ឥណ្ឌូនេស៊ីគ្រោងរៀបចំវេទិកាផ្គូរផ្គងធុរ:កិច្ចដើម្បីស្វែងរកឱកាសវិនិយោគនៅកម្ពុជា

ដោយវុត្ថា

ភ្នំពេញៈ លោក Sudirman Haseng ឯកអគ្គរដ្ឋទូតនៃប្រទេសឥណ្ឌូនេស៊ីប្រចាំកម្ពុជាបានឱ្យដឹងថា ស្ថានទូត នឹងសហការជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីរៀបចំវេទិ​កាផ្គូរផ្គងធុរ:កិច្ច ក៏ដូចជាការស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដែលនឹងមានក្រុមហ៊ុនរដ្ឋ និងឯកជនឥណ្ឌូនេស៊ី ចូលរួមនៅដើមខែមិថុនាឆ្នាំនេះ។

លោកSudirman Haseng ឯកអគ្គរដ្ឋទូតនៃប្រទេសឥណ្ឌូនេស៊ីប្រចាំកម្ពុជានៅក្នុងជំនួបពិភាក្សាការងារ ជាមួយ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២០ នេះថា ការរៀបចំនេះ  បានផ្តល់សារ:សំខាន់ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ លើវិស័យឧស្សាហកម្ម និងការវិនិយោគ។

លោកបន្តថា “លោកនឹងអញ្ជើញតំណាងរដ្ឋាភិបាល និងវិស័យឯកជននៃប្រទេសឡាវ និង ភូមាចូលរួមស្វែងយល់ផ្លាស់ប្តូរបទពិសោធន៍ផងដែរ”។

លោកចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម  បានឱ្យដឹងថា កម្ពុជា-ឥណ្ឌូនេស៊ីមានឱកាស នៃការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយគ្នាលើកម្មវត្ថុអាជីវកម្មជាច្រើន ដែលភាគីទាំងពីរត្រូវប្រឹងប្រែងប្រើប្រាស់ឲ្យអស់លទ្ធភាព នៃសក្តានុពល ដែលភាគីទាំងពីរមាន ដោយយើមើលឃើញញថា៖ប្រទេសឥណ្ឌូនេស៊ី មានប្រជាជនច្រើន និងកាន់សាសនាម៉ូស្លីម។

លោកបន្តថា ដូច្នេះការវិនិយោគគួរផ្តោតទៅលើកម្មវត្ថុ អាជីវកម្មមួយចំនួនដែលមានអាទិភាព ដូចជា ឧស្សាហកម្មផលិតម្ហូបហាឡាល់ -ការនាំចេញសម្លៀកបំពាក់ ស្បែកជើងនិងវាយនភ័ណ្ឌ-ការបង្កើតរោងម៉ាស៊ីនកិនស្រូវកែច្នៃអង្ករសម្រាប់នាំចេញ -ការចិញ្ចឹមសត្វនិងនាំចេញផ្លែឈើជាដើម ។

លោកបន្ថែមថា មួយវិញទៀតកម្ពុជា នឹងបង្កើតរោងចក្រអគ្គិសនីដើរ ដោយធ្យូងថ្មនាពេលខាងមុខ ដែលត្រូវទិញវត្ថុធាតុដើមពីប្រទេសឥណ្ឌូណេស៊ី។ កិច្ចការនេះជាចាំបាច់ណាស់ ដែលយើងត្រូវសហការបង្កើត ឲ្យមានមធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹកដោយត្រង់រវាងកម្ពុជា និងឥណ្ឌូណេស៊ី ដោយមានរយ:ពេលកំណត់ទៀងទាត់ណាមួយ។

លោករដ្ឋមន្ត្រីថា “ហើយយើងចាត់ទុកថា នេះជាការចាប់ផ្តើមមការធ្វើពាណិជ្ជកម្មដោយផ្ទាល់រវាងកម្ពុជា និងឥណ្ឌូណេស៊ីតាមផ្លូវទឹក។ ចំពោះគម្រោងរៀបចំវេទិកាផ្គូរផ្គង ធុរ:កិច្ច រវាងកម្ពុជា និងឥណ្ឌូណេស៊ី ដោយមានការអញ្ជើញភាគីឡាវ និងភូមាចូលរួមផងដែរនោះ  នឹងទទួលបានលទ្ធផលផ្លែផ្កាជាក់ជាមិនខាន។ ក្នុងនោះក៏យើងនឹងពិភាក្សាពីអត្ថប្រយោជន៍និងការចាំបាច់នៃ ការជម្រុញសហគ្រាសឌីជីថលផងដែរ”៕

សម្តេចតេជោប្រកាសរុះរើគណរដ្ឋមន្រ្តីជិតពាក់កណ្តាលអាណត្តិរបស់រដ្ឋាភិបាល

ដោយគង់ សូរិយា

ភ្នំពេញៈ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហើបអំពីការកែសម្រួ​លគណៈរដ្ឋមន្រ្តី ដែលអាចនឹងធ្វើឡើងនាពេលខាងមុខនេះ ក្រោយពេលពិនិត្យឃើញថា ការអនុវត្តកន្លងទៅរបស់ក្រសួងមួយចំនួនមានភាពស្ពឹកស្រពន់ខ្លះ។

ការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំឧ    ត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងសន្និសីទសារព័ត៌មាន នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ដែលក្នុងពិធីនោះមានការចូលរួមដោយសមាជិកសំខាន់ៗមួយចំនួនរបស់រាជរដ្ឋាភិបាល និងសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។

សម្តេចតេជោហ៊ុន សែន បានប្រកាសថា “ខ្ញុំគ្រាន់តែឱ្យសញ្ញាថា នឹងមានការកែសម្រួលគណៈរដ្ឋមន្រ្តីក្នុងពេលខាងមុខ មិនជាយូរប៉ុន្មាន បន្ទាប់ពីច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកទេស និងនិវានុវត្តន៍។សម្តេចបន្ថែមថា ឆ្លៀតពេលនោះ យើងនឹងមានការបោះឆ្នោតជ្រើសរើសរដ្ឋមន្រ្តី ហើយរដ្ឋមន្រ្តីនោះក៏នៅតែជាឯកឧត្តម ទេសរដ្ឋមន្រ្តីចម ប្រសិទ្ធ ដដែលក៏ប៉ុន្តែអាចនឹងមានក្រសួងមួយចំនួនមានការកែសម្រួល

សម្តេចតេជោ ហ៊ុន សែន បានពន្យល់បន្តថា ការកែសម្រួលគណៈរដ្ឋមន្រ្តីវាជារឿងធម្មតា ដែលនៅប្រទេសខ្លះមានការដូររហ័សជាងនេះ ហើយការកែសម្រួលនោះ ក៏មិនខ្លាំងរហូតដល់ការរំលាយចោលរដ្ឋាភិបាលនោះដែរ ព្រោះយើងគ្រាន់តែឃើញថា មានភាពស្ពឹកស្រពន់នៅកន្លែងខ្លះ ហើយកន្លែងខ្លះប្រសិទ្ធភាពវាតិច មិនទាន់ឆ្លើយតបនឹងការចង់បានរបស់រាជរដ្ឋាភិបាល។

គណៈរដ្ឋមន្រ្តីអាណត្តិទី៦ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ត្រូវបានបង្កើតឡើងកាលពីខែកញ្ញា ឆ្នាំ២០១៨ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា បានឈ្នះក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦ ដោយទទួលបានអាសនៈទាំងអស់ក្នុងរដ្ឋសភា។ គណៈរដ្ឋមន្រ្តីអាណត្តិថ្មីនោះ មានសមាសភាពដូចជានាយករដ្ឋមន្រ្តី ឧបនាយ​ករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តីជាដើម។ ចំណែករដ្ឋលេខាធិការ លែងជាសមាជិករាជរ ដ្ឋាភិបាល សម្រាប់អាណត្តិថ្មីនេះទៀតហើយ៕

ការព្យាករ! កំណើនសេដ្ឋកិច្ចអាស៊ាននឹងថមថយមកត្រឹម ៤,៥% នៅឆ្នាំនេះ

ដោយវុត្ថា

ហាណូយ ៖ កំណើនសេដ្ឋកិច្ចអាស៊ានត្រូវបានព្យាករថា អាចនឹងថមថយពី ៤,៩% ក្នុងឆ្នាំ២០១៩ មកត្រឹម ៤,៥% នៅឆ្នាំ២០២០ ដោយសារការរីករាលដាលនៃមេរោគកូរ៉ូណា (COVID-19) ដែលអាចមានហានិភ័យចំពោះសេដ្ឋកិច្ចក្នុងតំបន់រយៈពេលមធ្យម និងជះឥទ្ធិពលខ្លាំងលើផ្នែកសេវា ការវិនិយោគ និងការប្រើប្រាស់របស់ប្រជាជន។

យោងតាមការផ្សព្វផ្សាយរបស់ធនាគារជាតិនៃកម្ពុជាកាលពីចុងសប្តាហ៍កន្លងមកនេះឱ្យដឹង ថា ឆ្លើយតបនឹងផលប៉ះពាល់នេះ គោលនយោបាយមួយចំនួនត្រូវបានលើកឡើង ដូចជា ការរក្សាឱ្យបាននូវកម្រិតអតិផរណា ការបង្កើនការចំណាយរបស់រដ្ឋាភិបាល ធ្វើឱ្យប្រសើរឡើងនូវកម្លាំងពលកម្មនិងបច្ចេកវិទ្យា ការផ្តល់ហិរញ្ញប្បទានចំពោះការចំណាយទប់ទល់នឹងការរីករាលដាលនៃមេរោគនេះ បង្កើនហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់ក្នុងតំបន់អាស៊ាន ជាដើម។

ចំពោះការធ្វើសមាហរណកម្មវិស័យហិរញ្ញវត្ថុអាស៊ាន អង្គប្រជុំបានកត់សម្គាល់នូវសមិទ្ធផលដែលគណៈកម្មាធិការអាស៊ានសម្រេចបានដូចជា ការបង្កើតធនាគារអាស៊ានប្រកបដោយគុណវុឌ្ឍិ (QABs) ចំនួនពីរ ការរៀបចំក្របខ័ណ្ឌសមាហរណកម្មធនាគារអាស៊ាន ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយដៃគូពាណិជ្ជកម្មសេរីក្នុងតំបន់ (RCEP) ការរៀបចំគោលការណ៍ណែនាំស្តីពីក្របខ័ណ្ឌទូទាត់ជារូបិយវត្ថុជាតិ ការអនុវត្តក្របខ័ណ្ឌគោលនយោបាយសម្រាប់ការទូទាត់ និងការបង្កើនការយល់ដឹងផ្នែកហិរញ្ញវត្ថុនិងការការពារអ្នកប្រើប្រាស់។

ធនាគាជាតិនៃកម្ពុជា និងធនាគារកណ្តាលម៉ាឡេស៊ីបានបញ្ចប់ភាពជាសហប្រធាននៃកិច្ចប្រជុំនេះដែលមានអាណត្តិ ២ឆ្នាំ ដោយជោគជ័យ ហើយសហប្រធានបន្ទាប់គឺធនាគារកណ្តាលព្រុយណេនិងធនាគារកណ្តាលថៃ។

គណៈកម្មាធិការជាន់ខ្ពស់អាស៊ាន បានបើកកិច្ចប្រជុំគណៈកម្មាធិការជាន់ខ្ពស់អាស៊ាន លើកទី១៩ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងមកនេះ បានពិភាក្សាលើវឌ្ឍនភាពនិងទិសដៅការងារ ក្នុងក្របខ័ណ្ឌសមាហរណកម្មអាស៊ាន និងការងារពាក់ព័ន្ធនានា ដែលគាំទ្រសមាហរណកម្មវិស័យហិរញ្ញវត្ថុអាស៊ាន ដើម្បីរាយការណ៍ជូនដល់កិច្ចប្រជុំថ្នាក់ទេសាភិបាលធនាគារកណ្តាលអាស៊ាននាពេលខាងមុខ។

ប្រធានបទដែលលើកយកមកពិភាក្សារួមមាន៖ i/- ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងតំបន់ ii/- គំនិតផ្តួចផ្តើមជាគន្លឹះក្នុងការធ្វើសមាហរណកម្មវិស័យហិរញ្ញវត្ថុ រួមមាន ក្របខ័ណ្ឌសមាហរណកម្មវិស័យធនាគារអាស៊ាន សេរីភាវូបនីយកម្មគណនីមូលធន ការអភិវឌ្ឍទីផ្សារទុន បរិយាបន្នហិរញ្ញវត្ថុ សេរីភាវូបនីយកម្មសេវាហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់និងផាត់ទាត់ iii/- ភាពធន់ និងប្រព័ន្ធបែងចែងព័ត៌មាន cybersecurity របស់អាស៊ាន iv/- តួនាទីរបស់ធនាគារកណ្តាលអាស៊ានក្នុងការលើកកម្ពស់ចីរភាពនៃវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអាស៊ាន v/- គោលការណ៍ធនាគារអាស៊ានប្រកបដោយចីរភាព និង vi/- ការកសាងសមត្ថភាពមន្ត្រីធនាគារកណ្តាលប្រទេសព្រុយណេ កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (BCLMV)៕

អាជ្ញាធរចាប់ផ្តើមអនុវត្តផែនការកែលម្អផ្លូវនៅបរិវេណអង្គរវត្តដើម្បីបន្ថែមភាពទាក់ទាញ

ដោយ ប៊ី

សៀមរាប៖ អាជ្ញាធរជាតិអប្សរា ចាប់ផ្តើមអនុវត្តផែនការកែលម្អផ្លូវ ទេសភាព និងបរិស្ថានបរិវេណខាងលិចប្រាសាទអង្គរវត្តដើម្បីបន្ថែមភាពទាក់ទាញដល់ភ្ញៀវទេសចរ។

ការចាប់ផ្តើមអនុវត្តគម្រោងកែលម្អហេដ្ឋារចនាសម្ពន្ធ សម្បទាទេសចរណ៍ ទេសភាព និងបរិស្ថាននៅបរិវេណមុខប្រាសាទអង្គរវត្តគឺដើម្បីឱ្យមានភាពល្អប្រសើរ ក្នុងទិសដៅលើកគុណតម្លៃអង្គរដែលជានិមិត្តរូប ដួងព្រលឹងជាតិខ្មែរ និងជារមណីយដ្ឋានបេតិកភណ្ឌពិភពលោក។
លោក យិត ចាន់ដារដ្ឋ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា បានលើកឡើងថា អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមអនុវត្តគម្រោងកែលម្អផ្លូវ រៀបចំប្រព័ន្ធរំដោះទឹក សួនច្បារ និងផ្លូវថ្មើរជើង ត្រង់ចំណុចអក្សរតេ ចាប់ពីចំណុចមុខនាគនៃស្ពានហាលប្រាសាទអង្គរវត្ត ទៅដល់ផ្លូវបំបែកទៅត្រពាំងសេស ដោយមានប្រវែង២៩០ម៉ែត្រ ទទឹង៨ទៅ១៣ម៉ែត្រ ជាប្រភេទបេតុងកៅស៊ូ (AC)។
ក្រុមការងារកំពុងកាត់ដកហូតដើមឈើងាប់ និងដើមឈើពុំបានការមួយចំនួនដូចជាដើមពុទ្រា ដើមអំពិលទឹកជាដើម និងដាំជំនួសមកវិញនូវដើមឈើប្រណិត ហើយនឹងរៀបចំផ្លូវថ្មើរជើង ដែលមានដាំស្មៅ និងដើមឈើអមសងខាង ឱ្យមានភាពបៃតងជាប្រចាំសម្រាប់ភ្ញៀវជាតិ-អន្តរជាតិធ្វើដំណើរទស្សនាប្រាសាទអង្គរវត្តដោយសោមនស្សរីករាយ។

ក្នុងពេលកំពុងអនុវត្តកិច្ចការងារនេះ លោកយិត ចាន់ដារដ្ឋ បញ្ជាក់ថា ពិតជាមានផលរំខានដល់អាជីវករលក់ដូរនៅទីនេះខ្លះ និងសុំការយោគយល់ពីសំណាក់អាជីវករទាំងអស់ ព្រមទាំងសូមឱ្យមានការចូលរួមដើម្បីកែប្រែសោភ័ណភាពមុខប្រាសាទអង្គរវត្តឱ្យកាន់តែមានភាពទាក់ទាញ។ អាជ្ញាធរជាតិអប្សរាបានរៀបចំផ្លូវថ្មើរជើងបណ្តោះអាសន្ន ចាប់ពីចំណតរថយន្តទៅស្ពានបណ្តែតទឹក សម្រាប់សម្រួលដល់ភ្ញៀវទេសចរ និងរៀបចំច្រកចេញចូលជាបណ្តោះអាសន្នសម្រាប់អាជីវករនៅត្រពាំងសេសផងដែរ។

លោក បានបន្ថែមថា គម្រោងដែលកំពុងតែអនុវត្តនេះ នឹងបញ្ចប់នៅខែសីហា ឆ្នាំ២០២០ខាងមុខ ហើយវាជាគម្រោងមួយក្នុងចំណោមគម្រោងធំៗផ្សេងៗទៀតនៅបរិវេណនេះដូចជា ការរៀបចំមជ្ឈមណ្ឌលបដិសណ្ឋារកិច្ចភ្ញៀវទេសចរ ដែលមានកន្លែងទទួលភ្ញៀវ កន្លែងផ្តល់ព័ត៌មាន កន្លែងតាំងពិព័រពណ៍ តូបលក់ដូរសម្រាប់ប្រជាជនក្នុងស្រុក និងកម្រិតអន្តរជាតិ៕

សម្តេច ហ៊ុន សែន លាតត្រដាងសំណូមពរ៣ចំនុច ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្រោយការដក EBA

ដោយ ហ្សូលី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសំណូមពរចំនួន៣ ចំនុច ទៅកាន់រដ្ឋាភិបាលចិនកាលពីសម្តេចបានចុះទៅទស្សនកិច្ចនៅក្រុងប៉េកាំង កាលពីថ្ងៃទី ៥កុម្ភៈ ពាក់ព័ន្ធរឿងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្រោយការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ។ នេះបើតាមការថ្លែងរបស់សម្តេចក្នុងឱកាសថ្លែងសារពិសេសជូនជនជាតិខ្មែរពាក់ព័ន្ធស្ថានភាពថ្មីៗចុងក្រោយ ដែលប្រព្រឹត្តឡើងនៅវិមានសន្តិភាព ព្រឹកថ្ងៃទី ២៤ កុម្ភៈ ឆ្នាំ ២០២០។

សម្តេចតេជោ ហ៊ុន សែនបានលើកឡើងថា “ ខ្ញុំបាននិយាយជាមួយមិត្តចិន៣ចំនុចដែលខ្ញុំសុំលាតត្រដាងនៅពេលនេះ មានដូចជា៖ ទី ១ ដោយសារចិនបានវិនិយោគប្រមាណ៧០ភាគរយនៃរោងចក្រ ដូច្នេះសុំចិនផ្តល់ការគាំទ្រទៅដល់រោងចក្រទាំងឡាយរបស់ចិន កុំឱ្យរត់ចោលកម្ពុជា ក្នុងពេលកម្ពុជាបាត់បង់ EBA។”

សម្តេចបន្តថា “ទី២ សុំចិនជម្រុញអ្នកវិនិយោគបន្ថែមមកកាន់កម្ពុជា មិនមែនមែនគ្រាន់តែសម្តៅទៅលើបញ្ហាសម្លៀកបំពាក់ទេ ឱ្យវិនិយោគលើបញ្ហាបច្ចេកវិទ្យា វិទ្យាសាស្រ្ត ដូចជានៅតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុ ផលិតសម្ភារពេទ្យ មួយថ្ងៃៗដឹកចេញយកទៅបម្រើឱ្យប្រទេសចិនវិញ យើងចង់បានបែបនេះ សម្រាប់ផ្គត់ផ្គង់ទៅទីផ្សាររបស់ចិន។”

ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ទៀតថា “ទី ៣បើកចំហរទីផ្សាររបស់ចិនឱ្យធំ តាមរយៈនោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ត្រូវបានកំពុងព្រៀងចរចាជុំទី១ ប៉ុន្តែមុនចំណុចនោះត្រូវពង្រីកមុខទំនិញដែលអាចធ្វើទៅបាន តាមរយៈទំនាក់ទំនងទ្វេរភាគីផង តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន ដែលយើងត្រូវប្រើឱ្យអស់សក្តានុពល។”

លើសពីនេះ សម្តេចសង្ឃឹមថា មិត្តចិននឹងនៅតែបន្តជួយកម្ពុជា បើទោះបីជាជួយមិនបានទាំងអស់ ក៏ប៉ុន្តែអាចសម្រាលនៅការលំបាកនិងជួយពន្លឿនសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ៕

ក្រុមហ៊ុនថាមពលក្នុងតំបន់ធំមួយនឹងពង្រីកគម្រោងដំណាក់កាលទី ២ នៅកម្ពុជា

ដោយ ប៊ី

ភ្នំពេញ៖ ក្រុមហ៊ុន Prime Road Power Plc ដែលមូលដ្ឋាននៅប្រទេសថៃ កំពុងរៀបចំគម្រោងថាមពលកកើតឡើងវិញនៅអាស៊ីដែលមានគោលដៅផលិតថាមពល ១០០០ មេហ្គាវ៉ាត់នៅឆ្នាំ ២០២៣ ខណៈខ្លួនគ្រោងនឹងរៀបចំគម្រោងដំណាក់កាលទី ២នៃថាមពលកកើតឡើងវិញ ៤០ មេហ្គាវ៉ាត់នៅកម្ពុជាបន្ថែម។

លោក Somprasong Panjalak ប្រធានក្រុមហ៊ុនបាននិយាយថា ក្រុមហ៊ុនគ្រោងនឹងចូលទៅក្នុងវិស័យសំណង់និងផ្នែកឯកជន-រដ្ឋ (PPA) សម្រាប់ដំបូលសូឡានៅតាមទីផ្សារក្រៅប្រទេស។ ក្រុមហ៊ុននេះបានឈ្នះការដេញថ្លៃសម្រាប់កសិដ្ឋានថាមពលពន្លឺព្រះអាទិត្យ ៧៨ មេហ្គាវ៉ាត់ក្នុងខេត្តកំពង់ឆ្នាំងប្រទេសកម្ពុជា និងថាមពល 60MW នៃសមត្ថភាពសរុបគឺស្ថិតនៅក្រោម PPAs ។

លោកមានប្រសាសន៍ថា “កសិដ្ឋានថាមពលពន្លឺព្រះអាទិត្យនៅកម្ពុជាគ្រោងនឹងផ្លាស់ប្តូរទៅដំណាក់កាលទី ២ ដែលមានថាមពល ៤០ មេហ្គាវ៉ាត់”។

លោក Somprasong បានមានប្រសាសន៍ថា ប្រទេសកម្ពុជាគឺជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័សជាមួយនឹងតម្រូវការខ្ពស់សម្រាប់ថាមពលបន្ថែម។

ក្រុមហ៊ុន Prime មានកសិដ្ឋានថាមពលពន្លឺព្រះអាទិត្យជាមួយនឹងទិន្នផល ១៣២,៣ មេហ្គាវ៉ាត់នៅប្រទេសថៃ ៦៨,២ មេហ្គាវ៉ាត់នៅប្រទេសជប៉ុន ៨.៥ មេហ្កាវ៉ាត់នៅតៃវ៉ាន់ និង ៧៨ មេហ្គាវ៉ាត់នៅកម្ពុជា។

លោករំពឹងថា ប្រាក់ចំណូលនៅឆ្នាំ ២០២០ នឹងកើនឡើង ៧ ភាគរយពី ៦០០ លានបាតកាលពីឆ្នាំមុន ដោយសារកសិដ្ឋានថាមពលពន្លឺព្រះអាទិត្យថ្មីដែលបង្កើតថាមពល ១២ មេហ្គាវ៉ាត់។

លោកបានមានប្រសាសន៍ថា “ក្រុមហ៊ុនមានបទពិសោធន៏លើថាមពលកកើតឡើងវិញទាំងក្នុង និងក្រៅប្រទេស ហើយគ្រោងប្រើប្រាស់ជំនាញនេះនៅក្នុងប្រទេសដែលមានសក្តានុពលខ្ពស់ជាមួយនឹងតម្រូវការខ្លាំងសម្រាប់ថាមពលកកើតឡើងវិញ ដូចជាតៃវ៉ាន់ វៀតណាម ឡាវ និងកម្ពុជា”៕

សម្តេចតេជោ ដាក់ចេញវិធានការអន្តរាគមន៍បន្ទាន់ចំពោះការបិតរោងចក្រក្នុងរយៈពេលខ្លី

ដោយវុត្ថា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដាក់ចេញនូវវិធានការអន្តរគមន៍បន្ទាន់ចំពោះរោងចក្រកាត់ដេរ មួយចំនួន ត្រូវបានបិទក្នុងរយៈពេលខ្លី ដោយសារកង្វះខាតវត្ថុធាតុដើមនាំចូលពីប្រទេសចិនបង្ករឡើងដោយជំងឺផ្លូវដង្ហើមកូរូណាវីរុស ឬ កូវីដ ១៩ និងផលប៉ះពាល់ដោយសារ EBA ខ្លះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីថ្លែងសារពិសេសមួយជូនជនជាតិខ្មែរទាំងអស់ ពាក់ព័ន្ធស្ថានភាពថ្មីៗចុងក្រោយ ដែលធ្វើឡើងនៅវិមានសន្តិភាព នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឱ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងការដោះស្រាយបន្ទាន់ជុំវិញការបិទរោងចក្រក្នុងរយៈពេលខ្លីនេះ រដ្ឋាភិបាលបានត្រៀមខ្លួនមានវិធានការមួយចំនួន ដើម្បីលើកកម្ពស់ជីវភាពកម្មករនិយោជិត។

សម្តេចតេជោថា កម្ពុជាទទួលរងនូវផលប៉ះពាល់ពីជំងឺកូរូណាវីរុសដែលកើតឡើងនៅក្នុងប្រទេសចិន ដែលបណ្តាលឱ្យមានបញ្ហាដល់ការនាំចូលវត្ថុធាតុដើមពីប្រទេសចិនមកផ្គត់ផ្គង់នៅក្នុងប្រទេស មិនតែប៉ុណ្ណោះ ប្រទេសចិនក៏បានហាមឃាតចំពោះការដឹកជញ្ជូនផងដែរ និងមានរោងចក្រមួយចំនួនតូចបិតទ្វាដោយសារប្រព័ន្ធអនុគ្រោះពន្ធ EBA ផងដែរ។

សម្តេចតេជោថា ក្នុងន័យនេះ រាជជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការមួយចំនួនសម្រាប់គាំទ្រក្នុងវិស័យនេះ ដូចខាងក្រោម៖

១) ពិនិត្យដល់ការលើកលែងពន្ធ អាចពី ៦ ខែ ទៅ ១ ឆ្នាំ សម្រាប់រោងចក្រសហគ្រាសដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរទៅតាមកម្រិតនៃផលប៉ះពាល់ជាក់ស្តែង លើរោងចក្រនីមួយៗ ដែលបង្កឡើងដោយខ្វះវត្ថុធាតុដើម ឬ ព្យួប្រព័ន្ធអនុគ្រោះពន្ធ EBA ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវដឹកនាំសម្រប់សម្រួល រៀបចំរូបមន្ត និងគោលការណ៍ជាក់លាក់ សម្រាប់ការវាយតម្លៃដល់ការលើកលែង ពន្ធនេះ។

២) អនុញ្ញាតឱ្យរោងចក្រ មិនបង់វិភាគទានធានារ៉ាប់រង របបហានីភ័យការងារ និងថែទាំងសុខភាព (បសស ) នៅក្នុងអំឡុងពេល រោងចក្រព្យួរអាជីវកម្ម ។

៣)សម្រាប់រោងចក្រ សហគ្រាសដែលផ្អាកសកម្មភាពផលិតរយៈពេលខ្លី ដោយសារខ្វះវត្ថុធាតុដើម រោងចក្រសហគ្រាសត្រូវចេញប្រាក់ ៤០ ភាគរយ នៃប្រាក់ខែអប្បរមារបស់កម្មករនិយោជិត ដែលមានមានចំនួន ១៩០ ដុល្លារ នៅក្នុងឆ្នាំ ២០២០ នេះ ខណៈដែលរាជរដ្ឋាភិបាលនឹងចូលរួមចំណែក ២០ ភាគរយនៃ ប្រាក់ខែអប្បរមាសរុប កម្មករម្នាក់នឹងទទួលប្រាក់ខែ ៦០ ភាករយ នៃប្រាក់ខែអប្បបរមា ពោលគឺកម្មករអាចនឹងទទួលបានប្រាក់ខែ ប្រមា ១២០ ដុល្លារក្នុងមួយខែ ។ ដើម្បីទទួលប្រាក់ខែនេះ កម្មករកម្មការិនី ត្រូវចូលរួមវគ្គបណ្តុះបណ្តាលខ្លីៗ ពីមួយទៅ ពីរសប្តាហ៍ ដែលរៀបចំដោយក្រសួងរៀបចំការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅតាមបណ្តារោងចក្រ សហគ្រាស។

៤) ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវសហការជាមួយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងដៃគូរពាក់ព័ន្ធ ដើម្បីជំរុញការផ្សព្វផ្សាយ ឱ្យបានទំលំទូលាយ អំពីលទ្ធផលការងារ របស់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ដើម្បីឱ្យអ្នកបញ្ជាទិញពីកម្ពុជា ឱ្យដឹងថា កម្ពុជាមានការគោរពសិទ្ធមនុស្ស សិទ្ធិការងារ មានលក្ខណ្ឌប្រសើរ ការងារល្អប្រសើរ និងមិនមានប្រើប្រាស់កម្លាំងពលកម្មសម្រាប់វិធានការជួយ ដល់កម្មករយោជិត ដែលបាត់បង់ការងារ និងមិនទាន់អាចរកការងារថ្មីបាន ឬចង់ផ្លាស់ប្តូរការងារនាពេលអនាគត។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវរៀបចំកម្មវិធីបណ្តុះបណ្តាលដល់កម្មករកម្មការិនីដូចខាងក្រោម៖
១) ផ្តល់សេវាជួយរកការងារ ដល់កម្មករធ្វើតាមរយៈទីភ្នាក់ងារជាតិ និងមុខរបរ ដែលអាចជួយកម្មករនិយោជិតដែលបាត់បង់ អាចរកការងារថ្មីបានឆាប់រហ័យ។
២) បណ្តុះបណ្តាលជំនាញទន់ រយៈពេលខ្លី ពីមួយទៅ ពីរសប្តាហ៍ ដល់កម្មករនិយោជិត ដែលបាត់បង់ការងារ និងមិនទាន់រកការងារធ្វើឡើងវិញបាន ។
៣) បណ្តុះបណ្តាលបច្ចេកទេសរយៈពេល ៤ ខែ ដើម្បីបំពាក់ជំនាញថ្មី និងផ្តល់ភាពងាយស្រួល ក្នុងការរកការងារធ្វើក្នុងវិស័យមិនមែនកាត់ដេរ ។
៤) ផ្តល់ជូនដល់សិក្ខាកាមដែលត្រូវបានជ្រើសរើស និងទទួលបានការបណ្តុះបណ្តាល នូវប្រាក់ឧបត្ថម្ភ ចំនួន ១២០ ដុល្លារអាមេរិកក្នុងមួយខែ សម្រាប់រយៈពេល ៦ ។ ៤ខែសម្រាប់បណ្តុះបណ្តាល និង ២ ខែសម្រាប់ទុកបំរ៉ុង ក្នុងអំឡុងពេលរកការងារធ្វើមិនទាន់បាន ៕

សម្ដេចតេជោ ៖ ការទិញលំនៅដ្ឋានមានតម្លៃក្រោម ៧ម៉ឺនដុល្លារ មិនចាំបាច់បង់ពន្ធប្រថាប់ត្រា

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចលើកលែងពន្ធប្រថាប់ត្រាចំពោះការទិញលំនៅដ្ឋានទាំងឡាយណាដែលមានតម្លៃក្រោម ៧ម៉ឺនដុល្លារ ក្នុងរយៈពេលពេញមួយឆ្នាំ ដែលជាកាចូលរួមសហការរបស់រាជរដ្ឋាភិបាលជាមួយនឹងបណ្តាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានដែលបានចុះបញ្ជីនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបានចុះបញ្ជីនៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ជាមួយនឹងការសម្រេចជួយសម្រួល និងគាំទ្រដល់វឌ្ឍនភាពនៃវិស័យលំនៅដ្ឋានដោយការលើកលែងពន្ធប្រថាប់ត្រារយៈពេលពេញមួយឆ្នាំសម្រាប់ការទិញផ្ទះដែលមានតម្លៃក្រោម៧ម៉ឺនដុល្លារនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានជំរុញ និងលើកទឹកចិត្តដល់បណ្តាក្រុមហ៊ុនអភវិឌ្ឍន៍លំនៅដ្ឋានទាំងអស់ជួយបញ្ចុះតម្លៃលំនៅដ្ឋានឱ្យទាបទៅតាមលទ្ធភាពដែលអាចធ្វើបាន។

នៅក្នុងពិធីថ្លែងសារពិសេសជូនជនរួមជាតិខ្មែរពាក់ព័ន្ធស្ថានភាពថ្មីៗចុងក្រោយនាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅវិមានសន្ដិភាព សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “អ្នកមានលុយគួរតែទៅទិញទៅ ព្រោះអាផ្ទះតម្លៃចាប់ពី ៧ម៉ឺនដុល្លារចុះក្រោម អត់ជាប់ពន្ធប្រថាប់ត្រានោះទេ។ ឥឡូវនេះមានផ្ទះតម្លៃសមរម្យលក់ឱ្យមន្ត្រីរាជការមិនអស់ ឥឡូវត្រូវបើកលក់ឱ្យប្រជាជនថែមទៀត។ មានផ្ទះដែលមានតម្លៃ ១០ម៉ឺនឡើងលើ ២០-៣០ម៉ឺន ប៉ុន្តែក៏មានផ្ទះតម្លៃ៥ម៉ឺន ឬ៤ម៉ឺន ដូច្នេះទៅទិញ វាអត់ជាប់ពន្ធទេ”។

សម្ដេចតេជោ បានមានប្រសាន៍បន្តទៀតថា “យើងធ្វើយ៉ាងនេះសំដៅចូលរួមជាមួយអ្នកធ្វើអចលនទ្រព្យដែលមានតម្លៃសមរម្យ ក៏ដូចជាអ្នកដែលមានប្រាក់មធ្យម អាចទៅទិញផ្ទះបានថោក ដោយមិនចាំបាច់មានការបង់ពន្ធ យើងលើកលែងពន្ធ ហើយនឹងលើកស្ទួយបញ្ហានេះ”។

ការសម្រេចទាំងអស់ខាងលើរបស់រាជរដ្ឋាភិបាល គឺជាវិធានការរយៈពេលខ្លី និងបន្ទាន់ សំដៅជួយដល់វិស័យសំខាន់ៗនៃសេដ្ឋកិច្ចជាតិ និងកម្មករ និយោជិក ដែលរងផលប៉ះពាល់នៅក្នុងសភាពការណ៍មិនអំណោយផលចំពោះមុខ ដែលជាកញ្ចប់នៃវិធានការជុំទីមួយក្នុងករណីចាំបាច់ ហើយរាជរដ្ឋាភិបាលនឹងដាក់ចេញនូវវិធានការបន្ថែមទៀតស្របទៅតាមការវិវត្តនៃសភាពការណ៍ជាក់ស្ដែង៕

សម្តេចតេជោនឹងមិនចរចាយកប្រព័ន្ធអនុគ្រោះពន្ធ EBA មកវិញទេ

ដោយវុត្ថា

ភ្នំពេញ៖ សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បញ្ជាក់ថា នឹងមិនចរចាយកប្រព័ន្ធអនុគ្រោះ EBA មកវិញទេ បន្ទាប់សហភាពអឺរ៉ុប់បានសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធនេះពីកម្ពុជា កាលពី ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២០ កន្លងនេះលើផ្នែកខ្លះនៃមុខទំនិញរបស់កម្ពុជាដែលនាំចេញទៅកាន់សហភាពអឺរ៉ុប។

សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងពិធីថ្លែងសារពិសេសមួយជូនជនជាតិខ្មែរទាំងអស់ ពាក់ព័ន្ធស្ថានភាពថ្មីៗចុងក្រោយ ដែលធ្វើឡើងនៅវិមានសន្តិភាព នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឱ្យដឹងថា រាជរដ្ឋាភិបាលបានត្រៀមបំរ៉ុងរួចហើយ នូវវិធានការចាំបាច់ ក្នុងការដោះស្រាយចំពោះការមិនមាន EBA ដែល សហភាពអឺរ៉ុប បានព្យួរ និងមិនចរចាយកត្រឡប់មកវិញទេ។

សម្តេចតេជោថា “សូមបញ្ជាក់ជូនប្រជាពលរដ្ឋកម្ពុជា និងអ្នកនយោបាយកម្ពុជាឱ្យបានជ្រាបថា កម្ពុជានឹងមិនស្នើត្រឡប់មកវិញនូវ EBA ២០ ភាគរយ នោះទេ ។ នេះ គឺការឆ្លើយតបយ៉ាងច្បាស់ ដោយកុំធ្វើចលនាអ្វីទាំងអស់ ។ អ្នកនយោបាយកម្ពុជា ត្រូវដឹងថា ខ្មោចដែលវាងាប់ទៅហើយ វារស់ឡើងវិញអោយសោះ សុំកុំរង់ចាំ”។

សម្តេចតេជោ បន្តថា “កម្ពុជាបានត្រៀមស្មារតីដោះស្រាយទៅលើបញ្ហាការបាត់បង់ EBA ប្រមាណ ២០ភាគរយ សម្រាប់ ៨០ ភាគរយទៀត យើងនាំចូលទៅជាធម្មតា ២០ ភាគរយត្រូវបង់ពន្ធឱ្យគេ”។

សម្តេចបញ្ជាក់ទៀតថា “ខ្ញុំសូមបញ្ជាក់លើចំណុចនេះ កម្ពុជា មិនអាចយកច្បាប់របស់ខ្លួន អធិបតេយ្យរបស់ខ្លួន ទៅដោះដូរនូវភាពអនុគ្រោះពន្ធ ២០ភាគរយត្រឡប់មកវិញទេ។ អ្នកសម្រេចក៏សម្រេចទៅចុះ ហើយហ៊ុន សែនមិនមានការស្នើសុំឱ្យមានការយោគយល់ថា បោះឆ្នោតជំទាស់ ឬប្រឆាំងអ្វីនោះទេ គឺអនុវត្តចុះ ប៉ុន្តែអ្នកត្រូវយល់ថាកម្ពុជាក៏មានផ្លូវដើររបស់កម្ពុជាដែលខ្លួនបានជ្រើសរើសរួចហើយដែរ”។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់កម្មករ កម្មការិនីកុំឱ្យមានការព្រួយបារម្ភចំពោះការបាត់បង់ EBA នេះ ព្រោះរាជរដ្ឋាភិបាលមានវិធានការរួចហើយ ក្នុងការដោះស្រាយជូន។

គណៈកម្មាការសហភាពអឺរ៉ុបកាល ១២ ខែកុម្ភៈឆ្នាំ ២០២០ កន្លមកនេះ បានសម្រេចព្យួរផ្នែកខ្លះនៃ EBA ពីកម្ពុជា ដែលមានប្រមាណ ២០ភាករយ នៃមុខទំនិញរបស់កម្ពុជានាំចេញទៅកាន់សហភាពអឺរ៉ុប ៕

រដ្ឋាភិបាលសម្រេចលើកលែងការបង់ពន្ធលើអាជីវកម្មផ្ទះសំណាក់ និងសណ្ឋាគារទាំងអស់ក្នុងខេត្តសៀមរាប

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចលើកលែងការបង់ពន្ធចំពោះគ្រប់បណ្តាផ្ទះសំណាក់ និងសណ្ឋាគារទាំងអស់ដែលកំពុងប្រតិបត្តិការអាជីវកម្មនៅទូទាំងខេត្តសៀមរាបក្នុងរយៈពេល៤ខែ ដើម្បីជាការចូលរួមទ្រទ្រង់ និងលើកទឹកចិត្តដល់អ្នកវិនិយោគឱ្យមានដំណើរការបន្តទៀត ខណៈដែលកំណើនភ្ញៀវទេសចរមានការធ្លាក់ចុះជាង៦០ភាគរយ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងពិធីថ្លែងសារពិសេសជូនជនរួមជាតិខ្មែរពាក់ព័ន្ធស្ថានភាពថ្មីៗចុងក្រោយនាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅវិមានសន្ដិភាព ថា ក្រោមហេតុផលនៃភាពភ័យខ្លាចឥទ្ធិលជំងឺ Covid-19 បានធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍នៅកម្ពុជាគួរឱ្យកត់សម្គាល់ ដែលក្នុងនោះកំណើនភ្ញៀវទេសចរបរទេសបានធ្លាក់ចុះជាង៦០ភាគរយ ដែលក្នុងនោះទេសចរជនជាតិចិនមានការធ្លាក់ចុះប្រមាណ៩០ភាគរយ ជាពិសេសខេត្តសៀមរាប។

សម្ដេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា “សម្រាប់តែខេត្តសៀមរាប រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចូលរួមគាំទ្រដល់ម្ចាស់អាជីវកម្មផ្ទះសំណាក់ និងសណ្ឋាគារគ្រប់ប្រទេសនៅទូទាំងខេត្ត ដោយការលើកលែងការបង់ពន្ធក្នុងរយៈពេល៤ខែ (រដ្ឋាភិបាលជាអ្នកបង់ពន្ធជំនួស) ហើយក៏មិនត្រូវបានធ្វើសវនកម្មលើអាជីវកម្មផងដែរ ប៉ុន្តែសម្រាប់ការប្រកាសពីដំណើរប្រតិបត្តិការអាជីវកម្ម នៅតែបន្តប្រកាសជូនដដែល”។

ជាមួយគ្នានេះ ដើម្បីជួយគាំទ្រដល់ និងជំរុញកំណើនទេសចរក្នុងខេត្តសៀមរាប សម្ដេចបានជំរុញឱ្យមន្ត្រីក្រសួងស្ថាប័នរដ្ឋ ត្រូវកាត់បន្ថយការធ្វើដំណើរទៅចូលរួមប្រជុំក្រៅប្រទេស ហើយបង្កើនសកម្មភាពនៅក្នុងស្រុក ពិសេសរៀបចំកិច្ចប្រជុំ នៅតាមខេត្ត ពិសេសនៅខេត្តសៀមរាប
។ ក្រសួងទេសចរណ៍ និងក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវបើកយុទ្ធនាការសកម្មភាព ទាក់ទាញភ្ញៀវទេសចរ នៅខេត្តសៀមរាប។ ត្រង់ចំណុចនេះ សម្តេចតេជោ ប្រកាសថា អង្គរសង្ក្រាន្តឆ្នាំ២០២០ នេះ ថ្នាក់ជាតិ មិនអាចធ្វើបានទេ ប៉ុន្តែសម្រាប់ខេត្តសៀមរាបគួរមានការរៀបចំដោយខ្លួនឯង ហើយត្រូវរក្សាថ្លៃសំបុត្រ ចូលទស្សនាអង្គរ ឱ្យនៅដដែល តែបន្ថែមថ្ងៃ។ សម្រាប់ ១ ថ្ងៃ អាចចូលមើលបាន ២ថ្ងៃ។ សំបុត្រ ចូលមើល ២ ថ្ងៃ អាចចូលមើលបាន ៥ថ្ងៃ ហើយសំបុត្រ ចូលមើល ៧ថ្ងៃ អាចចូលមើលបាន ១០ថ្ងៃ។ ក្រសួងទេសចរណ៍ ត្រូវរៀបចំបណ្តុះបណ្តាលបុគ្គលិកផ្នែកទេសចរណ៍នូវមុខវិជ្ជាថ្មី ឬបង្កើនចំណេះដឹងបន្ថែម។

អ្វីដែលសំខាន់ គ្រប់បណ្តាផ្ទះសំណាក់ និងសណ្ឋាគារទាំងអស់គួរតែមានការពិចារណាទៅលើការបញ្ចុះតម្លៃឱ្យបានទាបតាមដែលអាចធ្វើបាន ជៀសវាងរក្សាតម្លៃថ្លៃ ប៉ុន្តែទុកបន្ទប់ចោលគ្មានចូលស្នាក់នៅ៕