ឯកអគ្គរាជទូតជប៉ុនកំពុងសំឡឹងឃើញសក្តានុពលក្រុងចំនួន២ របស់កម្ពុជាដែលដើរតួនាទីគាំទ្រដល់សេដ្ឋកិច្ចកម្ពុជា

ដោយវុត្ថា

ភ្នំពេញ៖ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចាត់ទុកខេត្តព្រះសីហនុ និងក្រុងប៉ោយប៉ែត គឺជាកន្លែង និងច្រកសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា បន្ទាប់ពីលោក បានធ្វើដំណើរទស្សនកិច្ច និងបំពេញកិច្ចការជាច្រើនកន្លែងនៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។

នៅក្នុងសារចំណាប់អារម្មណ៍របស់ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាចេញផ្សាយនៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២០នេះ សម្រាប់គម្រប់ខួបមួយឆ្នាំ ដែលលោក បានមកបំពេញការងារជានៅក្នុងប្រទេសកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ លោកបានមានឱកាសបានចុះបំពេញកិច្ចការនៅខេត្តមួយចំនួននៅកម្ពុជាផងដែរ។

នៅក្នុងដំណើរបំពេញបេសសកម្មនៅក្នុងប្រទេសកម្ពុជា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ក្នុងនាមជាសហប្រធាននៃគណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ បានធ្វើដំណើទៅកាន់ទស្សនាបេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញ គឺប្រាសាទអង្គរ ប្រាសាទសំបូរព្រៃគុក នៅខេត្តកំពង់ធំ និងប្រាសាទព្រះវិហារ ហើយក៏បានទៅខេត្តព្រះសីហនុ និងទីក្រុងប៉ោយប៉ែត ដែលជាទីកន្លែងសំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា។

លោកបន្តថា ‘ខ្ញុំចង់ធ្វើទស្សនកិច្ចខេត្តផ្សេងៗទៀតដើម្បីយល់ដឹងពីស្ថានភាពជាក់ស្តែងនៃប្រទេសកម្ពុជាកាន់តែច្បាស់”។

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ សរសេរបន្ថែមថា “ពេលវេលាមួយឆ្នាំ គឺពិតជាដើរលឿនណាស់ បន្ទាប់ពីពេលដែលខ្ញុំបានមកដល់កម្ពុជាក្នុងនាមជាឯកអគ្គរាជទូតជប៉ុន កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំមុន។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជនកម្ពុជាដែលបានស្វាគមន៍ និងផ្ញើសារដ៏កក់ក្តៅជាច្រើនមកដល់ខ្ញុំ។

លោកម៉ាកាមិ បានសរសេរបន្ថែមថា “តាំងពីដើមឆ្នាំនេះមក បញ្ហាមេរោគCovid-19 បានផ្ទុះឡើងនៅទូទាំងពិភពលោក ហើយធ្វើឲ្យជីវភាពរស់នៅរបស់យើងម្នាក់ៗបានផ្លាស់ប្តូរយ៉ាងខ្លាំង។ ទោះបីជាកម្ពុជាស្ថិតនៅក្នុងស្ថានភាពឋិតឋេរ ដោយមានការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងប្រជាជនក៏ដោយ ខ្ញុំដឹងថាប្រជាជនកម្ពុជា ក៏មានការព្រួយបារម្ភ និងជួបប្រទះការពិបាកជាច្រើនផងដែរ។ នៅពេលបច្ចុប្បន្ននេះ មានកម្មវិធីជាច្រើនបានផ្អាក និងពន្យារពេល ហើយការចេញចូលក្នុង និងក្រៅប្រទេសក៏មានការរឹតត្បិត”។

កាលពីថ្ងៃទី២១ និង២២ ខែសីហា ថ្មីៗនេះ លោក ម៉ូតេហ្គី រដ្ឋមន្រ្តីការបរទេសជប៉ុនបានធ្វើទស្សនកិច្ចនៅកម្ពុជា ហើយបានឯកភាពគ្នាជាមួយសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស ថាប្រទេសយើងទាំងពីរនឹងបើកឲ្យប្រជាជនយើងអាចធ្វើដំណើរទៅវិញទៅមកបានបន្តិចម្តង បន្តិចម្តង ដោយស្របជាមួយនឹងវិធានការផ្សេងៗទប់ទល់នឹងCovid-19។

លោកមិកាមិ បានណែនាំពាក្យជប៉ុនមួយឃ្លាថា “ピンチはチャンス“ ដែលមានន័យថា ”វិបត្តិគឺជាឱកាស”។ ទោះបីជា ស្ថិតក្រោមស្ថានភាពបែបនេះក៏ដោយ លោកនឹងនៅតែគិតគូរថា តើខ្ញុំអាចធ្វើអ្វីបានខ្លះ ក្នុងនាមជាឯកអគ្គរាជទូតជប៉ុន និងបន្តព្យាយាមជម្រុញបន្ថែមទៀតនូវមិត្តភាពនៃប្រទេសយើងទាំងពីរកាន់តែស៊ីជម្រៅ ដោយសហការជាមួយ កម្ពុជា៕

ក្រុមហ៊ុន​សេវាកម្ម​លក់រាយ​ដ៏​ធំ​មាន​មូលដ្ឋាន​នៅ​អង់គ្លេស​គ្រោង​ឈាន​ជើង​ចូលទីផ្សារ​កម្ពុជា

ដោយ​វុត្ថា

ភ្នំពេញៈ ក្រុមហ៊ុន  Grant Thornton International Ltd ដែលមាន​មូលដ្ឋាន​នៅក្នុង​ចក្រភព​អង់គ្លេស បានប្រកាស​ដាក់ឱ្យ​ដំណើរការ​សេវាកម្ម លក់រាយ​របស់​របស់​ខ្លួន ដែលមាន​ឈ្មោះថា “Retail: Navigating the Impact of Covid-19” ក្នុង​ការជួយ​ក្រុមហ៊ុន​នានា​ដែលមាន​បំណង​ផ្លាស់ប្តូរ ទីតាំង​មកកាន់​ប្រទេស​កម្ពុជា និង​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​អាស៊ាន។

លោកស្រី Marivic Espano ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយិកា​ក្រុមហ៊ុន P&A Grant Thornton បានឱ្យដឹង​នៅ​ថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២០កន្លងមក​ថា មូល​ហេតុដែល​ក្រុមហ៊ុន​ពង្រីក​សេវាកម្ម កម្មវិធី​មកកាន់​កម្ពុជា និង​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​អាស៊ាន​នាពេលនេះ ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​កើនឡើង​ក្នុង​តំបន់​អាស៊ាន។

លោកស្រី​បន្តថា “ក្រុមហ៊ុន​ផ្លាស់ប្តូរ​ប្រតិបត្តិការ​សេវា​របស់ខ្លួន​មកកាន់​កម្ពុជា និង​តំបន់​អា​ស៊ា​នាពេលនេះ បន្ទាប់ពី​មាន​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ និង​ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ចិន” ។

លោកស្រី​បន្តថា សេវា​កម្មនេះ ផ្តោតលើ​សហគ្រាស​ធុន​មធ្យម និង​សហគ្រាស​ធុន​ធំ ដែល​កំពុង​សម្លឹងមើល​ការពង្រីក​ទូ​តាំង ឬ​ធ្វើ​ពិពិធ​កម្ម​អាជីវកម្ម​របស់​ពួកគេ​មកកាន់​តំបន់ តាមរយៈ​សមាជិក ក្រុមហ៊ុន Grant Thornton នៅក្នុង​ប្រទេស​អាស៊ាន​ចំនួន៧ រួមមាន​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន សិង្ហ​បុរី ថៃ វៀតណាម និង​កម្ពុជា។

លោកស្រី​បន្ថែមថា ក្រុមហ៊ុន Grant Thornton International Ltd អាច​ផ្តល់ឱ្យ​សហគ្រាស​ធុន​មធ្យម ដល់​សហគ្រាស​ធុន​ធំ​នូវ​ទស្សនវិស័យ​អាជីវកម្ម និង​ទស្សនវិស័យ​យុទ្ធសាស្ត្រ វាយតម្លៃ​ពី​បញ្ហា​ប្រឈម​អាជីវកម្ម និង​គាំទ្រ​តម្រូវការ​របស់​ពួកគេ​ក្នុងការ​ជំរុញ​កំណើន​ក្នុងស្រុក​ឬ​តំបន់ តាមរយៈ​ការគ្រប់គ្រង​ហានិភ័យ ឬ​ការគ្រប់គ្រង​ថ្លៃដើម។

លោកស្រី Espano បាន​ថ្លែងថា“ យើង​ផ្តល់ជូន​នូវ​សេវាកម្ម​ឆ្លងកាត់​ព្រំដែន សម្រាប់​សហគ្រាស​ធុន​មធ្យម និង​សហគ្រាស​ធុន​ធំ ដើម្បី​ស្វែងរក​ឱកាស​ពង្រីក​អាជីវកម្ម​លក់រាយ​រប​ស់​ពួកគេ​នៅ​ទូទាំង​តំបន់​អាស៊ាន និង​មក​កម្ពុជា” ។

លោកស្រី​បាន​កត់សម្គាល់ថា ឧស្សាហកម្ម​លក់រាយ ត្រូវបាន​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ក្នុងកំឡុងពេល​នៃ​ការផ្ទុះ​ឡើង​នៃ COVID-១៩ ហើយ​បច្ចុប្បន្នកំពុង​ប្រឈមមុខ​នឹង​បញ្ហា​ទីផ្សារ​ហិរញ្ញវត្ថុ​ប្រជាជន និង​បញ្ហា​ប្រតិបត្តិការ​របស់ខ្លួន។

ក្រុមហ៊ុន Grant Thornton International Ltd បាន​សម្ពោធ​ដាក់ឱ្យ​ដំណើរការ កម្មវិធី ‘Retail: Navigating the Impact of COVID-19’ ក្នុង​គោលបំណង​ជួយ​ដល់​ក្រុមហ៊ុន​ផ្សេងទៀត នៅក្នុង​ឧស្សាហកម្ម​លក់រាយ​មក​កាន់​កម្ពុជា និង​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន ក្នុងអំឡុងពេល​មាន​រោគរាតត្បាត​នៃ​ជំងឺ​កូ​វីដ១។

ក្រុមហ៊ុន Grant Thornton International  គឺជា​ក្រុមហ៊ុន​ធំជាងគេ​ទី៧ លើ​ពិភពលោក​ដែល​រកបាន​ប្រាក់ចំណូល និង​ធំ​លំដាប់​ទី៦ ដែល​ផ្តល់នូវ​សេវាកម្ម​ប្រកប​វិជ្ជាជីវៈ  គណនេយ្យភាព ឯករាជ្យ និង​ជា​ក្រុមហ៊ុន​ប្រឹក្សា​យោបល់ ដែល​ផ្តល់​សេវាកម្ម​ធានា​ពន្ធ និង​សេវា​ប្រឹក្សា​ដល់​អាជីវកម្ម ដែល​កាន់កាប់​ដោយ​ឯកជន និង​អង្គភាព​សាធារណៈ។

ក្រុមហ៊ុន Grant Thornton International  មាន​ទីស្នាក់ការ​កណ្តាល​នៅក្នុង​ទីក្រុង​អង់គ្លេស ដែល​ធ្វើ​ប្រតិបត្តិការ​ជាង១៣០ប្រទេស និង​មាន​បុគ្គលិក​ជាង៥៦.០០០នាក់ ដែលមាន​ប្រាក់ចំណូល​ចំនួន៥,៧២ ពាន់​លាន​ដុល្លារ​អាមេរិក៕

គម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យ​ដ័​ធំ​មួយ​តម្លៃ ១០០០លាន​ដុល្លារ​នៅ​តំបន់​រាម​នឹង​បើក​ការដ្ឋាន​សាងសង់​នាពេលឆាប់ៗខាងមុខនេះ

ដោយៈ រ៉ា​ណេ​ត

ព្រះសីហនុៈ គម្រោង​អភិវឌ្ឍ​ក្រុង​ថ្មី​នៃ​តំបន់ឆ្នេរ​រាម ខេត្ត​ព្រះសីហនុ កំពុង​បង្ហាញ​សក្តានុពល​កាន់តែខ្លាំង ជាមួយនឹង​ទុនវិនិយោគ​សរុប រហូតដល់ ១០០០លាន​ដុល្លារ ដែល​នឹង​គ្រោង​ផ្ដើម​បើក​ការដ្ឋាន​សាងសង់ ក្នុង​ជំហាន​ដំបូង​នៅពេលឆាប់ៗខាង​នេះ។

គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រាម CRYSTAL VILLE REAM BEACH ដែលមាន​ទំហំ​ទឹកប្រាក់​វិនិយោគ​យ៉ាង​សន្ធឹកសន្ធាប់ ដែល​នឹង​ធ្វើឱ្យ​តំបន់​រាម ខេត្ត​ព្រះសីហនុ ក្លាយជា​ទីឋាន​ដ៏​អស្ចារ្យ ដែលមាន​ការអភិវឌ្ឍ​ចំរុះ ដូចជា​បណ្តុំ​លំនៅដ្ឋាន​ប្រភេទ​វីឡា កម្រិត​អភិជន មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ផ្សារ​ទំនើប និង​សណ្ឋាគារ​ផ្កាយ៥ រួម​នឹង​តំបន់​កម្សាន្ត​ជាច្រើន​ទៀត ក្រោម​ការវិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន​ក្នុងស្រុក និង​ក្រុមហ៊ុន​ដ៏​ធំ​មកពី​សឹង្ហ​បូរី។

នាយិកា​គ្រប់គ្រង​ផ្នែក​លក់​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រាម CRYSTAL VILLE REAM BEACH អ្នកនាង​លីម សុខា​ដាវី​ន បាន​បង្ហើប​ប្រាប់ឱ្យដឹង​នៅ​ដើម​សប្ដាហ៍​នេះ​ថា គម្រោង​អភិវឌ្ឍន៍​ទីក្រុង​ស៊ី​វិ​ល័យ​ដ៏​ធំ​មួយ​នេះ នឹងត្រូវ​បាន​បែង​ចែកជា​ដំណាក់កាល និង​តំបន់​ផ្សេងគ្នា​ជាច្រើន ដែល​ក្នុងនោះ​រួមមាន​ដូចជា លំនៅដ្ឋាន​លំហែរ​កាយ​បែប​វីឡា​កម្រិត​អភិជន (៣ប្រភេទ​ផ្សេងគ្នា) សណ្ឋាគារ​អន្តរជាតិ​លំដាប់​ផ្កាយ៥ ផ្សារ​ទំនើប ក្លឹប​លើ​ឆ្នេរសមុទ្រ រួមជាមួយ​នឹង​អាង​ហែល​ទឹកសមុទ្រ​សិប្បនិម្មិត CRYSTAL LAGOON ដ៏​ធំ​នៅ​ចំ​កណ្តាល​គម្រោង​អភិវឌ្ឍន៍ ដែលមាន​ទំហំ​រហូតដល់៦ហិកតា។

លំនៅដ្ឋាន​បែប​វីឡា​ទាំង៣ប្រភេទ ដែល​ស្ថិតនៅក្នុង​គម្រោង​អភិវឌ្ឍន៍​ដ៏​ធំ​និង​លើកដំបូង​នៅ​ក្រុង​រាម​មួយ​នេះ គឺ​សុទ្ធ​តែមាន​លក្ខណៈ​ខុសប្លែក​ពី​គម្រោង​ទូទៅ ដោយសារតែ​ក្រុមហ៊ុន​វិនិយោគ និង​អភិវឌ្ឍន៍​ផ្តោត​សំខាន់​ទៅលើ​ភាព​ច្នៃប្រឌិត បង្កើត​សោភ័ណភាព​ស្រស់ស្អាត និង​ប្រណីតភាព ស័ក្ដិសម​ទៅនឹង​ប្រភេទ​វីឡា​ស្នាក់នៅ បែប​លំហែរ​កាយ​នៅ​តំបន់​ឆ្នេរសមុទ្រ​ជិត​ឧទ្យាន​ជាតិ​រាម ខេត្ត​ព្រះសីហនុ។

អ្វីដែល​រឹតតែ​អស្ចារ្យ និង​ជា​ភាព​ទាក់ទាញ​នៅក្នុង​គម្រោង​មួយ​នេះ ក្រៅតែពី​ជា​វីឡា សម្រាប់​ស្នាក់នៅ​លំហែរ​កាយ គឺ​នៅមាន​ភាព​អស្ចារ្យ​ជាច្រើន​ទៀត ក្រោម​គំនិត​ច្នៃប្រឌិត​របស់​អ្នកជំនាញ​មកពី​សាំង​ហ្គា​ពួរ” ។ គ្រប់​វីឡា​ទាំងអស់ សុទ្ធ​តែមាន​អាង​ហែក​ទឹក​នៅ​ពីមុខ ត្រូវ​តាម​ក្បួន​ហុងស៊ុយ​ជនជាតិ​ចិន មាន​កន្លែង​អង្គុយ​សម្រាក​លេង ឬ​ដេក​ហាល​កំដៅថ្ងៃ​នា​តំបន់​សមុទ្រ មាន​តំបន់​ម្លប់ឈើ​បៃតង​នៅ​ព័ទ្ធជុំវិញ ហើយ​នៅលើ​ដំបូល​ក៏មាន​កន្លែង​អង្គុយលេង ឬ​ទទួលទាន​អាហារ​លក្ខណៈ​គ្រួសារ​ផងដែរ។

គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រាម CRYSTAL VILLE REAM BEACH ក្នុង​ដំណាក់​ដំបូង​នេះ ស្ថិតនៅ​តំបន់​ដែល​ពោរពេញ ទៅដោយ​សម្រស់​ធម្ម​ជា​តោ​យ៉ាង​ត្រកាល ដោយនៅ​ពីក្រោយ​គម្រោង​មាន​ជួរ​ភ្នំ​ដ៏​ខ្ពស់ និង​វែង​អន្លាយ នៅ​ពី​គម្រោង​ជាប់​ជាមួយនឹង​បឹង​កោង​កាង នៅ​ចំ​ពីមុខ​គម្រោង​ជា​ឆ្នេរសមុទ្រ​ដ៏​ស្រស់ស្អាត ភ្ជាប់​ជាមួយនឹង​មហាវិថី​ឆ្នេរ​រាម ដែលមាន​ទំហំ៥០ម៉ែត្រ ត​ភ្ជាប់​ទៅកាន់​ឆ្នេរ​អូរត្រេះ៕

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ធំ​ក្នុង​ពិភពលោក (RCEP) បង្ហាញ​ពី​ការវិវត្តន៍​ឆ្ពោះទៅរក​ការចុះហត្ថលេខា​នៅ​ចុងឆ្នាំ​នេះ

ដោយៈ ប៊ី

ភ្នំពេញៈ រដ្ឋមន្ត្រី​មកពី​ប្រទេស​ចំនួន១៥ នៅ​អាស៊ី​ប៉ាស៊ីហ្វិក​បាន​បន្ត​កិច្ចចរចា​របស់ខ្លួន ដើម្បី​បង្កើត​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP) កាលពី​សប្តាហ៍​មុន ដោយ​គ្មាន​ការចូលរួម​ពី​ប្រទេស​ឥណ្ឌា ដែល​បាន​ដើរ​ចេញពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA)ដ៏​ធំ​កាលពី​ខែវិច្ឆិកា។


ថ្លែង​តាម​វីដេអូ Conference ក្រុម​រដ្ឋមន្ត្រី​បាន​និយាយថា ប្រទេស​សមាជិក​បានធ្វើ​ឱ្យមាន​វឌ្ឍនភាព​គួរឱ្យកត់សម្គាល់ ក្នុងការ​ឆ្ពោះទៅរក​ការចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​នេះ​នៅ​ខែវិច្ឆិកា​ឆ្នាំនេះ ដែល​យឺត​ជាង​កាលវិភាគ ខណៈ​ប្រទេសផ្សេងៗទៀត​កំពុង​ព្យាយាម​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សេដ្ឋកិច្ច ដែល​រង​ការបំផ្លាញ​ដោយ​ជំងឺ COVID-19 ។

សមាជិក RCEP ដែលមាន​បណ្តា​ប្រទេស​អាស៊ាន​ទាំង១០ និង​ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់ ក៏បាន​បើកទ្វារ​ចំហ​សម្រាប់​ប្រទេស​ឥណ្ឌា​ផងដែរ ដោយហេតុថា ប្រទេស​នេះ​បាន​ចូលរួម​ក្នុង​កិច្ចចរចា RCEP ចាប់តាំងពី​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ២០១២ ។

ប្រទេស​សមាជិក​បាន​និយាយ នៅក្នុង​សេចក្តីថ្លែងការណ៍​រួមមួយ​ថា មានការ​ទទួលស្គាល់​ស​ក្តា​នុព​ល​របស់​ប្រទេស​ឥណ្ឌា ក្នុងការ​ចូលរួមចំណែក​ដល់​ភាពរុងរឿង​ក្នុង​តំបន់។

ប្រទេស​ឥណ្ឌា​បាន​ដកខ្លួន​ចេញពី​ការចរចា RCEP ចំពេល​មានការ​ភ័យខ្លាច​ថា ការលុបបំបាត់​ពន្ធគយ នឹង​ផ្តល់​អត្ថប្រយោជន៍​ធំ​ដល់​ប្រទេស​ចិន ដែល​ការនាំចេញ​តម្លៃ​ទាប​មានការ​ប្រកួតប្រជែង​ខ្ពស់​នៅក្នុង​ទីផ្សារ​ឥណ្ឌា។

ប្រទេស​ចិន​មាន​ចំនួន ៣០% នៃ​ឱនភាព​ពាណិជ្ជកម្ម​រប​ស់​ឥណ្ឌា ដែល​កើនឡើង ១៦០ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន។

ប្រទេស​ឥណ្ឌា​ក៏មាន​ឱនភាព​ពាណិជ្ជកម្ម ជាមួយ​ប្រទេស​សមាជិក RCEP ចំនួន១០ទៀតផង​ដែរ ហើយ​វិស័យ​ផលិតកម្ម និង​សេវាកម្ម​របស់ខ្លួន​មិន​ត្រូវបាន​មើលឃើញថា​មានការ​ប្រកួតប្រជែង​គ្រប់គ្រាន់ ដើម្បី​ការពារ​ផលប្រយោជន៍​ជាតិ​ឡើយ។ ការជំទាស់​ពី​កសិករ និង​អ្នកធ្វើ​ឧស្សាហកម្ម បាន​បង្ខំ​រដ្ឋាភិបាល​ទីក្រុង​ដេលី ឱ្យ​ដើរ​ចេញពី​កិច្ចព្រមព្រៀង​នេះ។

បើសិន​មាន​ចូលរួម​ពី​ឥណ្ឌា កិច្ចព្រមព្រៀង RCEP នឹងមាន​ប្រជាជន​ប្រហែល​ពាក់កណ្តាល​នៃ​ចំនួន​ប្រជាជន​ពិភពលោក និង​មួយ​ភាគបី​នៃ​ផលិតផល ក្នុងស្រុក​សរុប​របស់​ពិភពលោក។ បើ​គ្មាន​ប្រទេស​ឥណ្ឌា កិច្ចព្រមព្រៀង​នេះ នឹង​នៅតែមាន​ចំនួន​ប្រជាជន​ប្រមាណ ២,២ពាន់​លាន​នាក់​ហើយ​ស្មើ នឹង ២៩%នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក។

ឥណ្ឌា​នៅតែ​ប្រកាន់​ជំហរ​ថា ខ្លួន​នឹងមិន​ចូលរួម​ក្នុង​ភាពជា​ដៃគូ​នេះ ក្នុង​ទម្រង់​បច្ចុប្បន្ននេះ។

រដ្ឋមន្ត្រីក្រសួង​កិច្ចការ​ខាងក្រៅ​ប្រទេស​ឥណ្ឌា លោក S Jaishankar បាន​ថ្លែង​កាលពីពេលថ្មីៗថា “វា​សំខាន់​ណាស់ ដែល​មិន​ធ្លាក់ចូល​ទៅក្នុង​ជំរើស​ខុស” ។

ខណៈ​ការវិលត្រឡប់ភ្លាមៗរបស់​ឥណ្ឌា គឺ​មិន​ទំនងជា​កើង​ឡើង ការចរចារ​ការទូត​នៅក្រៅ​ផ្លូវការ​នៅតែ​បន្ត។ មន្ត្រី​ជប៉ុន​នៃ​ក្រសួង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម បាន​ប្រាប់​អ្នកយកព័ត៌មាន កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងមកនេះ​ថា “យើង​បាន​បញ្ជាក់ថា ប្រទេសនីមួយៗនឹង​ខិតខំ​ប្រឹងប្រែង ដើម្បី​ធ្វើឱ្យ​ប្រទេស​ឥណ្ឌា វិលត្រឡប់​មករក​កិច្ចពិភាក្សា​ឡើងវិញ” ។

ប្រទេស​វៀតណាម ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ដឹកនាំ​អាស៊ាន និង​ដឹកនាំ​កិច្ចចរចា RCEP ក៏បាន​បង្ហាញ​ពី​ឆន្ទៈ​របស់ខ្លួន​ក្នុងការ​ដើរតួ​ជា​ស្ពាន​ជាមួយ​ឥណ្ឌា។

ច្បាស់​ណាស់ ទាំង​អាស៊ាន និង​ដៃគូ​ពាណិជ្ជកម្មសំខាន់ៗរបស់ខ្លួន​ដូចជា​ជប៉ុន និង​អូស្ត្រាលី​មិន មិនអាច​ទាញ​ឥណ្ឌា​ឱ្យចូល​រួ​មាន​បានទេ។ គំនិត​ជា​មូលដ្ឋាន​របស់​កិច្ចព្រមព្រៀង RCEPសម្រាប់​សមាជិក​ទាំងនេះ គឺ​ដើម្បី​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ ដែល​លាតសន្ធឹង​តំបន់ និង​ជៀសវាង​បង្កើត​តំបន់​សេដ្ឋកិច្ច ដែល​អាច​ផ្តោតលើ​ប្រទេស​ចិន​កាន់តែខ្លាំង​ឡើង។

ប្រទេស​ជប៉ុន គឺជា​អ្នកគាំទ្រ​ដ៏​ខ្លាំង​ចំពោះ​ការវិលត្រឡប់​របស់​ឥណ្ឌា។ ជាធម្មតា​ទីក្រុង​តូ​ក្យូ ចង់​ចូល​ទៅកាន់​ទីផ្សារ​ឥណ្ឌា​សម្រាប់​អ្នក​នាំចេញ​របស់ខ្លួន។ អូស្ត្រាលី​ក៏​សង្ឃឹម​ផងដែរ​ថា នឹង​ជំរុញ​ការនាំចេញ​ទៅកាន់​ប្រទេស​ឥណ្ឌា ខណៈពេលដែល​ការបង្កើន​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស និង​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន តាម​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​ឥណ្ឌា​ដល់​ឆ្នាំ ២០៣៥ ។

ការវិលត្រឡប់​របស់​ឥណ្ឌា​ទៅ RCEP នឹង​ពង្រឹង​បណ្តាញ​អូស្ត្រាលី-ឥណ្ឌា-ជប៉ុន​នៅក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក ដោយ​លើកកម្ពស់​ចំណងទាក់ទង​សេដ្ឋកិច្ច ដើម្បី​ពង្រឹង​នូវ​ភាព​ស្អិតរ​មួ​ត ក្នុង​តំបន់​ប្រឆាំងនឹង​ការជ្រៀតជ្រែក​របស់​ចិន។

ទន្ទឹមនឹងនេះ លក្ខខណ្ឌ​ប្រឈម ដែល​បង្កើតឡើង​ដោយ​ជំងឺ COVID-19 គួរ​លើកទឹកចិត្ត​ដល់​ប្រទេស​ឥណ្ឌា ឱ្យ​ក្រឡេកមើល​កិច្ចព្រមព្រៀង RCEP ។ សេដ្ឋកិច្ច​ឥណ្ឌា​បាន​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដោយសារ​ជំងឺ Covid-19 និង​ភាព​អត់​ការងារ​ធ្វើ​កំពុង​កើនឡើង។

លើសពីនេះ​ទៀត ចំណង​ទំនាក់ទំនង​ការទូត និង​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​ចិន ត្រូវបាន​ប៉ះពាល់​ដោយ​ជម្លោះ​រវាង​គ្នា កាលពី​ខែមិថុនា​រវាង​កងទ័ព របស់​ប្រទេស​ទាំងពីរ នៅតាម​បណ្តោយ​ព្រំដែន​ជម្លោះ​នៅ​តំបន់​ហិ​ម៉ាឡៃ (Himalayas) ។

បណ្តាញ​ខ្សែសង្វាក់​ផ្គត់ផ្គង់​នៅ​ឥណ្ឌូ​ប៉ាស៊ីហ្វិក ដែល​បាន​ធ្វើឡើង​ក្រោម RCEP អាចជួយ​បង្កើន គោលដៅ​មហិច្ឆតា​របស់​ឥណ្ឌា ក្នុងការ​ក្លាយជា​ប្រទេស​សេដ្ឋកិច្ច​ដែលមាន​ទំហំ​ទឹកប្រាក់៥ទ្រី​លាន​ដុល្លារ​នៅ​ឆ្នាំ ២០២៥ ៕

ចំណេះដឹង! ហេតុអ្វី​បានជា​គេ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ឡើង?

ដោយ វុត្ថា

ភ្នំពេញៈ មូលហេតុ​ដ៏​សំខាន់​មួយ ដែល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ប្រទេសមួយ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ គឺ​ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ​ពី​ក្រៅ​ស្រុក ឲ្យ​មក​បណ្ដាក់ទុន​រកស៊ី​នៅក្នុង​ប្រទេស​របស់ខ្លួន ព្រោះ​ការវិនិយោគ​ផ្ទាល់​ពី​ក្រៅប្រទេស (Foreign Direct Investment) មាន​សារៈសំខាន់ សម្រាប់​ស្រូប​ទាញ​ទុន​បន្ថែម​លើ​វិនិយោគិន នៅក្នុង​ស្រុក​ដែលមាន​ស្រាប់។

វត្ថុបំណង​សំខាន់ ផ្សេងទៀត គឺ​ដើម្បី​បង្កលក្ខណៈ​ល្អប្រសើរ សម្រាប់​ប្រទេសមួយ​ប្រកួតប្រជែង​ខាង​ទំនិញ/សេវាកម្ម និង​តម្លៃ​ទល់នឹង​ប្រទេស​ដទៃ នៅលើ​ទីផ្សារ​ក្នុង​តំបន់ និង​ទីផ្សារ​អន្តរជាតិ ផ្តល់​ការងារ​ធ្វើ​ជូន​ប្រជាពលរដ្ឋ និង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ជាពិសេស​គេ​ច្រើន​ផ្ដោតលើ​ប្រកួតប្រជែង​ផ្នែក​ការនាំចេញ។

តំបន់​សេដ្ឋកិច្ច​ពិសេស សំដៅ​ទៅលើ​មជ្ឈមណ្ឌល​ពិសេស សម្រាប់​អភិវឌ្ឍន៍​វិស័យសេដ្ឋកិច្ច ដែល​ប្រមូលផ្ដុំ​នូវ​សកម្មភាព​ឧស្សាហកម្ម និង​សកម្មភាព​ពាក់ព័ន្ធ​ដទៃទៀត ហើយ​អាចមាន​តំបន់ឧស្សាហកម្ម​ទូទៅ និង​តំបន់​ផលិត​កែច្នៃ​នាំចេញ។ តំបន់​សេដ្ឋកិច្ច​ពិសេសនីមួយៗ ត្រូវមាន​មណ្ឌល​ផលិតកម្ម និង​អាចមាន​មណ្ឌល​ផលិតកម្ម​សេរី មណ្ឌល​សេវាកម្ម មណ្ឌល​លំនៅដ្ឋាន និង​មណ្ឌល​ទេសចរណ៍ ។

តំបន់​សេដ្ឋកិច្ច​ពិសេស ជា​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល ក្នុង​គោលបំណង​ទាក់ ទាញ​អ្នកវិនិយោគ​តាមរយៈ​ការអនុគ្រោះ​ពន្ធផ្សេងៗ និង​ការលើកទឹកចិត្ត​ច្រើនជាង​តំបន់ផ្សេងៗទៀត ក៏ដូចជា ការ​ផ្ដល់នូវ​នយោបាយ​ច្រកចេញចូល​តែមួយ ក្នុងការ​នាំចេញ និង​នាំចូល ដោយមាន​មន្ដ្រី​រដ្ឋាភិបាល​ជា​អ្នក​ផ្ដល់នូវ​សេវា​រដ្ឋបាល៕

អ្នកជំនាញ៖ ភ្នំពេញបន្តឈរលំដាប់ទី ១ ជាទីក្រុងវិនិយោគអចលនទ្រព្យទទួលបានផលចំណេញខ្ពស់

ដោយ ហ្សូលី

ភ្នំពេញ៖ វិស័យអចលនទ្រព្យនៅតាមបណ្តារខេត្តក្រុងនៅទូទាំងព្រះរាជាណាចក្រកម្ពុជាកំពុងរីកលូតលាស់ទៅមុខឥតឈប់ឈរ។ ការសិក្សាអន្តរជាតិបានបង្ហាញថា ទីក្រុងភ្នំេពញនៅតែស្ថិតឈរនៅលំដាប់ទី ១ក្នុងចំណោមទីក្រុងដទៃទៀតក្នុងតំបន់អាស៊ាន ជាទីក្រុងដែលទទួលបានផលចំណេញខ្ពស់ពីការវិនិយោគអចលនវត្ថុ។

កត្តាជាច្រើនដែលជម្រុញឱ្យទីក្រុងភ្នំពេញជាទីក្រុងល្អជាងគេ បើទោះបីជាប្រទេសកំពុងជួបប្រទះវិបត្តិជំងឺសាកលក៏ដោយ។ វិស័យខុនដូ បុរីលំនៅដ្ឋាន អាផាតមិន អគារពាណិជ្ជកម្ម និងដីធ្លី នៅក្នុងទិក្រុងភ្នំពេញ សុទ្ធសឹងតែមានគម្រោងអភិវឌ្ឍ និងចរន្តទិញលក់ឥតឈប់ឈរ។

ប្រធានក្រុមហ៊ុន Knight Frank ប្រចាំប្រទេសកម្ពុជា បានថ្លែងប្រាប់សារព័ត៌មានអន្តរជាតិសារជាថ្មីថា វិស័យអចលនទ្រព្យនៅទីក្រុងភ្នំពេញមានភាពរីកចម្រើន ហើយតំបន់សំខាន់ៗមួយចំនួនសុទ្ធតែមានសក្តានុពលសម្រាប់អភិវឌ្ឍគម្រោងអចលនទ្រព្យ និងទទួលបានផលចំណេញខ្ពស់។

ជាមួួយគ្នា សក្តានុពលនៃខណ្ឌនិមួយៗក្នុងទីក្រុងភ្នំពេញមានលក្ខណៈពិសេសរៀងខ្លួនៗ ដូចជា ខណ្ឌបឹងកេងកង ជាបណ្តុំគម្រោងខុនដូ អគារពាណិជ្ជកម្មផ្សារទំនើប រីឯខណ្ឌសែនសុខ ពោរពេញដោយបុរីលំនៅដ្ឋាន ចំណែកខណ្ឌទួលគោកមានអគារការិយាល័យជាដើម។ លើសពីនេះ ខណ្ឌផ្សេងៗទៀតដែលស្ថិតក្នុងទីក្រុងភ្នំពេញ បានរីកចម្រើនជាបន្តបន្ទាប់ ស្របតាមផែនការនិងស្ថានភាពសេដ្ឋកិច្ចប្រទេស។

អ្នកវិនិយោគមកពីហុងកុង ចិនដីគោក និងក្នុងតំបន់ មានការចាប់អារម្មណ៍ជាច្រើនក្នុងវិស័យលំនៅដ្ឋានក្នុងទីក្រុងភ្នំពេញ។ ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ CBRE នៅតែព្យាករណ៍ថា ការផ្គត់ផ្គង់ខុនដូនៅឆ្នាំនេះនឹងកើនឡើង៣៤ភាគរយ។

លោក Jame Hodge អនុប្រធានក្រុមហ៊ុន CBRE ប្រចាំនៅកម្ពុជា បានលើកឡើងថា រាជធានីភ្នំពេញជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការធ្វើដំណើរវែងឆ្ងាយទៅមុខ ដោយពុំមានបញ្ហាអ្វីកើនឡើងច្រើននោះទេ ដែលបណ្តាលឲ្យអ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យទទួលបានផលច្រើន និងយូអង្វែង។

តម្រូវការអចលនទ្រព្យពីសំណាក់ប្រជាពលរដ្ឋខ្មែរមានការកើនឡើងខ្ពស់ រីឯច្បាប់វិនិយោគនៅក្នុងប្រទេសកម្ពុជាមានភាពងាយស្រួលដល់អ្នកវិនិយោគិនបរទេស ធ្វើឲ្យវិស័យអចលនទ្រព្យកើនឡើជាលំដាប់រហូតមកដល់ពេលនេះ បណ្តាលឲ្យអ្នកវិយោគទទួលបានផលច្រើនជាងប្រទេសដទៃក្នុងតំបន់អាស៊ាន៕

តំបន់សេដ្ឋកិច្ចពិសេសTai Seng នាំទំនិញទៅកាន់ទីផ្សារអន្តរជាតិក្នុងទំហំទឹកប្រាក់ ៣១ លានដុល្លារ

ដោយវុត្ថា

បាវិត៖ តំបន់សេដ្ឋកិច្ចពិសេស Tai Seng Bavet នៅក្រុងបាវិត នៃខេត្តស្វាយរៀង បាននាំចេញនូវមុខទំនិញមួយចំនួនទៅកាន់ទីផ្សារអន្តរជាតិនូវទំហំទឹកប្រាក់ប្រមាណជាង ៣១ លានដុល្លារអាមេរិក ។

យោងតាមរបាយការណ៍របស់រដ្ឋបាលខតំបន់សេដ្ឋកិច្ចពិសេស Tai Seng Bavet ដែលបានផ្សាយនៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២០នេះ ឱ្យដឹងថា នៅក្នុងខែសីហា ឆ្នាំ ២០២០នេះ បាននាំចេញនូវមុខទំនិញមួយចំនួនរួមមានសម្លៀកបំពាក់ កង់ កង់អគ្គិសនី ស្បែកជើង និងផលិតផលផ្សេងៗទៀត ដែលមានទំហទឺកប្រាក់ ៣១ លានដុល្លារអាមេរិក។

របាយការណ៍ដដែលបន្តថា មុខទំនិញដែលបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ មានសម្លៀកបំពាក់ចំនួន ៣,៦ លានដុល្លារអាមេរិក កង់មានចំនួនជាង ២៣,៣ លានដុល្លារអាមេរិក កង់អគ្គិសនីមានចំនួន ៤១ ម៉ឺនដុល្លារអាមេរិក ស្បែកជើង ២៩ ម៉ឺនដុល្លាអាមេរក និងទំនិញផ្សេងទៀត មានចំនួនជាង ៤ លានដុល្លារអាមេរិក បើធៀបជាមួនឹងខែកក្កដា កើនឡើងប្រមាន០,៥ ភាគរយ។

តំបន់សេដ្ឋកិច្ចពិសេសTai Seng Bavet រហូតមកដល់បច្ចុប្បន្ននេះ មានក្រុមហ៊ុន-រោងចក្រចំនួន៣៤ កំពុងប្រតិបត្តិការអាជីវកកម្មរបស់ខ្លួន និង ផែស្ងួតមួយ មានផ្ទៃដីវិនិយោគសរុបជាង២០០ហិកតា និង មានដើមទុនវិនិយោគ សរុបចំនួនជាង ១៣៩ លាន ដុល្លារអាមេរិក ដោយក្នុងនោះមានក្រុមហ៊ុន-រោងចក្រ ស្មើ៨៨ភាគរយ កំពុងមានសកម្មភាពផលិត និងនាំចេញ។

នៅក្នុងខែសីហា ឆ្នាំ ២០២០ នេះ តំណាក្រសួងពាណិជ្ជកម្មប្រចាំរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសតាយសេង បាវិត បានផ្តល់ C/O ដល់បណ្តាក្រុមហ៊ុនដែលមានទីតាំងនេះ សរុបចំនួន ៤៧៣ ច្បាប់ ដែលទម្រង់ CRF ចំនួន ២៤៨ ច្បាប់ ក្នុងការនាំទំនិញចេញទៅកាន់ទីផ្សារអន្តរជាតិ៕

អគ្គនាយកដ្ឋានពន្ធដារ ពន្យល់ឆ្លើយតបទៅមតិរិះគន់ស្ដីពីពន្ធលើចំណេញមូលធន ២០ភាគរយ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ក្រោយមានការរិះគន់ទៅលើសេចក្ដីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពីការអនុវត្តពន្ធលើចំណេញមូលធន ដែលមានអត្រាពន្ធ២០ភាគរយ លើតែចំណែកដែលចំណេញក្រោយកាត់កងចំណាយ៨០ភាគរយ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានធ្វើការបកស្រាយ និងពន្យល់ទៅលើនីតិវិធីនៃការគណនានៃចំនួនពន្ធដែលត្រូវបង់ជៀសវាងមានការភ័ណ្ឌច្រឡំកាន់តែខ្លាំង និងប្រៀបធៀបទៅនឹងការអនុវត្តពន្ធនៅប្រទេសជិតខាង។

នៅក្នុងកិច្ចសម្ភាសន៍ និងជជែកពីបញ្ហាពន្ធលើចំណេញមូលធនដែលមានអត្រា២០ភាគរយ ជាមួយបណ្តាញផ្សព្វផ្សាយព័ត៌មាន Freshnews និងត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០នេះ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល បានធ្វើការពន្យល់ និងបកស្រាយបញ្ជាក់ទៅលើមតិរិះគន់ដោយការភ័ន្តច្រឡំមួយចំនួនដែលបានលើកឡើងជាសំណួរជុំវិញការតម្រូវឱ្យអនុវត្ត ។

លោក គង់ វិបុល បានបញ្ជាក់ថា “ការលើកទ្បើងពីមតិមួយចំនួនតូច ដោយប្រៀបធៀបវិធានការប្រទេសថៃ និងកម្ពុជា គឺមិនត្រឹមត្រូវនោះទេ ដោយលើកឡើងថា ថៃសម្រេចកាត់បន្ថយពន្ធឲ្យប្រជាពលរដ្ឋមានថវិកាទិញរថយន្តថ្មីប្រើប្រាស់ឯខ្មែរយើងដាក់ពន្ធបន្ថែម។ សូមជម្រាបថា ចំពោះករណីនេះ គឺខុសគ្នាស្រឡះ នៅប្រទេសថៃគេអនុវត្តពន្ធលើរូបវន្តបុគ្គល (Personal Income Tax) ជាយូរណាស់មកហើយគឺប្រមាណជាងកន្លះសតវត្សមកហើយ ខណៈដែលកម្ពុជាមិនទាន់អនុវត្តពន្ធប្រភេទរូបវន្តបុគ្គលនេះនៅទ្បើយទេ ដោយរាជរដ្ឋាភិបាលផ្តល់លទ្ធភាពឱ្យប្រជាពលរដ្ឋបង្កើនកម្រិតជីវភាពរបស់ខ្លួនរហូតមក”។

លោកបានបន្តទៀតថា “ចំពោះពន្ធលើចំណេញមូលធនវិញ គឺខុសគ្នា យើងមិនមែនយកពន្ធលើប្រជាពលរដ្ឋទូទៅនោះទេ គឺយកពន្ធតែលើចំណេញមូលធន ឧទាហរណ៍ ប្រជាពលរដ្ឋ ឬអ្នកមានអចលនទ្រព្យលក់ទ្រព្យនោះ ហើយបានចំណេញទើបយកពន្ធ ប្រសិនការទិញលក់អចលនទ្រព្យនោះ មិនមានការចំណេញ គឺមិនមានការយកពន្ធលើចំណេញមូលធននេះទេ។ ខ្ញុំយល់ថា ខ្លឹមសារអត្ថបទប្រៀបធៀបរវាងវិធានការផ្នែកពន្ធរវាងកម្ពុជា និងថៃ នេះមិនបានឆ្លុះបញ្ចាំងការពិតទេ ព្រោះខ្មែរយើងមិនទាន់អនុវត្តពន្ធលើរូបវន្តបុគ្គល (Personal Income Tax) ទេ ហើយប្រជាពលរដ្ឋក៏មិន ដែលបានបង់ពន្ធប្រភេទនេះដែរ។ ម្យ៉ាងទៀត បើទោះបីជាប្រទេសថៃកាត់បន្ថយពន្ធនេះ ក៏ប្រជាពលរដ្ឋថៃ នៅតែត្រូវបង់ពន្ធប្រភេទនេះដែរ ចំណែកឯកម្ពុជា គឺប្រជាពលរដ្ឋពុំមានតម្រូវឱ្យបង់ពន្ធប្រភេទនេះទេ”។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសស្តីពីពន្ធលើចំណេញមូលធន ដែលមានអត្រាពន្ធថេរ ២០ភាគរយ។ តាមពិតការអនុវត្តពន្ធលើចំណេញមូលធននេះ ត្រូវចាប់ផ្តើមអនុវត្តន៍ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០តទៅ ប៉ុន្តែត្រូវបានពន្យារពេលក្នុងការអនុវត្តរហូតដល់ថ្ងៃ០១ ខែមករា ឆ្នាំ២០២១។

សម្រាប់ពន្ធលើចំណេញមូលធននេះ មិនមែនជាការបង្កើតពន្ធថ្មីនោះឡើយ ពោលគឺពន្ធលើចំណេញមូលធននេះត្រូវបានកំណត់ក្នុងច្បាប់ឱ្យប្រមូលតាំងពីប្រមាណជាង ១០ ឆ្នាំកន្លងមកហើយ។

ដោយឡែកនៅក្នុងអំទ្បុងពេលនៃការរាតត្បាតនៃជំងឺ Covid-19 នេះ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះជីវភាពប្រជាពលរដ្ឋ ក៏ដូចជាស្ថានភាពសេដ្ឋកិច្ចទាំងមូល ដោយបានដាក់ចេញនូវវិធានការគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចជាតិ ចំនួន៥លើករួចមកហើយ ក្នុងនោះក៏មានវិធានការផ្នែកពន្ធដារផងដែរ ជាអាទិ៍ការលើកលែងពន្ធមួយចំនួន សម្រាប់វិស័យងាយទទួលរងហានិភ័យ ដូចជា វិស័យទេសចរណ៍ (សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍) វិស័យអាកាសចរណ៍ វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ ព្រមទាំងវិស័យអចលនទ្រព្យផងដែរ៕

ទឹកប្រាក់ជាង១៨លានដុល្លារបានពីចំណូលលក់បណ្ណចូលទស្សនាតំបន់អង្គរក្នុងរយៈពេល៨ខែ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ នៅក្នុងរយៈពេល៨ខែ ឆ្នាំ២០២០ ដែលកំពុងទទួលរងនូវការគំរាមកំហែងពីវិបត្តិជំងឺឆ្លង ការលក់បណ្ណចូលទស្សនានៅតំបន់រមណីយដ្ឋានអង្គរ ទទួលបានជាង១៨លានដុល្លារ ធ្លាក់ចុះជាង៧៣ភាគរយបើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។

តាមរយៈសេចក្ដីប្រកាសជាផ្លូវការរបស់គ្រឹះស្ថានអង្គរនៅរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២០នេះបានបង្ហាញថា ចំនួនទេសចរសរុបក្នុងរយៈពេល៨ខែឆ្នាំ២០២០ មានការធ្លាក់ចុះរហូតដល់ប្រមាណជាង៧៤ភាគ ខណៈដែលចំណូលទទួលបានពីការលក់ប័ណ្ណចូលទស្សនានៅតំបន់រមណីយដ្ឋានអង្គរមានចំនួនជាង១៨លានដុល្លារ ធ្លាក់ចុះជាង៧៣ភាគរយធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩កន្លងទៅ។

ជាមួយនឹងលទ្ធផលដែលទទួលបាន និងបង្ហាញពីការធ្លាក់ចុះយ៉ាងគំហុកនេះ រាជរដ្ឋាភិបាលធ្លាប់បានធ្វើការព្យាករណ៍ថា នៅក្នុងឆ្នាំ២០២០ កំណើនសេដ្ឋកិច្ចកម្ពុជាអាចនឹងធ្លាក់ចុះប្រមាណ-១,៩ភាគរយ ហើយវិស័យពាក់ព័ន្ធដូចជាទេសចរណ៍ សណ្ឋាគារ និងអនុវិស័យដូចជាភោជនីយដ្ឋាន អាហារដ្ឋាន អាចនឹងមានការធ្លាក់ចុះរហូតដល់-៩,៧ភាគរយ ។

តែទោះជាយ៉ាងណា ក្នុងរយៈពេលប្រមាណជាងមួយខែចុងក្រោយនេះ គេសង្កេតឃើញថា ចលនាទេសចរក្នុងបានងើបឡើងវិញបន្តិច ដែលភាគច្រើនកើននៅតាមតំបន់កម្សាន្តបែបធម្មជាតិ ដូចជាតំបន់ឆ្នេរ តំបន់មាត់ព្រែក និងតំបន់ភ្នំ ៕

តើអ្វីនៅពីក្រោយគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃជាង ៧០០០លានដុល្លារ ក្នុងប្រទេសថៃត្រូវបានពន្យាពេល?

ដោយ ៖ ហ្សូលី

បាងកក ៖ មួយរយៈចុងក្រោយនេះ រដ្ឋាភិបាលថៃបានកំពុងយកចិត្តទុកដាក់ក្នុងការពង្រឹងការអភិវឌ្ឍផ្លូវរថភ្លើងល្បឿនលឿន តភ្ជាប់ទៅព្រលានយន្តហោះអន្តរជាតិចំនួន ៣ក្នុងប្រទេស ខណៈដែលពេលនេះត្រូវបានប្រឈមមុខនឹងការពន្យាពេលសាងសង់។

ក្រុមហ៊ុនផ្លូវដែករដ្ឋថៃ State Railway of Thailand បានបង្ហើបពីមូលហេតុធំបណ្តាលឱ្យមានផលប៉ះពាល់នៃការស្ថាបនាគម្រោងយក្សនេះ ដោយសារតែបញ្ហាខ្វះខាតថវិកា។ តម្លៃសរុបនៃការស្ថាបនាគម្រោងផ្លូវដែកល្បឿនលឿននេះ មិនទាន់ត្រូវបានអនុញ្ញាតជាផ្លូវការនៅឡើយទេ រង់ចាំការសិក្សាបន្ថែមទៀត ខណៈនេះដំណាក់កាលទី ១នៃការសាងសង់ផ្លូវដែកត្រូវបានពន្យាពេល។

ទោះជាយ៉ាងណា រដ្ឋលេខាធិការក្រសួងសាធារណការ លោក Chaiwat Thong Kamkoon បានប្រាប់សាធារណជនថា ថវិកានេះនឹងត្រូវបែងចែកឱ្យច្បាស់រវាងវិស័យឯកជន និងរដ្ឋាភិបាលឱ្យបានមុនដំណាច់ឆ្នាំនេះ។ រដ្ឋាភិបាលថៃនឹងមានចំណែកចូលរួមបោះទុនវិនិយោគក្នុងគម្រោងនេះប្រមាណ ៦០ ភាគរយ។

គម្រោងផ្លូវដែកល្បឿនលឿនមានការស្ថាបនាខ្សែរថភ្លើងប្រវែង ២២០គីឡូម៉ែត្រ តភ្ជាប់ព្រលានយន្តហោះអន្តរជាតិចំនួន ៣ ធំៗរបស់ប្រទេសថៃមានដូចជា ព្រលានយន្តហោះដុងមឿង ព្រលានយន្តហោះសុវណ្ណភូមិ និងព្រលានយន្តហោះ U tapao ដែលរដ្ឋាភិបាលថៃបានអនុម័តកាលពីឆ្នាំ ២០១៨ និងចុះហត្ថលេខាព្រមព្រៀងសាងសង់នៅខែតុលា ឆ្នាំ២០១៩។ វាក៏តភ្ជាប់រវាងខេត្ត-ក្រុងចំនួន ៥ មានដូចជា ក្រុងបាងកក ខេត្តសាមុទប្រាកាន់ ខេត្ត Chachoengsao ខេត្តឈុនបុរិ និងខេត្តរ៉ាក់យ៉ង។

ជារួម គម្រោងនេះនឹងរាប់បញ្ចូលខ្សែផ្លូវដែកដែលមានស្រាប់ ២៩ គីឡូម៉ែត្រ និងផ្លូវដែកថ្មី ១៩១ គីឡូម៉ែត្រ។ចំណែកឯក្រុមហ៊ុនម៉ៅការសាងសង់គម្រោងផ្លូវដែកដ៏ធំនេះ ក៏ត្រូវបានជ្រើសរើសរួចរាល់ហើយ។

កាលពីដើមឆ្នាំនេះ រដ្ឋាភិបាលថៃតាំងចិត្តស្ថាបនាបណ្តាញផ្លូវដែកក្នុងប្រទេសឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ដោយត្រូវចំណាយថវិកាសរុបប្រមាណ ២១ពាន់លានដុល្លារ ក្នុងគោលបំណងរឹតបន្តឹងប្រព័ន្ធដឹកជញ្ជូននិងកាត់បន្ថយជាតិពុលក្នុងបរិស្ថាន៕