ក្រុមហ៊ុនលក់រាយធំជាងគេរបស់អង់គ្លេសដកខ្លួនចេញពីថៃ និងម៉ាឡេស៊ី

ដោយ ប៊ី

ភ្នំពេញៈ ក្រុមហ៊ុនលក់រាយធំជាងគេនៅអង់គ្លេសTesco លក់ប្រតិបត្តិការណ៍អាជីវកម្មនៅថៃ និងម៉ាឡេស៊ីក្នុងតម្លៃ១០,៤ ពាន់លានដុល្លារ។

ក្រុមហ៊ុនលក់រាយនៅអង់គ្លេសនេះ បាននិយាយនៅសប្តាហ៍នេះថា ខ្លួនបានយល់ព្រមលក់អាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសថៃ និងម៉ាឡេស៊ីទៅឱ្យក្រុមហ៊ុនCP Group របស់ថៃក្នុងតម្លៃ១០,៤ ពាន់លានដុល្លារ។

ក្រុមហ៊ុនCP គឺជាក្រុមហ៊ុនធំបំផុតមួយរបស់ប្រទេសថៃ ដែលកាន់កាប់ភាគហ៊ុនលក់រាយ កសិពាណិជ្ជកម្ម អចលនទ្រព្យ និងមានហាងប្រហែល 7-Eleven ប្រមាណ ១០,០០កន្លែង។ ក្រុមនេះគឺជាកម្មសិទ្ធិរបស់ក្រុមគ្រួសារ អ្នកមានបំផុតមួយរបស់ប្រទេសថៃ។

លោកDave Lewis នាយកប្រតិបត្តិក្រុមហ៊ុនបាននិយាយ នៅក្នុងសេចក្តីថ្លែងការ​ណ៍​មួយថា “ន្ទាប់ពីការចាប់អារម្មណ៍ពីខាងក្រៅ និងការពិនិត្យឡើងវិញនូវយុទ្ធសាស្រ្តលម្អិតនៃជំរើសទាំងអស់ យើងកំពុងតែប្រកាសនៅថ្ងៃនេះ នូវសំណើលក់របស់ក្រុមហ៊ុន Tesco Thailand និង Tesco Malaysia”។

លោកបានថ្លែងថា “ការលក់នេះផ្តល់នូវតម្លៃសម្ភារៈ និងអនុញ្ញាតឱ្យយើងធ្វើឱ្យមា​ន​ភាពសាមញ្ញ និងផ្តោតលើអាជីវកម្ម ក៏ដូចជាផ្តល់តម្លៃដ៏សំខាន់ដល់ម្ចាស់ភាគហ៊ុន”។

ក្រុមហ៊ុន Tesco បានបន្ថែមទៀតថា ការដកការវិនិយោគចេនេះក៏នឹងកាត់បន្ថយបំណុល និងធ្វើឱ្យក្រុមខ្លួនកាន់តែប្រសើរផងដែរ ដែលធ្វើឱ្យមានការផ្តោតអារម្មណ៍កាន់​តែខ្លាំងលើសកម្មភាពចក្រភពអង់គ្លេស អៀរឡង់ និងអឺរ៉ុបកណ្តាល។

ក្រុមហ៊ុនបានបន្ថែមថា “ការបោះបង់ចោលនេះ នឹងធ្វើឱ្យអាជីវកម្មTesco កាត់បន្ថយហានិភ័យបន្ថែមទៀត តាមរយៈការកាត់បន្ថយបំណុល តាមរយៈការចូលរួមវិភា​គទានប្រាក់សោធន ដែលមានទឹកប្រាក់ចំនួន២,៥ពាន់លានអឺរ៉ូ រួមជាមួយវិធានការណ៍ផ្សេងទៀតត្រូវបានគេរំពឹងថា នឹងលុបបំបាត់ឱនភាពថវិកានាពេលបច្ចុប្បន្ន និងកាត់បន្ថ​យការរំពឹងទុក ក្នុងការចូលរួមវិភាគទានឱនភាពប្រាក់សោធនបន្ថែមទៀត នៅពេលអនា​គត”៕

ភ្ញៀវទេសចរជាតិ អន្តរជាតិនៅខេត្តសៀមរាបនៅតែដើរកម្សាន្តជាធម្មតា

ដោយ ហ្សូលី

សៀមរាបៈ តំបន់ទេសចរណ៍នៅខេត្តសៀមរាប នៅតែមានភ្ញៀវទេសចរជាតិ-អន្តរជាតិ ដើរកម្សាន្តជាធម្មតា បើទោះបីជាមានការរីករាលដាលពីមេរោគកូរ៉ូណាឬកូវីដ១៩ក៏ដោយ។ នេះបើតាមឱ្យដឹងពីរដ្ឋបាលខេត្តសៀមរាបកាលពីថ្ងៃទី១០ មីនា ឆ្នាំ ២០២០ នេះ។

ភ្ញៀវទេសចរជាតិនិងអន្តរជាតិ នៅតែដើរកម្សាន្តជាហូរហែតាមតំបន់ទេសចរណ៍ល្បីៗនៅខេត្តសៀមរាបដដែល ដោយមិនមានសភាពស្ងាត់ជ្រងំនោះទេ។ ភោជនីយដ្ឋាន និងបណ្តារហាងនៅក្នុងកន្លែងកម្សាន្ត ផាប់ស្ទ្រីត Pub Street មិនមានការបិទឬផ្អាកដំណើរការអាជីវកម្មឡើយ។

មិនតែប៉ុណ្ណោះ ក៏មានការរៀបចំកម្មវិធីច្រៀងរាំ យ៉ាងសប្បាយរីករាយផងដែល ដែលក្រុមអាជីវកម្មដ្ឋានប្រចាំតំបន់ផាប់ស្ទ្រីត បានរៀបចំឡើងក្នុងគោលបំណងឆ្លើយតបនិងផ្សព្វផ្សាយឱ្យបានឃើញពីចំនួន និងសកម្មភាពភ្ញៀវទេសចរ ដែលមកកម្សាន្តនៅខេត្តសៀមរាប ព្រមទាំងជាឱកាសទាក់ទាញភ្ញៀវទេសចរនានា មកលេងខេត្តសៀមរាបកាន់តែច្រើន។

មិនថាតែនៅតំបន់កម្សាន្តពេលរាត្រីនោះទេ សូម្បីតែនៅក្នុងផ្សារ ផ្សារទំនើប ក៏នៅតែបើកប្រកបអាជីវកម្មជាប្រក្រតី ដោយប្រជាជនមានការទិញលក់ដូរដូចសព្វដង។ ចំនែកភ្ញៀវទេសចរនៅតាមប្រាង្គប្រាសាទ ក៏នៅតែទស្សនាយ៉ាងសប្បាយរីករាយជាមួយទិដ្ឋ​ភាពដ៏ស្រស់ត្រកាលរបស់ខេត្តសៀមរាបដូចគ្នា។

យ៉ាងណាមិញ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកថោង ខុន ធ្លាប់បានលើកឡើងថា ដោយសារតែវិបត្តិជំងឺ Covid-19 បញ្ហាសង្គ្រាមពាណិជ្ជកម្ម និងបញ្ហាមួយចំនួនទៀតដែលមានប្រភពពីកត្តាខាងក្រៅ បានបណ្ដាលឱ្យកម្ពុជា ទទួលភ្ញៀវទេសចរអន្តរជាតិមិនបានដូចការព្យាករណ៍ ជាក់ស្ដែងនៅឆ្នាំ២០២០នេះ។

តាមការព្យាករណ៍សាជាថ្មីរបស់ក្រសួងទេសចរណ៍បានបង្ហាញថា ភ្ញៀវទេសចរអន្តរជាតិនឹងមានការធ្លាក់ចុះប្រមាណ១លាននាក់។ ទោះបីជាកម្ពុជាជួបវិបត្តិទាំងនេះ ក៏ដោយ ប៉ុន្តែនៅឆ្នាំ២០២៥ភ្ញៀវទេសចរនៅកម្ពុជា នឹងមានការកើនឡើងប្រមាណ២៥ភាគរយមកវិញ។ នេះបើតាមការព្យាករណ៍៕

មហាសេដ្ឋីចិត្តធម៌Bill Gates បរិច្ចាគថវិកា១២៥លានដុល្លារបន្ថែមសម្រាប់ជម្រុញ ការស្រាវជ្រាវវ៉ាក់ស៊ាំងមេរោគកូវីដ១៩

ដោយ ហ្សូលី

សហរដ្ឋអាមេរិកៈ មហាសេដ្ឋីអាមេរិក និងជាស្ថាបនិកក្រុមហ៊ុន Microsoft បរិច្ចាគថវិកា១២៥លានដុល្លារបន្ថែមពីចំនួនលើកមុន តាមរយៈមូលនិធិរបស់លោក ដើម្បីជួយពន្លឿនការស្រាវជ្រាវ និងអភិវឌ្ឍវិធីព្យាបាលមេរោគកូរ៉ូណា។ នេះបើតាមការផ្តល់ជំណឹងរបស់អង្គការសុខភាពពិភពលោក WHO កាលពីថ្ងៃទី១០ មីនា ឆ្នាំ ២០២០ នេះ។

ថវិកាទាំងនោះត្រូវប្រាកដថា ទុកសម្រាប់ការព្យាបាលជំងឺ ដែលអាចនឹងកើតមានទៅលើប្រទេសក្រីក្រ និងប្រជាជនដែលគ្មានលទ្ធភាពព្យាបាល។ កាលពីខែមុន មូលនិធីរបស់មហាសេដ្ឋីចិត្តធម៌រូបនេះ បានបរិច្ចាគទឹកប្រាក់ប្រមាណ១០០លានដុល្លាររួចម្តងហើយ។

មូលនិធិ Gates ស្វាគមន៍រាល់ទង្វើសប្បុរសធម៌ បរិច្ចាគថវិកាទៅលើវិស័យសុខាភិបាល និងទទួលថវិការហូតដល់៥០លានដុល្លារ រីឯជំនួយផ្សេងៗទទួលរហូតដល់២៥ លានដុល្លារ។

បច្ចុប្បន្នមិនទាន់មានថ្នាំណា ឬក៏ការបណ្តុះប្រព័ន្ធភាពស៊ាំណា អាចព្យាបាលកូវីដ១៩នៅឡើយទេ ខណៈពេលដែលអ្នកវិទ្យាសាស្រ្ត បានព្យាយាមទាំងថ្ងៃទាំងយប់សិក្សាស្រាវជ្រាវពីថ្នាំព្យាបាលជំងឺកូរ៉ូណា ដើម្បីទប់ស្កាត់ការរីករាលដាល និងឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។

លោកMark Suzman នាយកប្រតិបត្តិនៃមូលនិធិ Bill & Melinda Gates បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “វីរុសដូចជាCOVID-19 បានរីករាលដាលយ៉ាងឆាប់រហ័ស ប៉ុន្តែការអភិវឌ្ឍវ៉ាក់សាំង និងការព្យាបាល ដើម្បីបញ្ឈប់ពួកគេធ្មានដំណើរការយឺតបន្តិច”។

លោកបន្តថាប្រសិនបើយើងចង់ធ្វើឱ្យពិភពលោក មានសុវត្ថិភាពពីការផ្ទុះជំងឺឡើង ជាពិសេសសម្រាប់អ្នកដែលងាយរងគ្រោះបំផុតនោះ យើងត្រូវរកវិធីដើម្បីធ្វើឱ្យការស្រា​វជ្រាវ និងការអភិវឌ្ឍមានដំណើរការលឿន។ នោះតម្រូវឱ្យរដ្ឋាភិបាល សហគ្រាសឯកជន និងអង្គការសប្បុរសធម៌ ធ្វើសកម្មភាពយ៉ាងឆាប់រហ័ស ដើម្បីផ្តល់ជំនួយដល់ការស្រាវ​ជ្រាវនិងការអភិវឌ្ឍន៍៕

ជប៉ុនផ្តល់ជំនួយឥតសំណងចំនួន២០លានដុល្លារដើម្បីពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅរាជធានីភ្នំពេញ

ដោយៈ រ៉ាណេត

ភ្នំពេញៈ តបតាមការស្នើសុំរបស់កម្ពុជា រដ្ឋាភិបាលជប៉ុនបានយលព្រមផ្តល់នូវជំនួយឥតសំណងចំនួន២០លានដុល្លារ សម្រាប់ពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅក្នុងរាជធានីភ្នំពេញ។

មានប្រសាសន៍នៅក្នុងកិច្ចពិភាក្សាការងារ ក្នុងនាមជាប្រទេសដៃគូអភិវឌ្ឍន៍ នៅទីស្ដីការក្រសួង កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០កន្លងមក លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានមានប្រសាសន៍ប្រាប់លោក MI KA MI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាថា វិស័យទឹកស្អាតប្រទេសជប៉ុន បានដើរតួយ៉ាងសំខាន់ ដែលធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា ដែលទទួលបានទឹកស្អាតប្រើប្រាស់តែងនឹកឃើញដល់មិត្តជប៉ុន ជាពិសេសនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តធំៗ សំខាន់ៗជាច្រើន ដូចជា ខេត្តសៀមរាប បាត់ដំបង កំពង់ធំ ពោធិ៍សាត់ កំពង់ចាម កណ្តាល ជាដើម។

លោកទេសរដ្ឋមន្ត្រីបានមានប្រសាសន៍បន្តទៀតថា “កម្ពុជាពិតជានៅត្រូវការការអភិវឌ្ឍន៍វិស័យទឹកស្អាតនេះបន្ថែមទៀត និងរីករាយក្នុងការទទួលជំនួយឥតសំណង ជំនួ​យហិរញ្ញប្បទាន និងការវិនិយោគទ្រង់ទ្រាយធំ ដើម្បីផលិតលក់ដុំបន្តដល់អាជីវករលក់រាយ  ពីព្រោះទស្សន:វិស័យរបស់ក្រសួង បានគិតគូរមិនត្រឹមតំបន់រាជធានីភ្នំពេញ ដែលកំពុងរីកដែនដីរដ្ឋបាលរបស់ខ្លូន និងតំបន់ទីប្រជុំជនប៉ុណ្ណោះទេ។ ប៉ុន្តែយើងក៏ត្រូវគិតដល់ការអភិវឌ្ឍវិស័យទឹកស្អាតដល់ទីជនបទ តាមគ្រប់លទ្ធភាព ដើម្បីសម្រេចបាននូវគោលនយោបាយស្តីពី ទឹកស្អាតរបស់រាជរដ្ឋាភិបាលផង និងគោលដៅអភិវឌ្ឍប្រកប​ដោយនចីរភាពរបស់អង្គការសហប្រជាជាតិ ដែលកំណត់យកឆ្នាំ២០៣០ ប្រជាពលរដ្ឋសាកលនឹងទទួលបានទឹកស្អាតប្រើប្រាស់គ្រប់គ្នា។

ជាការឆ្លើយតប លោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានជម្រាបជូនដំណឹងដ៏ល្អថា គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ភូមិព្រែក ក្រុងភ្នំពេញ ដែលភាគីកម្ពុជាស្នើសុំជាហិរញ្ញប្បទាន ក្នុងទឹកប្រាក់ប្រមាណជាង២០លានដុល្លារសហរដ្ឋអាមេរិកនោះ ឥឡូវសំណើរនេះរាជរដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ជាជំនួយឥតសំណងវិញ ដើម្បីជួយអភិវឌ្ឍន៍វិស័យទឹកស្អាតរាជធានីភំ្នពេញ ដែលកំពុងរីកលូតលាស់ ជាពិសេស ស្របពេលដែលរាជធានីត្រូវបានពង្រីកវិសាលភាពផ្ទៃដីរដ្ឋបាលកាន់តែធំឡើង ។

លោកក៏បានបង្ហាញនូវការចាប់អារម្មណ៍ លើការអភិវឌ្ឍន៍វិស័យទឹកស្អាតតាមទីប្រជុំជន និងតំបន់ជនបទស្របតាមទស្សន:វិស័យរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្មផងដែរ ៕

GMAC ៖ កប៉ាល់ដឹកវត្ថុធាតុដើមមកពីចិន១២គ្រឿងទៀតនឹងមកដល់កម្ពុជា នៅចុងសប្តាហ៍នេះ

ដោយវុត្ថា

ភ្នំពេញៈ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)បានរំពឹងថា កប៉ាល់ដឹកវត្ថុធាតុដើមពីប្រទេសចិន មកផ្គត់ផ្គង់សម្រាប់រោងចក្រកាត់ដេរ១២គ្រឿងបន្ថែមទៀត នឹងមកដល់កម្ពុជានៅក្នុងថ្ងៃទិត្យចុងសប្តាហ៍នេះ ស្របពេលដែលមានការសម្របសម្រួលពីភាគីរដ្ឋាភិបាលកម្ពុជា និងចិន។

យោងតាមសេចក្តីជូនដំណឹងស្តីពី ការមកដល់នៃវត្ថុធាតុដើមសម្រាប់បម្រើឱ្យវិស័យកាត់ដេរ និងវិធានការសម្របសម្រួលពិសេសរបស់រាជរដ្ឋាភិបាលរបស់ GMAC ចេញផ្សាយនៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២០ នេះបានឱ្យដឹងថា ក្រោមកិច្ចអន្តរាគម៍ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលទៅកាន់ភាគីចិន វត្ថុធាតុដើមសម្រប់បម្រើឱ្យវស័យកាត់ដេរ ត្រូវបានដឹកមកដល់កំពង់ផែស្វ័យត ក្រុងព្រះសីហនុជាបណ្តើរៗហើយ កាលពីវេលាម៉ោង១១ និង ២៥ នាទីយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ ២០២០ តាមរយៈនាវាដឹកជញ្ជូនឈ្មោះ SITC Fujian ។

GMAC ឱ្យដឹងថា “រហូតដល់ថ្ងៃទិត្យចុងសប្តាហ៍នេះយើងរំពឹងថា មានកប៉ាល់ចំនួន ១២គ្រឿង នឹងចូលចតនៅកំពង់ផែក្រុងព្រះសីសហនុ ជាមួយនឹងវត្ថុធាតុដើមបន្ថែមទៀត”។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងពិធីអញ្ជើញចែកសញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា ចំនួន៣៤៥៨នាក់នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ បានជំរុញឱ្យមន្ត្រីពាក់ព័ន្ធ ជួយសម្រួលការដឹកជញ្ជូនវត្ថុធាតុដើម ដើម្បីយកមកផ្គត់ផ្គងរោងចក្រកាត់ដេរ នៅក្នុងប្រទេសកម្ពុជាឱ្យបានកាន់តែលឿន ខណៈកប៉ាល់ដឹកជញ្ជូនវត្ថុធាតុដើមមកពីចិន បានមកដល់ប្រទេសកម្ពុជាជាបន្តបន្ទាប់។

សម្តេចតេជោថ្លែងថា “នេះជាកិច្ចប្រឹងប្រែងសម្របសម្រួលរបស់ចិន ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់កម្ពុជា”។ សម្តេចតតេជោបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ ជាពិសេសខាងកំពង់ផែនិងគយ ត្រូវធ្វើយ៉ាងណាសម្រួលដល់ការដឹកជញ្ជូ​ននេះអោយដល់រោងចក្របានឆាប់រហ័សបំផុត”។

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ  លោក ហេង សួរ បានឱ្យដឹងកាលពីម្សិលមិញនេះដែរថា រោងចក្រកាន់ដេរចំនួន៧ ដែលស្នើសុំព្យួរការងារកាលពីពីមុនបានចាប់ផ្តើមដំណើរការឡើងវិវញ បន្ទាប់ពីទទួលបានវត្ថុធាតុដើមដែលទើបនឹងដឹកពីប្រទេសចិនមកដល់ប្រទេសកម្ពុជា។

បើតាមលោក ហេង សួរ កង្វះវត្ថុធាតុដើមសម្រាប់ផ្គត់ផ្គង់រោងចក្រនៅកម្ពុជាដែលបង្កឡើងដោយជំងឺកូវីដ១៩នៅក្នុងប្រទេសចិននេះ បានធ្វើឱ្យរោងចក្រចំនួន៥០ស្នើសុំព្យួរការងារ ដែលនាំឱ្យប៉ះពាល់កម្មករ និយោជិត២០,៩៤០នាក់ ស្រ្តី ១៦,១៨៣នាក់៕

រដ្ឋាភិបាលគាំទ្រគម្រោងវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិខ្នាតតូច ចំនួន៨ក្នុងខេត្តកោះកុង

ដោយវុត្ថា

ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈស្ថាប័នពាក់ព័ន្ធ បានគាំទ្រគម្រោងវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិខ្នាតតូចចំនួន៨គម្រោង នៅលើផ្ទៃដីទំហំមិនលើស១០ហិកតា និងស្ថិតក្នុងតំបន់ប្រើប្រាស់ដោយចីរភាព នៃតំបន់ការពារធម្មជាតិនៅក្នុងខេត្តកោះកុង។

លោកស៊្រុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារសម្រ​ប​សម្រួលលើគម្រោងវិនិយោគ និងលោក អ៊ុក ភ័ក្ត្រា អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២០ ម្សិលមិញនេះ បានចុះពិនិត្យសិក្សាលើទីតាំងស្នើសុំវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិខ្នាតតូច៨គម្រោងនេះ។

បើតាមលទ្ធផលក្រុមការងារសម្របសម្រួល លើគម្រោងវិនិយោគបានបង្ហាញថា គម្រោងវិនិយោគអភិវឌ្ឍន៍ ទេសចរណ៍ធម្មជាតិខ្នាតតូចទាំង៨នេះ រួមមាន ៥ គម្រោងស្ថិតនៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ភូមិសាស្ត្រឃុំស្រែអំបិល និងឃុំដងពែង ស្រុកស្រែអំបិល និង៣គម្រោង ស្ថិតក្នុងឧទ្យានជាតិបុទុមសាគរ ភូមិសាស្ត្រឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង។

ក្រុមការងារបានគាំទ្រដល់គម្រោងទាំង៨ ដែលបានស្នើសុំ ហើយនឹងលើកយកនូវចំណុចសំខាន់ៗ ដែលបានសិក្សាឃើញនៅទីតាំងជាក់ស្តែង រួមជាមួយនឹងការរៀបចំនូវទស្សនទានសង្ខេបនៃគម្រោងនីមួយៗ ដើម្បីគោរពរាយការណ៍ជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេច។

លោកស្រីឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានថ្លែងថា ខេត្តកោះកុង មានសក្តានុពលទេសចរណ៍ធម្មជាតិដ៏សម្បើម ដែលយើងមិនទាន់ទាញយកមកប្រើប្រាស់អស់នៅឡើយ។

លោកស្រីបន្តថា “ធនធានធម្មជាតិរបស់ខេត្តនេះហាក់ស្ថិតក្នុងអាថ៌កំបាំង ដែលយើងនៅតែមើលឃើញពីភាពអស្ចារ្យ និងមានធនធានជាច្រើន ដែលអាចទាញផលចំណូលដល់សេដ្ឋកិច្ចជាតិតាមរយៈវិស័យទេសចរណ៍”។

ខេត្តកោះកុងទាំងមូលជាខេត្ត ដែលប្រកបដោយសក្តានុពលទេសចរណ៍ធម្មជាតិ សត្វព្រៃ តំបន់បូរាណដែលកំពុងទាក់ទាញ អ្នកស្រឡាញ់ដំណើរកំសាន្តបែបផ្សងព្រេង។ ក្នុងនោះ តំបន់អេកូទេសចរណ៍អារ៉ែង និងជីផាត់គឺជាតំបន់ពីរដែលមានសក្តានុពលខ្លាំងជាងគេ ដោយសារមានព្រៃភ្នំ ទឹកជ្រោះ និងវត្ថុបូរាណជាដើម។

ក្រៅពីតំបន់ទេសចរណ៍ ដែលល្បីល្បាញទាំងពីរខាងលើខេត្តកោះកុង មានតំបន់សក្តានុពលចំនួន៣កន្លែងផ្សេងទៀត រួមមានទឹកជ្រោះ ព្រៃភ្នំ សត្វព្រៃ រូបសំណាក់ថ្មដំរីស្ថិតក្នុងភូមិសាស្ត្រភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។ ទន្ទឹមនឹងនេះ ភូមិពោធិ៍បឹង និងភូមិព្រះអង្គកែវ ក្នុងឃុំដងពែង ក៏មានតំបន់សក្តានុពលជាច្រើនដូចជាទឹកធ្លាក់ ទេសភាពដងស្ទឹង សត្វព្រៃ និងព្រៃភ្នំ៕

ការសិក្សាៈកម្ពុជាលែងជាប្រទេសដែលការចំណាយសំរាប់ការរស់នៅមានតម្លៃ ទាបបំផុតទៀតហើយ

ដោយ ប៊ី

ភ្នំពេញៈ កេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជាជាកន្លែងមួយ ក្នុងចំណោមកន្លែងដែលផ្តល់ការរស់នៅមានតំលៃទាបបំផុត នៅលើពិភពលោកទៀតហើយ វាត្រូវបានលើកឡើងជាសំនួរ។ នេះបើយោងតាមការស្ទង់មតិមួយធ្វើឡើងដោយទស្សនាវដ្តី CEOWORLD ដែលជាការបោះពុម្ភអាជីវកម្មឈានមុខគេ។

ការសិក្សាដែលទើបនឹងចេញថ្មី បានចាត់ចំណាត់ថ្នាក់ប្រទេសកម្ពុជាលេខ៥៩ ក្នុងចំណោម១៣២ប្រទេស ទាក់ទងនឹងថ្លៃនៃការរស់នៅ (ថ្លៃជាងគេគឺ១៣២ ថ្លៃជាងគេ)។ មូលដ្ឋានសម្រាប់ចំណាត់ថ្នាក់ រួមមាន អំណាចទិញក្នុងស្រុក ថ្លៃនៃការរស់នៅ ថ្លៃជួល ថ្លៃគ្រឿងទេស និងបរិភោគខាងក្រៅ។

ចំណាត់ថ្នាក់របស់ប្រទេសកម្ពុជា ស្ថិតនៅលើប្រទេស ដែលមានអ្នកមានច្រើនដូចជា សាធារណរដ្ឋឆែក ប៉ូឡូញ ចិន ម៉ាឡេស៊ី លីទុយអានី ស្លូវ៉ាគី និងអាហ្វ្រិកខាងត្បូង។ ការមូលមតិជាទូទៅគឺថា ថ្លៃនៃការរស់នៅច្រើនតែត្រូវគ្នា ទៅនឹងជំហរសេដ្ឋកិច្ចរបស់ប្រទេសមួយ។

ការរកឃើញរបស់ទស្សនាវដ្តី CEOWORLD ត្រូវបានគាំទ្រដោយការសិក្សាមុននេះពីGOBankingRates ដែលបានចាត់ចំណាត់ថ្នាក់ប្រទេសកម្ពុជា លំដាប់ទី៩៧ ទូទាំងពិភពលោកទាក់ទងនឹងថ្លៃនៃការរស់នៅ។

កាលពីប៉ុន្មានឆ្នាំមុន កម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសមួយក្នុងចំនោមប្រទេសដែលមានថ្លៃនៃការរស់នៅទាបបំផុត។ នេះបើយោងតាមការសិក្សា ដែលធ្វើឡើងដោយ អង្គភាព International Living។

លោក Frederic Chan នាយកប្រតិបត្តិនៅក្រុមហ៊ុន ANG Group Property Investment & Development បានមានប្រសាសន៍ថា លោកមិនមានការភ្ញាក់ផ្អើលទេចំពោះលទ្ធផលនៃការស្ទង់មតិនេះ។ លោកបានមានប្រសាសន៍ថា “វាគឺជាផលនៃកំនើនវិនិយោគ និងវត្តមានរបស់ចិននៅកម្ពុជា”។

លោកបានបន្តថា “ទន្ទឹមនឹងកំណើនវិនិយោគចិន ចំនួនប្រជាជនចិននៅទីនេះ ក៏មានការកើនឡើងដែរ។ តម្រូវការផលិតផល និងសេវាកម្មក៏កំពុងកើនឡើងដែរ។ នោះអាចពន្យល់ពីការកើនឡើងនូវថ្លៃ នៃការរស់នៅក្នុងទីក្រុង ដែលមានប្រជាជនចិនជាច្រើន រួមមានខេត្តព្រះសីហនុ សៀមរាប និងភ្នំពេញ។ នេះត្រូវអនុវត្តន៍លើវិស័យជាច្រើន ដូចជាបដិសណ្ឋារកិច្ចទ្រព្យសម្បត្តិ និងស្បៀងអាហារ”។

លោកបាននិយាយថា “ការវិនិយោគជាទូទៅល្អ ហើយបង្ហាញពីការជឿទុកចិត្តចំពោះសេដ្ឋកិច្ចរបស់ប្រទេសមួយ ក្នុងចំណោមអាជីវកម្មបរទេស។ ប៉ុន្តែពួកគេគួរតែត្រូវបានគ្រប់គ្រង និងតាមដានឱ្យបានល្អ”៕

ចិនអះអាងថាគម្រោងផលិតថាមពលអគ្គិសនីនៅកម្ពុជាដំណើរការធម្មតាកំឡុង ពេលផ្ទុះឡើងនៃវីរុសCOVID-19

ដោយ ប៊ី

ភ្នំពេញៈ ក្រុមហ៊ុន China Huadian Corporation LTD  ជាក្រុមហ៊ុនមួយនៃក្រុមហ៊ុនផលិតថាមពលជាតិទាំង៥ កំពុងចូលរួមចំណែកក្នុងការធ្វើឱ្យប្រាកដថា គម្រោងនៅក្រៅប្រទេសបន្តបង្កើតថាមពលអគ្គិសនី សម្រាប់អតិថិជនដូចធម្មតា រួមមានគម្រោងមួយនៅកម្ពុជា ខណៈគ្រប់គ្នាខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃមេរោគ COVID-19 នេះ។

ក្រុមហ៊ុននេះ ក៏ជាអ្នកដើរតួយ៉ាងសំខាន់ នៅក្នុងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិនផងដែរ។

ក្រុមហ៊ុនចិនខាងលើ បានឱ្យដឹងក្នុងសេចក្តីប្រកាសព័ត៌មានកាលពីពេលថ្មីនេះថា នៅប្រទេសកម្ពុជា ការផលិតថាមពលអគ្គិសនី នៅឯគម្រោងវារីអគ្គិសនីស្ទឹងក្រោមឬស្សីជ្រុំ ដែលមានកម្លាំង៣៣៨មេហ្កាវ៉ាត់ កំពុងដំណើរការដូចធម្មតា ទោះបីកម្មករនៅទីនេះកំពុងចាត់វិធានការការពារប្រឆាំងនឹងវីរុស COVID-19។

សេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនបានឱ្យដឹងថា “សូមអរគុណចំពោះការងារសហការរបស់កម្មករចិន និងសហសេវិកកម្ពុជា ម៉ាស៊ីនភ្លើងទាំងបួននៅស្ថានីយ៍ខាងលើ និងខាងក្រោមកំពុងដំណើរការដោយសុវត្ថិភាព”។

សេចក្តីប្រកាសព័ត៌មានខាងលើបានបន្ថែមថា “យោងតាមផែនការចែកចាយ​ថា​មពលរបស់ប្រទេសរោងចក្រនេះ បានផលិតថាមពលសរុប១៦.៨៩២១លានគីឡូវ៉ាត់ម៉ោង សម្រាប់ឆ្នាំប្រតិបត្តិការដែលបានបញ្ចប់ នៅថ្ងៃទី១០ខែកុម្ភៈដែលកើនឡើង ៣,៧៦ ភាគរយពីមួយឆ្នាំមុន”។

រដ្ឋាភិបាលកម្ពុជាបានអះអាងថា ភូមិទាំងអស់នៅកម្ពុជានឹងមានការតភ្ជាប់អគ្គិសនីនៅចុងឆ្នាំ២០២០ ខណៈរបាយការណ៍របស់ក្រសួងរ៉ែ និងថាមពលបានបង្ហាញកាលពីខែមុនថា ប្រហែល៩២,៦៨ភាគរយឬ១៣,១៣១ ភូមិនៃភូមិសរុបរបស់ប្រទេសកម្ពុជា ទទួលបានការប្រើប្រាស់អគ្គិសនីនៅចុងឆ្នាំ២០១៩។ឮ

យោងតាមរបាយការណ៍ អគ្គិសនីដែលបានដាក់ឱ្យប្រើប្រាស់នៅក្នុងប្រទេសកាលពីឆ្នាំមុនមានចំនួន៣,៣៨២មេហ្គាវ៉ាត់ កើនឡើង២៨ភាគរយ បើធៀបនឹងចំនួន២ ៦៣៥ មេហ្គាវ៉ាត់ក្នុងឆ្នាំ២០១៨។

របាយការណ៍បានឱ្យដឹងថា ប្រភពអគ្គិសនីសំខាន់គឺទំនប់វារីអគ្គិសនី និងរោងចក្រថាមពលដើរដោយធ្យូងថ្ម។ កម្ពុជាមានទំនប់វារីអគ្គិសនី ដែលសាងសង់ដោយប្រទេសចិនចំនួន៧ ដែលមានកម្លាំងសរុប១ ៣២៨មេហ្កាវ៉ាត់ និងរោងចក្រថាមពលធ្យូងថ្មចំនួន ៣ ដែលមានកម្លាំងសរុប៦៧៥មេហ្គាវ៉ាត់៕

សញ្ញាវិជ្ជមានៈមន្ទីរពេទ្យព្យាបាលវីរុសកូរ៉ូណាបណ្តោះអាសន្នចំនួន១៦កន្លែងក្នុងវូហានត្រូវបិទទ្វារដោយសារការធ្លាក់ចុះនៃជំងឺឆ្លង

ដោយ ហ្សូលី

វូហានៈ មន្ទីរពេទ្យបណ្តោះអាសន្ន ដែលព្យាបាលវីរុសកូរ៉ូណាឬកូវីដ១៩ ចំនួន១៦កន្លែងទូទាំងក្រុងវូហានត្រូវបិទទ្វារ ដោយសារសន្ទុះនៃការឆ្លងរាលដាលមានការធ្លាក់ចុះច្រើន។ នេះបើតាមសារព័ត៌មានReuters ចេញផ្សាយនៅថ្ងៃទី ១០ មីនា ឆ្នាំ ២០២០នេះ។

មន្ទីរពេទ្យដែលផ្ទុកនិងព្យាបាលអ្នកជំងឺពីមេរោគកូរ៉ូណា ត្រូវបានបិទទ្វារនៅគ្រប់ទីកន្លែងនៃទីក្រុងវូហាន ខណៈតួលេខនៃអ្នកឆ្លងជំងឺក្នុងប្រទេសមានភាពធូរស្រាលច្រើន។ មន្ទីរពេទ្យចំនួន១៦ត្រូវបានបិទជាស្ថាពរ ដែលមន្ទីរពេទ្យបណ្តោះអាសន្នចុងក្រោយគេនៅសង្កាត់ ជាំងហាន (Jianghan) នៃក្រុងវូហាន ត្រូវបានបិទទ្វារកាលពីរសៀលអង្គារនេះ។

មន្ទីរពេទ្យបណ្តោះអាសន្នថ្មីៗចំនួន២ ដែលត្រូវបានបិទថ្មីៗនេះ គឺធ្លាប់ជាមជ្ឈម​ណ្ឌលកីឡា និងរោងចក្រ ដែលអាចផ្ទុកអ្នកជំងឺជិត២០០០នាក់ក្នុងពេលតែមួយ។

បើតាមឱ្យដឹងពីរដ្ឋាភិបាល មន្ទីរពេទ្យបណ្តោះអាសន្នក្នុងសង្កាត់ Jianghan ត្រូវបានប្រែក្លាយមកពីមជ្ឈមណ្ឌលតាំងពិព័រណ៍ សន្និសីទអន្តរជាតិវូហាន កីឡាដ្ឋាន និងសាលារៀន ដើម្បីទទួលព្យាបាលអ្នកជំងឺរាប់ម៉ឺននាក់។

គ្រាន់តែនៅWuhan មានអ្នកជំងឺជិត៣១.០០០នាក់បានជាសះស្បើយ និងត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យ។

ការកើនឡើងនៃករណីឆ្លងបានធ្វើឱ្យមានការភ័យខ្លាចថា ការរីកចម្រើនសេដ្ឋកិច្ចរបស់ប្រទេសចិន អាចនឹងមានសភាពប្រសើរឡើងវិញ ខណៈនៅតាមតំបន់និមួយៗក្នុងប្រទេសចិន សន្ទុះនៃការឆ្លងចាប់ផ្តើមថយចុះ៕

បើអ្នកអនុវត្តតាមលក្ខខណ្ឌទាំងនេះ អាជីវកម្មរបស់អ្នកមិនបរាជ័យនោះទេ

ដោយៈ រ៉ាណេត

ភ្នំពេញៈ ទោះជាការធ្វើអាជីវកម្មប្រភេទណា កម្រិតណា និងមានទីតាំងនៅកន្លែងណានោះទេ លោកអ្នកចាំបាច់ត្រូវតែមានភាពបត់បែនតាមកាលៈទេសៈ និងមានចំណេះជំនាញច្បាស់លាស់ ក្នុងការធ្វើផែនការអាជីវកម្មជាមុន បើមិនដូច្នេះទេ អាជីវកម្មរបស់លោកអ្នកនឹងត្រូវជួបហានិភ័យ និងឈានដល់ការក្ស័យទុនជាមិនខាន។

ជាការចូលរួមចំណែកចែកជាគំនិត និង ដឹងខ្លីៗក្នុងការបង្កើតអាជីវកម្ម គេហទំព័រ Propertyarea.asia សូមលើកយកគន្លឹះខ្លះដែលអ្នកជោគជ័យ លើអាជីវកម្មបានចារទុក​ជាតម្រាមកបង្ហាញលោកអ្នក ដើម្បីចាប់អនុវត្ត ឱ្យទទួលបានជោគជ័យក្នុងអាជីវកម្មរបស់ខ្លូន ដែលចំណុចសំខាន់ៗទាំងអស់នោះរួមមានដូចជា ៖

ត្រូវមានការរៀបចំផែនការមុន

ដើម្បីទទួលជោគជ័យក្នុងមុខជំនួញ លោក អ្នកត្រូវមានការរៀបចំផែនការទុកមុនអោយបានរួចរាល់។ ជាពិសេសរៀបចំរចនាសម្ព័ន្ធ និងជួយអ្នកឱ្យបំពេញភារកិច្ចតាមផែនការ ហើយបន្តនូវអ្វីដែលត្រូវធ្វើ។ វិធីល្អក្នុងការធ្វើដូច្នេះ គឺបង្កើតបញ្ជីរការងារ ដែលត្រូវធ្វើជារៀងរាល់ថ្ងៃ។ នៅពេលអ្នកបញ្ចប់ធាតុនិមួយៗ សូមពិនិត្យមើលចំពោះបញ្ជីទាំងនោះឡើងវិញ។

បន្តកត់ត្រាឱ្យលម្អិត

អាជីវកម្មដែលទទួលបានជោគជ័យទាំងអស់ ត្រូវមានកំណត់ត្រាឲ្យបានលម្អិតនិ​ង​​​ជាក់លាក់។ កំណត់ត្រាលំអិតនេះហើយ ដែលអាចឲ្យអ្នកនឹងដឹងថាតើជំនួញត្រូវចំណា​យហិរញ្ញវត្ថុប៉ុន្មាន និងអ្វីដែលអ្នកអាចប្រឈម។ គ្រាន់តែដឹងរឿងនេះ ផ្តល់ឱ្យអ្នកនូវពេលវេលា ដើម្បីបង្កើតយុទ្ធសាស្ត្រ ដើម្បីយកឈ្នះលើបញ្ហាប្រឈមទាំងនោះ។

ធ្វើការវិភាគក្នុងការប្រកួតប្រជែង

ការប្រកួតប្រជែងបង្កើតបានលទ្ធផលល្អបំផុត ដើម្បីទទួលបានជោគជ័យអ្នកមិនអាចខ្លាចរៀន និងរៀនពីដៃគូប្រកួតប្រជែងរបស់អ្នកនោះឡើយ។ យ៉ាងណាមិញ ពួកគេអាចធ្វើអ្វីដែលត្រឹមត្រូវ ដែលអ្នកអាចអនុវត្តនៅក្នុងអាជីវកម្មរបស់អ្នក ដើម្បីរកប្រាក់បានច្រើន។

ត្រូវយល់ដឹងពីហានិភ័យ និងពានរង្វាន់

គន្លឹះក្នុងការទទួលបានជោគជ័យ គឺការទទួលយកហានិភ័យ ដែលបានគណនា ដើម្បីជួយអាជីវកម្មរបស់អ្នកឲ្យបានលូតលាស់។ សំណួរល្អមួយដែលត្រូវសួរគឺ “តើអ្វីទៅដែលជាការធ្លាក់ចុះ?” ប្រសិនបើអ្នកអាចឆ្លើយសំនួរនេះ បានអ្នកនឹងដឹងពីសេណារីយ៉ូដ៏អាក្រក់បំផុត។ ចំណេះដឹងនេះនឹងអនុញ្ញាត ឱ្យអ្នកយកប្រភេទនៃហានិភ័យ ដែលបានគណនា អាចបង្កើតពានរង្វាន់យ៉ាងសម្បើម។

ជាអ្នកមានគំនិតច្នៃប្រឌិត

ត្រូវស្វែងរកវិធីដើម្បីកែលម្អអាជីវកម្មរបស់អ្នក និងធ្វើឱ្យវាលេចធ្លោចេញពីការប្រកួតប្រជែងអាជីវកម្ម។ សូមទទួលស្គាល់ថា អ្នកមិនដឹងអ្វីគ្រប់យ៉ាងហើយបើកចំហចំពោះគំនិតថ្មីៗនិងវិធីសាស្ត្រថ្មីៗចំពោះអាជីវកម្មរបស់អ្នក។

ត្រូវផ្តោតអារម្មណ៍

ពាក្យចាស់លោកថា “គ្មានផ្ទះណាត្រូវបានសាងសង់រួចរាល់ ក្នុងរយៈពេលមួយថ្ងៃទេ”។ ក្នុងន័យនេះ អ្នកធ្វើអាជីវកម្មមួយមិនមានន័យថា អ្នកនឹងរកប្រាក់បានភ្លាមៗនោះទេ។ វាត្រូវការពេលវេលាដើម្បីឱ្យមនុស្សដឹងថា អ្នកជានរណា ដូច្នេះចូរបន្តផ្ដោតអារម្មណ៍លើការសម្រេចបាននូវគោលដៅនេះ។

រៀបចំការលះបង់

ការឈានមុខគេក្នុងការចាប់ផ្តើមអាជីវកម្ម គឺជាការងារដ៏លំបាកបំផុត។ក្នុងករណីជាច្រើន អ្នកត្រូវចំណាយពេលច្រើនជាងពេល ដែលអ្នកធ្វើការឱ្យអ្នក ដទៃ។ ជាលទ្ធផលអ្នកត្រូវតែធ្វើការលះបង់ដូចជា ចំណាយពេលតិចជាមួយគ្រួសារនិងមិត្តភក្តិ ដើម្បីទទួលជោគជ័យ។

ត្រូវផ្តល់សេវាដ៏ល្អប្រសើរជាងគេ

មានអាជីវកម្មដែលទទួលបានជោគជ័យជាច្រើន ដែលភ្លេចថាការផ្តល់សេវាអតិថិជនដ៏ល្អជាងគេ គឺមានសារៈសំខាន់ណាស់។ ប្រសិនបើអ្នកផ្តល់នូវសេវាកម្មល្អប្រសើរ សម្រាប់អតិថិជនរបស់អ្នក ពួកគេនឹងមានទំនោរចង់មករកអ្នកនៅពេល ដែលពួកគេត្រូវការអ្វីមួយ ជំនួសឱ្យការចូលរួមប្រកួតរបស់អ្នក។

ប្រសិនបើលោកអ្នកបានអនុវត្ត ទៅតាមការលើកឡើងខាងលើនេះជឿថា អាជីវកម្មរបស់លោក អ្នកនឹងជួបភាពល្អប្រសើរ ច្រើនជាងភាពអវិជ្ជមានជាក់ជាមិនខាននោះទេ ៕