ការផ្គត់ផ្គង់ប្រេងធ្លាក់ចុះខ្លាំងក្នុងកម្រិតប្រកាសអាសន្ន

ដោយ ហ្សូលី

ភ្នំពេញៈ ការផ្គត់ផ្គង់ប្រេង ហាក់បីដូចជាមានការខ្វះខាត ហើយតម្លៃប្រេងក៏ធ្លាក់ចុះ ខណៈការដឹកជញ្ជូន នៅក្នុងប្រទេសចិនមានភាពរអាក់រអួល ដោយសារការរំខាននៃវីរុសកូរ៉ូណា។

យោងតាមកាសែតWall Street Journal បានរាយការណ៍អំពីការកកស្ទះយ៉ាងខ្លាំងនៅកំពង់ផែចិន ដោយមានការលុបចោលនាវាដឹកទំនិញរាប់សិបគ្រឿង។ កប៉ាល់កុងតឺន័រមួយចំនួន កំពុងធ្វើដំណើរទៅប្រទេសចិនត្រឹមតែ១០ភាគរយប៉ុណ្ណោះ ដែលវាមិនគ្រប់គ្រាន់សម្រាប់ចំណាយលើប្រេងឥន្ធនៈនោះទេ។

Dow Jones តួលេខបង្ហាញពីតម្លៃដែលទាក់ទង នៃភាគហ៊ុនបានធ្លាក់ចុះជាង ៩០០ពិន្ទុហើយ រីឯតម្លៃប្រេងបានធ្លាក់ចុះជិត៥ភាគរយ។

រដ្ឋមន្រ្តីហិរញ្ញវត្ថុមកពីក្រុមG20 បានទទួលស្គាល់ការគំរាមកំហែង ដល់សេដ្ឋកិច្ចពិភពលោក នៅពេលពួកគេបានប្រមូលផ្តុំគ្នា នៅទីក្រុងរីយ៉ាដក្នុងសប្តាហ៍នេះ។ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានទម្លាក់ការព្យាករកំណើនរបស់ខ្លួន សម្រាប់ប្រទេសចិនពី ៦ភាគរយ មកនៅត្រឹម៥,៦ភាគរយ។

មូលនិធិនេះ បានកាត់បន្ថយការប៉ាន់ស្មានកំណើនផលិតផល ក្នុងស្រុករបស់ខ្លួនត្រឹម០,១ភាគរយ ប៉ុន្តែបាននិយាយថា ផលប៉ះពាល់អាចមានកាន់តែច្រើន ប្រសិនបើមេរោគនេះឆ្លងនៅតែបន្តរាលដាលឬមានរយៈពេលយូរជាងនេះ។

យ៉ាងណាមិញ ភាគហ៊ុនសកលបានធ្លាក់ចុះយ៉ាងខ្លាំង កាលពីថ្ងៃច័ន្ទនេះ ដោយ​សារតែការភ័យខ្លាច ចំពោះការរីករាលដាលនៃវីរុសកូរ៉ូណា បានកើនឡើងជាថ្មីម្តងទៀត ដោយមានករណីថ្មីរាលដាលហួសព្រំដែនប្រទេសចិន។

ប្រទេសមួយចំនួនបានរាយការណ៍ពីករណីថ្មីរួមមាន អ៊ីរ៉ង់ អ៉ីតាលី និងកូរ៉េខាងត្បូង។ ប្រទេសចំនួន២៩បានរាយការណ៍អំពីករណីនេះ ទោះបីជាមានចំនួនតិចតួចក៏ដោយ។ ប៉ុន្តែអង្គការសុខភាពពិភពលោក (WHO) បានព្រមានថា “ នេះជាបង្អួចនៃឱកាស” ដើម្បីទប់ស្កាត់ការរីករាលដាលដែលអាចនឹងត្រូវបញ្ចប់”។

ការវិវឌ្ឍមួយក្នុងចំនោមបញ្ហាជាច្រើនទៀតថា ករណីឆ្លងវីរុសកំពុងកើតមានចំពោះមនុស្ស ដែលមិនបានធ្វើដំណើរទៅប្រទេសចិន ឬអ្នកដែលពាក់ព័ន្ធនឹងករណី ដែលត្រូវបានបញ្ជាក់ បង្ហាញថា “វាមិនច្បាស់ទេថាតើវីរុសកំពុងរាលដាលយ៉ាងដូចម្តេច” នេះបើតាមអ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោក (WHO) បាននិយាយ។លោកបន្តថា “យើងកំពុងសង្កេតមើលករណីមួយចំនួន ដែលមិនមានទំនាក់ទំនង នឹងរោគរាតត្បាតច្បាស់លាស់” ។

មជ្ឈមណ្ឌលប្រយុទ្ឋជំងឺឆ្លងសហរដ្ឋអាមេរិក(CDC) បានព្រមានថា “ករណី​ជាច្រើ​ន​ ទំនងជាត្រូវបានគេកំណត់អត្តសញ្ញាណនៅថ្ងៃខាងមុខ”។ នៅក្នុងសហរដ្ឋអាមេរិកទោះបីជាវាបាននិយាយថា “ហានិភ័យសុខភាពភ្លាមៗ” គឺមានកម្រិតទាប។ ទោះយ៉ាងណា CDC បាននិយាយថា ប្រសិនបើវីរុសចាប់ផ្តើមរីករាលដាលយ៉ាងខ្លាំង នៅសហរដ្ឋអាមេរិក“ ប្រព័ន្ធសុខភាពសាធារណៈអាចនឹងលើសកម្រិត”៕

អ្នកជំនាញៈការថែរក្សាអាគារបុរាណនឹងបង្កើតភាពទាក់ទាញបន្ថែម សម្រាប់ទីក្រុងភ្នំពេញ

ដោយ ប៊ី

ភ្នំពេញៈ ការថែរក្សាអាគារចាស់គឺជាឱកាសមួយ សម្រាប់បង្កើតតម្លៃសម្រាប់ភ្នំពេ​ញ សង្គម និងវិស័យទេសចរណ៍។ នេះបើយោងតាមអ្នកជំនាញផ្នែកអាជីវកម្មសំណង់។

លោកVasu Poshyanandana ប្រធានក្រុមហ៊ុន Achitect’20 ដែលមានមូលដ្ឋាននៅទីក្រុងបាងកក នៅឯកិច្ចប្រជុំមួយនៅសណ្ឋាគារ Palace Gate Hotel កាលពីម្សិលមិញ ដើម្បីឆ្លើយតបទៅនឹងការរីកដុះដាលនៃអាគារ ដែលកំពុងរីកចម្រើននៅក្នុងរាជធានីនៃកម្ពុជាកាលពីម្សិលម៉ិញថា ការអភិរក្ស និងថែរក្សារមណីយដ្ឋានបេតិកភណ្ឌគឺជាឱកាសមួយ ដើម្បីបង្កើតអគារទាក់ទាញថ្មីដោយប្រើបច្ចេកវិទ្យាទំនើប និងសម្ភារៈដើមទំនើប។

លោកVasu បានថ្លែងថា “ការកែច្នៃអាគារចាស់ៗគឺដើម្បីបង្កើតឱកាសអាជីវកម្មថ្មី និងអាចបង្កើតតម្លៃសម្រាប់សហគមន៍ និងសង្គម”។លោកបន្តថា “សំណង់របស់ប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង ជាពិសេសនៅក្នុងទីក្រុងភ្នំពេញ ដែលមានអាគារថ្មីៗ អាគារខ្ពស់ៗ ផ្សារទំនើប កាស៊ីណូ បុរី និងលំនៅដ្ឋានលំដាប់ប្រណីតក្នុងរយៈពេលពីរទសវត្សចុងក្រោយនេះ”។

បច្ចុប្បន្នក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកំពុងធ្វើការរួមគ្នាដើម្បីអប់រំប្រជាជន នៅលើអាគារសម័យអាណានិគម ដើម្បីរក្សានូវលក្ខណៈប្លែកៗរបស់ពួកគេ។

នៅក្នុងសិក្ខាសាលាដែលរៀបចំឡើងកាលពីសប្តាហ៍មុន លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានអំពាវនាវឲ្យគម្រោងសាងសង់ថ្មី ត្រូវភ្ជាប់គ្នាជាមួយស្ថាបត្យកម្ម ដែលមានលក្ខណៈជាខ្មែរដើម្បីបង្ហាញពីអត្តសញ្ញាណជាតិនៅក្នុងវិស័យសំណង់៕

សម្តេចតេជោ៖ ហេដ្ឋារចនាសម្ព័ន្ធ៣២ខ្សែទទួលប្រើប្រាស់ហិរញ្ញប្បទានស្ថាបនាពីប្រទេសចិន

ដោយវុត្ថា

ភ្នំពេញៈ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានឱ្យដឹងថា ហេដ្ឋារច​នាសម្ព័ន្ធចំនួន៣២ខ្សែ ដែលបាននិងកំពុងស្ថាបនា និងស្ថាបនារួចរាល់នៅទូទាំងប្រទេសកម្ពុជា ទទួលបានហិរញ្ញប្បទាន និងជំនួយឥតសំណងពីប្រទេសចិន ខណៈឆ្នាំនេះគឺជាខួបទី១០ នៃភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន បន្ទាប់ពីចុះហត្ថលេខាកាលពីឆ្នាំ២០១០។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៨ តភ្ជាប់ពីខេត្តបន្ទាយមានជ័យ ទៅខេត្តឧត្តរមានជ័យនាថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ ឱ្យដឹងថា  មកដល់បច្ចុប្បន្នគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ប្រើប្រាស់ហិរញ្ញប្បទាន និងជំនួយឥតសំណងរបស់មិត្តចិន បានសាងសង់រួចរាល់មានចំនួន ២៧ខ្សែ មានប្រវែងសរុប២,៧៧៩គីឡូម៉ែត្រ ។ ចំណែក គម្រោងកំពុងសាងសង់មានចំនួន៥ខ្សែ មានប្រវែងប្រមាណ៤៩៧,២០គីឡូម៉ែត្រ។

ចំណែកស្ពានធំៗ ដែលបានសាងសង់រួចមានចំនួន៨ មានប្រវែងសរុប៧,៤៣៤ ម៉ែត្រ និងស្ពានកំពុងសាងសង់ ដូចជា ស្ពានមិត្តភាពកម្ពុជា-ចិន ក្នុងខេត្តកំពងចាម ស្ទឹងត្រង់-ក្រូចឆ្មារ និងស្ពានឆ្លងកាត់ទន្លេបាសាក់ (សិត្បូ) នៃគម្រោងខ្សែក្រវាត់ក្រុងទី៣ ជាដើម។

សម្តេចតេជោហ៊ុន សែនបានថ្លែងបន្តថា “សមិទ្ធផលស្ពានថ្នល់ ដ៏ធំសម្បើមនៅក្នុងប្រទេសកម្ពុជា គឺភាគច្រើនបានមកពីជំនួយរបស់ចិន បើមិនដូច្នេះទេ មិនអាចកើតឡើងបានឡើយ”។សម្តេចបន្ថែមថា “បើចិនមិនជួយទេ តើនរណាជួយ? ចុះអាអ្នកវិភាគឡប់ៗនេះ បានដឹងទេ?។ បើអ្នកមិនឃើញគម្រោងខាងមុខនេះទេ តែអ្នកកំពុងដើរលើផ្លូវចិនជួយ”។

សម្តេចតេជោបន្តថា រាជរដ្ឋាភិបាលកម្ពុជាមិនមែនត្រូវការតែជំនួយពីចិនទេ ប៉ុន្តែស្វាគមន៍គ្រប់ជំនួយពីប្រទេសជាមិត្ត ដើម្បីយកអភិវឌ្ឍរចនាសម្ព័ន្ធ នៅក្នុងប្រទេសកម្ពុជា។ កម្ពុជាត្រូវការរឹតបន្តឹងមិត្តភាព និងលើកកម្ពស់ចំណងសហប្រតិបត្តិការជាមួយគ្រប់បណ្តាប្រទេសនៅលើពិភពលោក៕

សម្តេចតេជោប្រកាសមិនយកពន្ធដីកសិកម្មរយៈពេលវែងតទៅមុខទៀត

ដោយវុត្ថា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា មិនយកពន្ឋដីកសិកម្ម ១០០ឆ្នាំតទៅមុខទៀត ព្រោះសុខទុក្ខប្រជាពលរដ្ឋ គឺជាសុខទុក្ខផ្ទាល់របស់ សម្តេច។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៨ តភ្ជាប់ពីខេត្តបន្ទាយមានជ័យទៅខេត្តឧត្តរមានជ័យ នាថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ បានឱ្យដឹងថា ប្រសិនបើប្រជាពលរដ្ឋខ្មែរនៅតែបន្តគាំទ្រ និងបោះឆ្នោតអោយ គណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសជាតិតទៅមុខទៀត គឺរាជរដ្ឋាភិបាលកម្ពុជា គឺប្តេជ្ញាមិនយកពន្ធដីកសិកម្មពីប្រជាពលរដ្ឋខ្មែរ រយៈពេល ១០០ ឆ្នាំតទៅមុខទៀត។

សម្តេចតេជោ បានសម្តែងការអរគុណដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យទាំងអស់ និងបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសដែលបានគាំទ្រ និងបោះឆ្នោតអោយ គណបក្សប្រជាជនកម្ពុជា ដើម្បីមានឱកាសកសាងអភិវឌ្ឍន៍ប្រទេសកម្ពុជាអោយកាន់តែរីកចម្រើនជឿនលឿនទៅមុខ

វត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅលើទឹកដីនៃខេត្តបន្ទាយមានជ័យថ្ងៃនេះ គឺបាននាំមកនូវក្តីសប្បាយរីករាយ និងក្តីសង្ឃឹមប្រកបដោយជំនឿជឿជាក់លើការដឹកនាំរបស់ សម្តេចប្រមុខដឹកនាំដែលបាននឹងកំពុងធ្វើអោយកម្ពុជាកាន់តែរីកចម្រើនទៅមុខពិតប្រាកដ។

ប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យ បានអរគុណ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានកសាងផ្លូវជាតិលេខ ៥៨ ១ខ្សែ មានប្រវែង ១៧៤គីឡូម៉ែត្រ ដែលជាផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា និងថៃ ដ៏មានសក្តានុពល តភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឆ្ពោះទៅកាន់ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលបានចំណាយទឹកប្រាក់អស់ប្រមាណ ១៧១ លានដុល្លារអាមេរិក៕

ការពង្រីកអាកាសយានដ្ឋានអន្តរជាតិនៅខេត្តព្រះសីហនុ នឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២២

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋាភិបាលតាមរយៈរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានជំរុញឱ្យក្រុមហ៊ុន Cambodia Airport ពន្លឿនការការសាងសង់អាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ ធ្វើយ៉ាងណាឱ្យចប់នៅពាក់កណ្តាលឆ្នាំ២០២២ ខាងមុខនេះ ខណៈក្រុមហ៊ុនមួយនេះ បាននឹងកំពុងសាងសង់យ៉ាងសកម្ម។

នេះ បើយោងតាមកិច្ចប្រជុំមន្ត្រីជំនាញបច្ចេកទេសនាថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ រវាង លោក នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និង លោក Alain Brun នាយកប្រតិបត្តិក្រុមហ៊ុនសម្បទានអាកាសយានដ្ឋានកម្ពុជានិងសហការី ។

កិច្ចប្រជុំផ្តោតលើការពន្លឿនការសាងសង់តាមផែនការរបស់អាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ ធ្វើយ៉ាងណាឱ្យចប់នៅពាក់កណ្តាលឆ្នាំ២០២២ តាមផែនការសកម្មភាពដូចខាងក្រោម៖

១. ការរៀបចំស្ថានីយ៍អ្នកដំណើរថ្មី

-ដំណាក់កាលទី១ គឺសម្រាប់ផែនការឆ្នាំ២០២០ ដល់២០៣០ ដែលអាចទទួលអ្នកដំណើរបាន ៣, ៦ លាននាក់
-ដំណាក់កាលទី២ គឺសម្រាប់ផែនការ សម្រាប់ឆ្នាំ ២០៣០ ដល់ ២០៤០ គឺសម្រាប់ទទួលអ្នកដំណើរឱ្យបាន៥ លាននាក់តែបើប្រទេសកម្ពុជាមានការរីកចម្រើន និងមានអ្នកដំណើរច្រើន ក្រុមហ៊ុននឹងពង្រីករហូតដល់អាចទទួលអ្នកដំណើរ ១០ លាននាក់។

២. ការពង្រីក និងពង្រឹងផ្លូវរត់ Runway ផ្លូវរត់ពី ចំងាយ២៥០០ មែត្រ ទៅ ៣៣០០ មែត្រ
៣. ការពង្រីក និងពង្រឹងផ្លូវបរ Taxi ways ចំងាយ ៤២០ មែត្រ
៤. ការសាងសង់ចំណតយន្តហោះ សម្រាប់ដំណាក់កាលទី១ អាចមានសមត្ថភាពចតបាន ១៣ យន្តហោះ និងដំណាក់កាលទី២ អាចចតបាន១៩ យន្តហោះ៕

សម្ដេចតេជោ ៖ រាល់ការទិញខុនដូ ដែលមានតម្លៃក្រោម៧ម៉ឺនដុល្លារ មិនត្រូវជាប់ពន្ធប្រថាប់ត្រានោះទេ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ជាថ្មីម្ដងទៀតក្រោយការប្រកាសលើកលែងការបង់ពន្ធប្រថាប់ត្រាលើការទិញលំនៅដ្ឋានដែលមានតម្លៃក្រោម៧ម៉ឺនដុល្លារ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរថា សម្រាប់ការទិញខុនដូតម្លៃសមរម្យ ដែលមានតម្លៃក្រោម៧ម៉ឺនដុល្លារ ក៏ត្រូវបានលើកលែងការបង់ពន្ធដូចគ្នា។

នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៨ កាលពីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីថា ចំពោះការទិញខុនដូតម្លៃសមរម្យទាំងឡាយណាដែលមានតម្លៃក្រោម ៧ម៉ឺនដុល្លារ នឹងមិនត្រូវបានជាប់ពន្ធប្រថាប់ត្រា ដូចគ្នាទៅនឹងការទិញលំនៅដ្ឋានទូទៅផងដែរ ដោយមានរយៈពេលពេញមួយឆ្នាំ។
សម្ដេចតេជោ បានមានប្រសាសន៍ថា “អ្នកមានលុយគួរតែទៅទិញទៅ ព្រោះអាផ្ទះតម្លៃចាប់ពី ៧ម៉ឺនដុល្លារចុះក្រោម អាខុនដូតម្លៃក្រោម៧ម៉ឺន អត់មានជាប់ពន្ធប្រថាប់ត្រានោះទេ។ ការសម្រេចទាំងអស់នេះ ដោយសារតែយើងចង់សម្រួលដល់ក្រុមហ៊ុនអភិវឌ្ឍន៍ និងសាសងសង់ងាយស្រួលលក់ និងអាចចំណេញលុយខ្លះ ហើយក៏ជួយសម្រួលដល់ប្រជាពលរដ្ឋដែលចង់មានផ្ទះតម្លៃសមរម្យមានឱកាសបានទិញផ្ទះរស់នៅ”។

ការសម្រេចទាំងអស់ខាងលើរបស់រាជរដ្ឋាភិបាល គឺជាវិធានការរយៈពេលខ្លី និងបន្ទាន់ សំដៅជួយដល់វិស័យសំខាន់ៗនៃសេដ្ឋកិច្ចជាតិ និងកម្មករ និយោជិក ដែលរងផលប៉ះពាល់នៅក្នុងសភាពការណ៍មិនអំណោយផលចំពោះមុខ ដែលជាកញ្ចប់នៃវិធានការជុំទីមួយក្នុងករណីចាំបាច់ ហើយរាជរដ្ឋាភិបាលនឹងដាក់ចេញនូវវិធានការបន្ថែមទៀតស្របទៅតាមការវិវត្តនៃសភាពការណ៍ជាក់ស្ដែង៕

ព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យដំណើរការផ្លូវជាតិលេខ៥៨ ដែលមានប្រវែងជាង១៧៤គីឡូម៉ែត្រ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោក វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអញ្ជើញ ជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្ពោធដាក់ឱ្យ ប្រើប្រាស់ផ្លូវជាតិ លេខ៥៨ ដែលជាផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា និងថៃ មានប្រវែងជាង ១៧៤គីឡូម៉ែត្រ តភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ផ្លូវនេះបានចំណោយថវិកាសាងសង់១២២.៩៨ លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយបញ្ហាផលប៉ះពាល់នានា ការបោសសម្អាតគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករជាដើម។

ផ្លូវជាតិលេខ៥៨ ដែលមានប្រវែងសរុប ១៧៤.១៦គីឡូម៉ែត្រ តភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យរហូតដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ គឺក្នុងនោះផ្លូវមេមានប្រវែង ១៦៥.១៨គីឡូម៉ែត្រ។ ផ្លូវនេះឆ្លងកាត់ខេត្តបន្ទាយមានជ័យប្រវែង ៩២គីឡូម៉ែត្រ និងខេត្តឧត្តរមានជ័យប្រវែង ៧៣.១៨គីឡូម៉ែត្រ និងផ្លូវខ្នែងចំនួន ០៤ខ្សែ មានប្រវែងសរុប ៨.៩៨គីឡូម៉ែត្រ បំបែកចេញពីផ្លូវជាតិលេខ៥៨ ចូលទៅច្រកទ្វារព្រំដែនកម្ពុជា-ថៃ អូរបីជាន់, បឹងត្រកួន, ជប់គរគី និងថ្មដូន៕

អ្នកជំនាញបង្ហើបពីយុទ្ធសាស្ត្របង្កើត និងគ្រប់គ្រងសុវត្ថិភាពហិរញ្ញវត្ថុ

ដោយៈ រ៉ាណេត

ភ្នំពេញៈ មនុស្សគ្រប់រូបសុទ្ធតែមានក្ដីប្រាថ្នា ចង់រស់នៅប្រកបដោយភាពសុខស្រួល មានភាពកក់ក្ដៅ ព្រមគ្នាមួយនឹងសុវត្តិភាពផ្នែកហិរញ្ញវត្ថុផងដែរ ប៉ុន្តែក្ដីប្រាថ្នាមួយនេះហាក់ពិបាកក្នុងការសម្រេចបានណាស់។

លោកង៉ែត ជូ អ្នកវិភាគសេដ្ឋកិច្ច និងជាអ្នកវិនិយោគនៅក្នុងវិស័យអចលនទ្រព្យផងដែរនោះបានលើកឡើងថា សុវត្ថិភាពហិរញ្ញវត្ថុ អាចកើតមានបានដរាបណាអ្នកចេះអាចមានលទ្ធភាពក្នុងការគ្រប់គ្រងឱកាស ជាពិសេសមានភាពអំណត់ និងចំណេះដឹងពីផ្នែកហិរញ្ញវត្ថុជាមុនសិន។

លោកបានបញ្ជាក់ថា “សំរាប់អ្នកមានចំណេះដឹងហិរញ្ញវត្ថុ គ្រាន់តែអត់ញុំាកាហ្វេ១ថ្ងៃ១កែវ ហើយសន្សំប្រាក់ ដើម្បីវិនិយោគក៏អាចមានភាពជោគជ័យ ផ្នែកហិរញ្ញវត្ថុបានដែរ”។លោកបន្តទៀតថា “ប្រសិនបើអ្នកសន្សំប្រាក់២ដុល្លារកន្លះ សំរាប់កាហ្វេ១កែវជារៀងរាល់ថ្ងៃ ក្នុង១ឆ្នាំអ្នកអាចសន្សំបាន៩១២,៥ដុល្លារ ហើយបើអ្នកសន្សំបែបនេះ ជារៀងរាល់ថ្ងៃ និងយកប្រាក់ទៅវិនិយោគជារៀងរាល់ឆ្នាំម្តង ជាមួយនឹងផលចំណេញផ្គូបប្រចាំឆ្នាំ១៥ ភាគរយ នោះអ្នកនឹងទទួលបាន”។

លោកបានលើកជាអនុសាសន៍មួយចំនួនមកបញ្ជាក់ ដូចជា ទី១ សំរាប់អ្នកមានអាយុ២០ឆ្នាំ ដល់ពេលអ្នកមានអាយុ៥០ឆ្នាំ អ្នកនឹងមានប្រាក់សរុបជាង៤០ម៉ឺនដុល្លាអាមេរិក។ ទី២ សំរាប់អ្នកមានអាយុ២៥ឆ្នាំ ដល់ពេលអ្នកមានអាយុ៥០ឆ្នាំ អ្នកនឹងមានប្រាក់សរុបជាង១៩ម៉ឺនដុល្លាអាមេរិក។ ទី៣ សំរាប់អ្នកមានអាយុ៣០ឆ្នាំ ដល់ពេលអ្នកមានអាយុ៥០ឆ្នាំ អ្នកនឹងមានប្រាក់សរុបជាង៩ម៉ឺនដុល្លាអាមេរិក។

ប្រសិនបើអ្នកជាអ្នកវិនិយោគពិតប្រាកដ ឱកាសនៃការវិនិយោគដែលទទួលបានផលចំណេញផ្គួបប្រចាំឆ្នាំ១៥ភាគរយមិនលំបាករកនោះទេ៕

សេវាកម្មទេសចរណ៍ជិត៨០០ទីតាំងនៅក្រុងព្រះសីហនុត្រៀមខ្លួនធ្វើបដិសណ្ឋារកិច្ចភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ

ដោយៈ រ៉ាណេត

ព្រះសីហនុៈ ជាមួយនឹងភាពរីកលូតលាស់ ក្នុងវិស័យសំណង់ ដែលកំពុងតែមានសកម្មភាពអភិវឌ្ឍន៍ និងសាងសង់នៅទូទាំងខេត្តព្រះសីហនុ ខេត្តនេះមានទីតាំងប្រតិបត្តិការលើការផ្គត់ផ្គង់សេវាកម្មទេសចរណ៍ឯកជន រហូតដល់ជិត៨០០កន្លែង ជាពិសេសស្ថិតនៅតំបន់ទេសចរណ៍តំបន់ឆ្នេរ និងតំបន់កោះទាំង៣២។

អភិបាលរងខេត្តព្រះសីហនុ លោក ម៉ាង ស៊ីណេត បានមានប្រសាសន៍នៅក្នុងពិធីផ្សព្វផ្សាយផែនការអនុវត្តន៍ ការងារទេសចរណ៍ឆ្នាំ២០២០ និងផែនការអាទិភាពក្នុងការ ទាក់ទាញភ្ញៀវទេសចរ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ថា វិស័យទេសចរណ៍បានដើរតួយ៉ាងសំខាន់ នៅក្នុងការជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ រួមជាមួយនឹងការផ្សព្វ​ផ្សាយពីសក្ដានុពលលើការវិនិយោគយ៉ាងមានប្រសិទ្ធភាពផងដែរ។

លោកបានបន្តទៀតថា “ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកំណត់ជាគោល ដៅសេដ្ឋកិច្ចគំរូពហុបំណង ស្របតាមគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម២០១០-២០២៥ និងផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ទេសចរណ៍ជាតិ ផ្អែកលើសក្តានុពល ដ៏វិសេសវិសាល នៃធនធានសេដ្ឋកិច្ច និងធនធានធម្មជាតិ”។

ខេត្តនេះមានសក្តានុពលជាច្រើន រួមមានតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែអន្តរជាតិ ឆ្នេរ និងកោះដ៏ស្រស់ស្អាត ឧទ្យានជាតិ និងទឹកជ្រោះក្បាលឆាយ ធនធានបាតសមុទ្រជាដើម ផ្តល់សក្ដានុពលយ៉ាងធំធេងសម្រាប់ការអភិ វឌ្ឍសេដ្ឋកិច្ច-សង្គម និងក៏ដូចជាការទាក់ទាញទេសចរឱ្យមកកម្សាន្តមានការកើនឡើងជារៀងរាល់ឆ្នាំ។

ភាពរីកចម្រើននៃវិស័យទេសចរណ៍ បានផ្ដល់ឱកាសដល់វិស័យឯកជន ក្នុងការចូលរួមវិនិយោគ លើសេវាកម្មផ្គត់ផ្គង់ទេសចរណ៍យ៉ាងសំខាន់។ ជាក់ស្ដែងបច្ចុប្បន្ននេះ ខេត្តព្រះសីហនុ  មានមូលដ្ឋានអាជីវកម្មសរុបចំនួន៧៨៤ទីតាំង មានបុគ្គលិកបម្រើការងា​រក្នុងវិស័យទេសចរណ៍សរុប១១,៤៤៦នាក់ ដោយក្នុងនោះស្រី៥,៤៦០នាក់។

រដ្ឋបាលខេត្តព្រះសីហនុ បានយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍ និងស្ដារហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ទឹកស្អាត អគ្គិសនី សំណង់ សំណល់រឹង-រាវ សួនច្បារ ស្តង់ដាររមណីយ     ដ្ឋាន ឆ្នេរ កំពង់ផែទេសចរណ៍ ព្រលានយន្តហោះ ការគ្រប់គ្រងសន្តិសុខ និងសុវត្ថិភាពភ្ញៀវទេសចរ និងសេវាកម្មដឹកជញ្ជូនសាធារណៈ រួមទាំងការជំរុញយុទ្ធនាការទីក្រុងស្អាតឱ្យកាន់តែល្អប្រសើរ គាំទ្រដល់និរន្តភាពក្នុងវិស័យទេសចរណ៍ ក៏ដូចជាត្រៀមខ្លួនជួយជ្រោមជ្រែង និងសហការជាមួយវិស័យឯកជន ដើម្បីដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងទៅអនាគត។

កាលពីឆ្នាំ២០១៩កន្លងទៅនេះ ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរជាង ២.២លាននាក់ កើនឡើង៨,៨៧ភាគរយ ក្នុងនោះភ្ញៀវជាតិមានចំនួន១,៣លាននាក់ ថយចុះ៨,៣៧ភាគរយ និងភ្ញៀវអន្តរជាតិ៨៨៥,៧៩២នាក់ កើនឡើង៥២,៤១ភាគរយ។

ប្រភពទីផ្សារភ្ញៀវទេសចរសំខាន់ទាំង១០ ចូលមកកាន់តំបន់កម្សាន្តនៅទូទាំងខេត្តព្រះសីហនុ រួមមានដូចជា ជនជាតិចិនលំដាប់លេខ១ មានចំនួន៤៦៦,៨៣៧នាក់, វៀតណាម ២៩,០៧៨នាក់ បារាំង២៥,៨២៤នាក់ អាមេរិក២៣,០១៧នាក់, អង់គ្លេស២២,០៩០នាក់, អូស្ត្រាលី១៨,៥៤៨នាក់, រុស្ស៊ី១៧,៦៨៤នាក់, អាល្លឺម៉ង់១៧,៤១៨នាក់, ម៉ាឡេស៊ី ១៦,៧៤៨នាក់, ថៃ១៤៨៩៤នាក់៕

វិស័យសំណង់នៅតែជាសសរស្តម្ភសំខាន់មួយក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា

ដោយ ម៉ាណេត

ភ្នំពេញៈ អ្នកជំនាញ និងស្ថាប័នអន្តរជាតិនានាបានអះអាងថា វិស័យសំណង់នៅតែជាសសរស្តម្ភសំខាន់ការជំរុញសេដ្ឋកិច្ចកម្ពុជា ស្របពេលគម្រោងវិនិយោគថ្មី ដែលបានអនុម័តរួច (តាមរយៈការវិនិយោគផ្ទាល់ពីបរទេស និងមូលនិធិក្នុងស្រុក) មានសម្ទុះកើនគួរឱ្យកត់សម្គាល់។

ផ្នែកសំណង់នៅតែមានសកម្មភាពមមាញឹក ដែលជាសញ្ញាបង្ហាញថា វិស័យនេះនៅតែជាគោលដៅសំខាន់មួយទាក់ទាញការវិនិយោគ។ នេះបើយោងតាមរបាយការណ៍របស់ធនាគារពិភពលោក។

អ្នកជំនាញឱ្យដឹងថា ទីផ្សារអចនទ្រព្យនៅក្នុងប្រទេសកម្ពុជា រហូតមកដល់ពេលនេះ ចរន្តនៃទីផ្សារវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា នៅតែមានសុខភាពល្អប្រ​សើ​រ ដោយក្នុងនោះអគារពាណិជ្ចកម្ម និងអគារសហកម្មសិទ្ធិហាក់មានភាពលេចធ្លោ។

លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឱ្យដឹងកាលពីពេលថ្មីៗនេះថា និន្នាការទីផ្សារអចលនទ្រព្យ នៅតែមានសន្ទុះរីកចំរើនខ្លាំង។ ជាមួយគ្នានេះ មានតំបន់ជាច្រើនបាននឹងកំពុងសន្ទុះរីកចំរើន លើវិស័យអចលនទ្រព្យ ដូចជានៅតាមតំបន់ក្រាំងធ្នង់ តំបន់បឹកតាមោឃ និងផ្លូវក្រវ៉ាត់ក្រុងទី៣។

លោកស្រី Grace Rachny Fong នាយិកាក្រុមហ៊ុន Century21 Cambodia បានឱ្យដឹងដែរថា  កាលពីលើកមុន មានតែបញ្ជាទិញក្រៅស្រុកប៉ុណ្ណោះ តែឥឡូវនេះមានការបញ្ជាទិញពីអ្នករស់នៅច្រើនជាងមុន។

លោកស្រីបន្ថែមថា ទាក់ទងនឹងការជួលការិយាល័យវិញ អ្នកវិនិយោគចាប់អារម្ម​ណ៍ជួលលើអគារការិយាល័យ មានសន្ទុះរីកចំរើនខ្លាំងជាងជួលផ្ទះល្វែង ដោយសារតែមានក្រុមហ៊ុនបរទេសធំៗជាច្រើន បានមកបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា។

របាយការណ៍ក៏បានបង្ហាញពីតម្រូវការដែកថែប ដែលមានកំណើនខ្ពស់សម្រាប់សម្រូវការសាងសង់នៅកម្ពុជា។ របាយការណ៍ឱ្យដឹងថា តាមរយៈនិន្នាការនេះបរិមាណនៃការនាំចូលដែកថែបបានកើនឡើងយ៉ាងខ្លាំង រហូតដល់ទៅ៦៣,៥ភាគរយ (ឆ្នាំ/ឆ្នាំ)ពី២៧,៧ភាគរយ ក្នុងឆ្នាំ២០១៨។

របាយការណ៍ក៏បានបង្ហាញថា តម្លៃរបស់គម្រោងវិនិយោគថ្មី ដែលត្រូវបានអនុម័ត​រួច(តាមរយៈការវិនិយោគផ្ទាល់ពីបរទេសនិងមូលនិធិក្នុងស្រុក) មានសន្ទុះកើនក្នុងអំឡុងពេលប្រាំមួយខែដំបូងនៃឆ្នាំ២០១៩។

ដោយឡែកជិត៤០ភាគរយ នៃវិនិយោគផ្ទាល់ពីបរទេសហូរចូលពីប្រទេសចិន។ វិស័យទេសចរណ៍នៅរក្សាភាពរឹងប៉ឹងនៅឡើយ ដោយក្នុងនោះការមកដល់របស់ភ្ញៀវអន្តរជាតិកើនដល់១១,២ភាគរយក្នុងមួយឆ្នាំ ដោយគិតត្រឹមខែមិថុនាឆ្នាំ២០១៩ ប្រៀបធៀបទៅនឹង១០,៧ភាគរយក្នុងឆ្នាំ២០១៨ ហើយក្នុងនោះទៀតជិត៤០ភាគរយនៃភ្ញៀវអន្តរជាតិគឺមកពីប្រទេសចិន។

កំណើនសេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានរំពឹងទុកថា នឹងថយល្បឿនបន្តិចដោយរក្សាបាននូវកំណើនត្រឹម៧ភាគរយ ក្នុងឆ្នាំ២០១៩ពី៧,៥ភាគរយក្នុងឆ្នាំ២០១៨៕