តើស្ថាបត្យកម្មបែបណាដែលធានាបាននូវការចាប់អារម្មណ៍ក្នុងរយៈពេលវែងនិងផ្តល់ការរស់់នៅដោយផាសុខភាព

ដោយៈ រ៉ាណេត

ភ្នំពេញៈ ស្ថាបត្យកម្ម គឺជាផ្នែកលម្អិតទៅលើគ្រឿងបង្គុំនៃការសាងសង់ ដែលកើតចេញពីការស្រមើលស្រមៃស្របទៅតាមក្បួនខ្នាត មានលំនាំបន្តបន្ទាប់តាមការសិក្សា។ ស្ថាបត្យកម្មនៃសំណង់ខ្លះ មានការស្រមលស្រមៃខ្ពស់ និងស៊ីជម្រៅ អាចជាបញ្ហា ទាំងការចំណាយច្រើន និងផ្តល់ផលលំបាកដល់ការសាងសង់ ដែលមិនអាចមានលទ្ធភាពធ្វើទៅបាន ដូច្នេះការស្រមើលស្រមៃក៏ត្រូវវិភាគ និងពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយទៅលើរចនាបទ និងការរចនារបស់ខ្លួនផងដែរ។

អ្នកជំនាញផ្នែកស្ថាបត្យកម្ម និងនគរូបនីយកម្ម លោកបណ្ឌិត វ៉ាន់ វ៉ាត បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី៧ កុម្ភៈនេះថា រចនាបទមួយដែលអាចធានាបាននូវការចាប់អារម្មណ៍ក្នុងរយៈពេលយូរ គឺត្រូវមានបង្កប់នូវបច្ចេកទេសនៃស្ថាបត្យកម្ម ដែលអាចរក្សាបាននូវផាសុកភាពក្នុងការរស់នៅល្អប្រសើរ។ អ្វីដែលជាគន្លឹះក្នុងការស្រមើលស្រមៃប្រកបដោយគុណភាពខ្ពស់ គឺការសង្កេតមើលពីស្ថាបត្យកម្មដែលមានស្រាប់ និងមានភាពលេចធ្លោបន្សល់ពីអ្នកជំនាញជំនាន់មុន ជាក់ស្ដែងដូចជា សំណង់ដែលបន្សល់ទុកពីលោកតាបណ្ឌិតសាស្ត្រាចារ្យ វណ្ណ មូលីវណ្ណ ដែលជាបិតាស្ថាបត្យករខ្មែរ ហើយបូកបន្ថែមនូវគំនិតស្រមើស្រមៃផ្ទាល់ផ្ទាល់ខ្លួន។

លោកបន្តថា “ការធ្វើសមាហរណកម្មទៅលើស្ថាបត្យកម្មនានា ទាំងនៅក្នុងស្រុកដែលមានស្រាប់ ក៏ដូចជានៅតាមបណ្តាប្រទេសនានា ក៏ជាចំណុចសំខាន់ដែលត្រូវបានលើកយកមកសិក្សាបញ្ចូលគ្នា ដើម្បីបង្កើតបានជាស្ថាបត្យកម្មថ្មីមួយទៀត ដែលអាចធានាបាននូវការចាប់អារម្មណ៍ខ្ពស់”។

សំណង់លំនៅដ្ឋាននៅពេលបច្ចុប្បន្ននេះ ភាគច្រើនត្រូវបានសាងសង់ទៅតាមលំនាំនៃបរិបទការអភិវឌ្ឍសង្គម និងជាទំនោរចិត្តរបស់ប្រជាពលរដ្ឋ ដែលជាម្ចាស់គម្រោងតម្រូវចង់បាន ច្រើនជាងការកើតចេញពីការគិត និងគំនិតស្រមើលស្រមៃរបស់ស្ថាបត្យករដែលមានក្បួនតម្រាត្រឹមត្រូវ។

លោកបណ្ឌិត វ៉ាន់ វ៉ាត បានមានប្រសាសន៍បន្តទៀតថា មុនឆ្នាំ១៩៩០ គេនៅមិនទាន់បានគិតទៅលើការសាងសង់សំណង់លំនៅដ្ឋាន ដែលមានលក្ខណៈដូចជាបុរី សំណ​ង់ខុនដូ ឬអាផាតមិននោះទេ ស្របពេលដែលចំនួនមនុស្សមានមិនច្រើន ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចទំនាក់ទំនងការទូតរវាងបណ្តាប្រទេសនានា ក៏នៅមិនទាន់មានភាពទូលំទូលាយបើកចំហរសេដ្ឋកិច្ចទីផ្សារ ដែលស្ថិតនៅក្នុងតំណាក់កាលជាប្រទេសផែនការកម្ម ដែលមិនទាន់មានការគិតទៅលើស្ថាបត្យកម្មសំណង់ជាសំខាន់នោះទេ។

លោកបានបន្តថា ឆ្លើយតបទៅនឹងសំណួរដែលចោទសួរថា តើគួធ្វើសំណង់បែបណាដែលមានលក្ខណៈយូរអង្វែង មិនសាំ និងអាចធានាបាននូវការចាប់អារម្មណ៍មិនលើសសម័យកាល ចាំបាច់តត្រូវពឹងផ្អែកទៅលើកត្តាជាច្រើន ដូចជាកត្តាបច្ចេកទេសនៃការគិតគូរទៅលើតម្រូវការក្នុងការរស់នៅ ដោយមានការបែងចែកចាប់ពីកម្រិតសម្រាប់មនុស្សម្នាក់ សម្រាប់គ្រួសារដែលមានចំនួនសមាជិកតិច ឬសម្រាប់គ្រួសារដែលមានសមា​ជិកច្រើន ឱ្យស្របទៅនឹងស្ថានភាពនៃបរិយាកាសជុំសំណង់អគារផងដែរ។

លោកបន្តថា “អ្វីដែលជាចំណុចសំខាន់ គឺការចេះវិភាគ និងស្រមើលស្រមៃរបស់ស្ថាបត្យករ ទៅលើស្ថានភាព និងនៃទំហំតួក្នុងនៃអគារ ក៏ដូចជាការរៀបចំនូវទីតាំងបន្ទប់ ជណ្ដើរ ផ្ទះបាយ ក៏ដូចជាបន្ទប់រួមដែលធ្វើយ៉ាងណាមិនឱ្យមានភាពសាំញាំ ដោយត្រូវមានគម្លាតសមល្មម ដែលអាចទទួលបានពន្លឺធម្មជាតិគ្របគ្រាន់ រួមជាមួយនឹងលំហូរខ្យល់ចេញចូលផងដែរ”។

លោកបណ្ឌិត វ៉ាន់ វ៉ាត បានបញ្ជាក់ថា ការលើកឡើងទាំងអស់ខាងលើនេះ គឺគ្រាន់តែជាចំណែកតូចមួយ ដែលស្ថិតនៅក្នុងគំនិតនៃការគិតទៅលើសំណុំ នៃស្ថាបត្យកម្មតែប៉ុណ្ណោះ ដែលវាចាំបាច់ត្រូវការមានចំណែករួមផ្សំផ្សេងៗទៀតជាច្រើន។ ការគិត ការស្រមៃ និងការរួមបញ្ចូលនូវសមាហរណកម្ម គឺជាអ្វីចំណុចសំខាន់ ដែលត្រូវប្រកាន់យកធ្វើគោល៕

រដ្ឋបាលរាជធានីភ្នំពេញបង្ហាញប្លង់គម្រោងសាងសង់ផ្លូវថ្មីអមសងខាងផ្លូវរថភ្លើង

ដោយវុត្ថា

ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ តាមរយៈមន្ទីរសាធារណៈការ និងដឹកជញ្ជូនបានបង្ហាញប្លង់ម្រោងសាងសង់ផ្លូវថ្មី អមសងខាងផ្លូវរថភ្លើងចាប់ពីមហាវិថី គីម អ៊ីលស៊ុង ដល់មហាវិថី ឈ្នះ ឈ្នះ ដើម្បីកាត់បន្ថយការកកស្ទះចរាចរលើមហាវិថីសហព័ន្ឋរុស្សី។

យោងតាម មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលបានចុះផ្សាយនៅថ្ងៃទី៧ខែកុម្ភៈ ឆ្នាំ២០២០នេះឱ្យដឹងថា ផ្លូវថ្មីនេះក៏បានតភ្ជាប់ចរាចរពីផ្លូវល្បឿនលឿ​នភ្នំពេញ-ក្រុងព្រះសីហនុ ចេញចូលរាជធានីភ្នំពេញផងដែរ។

លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនរួមជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះបានចុះសិក្សាគម្រោងសាងសង់ផ្លូវអមសងខាងរថភ្លើង ចាប់ពីស្ថានីយ៍រថភ្លើងដើមទី ក្នុងសង្កាត់ស្រះចក ទៅដល់រ៉ារថភ្លើងសំរោង ក្នុងខណ្ឌពោធិ៍សែនជ័យ ក្នុងគោលដៅកាត់បន្ថយការកកស្ទះចរាចរណ៍ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលបានថ្លែងថា ការធ្វើផ្លូវនេះ រដ្ឋបាលរាជធានីភ្នំពេ​ញ នឹងស្នើសុំថវិកាពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការឯកភាពពីសម្តេចតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាទើបអាចដំណើរការបាន។

លោកបន្តថា “បញ្ហាចម្បងក្នុងការធ្វើផ្លូវ គឺផលប៉ះពាល់ ប៉ុន្តែលោកអភិបាលរាជធានីភ្នំពេញ នឹងមានគម្រោងដោះស្រាយ ដោយសារលោកបានរៀបចំអស់ហើយ”។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញឱ្យដឹងដែរថា បច្ចុប្បន្នផ្លូវសហព័ន្ធរុស្ស៊ីមានការកកស្ទះយ៉ាងខ្លាំង ហេតុនេះបើមានផ្លូវអមសងខាងរថភ្លើង ហើយតភ្ជាប់រហូតដល់ផ្លូវល្បឿនលឿន រាជធានីភ្នំពេញ-ខេត្តព្រះសីហនុ ប្រយោជន៍នេះនឹងបានទៅលើប្រជាពលរដ្ឋធំធេងណាស់៕

នៅសល់រយៈពេល ៥ ថ្ងៃទៀត គណៈកម្មការអឺរ៉ុបនឹងប្រកាសលទ្ធផលប្រព័ន្ធអនុគ្រោះពន្ធ EBA របស់កម្ពុជា

ដោយ ប៊ី

ភ្នំពេញ៖ គណៈកម្មការអឺរ៉ុបនឹងបង្ហាញលទ្ធផលនៃដំណើរការដក ឬមិនដកប្រព័ន្ធអនុគ្រោះពន្ធ EBAរបស់កម្ពុជានៅថ្ងៃទី ១២ ខែកុម្ភៈខាងមុខនេះ ខណៈសហគមន៍អឺរ៉ុបបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើឱ្យមានការគំរាមដើម្បីដាក់ទណ្ឌកម្មពាណិជ្ជកម្មប្រឆាំងនឹងប្រទេសកម្ពុជាដែលជាលទ្ធផលនៃការរំលោភសិទ្ធិមនុស្ស។

គណៈកម្មការអឺរ៉ុប ដែលជាក្រុមប្រតិបត្តិរបស់សហគមន៍អឺរ៉ុប មានគោលបំណងនៅសប្តាហ៍ក្រោយដើម្បីសំរេចព្យួរគោលនយោបាយ ដែលអនុញ្ញាតឱ្យប្រទេសកម្ពុជានាំចេញទំនិញទាំងអស់លើកលែងតែអាវុធគ្មានពន្ធ និងកូតាទៅក្នុងប្លុកនេះ។ នេះបើយោងតាមមន្រ្តីដែលបានដឹងពីផែនការនេះ។

ការផ្លាស់ប្តូរ ដែលគ្រោងធ្វើនៅថ្ងៃទី ១២ ខែកុម្ភៈ នឹងជំរុញឱ្យមានការអនុគ្រោះពន្ធសហភាពអឺរ៉ុបលើទំនិញពីប្រទេសកម្ពុជានៅ ៦ ខែក្រោយ ប្រសិនបើរដ្ឋាភិបាលនៃប្រទេសជាសមាជិក ឬសភាអឺរ៉ុបបានជំទាស់ក្នុងពេលរាប់ថយក្រោយនេះ។ គណៈកម្មការនេះទំនងជារើសយកផ្នែកខ្លះ ជាជាងការផ្អាកពេញលេញនូវការអនុគ្រោះពាណិជ្ជកម្មរបស់ប្លុកសម្រាប់កម្ពុជា។

អ្នកនាំពាក្យគណៈកម្មាធិការដែលមានមូលដ្ឋាននៅទីក្រុងប្រ៊ុចសែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលមួយកាលពីថ្ងៃព្រហស្បតិ៍ថា “រាល់វិធានការណ៍ដែលអាចកើតមានប្រាកដជានឹងមានតុល្យភាពដើម្បីដោះស្រាយការរំលោភសិទ្ធិមនុស្សប្រកបដោយប្រសិទ្ធភាព។ ដំណើរការនេះកំពុងត្រូវបានធ្វើឡើងដោយមានការពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយសភាអឺរ៉ុប និងប្រទេសជាសមាជិកសហភាពអឺរ៉ុប”។

សហគមន៍អឺរ៉ុបកំពុងព្យាយាមជំរុញការផ្លាស់ប្តូរឥរិយាបទនយោបាយរបស់កម្ពុជា ខណៈពេលដែលមានការប្រុងប្រយ័ត្នក្នុងការធ្វើឱ្យខូចខាតដល់សេដ្ឋកិច្ចរបស់ប្រទេសនេះ ដែលឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ចំនួន ៥ ពាន់លានដុល្លារជួលមនុស្ស ៣ ភាគ ៤ នៃប្រជាជនរាប់លាននាក់ និងជាអ្នកនាំចេញធំជាងគេ។

កម្ពុជាទទួលបានប្រព័ន្ធ “អ្វីៗទាំងអស់លើកលែងតែអាវុធ” ឬEBA របស់សហភាពអឺរ៉ុបដែលជាផ្នែកដ៏សប្បុរសបំផុតនៃគម្រោងប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់ប្លុកសម្រាប់ប្រទេសក្រីក្រនៅជុំវិញពិភពលោក។

គណៈកម្មការនេះ បានឱ្យដឹងថា ការនាំចូលពីសហគមន៍អឺរ៉ុបពីប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៨ មានតម្លៃ ៥,៤ ពាន់លានអឺរ៉ូ (៥,៩ ពាន់លានដុល្លារ) ការនាំចេញមានដូចជា សម្លៀកបំពាក់ និងវាយនភ័ណ្ឌមានប្រមាណ ៣ ភាគ ៤ នៃចំនួនសរុប។

សេចក្តីសម្រេចរបស់សហគមន៍អឺរ៉ុបនៅថ្ងៃទី ១២ ខែកុម្ភៈនឹងបង្ហាញលទ្ធផលនៃដំណើរការរយៈពេលមួយឆ្នាំក្នុង កំឡុងពេលដែលគណៈកម្មការបានតាមដានស្ថានការណ៍នៅកម្ពុជា និងបានបង្កើតរបាយការណ៍ស្តីពីការរំលោភសិទ្ធិមនុស្សនៅទីនោះ៕

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា សម្រេចផ្លាស់ប្តូរប្រធានមន្ទីររៀបចំដែនដីខេត្តកណ្តាល

ដោយវុត្ថា
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីសម្រេចផ្លាស់ប្តូរប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល ដោយលោក សុក កាន់ណារិទ្ធ ត្រូវបានតែងតាំងជាប្រធានមន្ទីរជំនួស លោក លឹម ចាន់សូភី ដែលត្រូវចាត់ឲ្យមកបម្រើការងារនៅ ទីស្តីការក្រសួងរៀបចំដែនដី។

យោងតាមសេចក្តីសម្រេចដែលចុះហត្ថលេខាដោយ លោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគូរបនីយកម្ម និងសំណង់កាលពីថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២០ កន្លងមកនេះមានខ្លឹមសារថា បញ្ចប់ភារកិច្ច លោក លឹម ចាន់សុភី ពីប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល ដោយចាត់ឱ្យមកបំរើការងារនៅនាយកដ្ឋានអភិរក្សសុរិយោដីចំណុះអគ្គនាយកដ្ឋាន និងភូមិសាស្ត្រនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ប្រការ២ នៃសេចក្តីសម្រេចដដែល បន្តថា តែងតាំង លោក សុក កាន់ណារិទ្ធ ជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាលជំនួសលោក លឹម ចាន់សូភី៕

៨ចំណុចៈជំរុញអ្នកឱ្យជោគជ័យក្នុងវិស័យជំនួញ

ដោយៈរ៉ាណេត

ភ្នំពេញៈ នៅលើទីផ្សារនៃការធ្វើជំនួញនាពេលបច្ចុប្បន្ននេះ លោកអ្នកចាំបាច់ត្រូវតែមានភាពបត់បែនតាមកាលៈទេសៈ និងមានជំនាញច្បាស់លាស់ ក្នុងការធ្វើផែនការអាជីវកម្មជាមុន ដើម្បីបញ្ចៀសហានិភ័យ និងទទួលបានជោគជ័យលើមុខជំនួញ។

មានមនុស្សជាច្រើន បានចាប់ផ្តើមដំណើរការអាជីវកម្ម ហើយក៏បិទទ្វារទៅវិញក្នុងរយៈពេលដ៏ខ្លី ដោយសារតែពួកគេទាំងនោះគិតថា ការបើអាជីវកម្ម ឬផ្តើមធ្វើជំនួញគឺជារឿងងាយស្រួល ដូចបើកទ្វារការិយាល័យ សំខាន់ឱ្យតែមានលុយដំណើរការ។ តាមពិតទៅការរកលុយក្នុងអាជីវកម្ម គឺមានបញ្ហាស្មុគស្មាញជាច្រើនដែលត្រូវប្រឈម និងដោះស្រាយ។

ជាការចូលរួមចំណែកចែកជាគំនិត និងចំណេះដឹងខ្លីៗក្នុងការបង្កើតអាជីវកម្ម គេហទំព័រ Propertyarea.asia សូមលើកយកគន្លឹះសំខាន់ចំនួន៨ ដែលដកស្រង់ចេញពីគម្ពីមគ្គុទេសអាជីវកម្ម មកបង្ហាញលោកអ្នក ដើម្បីចាប់អនុវត្តឱ្យទទួលបានជោគជ័យក្នុងអាជីវកម្មរបស់ខ្លូន។

ចំណុចសំខាន់ៗទាំងអស់នោះរួមមាន

១/ ត្រូវមានការរៀបចំផែនការមុនៈ ដើម្បីទទួលជោគជ័យក្នុងមុខជំនួញ លោក អ្នកត្រូវមានការរៀបចំ ផែនការទុកមុនអោយបានរួចរាល់។ ជាពិសេសរៀបចំរចនាសម្ព័ន្ធ និងជួយអ្នកឱ្យបំពេញភារកិច្ចតាមផែនការ ហើយបន្តនូវអ្វីដែលត្រូវធ្វើ។

វិធីល្អក្នុងការធ្វើដូច្នេះ គឺបង្កើតបញ្ជីរការងារ ដែលត្រូវធ្វើជារៀងរាល់ថ្ងៃ។ នៅពេលអ្នកបញ្ចប់ធាតុនិមួយៗ សូមពិនិត្យមើលចំពោះបញ្ជីទាំងនោះឡើងវិញ។

២/ បន្តកត់ត្រាអោយលម្អិតៈ អាជីវកម្ម ដែលទទួលបានជោគជ័យទាំងអស់ ត្រូវមានកំណត់ត្រាឲ្យបាន លម្អិត និងជាក់លាក់។ កំណត់ត្រាលំអិតនេះហើយ ដែលអាចឲ្យអ្នកនឹងដឹងថា តើជំនួញត្រូវចំណាយហិរញ្ញវត្ថុប៉ុន្មាន និងអ្វីដែលអ្នកអាចប្រឈម។ គ្រាន់តែដឹងរឿងនេះ ផ្តល់ឱ្យអ្នកនូវពេលវេលា ដើម្បីបង្កើតយុទ្ធសាស្ត្រ ដើម្បីយកឈ្នះលើបញ្ហាប្រឈមទាំងនោះ។

៣/ ធ្វើការវិភាគក្នុងការប្រកួតប្រជែងៈ ការប្រកួតប្រជែងបង្កើតបានលទ្ធផលល្អបំផុត ដើម្បីទទួលបានជោគជ័យអ្នកមិនអាចខ្លាចរៀន និងរៀនពីដៃគូប្រកួតប្រជែងរបស់អ្នកនោះឡើយ។ យ៉ាងណាមិញពួកគេអាចធ្វើអ្វីដែលត្រឹមត្រូវ ដែលអ្នកអាចអនុវត្តនៅក្នុងអាជីវកម្មរបស់អ្នកដើម្បីរកប្រាក់បានច្រើន។

៤/ ជាអ្នកមានគំនិតច្នៃប្រឌិតៈ ត្រូវស្វែងរកវិធីដើម្បីកែលម្អអាជីវកម្មរបស់អ្នក និងធ្វើឱ្យវាលេចធ្លោចេញ ពីការប្រកួតប្រជែងអាជីវកម្ម។ សូមទទួលស្គាល់ថា អ្នកមិនដឹងអ្វីគ្រប់យ៉ាងហើយបើកចំហចំពោះគំនិតថ្មីៗ និងវិធីសាស្ត្រថ្មីៗ ចំពោះអាជីវកម្មរបស់អ្នក។

៥/ ត្រូវផ្តោតអារម្មណ៍ៈ ពាក្យចាស់លោកថា “គ្មានផ្ទះណាត្រូវបានសាងសង់រួចរាល់ ក្នុងរយៈពេលមួយថ្ងៃទេ”។ ក្នុងន័យនេះ អ្នកធ្វើអាជីវកម្មមួយមិនមានន័យថា អ្នកនឹងរកប្រាក់បានភ្លាមៗនោះទេ។ វាត្រូវការពេលវេលាដើម្បីឱ្យមនុស្សដឹងថា អ្នកជានរណា ដូច្នេះចូរបន្តផ្ដោតអារម្មណ៍លើការសម្រេចបាននូវគោលដៅនេះ។

៦/ រៀបចំការលះបង់ៈ ការឈានមុខគេក្នុងការចាប់ផ្តើមអាជីវកម្ម គឺជាការងារដ៏លំបាកបំផុត ។ ក្នុងករណីជាច្រើន អ្នកត្រូវចំណាយពេលច្រើនជាងពេល ដែលអ្នកធ្វើការឱ្យអ្នកដទៃ។ ជាលទ្ធផលអ្នកត្រូវតែធ្វើការលះបង់ដូចជា ចំណាយពេលតិចជាមួយគ្រួសារ ជាពិសេស មិត្តភក្តិ ដើម្បីទទួលជោគជ័យ។

៧/ ត្រូវផ្តល់សេវាដ៏ល្អប្រសើរជាងគេៈ មានអាជីវកម្មដែលទទួលបានជោគជ័យជាច្រើន ដែលភ្លេចថាការផ្តល់សេវាអតិថិជនដ៏ល្អជាងគេ គឺមានសារៈសំខាន់ណាស់។ ប្រ​សិនបើអ្នកផ្តល់នូវសេវាកម្មល្អប្រសើរ សម្រាប់អតិថិជនរបស់អ្នក ពួកគេនឹងមានទំនោរចង់មករកអ្នកនៅពេលដែលពួកគេត្រូវការអ្វីមួយ ជំនួសឱ្យការចូលរួមប្រកួតរបស់អ្នក។

៨/ ត្រូវមានស្ថេរភាពៈ ភាពស្រុះស្រួលគ្នា គឺជាសមាសធាតុដ៏សំខាន់ ក្នុងការរកលុយក្នុងជំនួញ។ អ្នកត្រូវតែបន្តធ្វើអ្វីដែលចាំបាច់ ដើម្បីទទួលបានជោគជ័យទាំងនៅខាងក្នុង និងខាងក្រៅ។ នេះនឹងបង្កើតជាទម្លាប់វិជ្ជមាន ដែលនឹងជួយអ្នករកលុយក្នុងរយៈពេលវែងបានដោយស្រួល៕

ចំណេះដឹង! អ្វីជាមូលដ្ឋានគិតពន្ធលើអចលនទ្រព្យ?

ដោយវុត្ថា

ភ្នំពេញៈ យោងតាមប្រការ ៦ នៃប្រកាសលេខ ៤៩៣ សហវ.ប្រក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១០ស្ដីពីការ ប្រមូលពន្ធលើអចលនទ្រព្យបានឱ្យដឹងថា មូលដ្ឋានគិតពន្ធលើអចលនទ្រព្យ គឺជាតម្លៃអចលនទ្រព្យ ដែលត្រូវបានអនុញ្ញាតឱ្យ កាត់បន្ថយនូវទឹកប្រាក់ចំនួន១០០.០០០.០០០(មួយរយលាន)រៀល។

គេសង្កេតឃើញថា នេះជាការអនុគ្រោះលើកទី១ ប៉ុន្ដែវិធាននេះមិនត្រូវបានយកអនុវត្ដន៍ទេ ចាប់តាំងពីកាលបរិច្ឆេទនៃការចេញប្រកាសខាងលើមក។លុះមកដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១១ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្កើតប្រកាសមួយទៀត លេខ ៣៧១ សហវ.ប្រកស្ដីពី តម្លៃគិតពន្ធលើអចលនទ្រព្យ ក្នុងជំហ៊ានដំបូង មូលដ្ឋានសម្រាប់គិតពន្ធលើអចលនទ្រព្យ គឺ៨០(បែតសិប)ភាគរយ នៃតម្លៃអចលនទ្រព្យសរុប (ទាំងតម្លៃដីនិងតម្លៃសំណង) ដោយកាត់បន្ថយនូវទឹកប្រាក់ចំនួន ១០០.០០០.០០០ (មួយរយលាន)រៀល។

មូលដ្ឋានគិតពន្ធ = (តម្លៃអចលនទ្រព្យសរុប x ៨០%)-១០០.០០០.០០០ រៀល

រូបមន្គគណនាពន្ធ

ជាគោលការណ៍ ពន្ធលើអចលនទ្រព្យ tax on real property ត្រូវគណនាតាមរូបមន្ដ ដូចជា ពន្ធលើអចលនទ្រព្យ = មូលដ្ឋានគិតពន្ធ x អត្រាពន្ធ។ ពន្ធលើអចលនទ្រព្យ ត្រូវប្រមូលប្រចាំឆ្នាំតាមអត្រា ០.១% លើមូលដ្ឋានកំណត់ពន្ធ។

ពន្ធលើអចលនទ្រព្យ = [(តម្លៃអចលនទ្រព្យសរុប x ៨០%) – ១០០.០០០.០០០ រៀល] x ០.១% ។តម្លៃអចលនទ្រព្យសរុប បង្កើតឡើងដោយតម្លៃដីរួមផ្សំនឹងតម្លៃសំណង់៕

តើនឹងមានអ្វីកើតឡើងចំពោះកម្ពុជាស្របពេលការប្រកាសពីប្រព័ន្ធអនុគ្រោះព័ន្ធEBA នឹងធ្វើឡើងឆាប់ៗនេះ?

ដោយ ប៊ី

ភ្នំពេញៈ វាមិនមែនជារឿងចម្លែកចំពោះការជជែក វែកញែកដ៏ចម្រូងចម្រាស និងមានកិច្ចការពិភាក្សា ពីគ្រប់ទិសទីអស់រយៈពេលជាច្រើនខែ អំពីបញ្ហាប្រព័ន្ធអនុគ្រោះលើការនាំចេញ “អ្វីគ្រប់យ៉ាងលើកលែងអាវុធ” ឬEBA របស់កម្ពុជា ខណៈជាមួយដំណើរដក ឬមិនដកប្រព័ន្ធអនុគ្រោះព័ន្ធចេញពីកម្ពុជា នៅសល់រយៈពេលមិនយូរទក្នុងខែនេះ ប្រជាជន និងពិភពលោកនឹងដឹងព័ត៌មាននេះថា ដក ឬមិនដកប្រព័ន្ធអនុគ្រោះពន្ធនេះ។

ស្របពេលដែលដំណើរពិនិត្យប្រព័ន្ធអនុគ្រោះ EBA នេះ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បាងបង្ហាញថា អឺរ៉ុបសព្វថ្ងៃនេះ មានទំនាក់ទំនងមិនល្អជាមួយអាស៊ាន។

ជាការពិតដែលថា ប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ីត្រូវរំខាន ដោយសហភាពអឺរ៉ុបដែលបានបញ្ឈប់ការនាំចូលប្រេងដូង ដែលជាគោលនយោបាយបរិស្ថាន ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ប្រទេសផលិតប្រេងដូង ធំជាងគេពីរនៅលើពិភពលោក។

ប្រទេសទាំងពីរបានគំរាមថា នឹងយកករណីទៅអង្គការពាណិជ្ជកម្មពិភពលោកជុំវិញការហាមឃាត់នេះ។ សហគមន៍អឺរ៉ុបក៏កំពុងព្យាយាមធ្វើអ្វីមួយ (អ្វីក៏ដោយដែលអាចកើតឡើង) អំពីអំពើប្រល័យពូជសាសន៍របស់ជនជាតិរ៉ូហ៊ីងយ៉ា នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងការរំលោភសិទ្ធិមនុស្ស នៅក្នុងប្រទេសហ្វីលីពីន ដែលប្រទេសទាំងពីរមានការព្រួយបារម្ភអំពីការចូលរួមពីបរទេសនៅក្នុងកិច្ចការរបស់ពួកគេ។

រឿងរ៉ាវនេះកើតឡើង នៅពេលដែលសហភាពអឺរ៉ុប ធ្វើការសំរេចចិត្តចុងក្រោយ បន្ទាប់ពីមានការជជែកជាច្រើនឆ្នាំ ទៅលើជោគវាសនានៃសេដ្ឋកិច្ច របស់ប្រទេសទាំងពីរគឺកម្ពុជា និងវៀតណាម។ នៅចុងខែនេះ គណៈកម្មការអឺរ៉ុប នឹងផ្សព្វផ្សាយរបាយការណ៍ចុងក្រោយរបស់ខ្លួនស្តីពីថា តើត្រូវដកកម្ពុជាចេញពីគម្រោងប្រព័ន្ធ EBA និងកូតាដល់ការនាំចេញរបស់កម្ពុជាស្ទើរតែទាំងអស់។ ខណៈអឺរ៉ុប គឺជាទីផ្សារនាំចេញធំបំផុតរបស់ប្រ​ទេសកម្ពុជា ពន្ធគយថ្មីអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ចពឹងផ្អែកលើការនាំចេញរបស់ប្រទេស។

ទន្ទឹមនឹងនេះ សភាអឺរ៉ុបនឹងធ្វើការសម្រេចចុងក្រោយស្តីពីថា តើត្រូវទទួលយកពាណិជ្ជកម្មសេរីជាមួយវៀតណាម (ដែលគេស្គាល់ថា EVFTA) បន្ទាប់ពីវាត្រូវបានអនុម័តដោយស្ថាប័នអឺរ៉ុបដទៃទៀតឬយ៉ាងណា។

សេដ្ឋវិទូនៅទីក្រុងហាណូយបានចាត់ទុកនេះ ជាចុងក្រោយអាចជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម រហូតដល់៧ភាគរយក្នុងរយៈពេលមួយទសវត្សរ៍។

បក្សកុម្មុយនិស្តនៅទីក្រុងហាណូយ បានរង់ចាំអស់សង្ឃឹមអស់រយៈពេលជាច្រើនឆ្នាំ នៅពេលដែលវឌ្ឍនភាពនៃកិច្ចEVFTA បានប្រឈមនឹងការពន្យារពេលនៅទីក្រុងព្រុចសែល។

ទីក្រុងភ្នំពេញព្យាករណ៍រួចហើយ ពីការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចក្នុងឆ្នាំនេះ ដោយសារការធ្លាក់ចុះ នៃកំណើនសេដ្ឋកិច្ចពិភពលោក ពី៧ ភាគរយក្នុងឆ្នាំ ២០១៩ ដល់ ៦.៥ ភាគរយ ខណៈIMF ព្យាករថាការដក EBA អាចកាត់បន្ថយកំណើន៣ភាគរយនៅឆ្នាំនេះ ហើយធនាគារពិភពលោកប៉ាន់ស្មានថា ការនាំចេញនឹងធ្លាក់ចុះក្នុងតម្លៃ៦៥៤លានដុល្លារ។

សមាគមរោងចក្រកាត់ដេរនៅម្ពុជា ដែលជាតំណាងរោងចក្រចំនួន៥៨០ នៅកម្ពុជាបានអះអាងបន្តថា ដោយសារតែការគាំទ្ររបស់សហភាពអឺរ៉ុប តាមរយៈកម្មវិធី EBA ប្រជាពលរដ្ឋកម្ពុជា រាប់លាននាក់បានចេញផុតពីភាពក្រីក្រ និងបានរួមចំណែកយ៉ាងខ្លាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេស។

កម្មករចំនួន៧៥០,០០០នាក់នៅក្នុងឧស្សាហកម្មនេះ តំណាងជាងពាក់កណ្តាលនៃកម្លាំងការងារសរុប ក្នុងប្រព័ន្ធរបស់ប្រទេសកម្ពុជា ហើយឧស្សាហកម្មនេះផ្តល់ការគាំទ្រចំណូលផ្ទាល់ដល់គ្រួសារជាង២០ភាគរយ នៃគ្រួសារទាំងអស់នៅក្នុងប្រទេសកម្ពុជា។ ជាង៨០ភាគរយ នៃកម្មកររបស់យើងជាស្ត្រី ហើយពួកគេភាគច្រើនបំផុតមានអាយុក្រោម ៣៥ឆ្នាំ។

សរុបទៅកម្មវិធី EBA មានផលវិជ្ជមានដល់ជីវិត ប្រជាពលរដ្ឋប្រមាណ៣លាននាក់ក្នុងប្រទេសកម្ពុជា៕

វិភាគៈពាក្យសន្យាក្រោមដុំព្រិលរបស់ប្រធានាធិបតីចិន តើអ្នកវិនិយោគចិននឹងត្រលប់មកវិញឬយ៉ាងណា?

ដោយ​យិន​ លាង​គង់ ​ស្ថាបនិក​ និង​ជា​អគ្គនាយក​ Propertyarea.asia​

ព្រះ​សី​ហនុៈ​ ភាសាកាទូតក្នុងនាមជាមិត្តយល់ចិត្ត ដែលស្គាល់សុខទុក្ខគ្នាក្នុងគ្រាលំបាក ពិតជាមិនងាយរកបាននោះទេ ហេតុនេះទើបក្នុងជំនួបក៏ក្រៀមក្រំមួយ ក្នុងពេល​ប្រជាជនខ្លួនឯងមានទុក្ខសោក សម្តេចតេជោបានបង្ហាញខ្លួន ក្នុងនាមជាមិត្ត ជាមេដឹកនាំ ពោរពេញដោយសមាណចិត្តម្នាក់ ដើម្បីចូលរួមផ្តល់កំលាំងចិត្តដល់មហាមិត្តចិន។

ក្នុងជំនួបរយៈពេលខ្លីមួយ ក្រៅពីការបង្ហាញនូវក្តីរីករាយ និងចែករំលែកនូវទស្សនរួម តាមរយៈកិច្ចប្រជុំកំពូល ប្រធានាធិបតីចិនលោកហ្សី ជីនពីងបានថ្លែងថា ចិន និងកម្ពុជាជាមិត្តដែកថែប។

ជាមួយនឹងសារប្រកបដោយភាពកក់ក្តៅ ប្រធានាធិបតីចិនរូបនេះ បានសន្យាជាមួយសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាថា លោកនឹងជំរុញអ្នកវិនិយោគចិន ឲ្យមកវិនិយោគនៅកម្ពុជាកាន់តែច្រើន ប៉ុន្តែលោកបានស្នើសុំភាគីកម្ពុជាការពារអ្នកវិនិយោគចិន ដែលបាននិងកំពុងមកវិនិយោគនៅកម្ពុជាផងដែរ។

លោកប្រធានាធិបតីចិនបានប្រាប់សម្តេចតេជោផងដែរថា លោកនឹងផ្តល់ជំនួយ និងជំរុញការអភិវឌ្ឍន៍នៅខេត្តព្រះសីហនុ ដែលកំពុងរងការស្លោកស្រពោនបន្តិច បន្ទាប់ពី​ការបិទហ្គេមអនឡាញយ៉ាងតក់ក្រហក់ពីសំណាក់រដ្ឋាភិបាល។

សក្តានុពលខេត្តព្រះសីហនុ

យុគមាស​នៃ​ហ្គេម​អន​ឡា​ញនៅ​កម្ពុជា​បាន​បញ្ចប់​ ជាមួយនឹង​ការ​ខកចិត្ត​មួយចំនួន​ ពិសេស​ប្រជាពលរដ្ឋ​ដែល​បាន​វិនិយោគ​ សាងសង់​អាគារ​នៅ​ក្រុង​ព្រះសីហនុ​។ ប៉ុន្តែ​ការ​បញ្ចប់​ហ្គេម​អន​ឡាញ​មិនមែន​មានន័យថា​ ជា​ការ​បញ្ចប់​នូវ​សក្តា​នុ​ពល​ និង​ការ​អភិវឌ្ឍ​នៅ​ក្រុង​ព្រះសីហនុ​នោះ​ទេ​។

ប៉ុន្តែ​សំណួរ​នៅត្រង់​ថា ​តើ​ខេត្ត​នេះ​អាច​អភិវឌ្ឍន៍​ និង​បន្ត​ក្លាយជា​កំលាំង​ស្រូប​ទាញ​ ដើម្បី​បង្កើន​លំហូរ​វិនិយោគ​បន្ថែម​ទៀត​យ៉ាងដូច​ម្តេច​? នោះ​ជា​រឿង​មួយ​ដែល​យើង​ត្រូវ​សម្លឹង​មើល​ ទៅលើ​គោលនយោបាយ​របស់​រដ្ឋាភិបាល​ និង​កំលាំង​ចលករ​ជំ​រុ​ញកំនើន​សេដ្ឋកិច្ច​របស់​ខេត្ត​នេះ​ដោយ​ប្រុងប្រយ័ត្ន​។

គោលនយោបាយ​របស់​រដ្ឋាភិបាល​

រដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​ វិស័យ​ឧស្សាហកម្ម​ឆ្នាំ២០១៥​ ២០២៥​ នៅ​ខែតុលា​ ឆ្នាំ២០១៥​។ គោលនយោបាយ​នេះ​ មាន​គោលដៅ​ដើម្បី​ជំរុញ​ និង​ពន្លឿន​កំនើន​សេដ្ឋកិច្ច​របស់​ប្រទេស​ពីអ​តិ​ពលកម្ម​ ទៅជា​សេដ្ឋកិច្ច​ដែល​ពឹងផ្អែក​លើ​ជំនាញ​ ពិសេស​នៅក្នុង​គោលនយោបាយ​នេះ​ រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ខេត្ត​ព្រះសីហនុ​ជា​តំបន់ឧស្សាហកម្ម​ និង​កាលពី​ពេល​ថ្មី​ៗនេះ ​បាន​ដា​ក់ច​ឲ្យ​ខេត្ត​ព្រះសីហនុ​ ជា​តំបន់​សេដ្ឋកិច្ច​ពហុ​បំណង​។

ជាល​ទ្ឋ​ផល​នៃ​គោលនយោបាយ​នេះ​ បាន​ធ្វើឲ្យ​ខេត្ត​នេះ​មាន​ល្បឿន​នៃ​ការ​អភិវឌ្ឍ​ថ្មី​មួយ​ ដោយ​ទាក់ទាញ​ការ​វិនិយោគ​ដ៏​ច្រើន​ពី​ប្រទេស​ចិន​ និង​បណ្តា​ប្រទេស​ក្នុង​តំបន់​។

ការ​រីកចម្រើន​ដ៏​លឿន​នេះ​ បាន​ធ្វើឲ្យ​មនុស្សជា​ច្រើន​រីករាយ​ នឹង​ផលប្រយោជន៍​ជាច្រើន​ដែល​ទទួល​បាន​ពី​កំនើ​ននៃ​ការ​វិនិយោគ​។ ជាល​ទ្ឋ​ផល​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុង​នេះ​ បាន​ទទួល​ចំណូល៣៧២៦ដុល្លារ​ សំរាប់​មនុស្សម្នាក់​ក្នុង​មួយឆ្នាំ​នៅ​ឆ្នាំ២០១៩នេះ​។

ការ​កើនឡើង​នូវ​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​ បាន​ធ្វើឲ្យ​អំណាច​នៃ​ការទិញ​កើនឡើង​ជា​ស្វ័យប្រវត្តិ​ ដែល​ធ្វើឲ្យ​ខេត្ត​នេះ​មានការ​រីកចម្រើន​ លើ​វិស័យ​បដិសណ្ឋារ​កិច្ច​ វិស័យ​លក់រាយ​ និង​កំនើ​ននៃ​ការ​មកដល់​របស់​ភ្ញៀវ​ទេសចរណ៍​ជាតិ​ អន្តរជាតិ​។

គោលនយោបាយ​ខ្សែ​ក្រ​វ៉ាត់ ​និង​ផ្លូវ​

ក្រុង​ព្រះសីហនុ​ បាន​ស្ថិតនៅ​ក្នុង​របៀង​ នៃ​ការអនុវត្ត​គោលនយោបាយ​ខ្សែ​ក្រ​វ៉ាត់១​ ផ្លូវ១របស់​ប្រទេស​ចិន​ ដែល​ធ្វើឲ្យ​ខេត្ត​នេះ​ប្រៀប​បាន​នឹង​មេដែក​ឆក់​មួយ​ ក្នុង​ការ​អូសទាញ​អ្នក​វិនិយោគ​ជាតិ​ និង​អន្តរជាតិ​ ពិសេស​អ្នក​វិនិយោគ​មក​ពី​ប្រទេស​ចិន​ ហើយ​ភាព​ទាក់ទាញ​របស់​ខេត្ត​នេះ​បាន​និង​កំពុង​បន្ត​។

 

ជាក់ស្តែង​ខេត្ត​នេះ​ បាន​ទាក់ទាញ​ការ​វិនិយោគ​ ដោយ​បច្ចុ​ប្ប​ន្ម​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន៥​ ​កំពុង​ដំណើរការ​ មាន​រោងចក្រ​ តូច​ -ធំ​ ​សរុប​ ២១០កន្លែង​ សិប្បកម្ម​ ​អាជីវកម្ម​ ខ្នាត​ តូច​ ១.០៣៧​ កន្លែង​ និង​ស្រូប​យកកម្លាំង​ពលកម្ម​ ៨១.៤៧៥នាក់​ ហើយ​ទុន​វិនិយោគ​ លើ​វិស័យ​ឧស្សាហកម្ម​ មាន​ទំហំ​ប្រមាណ៨ពាន់​លាន​ដុល្លារ​អាមេរិក​។

ការ​រីកចម្រើន​វិស័យ​ឧស្សាហកម្ម​បាន​និង​កំពុង​បន្ត​ ជាមួយ​នឹង​សក្តា​នុ​ពល​របស់​ខេត្ត​ ដែល​មាន​ស្រាប់់​ទាំង​កំលាំង​ពលកម្ម​ថោក​ ទាំង​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ល្អ​ប្រសើរ​ ទាំង​ធនធាន​ធម្មជាតិ​ដ៏​សម្បូរ​បែប​។

នេះ​ជា​សក្តា​នុ​ពល​មួយ​ដែល​បាន​ និង​កំពុង​ស្រោចស្រព​លំហូរ​សាច់ប្រាក់​ទៅ​គ្រប់​ទីកន្លែង​ និង​ជា​កំលាំង​ចលករ​ថ្មី​ ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ​ជាតិ​ និង​អន្តរជាតិ​កាន់តែ​ច្រើន​ថែមទៀត​។

ខេត្ត​ព្រះសីហនុ​អាច​និយាយ​បាន​ថា​ ជា​ខេត្ត​មាន​លក្ខណៈ​ពិសេស​ជាងគេ​ផ្នែក​ភូមិ​សាស្រ្ត​ និង​ធនធាន​ធម្មជាតិ​ដ៏​កម្រ​។ ហេតុនេះ​ហើយ​ទើប​ ខេត្ត​នេះ​នៅតែ​រក្សា​បាន​នូវ​ឧត្ត​មភាព​របស់​ខ្លួន​។

វិស័យ​គមនាគមន៍​

ដោយសារ​វា​ស្ថិត​ក្នុង​ផែនការ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​ និង​ការ​ប្រែក្លាយ​ខេត្ត​នេះ​ជា​តំបន់​សេដ្ឋកិច្ច​ពហុ​បំណង​ ខេត្ត​នេះ​មាន​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​តភ្ជាប់​សំ​ខាន់​ៗ ជាច្រើន​ដូចជា​ ផ្លូវជាតិ​លេខ៤ ដែល​ត្រូវ​ចាក់​បន្ថែម​នៅពេល​ខាងមុខ​ ផ្លួវ​ល្បឿន​លឿន​ជា​ប្រវត្តិ​សាស្រ្ត​ ដែល​បាន​និង​កំពុង​សាងសង់​ រថ​រថភ្លើង​ដែល​បាន​ និង​កំពុង​ដាក់ឲ្យ​ដំណើរការ​ដោយក្រុម​ហ៊ុន​ Toll​ Royal​ Railway​ និង​បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​ចិន​បាន​ និង​កំ​ពុង​សិក្សា​លទ្ឋ​ភាព​ ដើម្បី​សាងសង់​រថភ្លើង​ល្បឿន​លឿន​ពី​ភ្នំពេញ​ ទៅកាន់​ខេត្ត​នេះ​ផង​ដែរ​។

ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ជា​អំណាច​នៃ​សេដ្ឋកិច្ច​ ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ជា​កំណប់​នៃ​សេដ្ឋកិច្ច​ ហើយ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ នឹង​ជួយ​អូស​ក្បាលម៉ាស៊ីន​សេដ្ឋកិច្ច​ទៅកាន់​ខេត្ត​នេះ​ ក៏​ដូច​ប ណ្តា​​ខេត្ត​ទូទាំង​ប្រទេស​ផង​ដែរ​។

ហេតុនេះ​ការ​រីកចម្រើន​របស់​ខេត្ត​នឹង​មិន​បញ្ចប់​ ឬធ្វើឲ្យ​មាន​ភាពយឺត​យ៉ាវ​ដល់​អំណាច​នៃ​ការទិញ​ អំណាច​នៃ​ការ​តភ្ជាប់​ ប៉ុន្តែ​វា​ក៏​ជួយ​សម្រួល​ដល់​ការ​ធ្វើដំណើរ​ និង​ដឹកជញ្ជូន​ផង​ដែរ​។

វិស័យ​អាកាសចរណ៍​

ភាព​រីកចម្រើន​នៃ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​ ក៏ដូចជា​លំហូរ​ចូល​នៃ​កំនើន​អ្នក​វិនិយោគ​បាន​និង​កំពុង​បន្ត​ បាន​និង​កំពុង​ធ្វើឲ្យ​វិស័យ​អាកាសចរណ៍​ ដែល​ជា​ការ​តភ្ជាប់​ផ្លួវ​អាកាស​ស្រប​នឹង​គោលនយោបាយ​ បើ​កដំហ​ជើងមេឃ​របស់​រដ្ឋាភិបាល​ បាន​ធ្វើឲ្យ​ចំនួន​ការ​ចុះចត​នៅ​ព្រលា​នយន្តហោះ​កងកេង​ ក្រុង​ព្រះសីហនុ​បាន​កើនឡើង​ជាប្រចាំ​។

ជាក់ស្តែង​បច្ចុប្បន្ន​នេះ​ ព្រលា​នយន្តហោះ​ អន្តរជាតិ​ ខេត្ត​ព្រះសីហនុ​កំពុង​ប្រតិបត្តិ​ ការ​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន១៤ក្រុមហ៊ុន​ ​មាន​ជើងហោះហើរ​ចំនួន១៣៣ជើង​ ​ក្នុង​មួយ​សប្តាហ៍​ ​ក្នុង​នោះ​ជើងហោះហើរ​ អន្តរជាតិ​មាន៩១ជើង​ ​ ក្នុង​មួយ​សប្តាហ៍​ ដែល​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងនោះ​ បាន​ភ្ជាប់​ការហោះហើរ​មក​ពី​ប្រទេស​ជាច្រើន​ ដូចជា​ ប្រទេស​  ថៃ​ ​ម៉ាឡេស៊ី​ ​វៀតណាម​ ​និង​មក​ពីទី​ក្រុង​ចំនួន២៥នៅ​ប្រទេស​ចិន​។

ការ​មកដល់​របស់​អ្នកដំណើរ​តាមផ្លូវអាកាស​កាន់តែ​ច្រើន​ បាន​ធ្វើឲ្យ​ខេត្ត​នេះ​កាន់​តែ​ល្បីល្បាញ​លើឆាកអន្តរជាតិ​ ហើយ​នៅពេល​ភាព​ល្បីល្បាញ​ លំហូរ​នៃ​កំនើ​នភ្ញៀវ​ទេស​ចរណ៍​ និង​អ្នក​ធុរកិច្ច​នឹង​កើនឡើង​ជា​ស្វ័យប្រវត្តិ​ផង​ដែរ​។

​          កាលពី​ឆ្នាំ២០១៨ខេត្ត​ព្រះសីហនុ​ ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​ជាតិ​ អន្តរជាតិ​ជាង​ ​២លាន​នាក់​ ​កើនឡើង២.៦៣ភាគរយ​ ធៀប​នឹង​ឆ្នាំ២០១៧​ ​ហើយ​ ទេសចរ​ចិន​បាន​ឈរ​លំដាប់​លេខរៀង​ទី១​។

ការស្រោចស្រព​លំហូរ​សេដ្ឋកិច្ច​ បាន​និង​កំពុង​ចាក់​បញ្ចូល​ នៅក្នុង​ទីក្រុង​មួយ​នេះ​ ដែល​ពីមុន​មានតែ​អាគារ​កំពស់ ៧ឬ​១០ជាន់​ ប៉ុន្តែ​បច្ចុប្បន្ន​ខេត្ត​នេះ​មាន​វត្តមាន​អាគារ​ខ្ពស់​ចាប់ពី៥ជាន់​ដល់៤០ជាន់​ជាង២០០អាគារ​។

កំពង់ផែ​អន្តរជាតិ​

ការកាត់បន្ថយ​និ​តិ​វិធី​ ដូចជា​ ការលុបចោល​ស្ថាប័ន​កាំសាប​ ការរំសាយ​មន្រ្តី​កាំកុងត្រូល​ និង​ប្រព័​ន្ឋ​នៃ​ការិយាធិបតេយ្យ​មួយចំនួន​ទៀត​ បាន​និង​កំពុង​ធ្វើឲ្យ​ការ​ដឹកជញ្ជូន​តាម​កំពង់ផែ​ព្រះសីហនុ​ ដែល​ជា​កំពង់ផែ​ទឹកជ្រៅ​តែមួយគត់​បាន​កើនឡើង​ឆាប់រហ័ស​។

​          ជាមួយគ្នា​នេះ​កំពង់ផែ​នេះ​ បាន​និង​កំពុង​ដើរតួ​នា​ទី​កាន់់​តែ​សកម្ម​ និង​មា​នប្រសិទ្ឋ​ភាព​ជាង​មុន​ និង​ប្រកប​ដោ​យស័​ក្តិសិទ្ឋ​ភាព​ តាមរយៈ​ការ​តភ្ជាប់​ការ​ដឹកទំនិញ​ផ្ទាល់​ទៅកាន់​ប្រទេស​ចិន​ ជាជាង​ពឹងផ្អែក​កំពង់ផែ​ប្រទេសជិតខាង​ ដែល​ធ្វើ​ឲ្យ​លកា​រលើ​កដាក់​ត្រូវ​ ចំណាយ​រយៈពេល​វែង​ និ​តិ​វិធី​ស្មុគ្រ​ស្មាញ​ ពិសេស​តម្លៃ​នៃ​ការនាំចេញ​ខ្ពស់​។

យោង​តាម​របាយការណ៍​របស់​កំពង់​ផែ​ស្វយ័ត្ន ខេត្ត​ព្រះសីហនុ​បាន​ឲ្យដឹង​ថា​ ការ​ដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ​ មាន​លក្ខណៈ​ ជាតិ​ ​និង​អន្តរជាតិ​ ដែល​មាន​ទំនិញ​ជា​កុង​ទី​ណ័រ​ចេញ​ -ចូល​ ប្រមាណ៧៣ភាគរយ​ ​នៃ​បរិមាណ​នាំចេញ​ -ចូល​ទូទាំង​ប្រទេស​។

ការ​តភ្ជាប់់​ផ្លូវ​ទឹ​កកាន់់​តែ​មាន​សារៈសំខាន់​ខ្លាំង​ឡើង​ ទាំង​ការ​ដឹកជញ្ជូន​ទំនិញ​ ការ​មកដល់​របស់​ភ្ញៀវ​ទេសចរណ៍​តាម​កប៉ាល់​ធំៗ​ និង​ក្លាយជា​ចំណែក​ថ្មី​មួយ​នៃ​ការ​ទាញ​យក​មក​ប្រើប្រាស់​នូវ​ធនធាន​ធម្មជាតិ​ ពិសេស​ប្រេង​ដំបូង​នឹង​ត្រូវ​ចំរាញ់​នៅក្នុង​ខេត្ត​នេះ​ ខណៈ​ប្រព័​ន្ឋ​ដឹកជញ្ជូន​ផ្លូវគោក​ ផ្លូវអាកាស​បាន​និង​កំពុង​សមាហរណកម្ម​គ្នា​ ដើម្បី​រុញ​ផល​នៃ​កំនើន​សេដ្ឋកិច្ច​ចូល​មកកាន់​ខេត្ត​ ដែល​ស្ថិត​ក្នុងចំណោម​ខេត្ត​ K4​ នៃ​តំបន់ឆ្នេរ​កម្ពុជា​។

វិស័យ​ទេសចរណ៍​ និង​ការ​ធ្វើឲ្យ​រស់​ឡើងវិញ​

នៅ​ឆ្នាំ២០១៩នេះ​ វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ បាន​ជួបប្រទះ​នូវ​ភាព​ស្រអាប់​ ដោយសារ​បញ្ហា​អសកម្ម​មួយចំនួន​ ពិសេស​អ្នក​នៅក្នុង​វិស័យ​នេះ​ កំពុងតែ​ដើរតួ​នាទី​ជា​អ្នកសម្លាប់​ឆ្នាំងបាយ​ខ្លួនឯង​។

បើ​ក្រឡេក​មើល​ក្រុង​ព្រះសីហនុ​ពីមុន​ គឺ​ខេត្ត​នេះ​មិន​មាន​ភាព​ល្បីល្បាញ​អ្វី​ក្រៅពី​វិស័យ​ទេសចរណ៍​នោះ​ឡើយ​ ប៉ុន្តែ​ពេលនេះ​វិស័យ​នេះ​ ក៏​កំពុង​ជួបប្រទះ​នូវ​បញ្ហា​ជាច្រើន​ផង​ដែរ​ ដោយសារ​ការ​ហូរ​ចូល​នូវ​ទេសចរណ៍​ចិន​ ដែល​ធ្វើឲ្យ​ទេសចរណ៍​ស្បែ​កស​ដើរចេញ​ ពិសេស​ការបង្កើត​ពាក្យ​ចចាមអារ៉ាម​ដ៏​ច្រើន​ (មានការ​ចាត់តាំង​) ដើម្បី​សម្លាប់​ទេសចរ​ ណ៍​ និង​ធ្វើឲ្យ​ស្លោក​ស្រពោន​នូវ​កិត្តិនាម​ ខេត្ត​ដ៏​មាន​សក្តា​នុ​ពល​នេះ​។

ហេតុនេះ​ការចូលរួម​ធ្វើឲ្យ​រស់​ឡើងវិញ​នូវ​វិស័យ​នេះ​ មិន​អាច​ធ្វើឡើង​ដោយ​អាជ្ញាធរ​ខេត្ត​ ឬរដ្ឋាភិបាល​តែឯង​នោះ​ទេ​ ប៉ុន្តែ​ទាមទារ​ឲ្យ​មានការ​ចូលរួម​យ៉ាង​សម្ម​ពី​ប្រជាពលរដ្ឋ​ ពី​អ្នក​វិនិយោគ​ជាតិ​ អន្តរជាតិ​ ពិសេស​អ្នក​ពាក់​ព័ន្ឋក្នុង​វិស័យ​នេះ​ គួរ​បង្កើត​នូវ​ភាព​ស្មោះត្រង់​ គួរ​កាត់បន្ថយ​ភាព​អាត្មានិយម​ តាមរយៈ​ការ​បញ្ចប់​នូវ​ការ​លក់​ផលិតផល​ក្លែងក្លាយ​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ​ អន្តរជាតិ​។

ការ​មិន​ដំឡើងថ្លៃ​បន្ទប់​ផ្ទះសំណាក់​ ឬសណ្ឋាគារ​ខ្ពស់កប់ពពក​ រាប់់​ទាំង​ចំណីអាហារ​ បរិស្ថាន​ និង​របៀបរបប​សណ្តាប់​ធ្នាប់​សង្គម​ ដែល​គួរតែ​យើង​ទាំងអស់គ្នា​ប្រែក្លា​យ​ខ្លួនឯង​ជា​ប្រជាជាតិ​ ដែល​មាន​ភាព​ស៊ីវិល័យ​ និង​ឈរ​លើ​មូលដ្ឋាន​នៃ​ភាពជា​អរិយជន​។

ដូច្នេះ​ការ​បិទ​អាជីវកម្ម​ហ្គេម​អន​ឡាញ​ មិន​គួរ​ជា​រឿង​សោកសៅ​នោះ​ទេ​ ប៉ុន្តែ​ជា​រឿង​គួរ​ត្រេកអរ​ (ទោះ​មនុស្ស​ចំនួន​តិច​បាត់បង់​ផលប្រយោជន៍​) ព្រោះ​វា​ធ្វើឲ្យ​សណ្តាប់​ធ្នាប់​របៀបរៀបរយ​ ក្នុង​ទីក្រុង​នេះ​មាន​ភាព​រស​រវើក​ និង​ប្រកបដោយ​ភាព​សុខដុម​ឡើងវិញ​។

សេដ្ឋកិច្ច​កម្ពុជា​នៅតែ​រក្សា​ បា​នកំនើ​នក្នុ​ងរ​ង្វង់៧ភាគរយ​ កម្ពុជា​នៅតែ​មាន​ស្ថេរ​ភាព​សង្គម​ ស្ថេរ​ភាព​នយោបាយ​ និង​អំណាច​នៃ​ការទិញ​កើនឡើង​ ដែ​លកំនើន​សេដ្ឋកិច្ច​នេះ​កំពុង​សាប​ព្រួស​នូវ​ទស្សនទាន​វិជ្ជមាន​ និង​ចរន្ត​សាច់ប្រាក់​យ៉ាងសកម្ម​ក្នុង​សេដ្ឋកិច្ច​ជាតិ​។

ខេត្ត​ព្រះសីហនុ​ មិន​គួរ​រង​ភាព​ស្រអាប់​ ដោយសារ​បញ្ហា​ល្បែង​អន​ឡា​ញនោះ​ទេ​ ព្រោះ​ខេត្ត​នេះ​ មាន​សក្តា​នុ​ពល​យ៉ាងច្រើន​លើ​វិស័យ​សំ​ខាន់​ៗ ដែល​ស័ក្តិសម​ជាតា​រា​រះ​នា​ទិស​នារ​តី​ ក្រោម​កា​រប្រសិទ្ឋ​នាម​ របស់​ប្រមុខ​រដ្ឋាភិបាល​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​កម្ពុជា​៕

នៅកម្ពុជាកត្តាហេដ្ឋារចនាសម្ព័ន្ឋបានក្លាយជាផ្នែកដ៏សំខាន់នៃការរីកចម្រើន វិស័យអចលនទ្រព្យ

ដោយវុត្ថា

ភ្នំពេញៈ នៅប្រទេសកម្ពុជាវិស័យហេដ្ឋារចនាសម្ព័ន្ឋ បានដើរតួនាទីដ៏សំខាន់មួយក្នុងការជំរុញការរីកចម្រើនវិស័យសេដ្ឋកិច្ច ពិសេសវិស័យអចលនទ្រព្យផងដែរ ពិសេ​សបានធ្វើឲ្យតម្លៃដីធ្លីកើនឡើងយ៉ាងគំហុក។

អ្នកជំនាញអចលនទ្រព្យបានទទួលស្គាល់នូវកត្តាដ៏សំខាន់នេះ ដោយពួកគេអះ​អាងស្រដៀងគ្នានឹងការលើកឡើងខាងលើ។

លោកស្រីតាំង ហ៊ួរ នាយិការក្រុមហ៊ុនអចលនទ្រព្យ Amatak Property Service បានប្រាប់គេហទំព័រ propertyarea.asia  ឱ្យដឹងនៅថ្ងៃទី ៦ ខែកុម្ភៈ នេះ ថា សកម្មភាពនៃការទិញលក់ដីធ្លី នៅនៅតាមបណ្តោយផ្លូវជាតិចេញពីភ្នំពេញ នៅតែមានស្ថានភាពល្អប្រសើរ និងប្រព្រឹត្តទៅដោយរលូន ពុំមានជាបញ្ហាចោទនោះទេ ។

លោកស្រីបន្តថា “យើងឃើញសកម្មភាព នៃការទិញលក់ដីនៅតែមានសកម្មភាពល្អប្រសើរ ហើយរហូតមដល់ពេលនេះ មានតំបន់ខ្លះទៀតគឺមានសកម្មភាពល្អជាងពេលកន្លងទៅទៀតជាពិសេស ផ្លូវជាតិលេខ ៦ A ផ្លូវជាតិលេខ ៤ ផ្លូវជាតិលេខ១ និងនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រជាដើម”។

ជាមួយគ្នានេះ លោក ម៉ម សិរីបញ្ញា នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Easy Property Investment បានឱ្យដឹងដែរថា សកម្មភាពនៃការទិញលក់ដីធ្លីនៅតាមបណ្តោ​យផ្លូវជាតិគឺមិនមានអ្វីថមថយនោះទេ ពោលគឺសកម្មភាពនេះ នៅតែមានសកម្មភាពធម្មតា។ អ្នកទិញក៏មិនមានសកម្មភាពផ្អាក់ការទិញដែរ ហើយនេះ ក៏ជាឪកាសល្អសម្រាប់ពួកគេផងដែរ។

លោកបន្តថា “ដោយសារម្ចាស់ដីមួយចំនួនបាន នឹងកំពុងព្រួយបារម្ភខ្លាចលក់ដីរបស់ខ្លួនមិនចេញនោះបាន ជំរុ​ញឱ្យមានការលក់នៅក្នុងតំលៃថោក ដូច្នេះចរន្តនៃការទិញលក់នៅមានសកម្មភាពច្រើន ឬច្រើនជាងធម្មតាតែបើគិតជាភាគរយវិញ គឺមិនច្រើននោះទេ”។

លោកបញ្ជាក់ទៀតថា សកម្មភាពនៃការទិញលក់ដី ដែលពុះកញ្ជ្រោលខ្លាំងជាងគេ គឺស្ថិតនៅបណ្តោផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣  ផ្លូវជាតិលេខ២ និងជាពិសេសនៅតំបន់ផ្លូវ៦០ម៉ែត្រ ព្រោះតម្លៃដីធ្លីនៅតំបន់នេះមានតម្លៃធូរថ្លៃច្រើន។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) លោក  ច្រឹក សុខនីម បានឱ្យដឹងកាលពីពេលថ្មីៗនេះដែរថា នៅកម្ពុជានៅពេលរដ្ឋាភិបាលប្រកាស​ការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋនៅតំបន់ណា តំបន់នោះដីបានឡើងថ្លៃ ដោយសារសកម្មភាពនៃការអភិវឌ្ឈនឹងសាយភាយទៅកាន់តំបន់នោះ។

លោកបន្តថា “នេះជានិន្នាការកើតមានជាធម្មតា នៅតាមបណ្តាប្រទេសកំពុងអភិ​វឌ្ឈន៍នានា ព្រោះពេលណារដ្ឋាភិបាលសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ នឹងមានសកម្មភាព​សេដ្ឋកិច្ចកើតនៅតំបន់នោះជាស្វ័យប្រវត្តិ”។

ទាក់ទងនឹងវិស័យអចលនទ្រព្យ លោកសុខនីមបានបញ្ជាក់ថា “ស្ថានភាពទីផ្សារអចលនវត្ថុកម្ពុជាមិនមានសញ្ញាគួរឲ្យបារម្ភនោះទេ ដែលប្រជាជនក៏ដូចជាអ្នកវិនិយោគជាតិ អន្តរជាតិគួរតែចាប់ផ្តើមឡើងវិញ”។

លោកច្រឹក សុខនីមថា ក្នុងស្ថានភាពបច្ចុប្បន្នសកម្មភាពនៃការវិនិយោគ ទិញលក់ដីធ្លី ក្នុងស្រុកនៅតែមានសកម្មភាពធម្មតា ប៉ុន្តែអ្នកវិនិយោគបរទេសហាក់មានភាពស្ងប់ស្ងាត់បន្តិច ហើយស្ថានភាពនយោបាយ និងសេដ្ឋកិច្ចក៏មិនមានអ្វីគួរឲ្យកត់សំគាល់នោះទេ ហេតុនេះ ព្រោះការវិវត្តន៍នៃស្ថានភាពពិភពលោក និងសេដ្ឋកិច្ចមិនមានអ្វីដែលត្រូវអូសបន្លាយយូរនោះទេ៕

ប្រា​សាក់​ជួយ​សម្រួល​ដល់​ការចាត់ចែង​អាជីវកម្ម​របស់​អតិថិជន

ដោយ ស្រី​នាង

ភ្នំពេញ៖ ស្រប​យុគសម័យ​នៃ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (FinTech) ប្រា​សាក់ ដែលជា​គ្រឹះស្ថាន​ហិរញ្ញ​មួយ​ក្នុងចំណោម​ធនាគារធំៗទាំង 5 នៅ​កម្ពុជា ដាក់ឱ្យ​ប្រើប្រាស់​មុខងារ «ស្កេ​ន-ទូទាត់ តាម QR Code» ដោយ​ប្រើ​តាម​ទូរស័ព្ទដៃ​របស់​អតិថិជន​បានភ្លាមៗនៅតាម​ហាង​លក់ទំនិញ​និង​សេវា​នានា​ជាច្រើន​យ៉ាង​ងាយស្រួល​ដោយ​មិនចាំបាច់​ប្រើ​សាច់ប្រាក់ និង​មិន​អស់​កម្រៃ​សេវា។

លោក សាយ សូ​នី នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់ បាន​មានប្រសាសន៍ថា មុខងារ ស្កេ​ន-ទូទាត់ នេះ​អាចឱ្យ​អតិថិជន ផ្ទេរ និង​ទទួល​ប្រាក់​តាមរយៈ​ការ​ស្កេ​ន QR Code ដែលមាន​នៅលើ​កម្មវិធី​សេវា​ធនាគារ​ចល័ត​ប្រា​សាក់ ដើម្បី​សម្រួល​ដល់​ការចាត់ចែង​សាច់ប្រាក់​ក្នុងការ​ប្រកប​អាជីវកម្ម​របស់​អតិថិជន ឬ ទូទាត់​លើ​ថ្លៃទំនិញ​និង​សេវា​តាម​ហាង​នានា​ដែលមាន​ដំឡើង QR Code នៅ​ទូទាំង​កម្ពុជា ដោយ​មិនចាំបាច់​ចំណាយ​លើ​ការ​ថ្លៃ​សេវា។

គ្រប់​អតិថិជន ទទួលបាន​ការរីករាយ​ក្នុងការ ស្កេ​ន-ទូទាត់ តាមរយៈ​ការបើក​គណនី​សន្សំ​នៅ​ប្រា​សាក់​នៅថ្ងៃនេះ​ជាមួយនឹង​អត្រា​ការប្រាក់​បញ្ញើ​សន្សំ​ខ្ពស់។

ប្រា​សាក់ ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយ​ក្នុងចំណោម​ធនាគារធំៗទាំង 5 នៅ​កម្ពុជា ដែល​ផ្ដល់​ដំណោះស្រាយ​សេវា​ហិរញ្ញវត្ថុ​ជូន​ដល់​អតិថិជន រួមមាន៖ សេវា​ប្រាក់​បញ្ញើ​សន្សំ ទូទាត់​វិក្កយបត្រ​ទឹក ទូទាត់​វិក្កយបត្រ​ភ្លើង ផ្ទេរប្រាក់ 10 ម៉ឺន​ដុល្លារ​ក្នុង 1 ថ្ងៃ​ដោយ​មិន​គិត​កម្រៃ​សេវា សេវា​ឥណទាន ដាក់​ប្រាក់​តាម​ម៉ាស៊ីន​អេ​ធី​អឹម ដក​ប្រាក់​តាម​ម៉ាស៊ីន​អេ​ធី​អឹម​ប្រា​សាក់​ទោះជា​គ្មាន​ប័ណ្ណ​អេ​ធី​អឹម ប្តូរប្រាក់ ទិញ​កាត​ទូរស័ព្ទ បើកប្រាក់​បៀវត្ស សេវា​ទូទាត់​រហ័ស អេ​ធី​អឹម សេវា​ធនាគារ​ចល័ត ម៉ាស៊ីន​ឆូត​កាត សេវា​ខេ​ម​បូ​ឌា​ន​ស៊ែរ​ស្វ៊ី​ច (CSS) សេវា​ទូទាត់​ប្រព័ន្ធ​បាគង និង​សេវា​ហិរញ្ញវត្ថុ​ដទៃផ្សេងៗទៀត ជាមួយនឹង​បណ្តាញ​ការិយាល័យ​ជិត 200 ទីតាំង ព្រមទាំង​បុគ្គលិក​ជិត 9,000 នាក់៕