ដំណឹងល្អៈរដ្ឋាភិបាលប្រកាសពង្រីកវិសាលភាពក្រុងភ្នំពេញបន្ត ដើម្បីក្លាយជាប៉ូលសេវាកម្មសម្រាប់ប្រជាជន៦លាននាក់

ដោយៈគង់ សូរិយា

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជានឹងពង្រីកវិសាលភាពក្រុងភ្នំពេញបន្តទៀត តាមរយៈការដាក់ឲ្យប្រើប្រាស់ប្លង់គោលរាជធានីភ្នំពេញនៅឆ្នាំ២០៣៥ខាងមុខ។

យោងតាមអនុក្រឹត្យស្ដីពី ការដាក់ឱ្យអនុវត្តប្លង់គោលប្រើប្រាស់ដី រាជធានីភ្នំពេញឆ្នាំ២០៣៥ របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា រាជធានីភ្នំពេញនឹងបន្តពង្រីកវិសាលភាពរបស់ខ្លួនបន្ត ក្លាយជាទីក្រុងនៃប៉ូលសេវាកម្មកណ្ដាលសម្រាប់ប្រជាជនចំនួន៦លាននាក់ ក្នុងកាំរង្វង់ចម្ងាយ ១០០គីឡូម៉ែត្រជុំវិញ ក្នុងរយៈពេលត្រឹម ១៤ឆ្នាំទៀត។

រាជធានីភ្នំពេញ មានទីតាំង ស្ថិតនៅប្រសព្វនៅទន្លេធំ៣ ជាប់ដៃទន្លេ៤ នៃទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ នៅផ្នែកខាងស្តាំមុខ ព្រះបរមរាជវាំង។ រាជធានីភ្នំពេញ គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្ម នយោបាយ និង វប្បធម៌ សេដ្ឋកិច្ច និងការទូត។ បច្ចុប្បន្នវិស័យសំណង់ លំនៅដ្ឋានចម្រុះ អាគារពាណិជ្ជកម្ម នៅជុំវិញរាជធានីភ្នំពេញកំពុងពង្រីកខ្លួនយ៉ាងលឿនឥតឈប់ឈរ។

យោងតាមគណៈកម្មាធិការជំរឿនទូទៅ ប្រជាជននៅកម្ពុជា ឆ្នាំ២០១៩ បានបង្ហា​ញតួលេខថា ភ្នំពេញមានចំនួន២,១២៩,៣៧១នាក់ និងមានទំហំ៦៩២,៤៦ គីឡូម៉ែត្រក្រឡា។

ភ្នំពេញជារាជធានី និងជាទីក្រុងធំជាងគេបំផុតនៃប្រទេសកម្ពុជា ជាមជ្ឈមណ្ឌលសន្តិសុខ នយោបាយ សេដ្ឋកិច្ច សម្បត្តិវប្បធម៌ និងការទូត ។ បច្ចុប្បន្ន គម្រោង​ពង្រីក​ទីក្រុង និងកសាងហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ​របស់​រដ្ឋបាលសាលា​រាជធានី​ភ្នំពេញ ក៏កំពុងតែ​ដំណើរការយ៉ាងមមាញឹក ដើម្បីឆ្លើយតបនឹងចំនួន​ប្រជាជនក្នុងក្រុង កាន់តែកើនឡើងរៀងរាល់ឆ្នាំ។ រាជធានីភ្នំពេញ ត្រូវបានគេព្យាករណ៍​ថា អាចនឹង​កើនចំនួនប្រជាពលរដ្ឋដល់ ២,៥០ លាននាក់ ​គិត​ត្រឹម​ឆ្នាំ ២០៣៥៕

 

លោកឧកញ៉ាលឹម ហេងៈ សភាពាណិជ្ជកម្មកម្ពុជានឹងបើកការិយាល័យនៅប្រទេសជប៉ុននាពេលឆាប់ៗនេះ

ដោយៈ ប៊ី

ភ្នំពេញៈ សភាពាណិជ្ជកម្មកម្ពុជា នឹងបង្កើតតំណាងការិយាល័យរបស់ខ្លួនជាលើកដំបូងនៅប្រទេសជប៉ុននៅចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២ខាងមុខ ដើម្បីផ្សព្វផ្សាយគោលនយោបាយវិនិយោគ និងសក្តានុពលរបស់កម្ពុជាដើម្បីទាក់ទាញអ្នកវិនិយោគិនឲ្យកាន់តែច្រើនថែមទៀតឲ្យមកបណ្តាក់ទុននៅកម្ពុជា។

លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងកាលពីល្ងាចថ្ងៃទី៧ ខែកក្កដាកន្លងទៅថា គម្រោងបើកតំណាងការិយាល័យនៅក្រៅប្រទេស មិនមែនមានតែនៅប្រទេសជប៉ុនមួយទេ គឺនៅមានបណ្តាប្រទេសផ្សេងទៀត ដូចជានៅកាណាដា សហគមន៍អឺរ៉ុប សហរដ្ឋអាម៉េរិក និងចិនជាដើម ប៉ុន្តែដោយសារវិបត្តិកូវីដ១៩ ទើបធ្វើឲ្យខកខាននូវគម្រោងទាំងនេះ។

លោកឧកញ៉ាបានថ្លែងដូច្នេះថា “គម្រោងយើងតាំងពីដើមឆ្នាំ២០២០យើងប្រុងបង្កើតនៅកាណាដា ដោយសារយើងត្រូវរៀបចំនីតិវិធីដើម្បីបោះឆ្នោតរើសតំណាងដោយសមាគមពាណិជ្ជករខ្មែរយើងនៅនឹងច្រើន ប៉ុន្តែដោយសារបញ្ហាកូវីដវាអាក់ខានអត់បានបង្កើតទៅ”។

លោកឧកញ៉ាបានឱ្យដឹងថា ប៉ុន្តែពេលថ្មីៗនេះ យើងបានប្រកាសតាមសារព័តមាន ជប៉ុនគាត់ដឹងឮ គាត់ចាប់អារម្មណ៍ដើម្បីរកតំណាងដាក់នៅប្រទេសគាត់ បានគាត់មកជួបសភាពាណិជ្ជកម្ម ក៏ដូចជាក្រសួងពាណិជ្ជកម្មដើម្បីដាក់តំណាងការិយាល័យសភាពាណិជ្ជកម្មនៅប្រទេសគាត់ ហើយការដាក់មិនមែនសម្រាប់ប្រទេសទេ គឺមាននៅតាមខេត្ត ឬតាមរដ្ឋដែលមានសក្តានុពលវិនិយោគច្រើនហើយនិងទៅសហគមន៍អឺរ៉ុប អាម៉េរិក។

លោកឧកញ៉ា បានឲ្យដឹងទៀតថា ក្នុងចំណោមប្រទេសគោលដៅធំៗខាងលើ ប្រទេសជប៉ុននឹងអាចជាប្រទេសដំបូងគេដែលកម្ពុជាបង្កើតតំណាងការិយាល័យ ដោយសារស្ថានទូតជប៉ុន និងធុរជនជប៉ុនបានស្នើសុំឱ្យសភាពាណិជ្ជកម្ម បើកការិយាល័យតំណាងនៅនៅទីនោះ។

លោកឧកញ៉ា បានថ្លែងបន្តថា ជប៉ុនប្រហែលជាអាចមុនគេព្រោះគាត់ទាក់ផ្ទាល់ ដល់ញ្ចឹងយើងកំពុងរៀបចំនីតិវិធីដើម្បីរៀបចំការបោះឆ្នោតដើម្បីរើសប្រធានការិយាល័យតំណាងឲ្យវាមានតម្លាភាព មានអាណិត្តញ្ចឹងទៅ។

លោកឧកញ៉ា បានបន្តថា ដោយសារកូវីដអូសបន្លាយក៏មានប្រជុំតាមអនឡាញខ្លះដែរ ដល់ញ្ចឹងប្រហែលជាចុងឆ្នាំនឹង ឬអាចដើមឆ្នាំក្រោយយើងអាចជំរុញឲ្យបាន ដែលជារឿងល្អដែលយើងមានតំណាងសម្រាប់ឲ្យមានទំនាក់ទំនងនៅបណ្តាប្រទេសគេនឹង។

លោកឧកញ៉ា បានឱ្យដឹងទៀតថា និយាយចំគ្រប់វិស័យទាំងអស់ដែលយើងត្រូវផ្សព្វផ្សាយ ប៉ុន្តែអ្វីដែលគាត់ចាប់អារម្មណ៍មកកម្ពុជាយើងខ្លាំង យើងឃើញថាការចុះទុនវិនិយោគឧស្សាហកម្មកែច្នៃច្រើន ជាពិសេសចាប់អារម្មណ៍លើផលិតផលកសិកម្មយើងផងជាពិសេសវិស័យកាត់ដេរ គ្រឿងអគ្គិសនី គ្រឿងបង្គុំ រថយន្ត យើងគិតថាវាជារឿងល្អ។

យោងតាមទិន្នន័យរបស់អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ជេត្រូ(Jetro) បានឲ្យដឹងថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២១នេះ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន សម្រេចបានក្នុងទំហំទឹកប្រាក់សរុបជាង ៦៣៣លានដុល្លារ កើនឡើងជិត ៨ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។ ក្នុងនោះ ការនាំចេញពីកម្ពុជាមានតម្លៃជាង ៤៨០លានដុល្លារ និងការនាំចូល ពីជប៉ុនមានចំនួនជាង ១៤៣លាន ដុល្លារ៕

កម្ពុជាទាក់ទាញទុនវិនិយោគជាង១៣ពាន់លានដុល្លារពីវិស័យឧស្សាហកម្មធុនធំក្នុងឆមាសទី១

ដោយៈ ប៊ី

ភ្នំពេញៈ កម្ពុជាទទួលបានក្រុមហ៊ុនវិនិយោគថ្មី លើវិស័យឧស្សាហកម្មធុនធំមានចំនួន៧៩ក្រុមហ៊ុន ដែលគិតជាទំហំទឹកប្រាក់មានជាង១៣ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៦ខែ ឆ្នាំ២០២១។ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់នៃក្រសួងឧស្សហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។

លោកហេង សុខគង់អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងឧស្សហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងនៅថ្ងៃទី៨ ខែកក្ដដា ឆ្នាំ២០២១ នេះថា នៅក្នុងស្ថានភាពនៃវិបត្តិជម្ងឺកូវីដ១៩នេះ ស្ថានភាពនៃការវិនិយោគលើផ្នែកឧស្សាហកម្ម បានថមថយខ្លះៗ ជាក់ស្តែងគិតត្រឹមចុងខែមិថុនា ដើមឆ្នាំ២០២១នេះ កម្ពុជាមានរោងចក្រធុនធំបានបិទទ្វារ មានចំនួនប្រមាណ១៣៥ក្រុមហ៊ុន ចំពោះកត្តាសំខាន់ ដែលបណ្តាលឲ្យមានការបិទទ្វារនេះ មកពីការរីករាលដាលនៃជម្ងឺកូវីដ-១៩។

លោកបានថ្លែងបន្តថា ទោះបីនៅក្នុងស្ថានភាពនេះ មានការបិទរោងចក្រច្រើន តែនៅក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២១នេះ ចំពោះការចុះបញ្ជីនៅក្រសួងឧស្សហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ គឺក្រសួងទទួលបានការចុះបញ្ជីលើរោងចក្រឧស្សាហកម្មធុនធំមានចំនួន៧៩ក្រុមហ៊ុន គិតជាទំហំទឹកប្រាក់មានចំនួនប្រមាណជាង១៣ពាន់លានដុល្លារអាមេរិក បើធៀបនឹងឆ្នាំ២០២០។

លោកបានថ្លែងទៀត វិស័យនេះគឺមានកំណើនកើនឡើង ក្នុងនោះការវិនិយោគបានផ្តោតសំខាន់ទៅលើរោងចក្រកែច្នៃម្ហូបអាហារ និងរោងចក្រផលិតសម្ភារៈផ្នែកវិជ្ជសាស្រ្តជាដើមរួមមាន៖ រោងចក្រផលិតម៉ាស់, អាលកុល, ខោអាវពេទ្យ និងសម្ភារៈវិជ្ជសាស្រ្តមួយចំនួនទៀតងងដែរ។

ទាក់ទងនឹងវិស័យSME លោកហេង សុខគង់ បានថ្លែងឲ្យដឹងថា នៅក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២១នេះដែរ សហគ្រាសធុនតូច និងមធ្យម ដែលបានចុះបញ្ជីនៅក្រសួង គឺឈរនៅទ្រឹងមិនមានការប្រែប្រួលអ្វីខ្លាំងនោះឡើយ ព្រោះអ្នកវិនិយោគលើវិស័យទាំងនេះ អាចនឹងរង់ចាំឱកាសវិនិយោគបន្ត តែទោះបីយ៉ាងណា ក្រសួងក៏កំពុងសិក្សា ពិនិត្យមើលអំពីលទ្ធភាពនៃការវិនិយោគ នៅក្នុងស្ថានភាពនៃការរីករាលដាលជម្ងឺកូវីដ-១៩ នេះ ។

លោកឧកញ៉ាតែ តាំងប៉សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ថ្លែងថា បន្ទាប់ពីរាជរដ្ឋាភិបាលជម្រុញការចុះបញ្ជីតាមប្រព័ន្ធបច្ចេកវិទ្យាថ្នាលតែមួយ សហគ្រាសធុនតូច និងមធ្យម នៅក្រោមការគ្រប់គ្រងរបស់សាម៉ីក្រសួង គឺមានម្ចាស់សហគ្រាសមួយចំនួន បានទៅចុះបញ្ជីនៅតាមប្រព័ន្ធបច្ចេកវិទ្យានោះ តែទោះយ៉ាងណាចំនួននៃការចុះបញ្ជីនេះ នឹងអាចថមថយ បើធៀបទៅឆ្នាំ២០២០។

លោកឧកញ៉ាបានឱ្យដឹងទៀតថា សម្រាប់បញ្ហានេះ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានកំពុងជជែកពិភាក្សា ជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីលើកទឹកចិត្តលើផ្នែកពន្ធដាមួយចំនួន ចំពោះសហគ្រាមីក្រូ តូច និងមធ្យម ដើម្បីធ្វើយ៉ាងណាជម្រុញខ្សែសង្វាក់ផលិតរបស់ពួកគេ ឲ្យបានដំណើរបានដោយរលូន។

ក្នុងរយៈពេល៦ ខែឆ្នាំ២០២១ នេះដែរ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជូនក្រុមហ៊ុនវិនិយោគចំនួន ៦៩ គម្រោង មានទឹកប្រាក់វិនិយោគសរុបចំនួនជិត ២,៤ ពាន់លានដុល្លារអាមេរិក ក្នុងនោះគម្រោងលេចធ្លោជាងគេ គឺគម្រោងវិនិយោគរោងចក្រថាមពលអគ្គិសនីដើរដោយធ្យូងថ្ម មានទុនវិនិយោគប្រមាណជាង ១,២ ពាន់លានដុល្លារអាមេរិក និងគម្រោងវិនិយោគផលិតក្រដាសមានទុនវិនិយោគ ៥០៤ លានដុល្លារអាមេរិកផងដែរ ។ ចំណែកផ្នែកកម្មន្តសាល ដែលបានស្នើរសុំចុះបញ្ជី តាមប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានរបស់រាជរដ្ឋាភិបាល គឺមានចំនួនជាង ៨%, ដោយមានទុនវិនិយោគជិត ១៤% បើធៀបទៅនឹងការវិនិយោគទៅលើវិស័យផ្សេងៗ៕

កម្ពុជាទទួលបានលំហូរទុនវិនិយោគដោយផ្ទាល់ពីបរទេសប្រមាណ៨២៥លានដុល្លារនៅដើមឆ្នាំនេះ

ដោយៈ មា៉ណេត

ភ្នំពេញៈ កម្ពុជាទទួលបានការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) មានតម្លៃ៨២៥លានដុល្លារ ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២១ ធ្លាក់ចុះ៥៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ និងគម្រោងនេះរំពឹងថានឹងបង្កើតការងារក្នុងស្រុកចំនួន៣០,០០០។ នេះបើតយោងរបាយការណ៍តាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ការធ្លាក់ចុះដ៏ខ្លាំងនេះ គឺដោយសារជំងឺរាតត្បាតសកល ប៉ុន្តែអ្នកជំនាញរំពឹងថាលំហូរ FDI នឹងមានការងើបឡើងវិញ នៅពេលអត្រាចាក់វ៉ាក់សាំងកើនឡើង ហើយច្បាប់វិនិយោគថ្មីត្រូវបានព្រាង ហើយមានសុទិដ្ឋិនិយមអំពីកំណើនលំហូរវិនិយោគ ផ្អែកលើភាពខ្លាំងនៃច្បាប់វិនិយោគថ្មី។

ច្បាប់អាចជម្រុញកំណើនសេដ្ឋកិច្ច សង្វាក់ផលិតកម្មរបស់សហគ្រាសធុនតូចនិងមធ្យម និងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសកាន់តែច្រើន។

សេចក្តីព្រាងច្បាប់ថ្មីនេះគឺស្ថិតនៅលើរបៀបវារៈនៃសម័យប្រជុំពេញអង្គនៃទីស្តីការគណៈរដ្ឋមន្រ្តី ដែលគ្រោងធ្វើនៅថ្ងៃសុក្រខាងមុខ។ ច្បាប់វិនិយោគបច្ចុប្បន្នត្រូវបានអនុម័ត និងផ្តល់សច្ចាប័នកាលឆ្នាំ១៩៩៤។

ច្បាប់ ដែលត្រូវបានធ្វើបច្ចុប្បន្នភាព ត្រូវបានកំណត់ពេលវេលា ដើម្បីភ្ជាប់ជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាមួយចិន និងកូរ៉េខាងត្បូង ដើម្បីឈានដល់ការផ្តល់សច្ចាប័ន និងការចុះហត្ថលេខាជាផ្លូវការក៏ដូចជាការពន្លឿនល្បឿននៃការចរចាពាណិជ្ជកម្ម ជាមួយឥណ្ឌាជប៉ុន និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី។ វាក៏អាចជំរុញសន្ទុះឆ្ពោះទៅរកការផ្តល់សច្ចាប័នដល់ប្រទេសជាច្រើននៃកិច្ចព្រមព្រៀងRCEP៕

ផ្លូវជាតិលេខ១និងលខ៦កំពុងទាក់ទាញវិនិយោគិនក្នុងការអភិវឌ្ឍលំនៅឋាន

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ ការអភិវឌ្ឍអចលនទ្រព្យ នៅជុំវិញរាជធានីភ្នំពេញ ត្រូវបានមើលឃើញថា កំពុងមានភាពទាក់ទាញខុសៗគ្នាទៅតាមតំបន់ ជាក់ស្ដែងតំបន់ប៉ែកខាងកើតរាជធានីភ្នំពេញ សំដៅដល់ផ្លូវជាតិលេខ១ និងផ្លូវជាតិលេខ៦ កំពុងបង្ហាញពីសក្ដានុពលក្នុងការទាក់ទាញ វិនិយោគិនទៅលើការអភិវឌ្ឍលំនៅឋាន ។

បើតាមការមើលឃើញជាក់ស្ដែងផ្លូវជាតិល១ និងលេខ៦ យើងឃើញថា ទទួលបានគម្រោងវិនិយោគលំនៅឋានជាបន្តបន្ទាប់ ហើយវាកាន់តែមានភាពទាក់ទាញបន្ថែមទៀត នៅពេលដែលស្ពានតភ្ជាប់ពីកោះពេជ្រ ទៅកោះនរាហ៍ចាប់ផ្ដើមសាងសង់ជាផ្លូវការ ។ តាមរយៈស្ពាននេះ នឹងជំរុញឱ្យផ្លូវជាតិលេខ១ដែលមាន ដូចជាតំបន់ច្បារអំពៅ កាន់តែខិតជិតមករាជធានីភ្នំពេញ ។

លោកប៉ូ អ៊ាវគង់ នាយកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ Advance បានឱ្យដឹងថា សក្ដានុពលវិនិយោគនៅជុំវិញរាជធានីភ្នំពេញ មានភាពខុសគ្នាបន្តិចបន្តួច និងបានបែកចែកផ្សេងគ្នា ហើយផ្លូវជាតិលេខ១ ត្រូវបានមើលឃើញថា កំពុងតែមានការអភិវឌ្ឍទៅលើលំនៅឋាន ជាពិសេសលំនៅឋានដែលមានតម្លៃខ្ពស់ ហើយក៏កំពុងមានសក្ដានុពលក្នុងការទាក់វិនិយោគិនបន្ថែមទៀតផងដែរ។

ចំណែកផ្លូវជាតិលេខ៦វិញ ក៏ដូចដែរគ្នាក៏ឃើញថា វិនិយោគិនបាននិងបន្តដាក់ទុនវិនិយោគជាបន្តបន្ទាប់នៅក្នុងតំបន់នេះ ។

លោកបន្តថា ផ្លូវជាតិនៅជុំវិញរាជធានីភ្នំពេញ គេឃើញថាបានសាងសង់និងស្ថាបនាថ្មីៗជាបន្តបន្ទាប់ ដែលជាការសម្រួលមួយដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ និងសម្រួលដល់វិនិយោគិន ក្នុងការបណ្ដាក់ទុនទៅតាមវិស័យនានាផងដែរ ។

ប្រធានសមាគមអចលនទ្រព្យសកល លោកសំ សុខនឿន បានឱ្យដឹងផងដែរថា ទីផ្សារលំនៅឋាននៅក្នុងវិបត្តិកូវីដ១៩នេះ ពិតជាមានផលប៉ះពាល់តែការវិនិយោគនៅតែបន្តជាពិសេសនៅតំបន់ជាយៗរាជធានី។ លំនៅឋានដែលមានតម្លៃក្រោម៥ម៉ឺនដុល្លារមិនសូវជាប៉ះពាល់ប៉ុន្មានទេ ហើយលំនៅឋានដែលមានតម្លៃខ្ពស់ ចាប់ពី២០ម៉ឺនដុល្លារអាមេរិកឡើងទៅ ក៏មិនសូវប៉ះពាល់ដែរនៅក្នុងបរិបទកូវីដ១៩នេះ។

លោកបន្តថា ប៉ុន្តែសម្រាប់លំនៅឋានដែលមានតម្លៃ ចន្លោះពី៥ម៉ឺនទៅ១០ម៉ឹនដុល្លារមានផលប៉ះពាល់ខ្លាំង ពីព្រោះអ្នកទិញលំនៅឋាននូវតម្លៃទាំងនេះ ភាគច្រើនជាអាជីវករ ដែលបើកអាជីវកម្មនៅតាមផ្ទះ ហើយនៅពេលមានវិបត្តិកូវីដ១៩ អាជីវកម្មទាំងនោះគឺមានផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ៕

មហាយក្សចិនចេញបំរាមលែងឱ្យសាងសង់អគារកប់ពពកខ្ពស់ជាង៥០០ម៉ែត្រដោយសារព្រួយបារម្ភអំពី

ដោយ សុខុម

ប៉េកាំង: ប្រទេសចិន ដែលមានស្ទើរតែពាក់កណ្តាល នៃអគារខ្ពស់បំផុតទាំង១០០ក្នុងពិភពលោក បានចេញបំរាមលែងឱ្យសាងសង់អគារ ដែលខ្ពស់ជាង៥០០ម៉ែត្រតទៅទៀតហើយ។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃទី៧ កក្កដា។

ការចេញបម្រាមដ៏គួរឱ្យភ្ញាក់ផ្អើលនេះធ្វើឡើង ស្របពេលមានការព្រួយបារម្ភអំពីសុវត្ថិភាពរបស់អគារ និងការផ្គត់ផ្គង់អគារការិយាល័យច្រើនលើសលប់ខ្លាំងពេក បើធៀបនឹងតម្រូវការជាក់ស្ដែងក្នុងទីផ្សារ។

អគារថ្មីៗដែលខ្ពស់លើសពី៥០០ម៉ែត្រ នឹងមិនត្រូវបានអនុញ្ញាតឱ្យសាងសង់ទៀតឡើយ ខណៈអគារដែលខ្ពស់លើសពី២៥០ម៉ែត្រត្រូវបានរឹងបន្តឹង ហើយអគារដែលខ្ពស់លើសពី១០០ម៉ែត្រ ត្រូវតែមានលក្ខណៈស័ក្ដិសមទៅនឹងទំហំ និងសមត្ថភាពស ង្គ្រោះ ពេលមានអគ្គិភ័យកើតឡើងនៅទីតាំងរបស់ខ្លួន។ នេះបើយោងតាមសារាចរណ៍ណែនាំមួយ ចេញដោយគណៈកម្មការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ (NDRC) ដែលជាស្ថាប័នធ្វើផែនការកំពូលរបស់ប្រទេសនេះ។

តាមការសង្កេតឃើញថា ការចេញសារាចរណ៍ណែនាំនេះ កើតមានឡើង២ក្រោយពីអគារ SEG Plaza កម្ពស់៧២ជាន់នៅក្រុងស៊ឹនជិន (Shenzhen) ប្រទេសនេះនៅសុខៗ ស្រាប់តែរញ្ជួយយ៉ាងចម្លែកដោយគ្មានការបកស្រាយត្រឹមត្រូវ។

វិស័យសំណង់ក្នុងប្រទេសចិន មានសន្ទុះរីកចម្រើនយ៉ាងឆាប់រហ័ស ដោយ៥ក្នុងចំណោមអគារខ្ពស់បំផុតទាំង១០របស់ពិភពលោក សុទ្ធតែស្ថិតនៅក្នុងប្រទេសនេះ និងសុទ្ធតែសាងសង់បញ្ចប់ជាស្ថាពរ ក្នុងរយៈពេល៦ឆ្នាំចុងក្រោយនេះ។

ទោះជាយ៉ាងណា ការកំណត់កម្ពស់អគារ ដែលទទួលបានការអនុញ្ញាតឱ្យសាងសង់នេះ ប្រហែលជាមិនជះផលប៉ះពាល់ខ្លាំង មកលើទីផ្សារអចលនទ្រព្យប្រភេទអាជីវកម្មឡើយ ព្រោះអគារដែលពេញនិយមភាគច្រើន មានកម្ពស់ចន្លោះពី១៨០ម៉ែត្រទៅ២០០ម៉ែត្រ។ នេះបើលោក Martin Wong នាយកផ្នែកស្រាវជ្រាវនៃក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Knight Frank។

អ្នកជំនាញរូបនេះគូសបញ្ជាក់ថា “ក្រុមហ៊ុននានាស្វែងរកទីតាំងល្អ គុណភាព និងថាតើអគាររបស់ពួកគេសន្សំសំចៃអគ្គិសនី និងមាននិរន្តរភាពដែរឬទេ គឺមិនមែនផ្ដោតតែទៅលើកម្ពស់ឡើយ”។ លោកបានបន្ថែមថា “បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍នៅចិនដីគោក បានចាប់ផ្តើមផ្លាស់ប្តូរយុទ្ធសាស្ត្រ និងផ្នត់គំនិតរបស់ខ្លួន ដើម្បីនិរន្តរភាពតាំងពីប្រហែល៥ឆ្នាំមុនម៉្លេះ”។

ក្រុងប៉េកាំង ក្រុងសៀងហៃ ក្រុងគ័វចូវ (Guangzhou) និងក្រុងស៊ឹនជិន ដែលសុទ្ធតែមានអគារខ្ពស់បំផុតម្នាក់មួយ ក្នុងចំណោមអគារខ្ពស់បំផុតទាំង១០របស់ពិភពលោកក៏មានទីធ្លា (Space) ទំនេរសម្រាប់ដាក់ជួលខ្ពស់បំផុត នៅក្នុងប្រទេសចិនផងដែរ​។ ផ្ទៃសរុបនៃធ្លាអគារទំនេរ សម្រាប់ដាក់ជួលក្នុងទីក្រុងទាំងនេះ មានចំនួនច្រើនលើសលប់រហូតដល់ទៅ៧,៩លានម៉ែត្រការ៉េ ក្នុងត្រីមាសទី២ ឆ្នាំ២០២១នេះ ដែលស្មើនឹងផ្ទៃអគារមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ International Commerce Centre (ICC) ដែលជាអគារខ្ពស់បំផុតនៅហុងកុងដល់ទៅ២៩ដង៕

CMC Real Estate នៅតែមានសុទិដ្ឋិនិយមលើទីផ្សារអចលនទ្រព្យ ខណៈវិស័យនេះនៅតែមានសក្តានុពល

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ស្ថិតនៅក្នុងវិបត្តិនៃកូវីដ១៩ វិស័យជាច្រើននៅក្នុងប្រទេសកម្ពុជារួម និងពិភពលោកផងដែរនោះ ពិតជាជួបប្រទះនឹងបញ្ហាប្រឈមដូចគ្នា ក៏ប៉ុន្តែវិស័យមួយចំនួននៅតែមើលឃើញពីកាសនៃការវិនិយោគ តួយ៉ាងវិស័យអចលនទ្រព្យកម្ពុជា ក៏ត្រូវបានមើលឃើញថា នៅតែមានឱកាសវិនិយោគ ដែលធ្វើឱ្យក្រុមហ៊ុនអចលនទ្រព្យថ្មីៗបានប ង្កើ​តឡើងក្នុងបរិបទនៃកូវីដ១៩ ។

អ្នកនាង គ្រុយ ស្រីខួច អគ្គនាយិកាក្រុមហ៊ុន CMC Real Estate បានមានប្រសាស​ន៍ឱ្យដឹងនាព្រឹកថ្ងៃទី៧ កក្កាកន្លងមកថា វិស័យអចលនទ្រព្យនៅកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ មានការរីកដុះដាលជាបន្តបន្ទាប់ ហើយមកដល់ពេលវិបត្តិនៃជំងឺកូវីដ១៩នេះដែរ ក៏ឱកាសនៃការវិនិយោគលើវិស័យអចលនទ្រព្យនៅតែមាន សម្រាប់វិនិយោ​គិន ដូច្នេះវាក៏ជាឱកាសរកប្រាក់ចំណេញ សម្រាប់ក្រុមហ៊ុនអចលនទ្រព្យ ដែលសំដៅលើក្រុមហ៊ុនភ្នាក់ងារ។

អ្នកនាងបន្តថា “យើងមិនអាចប្រកែកបានទេ ពីការជួបផលពិបាកនិងបញ្ហារបស់ក្រុមហ៊ុនអចលនទ្រព្យ ដោយមានក្រុមហ៊ុនខ្លះក្ស័យធន និងខ្លះទៀតផ្អាកដំណើរការដោយសារតែហេតុផលផ្សេងទៀត”។ អ្នកនាងបន្តថា “ការបង្កើតក្រុមហ៊ុនអចលនទ្រព្យរបស់អ្នកនាង គឺ CMC Real Estate នឹងចូលរួមដើម្បីបំពេញភាពខ្វះខាត និងចន្លោះប្រហោងរបស់ក្រុមហ៊ុនអចលនទ្រព្យផ្សេងទៀត ដើម្បីឈានទៅរកការអភិវឌ្ឍវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា”។

អ្នកនាងបន្តទៀតថា នៅក្នុងប្រតិបត្តិការបើកក្រុមហ៊ុនថ្មី នៅក្នុងប្រទេសកម្ពុជាវាពិតជាពិបាកក្នុងការចាប់យកចំណែកទីផ្សារ ប៉ុន្តែដោយសារតែយើងមានក្រុមអ្នកជំនាញនិងមានវិជ្ជាជីវៈច្បាស់លាស់ ជាមួយនឹងការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការផ្ដល់ជូនសេវាជូនអតិថិជន ប្រកបដោយគុណភាព យើងជឿជាក់ថា យើងនឹងទទួលបានទំនុកចិត្តពីអតិថិជន ។

អ្នកនាងគ្រុយ ស្រីខួចបានបន្តថា “យើងបង្កើតមកមិនមែន ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនអចលនទ្រព្យណាមួយ នៅក្នុងប្រទេសកម្ពុជាឬក្រុមហ៊ុនអន្តរជាតិណាឡើយ តែយើងនឹងព្យាយាមសហការ ជាមួយក្រុមហ៊ុនអចលនទ្រព្យដទៃទៀត ដើម្បីឈានទៅរកជោគជ័យ”។

បើតាមអ្នកជំនាញអចលនទ្រព្យជើងចាស់មួយរូបលោកឧកញ៉ា ចេង ខេង កន្លងមកបានលើកឡើងថា ថ្វីត្បិតតែភ្នាក់ងារអចលនទ្រព្យ មានកំណើននៅរយៈពេលប៉ុន្មានឆ្នាំនេះក្ដី ប៉ុន្តែតម្រូវការអ្នកជំនាញ និងភ្នាក់ងារដែលមានជំនាញ និងវិជ្ជាជីវៈនៅក្នុងវិស័យអចលនទ្រព្យនៅតែមានខ្ពស់ ហើយនៅពេលខាងមុខនេះ នៅពេលចប់កូវីដ១៩ វិនិយោ​គិនអន្តរជាតិនឹងមកកាន់កម្ពុជា ដើម្បីស្វែងរកការវិនិយោគ ក្នុងវិស័យអចលនទ្រព្យកាន់តែច្រើនធ្វើឱ្យអ្នកជំនាញ និងភ្នាក់ងារអចលនទ្រព្យក៏កាន់តែច្រើនដែរ។

លោកបន្តថា “បើប្រៀបធៀបនឹងប្រទេសជិត ក្រុមហ៊ុននិងភ្នាក់ងារអចលនទ្រព្យកម្ពុជានៅមានចំនួនតិចតួចនៅឡើយ ដែលទាមទារឲ្យមានការបង្កើតថ្មីៗបន្ថែមទៀត៕

ប្រធាន GRA អះអាងថា អ្នកវិនិយោគចិនជាច្រើនបានវិលមកកាន់កម្ពុជាវិញបណ្តើរហើយ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ប្រធានសមាគមអចលlនទ្រព្យសកល (GRA) លោកសំ សុខនឿនបានអះអាងថា នៅពេលនេះអ្នកវិនិយោគចិនកាន់តែច្រើន បានត្រលប់មកកាន់កម្ពុជាវិញហើយ ខណៈពួកគេបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដរួច។

លោកបានមានប្រសាសន៍ឲ្យដឹងនាល្ងាចថ្ងៃទី៧ កក្កដាកន្លងមកថា លោកបានជួបជាមួយអ្នកវិនិយោគចិនថ្មីៗជាច្រើន ដែលពួកគេបានស្វែងរកសេវាកម្មដីធ្លី និងសេវាកម្មទិញលក់ជួលជាច្រើនទៀត។ លោកបន្តថា អ្នកវិនិយោគចិនកាន់តែច្រើនបានមកដល់ខេត្តព្រះសីហនុវិញហើយ ដែលនេះជាសញ្ញាល្អសំរាប់ទីផ្សារអចលនទ្រព្យកម្ពុជា អាចងើបឡើងវិញយ៉ាងឆាប់រហ័ស។

លោកបន្តថា “មានអ្នកវិនិយោគចិនជាច្រើន បានទាក់ទងការងារជាមួយសមាគម និងក្រុមហ៊ុនរបស់ខ្ញុំជាច្រើន ក្នុងមួយរយៈចុងក្រោយនេះ ដោយសាររដ្ឋាភិបាលចិនបាន​ចាក់វ៉ាក់សាំង ជូនពលរដ្ឋរបស់ខ្លូនស្ទើរ១០០ភាគរយហើយ”។

លោកបន្តថា “ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ លោកបានខិតខំដើម្បីចាក់វ៉ាក់សាំងជូនពលរដ្ឋ ឲ្យបាន១០លាននាក់នៅឆ្នាំខាងមុខ ស្របពេលកម្ពុជានឹងទទួលបានវ៉ាក់សាំង គ្រប់២០លានដូស នៅខែសីហាខាងមុខនេះ”។

លោកសំ សុខនឿនបានបន្តថា បច្ចុប្បន្នទំនុកចិត្តក្និងទីផ្សារអចលនទ្រព្យ បានងើបឡើងវិញបណ្តើរៗហើយ ខណៈពេលស្ថានភាពសេដ្ឋកិច្ចសកល និងសេដ្ឋកិច្ចកម្ពុជាអាច​ងើបឡើងវិញល្អប្រសើរនៅឆ្នាំនេះ បើទោះបីជារងការរំខានពីជំងឺកូវីដ១៩ក្តី ប៉ុន្តែយើងឃើញហើយថា ការនាំចេញរបស់កម្ពុជានៅតែកើនឡើងក្នុងឆមាសទី១ឆ្នាំនេះ។

ទំនាក់ទំនងរ៉ឹងមាំដូចដែកថែបរវាងរដ្ឋាភិបាលចិន និងកម្ពុជា នឹងក្លាយជាស្ពានមូយដ៏សំខាន់ក្នុងការទាក់ទាញការវិនិយោគពីប្រទេសចិន ពិសេសក្រោយពេលកម្ពុជា ចិនបា​នអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរួច នឹងធ្វើឲ្យទំហំនៃការនាំចេញពីកម្ពុជាទៅកាន់ប្រទេសចិនកើនឡើងខ្ពស់ ស្របពេលអ្នកវិនិយោគចិន និងបណ្តាប្រទេសជាច្រើនទៀត នឹងជ្រើសរើសកម្ពុជាជាមូលដ្ឋានផលិត ដើម្បីនាំចេញទៅកាន់ប្រទេសចិនដោយរួចពន្ឋ៕

អ្នកជំនាញៈបើមិនច្បាស់លាស់ ម៉ត់ចត់ កុំធ្វើជាភ្នាក់ងារអចលនទ្រព្យ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ការក្លាយខ្លួនជាភ្នាក់ងារអចលនទ្រព្យ មិនមែនជារឿងពិបាកឡើយ តែការទទួលបានផលប្រយោជន៍ និងជោគជ័យក្នុងអាជីពនេះ មិនមែនជារឿងងាយៗឡើយ ហេតុនេះទើបអ្នកជំនាញព្រមានថា “បើមិនច្បាស់លាស់ មិនម៉ត់ចត់ កុំធ្វើជាភ្នាក់ងារអីនាំតែខាតពេល។

ទីប្រឹក្សាសមាគមអចលនទ្រព្យសកល លោកយិន លាងគង់បានមានប្រសាសន៍ឲ្យ​ដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី៧ កក្កដាកន្លងមកថា ភាពជាភ្នាក់ងារអចលនទ្រព្យ ពិតជាមានភាពស័ក្តិសមសម្រាប់អ្នកមានជំនាញ ចំណេះដឹងទូលំទូលាយ ពិសេសមានភាពម៉ត់ចត់ និងច្បាស់លាស់ក្នុងការងារ ព្រោះបើយើងធ្វើការដោយគ្មានចំណុចនេះទេ អ្នកនឹងពិបាកកសាងទំនុកចិត្តណាស់។

លោកបន្តថា “ក្នុងវិស័យនេះទំនុកចិត្តមានសារៈសំខាន់ណាស់ ប៉ុន្តែក្នុងវិស័យនេះក៏មានការបោកប្រាស់គ្នាដ៏អាក្រក់ផងដែរ ព្រោះតែផលប្រយោជន៍ ហេតុនេះអ្នកប្រឡូកក្នុងវិស័យនេះ ត្រូវតែប្រើប្រាស់លិខិតស្នាមជាចាំបាច់ ក្នុងការធ្វើជាតំណាងភ្នាក់ងារលក់អចលនទ្រព្យណាមួយ ឬទិញអចលនទ្រព្យឲ្យអ្នកណាម្នាក់ ដើម្បីទទួលបានកម្រៃជើងសារ”។

លោកបន្តថា “វិធីសាស្រ្តនៃការបោះសន្ទូចរំលងភ្នំ ជាវិធីសាស្រ្តដែលមានប្រើប្រា​ស់ច្រើនជាងគេក្នុងវិស័យនេះ ដែលភ្នាក់ងារអចលនទ្រព្យមួយចំនួន បានបោះបង់អាជីពនេះ ព្រោះហត់នឿយ ឬនឿយណាយ”។

លោកយិន លាងគង់បានបន្តថា យ៉ាងណាក៏មានម្ចាស់អចលនទ្រព្យល្អ ឬអ្នកលក់ល្អផងដែរ ប៉ុន្តែការមិនមានភាពច្បាស់លាស់ក្នុងការងារ នឹងធ្វើឲ្យអ្នកបរាជ័យច្រើនជាង ជោគជ័យ ហេតុនេះការភពប្រសព្វនឹងភាពជោគជ័យ មិនមែនជរឿងងាយស្រួល ប៉ុន្តែក៏មិនពិបាករហូតដល់អ្នកធ្វើមិនបាននោះដែរ”៕

មហាយក្សចិននៅតែជាប្រភពវិនិយោគធំជាងគេបំផុតនៅកម្ពុជាជាមួយការបោះទុនជាង២ពាន់លានដុល្លារក្នុងឆមាសទី១

ដោយៈ ប៊ី

ភ្នំពេញៈ អ្នកវិនិយោគចិនបានឈរនៅលំដាប់លេខរៀងទី១ ដែលជាប្រទេសបោះទុនវិនិយោគច្រើនជាងគេនៅកម្ពុជា ហើយទឹកប្រាក់ដែលចិនបានវិនិយោគនៅកម្ពុជាមានប្រមាណ២ពាន់លានដុល្លារក្នុងឆមាសទី១ ឆ្នាំ២០២១នេះ។ នេះបើតាមរបាយការណ៍ ស្តីពីសកម្មភាពវិនិយោគនៅកម្ពុជា ឆមាសទី១ ឆ្នាំ២០២១ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។

របាយការណ៍បានបញ្ជាក់ថា តួលេខវិនិយោគមកពីប្រទេសចិន បានឈរនៅលំដា​ប់លេខរៀងទី១ ដោយចូលរួមចំណែកប្រមាណ៦៩% នៃការវិនិយោគសរុបក្នុងឆមាសទី១ ឆ្នាំ២០២១ ខណៈដែលការវិនិយោគក្នុងស្រុក បានឈរនៅលំដាប់លេខរៀងទី២ ដោ​យចូលរួមចំណែកប្រមាណ ២១%នៃការវិនិយោគសរុប។

សម្រាប់ប្រទេសឈរលេខ៣ គឺប្រទេស Cayman Islands ចំនួន៣.៣៦ភាគរយ(ប្រមាណ៩៩លានដុល្លារ) នៃការវិនិយោគសរុប លេខ៤ប្រទេស Ritisgh Virgin Islands ចំនួន២.៣៧ភាគរយ (ប្រមាណ៧០លានដុល្លារ) នៃការវិនិយោគសរុប ប្រ​ទេសថៃ ឈរលេខរៀងទី៥ ចំនួន១.៧៧ភាគរយ (ប្រមាណ៥២លានដុល្លារ) នៃការវិនិ​យោគសរុប ប្រទេសសិង្ហបុរី ឈរលេខរៀងទី៦ចំនួន០.៦៨ភាគរយ (ប្រមាណ២០លានដុល្លារ) នៃការវិនិយោគសរុប​ ប្រទេសកូរ៉េខាងត្បូង ឈរលេខរៀងទី៧ ចំនួន០.៦៧ភាគ​រយ (ប្រមាណ១៩លានដុល្លារ) នៃការវិនិយោគសរុប។

ប្រទេសម៉ាឡេស៊ី ឈរលេខរៀងទី៨ ដែលវិនិយោគមកកាន់កម្ពុជាចំនួន០.៥៦% (ប្រមាណ១៦លានដុល្លារ) នៃការវិនិយោគសរុប សហរដ្ឋអាមេរិកឈរលេខរៀងទី៩ ចំនួន០.៣២% (ប្រមាណ៩លានដុល្លារ) នៃការវិនិយោគសរុប និងប្រទេសសាម័រ ឈរលេខរៀងទី១០ ចំនួន០.១៣% (ប្រមាណ៣លានដុល្លារ) នៃការវិនិយោគសរុប។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឱ្យដឹងថា ការវិនិយោគរបស់ចិន មានច្រើនណាស់នៅអាស៊ីនិងពិភពលោក ហើយបើនិយាយពីការវិនិយោគអចលនទ្រព្យវិញ ការវិនិយោគជនជាតិចិន ចូលចិត្តកសាងបណ្ដុំសហគមន៍របស់គេ។

លោកបានថ្លែងបន្តថា “នៅក្នុងប្រទេសកម្ពុជា តំបន់ពីរដែលជនជាតិបានចាប់ផ្ដើមកសាងសហគមន៍របស់គេ គឺនៅក្នុងខេត្តព្រះសីហនុ និងនៅរាជធានីភ្នំពេញ រួមទាំងផ្នែកខ្លះនៃខេត្តកោះកុង (តារាសាគរ)”។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា ដែលចេញផ្សា​យកាលពីថ្មីៗនេះបានឱ្យដឹងថា “រដ្ឋមន្ត្រីការបរទេសប្រទេសទាំងពីរ បានឯកភាពពន្លឿននីតិវិធីផ្ទៃក្នុង សម្រាប់ការផ្តល់សច្ចាប័ន លើកិច្ចព្រមពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដើម្បីជំរុញពាណិជ្ជកម្ម វិនិយោគ ក៏ដូចជាទេសចរណ៍រវាងប្រទេសទាំងពីរ”។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់មានប្រសាសន៍ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន នេះ នឹងដើរតួជាកត្តាដ៏សំខាន់ក្នុងការជួយធ្វើ ឱ្យកម្ពុជា ក្លាយជាគោលដៅសម្រាប់ក្រុមហ៊ុនអាមេរិក ដែលកំពុងរកទីតាំងថ្មីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ចំណែក អ្នកជំនាញសេដ្ឋកិច្ចនៅកម្ពុជាវិញ ក៏បានមើលឃើញដូចគ្នានេះដែរ តែបានបន្ថែមថា មិនមែនតែសម្រាប់វិនិយោគិនអាមេរិកទេ ពោលគឺកម្ពុជាអាចនឹងទាក់ទាញវិនិយោគ ដែលមានសក្តានុពលពីប្រទេសផ្សេងៗទៀត ដូចយ៉ាង ជប៉ុន និងកូរ៉េខាងត្បូងជាដើមតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិននេះ៕

គិតត្រឹមឆមាសទី១ ឆ្នាំ២០២១ កម្ពុជាបានអនុម័តគម្រោងវិនិយោគថ្មីៗ និងគម្រោ​ងពង្រីកផលិតកម្ម ចំនួន៨៧គម្រោង ដែលមានទុនវិនិយោគ សរុបចំនួន២ ៩៦៩ ៦២៩ ៣៣៨ ដុល្លារអាមេរិក ដែលអាចបង្កើតការងារបានចំនួន៥០ ០២៩កន្លែង៕