រដ្ឋាភិបាលដាក់ចេញវិធានការកាត់បន្ថយចំណាយលើប្រព័ន្ធដឹកជញ្ជូននៅកម្ពុជា

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាបានដាក់ចេញវិធានការបន្ទាន់ ឲ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីចូលរួមកាត់បន្ថយបន្ទុកចំណាយឡូជីស្ទីក និងដឹកជញ្ជូនរបស់ធុរជន។

យោងតាមលិខិតមួយច្បាប់ដែល ចុះហត្ថលេខាដោយ លោក ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ ផ្ញើរទៅកាន់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឱ្យអនុវត្តការងារបន្ទាន់ចំពោះមុខមួយចំនួន ដូចខាងក្រោម៖

១) បន្ថែមប្រព្រឹត្តកម្មច្រកបៃតង (Green Lane) លើការនាំចូលវត្ថុធាតុដើមកាត់ដេរ ព្រមទាំងគ្រឿងបំណែក និងគ្រឿងបង្គុំបម្រើផលិតកម្មនៃគម្រោងវិនិយោគនានា ដោយត្រូវសម្រួលឲ្យបានអតិបរិមានូវនីតិវិធី និងបែបបទបញ្ចេញទំនិញពីគយ។ ក្នុងករណីចាំបាច់ អគ្គនាយដ្ឋានគយ អាចអនុវត្តវិធានការផ្ទៀងផ្ទាត់អនុលោមភាពជាក្រោយ រួមមានសវនកម្មក្រោយការនាំចូល ជាដើម។

២) សហការជាមួយសមាគមរោងចក្រកាត់ដេរកម្ពុជា ដើម្បីពិភាក្សាជាមួយសមាគមដឹកជញ្ជូនទំនិញ និងជើងសារគយ រកដំណោះស្រាយលើការយកកម្រៃសេវាឲ្យមានតម្លាភាព។ ក្នុងករណីរកឃើញភស្តុតាងជាក់ស្តែងបំប៉ោង ឬកេចបន្លំ ត្រូវមានវិធានការតាមច្បាប់ជាធរមាន។

៣) ដើម្បីអនុវត្តចំណុចទី១ ខាងលើឲ្យមានប្រសិទ្ធភាព អគ្គនាយកដ្ឋានគយ ត្រូវសហការ និងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ ដូចជាអាជ្ញាធរស្វ័យតកំពង់ផែអន្តរជាតិ និងក្រុមហ៊ុនដឹកជញ្ជូន ជាដើម ដើម្បីធានាថា ការផ្តល់សេវាជាលក្ខណៈពិសេសនេះ ប្រព្រឹត្តទៅដោយរលូន ស៊ីសង្វាក់ និងប្រទាក់ក្រឡាគ្នា ហើយក្នុងករណីចាំបាច់ អាចឯកភាពគ្នាបន្ថែមម៉ោងរដ្ឋបាលបាន ដើម្បីអនុវត្តការងារឲ្យបានឆាប់រស័យ៕

អេស៊ីលីដាគ្រោងពង្រីកការទូទាត់សាច់ប្រាក់តាមប្រព័ន្ឋឌីជីថលទៅកាន់តំបន់់អាស៊ាន

ដោយគង់ សូរិយា

         ភ្នំពេញៈ ធនាគារអេស៊ីលីដាបាននិងកំពុងដាក់ចេញមហិច្ឆតា ទូទាត់សាច់ប្រាក់តាមប្រព័ន្ឋឌីជីថល ជាមួយបណ្តាប្រទេសនានាជាសមាជិកអាស៊ាន ដើម្បីពង្រីកឧត្តមភាព​របស់ខ្លួន ខណៈធនាគារនេះបានវិនិយោគទឹកប្រាក់រាប់លានដុល្លារ លើប្រព័ន្ឋបច្ចេកវិទ្យា។

ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាលោកអ៊ិន ចាន់នីបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២៥ កុម្ភៈនេះថា បន្ទាប់ពីបើកដំណើរការប្រព័ន្ឋទូទាត់សាច់ប្រាក់តាមMobil App “អេស៊ីលីដាទាន់ចិត្ត”នៅប្រទេសថៃនាពេលថ្មីៗនេះ ធនាគារនឹងពង្រីកសេវាកម្​ម​ទូទាត់សាច់ប្រាក់ ដែលអ្នកប្រើប្រាស់នានាអាចចាយបានតាមរយៈMobil Appនៅប្រទេសម៉ាឡេស៊ី និងសឹង្ហបុរីនាពេលខាងមុខនេះ។

លោកបន្តថា “យើងនឹងពង្រីកសេវាកម្មទូទាត់សាច់ប្រាក់ទូទាំងអាស៊ាន នាពេលអនាគត ប៉ុន្តែជាមួយប្រទេសម៉ាឡេស៊ី និងសឹង្ហបុរីនឹងធ្វើឡើងនៅពេលប្រព័ន្ឋទូទាត់នៅប្រទេសទាំងពីរនេះបានដំណើរការដោយរលូន និងមានការអនុម័តយល់ព្រមពីធនាគារជាតិនៃកម្ពុជាជាមុន”។

លោកអ៊ិន ចាន់នីបានបន្តថា ធនាគារអេស៊ីលីដា បានវិនិយោគទឹកប្រាក់ជាច្រើនលានដុល្លារអាមេរិក ដើម្បីពង្រីកសេវាកម្មទូទាត់សាច់ប្រាក់លឿន តាមប្រព័ន្ឋDigital &Fintech ប៉ុន្តែលោកមិនបញ្ជាក់ឲ្យដឹងពីទំហំ នៃការចំណាយជាក់លាក់នោះទេ៕

ក្រសួងទេសចរណ៍នឹងរៀបចំព្រឹត្តិការណ៍កម្សាន្តប្រមាណ២០នៅខេត្តសៀមរាប

ដោយៈ រ៉ាណេត

ភ្នំពេញៈ ស្របទៅនឹងគោលនយោបាយ និងផែនការ ដែលបានដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងនិងលើកស្ទួយវិស័យទេសចរណ៍ នៅក្នុងខេត្តសៀមរាប ឱ្យកាន់តែមានភាពទាក់ទាញពីបណ្តាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្រសួងទេសចរណ៍ គ្រោងរៀបចំព្រឹត្តិការណ៍កម្សាន្តជិត២០ កម្មវិធីនៅក្នុងខេត្តសៀមរាបនៅក្នុងឆ្នាំនេះ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានមានប្រសាសន៍កាលពីល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០កន្លងមកថា រាជរដ្ឋាភិបាល តាមរយៈក្រសួងទេសចរណ៍ គ្រោងនឹងរៀបចំ ព្រឹត្តិការណ៍ទេសចរណ៍តូចធំជិត២០កម្មវិធី នៅគោលដៅទេសចរណ៍សៀម​រាប-អង្គរ នាអំឡុងឆ្នាំ២០២០នេះ ដើម្បីជំរុញឱ្យមានចលនាទេសចរកាន់តែច្រើន និងសំដៅទាក់ទាញកំណើនទេសចរបរទេសមកកាន់កម្ពុជាផងដែរ។

លោកបន្តថា ក្រៅពីព្រឹត្តិការណ៍សង្ក្រាន្តសៀមរាប ក៏នៅមានព្រឹត្តិការណ៍ទេសច​រណ៍ វប្បធម៌ កីឡាមួយចំនួនទៀត ដោយព័ត៌មានលម្អិតពីកម្មវិធី នឹងត្រូវបង្ហាញនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ។

ក្រសួងទេសចរណ៍បានបង្កើតក្រុមការងារពិសេសមួយ ដើម្បីចុះអនុវត្តន៍ការងារសំខាន់ៗមួយចំនួន ដោយក្នុងនោះមានដូចជា ការបណ្ដុះបណ្ដាលបំប៉នសមត្ថភាពដល់បុគ្គលិក ឬកម្មករនិយោជិតបម្រើការតាមសណ្ឋាគារមួយចំនួន ដែលទទួលរងការប៉ះពាល់នៅខេត្តសៀមរាប ការរៀបចំកញ្ចប់ទស្សនកិច្ច និងដំណើរទស្សនកិច្ចទេសចរណ៍ទៅកាន់សៀមរាប-អង្គរ ការបង្កើនការផ្សព្វផ្សាយពីគោលដៅទេសចរណ៍សៀមរាប-អង្គរ ក៏ដូចជាវិស័យទេសចរណ៍ជាតិទាំងមូល។

លោករដ្ឋមន្ត្រីបន្តថា “ចាប់ពីពេលនេះទៅ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំង​ឡាយ នឹងសប្បាយរីករាយជាមួយដំណើរកម្សាន្ត ទៅកាន់ខេត្តសៀមរាប ខណៈដែលកម្ពុជាបានធានាអះអាងថា “ខ្លួននៅតែជាគោលដៅទេសចរណ៍ ប្រកបដោយសុខសន្តិភាព សុវត្ថិភាព និងផ្ដល់នូវភាពកក់ក្ដៅ”។

ជាមួយគ្នានេះ លោកក៏បានជំរុញឱ្យម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ទាំងឡាយនៅខេត្តសៀមរាប គួរមានការបន្ធូរបន្ថយថ្លៃស្នាក់នៅ ជូនដល់ភ្ញៀវទេសចរគ្រប់គ្នា។ចំណែកឯក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ ក៏សូមកុំយកចំណេញលើការរៀបចំសេវាកម្មកញ្ចប់ទស្សនកិច្ចពីភ្ញៀវច្រើនពេក ខណៈដែលរាជរដ្ឋាភិបាលក៏កំពុងដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តនានា ដល់ផ្នែកឧស្សាហកម្មទេសចរណ៍ផងដែរ៕

ហាងលក់រាយApple នៅចិនបានដំណើរឡើងវិញ បន្ទាប់ពីបានបិទទ្វារដោយសារ ជំងឺ COVID-19

ដោយ ប៊ី

ភ្នំពេញៈ ប្រតិបត្ដិការលក់រាយមួយចំនួនរបស់ក្រុមហ៊ុនយក្សអាមេរិក Apple នៅប្រទេសចិនបានដាក់ឱ្យដំណើរឡើងវិញ បន្ទាប់ពីបានបិទទ្វារដែលទាក់ទងនឹងផ្ទុះឡើងនៃជំងឺឆ្លង COVID-19។ នេះបើយោងតាមសារព័ត៌មានCNBC ចុះផ្សាយនៅថ្ងៃនេះ។

យោងតាមគេហទំព័ររបស់ក្រុមហ៊ុន Apple ហាងលក់រាយចំនួន២៩ ក្នុងចំណោមហាងលក់រាយចំនួន៤២របស់ក្រុមហ៊ុនApple នៅចិនដីគោកបានបើកដំណើរការឡើងវិញ ទោះបីមានហាងជាច្រើនដំណើរការនៅម៉ោងកំណត់ក៏ដោយ។ កាលពីដើមខែនេះ Apple បានបិទហាង និងការិយាល័យសាជីវកម្មរបស់ខ្លួនទាំងអស់ នៅប្រទេសចិនជាបណ្តោះអាសន្ន ដោយសារការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺផ្លូវដង្ហើមថ្មីនេះ។

កាលពីសប្តាហ៍មុន ក្រុមហ៊ុន Appleបានព្រលយឲ្យដឹងថា ខ្លួននឹងខាតបង់ចំណូលប្រមាណពី៦៣ពាន់លានដុល្លារ ទៅ៦៧ពាន់លានដុល្លារ នៅត្រីមាសទី១ គិតត្រឹមខែមីនា ដោយសារតែជំងឺឆ្លងនេះ និងការខិតខំកាត់បន្ថយផលប៉ះពាល់របស់វា។

ក្រុមហ៊ុនApple បានបញ្ជាក់ការបិទហាងរបស់ខ្លួននៅក្នុងប្រទេសចិន ក៏ដូចជាម៉ោងមានកំណត់ និងចរាចរណ៍ទិញរបស់អតិថិជនទាប ដែលជាហេតុផលដែលធ្វើឱ្យតម្រូវការផលិតផលApple នៅលើដីគោករងផលប៉ះពាល់។ ក្រុមហ៊ុនApple ក៏បានព្រមា​ននៅពេលនោះដែរថា ការផ្គត់ផ្គង់ទូរស័ព្ទiPhone អាចត្រូវបានរាំងស្ទះ ដោយសារតែបញ្ហាជាមួយនឹងការផលិតនៅក្នុងប្រទេសចិន។

អ្នកវិភាគក្រុមហ៊ុន UBS លោក Timothy Arcuri បាននិយាយកាលពីថ្ងៃច័ន្ទថា ការលក់ iPhone របស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិនបានកើនឡើង៥ភាគរយ ពីនៅក្នុងខែមករា ធៀបនឹងឆ្នាំមុន ដែលជាតួលេខមួយខ្ពស់ជាងទីផ្សារស្មាតហ្វូនចិន ដែលបានលើកឡើងដោយដកស្រង់ទិន្នន័យរបស់រដ្ឋាភិបាលចិន។

ទោះយ៉ាងណាលោកបានព្រមានថា ដោយសារតែការបិទហាងលក់រាយ និងភាពមិនច្បាស់លាស់ នៃការដឹកជញ្ជូននៅខែ កុម្ភៈ អាចនឹងអាក្រក់ជាងការរំពឹងទុក៕

លោក ស៊ុន ចាន់ថុលៈ ស្ពានវែងជាងគេឆ្លងកាត់ទន្លេពីកំពង់ឆ្នាំងទៅកំពង់ធំ នឹងត្រូវសាងសង់ឆ្នាំនេះ

ដោយវុត្ថា

ភ្នំពេញៈ លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានគូសបញ្ជាក់ថា ស្ពានវែងជាងគេនៅក្នុងប្រទសកម្ពុជា តភ្ជាប់ឆ្លងកាត់ទន្លេពីខេត្ត​កំពង់ឆ្នាំង ឆ្ពោះទៅកាន់ខេត្តកំពង់ធំ នឹងត្រូវចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ ២០២០ នេះ ខណៈការសិក្សាត្រូវបានសិក្សាចប់សព្វគ្រប់។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានប្រាប់គេហទំព័រ propertyarea.asia ផ្តាច់មុខកាលពីពេលថ្មីៗនេះឱ្យដឹងថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេវែងជាងគេ ត្រូវបានដាក់ចូលទៅក្នុងផែនការអទិភាព និងជាជំរើសទី១ របស់ក្រសួងសម្រាប់សាងសង់នៅក្នុងឆ្នាំ២០២០នេះ។

លោកបន្តថា  “យើងបានដាក់ចូលទៅក្នុងផែនការឆ្នាំ២០២០ អញ្ចឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ យកទៅដាក់ក្នុងគម្រោងអទិភាពមុន គម្រោងផ្លូវស្គន់ទៅកំពង់ចាមឬយ៉ាងណា។ យើងពិភាក្សាគ្នា តែយើងដាក់ក្នុងជំរើសទី១។លោកបន្ថែមថា “ដូច្នេះ ស៊ីសងលើក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជ្រែ តែប៉ណ្ណោះ”។

បើតាម លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល  គម្រោងសាងសង់ស្ពានឆ្លងកាន់ទន្លេនេះ មានប្រវែងប្រមាណ៤គីឡូម៉ែត្រ ឆ្លងពីខេត្តកំពង់ឆ្នាំងឆ្ពោះទៅកាន់ខេត្តកំពង់ធំនេះ ត្រូវបានសិក្សាចប់សព្វគ្រប់ព្រមទាំង  នក្រសួងបរិស្ថានបានចេញលិខិតបញ្ជាក់ដោយគ្មានប៉ះពាល់អ្វីទាំងអស់ក្នុងការសាងសង់ស្ពាននេះ។

លោកបន្តថា “ខ្ញុំសង្ឃឹមថាក្រសួងសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងទំលាក់លុយមកឱ្យយើង  ហើយយើងនឹងចាប់ផ្តើមធ្វើ។ ស្ពាននេះមានប្រវែងជាងគេនៅក្នុងប្រទេ​សកម្ពុជាគ្រោងចំណាយថវិកាប្រមាណ២០០លានដុល្លារអាមេរិក”។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅក្នុងពិធីអញ្ជើញជាអធិបតីក្នុងពិធីបុណ្យទន្លេលើកទី៥ កាលពីថ្ងៃទី១៦ មីនា ឆ្នាំ២០១៩ កន្លងមកនេះ បានមានប្រសាសន៍ជំរុញ ឱ្យមានការសាងសង់ស្ពានតភ្ជាប់ពីខេត្តកំពង់ឆ្នាំង ទៅកាន់ខេត្តកំពង់ធំនេះ ឱ្យបានលឿន ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញ និងធ្វើដំណើររបស់ប្រជាពលរដ្ឋ។

សម្តេចបន្តថា ស្ពានតភ្ជាប់ពីខេត្តកំពង់ឆ្នាំ ឆ្ពោះទៅខេត្តកំពង់ធំនេះមានប្រវែ​ងរហូតដល់ទៅ៣,៩០០ម៉ែត្រ ដែលនឹងក្លាយជាស្ពានវែងជាងគេបំផុត នៅក្នុងប្រទេសកម្ពុជា ដោយស្ពាននេះ នឹងសាងសង់ឆ្លងកាត់ដៃទន្លេចំនួន៣ រួមមាន ទន្លេផ្សារក្រោម ទន្លេជល់មុខ និងទន្លេកំពង់ហាវ”។

សម្តេចបន្តទៀតថា “គម្រោងស្ពាននេះ នឹងជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូន កាត់បន្ថយពេលវេលា ក៏ដូចជាកាត់បន្ថយការចំណាយក្នុងពេលធ្វើដំណើរ ដោយមិនចាំធ្វើដំណើរវាងចូលទៅខេត្តកណ្តាល កំពង់ចាម ទើបចូលទៅដល់ខេត្តកំពង់ធំទៀតឡើយ”។

បច្ចុប្បន្ន ស្ពានដែលវែងជាងគេនៅកម្ពុជា គឺស្ពាន ត្សឹបាសា ឬស្ពានអ្នកលឿង ដែលមានប្រវែង២២១៥ម៉ែត្រ ស្ថិតក្នុងខេត្តព្រៃវែង និងឆ្លងកាត់ទន្លេមេគង្គ ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីដើមខែមេសា ឆ្នាំ២០១៥៕

កម្ពុជា និងចិននឹងជំរុញពាណិជ្ជកម្មទ្វេភាគីដល់១០ពាន់លានដុល្លារនៅឆ្នាំ២០២៣

ដោយ ប៊ី

ភ្នំពេញៈ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន គ្រោងនឹងចុះហត្ថលេខានៅដំណាច់ឆ្នាំ២០២០នេះ ដើម្បីពង្រីកការធ្វើពាណិជ្ជកម្ម វិនិយោគ សេវា និងកិច្ចសហប្រតិ​បត្តិការកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ ខណៈជំរុញពាណិជ្ជកម្មទ្វេភាគីដល់១០ ពាន់លានដុល្លារនៅឆ្នាំ២០២៣។

កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីថ្លែងសារពិសេសមួយជូនជនជាតិខ្មែរទាំងអស់ ពាក់ព័ន្ធស្ថានភាពថ្មីៗចុងក្រោយ បានជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់បង្កើនសមត្ថភាពផលិតកម្ម និងពង្រីកផលិតផល ដើម្បីជំរុញការនាំចេញទៅកាន់ប្រទេសចិន មុនពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចុះហត្ថលេខា។

ជាមួយកិច្ចពិភាក្សាទ្វេភាគីនៅថ្ងៃទី ២០-២៣ ខែមករានៅទីក្រុងប៉េកាំង ប្រទេសចិន សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកLi Keqiang នាយករដ្ឋមន្ត្រីចិន បានសិក្សាអំពីលទ្ធភាព លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលមានសក្តានុពលដែលមានគោលបំណងជំរុញ ពាណិជ្ជកម្មទ្វេភាគីដល់១០ពាន់លានដុល្លារនៅឆ្នាំ ២០២៣។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំចង្អៀតអន្តរក្រសួងដើម្បីពិនិត្យ និងពិភាក្សាលើលទ្ធផល នៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ជុំទី១ ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី២០-២១ ខែមករា ឆ្នាំ ២០២០ នៅទីក្រុងប៉េកាំង កន្លងទៅថ្មីៗនេះ ក៏ដូចជាផ្តល់គោលការណ៍សម្រាប់ការចរចានៅជុំបន្តបន្ទាប់។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិននេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណ​ងពង្រីកការធ្វើពាណិជ្ជកម្ម វិនិយោគ សេវា និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ។

ការឈានដល់ដំណាក់កាល នៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ អំពីការវិវត្តន៍យ៉ាងឆាប់រហ័សនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក៏ស្អិតរមួត និងរឹងមាំរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ដែលបច្ចុប្បន្នបានឈានដល់កិច្ចសហប្រតិបត្តិការភាព ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

បន្ថែមពីនេះ កិច្ចព្រមព្រៀងនេះ ក៏បានបង្ហាញអំពីការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំទាំងពីរ លើការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ តាមរយៈការជំរុញពាណិជ្ជកម្ម និងការបង្កើតឱកាសការងារ។

កិច្ចព្រមព្រៀងនឹងផ្តល់ឱ្យកម្ពុជា នូវភាពកាន់តែសំបូរបែប ក្នុងការនាំចេញផលិ​តផលរបស់ខ្លួន ទៅកាន់ទីផ្សាររបស់ចិនទាំងបរិមាណ និងមុខទំនិញ តាមរយៈការផ្តល់នូវការអនុគ្រោះពន្ធប្រសើរជាងមុន។ បន្ថែមពីនេះកិច្ចព្រមព្រៀងនេះ ក៏នឹងធ្វើឱ្យប្រសើរឡើងនូវកិច្ចសម្រួលពាណិជ្ជកម្ម តាមរយៈការជួលសម្រួល និងកាត់បន្ថយបែបបទ នីតិវិធី និងវិធានការនានាដែលមិនចាំបាច់ និងធ្វើឱ្យរាំងស្ទះដល់លំហូរពាណិជ្ជកម្មទំនិញ។

កិច្ចព្រមព្រៀងនេះ នឹងចូលរួមចំណែកបង្កលក្ខណៈងាយស្រួល ដល់វិនិយោគិនដែលមានស្រាប់ ក្នុងការពង្រីកប្រតិបត្តិការរបស់ខ្លួន និងទាក់ទាញវិនិយោគថ្មីៗបន្ថែមទៀតមកកម្ពុជា ដែលនឹងបង្កើតការងារថ្មី បន្ថែមជួនប្រជាពលរដ្ឋ តាមរយៈការកែលម្អកិច្ចការពាក់ព័ន្ធ និងសម្រួលការវិនិយោគ។

កត្តាទាំងអស់នេះ នឹងចូលរួមចំណែកនៅក្នុងការអភិវឌ្ឍន៍ និងទ្រទ្រង់កំណើនសេដ្ឋ​កិច្ចជាតិ ក៏ដូចជាពន្លឿនដំណើរការ នៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងតំបន់ និងសកលលោក។

អង្គប្រជុំបានធ្វើការកត់សម្គាល់ និងវាយតម្លៃលើវឌ្ឍនភាពនៃការចរចាជុំទី១ នេះ នឹងបានផ្តល់គោលការណ៍នាំដល់ក្រុមការងារចរចា ដើម្បីជាមូលដ្ឋានរឹងមាំសម្រាប់ការចរចានៅជុំបន្តបន្ទាប់ សំដៅបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងទាំងមូលឱ្យបានឆាប់ ស្របតាមការណែនាំ និងការចង់បានរបស់ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ ក្រៅពីនេះ អង្គប្រជុំ ក៏បានឯកភាពលើគម្រោងបញ្ចប់ការចរចា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិននៅពាក់កណ្តាលឆ្នាំ២០២០ខាងមុខនេះ និងគ្រោងចុះហត្ថលេខានៅដំណាច់ឆ្នាំនេះ៕

កម្ពុជា-ថៃត្រៀមបើកច្រកព្រំដែនបណ្ដោះអាសន្នត្រង់ចំណុចស្ទឹងបត់ ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញ

ដោយវុត្ថា

ភ្នំពេញ៖ កម្ពុជា-ថៃត្រៀមបើកច្រកព្រំដែនបណ្ដោះអាសន្នត្រង់ចំណុចស្ទឹងបត់ ដែលស្ថិតនៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ នៃទឹកដីព្រះរាជាណាចក្រកម្ពុជា និងបានណងអៀន ខាងទឹកដីថៃ ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ។

នេះ បើយោងតាមកិច្ចប្រជុំស្ដីពីគណៈកម្មាធិការទទួលបន្ទុករៀបចំសេចក្ដីព្រាងកិច្ចព្រមព្រៀងលើកទី២ ពាក់ព័ន្ធនឹងការប្រើប្រាស់ ការគ្រប់គ្រង និងការថែទាំស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន)កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២០ ម្សិលមិញនេះ រវាង លោក ហេង រ័ត្នពិសិដ្ឋ អគ្គនាយក នៃអគ្គនាយកដ្ឋានសាធារណការកម្ពុជា និងលោក Apichart Junratasup អនុប្រធាននាយកដ្ឋានផ្លូវល្បឿនលឿនរបស់ថៃ។

លោក ហេង រ័ត្នពិសិដ្ឋ អគ្គនាយក នៃអគ្គនាយកដ្ឋានសាធារណការ បានស្នើឱ្យភាគីថៃពន្លឿនការរៀបចំហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក៏ដូចជារចនាសម្ព័ន្ធគ្រប់គ្រងទំនិញ នៃស្ថាប័នពាក់ព័ន្ធដូចជា៖ ស្ថាប័នគយ ស្ថាប័នអន្តោប្រវេសន៍ និងអង្គភាពពាក់ព័ន្ធផ្សេងៗទៀត ដើម្បីសម្រួលដល់ការគ្រប់គ្រងការដឹកជញ្ជូនឱ្យមានប្រសិទ្ធភាព។

លោក Apichart Junratasup អនុប្រធាននាយកដ្ឋានផ្លូវល្បឿនលឿន ស្នើសុំរយៈពេលប្រមាណ១២ខែ ដើម្បីរៀបចំហេដ្ឋារចនាស្ព័ន្ធផ្លូវថ្នល់ អាគាររដ្ឋបាល និងរចនាសម្ព័ន្ធគ្រប់គ្រងដទៃទៀតផងដែរ។

ច្រកទ្វារអន្តរជាតិស្ទឹងបត់នេះមានទីតាំងស្ថិតនៅប្រមាណ ៧ គីឡូម៉ែត្រពីច្រកទ្វារអន្តរជាតិប៉ោយប៉ែត ហើយគម្រោងនេះរួមមាន ការសាង់សង់ស្ពាន ការសាងសង់អគារត្រួតពិនិត្យ និងការសាងសង់ច្រកទ្វា ដែលបច្ចុប្បន្នសំណង់ស្ពានគឺរួចរាល់ហើយ ចំណែកឯសំណង់ដែលនៅសល់គឺគ្រោងនឹងបញ្ចប់នៅឆ្នាំនេះ។

ច្រកទ្វារអន្តរជាតិខ្មែរ-ថៃ ស្ទឹងបត់ជាផ្នែកមួយនៃគម្រោងកិច្ចព្រមព្រៀងឥណទានសម្បទានរវាងរាជរដ្ឋាភិបាលកម្ពុជានិងរាជរដ្ឋាភិបាលថៃ សម្រាប់អភិវឌ្ឍច្រកទ្វារអន្តរជាតិស្ទឹងបត់និងផ្លូវតភ្ជាប់ផ្លូវជាតិលេខ៥ ក្រោមទឹកប្រាក់ប្រមាណ ២៦,៥លានដុល្លារអាមេរិក។

ច្រកទ្វារអន្តរជាតិមួយនេះនឹងដើរតួនាទីយ៉ាងសំខាន់ ដើម្បីជួយសម្រួលចរាចរណ៍របស់ រថយន្តដឹកទំនិញឆ្លងកាត់រវាងកម្ពុជានិងថៃ និងជួយកាត់បន្ថយការកកស្ទះ នៅច្រកព្រំដែនប៉ោយប៉ែតនាពេលបច្ចុប្បន្ន ហើយរថយន្តដឹកទំនិញ នឹងតម្រូវឱ្យឆ្លងកាត់ច្រកថ្មីនេះ ដើម្បីពិនិត្យ បំពេញសំណុំបែបបទផ្លូវការ និងបង់ពន្ធគយ៕

តើកម្ពុជានឹងចំណេញអ្វីខ្លះពីការដើរចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប?

ដោយ ប៊ី

ភ្នំពេញៈ ថ្នាក់ដឹកនាំកំពូលរបស់កម្ពុជាថា នឹងស្វាគមន៍ចក្រភពអង់គ្លេសចង់បង្កើតឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជា បន្ទាប់អង់គ្លេសបានបញ្ចប់ជាផ្លូវការក្នុងការចាកចេញពីសមាជិកភាពរបស់ខ្លួន នៃសហភាពអ៊ឺរ៉ុបដែលជាប្លុកពាណិជ្ជកម្មដ៏ធំបំផុតមួយនៅលើពិភពលោកថ្ងៃសុក្រ ទី៣១ ខែមករា។

ទោះជាយ៉ាងណាក៏ដោយរឿងរ៉ាវ ការចាកចេញរបស់អង់គ្លេស (Brexit) មិនទាន់ឈានដល់ទីបញ្ចប់នៅឡើយទេ ព្រោះចក្រភពអង់គ្លេសកំពុងស្ថិត នៅក្រោមរយៈពេលផ្លាស់ប្តូរជិត១០ខែហើយ។ នេះមានន័យថា ក្នុងអំឡុងពេលនេះចក្រភពអង់គ្លេសនឹងបន្តចូលរួមក្នុងសហភាពអឺរ៉ុបតាមទំនៀមទម្លាប់ និងទីផ្សារតែមួយរបស់សហភាពអឺរ៉ុប ដោយរក្សាច្បាប់ និងបទបញ្ជារបស់សហភាពអឺរ៉ុប ទោះបីជាប្រទេសនេះលែងជារដ្ឋសមាជិកនៅក្នុងប្លុកក៏ដោយ។

ជាមួយគ្នានេះដែរ រដ្ឋាភិបាលកម្ពុជា និងមន្រ្តីជាន់ខ្ពស់ចក្រភពអង់គ្លេសបានសន្យាថា កម្ពុជានឹងបន្តទទួលបានឋានៈអនុគ្រោះពាណិជ្ជកម្ម នៅចក្រភពអង់គ្លេស បន្ទាប់ពី      រយៈពេលការផ្លាស់ប្តូរបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូខាងមុខ។

សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានប្រកាសស្វាគមន៍ ចំពោះចក្រភពអង់គ្លេស ដែលចង់បង្កើតឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជា និងចង់ឲ្យអង់គ្លេសក្លាយជា ដៃគូយុទ្ធសាស្រ្ដរបស់អាស៊ានផងដែរ។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសសម្តេចថ្លែងសារពិសេសមួយ ជូនជនជាតិខ្មែរទាំងអស់ ពាក់ព័ន្ធស្ថានភាពថ្មីៗចុងក្រោយ នៅក្នុងវិមានសន្តិភាព។

សម្ដេចតេជោហ៊ុន សែនបានបន្ដថា “ប្រសិនបើអង់គ្លេសចង់ធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជា កម្ពុជាស្វាគមន៍ជានិច្ច យើងអត់មានយល់ទាស់ទេ ហើយអង់គ្លេសក៏បានមកស្នើសុំយើង ដើម្បីឲ្យគាំទ្រទៅលើភាពជាដៃគូរវាងអង់គ្លេស និងអាស៊ានផងដែរ”។ សម្តេចបន្តថា “កម្ពុជាច្បាស់ជាគាំទ្រអង់គ្លេស ឲ្យក្លាយទៅជាដៃគូគ្រប់ជ្រុងជ្រោយ ជាមួយនឹងអាស៊ាន ព្រោះដៃគូ រួមមានដៃគូតាមវិស័យ និងដៃគូគ្រប់ជ្រុងជ្រោយ យើងចង់ឲ្យអង់គ្លេសក្លាជាដៃគូគ្រប់ជ្រុងជ្រោយជាមួយអាស៊ានតែម្ដង”។

សម្តេចតេជោបន្តថា ការដែលចង់ឲ្យអង់គ្លេសក្លាយជាដៃគូអាស៊ាននេះ ដោយមូលហេតុអង់គ្លេសក៏ជាសមាជិកមួយ ក្នុងចំណោមសមាជិកអចិន្រ្ដៃទាំង៥ របស់ក្រុមប្រឹក្សាសន្ដិសុខ អង្គការសហប្រជាជាតិ។ អាស៊ានត្រូវមានកុងសង់ស៊ីស ហើយកម្ពុជានឹងពិភាក្សាជាមួយដៃគូដទៃទៀតរបស់អាស៊ាន ដើម្បីផ្ដល់នូវការគាំទ្រ សម្រាប់ការធ្វើភាពជាដៃគូរវាងអាស៊ាន ជាមួយអង់គ្លេស ក្នុងពេលដែលអង់គ្លេសបានចាកចេញពីអឺរ៉ុប។

ជាមួយគ្នានេះសម្តេចតេជោហ៊ុន សែនក៏បានថ្លែងថា ចំពោះកិច្ចព្រមព្រៀងពាណិ​ជ្ជកម្មសេរីជាមួយចិន រំពឹងនឹងថាសម្រេចបាននៅខែវិច្ឆិកា ឆ្នាំ២០២០នេះ។

ទំនាក់ទំនងពាណិជ្ជកម្មរបស់កម្ពុជា ជាមួយចក្រភពអង់គ្លេស មានសន្ទុះរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ។ ជាក់ស្តែងនូវប៉ុន្មានឆ្នាំចុងក្រោយនេះ ទំហំពាណិជ្ជកម្មនៅប្រទេសទាំងពីរ បានកើនឡើងដល់ជាង១ពាន់លានដុល្លារ ខណៈដែលការនាំចេញរបស់កម្ពុជា មានច្រើនលើសលុប ជាងអង់គ្លេសនាំចូលមកម្ពុជាវិញ។

បច្ចុប្បន្ននេះកម្ពុជាទទួលបានអត្ថប្រយោជន៍ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មអនុ​គ្រោះ​ជាមួយសហគមន៍អឺរ៉ុប ដែលមានឈ្មោះថាអ្វីៗទាំងអស់លើកលែងតែអាវុធ (EBA) ។ ទោះយ៉ាងណា នៅថ្ងៃទី១២ ខែ កុម្ភៈ គណៈកម្មការអឺរ៉ុបដែលកាត់បន្ថយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន២០ភាគរយ ដែលមានតម្លៃ១,១ ពាន់លានដុល្លារ។

ទោះយ៉ាងណា កម្ពុជាមានក្តីសង្ឃឹមខ្ពស់ ចំពោះទំនាក់ទំនងពាណិជ្ជកម្មនាពេលអនាគតជាមួយចក្រភពអង់គ្លេស។

សម្ដេចតេជោបានមានប្រសាសន៍ថា “ខ្ញុំអាចបញ្ជាក់ថា យើងចង់បានណាស់ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយដៃគូរនានា ឥឡូវយើងកំពុងចរចាជុំទី១ ជាមួយចិនរួចហើយ ជាការរំពឹងទុករបស់យើង ក្នុងខែវិច្ឆិកាឆ្នាំនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-ចិននឹងរួចរាល់ ហើយប្រកាសដាក់ឲ្យប្រើ ដាក់ឲ្យអនុវត្តន៍ ឬចុះហត្ថលេខា នៅពេលដែលនាយករដ្ឋមន្រ្ដីចិន មកចូលរួមប្រជុំអាស៊ីអឺរ៉ុប នៅទីក្រុងភ្នំពេញ ក្នុងខែវិច្ឆិកា យើងកំពុងតែរៀបចំការចរចារ ជាមួយកូរ៉េខាងត្បូងអំពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី”។

នៅឆមាសទី១ ឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មកម្ពុជា-អង់គ្លេស គិតជាទឹកប្រាក់ចំនួន៤៦៦លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅអង់គ្លេស ចំនួន៤៥០លានដុល្លារ ចំណែកអង់គ្លេសនាំចូលមកម្ពុជា មានចំនួន១៥លានដុល្លារ។

នៅឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មនៃប្រទេសទាំង២ មានទឹកប្រាក់១,០៨៣លានដុល្លារ ក្នុងនោះកម្ពុជានាំទៅអង់គ្លេសមានចំនួន១,០១៨លានដុល្លារ ចំណែកអង់គ្លេសនាំមកកម្ពុជាមានតែ៦៥លានដុល្លារប៉ុណ្ណោះ។

នៅឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មមានទឹកប្រាក់១,០៤៤លានដុល្លារ ក្នុងនោះកម្ពុជានាំទៅអង់គ្លេសចំនួន១,០១៤លានដុល្លារ ចំណែកអង់គ្លេសនាំមកកម្ពុជាចំនួន៣០លានដុល្លារ។

ទំនិញដែលកម្ពុជានាំចេញទៅអង់គ្លេសរួមមាន សម្លៀកបំពាក់ ស្បែកជើង កង់ជិះ អង្ករ និងផលិតកសិកម្មផ្សេងទៀត៕

ខុនដូចំនួន១០០,០០០យូនីតនៅក្នុងប្រទេសថៃកំពុងជាប់គាំង

ដោយ ហ្សូលី

ប្រទេសថៃៈ បើតាមការប៉ាន់ស្មាន មានខុនដូទំនេរជាច្រើននៅក្នុង និងជុំវិញរដ្ឋធានីរបស់ប្រទេសថៃ ដោយសារតែការធ្លាក់ចុះនៃតម្រូវការរបស់អតិថិជនប្រទេសចិន ដែលបានធ្វើឱ្យប៉ះពាល់ដល់វិស័យអចលនទ្រព្យ។

តាមការព្យាករណ៍បានបង្ហាញថា ប្រសិនបើខូចខាតកាន់តែធ្ងន់ធ្ងរថែមទៀតនៅក្នុងទីផ្សារអចលនទ្រព្យរបស់ទីក្រុងបាងកក ជាពិសេសនៅផ្នែកខុនដូអាចជាប់គាំងដល់រហូតដល់ទៅ១០០,០០០យូណីតឯណោះ។ជាពិសេស ដោយសារតែតម្រូវការអតិថិជនបរទេសភាគច្រើនគឺជាជនជាតិចិន ដែលកំពុងត្រូវបានរារាំងដោយការទប់ស្កាត់ ការធ្វើដំណើរមកវិញ ព្រោះហានិភ័យសេដ្ឋកិច្ចនៅប្រទេសកំណើតរបស់ខ្លួន។

យោងតាមការប៉ាន់ស្មាន ពីទីភ្នាក់ងារពិគ្រោះយោបល់ក្នុងស្រុក សម្រាប់កិច្ចការអចលនៈទ្រព្យបានឱ្យដឹងថា អ្នកទិញបរទេសមានចំនួនស្មើនឹង១ភាគ៥ នៃការទិញអច​ល​នទ្រព្យនៅទីក្រុងបាងកកកាលពី២ឆ្នាំមុន។

បន្ថែមពីលើវិស័យអចលនទ្រព្យ សេដ្ឋកិច្ចដែលធ្លាប់តែមានភាពទូលំទូលាយរបស់ថៃបានទទួលរងសម្ពាធរួចទៅហើយ នៅក្នុងឆ្នាំ២០១៩ ដោយសារការពង្រឹងប្រាក់បាត និងសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន នៅតែកំពុងបន្តកើតមានក្នុងឆ្នាំ ២០២០ដដែល។

បើតាមរដ្ឋាភិបាលបានឲ្យដឹងថា កំណើនផលិតផលក្នុងស្រុកសរុប ត្រូវបានព្យាករថា អាចនឹងកើនឡើងត្រឹមតែ១,៥ ភាគរយនៅឆ្នាំ២០២០ ដែលជាកម្រិតទាបរយៈពេល៦ឆ្នាំ។

អាជ្ញាធរមូលដ្ឋានកំពុងដាក់ចេញនូវវិធានការណ៍នានា ដើម្បីគាំទ្រទីផ្សារអចលនទ្រព្យរួមទាំងច្បាប់ ផ្តល់ប្រាក់កម្ចីមានទ្រព្យបញ្ចាំពីធនាគារថៃ ដើម្បីលើកទឹកចិត្តដល់ការទិញក្នុងស្រុក។

ទោះយ៉ាងណាទស្សនវិស័យទីផ្សារខុនដូ នៅតែអ័ព្ទអួរហើយ ដោយរបាយការណ៍របស់“ Bloomberg” ដែលដកស្រង់ការប៉ាន់ស្មានរបស់ទីប្រឹក្សាអចលនទ្រព្យពិភពលោកលោក Collier បានដាក់ចំនួនខុនដូ ដែលបានអភិវឌ្ឍថ្មីៗដល់ទៅ៦០០០យូនីត ក្នុងត្រីមាសទីមួយនៃឆ្នាំ២០២០ ដែលជាការធ្លាក់ចុះ៤០ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ៕

ចំណេះដឹង! តើខុនដូ និងអាផាតម៉ិនមានភាពខុសគ្នាដូចម្តេច?

ដោយវុត្ថា

ភ្នំពេញៈ ប្រជាពលរដ្ឋខ្មែរមួយចំនួន ប្រហែលទើបតែលឺពាក្យខុនដូ (Condo) ឬអាផាតមិន (Apartment) ដែលជាភាសាបរទេស ដែលយកមកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ក្នុងយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ នៅពេលដែលមានវត្តមានអគារខ្ពស់ៗជាច្រើនបានរីកដុះដាល់នៅក្នុងទីក្រុងភ្នំពេញ។

ប្រជាពលរដ្ឋខ្មែរមួយចំនួន ហាក់មិនទាន់យល់ដឹងងច្បាស់ពីមុខងារ នៃការប្រើប្រាស់ខុនដូ (Condo) ឬអាផាតមិន (Apartment)នេះ នៅឡើយទេ ខណៈសំណង់អាគារស្នាក់នៅ ដែលពេញនិយមបំផុត គឺចែកចេញជាពីរប្រភេទធំៗគឺ ខុនដូ និងអាផាតម៉ិន។

តើសំណង់ទាំងពីរប្រភេទនេះ មានភាពខុសគ្នាដូចម្តេចខ្លះទៅ? ខាងក្រោមនេះគឺជាចំនុចខុសគ្នាធំៗនៃអាគារទាំងពីរប្រភេទ៖

១ទំហំអាគារ

ជាទូទៅខុនដូច្រើន តែមានទំហំធំៗជាងអាផាតម៉ិន ព្រោះផ្ទះល្វែងធម្មតាក៏អាចចាត់ទុកជាអាផាតមិនផងដែរ។

២កម្មសិទ្ធិ

ខុនដូជាសំនង់អាគារធំៗ ដែលបើកលក់ជាបន្ទប់មួយ(Unit)ឲ្យទៅភ្ញៀវ ដោយភ្ញៀវទាំងនោះ គឺទទួលបានសិទ្ធិជាម្ចាស់ផ្ទះតែម្តង ខណះដែលអាផាតមិន គឺជាបន្ទប់ (Unit) សម្រាប់ជួលទៅអោយភ្ញៀវស្នាក់នៅ ក្នុងរយះពេលព្រមព្រៀងគ្នាណាមួយដូចជា ៣ ទៅខែ៦ខែ រឺ១ឆ្នាំជាដើម។

៣គ្រឿងបរិក្ខារ

ដោយសារតែខុនដូមានលក្ខណះទំនើបជាង ដូច្នេះហើយនៅតាមសំណង់ខុនដូតែងតែមានបំពាក់គ្រឿងបរិក្ខារ សម្បូរបែបដូចជាអាងហែលទឹក កន្លែងចតឡាន កន្លែងកំសាន្ត ក្លឹបហាត់ប្រាណ បន្ទប់ស្ទីមសោណា រឺភោជនីយដ្ឋានជាដើម។ ផ្ទុយទៅវិញ អាផាតមិនអាចមិនមានគ្រឿងបរិក្ខារទាំងនេះ រឺមានត្រឹមតែតិចតួចនៃពួកវាតែប៉ុណ្ណោះ។

អាផាតម៉ិន ភាគច្រើនគឺសម្តៅទៅលើសេវាកម្មផ្តល់ផ្ទះជួល ដូច្នេះម្ចាស់ខុនដូមួយក៏អាចផ្តល់ជាសេវាកម្មអាផាតមិនផងដែរ ពោលគឺមានន័យថា ពួកគេអាចមានលក់ខ្លះ រឺជួលខ្លះ៕