តើកត្តាអ្វីខ្លះបានជាមានការវិនិយោគដីធ្លីនៅតាមជាយក្រុងច្រើនជាងក្នុងក្រុង?

ដោយវុត្ថា

ភ្នំពេញៈ អ្នកជំនាញបានឱ្យដឹងថា ការប្រតិបត្តិការលើកវិនិយោគលើវិស័យដីធ្លីនៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុង និងជាយក្រុងកំពុងមានសន្ទុះរីកចំរើនច្រើន ជាងនៅក្នុងក្រុង ខណៈដីធ្លីនៅក្នុងក្រុងស្ថិតនៅក្នុងតម្លៃខ្ពស់។

លោកស្រីអាន សុធិតា នាយិកាប្រចាំប្រទេសក្រុមហ៊ុន CBRE Cambodia បានប្រាប់គេហទំព័រ propertyarea.asia កន្លងមកថា ការធ្វើប្រតិបត្តិការ និងការវិនិយោគដីធ្លីនៅតាមជាយក្រុង ជាពិសេសនៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣ ហាក់មានសន្ទុះរីកចម្រើនខ្លាំងជាងនៅក្នុងទីក្រុងភ្នំពេញ។

លោកស្រីបន្តថា “មានកត្តាជាច្រើន ដែលធ្វើឱ្យការធ្វើប្រតិបត្តិការវិនិយោគលើវិស័យដីធ្លីនៅតាមជាយក្រុង និង នៅតាមផ្លូវក្រវ៉ាត់ក្រុងមានការកើនឡើង ដោយសារតែ តម្លៃដីនៅក្នុងទីក្រុងមានការកើនឡើងខ្ពស់ នៅក្នុងឆ្នាំ ២០១៩ និងមានតម្រូវការខ្ពស់នៅក្នុងឆ្នាំ ២០១៨”។

លោកស្រីបន្តថា សម្រាប់តម្លៃដីធ្លីនៅតាមបណ្តោយ ផ្លូវក្រវ៉ាត់ក្រុងទី៣ នាពេលបច្ចុប្បន្ននេះ គឺមានតម្លៃចន្លោះចាប់ពី៥០ ទៅ២០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ ហើយដីនៅតាមផ្លូវជានេះ ជាប្រភេទដីលំនៅឋានសមរម្យ និងពាណិជ្ជកម្ម។ លោកស្រីបញ្ជាក់តម្លៃដីក្នុងកម្រិតនេះ គឺអាចអាចអភិវឌ្ឍលើវិស័យលំនៅឋាន បានតែមិនអាចអភិវឌ្ឍន៍លើវិស័យឧស្សាហកម្មបានទេ។

អ្នកស្រីបន្តថា “តម្លៃដីក្នុងរង្វង់៥០ ទៅ៨០ដុល្លារអាមេរិក គឺអាចអភិវឌ្ឍឧស្សាហកម្មបានដូចជាបង្កើតរោងចក្រ និងសហគ្រាសផ្សេងៗ”។

លោក ស៊ា  ឆៃលីន អគ្គនាយកក្រុមហ៊ុន Chailin Sear Realty Co., Ltd បានឯកភាពជាមួយលោកស្រីអាន សុធីតាដែរថា នាពេលបច្ចុប្បន្ននេះសន្ទុះ នៃការប្រតិបត្តិការទិញលក់អចលនវត្ថុនៅតាមជាយក្រុង គឺមានសន្ទុះរីកចំរើនខ្លាំងជាង នៅក្នុងទីក្រុងភ្នំពេញ ជាពិសេសដីធលីនៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុង។

លោកពន្យល់ថា “មូលហេតុដែលធ្វើឱ្យដីធ្លី នៅតាមជាយក្រុងមានសន្ទុះរីកចំរើនខ្លាំងជាពិសេសផ្លូវក្រវ៉ាត់ក្រុងទី៣ គឺដោយសារមានហេដ្ឋារចនាសម្ព័ន្ធល្អ តម្លៃដីធ្លីស្ថិតនៅក្នុងតធូថ្លៃជានៅក្នុងក្រុង និងជាពិសេសគឺហេដ្ឋារចនាសម្ព័ន្ធថ្មី ដែលរដ្ឋាភិបាលបាននឹងកំពុងអនុវត្ត ដោយមិនមែនស្ថិតនៅក្នុងគម្រោង”។

លោកបន្តថា “មូលហេតុដែលការទិញលក់ដីធ្លី នៅក្នុងក្រុងធ្លាក់ចុះ ដោយសារតែតម្លៃដីខ្ពស់ អ្នកដែលចង់ទិញហើយខ្វះទីផ្សារ ក្នុងការវិនិយោគ ដូចជាការសាងសង់អគារខ្ពស់ៗ និងមនុស្សមួយចំនួនសម្រុកទិញផ្ទះក្នុងបុរី ជាដើម”។

ទោះជាយ៉ាងណា ចំណែក លោក ហៃ រ៉ាវី នាយកក្រុមហ៊ុន Daily Realty Group បានឱ្យដឹងថា សន្ទុះនៃការវិនិយោគដីធ្លីនៅក្នុងទីក្រុងភ្នំពេញ ហាក់មានសន្ទុះរីកចំរើនខ្លាំ​ង ជាងនៅតាមជាយក្រុង ដោយសារតែនៅទីក្រុងភ្នំពេញមានការតម្រូវការច្រើន ដូចជាសាងសង់ខុនដូ អគារពាណិជ្ជកម្ម និងអគារការិយាល័យជាដើម។

លោកបន្តថា “ដីធ្លីនៅតាមជាយក្រុង ហាក់មិនសូវមានសន្ទុះ ដោយសារតែវាយនៅឆ្ងាយពីកណ្តាលក្រុង ពិបាកធ្វើដំណើរមកធ្វើការនៅក្នុងក្រុង និងមិនសូវមានតម្រូវការ”៕

វិភាគៈតើសហគមន៍សេដ្ឋកិច្ចអាស៊ានបានផ្លាស់ប្តូរអ្វីខ្លះរហូតមកទល់ពេលនេះ?

ដោយ ប៊ី

ភ្នំពេញៈ សមាហរណកម្មសេដ្ឋកិច្ចអាស៊ាន បានចាប់ផ្តើមកាលពីចុងឆ្នាំ២០១៥កន្លងមកនេះ ប៉ុន្តែប្រជាពលរដ្ឋកម្ពុជាហាក់មិនទាន់យល់ច្បាស់ ពីសហគមន៍នេះឲ្យបានពេញលេញ និងស៊ីជម្រៅនៅទ្បើយ។

ដូច្នេះដើម្បីផ្តល់ចំណេះដឹងបន្ថែមពីសហគមន៍នេះ គេទំព័រ Propertyarea.asia សូមលើកយកនូវចំណុចសំខាន់គន្លឹះមួយចំនួន ដើម្បីជាការផ្តល់ពុទ្ឋិបន្ថែមដល់មិត្តអ្នកអាន។

យោងតាមឯកសារផ្លូវការរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឲ្យដឹងថា សហគមន៍សេដ្ឋកិច្ចអាស៊ាន មានប្រជាពលរដ្ឋចំនួន៦២២លាននាក់  និងអត្រាកំណើនផលិតផល ក្នុងស្រុកសរុបចំនួន៤.៦ភាគរយ។ នៅក្នុងអាស៊ានបានអនុវត្តន៍វិធានការណ៍នានារបស់ប្រទេសជាសមាជិក ដើម្បីធ្វើសមាហរណកម្មសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ និងកែសម្រួលវិធានច្បាប់ឲ្យមានភាពងាយស្រួល ធ្វើសុខដុមនីយកម្មហេដ្ឋារចនាសម្ព័ន្ឋ បទបញ្ញត្តិ សម្រួលចរាចរណ៍ទំនិញឆ្លងកាត់ព្រំដែន កាត់បន្ថយឬលុបបំបាត់របាំងមិនមែនពន្ឋគយ និងធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែម ទៀតនូវទំនាក់ទំនងសេដ្ឋកិច្ចក្នុងតំបន់។

ទី១ តើគេពិព៌ណនាសង្ខេបពីសហគមន៍សេដ្ឋកិច្ចអាស៊ានយ៉ាងដូចម្តេច?

សហគមន៍អាស៊ាន នឹងធ្វើឲ្យប្រទេសជាសមាជិកអាស៊ានទាំង១០ កាន់តែខិតជិតគ្នា ដោយយើងនឹងត្រូវផ្សារភ្ជាប់គ្នាដោយចក្ខុវិស័យរួម នៃតំបន់មួយ ដែលរ៉ឹងមាំយូរអង្វែងប្រកបដោយសន្តិរភាព ស្ថិរភាព និងវិបុលភាព។ ការកសាងសហគមន៍មានសរសរស្តម្ភចំនួនបី គឺវិស័យនយោបាយ សន្តិសុខ វិស័យសេដ្ឋកិច្ច និងវិស័យសង្គម វប្បធ៌ម។ ការបង្កើតសហគមន៍ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយ ក្នុងការបន្តការវិវត្តន៍របស់អាស៊ាន ជាអង្គការមួយដែលមានអត្តសញ្ញាណតំបន់ រួមមាន ប្រជាជន៦២០លាននាក់ ដែលប្រាថ្នាចង់បាន “ចក្ខុវិស័យតែមួយ អត្តសញ្ញាណតែមួយ សហគមន៍តែមួយ”។

ទី២ សហគមន៍នេះចាប់ផ្តើមដំណើរការនៅថ្ងៃទី៣១ ធ្នូ ឆ្នាំ ២០១៥

ការកសាងសហគមន៍អាស៊ាន គឺជាដំណើរការមួយដែលកំពុងធ្វើបន្ត មិនមែនជាការផ្លាស់ប្តូរភ្លាមៗនោះទេ។ ដើម្បីរៀបចំសម្រាប់ការចាប់ផ្តើមសហគមន៍នេះ ប្រទេសសមាជិកអាស៊ាន បានអនុវត្តន៍គំនិតផ្តួចផ្តើមជាច្រើន នៅក្រោមផែនការលំអិតទាំងបីរបស់សហគមន៍អាស៊ាន ក្នុងគោលបំណងធ្វើសមាហរណកម្ម កាន់តែស៊ីជម្រៅនិងទូលំទូលាយ។

ថ្នាក់ដឹកនាំអាស៊ានបានអនុម័ត ចក្ខុវស័យសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ ដែលបន្តធ្វើសមាហរណកម្ម និងពង្រឹងភាពរ៉ឹងមាំរបស់យើង សម្រាប់រយៈពេល១០ឆ្នាំខាងមុខ។

៣ តើសហគមន៍សេដ្ឋកិច្ចអាស៊ាន នឹងប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃរបស់យើងយ៉ាងដូចម្តេច?

គោលដៅចំបងនៃសមាហរណកម្មតំបន់ តាមរយៈសហគមន៍អាស៊ាន គឺដើម្បីលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជនអាស៊ាន។ សេចក្តីថ្លែងការណ៍កូទ្បាទ្បាំពួរ ឆ្នាំ២០១៥ ស្តីពីការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលចេញដោយថ្នាក់ដឹកនាំអាស៊ាន ក្នុងឳកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី២៧ វិច្ឆិកា ឆ្នាំ២០១៥បានបញ្ជាក់ពីបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំអាស៊ានក្នុងការបង្កើត “សហគមន៍មួយដែលផ្អែកលើច្បាប់ ដែលយកចិត្តទុកដាក់លើប្រជាជន និងយកប្រជាជនជាធំ ដែលក្នុងសហគមន៍នោះ ប្រជាជនយើងបន្តធ្វើការចូលរួម និងទទួលបានផលប្រយោជន៍ពេញលេញ ពីដំណើរការសមាហរណកម្មអាស៊ាន និងសេរីភាព អព្យាក្រិតភាព សន្ឋិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការឆ្នាំ១៩៧៦ និងពិធីសារសម្រាប់ពង្រឹងយន្តការដោះស្រាយ ជម្លោះឆ្នាំ២០០៤សម្រាប់ដោះស្រាយជម្លោះពាក់ព័ន្ឋនឹងផ្នែកសេដ្ឋកិច្ច។

សេចក្តីថ្លែងការណ៍អាស៊ានស្តីពី សមុទ្រចិនខាងត្បូង(ឆ្នាំ១៩៩២) និងសេចក្តីថ្លែងការណ៍ស្តីពី ការប្រតិបត្តិរបស់បណ្តាភាគី សមុទ្រចិនខាងត្បូងឆ្នាំ២០០២ក៏បានដើរតួនាទីសំខាន់នៅក្នុងការរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពនៅសមុទ្រចិនខាងត្បូង។កិច្ចព្រមព្រៀងអាស៊ានស្តីពី ភាពកខ្វក់នៃផ្សែងអ័ព្ទឆ្លងព្រំដែនគឺជាឧទាហរណ៍ ទី៣ឆ្លើយតបទៅនឹងសំណួរសួរថា តើអាស៊ានគ្រប់គ្រងបញ្ហាប្រឈមឆ្លងដែនយ៉ាងដូចម្តេច។

ទី៤ តើយើងអាចធ្វើដំណើរដោយសេរីក្នុងតំបន់ ឬធ្វើការនៅក្នុងប្រទេសអាស៊ានមួយទៀតបានឬទេ?

កិច្ចព្រមព្រៀងនិងគំនិតផ្តួចផ្តើមនៅក្នុងអាស៊ាន បានជួយសម្រួលដល់ការធ្វើដំនើរក្នុងបណ្តាប្រទេសអាស៊ាន និងមានកិច្ចព្រមព្រៀងជាច្រើនទៀត កំពុងត្រូវបានរៀបចំ។ ក្នុងវិស័យការងារ កិច្ចព្រមព្រៀងទទួលស្គាល់ទៅវិញទៅមក នៅក្នុងសហគមន៍អាស៊ាន បានផ្តល់នូវចរាចរណ៍ ដោយសេរីនៃអ្នកមានវិជ្ជាជីវៈជំនាញ ដូចជា វិស្វករ គិលានុបដ្ឋាក ស្ថាបត្យករ អ្នកអង្កេតដីធ្លី វេជ្ជបណ្ឌិតនិងទន្តពេទ្យ គណនេយ្យករ និងអ្នកមានវិជ្ជាជីវៈទេសចរណ៍។

៥ ប្រទេសសមាជិកអាស៊ានមួយចំនួនមានការខ្វែងគំនិតគ្នាខ្លះ តើសហគមន៍សេដ្ឋកិច្ចអាស៊ាននឹងជួយដោះស្រាយបញ្ហានេះដោយរបៀបណា?

ដូចនៅក្នុងគ្រួសារ ប្រទេសសមាជិកអាស៊ាន អាចមានទស្សនៈផ្សេងគ្នាលើបញ្ហាមួយចំនួន ហើយប្រទេសមួយចំនួននៅមានបញ្ហាព្រំដែន ដែលមិនទាន់ដោះស្រាយ។ ប្រទេសសមាជិកអាស៊ាន បានប្តេជ្ញាគោរពធម្មនុញ្ញអាស៊ាន ជាគោលការណ៍ ណែនាំរបស់ពួកគេ ដែលរួមមាន ការដោះស្រាយជម្លោះដោយសន្តិវិធី។ ក្នុងចំណោមនោះតាមរបៀបអាស៊ាន គឺនិយាយពីការកសាងសហគមន៍ និងកុងសង់ស៊ីល(ស្រុះស្រួលគ្នា) និងការមិនប្រើហឹង្សាចំពោះការប្រឈមមុខដាក់គ្នា ប្រកាន់ភាពនិយម   កណ្តាលទៅលើភាពជ្រុលនិយម និងការដោះស្រាយជម្លោះ។

អាស៊ានមានកិច្ចព្រមព្រៀងជាច្រើន ដើម្បីលើកកំពស់សន្តិភាព កិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពតំបន់ រួមមានសេចក្តីថ្លែងការណ៍ឆ្នាំ១៩៧១ស្តីពី សន្តិភាព សាមគ្គីភាព វិបុលភាព និងសុខដុមរមនាក្នុងអាស៊ាន។

គំរោងតភ្ជាប់រូបវ័ន្ត គ្របដណ្តប់ទៅលើគំនិតផ្តួចផ្តើមជាច្រើន ដើម្បីជួយសម្រួលដល់លំហូរទំនិញ សេវាកម្ម និងប្រជាជននៅក្នុងតំបន់ដែលរួមមានបណ្តាញហាយវេ  កំព​ង់ផែសមុទ្រចំនួន៤៧ ច្រករបៀងខ្សែបញ្ជូនទិន្នន័យល្បឿនលឿនអាស៊ាន និងបណ្តាញចែកចាយថាមពលអាស៊ាន គំរោងហេដ្ឋារចនាសម្ព័ន្ឋធំៗអាទិភាព ដែលនឹងជំរុញការតភ្ជាប់ឆ្លងកាត់ព្រំដែន និងនាំមកនូវផលប្រយោជន៍ជាច្រើនដូចជា ភាពប្រកួតប្រជែងនៃបណ្តាញផលិតកម្មតំបន់ ពាណិជ្ជកម្ម សេវាកម្ម លំហូរវិនិយោគប្រសើរជាងមុន និងការកាត់បន្ថយគម្លាតអភិវឌ្ឍន៍។

កិច្ចព្រមព្រៀងសម្របសម្រួលការដឹកជញ្ជូនចំនួនបី ក៏បានរួមចំណែកដល់ការតភ្ជាប់រូបវ័ន្ត កិច្ចព្រមព្រៀងទាំងបីនេះ គឺកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពី ការសម្រួលទំនិញឆ្លងកាត់ ការសម្រួលសម្រួលការដឹកជញ្ជូនឆ្លងកាត់រដ្ឋសមាជិក និងការដឹកជញ្ជូនពហុបែប ដែលមានគោលបំណងកាត់បន្ថយចំណាយ និងជួយជំរុញចរាចរណ៍រថយន្តទំនិ​ញសេវាឆ្លងកាត់ព្រំដែន។

ឧទាហរណ៍ សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតទ្បាវ និងវៀតណាម បានដាក់ឲ្យដំណើរការប្រព័ន្ឋត្រួតពិនិត្យតែមួយ នៅចំណុចត្រួតពិនិត្យព្រំដែនទ្បាវ បាវដាញ់សាវ៉ាញនៅឆ្នាំ២០១៥ ដើម្បីជួយសម្រូលពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងនៅតាមបណ្តោយច្រករបៀងសេដ្ឋកិច្ចលិច កើត។

ប្រទេសសមាជិកអាស៊ាន ក៏កំពុងតែធ្វើឲ្យកាន់តែងាយស្រួល ដល់ការធ្វើចរាចរ​ទំនិញ ទាំងនៅក្នុងប្រទេសនិងតាមព្រំដែនឆ្លងកាត់ប្រទេស រួមទាំងតាមរយៈច្រកចេញចូលតែមួយថ្នាក់ជាតិរបស់ប្រទេសជាសមាជិកនិមួយៗ។ នៅដើមឆ្នាំ២០១៦ ច្រកចេញចូលតែមួយរបស់អាស៊ាន ត្រូវអនុវត្តន៍ក្នុងចំណោមសមាជិកអាស៊ាន ដែលបានត្រៀមលក្ខណៈរួចរាល់។ អាស៊ានក៏កំពុងតែបន្តអនុវត្តន៍ទីផ្សារអាកាសចរណ៍តែមួយ  និងទីផ្សារនាវាចរណ៍តែមួយ ដែលជាផ្នែកមួយក្នុងការសម្រេចឲ្យបាននូវគោលដៅ ក្លាយជាទីផ្សារតែមួយ និងមូលដ្ឋានផលិតកម្ម និងបើកចំហជាជំហ៊ានៗថែមទៀតដល់ការវិនិយោគនៅក្នុងតំបន់អាស៊ាន និងនៅក្រៅតំបន់អាស៊ាន។

វិធានការណ៍តភ្ជាប់ស្ថាប័នរួមមាន វិធានការណ៍នានាដើម្បីសម្រួលពាណិជ្ជកម្ម ដូចជា កន្លែងផ្ទុកទិន្នន័យពាណិជ្ជកម្មអាស៊ាន និងកន្លែងផ្ទុកទិន្នន័យពាណិជ្ជកម្មថ្នាក់ជាតិ។ អាស៊ាន ក៏កំពុងដោះស្រាយរបាំងពាណិជ្ជកម្មមិនមែនពន្ឋគយ  ដើម្បីជំរុញពាណិជ្ជកម្មក្នុងតំបន់អាស៊ាន និងការវិនិយោគ និងធ្វើសុខដុមនីយកម្មស្តង់ដានិង និតិវិធីវាយតំលៃភាពស្របគ្នានូវរាល់ប្រទេសសមាជិក៕

តើទីក្រុងរណបផ្តល់ភាពល្អប្រសើរយ៉ាងដូចម្តេចក្នុងការលើកកំពស់នគរូបនីយកម្មនិងភាពស៊ីវិល័យរបស់ប្រជាពលរដ្ឋ

ដោយៈ រ៉ាណេត

ភ្នំពេញៈ ស្របតាមកំណើននៃការអភិវឌ្ឍ និងការកើនឡើងនៃចំនួនប្រជាជនមករស់នៅរាជធានីភ្នំពេញ គិតមកត្រឹមដើមឆ្នាំ២០២០នេះ គម្រោងទីក្រុងរណបបានកើតមានរហូតដល់៧ទីតាំង ក្រោមការកិច្ចសហការវិនិយោគពីសំណាក់ក្រុមហ៊ុនជាតិ និងអន្តរជាតិ ដែលគាំទ្រដោយរាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយនូវភាពកកកុញនៃចំនួនមនុស្សដែលរស់នៅផ្តុំគ្នា។

គម្រោងអភិវឌ្ឍន៍ទីក្រុងរណបនីមួយៗ បានធ្វើឡើងដើម្បីបង្កើនភាពទាក់ទាញ និងចាប់អារម្មណ៍ ឱ្យមានមនុស្សចូលទៅរស់នៅកាន់តែច្រើន ក្រៅពីមានលក្ខណៈប្រសើរនៃហេដ្ឋារចនាសម្ព័ន្ធ មានផាសុកភាពខ្ពស់ក្នុងការរស់នៅជាមួយនឹងធម្មជាតិ នៅក្នុងគម្រោងក៏ត្រូវមានរួមបញ្ចូល នូវការអភិវឌ្ឍន៍តំបន់ពាណិជ្ជកម្ម អគាររដ្ឋបាល តំបន់កម្សា​ន្ត មជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សារទំនើប ក្លឹបហាត់បា្រណ សួនឧស្សាហកម្ម សាលារៀន មន្ទីរពេទ្យ និងសេវាសាធារណៈផ្សេងៗទៀត។

អ្នកជំនាញផ្នែកនគរូបនីយកម្ម លោកបណ្ឌិត វ៉ាន់ វ៉ាត បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី៧ ខែកុម្ភៈកន្លងមកថា ការបង្កើតទីក្រុងរណបនៅតាមប  ណ្តាជាយក្រុង គឺជាការរួមចំណែកយ៉ាងប្រសើរ ជាមួយរាជរដ្ឋាភិបាល ដែលអាចជួយសម្រួល និងលើកកម្ពស់ដល់នគរូបនីយកម្មបានមួយចំណែកធំ។

លោកបណ្ឌិតបន្តថា “គម្រោងបង្កើតទីក្រុងរណប ដែលស្របទៅតាមប្លង់គោលរបស់រាជធានី គឺជាការអភិវឌ្ឍន៍ប្រកបដោយភាពត្រឹមត្រូវ ដែលក្រៅពីអាចទាក់ទាញមនុស្សឱ្យចាប់អារម្មណ៍ជាមួយគម្រោង ថែមទាំងអាចចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបែងចែកល្បាយនៃការរស់នៅ ក៏ដូចជាការប្រកបអាជីកម្មរបស់មនុស្សទូទៅយ៉ាងប្រសើរ”។លោកបន្តថា “ប្រសិនបើគម្រោងនៃការបង្កើតទីក្រុងរណប ដែលមិនស្របតាមប្លង់គោលនៅតែ វាអាចនឹងបង្កើតជាបញ្ហានៅពេលអនាគត ហើយក៏អាចធ្វើឱ្យគម្រោងទាំងមូលជួបភាពខាត់បង់ផងដែរ”។

លោកបញ្ជាក់ថា “ការរៀបចំប្លង់គោល ដើម្បីងាយស្រួលក្នុងដំណើរការអភិវឌ្ឍន៍នៅតំបន់ណាមួយប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលស្របទៅនឹងបរិបទនៃការរស់នៅដូចជាតំបន់លំនៅដ្ឋាន តំបន់សេដ្ឋកិច្ច ក៏ដូចជាតំបន់ឧស្សាហកម្មជាដើម”។ លោកបន្ថែមទៀតថា “ជាទូទៅរដ្ឋាភិបាលតែងលើកទឹកចិត្ត និងគាំទ្ររាល់គម្រោងទាំងឡាយណាដែលចូលរួមចំណែក ក្នុងកិច្ចអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនកំណើនសេដ្ឋកិច្ច”។

នាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារ អចលនទ្រព្យអន្តរជាតិ CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍ថា គ្រប់គម្រោងអភិវឌ្ឍន៍ទីក្រុងរណបទាំងអស់ គឺសុទ្ធតែជារឿងវិជ្ជមានច្រើនជាងអវិជ្ជមាន។

លោកស្រីបានបញ្ជាក់ថា “វត្តមានទីក្រុងរណបមានចំណុចល្អច្រើន ស្ទើរតែទាំងអស់ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធដែលចូលរួមអភិវឌ្ឍន៍ ជាមួយរដ្ឋាភិបាលបានមួយផ្នែកធំ ការចូលរួមលើកកម្ពស់នៅក្នុងវិស័យសំណង់ និងអចលនទ្រព្យ ក៏ដូចជាការចូលរួមទៅលើផ្នែកបច្ចេកវិទ្យានៃសំណង់សម័យថ្មីផងដែរ”។

លោកស្រីបន្តទៀតថា “នៅពេលដែលមានការបែងចែកតំបន់ក្រុង ផ្សេងគ្នាកាន់តែច្រើន វានឹងចូលរួមសម្រួលដល់សង្គមកាន់តែច្រើន ជាក់ស្ដែងដូចជាបញ្ហាកកស្ទះចរាចរ​ណ៍ត្រូវបានកាត់បន្ថយច្រើន ដោយសារតែនៅក្នុងទីក្រុងរណប ភាគច្រើនសុទ្ធតែមានបង្កើតជាតំបន់ពាណិជ្ជកម្មទាំងអស់ ដែលអ្នករស់នៅអាចធ្វើការបង្វែរគោលដៅទីតាំងអាជីវកម្ម ក៏ដូចជាកន្លែងការងារជាដើម។

លោកស្រីបានបញ្ជាក់ថា “គ្រប់គម្រោងអភិវឌ្ឍន៍ទាំង ដើម្បីបញ្ចៀសបញ្ហាប្រឈមនៅថ្ងៃអនាគត ក្រុមហ៊ុនអភិវឌ្ឍន៍ ត្រូវតែមានផែនការមេឱ្យបានច្បាស់លាស់ ទាំងការអភិវឌ្ឍន៍នៅពេលបច្ចុប្បន្ន ក៏ដូចជាបន្តទៅថ្ងៃអនាគតក្នុងរយៈពេលវែង ដែលក្រៅពីគិតទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ត្រូវគិតទៅលើការបង្កើត និថែរក្សាតំបន់បៃតងឱ្យបានច្រើន ដែលជាចំណែកមួយយ៉ាងសំខាន់ក្នុងការរស់នៅ”។

គម្រោងទីក្រុងរណបទាំង ៧នេះរួមមាន៖

ទី១- ទីក្រុងរណប កាំកូស៊ីធី ៖ ទទួលបានការវិនិយោគពីក្រុមហ៊ុន វើល ស៊ីធី របស់កូរ៉េខាងត្បូង ដែលមានតម្លៃប្រមាណ២០០០លានដុល្លារ មានផ្ទៃក្រឡាសាងសង់១១៩ហិកតា ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ បឹងពោងពាយ ខណ្ឌឫស្សីកែវ ខាងជើងរាជធានីភ្នំពេញ។

ទី២-ទីក្រុងរណប ហ្គ្រេនភ្នំពេញ អ៊ិនធើណេសិនណល់ ស៊ីធីៈ វិនិយោគដោយក្រុមហ៊ុន ខេមបូឌា វ៉ាយ អ៊ិន ភី សហការជាមួយនឹងក្រុមហ៊ុនឥណ្ឌូនេស៊ី ស៊ីពូត្រា គ្រុប ដែលមានតម្លៃវិនិយោគដំបូង៦០០លានដុល្លារអាមេរិក ដែលមានផ្ទៃក្រឡាសាងសង់ចំនួន ២៦០ហិកតា ស្ថិតនៅសង្កាត់ឃ្មួញ ខណ្ឌឫស្សីកែវ ខាងជើងរាជធានីភ្នំពេញ។

ទី៣-ទីក្រុងរណប កោះពេជ្រស៊ីធីៈ ទទួលបានការវិនិយោគពីក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពុង ឃាវសែ ដែលមានតម្លៃវិនិយោគ១០០០លានដុល្លារ លើផ្ទៃក្រឡាសាងសង់ ១០០ហិកតា ស្ថិតនៅតាមបណ្តោយទន្លេបាសាក់ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ទី៤-ទីក្រុងរណបអភិវឌ្ឍន៍បឹងកក់ៈ វិនិយោគដោយក្រុមហ៊ុន ស៊ូកាគូអ៊ីន តម្លៃវិនិយោគចំនួន ១៥០០លានដុល្លារ ដែលមានផ្ទៃក្រឡាសាងសង់ប្រមាណ១១៤ហិកតា។

ទី៥-ទីក្រុងរណបជ្រោយចង្វារ៖ ទទួលបានការវិនិយោគពីក្រុមហ៊ុនOCICរបស់អ្នកឧកញ៉ា ពុង ឃាវសែ មានតម្លៃវិនិយោគ៤០០០លានដុល្លារ មានផ្ទៃក្រឡាសាងសង់មានទំហំ ៣៨៧ហិកតា ស្ថិតនៅតំបន់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញជាដើម៕

អ្នកជំនាញប្រាប់ពីវិធីសាស្រ្តងាយៗដល់ពលរដ្ឋដើម្បីដឹងពីតម្លៃអចលនទ្រព្យរបស់ខ្លួនសមស្របនឹងទីផ្សារឬទេ

ដោយៈ រ៉ាណេត

ភ្នំពេញៈ គ្រប់ការដាក់លក់អចលនទ្រព្យទាំងអស់មិនថា ជាប្រភេទលំនៅដ្ឋានឬដីធ្លីនោះទេ ម្ចាស់ដែលជាអ្នកលក់តែងប្រាថ្នាចង់បានតម្លៃខ្ពស់ រហូតមានពេលខ្លះជ្រុលដាក់តម្លៃខ្ពស់ជាងទីផ្សារដែលធ្វើជួបភាពបរាជ័យលើការលក់។

អ្នកជំនាញវាយតម្លៃអចលនទ្រព្យបានក្រើនរំលឹកថា រាល់ការដាក់លក់នៃអចលនទ្រព្យ ក៏ដូចជាដីធ្លីជាដើម ម្ចាស់គ្រប់រូបសុទ្ធតែអាចដាក់តម្លៃ ទៅតាមការចង់បានរបស់ខ្លួន ប៉ុន្តែអ្វីដែលសំខាន់ត្រង់ថា តើអចលនទ្រព្យទាំងនោះត្រូវបានលក់ចេញប្រកបដោយភាពជោគជ័យ ឬយ៉ាងណា។ នៅពេលដែលម្ចាស់ដាក់តម្លៃខ្ពស់ជាងទីផ្សារ ភាពប្រឈមនឹងបរាជ័យលើការលក់នឹងកើតមានយ៉ាងប្រាកដ។

អ្នកជំនាញក្នុងការវាយតម្លៃអចលនទ្រព្យ លោក ខាត់ សុវណ្ណ អគ្គនាយកក្រុមហ៊ុន Cam Top Property Group បានមានប្រសាសន៍ ប្រាប់តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ ថា ការវាយតម្លៃអចលនទ្រព្យ គឺត្រូវបានធ្វើឡើងច្រើនវិធីសាស្ត្រ និងអាស្រ័យទៅតាមភាពជំនាញ និងវៃឆ្លាតរបស់បុគ្គលដែលមានបទពិសោធន៍។

លោកបន្តថា “រាល់ការវាយតម្លៃអចលនទ្រព្យទាំងអស់ ក្រុមហ៊ុនជំនាញតែងធ្វើការវិភាគទៅលើភាពជាក់ស្ដែង និងតម្រូវការពិតប្រាកដនៅក្នុងតំបន់ បន្ទាប់ពីបានចុះសិក្សាជាជំហានដំបូង ហើយការសិក្សាក៏ត្រូវធ្វើឡើងច្រើនដំណាក់កាល”។ លោកបានបន្តទៀតថា “មុនពេលវាយតម្លៃទៅលើអចលនទ្រព្យក្នុងតំបន់ណាមួយ ចាំបាច់ត្រូវតែមានទិន្នន័យពាក់ព័ន្ធ នៅក្នុងដៃឱ្យបានគ្រប់គ្រាន់ ដើម្បីប្រៀបធៀប ដោយគេមិនអាចធ្វើឡើងដោយការប៉ាន់ស្មាន និងគ្មានប្រភពព័ត៌មានច្បាស់លាស់នោះទេ”។

ការវាយតម្លៃអចលនទ្រព្យ ដែលធ្វើឡើងដោយក្រុមហ៊ុនជំនាញ ភាគច្រើនមិនខុសពីតម្លៃនៅលើទីផ្សារនោះទេ ដោយសារពួកគេបានពឹងផ្អែក ទៅលើការសិក្សាជាក់លាក់ និងមានក្បួនច្បាប់ច្បាស់លាស់ ដែលខុសពីការវាយតម្លៃរបស់ម្ចាស់ទ្រព្យ ដែលមិនមានជំនាញ។

អ្នកជំនាញរូបនេះបានបញ្ជាក់ថា “ម្ចាស់អចលនទ្រព្យ ក៏អាចធ្វើការវាយតម្លៃបានដោយខ្លួនឯង ដោយការសាកសួរ និងស្វែងយល់ពីព័ត៌មានជាក់ស្ដែងនៅក្នុងតំបន់។ ដូចជាការសិក្សាទៅលើតម្លៃ អចលនទ្រព្យដែលបានលក់ចេញ ការសិក្សាទៅលើតម្លៃអច​លនទ្រព្យដែលលក់មិនចេញ ហើយធ្វើការវិភាគទៅលើតម្លៃរួម ដែលអាចគិតជាមធ្យមភាគមុនពេលកំណត់តម្លៃដាក់លក់នៅលើទីផ្សារ”។

យ៉ាងណាក៏ដោយ ដើម្បីជៀសវាងភាពប្រឈម ឬធ្វើការវាយតម្លៃខុសពីតម្លៃទីផ្សារ លោកបានជំរុញ និងលើកទឹកចិត្តដល់ម្ចាស់ទ្រព្យដែលមានបំណង់ដាក់លក់នៅលើទីផ្សារ គួរតែស្វែងរក និងប្រើប្រាស់សេវាកម្មពីក្រុមហ៊ុនជំនាញទើបជាការប្រសើរ៕

លោក នី ទីណាត៖ វប្បធម៌ចែករំលែក ធ្វើការជាក្រុម សាមគ្គីភាពរឹងមាំ ភាពស្មោះត្រង់ធ្វើឱ្យក្រុមហ៊ុនដំណើរការប្រកបដោយនិរន្តរភាព

ដោយ ម៉ាណេត

ភ្នំពេញ៖ លោក នី ទីណាត បានថ្លែងថា ការបង្កើតនូវវប្បធម៌ចែករំលែក ធ្វើការជាក្រុម សាមគ្គីភាពរឹងមាំ ស្មោះត្រង់ក្នុងការដឹកនាំ ទើបធ្វើឱ្យក្រុមហ៊ុនដំណើរប្រកបដោយនិរន្តរភាព និងការបណ្តុះបណ្តាលធនធានមនុស្សមានសារៈសំខាន់ណាស់អាចជំរុញឱ្យការងារប្រកបដោយប្រសិទ្ធភាព និងទទួលបានជោគជ័យ។

លោក នី ទីណាត ជាអគ្គនាយកក្រុមហ៊ុន បាសាក់ រៀលធី ឯ.ក (BASAC REALTY CO., LTD) បានប្រឡូកក្នុងវិស័យនេះអស់រយៈពេល ៥ ឆ្នាំដោយជួបប្រទះបញ្ហាជាច្រើន ទម្រាំតែបានបង្កើតបានជាក្រុមហ៊ុនផ្ទាល់ខ្លួន ដែលសម្បូរដោយធនធានមនុស្សសម្រាប់បម្រើឱ្យវិស៏យអចលនទ្រព្យ។

តើលោក នី ទីណាតជាអ្នកណា?

លោក នី ទីណាត បានរៀបរាប់ប្រាប់ Propertyarea.asia ថា “ខ្ញុំឈ្មោះ នី ទីណាត ជាអគ្គនាយកក្រុមហ៊ុន បាសាក់ រៀលធី ឯ.ក (BASAC REALTY CO., LTD) ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មទៅលើការទិញ លក់ និងជួលអចនទ្រព្យ នៅក្នុងប្រទេសកម្ពុជា។ លោកថា “ខ្ញុំបានប្រឡូកក្នុងវិស័យនេះអស់រយៈពេល៥ឆ្នាំហើយ ខ្ញុំនៅចាំបានថា ការចាប់ផ្តើមដំបូងពិតជាពិបាកណាស់សម្រាប់ខ្ញុំ ដោយយើងមានបុគ្គលិកតែម្នាក់គត់”។

លោកបានថ្លែងថា “ដោយចិត្ត ស្រលាញ់ក្នុងវិស័យអចលនទ្រព្យនេះ និងការខិតខំប្រឹងប្រែងតស៊ូ ធ្វើអោយខ្ញុំមានការរីកចំរើនបន្តិចម្តងៗ រហូតដល់ខែមេសា ឆ្នាំ២០១៨ ខ្ញុំបានបង្កើតនូវក្រុមហ៊ុនអចលនទ្រព្យមួយឈ្មោះថា ក្រុមហ៊ុន បាសាក់ រៀលធី ឯ.ក (BASAC REALTY CO., LTD.) ”។

លោក បានបន្តថា “ក្នុងអំឡុងពេលជិត២ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនមានការរីកចំរើនគួរឲ្យកត់សំគាល់ ដោយក្រុមហ៊ុន មានកំណើនអតិថិជនពីមួយខែទៅមួយខែ កំណើនបុគ្គលិក ការប្រមូលពត៌មានចលនទ្រព្យដែលបានដាក់លក់ និងជួលបានច្រើន និងជាពិសេសមានប្រព័ន្ធនៃការគ្រប់គ្រងក្រុមហ៊ុនច្បាស់លាស់”។

ការបង្កើតវប្បធម៌សម្រាប់ក្រុមហ៊ុនឱ្យដំណើរប្រកបដោយនិរន្តរភាព

លោក នី ទីណាត បានថ្លែងថា “ក្នុងនាមខ្ញុំជាអ្នកដឹកនាំមួយរូប ការបណ្តុះបណ្តាលធនធានមនុស្សមានសារៈសំខាន់ណាស់ សម្រាប់ខ្ញុំ និងអង្គភាពទាំងមូល ដូច្នេះខ្ញុំត្រូវខិតខំធ្វើយ៉ាងណា ឲ្យបុគ្គលិកម្នាក់ៗមានចំណេះដឹង និងជំនាញពិតប្រាកដ ដែលអាចធ្វើការងារប្រកបដោយប្រសិទ្ធភាព និងទទួលបានជោគជ័យ ហើយនឹងអាចក្លាចជាអ្នកដឹកនាំបន្តបន្ទាប់នៅពេលអនាគត់ ដើម្បីសម្រេចបាននូវគោលដៅរបស់ក្រុមហ៊ុន”។

លោក បានលើកឡើងថា “ដោយឡែកនៅក្នុងក្រុមហ៊ុន ខ្ញុំបានបង្កើតនូវវប្បធម៌ចែករំលែក ធ្វើការជាក្រុម សាមគ្គីភាពរឹងមាំ ស្មោះត្រង់ ជួយគ្នាទៅវិញទៅមក ទាំងអស់គ្នាដូចជាគ្រួសារតែមួយ ជាពិសេសបុគ្គលិកម្នាក់ធ្វើការចេញពី ទឹកចិត្ត និងបេះដូងពិតប្រាកដ។

ជាលទ្ធផលក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនបានធ្វើការទិញ លក់ និងជួលអចនទ្រព្យ ជាច្រើនកន្លែងជូនអតិថិជនរបស់លោក។

លោក បានបន្ថែមថា “អ្វីដែលពិសេសសម្រាប់សេវាកម្មដែលក្រុមហ៊ុនបានផ្តល់ជូនអតិថិជនកន្លងមកនោះគឺ ភាពស្មោះត្រង់ ការទទួលខុសត្រូវ ការយកចិត្តទុកដាក់ និងគោរពនូវក្រមសីលធម៌វិជ្ជាជីវៈច្បាស់លាស់”។

ទំនាក់ទំនងជាមួយអតិថិជនក្នុង និងក្រៅស្រុក

ដើម្បីឲ្យអតិថិជនក្នុង និងក្រៅស្រុក ក៏ដូចជាម្ចាស់អចលនទ្រព្យទូទៅ បានស្គាល់ពីក្រុមហ៊ុន បាសាក់ រៀលធី ឯ.ក (BASAC REALTY CO., LTD.) ខ្ញុំបានបង្កើតនូវកញ្ចប់ Digital Marketing ដោយធ្វើការផ្សព្វផ្សាយតាមបណ្តាញសង្គមនានា និងតាមរយៈវេបសាយអលនទ្រព្យដែលល្បីៗ។

កាលចុងឆ្នាំ ២០១៩ ក្រុមហ៊ុន បាសាក់ រៀលធី ឯ.ក (BASAC REALTY CO., LTD.) សូមចូលរួមអបអរសាទរដល់លោក នី រ៉ាស៊ីន ដែលជាបុគ្គលិកផ្នែកលក់ និងជួលរបស់ ក្រុមហ៊ុនបានចូលរួមក្នុងការប្រកួតប្រជែងក្នុងកម្មវិធី Cambodia Real Estate Awards 2019 ហើយបានឈ្នះនូវពានរង្វាន់ជា ភ្នាក់ងារអចលនទ្រព្យថ្មី ឆ្នើមបំផុត ប្រចាំឆ្នាំ២០១៩ (BEST UP & COMING NEW AGENT OF THE YEAR 2019)។

ជាចុងក្រោយខ្ញុំសូមចែករំលែកនូវបទពិសោធន៍មួយចំនួនក្នុងវិស័យអចលនទ្រព្យ ក្នុងនាមយើងជាភ្នាក់ងារអចលនទ្រព្យជំនាញ ដើម្បីទទួលបាននូវភាពជោគជ័យយូរអង្វែង យើងត្រូវប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ (ជាមួយអតិថិជន ម្ចាស់អចលនទ្រព្យ ក្រុមការងារ ក្រុមហ៊ុនផ្ទាល់ និងដៃគូរសហការជាដើម) មានចំណេះដឹងពិតប្រាកដក្នុងវិស័យអចលនទ្រព្យ មានភាពអំណត់ក្នុងការងារខ្ពស់ មានការយកចិត្តដាក់នឹងការងារ ហើយគោរពនូវក្រមសីលធម៌វិជ្ជាជីវៈ៕

គំនិតមួយៈតើកម្ពុជាអាចជីកទន្លេសប្បនិម្មិតពីខេត្តកំពត ភ្ជាប់មកកាន់ទន្លេសាប ដែរឬទេ?

ដោយគង់ សូរិយា

         ភ្នំពេញៈ ខណៈសេដ្ឋកិច្ចកម្ពុជា បាននិងកំពុងពឹងផ្អែកលើប្រទេសជិតខាង ដើម្បីជម្រុញការនាំចេញ អ្នកជំនាញមួយក្រុមកំពុងពិភាក្សាពីលទ្ឋភាព ជីកទន្លេសប្បនិម្មិតពីខេត្តកំពត មកកាន់ទន្លេមេគង្គឬទន្លេសាបរបស់កម្ពុជា។

          លទ្ឋភាពនេះហាក់នៅឆ្ងាយ ប៉ុន្តែកម្ពុជាអាចធ្វើបានឬអត់ អាស្រ័យលើសេដ្ឋកិច្ច ធនធានមនុស្ស និងឆន្ទៈនិយោបាយរបស់រដ្ឋាភិបាល។

ស្របពេលជាមួយគ្នានេះ រដ្ឋាភិបាលកម្ពុជាក៏កំពុងសិក្សាផ្លូវប្រវត្តិសាស្រ្តថ្មីមួយ ដែលសាងសង់ចេញពីស្រុកសំឡូត ខេត្តបាត់ដំបង មកកាន់ខេត្តពោធិសាត់ និងឆ្ពោះទៅកាន់ខេត្តកោះកុង ដើម្បីសម្រួលការធ្វើដំណើរ ការដឹកជញ្ជូនកសិផលដ៏ច្រើននៅភូមិភាគពាយ័ព្យ ដើម្បីបញ្ជូនចេញទៅកាន់ប្រទេសទី៣ ដោយកាត់បន្ថយការពឹងផ្អែកប្រទេសជិតខាង។

ស្របពេលជាមួយគ្នានេះដែរ មហាយក្សចិនកំពុងចចារ ដើម្បីជីកទន្លេសប្បនិម្មិតមួយចេញពីច្រកសមុទ្រម៉ាឡាកា ដោយពុះកាត់ប្រទេសថៃជាពីរ ប៉ុន្តែគំរោងនេះបានជំទាស់ ដោយសហរដ្ឋអាមេរិក និងប្រទេសពាក់ព័ន្ឋមួយចំនួនទៀត ដែលទទួលបានផល​ប្រយោជន៍ពីការដឹកជញ្ជូនតាមផ្លូវទឹកនាពេលបច្ចុប្បន្ននេះ។

ទោះជាយ៉ាងណាគំនិតបែបស្រមើស្រម័យនេះ មិនដឹងចេញរូបរាងនាពេលណា និងមិនទាន់មានការសិក្សាដោយស្ថាប័នណាជាក់លាក់ថា តើត្រូវចំណាយថវិកាប៉ុន្មានរយ​លានដុល្លារ និងមានចម្ងាយផ្លូវប៉ុន្មាននៅឡើយទេ។

បើតាមលោកសុខ សុគន្ឋហៅជេម សុខដែលជាអ្នកវិភាគមួយរូបនៅសហរដ្ឋអាមេរិកបានឲ្យដឹងថា ការជីកទន្លេរឬព្រែកជីកក្រា ត្រូវបានរដ្ឋាភិបាលថៃយល់ព្រមហើយ និងមានដៃគូសហការហើយ ប៉ុន្តែគំរោងនេះរងសំពាធពីប្រទេសមហាអំណាច។

សាកស្រម័យលេងទៅ ប្រសិនបើជីកទន្លេឬព្រែកសប្បនិម្មិតពីកំពតមកកាន់ទន្លេ​សាប​ឬទន្លេមេគង្គ តើវាល្អបែបណាសំរាប់សេដ្ឋកិច្ចកម្ពុជា?៕

តើកម្ពុជាបាននិងកំពុងទាក់ទាញក្រុមហ៊ុនអាមេរិកវិនិយោគលើវិស័យកសិកម្ម

ដោយវុត្ថា

ភ្នំពេញ៖ កម្ពុជាបាននឹងកំពុងទាក់ទាញក្រុមហ៊ុន វិនិយោគអាមេរិកឱ្យចាប់អារម្ម​ណ៍លើការវិនិយោគលើវិស័យធំៗជាច្រើន ជាពិសេសវិស័យកសិកម្ម ខណៈកម្ពុជាគឺជាប្រទេសមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ មានសក្តានុពលខ្ពស់លើវិស័យកសិកម្មសម្រាប់វិនិយោគលើការនាំចេញទៅក្រៅប្រទេស។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក ឧកញ៉ា លឹម ហេងបានមានប្រសាសន៍ឱ្យដឹងនៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២០ នេះថា មានក្រុមហ៊ុនអាមេរិកចំនួន១៥ ដែលបាននឹងកំពុងចាប់អារម្មណ៍ វិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ខណៈក្រុមហ៊ុនទាំងនេះ បានធ្វើការសិក្សារួចរាល់ហើយ អំពីសក្តានុពលកសិកម្មកម្ពុជា ក្នុងវិនិយោគសម្រាប់នាំចេញទៅអាមេរិក និងអឺរ៉ុប។

លោកបន្តថា “ក្នុងនាមសភាពាណិជ្ជកម្ពុជា និងរដ្ឋាភិបាលកម្ពុជាបានផ្តល់អនុសាសន៍យ៉ាងច្រើន ដល់ក្រុមហ៊ុនអាមេរិកឱ្យវិយោគលើវិស័យកសិកម្មនៅកម្ពុជា ហើយក្រុមហ៊ុនទាំងនោះ ក៏បានជួបពិភាក្សាជាមួយមន្ត្រីកម្ពុជារួចហើយដែរនេះ គឺជាឪកាសថ្មីមួយទៀតសម្រាប់ក្រុមហ៊ុនអាមេរិកផ្តើមការវិនិយោគនៅក្នុងប្រទេសកម្ពុជា”។

លោកឧកញ៉ាបន្ថែមទៀតថា កន្លងមកនេះ មានក្រុមហ៊ុនអាមេរិកជាច្រើនបាននឹងកំពុងវិនិយោគលើវិស័យផ្សេងៗជាច្រើន ជាពិសេសការផលិតរថយន្តនៅកម្ពុជា តែដោយឡែកសម្រាប់ការវិនិយោគលើវិស័យកសិកម្ម និងកែឆ្នៃផលិតពូជនៅមានកម្រិតនៅឡើយ ដោយសារតែកម្ពុជានៅខ្វះបច្ចេកវិទ្យា ហើយនេះជាឪកាស សម្រាប់ក្រុមហ៊ុនទាំងនោះក្នុងការបណ្តាក់ទុនវិនិយោគ សម្រាប់នាំចេញទៅប្រទេសអាមេរិក ហើយក្នុងនោះភាគីកម្ពុជា-អាមេរិកបានពិភាក្សាលើផ្នែកដឹកជញ្ជូន ប្រព័ន្ធស្រោចស្រប់ និងអនាម័យ រួចហើយដែរ​។

លោកបណ្ឌិត គី សិរីវឌ្ឍន៍  អ្នកស្រាវជ្រាសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា  បានឱ្យ​ដឹ​ងថា កម្ពុជាគឺមានសក្តាខ្ពស់ ចំពោះការវិនិយោគរបស់អាមេរិក លើវិស័យអាទិភាពចំនួន៣ ដែលរួមមានវិស័យកសិកម្ម ទេសចរណ៍ និងការកែឆ្នៃជាដើម ។

លោកបន្តថា “ប្រទេសកម្ពុជាមានដីនៅទំនេរច្រើន ដែលមិនទាន់ប្រើប្រាស់ ហើយអាចឱ្យក្រុមហ៊ុនអាមេរិក ធ្វើការវិនិយោគលើវិស័យកសិកម្ម ក្នុងការកែច្នៃផលិតផលកសិកម្ម ដើម្បីបង្កើនតំលៃបន្ថែមសម្រាប់កម្ពុជា”។

លោកបន្ថែមទៀតថា ខណៈដែលកម្ពុជាមានឪកាស វិនិយោគយ៉ាងច្រើនបែបនេះ  ក៏មានបញ្ហាប្រឈមខ្លះដែរ ដូចការអនុវត្តច្បាប់នៅមានកម្រិត ពលកម្មកម្ពុជាគ្មានជំនាញច្បាស់លាស់ និងការពន្ធដារ និងការត្រួតពិនិតសវកម្មពន្ធដារនៅមានកម្រិត និងមានអំពើពុករលួយដែលធ្វើឱ្យក្រុមហ៊ុនបរទេសមួយចំនួន ដូចជា សហរដ្ឋអាមេរិករអាក្នុងការមកវិនិយោគនៅក្នុងប្រទេសកម្ពុជា។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្ដិ បានឱ្យដឹងនៅក្នុងពិធីបើកព្រឹត្តិ​ការណ៍ «កាលានុវត្តភាពធុរកិច្ចក្នុងវិស័យកសិកម្មនៅកម្ពុជា២០២០» ដែលរៀបចំឡើងដោយស្ថានទូតនៃសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និងសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា នៅសណ្ឋាគាររ៉ូសវូត រាជធានីភ្នំពេញ ពីថ្ងៃទី០៦-០៧ ខែកុម្ភៈ ឆ្នាំ២០២០នេះថា វិស័យកសិកម្ម ជាវិស័យអាទិភាពមួយ ដែលមានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណា​ក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកបន្តថា “ផលិតផលកសិកម្មមួយចំនួន ដូចជាស្រូវ-អង្ករ ពោត សណ្ដែកសៀង ដំឡូងមី ស្វាយ ស្វាយចន្ទី កៅស៊ូ បន្លែ ត្រី សាច់ ដែលសុទ្ធសឹងជាផលិតផលសក្ដានុពល សម្រាប់ជាព័ត៌មានជូនដល់ធុរជនជាតិ និងអន្តរជាតិ ពិចារណាក្នុងការធ្វើអាជីវកម្ម ឬវិនិយោគនៅកម្ពុជា”។

លោករដ្ឋមន្ត្រីបានបន្តថា កម្ពុជាបាននឹងកំពុងលើកកម្ពស់ខ្សែចង្វាក់តម្លៃ និងការកែច្នៃផលិតផលកសិកម្ម ជាការងារអាទិភាពមួយ ដើម្បីទ្រទ្រង់វិស័យកសិកម្មឲ្យមានការរីកចម្រើនមួយចំណែកទៀត ដូចជាការកែច្នៃដំឡូងមីទៅជាម្សៅ គ្រាប់ថ្នាំ ថង់ អេតាណុល និងជាវត្ថុផ្សេងៗទៀត ដែលសកម្មភាពទាំងនោះ នឹងបង្កើតការងារ បង្កើនចំណូល និងធ្វើឲ្យជីវភាពប្រជាពលរដ្ឋមានការរីកចម្រើន។

លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាឱ្យដឹងថា ការរៀបចំវេទិកាធុរកិច្ច ស្ដីពីវិស័យកសិកម្មនៅកម្ពុជានេះ ជាវេលាដ៏ល្អមួយ គាប់ជួនជាមួយនឹងខួបអនុស្សាវរីយទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងសហរដ្ឋអាមេរិក។

លោកបន្តថា ចំពោះវេទិកាធុរកិច្ចលើកនេះ មានក្រុមហ៊ុនធំៗរបស់អាមេរិកចំនួន ១៥ ក្រុមហ៊ុន ដោយក្នុងនោះរួមមានក្រុមហ៊ុន ដែលប្រកបកសិកម្មបែបប្រពៃណី និងក្រុមហ៊ុនមួយចំនួនទៀតជាក្រុមហ៊ុន ដែលមានបច្ចេកវិទ្យាទំនើប ដែលអាចជួយដល់ការជំរុញវិស័យកសិកម្ម និងបង្កើនទិន្នផល។

លោកបន្តថា “ក្រុមហ៊ុនទាំងនោះនឹងសហការជាមួយក្រុមហ៊ុនកម្ពុជា ដើម្បីធ្វើទំនើបកម្មវិស័យកសិកម្មនៅកម្ពុជា តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា”។ លោកថា “តាមរយៈការអភិវ្ឍរបស់ប្រទេសនីមួយៗ ចំណែកនៃវិស័យកសិកម្ម នឹងមានការចុះថយជាលំដាប់ ហើយក្នុងពេលនោះហើយ ដែលបច្ចេកវិទ្យានឹងជួយបំពេញបន្ថែមក្នុងការបង្កើនផលិតភាព គាំទ្រស្ថិរភាពស្បៀង និងលើកកម្ពស់ខ្សែចង្វាក់តម្លៃកសិកម្មសម្រាប់ការនាំចេញ”។

ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១៩ គឺមានសរុបប្រមា​ណ ៥,៤ពាន់លានដុល្លារអាមេរិក គិតត្រឹមខែវិច្ឆិកា ស្មើនឹងកំណើនប្រមាណ២៧,៤% បើប្រៀបនឹងឆ្នាំ២០១៨។ ក្នុងនោះផងដែរ វិស័យកសិកម្មក៏រួមចំណែកមួយចំនួនដ៏សំខាន់ ក្នុងទំនាក់ទំនងពាណិជ្ជកម្មនៃប្រទេសទាំងពីរ៕

ដំណឹងល្អៈ ក្រុមហ៊ុនម៉ាឡេស៊ីមួយប្រកាសវិនិយោគទឹកប្រាក់៧៥០លានដុល្លារ លើការដាំឫស្សីនៅកម្ពុជា

ដោយ ប៊ី

ភ្នំពេញៈ ក្រុមហ៊ុនUnique Worldwide ដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី បានប្រកាសថា នឹងបោះទុនវិនិយោគប្រមាណ៧៥០លានដុល្លារ ក្នុងការវិនិយោគទៅលើដំណាំឫស្សីនៅក្នុងប្រទេសកម្ពុជា។

គម្រោងវិនិយោគនេះគ្រោងនឹងធ្វើឡើង នៅលើផ្ទៃដីសរុបប្រមាណ២.៥ម៉ឺនហិកតា ខណៈក្នុងដំណាក់កាលទី១ ដែលនឹងបង្កើតការងារជូនប្រជាពលរដ្ឋជាង៥ម៉ឺនកន្លែង។ នេះបើយោងតាមការលើកឡើងរបស់នាយកក្រុមហ៊ុន Unique Worldwide

លោក Datuk Thureign នាយកក្រុមហ៊ុន Unique Worldwide បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០កន្លងមកថា មូលហេតុដែលក្រុមហ៊ុន សម្រេចចិត្តមកដាក់ទុនវិនិយោគ នៅក្នុងប្រទេសកម្ពុជា ដោយសារតែលោកមើលឃើញថា កម្ពុជាគឺជាប្រទេសដែលកំពុងអភិវឌ្ឍន៍ និងចង់ឲ្យមានការដាំដុះឫស្សីធំៗ នៅក្នុងប្រទេសកម្ពុជា ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច។

លោកបានថ្លែងថា  ទុនវិនិយោគប្រមាណ៧៥០លានដុល្លារ គឺសរុបទាំងអស់ នៅក្នុងគម្រោងនេះ ដែលក្នុងនោះ រួមមាន៖ ការជួលកម្មករប្រមាណ៥ម៉ឺននាក់ ដើម្បីបម្រើការងារ ការបង្កើតសាលារៀន សម្រាប់ឲ្យកូនកម្មករ ការសាងសងមន្ទីរពេទ្យ ផ្សារ កន្លែងហាត់ប្រាណ ប្រព័ន្ធទឹកភ្លើង ផ្ទះសម្រាប់កម្មករស្នាក់នៅ, ការធានារ៉ាប់រង និងផ្សេងៗជាច្រើនទៀត

ដោយឡែកទីតាំង និងការចាប់ផ្ដើមអនុវត្ដ ក្រុមហ៊ុន Unique Worldwide មិនទាន់បានបញ្ជាក់ឲ្យដឹងនៅឡើយទេ ដោយសារតែក្រុមហ៊ុន កំពុងតែធ្វើការពិភាក្សា ជាមួយក្រសួងកសិកម្ម ថាតើដីនៅតំបន់ណា ហើយនៅខេត្តណានៅទំនេរ ដែលអាចជាគុណប្រយោជន៍ នៃដាំដុះដំណាំឫស្សីនេះ។

ចំពោះបំណងវិនិយោគដាំឫស្សី នៅប្រទេសកម្ពុជានេះ លោក THUREING AUNG ក៏បានជួបពិភាក្សាជាមួយ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយលោករដ្ឋមន្ដ្រី បានស្វាគមន៍ចំពោះ គម្រោងនេះផងដែរ។

លោក Datuk Thureign បានឲ្យដឹងថា ដាំណាំឫស្សីនេះប្រើពេល៤ឆ្នាំ បានអាចទទួលផលបាន ដោយក្នុងមួយដើមមានទម្ងន់ចាប់ពី៤០០ ទៅ៥០០គីឡូក្រាម។ លោកថា ផលិតផលដែលបាន មកពីឫស្សីនេះមានច្រើន ដូចជា ប្រេង កប្បាស និងផ្ដល់ប្រយោជន៍ជាច្រើនទៀតចេញពីឫស្សីនេះ។


ទាក់ទងនឹងបទពិសោធន៍ ការដាំឫស្សីនេះ នាយកក្រុមហ៊ុនUnique Worldwide បានប្រាប់ថា ក្រុមហ៊ុនរបស់លោក មានបទពិសោធន៍រយៈពេល៣ឆ្នាំហើយ ដោយអនុវត្តបច្ចេកវិទ្យា របស់ប្រទេសអាល្លឺម៉ង់ និងមានគម្រោងនាំចេញទៅប្រទេសជាច្រើន នៅជុំវិញពិភពលោក។

ក្នុងជំនួបជាមួយលោករដ្ឋមន្ដ្រីនាពេលថ្មីៗ លោក THUREING AUNG បានជម្រាបជូនលោក វេង សាខុនថា ក្រុមហ៊ុនមានបទពិសោធន៍គ្រប់គ្រាន់ទាំងការដាំ កែច្នៃ និងទីផ្សារ ដោយអនុវត្តបច្ចេកវិទ្យារបស់ប្រទេស អាល្លឺម៉ង់ រួមទាំងទទួលបានការគាំទ្រហិរញ្ញវត្ថុពីសហភាពអឺរ៉ុប។

លោកសង្ឃឹមថា គម្រោងនេះ នឹងចូលរួមរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច តាមរយៈការបង្កើនប្រាក់ចំណូលរបស់ប្រជាកសិករ ជាពិសេសប្រជាសហគមន៍ព្រៃឈើ ដែលមានសក្តានុពលយ៉ាងល្អ ក្នុងការដាំឫស្សី ដែលជាប្រភពចំណូលប្រចាំគ្រួសារ

លោករដ្ឋមន្ត្រី វេង សាខុនរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងថា គម្រោងវិនិយោគនេះ អាចនឹងធ្វើឲ្យធនធានមួយនេះ មានតម្លៃបន្ថែមទ្វេឡើង និងជាពិសេស នឹងធ្វើការទាក់ទាញផលិតកម្មឫស្សី ឲ្យមានពហុប្រយោជន៍ ដើម្បីចូលរួមអភិវឌ្ឍន៍សហគមន៍ តាមរយៈការលើកកម្ពស់ ផលិតភាពផលិតកម្មឫស្សី បង្កើតការងារ បណ្តុះបណ្តាលជំនាញ និងបង្កើនប្រាក់ចំណូល។

លោករដ្ឋមន្ត្រី វេង សាខន បានណែនាំឲ្យក្រុមហ៊ុនធ្វើការសិក្សាលម្អិតជា មួយរដ្ឋបាលព្រៃឈើ ដោយគួរជ្រើសរើសសហគមន៍ព្រៃឈើណាមួយធ្វើជាគំរូ និងរកដៃគូឯកជន សហការរួមគ្នាវិនិយោគ លើផលិតកម្មឫស្សីនេះ។ ក្រសួងនឹងរង់ចាំ ផ្តល់កិច្ចសហការជាមួយ ក្រុមហ៊ុនធ្វើយ៉ាងណាឲ្យគម្រោងវិនិយោគនេះ ទទួលបានជោគជ័យដូចការគ្រោងទុក៕


អាជ្ញាធរអប្សរានឹងដាក់ឲ្យដំណើរការ​ផ្លូវជិះកង់ប្រវែង២៣គីឡូម៉ែត្រនៅតំបន់រមណីយដ្ឋានអង្គរ នាពេលឆាប់ៗខាងមុខ

ដោយ ប៊ី

សៀមរាបៈ ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិនឹងអាចប្រើប្រាស់ ផ្លូវកង់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលមានចម្ងាយប្រមាណ២៣គីឡូម៉ែត្រ នៅខែមិថុនា ឆ្នាំ២០២០ខាងមុខនេះ ខណៈផ្លូវកង់នេះត្រូវបានសាងសង់បានប្រមាណ៦០% ។ នេះបើយោងតាមការលើកឡើងរបស់អាជ្ញាធរជាតិអប្សរា។

ការសាងសង់ផ្លូវកង់នេះធ្វើឡើង ដោយសារតែមានការគិតគូរខ្ពស់ចំពោះសុវត្ថិភាពក្នុងការធ្វើដំណើរទៅមក ប្រកបដោយសុវត្ថិភាពរបស់ប្រជាជន សិស្សានុសិស្ស ភ្ញៀវទេសចរ ក៏ដូចជាយកចិត្តទុកដាក់ខ្ពស់លើបញ្ហាបរិស្ថាន។

លោកយិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងកាលពីពេលថ្មី​ៗនេះថា អាជ្ញាធរជាតិអប្សរាបានការរៀបចំ ផ្លូវជិះកង់នៅតំបន់អង្គរនៅវង្សតូច និងវង្សធំ ដោយគម្រោងនេះ ត្រូវបានក្រុមអ្នកជំនាញការអាដហុក របស់គណៈកម្មាធិការអន្ដរជាតិអាយស៊ីស៊ី-អង្គរ បានកោតសរសើរជាខ្លាំង ទៅលើការបង្កើតថ្មីរបស់អាជ្ញាធរអប្សរា និងបានសាទរចំពោះបច្ចេកទេសធ្វើផ្លូវកង់នេះ។

លោកបានថ្លែងថា “មុនស្ថាបនា អាជ្ញាធរជាតិអប្សរាបានគិតគូរច្បាស់ ពីការលើតម្លៃបរិស្ថាន តម្លៃវប្បធម៌ ក៏ដូចជាតម្លៃបេតិកភណ្ឌបែបជនបទ ដោយមានអ្នកជំនាញបុរាណវិទ្យាសិក្សាយ៉ាងច្បាស់លាស់មុនកសាងផ្លូវកង់នេះ”។ លោកបន្តថា “ផ្លូវកង់នេះ កសាងជាប្រភេទផ្លូវស្រាល មិនប៉ះពាល់ដល់ស្រទាប់ដី និងមានភាពបត់បែនទៅតាមដើមឈើតូចធំជាច្រើន”។

លោកបន្ថែមថា ផ្លូវកង់នេះមានទទឹង២ម៉ែត្រ បណ្ដោយ២៣គីឡូម៉ែត្រ ចេញពីកន្លែ​ងត្រួតពិនិត្យសំបុត្រចូលទស្សនាអង្គរចាស់ កាត់ក្រោយអង្គរវត្ត បន្តទៅប្រាសាទក្រវ៉ាន់ កាត់ខាងត្បូងប្រាសាទបន្ទាយក្ដី បត់ទៅខាងជើងប្រាសាទតាព្រហ្ម ឆ្ពោះទៅស្ពានប្រាសា​ទតាកែវ។ ចំណែកតំបន់ផ្លូវវង់ធំ គឺចេញដំណើរពីស្រះស្រង់ រហូតដល់ខ្លោងទ្វារដីឆ្នាំង។

លោកបានឲ្យដឹងទៀតថា ផ្លូវកង់នេះ បានចាប់ផ្ដើមធ្វើកាលពីខែធ្នូឆ្នាំ២០១៩ ហើយរួចរាល់ប្រវែង៥០០ម៉ែត្រ។ បច្ចុប្បន្នកំពុងតែបន្តឈូសឆាយធ្វើបន្ត បានចំនួន១៧គីឡូម៉ែត្រក្នុងចំណោម២៣គីឡូម៉ែត្រ។ តាមផែនការគម្រោងនេះ និងធ្វើឱ្យចប់រួចរាល់នៅខែមិថុនា ឆ្នាំ២០២០ខាងមុខនេះ។

លោកបានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាស្ថាបនាផ្លូវនេះឡើង ក្នុងគោលបំណងដើម្បីសម្រួលចរាចរណ៍ ដល់ប្រជាពលរដ្ឋសិស្សានុសិស្ស ក៏ដូចជាសម្រួលការចរាចរណ៍ដល់ទេសចរណ៍ជិះកង់ រួមនិងកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍លើផ្លូវធំផងដែរ។ ផ្លូវនេះ កសាងក្នុងទិសដៅស្របនឹងផ្លូវកៅស៊ូដែលមានស្រាប់ និងឃ្លាតពីផ្លូវកៅស៊ូកន្លែងខ្លះមានប្រមាណ២៥ម៉ែត្រ ខ្លះមាន១០ម៉ែត្រ ដោយអាស្រ័យទៅតាមទីតាំងនិងស្ថានភាពដី៕

តើខេត្តព្រៃវែងមានសក្តានុពលនិងគំរោងវិនិយោគអចលនទ្រព្យយ៉ាងដូចម្តេច

ដោយៈ រ៉ាណេត

ព្រៃវែងៈ ជាខេត្តដែលមានភាពស្ងប់ស្ងាត់ និងត្រូវបានហ៊ុព័ទ្ធទៅដោយខេត្តចំនួន៤ដែលកំពុងតែមានសក្ដានុពល លើការវិនិយោគក្នុងវិស័យអចលនទ្រព្យ ព្រៃវែងហាក់ត្រូវបានបណ្តាអ្នកវិនិយោគ និងអភិវឌ្ឍន៍មើលរំលងបើប្រៀបជាមួយបណ្តាខេត្តដទៃទៀត។

ជាខេត្តដែលកំពុងតែមានសក្ដានុពល លើការវិនិយោគលើវិស័យអចលនទ្រព្យ និងដីធ្លី ចំនួន៤ រួមមានខេត្តកណ្តាល កំពង់ចាម ត្បូងឃ្មុំ និងខេត្តស្វាយរៀង សម្រាប់តែខេត្តព្រៃវែង ដែលស្ថិតនៅចំណុចកណ្តាល បែរជាមានសភាពស្ងប់ស្ងាត់ ឬមានសកម្មភាពអភិវឌ្ឍន៍លើវិស័យសំណង់តិចតួចប៉ុណ្ណោះ នៅតំបន់ទីប្រជុំជនកណ្តាលខេត្ត។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal លោកឧកញ៉ា នួន រិទ្ធី បានមានប្រសាសន៍ប្រាប់ទូរស័ព្ទកាលពីល្ងាចថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ ថា ព្រៃវែង ជាខេត្តដែលគេទៅហួសមកហួស ខុសប្លែកពីបណ្តាខេត្តដទៃទៀត ដោយសារតែខេត្តមួយនេះ ហាក់មិនសមស្របទៅនឹងតម្រូវការអភិវឌ្ឍន៍ លើវិស័យសំណង់នៅឡើយទេ។

លោកឧកញ៉ាបានបន្តទៀតថា “ជាទិដ្ឋភាពទូទៅ ព្រៃវែងគឺជាខេត្តដែលមានសក្ដានុពលសម្រាប់តែវិស័យកសិ-ឧស្សាហកម្ម តែប៉ុណ្ណោះ ហើយសក្ដានុពលនេះក៏មិនសូវពេញលេញដែរ ដោយសារតែអាចបង្កើបង្កើនផលបានតែក្នុងរដូវប្រាំង ដោយឡែកសម្រា​ប់រដូវវស្សាគឺមានទឹកជន់”។

លោកឧកញ៉ាបានមានប្រសាសន៍បន្តទៀតថា “ទីតាំងភូមិសាស្ត្ររបស់ខេត្តព្រៃវែងហាក់មិនសូវអំណោយផលដូចខេត្តដទៃនោះទេ ដែលក្រៅពីអាចមានលទ្ធភាពធ្វើស្រែចំការបានត្រឹមតែរដូវប្រាំង វិស័យទេសចរណ៍ក៏មានកម្រិតទាប ហើយចំនួនប្រជាជនក៏មានចំនួនតិច ខណៈដែលវិសាលភាពផ្ទៃដីមានភាពទូលាយច្រើន”។ លោកឧកញ៉ាបន្តថា “រាល់ការការវិនិយោគ គឺស្ថិតនៅលើគោលដៅនៃគម្រោងអភិវឌ្ឍន៍នានា របស់រដ្ឋាភិបាល ជាមួយនឹងកត្តាកំណើនប្រជាជន ដូច្នេះប្រសិនបើតម្រូវការជាក់ស្ដែងរបស់ប្រជាជននៅមានកម្រិត គម្រោងផែនការនៃការអភិវឌ្ឍរបស់រដ្ឋាភិបាល មិនទាន់មានគ្រប់គ្រាន់ អ្នកវិនិយោគគឺមានការប្រុងប្រយ័ត្នខ្ពស់ មុនពេលឈានដល់ការសម្រេចចិត្តបោះទុនដើម្បីបញ្ចៀសហានិភ័យ”។

ស្រដៀងគ្នានឹងការលើកឡើងខាងលើនេះ លោក ចក់ ស៊ីណាត អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Kraty Realty Co,.Ltd បានមានប្រសាសន៍ថា វិសាលភាពផ្ទៃដីនៅក្នុងខេត្តព្រៃវែងគឺទូលំទូលាយច្រើន ហើយសមស្របទៅនឹងវិស័យកសិកម្ម តែក្នុងរដូវប្រាំងតែប៉ុណ្ណោះ ដោយឡែកប្រជាជនក៏មានការចំណាកស្រុកច្រើន បន្ទាប់បញ្ចប់ការធ្វើស្រែប្រាំង។

លោកបានបន្តទៀតថា“សកម្មភាពទិញ-លក់ដីធ្លី កើតមានឡើងនៅពេលដែលមា​នតម្រូវការអភិវឌ្ឍទៅលើគម្រោងអ្វីមួយ ប៉ុន្តែបើគម្រោងអភិវឌ្ឍន៍មិនទាន់មាន នោះការទិញ-លក់ ក៏មិនសូវមានសកម្មភាពដែរ”។

លោកចក់ ស៊ីណាតបានបញ្ជាក់ថា បច្ចុប្បន្ននេះតាមការកត់សម្គាល់ សកម្មភាពនៃការទិញ-លក់ និងការអភិវឌ្ឍលើវិស័យលំនៅដ្ឋាន គឺមានតែនៅតំបន់ទីប្រជុំជននៃខេត្តតែប៉ុណ្ណោះ ហើយក្រៅពីនេះ ឃើញមានគម្រោងពុះដីឡូតិ៍។ លោកបន្តថា ភាពទាក់ទាញលើការវិនិយោគ និងអភិវឌ្ឍន៍សម្រាប់វិស័យឯកជននៅក្នុងខេត្តព្រៃវែង អាចស្ថិតនៅក្នុងរយៈពេលវែងទៀត ជាពិសេសក្រោយគម្រោងស្ថាបនាផ្លូវក្រវ៉ាត់ទី៣ និងទី៤ ត្រូវបានបញ្ចប់ការសាងសង់ ដែលមួយចំណែកនៃគម្រោងនេះស្ថិតនៅក្នុងទឹកដីខេត្តព្រៃវែង។

អភិបាលខេត្តព្រៃវែង ដើម្បីសុំការពន្យល់ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបាននៅឡើយទេ៕