ចំណេះដឹង! អ្វីជាគោលនយោបាយសារពើពន្ធ?

ដោយវុត្ថា

ភ្នំពេញៈ គោលនយោបាយសារពើពន្ធ សំដៅលើការយកពន្ធនិងវិធីរកចំណូលផ្សេងៗទៀតនិងចំណាយរបស់រដ្ឋ ដោយបែងចែកធនធានសេដ្ឋកិច្ច ក្នុងគោលបំណងជំរុញ ឲ្យមានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនិងសមធម៌។

ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គោលនយោបាយសារពើពន្ធរដ្ឋ ត្រូវអនុវត្តសកម្ម​ភាព សំខាន់ៗដូចជា ១. ប្រសិទ្ធភាពនៃការគ្រប់គ្រង និងគៀងគរចំណូល។ ២ ការធ្វើវិចារណៈកម្មចំណាយ គឺបែងចែកចំណាយថវិការដ្ឋរវាងការប្រើប្រាស់ និងការវិនិយោគសាធារណៈឲ្យបានសមស្រប។

គោលនយោបាយសារពើពន្ធរបស់ប្រទេសនីមួយៗ គួរតែមានគោលដៅជាគោលការណ៍ចំនួនបួនគឺ៖ (១) ការបែងចែកធនធាន (២) ស្ថេរភាពវូបនីយកម្ម (៣)កំណើន (៤) ការបែងចែកនៃប្រាក់ចំណូលនៃទ្រព្យសម្បត្តិឲ្យស្មើគ្នា។

តាមរយៈពន្ធ និងចំណាយសាធារណៈរដ្ឋាភិបាល បានដើតួនាទីសំខាន់ ក្នុងការបែងចែក បណ្តាធនធាននៅក្នុងសេដ្ឋកិច្ច និងជំរុញខ្សែសង្វាក់ផលិតកម្មឲ្យកើនឬមិនកើនឡើង៕

កាន់តែរីករាយជាមួយដំណើរកម្សាន្តដែលផ្តល់ជូនដោយគម្រោងលំនៅដ្ឋានទាន់សម័យ តម្លៃសមរម្យក្រោម២ម៉ឺនដុល្លារ

ដោយៈ រ៉ាណេត

កំពតៈ បន្ថែមពីលើការផ្តល់ជូនជាកាដូយ៉ាងពិសេស ពីគម្រោងលំនៅដ្ឋានទាន់សម័យ តម្លៃសមរម្យរបស់ក្រុមហ៊ុននាគី ហ្វេមីលី ប្រផឹធី ឯ.ក ( NEAKI Family Property Co.,Ltd) ដោយការបញ្ចុះតម្លៃមិនធ្លាប់មាននោះ អតិថិជនថែមទាំងទទួលបានដំណើរកម្សាន្តយ៉ាងរីករាយ នៅតំបន់ភូមិភាគឥសាន្ត និងទឹកដីខេត្តសៀមរាបផងដែរ។

ជាការថ្លែងអំណរគុណ ចំពោះអតិថិជនដែលជឿទុកចិត្ត និងគាំទ្រគម្រោងលំនៅ   ដ្ឋានបែបទាន់សម័យតម្លៃសមរម្យ ក្រៅពីមានការបណ្ចុះតម្លៃយ៉ាងពិសេស រួមជាមួយនឹងកាដូបន្ថែមជាច្រើន ជាសម្ភារៈប្រើប្រាស់ ដែលត្រូវបានបំពាក់រួចរាល់នៅក្នុងលំនៅដ្ឋាន ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន នាគី ហ្វេមីលី ប្រផឹធី ឯ.ក ថែមទាំងរៀបចំដំណើរកម្សាន្តយ៉ាងរីករាយនៅលើទឹកដីខេត្តសៀមរាប និងខេត្តស្ទឹងត្រែងព្រំដែនប្រទេសឡាវ ដែលមានរយៈពេល២ថ្ងៃដូចគ្នា ជូនដល់អតិថិជនថែមទៀតផង។

នាយិកាក្រុមហ៊ុននាគី ហ្វេមីលី ប្រផឹធី ឯ.ក លោកស្រី វ៉ាន់ សុខខេង បានមានប្រសាសន៍ប្រាប់កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០កន្លងមកថា ការបង្កើតនូវកម្មវិធីនៃដំណើរកម្សាន្តដ៏រីករាយមួយនេះ ជាការរួមចំណែកគាំទ្រដល់វិស័យទេសចរណ៍កម្ពុជា ក៏ដូចជាការថ្លែងអំណរគុណចំពោះអតិថិជន ដែលគាំទ្រលើគម្រោងលំនៅដ្ឋានទាន់សម័យតម្លៃសមរម្យក្រោម២ម៉ឺនដុល្លារ ស្ថិតនៅទឹកដីទេសចរណ៍ ដ៏មានប្រជាប្រិយភាពនៃទឹកដីខេត្តកំពត។

កម្មវិធីដំណើរកម្សាន្តសម្រាប់អតិថិជនខាងលើនេះ នឹងត្រូវធ្វើឡើងចំនួន២កម្មវិធីផ្សេងគ្នា ដោយកម្មវិធីទី១ធ្វើនៅថ្ងៃទី៧-៨ ខែមីនា ឆ្នាំ២០២០ ឆ្ពោះទៅកាន់តំបន់រ៉ាមសារ ខេត្តស្ទឹងត្រែង ជាប់ព្រំដែនកម្ពុជា-ឡាវ ដែលជាបណ្តុំប្រជុំកោះប្រមាណ៤០០០ ដោយមានកម្មវិធីកម្សាន្តជាច្រើន ដូចជាការបោះជំរុំតង់មិត្តភាពនិស្សិត និងអតីតសាកលវិទ្យាល័យនៅលើកោះលន ដែលមានអាកាសធាតុត្រជាក់ ការជិះទូកកម្សាន្តនៅតំបន់កោះ ទស្សនាតំបន់អន្លង់ផ្សោតទឹកសាប ទស្សនាទឹកធ្លាក់ព្រះនិម្មិត ទស្សនាវារីអគ្គិសនីដនសាហុង ស្វែងយល់ពីប្រជាជនចាយលុយ៤ប្រទេស ប្រើ២ភាសា រួមជាមួយនឹងកម្មវិធីសប្បាយៗជាច្រើនទៀត។

 

ដោយឡែកសម្រាប់កម្មវិធីទី២ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៤-៥ ខែមេសា ឆ្នាំ២០២០ ឆ្ពោះទៅកាន់តំបន់អច្ឆរិយៈនៃទឹកដីខេត្តសៀមរាប សម្រាកនៅសណ្ឋាគារប្រណីតលំដាប់ផ្កាយ៤ ដោយមានមគ្គុទេសក៍ទេសចរជំនាញរៀបចំ ដំណើរកម្សាន្តជូននៅតាមតំបន់សំខាន់ៗជាច្រើននៅក្នុងបរិវេណអង្គរវត្ត ដែលមានរយៈពេល២ថ្ងៃ១យប់ ដោយកម្មវិធីដំនើរកម្សាន្តដ៏រីករាយនេះ នឹងផ្ដល់ជូនអតិថិជនគាំទ្រគម្រោងលំនៅដ្ឋានទាន់ សម័យតម្លៃសមរម្យរបស់ក្រុមហ៊ុន នាគី ហ្វេលីមី ប្រផឹធី ឯ.ក ទាំងឡាយណាដែលធ្វើការបង់ប្រាក់ផ្ដាច់មុនថ្ងៃទី៨ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ ជាមួយនឹងការបញ្ចុះតម្លៃត្រឹម១៧០០០ដុល្លារតែប៉ុណ្ណោះ។

គម្រោងលំនៅដ្ឋានបែបទាន់សម័យ តម្លៃសមរម្យត្រឹម១៧,០០០ដុល្លារ មានទីតាំងស្ថិតនៅតំបន់ ដ៏មានសក្ដានុពលក្នុងវិស័យទេសចរណ៍ ពោរពេញទៅដោយសម្រស់ធម្មជាតិព្រៃភ្នំ ជាប់នឹងដៃព្រែកយ៉ាងស្រស់ស្អាត ងាយស្រួលក្នុងការរស់នៅបែបកម្សាន្តក្នុងភូមិព្រៃតម្ព ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត ក្រោមការគូប្លង់ និងសាងសង់ដោយក្រុមហ៊ុន DOLPHIN INTERIOR។

ជាមួយនឹងការផ្តល់ជូននូវតម្លៃទាប អតិថិជនអាចមានជម្រើស ក្នុងការទិញដោយការបង់រំលោះប្រចាំខែរហូតដល់រយៈពេល១៥ឆ្នាំ។ ក្រុមហ៊ុនអភិវឌ្ឍន៍ ក៏បានយកចិត្តទុក ដាក់ខ្ពស់ទៅលើគុណភាពសំណង់ ស្របតាមស្ដង់ដារ និងមានចំនួនត្រឹមតែ៣០ខ្នងតែប៉ុណ្ណោះ ដោយគ្រប់លំនៅដ្ឋាននីមួយៗមាន ទំហំ ៥ X ៧ ម៉ែត្រ នៅសល់ទីធ្លាខាងមុខ២ម៉ែត្រ និងក្រោយផ្ទះ៣ម៉ែត្រ រួមជាមួយនឹងច្រកផ្លូវថ្មើរជើងខាងក្រោយទំហំ១ម៉ែត្រកន្លះ។ លំនៅដ្ឋាននេះក៏មានសល់ឌឿងហែមទំហំ២ម៉ែត្រផងដែរ សំរាប់លំនៅដ្ឋាននិមួយៗ។

គំរោងនេះ មានបន្ទប់គេងចំនួន១ បន្ទប់ទទួលភ្ញៀវចំនួន១ ចង្ក្រានបាយ១ កន្លែងលាងចាន បន្ទប់ទឹកចំនួន១ រួមនឹងការរៀបចំកន្លែងទទួលទានអាហារ យ៉ាងមានរបៀបជាទីបំផុត។ លំនៅដ្ឋានប្រណីតតំលៃសមរម្យនេះ មានផ្លូវខាងមុខផ្ទះទំហំ៨ម៉ែត្រ ហើយក្រុមហ៊ុនវិនិយោគបានរៀបចំអំពូលសូឡា សម្រាប់បំភ្លឺនៅក្នុងបរិវេណគម្រោងនេះនាពេលរាត្រីផងដែរ។

អ្វីដែលជាលក្ខណៈពិសេស នៃលំនៅដ្ឋានបែបកម្សាន្តស្ថិតក្នុងតំបន់ធម្មជាតិ ចម្ងា​យប្រមាណ៣គីឡូម៉ែត្រពីរង្វង់មូលផ្លែធុរ៉េន និង៥០០ម៉ែត្រពីផ្លូវវាងក្រុងកំពត។ ក្រៅពីផ្តល់ជូននូវតម្លៃទាប ថែមទាំងមានការថែមជូនជាកាដូជាច្រើនទៀត ដែលត្រូវបានរៀបចំ និងតម្លើងនៅក្នុងលំនៅដ្ឋានរួចជាស្រេច ដូចជា គ្រែ ពូកចំនួនមួយឈុត ទូរទឹកកក ម៉ាស៊ី​នត្រជាក់ សាឡុង វាំងនន ការតភ្ជាប់បណ្តាញអគ្គិសនី បណ្តាញទឹកស្អាត ប្រព័ន្ធបង្ហូរទឹក និងការកសាងផ្លូវថ្នល់ទំហំ៨ម៉ែត្រ ដែលបង្កភាពងាយស្រួលក្នុងការធ្វើដំណើរ និងការទុកដាក់យានយន្តផ្ទាល់ខ្លួន។

អតិថិជនដែលទិញលំនៅដ្ឋានតម្លៃទាបពីគម្រោងនេះ មុនថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០ នេះ នឹងទទួលបានការបញ្ចុះតម្លៃកាន់តែអស្ចារ្យ ត្រឹមតែ១៧០០០ដុល្លារតែប៉ុណ្ណោះ។ រួសរាន់ឡើងចំនួនមានកំណត់ ត្រឹមតែ៣០ខ្នងតែប៉ុណ្ណោះ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈទូរស័ព្ទលេខ ៖ ០១២ ៦៩១ ៤៤៣ / ០៩៦ ៩៣៨ ២២ ៧៩ / ០៨៨ ៧៦៥ ៨៥ ៧៤ / ០១០ ៣៤៦ ៦២១៕

 

រដ្ឋាភិបាលគ្រោងបើកការដ្ឋានលើកម្ពស់ផ្លូវជាតិលេខ៤១ដោយតភ្ជាប់រវាង ផ្លូវជាតិសំខាន់ពីរ

ដោយវុត្ថា

ភ្នំពេញៈ ក្រសួងសាធារណៈការ និងដឹកជញ្ជូន គ្រោងបើកការរដ្ឋានស្ថាបនាលើកកម្ពស់ផ្លូវជាតិលេខ៤១ តភ្ជាប់ពីផ្លូវជាតិលេខ៤  ទៅកាន់ផ្លូវជាតិលេខ៣នៅឆ្នាំនេះ ឬឆ្នាំក្រោយ ខណៈការចចារប្រាក់កម្ចីយកមកស្ថាបនាផ្លូវនេះ ក៏ត្រូវបានបញ្ចប់ផងដែរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានឱ្យដឹងកាលពីពេលថ្មីៗនេះ ថា សម្រាប់ផ្លូវជាតិលេខ៤១នេះ ក្រសួងបានចរចាប្រាក់កម្ចីរួចហើយ  នៅឡើយតែក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទៅចុះហត្ថលេខាយកប្រាក់ទាំងនេះ មកស្ថាបនាប៉ុណ្ណោះ ។

លោកទេសរដ្ឋមន្ត្រីថា “ប្រាក់កម្ចីបានចរចារួចហើយ ខ្ញុំសង្ឃឹមថានៅក្នុងឆ្នាំនេះ ឬ ឆ្នាំក្រោយ ទើបអាចបើករដ្ឋានស្ថាបនាបានដោយចាក់ជាប្រភេទAC “។

លោកបន្តថា គម្រោងទាំងបីរួមមានគម្រោងផ្លូវ៤១នេះ តភ្ជាប់ពីផ្លូវជាតិលេខ៤ មកលេខ៣ ។ គម្រោងផ្លូវលេខ៣១ពីតំបន់បាយគូស ចូលមកស្រុកកំពង់ត្រាច។គម្រោងផ្លូវលេខ៣៣ពីកំពត មកខេត្តកែប បានចរចាចប់សព្វគ្រប់អស់ហើយ ត្រៀមតែក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទៅចុះហត្ថលេខាលើប្រាក់កម្ចីនេះ។

លោកបន្តថា “អញ្ចឹងពេលណាវាអាស្រ័យលើក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប៉ុណ្ណោះ ពេលចុះហត្ថលេខាហើយទើបបើកការដ្ឋានបាន”។

ផ្លូវជាតិលេខ៤១ ឆ្លងកាត់កំពង់ស្ពឺ តាកែវ និងកំពត កន្លងមកបានរងការខូចខាតដោយសារជំនន់ទឹកភ្លៀង និងការដឹកជញ្ជូនធ្ងន់ៗឆ្លងកាត់ ខណៈដែលផ្លូវជាតិលេខ៤បានផ្អាកចរាចរណ៍ខ្លះៗ ដោយសារការជន់លិចកាលពីឆ្នាំ២០១៨។

ផ្លូវជាតិលេខ៤១ មានប្រវែងជាង៩៥គីឡូម៉ែត្រ ដោយរាប់ចាប់ពីថ្នល់ទទឹងចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤  ដល់ស្រុកជុំគិរីត្រូវបានស្ថាបនាម្តងរួចហើយ កាលពីថ្ងៃទី១៨ ឧសភា ឆ្នាំ២០១១ ជាប្រភេទផ្លូវក្រាលថ្ម ចាក់កៅស៊ូ២ជាន់ប្រភេទDBST ដែលបានចំណាយថវិកាសរុបប្រមាណ៤៦លានដុល្លារអាមេរិក ដោយប្រើរយៈពេលស្ថាបនាចំនួន៤០ខែ បញ្ចប់នៅឆ្នាំ២០១៤ ។

នៅតាមបណ្តោយផ្លូវជាតិលេខ៤១ នាពេលបច្ចុប្បន្ននេះ កំពុងតែបង្ហាញពីសក្ដានុពល និងកំពុងទាក់ទាញលើការវិនិយោគលើគម្រោងជាច្រើន រួមមាន គម្រោងបង្កើតរោងចក្រ សហគ្រាស សិប្បកម្ម ឃ្លាំង និងគម្រោងដីឡូតិ៍ ដែលស្របតាមការកំណត់ទីតាំងរបស់រដ្ឋាភិបាល ហើយក៏មានគម្រោងអភិវឌ្ឍន៍ វិស័យលំនៅដ្ឋានតម្លៃកម្រិតមធ្យម និងក្រោមមធ្យមផងដែរ។

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានទទួលស្គាល់ពីតម្រូវការនៃការប្រើប្រាស់ដីនៅតំបន់ស្ថិតតាមបណ្តោយផ្លូវជាតិ៤១ ដោយលោកបានអះអាងថា ភាគច្រើនគម្រោងនៅតំបន់នេះ ជាគម្រោងបង្កើតទីតាំងរោងចក្រច្រើនជាងលំនៅដ្ឋាន។  លោកបន្តថា នៅតំបន់ហ្នឹងភាគច្រើនជាគម្រោងរោងចក្រ និងសិប្បកម្មកម្រិតតូច និងមធ្យម ហើយចំពោះគម្រោងអភិវឌ្ឍលំនៅដ្ឋាន នៅមិនទាន់មានលក្ខណៈធំដុំនៅឡើយនោះទេ។

លោកបានបន្តទៀតថា តាមការស្នើសុំពីសំណាក់ក្រុមហ៊ុនអភិវឌ្ឍន៍ ក៏ដូចជាការសម្រេចអនុម័តរបស់រដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC កាលពីពេលកន្លងទៅនេះ ភាគច្រើនរោងចក្រ ដែលទៅតាំងនៅតាមតំបន់ផ្លូវលេខ៤១ ជារោងចក្រផលិតស្បែកជើង រោងចក្រផលិតកាបូប រោងចក្រផលិតគ្រឿងបង្គុំ និងរោងចក្រផលិតគ្រឿងបរិក្ខាអគ្គិសនី ហើយក្រៅពីនេះជាប្រភេទសិប្បកម្មកម្រិតតូច និងមធ្យម៕

រដ្ឋាភិបាលនឹងរៀបចំវិធីអង្គរសង្ក្រានជាថ្មីនៅឆ្នាំនេះជាមួយសកម្មភាពអស្ចារ្យជាច្រើន

ដោយ ហ្សូលី

សៀមរាបៈ បើតាមអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ខេត្តសៀមរាបនឹងមានរៀបចំកម្មវិធីសៀមរាប សង្ក្រានជាថ្មីម្តងទៀតនៅក្នុងឆ្នាំ២០២០នេះ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

អាជ្ញាធរជាតិអប្សារា សហការជាមូយសហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំខេត្តសៀមរាប រដ្ឋបាលខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធដទៃទៀត គ្រោងនឹងរៀបចំកម្មវិធីសង្ក្រានឆ្នាំថ្មីនេះ នៅបរិវេណប្រាសាទអង្គរវត្ត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ដល់ថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០២០។

សៀមរាបសង្ក្រានឆ្នាំថ្មីនេះ នឹងរៀបចំឡើងក្រោមប្រធានបទ« អង្គរ អតីតកាល បច្ចុប្បន្ន និងអនាគត» ដែលនឹងមានជាការតាំងពិពរណ៌បង្ហាញ ពីការកំណាយបុរាណវិទ្យា សមិទ្ធផលរបស់អាជ្ញាធរជាតិអប្សរា និងការអភិវឌ្ឍវិស័យទេសចរណ៍។

គោលដៅនៃកម្មវិធី សៀមរាបសង្ក្រាននេះ ប្រារព្ធឡើងដើម្បីលើកកម្ពស់សេដ្ឋកិច្ចនិងជីវភាពប្រជាជនក្នុងស្រុក ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ឱ្យមកកម្សាន្តទស្សនាតំបន់រមណីយដ្ឋានអង្គរឱ្យកាន់តែច្រើន និងលើកកម្ពស់តម្លៃសិល្បៈខ្មែរ។

កម្មវិធីទាំងអស់នេះ នឹងផ្តល់ចំណេះដឹងដល់សាធារណជន ឱ្យបានស្គាល់ពីបច្ចេក​ទេសនៃការប្រើប្រាស់ ការកែច្នៃថ្មតាមបែបបុរាណនិងទំនើប ការព្យាបាលថ្ម ការសាងសង់ប្រាសាទខ្មែរ ផែនទីតំបន់អង្គរ និងការស្រាវជ្រាវបុរាណវិទ្យាជាដើម។

លើសពីនេះក៏មានការបញ្ចូលវប្បធម៌ ប្រពៃណីរបស់អ្នកស្រុកអង្គរ ការលេងល្បែងប្រជាប្រិយខ្មែរ ការដាក់តាំងបង្ហាញពីការដាប់ឆ្លាក់ចម្លាក់ សិប្បកម្ម ដូច្នេះសាធារណជន និងភ្ញៀវទេសចរជាតិ អន្តរជាតិអាចជាវយកទៅប្រើប្រាស់ និងជួយដល់ជីវភាពរបស់ប្រជាជនបានផងដែរ៕

អភិបាលខេត្តត្បូងឃ្មុំប្តេជ្ញាជំរុញការអភិវឌ្ឍក្រុងសួងឱ្យក្លាយជាទីក្រុងស្អាតចំណាត់ថ្នាក់លេខ១

ដោយវុត្ថា

ភ្នំពេញ៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានប្តេជ្ញាជំរុញការអភិវឌ្ឍក្រុងសួងឱ្យក្លាយជាទីក្រុងស្អាតចំណាត់ថ្នាក់លេខ១ ខណៈសង្កាត់ និងឃុំទាំង៦៣ទៀត ក្នុងខេត្តត្បូងឃ្មុំ មានការអភិវឌ្ឍន៍រីកចម្រើនដែលធ្វើឲ្យកម្រិតជីវភាពពលរដ្ឋធូរធារ។

លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅក្នុងពិធីសម្ពោធសាលាសង្កាត់វិហារលួង នៅថ្ងៃទី ២៥ កុម្ភៈ ២០២០នេះ ឱ្យដឹងថា សង្កាត់វិហារលួង និងសង្កាត់សួង ក្នុងក្រុងសួង បាននឹងកំពុងកសាងហេដ្ឋារចនាសម្ព័ន្ធនានា កែលម្អសោភ័ណ្ឌភាពក្រុង ដោយស្ថាបនាផ្លូវ ពីផ្លូវដីមកក្រាលគ្រួសក្រហម ដោយបន្តចាក់បេតុងនិងអ៊ុតកៅស៊ូ ធ្វើនិងជួសជុលប្រព័ន្ធលូ ដាំបង្គោលបំពាក់អំពូលភ្លើងបំភ្លឺផ្លូវ លម្អសោភ័ណ្ឌភាពនាពេលរាត្រី ធ្វើសួនច្បារផ្កាចម្រុះពណ៍ ពិសេសថែរក្សាអនាម័យបរិស្ថានឲ្យបានស្អាតល្អ។

លោកបញ្ជាក់ថា ចំនុចទាំងអស់ខាងលើនេះហើយដែលត្រូវបន្តកសាង និងកែលម្អដោយប្តេជ្ញាជំរុញការអភិវឌ្ឍក្រុងសួង ឲ្យក្លាយជាទីក្រុងស្អាតចំណាត់ថ្នាក់លេខ១ តែថាបើចង់សម្រេចទៅបាននោះ គឺត្រូវមានការចូលរួមពីគ្រប់ភាគី ទាំងមន្ត្រីរាជការ និងប្រជាពលរដ្ឋដែលរស់នៅទីនេះ រួមគ្នាចាត់ទុកគ្រប់កន្លែងទាំងអស់នៅទីក្រុងសួង ឲ្យដូចជានៅកន្លែងធ្វើការ និងផ្ទះរបស់ខ្លួនដូចគ្នា។

យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តត្បូងឃ្មុំ បានផ្សព្វផ្សាយកន្លងមកនេះបង្ហាញថា ក្រុងសួង ជាក្រុងមួយស្ថិតនៅក្នុងចំណោម ក្រុងស្រុកទាំង៧ នៃខេត្តត្បូងឃ្មុំ ដែលជាខេត្តថ្មី ទើបតែបំបែក ចេញពីខេត្តកំពង់ចាម។ ក្រុងសួង ព័ទ្ធជុំវិញដោយបណ្តាឃុំនៃស្រុកត្បូងឃ្មុំ មាន២សង្កាត់ មានភូមិចំនួន៣០ និងមានផ្ទៃដីសរុបចំនួន ៨,២៨០.៦៤ ហិចតា មានប្រជាពលរដ្ឋរស់នៅចំនួន ៨,១៧៧ គ្រួសារ ស្មើនឹង ៣៧,៥៥១ នាក់ ស្រី ១៨,៧៣៥ នាក់ ប្រជាពលរដ្ឋប្រកបមុខរបរ កសិកម្មជាចំបង ប្រមាណ៧០% ក្រៅពីនេះ ប្រកបមុខរបរលក់ដូរ សិប្បកម្ម សេវាកម្ម មន្រ្តីរាជការ និងកម្មករ៕

គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានលើភ្នំបូកគោ នឹងបើកការដ្ឋាននៅចុងសប្ដាហ៍ក្រោយ

ដោយ ៖ រ៉ាណេត

កំពត ៖ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា នឹងបើកសម្ពោធគម្រោងអភិវឌ្ឍទីក្រុងថ្មីនៅលើភ្នំបូកគោ “កំណប់ឋានសួគ៌” ក្រោមការវិនិយោគដោយក្រុមហ៊ុន សុខា អូតែល រាប់លានដុល្លារនៅត្រឹមចុងសប្ដាហ៍ក្រោយនេះ ។

ការទន្ទឹងរង់ចាំរបស់អតិថិជន បានមកដល់ហើយគម្រោងថ្មីដ៏ធំអស្ចារ្យ “កំណប់ឋានសួគ៌” ជាការវិនិយោគរបស់ក្រុមហ៊ុនសុខា អូតែល នឹងរៀបចំបើកការដ្ឋានគម្រោងអភិវឌ្ឍលំនៅដ្ឋាននៅត្រឹមថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ។

ក្រុមហ៊ុនសុខាអូតែល ជាក្រុមហ៊ុននាំមុខមួយនៃវិស័យបដិសណ្ឋារកិច្ច ក្នុងចំណោមក្រុមហ៊ុនធំៗ នៅព្រះរាជាណាចក្រកម្ពុជា និងជាក្រុមហ៊ុនដែលទទួលបាន សិទ្ធិសម្បទានធ្វើវិនិយោគអភិវឌ្ឍ នៅឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” ។ ឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” មានចម្ងាយប្រហែល ១៨៩ គ.ម តែប៉ុណ្ណោះ ពីរាជធានីភ្នំពេញ និងមានទីតាំងស្ថិតនៅជិត ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជា៖ កំពង់ផែទេសចរណ៍ខេត្តកំពត, កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ, ផ្លូវរថភ្លើង, និងព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ជាដើម។ មានផ្លូវគមនាគមន៍ធំៗជាច្រើន ដែលអាចធ្វើដំណើរទៅកាន់ តំបន់អភិវឌ្ឍភ្នំបូកគោនេះ ដូចជាផ្លូវជាតិលេខ៣ និងផ្លូវល្បឿនលឿនដែល កំពុងសាងសង់និងពង្រីកបន្ថែម ដែលគ្រោងនឹងបញ្ចប់រួចរាល់ ជាបន្តបន្ទាប់នាពេលឆាប់ៗខាងមុខនេះ ព្រមទាំងផ្លូវជាតិលេខ៤ និងផ្លូវលេខ៤១ ដែលជាផ្លូវជាតិដ៍សំខាន់សម្រាប់ ការធ្វើដំណើរទៅកាន់តំបន់នោះ នាពេលបច្ចុប្បន្ន លើសពីនេះ ការធ្វើដំណើរទៅទីនោះ តាមឧទ្ធម្ភាចក្រក៍បាន៕

មហាសេដ្ឋី Warren Buffett៖ ពិភពលោកកំពុងធ្លាក់ចូលវិបត្តិសេដ្ឋកិច្ច

ដោយ ប៊ី

ភ្នំពេញ៖ វិនិយោគិនមហាសេដ្ឋី Warren Buffett និយាយថា ការផ្ទុះឡើងនៃជំងឺ COVID-19 នៅចិនបានធ្វើឱ្យកំណើនសេដ្ឋកិច្ចធ្លាក់ចុះ និងបង្កឱ្យមានការខាតបង់ទីផ្សារភាគហ៊ុន ប៉ុន្តែលោកនៅតែមានទំនុកចិត្តលើអនាគតរយៈពេលវែងនៃអាជីវកម្មអាមេរិក។

លោក Buffett បានបង្ហាញខ្លួននៅស្ថានីយទូរទស្សន៍ CNBC កាលពីថ្ងៃ ចន្ទ បន្ទាប់ពីបានចេញលិខិតប្រចាំឆ្នាំរបស់លោកទៅម្ចាស់ភាគហ៊ុន Berkshire Hathaway Inc។ លោក Buffett បាននិយាយថារ បាយការណ៍ដែលលោកទទួលបានពី Berkshire Hathaways ការធ្វើជំនួញជាង ៩០ និងការវិនិយោគភាគហ៊ុនបង្ហាញថា ជំនួញមានសភាពទន់ខ្សោយជាងពេលបច្ចុប្បន្ននេះ ជាងកាលពី ៦ ខែមុន ប៉ុន្តែលោកនៅតែមានសុទិដ្ឋិនិយម។

លោក បាននិយាយថា “២០ ឬ ៣០ ឆ្នាំចាប់ពីពេលនេះ អាជីវកម្មអាមេរិក ប្រហែលជានៅពាសពេញពិភពលោកនឹងប្រសើរជាងសព្វថ្ងៃ”។

ភាគច្រើននៃហាងប្រហែល ១០០០ របស់ក្រុមហ៊ុន Berkshire Hathaway នៅក្នុងប្រទេសចិនត្រូវបានបិទទ្វារក្នុងកំឡុងពេលផ្ទុះនៃជំងឺCOVID-19 ហើយក្រុមហ៊ុនជាច្រើនទៀតកំពុងរងនូវបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ទាក់ទងនឹងការធ្លាក់ចុះនៃអាជីវកម្ម ក្នុងពេលមានវិបត្តិសុខភាពសាធារណៈ។

ទីផ្សារភាគហ៊ុនសហរដ្ឋអាមេរិកមានការធ្លាក់ចុះយ៉ាងខ្លាំងកាលពីថ្ងៃចន្ទ ដោយសារជំងឺឆ្លងវីរុសនេះឆ្លងរាលដាលហួសពីប្រទេសចិនក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដោយបង្កើនការភ័យខ្លាចអំពីផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចរបស់ខ្លួននៅលើទ្វីបមួយចំនួន។ អាជ្ញាធរនៅក្នុងប្រទេសអ៊ីតាលីកំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺដ៏ធំលើកដំបូងរបស់អឺរ៉ុប ខណៈប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយថា លោកបានដាក់ប្រទេសរបស់ខ្លួនឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុតដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនេះ។

នៅទីផ្សារហ៊ុន Wall Street ផ្សារហ៊ុនរបស់ក្រុមហ៊ុន Dow Jones បានធ្លាក់ចុះច្រើនជាង ១,០០០ ពិន្ទុកាលពីថ្ងៃច័ន្ទ ឬប្រហែល ៣,៦% ដល់ ២៧,៩៦១ ។ សន្ទស្សន៍ផ្សេងទៀតបានឃើញការធ្លាក់ចុះគួរឱ្យកត់សម្គាល់ស្រដៀងគ្នានេះដែររួមមានក្រុមហ៊ុន Nasdaq ធ្លាក់ចុះ ៣,៧% និងសន្ទស្សន៍ភាគហ៊ុនរបស់ក្រុមហ៊ុន S&P 500-stock ធ្លាក់ចុះ ៥,៦ ភាគរយ៕

មន្ទីរពេទ្យអន្តរជាតិដ៏ធំ មានតម្លៃជិត៥០០លានដុល្លារ គ្រោងនឹងបង្ហាញវត្តមាននៅរាជធានីភ្នំពេញក្នុងពេលខាងមុខនេះ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ តបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋខ្មែរមួយចំនួនដែលតែងចាកចេញទៅស្វែងរកសេវាព្យាបាល និងថែទាំសុខភាពនៅតាមបណ្តាប្រទេសជឿនលឿន ក៏ដូចជាប្រទេសជិតខាងនោះ នៅពេលឆាប់ៗខាងមុខនេះ វត្តមានមន្ទីរពេទ្យអន្តរជាតិដ៏ធំមួយ ដែលមានដើមទុនវិនិយោគជិត៥០០លានដុល្លារ នឹងបង្ហាញវត្តមាននៅក្នុងរាជធានីភ្នំពេញ។

ក្រោមការមើលឃើញពីភាពជាក់ស្ដែងពីសន្តិសុខសង្គម ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ជាពិសេសតម្រូវការរបស់ប្រជាពលរដ្ឋកម្ពុជា ក្រុមហ៊ុន ROYAL CAMBODIA HOSPITAL Co,.Ltd បានសម្រេចបណ្តាក់ទុនវិនិយោគចំនួន ៤៧៨លានដុល្លារសហរដ្ឋអាមេរិក ដើម្បីបង្កើតមន្ទីរទេព្យលំដាប់អន្តរជាតិ ដែលមានទ្រង់ទ្រាយ ផ្ទុករហូតដល់ប្រមាណ១៥០០គ្រែ និងអាចផ្តល់ឱកាសការងារចំរុះបានជាង១៥០០កន្លែង។

គម្រោងសាងសង់ និងអាជីវកម្មមន្ទីរពេទ្យអន្តរជាតិ ROYAL CAMBODIAN HOSPITAL CO., LTD ដែលទើបទទួលបានការគាំទ្រ និងអនុម័តពីសំណាក់រដ្ឋាភិបាលមួយនេះ មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ភូមិស្រុកចេក និងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលជាបណ្តុំមជ្ឈមណ្ឌលពាណិជ្ជកម្មទំនើប និងលំនៅដ្ឋានកម្រិតអភិជន។

បច្ចុប្បន្ន វិស័យសុខាភិបាលកម្ពុជាបានបង្ហាញពីឧត្តមភាព និងការរីកចម្រើនជាបន្តបន្ទាប់ ដែលក្នុងនោះបានបង្កើនទំនុកចិត្តដល់បណ្តាអ្នកវិនិយោគក្នុងវិស័យពាក់ព័ន្ធឱ្យចូលមកបង្កើតអាជីវកម្មផ្នែកសុខាភិបាលជាបន្តបន្ទាប់។ ជាក់ស្ដែង ការវិនិយោគលើវិស័យសុខាភិបាលបង្កើតមន្ទីរពេទ្យលំដាប់អន្តរជាតិនៅកម្ពុជាកាន់តែមានកំណើនជាបន្តបន្ទាប់ ដូចជាមន្ទីរពេទ្យជោរៃ មន្ទីរពេទ្យ រ៉ូយ៉ាល់រតនៈ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ មន្ទីរពេទ្យពហុព្យាបាល អន្តរជាតិ ខេមា មន្ទីរពេទ្យ សាន់រ៉ាយ និងមន្ទីរពេទ្យអន្តរជាតិ សែនសុខ ជាដើម៕

រដ្ឋាភិបាលបន្ថែមចំនួនថ្ងៃជូនភ្ញៀវបរទេសទិញសំបុត្រ ចូលទស្សនារមណីយដ្ឋានអង្គរ

ដោយវុត្ថា

ភ្នំពេញ៖រដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច បានសម្រេចបន្ថែមចំនួនថ្ងៃជូនភ្ញៀវបរទេសទិញសំបុត្រ ចូលទស្សនារមណីយដ្ឋានអង្គរ សម្រាប់រយៈពេល៤ខែ ដើម្បីអនុវត្តវិធានការ សម្រួលផលប៉ះពាល់មកលើវិស័យទេសចរណ៍ នៅខេត្តសៀមរាប។

យោងតាមតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយនៅថ្ងៃទីនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដែលចុះហត្ថលេខាដោយឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានប្រាប់ឲ្យគ្រឹះស្ថានអង្គរអនុត្តន៍ការបន្ថែមចំនួនថ្ងៃ ជូនភ្ញៀវទេសចរ ដែលទិញសំបុត្រចូលទស្សនាអង្គរ។

ក្រសួងសេដ្ឋកិច្ចបានញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចពន្យារយៈពេលចូលទស្សនាតំបន់អង្គរ សម្រាប់ភ្ញៀវទេសចរបរទេស តាមប្រភេទសំបុត្រ ដូចខាងក្រោម៖
១) សំបុត្រសម្រាប់រយៈពេល១ថ្ងៃ អាចចូលទស្សនាបានរយៈពេល២ថ្ងៃ
២) សំបុត្រសម្រាប់រយៈពេល៣ថ្ងៃ អាចចូលទស្សនាបានរយៈពេល៥ថ្ងៃ
៣) សំបុត្រសម្រាប់រយៈពេល៧ថ្ងៃ អាចចូលទស្សនាបានរយៈពេល១០ថ្ងៃ

បើតាមក្រសួងសេដ្ឋកិច្ច បញ្ជាក់ថា ការអនុវត្តន៍បន្ថែមចំនួនថ្ងៃជូនភ្ញៀវទេសចរនេះ មានរយៈពេល៤ ខែចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០តទៅ។ ប័ណ្ណចូលទស្សនាតំបន់អង្គរមាន៣ប្រភេទ៖ ប័ណ្ណចូលទស្សនា១ថ្ងៃ តម្លៃ៣៧ដុល្លារ, បណ័្ណចូលទស្សនា៣ថ្ងៃ មានតម្លៃ៦២ដុល្លារ និងបណ័្ណចូលទស្សនា៧ថ្ងៃ មានតម្លៃ៧២ដុល្លារ៕

រដ្ឋាភិបាលសម្រេចលើកលែងពន្ធសម្រាប់វិស័យទេសចរណ៍ វិស័យកាត់ដេរ និងអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចអនុវត្តន៍ឲ្យបានប្រសិទ្ធភាពខ្ពស់ ចំពោះការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា លើការលើកលែងពន្ធលើវិស័យចំនួន ៣ រួមមានវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប វិស័យកាត់ដេរ និងអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន។

យោងតាមលិខិតផ្លូវការមួយដែលចុះហត្ថលេខា ដោយ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ ប្រាប់ឲ្យអគ្គនាយកដ្ឋានពន្ធដារបានឱ្យដឹងថា ការសម្រេចលើកលែងពន្ធមួយចំនួននេះ ធ្វើឡើងដើម្បីទ្រទ្រង់ដល់វិស័យទេសចរណ៍ វិស័យកាត់ដេរ និងកំណើនសេដ្ឋកិច្ច ក្នុងបរិការណ៍នៃការផ្ទុះឡើងនូវជំងឺខូវិដ-១៩ និងការព្យួរភាពអនុគ្រោះពន្ធ លើទំនិញមួយចំនួន នៅក្រោមកម្មវិធី EBA។
លិខិតនេះ បញ្ជាក់ថា ការសម្រេចលើកលែងពន្ធរបស់រាជរដ្ឋាភិបាលលើវិស័យទាំង៣នោះរួមមាន៖
១) វិស័យទេសចរណ៍

-លើកលែង (រដ្ឋទទួលបន្ទុកពន្ធជំនួស) នូវការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ របស់សណ្ឋាគារ និងផ្ទះសំណាក់ ដែលបានចុះបញ្ជី ជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម ក្នុងខេត្តសៀមរាប សម្រាប់រយៈពេល៤ខែ ចាប់ពីខែកុម្ភៈ រហូតដល់ខែឧសភា ឆ្នាំ២០២០។

-អាជីវកម្មសណ្ឋាគារ និងផ្ទះសំណាក់ នៅតែមានកាតព្វកិច្ចពន្ធ ដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញ សម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម ជារៀងរាល់ខែ ក្នុងរយៈពេលលើកលែងពន្ធនេះ។

-មិនធ្វើសវនកម្មពេញលេញ សម្រាប់ការិយបរិច្ឆទឆ្នាំ២០២០ ចំពោះសហគ្រាស ក្នុងវិស័យសណ្ឋាគារ និងផ្ទះសំណាក់ ដែលបានចុះបញ្ជីជាមួយ អគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម ក្នុងខេត្តសៀមរាប។

២) វិស័យកាត់ដេរ

-លើកលែងពន្ធ (Tax Holiday) អាចពី៦ខែទៅ១ឆ្នាំ សម្រាប់រោងចក្រ សហគ្រាស ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ទៅតាមកម្រិតភាពធ្ងន់ធ្ងរនៃផលប៉ះពាល់ ជាក់ស្ដែងរោងចក្រនីមួយៗ ដែលបណ្ដាលមកពី ការខ្វះវត្ថុធាតុដើមផលិត និងការព្យូរ EBA។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវដឹកនាំសម្រប់សម្រួលរៀបចំរូបមន្ដ និងគោលការណ៍ជាក់លាក់ សម្រាប់ការវាយតម្លៃផ្ដល់ការលើកលែងពន្ធនេះ។

៣) អ្នកអភិវឌ្ឍន៍លំនៅដ្ឋាន

-លើកលែងពន្ធប្រថាប់ត្រា សម្រាប់អ្នកទិញផ្ទះដែលមានតម្លៃទាបជាង៧០០០០ដុល្លារ ក្នុងរយៈពេល១ឆ្នាំ គិតចាប់ពីខែកុម្ភៈ ឆ្នាំ២០២០ ដល់ខែមករា ឆ្នាំ២០២១សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន ដែលបានចុះបញ្ជីនៅក្រសួង និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕