វិនិយោគិនអចលនទ្រព្យនៅតែរំពឹងថាតម្លៃអចលនទ្រព្យនៅតែបន្តកើនឡើង

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ រយៈពេលជាង១០ឆ្នាំកន្លងមកនេះ តម្លៃអចលនទ្រព្យនៅកម្ពុជាបានបន្តកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ហើយមកដល់អំឡុងពេលនៃវិបត្តិកូវីដ១៩នេះ តម្លៃអចលនទ្រព្យជារួមមិនមានការធ្លាក់ចុះនោះទេ។

តំបន់ខ្លះនៅតែខ្ពស់ តំបន់ខ្លះទៀតនៅទ្រឹងមួយរយៈ ។ វិនិយោគិនអចលនទ្រព្យនៅតែមើលឃើញពីឱកាស នៃការវិនិយោគ ដើម្បីបានប្រាក់ចំណេញបន្ថែមទៀតទៅលើអចលនទ្រព្យជាពិសេសដីធ្លី ។

លោកឧកញ៉ាលឹម លាង អគ្គនាយកក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសឆកកំពង់សោម បានមានប្រសាសន៍នៅក្នុងកិច្ចសម្ភាសន៍មួយ កាលពីពេលថ្មីៗឱ្យដឹងថា ទីផ្សារអចលនទ្រព្យយើងនៅតែសង្ឃឹមថា នឹងឡើងថ្លៃបន្តទៀតនៅពេលអនាគត ដែលអាចបង្កើតប្រាក់ចំណេញដល់វិនិយោគិន ក៏ប៉ុន្តែបើចង់បានប្រាក់ចំណេញខ្ពស់ គួរតែវិនិយោគនៅតំបន់ណា ដែលនៅឆ្ងាយពីរាជធានីភ្នំពេញ ដូចជា ទៅជាយរាជធានីភ្នំពេញ ឬទៅខេត្តណា ដែលតម្លៃអចលនទ្រព្យនៅមានកម្រិតនៅឡើយ។

លោកបន្តថា “អ្នកមានទុន អាចពង្រីកការវិនិយោគរបស់ខ្លួន ដោយទិញដីធ្លីទុកដើម្បីអភិវឌ្ឍន៍នៅពេលអនាគត ហើយវាក៏នឹងនាំមកនូវប្រាក់ចំនេញបន្តបន្ទាប់ផងដែរ”។

លោកបន្តថា “សម្រាប់រូបលោកមុននឹងទិញដី នៅតំបន់ណាមួយកន្លែងណាមួយ គឺត្រូវគិតម៉ត់ចត់”។

ឧទាហរណ៍ថា មុននឹងទិញដី១កន្លែងតម្លៃ១០ម៉ឺនដុល្លារ ត្រូវគិតថារយៈពេលប៉ុន្មានឆ្នាំទើបអាចបានផលចំណេញគុណជាពីរ ជាបី ហើយបើសិនជាទិញហើយ ស្រាប់តែមានវិបត្តិសេដ្ឋកិច្ច ឬវិបត្តិអ្វីមួយកើតឡើងថា តើត្រូវចំណាយពេលប៉ុន្មានឆ្នាំទើបទទួលបានផលចំណេញត្រលប់មកវិញ។ ដូច្នេះមុននឹងធ្វើអ្វីមួយ ត្រូវគិតឱ្យបានល្អិតល្អន់ ទើបមិនចំណាយពេលក្នុងការវិនិយោគឬចំនេញបានតិចតួច ។

ជាមួយគ្នានេះ លោកសន សៀបនាយកប្រតិបត្តិក្រុមហ៊ុនឃីរៀលអ៊ីស្ទេតក៏បានលើកឡើងផងដែរថា ការវិនិយោគលើដីធ្លីនៅតែទទួលបានផលចំណេញ ប៉ុន្តែអ្នកវិនិយោគ គួរតែងាកទៅរកតំបន់ដែលឆ្ងាយពីទីប្រជុំជនឬទីក្រុងបន្តិច ពីព្រោះតម្លៃដីធ្លីនៅជិតៗក្រុងវាបានឡើងថ្លៃរួចទៅហើយ។

ដូច្នេះឱកាសនៃការឡើងថ្លៃបន្តទៀតនោះ មានតិចតួចប៉ុណ្ណោះ ប៉ុន្តែសម្រាប់តំបន់នៅឆ្ងាយពីរាជធានី ឬទីក្រុងឱកាសនៃការឡើងថ្លៃបន្តគឺនៅមានច្រើនទៀត ហើយប្រើពេលខ្លីប៉ុណ្ណោះនឹងទទួលបានឱកាសចំណេញ។

លោកបន្តថា “ការវិនិយោគលើដីធ្លី គេត្រូវសម្លឹងមើលលើទិសដៅ នៃការអភិវឌ្ឍរបស់រដ្ឋាភិបាល បើរដ្ឋាភិបាលសម្លឹងលើការអភិវឌ្ឍ សាធារណៈនៅតំបន់ណាមួយ យើងគួរតែទៅរកការវិនិយោគនៅតំបន់នោះ វាពិតជាមិនខុសឡើយ”៕

តម្លៃជួលអចលនទ្រព្យនៅក្រុងព្រះសីហនុដាំក្បាលចុះស្ទើរមិនគួរឲ្យជឿ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ស្របពេលព្រឹត្តិការណ៍កើតឡើងផ្ទួនៗនៅក្រុងព្រះសីហនុ បានធ្វើឲ្យទីផ្សារជួលអចលនទ្រព្យនៅក្រុងនេះ ដាំក្បាលចុះមិនគួរឲ្យជឿ ធៀបមុនពេលបិទហ្គេមអនឡាញ។

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោកឃាង ភារម្យបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី៨ កក្ដដានេះថា ទីផ្សារជួលអចលនទ្រព្យនៅក្រុងព្រះសីហនុ បានធ្លាក់ចុះខ្លាំង ដែលពីមុនផ្ទះមួយបន្ទប់ជួលបាន១០០០ដុល្លារក្នុងមួយខែ បច្ចុប្បន្ននៅសល់តម្លៃចមន្លោះពី៥០ ទៅ៨០ ឬ១០០ដុល្លារអាស្រ័យលើទីតាំង និងភាពទាក់ទាញរបស់អចលនទ្រព្យ។

លោកបន្តថា “វិបត្តិកូវីដ១៩ មិនត្រឹតែប៉ះពាល់ដល់ក្រុងព្រះសីហនុទេ ប៉ុន្តែវាប៉ះពាល់ទូទាំងពិភពលោក ប៉ុន្តែបើសិនជាយើងអាចដកជំងឺនេះចេញ ខ្ញុំជឿថាអ្វីៗនឹងឈានមករកភាពល្អប្រសើរវិញហើយ”។លោកបន្តថា “ដោយសារការព្រួយបារម្ភពីបញ្ហានេះ រដ្ឋបាលខេត្តបានធ្វើការងារយ៉ាងសកម្ម លើការចាក់វ៉ាក់សាំងដូសទី២ និងពង្រឹងការត្រួតពិនិត្យតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស”។

លោកឃាង ភារម្យបានបន្តថា ដោយសារវិបត្តិនេះ អ្វីៗបាននិងកំពុងជួបផលវិបាក ដោយបច្ចុប្បន្នផ្សារធំៗ នៅក្នុងក្រុងមិនទាន់អនុញ្ញាត្ត ឲ្យបើកដំណើរការឡើងវិញនៅឡើយទេ ដោយសារផ្សារជាបណ្តុំមនុស្ស ដែលនាំឲ្យមានការឆ្លងរាលដាលច្រើន។

ទាក់ទងនឹងការសាងសង់គំរោងអភិវឌ្ឍន៍នានា លោកឃាង ភារម្យបានឲ្យដឹងថា គំរោងអភិវឌ្ឈន៍ធំៗរបស់ក្រុមហ៊ុនអន្តរជាតិមួយចំនួន ដែលមានទុនគ្រប់គ្រាន់នៅតែបន្តសកម្មភាព ដូចជាគម្រោងរបស់ក្រុមហ៊ុនPrice Real Estate គម្រោងសាងសង់ទីក្រុងរាម ជាដើមនៅតែបន្តសកម្មភាពចាក់ដីបំពេញ និងគំរោងអភិវឌ្ឍន៍ចំនួនចំនួនតូចបានសាងសង់បណ្តើរៗផងដែរ ប៉ុន្តែភាគច្រើនបានផ្អាកសកម្មភាព៕

មន្រ្តីទេសចរណ៍អាស៊ានឯកភាពគ្នាសហការរៀបចំកីឡាស៊ីហ្គេមនៅកម្ពុជា ដើម្បីទាក់ទាញទេសចរណ៍មកកាន់តំបន់ឡើងវិញ

ដោយៈសុខហេង

ភ្នំពេញៈ បណ្តាមន្រ្តីទេសចរណ៍អាស៊ាន បានឯកភាពគ្នា ក្នុងការសហការរៀបចំព្រឹត្តិការណ៍កីឡាស៉ីហ្គេម ឆ្នាំ២០២៣ ឱ្យក្លាយជាយុទ្ធនាការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ឱ្យមកទស្សនានៅក្នុងតំបន់អាស៊ានឡើងវិញ ក្រោយមានការធ្លាក់ចុះដោយសារវិបត្តិជំងឺកូវីដ-១៩ ចូលមករំខានដល់ការធ្វើដំណើររបស់ភ្ញៀវអន្តរជាតិចូលមកក្នុងតំបន់នេះ។

ការឯកភាពគ្នានេះធ្វើឡើងក្នុងកិច្ចប្រជុំ ស្ថាប័នទេសចរណ៍ជាតិអាស៊ានលើកទី៥៤ តាមប្រព័ន្ធអនឡាញ នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ ដឹកនាំដោយកម្ពុជា។

នាឱកាសនោះដែរ តំណាងប្រទេសសមាជិកអាស៊ាន បានដាក់ចេញនូវគំនិតផ្តួច ផ្តើម និងផែនការស្តារវិស័យទេសចរណ៍អាស៊ាននៅពេលខាងមុខ ជាពិសេសបានសម្រេចរៀបចំ សកម្មភាពផ្សព្វផ្សាយទេសចរណ៍អាស៊ាន ដោយយកព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៣ (SEA Game 2023) ជាព្រឹត្តិការណ៍ទាក់ទាញទេសចរអន្តរជាតិ មកទស្សនាតំបន់របស់ខ្លួន។

ក្រសួងទេសចរណ៍កម្ពុជាបានបញ្ជាក់ថា ការរៀបចំផែនការផ្សព្វផ្សាយនេះនឹងពិភាក្សាលម្អិតក្នុងកម្រិតគណៈកម្មាការទេសចរណ៍អាស៊ាន។

ស្របនឹងគំនិតផ្តួចផ្តើមនេះ អាស៊ានក៏បានឯកភាព លើការដាក់ឲ្យអនុវត្តនៅពេលខាងមុខ នូវផែនការស្តារវិស័យទេសចរណ៍អាស៊ាន អមដោយការរៀបចំគោលការណ៍អាស៊ានរួមស្តីពី អនាម័យ និងសុវត្ថិភាពដែលនឹងដាក់ឲ្យប្រើប្រាស់ក្នុងឆ្នាំ២០២១នេះ។

លើសពីនេះទៀត អាស៊ានក៏បានឯកភាពដាក់ចុះ កម្មវិធីស្តារវិស័យទេសចរណ៍ផ្ទៃក្នុង (Intra-ASEAN Travel Program) អាស៊ានដែលនឹងត្រូវអនុវត្តនៅពេលខាងមុខ។

ប្រទេសសមាជិកអាស៊ានទាំងអស់ រួមទាំងកម្ពុជាផងដែរ បាននិងកំពុងរៀបចំបើកទទួលឡើងវិញនូវវិស័យទេសចរណ៍អន្តរជាតិរបស់ខ្លួន៕

កំពូលមហាសេដ្ឋី Elon Musk ដេញថ្លៃយកគម្រោងសាងសង់ផ្លូវរថភ្លើងក្រោមដី នៅរដ្ឋផ្លរីដា

ដោយៈសុខុម

កាលីហ្វ័រញ៉ា: ក្រុមហ៊ុនសាងសង់ផ្លូវក្រោមដី Boring Company របស់កំពូលមហាសេដ្ឋី Elon Musk ដែលមេរបស់Tesla បានដាក់សំណើដេញថ្លៃ យកគម្រោងសាងសង់ផ្លូវរថភ្លើងក្រោមដីនៅក្រុង Fort Lauderdale រដ្ឋផ្លរីដា សហរដ្ឋអាមេរិក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃទី៨ កក្កដា នេះ។

លោក Dean J. Trantalis ចៅហ្វាយក្រុង Fort Lauderdale បានលើកឡើងតាមបណ្ដាញទំនាក់ទំនងសង្គម Twitter កាលពីថ្ងៃអង្គារទី៦ កក្កដា ថា “គម្រោងនេះជាវិធីដ៏ល្អមួយ ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍”។ លោកបានបន្ថែមទៀតថា “ក្រុមហ៊ុនផ្សេងៗទៀតមានរយៈពេល៤៥ថ្ងៃ សម្រាប់ការដាក់សំណើដេញថ្លៃយកគម្រោងនេះ”។

ទោះជាយ៉ាងណា លក្ខខណ្ឌផ្សេងៗនៃការដេញថ្លៃយកគម្រោងនេះ មិនត្រូវបានទម្លាយឱ្យដឹងទេ ហើយក្រុមហ៊ុន Boring Company ក៏មិនបានធ្វើការអត្ថាធិប្បាយនោះដែរជុំវិញបញ្ហានេះ។

ក្នុងខែមិថុនា កន្លងទៅ ក្រុមហ៊ុនBoring Company បានបើកគម្រោងផ្លូវក្រោមដីដំបូងបង្អស់របស់ខ្លួន នៅក្រុងឡាសវេហ្គាស (Las Vegas) សម្រាប់ដឹកភ្ញៀវទេសចរណ៍ក្នុងទីក្រុងនេះដោយប្រើរថយន្តTesla  បើកបរដោយមនុស្ស។

ក្រុមហ៊ុន Boring Company និយាយថា ផ្លូវរថភ្លើងក្រោមដីប្រវែង២,៧គីឡូម៉ែត្រនេះនឹងជួយកាត់បន្ថយការកកស្ទះ និងចំណេញពេលវេលាក្នុងការធ្វើដំណើរ។

កាលពីខែកុម្ភៈ លោក Francis Suarez ចៅហ្វាយក្រុង Miami បានលើកឡើងថា លោក Elon Musk បានបានប្រាប់លោកថា គម្រោងផ្លូវរូងក្រោមដីមួយ ដែលកាលពីមុនមានតម្លៃ១ពាន់លានដុល្លារ គឺលោកអាចបញ្ចប់ក្នុងរយៈពេល៦ខែ និងយកតម្លៃត្រឹមតែ៣០លានដុល្លារប៉ុណ្ណោះ៕

ការសិក្សាថ្មីៈទីផ្សារអចលនទ្រព្យនៅបន្តរងសម្ភាធនិងជួបភាពមិនច្បាស់់លាស់

ដោយៈគង់ សូរិយា

ភ្នំពេញៈ ការសិក្សាថ្មីបានបង្ហាញថា ទីផ្សារអចលនទ្រព្យនៅកម្ពុជា នៅតែបន្តរងសម្ពាធ និងមានភាពមិនប្រាកដប្រជាខ្ពស់ ទោះបីជាយុទ្ធនាការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាលកើនឡើងជាបន្តបន្ទាប់ក្ដី។

យោងតាមសន្និសីទនៃបទបង្ហាញទិន្នន័យទីផ្សារ របស់ភ្នាក់ងារអចលនទ្រព្យ CBRE កាលពីម្សិលមិញ គិតត្រឹមឆមាសទី១ វិស័យធំៗទាំង៤ នៃទីផ្សារអចលនទ្រព្យ នៅតែមាននិន្នាការធ្លាក់ចុះ។

សម្រាប់ទីផ្សារខុនដូ មានតែ៥ ក្នុងចំណោម១៧គម្រោងប៉ុណ្ណោះ ដែលបានការបញ្ចប់ការដ្ឋានតាមផែនការសម្រាប់ឆ្នាំ ២០២១។ លើសពីនេះ ចំនួនខុនដូដែលគម្រោងនឹងបញ្ចប់នៅឆ្នាំ ២០២១ ត្រូវបានព្យាករថានឹងធ្លាក់ចុះពី១០.៨២៥យូនីត មកនៅត្រឹមតែ ៧.៩០៩យូនីតប៉ុណ្ណោះ ដោយសារគម្រោងមួយចំនួនផ្អាកការសាងសង់។

ឆមាសទី១នេះ តម្លៃលក់ខុនដូកម្រិតខ្ពស់ និងកម្រិតមធ្យមធ្លាក់ចុះ៦,២% និង ៧,១%។ ដូចគ្នានេះ តម្លៃជួលក៏ធ្លាក់ចុះ២,៧% និង០,៧% បើធៀបនឹងឆមាសទី២ នៃឆ្នាំ២០២០។

សម្រាប់ទីផ្សារអាផាតមិនជួលវិញ ក៏ធ្លាក់ចុះគួរឱ្យកត់សម្គាល់ដែរ ដោយអត្រាជួលធ្លាក់ចុះ ៥,២% និង ៦,៧% សម្រាប់អាផាតមិន A និង B។

ទីផ្សារលក់រាយ ឬទីផ្សារទំនើប នៅតែជួបបញ្ហាធ្ងន់ធ្ងរជាងគេ ដោយអត្រាអ្នកជួលតូបក្នុងផ្សារទំនើបធ្លាក់ចុះ៤,៦% ជាមធ្យម។

ដូចគ្នានេះដែរ អត្រាចំនួនក្រុមហ៊ុនដែលទៅជួលទីផ្សារការិយាល័យ ក៏ធ្លាក់ចុះ ៣,៨% ដែរ ប៉ុន្តែអត្រាតម្លៃជួលបែរជាកើនបន្ដិចបន្តួច ព្រោះបានធ្លាក់ខ្លាំងកាលពីចុងឆ្នាំ ២០២០ រួចមកហើយ។

នាយកគ្រប់គ្រងក្រុមហ៊ុន CBRE Cambodia លោក James Hodge បានមានលើកឡើងថា វិបត្តិកូវីដនៅតែបន្តបង្កបញ្ហាជាច្រើន ដល់វិស័យអចលនទ្រព្យ រួមមាន ការដាច់សង្វាក់ផ្គត់ផ្គង់សម្ភារៈសំណង់ ការខ្វះកម្លាំងពលករសំណង់ បញ្ហាកង្វះរំហូរសាច់ប្រាក់របស់អ្នកអភិវឌ្ឍន៍ ការពន្យារពេលសាងសង់គម្រោង ក៏ដូចជាការផ្គត់ផ្គង់លើសតម្រូវការ។

ប្រធានជាន់ខ្ពស់ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ និងប្រឹក្សាយោបល់របស់ CBRE Cambodia កញ្ញា គឹម កិនកេសាបានបន្ថែមថថា វិបត្តិកូវីដធ្វើឱ្យមានបញ្ហាពិតមែន តែវាក៏ជាហ្រ្វាំងទប់ កំណើនការផ្គត់ផ្គត់លើសតម្រូវការកើនឡើង ជាបន្តបន្ទាប់ក្នុងរយៈពេលជិត១០ឆ្នាំកន្លងមកនេះដែរ។

កញ្ញាបានបន្តថា នេះចាត់ទុកថាជាការផ្លាស់ប្ដូរ និងសម្របខ្លួនរបស់ទីផ្សារមួយដ៏សំខាន់ ហើយក៏ជាការតម្រង់ទិសវិជ្ជមាន ឱ្យទីផ្សារនៅពេលអនាគតផងដែរ”៕

 

តម្រូវការជើងហោះហើរឯកជនកើនឡើងខ្ពស់ក្នុងតំបន់រួមទាំងកម្ពុជា ជំរុញឱ្យក្រុមហ៊ុន Yugo ពន្លឿនការពង្រីកខ្លួននៅអាស៊ីអាគ្នេយ៍

ដោយៈសុខុម

ភ្នំពេញ: ទោះបីជាប្រតិបត្ដិការជើងហោះហើរពាណិជ្ជកម្ម នៅតែត្រូវការពេលវេលាយូរទៀត ទម្រាំនឹងងើបឡើងវិញពីវិបត្តិកូវីដ-១៩ យ៉ាងណាក្ដី ក៏ក្រុមហ៊ុនអាកាសចរណ៍ឯកជនមួយ ទទួលបានកំណើនជើងហោះហើរឯកជន ដែលទាមទារឱ្យក្រុមហ៊ុននេះពង្រីកផ្លូវហោះហើរថ្មីៗរបស់ខ្លួនទូទាំងអាស៊ីអាគ្នេយ៍។

ថ្លែងទៅកាន់សារព័ត៌មាន TTG Asia ដែលចុះផ្សាយនៅថ្ងៃទី៨ កក្កដា នេះ លោក Jim Baldy នាយកប្រតិបត្តិក្រុមហ៊ុន Yugo ដែលជាPlatform ភ្ជាប់ជើងហោះហើរទូទាំងតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានលើកឡើងថា ក្រុមហ៊ុនរបស់លោកបានចាប់ផ្តើមដំណើរការផ្លូវហោះហើរថ្មីៗ ក្នុងប្រទេសហ្វីលីពីន ប្រទេសកម្ពុជា ប្រទេសម៉ាឡេស៊ី និងប្រទេសថៃ។

លោកបានបញ្ជាក់ថា ផ្លូវហោះហើរមួយចំនួនដែលទាក់ទាញជាងគេ រួមមានក្រុងម៉ានីល-កោះឯកជន Banwa ក្នុងប្រទេសហ្វីលីពីន ខេត្តកោះកុង-ក្រុងព្រះសីហនុ ក្នុងប្រទេសកម្ពុជា ក្រុងបាងកក-កោះសាមុយ(Samui) ក្នុងប្រទេសថៃ ក្រុងគូឡាឡាំពួ និង តំបន់ខ្ពង់រាបGenting Highlands-កោះឡាងហ្គាវី (Langkawi) ក្នុងប្រទេសម៉ាឡេស៊ី”។

ជាមួយនឹងផ្លូវហោះហើរបន្ថែមទាំងនេះ បច្ចុប្បន្នក្រុមហ៊ុនYugo ធ្វើប្រតិបត្តិការហោះហើរទៅកាន់ជាង១៥០គោលដៅ ក្នុងតំបន់នេះជាមួយនឹងចំនួនយន្តហោះជាង៥០គ្រឿង ដែលផលិតដោយក្រុមហ៊ុនផលិតយន្តហោះល្បីៗ ដូចជា ក្រុមហ៊ុន Gulfstream ក្រុមហ៊ុន Bombardier ក្រុមហ៊ុន Dassault Falcon ក្រុមហ៊ុន Bell ក្រុមហ៊ុន Airbus ក្រុមហ៊ុន Leonardo និងក្រុមហ៊ុន Robinson ជាដើម។

បច្ចុប្បន្នក្រុមហ៊ុន Yugoកំពុងសហការជាមួយភ្នាក់ងារទេសចរណ៍ សម្រិតសម្រាំងមួយចំនួន ដើម្បីផ្គត់ផ្គង់ជើងហោះហើរពិសេសរបស់ខ្លួន ហើយបើកទ្វារចំហរង់ចាំស្វាគ​មន៍ក្រុមហ៊ុនណាដែលចង់ចាប់ដៃគូសហការជាមួយខ្លួន។

ខណៈការធ្វើដំណើរតាមយន្តហោះឯកជន ត្រូវបានចាត់ទុកថាជាសេវាផ្ដាច់មុខសម្រាប់តែអ្នកមាន និងជនល្បីល្បាញ ក្រុមហ៊ុនYugo បានផ្ដល់ដំណោះស្រាយដ៏ល្អប្រសើរ ដោយយកតម្លៃធូរថ្លៃ ដើម្បីទទួលបានចំនួនភ្ញៀវច្រើនបន្តិច។ អតិថិជនរបស់ក្រុមហ៊ុនYugo អាចស្វែងរក និងកក់ជើងហោះហើរតាមអនឡាញ ឬពឹងផ្អែកភ្នាក់ងាររបស់ Yugo ជាអ្នករៀបចំឱ្យ។

លោក Jim Baldy បានគូសបញ្ជាក់ថា យន្តហោះ និងអ្នកដំណើរទាំងអស់របស់ខ្លួននៅតែត្រូវអនុវត្តតាមវិធាន និងលក្ខខណ្ឌតម្រូវផ្នែកសុខាភិបាលរបស់ប្រទេសនីមួយៗ៕

រដ្ឋាភិបាលនឹងជ្រើសរើសរោងចក្រចំនួន៥០នៅរាជធានី ខេត្តចំនួនបីដើម្បី អនុវត្តន៍បច្ចេកវិទ្យាថ្មី

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ
រដ្ឋាភិបាល ដែលមានក្រសួងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាសេនាធិការ សម្រេចជ្រើសរើស រោងចក្រ៥០កន្លែង ដើម្បីធ្វើជាគំរូអនុវត្តបច្ចេកវិទ្យាថ្មីកាត់បន្ថយការបញ្ចេញឧស្ម័នពុល ឬហៅកាត់ថា TEST។

បណ្តារោងចក្រ សហគ្រាសទាំងនោះមានទីតាំងនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តបាត់ដំបង។

កម្មវិធីនេះបានចាប់ផ្ដើមតាំងពីឆ្នាំ ២០១៨ មកម្ល៉េះ ដោយនឹងបញ្ចប់ការអនុវត្តនៅឆ្នាំ ២០២១នេះ ប៉ុន្តែដោយសារតែវិបត្តិកូវីដ កម្មវិធីនឹងត្រូវបន្តអនុវត្តដល់ឆ្នាំ ២០២២។

គម្រោងនេះ មានឈ្មោះពេញថា “គម្រោងអភិវឌ្ឍន៍ដែលបញ្ចេញកាបូនតិច ដើម្បីផលិតភាព និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ តាមរយៈការផ្ទេរបច្ចេកវិទ្យាអំណោយផលល្អដល់បរិស្ថានជំហានទី២” ឬ Transfer of Environmentally Sound Technology methodology (TEST)។

TEST មានគោលដៅប្រើវិធីសាស្ត្រចម្រុះដើម្បីរោងចក្រនីមួយៗ កាត់បន្ថយការប្រើប្រាស់វត្ថុធាតុដើម គ្រឿងផ្សំ ថាមពលអគ្គិសនី ទឹក ប្រេងឥន្ធនៈ និងកាកសំណល់ ទិសដៅដើម្បីបង្កើនផលិតភាព គុណភាព និងការពារបរិស្ថាន។

វិធីសាស្ត្រទាំងនោះ រួមមាន ការជ្រើសរើសបច្ចេកវិទ្យាសមស្រប ការប្រើប្រាស់ធនធានឱ្យមានប្រសិទ្ធភាព ផលិតកម្មស្អាត ការគ្រប់គ្រងប្រព័ន្ធគ្រប់គ្រងបរិស្ថាន និងការទទួលខុសត្រូវសង្គមរបស់រោងចក្រពីមួយៗ។

លោកទឹង ស៊ីនី រដ្ឋលេខាធិការ និងជានាយកគម្រោង TEST នៃក្រសួងឧស្សាហកម្មបានមានប្រសាសន៍ឲ្យដឹងថា តាមផែនការ គម្រោងនឹងត្រូវអនុវត្តន៍ នៅតាមក្រុមហ៊ុនរោងចក្រសរុបទាំងអស់៥០ ដែលមានទីតាំងនៅតាមបណ្តាលខេត្ត ជុំវិញរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងបាត់ដំបង។

គិតរហូតមកដល់ពេលនេះ គម្រោងបានចុះហត្ថលេខា ជាមួយក្រុមហ៊ុនបានចំនួន ៣៥កន្លែងហើយ ដោយនឹងបន្តអនុវត្តរហូតដល់ចប់តាមគោលដៅ៕

 

រដ្ឋាភិបាលនឹងសាងសង់ផ្លូវមួយខ្សែប្រវែងជាង១០០គីឡូម៉ែត្រតភ្ជាប់ខេត្តក្រចេះ និងខេត្តកំពង់ធំ

ដោយៈគង់ សូរិយា

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាកំពុងបង្កើនមហិច្ឆតា ក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋ ដោយគ្រោងនឹងសាងសង់ផ្លូវប្រវែងជាង១០០គីឡូម៉ែត្រ តភ្ជាប់រវាងខេត្តក្រចេះ និងខេត្តកំពង់ធំ។

គំរោងសាងសង់ហេដ្ឋារចនាសម្ព័ន្ឋនេះ ទំនងនឹងធ្វើស្របគ្នាជាមួយនឹងការសាង​សង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ប្រចែងជាង១៧០០ម៉ែត្រតភ្ជាប់រវាងក្រុងក្រចេះ ទៅកាន់ផ្នែកម្ខាងទៀត នៃខេត្តក្រចេះផងដែរ។

​​ប្រធាន​មន្ទីរ​សាធារណការ​ និងដឹកជញ្ជូន ខេត្ត​ក្រចេះ ​លោកសាំង ប៊ុនថេង បាន​មាន​ប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី៨ កក្កដានេះ​ថា ក្រៅ​ពី​គម្រោង​ស្ថាបនា​ស្ពាន​ឆ្លង​កាត់​ទន្លេ​មេគង្គ​​ ក្រុម​បច្ចេកទេស​កំពុង​ចុះ​សិក្សា​ ក្នុង​ការ​ស្ថាបនា​ផ្លូវ​ជាតិ​មួយ​ខ្សែ​ទៀត​ប្រវែង​ជាង១០០ គីឡូម៉ែត្រ​​ពី​ខេត្ត​ក្រចេះ​ទៅ​ខេត្ត​កំពង់ធំ។លោកបន្តថា ផ្លូវ​ជាតិ​ថ្មី​មួយ​ខ្សែ​នេះ​គឺ​​ផ្លូវ ៦០បេ។ បច្ចុប្បន្ន​​ក្រុម​វិស្វករ​ចិន​កំពុង​ចុះ​សិក្សា ដែល​គ្រោង​ធ្វើ​ចាប់​ពី​ស្ពាន​ទន្លេ​មេគង្គ​ថ្មី​ខេត្ត​ក្រចេះ​ ទៅ​ដល់​កំពង់ថ្ម​ក្នុង​ខេត្ត​កំពង់ធំ។

តាម​ការ​សិក្សា​ផ្លូវ​ជាតិ​ថ្មី​មួយ​ខ្សែ​នេះ​ សាងសង់​កាត់តាម​​ស្រុក​ព្រែក​ប្រសព្វ​រហូត​ដល់​កំពង់ថ្ម​ខេត្ត​កំពង់ធំ មាន​ប្រវែង​ជាង១៣០គីឡូម៉ែត្រ។

លោកសាំង ប៊ុនថេង បានបន្តថា គម្រោង​ស្ថាបនា​ផ្លូវ​ជាតិ​ថ្មី​នេះ រួម​ទាំង​ស្ពាន​ឆ្លង​ទន្លេមេគង្គ​ខេត្ត​ក្រចេះ​ នឹង​រួម​ចំណែក​ជួយ​ដល់​ការ​អភិវឌ្ឍ​ខេត្ត​ក្រចេះ សម្រួល​ការ​ដឹក​ជញ្ជូននិងការ​​ធ្វើ​ដំណើរ​​របស់​ភ្ញៀវ​ទេសចរ​ ពី​តំបន់​ភាគ​កណ្ដាល​មក​តំបន់​ភាគ​ឦសាន ដែល​នឹង​រុញ​កំណើន​ការអភិវឌ្ឍន៍​ និង​លើក​ស្ទួយ​ជីវភាព​ពលរដ្ឋ​តាម​មូលដ្ឋាន។

ស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ ​​គ្រោង​បើកការដ្ឋាន​សាងសង់​នៅក្នុងឆ្នាំ​២០២១ ក្រោយ​ការសិក្សាបានបញ្ចប់។ នេះ​បើ​យោង​តាម ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឱកាស​បើក​សម្ពោធ​​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​បើកបរ​យានយន្តធុនធ្ងន់ កាលពីថ្ងៃទី ៤ កុម្ភៈកន្លងមក។

ស្ពានឆ្លង​កាត់​ទន្លេ​មេគង្គ​ទីមួយ​របស់​ខេត្ត​ក្រចេះ មានប្រវែង១៧៦១ម៉ែត្រ សាងសង់ឡើងក្រោមថវិកាកម្ចីសម្បទាន ពី​សាធារណរដ្ឋ​ប្រជាមានិតចិន ប្រើប្រាស់រយៈពេលចន្លោះពី២ ទៅ៣ឆ្នាំក្នុងការសាងសង់។

ទីកន្លែង​សាងសង់​ស្ពាន​ឆ្លង​កាត់​ទន្លេ​មេគង្គ​ខេត្ត​ក្រចេះ កំណត់ទីតាំង​​រួច​ហើយ នៅ​តែ​រង់ចាំ​ថ្ងៃ​​បើក​ការដ្ឋាន​តែ​ប៉ុណ្ណោះ៕

 

រាជធានីភ្នំពេញនឹងបង្កើនទំហំក្នុងកាំរង្វង់ចម្ងាយ១០០គីឡូម៉ែត្រជាមួយប្រជាជនកើនដល់៦លាននាក់នៅឆ្នាំ២០៣៥

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ រដ្ឋាភិបាលនឹងបង្កើនទំហំរាជធានីភ្នំពេញ ក្នុងកាំរង្វង់១០០គីឡូម៉ែត្រជុំវិញ ជាមួយនឹងកំនើនប្រជាពលរដ្ឋកើនដល់៦លាននាក់។ នេះបើតាមប្លង់គោលប្រើប្រាស់នៅរាជធានីភ្នំពេញឆ្នាំ២០៣៥។

កំណើនប្រជាជនរាជធានីភ្នំពេញពីមួយឆ្នាំទៅមួយឆ្នាំ បានធ្វើឱ្យរាជរដ្ឋាភិបាលត្រូវពង្រីកទីក្រុងជាបន្តបន្ទាប់ផងដែរ ដោយបានកាត់ដីពីខេត្តជាប់រាជធានីភ្នំពេញ ស្ថិតនៅក្រោមការគ្រប់គ្រង របស់រដ្ឋបាលសាលារាជធានីភ្នំពេញ ហើយថ្មីៗនេះ រាជរដ្ឋាភិបាលក៏សម្រេចដាក់ដំណើរការ និងឱ្យប្រើប្រាស់ប្លង់គោលដីនៅរាជធានីភ្នំពេញ នៅក្នុងឆ្នាំ២០៣៥ផងដែរ ។ នេះបើតាមអនុក្រឹត្យមួយ ដែលចេញផ្សាយដោយក្រសួងរៀបចំដែនដីនរូបនីយកម្មនិងសំណង់នៅព្រឹកថ្ងៃទី៨ កក្កដា ២០២១។

យោងតាមអនុក្រឹត្យដដែលនេះឱ្យដឹងថា ដោយផ្អែកលើយុទ្ធសាស្ត្រចតុកោណផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងគោនយោបាយជាតិស្ដីពី ការរៀបចំដែនដីរបស់រាជរដ្ឋាភិបាលកម្ពុជា ចក្ខុវិស័យនៃយុទ្ធសាស្ត្រតម្រង់ទិសអភិវឌ្ឍន៍ រាជធានិភ្នំពេញ គឺភ្នំពេញជាក្រុងរាជធានី ជាបេះដូងរបស់ប្រទេសកម្ពុជា ដែលស្ថិតនៅចំណុចពិសេសនៃប្រសព្វទន្លេបួនហៅថាទន្លេបួនមុខ ដែលជាអត្តសញ្ញាតែមួយគ្មានពីរ ជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ចពាណិជ្ជកម្ម វប្បធម៌ ប្រកបដោយសក្ដានុពលប្រកួតប្រជែង ជាមួយការអភិវឌ្ឍមួយប្រកបដោយវឌ្ឍនភាព សមធម៌ និងចីរភាព ។

ផែនការតម្រង់ទិសអភិវឌ្ឍន៍ផ្នែកនគរូបនីយកម្ម សំដៅធានាការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចរបស់រដ្ឋ ក្នុងផែនការដីរាជធានីភ្នំពេញ ឱ្យមានប្រសិទ្ធភាព និងមាននិរន្តរភាព ពិសេសដើម្បីតម្រង់ទិសការវិនិយោគសាធារណៈ និងឯកជន ក៏ដូចជាការវិនិយោគរបស់ដៃគូ អភិវឌ្ឍទាំងអស់ចាប់ពីពេលនេះរហូតដល់ឆ្នាំ២០៣៥។ យុទ្ធសាស្ត្រនេះនឹងជួយសាលារាជធានីភ្នំពេញ ប្រជាជនទាំងអស់ វិនិយោគិនព្រមទាំងដៃគូអភិវឌ្ឍនានា ឱ្យចូលរួមអភិវឌ្ឍទីក្រុងប្រកបដោយសណ្ដាប់ធ្នាប់ល្អ ហើយក៏ធ្វើឱ្យមានវឌ្ឍនភាពដល់ការវិនិយោគនានាដោយកាត់បន្ថយ ឬបញ្ចៀសបាននូវហានិភ័យនានាជាអតិបរមា។

តាមផែនការរាជរដ្ឋាភិបាល នឹងយករាជធានីភ្នំពេញជាប៉ូល សេវាកម្មកណ្ដាលមួយក្នុងតំបន់ដែលប្រមូលផ្ដុំប្រជាជនជាង៦លាននាក់ នៅក្នុងកាំរង្វង់ចម្ងាយ១០០គីឡូម៉ែត្រជុំវិញ ដែលប្រហាក់ប្រហែលនឹងទីក្រុងធំៗមួយចំនួននៅអាស៊ាន ដូចជា ទីក្រុងបាងកក មានប្រជាជន៩លាននាក់ ទីក្រុងហូជីមិញមានប្រជាជន៧លាននាក់ ទីក្រុងហាណូយមាន៨លាននាក់ ទីក្រុងសិង្ហបុរីមាន៤លាននាក់ និងកូឡាឡាំពួរមាន៤លាននាក់៕

ផ្លូវ២០០៤ក្លាយជាតំបន់CBD ជាតំបន់អភិវឌ្ឍន៍ចម្រុះអចលនទ្រព្យ និងមជ្ឈ មណ្ឌលពាណិជ្ជកម្ម

ដោយៈ ម៉ាណេត

ភ្នំពេញៈ ផ្លូវ២០០៤ បានក្លាយជាតំបន់អភិវឌ្ឍន៍ចម្រុះ(CBD)និងតំបន់អភិវឌ្ឍន៍លំនៅដ្ឋានកម្រិតមធ្យមឡើងទៅ ខណៈអាជ្ញាធររាជធានីភ្នំពេញ បាននិងកំពុងពន្លឿនការជួសជុលផ្លូវ និងដាក់បណ្ដាញលូនៅតាមបណ្ដោយផ្លូវ សម្ដេចចៅហ្វាវាំងគង់សំអុល ហៅផ្លូវ២០០៤ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ជូនប្រជាពលរដ្ឋ។

មន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១កន្លងមកថា កំណាត់ផ្លូវសម្ដេចចៅហ្វាវាំង គង់ សំអុល(ផ្លូវ២០០៤) ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។ ពេលនេះបាននិងកំពុងធ្វើការជួសជុល ដោយចាក់បេតុងឆ្អឹងដែក កម្រាស់២តឹក ចាប់ពីផ្លូវលេខ២៧១ រហូតដល់អតីតបញ្ជរបង់ប្រាក់ មានប្រវែង២០៩ម៉ែត្រនិងទទឹង ពី១៨ម៉ែត្រទៅ២០ម៉ែត្រ ស្ថិតក្នុងមូលដ្ឋានខណ្ឌសែន សុខ។

មន្ត្រីជំនាញបានបន្តឱ្យដឹងទៀតថា ក្រៅពីការងារខាងលើ រដ្ឋបាលរាជធានីភ្នំពេញ ក៏មានការកែលម្អប្រព័ន្ធលូ ចំណុចប្រសព្វផ្លូវសម្ដេចចៅហ្វាវាំងគង់ សំអុល(ផ្លូវ២០០៤)កែងផ្លូវ៣៧១ផងដែរ ដោយដាក់លូជ្រុងអក្សរ U ដើម្បីដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀងនៅតំបន់នេះ។

ជាមួយគ្នានេះដេឬ អ្នកជំនាញបានលើកឡើងថា ផ្លូវ២០០៤ ដែលភាគច្រើនគេថាផ្លូវ ម៉ៃដា និងបំបែកចេញពីផ្លូវ២៧១ ទៅដល់ព្រលានយន្តហោះ នឹងក្លាយជាតំបន់អភិវឌ្ឍន៍ចម្រុះ ខណៈការអភិវឌ្ឍលំនៅដ្ឋាន និងការអភិវឌ្ឍន៍អចលនទ្រព្យផ្សេងៗ បានចាប់ផ្តើមអភិវឌ្ឍន៍ទៅតាមផ្លូវសំខាន់មួយនេះ។

លោកប៉ូ អ៊ាវគង់អគ្គនាយកក្រុមហ៊ុនអ៊ែតវ៉ានស៍ រៀលអ៊ីស្ទេត បានថ្លែងប្រាប់ថា ផ្លូវ២០០៤ ដែលភាគច្រើនគេហៅថាផ្លូវ ម៉ៃដា និងបំបែកចេញពីផ្លូវ២៧១ ទៅដល់ព្រលានយន្តហោះ នឹងក្លាយជាតំបន់អភិវឌ្ឍន៍ចម្រុះ ខណៈតំបន់នេះចាប់ផ្តើមមានការអភិវឌ្ឍបែបចម្រុះ រាប់ចាប់តាំងពីលំនៅដ្ឋាន រហូតដល់អាគារពាណិជ្ជកម្ម និងខុនដូជាដើម។

លោកបានបន្តថា តំបន់នេះភាគច្រើន សម្បូរដោយការអភិវឌ្ឍន៍អចលនទ្រព្យសម្រាប់ប្រជានមានកម្រិតមធ្យមឡើងទៅ ដោយសារតែជាក់ស្តែងតម្លៃអចលនទ្រព្យនៅតាមបណ្តោយផ្លូវ នេះមានតម្លៃខ្ពស់គួរសម ហើយទម្រង់នៃការអភិវឌ្ឍន៍ក្នុងតំបន់នេះផ្តោតលើការអភិវឌ្ឍន៍លំនៅដ្ឋានកម្រិតមធ្យមឡើងទៅ។

លោកបានឱ្យដឹងទៀតថា ដីនៅតាមបណ្តោយផ្លូវ២០០៤នេះ មានទំហំធំៗសម្រា​ប់ការអភិវឌ្ឍ ហើយសម្រាប់អ្នកអភិវឌ្ឍន៍ គឺគាត់ចង់បានធំៗសម្រាប់ការអភិវឌ្ឍគម្រោងរបស់ពួកគាត់ រយៈពេល២ ឬ៣ឆ្នាំចុងក្រោយនេះ ការអភិវឌ្ឍប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធចាប់ផ្តើមមានប្រសើរឡើងជាបណ្តើរៗ ដែលជាផ្នែកមួយ ក្នុងការទាក់ទាញអ្នកអភិវឌ្ឍន៍ និងវិនិយោគិន ចូលទៅវិនិយោគនៅតំបន់នេះ ខណៈផ្លូវនេះមានការភ្ជាប់ទៅផ្លូវជាសំខាន់ៗជាច្រើន ដូចជាផ្លូវ២៧១ និងផ្លូវតភ្ជាប់ទៅព្រលានអន្តរជាតិភ្នំពេញជាដើម។

យោងតាមលោកប៉ូ អ៊ាវគង់បានឱ្យដឹងថា បច្ចុប្បន្នតម្លៃដីនៅក្នុងឡូតិ៍ធំៗ តាមបណ្តោយផ្លូវ២០០៤ មានតម្លៃចន្លោះពី១០០០ ទៅដល់១៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយតម្លៃដីខ្នាតតូចៗ មានតម្លៃចាប់ពី២០០០ ទៅដល់ជាង៣០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ចំណែកលំនៅដ្ឋាន (ផ្ទះល្វែង) វិញ មានតម្លៃចាប់ពី២៥ម៉ឺន ដល់៤០ម៉ឺនដុល្លារ។

តម្លៃដីនៅតាមដងផ្លូវ២០០៤ មានកើនឡើងខ្លាំងពេក សម្រាប់ការសាងសង់រោចចក្រសម្រាប់ជួល។ នេះបើយោងតាមរបាយការចុងក្រោយរបស់ក្រុមហ៊ុន CBRE Cambodia។

ដូច្នេះ ទីតាំងឧស្សាហកម្មនៅតំបន់ ត្រូវបានផ្លាស់ប្តូរទៅខាងក្រៅក្រុងវិញ ខណៈការអភិវឌ្ឍលំនៅដ្ឋាន និងការអភិវឌ្ឍន៍អចលនទ្រព្យផ្សេងៗ ត្រូវបានមើលឃើញថាបង្វែទិសទៅតាមផ្លូវសំខាន់មួយនេះវិញ៕