អ្នកវិនិយោគ​នៅតែ​បន្ត​ស្វែងរក​អចលនទ្រព្យ​នៅ​ខេត្តកំពត-កែប ទោះ​វិបត្តិកើតឡើង​យ៉ាងណាក្ដី

ដោយៈ សហការី

កំពត/កែបៈ ក្នុងស្ថានភាព​នៃ​ការរីក​រាលដាល ក្នុង​សហគមន៍​នៃ​ជំងឺ​កូ​វីដ១៩ នៅក្នុង​ប្រទេស​កម្ពុជា​ច្រើន​យ៉ាងណាក៏ដោយ ក៏មាន​អ្នក​ស្វែង​នៅតែ​បន្ត​រក​ទិញ​ដី​នៅក្នុង​ខេត្តកំពត និង​កែប​យ៉ាងសកម្ម​នៅឡើយ។

លោក​លឹម រដ្ឋា​ ភ្នាក់ងារ​អចលនទ្រព្យ​មួយរូប​ប្រចាំ​ខេត្តកំពត និង​កែប​បាន​ថ្លែងប្រាប់​នៅ​ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ​ថា ទោះបី​ជាមាន​ឆ្លង​រាលដាល​ក្នុង​សហគមន៍​ក្ដី តែ​ភ្ញៀវ​ដែល​ស្វែងរក​ដីធ្លី នៅក្នុង​ខេត្តកំពត​នៅតែមាន ហើយ​រូបលោក​ក៏​នៅតែ​បន្ត​ជូន​ភ្ញៀវ​ដើរ​មើល​ដីធ្លី បើសិនជា​ត្រូវ​គ្នា​ទៅលើ​ទីតាំង និង​តម្លៃ​គឺ​នឹងមាន​ការទិញ​លក់ភ្លាមៗ ហើយ​សកម្ម​នេះ នៅតែ​បន្ត​មាន​ជា​រៀងរាល់ថ្ងៃ។

លោក​បន្តថា “នេះ​គឺជា​ឱកាស​សម្រាប់​អ្នក​ដែល​ចេះ​ឆក់​ឱកាស ក្នុង​ការទិញ​ដី​នៅពេល​មាន​វិបត្តិ ព្រោះ​អ្នក​ដែល​ជួបប្រទះ នឹង​វិបត្តិ​ហិរញ្ញវត្ថុ​ច្បាស់​ជា​ត្រូវ​ការប្រាក់ ដើម្បី​ដោះស្រាយ​បញ្ហា​ចំពោះមុខ ដូច្នេះ​តម្លៃល្មមៗក្រោម​ទីផ្សារ​ពួកគាត់​នឹង​លក់” ។

លោក​រដ្ឋា​បាន​បន្ថែមថា អ្នកស្វែងរក​ទិញ​ដី​នៅពេលនេះ ពួកគាត់​ទិញ​ដី​ប្រភេទ​ដីចំការ ដី​ទំនេរ ឬ​ដី​ដែលមាន​សក្ដានុពល​វិនិយោគ នៅពេល​អនាគត ដូចជា​នៅតាម​មាត់​ព្រែក ជាប់​ផ្លូវ​សំខាន់ ផ្លូវជាតិ​ជាដើម។

ចំណែក​លោក​កែវ សុជាតិ​ភ្នាក់ងារ​អចលនទ្រព្យ និង​ជា​អ្នកវិនិយោគ​មួយរូប​នៅ​ខេត្តកំពត​ក៏បាន​ឱ្យដឹងថា ទោះបី​ជាមាន​ការឆ្លង​ជា​សហគមន៍​នៃ​កូ​វីដ១៩ ក្នុង​ពេលនេះ​ក្តី តែ​ជំងឺ​នេះ មិនទាន់​រាលដាល​មកដល់​ខេត្តកំពត​នៅឡើយ​ទេ ដូច្នេះ​វិនិយោគិន​ដែល​បានចាប់ផ្ដើម​សាងសង់ គម្រោង​របស់ខ្លួន​ក្នុង​ឆ្នាំ២០២១នេះ នៅតែ​បន្ត​ដំណើរការ ដោយ​មិនទាន់មាន​គម្រោង​ណាមួយ ត្រូវ​ផ្អាក​ដោយសារតែ​ការឆ្លង​រាលដាល ជា​សហគមន៍​នៅឡើយ​ទេ។

លោក​បណ្ឌិត​គីម ហ៊ាង​ប្រធាន KW Cambodia កន្លងមក​បានបញ្ជាក់​ថា ក្នុង​ជំនួញ​អចលនទ្រព្យ​ដីធ្លី ចង់​ជោគជ័យ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ទ្រឹស្តី​មួយ ទិញ​នៅពេល​គេ​ចង់​លក់ ហើយ​លក់​នៅពេល​គេ​ត្រូវ​ការទិញ។

លោ​កន​បញ្ជាក់ថា “ទិញ​នៅពេល​គេ​ចង់​លក់ គឺ​យើង​នឹង​អាច​ទិញ​បាន​តម្លៃ​ទាប និង​ទីតាំង​ល្អ ដែល​ចង់បាន ហើយ​បើសិនជា​ចង់​លក់​វិញ គឺ​យើង​លក់​ទៅ​អ្នក​ដែល​ចង់​ទិញ​ពិតប្រាកដ” ៕

វិភាគៈតើអាស៊ានត្រូវរៀបចំផែនការជាក់លាក់ដូចម្តេចដើម្បីបត់ឱ្យទាន់គោនយោបាយការបរទេសរបស់លោកចូ បៃឌិន?

ដោយៈសុខុម

អាស៊ាន: តើមេដឹកនាំអាស៊ានបានគិតគូរួចហើយឬនៅ ក្នុងរបត់នយោបាយថ្មីរបស់ខ្លួន ជាមួយរដ្ឋបាលថ្មីរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោកចូ បៃដិន ដែលបាននិងកំពុងត្រូវបានគេមើលឃើញថា នៅតែដាក់ចេញគោលនយោបាយ ប្រឈមមុខផ្ទាល់ជាមួ​យមហាយក្សចិន ខណៈប្រទេសចិនបានទទួលសមានចិត្ត ពីមេដឹកនាំអាស៊ាន​កាន់តែច្រើនឡើង។

សារព័ត៌មាន Straits Times ដែលចុះផ្សាយកាលពីថ្ងៃ២៥ កុម្ភៈ បាននាំយកបទវិភាគដ៏គួរឱ្យចាប់អារម្មណ៍មួយ ដោយបានលើកឡើងថា តំបន់អាស៊ាន ចាំបាច់ត្រូវរៀបចំផែនការជាក់លាក់ ដើម្បីបត់ឱ្យទាន់គោលនយោបាយការបរទេស ក្រោមរដ្ឋការថ្មីរបស់សហរដ្ឋអាមេរិក។

ការរៀបចំផែនការជាក់លាក់នេះ គឺទាក់ទិនជាពិសេស ទៅនឹងតំបន់មជ្ឈិមបូព៌ា ជាមួយរុស្ស៊ី ស៊ីរី និងតួកគី ជាមួយអ៊ីរ៉ង់ ជុំវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយចំណាត់ការរបស់អារ៉ាប់ ដើម្បីធ្វើឱ្យទំនាក់ទំនងជាមួយអ៊ីស្រាអែល មានស្ថិរភាព ហើយចុងក្រោ​យគឺការរួបរួមគ្នាជាមួយសហភាពអឺរ៉ុប ក្នុងវិស័យនានាដើម្បីផលប្រយោជន៍រួមគ្នានាពេលអនាគត។

បើផ្អែកតាមអ្វីដែលប្រធានាធិបតីចូ បៃឌិន បានបញ្ជាក់ថា រដ្ឋបាលរបស់ចូ បៃដិន បានផ្ដោតជាសំខាន់ ក្នុងគោលនយោបាយការបរទេសរបស់លោក ហាក់ផ្ទុយគ្នាស្រឡះពីគោលនយោបាយការបរទេសរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ។

អាស៊ាន ចាំបាច់ត្រូវបន្តភាពជាអ្នកដឹកនាំរបស់ខ្លួន ក្នុងរូបភាពបើកចំហ គួរឱ្យជឿទុកចិត្ត និងអាចពឹងពាក់បានទាំងនៅក្នុងតំបន់ និងពិភពលោក។ សម្រាប់ចំណុចនេះ ចំណាត់ការរបស់សហរដ្ឋអាមេរិក នាពេលអនាគតប្រាកដជាមិនមើលរំលងឡើយចំពោះអ្វី ដែលអាស៊ាន និងមហាយក្សចិន បានប្រឹងប្រែងសហការគ្នា ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ លើផ្នែកពាណិជ្ជកម្ម ការវិនិយោគ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងហិរញ្ញប្បទាន និងការធ្វើឌីជីថលនីយកម្មជាដើម។

បញ្ហានានាទាក់ទិនសមុទ្រចិនខាងត្បូង បញ្ហាជនជាតិដើមភាគតិចវីហ្គួ នៅតំបន់ស្វយ័តស៊ីនជាំង (Xinjiang) នៃប្រទេសចិន និងបញ្ហាប្រទេសមីយ៉ាន់ម៉ា ជាដើមនឹងក្លាយជាតេស្តសាកល្បង សម្រាប់ទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក ចិន និងម៉ាឡេស៊ី ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។

ប្រទេសម៉ាឡេស៊ីនៅពេលនេះ មានឱកាសទទួលបានផលចំណេញច្រើន ពីការប្រជែងឥទ្ធិពលគ្នា នៅក្នុងតំបន់រវាងសហរដ្ឋអាមេរិក និងមហាយក្សចិន។ ប្រទេសម៉ាឡេស៊ី នឹងទទួលបានអត្ថប្រយោជន៍ធំចំនូន២ ដូចជា ទី១ ផលប្រយោជន៍ទទួលបានពីសហរដ្ឋអាមេរិក តាមរយៈក្រុមហ៊ុនបច្ចេកវិទ្យា Intel ក្រុមហ៊ុន Google និងក្រុមហ៊ុន Amazon មកវិនិយោគក្នុងប្រទេសនេះ ហើយទី២ គឺបច្ចេកវិទ្យា 5G របស់មហាយក្សចិន។

ប្រទេសម៉ាឡេស៊ី អាចនឹងមានតួនាទីឈានមុខគេ ក្នុងតំបន់អាស៊ាន នៅក្នុងកិច្ចប្រឹងប្រែងស្វែងរកដំណោះស្រាយ បញ្ចប់វិបត្តិនៅប្រទេសមីយ៉ាន់ម៉ា ព្រោះប្រទេសនេះបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការអូសទាញប្រទេសមីយ៉ាន់ម៉ា ឱ្យចូលជាសមាជិកអាស៊ាន។

សម្រាប់ប្រទេសម៉ាឡេស៊ី យើងបានចាប់ផ្ដើមត្រៀមលក្ខណៈ ផ្នែកការទូតរួចហើយ ដើម្បីសហការជាមួយប្រទេសផ្សេងៗ ក្នុងបេសកកម្មទប់ស្កាត់ការឆ្លងរាតត្បាតវីរុសកូវីដ-១៩។

ក្នុងពេលជាមួយគ្នានេះ យើងសង្ឃឹមថា យើងអាចនឹងជួបបញ្ហាប្រឈម នៅក្នុងបដិវត្តន៍ឧស្សាហកម្មទី៤ (ឧស្សាហកម្ម ៤.០) និងការប្រកួតប្រជែងគ្នាដណ្ដើមដែនអ៊ីនធឺណិត (cyberspace) និងផលប៉ះពាល់របស់វា ដែលមានមកលើគោលនយោបាយការបរទេសរបស់ប្រទេសនេះ។

ទន្ទឹមនេះ ប្រទេសម៉ាឡេស៊ី ក៏គួរតែដោះស្រាយបញ្ហាចូលរួមរបស់យុវជន ក្នុងគោល​នយោបាយការបរទេស និងការទូតផងដែរ។

ទន្ទឹមនេះ ទំនាក់ទំនងរបស់យើងជាមួយមហាយក្សចិន អ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត ក៏មានមានសារៈខាន់ស្មើគ្នាផងដែរ សម្រាប់ស្ថិរភាពនយោបាយ និងសន្តិសុខសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ី៕

ប្រធានសមាគមអចលនទ្រព្យចំនួនពីរៈបញ្ហាកូវីដមិនទាន់មានផលប៉ះពាល់ការទិញលក់ ហើយអ្នកមានធនធានកំពុងបន្តវិនិយោគ

ដោយ:គង់ សូរិយា

ភ្នំពេញៈ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកច្រឹក​ សុខនីមបានមានប្រសាសន៍ថា ក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩នាពេលនេះ អ្នកមានធនធានច្រើននៅតែបន្តវិនិយោគអចលនទ្រព្យ ពិសេសដីធ្លី។

លោកបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២៦ កុម្ភៈនេះថា ការវិនិយោគនៅក្នុងស្ថានភាពនេះ អ្នកវិនិយោគទទួលបានលក្ខខ័ណ្ឌល្អ និងតម្លៃល្អ ដោយសា​រអចលនទ្រព្យ ពិសេសតម្លៃដីធ្លីនៅក្រុងភ្នំពេញ និងតាមបណ្តាខេត្តមិនបានឡើងថ្លៃនោះទេ គឺស្ថិតក្នុងសភាពទ្រឹង ប៉ុន្តែទីតាំងខ្លះតម្លៃបានធ្លាក់ចុះ ដែលជាឳកាសល្អសម្រាប់អ្នកវិនិយោគមានធនធានច្រើន។

លោកបន្តថា “វិបត្តិកូវីដ១៩ មិនប៉ះខ្លាំងពេកដល់វិស័យនេះទេ ព្រោះស្ថានភាពថ្ងៃនេះហាក់ធូរស្រាលបន្តិច ព្រោះខ្ញុំជឿថាបន្តិចទៀត រដ្ឋាភិបាលនឹងគ្រប់គ្រងជំងឺនេះបាន ព្រោះយើងមានបទពិសោធន៍គ្រប់គ្រងបានល្អនាពេលកន្លងមក”។លោកបន្តថា “ស្ថានភាពបែបនេះអ្នកវិនិយោគពីក្រៅប្រទេស មិនទាន់ហ៊ានចូលមកទេ ដោយសារពួកគេបារម្ភពីសុខភាពរបស់ណពួកគេ ហេតុនេះមានតែអ្នកវិនិយោគក្នុងស្រុកទេ ដែលបានធ្វើសកម្មភាព”។

លោកច្រឹក សុខនីមបានបន្តថា ក្នុងពេលវេលាបែបនេះ អ្នកមានធនធានបានទិញដីទុក សម្រាប់សាងសង់គំរោងអចលនទ្រព្យ ពិសេសលំនៅដ្ឋានថ្មីៗ នៅពេលស្ថានភាពសេដ្ឋកិច្ចវិលមករកភាពប្រក្រតីវិញ។លោកបន្តថា ស្ថានភាពធូរស្រាលពេលណា វាអាស្រ័​យលើប្រសិទ្ឋភាពនៃវ៉ាក់សាំងការពារជំងឺកូវីដ១៩ ថាតើវាមានភាពជាក់លាក់ និងជឿទុកចិត្តបានកម្រិតណា។

ជាមួយគ្នានេះ ឧកញ៉ាម៉ន សុខាប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជាបានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃដដែលថា គិតរហូតមកទល់ពេលនេះ ស្ថានភាពនៃការទិញលក់ក្នុងវិស័យអចលនទ្រព្យ មិនទាន់មានឃើញសញ្ញាប៉ះពាល់នៅឡើយ ដោយសារព្រឹត្តិការណ៍២០កុម្ភៈ ទើបមានរយៈពេល៦ថ្ងៃប៉ុណ្ណោះ ប៉ុន្តែបើវាអូសបន្លាយរយៈពេលវែងថែមទៀត វាអាចនឹងមានផលប៉ះពាល់ខ្លះៗមិនខាន។

លោកបន្តថា នៅក្នុងពេលមានការរីករាលដាលជំងឺនេះខ្លាំង យើងឃើញប្រមុខ​រដ្ឋាភិបាលបានខិតខំខ្លាំងណាស់ ហេតុនេះក្នុងនាមជាប្រជាពលរដ្ឋ ខ្ញុំសូមគាំទ្រទាំងស្រុងនូវការខិតខំរបស់រដ្ឋាភិបាល និងគោរពតាមការណែនាំ និងវិធានការណ៍នានាដែលបានដាក់ចេញដោយសម្តេចតេជោ”៕

អ្នកឧកញ៉ាលី ហួរៈគំរោងអភិវឌ្ឍន៍លំនៅដ្ឋានមិនបានផ្អាកដោយសារបញ្ហាកូវីដនោះទេ

ដោយ:គង់ សូរិយា

ភ្នំពេញៈ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា អ្នកឧកញ៉ាលី ហួរបានមានប្រសាសន៍ថា បច្ចុប្បន្ននេះសមាជិកសមាគម ដែលសុទ្ធតែជាអ្នកវិនិយោគលើវិស័យលំនៅដ្ឋាន មិនបានផ្អាកគំរោងវិនិយោគរបស់ពួកគេនោះទេ។

អ្នកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២៦ កុម្ភៈនេះថា ដោយសារគំរោងអភិវឌ្ឍន៍និមួយៗ មិនបញ្ចប់រយៈពេលពីរឬបីខែ ហេតុនេះគំរោងអភិវឌ្ឍ​ន៍លំនៅដ្ឋាននានា មិនបានផ្គាកការសាងសង់នោះទេ បើទោះជាមានវិបត្តិជំងឺកូវីដ១៩លើកទី៣នេះក្តី ប៉ុន្តែសម្រាប់គំរោងអភិវឌ្ឍន៍ថ្មីៗ អ្នកវិនិយោគក្នុងស្រុករបស់យើងកំពុងរង់ចាំមើលស្ថានភាពជាក់ស្តែង។

លោកបន្តថា “យើងពិតជាមានការបារម្ភពីជំងឺនេះ ប៉ុន្តែបើគិតពីស្ថានភាពជាមួយប្រទេសជិតខាង កម្ពុជាយើងមានភាពល្អប្រសើរជាង ហើយរដ្ឋាភិបាលកំពុងខិតខំលើការងារទប់ស្កាត់ជំងឺនេះ”។ លោកបន្តថា “ការវិនិយោគច្រើនឬតិច វាអាស្រ័យលើជំងឺកូវីដ​១៩ ប៉ុន្តែបើស្ថានភាពប្រែជាល្អប្រសើរវិញ គេនឹងចាប់ផ្តើមវិនិយោគឡើងវិញហើយ”។

អ្នកឧកញ៉ាលី ហួរបានបន្តថា នៅពេលយើងចាប់ផ្តើមចាក់វ៉ាក់សាំង ជំងឺនេះបានរីករាលដាល និងផ្ទុះក្នុងសហគមន៍ ស្ថានភាពរីករាលដាលនេះ មិនដឹងចប់នាពេលណា តែ​លោកជឿលើសម្តេចតេជោ ដែលបាននិងកំពុងខិតខំ ដើម្បីបញ្ចប់ការរីករាលដាលក្នុងសហគមន៍។

គិតរហូតមកទល់ថ្ងៃម្សិលម៉ិញនេះ រាជធានី ខេត្តចំនួន៥នៅកម្ពុជាបានរកឃើញថា ជំងឺកូវីដបានឆ្លងចូលក្នុងសហគមន៍ ដោយថ្ងៃនេះអ្នកជំងឺចំនួន៤៤ករណីត្រូវបារកឃើញ ធៀបនឹងថ្ងៃម្សិលម៉ិញ គឺមានចំនួនថយចុះ ដែលកាលពីថ្ងៃទី២៥ កុម្ភៈកន្លងមកចំនួនអ្នកឆ្លងជំងឺកូវីដ១៩ ត្រូវបានរកឃើញចំនួន៦៥ករណី៕

បង្កើតឱកាសក្នុងពេលវិបត្តិដូចម្តេច សម្រាប់ការវិនិយោគអចលនទ្រព្យ?

ដោយៈ រ៉ាណេត

ភ្នំពេញៈ អ្នកជំនាញបាននិយាយថា ទីផ្សារអចលនទ្រព្យនៅពេលបច្ចុប្បន្នត្រូវបានអ្នកជំនាញទទួលស្គាល់ថា ពិតជាទទួលរងនូវផលប៉ះពាល់ពីវិបត្តិនៃជំងឺឆ្លង ហើយបានជះឥទ្ធិពលអាក្រក់បន្តទៅដល់បណ្តាភ្នាក់ងារដែលរកចំណូលពីទីផ្សារមួយនេះ។

យ៉ាងណាក៏ដោយ អ្នកជំនាញដែលធ្លាប់មានបទពិសោធន៍ច្រើនឆ្នាំ បានរំលឹកថាក្នុងដំណាក់កាលនេះ ភ្នាក់ងារគួរតែយកពេលដែលទីផ្សារកំពុងស្ងប់ស្ងាត់នេះ បង្កើនចំណេះដឹងបន្ថែមទៀត។

ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា ឧកញ៉ាឃាង ពុទ្ធី បានមានប្រសាសន៍ឲ្យដឹងនៅពេលថ្មីៗនេះថា នៅក្នុងដំណាក់កាលនេះ មិនថាចំពោះទីផ្សារអចលនទ្រព្យនោះទេ ដែលរងនូវផលប៉ះពាល់ ទីផ្សារនៃវិស័យផ្សេងទៀតក៏ប៉ះពាល់ដូចគ្នា ទាស់ត្រង់ថាតិចឬច្រើនតែប៉ុណ្ណោះ។

លោកបន្តថា“សម្រាប់ទីផ្សារអចលនទ្រព្យ បានប៉ះពាល់តាំងពីដើមឆ្នាំ២០២០ ប៉ុន្តែវាកាន់តែធ្ងន់ធ្ងរ ប៉ុន្តែក្រោយពេលមានការរាតត្បាត នៅក្នុងសហគមន៍ដែលកាន់តែធ្វើឱ្យទីផ្សាររួមមានភាពស្ងប់ស្ងាត់”។ លោកបន្តថា “ភាពស្ងប់ស្ងាត់នេះ វាប៉ះពាល់ទាំងអ្នកវិនិយោគ ទាំងអស់អ្នកអភិវឌ្ឍន៍ ជាពិសេសធ្វើឱ្យបណ្តាភ្នាក់ងារភាគច្រើន ប៉ះពាល់ចំណូលដែលបានមកពីកម្រៃជើងសារ”។

លោកឧកញ៉ាឃាង ពុទ្ធី បានមានប្រសាសន៍បន្តទៀតថា ពួកគាត់ភាគច្រើនពិតជាប៉ះពាល់ចំណូលប្រាកដមែន ព្រោះចំណូលរបស់ពួកគាត់បានមកពីការលក់ និងការទទួលបានកម្រៃជើងសារ លុះនៅពេលទីផ្សារធ្លាក់ចុះ មានភាពស្ងប់ស្ងាត់ដូចបច្ចុប្បន្ននេះ ចំណូលពួកគាត់ក៏ត្រូវធ្លាក់ដែរ។ ប៉ុន្តែអ្វីដែលសំខាន់សម្រាប់ពួកគាត់ ដែលជាភ្នាក់ងារត្រូវធ្វើនៅពេលនេះ ត្រូវតែចេះយកពេលស្ងប់ស្ងាត់ទាំងនេះ ធ្វើឱ្យមានប្រយោជន៍ដោយការបង្កើនចំណេះដឹងបន្ថែម តាមរយៈការហាត់រៀនពីជំនាញនៃការលក់។ រៀនពីរបៀបនៃការផ្សព្វ​ផ្សាយតាមបច្ចេកវិទ្យា រៀនភាសាបន្ថែមសម្រាប់ត្រៀមអនុវត្តន៍ លើទីផ្សារក្រោយពេលស្ថានការណ៍វិលត្រឡប់រកភាពល្អប្រសើរវិញ។

លោកបន្តថា “យើងកុំប្រើយុទ្ធសាស្ត្រកាប់បំពុងរង់ចាំទឹកភ្លៀង ប៉ុន្តែត្រូវកែប្រែកាលៈទេសៈប្រឈមនៅពេលនេះ ឱ្យក្លាយជាវេលាល្អសម្រាប់បង្កើនចំណេះដឹងបន្ថែម ដើម្បីអភិវឌ្ឍន៍ខ្លួនបន្ថែមទៀតទៅលើអាជីពរបស់ខ្លួន”។

ជាមួយគ្នានេះ លោក ម៉ាន់ ច័ន្ទឌី អគ្គនាយកក្រុមហ៊ុន PREMIUM Group បានមានប្រសាសន៍ថា ទោះជាមិនស្ថិតនៅក្នុងកាលទេសៈបែបនេះក៏ដោយ ក្នុងនាមជាភ្នាក់ងារអាជីពដែលអាចមានទីផ្សារច្រើន និងអាចទទួលបានភាគរយជោគជ័យខ្ពស់ គឺជាភ្នាក់ងារដែលមានចំណេះដឹងទូលំទូលាយ មានកាស្វែងយល់ច្រើនពីទីផ្សាររួម ជាពិសេសមានជំនាញផ្នែកទំនាក់ទំនងខ្ពស់”។

លោកថា “ការរៀនសូត្រ បង្កើនចំណេះដឹងគឺមិនមានដែនកំណត់នោះទេ ដូច្នេះគួរកុំទុកពេលទំនេរឱ្យកន្លងផុតទៅឱ្យសោះ តែត្រូវយកឱកាសនេះចាប់ជំនាញថ្មី បន្ថែមទៀ​ត ចេះច្រើនពេលណា មានឱកាសចាប់បានចំណែកទីផ្សារបានច្រើនដូចគ្នា”៕

តើមន្រ្តីUN និងរដ្ឋបាលខេត្តព្រះសីហនុបានផ្តោតលើបញ្ហាអ្វីខ្លះដើម្បីប្រែក្លាយក្រុងព្រះសីហនុជាទីក្រុងស្អាត

ដោយ:គង់ សូរិយា

ភ្នំពេញៈ ក្រុមមន្រ្តីជាន់ខ្ពស់អង្គការសហប្រជាជាតិ និងអភិបាលខេត្តលោកគួច ចំរើនធ្លាប់បានពិភាក្សាគ្នា ដើម្បីប្រែក្លាយក្រុងព្រះសីហនុជាទីក្រុងស្អាត និងមានការអភិវឌ្ឍ​ប្រកបដោយនិរន្តរភាព។

កាលពីដើមសប្តាហ៍នេះ ក្រុមមន្ត្រី​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា ​បាន​បើក​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អនឡាញ ​ជាមួយ​មន្ត្រី​ខេត្ត​ព្រះសីហនុ ដើម្បី​ពិភាក្សា​លើ​ដំណើរការ​គម្រោង «​ក្រុង​ព្រះសីហនុ​សម្រាប់​ទាំងអស់​គ្នា​៖ លើកកម្ពស់​ទីក្រុង​ស្អាត និរន្តរភាព និង​បរិយាប័ន្ន​» ដែលជា​គម្រោង​អនុវត្ត​ដោយ​ការិយាល័យ ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​កិច្ចការ​សិទ្ធិមនុស្ស និង​អង្គការសហប្រជាជាតិ​ផ្នែក​ទីជម្រក (UN-Habitat)​។

លោកស្រីPauline Tamesis អ្នកសម្របសម្រួល​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​អង្គការសហប្រជាជាតិ​បាន​ថ្លែងថា គម្រោង​នេះ កើតចេញ​ពី​កិច្ចប្រជុំ​មួយ​រវាង​ក្រុម​ការងារ​អង្គការ​សហប្រជាជាតិ​នៅ​​កម្ពុជា​ជាមួយ​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​កាលពី​ខែវិច្ឆិកា ឆ្នាំ ២០១៩​។ នៅក្នុង​ជំនួប​នៅពេលនោះ ភាគី​ទាំង​ ២ ​បាន​ពិភាក្សា​លើ​បញ្ហា​ជាច្រើន រួមមាន ទាំង​នគរូបនីយកម្ម កំណើន​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ប្រកបដោយ​បរិយាប័ន្ន​។

លោកស្រី​បាន​ថ្លែងថា​ “​ដោយសារ​តែ​មាន​ការអភិវឌ្ឍ​យ៉ាង​លឿន ​នៅ​ខេត្ត​មាត់សមុទ្រ​មួយ​នេះ ការយកចិត្ត​ទុកដាក់​គួរតែ​ផ្ដោតទៅលើ​ថា តើ​ទីក្រុងនិង​ខេត្ត​នេះ អភិវឌ្ឍ​ឲ្យ​ទៅជា​ខេត្ត​ដែល​មាន​ភាពវៃឆ្លាត ប្រកប​ដោយ​បរិយាប័ន្ន និង​ប្រកប​ដោយ​ចីរភាព​ដោយ​របៀប​ណា”។

គម្រោង​នេះសហការនេះ ​បាន​ចាប់ផ្ដើម​ពី​ខែសីហា ឆ្នាំ ២០២០ និង​បញ្ចប់​នៅ​ខែកក្កដា​ឆ្នាំ ២០២១​។ វា​ឈរ​នៅលើ​របៀបវារៈ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ឆ្នាំ​ ២០៣០ និង​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​។

លោកស្រី​ថ្លែងឲ្យដឹងទៀតថា “ការផ្សារភ្ជាប់​គម្រោង​ទីក្រុង​វៃឆ្លាត ​ទៅ​នឹង​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព មិនទាន់​គ្រប់គ្រាន់​ទេ”​។ លោកស្រីបន្ថែមថា “តាមពិតទៅ គ្មាន​ទីក្រុង​ណា ដែល​ត្រូវបាន​ចាត់ទុកថា មាន​ភាពវៃឆ្លាត​ទេ ប្រសិន​បើ​ទីក្រុង​នោះ​បំភ្លេចចោល​នូវ​ផលប្រយោជន៍​របស់​ជន​ក្រីក្រ អ្នក​ដែល​គេ​គិតថា មិនសំខាន់ ក្រុម និង​សហគមន៍​ដែល​ងាយ​រងគ្រោះ”។

លោកស្រី​បន្តថា គោល​គំនិត​បង្កើត​ទីក្រុង​វៃឆ្លាត​នេះ​ គួរតែ​ទទួល​នូវ​ធាតុ​ចូល​ពី​ក្រុម​អ្នកជំនាញ អង្គការ​សង្គម​ស៊ីវិល ក្រុម​ចលនា​សង្គម និង​តំណាង​ពលរដ្ឋ ដើម្បី​ធានា​បាន​ថា គម្រោង​ទីក្រុង​វៃឆ្លាត​នេះ គ្រប់​ជ្រុងជ្រោយ និង​មានតម្លៃ​សកល​។

រដ្ឋាភិបាលកម្ពុជាបាននិងកំពុងរៀបចំ ខេត្តសៀមរាប បាត់ដំបង និង​ទីក្រុង​ភ្នំពេញ​ ​ដើម្បី​ដាក់បញ្ចូល​ក្នុង​បណ្ដាញ​ទីក្រុង​វៃឆ្លាត​អាស៊ាន ប៉ុន្តែ​ខេត្ត​ព្រះសីហនុ មិនត្រូវ​បានដាក់​បញ្ចូល​ទេ​។

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ ​លោក ឃាង ភារម្យបានមានប្រសាសន៍ថា ការអភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​ ឲ្យ​ទៅជា​ទីក្រុង​វៃឆ្លាត មាន​សារៈសំខាន់​ហើយ​ស្រប​ទៅ​នឹង​ទស្សន​វិស័យ​របស់​រាជរដ្ឋាភិបាល”។លោក​បន្តថា “រដ្ឋបាលខេត្ត​បាន​បង្កើត​ក្រុមការងារ​មួយ ដើម្បី​ធ្វើ​កិច្ចការ​នេះ ដោយមាន​សមាជិក​ពី​អាជ្ញាធរ​ពាក់ព័ន្ធ ក្រុមការងារ​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា ដៃគូ​អភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ីវិល និង​ភាគី​ពាក់ព័ន្ធ​មួយចំនួនទៀត”​។

លោកបន្តថា ក្រុមការងារ​នេះ ​មាន​ភារកិច្ច​បង្កើត​ផែនការ​សកម្មភាព និង​ផែនការ​ហិរញ្ញវត្ថុ បង្កើត​យុទ្ធសាស្ត្រ និង​ការងារ​អាទិភាព​សម្រាប់​រយៈពេល​ខ្លី មធ្យម និង​វែង ក្នុង​ចំណោម​កិច្ចការ​ជាច្រើន​ទៀត​។ក្រុមការងារ​ក៏មាន​ភារកិច្ច​រៀបចំ​ឯកសារ​ ដើម្បី​ដាក់​ស្នើ​បញ្ចូល​ទីក្រុង​ព្រះសីហនុ​ ទៅក្នុង​បណ្ដាញ​ទីក្រុង​វៃឆ្លាត​របស់​អាស៊ាន​ផងដែរ​៕

 

រដ្ឋាភិបាលកំពុងធ្វើពិពិធកម្មសេដ្ឋកិច្ចខេត្តសៀមរាប ដោយកាត់បន្ថយការពឹងផ្អែកវិស័យវិស័យទេសចរណ៍?

ដោយ:ស៊ីវ ម៉េង

សៀមរាបៈ រដ្ឋាភិបាលបាន និងកំពុងធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច ខេត្តសៀមរាប ដើម្បីកាត់បន្ថយការពឹងផ្អែកលើវិស័យទេសចរណ៍ ដែលបានរងគ្រោះដោយជំងឺកូវីដ១៩យ៉ាងធ្ងន់ធ្ងរ។

វិបត្តិជំងឺកូវីដ១៩ បានផ្តល់នូវមេរៀនមួយ ដែលបានធ្វើឲ្យរដ្ឋាភិបាល និងវិស័យឯកជនចាំបាច់ត្រូវគិតគូរឡើងវិញ ពីការធ្វើឲ្យសេដ្ឋកិច្ចរបស់ខេត្តនេះបន្តរសរវើក ជាជាងពឹងផ្អែកតែវិស័យទេសចរណ៍ ដែលមានភាពផុយស្រួយដោយសារវិ​បត្តិនានា។

បច្ចុប្បន្នរដ្ឋាភិបាលបាននិងកំពុងកសាងផ្លូវចំនួន៣៨ខ្សែ កែលំអស្ទឹងសៀមរាប ដើម្បីលើកកំពស់សោភ័ណភាពខេត្តនេះ ដែលបបញ្ហានេះត្រូវបានគេបំភ្លេចរាប់ឆ្នាំមកហើយ។

ជាមួយនឹងផែនការដាក់ចេញរបស់រដ្ឋាភិបាល ក្រុមហ៊ុនវិនិយោគក្នុងស្រុកលំដាប់ជាតិ និងអន្តរជាតិជាច្រើនបាននិងកំពុងសម្លឹងឃើញសក្តានុពលនៅក្នុងខេត្តនេះ ដូចជា​បុរីឡេងណាវ៉ាត្រា បុរីបាគង បុរីទេសចរណ៍ គំរោងAngkor Landmark និងការវិនិយោគ​របស់ក្រុមហ៊ុនអន្តរជាតិជា​ច្រើនទៀត ដូចជា ក្រុមហ៊ុនយូណានរបស់ចិនបាន និងកំពុងសាងសង់ព្រលានយន្តហោះលំដាប់អន្តរជាតិ នៅក្នុងស្រុកសូទ្រនិគម ក្រុមហ៊ុនវិនិយោគកោះសង្សារ កំពុងរៀបចំផែនការអភិវឌ្ឍន៍នៅស្រុកបន្ទាយស្រី ក្រុមហ៊ុនNaga Corp កំពុងរៀបចំបោះទុនវិនិយោគ៣៥០លានដុល្លារ សាងសង់ផ្សារបណ្តែតទឹក សាងសង់រមណីយដ្ឋាន សាងសង់ទីក្រុងចិន (China Town)ជាដើម ក្រុមហ៊ុនជប៉ុនសាងសង់កន្រ្តកវិញដ៏ធំមួយ នៅក្បែរទីក្រុងសៀមរាប និងគំរោងវិនិយោគជាច្រើនទៀតរបស់ក្រុមហ៊ុនអន្តរជាតិនានា។

រដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍ក៏បានរៀបចំផែនការមេ ដើម្បីលើកកំពស់វិស័យទេសចរណ៍ក្នុងខេត្តនេះឡើងវិញ តាមរយៈការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ផ្តល់សេវាកម្មបដិសណ្ឋារកិច្ចកាន់តែល្អប្រសើរ និងធ្វើពិពិធកម្មផលិតផលទេសចរណ៍ ដើម្បីផ្តល់ផលប្រយោជន៍៍ដល់សហគមន៍ទេសចរណ៍ និងប្រជាពលរដ្ឋក្នុងខេត្តនេះ ដែលជាខេត្តមានប្រជាពលរដ្ឋក្រីក្រច្រើនជាងគេ ក្នុងចំណោមរាជធានីខេត្តទាំង២៥។

ក្រសួងទេសចរណ៍ក៏បានរៀបចំផែនការមេកសាងទីក្រុងថ្មីមួយ ដោយដាក់ឈ្មោះថា Grand Siem Reap City នៅក្បែរព្រលានយន្តហោះលំដាប់អន្តរជាតិខេត្តសៀមរាប ដែលអនុញ្ញាតឲ្យអ្នកវិនិយោគជាតិ អន្តរជាតិសាងសង់អាគារខ្ពស់ៗផងដែរ។

លោកហូ វណ្ឌីទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានមានប្រសាសន៍ថា ជំងឺកូវីដ១៩បានផ្តល់មេរៀន និងឳកាសផងដែរសំរាប់ខេត្តសៀមរាប តាមរយៈការចាប់ផ្តើមកែលំអរ និងពង្រីកកសាងហេដ្ឋារចនាសម្ព័ន្ឋខេត្តនេះ ដែលមានការរៀបចំផ្លូវថ្មើជើង និងប្រព័ន្ឋហេដ្ឋារចនាសម្ព័ន្ឋសមស្រប ដើម្បីលើកកំពស់សោភ័ណភាពខេត្តផង និងទាក់ទាញទេសចរណ៍ផង ហើយបើគ្មានជំងឺកូវីដ១៩ ប្រហែលជាគំរោងនេះមិនលេចរូបរាងនោះទេ។

លោកបន្តថា “ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋ ជាការទាក់ទាញអ្នកវិនិយោគជាតិ អន្តរជាតិ ពិតជាការចូលរួមធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចរបស់ខេត្ត ហើយយើងរំពឹងថាខេត្តនេះ នឹងទាក់ទាញវិនិយោគិនបានច្រើនថែមទៀត”។ លោកបន្តថា “បច្ចុប្បន្នមានគំរោងអភិវឌ្ឍន៍អចលនទ្រព្យក្នុងខេត្តច្រើន មានររោងចក្រ សហគ្រាសកើតថ្មីៗច្រើន ដែលជួយដល់សេដ្ឋកិច្ចមូលដ្ឋាន ហេតុនេះបើជំងឺកូវីដបញ្ចប់ កម្ពុជាក៏ដូចជាពិភពលោកបើកជើង​ហោះហើរឡើងវិញ ខេត្តសៀមរាបនឹងផ្តល់សក្តានុពលខ្លាំង ដល់វិស័យទេស​ចរណ៍ និងការវិនិយោគ”។

ទោះជាយ៉ាងណាលោកបណ្ឌិតហុង វណ្ណៈអ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាពកម្ពុជាបានមានប្រសាសន៍ថា ខេត្តសៀមរាបមានសក្តានុពលច្រើន ក្រៅពីវិស័យទេសចរណ៍គឺមានវិស័យកសិកម្ម សិប្បកម្មដែលត្រូវពង្រីក និងររៀបចំជាតំបន់កសិទេស​ចរណ៍ ប៉ុន្តែខេត្តនេះ នៅតែមិនអាចកាត់ផ្តាច់មូលដ្ឋាននៃការរីកចម្រើន និងមូលដ្ឋានសេដ្ឋកិច្ចចេញពីវិស័យទេសចរណ៍បាននៅឡើយទេ។

លោកបន្តថា “យើងឃើញមានការវិនិយោគលើវិស័យអចលនទ្រព្យ នៅក្នុងខេត្ត ប៉ុន្តែដំណើរការយឺតៗ ព្រោះវិស័យនេះរស់រវើក និងរីកចម្រើនបានទាល់តែវិស័យទេស​ចរណ៍មានភាពរីកចម្រើន ដែលធ្វើឲ្យប្រជាជនមានប្រាក់ចំណូលកើនឡើង ដើម្បីឲ្យពួកគេអាចចំណាយប្រាក់ទិញអចលនទ្រព្យនានា”៕

រដ្ឋាភិបាលសម្រេចអនុវត្តន៍វិធានការក្ដៅចំពោះអ្នកដែលមិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល

ដោយៈ រ៉ាណេត

ភ្នំពេញៈ រាជរដ្ឋាភិបាលសម្រេចដាក់ចេញ នូវវិធានការក្ដៅរឹតបន្ដឹងចំពោះបុគ្គលទាំងឡាយណា ដ៏ដូចជាទីតាំងដែលមិនសហការពាក់ព័ន្ធ ការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសព្រឹត្តិការណ៍២០កុម្ភៈ ដែលកំពុងគំរាមនៅក្នុងសហគមន៍យ៉ាងខ្លាំងក្លាយគួរឱ្យព្រួយបារម្ភនៅពេលនេះ ជាមួយនឹងច្បាប់ដែលបានចែងជាធរមាន។

តាមរយៈលិខិតជូនដំណឹងដែលចេញផ្សាយ ដោយទីស្ដីការគណៈរដ្ឋមន្ត្រីដែលទើបទទួលបាននៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានសម្រេចចាត់វិធានការយ៉ាងតឹងរ៉ឹង ចំពោះបុគ្គលមិនអនុវត្តន៍តាមវិធានរបស់ក្រសួងសុខាភិបាល ចំពោះការធ្វើចត្តាឡីស័ក។ បុគ្គលគេចវេសមិនព្រមចូលព្យាបាល ឬមិនសហការផ្ដល់ការសម្ភាសន៍ និងទីតាំងដែលមិនសហការផ្ដល់ព័ត៌មានការស្រាវជ្រាវ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បន្ថែមពីលើអនុក្រឹត្យលេខ២៧ អនក្រ.បក។

នៅក្នុងក្នុងលិខិតដដែលនេះ បានកំណត់នូវចំណុចសំខាន់ៗចំនួន៣ដែលជាវិធានការរឹតបន្ដឹងបន្ថែមពីលើអ្វីដែលបានកំណត់ក្នុងច្បាប់រួមមាន ទី១ ចំពោះជនបរទេស ត្រូវបណ្ដេញចេញពីកម្ពុជា និងហាមចូលប្រទេសសារជាថ្មី ទី២ ចំពោះជនជាតិខ្មែរ ត្រូវចាត់វិធានការតាមផ្លូវច្បាប់ និងទី៣ ចំពោះទីតាំង ត្រូវដកហូតអាជ្ញាប័ណ្ណ និងបិទអាជីវកម្មក្នុងទីតាំង។

កាលពីពេលកន្លងមកថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចឲ្យបណ្តេញចេញពីកម្ពុជា និងលែងឲ្យត្រឡប់ចូលមកវិញ ចំពោះជនបរទេសទាំង​ឡាយណា ដែលគេចវេស និងមិនចូលរួមសហការក្នុងការធ្វើចត្តាឡីស័ក។

ការសម្រេចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងតាមសំណើរបស់លោ​កឧត្តមសេនីយ៍ឯកឌី វិជ្ជា អគ្គស្នងការរងនរគបាលជាតិ និងជាអនុគណៈកម្មការស្រាវជ្រា​វ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩។

សំណើចាត់វិធានការតឹងរឹងលើជនបរទេសនេះ បានកើតមានចំពេលកម្ពុជាកំពុង ផ្ទុះនូវការឆ្លងក្នុងសហគមន៍ធ្ងន់ធ្ងរ។ អ្នកដែលរកឃើញកើតមានជំងឺកូវីដ១៩ ក្នុងព្រឹត្តិកា​រណ៍សហគមន៍ជាថ្មីនេះ ភាគច្រើនជាជនបរទេស៕

ពាក់កណ្តាលត្រីមាសទី១ឆ្នាំ២០២១នេះ ស្ថានភាពទីផ្សារអាផាតម៉ិននៅតែស្ថិតក្នុងសភាពទ្រឹង

ដោយៈ រ៉ាណេត

ភ្នំពេញៈ ចាប់តាំងពីដើមខែមករា ឆ្នាំ២០២១ដែលស្ថិតនៅក្នុងត្រីមាសទី១ ស្ថានភាពនៃទីផ្សារជួលអាផាតម៉ិន ហាក់មិនមានអ្វីប្រែប្រួលនោះទេ ជាពិសេសនៅក្នុងរាជធានីភ្នំពេញ ខណៈដែលវត្តមានរបស់ជនបរទេស ដែលជាអតិថិជនគោលដៅនៅមិនទាន់វិលចូលប្រទេសកម្ពុជាវិញនៅឡើយ។

អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា លោកស្រីអាន សុធីតា នាយិកាប្រចាំប្រទេសក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍នៅថ្ងៃចុងសប្ដាហ៍នេះថា គិតត្រឹមពាក់កណ្តាលត្រីមាសទី១ឆ្នាំ២០២១នេះ ស្ថានភាពនៃទីផ្សារអាផាតម៉ិន ជាពិសេសនៅក្នុងរាជធានីភ្នំពេញ ហាក់នៅមិនទាន់មានអ្វីប្រែប្រួល គួរឱ្យកត់សម្គាល់នោះទេ ពោលគឺនៅរក្សាស្ថានភាពដូចគ្នាទៅនឹងចុងឆ្នាំ២០២០។

លោកស្រីបន្តទៀតថា “ទីផ្សារអាផាតម៉ិនភាគច្រើន ជាតម្រូវការរបស់ជនបរទេសដែលពួកគាត់ជួសម្រាប់ស្នាក់នៅ ក្នុងកំឡុងពេលដែលពួកគាត់មកបំពេញការងារ នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែដោយសារតែបញ្ហាកូវីដ១៩ ពួកគាត់ដែលបានចាក់ចេញទៅប្រទេសកំណើតរបស់ខ្លួនមួយចំនួនធំ កាលពីដើមឆ្នាំ២០២០នោះ នៅមិនទាន់បានវិលត្រឡប់មកកម្ពុជាវិញនោះទេ”។លោកស្រីបន្តថា “ដូច្នេះបច្ចុប្បន្នគឺមានតែអតិថិជនចាស់ ដែលជាជនជាតិខ្មែរ ឬជនបរទេសមួយចំនួនតូច ដែលមានបានចាកចេញទៅតែប៉ុណ្ណោះ”។

បន្ថែមពីនេះ ក៏មានអ្នកខ្លះដែលជួលអាផាតម៉ិនស្នាក់នៅជាប់កុងត្រា បានចាកចេញទៅជួលផ្ទះជាយក្រុង ដើម្បីស្នាក់នៅក្នុងរយៈពេលខ្លី ដោយសារតែបារម្ភពីការរាលដាល ព្រោះត្រូវប្រើជណ្ដើរយន្តរួមគ្នា ដូច្នេះមានតែជម្រើសជួលផ្ទះជាយក្រុងស្នាក់នៅដាច់ដោយឡែក។

ទោះជាយ៉ាងណាក៏ដោយ លោកស្រីរំពឹងថា នៅពាក់កណ្តាលឆ្នាំ ឬដើមត្រីមាសទី៣ទីផ្សារមួយនេះ អាចនឹងមានកំណើនឡើងវិញ បន្ទាប់ពីស្ថានភាពនៃការទប់ស្កាត់ការីករាលដាលមានភាពល្អប្រសើរទាំងនៅក្នុងតំបន់ ក៏ដូចជានៅក្នុងប្រទេសកម្ពុជាផងដែរ។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Town City លោកវន ចាន់ថន បានមានប្រសាសន៍ថា ស្ថិតនៅក្នុងស្ថានភាពប្រឈម នឹងជំងឺចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២០ សម្រាប់ទីផ្សារអាផាម៉ិន ក៏មិនសូវខុសពីផ្នែកដទៃទៀតនោះដែរ។ ការជួលអាផាតម៉ិនភាគច្រើន ត្រូវបានចុះកុងត្រាជួលក្នុងរយៈពេលយូរ ប៉ុន្តែអ្វីដែលសំខាន់គឺភាគច្រើនជាជនបរទេសច្រើនជាងអ្នកនៅក្នុងស្រុក អត្រាចំនួននៃការជួលអាចមានច្រើន។

ប៉ុន្តែចំពោះតម្លៃគឺធ្លាក់ចុះ ដោយសារតែម្ចាស់អគារ បានជួយសម្រួលទម្លាក់ចុះនូវតម្លៃក្នុងចន្លោះពី២០- ៣០ភាគរយទៅដល់អតិថិជនរបស់ខ្លួន ដែលជាអ្នកក្នុងស្រុកផ្ទាល់ ដោយឡែកសម្រាប់អតិថិជន ជាជនជាតិបរទេសនៅមិនទាន់ បានវិលចូលប្រទេសកម្ពុជាវិញនោះទេ។

លោកបានបន្តថា “សម្រាប់ដើមឆ្នាំ២០២១នេះ ក៏នៅតែមិនទាន់បានធូរស្រាលវិញនោះទេ ប៉ុន្តែខ្ញុំជឿថា មិនយូរទេ ទីផ្សារអាផាតម៉ិន នឹងងាកមករកភាពល្អប្រសើរវិញខណៈបណ្តាប្រទេសមួយចំនួន ចាប់ផ្តើមប្រើប្រាស់វ៉ាក់សាំង ជាពិសេសប្រទេសចិន ដែលមានប្រជាជនជាច្រើនចូលមករស់នៅ និងប្រកបការងារនៅក្នុងប្រទេសកម្ពុជា ដែលភាគច្រើនរស់នៅក្នុងអគារអាផាតម៉ិន ហើយនៅកម្ពុជាក៏ផ្តើមចាក់វ៉ាក់សាំងដែរ”។

លោកបន្តថា ព្រឹត្តិការណ៍២០កុម្ភៈ គ្រាន់តែជាព្រឹត្តិការណ៍សង្គម ដែលកើតមាន ប៉ុន្តែក្រោយពេលរួមគ្នាអនុវត្តន៍ វិធានការតាមការណែនាំរបស់រដ្ឋាភិបាល នឹងធូរស្រាលបន្តិចម្ដងវិញជាមិនខាន៕

ក្រុមហ៊ុនបណ្តាញសង្គមយក្សរបស់ចិន Tik Tokនឹងបើកការិយាល័យនៅកម្ពុជា

ដោយ:គង់ សូរិយា

ភ្នំពេញៈ ក្រុមហ៊ុនបណ្តាញសង្គមយក្សរបស់ចិន Tik Tokនឹងបើកការិយាល័យនៅទីក្រុងភ្នំពេញប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខនេះ។

យោងតាមបុគ្គលិករបស់ក្រុមហ៊ុននេះបានឲ្យដឹងនាពេលមុននេះបន្តិចថា ក្រុមហ៊ុននេះនឹងបើកការិយាល័យនៅកម្ពុជា ដែលមានការិយាល័យនៅក្នុងខ័ណ្ឌទួលគោក រាជធានីភ្នំពេញ។

Tik Tok ជាបណ្តាញសង្គមមួយដែលមានការពេញនិយមទូទាំងពិភពលោក។ បណ្តាញសង្គមមួយនេះធ្លាប់ត្រូវបានទទួលការចរចាទិញពីសំណាក់ក្រុមហ៊ុនយក្សរបស់អាមេរិក។

ក្នុងរដ្ឋបាលអតីតប្រធានាធិបតីដូណាល់ ត្រាំ បណ្តាញសង្គមនេះ ត្រូវបានរដ្ឋាភិបាលអាមេរិកចោទថា ជាបណ្តាញសង្គមរបស់រដ្ឋាភិបាលចិន ដែលចូលលួចយកទិន្នន័យរបស់អ្នកប្រើប្រាស់អាមេរិក ប៉ុន្តែថ្នាក់ដឹកនាំក្រុមហ៊ុននេះបានបដិសេធ។
បណ្តាញសង្គម Tik Tok ជាកម្មសិទ្ឋិរបស់ក្រុមហ៊ុនByteDance ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអ៊ីនធឺណេតមួយ ត្រូវបានបង្កើតឡើងដោយលោក Zhang Yiming ក្នុងឆ្នាំ២០១២។ គិតត្រឹមខែមេសា ឆ្នាំ២០២០ ក្រុមហ៊ុននេះមានតម្លៃរហូតទៅ១០០ពាន់លានដុល្លារ។
ByteDance ជាក្រុមហ៊ុនបង្កើតកម្មវិធីចែករំលែកវីដេអូដ៏ល្បីឈ្មោះ TikTok ដែលជាបណ្តាញសង្គមដ៏ល្បីល្បាញ នៅលើពិភពលោក។ ByteDance ក៏បានទិញក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមMusical.ly ដែលមានមូលដ្ឋាននៅទីក្រុងស៊ាងហៃផងដែរ។
ទោះយ៉ាងណាTikTok គឺជាកម្មវិធីរបស់ចិន ដែលត្រូវបានគ្រប់គ្រងនៅខាងក្រៅប្រទេសចិនដោយក្រុមហ៊ុន ByteDance។ TikTok បានប្រឈមមុខនឹងការគំរាមកំហែងជាច្រើន ពីការហាមឃាត់ដោយសមាជិកសភាអាមេរិក ដោយសារតែការចោទប្រកាន់ថា កម្មវិធីនេះកំពុងចែករំលែកព័ត៌មានជាមួយរដ្ឋាភិបាលចិន។
បណ្តាញសង្គមនេះ បច្ចុប្បន្នមានចំនួនអ្នកប្រើប្រាស់រហូតដល់១០០០លាននាក់នៅទូទាំងពិភពលោក៕