ្ទុក Long March-2F ចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅភាគពាយ័ព្យប្រទេសចិន។”

លោក Lin Xiqiang បានបន្តថា អវកាសយានិកចិននឹងរស់នៅនិងធ្វើការនៅក្នុងម៉ូឌុលស្នូលដូចគ្នានឹងកាលវិភាគដូចនៅលើផែនដីដែរ។ បន្ទាប់ពីប្រាំមួយខែពួកគេនឹងត្រលប់ទៅកន្លែងចុះចត Dong Feng នៅតំបន់ស្វយ័តម៉ុងហ្គោលី ភាគខាងជើងប្រទេសចិន។

ប្រទេសចិនបានរៀបចំផែនការបេសកកម្មចំនួន ១១ ដើម្បីបញ្ចប់ការសាងសង់ស្ថានីយ៍អវកាសរបស់ខ្លួននៅឆ្នាំ ២០២១ និង ២០២២ មានដូចជា ការបាញ់បង្ហោះម៉ូឌុលស្ថានីយ៍អវកាសចំនួន ៣ ជើងហោះហើរនាវាដឹកទំនិញ ៤ គ្រឿងនិងបេសកកម្មមនុស្ស ៤ នាក់៕

មជ្ឈមណ្ឌលផលិតផែនទីដែលជាជំនួយរបស់ចិន បានបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ហើយ

ដោយ៖ សុផារី

នាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ បានប្រារព្ធពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់មជ្ឈមណ្ឌលផលិតផែនទី នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ ស្ថិតក្រោមអធិបតីភាពលោក ឯល វ៉ាន់សារ៉ាត រដ្ឋលេខាធិការសួងការពារជាតិ និងលោក ចាង ជៀន (CHANG JIAN) ទីប្រឹក្សាអមស្ថានឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ។

អគារមជ្ឈមណ្ឌលផលិតផែនទី ដែលជាជំនួយឧបត្ថម្ភរបស់ក្រសួងការពារជាតិ សាធារណរដ្ឋប្រជាមានិតចិននេះ សង់ឡើងអំពីថ្ម ដែលមាន៣ជាន់ តាមគម្រោងផែនការនឹងបញ្ចប់ការសាងសង់ នៅពាក់កណ្តាលឆ្នាំ២០២២ខាងមុខនេះ។

លោក ទេព ចម្រើន នាយកនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ បានមានប្រសាសន៍ថា ការបញ្ចុះបឋមសិលាថ្ងៃនេះជាសមិទ្ធផលថ្មីមួយទៀតដែលក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ទទួលបានពីជំនួយឧបត្ថម្ភដ៏ថ្លៃថ្លារបស់ ក្រសួងការពារជាតិ សាធារណរដ្ឋប្រជាមានិតចិន អនុវត្តតាមកិច្ចព្រមព្រៀងវាស់វែងគូរផែនទី និងសេវានាំផ្លូវរវាងក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារជាតិ សារធារណរដ្ឋប្រជាមានិតចិន ពីឆ្នាំ២០១៨កន្លងមក។

លោកបានមានប្រសាសន៍ថា “តាមពិតទៅសំណង់មជ្ឈមណ្ឌលផលិតផែនទីនេះ ត្រូវចាប់ផ្តើមដំណើរ ការសាងសង់តាំងពី ឆ្នាំ២០២០ កន្លង មកម្លេះ ប៉ុន្តែដោយបញ្ហាវិបត្តិសកលនៃជំងឺកូវីដ-១៩ ធ្វើអោយការសាងសង់ត្រូវបានពន្យាររហូតដល់ពេលនេះ។ “

លោក ឯល វ៉ាន់សារ៉ាត បានមានប្រសាសន៍បន្តថា “នេះជាមោទនភាពបំផុតរបស់នាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិកម្ពុជា ដែលទទួលបាននូវមជ្ឈមណ្ឌលផលិតផែនទី ដែលជាយូរយារណាស់មកហើយ កងយោធពលខេមរភូមិន្ទពុំធ្លាប់មាន។”

លោកបានបញ្ជាក់ថា ពេលស្ថិតក្រោមអាណានិគមបារាំង ឆ្នាំ១៨៩៩ រដ្ឋាភិបាលបារាំងបានបង្កើតក្រុមភូមិសាស្ត្រមួយសម្រាប់ឥណ្ឌូចិន ហើយអោយឈ្មោះថា (សេវាភូមិសាស្ត្រឥណ្ឌូចិន) ដែលស្ថិតនៅទីក្រុងដាឡាត់ អតីតវៀតណាមខាងត្បូង និងមានរោង ពុម្ពនៅទីនោះ។ លុះដល់ឆ្នាំ១៩៥៥ ក្រោយពីប្រទេសកម្ពុជា ទទួលឯករាជ្យថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ក្រុមភូមិសាស្ត្រឥណ្ឌូចិនក៏បានរំលាយខ្លួន ហើយប្រទេសនីមួយៗបង្កើតស្ថាប័នភូមិសាស្ត្ររៀងៗខ្លួន ដោយឡែកកម្ពុជាស្ថិតក្រោមការដឹកនាំ របស់រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចជាតិ ឈ្មោះថា ក្រុមភូមិសាស្ត្រខ្មែរ។ លុះដល់ខែមិថុនា ឆ្នាំ១៩៥៦ នាយកដ្ឋានភូមិសាស្ត្រ ផ្ទេរអោយក្រសួងការពារជាតិគ្រប់គ្រងវិញឈ្មោះថា នាយកដ្ឋានភូមិសាស្ត នៃកងយោធពលខេមរភូមិន្ទ ប៉ុន្តែមិនទាន់មានរោងពុម្ពផលិតផែនទីផ្ទាល់ខ្លួននៅឡើយទេ។

លោក ឯល វ៉ាន់សារ៉ាត បានផ្ដាំផ្ញើដល់ក្រុមវិស្វករអ្នកបច្ចេកទេសជំនាញ ត្រូវយកចិត្តទុកដាក់ធ្វើយ៉ាងណា សាងសង់អគារនេះប្រកបដោយគុណភាពរឹងមាំ អាចប្រើប្រាស់យូរអង្វែង និងសហការឱ្យបានល្អជាមួយនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ ធានាបានលទ្ធផលល្អ តាមការកំណត់នៃគម្រោងផែនការសាងសង់៕

កូនៗមិនមែនជាកូនជ្រូកសន្សំលុយ ពេលដែលអ្នកចាស់ទៅឬយ៉ាងណា?

ដោយៈគង់ សិរីជេស៊ីកា

ភ្នំពេញៈ ការរស់នៅប្រកបដោយភាពសប្បាយរីករាយ នៅពេលឈានដល់វ័យចំណាស់ប្រកបដោយផាសុកភាព និងភាពស្ងប់ស្ងាត់ដោយគ្មានបន្ទុកហិរញ្ញវត្ថុ គឺជាក្តីស្រមៃរបស់មនុស្សគ្រប់គ្នា។

រឿងដែលសំខាន់ជាងនេះទៅទៀតនោះ គឺការមើលឃើញកូនៗទទួលបាននូវភាពជោគជ័យ នៅក្នុងជីវិតរបស់ពួកគេនាពេលអនាគត ក៏ជាសុភមង្គលនៅក្នុងជីវិតរបស់ឪពុក ម្តាយនាពេលចូលនិវត្តន៍ផងដែរ។ ប៉ុន្តែតើក្តីស្រមៃរបស់យើងប្រាកដថា នឹងអាចក្លាយជាការពិតដូចបំណងប្រាថ្នាដែរឬទេ ខណៈដែលគ្រួសារផ្សេងៗជាច្រើន សុទ្ធ​តែមានតម្រូវការខុសៗគ្នា ហើយហានិភ័យជាច្រើន សុទ្ធតែអាចកើតឡើងគ្រប់ពេលវេលា និងគ្រប់ទីកន្លែងដែលយើងមិនអាចដឹងមុននោះ?។

យោងតាមទិន្នន័យ MISI (សន្ទស្សន៍ទស្សនៈវិនិយោគិនមេនូឡាយហ្វ៍) លើកទី ១០ការសន្សំប្រាក់សម្រាប់ការអប់រំ គឺជាអាទិភាពទីមួយរបស់ឪពុកម្តាយ ឬវិនិយោគិននៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។ ការសន្សំប្រាក់សម្រាប់ការអប់រំមានចំនួនខ្ពស់បំផុត ក្រៅពីការសន្សំប្រាក់សោធនចូលនិវត្តន៍ និងសម្រាប់ការចំណាយលើការមើលថែសុខភាព។

ចំណុចដែលគួរឱ្យចាប់អារម្មណ៍មួយទៀតនោះ គឺប្រជាជនសុខចិត្តជំពាក់បំណុលគេរហូតដល់២៨ភាគរយ សម្រាប់ការបម្រុងប្រាក់ទុកដាក់ សម្រាប់ការអប់រំរបស់កូនៗខណៈដែល៣៤ភាគរយ ផ្សេងទៀតសម្រាប់ទ្រទ្រង់ដល់ការរស់នៅរបស់ខ្លួន។

ខណៈដែលទិន្នន័យនៃ MISI លើកទី៦បង្ហាញថា មានតែប្រជាជនចំនួន5.34% ប៉ុណ្ណោះដែលមានផែនការប្រាក់សោធន ឬប្រមាណតែ3.3 លាននាក់នៅក្នុងចំណោមប្រជាជន120លាននាក់នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលបានគិតគូរដល់ជីវិតនាវ័យចំណា​ស់របស់ខ្លួន។ នេះគឺជាចំនួនតិចតួចណាស់ ហើយឱកាសក្នុងការធ្លាក់ក្នុងស្ថានភាពមេគ្រួសារមានឪពុកម្ដាយចាស់ និងកូនក្នុងបន្ទុកគឺនៅមានច្រើន។

នេះជាស្ថានភាពមួយដែលកូនៗរបស់យើង ត្រូវជួយផ្គត់ផ្គង់ប្រាក់កាក់ដល់ឪពុក ម្តាយចាស់ចូលនិវត្តន៍ផង និងត្រូវបំពេញតម្រូវការក្នុងជីវិត និងគ្រួសារផ្ទាល់ខ្លួនផង។

ប្រជាជនភាគច្រើននៅក្នុងប្រទេសឥណ្ឌូនេស៊ី បានក្លាយជាមេគ្រួសារមានឪពុកម្ដាយចាស់ និងកូនក្នុងបន្ទុក ដោយសារតែកត្តាផ្សេងៗគ្នាជាច្រើន។ កត្តាដ៏សំខាន់មួយគឺកង្វះចំណេះដឹងអំពីផែនការហិរញ្ញវត្ថុ ក៏ដូចជា ផលិតផលវិនិយោគដ៏ត្រឹមត្រូវសម្រាប់ពេលអនាគត ដែលជាសេចក្ដីត្រូវការដ៏ចាំបាច់របស់ខ្លួន។

លើសពីនេះទៀត វាបានក្លាយទៅជាទំនៀមទម្លាប់ ​និងជារឿងធម្មតាទៅហើយក្នុងប្រទេសឥណ្ឌូនេស៊ី ដែលមនុស្សម្នាក់ត្រូវផ្តល់លុយ កាក់ផ្គត់ផ្គង់គ្រួសារផ្ទាល់ខ្លួនផង និងឪពុកម្តាយរបស់ខ្លួនផងនោះ។ ស្ថានភាពបែបនេះ នៅតែបន្តកើតឡើងនៅក្នុងសង្គមរបស់យើង ហើយហាក់ដូចជា មិនមានការផ្លាស់ប្ដូរឱ្យល្អប្រសើរនោះឡើយ។

ដល់ពេលដែលឪពុក ម្តាយ ត្រូវផ្លាស់ប្តូរផ្នត់គំនិតរបស់ខ្លួនហើយ ពីព្រោះថាកូនៗមិនមែនជាកូនជ្រូកសន្សំលុយរបស់ខ្លួននោះទេ។ កូនៗគ្មានកាតព្វកិច្ចត្រូវរ៉ាប់រងលើថ្លៃចំណាយទៅលើការរស់នៅ នាពេលដែលឪពុក ម្តាយចូលដល់វ័យចាស់ជរានោះទេ។

លើសពីនេះទៀត ឪពុកម្តាយមិនគួររំពឹង “ការសងគុណ” ពីកូនៗសម្រាប់ការចំ​ណាយ និងបំណុលទាំងអស់ដែលខ្លួនមាន ដោយសារតែចិញ្ចឹមបីបាច់កូនៗឡើយ។ ពីព្រោះថា យើងជាឪពុក ម្ដាយចង់មើលឃើញកូនៗរបស់យើង ទទួលបានជោគជ័យនាពេលអនាគត ហើយមានជីវិតរស់នៅប្រកបដោយសុភមង្គល ជាមួយគ្រួសាររបស់ពួកគេ។

កត្តាដែលធ្វើឱ្យយើង ក្លាយជាមេគ្រួសារមានឪពុកម្ដាយចាស់ និងកូនក្នុងបន្ទុកនេះ អាចលុបបំបាត់បាននាពេលបច្ចុប្បន្ននេះ តាមរយៈការលើកកម្ពស់ឱ្យសាធារណៈជនមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងសិក្សាស្វែងយល់បន្ថែមអំពី ការរៀបចំផែនការហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលាតាមដែលអាចធ្វើទៅបាន។

ជំហានបន្ទាប់ អ្នកត្រូវស្វែងរកព័ត៌មានអំពីផលិតផលហិរញ្ញវត្ថុ និងការវិនិយោគ ដែលសមស្របទៅនឹងតម្រូវការ និងសមត្ថភាពរបស់អ្នក។ សូមចងចាំជានិច្ចថាត្រូវបន្ថែមសមាសធាតុការពារ នៅក្នុងផែនការហិរញ្ញវត្ថុរបស់អ្នកជានិច្ច ដើម្បីអាចឱ្យអ្នករស់នៅដោយភាពស្ងប់ចិត្ត ដើម្បីសមតាមក្ដីស្រមៃ និងបំណងប្រាថ្នារបស់ខ្លួន ដោយមិនចាំបាច់មានការព្រួយបារម្ភ អំពីហានិភ័យផ្សេង​ៗ ដែលអាចកើតឡើង នៅក្នុងជីវិតរបស់អ្នកនោះឡើយ។

ប្រសិនបើត្រូវការ សូមពិគ្រោះជាមួយទីប្រឹក្សា ហិរញ្ញវត្ថុ ឬភ្នាក់ងារធានារ៉ាប់រងរបស់អ្នក ដើម្បីទទួលបានដំណោះ​ស្រាយហិរញ្ញវត្ថុដ៏ត្រឹមត្រូវសម្រាប់អ្នក។

កត្តាសំខាន់មួយទៀតនោះ គឺឪពុកម្តាយគួរតែផ្តល់ការអប់រំផ្នែកហិរញ្ញវត្ថុដល់កូនៗរបស់ខ្លួនចាប់ពីពេលដែលពួកគេនៅតូច ដូចជា ការសន្សំប្រាក់ ការវិនិយោគ ធានារ៉ាប់រង និងការរៀបចំផែនការហិរញ្ញវត្ថុជាដើម ក្នុងគោលបំណងដើម្បីឱ្យពួកគេ ស៊ាំតាំងពីតូចជាមួយនឹងរឿងហិរញ្ញវត្ថុ ក៏ដូចជា មានការយល់ដឹងអំពីរបៀបគ្រប់គ្រងហិរញ្ញវត្ថុ និងប្រើប្រាស់លុយកាក់ ឱ្យបានត្រឹមត្រូវនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ចាប់តាំងពីពេលនៅក្មេងតទៅ។

យើងគួរតែធ្វើយ៉ាងណាដើម្បីធានាថា កូនៗរបស់យើងអាចក្លាយជាមនុស្សជំនាន់ក្រោយ ដែលមានចំណេះជ្រៅជ្រះអំពីហិរញ្ញវត្ថុ អាចរស់នៅប្រកបដោយភាពសប្បាយរីករាយនៅក្នុងជីវិត ដោយមានការការពារផ្នែកហានិភ័យផ្សេងៗ នៅក្នុងជីវិតដោយផលិ​តផលធានារ៉ាប់រងត្រឹមត្រូវ ព្រមទាំងអាចកាត់ផ្ដាច់លែងឱ្យកូនៗរបស់យើង ធ្លាក់ចូលទៅក្នុងវដ្ដក្លាយជាគ្រួសារ ដែលមានឪពុកម្ដាយចាស់ និងកូនក្នុងបន្ទុកទៀត៕

អារ៉ាប់រួមអេមីរ៉ាត និងកូរ៉េខាងត្បូង ព្រមព្រៀងចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី CEPA

ដោយៈសុខុម

ឌូបៃ: អារ៉ាប់រួមអេមីរ៉ាត និងកូរ៉េខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ តុលា បានព្រមព្រៀងគ្នាចាប់ផ្តើមការចរចាស្តីពី កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីមួយ ដែលប្រទេ​សទាំង២សង្ឃឹមថា នឹងពង្រីកឱកាសសេដ្ឋកិច្ច រួមទាំងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យា និងបញ្ហាបម្រែបម្រួលអាកាសធាតុផងដែរ។

កាលពីខែមុន ប្រទេសអារ៉ាប់រួមអេមីរ៉ាតបានប្រកាសឱ្យដឹងថា ខ្លួននឹងស្វះស្វែងបង្កើតកិច្ចព្រមព្រៀងសេដ្ឋកិច្ចទូលំទូលាយ ដែលគ្របដណ្តប់លើពាណិជ្ជកម្ម និងការវិនិ​យោគជាមួយប្រទេសចំនួន៨ រួមមាន ឥណ្ឌា អង់គ្លេស តួកគី កូរ៉េខាងត្បូង អេត្យូពី ឥណ្ឌូនេស៊ី អ៊ីស្រាអែល និងកេនយ៉ា។

ប្រទេសទាំង២ បានចេញសេចក្តីថ្លែងការណ៍រួមគ្នាថា កិច្ចព្រមព្រៀងជាមួយប្រ​ទេសកូរ៉េខាងត្បូង ដែលមានឈ្មោះថា “កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ” (Comprehensive Economic Partnership Agreement) ហៅកាត់ CEPA នេះមានគោលបំណងធ្វើ “សេរីភាវូបនីយកម្មពាណិជ្ជកម្ម ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមកលើមុខទំនិញ សេវាកម្ម និងការវិនិយោគ”។

លោក Yeo Han-Koo រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូងបានថ្លែងថា “កិច្ចព្រមព្រៀងនេះ នឹងក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) លើកដំបូងរបស់យើងជាមួយប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា”។ លោកបានបន្ថែមទៀតថា “ប្រទេសអារ៉ាប់រួមអេមីរ៉ាត គឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ខ្លួននៅក្នុងតំបន់មជ្ឈិមបូព៌ា”។

ចំណែកឯលោក Thani Al Zeyoudi រដ្ឋមន្ត្រីពាណិជ្ជកម្មបរទេសនៃប្រទេសអារ៉ាប់រួមអេមីរ៉ាតបានថ្លែងថា លោករំពឹងថា កិច្ចចរចានឹងចាប់ផ្តើមធ្វើឡើង ក្នុងរយៈពេល២ខែខាងមុខ ហើយលោកសង្ឃឹមថា នឹងសម្រេចបានកិច្ចព្រមព្រៀងមួយ ក្នុងរយៈពេលមួយឆ្នាំ។

លោកបានបង្ហាញសុទិដ្ឋិនិយមថា “ខ្ញុំសង្ឃឹមថា ពាក់កណ្តាលនៃកិច្ចព្រមព្រៀង CEPA ជាមួយប្រទេសទាំង៨ នឹងសម្រេចបាននៅត្រឹមដំណាច់ឆ្នាំ២០២២”។

ការជំរុញរបស់ប្រទេសអារ៉ាប់រួមអេមីរ៉ាត ដើម្បីពង្រីកទំនាក់ទំនងសេដ្ឋកិច្ចរបស់ខ្លួននេះធ្វើឡើង បន្ទាប់ពីខ្លួនទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារវិបត្តិកូវីដ-១៩ ដែលធ្វើឱ្យសេដ្ឋកិច្ចរបស់ខ្លួន ដាំក្បាលចុះយ៉ាងខ្លាំងក្នុងឆ្នាំ២០២០ ហើយក៏ធ្វើឡើងស្របពេលប្រទេសនេះ កំពុងប្រឈមការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច កាន់តែខ្លាំងឡើងពីអារ៉ាប៊ីសាអូឌីត។

លោក Yeo Han-Koo បានគូសបញ្ជាក់ថា ប្រទេសអារ៉ាប់រួមអេមីរ៉ាត និងកូរ៉េខាងត្បូង បាននិងកំពុងពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យថាមពល ដោយលើកឡើងថា រោងចក្រអគ្គិសនី ដើរដោយនុយក្លេអ៊ែរ Barakah Nuclear Energy Plant នៅក្រុងអាប៊ូដាប៊ី (Abu Dhabi) ប្រទេសនេះ កំពុងស្ថិតក្រោមការសាងសង់ដោយក្រុមហ៊ុន Korea Electric Power Corp (KEPCO)៕ Arab News ៕

អ្នកជំនាញអចលនទ្រព្យមកពីប្រទេសច្រើនជាង១៥នឹងចូលរួមសមាជអចលនទ្រព្យអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

ដោយៈគង់ សូរិយា

ភ្នំពេញៈ លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃអចលនវត្ថុអាស៊ាន(ASEAN Valuers Association – AVA) និងជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA)នៅព្រឹកថ្ងៃទី១៤ ខែតុលាកន្លងមកនេះ បានបើកកិច្ចប្រជុំជាមួយសមាគមអចលនវត្ថុ មកពីប្រទេសក្នុងតំបន់អាស៊ាន និងក្រុមប្រឹក្សាបច្ចេក​ទេស ដើម្បីជជែកពីក្របខណ្ឌការងារ សម្រាប់សមាជលើកទី២៣ ដែលនឹងប្រារព្ឋនៅចុងខែវិច្ឆិកាខាងមុខនេះ។

កិច្ចប្រជុំដែលដឹកនាំដោយលោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃអច​លនវត្ថុអាស៊ាននេះ គឺធ្វើឡើងនៅមុនពេលដែលសមាជលើកទី២៣ នឹងត្រូវធ្វើឡើងរយៈពេល២ថ្ងៃពីថ្ងៃទី២៤ – ២៥ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈកម្មវិធី Webinar ហើយជាកិច្ចប្រជុំដែលកម្ពុជាជាម្ចាស់ផ្ទះ។

កិច្ចប្រជុំកំពូលនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពិភាក្សាអំពីទីផ្សារអចលនទ្រព្យ និងស្តង់ដារបច្ចេកទេស នៃការវាយតម្លៃក្នុងតំបន់អាស៊ាន អំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-19 ជាសកល។

ក្នុងសមាជលើកទី២៣ ដែលជាកិច្ចប្រជុំកំពូលរបស់សមាគម អ្នកវាយតម្លៃអចលនវត្ថុអាស៊ាន(ASEAN Valuers Association – AVA) នឹងមានការអញ្ជើញចូលរួមពីគណៈប្រតិភូមកពី៨ ប្រទេសជាសមាជិកអាស៊ាន (និងអ្នកតំណាងមកពីឡាវ ភូមា) សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ចិន ជប៉ុន និងប្រទេសកូរ៉េ ។ល។៕

ប្រទេសថៃនឹងបើកប្រទេសស្វាគមន៍ទេសចរអន្តរជាតិដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័ក

ដោយៈសុខុម

បាងកក: រដ្ឋាភិបាលថៃបានប្រកាសគួរឱ្យភ្ញាក់ផ្អើលថា ចាប់ពីថ្ងៃទី១ វិច្ឆិកា តទៅ ភ្ញៀវទេសចរតាមជើងហោះហើរពី៥ប្រទេស ដែលចាក់វ៉ាក់សាំងគ្រប់ដូស នឹងមិនត្រូវបានតម្រូវឱ្យធ្វើចត្តាឡីស័កទៀតឡើយពេលចូលប្រទេសថៃ ហើយគោលដៅទេសចរណ៍ក្នុងខេត្តជាច្រើនទៀតរបស់ថៃ ក៏នឹងត្រូវបើកឡើងវិញស្វាគមន៍ទេសចរបរទេសផងដែរ។

លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ (CCSA) បានលើកឡើងថា CCSA កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ តុលា បានសម្រេចអនុញ្ញាតឱ្យភ្ញៀវទេសចរ ដែលចាក់វ៉ាក់សាំងគ្រប់ដូសមកពី៥ប្រទេស រួមមានអង់គ្លេស សហរដ្ឋអាមេរិក អាល្លឺម៉ង់ សិង្ហបុរី និងចិន ធ្វើដំណើរចូលក្នុងប្រទេសថៃ ដោយមិនចាំបាច់ត្រូវឆ្លងកាត់ការធ្វើចត្តាឡីស័ក ប្រសិនបើពួកគេឆ្លងផុតដំណាក់កាលធ្វើតេស្តរកវីរុសកូវីដ-១៩ មុនពេលមកដល់ សម្រាប់ដំណាក់កាលដំបូងចាប់ពីថ្ងៃទី០១ វិច្ឆិកា ដល់ថ្ងៃទី៣១ ធ្នូ។

ភ្ញៀវទេសចរមកពីប្រទេសទាំង៥នេះ ត្រូវបានគេចាត់ទុកថា មានហានិភ័យទាបដែលអាចឆ្លងវីរុសកូវីដ-១៩ ទើបបានជាប្រទេសថៃ មិនតម្រូវឱ្យពួកគេធ្វើចត្តាឡីស័ក។

ចំនួនគោលដៅដែលបើកស្វាគមន៍ភ្ញៀវទេសចរ ក៏នឹងពង្រីកពីខេត្តចំនួន៤រហូតដល់១៧ខេត្តផងដែរ។ លោក Taweesilp Visanuyothin បានបញ្ជាក់ថា ការបើកនេះរាប់បញ្ចូលគោលដៅទាំងអស់ ក្នុងក្រុងបាងកក ខេត្តសាមុតប្រាកាន (បើកតែអាកាសយាន ដ្ឋានសុវណ្ណភូមិ) ខេត្តប្រាជួបគិរីខាន់ (បើកតែស្រុកហួហ៊ីន) និងគោលដៅទាំងអស់ក្នុងខេត្តក្រាប៊ី និងខេត្តផាំងង៉ា ផងដែរ។

ចាប់ពីថ្ងៃ ទី១ ធ្នូ តទៅ ខេត្តធំៗចំនួន១៦ផ្សេងទៀត ក៏នឹងបើកឡើងវិញរួមមានទាំងខេត្តឈៀងរ៉ៃ និងសុខោទ័យផងដែរ។

នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានថ្លែងកាលពីរសៀលថ្ងៃព្រហស្បតិ៍ ម្សិញមិញនេះថា ប្រទេសថៃបានត្រៀមរួចជាស្រេច ដើម្បីបើកឡើងវិញក្នុងរយៈពេល២សប្ដាហ៍ខាងមុខ។

លោកបានបន្ថែមទៀតថា “ប្រទេសជាច្រើនចង់អនុញ្ញាត ឱ្យពលរដ្ឋរបស់ខ្លួនមកលេងនៅប្រទេសថៃ។ វាគឺជាការចាប់ផ្ដើមទ្រង់ទ្រាយតូច ដើម្បីឱ្យពលរដ្ឋអាចបន្តរកទទួលទាន”៕ Bangkok Post ៕

ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងត្រៀមបង្ហាញសក្តានុពលលើគំរោងលំនៅដ្ឋាន និងដីឡូតិ៍លំហែរកាយ

ដោយៈ សិរីជេស៊ីកា

ភ្នំពេញៈ ជាមួយនឹងទេសភាពវាលស្រែខៀវស្រងាត់ បឹងឈួក ព្រលឹតរីករហង់ អមនឹងជួរភ្នំវែងអន្លាយ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងប្រៀបបាននឹងបុប្ឆាលាក់ខ្លួន ដែលអ្នកវិនិយោគលើវិស័យអចលនទ្រព្យបានមើលរំលង។

តំបន់ដែលមានទេសភាពដ៏ឆើតឆាយ ជាមួយនឹងរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ថ្មក្រាល នៅអមនឹងជើងភ្នំ បាននិងកំពុងទាក់ទាញការចាប់អារម្មណ៍បណ្តើរៗហើយ ខណៈតម្លៃដីធ្លីនៅទាបនៅឡើយ ធៀបនឹងតំបន់ដទៃទៀត ដែលមានសក្តានុពលដូចគ្នា និងមាន​ចម្ងាយត្រឹម១០០គីឡូម៉ែត្រប៉ុណ្ណោះពីរាជធានីភ្នំពេញ។

ទីប្រឹក្សាសមាគមអចលនទ្រព្យសកល លោកយិន លាងគង់ ដែលបានចុះសិក្សាពីភូមិសាស្រ្តនៅតំបន់នោះកាលពីថ្ងៃទី១៤ តុលាកន្លងមកបានមានប្រសាសន៍ថា បណ្តាឃុំមួយចំនួន ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ពិតជាមានធនធានធម្មជាតិដ៏ស្រស់ស្អាត ពិសេសជូរភ្នំវែងអន្លាយ ភ្ជាប់ជាមួយនឹងជួរភ្នំឱរ៉ាល់ ក្នុងខេត្តកំពង់ស្ពឺ ដែលអ្នកវិនិយោគលើវិស័យអចលនទ្រព្យកំពុងមើលរំលង។

លោកបន្តថា “សម្បត្តិធម្មជាតិដ៏មហាសាល ដែលមានតម្លៃមិនអាចកាត់ថ្លៃបាននេះ ប្រៀបបាននឹងពេជ្រមិនទាន់ច្នៃ ដែលនឹងត្រូវបានច្នៃនាពេលខាងមុខ ដែលនឹងផ្តល់នូវភាពរីកចម្រើននាពេលអនាគត”។ លោកបន្តថា “ដីនៅតំបន់នេះ មានតម្លៃចាប់ពី១ដុល្លារដល់១០ដុល្លារប៉ុណ្ណោះក្នុងមួយម៉ែត្រការ៉េ ដែលមានភាពសមស្របសំរាប់គំរោងវិនិយោគលំនៅដ្ឋាន និងដីឡូត៍លំហែរកាយ”។

លោកយិន លាងគង់បានបន្តថា បើគេធ្វើដំណើរទៅកាន់តំបន់នេះ អាចចេញតាមផ្លូវជាតិលេខ៥ និងចូលតាមផ្លូវជាតិលេខ៥៣ និងផ្លូវមួយចំនួនទៀតនៅតំបន់នេះ ដែលផ្លូវភាគច្រើននៅតំបន់នេះ បានចាក់កៅស៊ូរួចទៅហើយ ប៉ុន្តែផ្លូវមួយចំនួនបានចាក់ក្រួសក្រ​ហម ប៉ុន្តែអាចធ្វើដំណើរបានងាយស្រួលផងដែរ។

លោកបន្តថា ហេដ្ឋារចនាសម្ព័ន្ឋពិតជាបាន និងកំពុងជួយលើកកំពស់វិស័យអចលនទ្រព្យ ហេតុនេះនៅពេលផ្លូវជាតិលេខ៥បញ្ចប់ការសាងសង់នាឆ្នាំ២០២៤ខាងមុខ ការធ្វើដំណើរទៅកាន់តំបន់នេះចំណាយពេល១ម៉ោងកន្លះ ទៅ២ម៉ោងប៉ុណ្ណោះ អាស្រ័យលើល្បឿននៃការបើកបរ។

ជាមួយគ្នានេះ អ្នកនាងឆយ ហ្រ្វីដាអគ្គនាយិកាក្រុមហ៊ុន Angel Realty និងជាទីប្រឹក្សាជាន់ខ្ពស់នៃគេហទំព័រ Propertyarea.asia បានមានប្រសាសន៍ឲ្យដឹងថា តំបន់ភាគច្រើនក្នុងឃុំជៀប ពោរពេញដោយជួរភ្នំ មានទេសភាពខៀវស្រងាត់ ដែលពិតជាស្រស់ស្អាត និងជាទីតាំងសំរាប់សំរាកលំហែរកាយ យ៉ាងស័ក្តិសមសម្រាប់គ្រួសារខ្មែរ ដែលមានជីវភាពចាប់ពីកម្រិតមធ្យមឡើងទៅ។

អ្នកនាងបន្តថា “ទីតាំងនេះ បើធៀបនឹងសក្តានុពលនៃខេត្តជាប់តំបន់ឆ្នេរ មានសភាពម្យ៉ាងម្នាក់ ដែលចម្ងាយមិនឆ្ងាយពេក និងមិនជិតពេក បើធ្វើដំណើរពីរាជធានីភ្នំពេញ”។ អ្នកនាងបន្តថា “តំបន់នេះពិតជាមានសក្តានុពល និងស័ក្តិសមសំរាប់រមណីយដ្ឋានលំហែរកាយ និងសាងសង់ផ្ទះលំហែរកាយនាពេលអនាគត”៕

ប្រធាន CVEA បង្ហាញគន្លឹះចំនួន៤សំរាប់អ្នកចង់វិនិយោគលើវិស័យអចលនទ្រព្យ

ដោយៈ សិរីជេស៊ីកា

ភ្នំពេញៈ វិស័យអចលនទ្រព្យកម្ពុជាកំពុងមានសន្ទុះរីកចម្រើន និងកាន់តែមាន​ប្រជាប្រិយភាពខ្ពស់ ប៉ុន្តែអ្នកវិនិយោគដែលគ្មានមូលដ្ឋានចំណេះដឹងច្បាស់លាស់ ច្បាស់ ជាមានហានិភ័យ។

ដោយមើលឃើញបញ្ហានេះ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោកច្រឹក សុខនីមបានមានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លូន ដោយបានចែករំលែកនូវគន្លឹះសំខាន់ៗចំនួន៤ ដើម្បីជាការសិក្សាស្វែងយល់។

គន្លឺះ៤សំខាន់ៗសំរាប់លោក អ្នកដែលមានបំណងចង់ វិនិយោគក្នុង អចលនទ្រព្យរួមមានដូចជា៖

១ ទីតាំងភូមិសាស្ត្រ
ជាតំបន់ដែលមានលំហូរចរាចរណ៍ល្អ ព្រមទាំងអាចមានលទ្ធភាព ការអភិវឌ្ឈន៍ ជាពហុបំណង ដូចជាផ្សារ សាលារៀន រោងចកក្រសហគ្រាសជាដើម។ ដោយសារតំបន់ទាំងនេះ នឹងមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកទិញ និងអ្នកវិនិយោគ ជាពិសេសងាយស្រួលសម្រាប់ប្រកបអាជីវកម្ម។

២ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ
ទីតាំងដីត្រូវមានហេដ្ឋារចនសម្ព័ន្ធស្រាប់ ដែលងាយស្រួលក្នុងការធ្វើដំណើរក្នុងនោះក៏ត្រូវមើលអំពី ប្រព័ន្ធទឹក ភ្លើងលូ ហើយដីត្រូវមានចម្ងាយមួយ ដែលសមស្របពីកន្លែងមួយចំនួនដូចជា សាលារៀន ផ្សារ និងសេវាសាធារណៈផ្សេងៗ ។ល។

៣ ផែនការមេអភិវឌ្ឍន៍របស់រដ្ឋាភិបាល
ត្រូវប្រាកដថា តំបន់ដីនឹងមានគម្រោងផែនការមេរបស់រដ្ឋាភិបាល ដូចជា ការបង្កើតទីក្រុងរណបថ្មី ការស្ថាបនាផ្លូវជាដើម នេះមានន័យថា ដីនឹងមានតម្រូវការខ្ពស់ ហើយតម្លៃក៏នឹងកើនឡើងលឿនផងដែរ។

៤ បញ្ហាផ្លូវច្បាប់
មុននឹងសម្រេចចិត្តទិញដីធ្លី លោកអ្នកមិនគួរមើលរំលងផ្នែកច្បាប់នោះទេ។ លោកអ្នកត្រូវបា្រកដថា ដីធ្លីនោះមានសុវត្ថិភាព ដែលទទួលស្គាល់ពេញលេញ ត្រឹមត្រូវដោយច្បាប់ ជាពិសេសពីអាជ្ញាធរ និងការទទួលស្គាល់ដោយថ្នាក់ជាតិ (ក្រសួងដែនដី) ទាំងទំហំដី ក្បាលដី ប្លង់ទន់ និងប្លង់រឹង៕

ហេតុផល៩យ៉ាងជំរុញទឹកចិត្តអ្នកធ្វើអាជីវកម្ម

ហេតុផល៩យ៉ាងជំរុញទឹកចិត្តអ្នកធ្វើអាជីវកម្ម

ដោយ៖ កុសមា

មនុស្សម្នាក់ៗ តែងមានបំណងប្រាថ្នាខុសៗគ្នា ត្បិតពួកគេចង់ រស់ក្នុងសេចក្តីថ្លៃថ្នូរ និងក្នុងជីវភាពមួយ ដែលល្អប្រសើរ ក្នុងសង្គម ។ អ្នកខ្លះប្រកបបកិច្ចការងារ ឯអ្នកខ្លះទៀតបើកអាជីវកម្មផ្ទាល់ខ្លួន។ យោងតាមសៀវភៅ “ចាប់ផ្តើមធ្វើអាជីវកម្មផ្ទាល់ខ្លួន” របស់ លោកអួន សារ៉ាត់ បានប្រាប់ពីហេតុផលជំរុញទឹកចិត្តដែលនាំអោយមនុស្សធ្វើអាជីវកម្ម មានដូចជា
១. ឱកាសចំណេញ៖ នៅលើផែនដីនេះមានសម្បូរទៅដោយឱកាស តែមនុស្សខ្លះមើលមិនឃើញហើយ អ្នកខ្លះទៀតមើលឃើញ។ អ្នកដែលមិនឃើញឱកាសចំណេញ គេមិនចាប់ផ្ដើមធ្វើជំនួញទេ គេធ្វើអ្វីដែលគេមើលឃើញនៅចំពោះមុខពួកគេ តែប៉ុណ្ណោះចំណែកអ្នកដែលមើលឃើញ ឱកាសចំណេញ គេនឹងហក់ត្របាក់ភ្លៀម ដូចកង្កែបមើលឃើញមួយនុយដ៏ល្អ ឆ្ងុយឆ្ងាញ់គួរសមដល់ការឆី អញ្ចឹងដែរ។
២. មហិច្ឆតាទ្រព្យសម្បត្តិ៖ អ្នកដែលចាប់ផ្ដើមធ្វើអាជីវកម្ម ពួកគេសុទ្ធសឹងតែ ជាបុគ្គលមានចំនង់ពេញបេះដូង ចំណង់ដែលកើតចេញពីមហិច្ឆតានេះហើយ ដែលបង្កើត ឱ្យមានកម្លាំងជំរុញក្នុងខ្លួន ធ្វើឱ្យបុគ្គលនោះ នៅមិនសុខមិនស្ងៀម រិះរកវិធីយ៉ាងណាដើម្បីបានប្រាក់ និងដើម្បីសម្រេចមហ្ចិតា មានតែការធ្វើអាជីវកម្មទេ ដែលនាំឲ្យបានប្រាក់ ដូច្នេះហើយ ទើបពួកគេសម្រេចចិត្តថា ត្រូវវតែធ្វើអាជីវកម្ម។
៣. ភាពធុញទ្រាន់ក្នុងការធ្វើការងារឱ្យអ្នកដទៃ៖ អ្នកខ្លះធ្វើការឱ្យគេយូរមុខមកហើយ ធុញទ្រាន់ ចង់ធ្វើអ្វីដែលប្លែកហើយថ្មី គិតទៅឃើញគេធ្វើជំនួញឡូយ ក៏ប្រថុយធ្វើនឹងគេដែរ ប៉ុន្តែលទ្ធផលមិនដូចគេសោះ ព្រោះអីយើងគ្មានចំណង់ ចេញពីក្នុងចិត្តទេ ធ្វើជំនួញ ដោយគ្រាន់តែសម្រួលអារម្មណ៍ ធុញទ្រាន់របស់យើងប៉ុណ្ណោះ ។ បើសិនជាយើង ធុញទ្រាន់នឹងការងារ មិនត្រូវឈប់ធ្វើការភ្លាមទេ ត្រូវបញ្ឆេះអារម្មណ៍ចំណង់និងរៀនសូត្រ ពីការធ្វើអាជីវកម្ម ឲ្យមានមហិច្ឆតាពិត និងចេះច្បាស់លាស់សិនចាំរៀប គម្រោងធ្វើអាជីវកម្ម។
៤. ការសាងស្នាដៃខ្លួនឯង៖ អ្នកខ្លះមិនចង់ពឹងការជួយពីអ្នកដទៃ ពួកគេចង់កសាងទ្រព្យសម្បត្តិដោយខ្លួនឯង បុគ្គលប្រភេទនេះ តែងមានការជឿជាក់លើខ្លួនឯងមាំណាស់ គេយកឈ្នះលើភាពភ័យខ្លាច គេហ៊ានប្រថុយប្រថាននិងមានទំនួលខុសត្រូវ ជាមនុស្សដែលមានភាពជាម្ចាស់ការ គេធ្វើអាជីវកម្មដើម្បីបង្កើតជោគវាសនាឲ្យខ្លួនឯង ភាពជោគជ័យតែងតែកើតមានចំពោះបុគ្គលដែលមានការតាំងចិត្តយ៉ាងប្រាកដបែបនេះ។
៥. ឯករាជ្យភាព៖ ការធ្វើការងារឲ្យអ្នកដទៃគ្មានភាពឯករាជ្យឡើយត្រូវធ្វើតាមគំនិត និងការបញ្ជារបស់គេ ជាកត្តាធ្វើឲ្យបាត់បង់ឯករាជ្យគ្មានការសម្រេចចិត្តខ្លួនឯង ដូច្នេះពួកគេសម្រេចចិត្តថាចាប់ផ្ដើមធ្វើអាជីវកម្មដោយខ្លួនឯង តែការចាប់ផ្ដើមអាជីវកម្មខ្លួនឯងពុំទាន់ទទួលឯករាជ្យបានភ្លាមនោះទេ ផ្ទុយទៅវិញនៅតែលំបាកស្មុគស្មាញ ជាងមុនទៅទៀតហើយ ត្រូវរវល់ជាងមុន ព្រោះត្រូវសួរនឹងធ្វើតាមយោបល់របស់អ្នកដែលមានបទពិសោធន៍ និងអ្នកអនុវត្តផ្ទាល់ និងអតិថិជនដែលជាអ្នកប្រើប្រាស់ផលិតផលឬសេវាផ្ទាល់ផងដែរ។

៦. ការបញ្ចេញសមត្ថភាពផ្ទាល់ខ្លួន៖ ការធ្វើអាជីវកម្មផ្ទាល់ខ្លួនមានឱកាសបញ្ចេញសមត្ថភាពបានច្រើនជាងព្រោះវាជាអាជីវកម្ម និងការទទួលខុសត្រូវរបស់យើង។ ធ្វើការឱ្យគេ ត្រូវខ្លាចមុខក្រោយ និងខ្លាចខូចខាតរបស់គេ មិនអាចធ្វើអ្វីដែលខុស ការកំណត់របស់គេឲ្យធ្វើឡើយ។ ធ្វើអាជីវកម្មខ្លួនឯង នាំអោយកើនសមត្ថភាពខ្ពស់ ហ៊ានសាកល្បង ហ៊ានប្រថុយ
៧. ឧត្ដមភាពនិងកិត្តិយសនៃជីវិត៖ ការធ្វើអាជីវកម្មផ្ទាល់ខ្លួននាំមកនូវកិត្តិយសនិងឧត្ដមភាពនៃជីវិតពិតប្រាកដ។ កាបើរស់នៅអត់ការងារធ្វើនាំឲ្យ ជីវិតគ្មានក្ដីសុខ និងសេចក្តីថ្លៃថ្នូរ ។ ការដែលធ្វើការងារឲ្យគេឈ្មោះថាអ្នកស៊ីឈ្នួលឲ្យគេ ចំណែកការដែលមានអាជីវកម្មផ្ទាល់ខ្លួនឈ្មោះថា ជាម្ចាស់ជំនួញ ឬថៅកែ តើអ្នកណាមិនចង់បាន? មិនចង់ទទួលការសរសើរ? នេះជាកិត្តិយសនិងឧត្ដមភាពនៃជីវិត ព្រោះអ្វីៗកើតឡើងដោយសារអ្នកហើយជាលទ្ធផលសម្បើមផង។
៨. សេរីភាពនៃជីវិត៖ ជីវិតដែលមានសេរីភាពគឺគេមានប្រភពចំណូលមួយជាក់លាក់ និងមានស្ថេរភាព មិនមែនក្រោកព្រឹកឡើង ត្រូវធ្វើការងារ រឺបើមានបញ្ហាគ្រោះអាសន្នអត់បានធ្វើការ អត់ប្រាក់ចំនូលដែរនោះទេ ដើម្បីមានសេរីភាពហិរញ្ញវត្ថុត្រូវចាប់ផ្ដើមធ្វើអាជីវកម្មសាងឃ្លាំងប្រាក់។
៩. ការសម្រេចសុបិន្ត ៖ មនុស្សដែលមានសុបិន្តចង់ក្លាយជាសេដ្ឋីប្រាក់ លុះត្រាតែធ្វើអាជីវកម្ម។ មនុស្សម្នាក់ទោះចេះដឹងឬ មានសមត្ថភាពខ្ពស់យ៉ាងណា ក៏ដោយក៏មិនអាចរកប្រាក់បានច្រើន មហាសាលនោះដែរ ទាល់តែប្រើកម្លាំងរបស់មនុស្សអោយបានច្រើននាក់ ឬច្រើនគ្នា៕

គំរោងដីឡូត៍និងលំនៅដ្ឋានទំហំជាង៩០ហិកតាបាននិងកំពុងបង្ហាញខ្លួននៅតំបន់ផ្លូវជាតិលេខ៥១

ដោយៈ សុផារី

ភ្នំពេញៈ ផ្លូវជាតិលេខ៥១ បាននិងកំពុងក្លាយតំបន់សក្តានុពលសេដ្ឋកិច្ច ដែលមិនគួរមើលរំលង ព្រោះជាតំបន់មានភាពរីកចម្រើនខ្ពស់ មានហេដ្ឋានរចនាសម្ព័ន្ធផ្លូវខ្វាត់ខ្វែងទៅកាន់រាជធានីភ្នំពេញ និងបណ្តាលខេត្តផ្សេងៗ ដែលភ្ជាប់ពីផ្លូវជាតិលេខ៣ ទៅលេខ៤ និងលេខ៥ និងជាតំបន់អភិវឌ្ឍន៍ឧស្សាហកម្មថ្មី ដែលមានរោងចក្រធំៗជាច្រើនរួមមានសួនឧស្សាហកម្មកាណាឌីយ៉ាថ្មីផងដែរ។

ស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងការពង្រីករាជធានីភ្នំពេញ ដែលតំរូវអោយរោងចក្រ សហគ្រាសជាច្រើន ត្រូវផ្លាស់ទីតាំងទៅឆ្ងាយពីទីក្រុង ផ្លូវជាតិលេខ៥១ជាទីតាំងត្រូវនឹងចំងាយស័ក្តិសម ក្នុងការធ្វើដំណើរ និងដឹកជញ្ជូនទៅតំបន់ផ្សេងៗ ។ ក្នុងនោះផងដែរ តំបន់បាត់ដឹងជាទីប្រជុំជនចាស់ ដែលមានប្រជាជនរស់នៅច្រើន នៅក្បែរអនុស្ថានីយ៍អគ្គីសនីកម្ពុជា ផ្លូវស្ថានីយ៍រថភ្លើងអាស៊ាន រោងចក្រ ផ្សារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធនាគារ សាលារៀន មន្ទីរពេទ្យដែលមានសក្តានុពលសេដ្ឋកិច្ចល្អ។

លោកស្រី ឆេង ឆាយហុង នាយិកាផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុន KEY Real Estate បានមានប្រសាសន័អោយដឹងតាមទូរស័ព្ទ កាលពីព្រឹកថ្ងៃទី១៣ តុលានេះថា គម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន និងឧស្សាហកម្មបាត់ដឹងជាតំបន់មានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ព្រោះស្តិតនៅតាមបណ្តោយផ្លូវ៥១ និងទល់មុខផ្លូវចូលអនុស្ថានីយ៍អគ្គីសនី ជាគម្រោងអភិវឌ្ឍន៍ចម្រុះ រួមមានរោងចក្រ ឃ្លាំង ផ្ទះអាជីវកម្ម ផ្ទះល្វែង វីឡាទោល ដីឡូតិ៍លំនៅដ្ឋាន និងមានប្រព័ន្ធ ទឹក ភ្លើង ប្រព័ន្ធលូ សួនច្បារ ផ្លូវបេតុងក្នុងគម្រោង ព្រមទាំងមានផ្លូវចេញចូលជាច្រើនច្រក ដែលភ្ជាប់ទៅនឹងផ្លូររដ្ឋ។

លោកស្រីបន្តថា “កត្តាទាំងនេះ បានផ្តល់ភាពងាយស្រួលដល់អតិថិជនរស់នៅនិងប្រកបអាជីវកម្មបាន ឬវិនិយោគដើម្បីបានផលចំណេញ។ ជាពិសេសគំរោងនេះមានចំងាយត្រឹមតែ២នាទី ពីផ្សារបាត់ដឹងជាទីប្រជុំជន និងមានរោងចក្រផ្សេងៗជាច្រើននៅក្បែរៗផងដែរ”។

លោកស្រីឆេង ឆាយហុង បានបន្តថា គម្រោងនេះ មានការអភិវឌ្ឍជាដំណាក់កាលនិងបន្តបន្ទាប់ ក្នុងទំហំដីប្រមាណជាង៩០ហិតតា។ បច្ចុប្បន្នបានអភិវឌ្ឍន៍ដល់គម្រោងទី៥ ជាដីឡូតិ៍និងគម្រោងវីឡាទោល។ រីឯគម្រោងដែលបានពុះជាដីឡូតិ៍លំនៅដ្ឋាន ដីរោងច្រក ឃ្លាំង ព្រមទាំងមានអតិថិជនជាច្រើន ចាប់ផ្តើមសាងសង់ផ្ទះ ដើម្បីប្រកបអាជីវកម្មនិងរស់នៅផងដែរ។ សម្រាប់គម្រោងមុនៗ បានលក់អស់៩០% ហើយ”។
បច្ចុប្បន្នតំបន់នេះ មានការអភិវឌ្ឍន៍បែបដីឡូតិ៍ និងលំនៅដ្ឋានកម្រិតទាប និងមធ្យម សំរាប់អតិថិជនក្នុងស្រុកដែលមានបំណងរស់នៅ ប្រកបអាជីវកម្ម ឬធ្វើជាផ្ទះជួល។ ចំនែកឯអ្នកវិនិយោគបរទេស ភាគច្រើនជនជាតិចិន ក៏សម្លឹងមើលទីតាំងដើម្បីធ្វើរោងចក្រ ឃ្លាំង ឬសហគ្រាសផងដែរ។

លោកស្រីឆេង ឆាយហុង បានអះអាងថា ទោះបីជាក្នុងរយៈពេល៣ត្រីមាសដំបូងរបស់ឆ្នាំ២០២១នេះ ដោយសារស្ថានភាពកូវីតក្នុងពេលកន្លងមក ការលក់មានភាពយឺតបើធៀបទៅនឹងឆ្នាំមុនៗពិតមែនក្តី លោកស្រីនៅតែមានសុទិដិ្ឋនិយមថា ចរន្តនៃការលក់នឹងមានលក្ខណៈល្អប្រសើរ នៅត្រីមាសចុងក្រោយនេះ ដោយសារការអភិវឌ្ឍគម្រោងជាច្រើន ធ្វើឱ្យតំបន់នេះកាន់តែអ៊ូអរមមាញឹក និងសស្រាក់សស្រាំទាំងអ្នកទិញនិងអ្នកលក់។ ជាពិសេស ដោយសារគោលនយោបាយរបស់រដ្ឋាភិបាល ជម្រុញការចាក់វ៉ាកសាំង និងការអនុវត្ត “3កុំ 3ការពារ” និងការរស់នៅធម្មតាតាមបែបគន្លងថ្មី។

លោកស្រីបន្ថែមថា “គម្រោងនឹងមានផ្សារ សាលារៀន ហាងអាជីវកម្មផ្សេងៗ ម្យ៉ាងទៀតទីតាំងមិនឆ្ងាយពីរាជធានីភ្នំពេញ សាកសមសំរាប់ជាផ្ទះសំរាកលំហែ សំរាប់បងប្អូនរស់នៅក្នុងក្រុង ដែលចង់បានបរិយាកាសបរិសុទ្ធ ឬសំរាកនាពេលចុងសប្តាហ៍។ ចំណែកលក្ខខណ្ឌបង់ប្រាក់ងាយស្រួល និងអាចរំលោះបានរយៈពេលយូរផងដែរ”។

គម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន និងឧស្សាហកម្មបាត់ដឹង មានគម្រោងដីឡូតិ៍ គុណ២០ម៉ែត្រ និង១០ គុណ២០ម៉ែត្រ ដែលមានតម្លៃចាប់ពី ៨៩០០ក្នុងមួយឡូតិ៍ ដែលអាចបង់រំលោះរយៈពេល៣ឆ្នាំ។ ចំណែកគម្រោងវីឡាទោលទំហំ ១០គុណ២០ ម៉ែត្រ និងទំហំ៨គុណនឹង២០ម៉ែត្រ មានតម្លៃចាប់ពី៦ម៉ឺនដុល្លារឡើងទៅ។ អតិថិជនអាចទាក់ទងសាកសួរព័ត៌មានបន្ថែម តាមរយៈលេខទូរស័ព្ទ ០៨១ ៨១៦ ១០០ ០៨១ ៨១៦ ០០៨៕