តំបន់លំនៅដ្ឋាននៅជាយក្រុងគូឡាឡាំពួររបស់ប្រទេសម៉ាឡេសុីប្រែក្លាយជាតំបន់ពាណិជ្ជកម្ម

ដោយ: គង់ លាងហួរ
អន្តរជាតិ: នៅតំបន់ជាយក្រុង Bangsar និងទីក្រុងរណប Petaling Jaya របស់រាជធានីគូឡាឡាំពួរនៃប្រទេសម៉ាឡេសុី គេបានសង្កេតឃើញថា អគារលំនៅដ្ឋានជាច្រើនត្រូវបានប្រែក្លាយទៅជាអចលនទ្រព្យពាណិជ្ជកម្មដូចជា ការិយាល័យ។

និន្នាការនេះបានកើតមានឡើង ដោយសារការពង្រីកទីក្រុង និងចរាចរណ៍បានធ្វើឱ្យផ្ទះទាំងនោះមិនសូវមានភាពអំណោយផលល្អសម្រាប់ការរស់នៅ ជាពិសេសផ្ទះស្ថិតនៅជាប់ផ្លូវមមាញឹក។

ផ្ទះនៅតាមដងផ្លូវសំខាន់ៗនៅតំបន់ជាយក្រុង Bangsar និងទីក្រុងរណប Petaling Jaya បានបង្កជាភាពទាក់ទាញសម្រាប់ការបង្កើតអាជីវកម្មនានាដូចជា បន្ទប់តាំងបង្ហាញ និងភោជនីយដ្ឋានជាដើម ដោយសារអ្នកបើកបរអាចក្រឡេកឃើញយ៉ាងងាយស្រួល នៅពេលធ្វើដំណើរ។

លោក Prem Kumar នាយកគ្រប់គ្រងក្រុមហ៊ុន Firdaus & Associates Group of Companies បានលើកឡើងថា តម្រូវការបង្កើតអាជីវកម្មនៅតំបន់លំនៅដ្ឋានទាំងនេះបានជំរុញឱ្យមានការប្រែក្លាយលំនៅដ្ឋានទៅជាប្រភេទអចលនទ្រព្យពាណិជ្ជកម្ម។

លោក Stanley Toh នាយកប្រតិបត្តិក្រុមហ៊ុន Laurelcap Sdn Bhd បានលើកឡើងថា នេះជាអត្ថប្រយោជន៍ពិសេសសម្រាប់អាជីវកម្ម និងសហគ្រិនលក្ខណៈគ្រួសារ ដែលពួកគេភាគច្រើនពឹងផ្អែកលើឱកាសបែបនេះដើម្បីបង្កើតប្រាក់ចំណូល និងកសាងជីវភាពរស់នៅប្រកបដោយនិរន្តរភាព។

លោក Stanley Toh បានបន្ថែមថា ការប្រែក្លាយលំនៅដ្ឋានទៅជាតំបន់ពាណិជ្ជកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញភាពជាសហគ្រិនក្នុងស្រុក និងគាំទ្រដល់ប្រជាជនម៉ាឡេសុីវណ្ណៈកណ្តាលដែលកំពុងកើនឡើង។

លោក Toh បានបញ្ជាក់បន្ថែមថា នៅក្នុងទីក្រុងរណប Petaling Jaya អចលនទ្រព្យទាំងនេះត្រូវបានលក់ក្នុងតម្លៃយ៉ាងតិច៣លានរីងហ្គីត(ប្រហែល៧០៧.៩៦៥ដុល្លារ) ជាមួយអត្រាផលចំណេញត្រឡប់មកវិញពីការជួលចន្លោះពី៥,៥ភាគរយទៅ៦,៥ភាគរយ៕

តម្លៃជួលអាផាតមុិននៅសង្កាត់ Manhattan ក្នុងទីក្រុងញូវយ៉កហក់ឡើងដល់កម្រិតខ្ពស់ថ្មី

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃជួលអាផាតមុិននៅសង្កាត់ Manhattan ក្នុងទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិកបានកើនឡើងដល់កម្រិតខ្ពស់មួយទៀតកាលពីខែឧសភា ហើយត្រូវបានគេរំពឹងថា នឹងបន្តកើនឡើង ស្របពេលរដូវកាលប្រកួតប្រជែងរបស់ទីផ្សារមកដល់។

ការជួលអាផាតមុិននៅសង្កាត់ Manhattan មានតម្លៃជាមធ្យមចំនួន៤.៥៧១ដុល្លារអាមេរិកក្នុងមួយខែកាលពីខែឧសភា។នេះបើយោងតាមក្រុមហ៊ុនវាយតម្លៃ Miller Samuel និងឈ្មួញកណ្តាលអចលនទ្រព្យ Douglas Elliman ។

តួលេខខាងលើនេះជាតម្លៃ​បំបែកកំណត់ត្រា​លើកទី​៣ ដែល​សម្រេច​បាន​ក្នុង​រយៈពេល​៤ខែ​កន្លង​មក និងបាន​កើនឡើងលើស​តម្លៃ​ខ្ពស់​បំផុតពីមុន​ចំនួន៧១ដុល្លារ​អាមេរិក។

អ្នកជួលអាផាតមុិនអាចប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងក្នុងរយៈពេលប៉ុន្មានខែខាងមុខ ដោយសារតម្រូវការនឹងកើនឡើង ខណៈសិស្ស និងនិស្សិតដែលបានបញ្ចប់ការសិក្សាថ្មីៗបានសម្រុកចូលមកក្នុងទីក្រុងញូវយ៉ក។

ក្រៅពីកត្តាទាំងនេះ ម្ចាស់អគារអាផាតមុិនត្រូវបានគេរំពឹងថា នឹងដំឡើងតម្លៃបន្ថែមទៀតដើម្បីអាចរ៉ាប់រងការចំណាយរបស់ពួកគេ ក្រោមច្បាប់ស្តីពីការចំណាយលើការជួលអាផាតមុិនដោយយុត្តិធម៌ ដែលហាមឃាត់មិនឱ្យម្ចាស់អគារទាមទារថ្លៃសេវាកម្រៃជើងសារពីអ្នកជួលថ្មី។

លោក Jonathan Miller ប្រធានក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ Miller Samuel បានលើកឡើងថា “យើងនឹងសង្កេតឃើញការកើនឡើង និងប្រតិកម្មរហ័សចំពោះច្បាប់ថ្មីនេះ។តម្លៃជួលអាផាតមុិននឹងហក់ឡើងកាន់តែខ្ពស់ជាងមុន”៕

ការដោះស្រាយគំរោងអភិវឌ្ឍន៍អចលនទ្រព្យសម្រេចបាន១០៩ គំរោងហើយ

ដោយៈស៊ីវ ម៉េង

    ភ្នំពេញៈ ឧបនាយករដ្ឋមន្រ្តីលោកសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានថ្លែងថា មានគំរោងអភិវឌ្ឍន៍អចលនទ្រព្យ បុរី ដីឡូត័ចំនួន១០៩គំរោងបានបញ្ចប់ការដោះស្រាយជាស្ថាបពរហើយ។

លោកបានមានប្រសាសន៍ឲ្យដឹងកាលពី ដើមខែមិថុនា នេះថា មានគំរោងបុរី លំនៅដ្ឋាន និងដីឡូត័ចំនួន១៥៩គំរោងមានបញ្ហា រវាងអ្នកអភិវឌ្ឍន៍និងប្រជាពលរដ្ឋ ដែលក្រសួងបាននិងកំពុងខិតខំដោះស្រាយបញ្ចប់ឲ្យបានលឿនតាមដែលអាចធ្វើទៅបាន។

លោកបញ្ជាក់ថា “ប្រជាពលរដ្ឋខ្លះបានសន្សំលុយទិញផ្ទះ ក្នុងជីវិតពួកគេ ប៉ុន្តែពួកគេមិនបានផ្ទះ តើពួកគេមានអារម្មណ៍បែបណា ទាំងយើងទាំងគេ អញ្ចឹងហើយ ទើបយើងខិតខំដោះស្រាយជូនប្រជាពលរដ្ឋ ដោយយើងឈរខាងប្រជាពលរដ្ឋ”។

លោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់បានបន្តថា ហេតុដូច្នេះដើម្បីកុំឲ្យការផ្គត់ផ្អង់លើសតម្រូវការ និងមានបញ្ហា ក្រសួងនឹងផ្តល់ទិន្នន័យទៅអ្នកអភិវឌ្ឍន៍ឲ្យបានដឹងថា មួយឆ្នាំកម្ពុជាត្រូវការលំនៅដ្ឋានប៉ុន្មានម៉ឺនខ្នង ដើម្បីពួកគាត់អភិវឌ្ឈន៍មកបំពេញតាមតម្រូវការ និងទីផ្សារជាក់ស្តែង។

លោកបន្តថា ជាមួយគ្នានេះ ក្រសួងកំពុងរៀបចំ និងលើកទឹកចិត្តឲ្យមានការសាងសង់អាគារស្អាតៗនៅកម្ពុជា ពិសេសទីក្រុងភ្នំពេញ ដើម្បីលើកកំពស់សោភ័ណភាពផង និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ៕

ទីក្រុងរណបជ្រោយចង្វារ របស់ក្រុមហ៊ុន OCIC ត្រៀម ប្រកាសបើកលក់ដីឡូតិ៍ខ្នាតវីឡា និងខ្នាតអាជីវកម្ម ជាប់ផ្លូវរដ្ឋ នៅក្នុងគម្រោងជ្រោយចង្វារ ហ្គាដិន ក្នុងពេលឆាប់ៗនេះ

ក្រុមហ៊ុនអចលនទ្រព្យឈានមុខគេនៅកម្ពុជា Overseas Cambodian Investment Corporation (OCIC)​ ត្រៀមប្រកាសបើកលក់ជាផ្លូវការ ដីឡូតិ៍ខ្នាតវីឡា និងដីឡូតិ៍ខ្នាតអាជីវកម្ម ជាប់នឹងផ្លូវរដ្ឋ ក្នុងពេលឆាប់ៗនេះ។ ដីឡូតិ៍គម្រោង​ជ្រោយចង្វារហ្គាដិន ដែលស្ថិតក្នុងគម្រោងទីក្រុងរណបជ្រោយចង្វារ មានតម្លៃចាប់ពី $8x,xxx (ប្រាំបីម៉ឺនដុល្លារ) ជាងឡើងទៅ។ សម្រាប់អតិថិជន ២០នាក់ ដំបូង នឹងទទួលបានប្រូម៉ូសិនពិសេស រួមទាំងកាដូថែមជូនជាច្រើនពីក្រុមហ៊ុនផងដែរ។

គម្រោងដីឡូតិ៍នេះ អភិវឌ្ឍឡើងដើម្បីបំពេញតម្រូវការទីផ្សារអចលនទ្រព្យ ដែលផ្តល់នូវភាពបត់បែន តម្លៃល្អ និងឱកាសពិសេសសម្រាប់អតិថិជនទទួលបានគេហដ្ឋានក្នុងក្តីសុបិន។ លើសពីនេះអតិថិជនក៏អាចទទួលគោលការណ៍បង់ប្រាក់ជាច្រើនជម្រើសជាមួយធនាគារកាណាឌីយ៉ា ភីអិលស៊ី ដែលផ្តល់ភាពងាយស្រួលក្នុងបរិបទសេដ្ឋកិច្ចកំពុងផ្លាស់ប្តូរនាពេលបច្ចុប្បន្ន។

អតិថិជននឹងទទួលបានជម្រើសដីឡូតិ៍សម្រាប់សង់ផ្ទះវីឡា ផ្ទះអាជីវកម្ម ឫ សង់ជាទីតាំងការិយាល័យ រួមផ្សំជាមួយនឹងការគាំទ្រផ្នែកហិរញ្ញវត្ថុ ការប្រឹក្សាយោបល់ និងសេវាកម្មសំណង់ប្រកបដោយជំនាញ ដើម្បីជួយអតិថិជនសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន។

ជាទីតាំងដ៏ល្អនៅក្នុងតំបន់ជ្រោយចង្វារ ដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័សទីតាំងជាប់ផ្លូវរដ្ឋ គម្រោងនេះផ្សារភ្ជាប់ទៅផ្លូវ ព្រែកតាសេក ឆ្ពោះត្រង់ទៅផ្លូវ សម្តេច ជាស៊ីម និងវិមានឈ្នះឈ្នះ ដែលផ្ដល់នូវភាពងាយស្រួលក្នុងការធ្វើដំណើរ និងភ្ជាប់ទៅកាន់ទីតាំងសំខាន់ៗក្នុងតំបន់។ មិនត្រឹមតែប៉ុណ្ណោះទីតាំងគម្រោងប្រមូលផ្តុំដោយ ផ្សារ សាលារៀនជាតិ-អន្តរជាតិ មន្ទីរពេទ្យ ស្ថាប័នឯកជន និងស្ថាប័នរដ្ឋធំជាច្រើនផងដែរ។

លក្ខណៈពិសេសនៃគម្រោងដីឡូតិ៍ជ្រោយចង្វារហ្គាដិន រួមមាន:

  • ដីឡូតិ៍ខ្នាតវីឡា៖ ផ្ដល់ជូននូវទំហំដីធំទូលាយ ស័ក្តិសមបំផុតសម្រាប់ការសាងសង់លំនៅឋានប្រណិត វីឡាប្រណិតៗ ដែលផ្ដល់នូវបរិយាកាសស្ងប់ស្ងាត់ និងផាសុកភាពសម្រាប់ការរស់នៅដល់អតិថិជន។
  • ដីឡូតិ៍ខ្នាតអាជីវកម្ម៖ មានទីតាំងអំណោយផលសម្រាប់សាងសង់ផ្ទះអាជីវកម្ម ហាងទំនិញ សាលារៀន ឬការិយាល័យ ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារបច្ចុប្បន្ន។
  • ហេដ្ឋារចនាសម្ព័ន្ធទំនើប៖ គម្រោងនេះនឹងបំពាក់ដោយហេដ្ឋារចនាសម្ព័ន្ធពេញលេញ រួមមាន ប្រព័ន្ធផ្លូវថ្នល់ដែលមានគុណភាពខ្ពស់ ប្រព័ន្ធលូបង្ហូរទឹក ប្រព័ន្ធអគ្គិសនី និងប្រព័ន្ធទឹកស្អាត ដែលធានាបាននូវភាពងាយស្រួលសម្រាប់ការរស់នៅ និងប្រតិបត្តិការអាជីវកម្ម។
  • ទីតាំងយុទ្ធសាស្ត្រ៖ ស្ថិតនៅក្នុងបេះដូងនៃទីក្រុងរណបជ្រោយចង្វារ ដែលជាតំបន់អភិវឌ្ឍ មានសក្ដានុពលខ្ពស់ ព្រមទាំងមានគម្រោងធំៗ ជាច្រើនកំពុងលេចចេញជារូបរាង ជាពិសេសតភ្ជាប់ទៅផ្លូវជាតិ 6A។

ប្រធានគ្រប់គ្រងផ្នែកលក់ជាន់ខ្ពស់គម្រោងទីក្រុងជ្រោយចង្វារ ជឿជាក់យ៉ាងមុតមាំថា គម្រោងដីឡូតិ៍ជ្រោយចង្វារហ្គាដិន នឹងក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់អតិថិជនដែលកំពុងស្វែងរកដីសម្រាប់ការវិនិយោគ សាងសង់លំនៅឋាន ឬពង្រីកអាជីវកម្ម ដោយសារតែតម្លៃសមរម្យ ទីតាំងល្អបំផុត និងមានសក្ដានុពល ជាពិសេសអតិថិជនអាចសាងសង់សំណង់ទៅតាមតម្រូវការអតិថិជន។

ទំនាក់ទំនងសម្រាប់ព័ត៌មានបន្ថែម៖ 011 885 865, 089|093 822​ 009

ក្រុមហ៊ុនចិនថ្មីៗចំនួន៥មកសិក្សាឱកាសវិនិយោគនៅខេត្តព្រះសីហនុ

ដោយៈ ម៉ាណា

    ព្រះសីហនុៈ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លោកម៉ាង ស៊ីណេត បានទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុនវិនិយោគចំនួន៥ក្រុមហ៊ុន មកពីសាធារណរដ្ឋប្រជាមានិតចិន ដើម្បីសក្សាពីលទ្ឋភាពនិងោកាសវិនិយោគនៅខេត្តព្រះសីហនុ។

ក្រុមអ្នកធុរកិច្ចចិន ត្រូវបានដឹកនាំដោយលោក Tang Choayang ប្រធានក្រុមហ៊ុន Guangwang Integrated Housing Co., Ltd ជាក្រុមហ៊ុនវិនិយោគផ្នែកសំណង់លំនៅឋាន ផ្ទះចល័ត និងផ្ទះលំហែកាយ ក្នុងបំណង សិក្សាឱកាសវិនិយោគនៅខេត្តព្រះសីហនុ ដើម្បីពង្រីកទីផ្សារក្នុងតំបន់។

ក្រុមហ៊ុនខាងលើ បានចូលរួមវេទិកាជំរុញវិនិយោគខេត្តព្រះសីហនុ នៅខេត្តអានហ៊ួយ សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ។

ដោយមានការចាប់អារម្មណ៍ ពីសក្តានុពលនៅខេត្តព្រះសីហនុ ទើបក្រុមហ៊ុនរបស់ពួកគាត់ បានសម្រេចចិត្តមកសិក្សាដោយផ្ទាល់ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់បន្ថែមទៀត និងឈានទៅដល់ការសម្រេចចិត្តបណ្ដាក់ទុនវិនិយោគនៅក្នុងខេត្តព្រះសីហនុ។

ទាំងនេះគឺជាលទ្ធផលប្រកបដោយផ្លែផ្កា បន្ទាប់ពីវេទិកាជំរុញការវិនិយោគខេត្តព្រះសីហនុ នៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីផ្សព្វផ្សាយ និងទាក់ទាញវិនិយោគមកកាន់ ព្រះរាជាណាចក្រកម្ពុជានិយាយជារួម និងនិយាយដោយឡែកគឺនៅខេត្តព្រះសីហនុ។ ដោយត្រឹមតែរយៈពេល១សប្តាហ៍ បន្ទាប់ពីការធ្វើវេទិកា គឺទទួលបានការចាប់អារម្មណ៍យ៉ាងច្រើ នពីសំណាក់វិនិយោគិនចិន មកធ្វើការសិក្សាស្វែងយល់អំពីសក្តានុពល និងឱកាសវិនិយោគនៅក្នុងខេត្តព្រះសីហនុជាបន្តបន្ទាប់។

តាមរយៈជំនួបរវាងលោកអភិបាលខេត្តព្រះសីហនុ និងលោក អភិបាលខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ កន្លងមក អភិបាលខេត្តជាំងស៊ូ បានបញ្ជាក់ថាឯកឧត្តមបានណែនាំ ដល់មន្ទីរពាណិជ្ជកម្មខេត្តជាំងស៊ូ ឱ្យដឹកនាំប្រតិភូអ្នកវិនិយោគចិនចំនួន៥០ក្រុមហ៊ុន ទៅធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីឱកាសវិនិយោគនៅខេត្តព្រះសីហនុ នាពេលឆាប់ៗខាងមុខនេះផងដែរ៕

សម្តេចតេជោប្រាប់ឲ្យពករខ្មែរត្រលប់មកផ្ទះវិញហើយត្រូវទៅរកលិខិតស្នាមនៅស្ថានទូត

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ឋសភាបានផ្ញើរសារទៅកាន់ពលរដ្ឋខ្មែរធ្វើការនៅថៃ ហើយគ្មានលិខិតស្នាម ត្រូវទៅរកលិខិតស្នាមនៅស្ថានទូត ឬកុងស៊ុលកម្ពុជា មានអនុព័ន្ធផ្នែការងារផងដែរ។

សម្តេចតេជោថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំពេញអង្គព្រឹទ្ឋសភានាព្រឹកថ្ងៃទី១៦ មិថុនានេះ។

សម្តេចតេជោបានបន្តថា ពលរដ្ឋខ្មែរគ្មានលិខិត ហើយអាចធ្វើដំណើរមកបាន គឺរាជរដ្ឋាភិបាលទទួលយកទាំងអស់ ខាងកម្ពុជាមិនត្រូវការលិខិតស្នាមអ្វីទាំងអស់។ មិនអាចទុកពលរដ្ឋខ្មែរឱ្យក្រុមជ្រុលនិយមថៃប្រមាថមើលងាយនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលសម្តេច និងសម្តេចនាយករដ្ឋមន្ត្រី បង្ហោះសារពាក់ព័ន្ធពលករខ្មែរនៅ តែងមានការលើកឡើងពីបញ្ហាបំណុល។

សម្តេចតេជោ បានថ្លែងអំណរគុណ របស់សមាគមគ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា ដែលទទួលយកសំណូមពរ របស់រាជរដ្ឋាភិបាល ក្នុងការសម្របសម្រួល ឬបន្ធូរបន្ថយសម្រាប់ការបង់ធនាគាររបស់ពលរដ្ឋត្រឡប់មកកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់សមាគមគ្រឹះស្ថានហិរញ្ញវត្ថុជួយសម្របសម្រួល ដល់ពលករខ្មែរដែលត្រឡប់មកវិញ៕

សម្តេចតេជោៈកម្ពុជាមិនខ្វះអាវុធធ្វើសង្រ្គាមឡើយ តែការចចារនិងអនុវត្តន៍ច្បាប់អន្តរជាតិជាជម្រើសសន្តិភាព

ដោយៈ រ៉ាយុទ្ឋ

    ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ឋសភាបានថ្លែងថា កម្ពុជា មិនខ្វះសព្វាវុធធ្វើសង្គ្រាមនោះឡើយ តែកម្ពុជាមិនចង់ធ្វើវ៉ៃនរណានោះឡើយ គឺត្រឹមការពារខ្លួនប៉ុណ្ណោះ ការចរចា និងការអនុវត្តច្បាប់អន្តរជាតិ គឺជាជម្រើសសន្តិភាព។

សម្តេចតេជោបានថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំព្រឹទ្ឋសភានាព្រឹកថ្ងៃទី១៦ មិថុនានេះ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីរំពឹងថា ប្រទេសលើពិភពលោកនឹងគាំទ្រកម្ពុជា ក្នុងការប្រើយន្តការច្បាប់អន្តរជាតិ។

សម្តេចតេជោបញ្ជាក់ថា “មានតែចោរទេ ដែលខ្លាចតុលាការ បើបរិសុទ្ធ មិនខ្លាចតុលាការនោះឡើយ”។

សម្តេចតេជោ ហ៊ុន សែន ចាត់ទុកម៉ាឡេស៊ី និងសិង្ហបុរី ជាគំរូក្នុងការដោះស្រាយបញ្ហាវិវាទ ព្រំដែនជាមួយគ្នា តាមរយៈយន្តការតុលាការយុត្តិធម៌អន្តរជាតិ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវដល់ប្រទេសនានាដែលស្រឡាញ់សន្តិភាព ហើយស្អប់សង្គ្រាម សូមគាំទ្រការប្តឹងរបស់កម្ពុជាទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា “កុំខ្លាចបើមានសុចរិតគ្រប់គ្រាន់។ សម្រាប់អ្នកមានអាថ៌កំបាំងនៅពីក្រោយ គឺមិនហ៊ានឡើងតុលាការនោះឡើយ”។

 

សម្តេចបន្តរំលឹកថា ជាការគាប់ជួនណាស់៦៣ឆ្នាំ កម្ពុជាបានយកឈ្នះក្តីនៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ហើយថ្ងៃដដែលម្សិលមិញ កម្ពុជា បានប្តឹងជាថ្មីទៅ ICJ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ហេតុអ្វីកម្ពុជា ត្រូវឡើងទៅ ICJ? ទៅ ICJ ព្រោះកម្ពុជា និងថៃ មិនអាចរកការស្រុះស្រួលគ្នាលើតំបន់ទាំង៤ ប្រាសាទតាមាន់ធំ តាមាន់ធំ តាក្របី និងមុំ៣៕

រដ្ឋាភិបាល​វៀតណាមព្យាយាម​ទម្លាក់​តម្លៃ​ដី​ដើម្បី​ធ្វើ​ឱ្យ​លំនៅដ្ឋានកាន់តែ​មាន​តម្លៃសមរម្យ

ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋាភិបាល​វៀតណាមបាន​ណែនាំ​ដល់​ក្រសួង និង​ស្ថាប័ន​ផ្សេងទៀត​ឱ្យ​កំណត់​ពី​មូលហេតុ​នៃ​ការកើនឡើង​តម្លៃ​អចលនទ្រព្យ និង​ស្នើ​វិធានការ​ដើម្បី​រក្សា​ស្ថិរភាព​។នេះបើយោងតាមការចុះផ្សាយដោយកាសែត Vnexpress។

រដ្ឋាភិបាល​វៀតណាមបានទទួលស្គាល់នៅក្នុងរបាយការណ៍ថ្មីៗនេះថា ទីផ្សារអចលនទ្រព្យវៀតណាមមិនទាន់មានការអភិវឌ្ឍន៍សមស្របទៅនឹងសក្តានុពលនៅឡើយទេ ដោយសារបញ្ហាប្រឈមមួយចំនួននៅតែបន្តអូសបន្លាយ។

បញ្ហាប្រឈមទាំងនោះមានដូចជាកង្វះខាតលំនៅដ្ឋានមានតម្លៃសមរម្យសម្រាប់ប្រជាជនវ័យក្មេង និងប្រជាជនមានប្រាក់ចំណូលទាប និងចំនួនផ្ទះវីឡា និងលំនៅដ្ឋានតម្លៃខ្ពស់ផ្សេងទៀតដ៏ច្រើនសម្បូរបែប។

ម៉្យាងទៀត តម្លៃលំនៅដ្ឋានក៏មានភាពខុសគ្នាស្រឡះជាមួយនឹងអំណាចនៃការទិញរបស់អ្នកទិញក្នុងគោលបំណងរស់នៅពិតប្រាកដ ខណៈការទិញស្តុកទុកវិនិយោគដើម្បីលក់យកផលចំណេញនៅតែបន្តកើតមាននៅក្នុងតំបន់ជាច្រើន។

រដ្ឋាភិបាលបានណែនាំឱ្យក្រសួង និងអាជ្ញាធរមូលដ្ឋានចាំបាច់ត្រូវកំណត់កត្តាមួយចំនួនដូចជាតម្លៃដី និងសម្ភារៈសំណង់ និងអត្រាការប្រាក់លើប្រាក់កម្ចី ដែលជាមូលហេតុចម្បងក្នុងការជំរុញឱ្យតម្លៃអចលនទ្រព្យនៅលើទីផ្សារមានការកើនឡើង។

ជាមួយគ្នានេះ ក្រសួង និងអាជ្ញាធរមូលដ្ឋានចាំបាច់ត្រូវបង្រ្កាបអង្គភាព និងបុគ្គលទាំងឡាយណា ដែលកេងប្រវ័ញ្ចលើការដេញថ្លៃដីដើម្បីបំប៉ោងតម្លៃដី ព្រោះការណ៍នេះអាចបង្កការរាំងស្ទះដល់ការអភិវឌ្ឍន៍លំនៅដ្ឋាន។

ការរៀបចំតាក់តែងផែនការត្រូវស្របតាមតម្រូវការជាក់ស្តែង ដោយធានាឱ្យមានការបែងចែកដីសមស្របសម្រាប់តម្រូវការពាណិជ្ជកម្មផ្សេងទៀត ដើម្បីធានាថា ដីនៅសល់គ្រប់គ្រាន់សម្រាប់ការអភិវឌ្ឍន៍លំនៅដ្ឋាន។

យោងតាមក្រសួងសំណង់វៀតណាមបានឱ្យដឹងថា នៅត្រីមាសទី១ ឆ្នាំ២០២៥ តម្លៃផ្ទះ និងតម្លៃដីបានកើនឡើងចន្លោះពី២០ភាគរយ ទៅ៤០ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នៅតាមទីតាំងមួយចំនួនក្នុងប្រទេសនេះ៕

កំណើននៃការទិញដី និងលំនៅដ្ឋានដោយជនបរទេសក្នុងប្រទេសកូរ៉េ ខាងត្បូងកំពុងជំរុញឱ្យមានការស្នើបទប្បញ្ញត្តិតឹងរុឹង

ដោយ: គង់ លាងហួរ
អន្តរជាតិ: កំណើនការទិញដីធ្លី និងលំនៅដ្ឋានដោយជនបរទេសនៅប្រទេសកូរ៉េខាងត្បូងបានជំរុញឱ្យមានការជជែកដេញដោល និងការអំពាវនាវឱ្យមានការរឹតបន្តឹងបទប្បញ្ញត្តិ។នេះបើយោងតាមការចុះផ្សាយដោយកាសែតកូរ៉េខាងត្បូង Korea Times។

រដ្ឋាភិបាលថ្មីរបស់ប្រធានាធិបតីលោក Lee jae-myung បានដាក់សំណើផ្លូវការមួយទៅកាន់ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងការដឹកជញ្ជូន ដោយជំរុញឱ្យក្រសួងដាក់ចេញជាផ្លូវការនូវបទប្បញ្ញត្តិទៅវិញទៅមក(Reciprocity)ក្នុងច្បាប់អចលនទ្រព្យ។

នៅក្នុងបរិបទនេះ​ ពាក្យ “Reciprocity”មានន័យសំដៅទៅលើបទប្បញ្ញត្តិទៅវិញទៅមក ដែលថា ប្រសិនបើប្រទេសណាមួយដាក់កម្រិត ឬហាមឃាត់មិនឱ្យពលរដ្ឋកូរ៉េទិញអចលនទ្រព្យ នោះកូរ៉េខាងត្បូងគួរតែដាក់កម្រិតដូចគ្នាលើពលរដ្ឋមកពីប្រទេសនោះ។

កម្មសិទ្ធិ​របស់ជនបរទេស​លើអចលនទ្រព្យ​នៅកូរ៉េ​ខាងត្បូងមាន​ការ​កើនឡើង​ជា​លំដាប់។គិតត្រឹមដំណាច់ឆ្នាំ២០២៤កន្លងទៅ ជនបរទេសកាន់កាប់ដីប្រមាណ២៦៨លានម៉ែត្រការ៉េ នៅក្នុងប្រទេសកូរ៉េខាងត្បូង កើនឡើង១,២ភាគរយធៀបនឹងឆ្នាំ២០២៣។

ជាមួយគ្នានេះ ចំនួន​លំនៅដ្ឋានជា​កម្មសិទ្ធិ​របស់​ជនបរទេស​ក៏​បាន​កើន​ឡើង៥,៤ភាគរយ​ដល់ចំនួន១០០.២១៦យូនីត​គិត​ត្រឹម​ដំណាច់​ខែ​មិថុនា ឆ្នាំ ២០២៣។

យោងតាមទិន្នន័យចុះបញ្ជីអចលនទ្រព្យរបស់តុលាការកំពូលកូរ៉េខាងត្បូងបានឱ្យដឹងថា ម្ចាស់ផ្ទះជាជនបរទេសចំនួន៨.៦៥៥នាក់បានជួលផ្ទះដែលពួកគេបានទិញ ទៅឱ្យអតិថិជនដទៃនៅចន្លោះខែមករារហូតដល់ខែឧសភា ឆ្នាំ២០២៥នេះ ដែលបង្ហាញពីការវិនិយោគយ៉ាងសកម្ម។

ការអំពាវនាវឱ្យមានច្បាប់កាន់តែតឹងរ៉ឹង ដោយសារការត្រួតពិនិត្យលើប្រតិបត្តិការទិញ-លក់-ជួលដោយជនបរទេសនៅមានកម្រិតនៅឡើយ។ ជាពិសេស ប្រទេសចិនបានហាមឃាត់ ឬដាក់កម្រិតយ៉ាងខ្លាំងមិនឱ្យពលរដ្ឋកូរ៉េខាងត្បូងទិញអចលនទ្រព្យនៅចិន។

ការណ៍នេះបានជំរុញឱ្យមានការស្នើចាត់វិធានការរឹតបន្តឹងដូចគ្នាទៅលើជនជាតិចិន ដែលចូលមកទិញអចលនទ្រព្យនៅកូរ៉េខាងត្បូង៕

កត្តាសំខាន់ៗចំនួន២ ជំរុញឱ្យតម្លៃលំនៅដ្ឋានក្នុងប្រទេសសិង្ហបុរីបន្តកើនឡើង

ដោយ: គង់ លាងហួរ
អន្តរជាតិ: បើទោះបីជាមានភាពមិនច្បាស់លាស់ពីពន្ធគយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក និងការថយចុះនៃការលក់ផ្ទះថ្មី គិតចាប់តាំងពីខែមេសាយ៉ាងណាក្តី ក៏តម្លៃលំនៅដ្ឋាននៅក្នុងទីក្រុងសិង្ហបុរីនៅតែបន្តមានការកើនឡើង។

ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Savills បានវាយតម្លៃថា កំណើននេះបណ្តាលមកពីកត្តាចំនួន២ ដូចជាកំណើនទ្រព្យសម្បត្តិរបស់ពលរដ្ឋសិង្ហបុរី និងការកើនឡើងនូវតម្លៃផ្ទះសាធារណៈ (Second-hand HDB) ប្រភេទទី២ ដែលសាងសង់ឡើងដោយរដ្ឋាភិបាលសិង្ហបុរី។

ម៉្យាងវិញទៀត បើទោះបីជាការលក់លំនៅដ្ឋាននៅក្នុងត្រីមាសទី២ ឆ្នាំ២០២៥ អាចនឹងធ្លាក់ចុះ ដោយសារតែកង្វះទំនុកចិត្តរបស់អ្នកទិញយ៉ាងណាក្តី ក៏ប៉ុន្តែកត្តាទាំងពីរខាងលើត្រូវបានគេរំពឹងថា នឹងរក្សាភាពធន់របស់តម្រូវការ។

ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ទំហំយូនីតលំនៅដ្ឋានក្នុងគម្រោងបើកដំណើរការថ្មីបានកើនឡើងជាលំដាប់។ និន្នាការនេះអាចបន្តកើតមាន ប្រសិនបើតម្លៃផ្ទះ HDB ប្រភេទទី២ បន្តកើនឡើងលឿនជាងតម្លៃផ្ទះរបស់ក្រុមហ៊ុនអចលនទ្រព្យឯកជន។

កាលពីត្រីមាសទី១ ឆ្នាំ២០២៥ តម្លៃផ្ទះ HDB ប្រភេទទី២ បានកើនឡើង១,៦ភាគរយធៀបនឹងត្រីមាស ទី៤ ឆ្នាំមុន ខណៈតម្លៃផ្ទះឯកជនបានកើនឡើងត្រឹមតែ០,៨ភាគរយប៉ុណ្ណោះ។នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Savills។

ការណ៍នេះអាចនាំឱ្យអ្នកអភិវឌ្ឍន៍ឯកជនដាក់បញ្ចូលយូនីតលំនៅដ្ឋានមានបន្ទប់គេងចំនួន៣បន្ថែមទៀតនៅក្នុងគម្រោងអភិវឌ្ឍន៍នានារបស់ពួកគេ។ ជាក់ស្តែង គម្រោង Lentor Central Residences និងគម្រោង The Orie ដែលមានយូនីតលំនៅដ្ឋានធំៗបានសង្កេតឃើញមានតម្រូវការខ្ពស់។

ទោះជាយ៉ាងណាក្តី ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Savills បានព្រមានថា តម្រូវការយូនីតលំនៅដ្ឋានធំៗមានភាពប្រែប្រួលខុសៗគ្នាទៅតាមតំបន់នីមួយៗ។ ដូច្នេះ ការសិក្សាស្រាវជ្រាវឱ្យបានច្បាស់អំពីទីផ្សារនៅតែមានសារៈសំខាន់។

យ៉ាងណាមិញ តម្លៃលំនៅដ្ឋានរបស់ប្រទេសសិង្ហបុរីនៅតែត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងនៅក្នុងត្រីមាសជាបន្តបន្ទាប់ខាងមុខ ដោយសារគម្រោងលំនៅដ្ឋាននានាជាច្រើនទៀត ដែលគ្រោងដាក់ឱ្យដំណើរការថ្មីអាចនឹងមានតម្លៃខ្ពស់ជាងមុន៕