គម្រោងអភិវឌ្ឍន៍តំបន់ឆ្នេរកម្សាន្តទំហំ ២០០ហិកតា ក្នុងខេត្តកំពតចាប់ផ្តើមដំណើរការសាងសង់ហើយ

ដោយ ៖ រ៉ាណេត

កំពត ៖ គម្រោងអភិវឌ្ឍន៍មណ្ឌលកម្សាន្តនៅតាមតំបន់ឆ្នេរដែលមានទំហំរហូតដល់២០០ហិកតា ក្រោមការបណ្តាក់ទុនវិនិយោគពីសំណាក់ក្រុមហ៊ុនឯកជនក្នុងស្រុក ស្ថិតនៅក្នុងស្រុកទឹកឈូ ខេត្តកំពត បានចាប់ផ្តើមអនុវត្តជាជំហានដំបូងហើយ ខណៈដែលរដ្ឋបាលខេត្តកំពុងរៀបចំបង្កើតសេចក្ដីព្រាងបង្កើតគណៈកម្មការ និងអនុគណៈកម្មកាដើម្បីគ្រប់គ្រងគម្រោងអភិវឌ្ឍន៍នេះ។

តាមរយៈប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានបង្ហើបប្រាប់នៅរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២០នេះ ថា គម្រោងអភិវឌ្ឍន៍បង្កើតមណ្ឌលកម្សាន្តលក្ខណៈធម្មជាតិនៃតំបន់ឆ្នេរ (ឆ្នេរមាស) ដ៏ធំដែលមានទំហំដីសរុបប្រមាណ ២០០ហិកតា នៅភូមិទទឹងថ្ងៃ និងភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត ក្រោមការវិនិយោគរបស់ក្រុមហ៊ុន IBG (Cambodia) Co,.Ltd បានចាប់ដំណើរការសាងសង់ក្នុងជំហានដំបូង។

លោក សយ ស៊ីណុល បានបន្តថា “ពេលនេះបើតាមខ្ញុំដឹង ខាងក្រោមហ៊ុនចាប់ចាប់ផ្តើមដំណើរការសាងសង់ក្នុងដំណាក់ដំបូង ដោយធ្វើការឈូសឆាយពង្រីកផ្លូវសម្រាប់ជួយសម្រួលដល់ការដឹកជញ្ជូនដីទៅចាក់បំពេញ និងឈូសឆាយដីវាលពង្រាបជាដើម ដើម្បីបង្កើតជាមណ្ឌលទេសចរណ៍លំដាប់ខ្ពស់ និងមានវិសាលភាពធំធេងប្រចាំនៅក្នុងស្រុកទឹកឈូរហូតដល់ប្រមាណ២០០ហិកតា”។

ជាគ្នានេះផងដែរ លោកបានបង្ហើបប្រាប់ផងដែរថា រហូតមកដល់ពេលបច្ចុប្បន្ននេះ គម្រោងវិនិយោគ និងអភិវឌ្ឍន៍ជាតំបន់ទេសចរធម្មជាតិកម្រិតខ្ពស់ក្រោមការចូលរួមពីសំណាក់ឯកជននៅក្នុងខេត្តកំពតមានចំនួន៨គម្រោងរួចមកហើយ ដែលចំនួននេះមិនបានរាប់បញ្ចូលពីគម្រោងបង្កើតតំបន់លំហែរខ្នាតតូចដែលស្ថិតនៅតាមតំបន់មាត់ព្រែកនោះឡើយ។

ខេត្តកំពតនាពេលបច្ចុប្បន្ននេះ មិនទាន់មានឆ្នេរដូចបណ្តាខេត្តដែលនៅជាប់មាត់សមុទ្រមួយចំនួនរបស់កម្ពុជានោះទេ ហើយទីតំាងឆ្នេរដែលបាននឹងកំពុងរៀបចំនេះ ស្ថិតនៅមិនឆ្ងាយពីទីរួមខេត្ត និងនៅជិតរមណីយដ្ឋានភ្នំបូកគោ ព្រមទាំងនៅមិនឆ្ងាយពីរមណីយដ្ឋានទឹកឈូនោះទេ ពោលគឺមានទីតំាងល្អសម្រាប់ភ្ញៀវទេសចរមកកំសាន្ត។ នៅពេលភ្ញៀវទេសចរមកលេងនៅក្នុងតំបន់ឆ្នេរនេះកាន់តែច្រើន នឹងផ្តល់ចំណូលដល់ពលរដ្ឋមូលដ្ឋានឱ្យមានការរីកចំរើន ហើយម្យ៉ាងវិស័យទេសចរណ៍ បានចូលរួមនៅក្នុងកំណើនសេដ្ឋកិច្ចជាតិយ៉ាងសំខាន់ តាមរយៈការផ្តល់ឱកាសការងារជូនពលរដ្ឋ និងសហគមន៍ទេសចរណ៍ នៅក្នុងមូលដ្ឋានបានកាត់តែច្រើន៕

គម្រោងផ្លូវ Asean Highway 1 របស់កម្ពុជាសម្រេចបានជាង ៤២ ភាគរយ

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ គិតត្រឹមខែសីហា ឆ្នាំ២០២០ គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ ឬ ផ្លូវ Asean Highway 1 របស់កម្ពុជា សម្រេចបានប្រមាណ ៤២,៩៩ភាគយហើយ ខណៈបច្ចុប្បន្នកំពុងពន្លឿងការសាងសង់ឱ្យចប់តាមផែនការ។

ក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២០នេះ បានឱ្យដឹងថា គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ មានប្រវែងសរុបចំនួន ៣៦៦ គីឡូម៉ែត្រ ដោយឆ្លងកាត់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។

គម្រោងនេះត្រូវបានបែងចែកជា បីផ្នែកធំៗរួមមាន៖ ផ្នែកខាងជើង(បាត់ដំបង-សិរីសោភ័ណ) មានប្រវែងសរុប ៨៤,៧៤ គីឡូម៉ែត្រ ផ្នែកកណ្តាល(ធ្លាម្អម-បាត់ដំបង) មានប្រវែងសរុប ១៤៦,០៤គីឡូម៉ែត្រ និងផ្នែកភាគខាងត្បូង(ព្រែកក្តាម ខេត្តកណ្តាល-ធ្លាម្អម ខេត្តពោធិ៍សាត់) មានប្រវែងសរុប ១៣៥,២៤គីឡូម៉ែត្រ ដោយមានការពង្រីកកំណាត់ផ្លូវជាតិមានស្រាប់ពី២គន្លងទៅ៤គន្លង ទទឹង២៣ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) និងមានសួនច្បារចំកណ្តាល។

កំណាត់ផ្លូវជាតិលេខ៥ មានសារៈសំខាន់ណាស់សម្រាប់ការដឹកជញ្ជូននៅក្នុងស្រុក ក៏ដូចជាការតភ្ជាប់វិស័យដឹកជញ្ជូនក្នុងបណ្ដាប្រទេសជាសមាជិកអាស៊ាន និងមហាអនុតំបន់មេគង្គ ហើយក៏ត្រូវបានចាត់ទុកថាជាផ្នែកមួយនៃអាស៊ានហាយវ៉េលេខ ១(Asean Highway 1) ប្រចាំតំបន់អាស៊ីអាគ្នេយ៍ផងដែរ។

គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ នេះ តភ្ជាប់រាជធានីភ្នំពេញទៅតំបន់ជាយដែនប៉ែកខាងលិចប្រទេស លាតសន្ធឹងកាត់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ដែលត្រូវចំណាយទឹកប្រាក់ប្រមាណ ៥00 លានដុល្លារអាមេរិក ក្រោមកម្ចីឥណទានពីរដ្ឋាភិបាលជប៉ុន៕

អ្នកអភិវឌ្ឍន៍នៅតែមានសុទិដ្ឋិនិយមចំពោះទីផ្សារលំនៅដ្ឋាននៅតំបន់ជាយក្រុង

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ការគំរាមកំហែងពីវិបត្តិនៃជំងឺឆ្លងនៅពេលបច្ចុប្បន្ននេះ វាមិនមែនជាឧបសគ្គ និងធ្វើឱ្យទីផ្សារលំនៅដ្ឋានតម្លៃសមរម្យនៅកម្ពុជាទ្រុឌទ្រោមនោះឡើយ ផ្ទុយទៅវិញតម្រូវការលំនៅដ្ឋានជាក់ស្ដែងនៅតែបន្តមាន ខណៈដែលក្រុមហ៊ុនអភិវឌ្ឍន៍ជាច្រើនកំពុងមមាញឹកសាងសង់ ដើម្បីដាក់បញ្ចូលទៅក្នុងទីផ្សារ។

អគ្គនាយកក្រុមហ៊ុន PREMIUM GROUP លោក ម៉ាន់ ចាន់ឌី ដែលជាអ្នកអភិវឌ្ឍន៍ក្នុងវិស័យលំនៅដ្ឋានមួយរូប នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០នេះបានបង្ហាញពីភាពសុទិដ្ឋិនិយមចំពោះទីផ្សារលំនៅដ្ឋាននាពេលបច្ចុប្បន្ន ក៏ដូចជាបន្តទៅថ្ងៃអនាគតដែលតម្រូវការទីផ្សារនៅតែបន្តមាន ជាក់ស្ដែងត្រឹមតែតំបន់ទំនប់កប់ស្រូវដែលស្ថិតនៅជាយក្រុងមានគម្រោងសាងសង់មិនក្រោម១០គម្រោងនោះទេ ដែលមានចំនួនលំនៅដ្ឋានជិត១០០០ខ្នង។

តាមរយៈទូរស័ព្ទ លោកបានមានប្រសាសន៍ថា “មិនថាពេលនេះ ឬបន្តទៅថ្ងៃខាងមុខនោះទេ វិស័យលំនៅដ្ឋាននៅតាមតំបន់ជាយក្រុងនៅតែមានតម្រូវការ ដោយសារតែកំណើនប្រជាជនចូលមករស់នៅរាជធានីភ្នំពេញកាន់តែកើនឡើងជាលំដាប់ ជាក់ស្ដែងនិយាយត្រឹមតែវត្តមានរបស់និស្សិតដែលមកពីតាមបណ្តាខេត្តនានា ដើម្បីសិក្សាបន្ត និងបម្រើការងារមានរហូតជិតដល់៥ម៉ឺននាក់ក្នុងមួយឆ្នាំ”។

លោកបានបន្តទៀតថា “កំណើននៃចំនួននិស្សិត លំហូរនៃចំនួនប្រជាជនចំណូលថ្មីមកកាន់រាជធានីភ្នំពេញសុទ្ធតែមានតម្រូវការស្នាក់នៅ ខណៈដែលកំណើននៃចំនួនសំណង់លំនៅដ្ឋាននៅពេលបច្ចុប្បន្ននៅមិនទាន់គ្រប់តម្រូវការនៅឡើយនោះទេ។ លំនៅដ្ឋានដែលមានទីផ្សារ និងតម្រូវការខ្ពស់បច្ចុប្បន្ននេះ ជាប្រភេទលំនៅដ្ឋានតម្លៃមធ្យម ដែលស្ថិតនៅក្នុងចន្លោះ ជាង៦ម៉ឺន ទៅ៨ម៉ឺនជាង”។

លោក សរ បញ្ញា ដែលជាអ្នកជំនាញផ្នែកលក់អចលនទ្រព្យនៅក្នុងតំបន់ខណ្ឌដង្កោ បានមានប្រសាសន៍ស្រដៀងការលើកឡើងខាងលើនេះផងដែរ ដោយលោកបានបញ្ជាក់ថា “ស្ទើរតែគ្រប់គម្រោងនៅតំបន់ជុំវិញរាជធានីភ្នំពេញភាគច្រើនសុទ្ធតែមានទីផ្សារល្អ លើកលែងតែគម្រោងដែលស្ថិតនៅទីតាំងមិនសូវអំណោយផល ដែលពិបាកលក់”។

លោកបញ្ជាក់ថា “គម្រោងលំនៅដ្ឋានដែលស្ថិតនៅភាគខាងលិចក្នុងខណ្ឌដង្កោ គឺនៅតែមានស្ថានភាពល្អប្រសើរ ហើយអ្វីកាន់តែពិសេសគឺតម្លៃបានបន្តកើនឡើង ខណៈដែលអ្នកទិញក៏នៅតែមានសកម្មភាព។ នៅតំបន់នេះ គម្រោងភាគច្រើនមិននៅទ្រឹងនោះទេ ដោយសារតែទីតាំងគម្រោងមានអំណោយពីហេដ្ឋារចនាសម្ព័ន្ធដែលវិនិយោគដោយរដ្ឋាភិបាលជាច្រើនខ្សែ ជាពិសេសស្ថិតនៅជិតគម្រោងធំដូចជា ផ្សារទំនើប AEON3 ស្ថិតនៅផ្លូវ៦០ម៉ែត្រ មានផ្លូវ៥០ម៉ែត្រនៅអមជាមួយ ស្ថិតនៅជិតគម្រោងព្រលានយន្តថ្មីក្នុងខេត្តកណ្តាល និងគម្រោងទីក្រុងរណបផ្សេងៗទៀត”។

ជាមួយនឹងការរក្សាបាននូវស្ថានភាពល្អប្រសើរក្នុងទីផ្សារលំនៅដ្ឋាននាពេលនេះ លោក សរ បញ្ញា បានបង្ហាញពីភាពជឿជាក់ថា នៅក្នុងអំឡុងពេលឆ្នាំក្រោយ តម្លៃលំនៅដ្ឋានក្នុងខណ្ឌដង្កោអាចនឹងបន្តកើនឡើងមិនក្រោយ៣០ភាគរយនោះទេ ខណៈដែលតម្រូវការនៅតែមានកំណើនបន្តទៀត៕

ផ្លាស់ប្តូរការរស់នៅ បែបស៊ីវិល័យរបស់អ្នក ជាមួយនឹងខុនដូ ដឹស្តាប៉ូឡារីស ២៣

ក្នុងពេលបច្ចុប្បន្ននេះ ប្រជាជនកម្ពុជា បានស្វែងរកការរស់នៅ បែបជីវិតស៊ីវិល័យ ដោយងាកមករកគេហដ្ឋានបែបបុរី និង ខុនដូ។ ចំពោះការផ្លាស់ប្តូរបែបនេះ ដោយសារតែការរស់នៅក្នុង បុរី និង ខុនដូ បានបន្ថែមនូវភាពសម្បូរបែប និងតម្រូវការ ដែលមិនអាចខ្វះបានសម្រាប់ការរស់នៅប្រចាំថ្ងៃ។ ដើម្បីជ្រាបកាន់តែច្បាស់ពីជីវិតបែបស៊ីវិល័យ សម្រាប់ការរស់នៅក្នុងខុនដូ ដឹស្តាប៉ូឡារីស ២៣ យើងខ្ញុំសូមមកបង្ហាញលោកអ្នកអោយកាន់តែច្បាស់ក្នុងអត្ថបទនេះ។

ខុនដូ ដឹស្តាប៉ូឡារីស ២៣ មានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ១ ប្រមាណជា២គីឡូម៉ែត្រ ពីស្ពានព្រះមុនីវង្ស (បឹងស្នោ) សាងសង់ឡើងលើផ្ទៃដីប្រមាណជាជាង២ ហិចតា ដែលមានកំពស់២៦ជាន់ ចែកចេញជាបន្ទប់គេង 1 និងបន្ទប់គេង 2 អមជាមួយគ្រឿងសង្ហារិមទំនើបគ្រប់ប្រភេទ បំពាក់ជូនរួចជាស្រេច ស្របតាមតំរូវការរបស់អតិថិជន។

អ្វីដែលពិសេសនោះ គឺ លោកអ្នកអាចកំសាន្ត និង ស្រូបយកខ្យល់អាកាស នៅក្នុងសួនច្បារលើអាកាសបែបឯកជន នៅជាន់ទី២៦ នៃអគារ ដែលមានបរិយាកាសស្រស់ស្រាយ ជាមួយនឹងទេសភាពដ៏ល្អឥតខ្ចោះ អមដោយទន្លេសងខាង និងទិដ្ឋភាពសួនកំសាន្តបែបអឺរ៉ុបថែមទៀតផង។ សម្រាប់ជាន់ទី១ និង ទី២ នៃអគារខុនដូ បានរៀបចំអោយមានហាងទំនិញដ៏សម្បូរបែប មានទំនិញរាប់រយមុខ ដោយអតិថិជន ពុំចាំបាច់ចាកចេញពីខុនដូ ទៅស្វែងរកនៅឆ្ងាយ។

ភោជនីយដ្ឋាន និង អាហារដ្ឋាន ក៏ជាតម្រូវការចាំបាច់ប្រចាំថ្ងៃ សម្រាប់ការរស់នៅ។ ដូច្នោះហើយទើបបុរី ប៉េង ហួត បានបង្កើតអោយមាន ប៉ូឡារីស អេហ្វ អែន ប៊ី ដែលប្រមូលផ្តុំភោជនីយដ្ឋាន និង អាហារដ្ឋានល្បីៗលើដងវិថីតែមួយដែលមានចំងាយប្រមាណជា៥០០ម៉ែត្រប៉ុណ្ណោះពីទីតាំងខុនដូ។

សួនកម្សាន្តយូរ៉ូផាក ស្ថិតនៅលើទីតាំងតែមួយ (បឹងស្នោរ) ជាមួយនឹងខុនដូ ដែលសួនកម្សាន្តនេះ ជាសួនកម្សាន្តស្តង់ដារបែបអឺរ៉ុប ដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ជាទីកន្លែងលំហែកាយបែបធម្មជាតិ ដែលមានភោជនីយដ្ឋានបែបបស្ចឹមប្រទេស ការជិះទូកកម្សាន្ត និងការកម្សាន្តផ្សេងៗទៀតជាច្រើន ដែលធ្វើអោយអ្នកទៅកំសាន្តនៅទីនោះ មានអារម្មណ៍ថា ដូចកំពុងស្ថិតនៅក្នុងទីក្រុងតូចមួយនៅប៉ែកអឺរ៉ុបយ៉ាងដូច្នេះដែរ។

បន្ថែមពីលើនេះទៀត ការហាត់កីឡាក៏ជាផ្នែកមួយ ជួយដល់លោកអ្នកបំបាត់ភាពតានតឹង និងធ្វើអោយមានសុខភាពល្អ។ បុរី ប៉េង ហួត ក៏បានបង្កើតអោយមាន ក្លឹបហាត់ប្រាណ អាងហែលទឹក និងកីឡដ្ឋាន សម្រាប់អតិថិជនមកហាត់ប្រាណ និងកំសាន្ត ជាមួយនឹងកីឡាវាយកូនហ្គោល និង កីឡាបាល់ទាត់ ដែលកំពុងពេញនិយម នាពេលបច្ចុប្បន្ន។

សរុបរួមមក ជីវិតបែបស៊ីវិល័យ សម្រាប់ការរស់នៅក្នុងខុនដូ ដឹស្តាប៉ូឡារីស ២៣ ពិតជាមិនធ្វើអោយអតិថិជនខកបំណងឡើយ ក្នុងការទទួលបានជីវិតដ៏ស្រស់បំព្រង រួមផ្សំនឹងភាពសម្បូរបែបដែលនៅជុំវិញ ដែលស័ក្តិសមនឹង ពាក្យស្លោករបស់បុរី ប៉េង ហួត “ធ្វើអោយជីវិតលោកអ្នកកាន់តែមានន័យ”។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ 015 90 6789 Email: [email protected] ឬចូលទៅកាន់គេហទំព័រ Facebook: www.facebook.com/boreypenghuoth ឬអាចអញ្ជើញមកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នក រៀងរាល់ម៉ោងធ្វើការ៕

តើអ្នកវិយោគក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាគួរមានលក្ខណៈដូចម្តេច?

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ អ្នកវិនិយោគអចលនទ្រព្យ ជាពិសេសអ្នកវិនិយោគដីធ្លីនៅក្នុងប្រទេសកម្ពុជា ត្រូវបានបែងចែក ជា៣ ប្រភេទធំៗ ដែលកំពុងប្រតិបត្តិការនៅតាមបណ្តាខេត្ត ក្រុង និងតំបន់ដែលសក្តានុពលខ្ពស់។

លោក ឡុង គឺមសួគ៌ អគ្គនាយកក្រុមហ៊ុន Century21 Advance បានមើញឃើញថា អ្នកវិនិយោគអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ មាន ៣ ប្រភេទធំៗ និងអាស្រ័យលើធនធាន និងលំហូរសាច់ប្រាក់របស់ពួកគេ។

១) អ្នកវិនិយោគអចលនទ្រព្យកម្រិតទាប

អ្នកវិនិយោគប្រភេទនេះ បានចំណាយធនធានរបស់ខ្លួនលើការទិញដីក្នុងទំហំតូច ៗ ដែលអាស្រ័យទៅលើធនធានរបស់ពួកគេដែលមាន ដូចជាការទិញដីឡូតិ៍ ៤ x ២០, ៥x២០ និង ១០ x ២០ ជាដើម ហើយមានតម្លៃធូថ្លៃ។

២)អ្នកវិនិយោគអចលនទ្រព្យកម្រិតកណ្តាល

អ្នកវិនិយោគប្រភេទនេះ បានចំណាយថវិការបស់ខ្លួប្រមាណ ១០ ទៅ ៥០ម៉ឺនដុល្លារអាមេរិកក្នុងការវិនិយោគអចលនទ្រព្យ ជាពិសេសដីធ្លី ឬ អាចនិយាយបានថា អ្នកវិនិយោគប្រភេទនេះ ជាអ្នកវិនិយោគកម្រិតមធ្យម។

៣) អ្នកវិនិយោគអចលនទ្រព្យកម្រិតខ្ពស់

អ្នកវិនិយោគប្រភេទនេះ ត្រូវបានចំណាយថវិកាប្រមាណ៥០ ម៉ឺនដុល្លារអាមេរិកឡើង ក្នុងការវិនិយោគលើវិស័យអចលនទ្រព្យ ហើយអ្នកដែលចំណាយថវិកាច្រើនបែបនេះ ជាប្រភេទអ្នកមាន ឬ អ្នកដែលមានធនធានគ្រប់គ្រាន់ ។

លោក ឡុង គឹមសួគ៌ បានបញ្ជាក់ថា អ្នកវិនិយោគទាំង ៣ ប្រភេទនេះ គឺមានគោលបំណងផ្សេងៗគ្នា ដោយអ្នកខ្លះ វិនិយោគសម្រាប់សាងសងលំនៅឋាន ផ្ទះល្វែង ខុនដូ និងទុកលក់យកចំណេញជាដើម ខណៈអ្នកអភិវឌ្ឍន៍ភាគច្រើនវិនិយោគលើវិស័យអចលនទ្រព្យមិនបានដឹងពីគោលបំណងច្បាស់លាស់ដែលបណ្តាលឱ្យមានការខូចប្រយោជន៍ (លក់មិនចេញ)។

លោកក៏បានណែនាំដល់អ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យទាំងអស់ត្រូវដឹងពីគោលបំណងរបស់ខ្លួនមុននឹងសម្រេចចិត្តក្នុងការដាក់ទុនវិនិយោគក្នុងវិស័យអចលនទ្រព្យ ឬវិស័យដីធ្លីជាដើម ជាពិសេសត្រូវដឹងពីតំបន់សក្តានុពល និងគម្រោងអភិវឌ្ឍន៍ឱ្យច្បាស់លាស់៕

ការនាំចេញអង្កររបស់កម្ពុជាកើនឡើង ៣១ ភាគរយ ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២០

ដោយ ហ្សូលី

ភ្នំពេញ៖ គិតមកពេលនេះ ក្នុងរយៈពេល៨ខែ កម្ពុជាសម្រេចការនាំចេញអង្ករចំនួន ៤៤៨,២០៣ តោន ទៅកាន់ទីផ្សារអន្តរជាតិ មានកំណើនចំនួន ៣១ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ កន្លងទៅ។

នេះបើតាមឱ្យដឹងពីរបាយការណ៍របស់ក្រសួងកសិកម្ម ដែលទទួលបានពីលោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម។

ប្រទេសចិននៅតែជាគោលដៅនាំចេញអង្ករធំជាងគេ ដោយកម្ពុជាទទួលបានកំណើនក្នុងការនាំចេញអង្ករទៅកាន់ប្រទេសចិនសរុប ១៥៩,២៥៣ តោន គិតមកត្រឹមរយៈពេល ៨ ខែ ឆ្នាំនេះ កើនឡើងជិត ២០ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ កន្លងទៅ។ ឭ

របាយការណ៍ដដែលបង្ហាញថា កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអ៉ីរ៉ុបបានប្រមាណ ១៤៩,៨៤៨ តោន កើនឡើង ២៤,៨ភាគរយ និងទៅកាន់សមាគមន៍អាស៊ានបានចំនួន ៦០,៩៣៣ តោន កើនឡើង ៤២ ភាគរយ ក្នុងរយៈពេល ៨ខែនេះ។

កំណើននៃការនាំចេញអង្កររបស់កម្ពុជាបណ្តាលមកពី កំណើនតម្រូវការអង្ករកម្ពុជាអំឡុងវិបត្តិជំងឺរាតត្បាត Covid-19។ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មបានព្យាករណ៍ថា កម្ពុជានឹងអាចនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិរហូតដល់ ៨០០,០០០ តោន ក្នុងឆ្នាំ ២០២០នេះ។

កាលពីឆ្នាំ ២០១៩ កម្ពុជាអាចផលិតស្រូវអង្ករប្រហែល ១០លានតោន ហើយចំនួននេះកម្ពុជាយល់ឃើញថា ស្រូវអង្ករ ៥.៦តោន គឺស្មើនឹងអង្ករចំនួន ៣.៥លានតោន។ ការនាំចេញអង្ករក្រអូប មានកំណើនជាលំដាប់ ហើយកំណើនអង្ករស និងអង្ករចំហុយក៏មានក្នុងដំណាក់កាលនៃជំងឺកូវីដ១៩ រីឯអង្ករសរីរាង្គមានកំណើនជាបន្តបន្ទាប់នៅឆ្នាំ២០២០៕ Xinhua

អណ្តូងប្រេងថ្មីចំនួន ៥ របស់ក្រុមហ៊ុន Kris Energy នៅកម្ពុជានឹងចាប់ផ្តើមខួងពីខែតុលាខាងមុខនេះ

ដោយ ៖ ប៊ី

ភ្នំពេញ ៖ ក្រុមហ៊ុន The PetroVietnam Drilling & Well Service Corporation (PV Drilling) ដែលមានមូលនៅប្រទេសវៀតណាមបានបញ្ជាក់ថា ខ្លួននឹងអនុវត្តកិច្ចសន្យាក្នុងការខួងអណ្តូងថ្មីចំនួន៥ របស់ក្រុមហ៊ុនប្រេង Kris Energy ខណៈការខួងអណ្តូងប្រេងនៅកម្ពុជានេះនឹងមានរយៈពេល ៣ ខែដោយចាប់ផ្តើមពីខែតុលា ឆ្នាំ២០២០ខាងមុខ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏នឹងខួងអណ្តូងសម្រាប់គម្រោង PV Drilling II នឹងចាប់ផ្តើមយុទ្ធនាការខួងរយៈពេល ១០០ ថ្ងៃនៅវៀតណាមចាប់ពីខែកញ្ញា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម Vietnamplus ចុះផ្សាយកាលពីពេលថ្មីៗនេះ ។

ចាប់ពីខែសីហា ឆ្នាំ២០២០ ចំនួននៃការដេញថ្លៃសម្រាប់ការខួងយកប្រេងនៅឆ្នាំនេះនៅវៀតណាមក៏ដូចជាតំបន់អាស៊ីអាគ្នេយ៍ បានថមថយដោយមានឧបករណ៍ជណ្តើរខួងចំនួន ២៦ ក្នុងចំណោម ៦១ នៅក្នុងតំបន់ដែលមិនត្រូវបានប្រើប្រាស់។
ក្រុមហ៊ុន PV Drilling ក៏ជួបប្រទះនឹងការលំបាកដូចគ្នាដែរនៅពេលដែលឧបករណ៍ខួងទាំង ២ របស់ PV Drilling II និង PV Drilling III ត្រូវបញ្ឈប់ប្រតិបត្តិការនៅប្រទេសម៉ាឡេស៊ីចាប់ពីខែកក្កដា ឆ្នាំ២០២០ និងខែមិថុនា ឆ្នាំ២០២០ រៀងៗខ្លួន លឿនជាងផែនការក្នុងកិច្ចសន្យា។ ដូច្នេះក្រុមហ៊ុន PV Drilling នឹងតាមដានស្ថានភាពតំរូវការផ្គត់ផ្គង់នៅលើទីផ្សារដើម្បីស្វែងរកកិច្ចសន្យាខួងថ្មីដើម្បីបំពេញតាមគោលដៅអាជីវកម្មសម្រាប់ឆ្នាំនេះដែលត្រូវបានអនុម័តនៅឯកិច្ចប្រជុំទូទៅរបស់ក្រុមហ៊ុន ។

ក្រុមហ៊ុន PV Drilling បានឱ្យដឹងថា ឧបករណ៍ជណ្តើរសម្រាប់ខួងអណ្តូង អាចដំណើរការនៅឆ្នាំក្រោយ។ ក្នុងនោះចាប់ពីត្រីមាសទី ២ ឆ្នាំ២០២១ ស្ថានីយ៍ខួងអណ្តូងប្រេង PV នឹងចាប់ផ្តើមអនុវត្តកិច្ចសន្យារយៈពេលវែងដែលបានចុះហត្ថលេខាជាមួយក្រុមហ៊ុនប្រេងប្រ៊ុយណេសែលប្រេង (BSP) ។
ក្រុមហ៊ុនបានឱ្យដឹងទៀតថា ខ្លួនទទួលបានកំណើនប្រចាំឆ្នាំ ៦៤ ភាគរយនៃប្រាក់ចំណូលសរុបក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះដល់ចំនួន ៣,១៨ ពាន់លានដុង (១៣៧,៥ លានដុល្លារអាមេរិក)។ ខណៈពេលដែលប្រាក់ចំណេញក្រោយពន្ធរបស់ខ្លួនបានឈានដល់ ៨២ ពាន់លានដុងគឺខ្ពស់ជាងប្រាក់ចំណេញវៀតណាម ២២,២ ពាន់លានដុល្លារក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំកន្លងមក៕

ក្រុមហ៊ុនអាកាសចរណ៍ Silk Air ចាប់ផ្តើមហោះហើរឡើងពីសិង្ហបុរី មកភ្នំពេញនៅថ្ងៃនេះ

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ ក្រុមហ៊ុនអាកាសចរណ៍ Silk Air ដែលចេញដំណើរពីសិង្ហបុរី មកភ្នំពេញបានចាប់ផ្តើមដំណើរការហោះហើរឡើងវិញនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២០នេះ បន្ទាប់ពីផ្អាកមួយរយៈដោយការព្រួយបារម្ភពីការឆ្លងនូវជំងឺ covid-19 ។

តាមសេចក្តីជូនដំណឹងរបស់រដ្ឋាភិបាលកម្ពុជាកាលពីពេលថ្មីៗនេះបានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Silk Air នឹងចាប់ផ្តើមហោះហើរឡើងវិញរៀងរាល់ថ្ងៃអង្គារ និងថ្ងៃអាទិត្យ រៀងរាល់សប្ដាហ៍សម្រាប់គោលដៅមករាជធានីភ្នំពេញ។

សម្រាប់ការហោះហើរនេះ រដ្ឋាភិបាលតាមរយៈក្រសួង និងស្ថាប័នពាក់ព័ន្ធបានក្រើនរំលឹកដល់អ្នកធ្វើដំណើរទាំងអស់ ដែលមានបំណងចូលមកប្រទេសកម្ពុជា ត្រូវកត់សម្គាល់ថាប្រទេសកម្ពុជា បានផ្អាកការលើកលែងទិដ្ឋាការ (រួមទាំងជនជាតិសិង្ហបុរី) ទិដ្ឋាការពេលមកដល់ ទិដ្ឋាការទេសចរណ៍ និងទិដ្ឋាការអេឡិចត្រូនិច។

រាល់អ្នកដំណើរចាំបាច់ត្រូវដឹងមុនចេញដំណើរ ៖ ស្នើសុំទិដ្ឋាការនៅស្ថានអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសសិង្ហបុរី
ត្រូវមានលិខិតបញ្ជាក់សុខភាព ៧២ ម៉ោងមុនចេញដំណើរ ត្រូវទិញកញ្ចប់ធានារ៉ាប់រងសុខភាពរយៈពេល ២០ថ្ងៃ តម្កល់ប្រាក់ ២០០០ ដុល្លារ សម្រាប់ចំណាយលើការតេស្ត ស្នាក់នៅ និងការធ្វើដំណើរពេលមកដល់ និងធ្វើតេស្តភ្លាមៗ ហើយត្រូវរង់ចាំ ២៤ម៉ោង ដើម្បីទទួលលទ្ធផល ។

បើសិនអ្នកដំណើរណាម្នាក់តេស្តឃើញកូវីដ ១៩ អ្នករួមដំណើរទាំងអស់ត្រូវធ្វើចត្តាឡីស័កនៅមណ្ឌលដែលបានរៀបចំ។

អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា តាមការគ្រោងទុក ចាប់ពីខែកញ្ញា ឆ្នាំ២០២០នេះ ជើងហោះហើររបស់កម្ពុជានឹងមានសកម្មភាពឡើងវិញ ដោយមានការហោះហើរមកពីប្រទេសមួយចំនួននៅក្នុងតំបន់ និងប្រទេសជប៉ុនផងដែរ។

លោកបន្តថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ អាកាសយានដ្ឋានអន្តរជាតិរបស់កម្ពុជា ទទួលបាននូវជើងហោះហើរប្រមាណ ១០ ជើងប៉ុណ្ណោះក្នុងមួយថ្ងៃ ដែលធ្វើឱ្យវិស័យមួយនេះមានការចុះធ្លាក់យ៉ាងខ្លាំង៕

អ្នកជំនាញ៖ ទីផ្សារ​ជួល​នៅក្នុង​ផ្សារ​ទំនើប​មាន​អត្រាកំណើន​តិចតួច​បំផុត

ដោយ​ វុត្ថា

ភ្នំពេញៈ ទីផ្សារ​ជួល​នៅក្នុង​ផ្សារ​ទំនើប​រហូតដល់​ចុងឆ្នាំ២០២០នេះ អាច​នឹងមាន​កំណើន​តិចតួច​បំផុត បើទោះជា​ស្ថានភាព​នៃ​ជំងឺ Covid-19 នៅក្នុង​ប្រទេស​កម្ពុជា ត្រូវបាន​ទប់ស្កាត់ និង​មាន​វិធាន​ការល្អ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ក៏ដោយ។

អ្នកជំនាញ​នៅក្នុង​វិស័យ​ផ្សារ​ទំនើប លោកស្រី​អាន សុធី​តា  នាយិកា​ក្រុមហ៊ុន CBRE ប្រចាំ​កម្ពុជា បាន​ប្រាប់​គេហទំព័រ Propertyarea.asia កាលពី​ចុង​សប្តាហ៍​មុននេះ​ឱ្យដឹងថា ដោយ​បន្សល់ទុក​ពី​ការធ្លាក់ចុះ​នៅក្នុង​ឆមាស​ទី១ សម្រាប់​ទីផ្សារ​នៃ​ការជួល​ទីតាំង​លក់រាយ​ក្នុង​ផ្សារ​ទំនើប​នៅ​ឆមាស​ទី២ ឆ្នាំ២០២០ អាច​នឹងមាន​កំណើន​ឡើងវិញ​តិច​បំផុត បើជា​ទោះ​រាជរដ្ឋាភិបាល​កម្ពុជា បានអនុញ្ញាត​ឱ្យ​ផ្នែក​កម្សាន្ត​ខ្លះ ចាប់ដំណើរការ​ឡើងវិញ​ក៏ដោយ។

លោកស្រី​បន្តថា “ទីផ្សារ​ជួល​តូប​នៅក្នុង​ផ្សារ​ទំនើប (Retail) នៅ​កម្ពុជា គិត​ត្រឹម​ចុង​ឆមាស​ទី១ (ចុងខែ​មិថុនា) គឺមាន​ភាពអវិជ្ជមាន​ខ្លាំង ប៉ុន្តែ​ទីផ្សារ​នេះ​ត្រូវបាន​ព្យាករណ៍​ថា នឹងមាន​សន្ទុះ​ឡើងវិញ​បន្តិចបន្តួច​នៅក្នុង​ឆមាស​ទី២ នៃ​ឆ្នាំ២០២០” ។

លោកស្រី អាន សុធី​តា បន្ថែមថា ផ្អែក​តាម​ភាពជាក់ស្ដែង​នៅពេល​បច្ចុប្បន្ននេះ យើង​ឃើញថា មនុស្ស​ជាច្រើន​ចាប់ផ្តើម​មាន​សកម្មភាព និង​ចេញ​ដើរ​ឡើងវិញ បន្ទាប់ពី​ការ​រាតត្បាត​នៃ​ជំងឺឆ្លង​នៅក្នុង​ប្រទេស​កម្ពុជា មាន​ភាពស្ងប់ស្ងាត់ ជាពិសេស​បន្ទាប់ពី​រាជរដ្ឋាភិបាល បានសម្រេច​អនុញ្ញាតឱ្យ​អាជីវកម្ម​កម្សាន្ត​មួយចំនួន ចាប់ដំណើរការ​ឡើងវិញ ប៉ុន្តែ​ស្ថិតក្នុង​ស្ថានភាព​ប្រុងប្រយ័ត្ន​ខ្ពស់។

លោកស្រី​បន្តទៀតថា ក្នុង​ឆមាស​ទី១ ក្រៅពី​វិស័យ​ឧស្សាហកម្ម គឺ​វិស័យ​សណ្ឋាគារ (Hotel) និង​ផ្សារ​ទំនើប (Retail) ទទួលរង​នូវ​ផលប៉ះពាល់​យ៉ាងខ្លាំង ប៉ុន្តែ​នៅក្នុង​ឆមាស​ទី២នៃ​ឆ្នាំនេះ យើង​រំពឹងថា​នឹងមាន​កំណើន​ឡើងវិញ​បន្តិច។

លោកស្រី​បន្ថែមថា “ការអនុញ្ញាតឱ្យ​ចាប់​បើក​ដំណើរការ​ឡើងវិញ នូវ​អាជីវកម្ម​ផ្នែក​កម្សាន្ត និង​សេវាកម្ម​មួយចំនួន​របស់​រាជរ​ដ្ឋា​ភិ​បាល ពិតជា​បាន​ចូលរួម​ជួយ​ធ្វើ​វិស័យ​ទាំង២ខាងលើនេះ មាន​ភាពល្អប្រសើរ ប៉ុន្តែ​កំណើន​នៃ​តម្រូវការ​ទីផ្សារ នៅមានកម្រិត​នៅឡើយ” ៕

វិភាគ៖ តើ​គម្រោង​ខ្សែក្រវ៉ាត់ និង​ផ្លូវ​របស់​ចិន​ជួយ​ដល់​ការ​ងើបឡើង​វិញ​នៃ​វិបត្តិសេដ្ឋកិច្ច​សកល​យ៉ាងដូចម្តេច?

ប្រែ​សម្រួល​ដោយ៖ ប៊ី

ភ្នំពេញៈ ខណៈ​ជំងឺ​រាតត្បាត COVID-19 កំពុង​ធ្វើឱ្យ​សេដ្ឋកិច្ចពិភពលោក ធ្លាក់​ចូលក្នុង​វិបត្តិ​សេដ្ឋកិច្ច​ជ្រៅ គម្រោង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់ និង​ផ្លូវ (BRI) ដោយមាន​ការចូលរួម​ពី​សហគ្រាស​ចិន​នៅក្រៅ​ប្រទេស បានផ្តល់​ក្តីសង្ឃឹម​ខ្លះ​ឡើងវិញ។

ដោយ​បម្រើ​ជា​វេទិកា​អន្តរជាតិ សម្រាប់​កិច្ចសហប្រតិបត្តិការ គម្រោង​ខ្សែក្រវាត់​និង​ផ្លូវ បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​ការជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត និង​ធ្វើឱ្យមាន​ស្ថេរភាព​ការផ្គត់ផ្គង់​ពិភពលោក និង​ខ្សែសង្វាក់​ឧស្សាហកម្ម។

កម្មករ​នៃ​សហគ្រាស​ចិន​នៅក្រៅ​ប្រទេស និង​សម​ភាគី​ក្នុងស្រុក​របស់​ពួកគេ កំពុង​មមាញឹក ក្នុង​ការផលិត​ឡើងវិញ ខណៈ​កំពុង​ចាត់វិធានការ​ការពារ​យ៉ាង​តឹងរឹង។


គម្រោង
HEALTH SILK ROAD

នៅក្នុង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ ដែល​បាន​ធ្វើឡើង​កាលពី​ខែមីនា ជាមួយ​នាយករដ្ឋមន្ត្រី​អ៊ីតាលី លោក​Giuseppe Conte ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង​បាន​និយាយថា ប្រទេស​ចិន​មាន​ឆន្ទៈ​ធ្វើការ​ជាមួយ​ប្រទេស​អ៊ីតាលី ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ជាស​កល​ដើ  ម្បី​ប្រយុទ្ធប្រឆាំង នឹង​ការរីក​រាលដាល​នៃ​ជំងឺ និង​បង្កើត​គម្រោង Silk Road of Health។

នៅ​ថ្ងៃទី១៤ ខែមេសា រថភ្លើង​ដឹកទំនិញ​ចិន-អឺរ៉ុប ដែល​ផ្ទុក​ទៅដោយ​គ្រឿង​ផ្គត់ផ្គង់​វេជ្ជសាស្ត្រ និង​ឧស្សាហកម្ម​ដែល​ត្រូវជា​ចាំបាច់ បាន​ទៅដល់​ទីក្រុង​ឌឹ​ស​បឺ​គ (Duisburg) ភាគ​ខាងលិច​ប្រទេស​អាល្លឺម៉ង់។

ដោយ​កត់សម្គាល់​ពី​ការលំបាក ដែល​ពលរដ្ឋ​អាល្លឺម៉ង់​ជួបប្រទះ ដោយសារតែ​ជំងឺ​រាតត្បាត រដ្ឋមន្ត្រី​ដឹកជញ្ជូន​នៃ​រដ្ឋ​អាល្លឺម៉ង់​លោក Hendrik Wuest  បាន​និយាយថា “ទំនិញ​ដែល​ដឹក​មកពី​ប្រទេស​ចិន ជាពិសេស​សម្ភារៈ​វេជ្ជសាស្ត្រ មាន​សារៈសំខាន់​ណាស់” ។

ក្នុង​ឆមាស​ទីមួយ ឆ្នាំ២០២០ ការដឹកជញ្ជូន​ទំនិញ​រវាង​ចិន និង​អឺរ៉ុប​បាន​កើនឡើង ៣៦ភាគរយ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ស្មើនឹង៥.១២២ជើង ដោយ​ដឹកជញ្ជូន៣,៦៧លាន​សម្រាប់ និង​វត្ថុធាតុដើម​ប្រឆាំងនឹង​ជំងឺ​រាតត្បាត២៧.០០០តោន ទៅកាន់​ប្រទេស​អឺរ៉ុប​រួមមាន​អ៊ីតាលី អាល្លឺម៉ង់ បារាំង អេ​ស្ប៉ា​ញ ប៉ូឡូញ និង​ហុង​គ្រី។

ដោយ​ត្អូញត្អែរ​អំពី​ការរំខាន​យ៉ាងខ្លាំង នៃ​បណ្តាញ​ផ្គត់ផ្គង់ ដែល​បណ្តាលមកពី​កូ​វីដ១៩ លោក Michael Schumann ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សហព័ន្ធ​ល្លឺ​ម៉​ង់​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​បរទេស​បាន​មានប្រសាសន៍ថា “ក្នុងន័យនេះ គំនិត ផ្តួចផ្តើម​ខ្សែក្រវ៉ាត់ និង​ផ្លូវ ពិតជា​អាច​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​អនាគត” ។

ផ្លូវ​សូត្រ​បុរាណ បាន​ក្លាយជា​ទាំង​មធ្យោបាយ​ដឹកទំនិញ និង​ជា​ចំណង​សាមគ្គីភាព។

ភ្លាមៗបន្ទាប់ពី​ប្រទេស​អ៊ីរ៉ាក់ បាន​រាយការណ៍​ករណី​ដំបូង​នៃ​ការការពារ​ជំងឺ COVID-19 ក្រុមគ្រូពេទ្យ​ចិន ដែលមាន​អ្នកជំនាញ​ចំនួន៧នាក់ បាន​ទៅដល់​រដ្ឋធានី​បា​កដាដ របស់​អ៊ីរ៉ាក់​នៅ​ថ្ងៃទី៧ខែមីនា។ ប៉ុន្មាន​ថ្ងៃ​ក្រោយមក មន្ទីរពិសោធន៍​ដែល​បង្កើត​ដោយ​ជនជាតិ​ចិន សម្រាប់​ការធ្វើ​តេស្ត៍​រក​ជំងឺ COVID-19 ត្រូវបាន​បើកសម្ពោធ​នៅក្នុង​ប្រទេស ដែល​ហែកហួរ​ដោយ​សង្គ្រាម។

នាយក​មន្ទីរពិសោធន៍​លោក Ghanim Mahdi បាន​និយាយថា “អ្នកជំនាញ​ចិន​គឺមាន​ការគាំទ្រ និង​ជួយ​ខ្លាំង។ នៅពេល​ពួកគេ​នៅទីនេះ ពួកគេ​បានផ្តល់​ការបណ្តុះបណ្តាល​បច្ចេកទេស​ទាំងអស់ ដែល​យើង​ត្រូវការ។ នេះ​អាចជា​ទ្រព្យ​សម្រាប់​យើង” ។

លោក Keshmeer Makun សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ University of the South Pacific បាន​មានប្រសាសន៍ថា ជំងឺ​រាតត្បាត បាន​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្រោម​ក្របខ័ណ្ឌ​ខ្សែក្រវាត់ និង​ផ្លូវ។

HOPE REKINDLED សេចក្តីសង្ឃឹម

ធនាគារពិភពលោក​បាន​ព្យាករណ៍​ថា ពិភពលោក នឹង​ទទួលរង​នូវ​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​បំផុត គិត​ចាប់តាំងពី​សង្គ្រាមលោកលើកទី២ ជាមួយនឹង​ការធ្លាក់ចុះ៥,២ ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​នៅ​ឆ្នាំនេះ។តួលេខ​នេះ​បង្ហាញ​ពី​តម្រូវការ​បន្ទាន់ សម្រាប់​ការផលិត​ឡើងវិញ។

ដោយមាន​វិធានការណ៍​ការពារ​យ៉ាង​តឹងរឹង កម្មករ​ចិន នៅក្រៅ​ប្រទេស​កំពុង​រួម​ដៃ​គ្នា ជាមួយ​សហសេវិក​ក្នុង​តំបន់​របស់​ពួកគេ ដើម្បី​ព​ន្លឿ​ន​ការស្ថាបនា​គម្រោងការណ៍សំខាន់ៗនៅ​ទូទាំង​ពិភពលោក។

ចាប់តាំងពី​ត្រូវ​អនុញ្ញាត​ចេញ​កាលពី​ថ្ងៃទី២២ ខែសីហា​ពី​ការដាក់​ឱ្យនៅ​ដាច់ឡែក​រយៈពេល១៤ថ្ងៃ បន្ទាប់ពី​ការមកដល់​ពួកគេ កម្មករ​ចិន​ជាង ១៤០នាក់​នេះ បាន​លះបង់​ក្នុងការ​សាងសង់​ស្ពាន Peljesat ដែលជា​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ធំជាងគេ នៅ​ប្រទេស​ក្រូ​អាត។

ការស្ថាបនា​ស្ពាន​នេះ ដែល​ត្រូវបាន​ពន្យា​ពេល​ដោយ​ជំងឺ​រាតត្បាត ត្រូវបាន​បង្កើនល្បឿន ដោយសារ​លទ្ធផល​នៃ​ការព្យាយាម​របស់​កម្មក​រ។

លោក Lu Shengwei តំណាង​ក្រុម​អ្នក​សាងសង់​ចិន បាន​មានប្រសាសន៍ថា “យើង​មិនអាច​សង្កត់ធ្ងន់​បន្ថែម​ទៀត​លើ​ថា តើ​ស្ពាន​មាន​សារៈសំខាន់​ដល់​ប្រជាជន​ក្រូ​អាត និង​យើង​ប៉ុណ្ណា​នោះទេ។ មនុស្ស​គ្រប់គ្នា​ដឹងថា​ស្ពាន ដែល​ឧបត្ថម្ភ​ដោយ​សហភាព​អឺរ៉ុប ដែល​ភ្ជាប់​ទឹកដី​របស់​ក្រូ​អាត ត្រូវ​បានប្រគល់​ការទុកចិត្ត លើ​ការសាងសង់​ឱ្យ​ក្រុមហ៊ុន​ចិន​មួយ។

នៅ​ប្រទេស​កម្ពុជា viJ ទោះបី​មាន​ឧបសគ្គ​ទាំងអស់ ដែល​បង្កឡើង​ដោយ​ជំងឺ​រាតត្បាត​ក៏ដោយ ក៏​ពលករ​ចិន និង​កម្ពុជា កំពុងតែ​ជម្រុញ​ទៅមុខ​ជាមួយនឹង​ការកសាង​ផ្លូវ​ល្បឿន​លឿន​ដំបូង​គេ​របស់​ប្រទេស​នេះ។

ត​ភ្ជាប់​ពី​ទីក្រុង​ភ្នំពេញ និង​ខេត្ត​កំពង់ផែ​សមុទ្រ​ជ្រៅ​ខេត្ត​ព្រះសីហនុ នៅ​ទិសនិរតី​នៃ​ប្រទេស​កម្ពុជា ផ្លូវ​ល្បឿន​លឿន​វិនិយោគ​ចិន ដែលមាន​ទឹកប្រាក់២ពាន់​លាន​ដុល្លារ ត្រូវបាន​រំពឹងថា នឹង​ក្លាយជា​សរសៃឈាម​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា។ ផ្លូវ​ល្បឿន​លឿ ន​នេះ​នឹង​ក្លាយជា​ផ្លូវ​យុទ្ធសាស្ត្រ​ដ៏​សំខាន់​មួយ ហើយនឹង​ចូលរួមចំណែក​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា។

លោក Xu Song ប្រធាន​ក្រុម​សំណង់ ដែលមាន​កម្មករ​ចំនួន២៨០នាក់​នៅក្នុង​គម្រោង​នេះ​បាន​មានប្រសាសន៍ថា “យើង​យល់​ពី​សារៈសំខាន់ នៃ​ផ្លូវ​ល្បឿន​លឿន​នេះ ហើយ​ដឹង​ច្បាស់​ពី​ទំនួល​ខុសត្រូវ​របស់​យើង។ ក្នុងកំឡុងពេល​ពិសេស​នេះ ការអនុវត្ត​នូវ​វិធានការណ៍​យ៉ាង​តឹងរឹង ដើម្បី​ការពារ​ជំងឺ COVID-19 និង​កា​រព​ន្លឿ​ន​ដល់​ការសាងសង់​ជាប្រចាំ​គឺជា​អាទិភាព​របស់​យើង។

នៅ​ប្រទេស​ស្រីលង្កា ក្រុមការងារ​ប្រតិ​ប​ត្ដិ​ការ និង​ថែទាំ​ចិន​បាន និង​កំពុង​ធ្វើ​អស់ពី​សមត្ថភាព ដើម្បី​ធានា​ឱ្យបាន​នូវ​ប្រតិបត្តិ​ការធម្មតា នៃ​ស្ថានីយ៍​ថាមពល​ឡាក់​វី​ចា​យ៉ា (Lakvijaya) ដែលជា​រោងចក្រ​ថាមពល​សាងសង់ ដោយ​ប្រទេស​ចិន ដែល​ផ្គត់ផ្គង់​អគ្គិសនី​ប្រហែល៤០ភាគរយ នៃ​ថាមពលអគ្គីសនី​របស់​ប្រទេស។

លោក Pang Tusheng អ្នកបច្ចេកទេស​នៃ​ក្រុមការងារ​នេះ បាន​និយាយថា លោក​មាន​គម្រោង​វិលត្រឡប់​ទៅ​ប្រទេស​ចិន ដើម្បី​ចូលរួម​ពិធីមង្គលការ​កូនស្រី របស់លោក ប៉ុន្តែ​ជំងឺ​រាតត្បាត​បាន​ផ្លាស់ប្តូរ​ផែនការ​របស់លោក។

លោក Pang បាន​មានប្រសាសន៍ថា “ស្ថិតក្នុង​កាលៈទេសៈ​បែប​នេះ យើង​គួរតែ​នៅជាប់​នឹង​ការងារ​របស់​យើង ព្រោះ​វា​ជា​កិច្ចការ​ដ៏​សំខាន់ ដើម្បី​រក្សា​ប្រតិបត្តិការ​ដោយ​រលូន​នៃ​ស្ថានីយ៍​ថាមពល” ។

អនាគត​រួម

បន្ទាប់ពី​ការរីក​រាលដាល​នៃ​ជំងឺ​នេះ ប្រទេស​ចិន​បាន​ប្រញាប់ប្រញាល់ ជួ​យស       ង្គ្រោះ​អ្នក​ដែល​ត្រូវការ​ជំនួយ ដោយ​លើកស្ទួយ​ចក្ខុវិស័យ​សហគមន៍ ដែលមាន​អនាគត​រួមគ្នា​សម្រាប់​មនុស្សជាតិ។

លោក​ស៊ី ជីន​ពីង បាន​និយាយ​នៅក្នុង​សន្និសីទ​វីដេអូ Conference ស្តីពី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ស្តីពី​ខ្សែក្រវាត់ និង​ផ្លូវ​ថា “វិធីសាស្ត្រ​ត្រឹមត្រូវ ក្នុងការ​ដោះស្រាយ​វិបត្តិ​ពិភពលោក និង​ការអភិវឌ្ឍ​រយៈពេល​វែង​គឺ តាមរយៈ​ការតភ្ជាប់​កាន់តែ​ទូលំទូលាយ ការបើកចំហ និង​ការបញ្ចូល​គ្នា” ។

លោក​ស៊ី​បាន​និយាយថា “ប្រទេស​ចិន នឹងធ្វើ​ការ​ជាមួយ​ដៃគូ​របស់ខ្លួន ដើម្បី​អភិ​វ  ឌ្ឍ​គម្រោង​ខ្សែក្រវាត់ និង​ផ្លូវ​ទៅជា​គំរូ​នៃ​កិច្ចសហប្រតិបត្តិការ គំរូ​សុខភាព គំរូ​នៃ​ការ​ស្តារឡើងវិញ និង​គំរូ​នៃ​កំណើន” ។

ចក្ខុវិស័យ​របស់​ចិន​សម្រាប់​អនាគត​រួមគ្នា និង​សំណើ​របស់ខ្លួន ដើម្បី​រួមគ្នា​កសាង​គម្រោង​ខ្សែក្រវ៉ាត់ និង​ផ្លូវ​ត្រូវបាន​ស្វាគមន៍ ដោយ​ប្រទេស​នៅ​ជុំវិញ​ពិភពលោក។

ប្រធាន​អង្គការ​សុខភាព​ពិភពលោក​លោក Tedros Adhanom Ghebreyesus បាន​មានប្រសាសន៍ថា “គម្រោង​ផ្លូវ​សូត្រ​សុខភាព និង​ផ្លូវ​សូត្រ​ឌីជីថល ដែល​បាន​ដាក់ចេញ​ដោយ​ប្រទេស​ចិន បានបង្ហាញ​ពី​សារៈសំខាន់ នៃ​ទម្រង់​ច្នៃប្រឌិត​ថ្មី​នៃ​កិច្ចសហប្រតិបត្តិការ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​យើង​ជួបប្រទះ” ។

លោក Charles Onunaiju នាយក​មជ្ឈមណ្ឌល​សិក្សា​ចិន​នៅ​ទីក្រុង Abuja ប្រទេស​នី​ហ្សេ​រី​យ៉ា​បាន​និយាយថា ការកត់សម្គាល់​របស់​លោក​ស៊ី បានធ្វើឱ្យ​ប្រទេស​អាហ្វ្រិក​មាន​ទំនុកចិត្ត​ពេញលេញ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​រាតត្បាត។

លោក​Onunaiju បាន​និយាយថា “គម្រោង​ខ្សែក្រវាត់ និង​ផ្លូវ ដែល​អាហ្វ្រិក​បាន​ចូលរួម​យ៉ាងច្រើន នឹង​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ចពិភពលោក​នៅក្នុង​ពេល​ជំ​ងឹ​រាតត្បាត” ។

លោក Pavle Basic សមាជិក​ក្រុម​ប្រឹក្សាជាតិ​ប្រទេស​ស៊ែ​ប៊ី (Serbia) សម្រាប់​ការសម្របសម្រួល​កិច្ចសហប្រតិបត្តិការ​ជាមួយ​រុស្ស៊ី និង​ចិន​បាន​មានប្រសាសន៍ថា ប្រទេស​ស៊ែ​ប៊ី​បានផ្តល់​ការគាំទ្រ​យ៉ាង​ពេញទំហឹង ដល់​គម្រោង​ខ្សែក្រវ៉ាត់ និង​ផ្លូវ។

លោក Basic បាន​ថ្លែងថា “យើង​យល់ថា គំនិត​ផ្តួចផ្តើម​នេះ គឺជា​គំនិត​ផ្តួចផ្តើម​ដ៏​សំខាន់បំផុត​មួយ​នៅលើ​ឆាក​អន្តរជាតិ ដែល​នឹង​រួមចំណែក​ដល់​ការបង្កើត​ភាពជា​ដៃគូ ទូទាំង​ពិភពលោក​លើ​គ្រប់​វិស័យ” ។

លោក Yu Xiong សាស្ត្រាចារ្យ​នៅ​សាលា​ពាណិជ្ជកម្ម​សូ​រី នៅ​សាកលវិទ្យាល័យ University of Surrey បាន​មានប្រសាសន៍ថា “នៅក្នុង​បរិយាកាស​អន្តរជាតិ​ស្មុគស្មាញ​នាពេល​បច្ចុប្បន្ននេះ គម្រោង​ច្បាស់លាស់ នៃ​ផែនការ​នាពេល​អនាគត របស់​ប្រទេស​ចិន​នាំមក​នូវ​ទំនុកចិត្ត​យ៉ាងខ្លាំង ដល់​ប្រជាជន​ទាំង​ក្នុង និង​ក្រៅប្រទេស ដែលមាន​ការព្រួយបារម្ភ​អំពី​ការអភិវឌ្ឍន៍​របស់​ប្រទេស​ចិន” ។

លោក​សាស្ត្រាចារ្យ​បាន​មានប្រសាសន៍ថា “ប្រទេស​ជាច្រើន​ចែករំលែក​ចក្ខុវិស័យ​ថា​ប្រទេស​ចិន ដែល​សេដ្ឋកិច្ច​របស់ខ្លួន បានចាប់ផ្តើម​ងើបឡើង​វិញ​ជាបណ្តើរៗ អាច​នាំ  ឱ្យ​ពួក​អភិវឌ្ឍ និង​ប្រឈមមុខ​នឹង​បញ្ហា​ប្រឈម​ជា​បន្តបន្ទាប់​ជាមួយគ្នា” ៕ Xinhua